រឿង៖ យើងទាំងពីរ

ទំនាក់ទំនងពួកយើងកាន់តែជិតស្និទ្ធ តែខ្ញុំមិនច្បាស់ឡើយថាគេគិតបែបណាចំពោះខ្ញុំ ខ្ញុំដឹងត្រឹមថាខ្ញុំស្រលាញ់គេ  ហួងហែងគេពេលឃើញគេញញិមដាក់មិត្តរួមថ្នាក់ស្រីៗ សូម្បីតែសម្ផស្សមិត្តសម្លាញ់ខ្ញុំ។

ឈ្មោះរបស់គេគឺតុង ខ្ញុំគឺលម្អង។ ខ្ញុំចួបតុងដំបូង ពេលយើងរៀនថ្នាក់ទី១២ជាមួយគ្នា គេទើបតែប្ដូរមកពីសាលាផ្សេង។

ពេលគេញញិមម្ដងៗខួចសងខាងជិតមាត់។ គេមិនសូវចេះនិយាយទេតែបានញញិមយោង មើលទៅគេខំរៀនណាស់ គេគិតតែពីរៀនមិនថាសូម្បីពេលចេញលេង ។ខ្ញុំចាប់អារម្មណ៍គេតាំងពីថ្ងៃសម្អាតថ្នាក់ដំបូងដែលគេរុញបង្អួចកៀបដៃខ្ញុំ គេឱនមកមើលរបួសលើដៃខ្ញុំ។

ខ្ញុំចេះតែចង់លួចមើលគេ ពេលគេដើរកាត់ក៏បេះដូងលោតញាប់ៗ រំភើបម្នាក់ឯង ពេលគេអត់មករៀនមួយថ្ងៃទៅជារសាប់រសល់ណាស់។ នេះឬជាអារម្មណ៍ស្រលាញ់គេម្នាក់ឯង?

“គេសង្ហា​ហើយរៀនពូកែទៀត ឯងគិតថាមានតែឯងទេ ដែលលង់ស្រលាញ់គេ?”

នេះជាសម្ដីសម្ផស្សមិត្តល្អតែម្នាក់របស់ខ្ញុំ

“មានស្រលាញ់មកពីណា” ខ្ញុំប្រកែក

“អត់ស្រលាញ់ទៀត? តាមមើលគេរហូត”

មែនហើយ នេះជាលើកទីមួយដែលខ្ញុំមានអារម្មណ៍បែបនេះ​ តែខ្ញុំមិនចង់ឱ្យសម្ផស្សមកចាប់ខ្ញុំបាន ឬមកវែកញែករឿងនេះឱ្យខ្ញុំស្ដាប់ទេ។

ចូលរៀនបានមួយអាទិត្យគ្រូចាប់ផ្ដើមរៀនគួរក្រៅម៉ោង។ ថ្ងៃនេះជាថ្ងៃដែលធ្វើឱ្យខ្ញុំកាន់តែនៅជិតគេនឹកស្មានមិនដល់។

តុងគ្មានតុអង្គុយ អ្នកគ្រូឃើញកន្លែងជាប់ខ្ញុំទំនេរក៏ឱ្យគេចូលអង្គុយតុជាមួយខ្ញុំ។ គ្រាន់តែតុងដើរចូលមកអង្គុយចុះភ្លាម ខ្ញុំអង្គុយធ្វើមិនដឹងតែបេះដូងខ្ញុំលោតញាប់ខ្លាំងនោះខ្លាំង ដៃត្រជាក់អស់ហើយ។

ខ្ញុំក៏មិនដឹងអ្នកគ្រូពន្យល់មេរៀនថាម៉េចខ្លះដែរ ខ្ញុំស្ដាប់តែស្ដាប់មិនចូលត្រចៀក បេះដូងខ្ញុំលោតចង់គាំង មួយម៉ោងនេះគឺលឿនខ្លាំងណាស់។​ មួយថ្ងៃៗបន់ឱ្យតែដល់ម៉ោងគួរ អាងបានអង្គុយជិតគេ។ ពេលនៅក្បែរគេ រាល់សកម្មភាពគេ ធ្វើឱ្យខ្ញុំគិតនោះគិត គិតមិនចេះចប់ មិនចេះហើយ។

