វគ្គ
ស្រលាញ់ប្រែស្អប់
អ្វីៗដូចជាកំពុងតែធ្វើបាបលីនជាខ្លាំង ប្អូនស្រីទើបនឹងស្លាប់ អ្វីគ្រប់យ៉ាងនៅជាប់មន្ទិល ពេលនេះត្រូវទទួលសពបងប្រុសមកពីបរទេសយ៉ាងតក់ស្លុត។
នៅពេលកំពុងធ្វើបុណ្យ នាងនៅមានអារម្មណ៍ចម្លែក ព្រោះបងថ្លៃស្រីរបស់នាង អ្នកស្រីអមរាចេះតែចោលភ្នែកមិនសប្បាយចិត្តលើគូខាន់។
លីនទ្រាំអត់ធន់ចិត្តទម្រាំពិធីបុណ្យចប់សព្វគ្រប់ នាងក៏ដាច់ចិត្តកេះបងអមរាមកស្ងាត់ហើយសួរ៖
«បង! ហេតុអីបានជាបងប្រុសខ្ញុំស្លាប់លឿនម្ល៉េះ?!»
«ឯងគួរតែសួរអនាគតស្វាមីឯងទៅ!»
អ្នកស្រីអមរានេះ ពីមុនតែងតែចង់ឱ្យលីនបានរៀបការជាមួយគូខាន់ ប៉ុន្តែពេលនេះលីនមើលទៅគាត់ ដូចជាមានទឹកមុខចងអាឃាត។ លីនមិនដែលស្មានដល់ឡើយថា Jackនៅពីក្រោយរឿងទាំងអស់នេះ។ នាងកំព្រាទាញបងថ្លៃទៅនិយាយគ្នាក្នុងបន្ទប់ទាំងមុខមាំ៖
«បងអមរាត្រូវតែនិយាយប្រាប់ខ្ញុំឱ្យច្បាស់! មុនពេលបងចោទគេឯង! គេនៅភ្នំពេញជាមួយខ្ញុំ តើហេតុអ្វីរឿងបងខ្ញុំស្លាប់ខ្ញុំត្រូវទៅសួរគេ សួរបងបានត្រូវ ព្រោះបងនៅជាប់នៅណោះ ចំណែកលុយកាក់ក៏គេចេញឱ្យរហូតទាំងព្យាបាលស្នាក់នៅហូបចុក ម៉េចបងឯងដូចជាមិនសូវពេញចិត្តគេ?»
អមរាដែលត្រៀមរួចរាល់ហើយ សម្រាប់ទឹកប្រាក់អេលីយកមកស៊កមាត់ នាងមិនខ្វះពាក្យនិយាយធ្វើបាបចិត្តលីនទេ។
«បងប្រុសរបស់ឯងដឹងរឿងច្រើនពេក!» អមរានិយាយធ្វើជាកម្សត់ជូតទឹកភ្នែក តែចិត្តលីនកុលាបសឹងបែកធ្លាយទៅហើយ។
«ដឹងរឿងអីទៅ?»
«បងប្រុសរបស់ឯងជាអ្នកជួបជាមួយហាសិកាចុងក្រោយ មុនពេលដែលហាសិកាលោតសម្លាប់ខ្លួនដូច្នេះបងប្រុសរបស់ឯងប្រាកដជាដឹងថាអ្នកណា ដែលធ្វើឱ្យហាសិកាខូចចិត្តដល់ស្លាប់!»
លីនរបូតដៃពីខ្លួនបងថ្លៃម្នាក់នេះ។
គ្រប់យ៉ាងកំពុងដាក់សម្ពាធលើនាងយ៉ាងងងឹតមុខ។ ចិត្តស្រលាញ់ បែរបន់សុំកុំឱ្យមានគូខាន់ក្នុងរឿងអស់នេះ ឥឡួវសម្តីចេញពីមាត់បងថ្លៃ ឱ្យនាងគិតបែបម៉េច?
«ខ្ញុំមិនជឿទេ!»
«ជាសិទ្ធិរបស់ឯង!»
នាងស្រែកដាក់បងថ្លៃទាំងយំសស្រាក់៖
«ហេតុអ្វីបងមិននិយាយតាំងពីដំបូង ចាំដល់បងប្រុសខ្ញុំទៅបាត់ទើបនិយាយ?!»
