រឿង៖ ចិត្តត្រួតត្រា ភាគទី២៨

វគ្គ

រាត្រីនៅវិមានសេដ្ឋី

លីនកំពុង​អង្គុយលើសាឡុង​វែងជាមួយរ៉ូបខ្មៅគ្មានដៃ។ ​ស្នូរជើងគេ​ធ្វើឱ្យនាងក្រោកឡើង។ ជើងគេ​រយាលជំហាននិងធ្វើមុខ​ភ្លឺចិញ្ចាចពេលឃើញ​ទងវងក្នុងឈុតនេះ។

មិនដែលគិតដល់ពិតមែន។

«Angel»

គេនិយាយខ្សឹបៗដាក់ទឹកមុខ​មីងមាំងអៀនៗ នឹកដល់ដែលយប់ដំបូងដែលនាងបានជួប ផ្លាស់ប្តូរស្នេហ៍ឱ្យគេ​ជាមួយឈុតខោវែងជើងវែង។

«បាន​រូបរាងថ្មីនេះពីណាមក?» គេដើរចូល ខណៈនាង​លបឃើញ Darkថយឈរចាំទាំងត្រង់ខ្លួនឆ្កឺតក្បែរទ្វារ។ នាងដកដង្ហើមមធំបារម្ភនិងរំភើបលាយឡំ។

​គេនៅស្ងៀមសម្លឹងលីនមិនមាត់….រហូតដល់ទ្រាំមិនបាននាង​ញញឹមសួរ៖

«ខុសទាស់ត្រង់ណា?» សួរឡើង​ដោយ​សម្ពាធសរសេរពេញមុខរបស់នាង។ លីនកាន់តែ​​ថប់បារម្ភខ្លះៗក្នុងការ​ចាំចម្លើយពីគេ​។ កាបូប​មួយដែលនាង​តោង ជាមួយ​ក្នុង​ចំណោម​កាបូប​ដែលថ្លៃបំផុតក្នុងលោក។ គេងក់ក្បាល ហុចកាតពីរ មួយពណ៌មាសមួយពណ៌ប្រាក់។

«សម្រាប់ទិញរបស់របរ!»

«ខ្ញុំ….មិនត្រូវការទេ!»

គេទាញកាបូបមកហើយដាក់ចូលឱ្យ។

«ថ្ងៃក្រោយ ឧស្សាហ៍​ប្រែក្រឡា​មកជាបែបនេះ!» គេបញ្ជា។

នាង​នៅស្ងៀមមើលមុខគេ ប្រុសនិយាយទៀត៖

«ទោះបីគ្មានកម្មវិធី!»

«ម៉េចអ៊ីចឹង?»

«មនុស្សផ្ទះ Dololce ឃើញម្តងណា ក៏Perfectដែរ»

គេបំបែរនាងទៅកញ្ចក់។ លីនសម្លឹងខ្លួនឯង សែនពេញចិត្ត​។ Dark ជាអ្នកចំណាយ នាងមិនដឹងថាការតុបតែងសក់នេះ លាបម្សៅអស់នេះ និងរ៉ូបនេះ​អស់ប៉ុន្មាន​ទេ ដឹងតែថា ថ្លៃកប់ពពកហើយ។ ពីក្បាលដល់ចុងក្រចកជើង ជាង៥នាក់ ញាប់ដៃជើងយ៉ាងជំនាញ។

លីនគ្មាន​កន្លែង​ទាស់ទៀតទេ។

គេដាក់ខ្សែកមួយមកលើកស្រីល្អ។

នាង​ភាំងនឹងសម្រស់ឈុតពេជ្រ​ក្រាស់និងប្រណីត។

គេមិនមាត់ តែនាង​ឃើញមុខ​សង្ហារបស់គេក្បែរកញ្ចឹងក។

«ខាន់!» នាង​ហៅ។

«ហ្អឹម?» គេឆ្លើយ​ក្នុងសព្ទសែនស្និទ្ធស្នាល។

«ហើយ…..លោកនឹង….មិនសងសឹក….ធ្វើឱ្យខ្ញុំអណ្តែតទៅលើមេឃ ហើយទម្លាក់មកវិញ បាក់អស់ឆ្អឹងឆ្អែងក្រោកលែងរួចទេ?»

