វគ្គ ផ្ទះលើភ្នំ
នៅក្នុងនេះក្រៅពីមានដាំរុក្ខជាតិហូបផ្លែជាច្រើនដូចជា ទុរេន សាវម៉ាវ ត្របែក ស្វាយ បំពេញរាជ គេថែមទាំងបានធ្វើគម្រោងដាំដុះធម្មជាតិនិងចិញ្ចឹមសត្វជាច្រើនកន្លែង សម្រាប់
ផ្តល់ការងារដល់ ក្រុមអ្នកភូមិដែលម៉ូស្ហាបានជឿទុកចិត្តបំផុត ព្រោះគេតែងគិតថា អ្នកភូមិល្អបរិសុទ្ធជាងអ្នកនៅទីក្រុងដែលគេមានគំនុំធំប៉ុនមេឃ។
ម្យ៉ាងវិញទៀត ប្រុសសង្ហាតែងតែគិតថា កន្លែងនេះគ្រប់គ្នាជាអ្នកផ្ទះរបស់គេ ទុកចិត្តបាន និងមានសុវត្ថភាព។
ឡានឈប់បិទទ្វារគ្រាំងដូចជា ប្តីកំណាច់ចង់ដាស់យ៉ាងកំរោលឱ្យប្រពន្ធកម្សត់ភ្ញាក់សើងមមើងឡើងពីការលង់លក់។
អ្នកភូមិជាច្រើនរត់មកទទួលគេ ដោយម្នាក់ៗសុទ្ធតែមានទឹកមុខរាក់ទាក់ញញឹមញញែមដាក់គេ។
«លោកក្មួយមកហើយៗ!»
វាជាលើកដំបូងដែលកានបានឃើញម៉ូស្ហាបង្ហាញស្នាមញញឹមលើថ្ពាល់ខួច។ គេពិតជាមានកែវភ្នែកស្រទន់ ។ពេលគេបើកឃ្លុបឡានហុចនំប៉័ងជាច្រើនស្បោងធំៗ នាងបន្ទោសខ្លួនឯងថាដេកដូចមនុស្សមិនធ្លាប់ដេកសូម្បីប្តីចុះទិញនំពេលណាក៏មិនដែលដឹង។
តាមពិតម៉ូស្ហាមានទម្លាប់ហើយ។
ចិត្តរបស់គេចំពោះអ្នកភូមិ តែងតែដូច្នេះមានបញ្ញើជានិច្ច គេគ្រាន់តែខលហើយឈប់ចាំយកនំបុ័ងត្រូវបានដុតឱ្យស្រស់ នឹងរៀបរយជាស្រេចសម្រាប់គេជាភ្ញៀវពិសេស។
«លោកក្មួយមកមិនឲ្យដំណឹងមុនស្មានតែលោកក្មួយទៅស្រុកក្រៅក្រេបចន្ទទឹកឃ្មុំបាត់ទៅហើយ !»
