វិលមកវិញ តម្រា បញ្ចេញ​ប្រលោមលោក​អប់រំ​វ័យជំទង់រឿង«ថ្ងៃណាមួយ»

នៅទីបំផុត ប្រលោមលោកBL “Boys Love” ដំបូងបង្អស់របស់អ្នកនិពន្ធ ម៉ីសន សុធារី ដែលមានចំណងជើងថា «​ថ្ងៃណាមួយ» ចេញផ្សាយជា “hardcopy”ហើយ។

ដោយទទួលបាននូវការគាំទ្រជាវិជ្ជមាន នៅក្នុងចំណោមយុវវ័យមិត្តអ្នកអាន ក៏ដូចជាសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នាថា នេះជាខ្សែប្រលោមលោក​អប់រំជីវិតយ៉ាងល្អសម្រាប់ឱ្យវ័យជំទង់ អាចរឹងមាំ​ឡើង ជួយឯង ក៏ដូច​បំណិននៃការ​តស៊ូជាមួយនឹងឧបសគ្គនានានៅក្នុងជីវិត សៀវភៅ «ថ្ងៃណាមួយ» របស់អ្នកនិពន្ធ ម៉ីសន សុធារី ត្រូវបានបោះពុម្ពផ្សាយជា Special Editions ដើម្បីចូលរួមអបអរសាទរទិវាពិព័រណ៍សៀវភៅកម្ពុជាលើកទីប្រាំបួននៅបណ្ណាល័យជាតិរាជធានីភ្នំពេញ។

ក្របថ្មីនៃប្រលោមលោកលើកទឹកចិត្ត ចំណងជើងថា «ថ្ងៃណាមួយ»

កញ្ញា ទូច បុប្ផា នាយិកា​តម្រា​បានឱ្យដឹងថា រយៈពេលជាងពីរឆ្នាំមកនេះ តម្រាបានផ្អាកសកម្មភាពទាំងអស់របស់ខ្លួនក្រោយវិបត្តិកូវីដ។

ការវិលមកវិញលើកនេះ ប្រាកដណាស់បានសម្រិតសម្រាំងមាតិកា​មិនឱ្យអ្នកអានជាវទៅខកចិត្ត​នោះទេ។ កញ្ញាបានឱ្យដឹងដូច្នេះថា «ជាទូទៅសៀវភៅយើងតែងតែគិតលើសាច់រឿង ហើយមិនចង់ឱ្យការជាវទៅត្រូវយកទៅទុកចោលអានមិនចប់! ក្រុមការងារបានអានរឿងថ្ងៃណាមួយ ហើយយល់ថា ការបោះពុម្ពសំណៅHard Copy ស្នាដៃដ៏ល្អមួយនេះ ជាមោទនភាពថ្មីនៃការវិលមកវិញរបស់តម្រា!»

លោក លី សូផាត អ្នកពិនិត្យ​គុណភាពសាច់រឿង និងជា​ក្រុមការងារតម្រា​លើកឡើងថា នេះជាប្រលោមលោក​ជីវិត​ដ៏ពិសេសមួយ​ដែលយុវវ័យគួរបានអាន ហើយមាតាបិតាទាំងឡាយ​ផង។

ខ្សែរឿង​ ថ្ងៃណាមួយ​ បានសរសេរឡើងនៅឆ្នាំ២០២១ ជាពេល​ដែលអ្នកនិពន្ធបានឆ្លើយតបទៅនឹងសំណូមពររបស់អ្នកអាន​ជាភេទទីបី​និងភេទផ្សេងៗទៀត។ សាចរឿងបរិយាយពីតួអង្គ​ភក្ត្រា មានឈ្មោះហៅក្រៅថាជេមស៍ ជាក្មេងមាន​ចរិយាមារយាទល្អ មាន​សមានចិត្ត​ទូលំទូលាយ ស្គាល់ខុសត្រូវ ឯបេះដូងគេ​ ស្រលាញ់បុរសដូចគ្នា។

នៅក្នុងវ័យជំទង់ ជេមស៍បានប្រឈម​នឹងស្នេហាបោកប្រាស់ ប្រឈមទៅនឹងវិបត្តិនៃការបាក់បែកក្នុងគ្រួសារ ប្រឈមនឹងការវាយប្រហារបន្ទោសបង្អាប់រើសអើង តើភក្ត្រាឬជេមស៍និងដោះស្រាយបញ្ហាទាំងអស់ដែលគេត្រូវប្រឈមមុខដោយវិធីយ៉ាងណា ?

អ្នកនិពន្ធ បានសន្យាថា នៅក្នុងសៀវភៅនេះមិត្តអ្នកអាននឹងទទួលបាននូវពុទ្ធិជាច្រើន ដែលជាព័ត៌មានថ្មីៗជុំវិញ ឥរិយាបថរស់នៅរបស់យុវជនក្នុងសម័យកាលទំនើប ក៏ដូចជាក្រុមយុវជនដែលប្រឈមទៅនឹងការបាក់បែកនៅក្នុងរង្វង់គ្រួសារ ឪពុកម្ដាយលែងលះគ្នា ក៏ដូចជាយុវជនដែលត្រូវបានដួលច្រើនសាដោយសារតែវិបត្តិស្នេហា ការធ្លាក់ទឹកចិត្ត ការធ្លាក់គុណភាពសិក្សានិងឧបសគ្គ​ផ្សេងៗច្រើនទៀត។

សៀវភៅប្រលោមលោករឿង «ថ្ងៃណាមួយ» មានលក់ ដុំនិងរាយ តាមរយៈលេខទូរស័ព្ទ ០១២​៤៧២០០៣ ។

អ្នកនិពន្ធម៉ីសនសុធារី នឹងចុះហត្ថលេខាលើសៀវភៅដំបូង ចំនួន១០០ច្បាប់ សម្រាប់អ្នកគាំទ្រដែលមកជាវផ្ទាល់នោស្តង់តម្រា លេខ​៣៤និង៣៥ ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ខែធ្នូនេះ ទីតាំងបណ្ណាល័យជាតិរាជធានីភ្នំពេញ។