បបូរមាត់គេញញឹមសម្លក់កញ្ចឹងក។ គេមិនងើបមុខមើល​ទៅក្តីបារម្ភ មិនជឿជាក់របស់នាងទេ។ គេបន្តការងារដាក់គន្លឹះខ្សែក។

«ចុះបើមែន ព្រមទេ?»

«ព្រម….!»

នាង​តបទីទើរ ភ្នែក​សម្លឹងម្រាមដៃរៀមដែលពេលខ្លះជាបិសាច ពេលខ្លះជាវីរជនសង្គ្រោះចំណង់តណ្ហាឱ្យនាង។

គេលូកដៃមកទាញ​កដៃនាង​ឡើងហើយពាក់កងឱ្យ។

ស្រីឱនសម្លឹង។

ច្រមុះសឹងប៉ះគ្នា​ទៅហើយ។

«ខាន់!»

«ឈប់សួរ!»

«ខាន់!»

គេងើបមុខមកទៀតប្រទះស្នាមញញឹម​នាង​ គេភ្លឹក។ លីនមិនដែលលាបក្រែមឱ្យគេ​មើលទេ។ ថ្ងៃនេះក្រែមក្រហមនិងក្រាស់ អំណាចសម្រស់នេះមុតណាស់។ មើលនាង​មួយឆ្វាច់ណា ក៏បងត្រូវភ្លឹកដែរលីន។

បើកុំទប់ចិត្ត​​បងនឹង​យកមាត់បងត្របាក់រៀបរយពណ៌ក្រែមអស់នេះ។

«យើង….កុំទៅបានទេ!»

«ហេតុអី?»

«យើងទៅណាតែពីរនាក់បានទេ?»

«ខ្លាចអី?»

«ខ្ញុំ…..ខ្ញុំមិនសមនឹងគ្រួសារ​លោក!»

«ចាំបាច់អីសមនឹងពួកគេ?»

«គឺ….ឋានៈ!»

«ចុះយើងសមគ្នាទេ?!»

នាង​គាំង។ សំឡេងគេថ្នមតែនាង​ខ្លាច។

គេដឹកដៃនាង​បម្រុងចេញតែនាងប្រទាញមកវិញសិន ធ្វើឱ្យប្រុសមើលមុខ។ ទឹកមុខគេ​ពេញដោយ​សេចក្តីស្រលាញ់ តែគូខាន់មិននិយាយ។

«សុំបានទេ?!» នាង​ខ្សឹបដាក់ភ្នែកស្រទន់របស់ទេវបុត្រ។

«រញ៉េរញ៉ៃណាស់!»

«សុំនិយាយគ្នាសិន!»

«ឆាប់ឡើង!» គេតឿនដូចប្រញាប់តែនឹងទៅ។

«បើពេលណាមួយ ខាន់ឈប់ល្អជាមួយ​ខ្ញុំ! លោក….»

«គ្មានថ្ងៃហ្នឹងទេ!»

«បើមាន!»

«ប្រាប់ថាគ្មាន!»

«សន្យាថា…..»

«គ្មានសន្យាអីទាំងអស់!»

«សម្លាប់ខ្ញុំចោល តែកុំ….ឱ្យខ្ញុំទៅពួកម៉ាហ្វៀសេដ្ឋី!»

ប្រុសគាំងវិញម្តង។ គេមិចភ្នែកសម្លឹងនាង​ ចង់សួរថា នាងនិយាយខុសឬគេស្តាប់ច្រឡំ។ អារម្មណ៍​របស់​លីននៅតែនឹងសម្តី​សូរកាន។

ម៉ាហ្វៀនិងក្រុមមនុស្ស​ក្បែរគូខាន់ជារឿងលីនខ្លាចជាងគេ។

«ម៉ាហ្វៀណា?!»

