រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី៥៥

វគ្គ

រនុកក្នុងនៅ Zone-A

​      ដោយមិននឹកស្មានដល់ ស្រីស្រស់ត្រូវបានយូស៊ូនាំត្រលប់មកភ្នំពេញយ៉ាងតក់ក្រហល់។ គ្រប់គ្នាបានចួបជុំនៅមន្ទីរពេទ្យ ទីកន្លែងដែលប៉ូលិសអះអាងថា ឥន្ត្រាកំពុងសម្រាកសង្គ្រោះបន្ទាន់។

យូស៊ូដើរចុះឡើង ចំណែកនីយ៉ានៅឈរក្បែរបងប្រុស ដែលរវល់ជាមួយតែនឹងការនិយាយទូរសព្ទព្រមទាំងវិទ្យុទាក់ទង រកតែសួរនាំឱ្យដឹងរឿងក៏មិនទាន់មាន​ពេលវេលា​បាន។

«នីយ៉ា»

សព្ទសំឡេងនេះ ធ្វើឱ្យនាងត្រេកអរព្រោះហាន់ដាបានមកដល់ពីចម្ងាយ អមដំណើរ​ជាមួយនឹងស្វាមីរួមទាំងមនុស្ស​របស់គេទាំងក្រុម។ ជនទាំងនោះដើររេរាចាំនៅច្រកទ្វារ ដូចគ្នានឹង​កម្លាំងរបស់យូស៊ូ ឬកម្លាំងប៉ូលិសដែរ។

ឃើញបងស្រីនិងបងថ្លៃ នីយ៉ា​នឹកឃើញ​ងាកមកលបមើលទឹកមុខ​យូស៊ូដែលឈរឱបដៃនៅពីមុខបន្ទប់ICU។ បុត្រាពៅម៉ឺន​យូមានទឹកមុខក្រញូវៗ ក៏ងើបមុខសម្លឹងម្ចាស់កោះបេះដូងទន្ទឹមគ្នាដែរដោយមិនរវល់នឹង​ការបារម្ភក្នុងទ្រូង​សង្សារទេ។

គ្រួសារពីរនេះ មកដល់ពេលនេះហើយក៏នៅតែជាទឹកនិងប្រេង។ តែគ្រប់យ៉ាង​ហាក់អាក្រក់ជាងការដែលនីយ៉ាពិភាល់….

«ប៉ូលិសនៅឯណា!​ ដេញ​មនុស្សនៅកោះបេះដូងចេញឱ្យអស់ទៅ!»

នីយ៉ាមិនទាន់ដើរដល់បងស្រីផង ក៏​ឈប់ដំណើរងាកមក​សម្លឹងសង្សារ។  យូស៊ូក្របួចមាត់ធ្វើមុខស្មើ។ នីយ៉ា​លបបែរបន់ក្នុងពោះកុំឱ្យមាន​ជម្លោះណាមួយ ​ព្រោះមនុស្ស​កោះHទាំងបងទាំងប្អូន ឱ្យតែឃើញជេននិង​ឃើញគីម៉ាល់​ ធ្វើមុខ​ដូចមានគំនុំពីជាតិមុនមក។

ចំណែកចរិតគីម៉ាល់ដែលជាស្វាមីម្ចាស់កោះបេះដូង ប្អូនថ្លៃក្រមុំត្រូវគេ​ជម្រត់ចេញមិនទាន់បានទូទាត់បញ្ជី តើគេមកនេះមករករឿងឬមកល្អ នីយ៉ាមិនហ៊ានធានាទេ។ គីម៉ាល់បងថ្លៃម្នាក់នេះ ដ្បិតតែចេះគិតជាងយូស៊ូនិងទន់ភ្លន់ជាងឥន្ត្រា តែក៏ចិត្ត​ខ្លាំងមិនធម្មតាប៉ុន្មាន​ដែរ។ ករណីពួកគេប៉ះគ្នា តើរឿងនឹងកម្រើក​កម្រិតណា?

ដោយទ្រូងភ័យក្តុក មិនទាន់បានទាញដៃហាន់ដាសួរនាំបងស្រីថាចាំបាច់អីនាំប្តីមក ស្រាប់តែ​យូស៊ូស្ទុះដើរវាងមកជាមួយការខាំមាត់ញេញសំឡេង៖

«មកមើលបងអញស្លាប់ឬរស់?»

