រឿង៖ រៀបការសងគំនុំ ភាគទី៥

ហេតុអ្វីបាន​ជាម៉ូស្ហា​ស្រាប់តែ​ចេះមាន​អារម្មណ៍​រំជើបរំជួល ​ដែលដៃស្រីថ្លៃឱបចង្កេះសាឡើងវិញបានទៀត ព្រោះមុននេះគេស្មាន​ថាសម្តីរបស់ខ្លួន​​ធ្វើ​ឲ្យចន្ទកានកើតក្តីប្រចណ្ឌ អស់ចង់ឱបរឹតស្និទ្ធស្នាលបាត់ទៅហើយ។

បានចិត្ត​បានបន្តិច​សោះ ស្រាប់តែស្មានមិនដល់ថា នាងម្នាក់នេះតាំងខ្លួន​ធ្វើល្ងង់តភាគ​ដដែល​។

«ឱបបានទៀត? ប៉ិន​​ធ្វើ​មនុស្ស​ល្ងីល្ងើ​១០០!»

ស្រាប់តែស្រីកានឆ្លាស់ឆ្លើយមកវិញខ្សាវៗ៖

«​បងម៉ូស្ហាកុហក! ​បងស្រឡាញ់កាន បេះដូងនេះ​កានស្គាល់ច្បាស់​ទោះត្រឹមជួបគ្នា​បានត្រឹម​ប៉ុណ្ណឹង»

«ស្គាល់អីខ្លះ?»

«បងម៉ូស្ហាគេងមិនលក់ បងម៉ូស្ហា​ចំណាយពេលគ្រប់ដង្ហើមចេញចូលមួយប្រពន្ធកាលពីយប់​

មិ​ញ​! គ្រប់កាយវិកា​បង្ហាញ​ថា បងមូស្ហា​មិនបាននឹកនា​អ្នកណាក្រៅកានម្នាក់គត់»

ប្រុសថ្លៃស្រាប់តែមាន​អារម្មណ៍ថា មានទំនាក់ទំនងឬប្រភេទនៃព្រួញទិព្វមួយបុកចំៗបេះដូង​ ខណៈពេលដែលអារម្មណ៍ថាអ្នកនៅជាប់កាយនេះកំពុង​តែធ្វើឱ្យគេ​មានអារម្មណ៍កក់ក្តៅទាំងចិត្ត​នេះ នៅស្រពេចស្រពិលប៉ុនណាក៏វាមានគុណសម្បត្តិឲ្យចង់ស្តាប់សំឡេង​និងអត្ថន័យល្ងង់​ៗ​របស់កានបន្ត។

«ក្រែងស្រែកយំដូចមានគេស្លាប់នោះ?»

ឃ្លានេះក៏ប្រុសស្វាមីមកទារគំនុំម្នាក់នេះបានហាឡើងមកទៀតដើម្បីសួរជជីកនាង ព្រោះគេនៅមិនអស់ចិត្ត ខណៈទណ្ឌកម្មប្រែក្លាយមកជាស្នេហាទៅវិញក្នុងភាសាចិត្តកែវល្អស្រីតូចស្តើងចន្ទកាន។

នាងល្អឆ្លើយវិញខ្សាវៗ៖

«ឈឺកាយ តែអូនមិនបានឈឺចិត្ត!»

ពុទ្ធោ! នាងឡប់ឬខាងយើងនេះឡប់។

មិនត្រឹមថាចប់ ស្រីដាក់ថែមហ្វ្រីបបូរមាត់មកលើខ្នងស្នេហ៍។ រាងកាយទាំងទ្វេសឹងថារមួតដូចមនុស្សតែមួយ ទោះបីជាខាងម៉ូស្ហានៅតែចង់រកពាក្យអសុរោះមកនិយាយក៏ រកនឹកមិនឃើញភ្លាមៗដែរ។ ម៉ូស្ហាខាំមាត់តិចៗ ឈប់ជំនិះង៉ក់ដោយ​ទឹកមុខឌឺយកតែម្តង។

«ចុះ!»

គេបញ្ជាទាំងជ្រែងជើងទប់ម៉ូតូ។ ក៏ប៉ុន្តែស្រីស្លូតនៅតំអក់ ព្រោះពេលនាង​ងាក​សម្លឹងជុំវិញខ្លួន​មួយត្រួស កុំថាភូមិករ មនុស្សម្នា អ្នកស្រុកអីហ្នឹង សូម្បីតែស្រមោចឬអង្ក្រងមួយក៏គ្មានផង​។ មេឃងងឹត​សឹងអស់សូម្បីពន្លឺ។

«ឮ ឱ្យចុះ?»

