នាំនាងទៅឱ្យអង្គុយស្ដាប់គេពេញមួយយប់ទៅហើយ បើយូស៊ូមិនចេះយកបេះដូងនាងបានមកវិញជារឿងរបស់គេ។ នេះគឺជាអ្វីដែលបងប្រុសម្នាក់នេះបានគិត ហើយឡើងបញ្ជាអូប័រសាចព្រោងលើផ្ទៃទឹកសមុទ្រ ចាកចោលប្រុសស្រីទាំងពីរឱ្យនៅស្ងប់សុខក្រោមអាកាសធាតុត្រជាក់ល្ហឹម។
ឥន្ត្រាបកមកកាន់កន្លែងឪពុក គេឃើញជេនដែលកំពុងអង្គុយក្បែរតុ ទល់ជាមួយម៉ឺនយូងាកមកមើលដំណើររបស់គេ។ បងប្រុសម្នាក់នេះ ប្រាកដជាអន្ទះសា។ គិតហើយ ឥន្ត្រាគ្រវីស្មាដើរចូលដោយដំណើរអង់អាច។
ក្នុងទ្រូងនេះ ហោចណាស់ក៏សប្បាយចិត្ត បានលួចគិតថា ឯងសង្ឃឹមចុះមេប៉ូលិស បើគិតថាបានជួបប្អូនស្រីយប់នេះ។
មេឃរំលងអធ្រាត្រហើយ ជេនឃើញមុខគេកាលណាសម្លឹងគេត្មែរ ដូចជាដាក់សំណួរ ប៉ុន្តែប្រុសច្បង គេមិនខ្ចីសម្លឹងត្រលប់ទៅវិញបែរជានិយាយទៅកាន់ឪពុក។
«នីយ៉ាអត់មកទេ!»
ម៉ឺនយូរេភ្នែកសម្លឹងទៅឧត្តមសេនីយ៍ជេនសិន មុនពេលដែលចោលកន្ទុយភ្នែកញញឹមទៅរកកូនប្រុសច្បង។ ឥន្ត្រា ពិតជាមិនដែលធ្វើឱ្យឪពុកម្នាក់នេះខកបំណងនោះឡើយ។
ជេននឹកឆ្ងល់ ប៉ុន្តែគេប្រឹងអំណត់រិះគិត។ ទោះបីពេលនេះបាននាំកងកម្លាំងមកច្រើន ទៅតាមទ្រូងដែលអន្ទះសាប៉ុនណាក្តី ប៉ុន្តែគិតសព្វៗទៅ មនុស្សទឹកកកម្នាក់នេះ ដូចជាសម្តែងអាការៈទុកគេជាសត្រូវតាំងពីដើមមក។
តើថ្ងៃណាទើបគេអាចដឹងថា ខ្លួនគេធ្លាប់ជាពិសិដ្ឋ មនុស្សម្នាក់ដែលលះបង់ទាំងជីវិតខ្លួនឯងចូលរួមជាមួយគម្រោងការរបស់ជេននិងហាន់ដា នៅក្នុងការបំបែកសម្បុកទាយាទត្រីកោណមាស?
«ជួយទាក់ទងតាមហ្វូនផង ខ្ញុំចង់និយាយជាមួយគេ! ប្អូនខ្ញុំ!»
ជាមួយទឹកមុខស្មើ មិនខ្វល់នឹងហ្វូនដែលខាងប៉ូលិសហុច ឥន្ត្រាទាញកៅអីអង្គុយព្រោះឪពុកស៊ីញ៉ូអនុញ្ញាត។
ម៉ឺនយូឃើញប៉ូលិសត្រូវឥន្ត្រាធ្វើតោះតើយដាក់ គាត់ពិតជាបានសងសឹកពេញចិត្តពេញថ្លើម តែរក្សាទឹកមុខសុភាពចាស់ទុំនឹងនរហើយរុញទូរសព្ទឱ្យជេនយកទៅទុកវិញ។
«ប្រហែលជាយប់ពេកហើយដឹង ក្មួយស្រីអាចងងុយគេង!»
