រឿង៖ ចិត្តត្រួតត្រា ភាគទី៣២

បើកភ្នែកឡើងមកវិញប្រឹមៗ មិនឃើញគូខាន់នៅទីនេះទេ ។

​     លីនដឹងពីរឿង​ខ្លួនឯងអាក្រាតទាំងស្រុងនៅក្រោមភួយសំឡីដែលត្រជាក់ប៉ុន្តែកក់ក្តៅ។ មានអារម្មណ៍ថា រីករាយដែលក្រោកមកឃើញខ្លួនឯងនៅលើគ្រែរបស់គេ។ ក្លិនគេ ទិដ្ឋភាពនិងរូបភាព​ដែល​នៅសេសសល់ពិតជាសិចស៊ីហើយធ្វើឱ្យមានអារម្មណ៍សឹងថាមិនអាចគ្រប់គ្រងនូវសន្ទុះបេះដូងដែល​ទាមទារនោះបាន។

លីនដកដង្ហើមធំ លើកដៃទាំងពីរឱបភួយជាប់ទ្រូង ក៏មិនយល់ថាមូលហេតុអ្វីទេ នៅនឹកគេជាខ្លាំង ទោះទើបនឹងមាន​គេទៅក្បែរ។

លីនតែង​ចង់ឃើញខ្លួនឯងក្រោកមកវិញនៅទីនេះជាមួយគេរាល់ដងបែបនេះ នឹកដល់សម្តី កាយវិការ​ទាំងឡាយរបស់គេ ប៉ុន្តែស៊ិចរបស់គេ អាក្រក់ឡើងៗ គគ្រឹកគគ្រេងហើយត្រួតត្រាជាខ្លាំង ចុះប៉ុន្តែហេតុអ្វីបានជាមិនមានអារម្មណ៍ថាស្អប់ខ្ពើមគេ?

លេខាស្រីច្រត់ដៃឡើងបន្តិច​។ លីនប្រើកែងដៃទប់ខ្លួនឯងក្រឡេកមើលជុំវិញបន្ទប់ រួចដកដង្ហើមវែងៗ​ធូរទ្រូង។

​គ្រាន់​បើ​ដែលមិនមានគេនៅកន្លែងនេះ។ ​ឆ្ងល់នឹងឆ្លើយចិត្តខ្លួនឯងណាស់ ពេលខ្លះចង់ជួបគេ ពេលខ្លះចង់ឱ្យគេទៅណាឱ្យបាត់ទៅ ចងមាន​គម្លាតនិងពេលវេលា​ស្ងាត់សម្រាប់ខ្លួនឯងខ្លះ។

មិនយូរប៉ុន្មាន កក់ក្តៅប៉ុនណា​ក៏មានអារម្មណ៍ថា មានការងារត្រូវធ្វើត្រូវក្រោកចេញពីសុបិនស្នេហ៍មួយនេះដាច់ខាត។

សុបិនស្នេហ៍ដែលថ្ងៃណាមួយនឹងត្រូវចប់….ហ៊ឹម គិតហើយ​តឹងចិត្ត​! ពីព្រោះលីនមិនជឿថាស្នេហានេះនឹងអាចមានជីវិត​យូរអង្វែងជារៀងរហូតបាននោះឡើយ។

វាគ្រាន់តែជាតម្រូវការនៃរាងកាយរបស់គេ។

គូខាន់ត្រូវការមនុស្សស្រីរងគ្រោះដូចលីន ដែលស្របតាមគេ នៅក្បែរគេ ព្រមទទួលយកជំងឺនិងកាយវិការ​កាចសាហាវរបស់គេ ហើយតើគេមានអារម្មណ៍ងប់ងុលជាមួយនឹងនាងដល់ថ្ងៃណា?

មិនយូរទេ គេនឹងជួបអ្នកផ្សេងទៀតហើយនាងនឹងក្លាយទៅជាសូរកានឬអេលី​ ឬមនុស្ស​អតីតដែលគ្មាន​តម្លៃ​ដូចជាលេខាមុនៗរបស់គេ។

ជាមួយនឹងភាពទុក្ខព្រួយ នាងស្ទុះក្រោកចាកចោលគ្រែស្នេហា។

រាងកាយនៅផ្នែកខាងក្រោមពិតជានៅឈឺ។ ជើងទាំងគូហាក់រមួលក្រពើ សល់ស្លាកស្នាម​ពីការក្ដាប់កជើងយ៉ាងណែនរបស់ពីយប់ម្សិលមិញ។

«រស់នៅជាមួយគេគ្រោះថ្នាក់ពេកណាស់លីនកុលាប» ស្រីលេខាគិតទាំងដៃញីភ្នែកសម្លឹងខ្លួនឯងក្នុងកញ្ចក់រកមើលក្រែងឃើញរបួសណាមួយពីការគ្រញិចរបស់គេរួចទើបចូលមកត្រាំក្នុងអាងទឹក។

