រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី៥០

ងាកទៅមើលប្អូនប្រុស គេគេងលង់លក់ នៅក្នុងភាពស្រវឹងជោកជាំទៅដោយជាតិសុរាក្លែមវិបត្តិស្នេហ៍។

«យូស៊ូ! ក្រោក!» គោះផងហៅផង គ្មានឃើញកម្រើកបន្តិចណានោះទេ។

ពីកន្ទុយភ្នែក សាម៉ោះរត់មកជាមួយកូនចៅបីបួននាក់។

«បង អេលីកុបទ័រពួកប៉ូលិស​!​»

ប្រុស​ច្បង​មុខមាំក្របួចមាត់។ គេក្រោកឈរបោះជំហានវែងៗ នាំមុខគ្នីគ្នា​ដើរឆ្ពោះទៅកាន់ប្រភពនៃសូរសំឡេងយានលើមេឃ។

ខណៈពេលដែលសាម៉ោះរត់តាម​ដោយ​ឱនត្រងត្រាប់ស្ដាប់បញ្ជារបស់នាយ ឥន្ត្រាពោលស្រាល​ៗ​​៖

«ដាក់មនុស្សការពារនិងនាំយូស៊ូចូលបន្ទប់!​»

គេងាកមកមើលជុំវិញខ្លួន​រួចបញ្ជាបន្ថែម៖

«ហៅមនុស្សមកថែម ទៅវាលបៃតង​!​»

វាលបៃតង ដែលជាទូទៅពួកគេ​អាចចុះចតឧទ្ធម្ភាគចក្របានយ៉ាងស្រួល។ មិនថាវាលនេះជាកម្មសិទ្ធិរបស់កោះHក៏ដោយ ក៏គេអាចស្មាន​ដឹងបានថា មនុស្សមកពីភ្នំពេញ ប្រាកដជាមើលឃើញវាលនេះ ថាជាចំណតល្អមិនរំខានដូចវាលដទៃ។

ដើរក្នុងល្បឿនស្មើអ្នកដទៃរត់ ប្រុសសង្ហា​លើកទូរសព្ទបណ្តើរចុចត្រលប់ទៅជេនជាមួយសព្ទសំឡេងឌឺ៖

«ស្វាគមន៍មកកាន់កោះH»

ជេនដ្បិតមិនបានបើកវីដេអូ ប៉ុន្តែបានតបសំឡេងមកវិញភ្លាមៗដែរ៖

«មកដល់យប់ជ្រៅបន្តិចហើយ សង្ឃឹមថានៅមានDinnerទទួលកងកម្លាំង និងសុំស្នាក់មួយយប់!​»

«ប៉ាខ្ញុំនៅឯណា?​»

«មកទទួលគាត់ផង ចុះចតហើយ!​»

ឥន្ត្រាសម្លឹងទៅរលកផ្សែងលើជើងមេឃ។

ប្រុសផ្ដើមបង្កើនល្បឿនរត់សំដៅទៅកាន់ប្រភព នៅខណៈពេលដែលកូនចៅទាំងប៉ុន្មានក៏រត់ស្រទៅតាមជាមួយគ្នា។ ពីចម្ងាយ ភ្នែកមុតស្រួចសំដៅទៅរកជំនិះដែលចុះចត ព្រោះចង់ឃើញមុនគេគឺវត្តមាន​ឪពុកដែលខ្លួនបានបែកមួយថ្ងៃដូចជាមួយឆ្នាំ ពីរថ្ងៃដូចពីរឆ្នាំ។

បក្សីយន្តបន្ទាបខ្លួនយ៉ាងស្ទាត់ជំនាញប៉ះផ្ទាល់ប៊ឹបលើព្រះធរណីនៃដែនដីកោះ ខណៈពេលដែល ប្រុសច្បងមកដល់ពីចម្ងាយ ហើយហ្វា​ជាច្រើនរបស់កូនចៅគេបានបាញ់តម្រង់ទៅរកបក្សីយន្ដតូច។

ទ្វាររបើក ឧត្តមសេនីយ៍វ័យក្មេងឈានចុះមកមុន បន្ទាប់មកគឺបុរសចំណាស់ដែលឥន្ត្រាបាន​ឃើញពេលណាក៏ធូរចិត្តពេលនោះ។