រហ័សដូចផ្លេកបន្ទោរ ជេន​ឈានចំហៀងខ្លួន​ស្ទុះមករាំងមុខ ហើយរាដៃឃាត់។ គីម៉ាល់មានទឹកមុខស្មើ។ យូស៊ូម្នាក់នេះមានន័យ​អ្វីចំពោះគេ បើពេលនេះម៉ោងនេះ ចិត្ត​អ្នកមានឌូបៃនឹកគិតយ៉ាងអន្ទះសាអំពី«ឥន្ត្រា»។

គេនៅស្ងៀមសម្លឹងយូស៊ូមិនខឹងតប តែមានទុក្ខលំបាកក្នុងឫកពា ចំណែកហាន់ដាក៏នៅក្បែរៗតោងដៃប្តី បង្ការក្រែងគីម៉ាល់ក្រពុលមុខ មិនទប់ចិត្ត​ជាមួយ​មនុស្ស​កោះH។

យូស៊ូងាកសម្លឹងជេន​ដែលរាំងចំកណ្តាល ហើយនិយាយបូញមាត់មិនចុះញ៉ម៖

«ធ្វើជាប៉ូលិស ឱ្យមានយុត្តិធម៌ក្នុងខ្លួនផង! មនុស្សទាំងអស់នេះ ជាជនសង្ស័យច្បាស់ក្រឡែត! យកបងប្រុសខ្ញុំទៅកោះបេះដូង ស្រាប់តែគាត់ក្លាយជាអ៊ីចឹង សមត្ថកិច្ចមិនឆាប់អូសទៅសួរចម្លើយទេ  បណ្តោយឱ្យចូលមករុករានដល់ICUទៀត!»

ស្រីស្អាត​ដែលចំហមាត់នឹង​ឫកពា​យូស៊ូមួយខណៈ ​ពេលនេះយល់ហើយ​ថាហេតុអ្វីគេប្រកាន់និងរារាំងបងប្រុសស្រីខ្លួនដល់ម្ល៉ឹង។

នីយ៉ា​​ដើរមកក្បែរៗយូស៊ូ ទោះនៅនឹងមុខបងៗស្រីមិនហ៊ានស្និទ្ធស្នាលកាន់ដៃគេ តែនាងក៏ចង់សម្រន់កំហឹងនិងស្ត្រេសរបស់គេ។

«អ្នកណាខ្លះជាសាច់ញាតិអ្នកជំងឺ?» ពេទ្យកោះហៅពីចំហៀងរបៀងអាគារស្តាំ ធ្វើឱ្យគ្រប់គ្នានៅទីនេះ បង្អង់ស្វ័យប្រវត្តិនូវការឈ្លោះប្រកែក។

ស្ងាត់!

គីម៉ាល់ហាក់ដូចជាចង់ឆ្លើយ ប៉ុន្តែជេន​ឆ្លើយមុន៖

«អ្នកជំងឺគឺជាសាក្សីសំខាន់របស់ប៉ូលិស!»

វេជ្ជបណ្ឌិតវ័យកណ្តាលដើរមួយៗមកដោយមាន​គិលានុបដ្ឋាកតាមពីក្រោយម្នាក់ផង។ ពួកគេ​ ទាំងពីរ​ដៀងភ្នែកសម្លឹងជេន ចំណែកយូស៊ូលោខ្លួនមកតវ៉ា៖

«ខ្ញុំ….ជាប្អូនប្រុសបង្កើតរបស់គាត់! អ្នកជំងឺនៅខាងក្នុង! ហើយនឹង….ឯណា….ប៉ា!»

គេងាករកម៉ឺនយូជុំវិញខ្លួនមិនឃើញនិងមិនយល់ទាល់តែសោះ ថាហេតុអ្វីបាត់ឪពុក ឃើញតែកូនចៅពីរបីនាក់កំពុងតែដើររេរានៅឆ្ងាយពីទីនេះ។

«ទាំងប៉ូលិសនិងប្អូនប្រុសអាចចូលទៅក្នុងបាន! ខ្ញុំមាន​ព័ត៌មាន​បន្ទាន់ត្រូវពិគ្រោះ!»

យូស៊ូសម្លឹងជេនដោយមិនពេញចិត្ត ប៉ុន្តែគេក៏គ្មានអ្វីសម្រាប់យកមក​បដិសេធបាននូវការកំណត់ចំនួនមនុស្សដែលខាងមន្ទីរពេទ្យមានឯកសិទ្ធិ ឯជេនវិញលបសម្លឹង​និងមិចភ្នែក​ឱ្យគីម៉ាល់អត់ធ្មត់សិន​។

ហាន់ដាទាញប្តី​ឱ្យអង្គុយ​លើជួរកៅអីរង់ចាំ ខណៈដែលជេន​និងយូស៊ូ​ដើរទៅតាមវេជ្ជបណ្ឌិត។ នីយ៉ាឱបដៃឈ្ងោកមុខ ចិត្តនាងមានបង្កប់នូវការ​ងឿងឆ្ងល់ជាច្រើន ​តែនៅមិនទាន់មានឱកាសសួរ។ មានតែហាន់ដាប៉ុណ្ណោះដែលដឹងថា សារធាតុរាវដែល​ត្រូវបាន​លួចយកពី​ខ្លួនឥន្ត្រាកាលសន្លប់លើកោះបេះដូង បានបង្ហាញ​ទិន្នន័យវេជ្ជសាស្ត្រថា ឥន្ត្រាពិតជាមនុស្សដែលពួកគេតាមរក។

គ្រឹប!