មនុស្សស្រីគ្រប់គ្នាអាចបាត់បង់ខ្លួនឯងយ៉ាងងាយនៅក្នុងអំណាចរបស់គូខាន់  តែលីនយល់ថា  មិនអាចបណ្ដោយខ្លួនឯងបែបនេះទៀតបានទេ។

ប្អូនស្រីពៅដែលធ្លាក់ស្លាប់ពីលើផ្ទះដោយគ្មានមូលហេតុនៅតែជាប្រស្នា​អាថ៌កំបាំង។ សម្ដីសូរ​​កាន​​ហើយនឹងការស្លាប់ទាន់ហន់របស់អតីតលេខា នាង​នៅនឹកឃើញ​ទោះខំធ្មេច​ក្នុងទឹកក្តៅយ៉ាងណា។

ទឹកមុខរបស់គូខាន់ ហេតុអ្វីគេមានសម្ពាធយ៉ាងខ្លាំង នៅពេលដែលនាងសួរនាំគេអំពីមរណភាពសូរកាន? ហេតុអីនិយាយគ្នាមិនបាន? ហេតុអីឱ្យតែនាងនិយាយអំពីរឿងណាមួយដែលធ្វើឱ្យគេមិនសប្បាយចិត្ត គេក៏ការផ្ទុះកំហឹង ឡើងហើយមាន​លេសមក​បង្កើតឆាកការរួមភេទដ៏អាក្រក់?

គ្រប់កាយវិការ​ស្នេហា​របស់គេប្លែកជានិច្ចនិង​ចាប់ផ្ដើមឡើង ដោយនាងមិនអាចស្មានចិត្ត​គេបាន​។  គេមើលទៅស្រលាញ់នាងពេលខ្លះ ប៉ុន្តែពេលវេលាភាគច្រើនគឺគេទាមទារប្រើអំណាចលើនាង​។

ហេតុអ្វី?

នៅពេលដែលមានសម្បជញ្ញៈមកគិត លីនមិនចង់បន្តទេ ប៉ុន្តែបែរជាខ្លាចនិងចុះចាញ់នៅរាល់​ពេល​ដែលគេប៉ះពាល់នាង។ ការបាត់បង់ខ្លួនឯងនៅក្នុងដៃរបស់គេ មិនមែនជារឿងល្អឡើយសម្រាប់សតិបញ្ញារបស់លីន។ គេគឺជាមនុស្សដែលមានគ្រោះថ្នាក់ម្នាក់ បើផ្អែកទៅលើចំណងទាក់ទងរបស់គេជាមួយលេខា​មុន​ៗ​។ ក្រោយមកនេះ​ពួកអតីតលេខាទាំងនោះតែងតែមានបញ្ហា។

លីន​បិទ​ភ្នែក​។

ការភ័យខ្លាចតែងតែមាននៅពេលដែលគ្មានគេនៅទីនេះ។

ជាមួយនឹង​សេចក្តីសង្ស័យ កាន់តែចាប់ផ្ដើមសន្ធប់ចិត្ត​ឡើងៗ លីនបានលិចសន្សឹមៗ​ទៅក្នុងបាតអាង ព្រោះចង់ផ្តល់ឱ្យខ្លួនឯងនូវការសម្រាកមួយ ឆ្ងាយបន្តិចពីការតឹងចិត្ត​ថប់បារម្ភ។

នាង​បិទភ្នែកដកដង្ហើមវែងៗហើយ ក៏នៅភ្លេចគេមិនបាន​។ ចិត្ត​នេះនឹកឃើញជានិច្ច ដល់ពេលដែលនាងខឹងប៉ាគេនិងបងស្រីគេ ក៏បីនាងមករំងាប់អារម្មណ៍នៅក្នុងអាងទឹកបែបនេះ។

មិនថាលីនព្យាយាមចៀសវាងយ៉ាងណា រាល់ពេលដែលកើតទុក្ខព្រួយ នឹកដល់គូខាន់ម្នាក់នេះជានិច្ច មិនអាចបដិសេធបានទេថា ឥឡូវនេះប្រុសកំណាច គឺជាស្រមោលមួយសំខាន់ទាំងល្អនិងអាក្រក់នៅក្នុងជីវិតរបស់នាង ហើយលីនមិនអាចបញ្ឈប់ការគិតពីគេបាននោះទេ។

