«ដំបូង បងអន់ចិត្តរឿងប៉ាមានបញ្ហាជាមួយលុយ! បងបន្ទោសខ្លួនបងខ្លាំង បងស្រវឹងហើយមានគេមកប្រាប់ប៉ាថា អូនឈ្មោះផ្សេង ជាប្អូនប៉ូលិស! ស្មានថាអូនជារនុកក្នុង»
«ព្រោះតែការស្មានរបស់ខ្លួន ស្នេហារបស់យើងត្រូវចប់! សុខចិត្តឱបដៃមើលខ្ញុំធ្លាក់ទៅក្នុងគន្លងទឹក ក៏មិនព្រមសារភាពការពិតថាខ្លួនឯងជាកូនប្រុសម្ចាស់កោះH! ខ្លួនជាអ្នកសម្លាប់នូវទំនុកចិត្តនិងសេចក្ដីស្រលាញ់របស់ខ្ញុំឱ្យសូន្យ! ហើយរហូតមក….ក៏មិនដែលសារភាពការពិតថាខ្លួនជាអ្នកណា ចាំទាល់តែបងប្រុសខ្ញុំមកបង្ហាញការពិតនេះដោយខ្លួនគាត់ ចុងក្រោយបំផុតខ្ញុំបានសម្រេចចិត្តចាកចេញពីភ្នំពេញទៅកោះបេះដូង នៅតែខ្លួននិងបក្សពួកមកតាមចាប់ខ្ញុំឡើងមកកោះឯកម្តងទៀត….ដោយប្រើកាំភ្លើងភ្ជង់ក្បាលខ្ញុំ! នៀកត្រង់នៀក!»
«ភណ្ឌរ៉ា!»
គេហៅនាងតិចៗ នាងគ្រវាសដៃគេចេញ៖
«ខ្ញុំឈ្មោះនីយ៉ា!»
«បងមិនចូលចិត្តឈ្មោះនេះទេ!»
«គិតថាខ្ញុំចូលចិត្តឈ្មោះខ្លួនដែលជាកូនប្រុសម្ចាស់កោះនេះខ្លាំង?»
«ត្រូវហើយ!…ព្រោះនោះ ជាការពិតដ៏ឈឺចាប់រវាងពួកយើង! គឺជាការពិតដែលបានសម្លាប់រាល់អនុស្សាវរីយ៍ល្អៗរវាងមនុស្សពីរនាក់ដែលស្គាល់គ្នានៅបាងកក ស្រលាញ់គ្នាដោយស្មោះ ដោយមិនចាំបាច់ដឹងសាវតាររបស់គ្នា! អូនមិនមែនប្អូនប៉ូលិស ចំណែកបងក៏មិនមែនជាកូនម្ចាស់កោះ ពួកយើងស្រលាញ់គ្នា ប៉ុន្តែចុងក្រោយក៏ត្រូវគេសម្លាប់ចោលបាត់ដោយប្រវត្តិគ្រួសារទាំងពីរ គ្រួសារប៉ូលិសនិងម្ចាស់កោះH»
នាងបែរខ្នងខំជូតទឹកភ្នែកយ៉ាងណានៅតែរង្គើខ្លួនព្រោះទុក្ខាសោយសោក។ សំឡេងគេនៅតែលាន់មកយ៉ាងខ្លោចផ្សា៖
«គេងទៅយប់ជ្រៅហើយ! ហើយព្រឹកស្អែក ពេលអូនក្រោកឡើង អាចចាកចេញពីបន្ទប់នេះបាន! ទៅណាដែលអូនសប្បាយចិត្តឡើងវិញ! ទៅភ្នំពេញឬកោះបេះដូង បងអាចជូនទៅ! បោះបង់ចោលពួកយើងនៅក្នុងអតីតកាល បោះបង់ចោលស្នេហាបរិសុទ្ធនៃមនុស្សពីរនាក់ដែលគ្មានឋានៈ ព្រោះតែការទទួលយកការពិត នៃគ្រួសារដ៏មានឋានៈរបស់បងប្រុសអូន!»
