«ហើយ…..គិត….លែងទៅភ្នំពេញរហូតហ្មែន?»
នាងសួរទាំងក្រឡង់ៗធ្វើឱ្យបបូរមាត់ខាងប្រុសចង់និយាយអ្វីមួយតប តែក៏និយាយមិនចេញ ហើយក៏បិទទៅវិញហើយម្ដងទៀត។
ទ្រូងនេះចង្អៀត រកតែចង់និយាយអ្វីក៏មិនកើត។
ពីពេលនេះតទៅនាងនឹងក្លាយជារបស់យូស៊ូហើយមែនទេ? មិនមែនខ្ញុំបង្ខំនាងឱ្យមកនៅជាមួយមនុស្សដែលនាងមិនស្រលាញ់នោះទេ ព្រោះអ្នកទាំងពីរក៏ស្រលាញ់គ្នា! យូស៊ូពិតជាមិនដែលមានស្នេហាជាមួយអ្នកណាដូចមានជាមួយនាងទេប្អូនប៉ូលិស។
គេលបគិតបែបនេះ ទាំងឈរសម្លឹងភ្នែកនាងដែលមូលក្លុំមើលមកឆ្ងល់នឹងអាការៈរបស់គេ។ ក្នុងបេះដូងឥន្ត្រា គេដឹងថា ខាងនីយ៉ាក៏មិនអាចបំភ្លេចយូស៊ូបាន គេសង្ហានិងឡូយឆាយ មានរសនិយមស៊ីវិល័យ ស្រីៗចោមរោមឡើងល្បីទៅហើយ នាងម្តេចនឹងមកមើលឃើញមនុស្សទឹកកកម្នាក់នេះ?
បើសិនជាផែនការនាយប់នេះរំលងទៅ អ្នកទាំងពីរបានយល់ចិត្តគ្នា ហើយកសាងសន្តិភាពឱ្យកោះH យើងម្នាក់នេះបន្តឯកាតទៅទៀតមានអីមិនល្អ?
គិតឃើញដល់បងប្រុសនាងកាលណា គេព្រិចភ្នែកបន្តិច លើកដៃបណ្តេញឱ្យនាងដើរចូលទៅក្នុងផ្ទះ។ ព្រោះមិនដែលគិតថាមនុស្សទឹកកកចេះកុហកនោះ ស្រីស្អាតរីកចិត្តថ្លើមស្រមៃឃើញតែបងប្រុស។
នាងសម្លឹងគេចុងក្រោយក៏បែរដើរចូលទាំងស្រែកហៅឈ្មោះបងប្រុសផង។
យូស៊ូដែលកំពុងតែគេងលង់លក់នៅខាងក្នុង ពេលឮសូរសំឡេងមនុស្សស្រីដែលគេត្រូវការបំផុត មកដល់ទីកន្លែងឆ្ងាយដាច់គេមួយនេះ បែរជាយល់ថាជាសំឡេងក្នុងសុបិន ក៏សំងំគេងបន្តទាំងទន់ប្រាណល្ហិតល្ហៃ។
នាងក្រមុំមកដល់មាត់ទ្វារឈើក៏រុញចូលទៅ។
វាពិតជាគ្មានចាក់សោនោះឡើយ។
«បងជេន!»
នាងបន្ថយសំឡេងហៅតិចៗទាំងញញឹមផងឈានចូលផង។
អ្វីដែលនីយ៉ាយល់ពេលនេះគឺ ស្មានថាជេននិងម៉ឺនយូនៅអង្គុយជាមួយគ្នា ដឹងអី ស្នូរដង្ហើមមួយធ្វើឱ្យនាងស្រីត្រូវរបូតចោលស្នាមញញឹម។
មនុស្សម្នាក់ក្រោកមកជាមួយរាងកាយដ៏ធំរបស់គេ។
ពុកមាត់ពុកចង្ការឹមៗពាសពេញបង្ហាញពីក្តីទុក្ខព្រួយរបស់គេ។ យូស៊ូ ដៃម្ខាងគេញីភ្នែកព្រោះទើបតែស្វាងចេញពីភាពស្រវឹង ហើយឈានជើងបានមួយជំហានប៉ុណ្ណោះបង្ហាញខ្លួននៅចំពោះមុខនាង។
ព្រោះជំហានគេវែង គេបង្ហាញខ្លួនកណ្តាលផ្ទៃបន្ទប់ដែលមានសាឡុងធំវែង មុននេះបានមកស្រវឹងដេកដួលម្នាក់ឯង។
«ចាញ់បោកមនុស្សទឹកកកម្នាក់នេះទាល់តែបាន!»
