ឥន្ត្រាស្ងាត់ស្ងៀម មិនដកដៃ មិនត្អូញ ឬសូម្បីឈឺចាប់ជ្រួញចិញ្ចើម….គេសម្លឹងនាងស្រឹមៗ…គ្មានចម្លែកទេសម្រាប់នីយ៉ា…..ជាមួយកែវភ្នែកបែបនេះ មនុស្សគេនេះគ្មានអីត្រូវនៅក្បែរយូរឡើយ គេមិនមាត់ មិនក មិនឈឺ ធ្វើដូចបិសាចគ្មានឈាម វិកល ឬមានវិបល្លាសប្រការណាមួយក៏មិនដឹង និយាយយឺត ធ្វើសកម្មភាពរហ័ស ធ្វើអ្វី គិតអី ក៏នាងតាមគេមិនទាន់ដែរ ចង់តែទៅឱ្យបាត់លែងឃើញគ្នា កុំថាឡើយដល់និយាយរក មុខក៏មិនចង់ឃើញ ភ្នែកក៏មិនចង់ថ្ពក់។
នីយ៉ាទម្លាក់ដៃនាយចោល ប៉ុន្តែអ្វីមួយដែលរឹតតែធ្វើឱ្យនាងប្រហោងពោះគឺពីកន្ទុយភ្នែក នាងឃើញដំណើរមនុស្សម្នាក់លោតចុះមកពីឧទ្ធម្ភាគចក្រដែលទើបតែបន្ទាបខ្លួនប្រមាណជាកម្ពស់ជាងមួយម៉ែត្រពីដី។
ងាកទៅវឹង….តរុណីឆាប់បោះបង់ចោលការគិតពីឥន្ត្រា ព្រោះបុរសដ៏សំខាន់នៅក្នុងបេះដូងនាង ការពិតកំពុងបោះជំហានសំដៅមក។
គេមកកាន់តែកៀក ដៃរបស់នាងត្រូវបានពន្លែង។ បងប្រុសគេលែងដៃនាង ជាមួយសំឡេងស្រាលៗ ពីមាត់ឥន្ត្រាដែលនៅកៀកនឹងនាងបង្កើយ៖
«ទៅ!!! ត្រឡប់ទៅវិញទៅ!….ទៅៗប្អូនប៉ូលិស!»
នីយ៉ាភាំងៗ។ ត្រចៀកឮសំឡេងឥន្ត្រា ប៉ុន្តែគ្មានពេលគិត គ្មានពេលផ្ដោតអារម្មណ៍ថា ប្រុសច្បងនិយាយអ្វីនោះទេ ចិត្តស្រីកំពុងតែស្រយ៉ង់សម្លឹងដំណើរហំហាននៃបុរសសង្ហា ដែលនាងធ្លាប់ស្រឡាញ់ពេញបេះដូង និងនៅតែបន្តស្រឡាញ់មកទល់ពេលនេះ។
អស់ពីរត់មក គេបន្ថយដំណើរដើរដោយក្តាប់មាត់ខែងរ៉ែង។ យូស៊ូធ្វើមុខស្មើ មាត់ខាំតិចៗសម្លឹងមុខសង្សារ។ ស្មាគេរលាក់តាមជំហានសោះអង្គើយមានអំនួត ព្រោះកងការពារពីរបីនាក់មកតាមប្រដាប់ដោយអាវុធ ឯនាងនៅទីនេះតែឯងឯកា។
នីយ៉ាសម្លឹងកាំភ្លើងលើដៃពួកគេ។ ដោយស្វ័យប្រវត្តិ ជើងស្រីចាប់ផ្តើមឈានជើងថយក្រោយ។
«ចាប់ប្អូនស្រីប៉ូលិសមក!»
ស្ទើរមិនជឿត្រចៀកខ្លួនឯងទេ ថានេះគឺជាបញ្ជាចេញពីមាត់សង្សារសំណព្វ ដែលនាងបានលបលាក់ស្រឡាញ់ គេចក្បត់ចិត្ដបងប្រុសបងស្រី ស្មោះស្ម័គ្រស្រឡាញ់គេ ធ្លាប់លោតចូលទៅក្នុងគន្លងទឹកគ្រោះថ្នាក់ ដើម្បីរំដោះជីវិតគេ។
មិនថាគេកុហក យកនាងលេងសើចនិងក្បត់ចិត្ត មើលងាយស្នេហារបស់នាង ពោលពាក្យឡកលើយដាក់អ្នកសារព័ត៌មាន បញ្ឈឺបងប្រុសនាង តែពេលនេះ ឮមិនច្រឡំទៀតនោះ គឺគេបញ្ជាឱ្យកូនចៅគេ ចាប់ចងនាង។
ពួកនោះស្ទុះប្រាវ នីយ៉ាស្រែកវ៉ាសដកថយជើងឆ្វេងមួយទៀត ស្របពេលឥន្ត្រា ឈានមួយជំហានស្រាលស្ញើកមកពាំងពីមុខស្រី។
«មិនបាច់ទេ!»