ពាក្យក្រេបចន្ទទឹកឃ្មុំ ធ្វើគេឈប់ញញឹមដោយបែរមុខមកសម្លឹងនាងដែលនៅពីក្រោយខ្នង ។ ស្រីតូចខំញញឹមស្រស់ភា្លទៅកាន់ប្តីពេលដឹងថាគេងាកមកមើល ក៏ប្រហែលជាពាក្យចន្ទទឹកឃ្មុំបានធ្វើឱ្យនាងព្រឺព្រួចចិត្ត។
ប៉ុន្តែម៉ូស្ហាវិញ ដូចយើងដឹងស្រាប់គឺមិនញញឹមមកស្រីនោះទេ។
មីងដដែលមានរូបរាងខ្មៅនិងរាងកាយរឹងមាំ សសៀរចូលមកជិតចន្ទកាន ដូចជាព្យាយាមចង់មកពិនិត្យនួននាងឱ្យច្បាស់តាំងពីលើដល់ក្រោម ។
ទឹកមុខរបស់គាត់បង្ហាញថាគាត់ពេញចិត្តនាងខ្លាំងណាស់។
រូបសម្រស់និងអាកប្បកិរិយារបស់នាងអ្នកណាមិនស្រឡាញ់បើទន់ភ្លន់ ញញឹមស្រស់បែបនេះ។
ស្តាយកានមិនមានពេលពិនិត្យចិត្តអ្នកស្រុកទេព្រោះភ្នែកកែវល្អរវល់តែសម្លឹងម៉ក់ៗទៅទឹកមុខរបស់ប្តីជានិច្ចទាំងគេមិនខ្ចីធ្វើឃើញ។
ជាមួយនឹងទឹកមុខញញឹមញញែម ស្រីណាមិនសប្បាយចិត្តដែលបានប្តីដឹកមកស្គាល់ទីតាំងភូមិកររបស់គេ។
នាងសប្បាយចិត្តជាខ្លាំងដែលឃើញគេសប្បាយរីករាយនៅក្នុងចំណោមអ្នកភូមិ។ មនុស្សស្រីចំណាស់ដដែលនេះនិយាយបន្ថែមថា៖
«អ៊ីចឹងចាំខ្ញុំទៅរកសាច់ និងរៀបចំកម្មវិធីសប្បាយរីករាយយប់នេះ! អូ នៅភូមិខាងក្រោមគេមានបុណ្យភូមិដូច្នេះ តើលោកក្មួយនឹងនាំប្រពន្ធទៅលេងសប្បាយនឹងគេដែរឬអត់ទេ?»
ម៉ូស្ហាប្រើកន្ទុយភ្នែក មើលទៅខាងស្រីដូចជាសប្បាយរីករាយជាខ្លាំងពេលឮដូច្នេះ គេឃើញកាលណាចង់តែបង្អាក់ការសប្បាយរបស់នាង។
«យើងនាំនាងមកកើតទុក្ខមិនមែនមកសប្បាយទេប្រពន្ធក្រៅខោ»
ប្តីគិតមិននិយាយទេ។ គេញាក់ស្មាទាំងមានអំនួតនិងសប្បាយចិត្ត ដែលគិតថាយប់នេះមិនយូរទេ នឹងបានរកនឹកវិធីធ្វើបាបនាងឱ្យនាងអស់សប្បាយ។ ប្រុសបង្ហាញអាកប្បកិរិយា
មិនញញឹម មិនខ្វល់ មិនcare នៅតែចន្ទកានគិតថានេះ ជាចរិតគេ ចិត្តគេផ្សេងពីចរិត ស្រីគួរឱ្យអាណិតនិយាយទៅរកមីងៗ៖
«ពិតមែនដែរមីង? គេមានធ្វើកម្មវិធីអ្វីខ្លះទៅ?»
«មានម្ហូប មាននំ មានផ្លែឈើត្រាំ មានដំណាប់ មានច្រើនណាស់ក្មួយ គេវេចនំប្រលងគ្នាតាមភូមិ គេដុតក្រឡាន យប់ជ្រៅទៅកម្មវិធីរាំលេង និងលេងល្បែងកម្សាន្តទៀត»
កានរង្គើខ្លួនលោតតិចៗចុះឡើងយ៉ាងសប្បាយរីករាយ សភាពប្រហែលជាកែវល្អពិតជាមានបំណងចង់មើលកម្មវិធីនោះខ្លាំងណាស់ហើយ។
មីងដែលកំពុងតែបានផ្តល់ព័ត៌មានម្នាក់នោះ ប៉ិននិយាយបន្ថែមគាត់និយាយមិនឈប់ទេពេលឃើញនាងចង់ខ្លាំង៖
«អាកាសធាតុល្អខ្លាំងណាស់យប់នេះមេឃត្រជាក់ អ្នកព្រៃនឹងបង្កាត់ភ្នក់ភ្លើងធំៗ គ្រប់គ្នានឹងអង្គុយលេងនៅជុំវិញភ្លើង មានតែកន្លែងយើងទេដែលមានកម្មវិធីពិសេសអ៊ីចឹងណាក្មួយអើយ មកចំពេលហើយ!»
កានដើរមកតោងដៃប្តី ហើយងើយសួរគេ៖
«ប្តីដឹងមុនមែនដែរ?»