ស្រីខាំមាត់រអ៊ូខណៈទ្វារបិទវិញពីក្រោយខ្នង។
«ឯណាបងខ្ញុំ?»
យូស៊ូសួរមួយៗញាក់ស្មាព្រោះមិនដឹងរឿងអីទាំងអស់។ នីយ៉ានាងខាំមាត់មិនចង់មើលឬនិយាយជាមួយជននេះច្រើន គិតថានឹងចេញទៅដើរក្តិចមួលមនុស្សម្នាក់នៅខាងក្រៅសម្រន់កំហឹងវិញល្អជាង ប៉ុន្តែបែរមកកាន់ទ្វារ វាពិតជាត្រូវបានបិទជាប់វិញដោយស្វ័យប្រវត្តិទៅហើយ។
ដោយសារនេះជាប្រភេទវីឡាកញ្ចក់សឹង៨០ភាគរយ ទ្វារនេះក៏លាតត្រដាងថ្លាអាចមើលទៅក្រៅបាន។
ពីកញ្ចក់ខាងក្នុង នាងឃើញឥន្ត្រាឈរបែរខ្នង។
ស្រីអង្រួនទ្វារដែលសែនរឹងមាំ ហើយស្រែកហៅ៖
«មនុស្សទឹកកក បើកទ្វារឱ្យខ្ញុំ ខ្ញុំមានរឿងជម្រះបញ្ជី!»
គេឈរបែរខ្នងនៅទីនោះជាមួយស្មាសងខាងឥតកម្រើក។ គ្មាននរណាម្នាក់អាចស្មានដឹងបានអំពីទំហំនៃការខូចចិត្ត ដែលគេត្រូវនាំនាងមកឱ្យប្អូនប្រុសរបស់គេនៅក្នុងសភាពបែបនេះឡើយ។
យូស៊ូសម្លឹងនាង រួចសម្លឹងបងប្រុសនៅបែរខ្នងឯក្រៅ។
មិនប្រើពេលយូរទេ គេញញឹមនិងស្វាងពីទុក្ខសោកស្នេហ៍។ គេដឹងថា បងគេស្រលាញ់គេប៉ុនណា បានជានាំធីតាម្ចាស់ចិត្តមកឱ្យដល់ទីនេះ។
ប្រុសស្អាតដើរទើមៗមកក្បែរសង្សារ រួចហើយដៀងភ្នែកសម្លឹងទៅក្រៅ។
បបូរមាត់គេដែលញញឹមកំពុងបញ្ឆេះនាង។ ដោយគេដឹងថា បងគេមានចេតនានាំនាងមកឱ្យគេ ប្រុសពៅរឹតតែបានចិត្ត។
«ឈប់ឡូឡាបន្លាចគេឯងទៅ!»
គេវាចាស្រាលៗជាមួយដង្ហើមស្នេហ៍ដែលជះមកក្បែរនារី។ ដូចថែមសាំងលើភ្លើង ធីតាឮសំឡេងគេនៅកៀកបែបនេះក៏ប្រញាប់បែរក្រោយហើយសម្លុត៖
«កុំចូលមក!»
ខាងប្រុសមានកែវភ្នែកដែលពោរពេញទៅដោយសេចក្ដីស្រលាញ់លើសលប់សម្លឹងមុខនាង។ ចាំបានថា កាលជួបនាងនៅកោះនេះដំបូង នាងយំនិងអរណាស់ពេលឃើញគេ សូម្បីផ្ទះទឹកជាយក្រុងភ្នំពេញ គេឱ្យនាងប្តូរឈុត ប្រារព្ធបុណ្យកំណើតស្ងាត់ៗពីរនាក់ នាងធ្វើទាំងញញឹម។
ពេលនេះម៉ោងនេះ មនុស្សស្រីដដែលនេះគ្មានស្នាមញញឹមឱ្យគេសោះ។
យូស៊ូទម្លាក់ទឹកមុខស្មើសម្លឹងនារីមកពីគ្រួសារប៉ូលិសម្នាក់នេះ។ យប់នេះ នាងគឺជារបស់គេ…សូម្បីតែបងប្រុសគេក៏គាំទ្រដែរ ដូច្នេះហើយ ប្រុសកំលោះពិតបានចិត្តខ្លាំងណាស់។
ដោយឃើញគេនៅរង់ចាំមើលប្រតិកម្មរបស់នាង ស្រីស្អាតសម្លក់លែងរវល់ជាមួយគេ ហើយបែរក្រោយសម្លឹងទៅបងប្រុសរបស់គេនៅខាងក្រៅផ្ទះ ស្រែកយំឮៗ៖
«ឥន្ត្រា! ខ្ញុំនឹងស្អប់លោក! តែ….បើកទ្វារឱ្យលឿន…!»
