រឿង៖ ចិត្តត្រួតត្រា ភាគទី៣០

នឹកគេណាស់!

នឹកដល់យប់មួយដែលគេបង្ខំ​នាងទៅចួប នាងស្អប់និងយំ តែពេលនេះនាងញញឹម​ពេលមើលមុខគេក្នុងរូបថត។

លីនដេកឱបរូបថតតាំងពីពេលណាក៏មិនដឹងទេ រហូតដល់…..

ដៃរបស់គេរុំជុំវិញចង្កេះរបស់នាង និងទាញឱ្យទៅកៀកក្បែរគេ។ ឈុតគេងឱបគ្នា​នេះ ជាពេលវេលាមានសន្តិភាពនិងស្ងប់សុខបំផុតចាប់តាំងពីជីវិតលីនមានគូខាន់។

មិនដែលគិតថា គេមាន​ចិត្ត​អំណត់ឱបនាងស្ងាត់ៗ មិនធ្វើអ្វីនាង ហើយនៅជាមួយនាង​មើលនាងគេង​។

«CEOម៉ោងប៉ុន្មានហើយ!»

«មិនខ្វល់ទេកូនជ្រូកល្មោភដេក!»

ស្រីបែរខ្នងរកគេ ចង់បើកភ្នែក​តែលង់លក់វិញទៀត។ ដៃគូខាន់លើកចង្ការបស់នាងសម្លឹងមើលសេចក្តីសុខក្រោមភាពល្ហិតល្ហៃ។

នឹកដល់ពេលនាងពោលប្រាប់ក្បែរអាងត្រាំខ្លួនថា«ខ្ញុំហត់ណាស់!»។

គូខាន់សើចពេលនឹកឃើញអាការៈនាងថើបមាត់គេដូចស្រេកឃ្លានស្នេហ៍។ ប្រាណគេឡើងកម្ដៅ នាគរាជគេឡើងរឹងសម្តែងឫទ្ធិ ចំណែកខាងស្រីដេកលក់ដោយដង្ហើមធូរស្រាលវែងៗងប់ងល់ស្កប់ស្កល់​​។

«​មិន​អី​ទេ ឯងអត់បំពេញតណ្ហាក៏បាន ឱ្យតែបានមើលមុខគេគេង!»

គូខាន់គិតហើយបន្តសម្លឹងនាងមានក្តីសុខ។ ពេលនេះ​ក្នុងឈុតនេះ លីនដូចជាក្មេងសេចក្តីពេកណាស់ ធៀបនឹងបងស្រីម្នាក់ដែលការពារប្អូនកាលពីជំនាន់គេខឹងនាង​។

នាង​ឱបរូបថតគេនៅឡើយ ក្រោមដង្ហើមលង់លក់ គេដកវាទុកទៅក្រោម ហើយផាត់សក់ស្រីដោយម្រាមពីរ។ គូខាន់នឹកឃើញ​ពេលដែលគេខឹងនាង​ច្រលោតនិងសង្កត់លីនលើសាឡុងនៅកន្លែងធ្វើការ។ អាណិតនាង នាង​ប្រហែលភ័យ ហើយនាងឈឺខ្លាំងពេលគេចាប់ក្របួចសក់នាង​។

ពេលនេះក្នុងកាបូបប្រេន​ដែលលីនដើរចោល​ហើយប្រុសបងយកមកលើឱ្យ ទូរសព្ទរបស់នាង​បន្លឺឡើង។ សម្រាប់គូខាន់គេមិនចង់ឱ្យមាន​អ្នកណារំខានស្រីស្នេហ៍ដាច់ខាតក្នុងវេលានេះ ប៉ុន្តែវានៅក្នុងកាបូប ឆ្ងាយដៃ បិទមិនបាន ព្យាយាមមិនអើពើរឹតតែឮឡើងៗរហូតលីនប្រែខ្លួន។

«ទូរសព្ទខ្ញុំ?!»

«បិទទៅ!»