បន្ទប់ប្រជុំបិទទ្វារ រាំងមនុស្ស​ត្រឹមបីនាក់នៅខាងក្នុង សូម្បីគិលានុបដ្ឋាកក៏គ្មានសិទ្ធិស្តាប់ដែរ។

ជេនទាញកៅអីអង្គុយ ខណៈយូស៊ូប្រញាប់សួរ៖

«បងប្រុសខ្ញុំយ៉ាងម៉េចហើយ!….ខ្ញុំចង់បញ្ជូនគាត់ទៅបរទេស!»

ដៀងភ្នែកសម្លឹងប៉ូលិសជេន​បន្តិចហើយ ពេទ្យនៅដំអក់ទាញ​កៅអីអង្គុយមិនទាន់ហាមាត់ ឫកពានេះធ្វើឱ្យយូស៊ូមួម៉ៅ៖

«ខ្ញុំមិនខ្វល់ថា បងខ្ញុំជាសាក្សី ជាចំណាប់ខ្មាំងរបស់ប៉ូលិសទេ! បងប្រុសត្រូវការសុវត្ថិភាព ខ្ញុំមាន​លទ្ធភាព​អាច​បញ្ជូនគាត់ទៅសង្គ្រោះបន្ទាន់នៅបរទេស ​ហោចណាស់ក៏ស្រុកថៃដែរប្រសិនបន្ទាន់​!​»

«ខ្ញុំគិតថា នៅមិនទាន់បញ្ជូនទៅណាបានទេ!»

ពេទ្យវាចាតបមួយៗដោយសុភាពរាបសា ធ្វើឱ្យយូស៊ូ​ដឹងខ្លួនភ្លាមពីសព្ទ​សំឡេង​ច្រឡោតតោតតូងរបស់ខ្លួនឯង រឹតតែពិបាកចិត្ត​ក្តុកឡើងពីសភាពរបស់បងប្រុស។

លោកគ្រូពេទ្យដដែល បន្តពោលឡើងមួយៗពេលឃើញ​ប្អូនពៅម្នាក់នេះគេខំ​សង្រួមចិត្ត​ បិទភ្នែក ហាក់អត់ធន់ស្តាប់៖

«ស្ថានភាពរបស់អ្នកជំងឺស្ថិតនៅក្នុងគ្រោះថ្នាក់នៅឡើយ! ត្រូវការអត់ធ្មត់! យើងកំពុងរកមធ្យោបាយឱ្យគាត់មានលំនឹង ពេលនោះចាំគ្រួសារ​សម្រេចចិត្ត​ថា​យកបន្តទៅណាទៀត! ពេលនេះ ពេទ្យ​ត្រូវការអ្នកចុះហត្ថលេខា ទទួលស្គាល់ការសង្គ្រោះ!»

«បានន័យថា…» យូស៊ូងើបភ្នែកមកសួរកាត់ទាំងបះកន្ទុយភ្នែកទាំងសងខាងជាមួយប្រយោគមិនចប់ចុងចប់ដើម។

«បាទ» ពេទ្យងក់ក្បាល «យើងមានវិធីដើម្បីធ្វើការសង្គ្រោះ ប៉ុន្តែមាន​ព័ត៌មាន​សំខាន់មួយ​ផ្សេង ដែល​ពួកលោកមានសិទ្ធិដឹង! នៅក្នុងឈាមរបស់គេមានលាយឡំ​សារធាតុគីមីគ្រោះថ្នាក់! គ្រោះថ្នាក់ឬមួយក៏សះស្បើយមានភាគរយប៉ុនគ្នា!»

«ខ្ញុំមិនយល់នោះទេ! បើអ៊ីចឹងដដែល…..ជីវិតបងប្រុសខ្ញុំ….ផ្សងព្រេងនៅក្នុងគ្រោះថ្នាក់ធំហើយ? ថ្នាំពុលជាប្រភេទថ្នាំអី? អ្នកណាដាក់?»