ចំពោះខ្ញុំវិញ ខ្ញុំឧស្សាហ៍ណាស់រឿងចូលមើលប្រូហ្វាល់គេ ខ្ញុំចេះតែចង់ដឹងគ្រប់យ៉ាងពីគេ ចូលចិត្តណាស់ចុចសរសេរឈែតទៅគេ តែមិនទាន់បញ្ជូនទៅផងក៏លុបចោលវិញម្ដងហើយម្ដងទៀតៗ។

យប់មួយរឿងដែលមិននឹកស្មានដល់នោះគឺខ្ញុំកំពុងតែសរសរលុបៗ តែឯង គេឈែតមកទឺង! ខ្ញុំភ្ញាក់ព្រឺត

ហើយខ្ញុំកំពុងនៅក្នុងឈែតគេផង គេច្បាស់ជាឃើញខ្ញុំចូលseenភ្លាមហើយទេ?

គេសរសេរប្រាប់ថា ជួយថតមេរៀនល្ងាចមិញឱ្យផង

មិត្តភ័ក្តិមួយថ្នាក់ ហេតុអីក៏ជាខ្ញុំ? មានរឿងគិតស្រមៃម្នាក់ឯងទៀតហើយលម្អង!!!!

ព្រឹកឡើងខ្ញុំដើរទៅរៀនធម្មតា ផ្ទះខ្ញុំមិនដល់៣០០ម៉ែត្រពីសាលាផង។ ខ្ញុំកំពុងដើរក៏ឮសំឡេងម៉ូតូមួយតិចៗនៅក្រោយខ្នងខ្ញុំ តែខ្ញុំមិនងាក មិនមើល

“ជិះអត់?”

គឺសំឡេងគេ​ សំឡេងសុភាពៗរបស់គេពេលនិយាយម្ដងៗ។ រឿងអីលម្អងបដិសេធ?

ពេលដល់សាលាខ្ញុំចុះពីលើម៉ូតូមុខក្លោងទ្វារ គេមិនមាត់តែម្រាមទាំងប្រាំរបស់គេប៉ះលើក្បាលខ្ញុំថ្មមៗ ទើបគេចុះបណ្ដើរម៉ូតូចូល។

ចាប់តាំងពីថ្ងៃនោះគេកាន់តែចូលជិតខ្ញុំនិងមិត្តខ្ញុំគឺសម្ផស្ស គេតែងតែយកលំហាត់មកសួរពួកយើង មិនថាពេលកំពុងរៀន ឬម៉ោងចេញលេង ឬពេលយប់ឈែតមកទេ​។

ខ្ញុំ សម្ផស្ស និងតុង តែងទៅណាមកណាជាមួយគ្នា  មិនថាទៅញ៉ាំបាយ ឬធ្វើលំហាត់ឡើយ។ ពេលម៉ោងទំនេរនៅសាលាយើងដាក់កាសស្ដាប់ចម្រៀងជាមួយខ្ញុំ ទោះយើងទាំងបីតែងធ្វើអ្វីគ្រប់យ៉ាងជាមួយគ្នា​ តែកាសគ្មានខ្សែរទីបីសម្រាប់សម្ផស្សទេ នាងចេញទៅក្រៅ ថាមិនចង់រំខានពួកយើង។

ពួកយើងទាំងបីរៀនត្រៀមប្រឡងសិស្សពូកែជាមួយគ្នា ប្រធានលំហាត់ភាគច្រើនគឺតុងជាអ្នកយកមកជាច្រើនមកធ្វើជាមួយគ្នា​​​ ទំនាក់ទំនងពួកយើងក៏កាន់តែល្អ មិត្តរួមថ្នាក់ក៏តែងតែបង្អាប់បន្ថែម ខ្ញុំមិនដឹងគេគិតយ៉ាងម៉េចទេ តែចំពោះខ្ញុំឥឡូវនេះដឹងត្រឹមថាបែបនេះរហូតក៏បានដែរ យើងមិនមែនជាសង្សារ តែលើសពីមិត្តភ័ក្តិ គេគឺជាចំណែកដ៏សំខាន់ក្នុងចិត្តខ្ញុំ។​ តុងកាន់តែនៅក្បែរខ្ញុំ វាជាអ្វីដែលខ្ញុំចង់បាននិងរំភើបជាខ្លាំង។