គេមិនមែនចិត្តដាច់ដាក់ចោលម្ចាស់សម្តី«ឈឺកាយ តែអូនមិនបានឈឺចិត្ត!»នៅហ្នឹងទេ តែពាក្យមួយឃ្លានេះ ចង់បំភ្លេចក៏រឹតតែនឹក គឺពាក្យថា«ឈឺកាយ តែអូនមិនបានឈឺចិត្ត!»។ ចង់ឃើញមុខអ្នកនិយាយ ចង់សម្លឹងភ្នែកថាមែនឬល្បិច? ចង់ច្បាមខាំយកមាត់ពូកែនិយាយធ្វើឡប់នោះ យកមកសាកល្បងពិសោធមើលថាកាយនិងចិត្តជាការពិត ឬជាស្រោមល្បិចនៃគ្រួសារពួកចចក។

ដៃឆ្វេងប្តីលូកមកទាញឱបចង្កេះដាក់ស្រីកានចុះព្រោះម៉ូតូនេះធំហួសនឹងចង់ទល់ជន្ទល់ ទុកកុលនារីនៅលើម៉ូតូដូចដើមពិតពិបាកមានលំនឹង។

ថ្ងៃលិចបាត់ហើយសល់តែរស្មីខ្សោយសំពោងដោយកម្ទេចល្អងនៃស្លឹកឈើទុំក្រៀមនិងស្រទាប់ផ្កា គ្រប់យ៉ាងមានចលនាយឺតៗដូចកែវភ្នែកស្រទន់ឆ្ងល់របស់កានដែលសម្លឹងមកស្នាមញញឹមស្មើៗឌឺនៃរៀមរ៉ា។

ពេលដាក់ជំនិះបាន​លំនឹងហើយ ប្រុសព័ទ្ធម៉ូតូមួយជុំដើរមករកកែវភ្នែក​ខ្មៅដូចត្បូងនិល។

«មានអីនិយាយអត់?»

កាននៅឆ្ងល់ តែប្តី​ចូលមកកៀកប្រពន្ធ​កៀកឡើងៗ​ទាល់តែកានត្រូវ​ថយមកទើរនឹង​របាំង​

ម៉ូតូ​។ តូចឈប់ជើងព្រោះអស់ដីនឹងថយ តែក្លិនប្រហើរពាសពេញខ្លួន​ប្រពន្ធ​ស្លូត មិនបានឈប់ទាក់ទាញ​ច្រមុះប្តីឌឺម្នាក់នេះ​ឡើយ។ ក្លិនខ្លួននេះហើយ​ដែលបាន​​កំដរស្នេហានិងកំសួល​តណ្ហា​​គេពេញមួយ​យប់ មកហើយឱ្យភ្លេចមិនចំណាំ​ទាល់តែជាតិក្រោយ។

«សួរថា មានអីនិយាយទៀតអត់?»

គេសួរដដែល​តែសំឡេងស្រទន់ស្អកៗ ខ្សឹបៗមិន​ស្រែក​ទេ​ ដូចជា​គេមាន​ចិត្ត​ទន់ស្មើពន្លឺភ្នែកគេដែលផ្ចង់មក​ភក្រ្តា​ស្រី។ កានខំញញឹមឡើង តែស្ទើរញញឹម​ស្ទើរ​ថយវិញ។

«ភ័យ?»

គេសួរខ្លី​ព្រោះដង្ហើមគេដង្ហក់។ កាន​គ្រវីក្បាលញាប់ៗបង្ហាញថា មិនបាន«ភ័យ» តែ​តាមពិត​ ស្រីនៅទប់ចលនា​បេះដូងដែលកំពុង​ដើរញាប់​ព្រោះចំណាំបានទឹកមុខនេះ សភាពញញឹម​បែបនេះ កាយវិការនិងសំឡេងនេះ កានស្គាល់ច្បាស់ថានាង​នឹង​«ទប់គេមិនជាប់»ឡើយ។

ដៃប្រុសទាំងទ្វេ​លូកមកលើចង្កេះតូច។

កានលើកដៃភ្លាមៗទប់កុំឱ្យខ្លួនប្រុសរុលមកទៀតបាន។

«មេឃងងឹតណាស់!»