លីនលេបទឹកមាត់ភ័យ។

ស្នូរគោះទ្វារបីប៉ូក។ Darkរំឭក​រឿងម៉ោងពេល។ គូខាន់លើកដៃមើលម៉ោងមុខមាំ ចង្អុលស្រីតូច៖

«គង់តែជម្រះបញ្ជីរឿងហ្នឹងទេ ឥឡូវទៅសិន!»

គេទាញនាងបណ្តើរចេញ។

ប្រុសស្រីទាំងពីរឡើងឡាន។ នៅតាមផ្លូវ​ដែលនាងមិនស្គាល់គោលដៅ លីនឃើញគូខាន់ជាប់ឆ្លើយសារជាមួយម្តាយគេនិងប៉ា​គេ បងស្រីគេ​តំណាលៗគ្នាដោយ​ចុចញាប់ដៃ ទុកឱ្យលីននៅអង្គុយម្នាក់ឯងលាក់ក្តីរំភើបនិងបារម្ភ។ ​

«វិមាន​?»

គេងាកមើល​គេហដ្ឋានឪពុក ខណៈខាងស្រីកំពុងស្លុងនិងទិដ្ឋភាព។

ពាក្យសួររបស់នាង គូខាន់មិនឆ្លើយទេ តែលូកមកច្របាច់ដៃកែវថ្នមៗ។

«តោះ!»

គេដឹកដៃនាង​ចុះតាមទ្វារដែលមានអ្នកបើកជូន។

ថ្ងៃ​នេះ​ព្រះអាទិត្យនៅ​ភ្លឺបានយូរ ​តែអម​ជាមួយ​ជំនោរ​ខ្យល់​បក់​តិចៗ កំដររដូវកាលដែល​ក្តៅសើម​។

កម្រាល​ស្មៅបៃតងដុះលាតសន្ធឹងចេញសួនធំ​អន្លាយ ប្រៀបបីដូចជាកម្រាល​ធម្មជាតិ​​បិទបាំង​ចម្ងាយ​ពីរបងទៅ​មហាភូមិគ្រឹះ។

បណ្តាដើមឈើខៀវស្រងាត់និងបុប្ផារីករហង់ ពិតជាចំណាយការថែទាំសួននេះមិនតិចឡើយ លីន​​ស្មានដឹង។

ភ្លើងភ្លឺផ្លេកមកពីចាំងមុខដូចផ្ទាំងចរណៃ។

«ស្អាតណាស់» លីននិយាយពេលក្រឡេកឃើញ​តុអាហារ​វែង មានកៅអីប្រមាណជា១០កន្លែង​តុបតែងជា Dinner ក្រោមលំហមេឃតែម្តង។ ទោះយ៉ាងណា លើតុពេញដោយភ្លើងទៀន និងមាន​ចង្កៀងគោមអមប្របផ្លូវ។

«រ៉ូមែនទិកពេកហើយ!»

នាង​ខ្សឹបតាមជើងធ្មេញ​ដែលសើចមិនចេះ​អស់។ ខ្យល់​បក់ ​បោកយកសរសៃ​សក់​ប៉ះពាល់ច្រមុះ មុខ និងខ្លះ​ចូល​មាត់​លីន​តែត្រូវបង​ទាញញែក​ចេញ​មកត្បៀតនឹង​​ត្រចៀកឱ្យ។

មាន​បុរស​ម្នាក់​អង្គុយក្បែរនោះឱនមើល Tablet យ៉ាងសង្ហា​។ គេងើបមុខមកសម្លឹង​ពេលឃើញគូស្នេហ៍ចូលដល់។

«នេះគឺបងវ៉េង ស្វាមីបងស្រីរាជនី!»