ថ្ងៃនេះជើងខ្ញុំសុខៗក៏ឈឺ បានគេហ្នឹងហើយជួយចូលយកខ្ញុំពីផ្ទះមកសាលា សម្ផស្សក៏មិនមករៀន ឃើញឈែតមកប្រាប់ថាគ្រុនឈាម។ ខ្ញុំមិនបានចុះទៅញ៉ាំបាយ ឃើញតុងចេញក្រៅមួយសន្ទុះចូលមកវិញកាន់បាយមួយកញ្ចប់មក។

មិនធ្លាប់ចួបទេ សុបិនឬការពិត ដូចជាពិសេសណាស់។ ខ្ញុំងាកមុខចេញញញិមព្រោះរំភើប ហើយខ្លាចគេឃើញ ខ្ញុំធ្វើជានិយាយបន្លប់

“បាយហ្នឹងដូចអត់បានផ្ញើទិញទេនៀក!”

“ឥឡូវញ៉ាំអត់?” គេលើកចិញ្ចឹម មិនប្រែទឹកមុខសុភាពៗលាយញញិមមិនចេះស្ងួតរបស់គេ

“ទៅៗ! ខំទិញឱ្យហើយ ញ៉ាំក៏បាន!”

គេហុចបាយមកឱ្យ ហើយនៅអង្គុយពីមុខខ្ញុំ។ គេមើលមកដៃខ្ញុំកាន់ស្លាបព្រា

“ត្រូវការអ្នកបញ្ចុកអត់” ថ្ងៃនេះគេដូចនិយាយច្រើនជាងរាល់ដង ហើយនិយាយអីផ្អែមៗចឹង។ គេលែងញញិមទៀតហើយ គឺសើចខ្លាំង បាត់ភ្នែក

“ឈឺតែជើង ដៃមានឈឺណា”

“ញ៉ាំទៅចឹង” ថាហើយគេប៉ះក្បាលខ្ញុំយ៉ាងថ្មម ហើយដើរចេញទៅក្រៅ

ចេញលេងមួយជួងទៀត ខ្ញុំរាងស្រងូត។ បានមនុស្សដែលយើងស្រលាញ់ចេះយកចិត្តទិញបាយឱ្យញ៉ាំ តាមថាខ្ញុំអាចញញិមរំភើបពីរបីថ្ងៃជាប់គ្នា តែមិនដឹងយ៉ាងម៉េចនៅសុខៗស្រាប់តែមានអារម្មណ៍ថាខុសៗ ដូចមិនមែនៗយ៉ាងម៉េចមិនដឹង ស្រាប់តែតុងដើរមកអង្គុយក្បែរខ្ញុំ គេលើកទូរស័ព្ទសែលហ្វ្រី

“ញញិមតិចមើល៍”

រំភើប! គេធ្វើឱ្យខ្ញុំញញិមបានវិញ។

គេថតរួចក៏យកដៃប៉ះក្បាលខ្ញុំ ហើយក៏ដើរចេញបានបន្តិចឃើញគេផ្ញើរូបនេះឱ្យខ្ញុំ រូបគេធ្មេចភ្នែកស្ដាំមួយចំហៀង និងរូបខ្ញុំញញិមលើកដៃពីរ តែមួយសន្លឹកខ្ញុំមើលម្ដងហើយម្ដងទៀតមិនចេះនឿយហត់។

គេធ្វើឱ្យខ្ញុំសើច គេធ្វើឱ្យខ្ញុំចង់ឃើញតែមុខគេ បន់ឱ្យតែដល់សាលាបានចួបគេ ខំធ្វើលំហាត់មុនគ្រូអាងបានពិភាក្សាជាមួយគេ ខំរៀនឱ្យលើសគេអាងគេសួរហើយពន្យល់ ខ្ញុំមិនដែរគិតទេថាបើថ្ងៃមួយតុងម្នាក់នេះស្រាប់តែបាត់ខ្លួន ខ្ញុំធ្វើចិត្តយ៉ាងណានោះ។

ក្រោយមកតុងនិងខ្ញុំប្រឡងជាប់សិស្សពូកែថ្នាក់ស្រុកតែសម្ផស្សធ្លាក់ទៅវិញ។ ខ្ញុំនិងតុងទទួលបានការរៀនបំប៉នបន្ថែមសម្រាប់ត្រៀមទៅប្រឡងថ្នាក់ខេត្តជាមួយគ្រូឯកទេស និងស្រាវជ្រាវខ្លួនឯងជាមួយគ្នា ដោយគ្មានវត្តមានសម្ផស្សមិត្តសម្លាញ់ខ្ញុំទៀតឡើយ។