ម៉ូស្ហាក្របួចមាត់ស្រួចសម្លឹងជើងមេឃ គេបានចិត្តដែលនាងមានសង្ឃឹមខ្លាំងហើយខ្លួនជាអ្នកកំបុងកាន់កន្ត្រៃមកកាត់ផ្តាច់ក្តីសង្ឃឹមរបស់នាង។
«ខ្ញុំនឹងទៅ ណាមីង!»
នាងថាបន្ថែមឡើងព្រោះអ្នកស្រុកចោលរោមជិតស្លុងញញឹមមកពព្រាយៗសប្បាយរីករាយស្វាគមន៍ពិតជាកក់ក្តៅមែន។
«អ្នកណាថាឲ្យទៅ!»
សំណួរនិងសម្តីរបស់មូស្ហានិយាយតែម្តងទេមិនបាច់ពីរដង ក៏ធ្វើឲ្យស្នាមញញឹមរបស់គ្រប់គ្នាត្រូវគាំង។ ពាក្យដ៏ខ្លីរបស់គេបង្ហាញថាគេមិនព្រមឲ្យទៅពិតមែន។
កានឱនមកសម្លឹងម្រាមដៃប្តីដែលដាក់មកលើដៃនាង។ គេនឹងប្រលេះដៃនាងចេញទៀតមិនខាន ។ គេរើកើតរោគចិត្តកាចៗឬមួយក៏ គេអៀនឬគេធុញ ឬគេមិនទម្លាប់មិនដឹងទេ កានដឹងត្រឹមថា ប្តីមិនបានស្អប់ គ្រាន់តែគិតថាប្តីប្លែក។
ដឹងតែគេនឹងអ៊ីចឹងមែនហើយ មែន! គេកំពុងប្រលេះដៃនាង គេក៏ដើរទៅមុខចោលនាងដែរ។
គេឆ្លៀតងាកទៅនិយាយជាមួយមនុស្សស្រីម្នាក់នោះទៀត៖
«ម្ហូបអី ក៏មិនបាច់រៀបចំអីទាំងអស់មីង! នំខ្ញុំយកមកនេះទៅចែកគ្នាឱ្យបានគ្រប់គ្រួសារផង! ខ្ញុំឡើងទៅលើភ្នំហើយ!»
«ឡើងពេលនេះលោកក្មួយ?»
មនុស្សចាស់ដដែលនិងពួកអ្នកភូមិឡិងឡង់ងាកសម្លឹងគ្នាហាក់ដូចជាភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ចន្ទកានទោះ ធ្លាក់ទឹកមុខដែលមិនបានទៅមើលបុណ្យភូមិតាមចិត្តតែនាងមិនគិតថាប្តីមានបំណងមិនល្អទេ ព្រោះជាប្តី ។ ឮពាក្យថាភ្នំ តូចល្អញញឹមទៀត។ តូចសម្លឹងប្តីចំពេលគេក៏ងាកមុខសម្លឹងមុខនាង។ ទឹកមុខគេស្មើល្អណាស់ សង្ហាៗៗៗៗ សង្ហាពេលស្មើៗនេះ គឺសង្ហាជានិច្ចសម្រាប់ប្រពន្ធងប់ស្នេហ៍ដូចកាន គ្មានកន្លែងណាបង្ហាញថា កានត្រូវភ័យឬព្រួយអ្វីដូចជាទឹកមុខគ្រប់គ្នាកំពុងចាំស្ដាប់ចម្លើយទេ។
មិនច្រឡំទេ គេបញ្ជាក់ បាទ។ ឆ្លៀតសម្លឹងនាងឌឺមួយឆ្វាច់ផង ទើបដើរទៅមុខស្រែកមកបន្ថែមទៀតថា៖
«ខ្ញុំចុះមកជួបទាំងអស់គ្នាតែបន្តិចហ្នឹងទេ គម្រោងខ្ញុំក៏ត្រូវឡើងទៅលើភ្នំទៀតភ្លាមមីងពូអ៊ំៗ ខ្ញុំមិនបានចុះមកចូលរួមកម្មវិធីភូមិអីជាមួយគ្រប់គ្នាឡើយ ប៉ុន្ដែផ្សាយពាក្យខ្ញុំចេញទៅ ប្រាប់ទៅកម្មករទាំងអស់ឱ្យចុះភូមិលេងសប្បាយនឹងអ្នកស្រុកបាន! គឺអនុញ្ញាតឱ្យស្អែកសម្រាកពេញមួយថ្ងៃពីកសិដ្ឋាន!»
