សេចក្ដីស្នេហារបស់នាងចំពោះយូស៊ូ ម្ដងក្ដៅម្ដងត្រជាក់ ម្ដងខឹងម្ដងទន់ភ្លន់ ពិតជាធ្វើឱ្យឥន្ត្រាលាក់លួចកើតមានសេចក្តីរង្គៀសចិត្តជាអាថ៌កំបាំងមួយ ពិបាកនឹងត្រួតពិនិត្យអារម្មណ៍ពិតរបស់ខ្លួនឯងដែរ។
ពេលនេះ គេកើតចិត្តចង់ពន្យារពេលឱ្យនាងនៅលេងសើចជាមួយគេបន្តិចក៏ល្អ។ ប្រុសមាឌធំទម្លាក់ខ្លួនភឹងទៅលើពូកដេកច្រង៉ាងធ្វើមិនខ្វល់ជាមួយនាងដែលឈររេរារង់ចាំ។
«នែ៎ ណា៎! ជូនខ្ញុំទៅបងខ្ញុំឮអត់?»
គេធ្វើមិនឮ ដូចនាមជាមនុស្សទឹកកកដែលនាងបានដាក់មកឱ្យ។ មានអារម្មណ៍ថា ចូលចិត្តឈ្មោះនេះ…..ចុះលោតែនាងទៅបាត់តាមបងនាង តើបានអ្នកណាហៅគេបែបនេះនេះទៀត?
នៅសមាធិ អារម្មណ៍ស្ងាត់ៗទទួលយកនិងចង់ថែពេលដែលមាននាងនៅឈរក្បែរៗ ព្រោះថា មិនយូរទេ មុនក្រោយនាងគង់តែទៅ។
«ឥន្ត្រា ក្រោក!»
នាងបន្តហៅគេធ្វើបិទភ្នែក។ ទ្រូងនេះកំពុងតែនឹកប្រៀបធៀបដល់មនុស្សប្រុសពីរនាក់ ដែលសែនសំខាន់នៅក្នុងបេះដូងរបស់នីយ៉ា នោះគឺយូស៊ូហើយនិងបងប្រុសរបស់នាង នាយជេន។ ឥន្ត្រាមិនច្រណែនយូស៊ូ តែឃើញមុខប៉ូលិសជេនមកដល់កោះHកាលណា មនុស្សម្នាក់នោះ តែងនាំមកនូវ អារម្មណ៍អ្វីមួយចម្លែក ពិបាកពន្យល់ តែផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅទៅក្នុងបេះដូង។
អារម្មណ៍នេះអាចជាការស្អប់ ការចង់ប្រជែងគ្នា ឬអារម្មណ៍ចង់យកភាពសំខាន់ ឱ្យបានស្មើឬខ្លាំងជាងពីនីយ៉ា។ មិនតែប៉ុណ្ណោះក៏នឹកដល់បងនាង។ ដុកទ័រហាន់ដា។ ស្នាមខាំនៅឈឺផ្សាទីនេះ នាយបែរជាមិនខឹងអ្នកខាំ ចិត្តប្រុងតែនឹងស្រាលឡើងៗពេលនឹកដល់ពាក្យផ្តាំផ្ញើ។ ម្តេចដុកទ័រនោះគិតថា យើងស្រលាញ់ប្អូនគេ? គេក្រសែភ្នែកមុត ឬយើងមិនទទួលស្គាល់ខ្លួនឯងទៅ?
ប៉ុន្តែហេតុអីបានជាយើងមានចរន្តភ្ជាប់ជាសម្ងាត់ជាមួយនឹងបងប្រុសស្រីរបស់គេទាំងពីរ? មកពីយើងលបចូលចិត្តប្អូនស្រីកាចឆ្នាសរបស់គេ?