ជេនមិនរវល់ទេចំពោះបុរសមានល្បិចខ្ពស់នេះ។ គេងាកមកគគ្រឺតចង្កាសម្លឹងមនុស្សដែលអង្គុយក្បែរយ៉ាងសង្ហាខែងរ៉ែងម្នាក់នេះ។
ពិសិដ្ឋដែលរស់ឡើងមកវិញម្នាក់នេះ ដ្បិតណាតែមានរូបរាងមុខមាត់សម្បុរសម្បកជាមនុស្សថ្មី តែមានចរិតដូចសឹងបេះបិទជាមួយបងប្រុសគេ។ និយាយស្តីតិចៗ តែទឹកមុខលេងឌឺដងមិនចុះញ៉មនឹងអ្នកណាឡើយ។
«ខ្ញុំត្រូវការជួបប្អូនខ្ញុំ! នាំខ្ញុំទៅ!»
បញ្ជា!?
គេធ្វើទឹកមុខហីទទួលកែវដែលកូនចៅយកមកត្រុនៗហើយផ្តើមចាក់ភេសជ្ជៈ។ សេចក្តីសង្ឃឹមថា ឥន្ត្រាអាចចងចាំអតីតកាលគឺស្មើសូន្យ ហើយមនោសញ្ចេតនានឹងជេនក៏កម្រិតមិនលើសនេះ។
នេះជាបច្ច័យនាំឱ្យម៉ឺនយូសែនសប្បាយចិត្តស្រេចទៅហើយ ពេលនេះក៏គេនៅតែអាចជួបជាមួយនីយ៉ាបានតាមគម្រោងជារឿងផ្គើនទីពីរ។
ទោះយ៉ាងណាម៉ឺនយូធ្វើជានិយាយ៖
«មានប្រាប់ទេថាបងប្រុសចាំ?»
សំណួររបស់ឪពុកធ្វើឱ្យឥន្ត្រាប្រើម្រាមដៃម្ខាងក្ដោបជាប់លើកែវទឹក ចិត្តនេះបាចហានឹកដល់អាការៈញាប់ញ័រដែលនាងចង់មករកបង តែត្រូវគេប្រើឧបាយ។ ជេនតាមសម្លឹងអាការៈឥន្ត្រាដែលលើកទឹកមកក្រេបភឹងដាច់អស់ជាតិស្រវឹង គេមើលទៅមានអាការៈខូចចិត្ត?
តាមពិតបេះដូងនេះនឹកដល់សំឡេងនាងដង្ហោយហៅគេ។ «នីយ៉ា ព្រឹកឡើងនាងនឹងមិនបន្ទោសខ្ញុំតែអរគុណខ្ញុំផងមិនដឹង?»។
ប្រុសច្បងសម្រេចចិត្តងើបមុខសម្លឹងចំភ្នែករបស់ឧត្តមសេនីយ៍ជេននិងវាចាខ្លីៗ៖
«ខ្ញុំប្រាប់គេរួចហើយ ប៉ុន្តែគេប្រាប់ថាយប់ពេក គេគេង!»
«ប្អូនស្រីខ្ញុំ មិនឆ្លើយបែបហ្នឹងទេ!»
«ចង់និយាយថាខ្ញុំកុហក?»
«គេនៅទីនេះបន្តធ្វើអី បើបងប្រុសក៏មកយកទៅផ្ទះហើយ?»
«ចាំស្អែកជួបគ្នា មានពេលសួរគេខ្លួនឯងទៅ!»
ជេនខាំធ្មេញក្រោកពីកៅអី ធ្វើឱ្យម៉ឺនយូស្ទុះឡើងតាម។ ទោះយ៉ាងណា ឥន្ត្រានៅញញឹមសម្លឹងកម្រាលតុ…..
«មនុស្សកោះHឃុំខ្លួនប្អូនខ្ញុំ ហើយចង់ឱ្យខ្ញុំអង្គុយស្ងៀម? ប៉ូលិសមិនមែនជាត្លុកកំប្លែងសម្រាប់គ្រប់គ្នា លេងសើចទេ ខ្ញុំចេញបញ្ជាតែមួយម៉ាត់ កោះHទាំងមូលនឹងត្រូវឆែកឆេរ!»
គ្មានសញ្ញាថាឥន្ត្រាម្នាក់នេះខ្វល់ខ្វាយអ្វីនោះឡើយ ប៉ុន្តែម៉ឺនយូវិញទេដែលក្រោកឆ្លេឆ្លា សម្ដែងទឹកមុខយល់ចិត្តយល់ថ្លើមរាដៃសង្កត់ភាពតានតឹង។
«កុំធ្វើរឿងឱ្យបែកខ្ចរខ្ចាយ!»