ពាក្យបីម៉ាត់របស់ប្រុសច្បង បានន័យថា គ្មាននរណាអាចមកបង្ខំនាំខ្លួនកន្និដ្ឋាយកចេញពីលំនៅដ្ឋាននាងទៅនោះទេ ប្រសិនគេមិនអនុញ្ញាត។ មិនដឹងកម្លាំងចិត្តមកពីណា នាងឈរទ្រឹងហាក់ទុកចិត្ត ពីព្រោះនីយ៉ានៅលើកោះHប៉ុន្មានយប់ក៏ដឹងថា មនុស្សទាំងអស់នេះរួមទាំងយូស៊ូផង ស្ដាប់ឥន្ត្រាជាងអ្នកណាទាំងអស់។
ស្រីស្អាត លើកដៃជូតទឹកភ្នែកសម្លឹងមុខសង្សារតាមពីក្រោយស្មាដ៏ខ្ពស់នៃបងប្រុសគេ។ កញ្ចឹងកដែលមានស្នាមសាក់រូបក្អែក ជាសម្រស់អាថ៌កំបាំងរបស់បុរសសង្ហាម្នាក់ដែលកំពុងតែពាំង បើកផ្លូវឱ្យនាងរំដោះខ្លួន។
«យូស៊ូចង្រៃ គង់តែដឹងគ្នាទេ!»
ស្រីស្រែកដាក់សង្សារទាំងទឹកភ្នែក បណ្តាលឱ្យឥន្ត្រាដៀងមកសម្លឹងប្អូនប្រុស។ ចិត្តស្នេហ៍នៃនារីតូចនេះលើប្អូនប្រុសពៅរបស់ខ្លួន ជ្រៅប៉ុនណា ស្មោះប៉ុនណា មានតែឥន្ត្រាទេដែលដឹងការពិត។
យូស៊ូធ្វើមុខមមីសម្លឹងនាង។ គេឈានមកមួយជំហានហើយវាចាមួយៗ៖
«ខ្ញុំយកស្រីម្នាក់នេះទៅកោះH»
ជាលើកដំបូងដែលគេមានទឹកមុខស្មើ ភ្នែកក្រហម ឫកពាហំហានមាំទាំដាក់បងប្រុសគេនៅចំពោះមុខនីយ៉ា។ គេមើលទៅ ដូចជាចង់បាននាងយកទៅដោយសំអាងថា នាងនៅទីនេះទន់ខ្សោយម្នាក់ឯង គ្មានអាវុធ និងគ្មាននរណាអាចរារាំងការចាប់ពង្រត់មួយនេះឡើយ។
បើមើលតាមសភាពខឹងសម្បាក្នុងកែវភ្នែកកូនពៅម៉ឺនយូ ពេលដែលក្រឡេកមកមើលនីយ៉ា គឺយូស៊ូត្រូវតែយកនាងទៅដើម្បីបំបាក់បងប្រុសនាងឬអ្វីក៏ដោយ គេស្រោចមកលើនាង។
«មិនបាច់ទេ! តោះយើងទៅ!»
សំឡេងបងប្រុសគេហាក់ដូចជាបញ្ជាស្ងប់ស្ងាត់ ស្មិងស្មាធិ៍ ស្រាលៗ ធ្វើឱ្យស្រីទុកចិត្តណាស់ថានាងមានសុវត្ថិភាព តែនីយ៉ាមិនដឹងទេថា វាជាអាថ៌កំបាំងមួយនៃការទុកចិត្តដែលអរូបី ចិត្តនិងចិត្តជឿគ្នា ទីណាមានឥន្ត្រា នីយ៉ានឹងមិនមានគ្រោះថ្នាក់នោះទេ ប៉ុន្តែ…..
«អាប៉ូលិសជេន ចាប់ប៉ាទៅភ្នំពេញបាត់ហើយ!»