«លោកម្ចាស់អញ្ជើញមកហើយ​!​» សាម៉ោះស្រែកឡើងដោយ​ញញឹមញញែម ខណៈឡានស៊ីបរបស់ឪពុកគេ គឺពូBill ជ្រៀតង៉ោងលើខ្សាច់បើកមកដល់ខ្ទររាត្រីដើម្បីទទួលចៅហ្វាយ។

ម៉ឺនយូលើកដៃពីចម្ងាយស្វាគមន៍កូនប្រុសនិងគ្នីគ្នា ចំណែកឧត្តមសេនីយ៍ជេនដោយឫកពាខែងរ៉ែងតម្រង់មករកឥន្ត្រា។

បុរសទាំងពីរ នៅក្នុងដៃតម្រង់រកគ្នាទឹកមុខម្នាក់មាំ ម្នាក់ញញឹមជឿជាក់ ពិតជាបង្កើតនូវទស្សនីយ​ភាពកណ្តាលយប់នៅលើកោះH ឱ្យគគ្រឹកគគ្រេង។

«ប្អូនស្រីខ្ញុំ…!​»

ប្រុសមានសមត្ថកិច្ច​ គេនិយាយត្រឹមតែ​បីម៉ាត់នេះ ជាសំណួរដោយមិនចាំបាច់ចោទសួរ ដាក់ទៅកាន់ប្រុសស្អាតកោះH តែឥន្ត្រាធ្វើមិនព្រឺមិនខ្វល់ជាមួយនឹងឧត្តមសេនីយ៍លេងទឹកមុខម្នាក់នេះ។

ប្រុសច្បង​ ឈានទៅក្បែរឪពុកជរា ទ្ររាងកាយបុរសចំណាស់ដោយការយកចិត្ត​ទុកដាក់ខ្លាំងនិងទុកវត្តមានជេនដូចជាខ្យល់រាត្រីឥតន័យខ្លឹមសារ។

ការនេះធ្វើឱ្យម៉ឺនយូបានចិត្ត​ លួចដៀងសម្លឹងជេន។ គាត់ចង់ដឹងថា ឧត្តមសេនីយ៍យល់យ៉ាងណាដែរ ដែលអតីតមិត្តម្នាក់របស់គេ បានក្លាយមកជាកូនប្រុសរបស់គាត់ ទាំងចិត្ត​ទាំងកាយ និងពិតជាមានភក្ដីភាពខ្វល់ខ្វាយអំពីគាត់ជាងអ្នកណាៗទាំងអស់។

«រៀបចំកន្លែងទទួលភ្ញៀវឱ្យបានល្អកូន!​»

គាត់បង្គាប់ ធ្វើឱ្យឥន្ត្រាសម្លឹងមុខឪពុកដោយគ្រាន់តែ​ក្រឡេកគ្រាប់ភ្នែកបន្តិច ក៏មិនងើបមុខមកទទួលភ្ញៀវអ្វីដដែល។ ចិត្ត​គេកាត់យល់បានយ៉ាង​រហ័សថា ប៉ាគេ​ប្រហែលជាមានសេណារីយ៉ូថ្មី ជាមួយពួកមនុស្ស​មកពីភ្នំពេញ។

ជាការរំសាយចរិតឆ្មើងមិនមាត់មិនកមិនរាក់ទាក់របស់ឥន្ត្រា ម៉ឺនយូធ្វើជាគួរសមទៅកាន់ជេន៖

«ឧត្តមសេនីយ៍ នៅទីកោះនេះក៏មិនជនបទពេកដែរទាន! យើងមានម្ហូបរាត្រីឆ្ងាញ់ៗស្រស់ៗ ជាពិសេសគ្រឿងសមុទ្រ»

បុរសចំណាស់ពេញដោយកលល្បិច គាត់និយាយដោយញញឹមទៅកាន់ឧត្តមសេនីយ៍ម្នាក់ដែលចោមរោមទៅដោយកូនប៉ូលិសរត់តម្រង់មកតាម។

ពូBillឱនមកក្បែរចៅហ្វាយហើយសួរនាំ៖

«លោកបង រៀបចំទទួលភ្ញៀវនៅកន្លែងណា?!»