ឮពាក្យនេះចេញពីមាត់មនុស្សចំណាស់កាលណា ជេនជ្រួញចិញ្ចើម។ មួយក្រឡឹងភ្នែកចុងក្រោយ គេពិតជាចាប់អារម្មណ៍ថា សម្តីម៉ឺនយូដូចកំពុងដាស់គេឱ្យនឹកឃើញដល់សេចក្ដីស្នេហាលាក់លួច ដែលធ្វើឱ្យទ្រូងបងប្រុសប្រេះស្រាំ។ ឬមួយពេលនេះម៉ោងនេះ នីយ៉ានៅជាមួយយូស៊ូ?
គ្រវាសភ្នែកមកមើលឫកពាហំហានរបស់ឥន្ត្រាកាលណា ពិតជាគួរឱ្យទើសចិត្តណាស់។ ប៉ូលិសខាំមាត់និយាយឡុលៗ៖
«បាន!»
ឥន្ត្រាងើបមុខញឹមៗ ឌឺណាស់ ឌឺដូចបងប្រុសគេដែលឌឺជេនកាលពីមិនទាន់បានហាន់ដា។ ដូចគ្នាបេះបិទ។
ជេនដែលឱបកំហឹង មិនខ្វល់ថាម្នាក់នេះជាពិសិដ្ឋឬអត់ នាយនិយាយដាក់ទឹកមុខប្រហើររបស់ឥន្ត្រា៖
«ហើយ….ឱ្យតែឃើញវានៅជាមួយអ្នកណា អ្នកនោះបាក់ជើង!»
«សាកទៅ!»
ឥន្ត្រាស្រែកគំហកឮៗ សរសៃកគេតឹង។ ប៉ូលិសរត់មកប្រាវ ដៃឥន្ត្រាច្រត់កៅអីក្រោកមកប្រឈមនឹងជេនដែលនិយាយប្រមាថបំបាក់ជើងប្អូនប្រុសគេ នៅលើដែនកោះរបស់គេ។
ម៉ឺនយូខ្លាចប៉ូលិស តែឥន្ត្រាម្នាក់នេះវិញមិនចេះខ្លាចអ្នកណា ជាពិសេសបងប្រុសរបស់នីយ៉ាម្នាក់នេះ ឃើញមុខកាលណាចេះតែចង់ធ្វើឫកដាក់។ តាំងពីជួបគ្នាដំបូងនៅខុនដូ មិនត្រឹមជេនបង្ហាញឫកពាហិង្សាហួងហែងប្អូនស្រី ថែមទាំងក្រោយមកឥន្ត្រាត្រូវបណ្តាច់ហ្វ្រាំងឡានស្ងាត់ៗ។ យប់នេះម៉ោងនេះ ក្រោយពីបាននាំប៉ាគេទៅឥឡូវនាំគាត់មកវិញ ហើយទាមទារឆែកកោះទាំងគ្មានដីកា មនុស្សនេះពិតជាក្អេងក្អាងស្មើឈ្មោះល្បី។
ឥន្ត្រាបូញមាត់ស្រួចទៅមុខ បញ្ចេញកាយវិការហំហានមិនញញើត។ ងាកទៅណា ក៏ឃើញមនុស្សកោះH មាឌធំៗបង្ហាញខ្លួនមិនចាញ់មិនឈ្នះជាមួយប៉ូលិសដែរ។ ជេនញញឹមឈឺៗ ព្រោះដឹងថា មនុស្សឥន្ត្រានេះមានកាយវិការជាអ្នកលេងតាមការប្រដៅដោយឪពុកលាក់ពុតរបស់គេ។ ឧត្តមសេនីយ៍ដឹងថា ម៉ឺនយូសប្បាយចិត្តណាស់ពេលឃើញគេប្រទូស្តរាយជាមួយឥន្ត្រា។ ប្រុសសមត្ថកិច្ចលូកដៃមករកកអាវឥន្ត្រា។ ជាថ្មី រាងកាយទាំងពីររមូលចូលគ្នាក្នុងកំហឹងនិងសំឡេងគ្រហឹមដូចម្រឹគ។ បើនីយ៉ានៅទីនេះនាងនឹងតឹងទ្រូងប្រេះ។
ម្ចាស់កោះHដៀងភ្នែកសម្លឹងBillឱ្យល្បិច រួចក៏បុរសចំណាស់ជាជំនិតម្នាក់ចាប់ផ្តើមលូកមាត់អន្តរាគម៖
«ក្មេងៗស្រឡាញ់គ្នាទេទាន! បើយើងទាញខ្លាំង ដូចកាត់ខ្សែទឹកឬក៏ដូចជាទាញអំបោះដែលខ្លែងជក់ខ្យល់កំពុងហើរខ្ពស់ដែរទាន!»