«មកពីបងឯងបង្ខំបងឱ្យទ្រាំ! គាត់មិនចង់បំផ្លាញមង្គលការឯង!»
«មិនពិត! បើមែន គាត់មិនព្រមលើកលែងឱ្យគូខាន់ទេ!»
អមរាញញឹមដោយទឹកភ្នែក៖
«ចុះឯង ឯងលើកលែងឱ្យគូខាន់ដែរ?!»
លីននៅស្ងៀម ធ្វើទឹកមុខឆ្លេឆ្លា។ ចិត្តនេះត្រូវការគេ ត្រូវការឱ្យគេជាមនុស្សស្អាតស្អំមិនពាក់ព័ន្ធ តែចិត្តមួយទៀតពិតជាមិនសុខ មិនយល់ព្រមទេ ត្រូវតែដឹងការពិតនិងសងគំនុំ។
ឃើញប្អូនថ្លៃនាងនៅគាំង ទាល់សម្តីអមរានិយាយបន្ត៖
«ហើយ….បងប្រុសឯង ក៏ខកចិត្តតាមមរណភាពហាសិកា រហូតដល់ធ្ងន់ធ្ងរ! ចំណែកការបញ្ជូនគេទៅបរទេសគឺគ្រាន់តែចង់បញ្ជូនគាត់ទៅឱ្យស្លាប់តែប៉ុណ្ណោះ! គេមានលុយ គេយកដៃបាំងមេឃបាន!»
«ការស្លាប់បងខ្ញុំនិងហាសិកា មានអីទាក់ទងជាមួយនឹងគូខាន់ ឆាប់និយាយប្រាប់ខ្ញុំនិងបានបង្ហាញភស្តុតាងមកផង!»
«ចាំដល់ពេលបងស្លាប់ម្នាក់ទៀតចាំឯងជឿ!»
ឮហើយ លីនទន់ជើងអង្គុយយឺតៗទាំងអស់សង្ឃឹម។ មនុស្សស្លាប់ច្រើនពេក និងថែមសម្តីមិនប្រក្រតីគួរឱ្យសង្ស័យច្រើនហួសហេតុហើយមួយរយៈកាលនេះ។
កំហឹងដែលកំពុងឆាបឆេះនៅខាងក្នុងបេះដូង គឺមិនអាចពិពណ៌នាបានប្រសិនបើឱ្យលីនដឹងថា ហាសិកានិងគូខាន់ពិតជាមានទំនាក់ទំនងគ្នាមុនស្លាប់។
នាងនឹកឃើញពេលគេប្រើdarkឱ្យស៊ើបគ្រប់យ៉ាងទាក់ទងនឹងហាសិកា។
«ខ្ញុំនឹងឱ្យលោកបង់សងយ៉ាងធ្ងន់ធ្ងរគូខាន់ បើលោកយកបងគំរាមប្អូន យកប្អូនទៅគំរាមបង! មនុស្សបិសាច!»
អមរាប្រុងចាកចេញស្រាប់តែភ្លាមនោះលីនស្ទុះងើបទាញដៃគាត់ឃាត់។ បងថ្លៃបើកភ្នែកធំៗសម្លឹងមុខនាង។ បបូរមាត់របស់លីនកុលាបស្ងួត ហៀបនឹងនិយាយអ្វីមួយប៉ុន្តែគាំងវិញព្រោះទឹកមុខនាងតក់ស្លុតខ្លាំងនិយាយមិនចេញ។
ចំណែកអមរាបែរជាខឹង៖
«ឯងចាប់បងធ្វើអី? និយាយអីនិយាយមក!»
«បងឯងកុំទៅណាទាំងអស់ ប៉ុន្តែនៅក្បែរៗខ្ញុំណា៎!»