«នៅផ្ទះធំរបស់យើង!​»

ម៉ឺន​យូមិនទាន់ថាចប់ផង ជេននិយាយបន្ថែមទៅកាន់ជំនិតរបស់គាត់៖

«ជួយហៅប្អូនស្រីខ្ញុំមកផង!​»

Bill ងើបមុខពីម៉ឺនយូសម្លឹងមកឥន្ត្រាញ៉ាំងឱ្យគ្រប់គ្នា​ដៀងភ្នែកសម្លឹងទៅប្រុសច្បងដូចគ្នា។ ជេន​ក៏អាចស្មាន​ដឹងដែរថា មនុស្សម្នាក់នេះ ជាអ្នកទុកដាក់ប្អូនស្រីរបស់គេ។

ទោះបីយ៉ាងណា អារម្មណ៍សម្ងាត់នៃមនុស្សដែលធ្លាប់មាន​អតីតកាលកៀកស្មាជាមួយគ្នា បង្ក្រាបបទល្មើសធំៗ ជេន​នៅតែមានអារម្មណ៍ស្រេចថា ឥន្ត្រាមិនអាចធ្វើអីនីយ៉ាឱ្យឈឺចាប់នោះទេ។

«ខ្ញុំចង់ឃើញប្អូនខ្ញុំ លោកឥន្ត្រា!​»

លោកនាយតម្រង់សម្តីទៅកាន់គេ ម្ល៉ោះហើយមនុស្ស​ទឹកកកពិបាកក្នុងការ​ធ្វើព្រងើយបន្តទៀតបាន​។ គេវាចាតបខ្លី៖

«គេប្រហែលគេងលក់ហើយ!​»

ក្រៅពីឫកពាខែងរ៉ែង ចេញរបៀបដែលឥន្ត្រាវាចាសំដៅទៅលើស្រីស្អាត«គេ»និង«គេង»ដូចជាបង្កប់នូវភាពស្និទ្ធស្នាលម្យ៉ាង អ្នកណាស្តាប់ហើយ ក៏យល់ថាបុរសម្នាក់ៗ ប្រើពាក្យបែបនេះ ទៅកាន់«ប្រពន្ធឬក៏ស្រីស្នេហ៍របស់គេ»មិនមែនចំណាប់ខ្មាំងនោះទេ។

ជេនមិនមាន​អារម្មណ៍ល្អទេ ទោះណាជាមានអាកប្បកិរិយារៀបរយល្អ។

«ទោះគេង ក៏ត្រូវដាស់ប្រាប់ដែរ ថាបងប្រុសមកទទួល​!​»

គេធ្វើមិនឮ តែបេះដូង​ដកសន្សឹមៗចេញពីសុខទុក្ខឪពុក មកនឹកភ្នកដល់អនុស្សារនៃម្រាម១០ដែលនួនល្អក្រសោបសុំកិច្ចការពារ។

ឥន្ត្រាដឹងណាស់ថា នាង​នៅតែស្រលាញ់យូស៊ូ គ្រាន់តែនាងនៅខឹង ហើយការពិត​ដែលនាងពិបាកដោះស្រាយ គឺខ្លួនគេដឹងហើយ​ថា នារីនេះ​មិនមែនសម្រាប់គេ តែបេះដូងនេះ​ឈឺៗជាមួយឃ្លាដែលបងប្រុសគេថា នឹងទទួលយកប្អូនស្រីចាកចេញ។

ទឹកមុខឥន្ត្រាធ្វើងើយ ដូច​ចង់មកបញ្ជាក់មកប៉ូលិស​ជេនថា គេមិនសប្បាយចិត្តស្រាប់ទៅហើយចំពោះករណីដែលឧត្តមសេនីយ៍ហ៊ាន​សម្រេចបញ្ជូនខ្លួនគេ​ទៅកាន់កោះបេះដូងដោយគ្មានការអនុញ្ញាតនិងចំពោះករណីដែលវាយខ្នោះប៉ាគេ​បញ្ជូនយកទៅភ្នំពេញ ឥឡូវនេះទៀត នាំកម្លាំងលុក​លុយដល់កោះHដោយប្រើឧទ្ធម្ភាគចក្ររបស់ប៉ូលិសរំពងស្បៃរាត្រី។

«ផ្ទះធំយើងដូចជាមិនដែលទទួលមនុស្សអ៊ូអរគគ្រឹកគគ្រេងដល់ថ្នាក់នេះទេប៉ា!​»

ម៉ឺន​យូយល់ចិត្ត​កូនប្រុស​ដែលចង់បានភាពស្ងប់ស្ងាត់និងចង់ដេញពួកប៉ូលិសឱ្យចាកចេញ គាត់ខ្លួនឯងក៏មិនចង់ឃើញពួកប៉ូលិសទៅអុកឡុកដល់ផ្ទះធំ ខ្លាចថាអាចមានបញ្ហាចន្លោះប្រហោងកើតឡើងជាយថាហេតុ តែគាត់មិនអាចសម្រប ក៏បាននិយាយកាត់គំនិតកូនវិញថា៖

«អត់អីទេកូន! យើងខានអ៊ូអរយូរហើយ!»