ជេនមានភ្នែកក្រឡោតៗសម្លឹងមុខឥន្ត្រា។ មនុស្សនេះរស់មកវិញ យកចោរជាឪ មិនចេះបែងចែកគុណទោស ខ្មៅស ល្អអាក្រក់ មកស្អប់ប៉ូលិស តើកន្លងមកម៉ឺនយូចិញ្ចឹមមនោគមវិជ្ជាលើគេដោយរបៀបណាទៅ?
ជេនគិតមិនឃើញទេ តែគេមិនដឹងឡើយថាឥន្ត្រាត្រូវអ្នកណាម្នាក់ផ្តាច់ឡានប៊ិះក្ស័យជីវ៉ានៅភ្នំពេញ។ ប្រុសច្បងកំពុងប្រមូលបូកឧប្បត្តិហេតុនោះថា ជាស្នាដៃប៉ូលិស បានជាគេឃើញមុខជេនកាលណាគេមិនដែលស្រួលចិត្តទេ។
ម៉ឺនយូធ្វើជាស្ទុះមកចរចា៖
«កុំឱ្យខាងស្រីត្រូវខូចឈ្មោះ!»
ជេនងាកទៅកូនប៉ូលិសទាំងអស់របស់គេនិងមនុស្សដ៏ទៃទៀតដែលឈរពទ្ធ័ជុំវិញ។ បងប្រុសរលាស់ដៃចេញពីការប្រតឹងកម្លាំងជាមួយឥន្ត្រា។
«ប្អូនខ្ញុំនៅឯណា នេះជាភារកិច្ចរបស់លោកម៉ឺនយូ! ខ្ញុំមិនចេះនិយាយគ្នាជាមួយរូបចម្លាក់ទេ! វារឹងដូចថ្មហើយស្តាប់គ្នាមិនបានទៀត! ខ្ញុំអាចនឹងបោកកម្ទេចចោលបាន!»
«សម្តីថ្លោស!» ឥន្ត្រាបន្ទរ។
«កណ្តាប់ដៃអញថ្លោសជាងហ្នឹងទៀត!»
«តាមសម្រួល!» គេថាតបមិនជ្រុះមួយម៉ាត់ ហើយសប្បាយចិត្តដែលជេនបាត់បង់ភាពនឹងនរព្រោះបារម្ភប្អូនខ្លាំង។
ព្រោះគិតថាស្រីតូចអាចនឹងត្រូវពួកនេះបង្ខាំងធ្វើបាប ណាមួយព្រំដែនចិត្តតែងមានកំណត់ ជេនចងចិញ្ចើមប្រុងស្ទុះមកជាថ្មីព្រោះគ្រឺតកែវភ្នែកទឹកកករបស់ជននេះ ស្រាប់តែ….ម៉ឺនយូដែលស្ទុះមកចង់រារាំងចំកណ្តាល បានត្រឹមមួយជំហានក៏ខ្ទប់ទ្រូងខាងឆ្វេងម៉ឺង ហាក់បីដូចជាបេះដូងកំពុងធ្វើទុក្ខប៉ះពាល់ខ្លាំង។
«ប៉ា!»