ថ្ងៃមួយសម្ផស្សបានប្រាប់ខ្ញុំទាំងមិនសប្បាយចិត្តថា

“លម្អង! ឯងដឹងអត់ តុងមានសង្សារហើយ គេទាក់ទងគ្នាយូរហើយ”

ខ្ញុំមិនត្រឹមតែមិនចង់ស្ដាប់បន្ដ មិនទាន់សួរនាងថាដឹងមកពីណាផង ថែមទាំងគិតថានាងច្រណែនខ្ញុំឬអ្វីដែលខ្ញុំប្រឡងជាប់ ខ្ញុំតបវិញទាំងខឹង

“បើតុងមានសង្សារមែន ស្រីម្នាក់នោះគឺជាឯងហើយ សម្ផស្ស”

មែនព្រោះតុងដើរតែជាមួយយើងពីរនាក់ បើមិនខ្ញុំគឺច្បាស់ជានាង។ ថ្ងៃនោះហើយសម្ផស្សមិនតប ដើរចេញបាត់​ នាងខឹងខ្ញុំខ្លាំងណាស់។ ខ្ញុំកាន់តែមិនយល់ចិត្តនាង ខ្ញុំគិតថានាងច្រណែនខ្ញុំ​។​

ចាប់ពីពេលនោះ ទំនាក់ទំនងខ្ញុំនិងសម្ផស្សក៏កាន់តែឆ្ងាយគឺឆ្ងាយហៅលែងឮ នាងប្ដូរទៅអង្គុយតុផ្សេង យើងទាំងពីរមិនសូម្បីមើលមុខគ្នា។ តែខ្ញុំមានតុង យើងទៅតូបបាយតែពីរនាក់ ដែលរាល់ដងមានសម្ផស្ស តែពេលនេះខ្ញុំឃើញនាងមិនដែលសូវចេញពីថ្នាក់ទេ។

ថ្ងៃទៅប្រឡងសិស្សពូកែថ្នាក់ខេត្តមកដល់ ពួកយើងទៅមើលឈ្មោះមុនថ្ងៃប្រឡងមួយថ្ងៃ ពួកយើងទៅដល់ថ្ងៃត្រង់ហើយ តុងបបួលខ្ញុំដើរទៅក្រោយសាលារកទិញទឹកត្រជាក់ ពេលទៅដល់គេនាំសំដៅតុមួយដែលមានមនុស្សស្រីម្នាក់ សក់ចងលើកខ្ពស់អង្គុយបែរខ្នងចាំជាស្រេច។

ខ្ញុំស្រាប់តែមិនស្រណុកចិត្តនៅពេលទៅដល់ឃើញគេញញិមដាក់គ្នាដូចស្គាល់គ្នាពីមុន ហាក់ស្និទស្នាលណាស់។

“លម្អង! ឯងដឹងអត់ តុងមានសង្សារហើយ គេទាក់ទងគ្នាយូរហើយ”សំឡេងសម្ផស្សផ្ដើមរម្លឹកក្នុងចិត្តខ្ញុំ

តុងនិយាយកាត់អារម្មណ៍ខ្ញុំដែលវិលវល់ “ លម្អង! នេះលីដា”

ស្រីម្នាក់នេះរវាសមើលខ្ញុំពីក្បាលដល់ចុះជើងយ៉ាងរហ័ស រួចសម្លឹងមុខតុង ខ្សែភ្នែករបស់ពួកគេ មើលមកគ្នាហេតុអីដូចស្និទ្ធស្នាលគ្នាម្ល៉េះ? ខ្ញុំផ្ដើមទើសចិត្តពេលឃើញគេសម្លឹងមើលគ្នាបែបនេះ

“លម្អងសិស្សពូកែគណិត សួស្ដី” នាងនិយាយញាប់និងរួសរាយ

ខ្ញុំមិនទាន់នឹងឆ្លើយផង នាងងាកទៅនិយាយជាមួយតុង

“លម្អងនឹងមែន ដែលថាជួយធ្វើលំហាត់ អូនផ្ញើឱ្យបងនោះ”

តុងងក់ក្បាលជំនួសចម្លើយ

ខ្ញុំកាន់តែស្ពឹកខ្លួន ក្រោយឮពាក្យទាំងនេះ

ចេញមកវិញខ្ញុំសួរគេច្រើនណាស់ ទាំងមិនបានចម្លើយ

“លីដាហ្នឹងណាគេ ស្គាល់គ្នាយូរនៅម៉េចខ្ញុំអត់ដឹង?”