នីយ៉ាខាំមាត់តែនាងបន្តស្រក់ទឹកភ្នែកដែលនាងមិនចង់ស្រក់ទាល់តែសោះ ក៏បញ្ជាមិនបាន។ ស្រីស្រស់មិនចង់ហាឆ្លើយហ្នឹងគេទេ បបូរមាត់នាងខាំ ទ្រាំ ប៉ុន្តែស្តាប់គេដែលនិយាយយកត្រូវ នាងចាំបាច់ត្រូវតែតវ៉ា ស្រីស្អាតងាកគេចចេញពីបាតដៃប្រុសស្នេហ៍ដែលអង្អែលសក់ ហើយវាចាដោយមិនបើកភ្នែក៖
«បងខ្ញុំពាក់ព័ន្ធអីទៅ? មិនថាខ្ញុំជាភណ្ឌរ៉ាឬក៏ជាអ្នកណា ខ្លួនឯងនៅតែជាកូនពៅសំណព្វរបស់ម្ចាស់កោះH! ដែលសង្ស័យមនុស្សគ្រប់គ្នាក្នុងលោកនេះ! គិតថា គ្រប់គ្នាដែលមកក្បែរគឺដើម្បីស៊ើបការណ៍ រនុកក្នុង? ទុកគ្រួសារប៉ូលិសជាសត្រូវ ទុកបងប្រុសកំសាករបស់ខ្លួនថាជាមនុស្សអស្ចារ្យ គេខំជួយយកអសារព្យាបាលលើកោះH ដេកកម្រើកមិនរួចក៏មិនព្រមដឹងគុណ ហើយនាំបងប្អូនបង្ខំចាប់ខ្ញុំយកមកកន្លែងនេះ! ដោយសារបងប្រុសរបស់ខ្លួន ចង់ឱ្យខ្ញុំបោះបង់បងប្រុសខ្ញុំ! ដោយសារបងប្រុសរបស់ខ្លួន ខ្លួនលើកកាំភ្លើងភ្ជង់ខ្ញុំនិងបងស្រីខ្ញុំ? ចង់ឱ្យខ្ញុំធ្វើជាមនុស្សស្រីរបស់ខ្លួន ចោលបងប្រុសខ្ញុំ គ្រប់គ្នានៃគ្រួសាររបស់ខ្ញុំ? ខ្លួនគិតថាខ្ញុំកើតមកពីដី គ្មានគ្រួសារគ្មានបងប្អូន?»
យូស៊ូក្រោកឈរដើរទៅក្បែរកញ្ចក់ ព្រោះមានតែធ្វើដូច្នេះទើបនាងព្រមបើកភ្នែកឡើងមកវិញសម្លឹងគេខ្លះ។
សំឡេងនាងនៅតែតវ៉ាមកតាមកំហឹង៖
«ប្រាប់បងប្រុសចង្រៃរបស់ខ្លួន ឱ្យមកយកខ្ញុំទៅរកបងជេនខ្ញុំ! ខ្ញុំនឹងចាកចេញគ្មានថ្ងៃងាកក្រោយទេ យូស៊ូ!»
«ទៅចុះ!» គេតបមកតិចៗ ខណៈឃើញថានាងកំពុងបោះភួយចេញ ហើយក្រោកឡើងមកសន្សឹមៗពិតមែន។
«ប៉ុន្តែបងនៅតែចាំអូន!» ថាផង គេងាកមកវិញផង។ តូចនារីនាងសម្លក់គេ ខណៈដែលយូស៊ូនិយាយបន្ត៖
«បងនឹងចងចាំមនុស្សស្រីម្នាក់ដែលស្លៀករ៉ូបដើម្បីបង! មនុស្សស្រីដែលគ្មានប្រវត្តិ គ្មានគោលបំណង គ្មានគំនួច មានតែសេចក្ដីស្រលាញ់បរិសុទ្ធ! បងចងចាំគេតែម្នាក់ឯងនៅលើកោះHនេះ! កន្លែងដែលគេស្អប់និង….បំភ្លេច!»