ស្ងាត់ច្រៀប…..ម្ចាស់បន្ទប់លង់ទៅក្នុងមនោគំនិតត្រិះរិះដាស់មកវិញដោយសារទូរសព្ទ។ គេលូកមកចុចមើល។
ពេលនេះមុនស្តាប់សារណាក្តី ឥន្ត្រាតោងប្រយ័ត្នព្រោះនាងនៅបង្កើយ ហើយនាងអាចឮ។
ប៉ុន្តែពេលក្រោកឡើងក៏លែងឃើញនាងទៅហើយ។
ប្រុសស្អាតដើរមួយៗមកក្បែរទ្វារ ក៏ឃើញខ្នងស្រីស្អាតដែលដើរតម្រង់ទិសដៅទៅរកឆ្នេរ។ ពីនេះទៅ នាងមិនអាចឮសំឡេងសារនេះបានទេ ដូច្នេះគេក៏ចុចស្ដាប់សាររបស់ប៉ាគេ។
«ឥន្ត្រា កូនធ្វើយ៉ាងណាក៏ដោយឱ្យមនុស្សស្រីម្នាក់នោះ នៅជាមួយយូស៊ូ ហើយមិនព្រមតាមបងប្រុសគេចាកចេញពីកោះH»
ឥន្ត្រា គេងើបមុខសម្លឹងរាងកាយដែលរសាត់ទៅឆ្ងាយសន្លឹមក្រោមពន្លឺខែ។
ដូចម្ដេចទៅដែលហៅថា«ឱ្យនាងទាមទារនៅជាមួយយូស៊ូមិនព្រមចាកចេញពីកោះH?»
យូស៊ូកំពុងផឹកស្រវឹងទន់ទៅហើយ ប៉ុន្តែអ្នកទាំងពីរស្រលាញ់គ្នាការពិត។ ដំណើររបស់នាងឆ្ពោះទៅកាន់ឆ្នេរសមុទ្រធ្វើឱ្យគេសង្ស័យងាកមករកមើលសោអូប័រ ពិតជាមិនឃើញសោនៅទៀតមែន! ឱ!ប្អូនប៉ូលិស! មនុស្សស្រីម្នាក់នេះ!
«នីយ៉ា!»
គេស្រែកឮៗ ហៅនាងម្តងហើយម្តងទៀតខ្ទរកណ្តាលរាត្រីនៃដែនជលសាស្ងប់សុខ តែនាងក៏មិនងាកមកវិញឡើយ រឹតតែបង្កើនល្បឿនកាត់បណ្តាឧបសគ្គផ្នូកខ្សាច់។
ប្រុសបោះជំហានតាមទៅ ដៃគេរាឃាត់ពួកកងការពារដែលប្រុងរត់មកតាមជាជំនួយ។
ប្រហែលដឹងដំណឹងនេះ នាងឈប់ដើរហើយក៏ផ្តើមរត់មិនងាកក្រោយទេ ប៉ុន្តែតើនាងរត់ផុតជំហានវែងៗរបស់គេដែរ?
ឥន្ត្រាហួសចិត្តនឹងចិត្តរឹងរូសរបស់តូចស្រីម្នាក់នេះពន់ពែក គេញញឹមផង ដើរតាមញាប់ៗហើយចំអកឡកលើយនាងផង៖
«សូម្បីតែអូប័រនៅកន្លែងណាក៏ដឹងដែរ? ពូកែហើយប្អូនប៉ូលិស!»
សំឡេងគេកៀកណាស់ មនុស្សស្រីយើងកន្លងកម្រាលរលកទឹកឆ្ពោះទៅរកជំនុះហើយឡើងមួលសោ។
នាងញញឹមសប្បាយចិត្តពេលម៉ាស៊ីនពិតជារោទ៍ឆេះ គិតថាបំបោលមួយជុំទឹកនឹងស្រែកលាប្រុសកំលោះចំអកគេវិញ ប៉ុន្តែមិនទាន់បានរេកន្ទុយចេញផង ភឹង! ទម្ងន់ដ៏ធ្ងន់មួយទម្លាក់មកកន្ទុយក្រោយ។
រាងសង្ហាទាំងមូលរបស់គេមកនៅផ្អឹបពីក្រោយ ព្រោះជំនិះនេះតូចប្រភេទសម្រាប់មនុស្សម្នាក់ជិះ បើលោតែឡើងពីរនាក់ ត្រូវតែរមួតចូលគ្នា។
ភាពជាកូនប្រុសរបស់គេ ទ្រូងគេ បុកចំមកប៉ះពីក្រោយចង្កេះនាង។ ដៃទាំងពីររបស់គេលូកមកតោងលើភ្លៅនាង ស្រីគាំងរឹងខ្លួន…..
«សុវត្ថិភាពជាបឋម ប្អូនប៉ូលិស! ស្គាល់ខ្សែទឹកអត់?»
