នៅបន្ទប់ចុងឆ្នេរ បុរសម្នាក់រក្សាភាពស្ងប់ស្ងាត់ តែសាម៉ោះនៅតែនាំសារមក។
«បង! បងយូស៊ូបកទូកមកវិញ!»
«ក្រែងថានាំសង្សារគេទៅដើរលេង?» ឥន្ត្រាសួរដោយមិនងាកចេញពីការហាត់ប្រាណតោងចម្រឹងប្រឆាំងនិងសភាពខ្សោះខ្សោយក្នុងខ្លួនគេ។
«ឃើញពួកគាត់…..ខឹង…ខឹងគ្នាពេលទូកបកចូលដល់ច្រាំងបង! ប្អូន…..ប្អូនប៉ូលិស….អុះ…..គឺខាង……..ខាងស្រីចុះមកចោលបងយូស៊ូ! គាត់នៅលើទូកម្នាក់ឯង!»
ឥន្ត្រាចងចិញ្ចើម។ បំណងបង្កើតបរិយាកាសរ៉ូមែនទិក ដើម្បីលួងចិត្តនីយ៉ាជាការសុំទោសពីរឿងភ្ជង់កាំភ្លើងបង្ខំនាំស្រីស្អាតមកកោះH ទំនងយូស៊ូធ្វើមិនបានសម្រេចទេឬអ្វី?
«ហេតុអ្វី?» គេសួរខ្លីលើកកន្សែងជូតមុខនិងឈប់ហាត់។
«មិនដូចងរង៉ក់ទេបង! ម្នាក់ៗខឹងគ្នាខ្លាំង!»
សាម៉ោះម្នាក់នេះពិតជាស្តេចរាយការណ៍លម្អិត តាមដានស្អិតនិងពណ៌នាពិស្តារពេក រាល់ដងឥន្ត្រាមិនសូវខ្វល់ស្តាប់គេទេ តែប្រធានបទល្ងាចនេះ ពិតជាពាក់ព័ន្ធនឹងមនុស្សដែលបេះដូងនាយលបចង់ដឹងជាសម្ងាត់។
«អ៊ីចឹងទៀត?» គេរអ៊ូតិចៗជាមួយការងាកទៅធ្វើជាបន្តលំហាត់ប្រាណបែប Aerobic ដែលបន្លប់ធ្វើជាមិនយកចិត្តទុកដាក់តែត្រចៀកនៅផ្ទៀងស្តាប់។
«បងហាត់តិចៗ បងនៅឈឺ!»
សាម៉ោះរំឭកធ្វើឱ្យគេនឹកដល់ពាក្យពេចន៍ស្រីទងវងចរចានៅឯកោះបេះដូង«ខ្លួនឯងនេះ នឹងត្រូវសន្លប់យ៉ាងហោចណាស់ក៏ពី២៤ទៅ៤៨ម៉ោងដែរ នេះបើតាមបងខ្ញុំនិយាយ! តែម៉េចក៏មិនទាន់អីផង ក្រោកមកបានហើយ? មិនទាន់គ្រប់១០ម៉ោងផងមើលទៅ?» «កុំពូកែបោកពេក!»។
នឹកសម្តីខ្លួនឯងដែលតបនាងខ្លីព្រោះមិនជឿគ្រប់យ៉ាងដែលបងប្រុសនាងនិយាយ សូម្បីពេលនេះ ក៏នៅតែចង់សើចចំអកសម្តីអស់ទាំងនេះ។
«ឯងគិតថា បងចាញ់បោកពួកមនុស្សអស់ហ្នឹង?» ឥន្ត្រានិយាយដោយអំណួតអំពីកម្លាំងរបស់គេ ខណៈសាម៉ោះនៅតែព្យាយាមប្រាប់ការពិត៖
«តែ…ភ្នែកបងនៅហើម! ហើយ….ជាធម្មតាបងមិនដែលមានស្បែកស្លាំងអ៊ីចឹងទេ!»