ដំបូងបងថ្លៃមានល្បិចជ្រៅម្នាក់នេះមានការភ្ញាក់ផ្អើល តែក្រោយមក ក៏កាត់យល់ហើយ។ ច្បាស់ជាលីនកុលាបជឿសម្ដីនេះ នាងស្លុងក្នុងឆាកល្ខោនដែលគេជួលគាត់ឱ្យធ្វើក្នុងតម្លៃរាប់សែនដុល្លារ។ អាការៈលីនពេលនេះពិតជាសង្ស័យគូខាន់ពិតមែន។
ទ្រូងរបស់លីនស្ទើរប្រេះបាន។ ដង្ហើមនីមួយៗតឹងតែង ញើសហូរដាបលើផ្ទៃមុខកម្សត់របស់នាង។ សរសៃវ៉ែនប៉ោងនៅតាមបំពង់ក ជីវិតនេះលំបាកដកដង្ហើមតទៅមុខទៀតណាស់ ការឈឺចាប់មួយនេះមួយនេះគ្មានអ្នកណាស្មានដល់ទេ។
លីននិយាយចរចាទៅកាន់មនុស្សល្មោភប្រាក់៖
«បងប្រុសខ្ញុំស្លាប់បាត់ហើយ ប្អូនខ្ញុំក៏ស្លាប់ដែរ បងត្រូវនៅក្បែរៗខ្ញុំ ខ្ញុំមិនអាចឱ្យអ្នកណាធ្វើអីបងទេ!»
អមរាបានដូចចិត្ត ដឹងតែទារលុយបង្ហើយពីអេលីមិនខាន។ ស្រីមានល្បិចធ្វើជាសម្រាលសម្ពាធផ្លូវចិត្តនិងថយមកអង្គុយស្ងៀម។ មិនបាច់ឆ្ងល់ទេថា ល្បិចកលរបស់ Jack ពិតជាបានសម្រេចពិតមែន។
លីនកុលាបនិងគូខាន់ នឹងឈ្លោះគ្នាផ្អើលមេឃមិនខានទេ។
លីនលេបទឹកមាត់យ៉ាងលំបាកមុនពេលនិយាយបន្ត៖
«មិនថាអ្នកណាទេបង! គូខាន់ក៏ដោយអីក៏ដោយ! ខ្ញុំនឹងរកការពិតដែលកើតឡើងចំពោះគ្រួសារយើង»
អមរាញញឹមជូរចត់លេងល្ខោនបន្ត៖
«ធម្មតា វាជាប្រុសស្អាត ហើយជាមហាសេដ្ឋីទៀត! ណាមួយជិតរៀបការជួយឯងផង!»
«គ្មានផ្លូវទេ!» នាងនិយាយទាំងរាងកាយហត់នឿយពេញទំហឹង។ ទោះបីនាងបានស្រលាញ់គេ រាងកាយរបស់នាងពេញដោយស្លាកស្នាមរបស់គេ ព្រលឹងវិញ្ញាណបេះដូងនេះជាចំណាប់ខ្មាំងរបស់គេ ប៉ុន្តែ បងប្រុសនិងប្អូនស្រីដ៏កម្សត់ជាអ្នករងគ្រោះក្រោមដៃគេ។
បើរៀបការជាមួយគេ លីនស្លាប់ប្រសើរជាងរស់នៅ។
អមរាចាកចេញចោលស្រីកម្សត់ឱ្យសំកុកម្នាក់ឯងជាមួយអារម្មណ៍សែនទោមនស្ស។ លីនមិនបាននិយាយរកអ្នកណាទាំងអស់ ខណៈដែលកំហឹងបានលេបត្របាក់ការគិតទាំងអស់របស់នាង។
ស្បែករបស់នាងក្ដៅក្រហាយ ហើយរាងកាយទាំងមូល ស្ពឹកស្រពន់រហូតមានអារម្មណ៍ធុញថប់ក្នុងការដកដង្ហើម។ ភ្នែកទាំងគូយំតឹងណែនហើយមើលអ្វីក៏មិនចង់ឃើញ ប៉ុន្តែនាងខំមើលជីវិតមួយដែលនាងមិនចង់បន្តនេះដើម្បីស្វែងរកការពិត។
នៅខាងណេះ បានស្ងាត់កាលណា បងថ្លៃចូលបន្ទប់គាត់ ហើយរាយការណ៍៖
«បានការហើយ! រឿងទាំងអស់នោះខ្ញុំបាននិយាយជាមួយលីនកុលាបរួចរាល់ ប្អូនថ្លៃខ្ញុំវាកំពុងតែខឹងខ្លាំង! នេះជារូបវីដេអូខ្ញុំថតឱ្យ!»