«ប៉ុន្តែៗៗៗៗ ទម្រាំឡើងទៅដល់លើភ្នំយប់ហើយលោកក្មួយ ផ្ទះនៅលើភ្នំក៏គ្មាននរណាគេរៀបចំផង ព្រោះអត់បានដំណឹងមុន! មានអ្វីហូបចាំបន្តិចបានទេ?»
ម៉ូស្ហាញាក់ស្មាឌឺប្រពន្ធ មាត់គេនិយាយឆ្លើយសំណួរ រាងកាយខ្ពស់ប្រើចំហៀងខ្លួនងាកមកសម្លឹងនាងមុតៗ៖
«ភ័យធ្វើអីទៅ? ខ្ញុំមានប្រពន្ធមកតាមដែរណា៎មីង រឿងម្ហូបអាហារជាតួនាទីរបស់គេ ហើយបើផ្ទះមិនស្អាត គឺជារឿងរបស់ប្រពន្ធដែរ ទៅសម្រាកទៅណា ក្មួយមីងមានប្រពន្ធហើយ!»
ពួកគេសម្លឹងកានដូចស្រឡាញ់នឹងថ្នមថ្នាក់ខ្លាំង ពួកគេប្រកែករម្យទមថា៖
«អត់បានទេៗៗៗ សុំបន្តិច មីងរៀបចំនឹងទៅជាមួយ! ខ្ញុំសុំហៅអ្នកភូមិទៅម្នាក់ពីរនាក់ដែរ កុំឱ្យភរិយាធ្វើ អូយស្អាតដូចក្ងានសួគ៌ កុំឱ្យធ្វើណាលោកក្មួយ អត់បានទេ!»
«ខ្ញុំប្រាប់ថា មិនរំខានគឺមិនរំខានហើយ!»
អ្នកទាំងអស់គ្នាថយទៅវិញនៅខណៈពេលដែលចន្ទកានសុខៗកំពុងគ្មានអ្វីត្រូវនិយាយ ត្រូវប្តី ចាប់កដៃនាងអូសបណ្តើរបង្ខំចេញទៅ ព្រោះខ្លាចនៅច្រិមច្រុម។
«ឥឡូវយកម៉ូតូរបស់ខ្ញុំមកពូគង់!»
ពូម្នាក់ដែលនៅចំហមាត់ព្រោះមិនយល់ហេតុអ្វី ប្រុសប្រញាប់ឡើងភ្នំឬមួយទៅក្រេបទឹកឃ្មុំមិនចង់បានការរំខានទេ គាត់ក៏ងក់ក្បាលលឿន។
«បាទ!»
គាត់រត់ចេញទៅ ម៉ូស្ហាក៏អូសដៃប្រពន្ធដើរទៅតាមពូនោះពីក្រោយក្នុងជំហានវែងទុកឲ្យនាងរត់ផងដើរផងតាមសឹងតែមិនទាន់។
នៅជង្រុកស្រូវមួយមិនឆ្ងាយពីទីនេះប៉ុន្មានពួកគេបានឃើញម៉ូតូធំដែលគ្របចោល។
សាជាថ្មីហើយដែលប្រុសល្អបានបញ្ចេញអាការៈហាក់ដូចជាសប្បាយចិត្តយ៉ាងខ្លាំងជាមួយម៉ូតូនោះគេ។
គេទាញកំណាត់គ្របចេញ ទទួលសោរម៉ូតូពីមនុស្សចាស់ ហើយនិយាយពាក្យអរគុណស្រាលស្រទន់ភ្នែកវិញសម្លឹងម៉ូតូ ធ្វើដូចលង់ស្រឡាញ់វាជាងប្រពន្ធតូចម្នាក់នេះផង។
ពូគង់ម្នាក់នោះ និយាយឱនលំទោនព្រមទាំងបង្ហាញស្នាមញញឹមសម្លឹងទៅម៉ូតូដែលម្ចាស់ប្រុសបានរក្សាមកទុកជារបស់សំណព្វ ៖
«ខ្ញុំជូតថែរក្សារហូតបាទ!»