នីយ៉ាដឹងពីទម្រង់នៃការបើកបរនិងពីច្បាប់ទឹក ព្រោះនាងជាអ្នកទន្លេ។ បងស្រីនាងនិងគីម៉ាល់តែងតែសប្បាយលើឧបករណ៍ផ្ទៃទឹកសព្វយ៉ាង នីយ៉ាក៏មិនអន់ជាងអ្នកកោះHពេកដែរក្នុងរឿងទូកកាណូត។
តែពេលរៀមនៅក្រោយខ្នង ស្រីស្ទើរគាំង ព្រោះមិនស្មានគេមកតាមទាន់ រឹតមិននឹកស្មានថា ត្រូវមកស្និទ្ធបែបនេះ។ ខកចិត្តណាស់! មនុស្សនេះស្អិតមកពីក្រោយកាយ មិនត្រឹមដង្ហើមគេឱនមកឌឺក្បែរស្មាខាងស្តាំ ថែមទាំងដងខ្លួនទឹកកករបស់គេ តាំងពីលើក្បាលដល់ចុងជើងប៉ះនាងទាំងអស់។ សភាពនេះ ដូចបេះបិទនឹងកាលដែលនាងត្រូវបានគេដាក់លើស្មារត់ទៅរកឧទ្ធម្ភាគចក្រអ៊ីចឹងដែរ។
«បើកចេញទៅប្អូនប៉ូលិស!»
គេវាចាតិចៗបញ្ចេញសំឡេងស្រាលៗក្បែរស្មាស្រី។
អង្ករក្លាយជាបាយទៅហើយ ម៉ាស៊ីនក៏រោទ៍ង៉ោង មិនដឹងធ្វើម៉េចយកឈ្នះជននេះ នីយ៉ាមានតែក្ដាប់ចង្កូតជាប់ណែន ជាន់បញ្ជាម៉ាស៊ីនចេញទាំងខាំមាត់ដោយមានប្រុសស្អាតតោងមកតាមពីក្រោយ។
«ចាំបាច់តោង?!»
នាងស្រែកសួរប្រណាំងចង្វាក់ខ្យល់សមុទ្រ។ ទាំងពីរកាយរសាត់អណ្ដែតនៅលើរលកទឹកឡើងចុះស្មើនឹងសំណើចមិនមាត់មិនករបស់គេ។
«សើចអី?» ស្រីសួរទៀត។
នីយ៉ាមិនដឹងថា ទ្រូងឯកោនេះមានក្តីសុខប៉ុនណាដែលបានកសាងអនុស្សារថ្មីនេះជាមួយអូននោះទេ។ គូនេះអណ្តែតឡើងចុះលើកម្រាលពេជ្រខៀវសុខដុមរមនាក្រោមពន្លឺព្រះចន្ទស្រងាត់ត្រជាក់ល្ហឹម។
តាមថា មានគេមកជាមួយ គេជាមគ្គុទេសក៏ដ៏មានសមត្ថភាពពេញលេញអំពីសុវត្ថិភាពក្នុងការបើកបរទូកនេះ។
«រត់បន្ទាត់ត្រង់ប្អូនប៉ូលិស! ទឹកសមុទ្រវាខុសពីទន្លេ ពិសេសពេលយប់ ទឹកអាចជោរខ្លាំងខ្យល់និងរលក! មើលចំពីមុខទៅជើងមេឃ ជ្រើសរើសខ្សែត្រង់មួយ បើកបរឆ្ពោះទៅរកវាដោយបន្ទាត់ត្រង់ ធ្វើឱ្យល្បឿនទូកមានស្ថិរភាពនឹងល្អ! កុំថយ យកល្បឿនថេរ ប្រយ័ត្នដួល»
គេនិយាយផង លូកដៃស្តាំមកទាញចង្កូតតម្រង់ខ្សែទឹក។ គ្រប់យ៉ាង សម្តីគេ នាងត្រងត្រាប់ស្តាប់តែចង្កូតនេះធំ នាងមិនថ្នឹក បានដៃគេមកភ្លាម អាចចូលគន្លងទឹកត្រង់បានភ្លែតមែន តែទ្រូងប្រុសនៅជាប់នឹងកល្យាណ ហត្ថថ្លៃគេនៅសល់ម្ខាងក្រសាបឱបនាង មិនមែនតោងខ្លាចធ្លាក់ទេ គឺគេខ្លាចនាងធ្លាក់របូត។
ភ្លៅគេអមសងខាងរាងកាយតូច គេដូចកំពុងតែបើកបរជំនួសពិតៗ គ្រាន់តែគេនៅក្រោយនីយ៉ានៅពីមុខ។
«ប្រាប់ផ្លូវមកឥន្ត្រា!»
