រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី៤៧

វគ្គ បេះដូងលើដែនកោះ

នីយ៉ាអាច​ចងចាំ​តែ​សំឡេង​ខ្យល់និងក្លិនសមុទ្រ ដែលបរិយាកាសពេលនាង​បើកភ្នែកឡើងមក មានសណ្ឋាន​​​ដូច​ជា​កាំបិត​កាត់បេះដូង។

មិនដឹងសន្លប់ពេលណាព្រោះតក់ស្លុតនិងឆាកភ្ជង់កាំភ្លើង និងថែមទាំងមិនដឹងថា អ្នកណាដឹកនាង លើកនាងមកដាក់ទីនេះទេ តែដឹងថា ជាកោះHប្រាកដណាស់។

​បេះដូងនេះ​បើកភ្នែកមកឃើញ​ផែនដីវិញកាលណា បញ្ចេញ​តែ​សំឡេងយំជាសម្ងាត់​ អារម្មណ៍អស់សង្ឃឹម និងការ​ស្រេកឃ្លានសេរីភាព។

បន្ទប់នេះ មិនមែនជាបន្ទប់ចុងឆ្នេរដែលឥន្ត្រាទុកនាងឃុំកាលពីលើកមុនទេ។ នាងឃើញរូបគំនូរអំពីអូប័រប្រដេញ និងរូបតារា rock អាមេរិក នីយ៉ាដឹងហើយថាអ្នកណាជាម្ចាស់ទីនេះ។

នាង​ស្អប់គេពន់ពេកណាស់! ​យូស៊ូ! ស្អប់ខ្លាំងព្រោះស្រលាញ់ខ្លាំងនិងខកចិត្ត​យ៉ាងខ្លាំង។

ទីនេះមិនមាន​ចំណងចងនាង​ពិតមែន តែ​ចិត្តនាងឈឺនិងរឹតរួតជាងកាលឥន្ត្រា​ដាក់នាង​ក្នុងចំណង​ពេលបញ្ជូនមកកោះHដំបូងទៅទៀត។

យូស៊ូម្នាក់នេះ នាង​បានឱ្យបេះដូង តែគេឃើញនាង​ក៏បន្លំធ្វើជាជនរងគ្រោះដែលមិនសារភាពថាជាកូនប្រុសពៅរបស់ម៉ឺនយូ រហូតដល់នាង​ដឹងដោយខ្លួន​ឯង។ ការស្រលាញ់ដែលគេសន្យា​ ចុងក្រោយ​គឺបានត្រឹមកាណុងដែកមកភ្ជង់ គេតាមពិត​ចូលមករកនាង​ដើម្បីបងជេន​របស់នាង​?

នីយ៉ា​គ្មានពេល​គិតទេ នាងឈឺក្បាលណាស់! មេឃ​នៅក្រៅបង្អួច​មើលមិនឃើញ​ ព្រោះបន្ទប់នជិតស្លុង មិន​អាច​និយាយ​បាន​ឡើយ​ថា​ជា​យប់ឬ​ថ្ងៃ។

សន្ធឹកខ្យល់បក់បោកមកប៉ះត្រចៀក សរសៃសក់ខ្លះហោះឡើងព្រោះគ្រាន់តែទ្វារត្រូវបាន​បង្ហើប​។

ស្រីក្ដាប់ដៃជាប់គ្នា ព្រោះពេលនោះហើយជាពេលដែលនីយ៉ា​ស្គាល់ថា នេះជាបន្ទប់លើទូកទំនើបគ្រាន់តែវាខុសពីទន្លេមេគង្គ ដោយស្ថិតលើកម្លាំងខ្យល់សមុទ្រ។

«មិនមែន​កោះHទេ? ពួកគេ​យកយើងទៅណា?»

នាង​ខំផ្ទៀងស្តាប់ទាំងអារម្មណ៍ថប់។

សភាពអាចកណ្តាលសមុទ្រ ព្រោះវាមានកម្លាំងខ្យល់ខ្លាំងជ្រៀតចូលពេលបង្ហើបទ្វារ។

«ញ៉ាំអីអត់?»

សំឡេងប្រុសដែលនាង​មិនចង់សូម្បីឃើញមុខ ឬនឹកដល់ឈ្មោះគេ។ នីយ៉ា​ញ័រខ្លួនសឹងមិនអាចដកដង្ហើមបានទេ ពេលដឹងថា​យូស៊ូយកនាង​មកកន្លែងនេះជា​បន្ទប់​ដែលនីយ៉ា​​មិន​ស្គាល់។ ស្រីបិទភ្នែក….ធ្វើមិនរវល់នឹង​វត្តមាន​គេ….