ឥន្ត្រាញាក់ស្មា​ខណៈពុកប្រាប់បន្ត៖

«ហៅក្មេងស្រីនោះមកជួបបងប្រុសគេផងកូន ប្រាប់គេផង ថាយើងមិនបានចាប់ពង្រត់មនុស្ស!​»

ឥន្ត្រាទម្លាក់ភ្នែករិះគិត។ ដៃឆ្វេងប្រុសនៅពីលើខ្នងឪពុកដៃស្ដាំត្រឹមចង្កេះខាងមុខ នៅទ្រគ្រាហ៍ទាំងក្តីស្រលាញ់ តែបញ្ញា​ពន្យល់គេថា ពេលនេះឪពុកកំពុងតែបញ្ជាឱ្យគេប្រើពេលវេលាដ៏ខ្លី ដោះស្រាយលួងលោមឬយ៉ាងណាក្តី កុំឱ្យនីយ៉ានិយាយពាក្យណាមួយ អាចឈាន​ដល់ប៉ូលិស​ចោទបណ្ដឹងបាន​ជុំវិញរឿងចាប់ពង្រត់នាងមកកោះH។

«ឯណាប្អូនប្រុសឯង!​»

«ស្រវឹង! ដេកលក់បាត់ហើយប៉ា!»

ឥន្ត្រាខ្សឹបខ្សៀវ តែប៉ាគេ​អាចកាត់យល់ហើយ​ថា ស្នេហារវាងកូនក្រមុំគ្រួសារប៉ូលិសនិងកូនប្រុសកោះH កំពុង​ប្រែក្លាយទៅជាទុក្ខសោកដោយសារទំនាស់រវាងមនុស្សទាំងពីរភាគី។

«ឆាប់ទៅរកហៅក្មេងស្រីនោះ ឱ្យមកជួបបងប្រុសគេទៅ! ប៉ាដើរខ្លួនឯងបាន!»

គាត់បោះដៃទៅរកBill ឱ្យទទួលគ្រាហ៍គាត់ពីដៃឥន្ត្រា។ ជន​ជរាស្រវេស្រវាឡើងលើឡានហ្ស៊ីប​​ខណៈ​ពេលដែលគាត់លើកអញ្ជើញប៉ូលិសជេន​ឱ្យឡើងមកអង្គុយក្បែរ។

Bill ក្រោយបដិសណ្ឋារកិច្ច​ហើយ​ក៏ត្រលប់ឡើងទៅកន្លែងបើកឡានវិញ​ ខណៈពេលម៉ឺនយូចេញបញ្ជា៖

«ទៅផ្ទះធំ!​»

ឥន្ត្រាច្រត់ចង្កេះសម្លឹងប៉ូលិសជេនដែលចាកចេញជាមួយឪពុក។

សាម៉ោះឈ្ងោកមកខ្សឹប៖

«បង! ខ្ញុំ…ទៅយក….ប្អូនស្រីប៉ូលិសមកផ្ទះធំឬក៏យ៉ាងម៉េច?»

គេមិនមាត់ ឱនមុខបន្តិច តែដៀងភ្នែកមួយត្រួសសម្លឹងក្រុមប៉ូលិសប្រដាប់អាវុធ។

មាត់ប្រុសបញ្ជាលាន់តិចៗ៖

«ទទួលពួកគេទៅ! បងទៅចុងឆ្នេរខ្លួនឯង!»