ស្រីធ្វើជាវាចាបន្លប់អារម្មណ៍ជាខ្សែភ្ជាប់នៃភេទផ្ទុយគ្នា។ បេះដូងនាងមានយូស៊ូ តែរាងកាយនេះកំពុងស្និទ្ធស្នាលជាមួយបុរសគួរឱ្យស្រលាញ់ម្នាក់ ដែលសម្រាប់នីយ៉ាទុកចិត្ត កក់ក្តៅនិងត្រង់ទៅត្រង់មកបានទាំងព្រមជាមួយគេ។ គេមិនឆ្លើយ ធ្វើជាជាប់ស្អិតគ្នា ហើយមិនចង់បំបែកភាពស្ងប់ស្ងាត់ត្រជាក់ល្ហឹមនេះទេ។ នាងគ្រហឹមតិចៗដូចកូនឆ្មា៖
«ឮ? ប្រាប់ផ្លូវ! ឆ្វេងឬស្តាំ?»
«អា៎ ចុះក្រែង….ដែលធ្វើហំហានមកបើកហ្នឹង?»
«មានអីឆ្ងល់! ព្រោះពឹងអ្នកខ្លះមិនបាន ល្មោភដេក ទោះជាមិនស្គាល់ផ្លូវក៏ខ្ញុំនៅតែទៅ!»
«អូ! ខ្លាំង!»
នាងងក់ក្បាល ងាកចុះឡើងបណ្តាលឱ្យថ្ពាល់វាក់អើនឹងច្រមុះដែលនៅពីក្រោយស្មា។ ស្រីលើកដៃម្ខាងមកវាសថ្ពាល់សម្អាតភ្លាម កាត់អៀនកាត់ខ្មាស។
មនុស្សប្រុសនេះ…ហ៊ឹម ដូចស្រមោល!
ស្ងាត់!!!!
ក្នុងបេះដូងនេះបានភ្លេចយូស៊ូហើយ! នៅជាប់ខាងក្រោយខ្នង បុរសម្នាក់នេះគួរឱ្យស្រលាញ់ ចុះសម្រុងនិងមានភាពអ្នកឈឺឆ្អាលការពារ កំពុងយកប្រៀបបាន ជាការឆ្លើយតបរបស់រាងកាយ។ ពូកែគ្រប់គ្រងចិត្តយ៉ាងណា ក៏នីយ៉ានៅតែប្រហើរក្លិនគេ ជាក្លិនបុរសដ៏ទាក់ទាញ។
«ពូកែពេក រកផ្លូវកំណត់គោលដៅខ្លួនឯងទៅប្អូនប៉ូលិស!»
«អូយ ស្មានតែខ្ញុំខ្លាច?»
នាងនិយាយឱ្យតែបានឈ្នះ ប៉ុន្តែធាតុពិតចិត្តមួយក៏ត្រេកអរដែលពេលនេះមានគេ។ សក់នាងរសាយប៉ះមាត់ច្រមុះអ្នកនៅពីក្រោយ។ ក្លិនស្នេហ៍នៃភេទផ្ទុយ ធ្វើឱ្យឥន្ត្រាលែងរស់មាត់ក ចិត្តទ្រឹងស្ងៀមនឹកបាចសាចទៅដល់ប្អូនប្រុសដែលកំពុងតែស្រវឹងនៅផ្ទះឯកជនរបស់គេ។
នឹកដល់បញ្ជាឪពុកនិងភាពអន្ទះសារបស់ពួកប៉ូលិស ដែលមកដល់ទីនេះស្នាក់នៅឆ្លងយប់ក៏ព្រោះតែចង់ទទួលយកប្អូនស្រីចាកចេញ ចិត្តគេមិនចង់ឃើញបងនាងបានសម្រេចស្រាប់ហើយ។
ពេលនេះទៀត ប៉ាគេបង្ហើបឱ្យគេរកវិធីឃាត់នាងនៅជាមួយយូស៊ូ ជាឱកាសស្របតាមបេះដូងដែលមិនចង់ឱ្យនាងវិលចាកចោលកោះH។
«បត់ស្ដាំទៅប្អូនប៉ូលិស!»
នាងនៅដំអក់ គេសម្លុតតិចៗ៖
«បើកដូចកូនក្មេង វិលវល់នៅហ្នឹងដល់ព្រឹកឃើញរសាត់ទៅស្រុកថៃមិនខាន!»
«យូរហើយមិនប្រាប់?»