«ហាសិកា  ហេតុអីបងចេះតែមានអារម្មណ៍ថា មរណភាពរបស់ឯងពាក់ព័ន្ធជាមួយគេ? បងជឿសូរ​កាន​ពេកដឹង? ប៉ាម៉ាក់ បើសិនជាខ្ញុំនៅតែបន្តលេងសើចរឿងស្នេហាលើគ្រែជាមួយគេ ខ្ញុំក៏រឹតតែបាត់បង់ខ្លួនឯងថែមបន្តិចម្តងៗ រហូតដល់មិនមានអ្វីនៅសល់ ហើយចុងបញ្ចប់ការពិតអំពីហាសិកា នឹងត្រូវគេដដែលគ្របសង្កត់ចោលទាំងអស់ នៅសល់តែជីវិតលេខាមិនដឹងអីមួយ ព្រមឱ្យគេធ្វើគ្រប់យ៉ាងមែនទេ? អត់ទេ! ខ្ញុំត្រូវស្វែងរកការពិត»

លីនបើកភ្នែកហើយតាំងចិត្តក្រោកឡើងទាំងអារម្មណ៍ធូរស្រាលពាសពេញសរពាង្គកាយ។ សរសៃឈាមទាំងអស់ រត់រមិញគ្រាន់បើជាងកាលពីនៅខាងក្រៅ ទោះបីចំណុចខ្លះនៅឈឺចាប់ នៅក្រោមទណ្ឌកម្មស្នេហាផ្អែមល្ហែមដ៏ជូរចត់របស់គេ។

ទាញអាវយឺតពណ៌ខ្មៅ របស់គេមកពាក់ ហើយនិងខោកីឡារបស់គេផងដែរ ក្រឡេកមើលជុំវិញបន្ទប់មានអារម្មណ៍ថាមានភាពសោកសៅ នៅសុខៗស្រាប់តែនឹកឃើញដល់ការផ្ទុះកំហឹងរបស់គេពេលដែលនាងសួរនាំអំពីសូរកាន។

ឱ្យតែនិយាយហេតុផល គេចាប់ផ្ដើមយកស៊ិចមកដាក់ពីមុខ។

លីនរលីងរលោង តែនាងជូតទឹកភ្នែក។  ទោះបីជាមានពន្លឺដ៏តូច នៅក្នុងភាពងងឹតប៉ុន្តែនាងត្រូវតែស្វែងរកការពិតតាមរយៈកូនពន្លឺនោះ ក្នុងនាមជាបងស្រីដែលមិនមានជម្រើសអ្វីផ្សេងទៀតទេ។

នាងស្គាល់គូខាន់ម្នាក់នេះដោយសារហាសិកា ចំណងនេះ តើអាចនឹងបញ្ចប់ទៅដោយសារតែមរណភាពរបស់ហាសិកា​ដែរឬទេ?

គេជាប្រុសស្នេហ៍ដែលនាង​មានក្នុងចិត្ត​ទាំងទើសទ័ល ​ទាំងច្របូកច្របល់ និងទាមទារ តែ​លីន​កុលាប​នាងត្រូវការចង់ដឹងការពិតគ្រប់យ៉ាងអំពីគេដែរ។

ស្រីលេខាដើរយឺតៗនៅពេលដែលឮសំឡេងមនុស្សប្រុសជជែកគ្នានៅក្បែរៗនេះ។

ឃើញហើយ ពួកគេនៅបន្តប្រជុំ។

«ឯងត្រូវឱ្យពួកនោះស៊ើបសួរអ្នកជិតខាង ឆែកគ្រប់សព្វក្នុងនិងជុំវិញផ្ទះហាសិកាទាំងអស់! ឆែកឆេររកមើលមិនឱ្យរំលង ស្អីក៏ដោយឱ្យតែមានបញ្ហា ប្រមូលមកឱ្យអស់!»​

លីនលើកដៃខ្ទប់មាត់ហើយថយក្រោយមួយជំហានម្តង។

សំឡេងរបស់មនុស្សដែលនាងស្រលាញ់ហៅឈ្មោះប្អូននាង«ផ្ទះហាសិកា» ហើយដូចជាពួកគេធ្លាប់ស្គាល់គ្នាពីមុនមកមែនទេ?

រាល់ទិវាឬរាត្រីណា​ដែលលីនកុលាបម្នាក់នេះលង់នៅក្នុងកាមតណ្ហាជាមួយគេមិនដែលគិតទេថា​ តើគេកំពុងរក្សាសម្តីមិនបៀតបៀនហាសិកា​ដូចកាលពីដំបូងដែរអត់?

ឥឡូវប្អូននាងស្លាប់មិនបន្សល់ហេតុផល គេស្ងាត់ៗដាក់បញ្ជាដាក់ឱ្យស៊ើបនូវអ្វីៗនៅលើផ្ទះរបស់នាងហេតុអីគេចាំបាច់ខ្លាច? គេយល់ថា ហាសិកាបន្សល់នូវភស្តុតាងអ្វីមួយដែលបង្ហាញពីទំនាក់ទំនងរបស់គេ ជាមួយប្អូនលីន?