«អូប័រ​ខាងមុខ​បង!​» សាម៉ោះឆ្លៀតផ្តាំពីក្រោយជំហានញាប់ៗរបស់នាយ។

នៅលើផ្នូកខ្សាច់នាអាកាសត្រជាក់ល្ហឹម គេដើរសំដៅ​ជំនិះលើដែនទឹក ចិត្តនេះត្រូវបន្ធូរបាន​មួយអន្លើចេញពីលោក​ឪពុក ដែលឃើញថាបានត្រលប់មកផ្ទះវិញដោយសុវត្ថិភាព ទោះមិនដឹងថា ប៉ូលិសជេន​មកតាមសំណាក់ឆ្លងយប់មាន​បំណង​អ្វី គ្រាន់តែដឹងថា បើប៉ារបស់គេបានប្រគល់ភារៈកិច្ចនៅក្នុងការលួងលោមស្រីស្អាតកុំឱ្យចោទយូស៊ូពីបទចាប់បង្ខំមក គេកំពុង​ត្រៀមធ្វើការងារនេះ។

នៅលើដែនទឹករងាឯកា គេបញ្ជាយានលាន់កម្ចាយភាពស្ងប់ស្ងាត់ បំបោលជុំវិញផ្ទៃជលសាបក​មក​​រកតំបន់ចុងឆ្នេរដាច់សន្លឹម។

ដ្បិតតែជុំវិញផ្ទះនេះ មាន​មនុស្សនៅរង់ចាំយាមកាមជាប្រចាំ តែភូមិអ្នកនេសាទក៏នៅឆ្ងាយបាំងពីក្រោយព្រៃកោងកាង ធ្វើឱ្យដែននេះមានសភាពអាថ៌កំបាំងក្នុងផ្សែងសន្សើម​ដូចទិព្វនិទាន។

ឈានតម្រង់ទៅ ប្រុសសង្ហា​យល់ថា ស្រីក្រមុំមិនបាន​គេងលង់លក់ដូចស្មាន​ឡើយ ព្រោះសំអាងទៅលើពន្លឺភ្លើងភ្លឺច្បាស់ជះមកពីក្នុងបន្ទប់។

គេរាដៃបណ្តេញ​ក្រុមបរិវារដែលស្ទុះមករង់ចាំបម្រើឱ្យត្រលប់ទៅសម្រាក ខ្លួនគេមួលចាក់សោ​បើកទ្វារចូលដោយមិនចាំបាច់គួរសមគោះឱ្យសញ្ញាជាមុន។

នៅក្រោមពន្លឺភ្លើងពណ៌មាស មនុស្សស្រីដេកផ្កាប់មុខដណ្ដប់ភួយជិតត្រឹមក រំសាយសរសៃសក់សូត្រ​វែងអន្លាយបង្អួតសម្រស់ស្ងប់សុខលើស័យនា​ប្រុសថ្លៃ។

ហួសចិត្ត​ថា នាងអាចខ្លាចខ្មោចបានជាមិនបិទភ្លើង ឬអាចច្រឡំលក់មួយភាំងទៅក្នុងទុក្ខព្រួយ។

ឈានមកក្បែរ គេ​ធ្វើមុខមាំសម្លឹងច្រមុះតូចនិងបបូរមាត់ណែន។

ស្រីពូកែជេរមិនជាន់ពាក្យកាលពីជួបគ្នា​ថ្មីៗ ក្រោយមកក្លាយជាកង្រីស្មោះហ៊ានស្លាប់ព្រោះយូស៊ូ ចំណែកចុងក្រោយនេះ កាឡាខ្លួនក្លាយមកជានារីគ្មានបេះដូង មិនអភ័យឱ្យសង្សារ។

រាងកាយ​ទន់ល្មៃផ្កាប់មុខលើគ្រែរបស់គេ ធ្វើដូចនាងជាកម្មសិទ្ធិរបស់ទីកន្លែងនេះ​តាំងពីពេលណាមក?

គេសើចមួយចំហៀងមាត់ហួសចិត្តហើយនិយាយ៖

«កន្លែងនេះក្លាយជាអូតែលសាធារណៈតាំងពីអង្កាល់​!​»

នាងមិនកម្រើកខ្លួន ​​មិនឮ មិនមាន​ប្រតិកម្ម។ ប្រុសបោះចង្កោមសោអូប័រទៅលើពូកផាំង នាង​ព្រិចភ្នែក។

«ក្រោក!​»

គេហៅ ធ្វើឱ្យនារីប្រែកាយតិចៗ។

បង្ហើបភ្នែកមើលមុខម្ចាស់បន្ទប់មិនបាន​មួយព្រិចផង ក៏បិទទៅវិញដោយជ្រួញថ្ងាស។

នាង​រអ៊ូសួរ៖

«មនុស្សចង្រៃនោះទៅបាត់ឬនៅ?​»

«មនុស្សចង្រៃណា!​»

«យូស៊ូប្អូនប្រុសរបស់ខ្លួនហ្នឹង មនុស្សក្បត់ចិត្ដម្នាក់ហ្នឹង!​»

ស្រីឆ្លើយទាំងជ្រួញចិញ្ចើម ប្រែខ្លួន​សម្ពឹកចុះឡើង មិនបើកភ្នែក។

«ស្អីគេក្បត់ចិត្ដ?!»