ពេលវេលារំលងទៅ ប៉ុន្មាន​វិនាទី…..នាង​ធុញពេក​ក៏​រអិល​ចុះ​ពី​លើ​គ្រែ​ដោយជើង​ទទេ​ ​ប៉ះ​នឹង​កម្រាល​ក្តាររលោងស្រិលប្រណីតត្រចង់។

យូស៊ូសម្លឹងមកស្រីដោយ​ស្ងៀមស្ងាត់។

នីយ៉ានៅតែមិនក្រឡេកមើលមុខ សុខចិត្ត​ងាកទៅមើលរលកព្រិចៗពេញ​ដែនជលសាដែលគ្របដណ្តប់ដោយពន្លឺព្រះទិវាករជះចាំងដូចពេជ្រ។

ស្រីឱបដៃដើរចេញមកក្រៅ។

ទូកនេះពិតជាមាន​លំនឹង​និងម៉ាស៊ីនសែនទំនើបបានជារអិលលើផ្ទៃសាគរបានស្ងប់ស្ងាត់សឹងប្រៀបបានបន្ទប់លើដី។

កាលនៅកោះបេះដូង​ នាង​ត្រូវបានពួកគេនេះចាប់បង្ខំមក ខណៈនាង​ត្រូវស្រែកយំយ៉ាងឈឺចាប់ដោយសារឃើញ​សភាពលាគ្នាមិនអស់អាល័យនិងសែនក្រៀមក្រំរបស់ហាន់ដាជាបង។

នីយ៉ា​ដឹងថា យូស៊ូចេញមកតាមពីក្រោយ តែគេមិនដឹងទេ សូម្បីតែឥឡូវនេះ ក៏នាង​មិនចង់រំឭកពីឈ្មោះគេផង កុំថា​ចង់ឱ្យនាងនិយាយជាមួយគេ។

«រឿងទាំងអស់ហ្នឹង ព្រោះបងប្រុសអូនធ្វើដាក់ប៉ាបងមុន!»

ទំនាស់ឈានដល់សង្គ្រាមប្រដាប់ដោយអាវុធ រវាងគ្រួសារនាង​និងមនុស្ស​កោះH ពិតជាសុបិនលងអន្លាយមួយកាលពីមុន ហើយពេលនេះបាន​ក្លាយមកជាជាការពិតដ៏គួរឱ្យភ័យខ្លាច។

នាង​ដឹងថា​ជេនមិនដែលធ្វើតាមទំនើងចិត្ត​ទេ។

ជេនគោរពច្បាប់ នេះជាចរិតពិតគ្រួសារនាង​។ បើបងនាង​ចាប់ប៉ាគេប្រាកដណាស់ មនុស្ស​ប៉ាគេបានធ្វើអ្វីមួយដែលប៉ូលិសមិនអាចឱបដៃបាន។

នាង​មានចរិត​តវ៉ា ​តែជាមួយមនុស្ស​ដែលធ្វើឱ្យនាងឈឺចាប់ នីយ៉ាជ្រើសយកវិធីស្ងាត់​មិននិយាយ និងធ្វើជាមិនឮសំឡេងគេទាំងស្រុង។

ពិភពលោក​ពណ៌​ខ្មៅ​នៅ​ជើងមេឃម្ខាង បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវការព្រមាន​មកដល់នៃ​ព្រះ​ភិរុណ​។ ទោះ​បី​ជា​មិន​បាន​ធ្វើ​អ្វី​ក្រៅ​ពី​គេង​ក៏​ដោយ ស្រីតូចនៅតែមាន​អារម្មណ៍​ហត់​នឿយ ល្វើយ ពោះឃ្លាន ចង់មាន​​ស៊ុប​ក្តៅៗដូចដែលបងស្រីធ្លាប់ថែពេលឈឺថ្កាត់។

យូស៊ូមកដល់ហើយ គឺកៀកសែនកៀក សឹងតែចង្កាគេប៉ះសក់នាង​ពីក្រោយ ហើយ​និយាយដោយសំឡេងតិចៗ៖

«បងមិនអនុញ្ញាតឱ្យចរិតល្បិចរបស់បងប្រុសអូន ប៉ះទង្គិចមនោសញ្ចេតនា​យើង បាន​ជាបងយកអូនមក!»

នីយ៉ាមិនខ្វល់ទេ។ ភ្នែកសម្លឹង​រលកទឹក ចិត្តនាងឆ្អែតនឹងស្នេហាមួយនេះ។ គេនេះកុហក អត្មានិយម ហើយប៉ិនពង្វៀងណាស់។ ទម្លាក់កំហុសលើបងប្រុសនាងពូកែបំផុត។

ជារយៈពេលច្រើនថ្ងៃហើយដែលនាងដឹងសមាសភាពគេថាជាកូនម៉ឺន​យូ ក៏ជាពេលចុងក្រោយដែលនាង​ព្រមមើលមុខឬនិយាយរក។

សាជាថ្មី ការពិត​ដ៏គួរឱ្យភ័យខ្លាចនៃបុរសនេះ​តែងតែលេចចេញមកបង្អើលនាង មួយដំណាក់កាលហើយមួយដំណាក់កាលទៀត រហូតដល់នាងជឿថា គេមិនមែនជាយូស៊ូដែលនាង​ធ្លាប់ស្រលាញ់ឡើយ។

​«បងនឹកអូនណាស់!»