តើគេពិតជាបានទាក់ទងប្អូនពៅនិងបងស្រីរបស់នាងក្នុងពេលតែមួយឬក៏យ៉ាងម៉េច?

លីនយំមិនចេញទេ។ នាង​បកក្រោយខ្លាចគេឃើញ ហើយមកឈរពួនសោកា​សម្លឹងមើលមកខ្លួនឯងនៅក្នុងកញ្ចក់សំឡេង។

ទូរសព្ទរោទ៍។

លេខា​ចេញទៅមើល។

គឺលេខរបស់ម្តាយគេ នាងមិនចង់លើកទេប៉ុន្តែនេះចាំបាច់ត្រូវលើក។

«ជម្រាបសួរលោកជំទាវ?»

«បុណ្យប្អូនចប់ហើយមែនទេ?»

«ចាស៎ លោកជំទាវ!»

«អូខេ​ចូលរួមរំលែកទុក្ខផង!​ចុះ….ខាន់!»

«គាត់….គាត់ជាប់ប្រជុំ!»

«ខ្ញុំមិនចង់ជួបគេទេ​គ្រាន់តែចង់ដឹងថា​​កន្លងមកនេះគេញ៉ាំថ្នាំដែរ?»

«ខ្ញុំគិតថាគេញ៉ាំ!»

«អ៊ីចឹងមានន័យថានាងមិនបានមើលឃើញ?!»

«ចាស៎​…លោកជំទាវក៏ជ្រាបដែរ! ខ្ញុំមានបញ្ហានៅក្នុងគ្រួសារ!»

«អូខេ! បើគេរវល់នៅនោះ អាចលបចេញមកជួបខ្ញុំនៅការិយាល័យ!»

«ចាស៎គឺខាន់នៅទីនេះនៅឡើយ!»

«ខ្ញុំដឹងហើយ គេក្នុងបន្ទប់ប្រជុំ!»

លីនកុលាប​ដឹងថា ម្តាយរបស់គេមានអ្នករាយការណ៍ជារនុកតាមមកស្អិតពិតមែន។​ ប្រហែលជាតៃកុងឡាននៅខាងក្រៅ។

លីនដើរទាំងដៃនៅកាន់ទូរសព្ទស្តាប់។ អើតតាមបង្អួច វែកវាំងនន ពិតជាឃើញសូហ្វ័រដែលជារនុករបស់ម្តាយគេនៅក្នុងឡានបើកកញ្ចក់ពិតមែន។

តើពូនោះនាំគ្រប់រឿងទៅជម្រាបម្តាយរបស់គេ សូម្បីតែពេលនេះគេកំពុងប្រជុំ?

«ចាស៎ ខ្ញុំរៀបចំចេញទៅហើយ ជម្រាបលា!»

លេខាបិទទូរសព្ទ ហើយស្វែងរកខោអាវផ្លាស់។

ចេញមកក្រៅ​ សូហ្វ័រមកបើកទ្វារទទួល។ តាមផ្លូវ នាងមិនមាត់អ្វីទាំងអស់តែចិត្ត​នេះ​សែន​រលាម​រត់ច្រវាត់នឹកឃើញដល់រឿងជាច្រើន។

សួរថា តើនាងចង់ឱ្យគេជាដែរឬទេ? ពិតជាចង់ណាស់! សួរថាតើនាងចង់ឱ្យគេកុំពាក់ព័ន្ធជាមួយហាសិកាដែរឬទេ? ពិតជាចង់ជាខ្លាំង! ​ប៉ុន្តែគ្មានសង្ឃឹមនោះទេ គូខាន់មានអាថ៌កំបាំងជាច្រើន។

ឥរិយាបថគេ និងចរិត​មិនមាន​មនោសញ្ចេតនា​របស់គេជាមួយពួកលេខាមុនៗ។

នាងឈានមកដល់ការិយាល័យ តែសូហ្វ័រមិនឈប់ឡានទេ គាត់ប្រាប់មកលីន៖

«ក្មួយលេខាសូមចូលតាមទ្វារក្រោយទៅ! ពួកបាតុករច្រើនណាស់!»

លីនងើបមុខមើលទៅក្រុមបាតុករ។

«រឿងអីទៅពូ​ម៉េចក៏មាន​ពួកអ្នកភូមិមករករឿង?!»

«ពីរឿងដីធ្លីក្រុមហ៊ុនអភិវឌ្ឍន៍!»

គាត់បើកឡានថយយឺតៗគេចចេញទៅខាងក្រោយ ប៉ុន្តែនាងឆ្លៀតមើលផ្លាកទាំងឡាយដែលពួកគេលើក។ «សងដីសហគមន៍វិញ​ កុំធ្វើបាបអ្នកភូមិកុំប្លន់យកដីកសិកម្ម​យកទៅព័ទ្ធរបង​ យើងត្រូវការ​ដាំកសិផល! កុំឈូសឆាយផ្ទះសម្បែងកុំលុបភូមិលក់ឱ្យបរទេស!»