ប្អូនប្រុសនិយាយផងខាំមាត់ផង ទាំងភ្នែកសម្លឹងយ៉ាងឈឺចាប់។ អ្វីដែលនីយ៉ាខឹងពេលនេះ គឺខ្លួនឯងដូចឆក់ជាប់កាវនៅនឹងព្រះធរណីត្រង់ណេះ មិនព្រមឈានចេញ រត់ចេញទាល់តែសោះ។
មនុស្សឥន្ត្រាមិនបាច់ឮពីរដងទេ។ សម្តីមួយឃ្លាជាព័ត៌មានដែលប្អូនប្រុសប្រាប់មក ដូចជាព្រនង់សំពងគេ។ គេងាកខ្វាក មករកនីយ៉ាដែលនៅឈរសម្លឹងបងប្អូនទាំងពីរនេះទាំងទឹកមុខនាងមួម៉ៅសៅហ្មង។
«អាបងចាប់ប៉ាយើង ពេលនេះយើងយកប្អូនវាទៅ អត់មានអីលើសទេ!»
យូស៊ូនិយាយហើយស៊ីញ៉ូភ្នែកទៅរកដៃជើង។ ឥន្ត្រាសម្លឹងនាងរង់ចាំចម្លើយ។ នីយ៉ាមានអីនិយាយទៅ? មានតែបើកភ្នែកក្រឡង់ៗសម្លឹងប្រុសច្បង។
ស្រីសម្លឹងនាងទាំងបារម្ភ គឺសម្លឹងដល់ជម្រៅគ្រាប់ភ្នែកមនុស្សទឹកកក ថាគេខូចចិត្តកម្រិតណាជាមួយព័ត៌មានមួយនេះ។ វាដូចគ្រាប់បែកបំផ្ទុះដើមទ្រូងកូនប្រុសច្បងដែលស្រឡាញ់ឪពុកនិងគ្រួសារជាងជីវិតរបស់គេ។
បបូរមាត់គេបូញចូលគ្នា ជាមួយកែវភ្នែកល្ហល្ហេវ។ សង្គ្រាមនេះ ហួសពីអ្វីដែលបេះដូងអាចយកមកទូទាត់បាន។ សម្លឹងមុខនាងក៏ដឹងថា នាងគ្មានពាក្យនិយាយរួចដែរ បានន័យថាសម្តីយូស៊ូគឺសមហេតុផល។
ប្រុសច្បងទម្លាក់ដៃដែលមុននេះរារាំងក្រុមដៃជើងយូស៊ូ។
នីយ៉ាកញ្ជ្រោលព្រោះត្រូវចាប់ក្រៀក។ ស្រីមិនអង្វរយូស៊ូទេ មានតែសម្លក់គេ ហើយងាកមកព្រិចភ្នែកសម្លឹងឥន្ត្រារកអន្តរាគមន៍។ នាងតាមសម្លឹងគេ ខណៈត្រូវនាំទៅរកយាន។ ទឹកមុខឥន្ត្រាខូចចិត្ត ឡេះឡះ ខាំមាត់ បោចសក់ក្បាល គេឱនសម្លឹងព្រះធរណីច្រត់ដៃលើចង្កេះដ៏រឹងមាំសឹងភ្លេចថាខ្លួនឯងមានរបួស។
គេប្រុងបកក្រោយប៉ុន្តែយូស៊ូពាំង។ គេវាចាតិចៗ៖
«បងទៅរកពួកវា!»
«មិនបាច់ទេបង ប៉ានៅភ្នំពេញ! នៅក្នុងដៃប៉ូលិសជេន!»
ប្រុសច្បងលេបទឹកមាត់ជូរចត់។ សំឡេងប្អូនខ្សឹបខ្សៀវបន្ថែម៖
«ទៅដល់ផ្ទះសិនចាំគិតទៀត! ហោចណាស់ វាមិនហ៊ានទេ យើងមានប្អូនពៅវា»
ឥន្ត្រាងាកចំហៀងស្មា យ៉ាងស្មុគស្មាញក្នុងចិត្ត ព្រោះឃើញស្រីត្រូវបង្ខំឡើងយាន។ វាដូចគ្នានឹងរាត្រីដំបូងដែលគេបានចាប់នាងខុស។ កាលណោះយូស៊ូមិនដឹងរឿង តែថ្ងៃនេះ យូស៊ូបានផ្តើមគំនិតនាំខ្លួននាងទៅដោយខ្លួនគេ។
«ឥន្ត្រា ខ្ញុំអត់ទៅកោះHទេ!»