«បាទពូ! ខ្ញុំអរគុណពូ!»
ប្រុសនិយាយតបទៅកាត់មនុស្សប្រុសចាស់ដោយត្រដាងជើងឡើងគ្រងជំនិះ។
ចន្ទកានល្ងង់ៗនេះ មានអ្វីរីករាយ ស្មើនឹងឃើញប្រុសជាទីស្រឡាញ់ញញឹមនោះ ភ្លឹកទៀតហើយភ្លឹកសម្លឹងថ្ពាល់ខួចគេទៀតហើយ។
គេពិតជាបញ្ឆេះវាឡើងភ្លាម ផ្សែងកាន់តែទ្រោលកាលណា គេកាន់តែង៉ោងវាទៀតហើយ រឹតតែផ្ទុះសើចក្អាកក្អាយសប្បាយចិត្ត គឺសើចឮៗបំផុត។
តែពេលកន្ទុយភ្នែកផ្តល់ដំណឹងថា ប្រពន្ធល្ងង់១០គត់នាងកំពុងឈរភ្លឹកសម្លឹងលង់ស្នាម
ញញឹមរបស់គេ ម៉ូស្ហាទម្លាក់មុខឈប់ខ្ចីសើច។
ប្រុសល្អសម្រួលអារម្មណ៍ហើយងើបមុខធ្វើស្មើផង ចួនក្រញូវផងសម្លឹងមុខកាន។ កាននេះបានគេសម្លឹងក៏សើចស្ញាញទៀត ចំមែនៗស្រីមោឃនេះ!
ប្រុសគិតហើយ ក្របួសមាត់ស្រួចរលេមសម្លឹងប្រពន្ធតាំងពីក្បាលដល់ចុងជើង។ សម្លឹងឌឺៗគ្រឺតៗ។ ជាមួយនឹងសំពត់ដ៏វែងរបស់កាន គេមិនដឹងថា តើកាននឹងឡើងជិះម៉ូតូនេះដោយរបៀបណានោះទេ?
ប៉ុន្តែគេធ្វើមុខ ដូចមិនខ្វល់ខ្វាយប្រើម្រាមដៃស៊ីញ៉ូឱ្យនាងឡើងមិនមាត់មិនក។
ត្រូវសំណព្វចិត្តហៅ កានដែលដំអក់អី តូចស្រូតមកក្បែរហើយច្រត់ដៃឡើងជិះពីក្រោយ។ ជាលើកដំបូងក្នុងជីវិតដែលអ្នកនាងពៅ ត្រូវមកជិះម៉ូតូខ្ពស់និងធំបែបនេះជាមួយសំពត់បែបនេះដែរ។
តែកានខ្វល់ឯណា? កានគិតតែពីថា បន្តិចទៀតនឹងនាងបានទៅកាន់កន្លែងមួយតែពីរនាក់គេហើយនឹងបានឱបចង្កេះរបស់គេ នៅលើជំនិះសង្ហាធំ ក្បែរៗមនុស្សសង្ហាម្នាក់នេះ កម្មវិធីក្រេបចន្ទទឹកឃ្មុំមួយនេះ ពិតជាអស្ចារ្យខ្លាំងណាស់ វាពិសេសជាខ្លាំង។
ស្នាមញញឹមរបស់កាន់ឆ្លុះទៅក្នុងកញ្ចក់ម៉ូតូ។
រឿងដែលធ្វើឲ្យម៉ូស្ហា ស្តាយក្រោយបំផុតគឺធ្វើយ៉ាងណា ក៏មនុស្សស្រីម្នាក់នេះនៅតែ
ញញឹមបាន នាងមោឃ!