នារីសម្លឹងមកទេវបុត្រកោះH។ ស្នេហាជារឿងបេះដូង មិនថាចង់ចប់ក៏ចប់នោះទេ។ មនុស្សប្រុសម្នាក់ ដែលមានអ្វីៗគ្រប់យ៉ាងដូចគេ មិនខ្វះឡើយមនុស្សស្រីរង់ចាំចូលមកក្បែរទ្រូង។ យូស៊ូមិនចេះពោលពាក្យផ្អែម តែគេមានអ្វីមួយថ្ពក់ជាមួយជម្រៅបេះដូងនាង។
មិនចង់នៅស្តាប់ នាំតែកើតទុក្ខបន្ថែមលើចំណងមនោសញ្ចេតនាដែលគ្មានលទ្ធផល ណាមួយគ្រួសារទាំងពីរគង់តែមិនត្រូវគ្នាដដែល នីយ៉ាយល់ថាទោះបេះដូងនៅអាណោចអនេក ក៏មនុស្សគួរចេះកាត់ចិត្ត។
«ទុកការរង់ចាំនេះ សម្រាប់មនុស្សស្រីដែលសមនឹងខ្លួនទៅ!» នាងថាតិចៗ។
ជាមួយទឹកមុខក្រហម ខាងប្រុសគេខាំមាត់តិចៗ ចុចទូរសព្ទដៃបញ្ជាបើកសោ។
ក្រឹក!
ភ្នែកគេផ្ចង់មករកវង់ភក្រ្តធីតាម្ចាស់ចិត្ត ឯនាងវិញ ឮសោរបើកក៏ងើបសន្សឹមៗមកថ្ពក់ភ្នែកជាមួយគេ។ ការឈឺចាប់ដែលមានទាំងប៉ុន្មាន បង្ហាញចេញក្នុងខ្សែភ្នែកយូស៊ូ។
មនុស្សម្នាក់នេះនឹងក្លាយជាអតីតចៀសមិនរួចទេ។
នាងនឹងដើរចាកចេញ ហើយរត់ទៅរកបងប្រុសនាងដូចសម្តីនិងការតាំងចិត្ត តែមិនដឹងហេតុអ្វី នាងចង់មើលគេជាចុងក្រោយ។
ក្លិនខ្លួនរង្វង់ដៃ ទោះបីស្នេហ៍មិនទាន់បានស្និទ្ធ ប៉ុន្តែចិត្តហើយនិងចិត្តពិតជានៅពាក់ព័ន្ធ។
«យើងអាចចាកចេញបាន តែយើងមិនអាចបញ្ជាបងឱ្យចាំឬមិនចាំនោះទេ!»
នាងសម្លឹងគេដោយរលីងរលោង។ បបូរមាត់ស្រីខាំចូលគ្នាបង្ហាញចិត្តមោះមុត តែបេះដូងនាងនៅជាប់ស្នាមជាមួយរាងកាយខ្ពស់សង្ហា កែវភ្នែកពេញដោយពន្លឺនៃសេចក្តីស្រលាញ់….ក៏ដូចជាឱកាសឱ្យខាងប្រុសបានចរចាបន្ថែមស្រាលៗគ្រលរៗក្នុងសព្ទសញ្ញាពេញដោយទុក្ខព្រួយ៖
«ហើយបើខាងស្រីមិនវិលត្រលប់មកទេ បងក៏នៅតែរង់ចាំនៅកន្លែងនេះ! ហើយបើសិនជាគេចង់ឱ្យបងលោតចុះទៅក្នុងទឹក ដើម្បីសងការប្រថុយជីវិតរបស់គេ….បងធ្វើឥឡូវនេះបាន!»
ប្រុសសម្លឹងនាងឌឺៗមួយខ្វាច់ទៀត រួចទើបបែរខ្លួនតម្រង់ទ្វារ។
បើកភ្នែកក្រឡង់ៗតាមមើលដំណើរគេ។
ពីក្រោយខ្នងនេះទៅ ចិត្តនាងទោរទន់ព្រោះយូស៊ូដ៏ស្រស់សង្ហាម្នាក់នេះ នៅតែកាន់កាប់បេះដូងនាងបាន។
ស្រីរេភ្នែកគិត ខណៈគេចេញដោយបើកទ្វារឃ្វាំង។
គេនៅមិនទាន់ជា…..ចិត្តគេចង់ឈ្នះ ចង់ធ្វើហំហានតាមចរិតកូនអ្នកមាន ដែលជាមនុស្សចិត្តក្តៅ ហើយបើលោតែចង់ឈ្នះបេះដូងនាង គេធ្វើដូចសម្តីពិតមែន តើអនាគតគេទៅជាយ៉ាងណា?