គេមានទឹកមុខមិនចង់ណែនាំទេ ​តែជុំវិញតុគ្មានអ្នកណាមាន​តែ​ប្តីរបស់បងខ្លួនមកចាំមុនគេ​ គូខាន់បង្ខំចិត្ត​។ វ៉េងភ្លឹក។ គេមិនស្មានថា​ស្រីតូចដែលគ្រប់គ្នា​តាម​ដាន ព្រោះមាន​ជីវិតនៅកៀកទេវបុត្រ​អាណាចក្រ​តាមពិត នៅខាងក្រៅស្អាតភាំង។

របៀបមើលរបស់វ៉េងមិនឱ្យតម្លៃមនុស្ស​វណ្ណៈទាបដូចនាងទេ ​តែជារបៀបវក់សម្រស់នាង​។

គេបោះដៃមកចាប់ នាង​ទីទើរ គូខាន់ទាញលីនថយក្រោយ។

«ប៉ាបងមកហើយ!!»

វ៉េងខានបានប៉ះម្រាម​លីន ក៏ដឹងដែរថា​គូខាន់ជាស្តេចប្រចណ្ឌលើលោក។ វ៉េងចាប់ផ្តើមមានជំនក់ចិត្ត​ចង់ប្រជែង។

គេជាប្រុសស្អាត​និងដៃរហ័ស ចិត្ត​លុះ ​បើមិនអ៊ីចឹងម្តេចចូលគ្រួសារនេះបាន?

គូខាន់ទាញកៅអីទទួលឪពុកអង្គុយ​។ ​​ងាកមកចំពេល​វ៉េងញញឹម​ណែនាំ និងហុចកាត។

«ខ្ញុំមាន​ការងារខ្លះទាក់ទងជាមួយ​គូខាន់ដែរ ​ខ្ញុំនឹងទាក់ទងលេខាលីនកុលាប!»

«អរគុណ!» នាង​ញញឹម​ទាំងឆ្ងល់ម្តេចគេ​ស្គាល់ឈ្មោះច្បាស់។

ដៃប្រុសស្អាតលូកមកឱបចង្កេះ លីនភ្ញាក់ដែលគូខាន់ស្និទ្ធព្រហើននៅមុខ​អ្នកមានគុណបាន។ មិនត្រឹមតែលូកក្រៀកស្រីល្អ សឹងរូបកាយពីត្បៀតជាប់គ្នា គេថែមទាំង​និយាយបញ្ចប់ទំនាក់ទំនង​ជាមួយវ៉េង៖

«លីនជាប្រពន្ធខ្ញុំស្អែកខានស្អែកហើយ! អត់ធ្វើការជាមួយអ្នកណា​រញ៉េរញ៉ៃទេ!»

ថាហើយរុញអនាគត​ប្រពន្ធបំបែរមករកប៉ា។

«នេះប៉ា!»

នាង​ជម្រាបសួរបុរសសេដ្ឋីបរទេស​ដែលមាន​ទឹកមុខស្មើ។ គាត់លើកដៃតប តែទឹកមុខនៅតែស្មើ។ តែគាត់បក់ដៃហៅ។

«មកណេះ! អង្គុយជិតប៉ា!»

នាង​ញញឹម​ងាកសម្លឹងគូខាន់។ គេព្រិចភ្នែកអនុញ្ញាត្តទើបស្រីបម្រុងឈានទៅ ស្រាប់តែឮវែងនិយាយឮៗ៖

«អូ..ហូ ប្រពន្ធCEO ការហើយ​ដេកផ្ទះតែម្តង? បាន! អូខេ! ភ្លេចគិតថា ការងារផ្ទះ​ច្រើនជាងការងារនៅកន្លែង!»

«អ្នកណាធ្វើការងារផ្ទះ?»

សំឡេង​រាជនីជាបងស្រួយស្រិបមកពីចម្ងាយ ដោយដើរទន់ភ្លន់លើស្បែក​ជើងកែងខ្ពស់លលៃនិងរ៉ូបពណ៌សក្បុស។

វ៉េងថយអាកប្បកិរិយាឌឺនិងញ៉ែព្រោះខ្លាចអំណាចភរិយា។

វ៉េងថយទៅទាញកៅអីចាំទទទួលប្រពន្ធ ធ្វើឱ្យគូខាន់​សើចចំអកស្ងាត់ៗ។​

«សើចអីប្អូនសង្ហា?»  រាជនីសួរ ធ្វើឱ្យសំឡេងមួយលាន់មកពីចម្ងាយ។

«កូនខាន់សប្បាយចិត្តខ្លាំងដែលបានប្រពន្ធ!»