គេឈប់សកម្មភាពទម្លាក់កន្សែងលើធ្នើរដែក ហើយឱនសម្លឹងរាងកាយខ្លួនគេ។
តាំងពីចេញពីកោះបេះដូងមកដល់ពេលនេះ ឥន្ត្រាបានដកខ្លួនឆ្ងាយពីគ្រប់គ្នា មិនចង់ពាក់ព័ន្ធជាមួយយូស៊ូឬស្រីស្នេហ៍របស់គេ តែក៏មិនបានយកចិត្តទុកដាក់នឹងរឿងថ្នាំឬរឿងសន្លប់អីនោះដែរ។
គំនិតគេ គឺជេនចង់ធ្វើអ្វីមិនល្អមកល់កោះH ដោយនាំខ្លួនគេទៅកោះបេះដូង និងលបលួចមកចាប់ នាំប៉ាគេទៅជាសម្ងាត់។
មកទល់ពេលនេះបាត់ប្អូនមួយទាំងមូលក៏ខាងប៉ូលិសនៅរក្សាសភាពស្ងប់ស្ងាត់ គេដឹងថា បើមានអ្វីកើតឡើងប្រាកដជារឿងកាន់តែជ្រៅព្រោះរលកស្ងប់ពេក មិនអាចទុកចិត្តថា គ្មានព្យុះបម្រុងទេ។
«ខាងប៉ូលិសនោះ មានដំណឹងអីឬនៅ?» គេសួរស្រាលៗ។
«ឧត្តមសេនីយ៍ជេន?» សាម៉ោះបញ្ជាក់។ គេមិនមាត់ព្រោះនិយាយពីបងក៏នឹកដល់ប្អូនបាត់ទៅហើយ។
«បាត់ប្អូនទាំងមូល នៅសំងំស្ងៀមដល់ពេលនេះប្រាកដជាកំពុងរៀបល្បិចហើយបង!»
សម្តីសាម៉ោះបន្តមកនេះ បញ្ជាក់ថា គ្មានប្រតិកម្មពីខាងបងប្រុសឬគ្រួសារនីយ៉ាទេ។ បងប្អូនគេអាចនឹងដឹងចិត្តថា នាងនៅមានសុវត្ថិភាព?
កំពុងលបលាក់គិតបែបនេះ នៅមិនទាន់អីផង ក៏សាម៉ោះឱនមកខ្សឹបតាមសភាពជំនិតគ្នា៖
«ប៉ូលិសនោះឆ្លាតណាស់ ច្បាស់ជាអាងថា ប្អូនគេមិនអីពេលនៅក្នុងដៃបងយូស៊ូ!»
ឥន្ត្រាហាក់ក្ឌុកក្នុងចិត្តពេលដែលយល់ថាអ្នកណាៗក៏ដឹងរឿងយូស៊ូស្រលាញ់ស្រីតូចនោះសឹងស្លាប់ខ្លួន។ មនុស្សចចកតណ្ហាដូចយូស៊ូ គេមិនដែលស្រលាញ់អ្នកណាទេ លុះមកប៉ះមនុស្សស្រីដែលអាចស្លាប់ព្រោះគេ គេក៏បាក់។
នៅលើកោះបេះដូង ឥន្ត្រាដឹងច្បាស់ថា យូស៊ូមានសភាពជាកូនប្រុសម្ចាស់កោះ ដែលចាំបាច់ត្រូវរំដោះបងប្រុសនិងគំរាមពួកសត្រូវបានជាគេបង្ខំចិត្តភ្ជង់នាង តែបេះដូងគេពិតជាឈឺចាប់។ រឿងនេះឥន្ត្រាយល់ ព្រោះគេស្គាល់ចិត្តប្អូនច្បាស់។
«មានយូស៊ូ គ្មានអ្នកណាធ្វើអីប្អូនស្រីពៅគេ? គ្មានរឿងងាយស្រួលដល់ម្ល៉ឹងទេ!»