ឧត្តមសេនីយ៍ដែលបោះជំហានទៅមុខទៅហើយ បែរជាផ្អាកមកវិញ សម្លឹងមើលម៉ឺនយូព្រោះគាត់ហាក់ទន់ជើងដួលសន្សឹមៗទៅលើដី។
កូនច្បងដ៏កតញ្ញូដំបូងហាក់ចង់ឈានទៅត្រកងឪពុកដែរ តែអ្វីម្យ៉ាងស្ទុះឡើងក្នុងចរន្តឈាមរបស់គេ ញ៉ាំងឱ្យរាងកាយខ្ពស់សង្ហាជាប់គាំងក្នុងសម្ពាធ។
ឥន្ត្រាចងចិញ្ចើម។ សារធាតុពុលកក្រើករំពើកក្នុងសរសៃឈាមគេ។ ជនចំណាស់ដួលត្មោលទៅលើដី បៀលស្ទុះមកមិនទាន់ទេ។
គ្រប់គ្នាស្ទុះមកចោមរោមតែត្រូវជេនរាដៃឱ្យប៉ូលិសដាក់អាវុធ ឯខាងកោះHក៏នៅត្រៀមចាំបញ្ជាឥន្ត្រា។
«លោកម្ចាស់! ប្រុសច្បង!»
មិនដឹងហេតុអ្វីឥន្ត្រានិងម៉ឺនយូរត្រូវរើជំងឺដំណាលគ្នា។
ជេនជញ្ជក់មាត់ពីព្រោះមិនអាចដើរចោលបាន ហើយចាប់ផ្តើមធ្វើការសង្គ្រោះបឋមទៅលើមនុស្សចាស់ផ្ទាល់កម្រាលខ្សាច់។
ពីក្រោមក្រោមក្រសែភ្នែកតាមដានរបស់ជនគ្រប់គ្នា ម៉ឺនយូហត់គឃូសដណ្តើមបានដង្ហើមមកវិញ នៅក្នុងសម្ពាធបរិយាកាសដែលអាចនឹងគាំងចោលរាងកាយម្តងៗបាន។
នៅក្នុងដៃត្រកងរបស់ឧត្តមសេនីយ៍គាត់នៅបន្តធ្មេចភ្នែក បៀលយកថ្នាំនិងទឹកសុទ្ធមកឱ្យ។
ខាងណោះសាម៉ោះនិងកូនចៅគ្រាហ៍ឥន្ត្រា។
«ជាតិពុលក្នុងខ្លួនរើទៀតហើយ?»
ជេននិយាយឌឺពីនេះទៅ ខណៈឥន្ត្រាបិទមាត់បិទភ្នែកផ្ចង់ស្វែងយល់ពីជីពចររបសគេ។ សារធាតុពុលដែលមិនដឹងជាធម្មជាតិឬសំយោគដែលស្ថិតក្នុងកម្រិតមួយធ្វើឱ្យគេសន្លប់រហូតដឹកដល់កោះបេះដូង ពិតជានៅសំងំក្នុងឈាមគេ ការណ៍នេះជេនមិនទាន់បានវិភាគរកការពិតឱ្យគេផង គេឆេវឆាវបង្ខំនាំនីយ៉ាចេញមកទីនេះវិញបន្ទាន់ៗ ពេលនេះបើជាតិពុលពិតជាធ្វើទុក្ខជាថ្មី រាងកាយនិម្មិតរបស់គេអាចនឹងខូចទ្រង់ទ្រាយ បេះដូងអាចគាំង និងសរីរាង្គផ្សេងទៀតរងរបួសខ្លាំង។
«ប៉ាៗៗៗ»
សាម៉ោះស្រែកភ្លាត់សំឡេងហៅបៀលព្រោះឥន្ត្រាចាប់ផ្តើមកន្ត្រាក់ជើង។
ភ្នែកគេបិទជិតស្លុងចំណែកបបូរមាត់និងក្រោមភ្នែករូងខ្មៅក្រឹបឡើងភ្លាមៗ។
ជេនចងចិញ្ចើមលែងដៃពីម៉ឺនយូដោយមិនដឹងខ្លួន។
បៀលដ្បិតតែមានភារកិច្ចត្រកងលើកចៅហ្វាយ តែគាត់សម្លឹងមកឥន្ត្រាតាមសម្រែកកូនប្រុសគាត់ដោយតក់ស្លុតបន្តគ្នា។
ជេនចូលក្បែរពិនិត្យ។
ឥន្ត្រាបែកញើសពីលើដល់ក្រោម ភ្នែកបិទដូចសន្លប់ ខ្សែពួរសរសៃសសូងញាប់ញ័រ កន្ត្រាក់។
សារធាតុពុលនៃក្រុមអនាមិកដែលប៉ងយកគេទៅ ត្រូវបានផលិតដោយគីមីក្តីប្រើសត្វអសិរ្ពិសក្តី ក៏ពេលនេះសញ្ញាណលាប់មកវិញដោយឯកឯងពិតជាមានសភាពធ្ងន់ធ្ងរ។
«មានពេទ្យនៅជិតៗនេះទេ?»