គេបញ្ជា។​ លីនញីភ្នែក ស្ងាត់ហើយនាង​ក៏ចង់ដំអក់ក្បែរទ្រូងគេ​ ប៉ុន្តែ​ពេល​វា​ឈប់ឮបានបន្តិច​ ក៏​ចាប់​ផ្តើម​ឡើងវិញម្តង​ទៀត។

នាង​ក្រោក រំពៃ​រក​បើក​កាបូប ឃើញនៅលើតុ ក៏ដើរ​ទៅ​ទាញ​ទូរសព្ទ​ចេញមក។ គឺបងថ្លៃស្រី។

«ខ្ញុំ…ត្រូវតែទទួល! សុំទោសណ៎ា មួយភ្លែតទេ!» ស្រីនិយាយដោយដើរចេញវែកវាំងននទៅក្រៅវេរ៉ង់ដាទៀត។ ពីក្រោយខ្នង​ ភ្នែក​របស់ប្រុសស្នេហ៍មិច​តាម​ដាននាង​។ អ្នកណាទៅសំខាន់សម្រាប់លីនថ្មើរណេះ? ហេតុអ្វីចាំបាច់ចេញក្រៅនិយាយ?

ស្នូរជើងគេ​ដើរមកទឹបៗ​តាមមកពីក្រោយ ​ពេល​លីនកំពុងចុច​​ឆ្លើយ​ទូរសព្ទ។

«បងខ្ញុំម៉េចហ្នឹងបង?»

«កុលាប! មានរឿងធំហើយ! មកភ្លាមម៏»

បេះដូងលីនគាំង មាត់ទើរសំណួរច្រើន តែចេញពីក្បាលមិនរួច នាងដូចកំពុង​ខ្វះអុកស៊ីសែនដើម្បីដកដង្ហើម។

«មានរឿងអីបង?» ស្រីខំ​ផ្ទប់បិទត្រចៀកម្ខាងព្រោះចង់ផ្ចង់ស្តាប់។

«អូខេ ខ្ញុំទៅដល់ភ្លាម» ដៃលីន​ចុច​ដៃ​ទៅលើប្រអប់​ទ្រូង​ និងសន្យាយ៉ាងញាប់ធ្វើឱ្យគូខាន់ឱនសម្លឹង។

នាង​វាចាប្រាប់គេ៖

«ខ្ញុំ​ត្រូវ​ទៅផ្ទះ» លីនរត់ទៅទៅរកទ្វារវង្វេងរង្វាន់ ព្រោះនេះជាផ្ទះរបស់គូខាន់ដែលនាងមកជាលើកទីមួយ​។ កាលឡើងមក គេបីនាង​ឡើង មិនមែន​នាង​រកផ្លូវឡើងមកខ្លួនឯងទេ។

​ប្រុសទាញដៃមកវិញដោយទន់ភ្លន់ហើយសួរខ្សឹប៖

«អ្នកណាកើតអី? ទៅទាំងពាក់ខោអាវនេះ?!»

ស្រីហាមាត់ នាង​ចង់និយាយតែនិយាយមិនចេញបានត្រឹមរលីងរលោង។

យល់ថា អ្វីមួយ​ពិតជាធំហួសហេតុកំពុងកើតឡើង។ គូខាន់ងក់ក្បាល៖

«បងបើកឡានទៅ!»

ប្រុសនេះបើកឡានយ៉ាងស្ទាត់និងដោយអំណត់មិននិយាយអ្វីទេ។ ដរាបណា គេស៊ីញ៉ូអែបទោះឡានមិនទាន់ឈប់ផងក៏លីន សឹងតែ​លោតចេញ។ គេស្រែកដាក់នាង ប៉ុន្តែគ្មានន័យ….

«ប្អូនស្រីរបស់ខ្ញុំ!»

សម្រែកលីន​ស្រែកដាក់ប៉ូលិសនិងរបាំងហាមឃាត់ ឡានពេទ្យ….គូខាន់ត្រូវចំហមាត់។

​មន្ត្រី​ប៉ូលិស​ព្យាយាម​រក្សា​ទប់នឹង​ការត្បុលរបស់លីន។ នៅទីនោះ គេលើកអ្នកស្លាប់ដាក់ឡានពេទ្យ។

«ហាសិកា​!» នាងស្រែកឡើង ដូចខាបយកព្រលឹងរបស់គូខាន់ដែរ។

លីនកញ្ជ្រោល ប្រុសចាប់ដៃនាង​វិញ ឃាត់ខ្លាចចូល​ជិតទៅលីនត្រូវ​​ឡាន​ពេទ្យកៀរ។ ទាញមិនឈ្នះ គេចាប់ឱបឃាំងរាងកាយស្រី។

ជំពូក

អាថ៌កំបាំងនៃមរណភាព

៨ថ្ងៃរំលងផុត…..