អមរាផ្ញើទៅអេលីនិងJack ឱ្យគេអាចមើលឃើញវីដេអូ ដែលគូខាន់ចូលមកហើយលីនមិនក្រោកទទួលថែមទាំងមិនរវល់ជាមួយពេលគេមកក្បែរ។
«កុំប៉ះខ្ញុំ! ខ្ញុំកាន់ទុក្ខមិនឃើញទេ?»
គូខាន់មិនដឹងទេថាហេតុអីបានជាលីនប្រែក្លាយការកាន់ទុក្ខជាជាងកំហឹងឆ្ពោះមករកគេ ប៉ុន្តែគេអត់ធ្មត់ ព្រោះដឹងថាលីននៅសល់តែគេម្នាក់ប៉ុណ្ណោះ។
ទោះបីនៅទីនេះមានតែគេជាមួយលីន ប៉ុន្តែបងថ្លៃឈ្មោះអមរាបានតាមដានពីរនាក់គេ គ្រប់ពេលវេលាហើយលបលួចថតសកម្មភាពពួកគេ។
«ទៅសម្រាកខ្លះទៅបានទេ?»
ប្រុសចរចាទៅកាន់ចិត្តទុក្ខសោករបស់អូន តែលេខាគិតពីសម្រក់ទឹកភ្នែកឱ្យស្រក់ចុះហូរហែ មិនព្រមងាកសម្លឹងគេទេ។
កាយវិការនាង គឺមានភាពខឹងសម្បាជាខ្លាំង។
គូខាន់យល់ថា នាងខឹងដែលគេមិនឱ្យនាងទៅមើលថែបងប្រុស ថែមទាំងអាចខឹងថា បើគង់តែស្លាប់ដដែលបញ្ជូនទៅបរទេសធ្វើអី។
គេនៅស្ងៀមមិនមាត់អ្វី។ ប្រុសស្អាតមិនដឹងឡើយថា សម្រាប់មារដែលបញ្ចុះបញ្ចូលលីន ពួកគេបានធ្វើអីឱ្យគូខាន់មានកំហុសខុសពីអ្វីដែលគេស្មាននេះឆ្ងាយទៀត។
CEO គេដោះអាវធំចេញ ទាញក្រវាត់កប្រុងអង្គុយក្បែរកំដរនាង នាងស្រាប់តែលីនធ្វើស្អប់គេ ក្រោកដើរចោលទៅ។
គេចង់លូកដៃចាប់នាងមកវិញសួរនាំ ប៉ុន្តែមើលទៅលីនពិបាកភ្នែកពេកគេក៏ដកដង្ហើមធំ ក្រោកដើរទៅនិយាយនៅខាងក្រៅជាមួយអមរា៖
«បង! លីនខ្សោយណាស់ មានៈច្រើនទៀត! ជួយមើលគេឱ្យស្រួលណា៎ មានការអីរាយការណ៍ប្រាប់ខ្ញុំ! បន្តិចទៀតមនុស្សរបស់ខ្ញុំមកបីបួននាក់ មកនៅជួយក្បែរនេះ!»
«ដើម្បីអីទៅ?» អមរាសួរដោយមិនសប្បាយចិត្ត។
«ដើម្បីប្រពន្ធរបស់ខ្ញុំនៅខាងក្នុង! គឺ….គេមានសភាពអ៊ីចឹង បើមិនឱ្យខ្ញុំដាក់មនុស្សការពារ ខ្ញុំម៉េចអស់ចិត្ត?»
អមរាតឹងចិត្តនិងផ្តើមភ័យ។ គូខាន់បែរខ្លួនចាកចេញទៅដោយទឹកមុខស្មើ ប៉ុន្តែគេមិនចង់នៅបន្ត នាំតែផ្ទុះជំងឺបញ្ចេញកំហឹងរញ៉េរញ៉ៃក្នុងផ្ទះលីនកាលៈទេសៈបែបនេះទេ។
ពេលសេដ្ឋីរុស្សីចាកចេញផុត អមរាស្ទុះទៅក្នុងបន្ទប់វិញហើយខលរកអេលី៖
«មកទៀត ក៏ឈ្លោះគ្នាទៀតហើយ! អ្នកនាង! ការងារខ្ញុំចប់ហើយមែនទេ ឆាប់បង់លុយខ្ញុំបង្ហើយផង ខ្ញុំក៏ត្រូវការរកច្រកចេញរក្សាសុវត្ថិភាពដែរ!»