ប្រុសច្បងនិយាយទាំងធ្វើមុខខែងរ៉ែង។
ទោះយ៉ាងណាកាន់តែនិយាយ សម្តីនាង គេនៅតែចងចាំដូចថតទុកជាប់បេះដូងនេះ«ខឹងបងជេនម្សិលមិញចង់វ៉ៃខ្លួនហ្នឹងមែន? ដែលគិតអត់? នៅមិននៅ មកដល់ភ្លាមឃើញប្អូនស្រីដេកស្រវឹង ហើយងាកមក ចេញវីដេអូ១៦បូកទៀត? គាត់យល់ខុស ព្រោះតែប្អូនស្រី….អ្ហើយខ្លួនម៉េចនឹងយល់ឥន្ត្រា ខ្លួនគ្មានប្អូនស្រី….អារម្មណ៍ឃើញប្អូនស្រីនៅក្នុងបន្ទប់ពីរនាក់…..»។
នឹកឃើញពេលគេទៅរករឿងហាន់ដាដល់សណ្ឋាគារត្រូវនាងល្អិតនីយ៉ាប្រដេញមកសួររកហេតុផល។ ប្រុសញញឹមព្រោះនឹកឃើញរឿងវីដេអូដែលនាងនិយាយ។ តែរេមកកន្ទុយភ្នែកយល់ថាសាម៉ោះកំពុងនៅក្បែរៗ ហើយកូនពូប៊ីលម្នាក់នេះមិនត្រឹមពូកែស្តាប់ ក៏ពូកែឆ្ងល់ និងសង្កេតពិស្តារផង ម្ល៉ោះហើយប្រុសកំលោះខំសម្រួលកិរិយាធ្វើដូចជាកំពុងមានអារម្មណ៍ទទេស្អាត មិនពាក់ព័ន្ធអ្វីនឹងគូស្នេហ៍យូស៊ូនិងនីយ៉ា ខឹងឬជាគ្នានោះឡើយ។
ដំបូងដឹងថា ពួកគេស្ថិតនៅលើកប៉ាល់ទំនើបឆ្ពោះទៅរកកន្លែងរ៉ូមែនទិកជាមួយគ្នា ឯពេលនេះទៀតសោតស្ដាប់ឮអ្នកក្រោមបង្គាប់និយាយអំពីភាពខឹងសម្បាដែលខាងស្រីនៅប្រកាន់យូស៊ូ គេហាក់ដូចជាលបមានអារម្មណ៍ត្រេកអរជាសម្ងាត់ តែឥន្ត្រាមិនបង្ហាញខ្លាចសាម៉ោះចាប់ថ្នាក់បាន អ្នកធ្វើជាងាកបង្គាប់ទៀត៖
«ពីនេះដល់ព្រឹកស្អែក បើសិនបងប្រុសគេគ្មានប្រតិកម្ម នាំនីយ៉ា…..»
គេស្ងាត់អាក់បន្តិចនៅពេលដែលនិយាយឈ្មោះនាងផ្អែមល្ហែម ព្រោះក្រឡេកឃើញសាម៉ោះទម្លាក់ទឹកមុខឱនគេចចេញ គេធ្វើខែងរ៉ែងគ្រហែមនិយាយបន្ត៖
«នាំប្អូនស្រីគេមកឱ្យខ្ញុំ!»
សាម៉ោះនៅស្ងៀមឱនលំទោនដដែល ប្រុសច្បងក៏បន្ត៖
«ខ្ញុំអាចធ្វើឱ្យបងប្រុសគេ ហោះមកកោះHភ្លាមៗបាន!»