«សុំលោកអត់ធ្មត់ស្តាប់ខ្ញុំសិន!» ពេទ្យឃាត់ទាំងច្បូតមុខហើយងាកសម្លឹងប្រតិកម្មប៉ូលិស។

រហូតមកដល់ពេលនេះទៀត ជេន​នៅមិនទាន់និយាយអ្វីមួយម៉ាត់នៅឡើយទេ ដូច្នេះហើយយូស៊ូមានអារម្មណ៍ថា ប៉ូលិស​និងពេទ្យពីរនាក់នេះ បានដឹងជាស្រេចហើយរឿងជាតិគីមីក្នុងឈាមនោះ។

គេនិយាយដោយទោមនស្ស៖

«សុំទោស…..ប៉ុន្តែខ្ញុំវិលវល់ហើយ! បងប្រុសខ្ញុំជាមនុស្សមានកាយសម្បទារឹងមាំ! ពិតមែនគាត់ធ្លាប់របួសធ្ងន់និងឈឺយូរ តែក្រោយពីជាឡើងវិញមកគាត់មិនដែលមានជំងឺតម្កាត់អ្វីទេ គាត់ជាមនុស្សមានកាយសម្បទារឹងមាំជាងពីមុនផង ហេតុអីបានជាមានសារធាតុគីមីពុលនៅក្នុងឈាម! អូមែន! មុននេះគាត់ត្រូវបានមនុស្សមួយក្រុមចាប់យកទៅមួយថ្ងៃមួយយប់ ក្នុងសភាពសន្លប់មិនដឹងខ្លួន! មនុស្ស​កោះបេះដូង! ពួកនៅខាងក្រៅ! មិនដឹងថា ឆ្លៀតគេប្រើសារធាតុអ្វីលើបងប្រុសខ្ញុំខ្លះនោះទេ! សូមលោកធ្វើការវិភាគលម្អិត បង្ហាញ​លទ្ធផលកោសល្យវិច័យដើម្បីខ្ញុំមានព័ស្តុតាងនៅក្នុងការចោទប្ដឹង!»

សម្តីរបស់យូស៊ូមួយម៉ាត់ណាក៏ទុកប៉ូលិសនិងមនុស្ស​កោះបេះដូង​ថាជាសត្រូវដែរ រហូតដល់ឧត្តម

សេនីយ៍ជេនមិនចង់ស្តាប់ ខាតពេលច្រើន ក៏ចាប់ផ្ដើមហាអារកាត់៖

«ដល់ពេលខ្ញុំសួរម្ដង! សារធាតុគីមីពុលនៅក្នុងឈាមរបស់គេមានប្រតិកម្មរបៀបម៉េច ហេតុអីបានជានៅសុខៗមនុស្សត្រូវដួលសន្លប់?»

ពេទ្យ​បង្ហាញ​ភាពស្មុគស្មាញតែមិនបង្អង់ការឆ្លើយតបឡើយ៖

«យើងកំពុងតែសិក្សាដូចគ្នា ថាតើវាជាសារធាតុគីមីអ្វី? វាជាអ្វីម្យ៉ាងដែលយើងមិនដែលស្គាល់ទេពីមុនមកទេ ប៉ុន្តែជារបស់សំយោគ លាយឡំក្នុងឈាម​! រលកដង្ហើមនិងកម្រិតទទួលបានអុកស៊ីសែនរបស់អ្នកជំងឺហាក់ច្របូកច្របល់និងគាំងបានយ៉ាងគ្រោះថ្នាក់រាល់ពេលណាគេមានសម្ពាធផ្លូវចិត្ត​បញ្ជូន​មក​ពី​ខួរ​ក្បាល​! របាយការណ៍ប៉ូលិសនិយាយថា អ្នកជំងឺមាន​ភាពតានតឹងមុនពេលដួលសន្លប់  នេះមានន័យថាកន្លងមកដែលគេមានសុខភាពរឹងមាំ ព្រោះគេមិនដែលមានសម្ពាធផ្លូវចិត្ត តែមុនពេលកើតហេតុ គេមានសម្ពាធផ្លូវចិត្តអ្វីទៅ?»

សម្ពាធផ្លូវចិត្តរបស់ឥន្ត្រាគឺឈ្លោះប្រកែកគ្នានៅពេលឃើញបងប្រុសមកតាមយកប្អូនស្រីត្រលប់ទៅវិញ? ចំណុចនេះប៉ូលិសជេន​រេភ្នែកគិតទាំងមិនមាត់មិនកទេ។ ចំណែកយូស៊ូគ្រញែងស្មា រលាស់ដៃជាសញ្ញាមិនទទួលយកបាន ​ហើយមិនគាំទ្រនូវសេចក្តីថ្លែងការរបស់ពេទ្យឡើយ។ មិនត្រឹម​ស្តាប់មិនយល់ កាយវិការគេកំពុងបញ្ជាក់ថែមទៀត​ថា គេមិនជឿ។

កូនពៅម៉ឺន​យូវាចា​ទាំងមុខស្មើ៖

«ម្តងជាសារធាតុគីមីពុល តែមិនដឹងជាអ្វី យល់ថាពាក់ព័ន្ធនឹងសម្ពាធ សម្ពាធអ្វីទៅ? អ្នកណាអាចដាក់សម្ពាធលើបងប្រុសខ្ញុំ! មនុស្ស​គាត់មិនដែលចេះចុះញ៉មទេ អ្នកណាធ្វើឱ្យគាត់ខ្លាចបាន?»