និយាយទាំងដៃលូកមកឱបចង្កេះ។ ​នីយ៉ារលាស់ខ្លួនចេញងាកមកសម្លក់ ប្រាណនាងដកថយ។

ទឹកមុខក្រៀមនិងភាពអស់សង្ឃឹមក្នុងភ្នែកស្រី មិន​ត្រឹម​តែធ្វើឱ្យ​គេ​បារម្ភ​ពីសុខភាព​ផ្លូវចិត្ត​នាង​ប៉ុណ្ណោះ​ទេ ថែមទាំងមិនសប្បាយចិត្ត​និងច្របូកច្របល់។

គេដឹងថា ​ពិតជាហួសហេតុដែលគេភ្ជង់នាង ហួសហេតុដែលបង្ខំនាងឡើងមក តែទោះ​បីយ៉ាងណា នាង​ស្រលាញ់គេ….យូស៊ូ​គេនៅតែជឿបែបនេះ។

មនុស្ស​ស្រលាញ់គ្នា នឹងអធ្យាស្រ័យគ្នាបានទាំងអស់។

យូស៊ូសម្លឹងនាង​ដោយសំញ៉ែងរូបរាងសង្ហា​របស់គេ បង្ហាញទឹកចិត្ត​ចង់ថ្នមស្រី​លួងលោមសុំទោស តែនាង​សម្លឹងគេ​ល្អតែមួយភ្លែតក៏មិនធ្វើផង កុំថាឡើយនិយាយរក។

«ចង់ធ្វើផ្គើន​តាមចរិតប្អូនប៉ូលិសធំហ្មែន?»​

គេ​ខាំមាត់តិចៗទាំងក្នាញ់ស្រលាញ់ស្រីល្អិត សឹងលេបទុកបាន ​បានជាប្រុសសួរឡើងនូវសំណួរនេះ។ រាងកាយតូចរងា ស្រីឱបដៃបណ្តោយសក់វែងត្រឹមចង្កេះបក់បោករេរាំ។ ក្នុងភ្នែក​យូស៊ូ​ សម្លឹង​នីយ៉ា​ក៏នឹកដល់ជេន បុរសនេះ​ពិតជាកំពុងណែនទ្រូង​ព្រោះស្រលាញ់ប្អូនស្រីគេ ​តែស្អប់បងប្រុសគេបំផុត​។

«នីយ៉ា!»

គេហៅនាង​ពេលខាងស្រីឈ្ងោក​​សម្លឹងក្តារខាំមាត់ស្ទើរដាច់។ មនុស្ស​ប៉ប៉ាច់ប៉ប៉ោចមកតមសម្តី មនុស្ស​ធ្លាប់ភក្តីមកស្អប់គ្នា​សម្ពាធនេះ ​យូស៊ូ​ទទួលយកមិនបានយូរទេ។

ប្រុសជ្រោងសក់…..

«កុំឱ្យរឿងរបស់ពួកប៉ូលិស​ចោលម្សៀតអស់នោះមកបំផ្លាញ​រឿងយើងពីរនាក់!»

ស្ងាត់មិនតបត។ យូស៊ូជិតឆ្កួតហើយ មានមនុស្ស​ស្រីប៉ុន្មាននាក់ទៅ ព្រងើយនឹង​ទេវបុត្រកោះHបាន​យូរស្មើនឹងប្អូនប៉ូលិសមុខរឹងម្នាក់នេះ។ គេគិត​ហើយ ទើបដៀងសម្លឹងនាង​ម្តងទៀត ញីថ្ងាសខ្លួនឯងស្រែកឡូឡា៖

«ឮអត់? យល់ខ្លះអត់? គេចាប់ប៉ាបងទាំងមូល វាយខ្នោះ​ព័ទ្ធកោះH! គេចាប់បងប្រុសបងទៅកោះបេះដូង គាត់របួសស្អីនៅមិនទាន់ដឹង សន្លប់ស្តូកនៅនឹងមុខ បងភ្ជង់អូនព្រោះទាល់ច្រក! បើមិន​អញ្ចឹង​មនុស្ស​កោះបេះដូងឱ្យបងចេញមកវិញរួចអត់? អ្ហះ? យល់ខ្លះដែរ?»