ជេនស្រែកគំហក។
«មិនត្រូវការប៉ូលិសជួយទេ!»
ឥន្ត្រាតបទាំងបន្តទប់ទល់នឹងដឺក្រេនៃការពុល រក្សាកំណើនកើនឡើងសឹងរំជួយបេះដូង។ កន្ទួលពងបែកនិងស្នាមរលាកចាប់ផ្តើមលេចឡើងសន្សឹមៗដូចប្រទាលត្រអាកនៅលើបរិវេណកគេ ថ្ពាល់ និងទ្រូង។
ជេនជ្រួញចិញ្ចើមចុចថតរោគសញ្ញាទាំងនេះគ្រឹបៗ។
នៅខាងណោះម៉ឺនយូបើកភ្នែកមើលមកកូនដោយអាណោចអធម៌៖
«ហៅពេទ្យមកបៀល!»
គាត់បញ្ជាញាប់ញ័រ។
«វ៉ក»
ឥន្ត្រាចាប់ផ្តើមក្អួតចង្អោរព្រោះវិលមុខខ្លាំងរហូតបើកភ្នែកពេលណានឹងវិលក្បុងពេលនោះ។
«ហាន់ដា! ពិសិដ្ឋមានរលាកលើស្បែក ចាប់ផ្តើមក្អួតនិងញ័រសាច់ដុំ!»
គេនិយាយទូរសព្ទដោយស្លន់ស្លោ ខណៈឥន្ត្រាបានឮតែបន្តិចប៉ុណ្ណោះ គេទន់កល្ងៀកលែងដឹងស្មារតី។
ម៉ឺនយូស្លេកញ័រ សាម៉ោះទ្រោបយំ។ ជេនចុចសំឡេងហាន់ដា «ជាតិពុលក្នុងឈាមគេមិនអាចបន្សាបបាន! គេត្រូវដេកយូរ ស្រាប់តែក្រោកឡើងបានវិញភ្លាមៗ អាចល្អអាចអាក្រក់! កុំឱ្យគេសន្លប់ ព្រោះគេអាចនឹងពុលដល់ខួរក្បាល! យកគេទៅICUណាជិតបំផុត!»
ជេនដាក់ទូរសព្ទចូលហោប៉ៅឱនត្រកងរាងកាយមនុស្សទឹកកកដែលលែងដឹងអ្វី។ មាត់គេនិយាយទាំងតក់ក្រហល់៖
«ខ្ញុំយកគេទៅភ្នំពេញ!»
ឧត្តមសេនីយ៍បែរក្រោយបញ្ជាឮៗ៖
«រៀបចំហេលីកុបទ័រ!»
មនុស្សកោះHដកកាំភ្លើងវែងនិងខ្លីចេញមកប្រាវៗ រាយគ្នា ចោមព័ទ្ធទីនេះតាមក្បួនយុទ្ធសាស្ត្ររបស់ពួកគេ។ ជេនមិនរវល់ទេគេគិតពីស្រែកដាក់ត្រចៀកឥន្ត្រា«ពិសិដ្ឋៗៗៗ»។ កម្លាំងប៉ូលិសក៏ស្ទុះមកក្បែរ ក្នុងសភាពប្រុងជើងការ។
ម៉ឺនយូដែលសែនទន់ខ្សោយ អង្គុយសម្លឹងកូនប្រុសដោយទឹកមុខល្ហិតល្ហៃ។ សេណារីយ៉ូដើរមកដល់ពេលនេះ បានកូនស្រីគ្រួសារប៉ូលិសមកក្នុងដៃ កូនប្រុសទាំងពីរមកដល់កោះHវិញ មិនមែនជារឿងងាយទេ ប៉ុន្តែឥឡូវ….«យើងត្រូវអង្គុយមើលគេស្លាប់និងបញ្ចប់គ្រប់យ៉ាង ឬមួយបន្តខ្សែរឿងភាគមួយនេះដោយឱ្យប៉ូលិសព្យាបាលគេ?»នេះជាចំណោទធំរបស់ម៉ឺនយូ។
ប្រសិនរាងកាយនិម្មិតមួយនេះត្រូវបានដឹកបញ្ជូនទៅដល់ភ្នំពេញ តើប៉ូលិសនឹងធ្វើអីខ្លះលើរាងកាយគេ?