ប្រហែលជាសព្ទសូរដង្ហោយរបស់នាងរំខានពេកដឹង បានជាមនុស្សទឹកកកដែលឈរស្កុប ឈានជើងចាកចេញ។
គេពិតជាទៅហើយ….នាងស្រឡាំងកាំងតែអណ្តាតគាំង រាល់ពាក្យសម្តីទាំងប៉ុន្មានបម្រុងថាស្តីឱ្យគេនេះបែរជាចរចាចេញលែងរួច។ ហេតុអ្វីការចាក់ចេញស្ងាត់ស្ងៀមរបស់គេធ្វើឱ្យតរុណីតក់ស្លុតម្ល៉េះ?
«គាត់មិននៅរំខានយើងទេ!»
ក្តៅចិត្ត…..នាងបែរមកវិញហើយខាំមាត់និយាយ៖
«គិតថា យប់នេះខ្ញុំនៅហ្នឹងជាមួយខ្លួន?»
យូស៊ូលើកចិញ្ចើម៖
«នៅហើយទេតើ!»
ស្រីសម្លក់គេ បែរក្រោយ អង្រួនទ្វារស្រែកខ្លាំងៗ។
«ឥន្ត្រា! បើកទ្វារ! ជឿថា ខ្ញុំកម្ទេចកន្លែងនេះដែរអត់?»
«ទ្វារហ្នឹងមាំណាស់!……សូម្បីគ្រាប់កាំភ្លើងក៏អាចពិបាកនឹងធ្លាយដែរ!»
នាងចងចិញ្ចើមព្រោះប្រាណគេចូលមកកៀក ប្រើសំឡេងខ្សាវៗ ធ្វើមើលតែខាងស្រីមានអារម្មណ៍ជាមួយ។
«បងខ្លាចអូនហត់ពេកទេតើ!» គេនិយាយទៀតទោះនាងមានទឹកមុខរឹងរូស គេមានកែវភ្នែកទន់ភ្លន់។
«ចាំបាច់មកធ្វើល្អ?»
ថាហើយនាងបែរមកអង្រួនទ្វារសាជាថ្មី
«ឥន្ត្រា! មនុស្សចង្រៃ! មនុស្សកំសាក! មនុស្សដឹកញីបន្ស៊ីឈ្មោល! ឥន្ត្រាឮអត់ បើកទ្វារ! ខ្ញុំខំទុកចិត្តណ៎ា!»
យូស៊ូក្រពាត់ដៃផ្អែកស្មាម្ខាងនឹងទ្វារមើលសភាពខឹងសម្បារបស់សង្សារ។ នាងកំពុងតែមានៈ គេដឹងប្រាកដណាស់ គេវាចាខ្សោយៗ៖
«សូម្បីតែសំឡេងនៅខាងក្នុងនេះក៏អត់ឮដល់ក្រៅដែរ!»
ឮហើយ ហួសពីខឹងក្រោធជាមួយបងប្រុសគេ មនុស្សដែលកំពុងមានអារម្មណ៍ល្អជាមួយគ្នាលើទឹកមុននេះ ក្លាយជាអសារ។ ការណ៍នេះនាំឱ្យនីយ៉ាសន្និដ្ឋានថា បងប្រុសជេនមិនបានមកដល់កោះHទេ គេធ្វើជាយកឈ្មោះដែលនាងមានមនោសញ្ចេតនាជាមួយបំផុតមកបញ្ឆោតនាង។
កន្ទុយភ្នែកនារីសម្គាល់ឃើញថា យូស៊ូទុកឱ្យនាងញ្ជ្រោលខឹងធ្វើជាល្បែងឱ្យនាងមើលលេង។ ស្រីបែរមកសម្លក់ប្រុសសង្សារ ទាំងដែលខាងប្រុសពិតជាមានទឹកមុខស្រទោស្រទន់សម្លឹងរាងកាយនាងពីលើដល់ក្រោម។
«សើមទាំងអស់ អត់ខ្លាចផ្តាសាយទេ បងទៅយកខោអាវឱ្យផ្លាស់!»