ប្រហែលជាអស់តម្រិះពន្យល់ ពេទ្យ​ងាកមកជេនហើយវាចាខ្សាវៗ៖

«ឧត្តមសេនីយ៍ដែលឮពី T4 DNA Ligase ទេ?​»

ជេនជ្រួញចិញ្ចើម។ ករណីក្លូនហ្សែន​ដែលប៉ូលិសដាក់ការសង្ស័យ​លើឥន្ត្រា​បានដំណើរការស៊ើបមកជាយូរហើយ ទោះណាជាគេយល់ខ្លះ តែមិនប្រាកដចិត្ត​១០០ភាគរយទេ ។ គេវាចាតបតិចៗ៖

«គឺជាការ​អង់ស៊ីមភ្ជាប់រវាងDNAពីរ ជាមួយហ្សែនដើមនិងហ្សែនថ្មី ដើម្បីឱ្យទៅជាការបង្កើតនូវcoenzyme ថ្មីបន្ទាប់បន្សំ ធ្លាប់ឮថាវេជ្ជសាស្ត្រមានសិទ្ធិធ្វើបែបនេះលើអ្នកជំងឺធ្ងន់ដែលពិបាកសង្គ្រោះ តែខ្ញុំ…មិនច្បាស់ទេទាន!»

ជេនបានធ្វើឱ្យយូស៊ូចំហមាត់។

ធ្លាប់ឮរឿងក្លូនរាងកាយមនុស្ស​ដែលរបួសខ្ទេចខ្ទាំដោយ​ប្រើកោសិកា​និងឈានដល់លាយDNAសំយោគ តែ…..រឿងឥន្ត្រាមានករណីអង់ស៊ីមក្នុងឈាម មិនមែនជារឿងដែលគេធ្លាប់ដឹងប៉ុនល្អងណាទេ បើមាន​ហេតុអីប៉ាគេលាក់គេជិតថ្នាក់នេះ? ​ធុញពេក​យូស៊ូគោះតុ​ផាំង៖

«ឈប់បង្វែរសាច់រឿង! ឈប់ធ្វើឱ្យខ្ញុំវិលវល់!»

ពេទ្យងាកមករក​កូនប្រុស​សេដ្ឋី។ គាត់នៅតែរក្សាភាពអត់ធ្មត់​ក្នុងការពិភាក្សា​៖

«អ្វីទៅដែលលោកចង់បាន? តើលោកចង់ស្តាប់ការពិតដែរទេ?»

យូស៊ូនៅតែមានៈ ៖

«បើពេទ្យថាមានមនុស្សដាក់ជាតិពុល​ទៅក្នុងឈាមបងប្រុសរបស់ខ្ញុំ បង្ហាញតែព័ស្តុតាងវេជ្ជសាស្ត្រមក ខាងផ្លូវច្បាប់ខ្ញុំជាអ្នកប្តឹងវែកមុខ!»

«រឿងនេះមិនមែនជាកាតព្វកិច្ចរបស់ពេទ្យទេ! ពួកខ្ញុំក៏មិនមែននៅក្នុងអង្គភាពក៏ធ្វើកោសល្យវិច័យ!  ប៉ុន្តែអាចនិយាយបានម្យ៉ាងថា សារជាតិគីមីនោះម្ដងធ្វើឱ្យគេមានកម្លាំងខ្លាំងក្លា មិនចេះឈឺ   មធ្យោបាយដកដង្ហើមខ្លាំងនិងបានយូរលើសមនុស្សធម្មតា តែក្លាយជាច្របូកច្របល់ចរន្តឈាមនិងខ្វះអុកស៊ីសែនមកចិញ្ចឹម​រាងកាយ​ភ្លាមៗ ដែលធ្វើឱ្យគេត្រូវសន្លប់ទាន់ហន់!»

យូស៊ូថយក្រោយយឺតៗផ្អែកនឹងបង្អែក​កៅអី។ មកដល់ពេលនេះ គេត្រូវគាំងព្រោះអ្វីម្យ៉ាង​ដាស់អារម្មណ៍គេដូចមនុស្ស​ទើបក្រោកឡើងពីសន្លប់។ ​បងប្រុសម្នាក់នេះ ក្រោយពីជាសះឡើងវិញនិងវិលមកពីសម្រាកព្យាបាលជាងម្ភៃខែនៅកោះខ្មោច​ គេក្លាយពីព្រានមុខស្រស់ មកជា​មនុស្សគ្មានបេះដូង   មិនថាតែផ្ទៃមុខបានប្តូរចំណាំសឹងមិនបាន គេថែមទាំងជាមនុស្សថ្មី។ គេចេះដេកជាមួយស្រី តែគ្មាន​អារម្មណ៍ស្រលាញ់។ គេខ្លាំង​ដូច​អារក្សទឹក សូម្បីគន្លងទឹក​គ្រោះថ្នាក់គ្មានខ្សែសម្រាប់បណ្តែតខ្លួន គេអាចជ្រមុជលេងបានសំអាងលើដង្ហើមធ្ងន់និងវែង​លើសពីអ្វីមនុស្ស​ធម្មតាធ្វើបាន ឬមួយ​តាំងពី​យូរមកហើយ ឪពុកគេបានលាក់រឿងនេះជាសម្ងាត់?