តើគេអាចនឹងត្រលប់មកវិញ ក្នុងសភាពជាកូនប្រុសច្បងដ៏កតញ្ញូម្នាក់នេះទៀតដែរទេ?
«ម៉ឺនយូ!!! ពូថា ពូស្រលាញ់គេ! ពូថា គេជាកូនប្រុសរបស់ពូ!»
ជេនគំហកទាំងណែនថ្គាមដោយភាពតក់ស្លុត។ ពិសិដ្ឋមិនអាចស្លាប់បាត់ទៅទាំងបែបនេះទេ នេះជាអ្វីដែលគេគិត ហើយមិនថាផ្ទុះអាវុធកម្រិតណា គេត្រូវយកពិសិដ្ឋទៅឱ្យខាងតែបាន។
«ចៀសផ្លូវ!»
ម៉ឺនយូបញ្ជាទាំងមុខខ្មៅ។
«លោកបង!»
បៀលឱនមកឃាត់ឱ្យសេដ្ឋីសម្រេចចិត្តជាថ្មី តែម៉ឺនយូអត់មានអ្វីរារែកទេ គាត់និយាយតិចៗ៖
«ប៉ូលិសនិយាយត្រូវ គេជាកូនប្រុសខ្ញុំ ខ្ញុំជាឪពុកត្រូវសង្គ្រោះគេ!»
បៀលងើបមុខសម្លឹងទៅឥន្ត្រាដោយទឹកមុខស្មើ រួចទើបដាច់ចិត្តលើកដៃបញ្ជាបន្ត៖
«យកឡានមក!»
សាម៉ោះជួយជេនលើកត្រកងឥន្ត្រាឡើងឡានហ្ស៊ីប។
វគ្គ
បទបញ្ជាចុងក្រោយ
មេឃជិតភ្លឺហើយ។
ទីនេះឆ្ងាយពីកន្លែងឪពុក ដល់ថ្នាក់យូស៊ូមិនដឹងមិនឮអំពីគ្រោះថ្នាក់ដល់ជីវិតដែលឪពុកនិងបងប្រុសកំពុងប្រឈមទេ។
គេអង្គុយសំងំខាងក្រៅ រហូតដល់នាងនៅខាងក្នុងលែងមាត់ក យូរបន្តិចទើបប្រុសគិតថានាងគេងលក់ហើយមួលបើកសោចូល។
ដូចស្មាន ស្រីស្អាតលង់លក់នៅក្នុងភាពទុក្ខសោក ខកចិត្ត ខូចចិត្ត ស្រណោះខ្លួន។ មហិច្ឆតាដែលយូស៊ូចង់បានពេលនេះគឺភាពស្ងប់ស្ងាត់ អង្គុយសម្លឹងការគេងលង់លក់ស្កប់ស្កល់របស់កល្យាណក៏គ្រប់គ្រាន់។
នីយ៉ាចិញ្ចឹមចិត្តខឹងនឹងគេយ៉ាងយូរបែបនេះក៏ព្រោះនាងស្រលាញ់គេជ្រៅ នេះជាអ្វីដែលគេគិត។
ពេលនេះគេស្ដាយក្រោយដែលមិនស្គាល់ចិត្តនាង សូម្បីតែភ្លាមៗដែលនាងបានលោតចូលទៅក្នុងទឹកគឺគេដឹងរួចហើយថា ការសង្ស័យពីបេះដូងនាងគឺជារឿងខុស ដ្បិតតែនាងជាប្អូនប៉ូលិស ប៉ុន្តែនាងមិនមែនជារនុកក្នុង ថែមទាំងមិនបានចូលមកក្បែរគេដើម្បីតែបំផ្លាញកិច្ចការរបស់ប៉ាគេនោះឡើយ។
ប្រុសលើកដៃមកស្ទាបថ្នមៗលើសរសៃសក់វែងទន់។
ទោះគេមិនមាត់ តែការប៉ះនេះបណ្តាលឱ្យខាងស្រីដឹងខ្លួនឡើងមកវិញ គ្រាន់តែនាងនៅសំងំរង់ចាំមើលប្រតិកម្មរបស់គេ។
«បងសុំទោស!»