នេះឬវិប្បដិសារៈដែលគេចង់ឱ្យនាងសោកស្តាយពេញមួយជីវិត?
«យូស៊ូ!»
នាងខាំមាត់ហៅគេ។
គ្មានចម្លើយ មានតែស្នូរជើងលើស្រទាប់ខ្សាច់កណ្តាលរាត្រីកាល។
«យូស៊ូ»
នីយ៉ាហៅទាំងបារម្ភក្ឌុក ហើយចេញទៅតាមពីក្រោយ។ នៅក្រោមអាកាសត្រជាក់លាយសន្សើម គេពិតជានាំរាងកាយទុក្ខព្រួយលាយស្រវឹង ដើរតម្រង់ទៅរកឆ្នេរ។
«យូស៊ូ! ឮឱ្យឈប់អត់?»
គ្មានសញ្ញាថាគេមានប្រតិកម្មនឹងការដង្ហោយហៅនេះទេ។ ស្រីស្អាតប្រឹងរត់ទៅតាម។
«កុំមកធ្វើឫកណាយូស៊ូ!»
នាងស្រែកកម្លាគេឬកម្លាខ្លួនឯងឱ្យពិតទៅ?
តាមថានាងភ័យពិតមែន! មនុស្សប្រុសសង្ហារឹងមាំម្នាក់នេះមែនទេ ដែលត្រូវនាងដាក់ទោសឱ្យពិការអស់មួយជីវិតព្រោះកំហុសរបស់គេ?
សម្លៀកបំពាក់នាងប៉ើងស្ងួតអស់ ទៅតាមជំហានរត់ស្រាលៗលឿនស្លេវ ចំណែកបុរសនេះបន្តតម្រង់ដើរម៉ឺងម៉ាត់ឆ្ពោះទៅរកឆ្នេរទាំងដែលគេនៅឈឺគេគិតហែលទឹកមែនឬក៏យ៉ាងម៉េច?
គ្មានឥន្ត្រានៅទីនេះទេ នាងខំរំពៃរក ប៉ុន្តែមិនឃើញសូម្បីស្រមោលរបស់គេ។ នីយ៉ារឹតតែអស់សង្ឃឹមក្នុងការរកអ្នកមកជួយស្រង់ប្រសិនយូស៊ូត្រូវលោតបញ្ឈឺនាងពិតមែន។
នាងឃើញងាកមកវិញ ឃើញតែជើងប្រុសស្អាតដើរកាត់ទឹកចុះទៅសមុទ្រ។ ការចាប់ផ្ដើមភ័យលើកនេះគឺឡេះលះតែម្តងហើយ។
ប្រសិនបើយូស៊ូត្រូវពិការអស់មួយជីវិត តើនាងគិតបែបណា?
«កុំទៅឮអត់យូស៊ូ!» នាងហៅទាំងញាប់ញ័រហើយ រត់កាត់ទឹកតាមពីក្រោយគេយ៉ាងលឿនស្លេវដូចអារក្សខ្មោចប្រដេញ។
មកដល់ពីក្រោយខ្នងគេទាំងហត់និងភ័យ ស្រីរត់ទៅហួសពីមុខគេ ហើយរារាំង។
«កុំឱ្យសោះ!»
នាងនិយាយទាំងដង្ហើមមិនដល់គ្នា។ យូស៊ូក្នុងទឹកមុខស្រងូត គេដៀងសម្លឹងវង្សភក្ត្រាស្រស់ប្រផូរនៃនារីម្នាក់ដែលបេះដូងគេពិតជា មិនដាច់ចិត្តលុបរូបនាងចោលចេញ។
នាងពិតជាបរិសុទ្ធជាងរឿងនិទានស្នេហ៍នានាដែលគេធ្លាប់ឮកន្លងមក។
«រស់នៅឃើញមនុស្សដែលយើងស្រលាញ់ ខឹងយើង មិនចង់មើលមុខ មិនចង់មកក្បែរ រស់នៅឈឺចាប់កម្រិតណា ដឹងអត់?» គេសួរខ្សាវៗ ធ្វើឱ្យទឹកភ្នែកនាងស្រក់រមៀល។
«កុំណា៎! ខ្ញុំអត់ចង់រស់នៅជាមួយមនុស្សពិការទេ!»