គេប្រុងបែរតែត្រួវនាងឃាត់៖
«មិនបាច់ទេ បើកតែទ្វារទៅបានហើយ!»
ប្រុសសម្លឹងនាងដោយកែវភ្នែកអាណិតនិងស្រលាញ់។
«គ្រប់គ្នា សុទ្ធតែចង់ឱ្យយើងជួបគ្នា!»
នីយ៉ាញញឹមជូរចត់។ នាងសម្លឹងមុខបុរសសង្សារដែលនាងពិតជាស្រលាញ់ខ្លាំងក្នុងជីវិតនេះ មិនដែលស្រលាញ់អ្នកណាដូចគេ គឺស្រលាញ់ដល់ថ្នាក់ហ៊ានលោតទឹកដើម្បីគេ។
«បងសុំទោសគ្រប់យ៉ាងនីយ៉ា បងសុំទោសពិតមែន!»
នាងងាកមុខចេញ មិនយល់ចិត្តខ្លួនឯងដែរ។ ពេលនេះ ពាក្យសុំទោសរបស់គេដែលនាងតែងចង់បានពីគេដែលជាបុរសខែងរ៉ែង ជាទេវបុត្រកោះHដែលមនុស្សជាច្រើនចង់តាមផ្គាប់ផ្គុនចិត្ត ហេតុអ្វីការលន់តួរបស់គេបែរជាគ្មានន័យ?
នីយ៉ាមិនដឹងទេថានេះព្រោះតែចិត្តនាងបានច្របូកច្របល់។
វត្តមានបងប្រុសរបស់គេ បានធ្វើឱ្យនាងមិនឱ្យតម្លៃសំខាន់ទៅលើអតីតកាល ក៏មិនបានគិតពីរឿងកំហុសអ្វីជាមួយយូស៊ូ ឱ្យស្មើនឹងការខកចិត្តថ្មីចំពោះមនុស្សម្នាក់ដែលនាងចាប់អារម្មណ៍ឃើញថាគេល្អជាមួយនាង គួរទុកចិត្ត មិនដឹងអាចឱ្យនិយមន័យថាជាមិត្ត ជាបងប្រុសឬអ្វី ប៉ុន្តែទីបំផុតហេតុអី្វ ហេតុអីបានជាគេនាំនាងមកឃុំជាមួយប្អូនប្រុសរបស់គេ។
«ហេតុអ្វីឥន្ត្រាចង្រៃ!»
នាងនិយាយទៅកាន់ទ្វារទាំងខ្សាវៗហត់។
«ព្រោះគាត់ដឹងថា នេះគឺជាសុភមង្គលធំជាងគេនៅក្នុងជីវិតរបស់អូន!»
យូស៊ូនិយាយមកធ្វើឱ្យនាងតទាំងមិនបែរ៖
«ពូកែដឹងម៉េះ? ឈប់និយាយជំនួសគេ! ខ្ញុំត្រូវការសួរចម្លើយគេដោយខ្លួនឯង!»