នីយ៉ាខាំមាត់ ញាប់ញ័រផ្ទៃមុខ ព្រោះទប់ទឹកភ្នែក។

ស្រលាញ់ប៉ុនណា​ការឈឺផ្សាប៉ុណ្ណឹង រឿងឈឺនិងខឹងព្រោះនាងនៅស្រលាញ់។

«បងប្រុសខ្លួន​ជា​មនុស្ស​ក្រអឺតក្រទម ​ធ្វើ​អ្វី​ៗតាមចិត្ត​យូរហើយ ​ចង់​បានឋានៈមិនចេះចប់! ​ល្អហើយ! ចាំមើលអាម្នាក់ហ្នឹងអើតក្បាលមករកប្អូនពេលណា?»

គេសើចទាំងសប្បាយចិត្ត ហើយបន្ថែម៖

«​មិន​ប្រាកដ​ដែរថា ​ប៉ូលិសម្នាក់​ហ្នឹងហ៊ានមក​ជួយ​ប្អូនស្រី​ទេ! ចង់ដឹងទាល់តែចាំមើលសិន!»

«គ្រួសារខ្ញុំគ្មានមនុស្សកំសាកទេ!»

ទីបំផុតនាងហើបមាត់ហើយ​។ គេលាន់មាត់ អូ! ឌឺសង្សារ ហើយងក់ក្បាលដាក់កែវភ្នែករលើបរលោងរបស់នីយ៉ា​ដែលសម្លឹងមកទាំងខឹងខ្លាំងឡើងៗផង។

«ជាពិសេស​រឿងចាប់មនុស្ស​ស្រីគំរាមបងៗគេ កំសាកណាស់!»

ស្រីល្អថាមករ៉ាវៗទៀត​បញ្ចេញ​កំហឹង​តាមសូរសៀង​ ខឹងចិត្ត​ដែលមកស្រលាញ់ប៉ះមនុស្ស​ធុននេះ។ យូស៊ូជាមនុស្ស​មានការសង្ស័យ ប៉ុន្តែនីយ៉ាជាមនុស្សមាន​ទំនុកចិត្ត។ សេចក្តីស្មោះត្រង់របស់នាង ធ្វើឱ្យនាង​ខកចិត្ត​ដែលមកស្មោះប៉ះមនុស្ស​កុហក ឆេវឆាវ និងក្បត់ចិត្តស្រលាញ់គ្នា។

យូស៊ូអាចទទួលយកអ្វីបាន តែគេការដៀលមួយនេះវាចំពេក។ គេអង្គុយ​ចំខែងលើកៅអីក្បាលទូក ទុកចោលនាង​ក្រោយខ្នង​តែមាត់នៅស្តីឡកលើយ៖

«ប្រយ័ត្នមាត់បន្តិច តិចអាអ្នកកំសាកម្នាក់នេះ អាចដូរចិត្ត​ទៅធ្វើរឿងក្លាហានៗជាងហ្នឹងបាន!»

នាង​មិនឆ្លើយ ឈរធ្មឹងក្បែរបង្កាន់ដៃរកមធ្យោបាយ។ ចិញ្ចៀននៅលើម្រាម​នៅឡើយ នាង​នឹកដល់ម្ចាស់វា «របស់នេះ ខ្ញុំសងដែលច្រឡំចាប់យើងចងនីយ៉ា!» ឥន្ត្រាហោចណាស់មិនបានយករបស់នេះទៅវិញទេពេលនាងសន្លប់។ ហោចណាស់គេជាមនុស្ស​រក្សាសម្តី…..ហោចណាស់ចំពោះមុខ​ ស្រី​ដឹងថា​នាង​គង់តែអាចរត់ចេញ​បាន ឱ្យតែយូស៊ូព្រមឡើងគោក។

មិនឮកែវកន្និដ្ឋាវាចា​ឆ្លើយ ប្រុសពៅដែលត្រូវម៉ឺន​យូទំយើរមកតាំងពីតូច និយាយទាំងសើចកក្អឹកទៀត៖

«ចាំតែបងប្រុសដ៏ពូកែរបស់ខ្លួនមកដល់នឹងអាលមាន​ចំណីពូកែៗទទួល!»

នាង​រេភ្នែកគិតយ៉ាងរហ័ស។ បែរបន់យ៉ាងណាឱ្យតែបងជេន​របស់ខ្លួនកុំមកចូលរូងខ្លា ព្រោះនាងមិនដឹងថា​យូស៊ូនិងឥន្ត្រាមាន​អន្ទាក់អ្វីខ្លះទទួលគេទេ។

ត្រូវធ្វើអ្វីម្យ៉ាង​ឱ្យបានរហ័សមុនបងប្រុសនាងធ្លាក់កិត្តិយសមកនៅក្នុងដៃពួកមនុស្ស​ដីកោះនេះ។

ស្ងាត់! មិនឮតូចឆ្លើយ ប្រុសជាសង្សារបែរមកវិញ​ក៏ស្រែកឆោឡោ។

«ចុះភ្លាម​នីយ៉ា!»