ធម្មតាឥន្ត្រាជាមនុស្សម៉ាត់ណាម៉ាត់ហ្នឹង។
តាំងពីដើមមក ការងាររបស់គេ រាល់ការសម្រេចចិត្ត រាល់បទបញ្ជា តែងតែត្រូវបានកូនចៅគោរពកោតខ្លាច ខ្លាំងជាងយូស៊ូទៅទៀត ម្ល៉ោះហើយយូស៊ូមិនសូវមានសម្ពាធ តែងតែមានពេលវេលាដើរលេងកម្សាន្តចិត្ត ប៉ុន្តែពេលនេះមិនត្រឹមតែសាម៉ោះទេដែលសង្ស័យថា តើឥន្ត្រាប្រុងធ្វើយ៉ាងណាចំពោះចន្ទនីយ៉ាម្នាក់នោះ បើវេលាកំណត់ប៉ូលិសជានៅតែផ្គើនមិនព្រមបញ្ជូនឪពុកគេត្រលប់មកផ្ទះវិញ។
ពេលនេះកុំថា ឡើយសាម៉ោះលបគិតវែងឆ្ងាយ សូម្បីតែឥន្ត្រាខ្លួនឯង ទោះណាគេហានិយាយដាច់ណាត់ ក៏នៅទីជម្រៅនៃបេះដូងមួយនេះ នៅតែបន្តលោតរន្ថើនសួរខ្លួនគេថា តើគេហ៊ានធ្វើយ៉ាងណាចំពោះនីយ៉ា?
ហ៊ានបោះបោកនាង ចងនាង ហ៊ានថតវីដេអូនាងផ្ញើទៅបងប្រុសនាង ដូចកាលដែលគេមិនដែលស្គាល់នាងពីមុននោះដែរឬក៏យ៉ាងណា?
«ប្រាប់យូស៊ូ បើគង់មិនចេញទូកទៅណាដដែលទេ យប់នេះញ៉ាំបាយជាមួយបង!»
គេតាំងចិត្តនេះគឺចង់ជួបប្អូនប្រុសពៅ នឹងអាលបានលួងលោមទុក្ខសោកស្នេហ៍ក្នុងទ្រូងនាយ។
សាម៉ោះសួរវិញ៖
«នៅទីនេះឬក៏នៅកន្លែងគាត់ បង?!»
«ទៅកន្លែងវា!»
ថាចប់ គេបែរក្រោយដើរសំដៅទ្វារបន្ទប់ ប្រុងថាចាកចេញទៅស្ងប់លំហែម្នាក់ឯង លោតចុះឡើងឱ្យដូចត្រីផ្សោត បំបាត់ផ្ញើបណ្តាទុក្ខព្រួយកង្វល់ឱ្យរលកទឹកជួយដោះស្រាយមុនពេលឡើងទៅជួបជុំបាយល្ងាច ក្រេបជាតិស្រវឹងជាមួយប្អូនប្រុស។
ទ្វាររបើកខ្វាក….អ្នកណាម្នាក់បង្ហាញខ្លួនដោយមុខស្រពោន។
សរសៃសក់កែវល្អ រលើបរលោងទន់ល្មើយស្មើសូត្រ វែងអន្លាយបក់រវិចៗ ធ្វើឱ្យប្រុសស្អាតភាំង។
ចំណែកសាម៉ោះដែលនៅក្រោយខ្នង ឥន្ត្រាក៏ភាន់ភាំងដែរព្រោះដឹងថា នាងមិនគួរមកដល់ទីនេះដោយខ្លួនឯងឡើយ។
ទ្រនិចនាឡិកាចោលហួសទៅ ប្រុសស្រីទាំងពីរបានត្រឹមសម្លឹងមុខគ្នាមិនមាត់មិនក។ មិនថាឥន្ត្រាកំពុងឆ្ងល់ ហេតុអីបានជានាងខឹងជាមួយសង្សារ ចាកចេញពីទីនោះមកដល់បន្ទប់ចុងឆ្នេរនេះបាន នាងស្គាល់ទីនេះច្បាស់កម្រិតណា? ឯខាងនីយ៉ាក៏មិនដឹងនិងគ្មានចម្លើយដូចគ្នាថា ហេតុអ្វីនាងមកដល់កន្លែងនេះ។
«យកខ្ញុំទៅភ្នំពេញវិញ! ឆាប់ឡើង ហៅហេលីកុបទ័រខ្លួនមកឥន្ត្រា!»