បេះដូងគេមិនតបតសម្តីបន្ទោស តែក៏ចាប់ខ្វល់ខ្វាយព្រោះនាងបត់ក្បាលទូកហើយ។ ជាលើកដំបូងដែលនិយាយកុហកនាង ក៏ជាលើកដំបូងដែលមានអារម្មណ៍ថា កំពុងធ្វើអ្វីមួយក្បត់នឹងភាពស្មោះត្រង់ជាមួយនាង។ ចិត្តរបស់គេចំពោះនីយ៉ាយល់ថាកំពុងខុសៗ ។
គេនិយាយបន្លប់៖
«ទៅឆ្វេងទៀត!»
សំឡេងថ្កោលទោសមិនចប់ទៅតាមធម្មជាតិរាត្រីកាលនិងជំនោរត្រជាក់ល្មៃសោះ។ ដោយភាពជឿជាក់ នីយ៉ាកំពុងតែត្រូវគេបោកបញ្ឆោតឱ្យទៅកាន់កន្លែងមួយឆ្ងាយឡើងៗពីជេន បងនាងមិនអាចតាមរកនាងឃើញទេ។
បងប្រុសនាងបាននាំកម្លាំងមកដល់កោះHច្រើនគ្នា ជាបឋមនេះគេមិនដឹងជាក់ច្បាស់ថា នៅពេលបានប្អូនស្រីដល់ដៃត្រលប់ទៅវិញ ជេននឹងបង្កបញ្ហាអ្វីទៀតនៅលើកោះនេះ បានជាប៉ាគេចេញបញ្ជាសម្ងាត់ ឱ្យគេត្រូវតែនាំប្អូនស្រីរបស់ប៉ូលិសទៅជួបយូស៊ូ។
សារនោះអាចប្រាប់ជាស្រេចថា គាត់មិនចង់ឱ្យនាងចាកចេញទេ ដូច្នេះបេសកកម្មរបស់គេ គឺឃាត់នាងឱ្យនៅ។
«បត់តាមព្រៃនោះ!»
នាងធ្វើមុខខកចិត្ត។ កាលមកជាមួយពួកអ្នកនេសាទគឺពេលថ្ងៃ ប៉ុន្តែមិនបានឆ្លងកាត់ព្រៃទាំងនេះទេ ហេតុអីបានជាពេលនេះមានផ្លូវទឹកតូចនឹងស៊ប់ទ្រុប? ទើបតែដឹងថា ការឆ្លងកាត់ដៃសមុទ្រម្នាក់ឯងពេលយប់មិនមែនងាយដូចខ្លួនបានគិតនៅចុងឆ្នេរទេ។ ប្រសិនមិនមានគេមកតាលើកនេះ អាចនឹងវិលវល់ត្រូវបកក្រោយឬវង្វេងនៅកណ្តាលដែលជលសារដល់ទៀបភ្លឺមិនខាន។
«ម៉េចកាលមកជាមួយមីងៗមិនឃើញផ្លូវអស់នេះ?» នាងរអ៊ូតិចៗព្រោះខ្លាចភាពងងឹត។
«ផ្លូវកាត់! ទឹកជោរពិបាកជិះផ្លូវត្រង់ណាស់»
ស្រីទីទើរតែនៅបត់ក្បាលតាមពាក្យគេជាដដែល។ តាមពិតយ៉ាងហោចណាស់នាងមានអ្វីមួយសម្ងាត់ក្នុងបេះដូង គឺការទុកចិត្តមនុស្សទឹកកកម្នាក់នេះ។ ការទុកចិត្តមានពីរ គឺទុកចិត្តថាគេមិនចេះកុហក ចំណែកទីពីរគឺមានគេ ទៅដល់ណាក៏នាងមិនបារម្ភ។
មិនថាចោរ សត្វសាហាវក្នុងទឹក ក្រពើឬត្រី មនុស្សនេះមិនត្រឹមតែពូកែវាយតប់ មិនចេះឈឺ ចេះការពារ ចេះឆ្មក់ មានស្មារតីវាងវៃប្រុងប្រយ័ត្នខ្ពស់ អាកប្បកិរិយារហ័សរហួនថែមទាំងជ្រមុជទឹកដូចត្រីឆ្លាម។
វ៉ាវ ទឹកសាចមកនាងរបូតដៃព្រោះឈ្លក់។
ហត្ថរៀមដែលត្រៀមរួចរាល់ ចាប់កាន់ចង្កូតទាំងសងខាងជំនួស ឯនាងស្រែកវាសផ្អើលរាត្រីកាល។
«លង់ហើយឥន្ត្រា!»