ឬមួយដើម្បីប្តូរយកជីវិតបងប្រុសមកវិញ ឥន្ត្រា​ពិតជាត្រូវធ្វើឆ្លងកាត់សំយោគ DNA ដែលប៉ាខ្លួនមិនចង់និយាយ? ហេតុអ្វីដំណាក់កាលនេះមិនឃើញឪពុកមកមើលបងប្រុស?

គេនៅស្ងៀមដោយ​ទឹកមុខខ្មៅ។

សំឡេងវេជ្ជបណ្ឌិតពន្យល់បន្ថែម៖

«ក្រុមយើងបានគិតដល់វិធីបន្សាបសារធាតុគីមី ដោយប្រើគីមី!»

«រឿងនេះខ្ញុំត្រូវការគិតសិន!»

ជេននិយាយបដិសេធយ៉ាងរហ័សមុនពេលដែលយូស៊ូអាចមានប្រតិកម្មទៅទៀត។

«ហេតុអីទៅ» យូស៊ូសួរកាត់ទាំងមិនប្រាកដប្រជាចិត្ត​ខ្លួនឯង។

ជេននៅស្ងៀមមិនមាត់កតបពន្យារពេល ធ្វើជាងាកសម្លឹងពេទ្យ តែបុរសជាពេទ្យម្នាក់នោះ ក៏នៅសម្លឹងរង់ចាំចម្លើយពីប៉ូលិសដូចគ្នា។ អ្វីដែលជេននឹកឃើញគឺសម្តីរបស់ម៉ឺនយូ «បើសិនជាឱ្យគេដឹងអតីតកាល គេនឹងមានប្រតិកម្មធ្ងន់ ហើយប្រតិកម្មនោះអាចសម្លាប់គេបាន!»។

ឧត្តមសេនីយ៍អស់ពេលពន្យារ ក៏ចេញវាចា​តិចៗ៖

«ខ្ញុំមិនដឹងទេ! ធ្លាប់តែឮថាការព្យាបាលដោយគីមីត្រូវការការប្រុងប្រយ័ត្នខ្ពស់! ប្រសិនយកគីមីពុល មកបង្រ្កាបគីមីពុល តើរាងកាយអ្នកជំងឺ​នឹងក្លាយទៅជាស្អីទៅ ក្រោយជាសះស្បើយ!»

យូស៊ូងក់ក្បាលហើយច្បូតមុខធុញថប់។ ទើបតែទទួលអារម្មណ៍​ពេលនេះថា ជេនយកចិត្ត​ទុកដាក់លើសុខុមាលភាពបងប្រុសខ្លួនយ៉ាងចម្លែក។ មានរឿងជាច្រើនដែលគេមិនដឹង និងគួរឱ្យយកមកគិតម្តងមួយជ្រុងៗ។

សំឡេងពេទ្យម្នាក់នោះលាន់មកជាថ្មី៖

«ដូច្នេះហើយ….ពេលបានទទួលព័ត៌មាននេះ សូមពួកលោកទុកពេលឱ្យយើងខ្ញុំរយៈពេលពីរម៉ោងទៀត ក៏ដូចខាងលោក​អាចបកទៅពិគ្រោះគ្នា មុនពេល​យើង​វិលមកចួបគ្នាដើម្បីធ្វើការសម្រេចចិត្តជាចុងក្រោយ!»

ល្អហើយដែលនៅអាចដកឃ្លាបាន។ ជេនគិតទាំងតឹងទ្រូង។ ការព្យាបាលដោយគីមីលើសារធាតុគីមី ទាំងដែលខាងពេទ្យនៅមិនស្គាល់កំណត់អម្បូរវាច្បាស់លាស់ តើអាចធ្វើឡើងដោយសុវត្ថិភាពប៉ុន្មានភាគរយទៅ?

មិនទាន់ក្រោកចេញពីតុទេ គេងាកមករកយូស៊ូសម្លឹងនាយចំៗដោយ​ពោលសួរ៖

«ថៅកែម៉ឺនយូបាត់ទៅណា?»