គេនិយាយច្រើនដងហើយ តែនាងនៅទ្រលាន់នឹងចរិតរបស់មនុស្សនេះ នឹកដល់សភាពដែលគេទាញនាងឡើងឧទ្ធម្ភាគចក្រហើយភ្ជង់នាងដើម្បីចាកចេញពីកោះបេះដូង។ ក្លិនស្រវឹងស្រា និងកាយវិការវិប្បដិសារៈរបស់មនុស្សប្រុសម្នាក់ដែលនាងបានស្រលាញ់ នៅតែមិនអាចឱ្យនាងអត់ទោសបាន។
នីយ៉ាខាំមាត់ បិទភ្នែកមិនតប តែទ្រូងនាងណែនថប់។
«រ៉ូបនេះបងដេកឱប ព្រោះបងស្តាយក្រោយ បងចង់បានថ្ងៃនោះត្រលប់មកវិញដើម្បីធ្វើរឿងនោះម្តងទៀតឱ្យរៀបរយកុំឱ្យរញ៉េរញ៉ៃដូចថ្ងៃនេះ!»
ដោយសើមភ្នែកសងខាង នាងមិនបើកមកសម្លឹងជននេះ តែនាងគ្រវែងរ៉ូបចោលនិងឆ្លើយតបតក្នុងសំឡេងក្ងួរៗខ្សោយៗ៖
«តាំងពីតូចមកខ្ញុំមិនដែលស្លៀករ៉ូបទេ! ខ្ញុំចូលចិត្តតែងខ្លួនដូចជាមនុស្សប្រុស! បើខ្ញុំស្លៀករ៉ូប គឺកាលណោះខ្ញុំភ្លើតភ្លើនងប់ងល់លើមនុស្សប្រុសអ្នកមានម្នាក់ ចង់ឱ្យគេចាប់អារម្មណ៍មកលើខ្ញុំ! ខ្ញុំមិនខ្វល់ ថានឹងមានអ្វីកើតឡើងនៅយប់នោះ ព្រោះខ្ញុំស្រឡាញ់គេ! គេគឺជាមនុស្សទីពីរ ដែលនឹងឃើញខ្ញុំស្លៀករ៉ូប ជាមនុស្សដែលខ្ញុំស្រលាញ់បន្ទាប់ពីប៉ារបស់ខ្ញុំ ប៉ុន្តែចុងក្រោយខ្ញុំស្លៀករ៉ូបនេះមកជាប់ចំណងនៅលើទឹកដីរបស់គេ! បងប្រុសគេដាក់ខ្ញុំមួយយប់ទល់ភ្លឺនៅក្នុងគុក គេមកដល់ឃើញអ៊ីចឹងហើយ ក៏បន្តលេងសើចជាមួយខ្ញុំឱ្យកូនចៅគេមើលលេងជាល្បែង!»
យូស៊ូលើកដៃនាងមកដាក់ក្បែរមាត់ គេថើបតែនាងមិនដកចេញទេ។ នាងរវល់យំ រវល់ខកចិត្តនិងហត់ចិត្ត។
សំឡេងសង្សារតបវិញ៖
«ពេលនោះបងតក់ក្រហល់! ប៉ាខាតបាត់លុយអស់រាប់លាន! ហើយនៅសុខៗស្រីម្នាក់ដែលបងស្រលាញ់ក្លាយទៅជាប្អូនរបស់ប៉ូលិសជេនដែលជាសត្រូវរបស់កោះH!»
នាងបើកភ្នែកបែរមកសម្លឹងគេទាំងយំសស្រាក់៖
«បងខ្ញុំហេតុអីបានជាក្លាយជាសត្រូវរបស់ពួកខ្លួន? អ៊ីចឹងមានតែពួកខ្លួនជាម៉ាហ្វៀ? បើយើងរកស៊ីត្រឹមត្រូវហេតុអីបានជាស្អប់បងខ្ញុំ?!»



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