«កុំចូលមកណា៎!» ស្រីគំរាមទាំងឈរជើងម្ខាងនៅក្រៅបង្កាន់ដៃ ជើងម្ខាងនៅលើបង្កាន់ដៃ។ តែប្រហែសបន្តិច ស្រីម្នាក់នេះនឹងធ្វើស្លុយ​លោតពិតមែន ចំណែកយូស៊ូមិនអាចធ្វើអ្វីបានព្រោះគេនៅជាប់បំរាមមិនអាចមុជទៅក្នុងទឹក​ជួយនាង​ឡើយ។

«បើធ្លាក់មែន បងជួយមិនបានទេដឹងអត់?​»

នាង​រេភ្នែកជុំវិញខ្លួន មិនឃើញមាន​មនុស្ស​ទេ ទំនងជាយូស៊ូចង់ចេញមករ៉ូមែនទិក។ កាន់តែគិតយល់ នីយ៉ា​រឹតតែដឹងថា ត្រូវធ្វើយ៉ាងណា។ នាង​ស្រែក​ឡូឡាតបវិញ៖

«ស្លាប់ប្រសើរជាងឃើញមុខមនុស្ស​ចង្រៃដូចឯង!»

ស្រីស្រស់​បង្ហាញ​ការខឹងសម្បាបន្ថែម​ឱ្យយូស៊ូជឿថា នាងអាចនឹងលោតមែន។ យូស៊ូភ្លាមៗក៏នឹកឃើញ​កាលដែលនាង​ពិតជាធ្លាប់បានលោតចុះនៅនឹង​មុខ​ក្រុមឥន្ត្រា កាលណោះដោយសារតែបងប្រុស​ខ្លួនធ្វើជាគំរាម​បោះខ្លួនទៅក្នុងសមុទ្រ ពេលនេះ​ដោយសារនាង​ក្រោធខឹង ដែលខ្លួនកុហកនាង​ពីសមាសភាពជាមនុស្ស​កោះH ហើយពេលនេះ​គេបង្ខំចាប់នាងមកទៀត។

«បងចាប់យើងមកព្រោះចង់មានពេលល្អៗជាមួយគ្នា រៀនយល់ផង!»

«ពេលល្អចង្រៃយក៍ស្អី? ជាមួយគ្នាស្អី ទៅល្អជាមួយ​ត្រីឆ្លាម​ក៏គ្រាន់ជាងមនុស្ស​ដូចឯងដែរម៉ាហ្វៀ! ចូលច្រាំងភ្លាម​ បើអត់ទេ…..»

ដ្បិតតែកន្លែងនេះ គន្លងទឹកមិនជ្រៅ មិនគ្រោះថ្នាក់ដូច​កាលពីមុន ប៉ុន្តែបើនាង​លោតទៅទាំងបែបនេះ ក៏អាចនឹង​ពិបាកស្រង់ដែរ។

«កណ្តាលសមុទ្រណា៎ នីយ៉ា!»

នាង​ខាំមាត់មានៈធ្វើកាយវិការ​ប្រុងលោត។

«បានៗៗៗ អូខេៗ!»

គេរាដៃឃាត់នាង​កុំឱ្យលោត រួចបាន​ដើរ​ចូល​ទៅខាង​ក្នុងទូក​​វិញ ប៉ុន្តែ​ចិត្តស្រណោះស្រណោក​ថា នាងមិនបាន​សេសសល់ចិត្ត​ស្នេហា ថែមទាំងមានៈមិនព្រមឱ្យ​មាន​អនុស្សាវរីយ៍​រីករាយថ្មីជាមួយគេឡើយ។

ទាំងនេះមកពីគ្រួសារនាង បងប្រុសនិងបងស្រីរបស់នាង។

ទូកបកថយរកច្រាំងដោយគេបញ្ជា។

នីយ៉ាក៏មាន​ពេលដកដង្ហើមឃូរ ដែលមានសេរីភាពនៅម្នាក់ឯងគ្មាន​យូស៊ូនៅក្បែរ។ មធ្យោបាយណាក្តី ទាក់ទងហាម​ឃាត់បងប្រុសខ្លួនមិនឱ្យមកកោះH ជាការងារអាទិភាពរបស់នាង​។

ទូកពិតជាកំពុងផ្លាស់ប្តូរលឿននិងកែតម្រូវទិសដៅដោយ​យឺតៗ។

ក្រឡេកមើលទៅដែនឆ្នេរសន្លឹមៗ នាងស្រាប់តែនឹកឃើញ។ មនុស្ស​ចង្រៃម្នាក់នេះ មិនបានលោតទៅជួយនាង​ក្នុងទឹកទេ បែរជាបងប្រុសគេ។ គេមានរបួស បើលោតគេខ្លាចពិការ ម្ល៉ោះហើយហេតុមិនចង់ឱ្យនាងស្លាប់ ឥន្ត្រាជាអ្នកលោតទៅ។