លើកលែងតែរាត្រីដំបូងដែលយើងអាចធ្វើឲ្យនាងយំចេញបាន ប៉ុន្តែទួញយំហើយក៏មកធ្វើដូចជាមិនបានខឹងដដែល។
កានខំឡើងមកអង្គុយចំហៀងនៅលើម៉ូតូ ប៉ុន្តែពិតជាឡើងមិនរួចទាល់តែសោះ។ ខំពីរដងហើយប្រុសក៏ឃើញថាកម្ពស់នាងទាបបានជានាងមិនអាចជំទើតជើងឡើងមកអង្គុយបាន។
ប្តីមិនចង់រង់ចាំទេ! គេលូកដៃឆ្វេងមកក្រសោបទាញចង្កេះស្រីឡើងឲ្យអង្គុយពីក្រោយខ្លួន។ បានដល់កាលណា ស្រីស្រវាឱបចង្កេះខាងប្រុសធ្វើឱ្យកាបូបដៃរបស់នាង ត្រូវទៅទើរនៅខាងមុខរាងកាយរបស់គេដូចគ្នា។
«ហើយយកមកធ្វើអីទៅ? រំខានណាស់!»
ចរិតគេដូចជាចង់បោះកាបូបនាងចោលយ៉ាងដូច្នេះ ប៉ុន្តែនាងព្យាយាមដកយកមកវិញលើក ស្ពាយចំហៀងរួចឱបប្តីនេះសាជាថ្មី។
សូរម៉ូតូង៉ោងទៀត គ្រប់គ្នាដកថយ ព្រោះដឹងថាប្រុសស្រីទាំងទ្វេ ដែលទើបរៀបការហើយថ្មីថ្មោងមិនចង់ឲ្យមានគេរំខានទេ ពួកគេប្រញាប់ទៅរកឋានស្នេហ៍ប្រាកដមែន។
រឿងដែលពួកគេមិនអស់ចិត្ត គឺថាមិនសមណាបន្ទប់ផ្សំដំណេកមិនបានប្រាប់មុនឱ្យអ្នកភូមិបានរៀបចំឲ្យបានរៀបរយទាល់តែសោះ។
ថ្ងៃអស្ដង្គតនៅតាមផ្លូវជម្រាលឡើងទៅលើភ្នំ នៅលើម៉ូតូរបស់ប្រុសស្នេហ៍ កានពិតជារំភើបសប្បាយរីករាយរហូតដល់ភ្លេចគិតថា តើយប់នេះកន្លែងហ្នឹងសភាពកខ្វក់បែបណាបានជាអ្នកភូមិមិនចង់ឱ្យឡើង?
បើមិនបានរៀបចំផង តើមានអ្វីកើតឡើងបើសិនពេលនេះខានបាយ២ពេលទៅហើយ យប់នេះអត់បាយ បានស្នេហ៍យោងឬយ៉ាងម៉េចទៅ?
កាននេះចំហើយ ទោះបីយ៉ាងណាក៏ដោយសភាពការណ៍ក្នុងផ្ទះនោះដូចម្ដេច ហើយសភាពនៅលើភ្នំដូចម្តេច នាងដឹងតែម្យ៉ាងថានាងមានទំនុកចិត្តជានិច្ច មិនថាឡើយទៅតាមគេទៅដល់ទីណាក៏ដោយ មានបុរសនេះនៅជាប់នឹងដើមទ្រូងស្អិតយ៉ាងដូច្នេះ ភ្លេចសូម្បីតែថារាងកាយរបស់ខ្លួននៅតែមានការឈឺចាប់ដោយសារទណ្ឌកម្មកាលពីយប់ ភ្លេចការឡើងកម្តៅនិងភ្លេចអស់ការព្រួយផ្សេងៗ។
នៅតាមផ្លូវប្រុសបងមិននិយាយអ្វីទាំងអស់ ប៉ុន្តែស្រីថ្លៃក៏មិនចង់និយាយដូចគ្នា។
ដោយសារកានដូចជាមនុស្សស្រីដែលកើតមកស្រេកឃ្លានចង់បានការស្រឡាញ់ ដូចមនុស្សមិនដែលមានប្តី អូហ៍និយាយខុស ដូចមនុស្សស្រីដែលរង់ចាំជីវិតបែបនេះមកយូរហើយ តែងតែចង់ប្រើពេលវេលាស្ងៀមស្ងាត់បែបនេះ នៅក្បែរធម្មជាតិបែបនេះនៅជាមួយមនុស្សដែលនាងស្រឡាញ់។
ដៃនាងនៅតែឱបគេ ធ្វើឲ្យពេលវេលាហាក់ដូចជាថ្លៃខ្លាំងណាស់។
ទប់មិនបានប្រុសប្រាណក៏សួរមកកែវល្អ៖
«អ្ហះ! សួរមួយ! ស្រមៃថាទៅអឺរ៉ុបឬអាមេរិក សម្រាប់ចន្ទទឹកឃ្មុំ? ឥលូវខកចិត្តដែរ?»