ក្នុងនាមជាបងស្រី ៨ថ្ងៃមកនេះ លីន​ធ្វើបុណ្យឱ្យប្អូនស្រី​ដែលធ្លាក់ពីដំបូលផ្ទះមកស្លាប់ និងកំដរបងប្រុសដែលដេកឈឺស្លុតក្នុងពេទ្យ រួចមករកការពិតនៅការិយាល័យប៉ូលិសជានិច្ច។

លីនមិនទទួលស្គាល់ទេពាក្យថា«ធ្វើអត្តឃាត»។

អានកំណត់ហេតុចង់១០០ដងហើយ នាងនៅតែបន្តអាន«ប៉ូលិសបាន​រក​ឃើញសាកសពក្មេងស្រីជំទង់ឈ្មោះហាសិកា​ ​ស្លាប់​នៅ​លើកម្រាល​ថ្នល់កៅស៊ូក្រោមផ្ទះនាងផ្ទាល់! សាក្សីជាបងថ្លៃបាននិយាយថា​ក្មេងជំទង់មាន​វិបត្តិផ្លូវចិត្ត​ធ្ងន់ធ្ងរ ប្រុង​តែនឹងលោត ហើយ​អ្នកផ្ទះ​ឃាត់មិនទាន់!» លីនយំនិងខ្ទប់មាត់ចុះឡើងៗ ទោះ​បី​ជា​នាង​មិន​ជឿ​ពាក្យ​សម្ដី​របស់បងថ្លៃនិងកំណត់ហេតុអស់នេះ។

«តោះ​ល្មមហើយ ទៅសម្រាកខ្លះល្អទេ?»

មានគូខាន់នៅពីក្រោយទើបការធ្វើបុណ្យគ្រប់យ៉ាងចប់រលូន អាចមក​ដក​ដង្ហើម​បាន​ស្រួល​បន្តិចវិញ តែនាង​នៅតែមិនអស់ចិត្ត​។

«CEO ប្អូនខ្ញុំត្រូវការយុត្តិធម៌!»

នាង​ទទូចនិងយំដាក់ភ្នែកគេ។ ​

«ok» គូខាន់ងក់ក្បាល ទាំងគេងាកមកមើលមុខប៉ូលិស។

«ហាសិកាជាមនុស្ស​ស្រស់ស្រាយស្រលាញ់ជីវិត ប្អូនខ្ញុំអត់លោតបញ្ចប់ជីវិតរបៀបហ្នឹងទេ!»

គេស្តាប់ហើយព្រិចភ្នែកទទួលយកសម្តីនាង ឯចិត្ត​វិញ ស្ងាត់ៗគូខាន់លបលួចគិត។ ហាសិកា​គ្មានចរិត​ដូច​លីនទេ។ នារីនោះស៊ីវិល័យនិងមាន​មិត្តប្រុសច្រើន មិនដឹងថា អ្វីទៅជាដើមចមនៃការសម្រេចចិត្តដ៏ទ័លច្រកនេះ។

ទោះយ៉ាងណា​គេចង់ឱ្យនាង​ចាកចេញពីយុគដ៏ខ្មៅងងឹតនេះ។

«បងរកអ្នកស៊ើបឱ្យធ្វើការបន្ថែម!»

គេខ្សឹប ឯលីនក៏តបមកវិញដោយ​ត្រេកអរភ្ញាក់ផ្អើល៖

«សន្យាណា៎!»

គេមិចភ្នែកដាក់ស្រីស្នេហ៍។

«តែ….ត្រូវតាមបងទៅផ្ទះសិន!»

គេដាក់ដៃលើក្បាលរបស់លីនហើយអង្អែលសក់។ នាង​និយាយតោងដៃគេម្ខាង៖

«ខ្ញុំទៅពេទ្យ លោកទៅសម្រាកណ៎ា ខ្ញុំនឹងប្រាប់បងប្រុសខ្ញុំថា លោកជួយរកការពិតឱ្យហាសិកា!»

គូខាន់ចាប់ទាញដៃស្រីមកច្របាច់ ហើយរុំដៃម្ខាងទៀតជុំវិញស្មាលីន។

«អត់ទេ! លីនត្រូវសម្រាក! នេះជាបញ្ជា!»

ស្រីសម្លឹងមុខគេដែលដាច់ខាតនិងបារម្ភនាង។ ស្រីយំ រួចទម្លាក់កាយ​ចូល​ក្នុងការ​ឱបត្រកង​​របស់​គេ។

«ខាន់! CEO! ព្រមទៅណា៎? ខ្ញុំទៅប្រាប់បងខ្ញុំ! តែបន្តិចទេ!»