នាងស្រែកមករកកែវភ្នែកស្ងប់របស់គេ។ មិនថាគេចាប់នាងទៅ ឬនាំកម្លាំងចូលទៅលុកលុយលើកោះបេះដូងរបស់បងស្រីនាង សុទ្ធតែជារឿងដែលនីយ៉ាមិនចង់បាននោះទេ នាងទទូចមកកាន់ប្រុសស្អាតដែលឈរខាងក្រោមក្បែរប្អូនគេ។
«ឥន្ត្រា! បងខ្ញុំជាង្នកអនុវត្តច្បាប់! គាត់ធ្វើអីប្រាកដជាមានមូលហេតុរបស់គាត់! ខ្លួនធ្លាប់ដឹងហើយ បងជេនបានសង្គ្រោះជីវិតខ្លួន គាត់បញ្ជូនខ្លួនមកដល់កោះបេះដូង ពិបាកយ៉ាងណា?»
ឥន្ត្រាខាំមាត់ទប់កំហឹង។ គេងើបមុខងងើលៗសម្លឹងមកស្រីល្អ។ ទឹកភ្នែកនាងអស់ហើយប្រសិទ្ធិភាពក្នុងទ្រូងមនុស្សប្រុសម្នាក់នេះ។ សាជាថ្មីគេ បោះជំហានខែងរ៉ែងដើរមួយៗមកអង្គុយមួយចំហៀង។
ដៃនារីត្រូវបានគេចងទៅក្រោយ។
សូម្បីទឹកភ្នែកក៏នាងគ្មានដៃជូតដែរ។
នាងតាមសម្លឹងគេតែម្នាក់គត់ ព្រោះនាងនៅតែមានអារម្មណ៍ថា គេនិយាយស្តាប់គ្នាបាន។
«ឥន្ត្រា! ស្តាប់គ្នាបន្តិចបានទេ! បើទៅៗតែឯងទៅ កុំយកខ្ញុំទៅណ៎ា ខ្ញុំអង្វរ!»
មិនដឹងជាហេតុអីយូស៊ូមានអារម្មណ៍ថា នាងលែងមើលឃើញវត្តមានគេ។ កុំថានិយាយរកគេ សូម្បីតែក្រឡេកមើលក៏អត់? បើនាងអង្វរគេដូច្នេះ ដូចដែលនាងកំពុងអង្វរឥន្ត្រា តើគេនឹងទន់ចិត្តទេ?
គេឈរឆ្ងក់សម្លឹងនាងនៅមាត់ច្រកទ្វារ តែនាងមិនងាកមក ព្រោះនាងស្អប់? គុំ? នាងខឹង? គ្មានចម្លើយទេ។ បើនាងទុកគេជាមនុស្សស្រឡាញ់គ្នា ហេតុអីបានជានាងទៅនិយាយជាមួយឥន្ត្រា បងប្រុសរបស់គេដែលឡើងឧទ្ធម្ភាគចក្រអង្គុយដូចគល់ឈើ ម្តេចនាងអង្វរគេមិនបានសម្រេចហើយមិនងាកមកសម្លឹងរកអន្តរាគមពីយូស៊ូផង?
«ចេញដំណើរ!»
យូស៊ូងាកបញ្ជាទៅអ្នកបើកទាំងមុខក្រញូវ។
ស្នូរឡានមកពីកក្រើកចម្ងាយធ្វើឱ្យអ្នកបើកបរផ្អាកដៃងាកសម្លឹង។ យូស៊ូទាញយកកាំភ្លើងចេញពីចង្កេះមកកាន់។ សេចក្ដីសង្ឃឹមថ្មីកើតមានដល់ស្រីតូច ព្រោះស្គាល់ច្បាស់ជាឡានរបស់បងស្រី ថែមទាំងមានកងការពារជាច្រើនម៉ូតូអមមកជាមួយផង។
យូស៊ូបូញមាត់ធ្វើមុខអស់សំណើចសម្លឹងទៅក្បួនរថយន្តរបស់ម្ចាស់កោះបេះដូង។ គេឈរស្កុបរង់ចាំទទួលដំណើរ….
«ចាំមើល ពួកប៉ូលិសត្បាញអាយអស់នេះគេហ៊ានបាញ់ហេលីកុបទ័រដែលមានប្អូនស្រីពៅគេអង្គុយដែរអត់?»
បោះវាចាចប់ហើយ ប្រុសស្អាតងាកមកខ្វាច់សម្លឹងកែវភ្នែកមុតខឹង ដែលនីយ៉ាសម្លក់មក។ សេចក្ដីស្នេហារវាងស្រីប្រុសទាំងពីរ តើអាចលោតរំលងពីលើកំផែងនៃគំនុំនិងភាពខុសគ្នារវាងពួកគេដែរឬទេ? សមរភូមិនេះពិតជាកំពុងលាបពណ៌លើមនោសញ្ចេតនារបស់ពួកគេ។
រថយន្តជាន់ហ្វ្រាំងឈប់ងឺតលាន់រំពងសឹងរហែកមេឃ។
មនុស្សនៅខាងមុខបើកទ្វារចុះមកជាបន្ទាន់ ដោយមានអង្គរក្សអមមកព្រោងព្រាត។
គឺជាមនុស្សស្រីដែលនីយ៉ាដង្ហោយរក។
«បងដា បងដា! ជួយខ្ញុំផង យកខ្ញុំចុះ ខ្ញុំអត់ទៅជាមួយពួកនេះទេ!»