នាង​កម្រើកមាត់ គ្រវីស្មា​ធុញថាគេនេះមករំខានដំណេក។

«អ្ហូយ! ខ្ជិលនិយាយ! គ្មាន​ពេលមកពន្យល់អក្សរសាស្ត្រខ្មែរអីថ្មើរហ្នឹងទេ ម៉ោងគេង!»

ឥន្ត្រាគ្រញែងស្មា​បែរខ្នង ប្រុសថាទៅ​ចាក់ទឹកក្រេបស្រាប់តែសំឡេងនាងបន្ថែម៖

«ចេញហើយ បិទទ្វារឱ្យផង!»

«ស្អីគេ បន្ទប់របស់អ្នកណា?​ ចេញទៅណា?​»

នាង​បើកភ្នែកមមី ចាញ់ពន្លឺបិទបើកៗចុះឡើងហើយ​តវ៉ា៖

«ហើយ….ប្រុងដេកហ្នឹង​ដែរ​​​? គ្រែតែមួយហ្នឹង?​»

ក្នាញ់មនុស្សស្រីធំតែមាឌចង្អៀតតែមុង មកទ្រមក់ដេកបាន​ក្នុងកាលៈទេសៈបែបនេះ​ ប្រុស​លូកដៃទាញនាង​ឡើង៖

«ចុះពីកន្លែងខ្ញុំប្អូនប៉ូលិស! ថាឱ្យក្រោក!»

«ចង់យកខ្ញុំទៅណាទៀតហើយ?​» នីយ៉ានិយាយទាំងអន្លាយៗធ្វើឱ្យដៃប្រុស​នៅគាំង ចិត្តទោរទន់នឹកឃើញដល់គ្រា​មួយ ដែលស្រីស្អាតប្រឈមមុខនឹងខ្មាន់កាំភ្លើងចាប់ពង្រត់យកទៅប្រហារ ធ្លាក់លិចលង់កណ្តាលផ្ទៃទឹកសឹងតែរបូតផុតជីវិត។ កាលណោះនាងត្រូវបានគេសង្គ្រោះលើកយកមកពីក្នុងជលសា។ នៅលើស្មារបស់គេ ដែលស្ពាយនាងឆ្ពោះទៅរកឧទ្ធម្ភាគចក្រ នាង​ក៏ធ្លាប់មានសំណួរដ៏អស់សង្ឃឹមនេះដែរថា«គេនាំនាងទៅធ្វើបាបនៅកន្លែងណាទៀតហើយ!​»។

ឥន្ត្រា​ដកដៃ​ហើយនិយាយ៖

«បងប្រុសអ្នកខ្លះ មកអុកឡុកកោះHទាំងយប់សួររកប្អូនស្រីឆ្នាស់ឆ្នើមរបស់គេ!»

នីយ៉ា​បើកភ្នែកខ្វាក​ភ្លឺចែសដូចជាមុននេះមិនបានខ្ជិល មិនបានងោកងុយ។

ទើសចិត្ត​គួរសម​ ដែលឃើញគេស្រលាញ់បងប្រុសគេយ៉ាងនេះ ប្រុសស្អាត​ទម្លាក់ភួយចោលធ្វើគ្រវាត់គ្រវែងសម្តែងថា​ និយាយពីបងនាង គេធុញនិងស្អប់។

ភួយរបើកបង្ហាញពីចង្កេះចុះមកកំភួនជើងសស្ងាច សំពត់ស្រី​ បាំងខ្លះអាក្រាតខ្លះ​ ធ្វើឱ្យឥន្ត្រាក្រហមមុខងាំងប្រញាប់ទាញ​ភួយគ្រប់ឱ្យវិញ។

នីយ៉ា​ក្រសោប​ផាហ៊ុម​បិតបាំង ហើយសម្លក់ផងអៀនប្រៀនមិនចាញ់ឈ្នះគ្នា។

«គ្មានអ្នកណាដឹងថា….​»