ប្រុសស្អាតរង្គើស្មាញញឹម។
ឥរិយាបថល្អបន្ទាប់ពីការហ្វឹកហ្វឺន ក្រៅពីកម្ចាត់ភាពខ្ជិលច្រអូសថែមទាំងជួយឥន្ត្រាពង្រឹងសាច់ដុំរាងកាយ កាយវិការរវាសមាំសង្ហា ទាក់ភ្នែកនាង។
ស្រីប្រុងបញ្ជាគេបន្ថែមញ៉ែតៗ លុះប្រទះស្នាមញញឹមកម្ររបស់នាយ នីយ៉ាហាក់ភ្លឹក។
យូរមកហើយ ស្គាល់គ្នា ប៉ះគ្នាញយ តែស្រីក្រមុំយើងនេះប្រហែលមិនធ្លាប់មានអារម្មណ៍ចាប់បានឡើយថា ឥន្ត្រាម្នាក់នេះ គេមានផ្ទៃមុខសង្ហាៗ ពេលញញឹមឌឺៗដាក់សត្រូវ ជាពិសេសនៅសុខៗដែលហ៊ានមកបង្ហាញមុខទីនេះកណ្តាលយប់ព្រលប់ ហើយចេញបញ្ជាស្រួយស្រិបឱ្យគេហៅឧទ្ធម្ភាគចក្រមកទៀត?
«ឥន្ត្រា! ខ្ញុំចង់ទៅភ្នំពេញវិញ!»
គេសើចតិចៗ មិនមើលមុខនាងឡើយ។
គេមិនមាត់….ហើយចង់រក្សាភាពអត់ធ្មត់បែបនេះរហូតដល់ទៅ ប៉ុន្តែត្រចៀកនៅតែផ្ទៀងស្ដាប់ដង្ហើមហត់ៗរបស់នាង។
«ខ្ញុំអត់ចង់មកកោះHទេ!» នាងបន្ថែម។
«គ្មានអ្នកណាសួរយើងថាចង់មិនចង់ទេប្អូនប៉ូលិស!»
«កុំនិយាយសម្តីរបៀបបិសាចទឹកកកដាក់ខ្ញុំ!»
សូរសំឡេងព្រមានរបស់នាងពេលនេះ លាយខឹងផង លាយអន់ចិត្ត និងមានខ្លះរអាក់រអួល បង្ខំធ្វើប្រុសស្អាតដកដង្ហើមវែងៗ ដៀងភ្នែកសម្លឹងមក។
ម្រាមដៃរបស់នាងកាន់ចូលគ្នា បញ្ជាក់ថានាងកំពុងតែភ័យ ខុសប្លែកពីសំឡេងរបស់នាងដែលបញ្ជាមកគេធ្វើពុតជាហ៊ឺហាក្លាហាន។
«ថ្ងៃមុន! ថ្ងៃមុន ខ្លួននិយាយថា…ចាប់ខ្ញុំមកកោះH គឺធ្វើខុសហើយបានសុំទោសខ្ញុំ!»
ឮសម្តីនាងកាលណា សាម៉ោះយល់ថា ខ្លួនជាចំណែកលើស ត្រូវសសៀរដកថយទៅក្រៅបន្ទាន់សិន ព្រោះមើលយ៉ាងណាឥន្ត្រានិងនីយ៉ានៅតែមិនដូចសត្រូវគ្នា។
នាងងាកចេញទុកឱ្យសាម៉ោះដើរ។
គេទៅមុនទាន់ផុតបានប៉ុន្មានផង ស្រីស្អាតនិយាយឡើងទៀត គឺសម្លឹងស្រទន់អង្វរៗទៅរកឥន្ត្រា៖
«អ៊ីចឹង….ថ្ងៃនេះហេតុអីក៏ធ្វើខុសម្ដងទៀត?»