«មីងភ័យម៉េះ?»
«មិនភ័យយ៉ាងម៉េចបើគេឱ្យកងការពារមកព័ទ្ធយាមផ្ទះឥឡូវហើយហ្នឹង! មុនក្រោយគូខាន់ម្នាក់នេះគង់តែដឹងការពិតទេ គេឆ្លាតណាស់! ខ្ញុំចង់បានលុយហើយគេចខ្លួន!»
វគ្គ
ជនឆ្លៀតឱកាស
ប្រហែលជាសម្តីរបស់អមរាពិតជាមានឥទ្ធិពលមកលើអេលី។ «មុនក្រោយគូខាន់ម្នាក់នេះគង់តែដឹងការពិតទេ គេឆ្លាតណាស់! ខ្ញុំចង់បានលុយហើយគេចខ្លួន!»។
អេលីពិចារណាហើយពិចារណាទៀត ក្នុងការជ្រើសរើសគ្រាប់អុកដើរបន្ត។ អតីតលេខាម្នាក់នេះ សប្បាយចិត្តក្នុងការដែលឃើញលីនកុលាបខឹងគ្នាជាមួយគូខាន់ តែចិត្តមួយទៀតនាងចង់ឆ្លៀតឱកាស…..ធ្វើអ្វីម្យ៉ាងដែលចាស្មីននិងJackស្មានមិនដល់។
នៅលើឡានត្រលប់ទៅកាន់ក្រុមហ៊ុន ក្រោយបានចេញបញ្ជាឱ្យ Dark តាមដានបងប្អូនស្រីពីរនាក់នោះឱ្យជាប់ហើយ គេបញ្ជាស្ងាត់ទៅកាន់អុកដែលកំពុងអង្គុយក្បែរអ្នកបើកឡាន៖
«ឱ្យគ្នាយើងឆែកមើលច្បាស់លាស់ ហេតុអីបានជាបងប្រុសរបស់លីនកុលាបឆាប់ស្លាប់ម្ល៉េះ? ការសង្គ្រោះបន្ទាន់នៅប្រទេសថៃចុងក្រោយគេមកពីអាការៈអីខ្លះ?»
«របាយការណ៍ពេទ្យបញ្ជាក់ថាឈាមបុកខ្លាំងបង!»
«ត្រូវរករបាយការណ៍លម្អិត! ចំណែកខាងលីនកុលាប ដាក់មនុស្សតាមដានគេជាប់ ថាតើមានអ្នកណាចេញចូលខ្លះ? ប៉ុន្តែកុំប៉ះពាល់គេ ឱ្យគេនៅស្ងប់បន្តិចសិនទៅ!»
អុកកត់ត្រាញាប់ស្មេរ ចំណែកDarkដែលអង្គុយក្បែរគូខាន់ ទោះណាមិនហ៊ានសម្លឹងមើលចៅហ្វាយរបស់ខ្លួនចំៗ តែក៏ទទួលអារម្មណ៍ដឹងដែរថា គូខាន់ពិតជាកំពុងកើតទុក្ខសោកស្មើនឹងស្រីស្នេហ៍របស់គេពិតមែន។
«អេលី?»
គូខាន់រេភ្នែកសម្លឹងទៅក្រៅតាមពាក្យភ្លាត់របស់ Dark។ ពិតជាឃើញអេលីបង្ហាញខ្លួននៅក្នុងចំណតឡានរង់ចាំពិតមែន។
ដល់កន្លែងចុះដោយDarkបើកទ្វារ ឱ្យផងអេលីរត់មកដល់។
គូខាន់ងាកមកសម្លឹងអតីតលេខាដែលខ្លួនធ្លាប់អាណិតស្រលាញ់មុនពេលដឹងថា នាងគ្រាន់តែជារនុកក្នុងរបស់ម្តាយចុង។
អេលីប្រាកដជាមានល្បិចអ្វី ព្រោះបានធ្វើមុខគួរអាណិតនិងស្លៀកពាក់សុភាពរាបសាមិនធ្លាប់ឃើញផង។
«ខាន់! ខ្ញុំមានរឿងសំខាន់ចង់និយាយប្រាប់លោក!»