​ជំទាវស៊ីណារ៉ា​ដើរមកពីចម្ងាយ​ដោយប្រើចុងជើងរបៀបជាអភិជន និងមិនមាន​ប្តីចុង​កំដរមកទេ។ គូខាន់ក្រោកមកទាញកៅអីជូនម្តាយ​ឱ្យអង្គុយ​ក្បែរខ្លួន។ ស្រីស្អាតលីនកុលាបជម្រាបសួរពួកគេម្តង​ម្នាក់​ៗម្តងម្នាក់ដោយរំភើបចិត្ត​ផង មិនស្រួលក្នុងចិត្ត​ផង។

«កូនលីនស្អាតដូចទេពអប្សរ!»

ស៊ីណារ៉ា​និយាយឡើង ធ្វើឱ្យអតីតស្វាមីងក់ក្បាលតាម ដោយលបមើលនាង​តូចម្តងម្កាល។ ដៃប្រុសកម្លោះដាក់លើស្មាស្រីលីនម្ខាង គេមានស្មាបើកធំ​ មានមោទនភាពដែលគ្រប់គ្នាកំពុងស៊ីបមកទងវងយើង។ ច្រមុះស្តួចដៀងមកបន្តិចឃើញថ្ពាល់អូនក្រហម។

រាជនីសម្លឹងឈុតពេជ្រលើកអនាគតប្អូនថ្លៃ នាង​ច្បងត្រូវវាចាច្រណែន​តែក្នុងរបៀបឌឺដង។

«បងវ៉េង! កាលបងឯងចូលដណ្តឹងខ្ញុំក៏មិនដែលជូនឈុតBulgariលំដាប់ដូចប្អូនខ្ញុំដែរ ប្រហែលមកពី….រាជនីមិនស្អាតដូចលីនកុលាប?»

«មកពីបងស្រីខ្ញុំមិននិយមឡូយឆាយ សុភាពៗ» គូខាន់កាត់ទាំងគោះដៃលើស្មាអនាគតម្ចាស់ស្រីនៃជីវិតរួចបញ្ជាម្រាម darkរត់មកជាមួយ​ប្រអប់អំណោយពីរត្រួត។

រាជនីនិងជំទាវចំហមាត់។

គេ​មិនមែនទិញឈុតឱ្យតែអូនទេ គេហុចឈុតម្តាយទៅជូនម្តាយ និងប្រអប់មួយទៀតជូនបងស្រី។

ជំទាវដឹងថាវត្ថុនេះថ្លៃណាស់ គូខាន់ប្រាកដជាសប្បាយចិត្ត​ហើយ។

ចំណែកកបងស្រីបើកឈុតរាប់លានមកពិនិត្យ​ ក៏ត្រូវភាំងដូចគ្នា ព្រោះចិត្ត​មួយគិតថា គូខាន់សូកប៉ាន់ចង់ឱ្យបងស្រីធ្វើល្អនឹងលីនចំពោះមុខប៉ាគេ ចំណែកចិត្តមួយទៀត នៅតែស្រើបស្រាលនឹង​របស់មានតម្លៃ ព្រមទាំង​លបច្រណែនសំណាង​របស់លីនដែល ត្រូវបានគូខាន់ស្រលាញ់ថ្នាក់ថ្នម។

«ឯណារបស់មីង?»

អ្នកចាស្មីនជាម្តាយ​មកដល់ពីក្រោយខ្នងសេដ្ឋីរុស្ស៊ី ធ្វើឱ្យជំទាវប្រពន្ធមុនថ្លោះទឹកមុខព្រោះមិនចូលចិត្ត​។

ស៊ីណារ៉ាឆ្លៀតស៊កសៀត៖

«មានស្វាមីជាកំពូលទ្រព្យហើយ បែរជា​ចង់បានកាដូអីពីកូនប្រុសយើងទៀត?»