កានស្រដីមកខ្សោយៗ ព្រោះប្រុសប្រាណ​នៅសម្លក់មកដោយភ្នែកត្រជាក់ស្មើទឹកកក។ គេមិនឆ្លើយ​អ្វី បបូរមាត់ថ្លៃនៅធ្វើស្មើៗក៏មិនញញឹមងាយ​ តែមុខ​នេះនៅមិនឆ្ងាយជាងមួយប្រវែងម្រាមពីគ្នាទេ។ កាន​ដឹងថា គដកដង្ហើមហត់ គេ​ទ្រាំរង់ចាំមើលនាងនិយាយទៀត ព្រោះប្រពន្ធនិយាយមិនទាន់ចប់​ ថែមនិយាយមិនចង់ចេញ។

ស្រី​ល្អ​យកម្រាមទាំងដប់កាន់ចង្កេះប្រុស តែមិនហ៊ានរុញខ្លួន​គេចេញ​ទេ​ ខណៈដែលម្រាមដៃ​ខាងគេ​វិញ​ផ្តើម​កម្រើកចុះឡើង​លើត្រគាកនាង។

តូចនិយាយខ្សាវៗដាក់គ្រាប់ភ្នែក​ប្តីដែលភ្លឺដូចពេជ្រ៖

«ស្ងាត់ពេក កានខ្លាច!»

«មិញថាមិនខ្លាច!»

«ឥឡូវខ្លាច!»

«ខ្លាចអី?»

«ខ្លាចសត្វ ខ្លាចមនុស្ស​ មនុស្សព្រៃ!»

«មនុស្ស​ព្រៃនៅនឹងមុខនេះហើយ!»

ប្រុស​ស្រដីដោយ​ទម្លាក់ត្របកភ្នែកមក​សម្លឹងសម្លក់ខឹងនឹង​សម្បុរស្បែក​កញ្ចឹងក ក៏ដូចជាគល់ទ្រូងហ្មត់ស​រលោង បង្អួតទិដ្ឋភាពពេលថ្ងៃបាក់រសៀល។

«យើងទៅឱ្យដល់ផ្ទះសិនទៅ!»

កាននិយាយតិចៗរួចបង្អូសដៃ​មករកកំភួន​ប្រុសស្អាត។ ដៃអាវគេ​មូរឡើង​យូរហើយ ដូចមានបំណង​ចង់បង្ហាញ​ភាពរឹងមាំគ្រប់កន្លុកកន្លៀតនៃរាងកាយ។

«អត់ចង់!»

ប្រុសខ្សឹបៗឆ្លើយតប រីឯបបូរមាត់និង​ភ្នែក​ក៏មិនងាកចេញ​ទៅណា។ ស្រីនៅភាំងៗព្រោះវាចា​ប្រុសនេះកាលពីយប់មិញដែលកានចាំបាន គឺម៉ូស្ហា​ថា ចង់គឺចង់ អត់ចង់ក៏ច្បាស់ណាស់មានន័យ​ថា«អត់ចង់»។

«មនុស្ស​ព្រៃកំពុងឃ្លាន​ចង់ស៊ីមនុស្សក្រុង»

តូចក្រហមមុខព្រោះអៀនពេក ​ដៃតូច​រេ​ចុះឡើងវាសឃាឃាំងពួកម្រាម​រពឹសរបស់ប្រុសចេញ ខណៈគេបន្ទោសមកខ្លី៖

«កុហក!»

គេបន្ទោសមកពេលស្រី​នៅព្រិចៗភ្នែកសម្លឹង​ថ្លៃ។ ចន្ទកានរេម្រាមលែង​ឃាឃាំងគេ មក​អង្អែលកំភួនដៃប្រុសប្រាណ​ទាំងមិនដឹងខ្លួន។ ចង្វាក់អង្អែលនេះដូចចង់ប្រាប់និង​អង្វរ​ឱ្យរៀម​​ត្រជាក់ចិត្ត ​កុំបណ្តោយ​ធ្វើអ្វីតាមកំសួលតណ្ហា ព្រោះនេះនៅ​​កណ្តាល​ព្រឹក្សព្រៃនៅឡើយ​ ចុះហេតុអ្វី​រាមទៅជាចោលសម្តីមកពីរម៉ាត់ចម្លែកថា«កុហក»?

«អ្នកណាកុហក?»