គេពិបាកចិត្ត​ណាស់​តែលីនរឹងណាស់ ហើយពេលនេះគេមិនចង់បង្ក្រាបភាពរឹងរបស់នាង​ទេ គេចង់បណ្តោយនាង​តាមចិត្ត។

«មិនអីទេ! មួយភ្លែតបាន!!!»

គេដឹកដៃនាងចាកចេញ ហើយទៅដល់មន្ទីរពេទ្យបន្តជាមួយគ្នាចូលICU។ ពេលនេះនាង​ធ្វើដូចជាមិនមាន​វត្តមាន​គេទេ គេអាល័យចតឡាន​ ស្រីរត់ទៅជណ្តើរយន្តចុចញាប់ៗ។

ប្រុសមកដល់ពីក្រោយថាឱ្យស្ងាត់ៗ៖

«យឺតៗលីន! ប្រយ័ត្នធ្វើឱ្យខ្លួនឯងឈឺចាប់ម្នាក់ទៀត!»

កល្យាណី​តបតិចៗខ្សោយៗក្នុងសព្ទសំឡេងសែនអស់សង្ឃឹមបំផុត៖

«ខ្ញុំឈឺរួចហើយ! ​ខ្ញុំមាន​តែប្អូនម្នាក់ គេទៅបាត់ហើយ! ឥឡូវខ្ញុំភ័យណាស់ ខ្ញុំមិនអាចបាត់បង់បងប្រុសខ្ញុំទៀតទេ!»

ប្រុស​​រុញ ​លូកច្រវាត់​ម្រាម​ដៃ​របស់នាង​។ គេខ្សឹប៖

«គាត់នៅពេទ្យ! គាត់មិនអីទេ! Calm!​»

គូខាន់និយាយយឺតៗ ដូចជាលីនជាក្មេងតូចនៅក្រោមឥទ្ធិពលនៃភាពឡេះឡះ ដកដង្ហើមញាប់និង​កំពុងរត់តាមអារម្មណ៍មិននឹងនរ។  លីនកុលាប​ឃើញបងថ្លៃនាង​ពីចម្ងាយ ក៏រត់ទៅដោយលែងដៃចោល​ប្រុសស្អាត។ គេដើរទឹបៗតាមពីរក្រោយ ខណៈបងថ្លៃរបស់លីនចោលភ្នែកសម្លឹងមកគូខាន់យ៉ាង​ចម្លែក។

សំឡេងលីនរន្ធត់ញ័រៗ៖

«ម៉េចគាត់ចូល ICU វិញទៀតហើយ?»

បងនាង​លែងមើលមុខគូខាន់ ប្រញាប់ទាញ​ដៃស្រីស្អាតចូលបន្ទប់មួយក្បែរនោះ។

«គាត់ពិបាកដកដង្ហើម! គ្រូពេទ្យ​គិត​ថាសួតនិងបេះដូង​របស់​គាត់នៅតែខ្សោយ! អាច….គ្រោះថ្នាក់គ្រប់ពេល!»

​«អត់ទេ!» លីនភ្លាត់ខ្សោយ​ ដោយ​គ្រវីក្បាល​ស្រក់​ទឹកភ្នែក​ ហើយ​ឱប​ដៃទាំងពីរ​លើ​ទ្រូងកំព្រា។ មានអារម្មណ៍ថា មើលពីនេះទៅបងនាង​មិនព្រមរឹងមាំបន្តជីវិត ព្រោះមិនអាចទទួលយកមរណភាពប្អូនពៅបាន។

«បង​នឹង​យក​គាត់ចេញក្រៅស្រុក!» គូខាន់និយាយផង ដៃលើកទូរសព្ទមកចុចផង។  

លីនចាប់ផ្តើមយំ ហើយបងថ្លៃនាងឱបនាង ទុកឱ្យគូខាន់ទាក់ទងទៅក្រៅរឿងបញ្ជូនទៅព្យាបាលនៅបរទេស។ យំអស់ចិត្តនាង​ចាប់ផ្តើមងាកមក ហើយដើរទើមៗមករកប្រុសបង។

«CEO! ​ចៅហ្វាយ!»