នាង​នៅក្នុងសភាពស្រវេស្រវា មិនដែលគិតថា​អ្នកដែលចុះមកប្រថុយជីវិត​ស្រង់ខ្លួនជាមនុស្ស​ទឹកកកម្នាក់នោះទេ បានជាស្រី​ឆ្លៀតដង្ហើមចុងក្រោយ​ថើបមាត់គេ។

នីយ៉ា​ស្រទន់ភ្នែក​កម្រើកបបូរមាត់ខ្លួនឯងនឹកដល់ឥន្ត្រា។ មនុស្ស​គេកាចៗ ម៉ាត់ៗ មាំៗ តែគេក៏ស្មោះត្រង់ មិនកែកុនពាក្យពេចន៍ មិនភ្លេចសន្យា និងមានអ្វីមួយពិសេសៗធ្វើឱ្យនាង​មានអារម្មណ៍ថា«ការពារៗ»។​ ចុងក្រោយនេះទៀតសោត​បើយូស៊ូមិនញោះគេអំពីរឿងម៉ឺនយូ គេក៏មិនឱ្យអ្នកណាចាប់នាងបង្ខំមកកោះHដែរ។

មានអារម្មណ៍ថា ឃើញខ្សាច់ឃើញទឹក ប៉ះខ្យល់សមុទ្រនេះកាលណាក៏នឹកដល់ឥន្ត្រា។

«បិសាចទឹកកកចង្រៃអើយ! ពេលនេះខ្លួននៅឯណា ទុកខ្ញុំឱ្យប្អូនខ្លួនធ្វើបាបអ៊ីចឹង?»

ខណៈដែលមានសំណួរមិនសុខចិត្ត ក៏កែវភ្នែកប្រុសស្អាត​នៅសម្លឹងនាងបង្ហាញចេតនា​​មិនដាច់អាល័យ​ពីកល្យាណកាលនៅលើកោះបេះដូង ថតជាប់ក្នុងការចងចាំរបស់ស្រី។

នីយ៉ា​នឹកឃើញ​ដែរថា​ហេតុតែខឹងរឿងចាញ់ចិត្ត​និងចាញ់ល្បិចបងប្អូនគេ នាង​បាន​ឱនខាំកំភួនដៃប្រុសថ្លៃមួយទំហឹង….ហើយសំងំ​រង់ចាំសម្រែករបស់គេ តែគេស្ងាត់ច្រៀប….មិនស្រែក…មិនបម្រះ​បន្ត សម្លឹងមកដោយស្រពោនៗ ស្រណោះៗ ដូចជាគ្មាន​ឈាម គ្មានបេះដូង មិនចេះស្គាល់ឈឺ។

«ពេលខ្លះខ្ញុំក៏ចង់ដឹង ថាពីមុនធ្លាប់ធ្វើអ្វីខ្លះ? ធ្លាប់ធ្វើបាបអ្នកណាឬក៏ធ្លាប់ត្រូវអ្នកណាធ្វើបាប?» នេះជាសម្តីគេដែលសារភាពប្រាប់នាង ​កាលនាងស្រវឹងលើខុនដូរបស់គេនៅភ្នំពេញ។

«ដឹងធ្វើអី?!» នៅចាំបានថា ឮហើយ​នាងក៏សួរគេវិញ។

«មិនចង់ធ្វើជាមនុស្សទឹកកក!​»

នាង​ស្រាប់តែញញឹម។

បេះដូងនេះនៅតែកក់ក្តៅរាល់ពេលនឹកដល់បុរសចម្លែកម្នាក់នោះ។ គេពេលខ្លះ ហាក់បីដូចជាចង់កំប្លែងលេងជាមួយនាង តែនីយ៉ា​មើលទៅ គេពិតជាគួរឱ្យអាណិតមែន។ នៅពីក្រោយខ្នងគ្មានអតីតអ្វីទាំងអស់ នៅពីមុខគ្មានអនាគត គេមិនចេះស្រលាញ់ ចេះតែធ្វើតាមប៉ាគេ រស់នៅលើកោះ ធ្វើមុខស្មើៗ រស់នៅម្នាក់ឯងឯកោនៅចុងឆ្នេរសុទ្ធតែប្រុសៗ តើគេ​មានរសជីវិតពិត​របៀបណាទៅមុនពេលគេធ្លាក់ខ្លួនឈឺ?

«បានហើយ ទូកថយហើយម្ចាស់ក្សត្រី! ញញឹមអ៊ីចឹងទៅពីណាថាអី?»