ស្រីបន្តកញ្ជ្រោលអង្រួនទ្វារធ្វើឱ្យប្រុសស្នេហ៍ឆ្ពោះមកក្បែរ ហើយចាប់ដៃនាងឃាត់។
ដោយជាប់គាំងក្នុងប្រអប់ដៃគេ នារីនេះរុះរើ រហូតដល់យូស៊ូត្រូវឱបនាងឃាត់ទាំងស្រុង។
គ្មានសំឡេងទេ គូស្នេហ៍ទាំងទ្វេនៅគាំងក្នុងរង្វង់ដៃ សាច់និងសាច់ខាំប៉ះគ្នា។ ជាយូរមកហើយចាប់តាំងពីពេលដែលនាងស្គាល់គេ នីយ៉ាលង់បុរសនេះណាស់ គេជា Chamming Prince ស្រីៗណាក៏ចង់ប៉ះពាល់ស្គាល់រង្វង់ដៃគ្នា នាងក៏ប៉ងមានពេលស្និទ្ធស្នាលជាមួយរៀម លុះមកដឹងថា ការពិតគេជាកូនប្រុសរបស់ម៉ឺនយូដែលកុហកនាងរហូតមក ការបោកបញ្ឆោតយកនាងធ្វើជាល្បែងលេងសើចសាកចិត្តនាពេលមកដល់កោះH ជាកំហុសដែលនាងមិនព្រមអត់ទោសឱ្យ។
ទោះបីយ៉ាងណា ការប៉ះពាល់គ្នាលើកនេះដូចជាបញ្ជូននិងដាស់អារម្មណ៍ស្នេហ៍ចាស់ៗ….អាចធ្វើឱ្យស្ត្រីភាំងជាមួយនឹងកែវភ្នែកស្រទន់អង្វរករ នីយ៉ាចង់ដកចេញ លែងមើលគ្នា តែដកមិនបាន។
«កុំអុកឡុកខ្មាសគេ!» គេវាចាអង្វរករ។
នាងនៅស្ងៀមសម្លឹងគេមិនមាត់រួច គេខ្សឹបទៀត៖
«ប្រាប់មក! បងធ្វើយ៉ាងណា ទើបយើងអាចដូចដើមវិញ!»
«គ្មានថ្ងៃនោះទេ យូស៊ូ!»
«គិតមើល៍ កាលពីដំបូងហេតុអីយើងស្រលាញ់គ្នា? យើងមានចិត្តឱ្យគ្នាមកដោយរបៀបណា?»
នាងរលើបភ្នែក។
ដឹងថាឥន្ត្រាមានហេតុផលបង្ខាំងនាងនិងយូស៊ូ។ គេពិតគិតថា នាងមានទំនាស់មួយជារបងរារាំងចិត្ត ពិបាកអត់ទោសឱ្យប្អូនប្រុសគេ បានជាគេទម្លាយរបងនោះចោលទុកខ្លួនឯងឱ្យនាងស្អប់ រកឱកាសឱ្យនាងនឹងយូស៊ូយល់ចិត្តគ្នាឡើងវិញ។
«មានស្រីណាម្នាក់ប្រថុយជីវិតនៅបាងកក គិតពីសុវត្ថិភាពបងពេលបងស្រវឹង? កាលណោះ អូនមិនមែនជាប្អូនប៉ូលិស បងក៏មិនមែនមនុស្សកោះH! មនុស្សពីរនាក់នេះបរិសុទ្ធណាស់ ពួកគេស្រលាញ់គ្នា ហេតុអ្វីបានជាប្រវត្តិគ្រួសារ ធ្វើឱ្យពួកគេមើលមុខគ្នាមិនចំ?»
ស្រីទម្លាក់ភ្នែក។
នៅបាងកកគេមិនស្គាល់នាងទេ។
នាងពិតជាលង់ជាមួយភាពជាអ្នកមាននិងស៊ីវិល័យរបស់គេ។
ស្មានថាគេជាថៃ តែថ្ងៃនោះពេលគេស្រវឹងលោតទៅរានហាលក្រៅ នាងពិតជាខ្លាចគេមានបញ្ហាបានជាហក់ទៅក្បែរឃាត់គេ។
គេបែរមកសម្លឹងនាងដោយកែវភ្នែកព្រាន សែនសង្ហានិងមានអំនួត។
«អត់ខ្លាចធ្លាក់ចុះក្រោមស្លាប់ជាមួយគ្នាទេ?»
រឹតតែលង់ព្រោះគេជាខ្មែរ។
សំណួរគេបានធ្វើឱ្យនាងខ្មាស ដែលខ្លួនឯងហ៊ានធ្វើបែបនេះនៅខណៈមនុស្សជាច្រើនបាននៅជុំវិញគ្មានអ្នកណាហក់មកឃាត់យូស៊ូទេ ទីនេះខ្ពស់ពេក ហើយគេតែងតែលេងឆ្កួតៗរាល់ពេលស្រវឹង។
«ស្រីម្នាក់នេះ ជាសង្សារខ្ញុំ! យប់នេះ ធ្វើសាក្សីផង ខ្ញុំយូស៊ូសុំស្រលាញ់គេនៅចំពោះមុខអ្នករាល់គ្នា!»