កានសួរ​តិចៗ​ដាក់ភ្នែកមុត​ត្រជាក់ទាំងគូ។ បបូរមាត់ប្រុស​ខាំចូលគ្នា រួចទើបឆ្លើយខ្សឹបដែរ៖

«មួយម៉ាត់ថាស្រឡាញ់ ពីរម៉ាត់ថាស្រឡាញ់ ដល់ពេល​ត្រូវការឱ្យស្រឡាញ់ ធ្វើឯង​….»

គេមិននិយាយបញ្ចប់ទេ​ព្រោះ​បញ្ឈប់នេះ​គិត​ថាប្រពន្ធល្អិត​គិត​​យល់សម្តី​ហើយ។​​

ម្ចាស់​ក្លិនប្រហើរ​ក្តាប់មាត់​មិនតប តែបបូរមាត់នាង​ដូចជាដែកឆក់។ ភ្នែក​ប្រុសល្អ លែងសម្លឹងកន្លែងណា​ គេសម្លឹងតែត្រង់នោះ។ កានរេមាត់ចុះឡើងពីរទៅបីសារ ​ទើបកល្យាណហាស្តី​បកស្រាយ​៖

«បងម៉ូស្ហា កុំធ្វើអីមិនល្អៗ​កណ្តាលធម្មជាតិ!»

«ស្អីទៅមិនល្អហា្អស៎?»

គេសើចក្អាកក្អាយ ហាមាត់ធំ​ៗ​តបនឹង​ទឹកមុខមមិងមមាំងរបស់ស្រី។

«ហា្អស? ​ស្អីទៅមិនល្អ?»

«គឺ គឺ​អ្វី​ដែល​បងម៉ូស្ហា​កំពុង…កំពុង​ទាមទារ!»

«ស្អី​គេទាមទារ?​ ទាមទារស្អី?»

«បងម៉ូស្ហា​ ព្រមទៅផ្ទះសិនទេ?!»

«ឆ្លើយសិន កុំបង្វែរចន្ទកាន!»

គេហៅឈ្មោះនាងពេញ ហៅពីរោះណាស់។​​ ពីរថ្ងៃហើយ​ប្តីនិយាយកំបុតៗ មិនហៅឈ្មោះ មិនផ្អែម សឹងមិនដឹងផងថាប្តីនៅចាំឈ្មោះប្រពន្ធដែរអត់?

តូចញញឹមស្ញាចភ្លាម ព្រោះឮតែ​គេហៅឈ្មោះ​កាលណាបេះដូង​នេះសែនកក់ក្តៅ ដូច​ត្រូវសណ្តំ។  រី​ឯសណ្តំនេះ​ក៏មានឫទ្ធាអាច​ទៅសណ្តំឆ្លង​ដល់ទាំង​អ្នកនៅក្បែរៗបង្កើយ ហើយអ្នកនោះ​ដែលនៅស្ងៀម​រង់ចាំពាក្យឆ្លើយមិនឱ្យកាន​បង្វែរប្រធានបទ ​ពេលនេះបែរជា​​ខ្ជិលចាំពេក ឱន​វឹបមកក្រេប​បបូរមាត់ ​កញ្ឆក់ដណ្តើម​ស្នាមញញឹមល្អបរិសុទ្ធ​យក​ទៅគ្រប់គ្រង។

ដៃកានប្រញាប់រុញមកលើទ្រូងប្រុស តែកានមិនច្រានប្តីចេញ​ ព្រោះចរិតគោរពនិង​ថែមទាំងស្រឡាញ់គេនេះ​ពេញបេះដូង។

ការថើបមួយនេះ​ពិតជាជ្រាលជ្រៅណាស់ ធ្វើឱ្យខួរក្បាលរលាយខ្សាយចេញភ្លាមៗ​នូវ​

បណ្តា​​ជាតិគីមីពុលព្រោះគំនិតសងសឹក​ដែលដុត​ឱ្យក្តៅផ្សា បែរជា​ជំនួសមកឱ្យ​អ្នកទារគំនុំនូវ​ការមានអារម្មណ៍ល្អពិសេស​មួយ បញ្ឆេះភាពល្ហើយល្ហែក្នុងសំណុំនៃខួរក្បាល។ ការខឹងស្អប់ទាំងអស់​ត្រូវគ្របដណ្តប់ដោយអារម្មណ៍នៃក្តីស្រឡាញ់ កក់ក្តៅ និងចំណង់…..។

ម្រាម​ម៉ូស្ហា​លើកចេញពីចង្កេះ​រាវមកក្នុងអាវនាង ពាសពេញសាច់ខ្នង ក្តៅឡើងៗ….