នាងស្រែកស្រឡាំងកាំងពេលជំនិះហោះឡើងលើ តែសម្រុកក្បាលចុះមកវិញ សាបព្រោះតំណក់ជលធាថ្លាដូចពេជ្រ ត្រជាក់ដូចអម្រិត ឯក្លិនសមុទ្រវិញដូចសួគាល័យ។ ហើយ…..ជំនិះមិនបានរបូតទៅណា នៅរក្សាជំហរបានជាដដែល។ សាជាថ្មី ដៃម្ខាងរៀមឱបចង្កេះនួនល្អង ដៃម្ខាងទៀតបញ្ជាជំនិះជំនួសអូនបំបោលទៅមុខត្រង់ផ្លូវសែនសង្ហា។
កល្យាណីច្បូតមុខ ដកដង្ហើមធូរដែលឃើញខ្លួនឯងនៅលើទូកដដែលដូចអភិនីហារ ក៏អស់ពីស្លាំងទៅជាសើចកក្អឹក។ នាងសើចយ៉ាងសប្បាយ ឯគេក៏សើចតាមពីក្រោយដែរ។
ទើបនឹងដឹងថា មិនដែលសប្បាយចិត្តជាមួយគ្នាដូចពេលនេះទេ។ គេពិតជាចង់ឃើញស្រីមានអារម្មណ៍សប្បាយចិត្ត ភ្លេចទុក្ខកង្វល់ នេះជារបៀបការពារអារម្មណ៍ដែលបុរសចង់ធ្វើផ្គាប់នារីដែលគេស្រលាញ់។
នាងត្រូវបានគេឱប មានអារម្មណ៍ថាចង់គាំងនៅក្នុងវេលានេះ នេះជាមនុស្សមិនមែនរុក្ខជាតិទេ ទោះនីយ៉ាទុកគេជាមនុស្សទឹកកក តែនាងវិញ នាងជាមនុស្សស្រីមានមនោសញ្ចេតនា។ គ្រាដំបូងគេឃើញល្វែងខាងលើនាង គេមិនដែលប្រមាថកាតទាននិយាយពាក្យមាក់ងាយ មុននេះឃើញល្វែងខាងក្រោម ពេលនេះឱបនាងត្រកងពេញដៃ ធាតុផ្សំដែលមើលមិនឃើញ គឺទិន្នន័យបូកបន្ថែមដ៏មានឥទ្ធិពលទោះជានីយ៉ាមិនទទួលស្គាល់ថា បើចប់ពីកូនប្រុសកោះH នាងមិនអាចទៅស្រលាញ់មនុស្សកោះHម្នាក់ទៀតបាននោះឡើយ។
«ល្មមលែងដៃហើយ!» នាងខ្សឹបញ័រៗ។
គេមិនស្តាប់ឮឬធ្វើមិនឮមិនដឹងទេ តែគេបន្តដំណើរ ពេលចិត្តនាងខ្វល់ខ្លាំង។ ភាពស្ងប់ស្ងាត់ គ្មានអត្ថន័យ តែរង្វង់ដៃដ៏យូរយារនេះបង្ហាញជាសម្ងាត់ថា ឥន្ត្រាខ្វល់ពីនីយ៉ាខ្លាំងណាស់លើសពីពេលណាៗទាំងអស់។ លើសទាំងកាលដែលគេឃើញនាងសន្លប់ខឹងយូស៊ូ ហើយបីនាងទៅសម្រាក។ ហត្ថាថ្លៃវែងៗនិងរឹងមាំ ស្នាមក្រសាបតឹងតែមិនស្ទះដង្ហើមមិនចង្អៀតចិត្ត ស្រីណាទៅ នឹងមានសំណាងក្លាយជាម្ចាស់ជីវិតមនុស្សគ្មានបេះដូងម្នាក់នេះ?
នីយ៉ាលបគិត ជារឿងធម្មតារបស់ស្រីក្រមុំម្នាក់ដែលនៅជិតស្និទ្ធស្នាលជាមួយកំលោះសង្ហា។ គ្រប់យ៉ាងប្រហែលជាមិនស្មុគស្មាញនោះទេបើនាងស្គាល់ជននេះ មុនស្គាល់ប្អូនប្រុសគេ។
«អង្កាល់ដកដៃចេញពីចង្កេះ?» នាងសួរព្រោះបន្លប់ចិត្តនឹងមនោសញ្ចេតនាដែលដឹងថាឥតលទ្ធផលអ្វី។
«ហើយចង់ឱ្យធ្លាក់ទឹកបាត់ទៅ?»
«មនុស្សទឹកកក ធ្លាក់ទឹកស្លាប់ដែរ??»