នោះជាការចាប់ផ្តើមនៃជីវិតស្នេហ៍រវាងពួកគេ។ គេក៏គិតថាលេងៗ នាងក៏គិតថាសាកមើល។ ចុងក្រោយគេរបួសបាក់ចង្កេះ នាងគិតពីគេ ហើយគេក៏ខឹងខ្លាំងពេលដឹងថា នាងតាមពិតជាប្អូនស្រីឧត្តមសេនីយ៍ជេន។
រឿងពីមុន នឹកឃើញឡើងវិញពីរោះណាស់ ដល់ថ្នាក់ភ្នែកនាងត្រូវស្រអាប់ ផ្សាព្រោះទឹកភ្នែក តែនឹកមកដល់រឿងកោះH ដែលគេឈរមើលនាងលោតទៅក្នុងគន្លងទឹក ចិត្តនេះណែនក្តន់!
កល្យាណឈប់ទាក់ភ្នែកជាមួយគេ ហើយក្រឡេកទៅទ្វារបន្ទប់មួយដែលគេទើបតែចេញមក។
«ខ្ញុំហត់ណាស់ ត្រូវការដេក!»
ស្រីកម្រើកដៃ គេលែងនាង។
នីយ៉ាទន់និងហត់ពិតមែន។
ហត់ចិត្តនឹងអតីតកាលដែលតាមធ្វើបាបចិត្តនាង។
គ្រាន់តែស្រលាញ់មនុស្សម្នាក់ហេតុអីមានរឿងច្រើនយ៉ាងនេះ?
ខាងប្រុសតាមសម្លឹងនាង ខណៈស្រីស្អាតរុញបិទទ្វារ។
យូស៊ូដឹងថា ស្នេហាគ្រាដំបូងកំពុងរុកកួនចិត្តនាង។
គេមានកំហុស នាងចង់អភ័យទោស តែបច្ចុប្បន្នកាលពិតជាមានរឿងច្រើនណាស់ដែលពិបាកនឹងផ្សះផ្សារគ្នា។
នាងចង់គេចពីកែវភ្នែកស្រទន់អង្វរកររបស់ជននេះ ដូចជាគេចបំភ្លេចអតីតកាលជាមួយគ្នា។
«អូនចង់ភ្លេចបង ចង់ចប់គ្រប់យ៉ាង ទៅតាមគ្រួសារអូន! តាមបងប្រុសរបស់អូន វាងាយទេ តែបងនឹងរក្សារឿងពីរនាក់ ជារៀងរហូត!»
ស្រីឈរក្បែរទ្វារហើយបិទភ្នែក។ មកទល់វេលានេះ នាងចេះងាកមកចោទសួរឡើងវិញអំពីទំនាក់ទំនងរវាងនាងនិងម្ចាស់បន្ទប់ម្នាក់នេះ។ ពិតណាស់ ពីដំបូងនាងពិតជាទាក់ចិត្តយ៉ាងណាចំពោះបុគ្គលិកលក្ខណៈរបស់គេ?
មនុស្សដែលពិបាកបំផុតក្នុងការបាននៅជាមួយ ក្នុងការតាមស្រលាញ់ ទីបំផុតគេបានស្រលាញ់នាង។ ស្នេហានេះស្រាប់តែត្រូវចប់របៀបនេះ?
នាងសួរខ្លួនឯង គេពិតជាខុសពិបាកអត់ទោសឱ្យ ឬនាងខ្លួនឯង ពិតជាមានអ្នកណាផ្សេងបានជាចេះតែចង់គេចពីការប្រឈមជាមួយគេ?