ស្រីស្វាងអារម្មណ៍មកវិញ ជម្នះពីភាពភ្លើតភ្លើនព្រោះស្នេហា​រោលរាល។ កាន​រកវិធីអង្វរចិត្ត​ប្រុស ព្រោះបន្តិចទៀតអី​អាវអាចនឹងរបូតបានកណ្តាលវាលធម្មជាតិនេះ​ប្រសិន​​តូចមិន​ប្រឹង​ជម្នះរកវិធីបង្អាក់រៀម។

កានចង់ដកថយមកវិញ តែដកឯណាចេញបើរេគេចតែបន្តិច ម្ចាស់បំណុលលើកដៃពីសាច់ខ្នង​មកឱបផ្ទប់ មិនឱ្យសូម្បីរេចេញពី​ការភ្ជាប់បបូរមាត់គ្នា។ ចរន្តមួយនេះ ​អាចនឹង​​ជាប់ស្អិត​ជាងការគិតទុក។ យប់មិញ​គេមាន​តម្រេកច្រើន ​តែមិនមែនមាន​ស្នាមថើបបែបនេះទេ កានចាំបាន។

ពេលនេះការថើប​ដូចជាបង្ហាញ​ពីចេតនាក្នុងទ្រូង​ដែល​​ម៉ូស្ហា​ចង់លេបកានទុក។  ​ប្រៀបដូចប្តីមិនព្រមសូម្បីតែអនុញ្ញាតឱ្យ​កានចង់ដកថយ​មកបន្ធូរបង្ហើមបន្តិចណា ប្រុសមានបំណង​ចង់ឱ្យប្រើដង្ហើមរួមជាមួយគេ ដែលប្រពន្ធ​យល់ថាមានតែបណ្តោយ​ទៅតាម​សន្ទុះចិត្តម៉ូស្ហា​មួយគ្រា​សិនទើប​អាចនឹង​រកវិធីមកបង្អាក់កំសួលភ្លើងត្រជាក់ក្នុងបេះដូងប្រុស​បាន…..។

ចន្ទកាន​លែងងាក​ លែងរុញ បណ្តោយឱ្យ​ម៉ូស្ហាទទួលអារម្មណ៍​ដូចកំពុង​ទទួលបានគ្រប់យ៉ាងលើលោកនេះ ព្រោះស្រីថ្លៃមិនប្រកែកប្រណាំងជាមួយថែមទាំង​តបស្នង….

ពេលវេលាកន្លងទៅ ទាល់តែ​គ្រប់យ៉ាង​ឆ្អែតឆ្អន់តាមបំណង​បាន ទើបប្រុសម្នាក់នេះអស់ចិត្តព្រម​ងើបប្រាណ​ឡើងមកវិញ ហើយបន្ធូរដៃដែលចងរាងកាយ​តូច។

ភ្នែក​ម៉ូស្ហាតាមផ្ចង់សម្លឹង​ភក្តា្រសំណព្វ​ ចង់ពិនិត្យថាតើនាង​ធុញថប់ឬមួយ​ក៏នាង​កំពុង​ទទួលបានសុខា? កានអៀនណាស់ដែលខ្លួនក្លាយជាអ្នកតបស្នង​ការថើប​បានដូចជាមនុស្សស្រី​ឆ្កួតស្នេហ៍។

ស្រី​សម្លឹងទៅស្មាថ្លៃ មិនហ៊ាន​មើលមុខ​ប្រុសចរណៃចំៗ ខ្លាច​ខ្មាសជ្រៅជាងនេះ។

«យើងទៅៗ»

តូចស្រដីតិចៗ ស្រាប់តែប្រុសថ្លៃសួរឡើងគ្រលរៗ៖

«ទៅណា? មិនទាន់ចប់ផង ទើបតែចាប់ផ្តើមទេស្រីល្បិច!»

«ពីណាទៅមានល្បិច?»

«ធ្លាប់ថើបប្រុសៗអត់?» គំហកតិចៗ។

កែវគ្រវីក្បាលញាប់ៗដោយមុខក្រហមង៉ូវ ព្រោះខ្មាសណាស់ ។​ ថាមែនៗ ​ងប់ស្រឡាញ់គេ​រហូត​ដល់ទប់ចិត្ត​ធ្វើកុលស្ត្រីមិនបានល្អ​ ជ្រុលលង់ថើបគេវិញ​ដូចអត់ឃ្លានពីស្ថាន​ណាមក លុះឥឡូវ​ក៏​ត្រូវ​បានគេដាក់ការសង្ស័យ​។

«ឆ្លើយ! មិនមែន​ធ្វើកាយវិការគទេ!» ប្រុសគំហក​តិចៗមកទៀត។

«អត់ហ្ន៎ា! កុំសួរចឹងមើល៍!»