ស្រីពៅកញ្ជ្រោលទាំងដៃជាប់ចំណង។ ហាន់ដាមានទឹកមុខស្លន់ស្លោ។ មនុស្សជាច្រើនរត់ប្រសាចមកជាមួយអាវុធ។ យូស៊ូឈានមកមុខដើម្បីប្រឈមជាមួយហាន់ដា គេរកមើលគីម៉ាល់ដែរ តែមិនឃើញ។ សភាពនេះហាន់ដាដឹងថា ចង់បានប្អូនស្រីទាំងរស់មកវិញប្រហែលមានសង្ឃឹមតិច។
ពួកមនុស្សកោះHចាំបាច់ត្រូវតែមាននីយ៉ាក្នុងដៃទើបពួកគេអាចហោះឡើងបាន ដូច្នេះសង្ឃឹមរឿងលែងនីយ៉ាមកវិញ ជារឿងយល់សប្តិ។
ទោះយ៉ាងណា បងស្រីនៅតែវាចាញ័រៗ៖
«លែងមនុស្ស!»
យូស៊ូសម្លឹងឫកពាឡេឡះនេះ គេយល់ថា ហាន់ដានិងពួកខ្មាន់មិនអាចរលាស់ដៃទេ។ អណ្ដាតគេគ្រលាស់ព្រហ៊ើនៗតបតនឹងភ្នែកម្ចាស់កោះបេះដូង។
«គ្មានផ្លូវទេ!»
ទោះយ៉ាងណា នេះមិនមែនសំឡេងរបស់យូស៊ូជូនទៅហាន់ដាឡើយ ប៉ុន្តែគឺជាសំឡេងរបស់មនុស្សម្នាក់ ដែលបានឡើងទៅយានជំនិះតែចុងក្រោយក៏បកត្រឡប់ចុះមកវិញជាមួយជំហានធ្ងន់ៗ។
ឥន្ត្រាដើរឆ្ពោះមកឈរនៅពីមុខហាន់ដា ខណៈយូស៊ូវិញថយបន្តិចទាំងស្នាមញញឹមដ៏ជូរចត់ចាំមើលថាបងប្រុសនឹងលេងជាមួយនារីនេះរបៀបណា។
«គ្មានផ្លូវស្អី?»
ហាន់ដាសម្លុតឥន្ត្រាដោយសម្លឹងមុខត្រជាក់ដូចទឹកកករបស់គេ។ សំឡេងហាន់ដាតបតជម្លោះជាមួយបងប្រុសរបស់ខ្លួន យូស៊ូពេញចិត្តបំផុត។ គេឆ្លើយនិយាយឌឺប្រហើរៗតាមខ្យល់៖
«ម្នាក់ស្រីដុកទ័រនេះ មិនមែនធម្មតាទេបងឥន្ត្រា! ដុកទ័រហាន់ដា ធ្លាប់ចូលដៃជាមួយប៉ូលិស រៀបល្បិចបំបែកសម្បុកទាយាទត្រីកោណមាស! កុំឃើញមុខស្លូត ហើយទុកចិត្តឱ្យសោះ!»
ហាន់ដារេភ្នែកមកសម្លឹងយូស៊ូ រួចងាកមើលហួសទៅនីយ៉ាដែលយំលើយាន។ ស្រីជាបងខាំមាត់ងាកមកសម្លឹងយូស៊ូ ខណៈនីយ៉ាស្រែកមកលើដី៖
«ខ្លួនឯងហ្នឹងហើយ ដែលមិនគួរទុកចិត្ត!»
យូស៊ូងាកមកសម្លឹងសង្សារដោយការខូចចិត្ត។ គេក៏មិនចង់ឱ្យនាងជាប្អូនប៉ូលិស គេក៏មិនចង់ឱ្យនាងពាក់ព័ន្ធជាមួយនឹងមនុស្សដែលគេស្អប់ តែគ្រប់យ៉ាងហួសហើយ ហេតុអីពេលនេះនាងខំដៀលត្មះគេឡើងៗទាំងដៃជាប់ចំណង។
ឬនាងអាងបងៗនាងមកដល់?