«ឬមួយលោកជំទាវមិនមានស្វាមីជាកំពូលទ្រព្យទេ?» ចាស្មីនឌឺហើយអង្គុយមកតោងដៃប្តីយ៉ាង​កៀក​។

រាជនីធ្វើមុខ​ស្មើ​បិទប្រអប់អល្លង្ការួចទើបងាកមកថា​ឱ្យម្តាយចុង៖

«អ្នកម្តាយខ្ញុំមានកូនសុទ្ធតែជាមហាសេដ្ឋី! កូនប្រសាៗក៏សេដ្ឋី មិនបាច់ខ្លាចទេ!»

ចាស្មីនញាក់ចិញ្ចើម៖

«អូ អ្នកនាងលីនកុលាបជាសេដ្ឋីខាងណាដែរ?»

ជំទាវស៊ីណារ៉ាទើសចិត្តពេកលូកមាត់មកទៀត៖

«លីនកុលាបនេះ រៀបការហើយកាលណា ភ្លឺឡើងថ្ងៃដំបូងនឹងក្លាយជា CEO នៃ Group របស់ស៊ីណារ៉ាភ្លាម!»

រាជនីបើកភ្នែកធំៗព្រោះមិននឹកស្មានដល់ថា ព្រោះតែចង់ឈ្នះចាស្មីន អ្នកម្តាយលេងយកអំណាចគ្រុបផ្ទាល់ខ្លួន​មកដាក់លើថាសឱ្យលីនកុលាប?

មានតែគូខាន់ទេ​ដែលដឹងថា ម្តាយគេស្រលាញ់គេធំជាងសមុទ្រ ​ហើយលីនដែលគាត់ប្រគល់គ្រប់យ៉ាង​ឱ្យគឺដើម្បីចូលមកជាពេទ្យព្យាបាលជំងឺរបស់គេ។

«ម៉ាក់?» រាជនីខ្សឹបម្តាយ​ព្រោះស្តាយតំណែង។

ចាស្មីនញាក់ស្មាបញ្ឈឺ​កូនស្រីច្បង៖

«គិតទៅ​ស្រលាញ់កូនស្រីមួយល្អី កូនប្រុស​មួយជង្រុកមែន!»

ស៊ីណារ៉ា​ញាក់ស្មា​លើកចញ្ចើមឌឺដង៖

«ប៉ាគេក៏ដូចគ្នា! Dololce មានកូនប្រុសតែមួយ មិនស្រលាញ់ ទៅស្រលាញ់អ្នកណា?​»

សម្តីនេះ​មិនបានធ្វើឱ្យចាស្មីនស្រណុកចិត្ត​ទេ ដ្បិតវាស្មើនឹង​ព្រមាន​ថា​ មហាសេដ្ឋីរុស្សីនឹងឱ្យគូខាន់ច្រើនទៀត សឹងមិនសល់អ្វី​ដល់កូនស្រីពៅក្រោយទាំងអស់។

ពេលចាស្មីនខឹងរបូតដៃពីប្តី តាDololceគ្រហឹមបញ្ឈប់សង្គ្រាមត្រជាក់។

គ្រប់គ្នា​ទម្លាក់ដៃ​សង្រួមឥរិយាបថ ធ្វើឱ្យ​​ក្មេងស្រី​ក្រីក្រយល់ពីរបៀបដែលគ្រប់គ្នា​គោរពឪពុកគូខាន់​។

នាងក៏​ប្រញាប់សម្រួលឥរិយាបថតាម។

«កូនស្រីតូច មិនទាន់បាននិយាយមួយម៉ាត់ទេ ខ្ញុំចង់ស្តាប់នាង!»

​លីនក្រឡង់ៗពេលឃើញគាត់និយាយហើយសម្លឹងមកខ្លួន។

«ខ្ញុំសារភាពថា កូនស្រីស្អាត ខ្ញុំប្រហែលជាលង់នឹងសម្រស់នេះ​​ តែលើកិត្តិយសវង់ត្រកូលជារឿងផ្សេង ខ្ញុំក៏ចង់រកមើលរឿងមួយចំនួនសម្រាប់និយាយទៅក្រៅជំនួសឱ្យDoloceដែរ យើងជាគ្រួសារធំ អ្នកកាសែតអាចសួរគ្រប់ពេល!»