បន្ទាប់ពីចំណាយពេលជជែកគ្នាតិចតួចសោះចិត្តនាងផ្តើមទោរទន់។
នាងងើបមុខសម្លឹងជុំវិញ។
វីឡានេះមានបន្ទប់គេងតែមួយគត់ ជាកន្លែងសម្រាប់សម្រាកឯកជនរបស់យូស៊ូ ដែលឆ្ងាយពីប៉ានិងបងប្រុស។
ស្រីដើរទៅរូតវាំងននខ្វាក។
ដ្បិតតែជាប្រភេទផេនហោសន៍ដែលមានកញ្ចក់ចោមព័ទ្ធ អាចសម្លឹងមើលទៅព្រៃកោងកាងនិងឆ្នេរសមុទ្រទាំងមូលបាន ប៉ុន្តែលយទៅក្នុងទឹក ថែមទាំងក្រាលក្រាស់ទៅដោយផ្ទាំងកញ្ចក់ប្រណីត ដែលការពាររឹងមាំពីការឆ្មក់វាយប្រហារនានា។
កញ្ចក់ធុននេះបើគ្មានឧបករណ៍ត្រឹមត្រូវទេ គឺប្រាកដណាស់ ពិបាកលុកចូល។ គ្មានអ្វីអាចកាត់កញ្ចក់នេះបានដោយងាយទេ ថែមទាំងអាចការពារគ្រាប់កាំភ្លើងផងក៏ថាបាន។
ស្រីសម្លក់ទឹកសមុទ្រនិងព្រះចន្ទល្ហល្ហាច។
ពីនេះទៅ នាងព្យាយាមស្វែងរកក្រែងលោឃើញស្រមោលឥន្ត្រានៅលើឆ្នេរ ប៉ុន្តែឆ្នេរនេះជាទិសដៅផ្ទុយពីកន្លែងដែលគេឈរ បានជាគ្មានឃើញដានគេដដែល។
…ឃើញតែកម្រាលទឹកសមុទ្រព្រិចៗគួរឱ្យគយគន់។
ស្រីក្រពាត់ដៃពិចារណា។ ហេតុអីបានជាឥន្ត្រាស្រលាញ់ប្អូនប្រុសគេម្ល៉េះ? គេគិតថា កាលដែលគេបោកបញ្ឆោតនាងបែបនេះ នាងក៏ត្រូវរ៉ូវគ្នា ក្នុងជំរំដ៏ត្រជាក់រ៉ូមែនទិកនេះជាមួយប្អូនប្រុសគេ?
«តុក!តុក!តុក!»
«ឈប់គោះទ្វារកុំរំខានខ្ញុំ!»
«សុំនិយាយជាមួយ!» ខាងប្រុសស្រងូតឆ្លើយ។
«គ្មានអីត្រូវនិយាយជាមួយទេ!»
«តែបងមាន!»
នាងមិនរវល់ឆ្លើយ រេភ្នែកសម្លឹងជុំវិញខ្លួន។
«នេះគឺជាបន្ទប់បង ស្មានតែបងគ្មានសោចូលទៅនីយ៉ា?»
ស្រីមិនរវល់ឮ ព្រោះទាក់ភ្នែកជាមួយនឹងអ្វីមួយ។
នៅលើពូកខ្នើយរបស់គេ ស្រីស្គាល់ច្បាស់គឺជារ៉ូបពណ៌សរបស់នាង ដែលប្រលាក់និងរហែក។ ជារ៉ូបដែលនាងត្រូវពាក់កាលពីនៅក្នុងសណ្ឋាគារ ហើយស្រាប់ត្រូវបងគេចាប់មកដាក់ជាប់ក្នុងចំណង មកដល់ដែនកោះH ថែមទាំងបានលោតទៅក្នុងសមុទ្រទាំងស្លៀករ៉ូបមួយនេះ។
របស់ពិតនៅទីនេះ របស់ថ្មីមួយទៀតឥន្ត្រាបានកុម្ម៉ង់ធ្វើសងឱ្យនាងកាលនៅភ្នំពេញជាការសុំទោស។
នាងត្រូវនៅនឹករឭករឿងចាស់ឬត្រូវចោលវា យកថ្មីទៅ?
ស្រីនៅស្ងៀមស្រពាប់ស្រពោន ព្រោះនាងបានឃើញដល់សម្តីខ្លួនឯងដែលពោល៖
«ប៉ាខ្ញុំកាលនៅរស់បានប្រាប់ខ្ញុំថា បើខ្ញុំស្លៀករ៉ូបទៅគឺដូចជាព្រះនាង មិនដូចជាខោអាវប្រុសដែលខ្ញុំចូលចិត្តស្លៀកទេ!»
ស្រីដើរយឺតៗតម្រង់ទៅកាន់គ្រែដំណេករបស់ប្រុសស្នេហ៍ លូកទាញស្បៃពណ៌សចេញពីក្រោមខ្នើយគេ។
ចិត្តមួយនាងសួរ…..តើគេសម្ដែងល្ខោនយករ៉ូបនេះមកដាក់ទីនេះទាក់ចិត្ដយើង ឬមួយគេស្គាល់កំហុសដែលកុហកយើង ហើយគិតយករ៉ូបចាស់រហែកនេះមកគេងឱបបំភ្លេចទុក្ខ?



1 Comment
ចងបានភាគបន្តឆាប់ៗ
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