គេមកដល់ នាងក៏ធ្វើមុខមាំវិញ។

យូស៊ូអាចនឹងមកទាន់ពេលនាង​ញញឹម​ហើយក៏យល់ច្រឡំថា​ នីយ៉ាញញឹមព្រោះឃើញគេព្រមចូលចត ឬច្រឡំថា នាង​នឹងអត់ទោសឱ្យគេ។

ស្រីបែរខ្នងក្រពាត់ដៃ….ដឹងអីគេមកឱបពីក្រោយទៀត។

នីយ៉ាបម្រះចេញ​តែលើកនេះ យូស៊ូមិនព្រមលែង។ គេត្រៀមលក្ខណៈរួចហើយ នាងបម្រះមិនរួចទេ។

«បងធ្វើតាមបញ្ជាម្ចាស់ក្សត្រីហើយ ដល់ពេលម្ចាស់ក្សត្រីត្រូវធ្វើតាមបងវិញ!»

គេខ្សឹបខ្សៀវមកជាមួយដង្ហើមស្នេហា។

បុរសអ្នកមាន​និងស្រីស្អាត ទាំងពីរកាយធ្លាប់ឱ្យបេះដូងគ្នា ចំណែកយូស៊ូកាចនិងចិត្ត​ដាច់យ៉ាងណា ក៏មិនអាចរំលងស្នេហាស្មោះនិងបេះដូងមាសរបស់នីយ៉ា​បានដែរ។

ស្រីតូចម្នាក់នេះ ធ្លាប់ព្រមស្លាប់ដើម្បីគេ។ អត់ពីនាង អាចថាគេរកមិនបានមនុស្ស​ស្រីដែលស្រលាញ់គេទាំងមិនគិតអ្វីទាំងអស់ដូចនីយ៉ាម្នាក់នេះទៀតដាច់ខាត។

«ខឹងយូរម៉េះអ្ហះ? រើម្តងថើបម្តង រហូតព្រមសុភាពខ្លះបានឈប់!» គេរអ៊ូៗក្បែរត្រចៀក​នួនល្អង ទាំងដែលនីយ៉ា​នៅបន្តរើ រហូតគេថើបលើគល់កចរណៃ​ខ្សឺតបានសម្រេច ទើបនាងព្រមបង្អង់ស្ងៀម។​

នៅពេលយូស៊ូថើបនីយ៉ា ធម្មតា​ទេរាងកាយរបស់នាង​នឹងបញ្ចេញអ័រម៉ូនរីករាយ តក់ក្រហល់ នៃសារធាតុអុកស៊ីតូស៊ីនដ៏ទាក់ទាញ ធ្វើឱ្យគេ​មានអារម្មណ៍ថាអ្នកនៅលើឋានសួគ៌ាប្រាំបួនជាន់ តែសម្រាប់នីយ៉ាដែលមិនធ្លាប់ស្និទ្ធនឹងយូស៊ូ ទោះបីបបូរមាត់គេ ​ជា​អាវុធដ៏​រសើប​បំផុត​មួយ មានឥទ្ធិពលលើ​រាងកាយរបស់នាង ក៏ពេលនេះនាងមានអារម្មណ៍ផ្សេង។

«លែងខ្ញុំ!»

«លែងទៅណា?»

«ទៅណាក៏ដោយ កុំប៉ះខ្ញុំ!»

«អូនជារបស់​បង!»

នាង​ញញឹមជូរចត់។

រាងកាយនីយ៉ាក្រហមពីលើដល់ក្រោម ព្រោះជាយូរមកហើយ​បេះដូងនាងមាន​បុរសសង្ហាម្នាក់នេះ។ គេប៉ះស្រីស្អាតរាប់រយតែមិនដែលបំពាននាង មិនគោរពនាង ឬ​ធ្វើអ្វីដែលនាង​មិនព្រមទេ។

ពេលនេះ នាង​គួរសប្បាយចិត្ត​​ដែលនៅលើទូកនេះតទល់ពីរកាយ រាងកាយក៏ប៉ះគ្នា ចុះម្តេច​នាងបែរជាមានអារម្មណ៍ថា​ខុសៗ?