គូខាន់ទម្លាក់ដៃមកចាប់ម្រាម​ដែលត្រជាក់ដូច​ទឹកកករបស់ស្រីស្នេហ៍។ ទិដ្ឋភាពពេលនេះ​គ្រប់គ្នា​សប្បាយចិត្ត​ណាស់នឹងការកាត់ក្តីរបស់សេដ្ឋីធំ ដែល​ដាក់សំណួរធ្ងន់មក។

«លីនជាកល្យាណី​របស់គូខាន់ បើអ្នកកាសែតណាអត់ការធ្វើ ចង់ដឹងច្រើន​ចាំខ្ញុំគូខាន់ជាអ្នកឆ្លើយ!»

សេដ្ឋីធ្វើមុខមាំមិនអស់ចិត្ត​ព្រោះនាងតូចឈ្ងោកមុខ​គេចពីកែវភ្នែកគ្រប់គ្នា គូខាន់ប្រុងជួយនិយាយបន្ថែម ស្រាប់តែសេដ្ឋីជាឪពុកលើកដៃរារាំង​ហើយដាក់សំណួរមកចំៗ៖

«លីនកុលាប! គ្រួសារក្មួយជាអ្នកជំនួញអ្វី?»

បេះដូងនាង​ក្តុក។ ដូចការទស្សន៍ទាយមុនចូលមក នាង​ច្បាស់ជាត្រូវសង្កត់ស្លាប់ដោយរនាំង​វណ្ណៈ ដែលគូខាន់ម្នាក់នេះស្លាបធំប៉ុនណាក៏ហោះមិនរួចដែរ ព្រោះគេគោរពប៉ាគេ។

«ខ្ញុំ….ខ្ញុំគ្មានជំនួញទេ!»

គេក្តាប់ដៃនាង​ណែន។

«ប៉ាម៉ាក់គេជាអ្នកជំនួញ ក្រោយមកក៏ចូលមរណកាល ទុកឱ្យបងប្រុសគេបន្តវេន​តែបងប្រុសគេឈឺធ្ងន់យូរពេក ពួកគេ​នៅក្មេង គ្រប់យ៉ាងក៏ដួល!»

ស្រីងាកមកសម្លឹងគេដោយរលីងរលោង។ ម្តេចគេដឹង? គេស៊ើបពីពេលណា? គេនេះជាFBIឬជាអ្វី? គេដឹងរឿងច្រើនទៀតមែនទេ? អ្វីខ្លះទៅ?

ប្រុសមិនងាកមកសម្លឹងអូនទេ ព្រោះគេជាប់លេងទឹកមុខ​ដាក់ឪពុកដែលកំពុងសង្កត់លីន។

«បានន័យថាពេលនេះគ្មានជំនួញ?»

ចាស្មីនខ្សឹបៗសើចពេបៗក្បែរប្តី។

«ចង់បានជំនួញអី? គូខាន់សម្ពោធក្រុមហ៊ុនឱ្យលីនកុលាបស្អែកនេះក៏បាន! ១០កន្លែងក្នុងថ្ងៃតែមួយក៏បានដែរ!»

ស៊ីណារ៉ា​ស៊កមកផ្ញុកមាត់ចាស្មីន។

ពីដំបូង ពួកគេលេងគ្នា​គឺគួរឱ្យភ្ញាក់ផ្អើល​តែពេលនេះលីនមានអារម្មណ៍កាន់តែអត់សប្បាយ​ឡើង​។ ដោយស្ថិតនៅចំណុចខ្ពស់បំផុត និងក្រោយមកមានអារម្មណ៍អន់និងទាបក្នុងចំណោមពួកគេ តើលីន​គួរបន្តឬចាកចេញ។

ស្រីទាញ​ដៃខ្លួនឯងចេញពីប្រអប់ដៃបង។

លីនជាមនុស្ស​បែបណាមានតែគូខាន់ដែលដឹង។

មនុស្ស​លីនមិនចាញ់អំណាចអ្នកណា មិនលោភនិងបុណ្យវាសនា​របស់អ្នកណា ក៏មិនខ្វះចរិតគោរពខ្លួនឯងដែរ។