ដៃប្រុសបងដាក់ហ្វូនចុះ ងាកមកជាមួយ​ទឹកមុខអាណិតអាសូរ។​ លីនជិតឆ្កួតហើយ ម្តងហៅគេបែបនេះ​ម្តងហៅគេបែបនោះ។ គេចង់ឱ្យនាងហៅគេថា ខាន់ៗ ឬបងៗ ឬប្តី តែខ្ជិលនិយាយ​ ចាំការរួច មិនយូរទេ។

ស្រីមិនបានរ៉ូមែនទិកអ្វីទាំងអស់ បេះដូងលែងនៅកន្លែងនេះហើយ គឺនៅក្បែរដង្ហើមបងប្រុសធំ។ នាង​ត្រូវតែចរចា​ការពិតហើយខ្សឹបប្រាប់ភ្នែករៀមរ៉ា៖

«ខ្ញុំ…ត្រូវ….ទៅតាមមើលថែបងខ្ញុំណា៎! អនុញ្ញាតណា៎? ណា៎!»

គេមិនមាត់ តែប្រស្រីល្ហល្ហេវ ភ្នែកគេស្រពោន សម្លឹងអូនមិនលែង សម្លឹងដល់ជម្រៅភ្នែកផងគ្នា។

«អូនដឹងហើយ​ទេពធីតាតូច ថាអាបិសាចនេះ នៅឆ្ងាយពីលីនមួយយប់ក៏អត់បានដែរ វាដាច់ខ្យល់!»

គេគិតក្នុងភាពសោកសៅ តែមិនមាត់ទេ សម្លឹងមុខលីនរង់ចាំឱ្យតែអូនប្តូរចិត្ត​។ តែលីនវិញ ភ្នែកម៉ក់ៗរង់ចាំថ្លៃផ្តល់មេត្តា។

មាត់ប្រុសក្របួចមិនឆ្លើយ។

ទីបំផុតការហត់នឿយនិងល្វើយបានធ្វើឱ្យលីនទន់ជើងហើយបង្ខំនាងឱ្យអង្គុយចុះផ្ទប់មុខ ច្បូតមុខ លែងនិយាយស្តី។

«បងត្រូវទៅមើលស្វាមី ការចំណាយលើខ្ញុំ!»

គេនិយាយជាមួយបងនាង​ នាងមិនងាកមុខទៅទេព្រោះលីនដឹងថា នេះបង្ហាញពីការសម្រេចចិត្ត​របស់គូខាន់ស្រេចហើយ។

ពីរម៉ោងក្រោយមកបងនាងត្រូវបានបញ្ជូនចេញ។

គូខាន់បានរ៉ាប់រងលើការធានាទាំងអស់និងបាន​បង់ប្រាក់ឱ្យការងារនេះ ចំណែកនាង គេមិនដោះលែងទេ។

នៅលើឡាន​នាង​ធ្មេចភ្នែកមិននិយាយស្តី នាង​ខឹង នាងអន់ចិត្ត​ នាង​តូចចិត្ត រឿងទាំងអស់នេះកើតមាន​ឡើងលាយឡំគ្នា ​​ងាយ​ស្រួលនឹង​​ធ្វើ​ឱ្យលីនទៅជាលែងមាត់លែងក។

គូខាន់ចង់ឱ្យនាងដឹង គេអាច​គំរាម​នាង តែគេមិននិយាយអ្វី ព្រោះយល់ចិត្ត​។ មកដល់ខុនដូគេនាំលីនឡើងដល់លើ។

«បងមាន​ការនៅoffice»

នាង​ឱនកាយ៖

«ចាស៎​ខ្ញុំសម្រាកបន្តិចនឹងទៅហើយ!»

«មិនបាច់! គេងឱ្យច្រើន!»

​     មានអារម្មណ៍នាងមិនមើលមុខគេ​ទេ។

«បងមាន​ធុរៈនៅភ្នំពេញ ចង់ទៅថៃមើលបងប្រុស​ចាំបងរើសថ្ងៃជូនទៅ!»

លីនញញឹមតែបន្តិចនិងយ៉ាងរហ័ស​ជាការដឹងគុណហើយដើរចូលក្នុង។ គេដើរតាម​ពីក្រោយដូចមិនអស់ចិត្ត​។

«ខ្ញុំនៅម្នាក់ឯងបាន!»

«Darkនៅក្រៅ ហៅគេប្រើ បើចង់បានអ្វី!»

«ចាស៎!»