មានអារម្មណ៍មិនសូវល្អនោះទេ ព្រោះក្នុងចំណោមនោះឃើញមនុស្សប្រុសចំណាស់ម្នាក់ស្រែកយំឱបភរិយា។  រឿងទំនាស់ដីធ្លីរវាងអ្នកភូមិជាមួយអ្នកវិនិយោគ លីនធ្លាប់ដឹងឮមកច្រើនជាហូរហែ តែឆ្ងល់ណាស់ ហេតុអីបានជាលើកនេះជាគូខាន់?

គេមាន​លុយប៉ុនអាណាចក្រមួយហើយ​ គេមិនមាន​របរអីផ្សេងក្រៅពី​រឹបអូសដីកសិកម្មទេ?

ឡានឈប់នៅចំណតជាន់ទីបី។

ទីនេះ​លីនមិនដែលឆ្លងកាត់ទេ វាពេញដោយ​ឡានទំនើបនិងហាងមួយចំនួនឯកជនល្អ។

«ក្មួយលេខាឡើងជណ្តើរតាមជាន់នេះទៅ​អាចចៀសអ្នកកាសែតនិងបាតុករបាន!»

«ចាស៎!»

«ស្ងាត់ខ្លាំងណាស់ លេខាចាំបន្តិចខ្ញុំជូននាងទៅ!»

«អត់អីទេពូ​នៅទីនេះចុះ ខ្ញុំដើរដោយខ្លួនឯងបាន!»

«បាទ!»

លីន​ដើរ​កាត់តាមហាងកាហ្វេទំនើបមួយទាំងអារម្មណ៍មិនស្រស់ស្រាយ ស្រាប់តែបុរសម្នាក់រូបរាងសង្ហាបង្ហាញខ្លួនជាមួយស្នាមញញឹម។

«សួស្ដីបាទ!»

លីនធ្វើភ្នែកឡិងឡង់។​ នាងញញឹមស្ទើរមិនចង់ចេញ។ មិនដឹងថាធ្លាប់ស្គាល់គេនៅកន្លែងណានោះទេ

«ខ្ញុំឈ្មោះJack ជាអ្នករកស៊ីជាមួយគូខាន់!​ រីករាយដែលបានស្គាល់លេខា លីនកុលាប!»

គេរំឭកដល់ឈ្មោះប្រុសស្នេហ៍ហើយ ណាមួយសង្កេត​ឃើញរូបរាងនិងរបៀបស្លៀកពាក់របស់បុរសនេះក៏នឹកឃើញភ្លាមថា លំដាប់ពួកគេ សមតែ​ជាមិត្តភក្ដិនឹងគ្នា។

លីនកុលាបឱនលំទោនជម្រាបវិញ៖

«ចៅហ្វាយមិនទាន់មកធ្វើការទេ!»

«បាទ….តែ​ខ្ញុំអត់ចង់ជួបគេទេ!»

ដល់ពេលលីនកើតសង្ស័យ៖

«អ៊ីចឹងលោកចង់ណាត់ជួបគាត់ទុកមុនឬក៏យ៉ាងម៉េច?»

«អត់ទេ បើមែនខ្ញុំមាន​លេខគូខាន់ទេតើ!»

«អ៊ីចឹង?»

«ខ្ញុំឆែកមើល បើសិនជាលេខាមានពេលយើងអាចនិយាយគ្នាបានទេ?»

គេចង្អុលទៅក្នុងហាងកាហ្វេដែលមិនមានមនុស្សច្រើន។ លេខាងាកសម្លឹងមើលទៅហាងកាហ្វេលំដាប់ខ្ពស់ អគារនេះមានក្រុមហ៊ុនច្រើនបណ្ដាក់គ្នា ហើយក៏មានហាងកាហ្វេច្រើនដែរ តែទីនេះនាងមិនដែលចូលទេ ពីព្រោះវាមើលទៅថ្លៃខ្លាំងណាស់សម្រាប់តែពពួកCEOតែប៉ុណ្ណោះ។

«តូចហើយស្ងាត់ល្អ!» Jack តឿនព្រោះឃើញ​លីនរារែក។

នាង​គ្រវីក្បាលបដិសេធភ្លាម៖

«ខ្ញុំមានថ្នាក់លើកំពុងរង់ចាំនៅខាងលើ!»

«អ៊ីចឹងពេលចប់ការងារហើយ ខ្ញុំអាចរង់ចាំអ្នកនាងនៅទីនេះ!»