ថាហើយនាងស្ទុះឱបគេជាប់ គឺឱបពេញមួយទំហឹងកូនស្រីព្រោះអារម្មណ៍ភ័យព្រួយនិងអាណិត។ យូរប៉ុនណាហើយ ដែលនាងមិនមើលមុខគេ មិនព្រមអត់ទោសឱ្យគេ? នាងសួរខ្លួនឯង! បើសិនគេមិននិយាយចេញមក តើនាងយល់ដល់អារម្មណ៍ដែលកំពុងស្រលាញ់ហើយត្រូវបានច្រានចោលដែរ?
ពិតជាកំហឹងបាំងមុខមែនហើយ!
នាងយំសសិតនិយាយក្បែរទ្រូងនាយ៖
«អត់ទោសឱ្យហើយ! តែ….ថ្ងៃក្រោយមិនត្រូវយកកាំភ្លើងមកភ្ជង់…ហាមមិនឱ្យកុហក…មានរឿងអី…ត្រូវនិយាយគ្នាត្រង់ៗតាមបែបមនុស្សស្រលាញ់គ្នា…តាមបែបដែលគ្មានអ្នកណាមានសិទ្ធិមកនៅចំកណ្តាលពួកយើងបានទាំងអស់ ឮអត់?»
ប្រុសស្អាតបិទភ្នែកទទួលយកសុភមង្គលនេះ។ បាតដៃស្តាំធំលើកមកអង្អែលសក់នាងពីក្រោយ ស្មាស្រីកាន់តែរង្គើក្នុងការយំសោក។
«បងសុំទោសដែលធ្វើឱ្យឈឺចាប់!»
នាងងក់ក្បាលជាសញ្ញាអត់ទោសឱ្យគេ។
«ខ្លួននៅឈឺហាមចង់ហែលទឹក ឮអត់?»
នាងថា ផងក្តិចស្មាគេតិចៗផងធ្វើឱ្យបុរសឱនចុះមកផ្អឹបបបូរមាត់គេលើកេសាចរណៃ។ ទ្រូងនេះទទួលដឹងទឹកភ្នែកហូរច្រវាត់ចេញពីជ្រុងភ្នែករបស់នាងសើមដល់អាវគេ។
«ចង់បំភ្លេចគ្រប់យ៉ាងចោល ចង់ចងចាំតែរឿងរបស់យើងនៅស្រុកថៃ!»
នីយ៉ានិយាយអណ្តឺតអណ្តក។
«មើលមកបង!» ប្រុសបញ្ជាតិចៗ ស្រីក៏បានធ្វើដូចដែលគេប្រាប់។ ពេលដែលភ្នែកទាំងបួនគ្នា យូស៊ូឈរជ្រែងជើងទប់រាងកាយតូចស្តើង ហើយសម្លឹងភ្នែកនាងជាមួយវាចាបានបន្តថា៖
«យើងនឹងស្រលាញ់គ្នាតាមបែបមិនរវល់នឹងអ្នកណាថាយ៉ាងណា មិនថាមានរឿងអ្វីកើតឡើង!»
ចិញ្ចើមរបស់នាងលើកជាមួយប្រស្រីភ្នែកដែលមានភាពច្របូកច្របល់។ ហើយនាងងាកមកមើលកំភួនដៃរបស់គេរំកិលឡើងចុះតាមសកម្មភាពអង្អែលសក់នាងគ្រប់យ៉ាងនៅតែពិបាកពន្យល់។ មនុស្សកោះH បងប្រុសនាង ម៉េចនឹងអាចគេចមុខគ្នាពេញមួយជីវិតនេះ?
«បងជេន ជាមនុស្សល្អ!»
គេទម្លាក់ភាពភ្លឺចិញ្ចាចក្នុងប្រស្រីភ្នែកគេចោល។ គេអន់ចិត្តនឹងបងនាងដែលវាយខ្នោះនាំប៉ាគេទៅ តែគេមិនចង់និយាយអ្វីព្រោះពេលនេះគ្រប់យ៉ាងកំពុងប្រសើរឡើងវិញ។
«គាត់គ្រាន់តែធ្វើតាមតួនាទី!» នីយ៉ាបានព្យាយាមនិយាយពន្យល់ម្តងទៀត ដោយងើបមុខរង់ចាំប្រតិកម្មយល់ស្របរបស់គេ ទោះយ៉ាងណា គេដូរប្រធានបទ។
«ប្រាកដទេ ថាចេញពីនេះទៅមិននឹកបង?» យូស៊ូសួរទាំងឱនក្បាលចុះដើម្បីសម្លឹងមើលភ្នែកពណ៌ក្រមៅ របស់នាង។
គ្មានចម្លើយ! គ្មានពាក្យណាមួយត្រូវបានបញ្ជាក់ចេញមកទេ ដៃប្រុសស្ទាបថ្ពាល់នាងហើយវាចាបន្ត៖
«ចំណែកបងវិញ មិនដឹងរស់បានប៉ុន្មានថ្ងៃឡើយ!»