គេនៅស្ងៀមមិនមាត់

“ម្នាក់ហ្នឹងសង្សារយើងមែន ម៉េចខ្ញុំមិនដែលដឹង? ប្រាប់ខ្ញុំតិចមក ប្រាប់មក”

“ហើយម៉េចហ្នឹងលម្អង?” ពាក្យមួយឃ្លានេះ ជាមួយក្រសែភ្នែកពេលនេះ ទោះគិតក៏ខ្ញុំមិនធ្លាប់ដែរ

“ខ្ញុំល្ងង់ខ្លួនឯង លម្អងឯងស្មានខុសហើយ ស្មានតែគេស្រលាញ់ឯង មនុស្សល្ងង់”

តុងតបវិញមុខស្មើ

“លម្អងម៉េចក៏ខុសពីមុនអ៊ីចឹងវិញ”

“មិនមែនខ្ញុំខុសពីមុនទេ គឺបងអ្នកខុសពីមុន អូ! មិនមែនទេខុសហើយ បងមិនខុសទេគឺខ្ញុំអ្នកខុសដែលខ្ញុំស្រលាញ់បង”

 មែនហើយខ្ញុំយល់ហើយ គ្រាន់តែរៀនអង្គុយតុជាមួយគ្នា ទៅញ៉ាំបាយជាមួយគ្នា​ ទៅណាមកណាជាមួយគ្នា ជាមិត្តភ័ក្តិធ្វើមិនបាន? ទាល់តែសង្សារ?

ខ្ញុំដើរទៅមុនគេវឹង ទឹកភ្នែកចង់ហូរតែខំទប់ ត្រចៀកផ្ទៀងស្ដាប់គេហៅ គេនិយាយហេតុផលតែមិនបានឮគេតបមួយម៉ាត់ណាសោះ អារម្មណ៍ចង់ឱ្យគេរត់មកតាមទាញដៃខ្ញុំបែរក្រោយហើយប៉ះក្បាលខ្ញុំថ្មមៗដូចពីមុនតែគ្មានឡើយ។

បើគេហាតែមួយម៉ាត់ខ្ញុំក៏ឈប់ទ្រឹងភ្លាមតែគ្មានទេ គេបណ្ដោយឱ្យខ្ញុំដើរចេញ គឺបណ្ដោយខ្ញុំដូចដែលបណ្ដោយខ្ញុំឱ្យលង់ស្រលាញ់គេនោះ។

អ្ហឹ! ខ្ញុំ!

ហេតុអីវាដូចមិនសមសោះគេជាមនុស្សដែលខ្ញុំស្រលាញ់ និងគិតថានឹងស្រលាញ់ខ្ញុំវិញ។ ខ្ញុំគិតច្រើនម្នាក់ឯងពេក ឬគេផ្ដល់ក្ដីសង្ឃឹមឱ្យខ្ញុំច្រើនពេកហើយ សកម្មភាពរបស់គេ​ ផ្ទុយពីចិត្តដែលមាន។ ការពិតគេមិនធ្លាប់ស្រលាញ់ខ្ញុំទេ

ខ្ញុំចង់យំណាស់ ហេតុអីខ្ញុំល្ងង់យ៉ាងនេះ? ខ្ញុំខំធ្វើញញិមទាំងមិនសម។ ពិតមែនខ្ញុំមិនដឹងសោះថាគេមានសង្សារឬអត់? គេគិតយ៉ាងណាចំពោះខ្ញុំ គេកាន់តែចូលជិតខ្ញុំ ខ្ញុំកាន់តែគិតម្នាក់ឯងដូចមែនទែន ទាំងគេទុកយើងគ្រាន់ជាមិត្តសោះ។