គេបែរមុខចេញ​ដោយនិយាយបែបនេះ​រួចឈប់កណ្តាលផ្លូវ ដូចចង់ប្រាប់ថា មិនស្មានថាសំពត់នាង​បែបនេះ បានជាគេគ្រវាត់គ្រវែងផាហ៊ុម តែណ្ហើយ រកពាក្យ​និយាយមិនបានសម​ នរៈក៏ឈប់។

ជាការបន្លប់ ទងវងស្រី​ធ្វើជាទាញដូរបង្វែរ​ប្រធានបទ៖

«ជូនខ្ញុំទៅរកបងជេន​!​»

ឥន្ត្រាបែរខ្នង ទុកពេលឱ្យនាងរៀបរយក្រោក​។ មាត់រៀម​ឆ្លើយតបទាំងបែរខ្នងទៅចាក់ទឹកក្រេប៖

«ហើយអង្គរក្ស ឬអ្នកបម្រើពីអង្កាល់?​»

ស្រីស្អាតងើបឡើងឈរពេញលេញ​និង​រលាស់សក់ដើរមកក្បែរគេវាចាតបឥតសំចៃ៖

«អ្នកណាយកខ្ញុំមកនៅហ្នឹង​?​»

«អត់ដឹង ក្រែងមកខ្លួនឯង!​»​​

«មិនមែនបន្ទប់នេះទេ ចង់និយាយថា អ្នកណាចាប់ខ្ញុំយកមកកោះH?​»

គេដាក់កែវចុះ ងាកមក​ធ្វើស្មើៗនឹង​ឫកពាខែងរ៉ែងរបស់ស្រី នៅពេលឮថាបងប្រុសប៉ូលិស​មកដល់​។ ឥន្ត្រា​ញញឹម​ឈាន​មកនៅកៀកក្បែរដូចជាចង់មើលថា តើគេចង់ទៅនេះមិនស្រណោះយូស៊ូអីបន្តិចទេ គេកំពុងកើតស្រវឹងដេកដួល ស្រលាញ់នាង​ស្ទើរលេប ហើយចិត្តសម្ងាត់មួយទៀតលបសួរផងដែរថា «នាង​ពិតជាចង់ចេញពីចុងឆ្នេរឯកោនេះភ្លាមៗដោយគ្មានមនោសញ្ចេតនាអ៊ីចឹង?»

ជាមួយនឹងទឹកមុខស្រស់ញញឹមដាក់ក្បែរខ្លួនដែលរីករាយនឹងវត្តមាន​បងប្រុស ឥន្ត្រាកម្រើកបបូរមាត់និយាយឌឺដង៖

«ពីណាថាឱ្យទៅ?​»

ផាំង! នាងលើកដៃទាំងពីររុញទ្រូងគេសឹងតែរំកិលថយក្រោយបាន ព្រោះប្រាណប្រុសមិនបានត្រៀមលក្ខណៈថានាងដៃដល់និងមានប្រតិកម្មសែនរហ័ស។

«កុំលេងសើច ជូនខ្ញុំទៅជួបបងខ្ញុំភ្លាម!​»

«មកកន្លែងនេះបានដោយវិធីណា រកវិធីទៅវិញខ្លួនឯង!​»

នាងក្តិចគេ មាត់ចេចចាច៖

«ខ្ញុំសុំដោយសារ​ទូកមីងៗអ្នកនេសាទ ឥឡូវរំលងយប់ហើយមានអ្នកនេសាទឯណាទៀត?!»

«រឿងរបស់ខ្លួន!​»

ប្រុស​និយាយញាក់ស្មាដើរហួសពីនាង​ទៅ ប៉ុន្តែនីយ៉ាមានអារម្មណ៍ថា បុរសនេះនឹងជូននាងទៅទោះគេថយអង្គុយចំខែងពាក់កណ្តាលគ្រែក្តី។

«អង្វរក៏បាន!​» នាង​និយាយទាំងតាមសម្លឹងគេ ទឹកមុខស្រីពិតជាអន្ទះសា។

នរៈរង់ចាំឱកាសនេះ​ក៏គោះជើងច្រងាងលើគ្រែ ហើយនិយាយតិចៗ៖

«មានលក្ខខណ្ឌ!​»

«ស្អីគេ លក្ខខណ្ឌស្អីរញ៉េរញ៉ៃណាស់!​»

«បងប្អូនយើងហ្នឹងហើយរញ៉េរញ៉ៃ!​»

«អ្នកណា? បងប្រុសខ្ញុំមិនចេះសាំប៉ប្រែទេ កុំចេះតែថា!»