គេមិនតប ព្រោះភាពប្រឆាំងគ្នាដូចថាមពលបូកនិងដក កំពុងបំបែកកម្មដ្ឋានក្នុងទ្រូង។
នេះជាពេលដែលគេត្រូវចាំបាច់ ត្រូវប្រគល់ពៅទៅឱ្យបុរសពីរនាក់ ម្នាក់ជាបងប្រុសនាង ម្នាក់ទៀតជាចសង្សារនាង គឺជាប្អូនប្រុសរបស់គេ។
ជម្រើសទីពីរនេះ គឺជាអ្វីដែលគេកំពុងធ្វើតាមបញ្ជារបស់ប៉ាគេ ប៉ុន្តែសង្កត់ចិត្តខ្លួនឯងកុំឱ្យបន្ទោស ព្រោះពួកគេគ្រាន់តែមានភាពខុស យល់ច្រឡំចំពោះទឹកចិត្តគ្នា អន់ចិត្តដោយសារទំនាស់របស់គ្រួសារនិងតួនាទីសង្គម យូរទៅ ការស្រលាញ់នៅតែស្រលាញ់។
«ដល់ហើយ! បន្ថយម៉ាស៊ីនអែបស្តាំទៅ»
ប្រុសបញ្ជាតិចៗ។
នារីងាកទៅវាលឆ្នេរងងឹតខាងស្ដាំពិនិត្យ ជើងនាងពិតជាបានបន្ថយល្បឿន ហើយត្រៀមលក្ខណៈពិចារណា ចោលភ្នែកសម្លឹងជុំវិញ។
គ្មានកន្លែងណាមើលឃើញថា ជាតំបន់ផ្ទះធំរបស់ម៉ឺនយូដែលនាងធ្លាប់បានទៅសម្រាកនិងត្រូវពួកហង្សសចាប់នោះទេ។
ស្រីអែបទូកទាំងមិនស្ទាត់ជំនាញនឹងរារែក។
«កន្លែងហ្នឹង?» នាងសួរដោយទឹកមុខឆ្ងល់ ហើយចុះដើរបន្តផ្លុកៗកាត់ដានទឹកប្រៃ។
ហេតុតែចង់ជួបបងប្រុសវិញ នាងពិតជាប្រថុយណាស់។ ដៃទាំងសងលើកសំពត់ដែលប្រឡាក់ទឹកអន្លើៗសំដៅគោក ទាំងសេចក្ដីសង្ឃឹមថានឹងឃើញផ្ទះមួយដែលខ្លួនធ្លាប់ស្គាល់ច្បាស់ឬឃើញបងប្រុសនាងនៅចាំ។
«មកកន្លែងណានេះ?» នាងសួរដោយមិនបែរ។
«នៅខាងមុខ!»
នាងពិនិត្យជុំវិញទៀត ហើយនិយាយបន្លប់មនោសញ្ចេតនារាយមាយ៖
«អត់ឃើញអីរលីង!»
«មើលម្ដងទៀតទៅ!»
គេថាទាំងនាំកាយសង្ហាសើមគ្រប់ទីកន្លែងឡើងមកតាម។ ស្រីងាកមុខចេញ ព្រោះមិនចង់រំភើបនឹងការវាយសេចក្តីសន្និដ្ឋាន លើប្រអប់សាច់ដុំគ្រប់ផ្នែកសែនណែនណាន់របស់គេ។
ទីបំផុតនាងក៏ក្រឡេកមកឃើញផ្ទះតូចស៊ីវិល័យ ដែលមានជះពន្លឺភ្លើងពីខាងក្នុងអមដោយកូនឧទ្យានទំនើបលង់លក់ក្រោមសន្សើមរាត្រីកាល។
ពីនេះទៅ លំនៅនោះមានចម្ងាយគួរសម។
សំណួរថ្មី ហេតុអីបានជាបងប្រុសនាងត្រូវមករង់ចាំនៅកន្លែងសែនរ៉ូមែនទិកបែបនេះ?
តរុណីឈប់ដំណើរ។
ប្រុសស្អាតដើរមកដល់ ក៏ឈប់តាម។ គេជ្រែងដៃម្ខាង ដៃម្ខាងទៀតបោះមកទាមទារសោអូប័រ។ នាងក្តាប់វាជាប់ហើយថយពីគេមួយជំហាន ដាក់ដៃទៅក្រោយខ្នងជាសញ្ញាថា បើមិនឃើញជេន កុំសង្ឃឹមគេបានសោ។
«រៀនមិនទុកចិត្តគ្នាទៀតនៀក!»