លីនគេចភ្នែក។ នាងដឹងថាជននេះមានគំនួចតែមិនដឹងថាជារឿងអ្វី តែគ្មានហេតុផល​ឯណាលីន​មាន​កម្លាំងជួបអ្នកណាទេ មនុស្ស​ច​ម្លែកដូចគេនេះ។

«ខ្ញុំមិនទាន់សន្យាបានទេ ពីព្រោះខ្ញុំមិនដឹងថាមានការងារអ្វីទៀតរង់ចាំខ្ញុំ!»

នាងរកច្រករត់ Jackដែលព្យាយាម​រកឱកាស​លំបាកជួបនាង មិនចង់បាត់ពេលវេលា​ទៅទេ​ម្ល៉ោះហើយគេក៏និយាយតែម្តងចំចំណុចសំខាន់៖

«ជារឿងសំខាន់លីនកុលាប! ទាក់ទងជាមួយគូខាន់និងហាសិកា!»

លីនព្រិចភ្នែកងើបមុខសម្លឹងគេក្រឡើងៗ។ សភាពថប់បារម្ភនិងសេចក្ដីសង្ស័យក្នុងភ្នែកទាំងសងខាងរបស់លីន កំពុងធ្វើឱ្យJackបានចិត្តថា លេខាពិតជាចូលស៊ង។

«នាង​គួរដឹងការពិតដែរលេខា!»

គេពោលបន្ថែម​មកកាន់កែវភ្នែក​វិលចុះឡើងរបស់លីន។

វគ្គ

ល្បិចថ្មី

«គ្នាយើងបានតាមដានគ្រប់ទូរសព្ទ គ្រប់សារ គ្រប់សំឡេង គ្រប់អ្វីៗទាំងអស់ របស់គូខាន់ប៉ុន្តែរកមិនឃើញ​អ្វីចម្លែកបង្ហាញថា មានទាក់ទងជាមួយការស្លាប់របស់ក្មេងជំទង់នោះទេ!»

«កូនចៅរបស់ឯងអន់ខ្លាំងណាស់Jack» ចាស្មីនជាម្តាយចុងរបស់គូខាន់ដែលឮសេចក្តីរាយការណ៍របស់Jackហើយក៏និយាយបន្ទោស។  ខណៈពេលនេះដែរ Jackចេះគ្រវីក្បាលបដិសេធ៖

«មិនមែនទេ គ្រាន់តែគូខាន់មានល្បិចខ្ពស់ជាងបន្តិចតែប៉ុណ្ណោះ មុនក្រោយខ្ញុំនឹងរកកន្ទុយកូនចុងរបស់មីងឃើញ!»

«កន្ទុយអ្នកណា?» សំលេង​ច្រែតរបស់អេលីដែលទ្វារបន្ទប់ប្រណីតចូលមកទាំងកំរោលមុខក្រហម។

ដំបូងស្មាន​ថា Jack នៅតែឯង ចង់បញ្ចេញកំហឹង​លើប្រុសស្នេហ៍ តែពេលចូលមកដល់ក្នុងទាំងឡូឡា ដោយទឹកមុខក្រហមក៏សម្រួលមកជាយឺតៗវិញព្រោះ ឃើញវត្តមានរបស់ចាស្មីននៅទីនេះ។

អេលីថយមកអង្គុយ​លើសាឡុងម្ខាង ខណៈចាស្មីនបន្ទោសតិចៗ៖

«ឡូឡាដូចជាភ្នំភ្លើងផ្ទុះអ៊ីចឹង!»

«ផ្ទុះមែនចាស៎» នាង​តបធ្វើវាហី រួចហើយមិនអស់ចិត្ត​នាងនិយាយងាកមកJack

«អាចនៅសល់កម្ដៅរលាក​ដល់អ្នកខ្លះ!»

អេលីសម្លក់Jack ដោយមិនខ្ចីមើលមុខឬខ្លាចចិត្តចាស្មីន បញ្ជាក់ថាទោះជាពីមុនមកអេលីជាមនុស្ស​ចាស្មីនលើកបន្តុប ឱ្យមកនៅក្បែរគូខាន់ ធ្លាប់ទទួលបាន​ការស្តាប់បង្គាប់និងគោរពអំពីអេលីជាខ្លាំងប៉ុន្តែក្រោយៗមកនេះ អេលីបានក្លាយជាសំណព្វចិត្តរបស់Jack ហើយក៏ដឹងរឿងរបស់ចាស្មីនច្រើនក្នុងដៃផង ដូច្នេះអតីតកាលដែលអេលីជាកូនអុកមួយរបស់ចាស្មីនត្រូវបានបញ្ចប់។

ដឹងថាអេលីមិនសូវបង្ហាញអាការៈទទួលខុសត្រូវនឹងភារៈកិច្ចចាស់ដែលចាស្មីនដាក់ឱ្យកាលពីដំបូងទេចាស្មីនក៏លែងហ៊ាននិយាយថាឱ្យអតីតលេខាម្នាក់នេះ។

«ម្សិលមិញជួបនាងលេខាលីនកុលាបនៅហាង​កន្លែងហ្នឹងធ្វើអី?»