«អត់ល្អហើយ ឱ្យតែដឹង ដាច់អណ្តាត!»

ដៃកែវរុញចង្កេះ​គេដែលនៅកៀកប្រាណ ទាំងគេកំពុងឡើងឫទ្ធាធាតុរឹងនៃរាងកាយកូនប្រុសបង្អួតមក​តូចតន់។ ពៅអៀនចង់សន្លប់។ មួយព្រឹកមកនេះរក​បាយទឹកគ្មានមួយគ្រាប់​ តែឆ្អែតពេកហើយ ​ឆ្អែតនឹងចំណីដ៏កក់ក្តៅរត់ត្របាញ់តគ្នា​តាមរយៈស្នូរដង្ហើម​និង​ធាតុរាវក្នុងមាត់ដែលចែកមកគ្នា​ទើបនឹង​ចប់មុននេះ។

«យើងទៅៗណា!»

កានអង្វរ​ដោយ​ភ្នែក​សម្លឹងទៅចំហៀងៗ មិនហ៊ាន​សងការជំពាក់មើលគ្នាទេ។

«មើលមុខ!»

បញ្ជា​​មកដូចដែកត្រជាក់ កកដូចទឹកកកបុកបេះដូងដែលកំពុងទន់ជ្រាយ។

កានគ្រវីក្បាល។

«ចង់ត្រូវដែរ?»

«យើងទៅៗណា!»

ក្លិនប្រហើរ​និយាយអង្វរទៀត​ដោយមិនសម្លឹងដដែល បណ្តាលឱ្យ​ម្ចាស់បំណុលជីវិត​រឹតតែមានៈឡើង។ ប្រុសគ្រញែងស្មា​អំនួតនឹង​មន្តស្នេហ៍កប់ៗដែលសាយភាយចេញទៅសន្ធប់លើបេះដូងកែវល្អ​រហូតនាង​ចាញ់ច្រាបមិនហ៊ាន​មើលមុខគ្នា​។

«ឈរនៅហ្នឹងបាន​​ដល់ស្អែក អានេះ​បើចង់រឹងរូសជាមួយ​ប្តី!» គេស្រដី​ខ្សឹបៗតែស្រីដឹងថា គេមិនមែន​និយាយឱ្យតែបានទេ។ មនុស្ស​ម៉ូស្ហា​ថាអ្វី​ធ្វើហ្នឹង​។

កានងើបមុខមកយឺតៗសម្លឹងភ្នែកស្រទន់ដែលខាងប្រុស​ឱ្យមក។

ពន្លឺភ្នែកនេះ កាន​រែកពុនការសង្គ្រប់មិនប្រណីមួយរាត្រីមកហើយក៏នៅមិនមាន​ចិត្ត​ខឹង​ព្រោះតែកានងប់នឹង​ការសម្លឹងនេះ។

ប្រាណ​តូច​ព្រឺអស់ពីលើដល់ក្រោម ពេលប្តីសម្លឹងមកឌឺៗ ត្រជាក់ៗ​ម្តងដូចអសុរកាយ​កំពុងចង់ជញ្ជក់ឈាម ម្តង​ដូច​សត្វ​ខ្លាមានអំណាច​ចង់សង្គ្រប់ហែកកម្ទេចនាង។

គេនៅបន្តសម្លឹងកាន ស៊ីពេលវេលា ឱ្យកន្លងទៅយឺតណាស់ ព្រោះស្រីមិនអាចដកភ្នែកចេញ ព្រោះប្តីចង់មើល នាង​ត្រូវឱ្យមើល ប្តីចង់សម្លឹង នាង​ម៉េចហ៊ានមិនសម្លឹង?

មិនយូរទេ នៅក្នុងភាពស្ងប់ស្ងាត់ បបូរមាត់ស្ងួត​ព្រោះការ​ប្រយុទ្ធក្នុងសង្គ្រាម​គ្មាន​ទឹកនិងគ្មាន​ស្បៀង ពេលនេះ​លេចចេញ​ស្នាមញញឹម​មករកប្តី។

កានញញឹម​ទៀតហើយ!