​«ឈប់ខឹងទៅ!» គេអង្វរជាមួយដង្ហើមក្តៅៗ។

យូស៊ូយល់ថានាងខឹងគេ ព្រោះប៉ាគេនឹងបងនាងជាមនុស្សមានបញ្ហាជាមួយគ្នា តែតាមការពិត នីយ៉ាមិនខឹងរឿងហ្នឹងឡើយ នាងខឹងចរិត​គេដែលមិនស្មោះត្រង់។ ភាពច្របូកច្របល់ពេលនេះ ប្រតិកម្មពេលនេះរបស់នាង​ចំពោះគេ យូស៊ូយល់ថា គឺជារឿងធម្មតាក្នុងអំឡុងពេលសាំញ៉ាំរវាងគ្រួសារទាំងពីរ ហើយគេជឿរហូតមកថានាង​នឹងតាមគេ ព្រោះគេជាមនុស្ស​នីយ៉ាស្រលាញ់ខ្លាំង។

នាង​ត្រូវការនៅជាមួយគេ ស្តាប់គេលួងលោម ហើយចិត្តនាងនឹងទោរទន់វិញ។

«យើងចប់គ្នាហើយយូស៊ូ!» នីយ៉ានិយាយទាំងដក​ដង្ហើមធំ ទោះបីជាបេះដូងនាងប្រាប់មកថា នាង​នៅស្រលាញ់គេ នាង​ចង់បានគេ និង​កុំធ្វើការសម្រេចចិត្តលឿនពេកក្តី។

​ក្នុង​ភាព​ងឿងឆ្ងល់ ប្រុសស្អាតលែងដៃ​ហើយ​បង្វែរនាង​មកតទល់មុខគ្នា។ នារីឈ្ងោកមុខគេចពីកែវភ្នែកស្រពោនរបស់គេ។

អារម្មណ៍និងចង្វាក់ដង្ហើមនៃមនុស្ស​ស្រលាញ់គ្នា នៅជិតសែនជិត រឹតបន្ថែម​ឱ្យខាងប្រុសនូវការសោកស្ដាយយ៉ាងពេញទំហឹង ប្រសិនបើថ្ងៃនេះឬតទៅគេមិនអាចយកនីយ៉ាពីមុនត្រលប់មកវិញបាន​។

«ព្រោះបងជាកូនម្ចាស់កោះHមែនទេ? អ្ហះ? ឬមកពី…..កាន់ជើងបងប្រុស ចោលមនុស្ស​ដែលខ្លួនស្រលាញ់បានផុយៗអ៊ីចឹងហ្មែននីយ៉ា?»

បន្ទាប់​ពី​អ្វីជាច្រើន​ដែល​​បាន​ជួប​ប្រទះនៅទីនេះ និងរឿងភ្ជង់នាង​នៅមុខបងស្រីនាងនិងកូនចៅនានារបស់កោះបេះដូង នីយ៉ា​​ប្រហែល​ជាក្រៅពីអាម៉ាស់ ក៏​អស់​អារម្មណ៍ ​ហើយ​ហត់​នឿយចំពោះស្នេហាមួយនេះ។

«បងខ្ញុំអនុវត្តច្បាប់ បើប៉ាខ្លួនមិនធ្វើអីខុស​គាត់គង់តែ…!»

ប្រុសពន្លែងដៃចេញពីនាង ស្ទើរតែធ្វើឱ្យស្រីទ្រេត។

គេខាំមាត់សម្លឹងភាពសោកសៅរបស់នាង​។ គេចាប់ផ្តើមធៀបខ្លួនគេនិងបងជេនរបស់នាង ថានាង​រើសយកមួយណា? ហើយចុងបញ្ចប់ពេលនេះ​យូស៊ូនៅតែជាយូស៊ូ….ចរិតកូនអ្នកមាន ចចេសនិងអាត្មានិយម។

គេនិយាយឌឺនីយ៉ា៖

«អនុវត្តច្បាប់? អ្ហូយ! បងខ្លួន គ្រួសារខ្លួនជាស្អី? ព្រះ? ឬទេវតា? កាត់ក្តីរឿងអ្នកដទៃតាមចិត្ត​? ខ្មៅស​ប្រផេះលើលោកនេះមាន​ហេតុផលទាំងអស់ កុំមើលអ្នកណាក៏មិនល្អ​ មានតែពួកខ្លួនដែលល្អនោះ!»

នីយ៉ា​ថ្កោលទោសគេ​​លើចរិតកង្វះ​ភាព​​ស្មោះ​ត្រង់​ បែរជាគេមិនគិតកំហុសខ្លួន​ ចង្អុលទៅបងប្រុសនាងទៅវិញ។

«ម្តងជាពីរដង ខ្លួនកុហកខ្ញុំ! រឿងពួកយើងចប់ អត់ពាក់ព័ន្ធនឹងបងជេនទេ!»

«ពាក់ព័ន្ធនឹងអាណាគេវិញ?»

យូស៊ូលើកឡើង​ក្នុងអាការៈខឹងសម្បា ខូចចិត្ត និងស្អប់ខ្ពើម ដូចជាចង់សំដៅតែលើបងៗនាង ប៉ុន្តែមិនស្គាល់កំហុសខ្លួនគេដដែលជាដដែល។

1 Comment

  • Kalyan Sirak Posted February 9, 2023 11:34 am

    ល្អអានខ្លាំងណាស់, ជក់ចិត្តដិតអារម្មណ៍បំផុត

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*