យូស៊ូឈានគឹបៗបកក្រោយ និងតោងឡើងយានអង្គុយក្បែរសង្សារ។ ដៃកូនពៅម៉ឺនយូលើកកាណុងឡើង ក្រោមកែវភ្នែកខឹងសឹងស្រក់ឈាមរបស់ហាន់ដាដែលតាមមើល។ យូស៊ូបញ្ឈឺហាន់ដានិងនីយ៉ាភ្លាមៗ ដោយភ្ជង់កាំភ្លើងគឹបចំបំពង់កស្រីដែលខ្លួនសន្យាថា«ស្រឡាញ់»។
មាត់គេនិយាយមួយៗបញ្ជាមកក្រោម៖
«ដកថយឱ្យអស់!»
នេះជាបញ្ជាដែលដាច់ខាតដែលនាំឱ្យនីយ៉ាស្រឡាំងកាំង។ ហាន់ដា អស់ពីស្លុតនឹងទង្វើដែលយូស៊ូធ្វើដាក់នីយ៉ា នាងមានតែងាកមកវិញនិយាយជាមួយឥន្ត្រា។ ក្រសែភ្នែកលើកនេះហាន់ដារកឃើញទឹកមុខមិនសប្បាយចិត្តរបស់ឥន្ត្រា និងភាពបារម្ភជាសម្ងាត់ដែលគេដៀងមើលទៅប្អូនស្រីខ្លួន។
ជាមួយមនុស្សម្នាក់នេះ ដែលជួបពេលណាក៏ហាន់ដាមានអារម្មណ៍ថាចម្លែកៗ នាងបែរជាយល់ថា គួរនិយាយជាមួយគេប្រសើរជាងចរចាជាមួយយូស៊ូ៖
«ឥន្ត្រា មានការយល់ខុសអីមែនទេ? ខ្ញុំនិងប្តីខ្ញុំខំថែរក្សាជីវិតខ្លួន! បងប្រុសខ្ញុំ ជេនហេតុតែចង់ជួយខ្លួន ក៏….»
«ទូរស័ព្ទប្រាប់គេ នាំប៉ាខ្ញុំត្រឡប់ទៅកោះHដោយខ្លួនឯង មិនអ៊ីចឹងទេ….!»
ឥន្ត្រាស្រាប់តែឈប់និយាយត្រឹមនេះ ព្រោះបេះដូងគេនឹកឃើញដល់ចំណាប់ខ្មាំងតូចនិងទឹកភ្នែក សំឡេងយំរបស់នាងពីក្រោយខ្នង។
«មិនអ៊ីចឹងទេ យ៉ាងម៉េច?»
ហាន់ដាខាំមាត់សួរតិចៗល្មមឮពីរនាក់។
ទឹកមុខបងស្រីម្នាក់នេះកំពុងតក់ស្លុតដែលឃើញប្អូនគេចាប់នៅនឹងមុខក៏ធ្វើអីពួកគេមិនបាន ចុះម្តេចក៏ពេលសម្លឹងភ្នែកហាន់ថា ឥន្ត្រាមានអារម្មណ៍ស្រងេះស្រងោច ដូចជានឹកឃើញរឿងចាស់យូរលង់អ្វីមួយ ស្រពេចស្រពិលតែមានមែន គ្រាន់តែនឹកមិនច្បាស់ថាជាអ្វី?
«សម្លាប់នីយ៉ាចោលមែនទេ? សម្លាប់មនុស្សស្រីចិត្តស្មោះម្នាក់ដែលមិនដឹងរឿងអីទាំងអស់នេះមែនទេ? សម្លាប់អ្នកដែលទុកចិត្តខ្លួន ព្រមចេញមកដល់កន្លែងនេះម្នាក់ឯងជាមួយខ្លួនអ្ហះ ឥន្ត្រា?»
គេមិនចង់និយាយអ្វីពាក់ព័ន្ធជាមួយនីយ៉ាទេ តែហាន់ដាសួរមកចំៗពេក។ ណាមួយចំណាប់ខ្មាំងដែលគេពិតជាមាននៅក្នុងដៃពេលនេះ មានតែម្នាក់គត់គឺប្អូនស្រីពៅសំណព្វ នៃក្រុមគ្រួសារប៉ូលិស។
គេខាំមាត់តបឆ្លើយស្រាលៗ៖
«ដើម្បីប៉ាខ្ញុំ ស្អីក៏ខ្ញុំធ្វើដែរ!»