ស្នាមញញឹមនេះ​ពិតជាអាវុធដឹងអត់កាន?

ដឹងថាប្តីនេះ​បានភ្លេចចោលគ្រប់យ៉ាងទៅម្ខាង ចង់លះបង់ជីវិតដើម្បីការពារស្នាមញញឹម​នេះ​ដឹងដែរទេ ​ស្រី​កូន​សត្រូវ?

«ញញឹមអី?»

ប្តីសួរតិចៗតែសំឡេងគេ​គឺប្រាប់មកថា​«ស្រឡាញ់» ​ស្រឡាញ់តូចពេកហើយ។ បំណង​​ទណ្ឌកម្ម ចិត្តគិតឫស្យា​ៗ របូតបាត់ទៅតាម​ការ​ថើបមុននេះ​អស់ហើយ យប់នេះ​បានអីសងសឹកទារបំណុលមកទូទាត់កាត់សងរួច​នោះ​ បើបេះដូង​ទន់ល្អូកដូចចាហួយទៅហើយ មានកម្លាំងអី​ធ្វើឱ្យថ្លៃយំបានទៀត?

«បងម៉ូស្ហា សង្ហា​ខ្លាំងណាស់!»

ក្លិនប្រហើរស្រដីចេញមកនេះ​ក៏​តាមតែបញ្ជានៃ​បេះដូង តែ​ជ្រុលមាត់ទៅហើយ ទើបនឹកឃើញថាជ្រុល កាន​លើកម្រាមចេញពី​ប្រាណប្រុស មកខ្ទប់មាត់ខ្លួនឯងវិញ។

«ទើបនឹងដឹង?» ប្រាណមាំតបមកវិញដោយ​អំនួត។

ដោយសារកែវនៅផ្ទប់មាត់ខ្លួនឯង មិនបានឆ្លើយតបអ្វី ប្តី​និយាយមកទៀត៖

«ហើយបានប្រុសសង្ហាមកជិត គេគិត​ធ្វើម៉េចក៏ឱ្យ​​ធ្វើទៅ មិនចេះខឹងគេទេ?»

កាននៅស្ងៀម​ផ្ទប់មាត់ដដែលគិតអំពីសម្តីគេ​និងសំណួរគេ។

«ចិត្ត​ហ្នឹងងប់ងល់ប្រុសស្អាតៗ មិនចេះ​ទប់ចិត្ត​ អីសោះទេ! ​បើក្រោយៗឃើញ​ប្រុសណាល្អ​ដើរកាត់មុខ ក៏ភ្លេច​ថាខ្លួនមាន​ប្តី ស្រេកឃ្លាន​ការស្រឡាញ់ពេកអ៊ីចឹងទប់ប្រាណជាប់ដែរ?»

«ប្រុសស្អាត​បែបណា នៅតែមិនសង្ហាជាងបងម៉ូស្ហា​ដែរ​!»

កានតបខ្សាវៗ តែពាក្យ​ខ្សាវៗនេះ​ដូច​បរិមាណូមកបុក​បំប៉ើងជំហររឹងមាំរបស់ប្តី​ឱ្យ​ឆ្កួតក្នុងសេចក្តី​ស្នេហា​ងប់វិញ។ ប្រុសបានចិត្ត​ណាស់ បានជាសំឡេង​ទៅជាគ្រលរៗ​និងស្អកៗសួរ​កាន​​​៖

«សង្ហា​ត្រង់ណាហា្អស៎? កុហកឱ្យទំនងណា៎ កុហកឱ្យពីរោះអូន បើមិនពិរោះចាប់ចងលើដើមឈើ ដូចស្វាម៉ូរ៉ា​ឥឡូវហើយ!»

«ស្វាម៉ូរ៉ាអីទៅ?»

«មិនដែលអានរឿងព្រះចន្ទគោរពទេ?!»

«ប្តីចាំយប់នេះនិយាយឱ្យប្រពន្ធស្តាប់ណា៎!» តូចសុំ​គេ។

«មិនមែនរៀបការគ្នា​មកនិយាយរឿងទេវ៉ី!» គេតបទាំងក្នាញ់រអ៊ូៗព្រោះស្រឡាញ់កានឡើងងងឹតមុខ​។

«ប្រពន្ធចង់ស្តាប់!»

«ឮសួរ? សង្ហា​ត្រង់ណា!»

កានញញឹមឈ្ងោកមុខ ពេលប្តីចង់បានចម្លើយខ្លាំង។ អ្នកកំពុងស្រេកឃ្លានការស្រឡាញ់ពិតប្រាកដតើជាអ្នកណាទៅ?