យូស៊ូញាក់ស្មា៖

«ខ្ញុំមកដល់ក្រោយទេ រឿងនេះត្រូវសួរប៉ូលិស ថាយកប៉ាខ្ញុំទៅណា?»

ជេនចងចិញ្ចើម។ សភាពការណ៍នេះ ការបាត់វត្តមាន​ម៉ឺនយូមិនមែនសមទំនងទេ គេមានសម្តីជាច្រើនចង់សួរបញ្ជាក់គាត់ពាក់ព័ន្ធនឹង​ឥន្ត្រា។

សំឡេងយូស៊ូលាន់មកទៀត៖

«ហើយ…បងខ្ញុំឈឺមួយទាំងមូល មិនសមណាប៉ាខ្ញុំដើរចោលគាត់នោះទេ!»

ជេន​ធ្វើមុខមាំ បោះបង់ចោលការនិយាយជាមួយមនុស្សនេះចាកចេញមកក្រៅ ដោយមាន​វេជ្ជបណ្ឌិតដដែលជាអ្នកបើកទ្វារឱ្យ។

គេដើរទៅក្បែរគីម៉ាល់កេះគ្នាខ្សឹបខ្សៀវ ខណៈខាងយូស៊ូស្ទុះស្ទាទៅរកកូនចៅព្យាយាមស្វែងរកដំណឹង​ឪពុក។ ជាមួយអាកប្បកិរិយាឆ្មើងកន្ទ្រើងនិងបែងចែកដែលយូស៊ូប្រកាន់យក ធ្វើឱ្យហាន់ដាពិបាកចិត្ត​នឹងចំណងទាក់ទងរវាងគេចំពោះនីយ៉ា។ ដោយឃើញប្អូនស្រី​តាមមើល​កូនប្រុសពៅម្ចាស់កោះHមិនឈប់ បងស្រី​យល់ច្បាស់ពីទំហំចិត្ត​ស្នេហា​របស់ស្រីស្អាត​លើយូស៊ូ ក៏ដកដង្ហើមធំ ឆ្លៀត​ឱកាស​ទាញប្អូនមកសួរនៅជ្រុងជញ្ជាំងឆ្ងាយផុតគេឯង។

«នៅឯណោះ មានអ្នកណាធ្វើអីឯងទេ?»

ស្រីតូចប្រើខ្សែភ្នែកក្រៀមក្រំសម្លឹងទៅរក​យូស៊ូដោយក្តីបារម្ភ។

«បងកំពុងនិយាយជាមួយឯងនីយ៉ា!»

ប្អូនពៅងាកមករកបងស្រីវិញ ដោយ​មិនដឹងត្រូវឆ្លើយថាយ៉ាងណានោះទេជាមួយសំណួរខាងដើម​។​ មិនបានចម្លើយទេ នីយ៉ាបែរជាខ្សឹបសួរហាន់ដាវិញ៖

«ហើយ….ម្នាក់នេះ…ម៉េចក៏ដល់ថ្នាក់សន្លប់?»

ហាន់ដាផ្តោតតាមដានអាកប្បកិរិយាប្អូន។ មើលយ៉ាងណា​ក៏ដឹងថា នីយ៉ាធ្ងន់ចិត្ត​លើយូស៊ូ តាមបារម្ភពីគេ មិនមែន​ឥន្ត្រាទេ។

ហាន់ដាធុញថប់រលាស់ដៃចេញពីប្អូនស្រីម្នាក់នេះហើយ​ក្រពាត់ដៃនិយាយ៖

«ឯងនៅលើកោះនោះអត់ដឹងផង មកសួរបង បងម៉េចដឹង?»

នីយ៉ាដកដង្ហើមធំ បែរមករកICU​ដែលត្រូវបានបិទជិតឈឹង មិនអនុញ្ញាតសូម្បីតែសម្លឹងឃើញពីក្រៅ។ មាត់នាងរអ៊ូតិចៗ៖

«មនុស្សឆ្កួតនេះ….ឱ្យតែក្រោកឡើង….ខ្ញុំរករឿងគេភ្លាម!»

ហាន់ដារអ៊ូ៖

«អាចផ្អាក​ធ្វើចរិតដូចក្មេងនេះ​ ហើយឆ្លុះកញ្ចក់មើល​សក់ក្បាល មើលខោអាវ!»

នីយ៉ាឱនសម្លឹងខ្លួននាង ខោអាវពីទទឹកមកស្ងួត សក់ដែលប៉ើងសំពោងពេលជិះម៉ូតូទឹកពីចុងឆ្នេរមកជាមួយឥន្ត្រា ពេលនេះមកដល់ភ្នំពេញ​ក្នុងសភាព​បែបនេះ?