ថាហើយ ប្រុសច្បងប្រុងបែរខ្នងចាកចេញទៅ តែហាន់ដារត់ទៅតាម។ ខ្មាន់កាំភ្លើងជាប៉ូលិសដែលមកតាមការពារនាង បានរត់ព័ទ្ធជារង្វង់ចោមជុំវិញទាំងយានជំនិះទាំងមនុស្ស។
នាងរត់មកដល់ពីមុខគេ គេក៏ឈប់ជើង។ ហាន់ដាសម្លឹងមុខគេ ហើយនិយាយបន្ទាន់៖
«ឥន្ត្រា ឱ្យប្អូនស្រីខ្ញុំចុះមកវិញ ខ្ញុំឱ្យពួកលោកទៅ!»
ប្រុសស្អាតគ្រញែងស្មា គេមិនសើច តែយូស៊ូងើយមុខសើចចំអក។ ហាន់ដាមិនសមថា វាចាពាក្យល្ងង់អស់នេះទេ។ គេមាននីយ៉ាក្នុងដៃ គេគង់តែទៅស្រាប់ហើយ ចំណែកយកនីយ៉ាទៅតាម ក៏គេនៅតែធ្វើបាន មិនពាក់ព័ន្ធសមត្ថកិច្ចឱ្យទៅឬមិនឱ្យទេ។
«ខ្ញុំជាអ្នកទោសរបស់គ្រួសារប៉ូលិសពីអង្កាល់?»
ឥន្ត្រាវាចាស្រាលៗសុភាពៗ តែមុខគេរឹងណាស់។ ហាន់ដាលេបទឹកមាត់ល្វីង មិនដឹងថា ត្រូវនិយាយជាមួយមនុស្សរឹងរូសម្នាក់នេះរបៀបណានោះទេ នាងចេះតែរកនឹកពាក្យមកពន្យារពេល៖
«ប្អូនស្រីរបស់ខ្ញុំ….ក្រែង….ក្រែងជាមិត្តភក្តិរបស់ខ្លួន!»
ប្រុសទម្លាក់ត្របកភ្នែកពេលឮវាចានេះ។ តើនីយ៉ាធ្លាប់ប្រាប់បងស្រីគេថាខ្លួនយើងនេះជាមិត្ត? ឥន្ត្រាគ្មានចម្លើយសម្រាប់ខ្លួនឯងទេ។
នេះគឺជាអ្វីដែលហាន់ដាចេះនឹកឃើញយកមកនិយាយពន្យារពេលនេះ ដោយសារតែចាប់អារម្មណ៍ឃើញថា គេកោងកាច ស្ងប់ ជ្រៅ តែគេហាក់តែងតែមានកាយវិការទន់ភ្លន់ម្យ៉ាងធ្វើឱ្យហាន់ដាមានពិភាល់រហូតមកថា គេអាចមានចិត្តចំពោះនីយ៉ាជាសម្ងាត់។
ពេលនេះទាល់ច្រក។ សំឡេងប្អូនពៅយំ ដូចជាអាវុធ។ ហាន់ដាមិនដែលដឹងឡើយថា នីយ៉ាធ្លាប់ជាប់លើកោះHពីមុនមក តែពេលនេះ ហាន់ដាចាំបាច់ត្រូវតែនិយាយឬធ្វើអ្វីក្តីដើម្បីជួយប្អូនស្រីខ្លួន។
ទោះជាពេលនេះឃើញឥន្ត្រាទម្លាក់ទឹកមុខ តែមិនដាក់ភ្នែកទៅមើលទៅនីយ៉ានៅលើឧទ្ធម្ភាគចក្រនោះក្តី ប៉ុន្តែបេះដូងអាចថាកំពុងទន់ជ្រាយ។
«នៅកោះH គ្មានអ្នកណាប៉ះពាល់ប្អូនអ្នកស្រីទេ!»
គេវាចាតបតមកកាន់កែវភ្នែករលោងស្រិលរបស់ហាន់ដា។ នេះជាការសន្យាចុងក្រោយដែលគេតាំងចិត្តនិយាយ តែបានបណ្តាលឱ្យហាន់ដាប្រទះឃើញចរិតនឹងនរមួយ ភាពជាកូនប្រុសពិតប្រាកដក្នុងឫកពារបស់គេ។
នាងនៅតែព្យាយាម៖
«កុំយកគេទៅ!»
នាងអង្វរញ័រៗ ខណៈយូស៊ូគំហកទាំងកាំភ្លើងនៅនឹងបំពង់កសង្សារ៖
«ឡើងមកបង!»