បុរសខាំមាត់។ គេលូកចាប់កដៃនាង ហើយទាញស្រីតូចចូលក្នុងបន្ទប់។ ដៃរៀមចង្អុលទៅកាន់ទូរស័ព្ទដៃនៅលើពូក ដែលគេបោះក្បែរៗកាំភ្លើងនិងសោអូប័រ។
សម្ភារៈទាំងអស់នេះ ពូកមួយនេះនាងធ្លាប់គេង គ្រប់យ៉ាងនៅទីនេះធ្វើឱ្យស្រីស្អាតរំឭកឃើញបណ្តាអនុស្សាវរីយ៍ដែលទើបតែកន្លងទៅថ្មីៗ។
កាលគ្រានោះមិនទាន់ស្គាល់ចិត្តគ្នាច្បាស់ ហេតុអ្វីបានជាពេលនេះមានអារម្មណ៍ខុសពីពេលមុនដាច់ស្រេច យល់ថាមានសុវត្ថិភាពពេលបាននៅក្បែរគេ ជាងនៅជាមួយយូស៊ូ?
មិនថាគេខំបិទបាំងធ្វើជាខឹង មិនថាគេបោះបោកទាញចូល មិនថាគេចាប់កដៃនាងឈឺ នីយ៉ានៅតែមានអារម្មណ៍ថានៅជាមួយឥន្ត្រា នាងមានការពិតជាច្រើនចង់បកស្រាយចង់ មិនមែនដូចកាលនៅជាមួយយូស៊ូ ត្រឹមមួយម៉ាត់ក៏នាងមិនមានកម្លាំងចិត្តចង់និយាយដែរ។
«ណេះ ទូរស័ព្ទទៅបងប្រុសខ្លួនទៅ! ហៅគេនាំប៉ាខ្ញុំមកនីយ៉ា!»
នាងលេបទឹកមាត់ពិបាកចិត្ត។ គ្រប់យ៉ាងដូចនឹងការទាមទាររបស់យូស៊ូ។ ចំណោទធំនៃគ្រួសារទាំងពីរមិនងាយពុនរែកទេ។ ស្រីចរចាតិចៗ៖
«ឥន្ត្រា យូស៊ូគិតបែបនេះហើយ ខ្លួនក៏គិតដូចគេដែរ?!»
ប្រុសញញឹមឈឺៗ ហើយតប៖
«ខ្ញុំនិងគេជាបងប្អូនគ្នា! ម៉ឺនយូជាប៉ារបស់ខ្ញុំ! គេគិតយ៉ាងណាខ្ញុំគិតដូចគេទាំងអស់ បើបងយើងមិនធ្វើមុន គ្មានអ្នកណាចាប់យើងមកទេ! បងប្រុសខ្លួនចាប់ចងនាំប៉ារបស់ខ្ញុំទៅភ្នំពេញ ដោយល្បិចថោកទាបដើម្បីឡើងតំណែងមែនអត់?»
ស្រីស្រែកប្រកែកតវ៉ា៖
«គ្មានល្បិចថោកទាបអីនោះទេ!…ពាក្យនេះទុកសម្រាប់មនុស្សកោះH….»
ផ្អាកនិយាយ…ព្រោះចង់ដៀលកប់ៗច្រើនសម្តីទៀតដែរ តែក្រឡេកមកខ្លាចកែវភ្នែកស្រឹមៗទឹកមុខស្មើៗរបស់គេ។
នឹកដល់ឥរិយាបថជាសុភាពបុរសដែលគេធ្លាប់មានជាមួយនាង ជាមនុស្សអាចជជែកហេតុនិងផល មានភាពអត់ធ្មត់ខ្ពស់ ជាគូសន្ទនាគួរឱ្យចូលចិត្តពេលនាងស្រវឹងខឹងប្អូនគេ គេថ្នាក់ថ្នមថែរក្សាការពារលើកទឹកចិត្តនាង ស្បែកស្រីបន្តិចក៏គេមិនប៉ះពាល់ មនុស្សនេះមានការគោរពខ្លួនឯងនិងគោរពសីលធម៌ បើឈ្លោះយកគេជាសត្រូវមែន នីយ៉ាស្តាយគេណាស់។
ងាកមកចំកែវភ្នែករបស់គេពេលនេះ ស្រីសង្កេតឃើញពោរពេញទៅដោយសេចក្ដីទុក្ខសោកជ្រាលជ្រៅ ដែលគេលាក់លៀម។
នាងសម្រួលសម្តីនិយាយស្រួលៗវិញ៖
«រឿងប៉ាខ្លួន…..រឿងអ៊ំប្រុស ជារឿងគាត់និងប៉ូលិស! បើគាត់មិនបានធ្វើអ្វីទេ គាត់គង់តែមកវិញ! ចំណែកពួកខ្លួនចាប់ខ្ញុំមកដោយបង្ខំ ជាបទព្រហ្មទណ្ឌណា៎ដឹងអត់?»