គឺអ្នកដែលសួរហើយសួរទៀតម្នាក់នេះ៖

«ប្រាប់ភ្លាម ចន្ទកាន!»

កែវឈ្ងោកយ៉ាងរហ័ស​ទៅទ្រូងឆ្វេងប្រុសម៉ូស្ហា​ ហើយថើបបេះដូងគេជឹប។ ប្តីភាំង ពេលបបូរមាត់ស្រី​ផ្តិតនៅទីនេះ ចំណែក​ចម្លើយនាង​ឡុលៗលាន់មក។ ព្រោះទីនេះស្ងាត់សូន្យឈឹងមានតែសន្ធឹកដង្ហើមគូស្នេហ៍​គេឮនាង​ច្បាស់ណាស់៖

«សង្ហា​ត្រង់បេះដូង បេះដូង​នេះកក់ក្តៅ បេះដូងនេះ​មាន​សន្តាន​ចិត្ត​ល្អ បេះដូងមិនក្លែងក្លាយ!»

ចិញ្ចើម​ប្រុស​លើកឆ្ងល់ កែវភ្នែក​ក្រឡេក​ចុះឡើង​គិតម្នាក់ឯង។

«យប់មិញឃោរឃៅ​យ៉ាងនេះ​ហើយ ​គេ​នៅមកថាចិត្ត​ល្អ? គេឆ្កួត ឬអាត្មា​អញ​ប្រព្រឹត្តមិនដល់ទម្ងន់នៃ​គម្រោងការ​? គេនេះ…»

ប្រុសចាប់ចង្កា​ស្រី​ឡើង សម្លឹងភ្នែកនាងព្រោះផ្ទៀងផ្ទាត់មើលសម្តី​និងការពិត​។ ម៉ូស្ហា​លេបទឹកមាត់ព្រោះហានិយាយមិនចេញ នៅត្របាញ់ភ្នែកគ្នា រកតែវាចាអ្វី​មួយគំហកដាក់នាង​ក៏មិនចេញ គ្រលាស់អណ្តាតសម្លុត​ក៏ធ្វើមិនរួច ទើបតែមួយយប់មួយថ្ងៃសោះ ម្ចាស់បំណុលចាញ់សឹកលើសមរភូមិផ្អែមល្ហែមគ្មានអាវុធរបស់ខាងស្រី​បានទៅហើយ?

​​ «មិនមែន​ចង់ថើបចេះតែមកថើបទេ!» គេ​គំហក​ខ្សោយៗផ្ទុយនឹងបញ្ជាបេះដូង។

«បេះដូងបងម៉ូស្ហា​ក៏លោតញាប់!»

«លោតញាប់ស្អី»

«បងម៉ូស្ហា​មានស្នេហាចំពោះកានខ្លាំងដូចគ្នា!» តូចតន់ឆ្លើយ​មកខ្សឹបៗ​ជាមួយ​ភ្នែក​ម៉ក់ៗ។

ប្រុស​ហាមាត់ធំៗសើចខ្លាំងៗឮៗ។​ មាត់នេះឱ្យតែសើចបែបកំណាច ក៏កានរឹតតែមើលឃើញសង្ហា​ថែមទ្វេ​។ កាន​ញញឹម​ស្ងៀមស្ងាត់​ព្រោះរវល់សម្លឹង​ស្នាមសើច។​

«ហ្អាស? ធ្វើអ្នកឯកទេសសេ្នហាមែនអត់ចន្ទកាន? អត់អ្នកណា​ស្រឡាញ់ឡើងឆ្កួតហើយ​ចន្ទ​

កាន​​? ភ្នែកហ្នឹងកុំសម្លឹងប្រុសណាភ្លឹក​អារបៀបនេះ នេះបើមិនចង់ខ្វាក់ទាំងសងខាង!»

ថាចប់ទម្លាក់ដៃពីចង្កាស្រី ដើរធ្វើឫកហីឡើងម៉ូតូ។

«ឡើងមក!»

មាត់គេបញ្ជាទាំង​មិនងាកក្រោយមើលស្រីឆ្កួតស្នេហ៍ទេ ព្រោះ​ម៉ូស្ហា​គិតថា​ បើមើលទៅ សង្ស័យ​តែមិនអាចទៅដល់ខាងលើភ្នំ​បន្ត​បានដូចគម្រោង​ដឹង?