គេងក់ក្បាលរួចចាកចេញ។ លីនឈរផ្អែកទ្វារ​បិទភ្នែក​ យំយែក អាណិតបងនិងស្រណោះប្អូន។ នឹកឃើញថា ចង់ដឹងពីព័ត៌មាន​បងស្រីបងប្រុសនាង នាង​រកទូរសព្ទមិនឃើញ ក៏ចេញពីខុនដូ​ ចុះក្រោមរត់តាម​គូខាន់សួររកហ្វូន។

«រឿងហាសិកា​ធ្លាក់នោះ ម៉េចខ្លះតាមឯងដឹង? ក្រែងឯងរាប់អានគ្នា?»

សំឡេងគេ?

លីនឮហើយ​ដកថយលបស្តាប់។ នៅក្រោយជណ្តើរយន្ត នាង​ឃើញ​រាងកាយប្រុសស្នេហ៍កំពុងនិយាយជាមួយអ្នកណាម្នាក់។

«រយៈពេលចុងក្រោយនេះ ខ្ញុំរវល់រឿងរៀបការចៅហ្វាយអត់បាន​ទាក់ទងហាសិកាទេ!»

គឺសំឡេង Dark។

លីនញ័រដៃ សំងំស្តាប់។ បេះដូងលីនរំជួល។ មនុស្ស​នេះចូលទៅក្បែរខ្លួនប្អូនពៅនាង ដើម្បីបោកហាសិកា​គំរានាង ឱ្យមកនៅជាមួយគូខាន់​ មិនដឹងឡើយថាចុងក្រោយនេះបានធ្វើអ្វីលើប្អូនស្រីនាងទៀតឬអត់បានជាគេនេះត្រូវចៅហ្វាយហៅមកសួរលួចលាក់?

នាង​ដកថយសំងំឈប់ចង់រកគូខាន់។  ដល់ពួកគេ​ចេញទៅបាត់ លីនចាកចេញតាមទ្វារក្រោយ ជិះរ៉ឺម៉កទៅផ្ទះខ្លួន។

ផ្ទះអត់មនុស្ស​នៅ ដូច​ហែកបេះដូងរបស់នាង​។ ស្រីឈឺចាប់ណាស់ នាង​នឹកឃើញប្អូនស្រីពៅកំព្រាឪពុកម្តាយ ​ដែលតែងចង់បាន​ខោអាវល្អនិងកាបូបស្អាតៗ។

លីនដើរ​ចូលបន្ទប់ហាសិកា រក្សាលំនឹង ទុកអារម្មណ៍ខ្លួនឯងឱ្យស្ងប់មួយឡែកសិន ទើបអាចជួយក្នុងការរំពៃរកព័ត៌មាន​បាន។

«ខ្ញុំ​អាច​មើល​ឃើញ​ការ​ឈឺ​ចាប់​ក្នុង​ភ្នែក​របស់​ឯងលីនកុលាប!»

ភ្ញាក់ព្រើត នាង​បែរមកឃើញ​សូរកាន។ ​

«មកធ្វើអី?» ស្រីសួរឡើងទាំងមិនសប្បាយចិត្ត មិនស្វាគមន៍។

«មកហែកការពិតប្រាប់ឯង!»

លីនក្រពាត់ដៃ។

«គ្មានពេលស្តាប់ទេ ទៅវិញទៅ!»

«ហាសិកា​មិន​បានចង់សម្លាប់​ខ្លួន​​ទេ ប៉ុន្តែ​គូខាន់បង្ខំនាង!»

​     យ៉ាង​ភ្ញាក់ផ្អើល​ លីនកុលាប​ងាកមកភ្លាម។  នាងមើលបបូរមាត់របស់អតីតលេខា ដែលខាំសង្កត់ផ្ទៃមុខទៅជាមាំ​ធ្វើឱ្យលីនសង្ស័យ។

«និយាយឡប់អី?»

«កុហកខ្លួនឯងបាន តែបើចង់បានភស្តុតាងខ្ញុំមាន!»

លីនរុញសូរកានដោយដៃទាំងពីរ។ គ្មាននរណាអាចនិយាយអាក្រក់ពីគូខាន់នៅនឹងមុខ​នាង​បានទេ តែ….អេក្រង់បង្ហាញរូបDarkឈរនិយាយនឹងប្អូននាង​នាយប់ស្ងាត់។

«ម៉ោង! ពេល! មើលឱ្យជាក់ទៅ! ១៥នាទីមុនប្អូនស្រីរបស់ឯងធ្លាប់ស្លាប់នាងលេខាល្ងង់!»