«កុំមានៈ យករឿងស្លាប់រស់មកនិយាយ!» ស្រីកម្លាទាំងអាណិតគេខ្លោចចិត្ត។
គេដាក់ដៃពទ្ធ័លើចង្កេះនាង។ នៅពេលដែលនាងមិនញញើតឬរើចេញ ប្រុសក៏រុំដៃមួយបន្ថែមទៀតនៅពីក្រោយខ្នងរបស់នាង ហើយយ៉ាងរហ័សគេឱបនាងទៅក្នុងទ្រូង ស្តាប់ភាពឆ្លើយឆ្លងនៃបេះដូង។
«Shhh! វាមិនអីទេអូន! បងមានស្នេហាស្មោះនឹងគេហើយ ស្លាប់រស់ មានអីអស្ចារ្យ?» ប្រុសខ្សឹបដាក់សក់នាង។ នីយ៉ា លើកដៃឡើងយឺតៗ ហើយដាក់មកលើទ្រូងគេ ប្រឆាំងនឹងការស្និទ្ធគ្នាស្អិតរមួត។
យល់ព្រម! ដៃរបស់គេបានបន្ធូររង្វង់ព្រមឱ្យគម្លាត។ តែគេនៅសម្លឹងមើលនាង។ ភ្នែករបស់នាងពោរពេញទៅដោយភាពច្របូកច្របល់និងទុក្ខកង្វល់ សក់ប៉ើងមកគ្របពាក់កណ្តាលផ្ទៃមុខ។
«តោះ! ឡើងលើ!»
«អត់ទាន់ទេ!» គេបដិសេធដែលនាងខំដឹកដៃឡើងគោក។
នីយ៉ាងើបមុខសម្លឹងសង្សារ។ មេឃព្រាងជិតភ្លឺហើយ ទិដ្ឋភាពព្រហាមនេះស្រស់ស្អាតជាងការគិតទុក កន្លងមក ស្រីក៏មិនចង់ចាកឆ្ងាយតែនាងមានចិត្តមួយបារម្ភអំពីជេន។
«បងចង់នៅតែពីរនាក់បែបនេះ! នៅកន្លែងនេះ គេចចេញពីពួកគេ!»
នាងមើលគ្រប់ចលនារបស់គេដោយស្ងៀមស្ងាត់ ប៉ុន្តែយកចិត្តទុកដាក់។ ភ្នែករបស់ពួកគេបញ្ចេញជំនួសឱ្យភាសាបេះដូងដែលកំពុងប្រុងប្រៀបលាងសម្អាតអតីតនានា ការខឹងអន់ចិត្ត ទុក្ខលំបាកដែលឆ្លងកាត់មក ប៉ុន្តែមិនមែនលាងបានទាំងអស់ទេ….
«គាត់ជាបងខ្ញុំ! ខ្ញុំនឹងពន្យល់គាត់ ជឿខ្ញុំណា៎ ខ្ញុំនឹងឱ្យគាត់ទទួលស្គាល់ពួកយើង! គាត់មកដល់កោះHហើយ ខ្ញុំត្រូវទៅរកគាត់សិន!»
យូស៊ូជ្រួញចិញ្ចើមសួរវិញ៖
«ប៉ូលិសជេន?»
នាងដឹងថា គេនេះដេកដួលស្រវឹង សូម្បីបងប្រុសនាងមកដល់កោះHក៏គេមិនដឹងដែរ។
«យើងត្រូវទៅមើលសិន! មិនចង់ឱ្យមានរឿងបន្ថែមទេ!»