«កាន់ជើងបងណាស់ ស្រែកហៅបងឱ្យមកយកទៅខ្លួនឯងទៅ ខាងណេះចង់ដេក!​»

គេធ្វើជាស្ងាប ប្រុងផ្អែកខ្លួន នីយ៉ា​ធ្វើមុខជូរ។

«លក្ខខណ្ឌអី ម៉េចមិននិយាយ?!»

«ប្រាប់បងយើងថា ចង់នៅកោះHលេង!​»

នីយ៉ាហួសចិត្ត។ គេនិយាយបន្តដោយញាក់ចិញ្ចើម​ដាក់នាង​៖

«ហាមមិនឱ្យបងប្រុសយើងប្តឹងមនុស្សកោះHពីបទចាប់ពង្រត់!​»

ស្រីក្តាប់មាត់ក្រពាត់ដៃខឹង បានបន្តិចក៏និយាយ៖

«​កោតតែហ៊ានមកយកដៃបាំងមេឃ! ប្អូនខ្លួនភ្ជង់កាំភ្លើងដាក់ក្បាលខ្ញុំ មានសាក្សីឃើញគ្រប់គ្នា បើខ្ញុំមិននិយាយក៏បងស្រីខ្ញុំនិយាយដែរ!»

«បងស្រីរបស់យើង ដុកទ័រហាន់ដា ខ្ញុំក៏នឹង​ទៅដោះស្រាយជាមួយពេលក្រោយ​!​​​»

ស្រីទម្លាក់ដៃ ស្ទុះចូលមកក្បែរសួរនាំ៖

«កុំប៉ះពាល់គ្រួសារខ្ញុំឮនៅ?​»

«គេយកខ្ញុំទៅកោះបេះដូង ខ្ញុំនៅមិនទាន់និយាយរឿងពង្រត់ផង!​»

ប្រុស​ថាតបដោយសមម្លឹងឃ្លាំងមើលថា នាងបារម្ភពីបងប្អូនយ៉ាងជ្រាលជ្រៅ។ ស្រីតូចនេះ មានចិត្តសប្បុរសនិងបារម្ភខ្វល់ខ្វាយពីអ្នកដទៃសឹងមិនគិតពីសុវត្ថិភាពខ្លួននាងទេ ប្រការនេះហើយ ស្គាល់នាង​កាន់តែយូរ ឥន្ត្រា​កាន់តែលង់។

តើគេ….មានថ្ងៃបារម្ភពីយើង ដូចឫកពាគេពេលនេះដែរ?

ប្រុសលបគិតម្នាក់ឯង ដោយប្រើកែវភ្នែកល្ហល្ហេវមើលចំភ្នែកនួនល្អ។

«ប្អូនខ្ញុំដេកស្រវឹងជិតស្លាប់ហើយប្អូនប៉ូលិស! វាដេក​រង់ចាំឱ្យគេអត់ទោសឱ្យវា!»

«អាចចាំដល់ស្លាប់ខ្លួនទៅ!​»

ថាច្រែតមែន តែភ្នែកនាងរឹតតែបង្ហាញ​ពន្លឺថប់បារម្ភ។ ស្រីម្នាក់នេះ​នៅស្រលាញ់ប្អូនប្រុសគេ​ជ្រាលជ្រៅ ឥន្ត្រាក៏មើលដឹង។

2 Comments

  • Love book Posted February 16, 2023 9:52 pm

    ទោះឥន្រ្ទាមិនដៃដល់ដូចគីម៉ាលតែឲប៉ះគ្នាជាមួយប្អូនប៉ូលីសលើកណាក៏សម្តីចាក់ទឹកមិនលិចហើយណាមួយពាក្យ «ខ្លួន»«យើង»ស្តាប់ទៅពិរោះហើយផ្អែមល្ហែមរបៀបមនុស្សលង់ស្រឡាញ់គ្នាតែមិនបង្ហាញ។

  • Ty narom Posted February 16, 2023 11:35 pm

    ចង់ដឹងណាស់មនុស្សទឹកកកពេលណាទឹកកករលាយ

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*