លីនធ្វើសកម្មភាពស្ទក់និងយឺតយ៉ាវ។ គ្រប់យ៉ាងនឹង​កាន់តែអាក្រក់សម្រាប់ការពាក់ព័ន្ធជាមួយសូរកាន ​និងកាន់តែដេកមិនលក់ប្រសិនមិនបានជីកឫសគល់។

«ខ្ញុំមិនគិតថា ហាសិកា​ល្ងង់ដល់សម្លាប់ខ្លួនទេ!….»

លីនរលីងរលោងងើបមុខសម្លឹងសូរកាន។ អតីតលេខាម្នាក់នោះបានឱកាសភ្លាម​ក៏និយាយពន្យុះ៖

«ក្មេងស្រីនោះត្រូវពួកអ្នកមានគំរាម អាចមានរូបថតនាង​ដែលពួកគេមាន​ក្នុងដៃ ឬយកសុវត្ថិភាពអ្នកផ្ទះមកគំរាម! ដូចកាលគូខាន់គំរាមឯងឱ្យប្រគល់ខ្លួនជាកញ្ជះតណ្ហារបស់គេ!»

«គ្រប់គ្រាន់!» លីនរាដៃ ហើយទ្រហោយំ។

លីនអង្គុយចុះក្រោមព្រោះលែងចង់ទទួលយក​ អាចថាទទួលយកគ្រប់យ៉ាងនេះលែងបាន។

«ឯងត្រូវស្វែងយល់ពីការពិត!»

«​ហេតុអ្វី​?????»

នាង​សួរខ្លួននាង តែសូរកានអង្គុយ​ចុះ។

«ព្រោះពួកនោះ ពួកសេដ្ឋីកូនកាត់ ជាបិសាច ជាម៉ាហ្វៀ! ប្រាប់ឯងយូរហើយ!»

នាង​យំម្នាក់ឯង យំរហូតដល់មិនដឹងសូរកានទៅបាត់តាំងពីពេលណា។

លីនតោងឡើងលើគ្រែដេករបស់ប្អូន​រួចបន្តយំរហូតគេងលក់ម្នាក់ឯង។

ស្នូរគោះទ្វារ….

«គេមកហើយ!» នាងភ្ញាក់ឡើងសំងំ រួច​គិត រួចសួរខ្លួនឯងដោយខ្សឹបតិចៗ ពោរពេញដោយការឈឺចាប់និងកំហឹង។

ទ្រោបក្បាលដែលឈឺ ខណៈគូខាន់ហៅទ្វារ៖

«លីន!»

សង្រួម​ប្រតិកម្ម​ជា​មុន ហើយ​បោះ​ជំហាន​ទៅ​កាន់​ទ្វារ។

«បើកទ្វារឱ្យបង!»

មេឃខាងក្រៅងងឹត។ បបូរមាត់របស់នាងខាំសង្កត់ចូលគ្នាខ្លាំងៗ ប្រឹងសម្តែងញញឹម លុបបំបាត់កំហឹងនិងការសង្ស័យ​ ប៉ុន្តែអ្វីដែលនាងអាចធ្វើបាន គឺបើកទ្វារមុខស្ងួតច្រើង។

គេសម្លឹងនាង​ពីលើដល់ក្រោម​ហើយ​ងក់ក្បាល៖

«ទៅផ្ទះជាមួយបង!»

«នេះ….ផ្ទះខ្ញុំ!»

នាង​ចេញចរិតរឹងរូស នាង​មិនសម្លឹងគេទៀតហើយ តែគូខាន់មិនខឹងតបទេ គេសង្ឃឹមថា នាង​នឹងបានគេងស្រួលនិងគេង​បានយូរជាងនេះ។ ទីនេះស្ងាត់សូន្យមាន​អ្នកណាមើលថែ។

ប្រុសនិយាយឡើង៖

«បងចង់ឱ្យអូនគេងលក់ស្រួល ញ៉ាំអីក្តៅៗល្អៗ ហើយគិតឡើងវិញពីអនាគត មិនមែន​អតីតកាលទេ!»

នាង​ញីក្បាល​ទឹកមុខឈឺចាប់។

«ឬទៅពេទ្យ?»

«អត់ទេ! ​ខ្ញុំមានការងារធ្វើច្រើនណាស់!»

«មិនបាច់ធ្វើអីទាំងអស់!»