នីយ៉ាពន្យល់បែបនេះ ព្រោះដឹងថាឥន្ត្រាដែលចាកចេញទៅរកបងប្រុសនាងដោយមិនមាននាងទៅជាមួយ តើបងជេនរបស់នាងម៉េចនឹងសុខចិត្ត?
ស្រីដើរត្រលប់មកឆ្នេរតែគេចាប់ដៃហើយឃាត់នាង។
ជាមួយវាចាថ្នមៗយូស៊ូមាយាដាក់ស្រីស្នេហ៍៖
«ចុះបើបងប្រុសអូននាំអូនចេញទៅ?»
នីយ៉ាញញឹមហើយឆ្លើយ៖
«ហើយ….គិតឱ្យ….គេព្រមឱ្យប្អូនស្រីក្រមុំនៅកោះHជាមួយខ្លួនទាំងអ៊ីចឹង?»
យូស៊ូញញឹម សម្លឹងជ្រៅៗរុករកសេចក្តីស្នេហាក្នុងជម្រៅភ្នែកនួនល្អង។ គេវាចាខ្សាវៗ៖
«ទៅបាន តែ…..!»
«តែអីទៅ!» នាងសម្លក់តិចៗក្នាញ់ៗ។
«ត្រូវភ្ជាប់ចំណងឱ្យមាំ!»
«ស្អីទៅ?»
«រៀបការ!»
នាងក្រហមមុខ។ ដៃនាងនៅក្នុងបាតដៃគេ នាងចំបោចចេញ តែបោចស្រាលៗស្តាយការប៉ះគ្នាមួយនេះ។
«អ្នកណាថាព្រម?»
ស្រីងាកមុខចេញទាំងអៀនអន់ ធ្វើឱ្យគេតាមញញឹមគយគន់សម្រស់។ ពីនេះទៅគេឃើញវត្តមានមនុស្សពីរបីនាក់។
យូស៊ូទម្លាក់ទឹកមុខសម្លឹងទៅកងកម្លាំងរបស់គេ។ គេមានពិភាល់ថា មានអ្វីមួយរវាងជេននិងមនុស្សកោះH ពិតណាស់។
ប្រុសលែងដៃស្រីកល្យាណហើយខ្សឹបប្រាប់៖
«ចាំបងនៅហ្នឹងហើយ!»
នីយ៉ាងាកទៅរកប្រភពនៃការសម្លឹងរបស់គេ។ នាងងក់ក្បាលទាំងអៀនអន់។ សង្ឃឹមថាកូនចៅយូស៊ូមិនមកទាល់ពេលដែលគេនិងនាងកំពុងស្និទ្ធស្នាលគ្នាទៅចុះ។
ប្រុសភ្លូកទឹក បកទៅរកច្រាំង ចំណែកកូនចៅរបស់គេក៏រត់មកត្រហេបត្រហប។
នាងបែរខ្នង តែនាងនៅត្រៀមស្តាប់ពួកគេនិយាយ។
សូរសំឡេងរសាត់តាមខ្យល់សមុទ្រប៉ះសោតានាង «បងឥន្ត្រាសន្លប់ហើយ! ត្រូវពួកប៉ូលិសបញ្ជូនទៅភ្នំពេញ!»។
នីយ៉ាចងចិញ្ចើម។ បេះដូងនាងភ្ញោចនឹកដល់មនុស្សម្នាក់ ដែលប៉ុន្មាននាទីមុននេះបានត្រូវរ៉ូវជាមួយយូស៊ូវិញ នាងហាក់ភ្លេចគេបានមួយខណៈ។
«ឥន្ត្រា!»
នាងរបូតមាត់គិតពីមូលហេតុដែលគេសន្លប់។
«អាណាជាអ្នកធ្វើ? ប៉ូលិសអស់ហ្នឹង?» យូស៊ូសួរកាចៗ។
ស្រីបែរមកសម្លឹងសង្សារ។ នីយ៉ាឃើញគេចងចិញ្ចើមត្រងត្រាប់ស្តាប់់សម្តីរាយការណ៍របស់កូនចៅគេ។ យូរៗម្តងគេដៀងភ្នែកមើលមកនាង។
ស្រីសម្លឹងពួកគេពីចម្ងាយជាប់មិនដកភ្នែក បង្ហាញថា នាងក៏ចង់ដឹងយ៉ាងអន្ទះសា….



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