«មានអីខកទៅ! កំពុងសប្បាយចិត្តដែលបានមកកន្លែងបែបនេះ Surprise!»
ឮហើយកាលណាចង់ក្តៅចិត្តទ្វេ ព្រោះឃើញដូចធ្វើពើឆៅពេក។ ប្រុសប្រាណចាប់ដៃនាងដកចេញពីលើចង្កេះ ទាំងគិតម្នាក់ឯងថា
«ប៉ិនធ្វើពើ ពូកែធ្វើពុត! បើមិនសប្បាយចិត្តហើយសើចចេញបាន មានតែពួកអាមនុស្សមានល្បិចបានវាធ្វើបាន!»
«បងម៉ូស្ហា?»
នាងហៅតិចៗគេធ្វើមិនឮមិនខ្ចីឆ្លើយ។
សួរបន្ថែមទៀត
«ហេតុអ្វីឡើងភ្នំពួកគេធ្វើមុខដូចខ្លាច?»
«ចុះខ្លាចអត់?»
«ខ្លាចអីទៅ! មានប្តីនៅជិត!»
តូចឆ្លើយបែបនេះនាំគេឱ្យហួសចិត្ត។ ខ្ជិលចង់ឆ្លើយទៀតណាស់រើសយកសន្សំកម្លាំងទុកបង្កើតទណ្ឌកម្មវិញល្អជាង។ ស្រីនៅមិនទាន់ចង់ឈប់សួរ បានជាតូចវាចាបន្ថែមទៀត៖
«បងម៉ូស្ហាមកកន្លែងនេះរហូតមែនដែរ?»
«មិនសួរថានាំស្រីមកប៉ុន្មាននាក់ទេ?»
គេបកវាត់មួយក្បាច់វិញធ្វើឱ្យនាងស្ងាត់។
«ប្រចណ្ឌ?» ប្រុសគិតហើយសប្បាយចិត្ត។ ប្តីសង្ហាដាក់ថែមប៉ុន្មានឃ្លាទៀតថា៖
«ឬស្មានថា ឱ្យគេទុកភាពកម្លោះឱ្យ ហើយទុកកន្លែងនេះសម្រាប់រង់ចាំព្រះនាងម្ចាស់មកសម្ពោធ! កុហកខ្លួនឯងបាន! កុហកតាមសម្រួលអូនសម្លាញ់»
កានរឹតតែស្ងាត់លែងមាត់លែងនិយាយ។
អ្នកទារគំនុំបានចិត្តណាស់ ព្រោះគេគិតថាកូនស្រីមនុស្សអាក្រក់កំពុងតែស្ងាត់ស្ងៀម ដូចគេចុកមាត់ព្រោះទុក្ខព្រួយ។ បើដឹងថាធ្វើអ៊ីចឹងឱ្យនាងឈឺបាន នឹងធ្វើយូរណាស់ហើយ។
គេដាក់ផ្ទួនៗទៀត៖
«ស្មានថាមិនចេះប្រចណ្ឌ….គិតថា…..»
ដៃតូចរាវមកឱបចង្កេះទៀត ធ្វើឱ្យប្រុសថ្លៃអាក់សម្តីដែលប្រុងនិយាយបញ្ឈឺថែម។