ប្រុសនិយាយទាំងភ្នែកស្រពោន។
«អ្នកណាថាទុកចិត្តពីពេលណា?» ស្រីតបបានចិត្តដែលឃើញគេស្រពោន។ តែនាងមិនដឹងទេថា ស្រពាប់ស្រពោននេះដោយសារកំពុងធ្វើកំហុសមួយចំពោះនាង។
តាមថា នាងបន្ថែមពាក្យ«មនុស្សកោះH» តែស្គាល់គ្នាមួយរយៈនេះ ស្រីដឹងថាពាក្យនេះជា«ដួងកែវ»របស់ឥន្ត្រា គេមិនព្រមឱ្យអ្នកណាថាឱ្យមនុស្សលើកោះនេះទេ។
គ្មានសំឡេងតបនាងបែរក្រោយស្រែកហៅ៖
«បងជេន!»
ស្ងាត់!
«ហៅឆ្ងាយអ៊ីចឹងគេឮបានដែរ?»
ត្រូវគេបញ្ជោះ នាងក៏សម្លក់ហើយងាករត់ទៅសំដៅផ្ទះវីឡា។
រឹតតែជិត ក៏រឹតតែលែងខ្លាចឬសង្ស័យ ព្រោះឮសូរតែបងប្រុសរបស់ខ្លួនក៏មានកម្លាំងចិត្តទៅហើយ។
ស្រីដើរផងរត់ផងសំដៅទៅកាន់កូនផ្ទះ។ មនុស្សពីរបីនាក់រត់ប្រសាចចេញមក សុទ្ធសឹងជាក្រុមកងការពាររបស់យូស៊ូ ប៉ុន្តែពួកគេឃើញវត្តមានឥន្ត្រាក៏ដកថយទៅតាមការលើកដៃបណ្តេញពីប្រុសច្បង។
គេនៅតាមពីក្រោយខ្នងនារីតូចហើយបង្អន់ល្បឿន។
ពីនេះទៅ គេឃើញនាងនៅស្ងៀមហើយបែរក្រោយមកសម្លឹងគេដែរ។
ជាមួយទ្រូងដង្ហក់ព្រោះឆាកបែកគ្នា គេនិយាយប្រាប់នីយ៉ា៖
«ចូលតាមទ្វារនោះទៅក្មេងល្ងង់!»
«អ្នកណាក្មេងល្ងង់? ចេះពាក្យធ្វើឱ្យអ្នកដទៃឈឺចាប់ទៀត!»
«ប៉ុណ្ណឹងឈឺចាប់ដែរ?»
រៀមចោលភ្នែកក្រៀមក្រំសម្លឹងនាងជាមួយសំណួរអាថ៌កំបាំងកំពុងរត់រមិញនៅក្នុងចិត្តថា តើអ្នកឈឺចាប់ពិតប្រាកដជាអ្នកណាពេលនេះ?
មនុស្សដែលយកម្ចាស់បេះដូងមកប្រគល់ឱ្យប្រុសផ្សេងម្នាក់ទៀតដល់មាត់ទ្វារ? សន្យាថា គេគ្មានថ្ងៃភ្លេចរាត្រីដ៏ឈឺផ្សាមួយនេះឡើយ។
«សន្យាមកឥន្ត្រាថាលោកមិនបោកប្រាស់ខ្ញុំ!»
«សន្យាថា….នាងនឹងបានសប្បាយចិត្ត មានសុភមង្គលនីយ៉ា! នាងនឹង….ចងចាំ….ការបែកគ្នាមួយនេះឬអត់ប្រហែលជា…..សប្បាយចិត្តពេកនឹងភ្លេចខ្លួនឯងផងក៏ថាបាន!»
គេនិយាយស្ងប់ស្ងាត់ តែវែងអន្លាយមិនដូចឥន្ត្រាកំបុតកំបុយពីដើមមកទេ។
ក្រសែភ្នែកស្រទន់ដែលសម្លឹងនាង បង្កប់អ្វីម្យ៉ាងធ្វើឱ្យបេះដូងរបស់នាងមានអារម្មណ៍ស្រងេះស្រងោចថាទោះគេគ្មានចេតនាអាក្រក់ ហេតុអី្វធ្វើមើលតែបែកគ្នាមួយជីវិតអ៊ីចឹង?



2 Comments
សូមអោយស្អែក coming soon, ?ឬមិនចឹង បើមានដល់ភាគបញ្ចប់ នឹងអានបញ្ចប់ដោយមិនបាច់គេង មិនបាច់ញាំ
ល្អអានណាស់
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