ទងវងឱនមុខមកដល់វេលានេះព្រោះមនុស្ស​តែម្នាក់គត់គឺ គូខាន់។ ការអំណត់របស់មនុស្ស​រមែងមានព្រំដែន។ រៀមដឹងចិត្ត​អូនថារឹងនិងកាច។ អូនទន់ក្រោមស្នេហា​បងតែម្នាក់ប៉ុណ្ណោះ។

ពេលនេះ​គេទាមទារក្រសាបដៃស្រីមកវិញ​តែលីន​ដកចេញទៀត។

ដោយទឹកមុខខូចចិត្ត​នាងមិនសម្លឹងអ្នកណាទាំងអស់ ស្រីសម្លឹងតម្រង់តែទៅរកប៉ារបស់គេ​ដែលបានមកជីកឫសគល់រឿងឋានៈ។

«ខ្ញុំជាអ្នកក្រម្នាក់! នៅរៀន អត់ការងារធ្វើច្បាស់​ ធ្វើការក្រៅម៉ោងពេលយប់ ហើយមាន​បងប្រុសមានជំងឺប្រចាំកាយ មានប្អូនក្នុងបន្ទុក! ខ្ញុំអត់មាន​អីពាក់ព័ន្ធនឹង​ឋានៈ​ ជំនួញឬគ្រុប ឬតំណែងអីទាំងអស់! ខ្ញុំសូមទោសដែលមិនប្រមាណខ្លួនឯង រំខានពេលវេលា​គ្រប់គ្នា​ហើយ!»

ស្រីក្រោកឈរ​ឡើង ឯប្រុសក៏ក្រោក​មកតាមវឹង។

«លីន!»

គេហៅនាងខ្សឹបៗទាំងឃើញទឹកភ្នែកនាង​រលើប។

ស្រីមិនសម្លឹងនាយ​តែនាង​សម្លឹងជំទាវជាម្តាយ​របស់គេ៖

«ខ្ញុំនឹងបំពេញ​តួនាទីជាលេខា កុំបារម្ភ! ខ្ញុំមិនសមជាកូនប្រសារៀបការ​ចូលមហា​វិមានទេ!»

«លីន!»

គេហៅជាលើកទីពីរថែមទាំងទាញនាងឱ្យអង្គុយវិញ តែស្រីមិនព្រម។

តូចតន់ងាកសន្សឹមៗមករកគូខាន់ ទេវបុត្រ​នៃឧទ្យានផ្ទះស្តុកស្តម្ភ។ គេមានទឹកមុខ​ខូចចិត្ត​សម្លឹងភ្នែកនាង​ដូចអង្វរឱ្យនាង​ទប់ចិត្ត ​ទុកឱ្យគេដោះស្រាយអ្វីៗរញ៉េរញ៉ៃទាំងនេះ តែលីនមិនចង់ទេ នាង​មិនទម្លាប់ឡើយសម្រាប់ការមករងសម្ពាធពួកដែលយកលុយមកដាក់ពីមុខ​។

«ខ្ញុំមិនសមនឹង​បាយល្ងាចមួយនេះទេចៅហ្វាយ!»

«អង្គុយ!»

គេព្រមាន​តិចៗ​ ទឹកមុខស្មើទាំងដឹងថា​ទេវតាក៏ឃាត់ស្រីមិនជាប់ដែរ។

នាង​ខាំមាត់ ទប់ស្តាក់ការឈឺចាប់និងក្តីអាម៉ាស់ ហើយចាប់ផ្តើមទាញទំពក់បើកខ្សែក រួចខ្សែដៃ។

លីនដាក់វាលើតុ ទាំងកាបូបលុយ​ដែរ រួចទើបចាកចេញ។

បើខោអាវនេះអាចដោះ លីនដោះទៀត។

1 Comment

  • Ty narom Posted February 17, 2023 3:48 pm

    រំជួលចិត្ត

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*