សកម្មភាពខ្ញុំ មិននៅជិតតុង សម្ផស្សយល់ជាងអ្នកណាៗទាំងអស់ មែនហើយខ្ញុំនឹកសម្ផស្ស ខ្ញុំចង់និយាយជាមួយនាងវិញ ខ្ញុំឯកាណាស់ ពីមុនទោះគ្មាននាងតែមានអាប្រុសបោកប្រាស់តុង តែពេលនេះខ្ញុំគ្មានអ្នកណាទៀតទេ ខ្ញុំមិនហ៊ាននិយាយជាមួយនាងវិញទេ។

ពីមុនសម្ផស្ស នាងដឹងច្បាស់ណាស់ថាខ្ញុំលង់ស្រលាញ់តុង នាងតែងតែនិយាយដាស់តឿនខ្ញុំថា កុំមើលឃើញតែគេល្អៗៗ ល្អឥតខ្ចោះអី វានិយាយធ្វើមើលតែវាអ្នកឯកទេសខាងស្នេហាអ៊ីចឹង។ នាងមិនដឹងទេថាពេលស្រលាញ់គេហើយ គឺមើលមិនឃើញចំណុចអាក្រក់គេឡើយ។

ពីមុនខ្ញុំរីករាយណាស់ មកដល់សាលាខ្ញុំមានតុង មានសម្ផស្សពិភពលោកហាក់ស្រស់បំព្រង តែពេលនេះអ្វីៗសោះកក្រោះយ៉ាងនេះ?

អ្នកណាម្នាក់កំពុងអង្គុយចុះក្បែរខ្លួនខ្ញុំ ទាំងដែលខ្ញុំកំពុងអង្គុយក្រាបមុខលើតុ

“ជឿយើងនៅ?”

សម្ផស្ស? មកឌឺខ្ញុំមែន? ខ្ញុំក្រោកបម្រុងដើរចេញ តែនាងនិយាយកាត់

“បោះចោលខ្លះទៅ ចរិតមិនចេះស្ដាប់គេបកស្រាយ បោះចោលខ្លះទៅ ចរិតស្មានៗម្នាក់ឯងហ្នឹង។ កុំព្រោះតែគេ បណ្ដោយឱ្យខ្លួនឯងក្លាយជាបែបនេះ លម្អង​”

មែនហើយ ប៉ុន្មានថ្ងៃនេះខ្ញុំមិនដូចជាខ្ញុំពីមុនទេ ខ្ញុំដូចមនុស្សគ្មានព្រលឹងក្នុងខ្លួន ខ្ញុំមិនស្ដីជាមួយអ្នកណា អង្គុយតែនៅតុមិនក្រោក សោះកក្រោះពេកហើយ គេនោះអីក៏អស្ចារ្យម្ល៉េះ ដែលមកកំណត់ភាពរីករាយរបស់ខ្ញុំ? ពីមុនឃើញគេ ខ្ញុំរំភើប ឃើញគេទើបរីករាយ ឥឡូវឃើញគេខ្ញុំឈឺចិត្ត ឃើញគេខ្ញុំស្អប់ ហេតុអីគេទៀតហើយ កំណត់អារម្មណ៍ខ្ញុំ?”

គេមិនអាចអស្ចារ្យ​​ ក្នុងអារម្មណ៍ខ្ញុំយ៉ាងនេះទេ។

ខ្ញុំលង់ជ្រៅក្នុងមនោសញ្ចេតនាដែលគេបង្កើតឡើង ឃើញខ្ញុំពិបាកចិត្តអ៊ីចឹង បែបសមចិត្តគេហើយមើលទៅ។ បើខ្ញុំរីករាយ គេយ៉ាងម៉េចវិញ?

ពេលមុនមួយថ្ងៃៗបន់ឱ្យតែដល់សាលាបានក្បែរគេ ពេលនេះមួយថ្ងៃៗបន់ឱ្យគេកុំមករៀន អត់ចង់ឃើញមុខ។ ក្រោយៗមកខ្ញុំបានអានសៀវភៅប្រលោមលោកស្នេហាខ្ញុំស្រង់យកបទពិសោធន៍បានពីសៀវភៅទាំងនោះដែរ ជួបស្នេហ៍ខកចិត្ត ខ្លះខូចចិត្តរយៈពេលយូរ ខ្លះក៏ឆាប់ តែខ្ញុំក៏ជ្រើសយកអាឆាប់វិញល្អជាង៕

ចប់