ដឹងថា Jackកំពុង​ធ្វើឱ្យអេលីឆេះដុំ ចាស្មីនក៏នៅស្ងៀមព្រោះចង់ដឹងដែរថា ម្តេចJackជួបលីនកុលាបហើយមិននិយាយប្រាប់ខ្លួនមុននេះ?

ចំណែកJackវិញ ធ្វើមុខស្មើរង់ចាំស្ដាប់អេលីឡូឡា៖

«ខ្ញុំឃើញច្បាស់ណាស់ រូបថតបង្ហាញថា លោកជួបជាមួយនាងលីនកុលាបនៅ Sun Cafe ប្រាប់ភ្លាម​បើមិនចង់រឿងJack!»

ចាស្មីនលើកដៃអង្អែលច្រមុះ​នឹកហួសចិត្តនិងអាកប្បកិរិយារបស់អេលីដែលប្រែពីសុភាពរាបសាជាស្រីលេខាល្អម្នាក់ប៉ិនផ្គាប់គូខាន់ ធ្លាប់មានការអត់ធ្មត់ខ្ពស់អាចបម្រើប្រុសអ្នកមានឱ្យគាត់ ពេលនេះបែរជាហួងហែងលើJackទុកដូចគេនេះជាប្តីនាង?

អេលីរយៈពេលខ្លីសោះក៏ក្លាយទៅជាភ្លេចគូខាន់បាន ​ហើយ​ក្រហល់ក្រហាយប្រចណ្ឌហួងហែងលើJackព្រោះស្រលាញ់មែន ឬមួយក៏ព្រោះស្អប់លីនកុលាបដែលចូលទៅនៅក្បែរគូខាន់បានសម្រេច​។ មួយណាក្នុងចំណោម​ហេតុផលពីរនេះឱ្យពិតប្រាកដទៅ?

មើលមិនដឹងទេ គ្រាន់តែដឹងថា អេលីកំពុងតែបាត់បង់ការគ្រប់គ្រងខ្លួនឯងហើយ។

«និយាយគ្នាតាមសម្រួលទៅមីងចេញទៅហើយ!» ចាស្មីននិយាយប្រុងក្រោកបង្ហាញ​ថា មិនសប្បាយចិត្តនិងស្អប់ខ្ពើមអាកប្បកិរិយាទាបៗរបស់អេលី ប៉ុន្តែJackប្រញាប់ឃាត់គាត់៖

«កុំទាន់ទៅណាមីង! មិនបាច់ទៅណាទាំងអស់!»

អេលីកំពុងតែឱបដៃដូចជាសត្វជាប់ទ្រុងនៅក្នុងកំហឹងស្នេហ៍ដែលបង្ហាញចេញយ៉ាងច្បាស់ក្រឡែត ពេលឃើញ​Jackទាញមីងចាស្មីនេះឱ្យថយមកអង្គុយវិញ នាង​រឹតខឹង បញ្ចេញ​អាការៈកំហឹង​។

«ត្រជាក់ចិត្តអេលី! លីនកុលាបអាចប្រើការបាន!»

«មិនជឿទេ! បងក្បត់ខ្ញុំទាក់ទងវា!»

Jack បិទភ្នែក។ ចាស្មីន​បញ្ឈឺភ្លាម៖

«បើសិនជាJackអាចទាក់ទងលេខាម្នាក់នោះបានមែន​ ក៏ល្អហើយ!»

អេលីខឹងណាស់ក៏ថាវិញ៖

«លោកជំទាវកុំឱ្យតម្លៃនាងនោះពេក!»

ចាស្មីនគ្រវីក្បាល៖

«ឯងដឹងខ្លួនឯងហើយអេលី! បើក្មេងស្រីនោះមិនមាន​តម្លៃ អាចធ្វើឱ្យឯងបញ្ចេញ​ចរិតដើមមកបែបនេះដែរ?»

«លោកជំទាវមិនមែនជាម្ចាស់របស់ខ្ញុំទៀតទេ កុំនិយាយពាក្យសម្តីដែលមិនយល់ចិត្តខ្ញុំឱ្យសោះ! ខ្ញុំស្រលាញ់Jack គឺជាការពិតហើយខ្ញុំមិនចង់ទាក់ទងស្អីនឹងមនុស្ស​ក្រុមហ៊ុនSlavaniទេ»

ចាស្មីនញាក់ស្មា ៖

«ពាក្យនេះពីរោះណាស់ដូចក្នុងល្ខោនទូរទស្សន៍!»