សម្រែកឬស្យាធ្វើឱ្យហាន់ដាងាកក្រោយសម្លឹងប្អូនស្រី។ ហាន់ដាឃើញនីយ៉ាយំយែក។ បងស្រីម្នាក់នេះ យល់អំពីការឈឺចាប់នៅក្នុងបេះដូងរបស់នីយ៉ាដែលខំស្រឡាញ់មនុស្សម្នាក់ស្មើជីវិត គឺអាចថាលើជីវិតរបស់ខ្លួនឯង ទឹកជ្រៅក៏ឆ្លងរបងក៏ផ្លោះ ទីបំផុតចុងកាណុងកាំភ្លើងរបស់គេភ្ជង់តម្រង់កនាង ដើម្បីដូរយកសេរីភាពគេនឹងបងប្រុសគេចាកចេញពីទីនេះ។
ជាបន្ទាន់ មុនពេលឥន្ត្រាឡើងបាន ហាន់ដាលូកដៃទៅប្រតោងគេ។
បងស្រីទុកស្មើម្ដាយ កាលៈទេសៈស្លាប់រស់ អ្វីក៏អាចធ្វើបានដែរ ហាន់ដាតោងដៃគេវាក់អើនឹងស្នាមខាំនៅក្រហមង៉ូវ។
នាងសម្លឹងស្នាមនេះហើយយល់។
ទីនេះមានមនុស្សស្រីតែម្នាក់ប៉ុណ្ណោះដែលជាម្ចាស់ស្នាមធ្មេញនេះ។ តាមថា បើឥន្ត្រាមិនស្និទ្ធនិងនីយ៉ា គេមិនឱ្យនីយ៉ាខាំជ្រៅយ៉ាងនេះឡើយ។
ពេលនេះទៀតសោត ឥន្ត្រាបែរជារារែកមិនរលាស់ដៃហាន់ដាចេញដូចគ្នា វាជាអាថ៌កំបាំងនៃមនោសញ្ចេតនារបស់ប្រុសម្នាក់នេះជាមួយនារីទាំងពីរ។
ដោយគ្មានសង្ឃឹមថានីយ៉ាអាចចុះមកបាន ហាន់ដាខ្សឹបប្រាប់បុរសនេះទាំងរលីងរលោង៖
«ស្តាប់!…បើខ្លួនពិតជា…..ពិតជា….ស្រឡាញ់ប្អូនស្រីខ្ញុំ! ត្រូវថែរក្សាគេ ត្រូវមើលថែគេ! ឮអត់? ឥន្ត្រា? កុំឱ្យមនុស្សចង្រៃៗនៅលើកោះនោះប៉ះពាល់ប្អូនខ្ញុំ! សន្យាណា៎!»
គេភាំងដែលនាងមកនិយាយបែបនេះ។
គ្មានអ្នកណាឮទេ ហាន់ដាខ្សឹបប្រាប់សម្រាប់តែនាងនិងគេ ជាវាចាដែលធ្វើឱ្យឥន្ត្រាភ្លឹក។ ស្អីទៅធ្វើឱ្យនាងហ៊ាននិយាយថា យើងនេះចង់ដណ្តើមសង្សាររបស់យូស៊ូ?
ហាន់ដាខ្សឹបទៀត៖
«បើការពារប្អូនស្រីខ្ញុំបានពិតមែន ខ្ញុំនឹងរកវិធីឱ្យខ្លួនរៀបការជាប្តីរបស់វា!»
ម្ចាស់កោះបេះដូងនិយាយខ្លីៗផុតៗដោយដង្ហើមឈឺចាប់ ដោយខាំមាត់ លាយជាមួយតំណក់ទឹកនេត្រា ក្នុងការមើលឃើញប្អូនស្រីក្រមុំតូច ត្រូវនាំខ្លួនទៅដោយក្រុមប្រដាប់អាវុធ។
ការពឹងពាក់ឥន្ត្រា ជាមធ្យោបាយចុងក្រោយដែលហាន់ដាត្រូវធ្វើ។
«ឡើងមកបង!»
យូស៊ូគំហកកាត់បង្អាក់ការគិតភាំងៗរបស់បងប្រុស។ មានអារម្មណ៍ថាដៃគេឈឺណាស់ ស្មាគេចាប់ផ្ដើមស្ពឹក មុខចេញកម្ដៅ ក្បាលឈឺខ្ទោក មានអារម្មណ៍ថា សរសៃសសូងដូចជារស់ឡើងវិញហើយ សូម្បីតែស្នាមខាំនេះក៏ពើត។
គេដកដៃចោលហាន់ដា ឈានជើងយោងខ្លួនឡើងឧទ្ធម្ភាគចក្រ បោះបង់ចោលមនុស្សទាំងអស់នៅលើកោះបេះដូង ខណៈហាន់ដាត្រូវថយក្រោយព្រោះបក្សីយន្តគ្រហឹមទទះកន្ទុយ។