«សំខាន់អីទៅ?»
គេសួរខ្លីជាមួយទឹកមុខស្មើ។
អេលីនៅជាមួយគូខាន់មួយរយៈ នាងដឹងហើយថាបើមិនចាប់ឱកាសឈានចូលដល់សាច់រឿងអាចនឹងលែងបាននិយាយជាមួយគេ។
នាងសម្លឹងជុំវិញ ឃើញDarkនិងអុកឈរការពារចៅហ្វាយ។
នាងត្រូវតែប្រញាប់ពោល៖
«Jackហើយនិងលីនកុលាប! ខ្ញុំមានរូបថតពេលពួកគេជួបគ្នា!»
គូខាន់មិនចង់និយាយអ្វីច្រើនទេជាមួយអេលី ប៉ុន្តែសម្តីខ្លីពីរម៉ាត់នេះ ក៏ពិតជាសមហេតុផល គេចាប់ផ្តើមដឹងបានភ្លាមថា ហេតុអ្វីស្រីស្នេហ៍បញ្ចេញអាការៈខឹងៗនិងមិនចង់សូម្បីតែមើលមុខគេ។ ប្រុសសម្លឹងទៅទូរសព្ទលោតឯកសារដែលអេលីថតបង្ហាញកាលលីននិងJackជួបគ្នា។
«ថ្ងៃពុធមុនជួបគ្នាម្ដងនៅហាងកាហ្វេដឺស៊ីរី! ម្សិលមិញពេលជួបម្តងទៀតក្នុងផ្ទះលីនកុលាបផ្ទាល់ពេលអុចធូប! តាមពិតនាងលេខាថ្មីនេះ ជាមនុស្សរបស់Jackតាំងពីដើមមក!»
គូខាន់ញញឹមសម្លឹងមើលអេលី ព្រោះគេមិនជឿសម្តីចុងក្រោយនេះជាដាច់ខាត ប៉ុន្តែបើអេលីឆ្លាត មកនិយាយថាលីនកុលាបកំពុងតែចាញ់បោកJack អាចថាគេចាប់អារម្មណ៍ចរចាជាមួយខ្លះ។
«ក្រោយៗមានព័ត៌មានល្អជាងនេះចាំមកប្រាប់!»
ថាហើយ គេដើរហួសទៅចោលនាង អេលីប្រុងរត់មកតាមប៉ុន្តែត្រូវបានអុករាដៃឃាត់។ គ្មានអ្នកណាដឹងស្មើdarkទេ ថាជាពេលទំហំកំហឹងចិត្តរបស់គូខាន់នៅក្នុងពេលនេះ អាចបង្កបញ្ហាបានបើគេកំពុងនៅក្បែរលីន តែនេះគេពិតជាខឹងខ្លាំងតែពូកែទប់បានបំផុត។
ឥទ្ធិពលស្នេហាលើលីនកុលាបមិនធម្មតាទេ បានជាគូខាន់មានអំណត់បានក្នុងកម្រិតនេះ។ ទោះសង្គ្រាមនេះ បង្កឡើងដោយអេលីនិងJack ប៉ុន្តែអ្នកដែលគេខឹងបំផុត គឺមនុស្សស្រីដែលគេពិតជាស្រលាញ់ពេញបេះដូង។
ម្ដងជាពីរដង នាងត្រូវបានមនុស្សអាក្រក់ទាំងអស់នោះកុហក សូម្បីតែរឿងសួររកការស្លាប់សូរកាន ឬក៏រឿងថ្មីៗ Jackជួបនាងហេតុអីបានជានាងមិននិយាយប្រាប់គេក្នុងនាមគូជីវិត?
Darkរត់មកត្រុកៗពេលគេបោយដៃ ហើយគូខាន់ចាប់ផ្តើមបញ្ជាខ្សឹបៗពេលនៅក្នុងជណ្តើរយន្តតែពីរនាក់៖
«លីនកុលាប មិនឱ្យជួបជាមួយពួកមនុស្សអស់នោះទៀតដាច់ខាត!»
«បាទ!»