អាការៈរបស់គាត់គឺមិនជឿលើស្នេហារបស់អេលីនោះទេ។ មើលពីលើដល់ក្រោម អេលីជានិស្សិតស្រីដែលកែសម្រស់គ្រប់យ៉ាងទាំងអស់ ហើយបើថាអេលីស្រឡាញ់Jackវិញ គ្មានអ្វីជាក្រៅពីចង់បញ្ឈឺ​ឬបំភ្លេច​គូខាន់ឡើយ។

ចាស្មីនដុកដាន់បន្ថែម៖

«អឺ ហើយបើមែនថាJackរបស់ខ្ញុំនេះទាក់ទងលីនកុលាប ម្តេចមិនស្រូតទៅ ប្រាប់គូខាន់ទៅអតីតលេខា នឹងអាលគេខឹងលីនកុលាប​ហើយខ្លួន​យកបេះដូងបាន​បេះដូងកូនកាត់រុស្ស៊ីមកវិញម្តងទៀត?»

ពាក្យលេបខាយរបស់ចាស្មីនចាក់ចំចិត្ត​អាលីណាស់។ អតីតលេខាទម្លាក់ដៃទាំងពីរចុះ​បណ្តាលឱ្យអ្នកស្រីចាស្មីន ចាប់បាន​ហើយ។

គាត់មើល​ប៉ុណ្ណឹងក៏ដឹងដែរថា អេលីនៅរារែកនៅស្រលាញ់គូខាន់ ដូច្នេះមានន័យថា ដែលដំបូងឡើយដែលនាងឡើងមករករឿងJackទាំងទទឹងទិសមិនមែនប្រកាន់ប្រចណ្ឌច្រើនJackមួយលីនកុលាបទេ ប៉ុន្តែច្រណែនរឿងគូខាន់ស្រឡាញ់លីនខ្លាំង​ថ្នាក់ប្រុងរៀបការជាមួយគ្នា។

ស្រាប់តែទូរសព្ទរោទិ៍សារ។ ចាស្មីនមានរនុកដៃជើងច្រើនណាស់។​ បើគាត់មិនខ្លាំង មិនមែន​បានប៉ា​គូខាន់ទេ។

គាត់សម្លឹងសារដោយបើកភ្នែកធំៗ ហើយងើបមុខមកមើលJack។

Jack ទម្លាក់ភ្នែកប្រើគ្រាប់ភ្នែកយ៉ាងជ្រៅត្រួតពិនិត្យអាកប្បកិរិយារបស់ចាស្មីន។

«បងប្រុសរបស់លីនស្រាប់តែស្លាប់ទាន់ហន់ក្នុងពេទ្យនៅស្រុកថៃ!»

Jackចងចិញ្ចើមពេលទទួលបានព័ត៌មាននេះ។

«ស្លាប់នៅបរទេសហើយ?» Jackបន្ទោរ។

អេលី​តាមសម្លឹងពួកគេ។

ចាស្មីនសម្បូរល្បិចណាស់ គាត់អាចគិតឃើញភ្លាមៗហើយបញ្ជាលើJack៖

«ស្រីល្ងង់នោះនៅភ្នំពេញនៅឡើយទេ! យើងឆាប់ធ្វើអ្វីម្យ៉ាងទៅ!»

អេលីអង្គុយមកក្បែរJackនិងតោងដៃគេ។

អ្នកស្រីចាស្មីនសម្លឹងពួកគេទាំងពីរហើយនិយាយខ្សឹបៗឡើង៖

«ខ្ញុំដឹងត្រូវធ្វើយ៉ាងម៉េចហើយJack!»

គាត់និយាយហើយចាប់ផ្តើមបើកទូរសព្ទបង្ហាញរូបបងថ្លៃរបស់លីនកុលាប។

«បងថ្លៃក្មេងនោះ! ម្នាក់នេះល្មោភលុយបន្តិច! ឱ្យលុយទៅលើសបន្តិចគឺបានហើយ! ឥឡូវប្តីស្លាប់ បើលុយមិនយកគេយកអី?»

Jackងក់ក្បាលយល់ស្របខណៈ អេលីធ្វើភ្នែកភ្លឺថ្លាដឹងពីដែលល្បិចដែលពីរនាក់នេះកំពុងដើរ។

Jackនិយាយមកកាន់ស្រីស្នេហ៍ដោយគោះដៃនាង​៖

«អូនសម្លាញ់ត្រូវឡើងទៅស្រុកថៃឥឡូវនេះ ឱ្យលុយអ្នកស្រីអមរាម្នាក់នេះមួយចំនួនធំរហូតដល់គេព្រម​និយាយប្រាប់លីនកុលាប​ថា មុនស្លាប់ប្តីគាត់ប្រាប់ពីទំនាក់ទំនងគូខាន់និងហាសិកា!»

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*