«ភ័យណាស់! ឆាប់ខលហៅបងប្រុសខ្លាំងរបស់ខ្លួនឱ្យមកប្រើព្រហ្មទណ្ឌទៅ!»
«បងរបស់ខ្ញុំប្រាកដជាមក! មិនត្រឹមតែចាប់ប៉ារបស់ខ្លួនទៅ ថែមទាំងបន្ថែមរឿងប្អូនប្រុសដ៏ល្អរបស់ខ្លួនដែលភ្ជង់ខ្ញុំមកនេះទៀត! អ៊ីចឹងហើយ បានជាខ្ញុំអត់ចង់ឃើញសង្គ្រាមនេះ!»
ឥន្ត្រាសម្លឹងមុខនាង។
គេនឹកឃើញ…«សម្លាប់ប៉ូលិសដែលនិយាយការពិត មិនអាចលាងសម្អាតការពិតបានទេ!» វាជាសម្តីជេនដែលនិយាយជាមួយគេក្នុងបន្ទប់នេះមុនពេលជំពើបជាមួយខ្មាន់កាំភ្លើង។ គេភ្លឹកចងចិញ្ចើម។ ឆាកប្រយុទ្ធនៅព្រៃខាងក្រោយតើជាស្នាដៃប៉ូលិសបន្លំឬមានក្រុមទីបី?
គេមិនទាន់មានពេលគិតរឿងអស់នេះផង ព្រោះក្រោកមកត្រូវឃើញខ្លួនឯងដេកលើកោះបេះដូង ចំណែកឯដំណឹងប៉ាគេត្រូវនាំទៅភ្នំពេញ បានធ្វើឱ្យគេវិលវល់មកទល់ឥឡូវ។ សម្តីជេននៅក្នុងការចងចាំរបស់ឥន្ត្រា«បើមនុស្សកោះHស្អាតស្អំ ឱ្យគេស៊ើបទៅ មិនចាំបាច់ប្រើដៃជើងជាមួយសមត្ថកិច្ចទេ!»។
ឬមួយ….ពិតជាមានអ្វីមួយដែលជេនរកឃើញ បានជានាំប៉ាគេទៅ? ឬធ្វើនេះពាក់ព័ន្ធមនុស្សឈ្មោះពិសិដ្ឋ?
ប្រុសច្បងស្លុងលែងដៃពីស្រី ខណៈឮសព្ទសំឡេងលាន់មកតាមខ្យល់។
«អូហូ! ស្មានទៅនៅឯណា? មកកន្លែងនេះ? អាងខ្នង?»
ឮសំឡេងគេ គឺយូស៊ូ នីយ៉ាផ្លាស់ប្តូរទឹកមុខទោមនស្សដូចជួបជាមួយសត្រូវពាន់ឆ្នាំ។ ស្រីថយចូលក្នុងនិងឈានមកពីក្រោយខ្នងរបស់ឥន្ត្រា ដោយធ្វើមុខមាំ សម្លក់ឥដ្ឋ។
ឥន្ត្រាលបលួចតាមដានគូស្នេហ៍ទាំងទ្វេក្នុងទឹកមុខស្ងប់ស្ងាត់។



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