គេចាកចេញពីជណ្តើរ ទាញទ្វារoffice បិទគ្រាំង រាំងdarkឱ្យនៅក្រៅភ័យបារម្ភ ទាំងដឹងហើយថា នៅក្នុងរយៈពេលបែបនេះ ប្រាកដណាស់ គូខាន់មិនចង់ជួបអ្នកណានោះទេ។
ប្រុសស្អាតចូលមកដល់ការិយាល័យ ដែលឃើញសល់ទាំងអស់នូវបណ្តាអនុស្សាវរីយ៍ចាស់ថ្មីជាមួយស្រីថ្លៃ។ ជាមួយពាក្យសន្យាក្នុងបេះដូងថា គេនឹងទុកឱ្យនាងស្ងប់ចិត្ត ប៉ុន្តែឱ្យតែនឹកឃើញដល់រូបរាងស្រស់សង្ហារបស់Jackជាព្រាននារីម្នាក់នោះ ពិតជាទ្រាំមិនបានពីអាការៈនៃជំងឺ«ត្រួតត្រា»។
រៀមលូកយកដៃទូរសព្ទហើយចុចរកស្រីស្នេហ៍ តែនាងមិនលើក ដូចគេបានដឹងចរិតនាងហើយ។
ប្រុសខាំមាត់អត់ទ្រាំ ហើយប្តូរលេខខលទៅបងថ្លៃនាង។
ពិតណាស់ស្រីម្នាក់នោះទទួលការហៅនេះភ្លាមៗមិនហ៊ានបង្អង់ទេ។
«ឱ្យទូរសព្ទខ្ញុំទៅលីនកុលាប!»
«ចាស៎»
អមរានិយាយហើយដើរទៅរកប្អូនថ្លៃ។ ពីខាងនេះគូខាន់ឮសម្តីបញ្ជោះរបស់យាយនោះថា«អនាគតស្វាមីខលមក»។
ប្រុសទ្រាំរង់ចាំទម្រាំបានស្ដាប់សំឡេងនាង។
«ចាស៎!»
លីនធ្វើដូចមនុស្សមិនដែលស្គាល់គ្នា មិនធ្លាប់ដេកឱបគ្នាលីន។ គេគ្រឺតនាងណាស់ ចង់ជួបម្ចាស់សំឡេងដាច់មេត្តានេះជាខ្លាំង នាងភ្លេចហើយរាល់ពាក្យល្អៗនិយាយរកគ្នា ពាក្យអង្វរគេ និងហៅឈ្មោះគេផ្អែមល្ហែមយកចិត្តថ្លើមគេ។
«ធម្មតាមនុស្សស្រលាញ់គ្នាគេនឹកគ្នាណាស់រាល់ពេលមានទុកព្រួយ! ឱ្យតែអូនហៅ បងទៅដល់ក្បែរៗភ្លាម!»
ប្រុសវាចា សង្ឃឹមថាអូននឹកដល់ពេលវេលាបានប៉ះពាល់ពាក់ព័ន្ធគ្នា ដឹងអីសំឡេងលីនឆ្លើយមកដូចគ្មានអារម្មណ៍ចំពោះគ្នា៖
«ខ្ញុំកំពុងធ្វើបុណ្យ មួយខែស្លាប់ពីរនាក់CEO!»
សំឡេងឆ្លើយដូចជាគ្មានវិញ្ញាណតែមានការខឹងសម្បា។ ធ្វើមើលតែគេធ្វើឱ្យបងប្រុសនាងស្លាប់អ៊ីចឹង។
គូខាន់ចងចិញ្ចើម សំឡេងគេសង្កត់ចិត្តនិយាយសុភាពៗ៖
«អូខេយល់ចិត្ត! តែ…..សុំមួយ….ទូរសព្ទដាក់ក្បែរៗខ្លួនបានទេ? ខាងនេះនឹក បារម្ភចង់និយាយជាមួយ!»
នាងផ្អាកសំឡេងបន្តិច សញ្ញាថានាងរិះគិតសម្តីគេ តែក៏ឆ្លើយមកវិញគ្មានមនោសញ្ចេតនាដដែល៖
«រយៈពេលនេះ ខ្ញុំអត់ចង់និយាយជាមួយអ្នកណាទេ!»