គេកៀកចង្កេះនាំនាង​ចុះ។

«រកអ្នកនៅពីក្រោយការស្លាប់របស់ហាសិកាមិនបានខ្ញុំមិនសម្រាកទេ​!» សំឡេងរបស់នាងធ្លាក់ចុះទាប ស្ទើរតែមិនអាចស្គាល់បានថាជាលីន។ មិនដឹងនាងទៅសន្សំ​រឿងពីណាមកទេ នាងមើលទៅ​ខឹង​ៗ គុំៗនិងមានៈៗ។

«បំភ្លេចចោលខ្លះបានអត់?»

«បំភ្លេច?» នាងយកកែវភ្នែកដ៏ឈឺចាប់មកវាយប្រឆាំងនឹងភ្នែកស្រទន់របស់គូខាន់។ រាងកាយរបស់នាងតឹង ទឹកមុខ​ស្លេក ហាក់ដូចរវាងពួកគេមាន​គំនុំជាមួយគ្នា ធ្វើឱ្យគូខាន់មិនយល់ទេ។

«ខ្ញុំបានបាត់បង់អ្វីៗគ្រប់យ៉ាង ព្រោះលោកគូខាន់!»

នាងលើកដៃឡើងមកការពារពេលគេឈានជើងចង់ចូលទៅរកឱបនាង។

«ត្រូវដឹងថា ការសម្រេចចិត្តរបស់ខ្ញុំក្នុងការលក់ខ្លួនឱ្យលោក ព្រោះប្អូនស្រីខ្ញុំ! ក្រៅពីនេះគ្មានអីផ្សេងទេ​ ហេតុអីគេស្លាប់?​ គិតថា ខ្ញុំនឹងរស់បានទៀត?»

ប្រុសចងចិញ្ចើម។ គេចាប់ផ្តើមមានអារម្មណ៍តឹង។ គូខាន់មិនចង់រើកំហឹង​ឬមានៈនៅក្នុងកាលៈទេសៈនេះទេ។

«អ្នកណាលក់ខ្លួន?»

គេនិយាយបន្ទាបសំឡេងលាក់កំហឹង​។ នាងញាប់ដៃញាប់ជើង រៀបចំ​សម្ភារៈដាក់កាបូបធំមួយ។

«ខ្ញុំទៅមើលបងប្រុសខ្ញុំ! ខ្ញុំទៅថៃ ទៅឥឡូវ ហើយទៅតែម្នាក់ឯង!»

«មិនឱ្យទៅ!»

«គ្មានអ្នកណាឃាត់ខ្ញុំបានទេ! ​គិត​ប្តឹងខ្ញុំរឿងលុយ? ប្តឹងបាន! តែគូខាន់ ខ្ញុំថា ខ្ញុំបាន​​បាត់​បង់​អ្វី​ៗ​ច្រើន​ជាង​ចំនួន​​ប្រាក់​ដែលព្យាបាល​បង​ប្រុស​ខ្ញុំហ្នឹងទៅទៀត!  ខ្ញុំ​គិត​ថា ខ្ញុំឈឺចាប់ខ្លាំងក្រោយពេលស្គាល់លោកនៅ Slavny ហើយ​ពេលនេះ ជា​ការ​ចាប់​ផ្តើម​​ជីវិតថ្មី​របស់​ខ្ញុំដែលមាន​សេរីភាព»

សំឡេងរបស់នាងមុតនិង​រឹង ដូចជាដែកថែបមកកាន់ទឹកមុខ​មនុស្ស​ដែលត្រៀមតែនឹងរៀបការជាមួយនាង​។ នាងគិតថាកន្លងមក ស្នេហា​ដែលបានផ្តល់ឱ្យគ្នា គ្រាន់តែដើម្បីដោះបំណុល?

​សឹងមិនជឿ​ថាលីនគិតអ៊ីចឹង មនុស្ស​ស្រីអត់ចិត្ត គ្មានបេះដូង? គូខាន់មិន​ព្រម​​ឱ្យរឿង​បែបនេះ​​កើត​ឡើង​បាន​ទេ គេចាប់កាន់ដៃនាងណែននិងឈឺ រហូតដល់នាង​ទម្លាក់អីវ៉ាន់ចោលនិងស្រែកអូយ​។

«ទៅផ្ទះ!»

1 Comment

  • Ty narom Posted February 20, 2023 9:31 pm

    អាណិតលីន

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*