គេនៅស្ងៀមចង់បង្ហាញថា គេអន់ចិត្តចំពោះនាង តែគេមិនបិទទូរសព្ទទេ។ ស្រីស្នេហ៍ក៏វាចាបន្ត៖
«សូមយល់ចិត្តខ្ញុំផង!»
«អាចអត់និយាយជាមួយគ្រប់គ្នា ត្រូវតែនិយាយជាមួយបង!»
«សូម្បីតែលោក!»
គេចង់សួរថាហេតុអី គេអាចនឹងមានៈទៅរកសួរនាំដល់កន្លែងនោះភ្លាមៗ គេចង់ជីកឫសគល់ថាតើនាយJackនោះជាអ្នកនិយាយរឿងអ្វីប្រាប់នាង ប៉ុន្តែគេទប់អារម្មណ៍មកវិញហើយ និយាយស្របខ្លីៗ៖
«បុណ្យចប់ហើយ! ស្អែកត្រូវមកធ្វើការ!»
ដឹងថា ការសម្រាកពិតជាសំខាន់ណាស់សម្រាប់នាង ប៉ុន្តែគេពិតជាត្រូវការនាងមកនៅក្បែរៗទៀត ដើម្បីនិយាយបញ្ជាក់គ្រប់យ៉ាងប្រាប់នាង នឹងសួរនាំរឿងការជួបគ្នារវាងនាងជាមួយJack។
«គូខាន់! ខ្ញុំគ្មានអីឱ្យលោកគំរាមកំហែងទៀតទេ!»
រៀមបងចងចិញ្ចើម។ នេះមានន័យថាម៉េច? គេមិនទាន់សួរផង នាងនិយាយបន្ថែមមកទាំងឈឺចាប់៖
«ចង់គំរាមខ្ញុំ ហើយចង់ឱ្យខ្ញុំទៅធ្វើគ្រប់យ៉ាងទៀតតាមលោក បំភ្លេចចោលទៅ! ទៅធ្វើការអីទៀត? រឿងរបស់យើងគ្រាន់តែជារឿងដោះដូរ គ្រាន់ជាការត្រួតត្រា ការគំរាមកំហែង លោកគំរាមយកប្អូនស្រីខ្ញុំមកប្រើ ក្រោយមកគេក៏ស្លាប់ ហើយខ្ញុំត្រូវការលោកបន្តព្រោះខ្ញុំត្រូវការប្រាក់ព្យាបាលបងប្រុសខ្ញុំឥឡូវនេះគាត់ស្លាប់ហើយ តើខ្ញុំត្រូវការលោកធ្វើអីទៀតទៅ គូខាន់គិតផង!»
សឹងរបូតទូរសព្ទជ្រុះពីដៃ។
មិននឹកស្មានថាពាក្យសម្តីស្រី ខ្វះសេចក្តីមេត្តាដល់ម្ល៉ឹងទេ។
ទោះបីគូខាន់ ខំគិតចុះគិតឡើងថាមកពីនាងចាញ់បោកពួកមនុស្សទុរយសអស់ទាំងនោះ តែក៏មិននឹកស្មានថា នាងឱ្យតម្លៃស្នេហាជាមួយគ្នាកន្លងមកត្រឹមប៉ុណ្ណឹង?
នឹកដល់បណ្តាទឹកភ្នែកស្រក់ក្បែរទ្រូង ពាក្យសម្តីស្នេហ៍ស្នងបំពក់មនោសញ្ចេតនាឱ្យរៀមលង់ ចុងក្រោយបានត្រឹមសម្តីបែបនេះ?
គ្រប់យ៉ាង ព្រោះតែការគម្រាមនិងព្រោះតែលុយ?
«បងទៅជួបអូនភ្លាមលីនកុលាប ចាំបងនៅហ្នឹងហើយ!»
«គូខាន់ ខ្ញុំអត់ចង់ឃើញមុខលោកទេ! ឬសូម្បីខលមកនិយាយអ្វី! ឈប់ទុកខ្ញុំជាឧបករណ៍តណ្ហាបញ្ចេញកំហឹង ធ្វើជាឈ្លើយសឹក! ខ្ញុំហត់ណាស់គូខាន់ ដោះលែងខ្ញុំទៅ នេះបើលោកមានចិត្តខ្លះ!»
លីនបិទទូរសព្ទ។



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