ហាន់ដាសម្លក់កន្ទុយភ្នែក ទោះឃើញថា ប្អូនខ្លួនមិនបានត្រូវអ្នកណាធ្វើបាបគួរឱ្យកត់សម្គាល់ តែកាលដែលនីយ៉ា​ត្រូវគ្នា​ជាមួយក្រុមមនុស្ស​ដែលចាប់ពង្រត់ខ្លួនទៅ ​រឹតតែត្រូវឱ្យបងស្រីកើតបារម្ភទ្វេ។

នាង​សម្លក់ប្អូនពៅម្នាក់នេះរួចបញ្ជា៖

«ទៅ! នៅក្នុងឡានបង មានអាវខាងក្រៅខ្លះ រកបន្ទប់ទឹក​ផ្លាស់ឱ្យសមរម្យសិនទៅចាំមកវិញ!»

ថាចប់ហាន់ដាដើរបកមកវិញ គាប់ចួនឃើញជេនទាញគីម៉ាល់ទៅចំណតឡាន​ឆ្ងាយដាច់ពីគេឯង និយាយគ្នា​ស្ងាត់ៗ។

នាងដឹងថា ស្វាមីកំពុងប្រាប់ជេន​ពីការពិត​នៃការរកឃើញសមាសភាពឥន្ត្រា។

«ឯកសារពេទ្យ! ពួកអ្នកស្រាវជ្រាវចិនថតផ្ញើមកមុននេះ!»

ជេនប្រញាប់ទទួលហ្វូនមកឆែកពិនិត្យ​ភ្លាមៗ។

ឯកសារនេះ​គេមើលយល់ខ្លះ ចំណុចខ្លះនៅព្រាល។ សំឡេងគីម៉ាល់លាន់មកបញ្ចប់ការសង្ស័យ​របស់ឧត្តមសេនីយ៍៖

«អ្នកវិភាគ​ឯកជន​របស់យើង បាន​ចាត់ទុកថា សារជាតិពុលនេះមិនមែនទាក់ទងនឹងសារធាតុគីមីដែលត្រូវបានប្រើលើខ្លួនរបស់ឥន្ត្រាតាំងពីដើមមកនោះទេ! វាជាការបំពុលថ្មីបំផុត ក្នុងរវាង៥០ម៉ោងចុងក្រោយ!»

ជេនចងចិញ្ចើមគិត។ ពេលឥន្ត្រាត្រូវបាននាំមកភ្នំពេញ សម្បោរនិងទឹកភ្នែកគេត្រូវបាន​ផ្តិតបញ្ជូនឱ្យគីម៉ាល់ភា្លមៗ ដោយសារសេដ្ឋីឌូបៃមាន​កូនចៅជាជនជាតិចិនពូកែៗក្នុងដៃ។ ការវិភាគពិតជាបានលទ្ធផល​រហ័ស ប៉ុន្តែតើកើតឡើងយ៉ាងដូចម្តេច? អ្នកណាធ្វើ? ដើម្បីអ្វី? ហើយទុកចិត្ត​លទ្ធផលនេះបានកម្រិតណា?

គេដៀងភ្នែកគិតយឺតៗសម្លឹងប្អូនថ្លៃ ហើយនិយាយខ្សាវៗ៖

«ដូចខ្ញុំទើបនឹងប្រាប់! ពេទ្យខ្មែរយើងនៅខាងក្នុង ​សារភាពថាមិនទាន់អាចស្មាន​អ្វីបាន ក្រៅតែពីដឹងថា ឈាមឥន្ត្រាមានជាតិពុល ជាប្រភេទគីមីសំយោគ! ពួកគេត្រូវការពេលពីរម៉ោងទៀតដើម្បីធ្វើការសម្រេច​អំពីប្រភេទគីមីព្យាបាល!»

គីម៉ាល់គ្រវីក្បាល៖

«យឺតណាស់! រកវិធីទៅជេន!​ យើងនាំគេទៅស្រុកចិន​ឥឡូវនេះ…. !»

ជេនងើបមុខ​ស្ពឹកៗសម្លឹងគូសន្ទនាដ្បិតថានេះជាវិញ្ញសាដ៏តឹងតែងមួយ។ ប្រសិនមិនមាន​ការយល់ព្រមពីក្រុមគ្រួសារអ្នកជំងឺ តើគេអាចពង្រត់យកឥន្ត្រាចេញពីមន្ទីរពេទ្យបាន​ដោយរបៀបណា?

ពិតណាស់….ពីរម៉ោងទៀត គ្មានអ្នកណាចង់រង់ចាំទេ។

បើដូចពួកចិនអះអាង ការបំពុល​ក្នុងរវាងពេល៥០ម៉ោងមកនេះ អាចត្រូវអំឡុងពេលគេត្រូវបញ្ជូនចេញពីកោះHទៅកោះបេះដូង?

គីម៉ាល់ខ្សឹបបន្ថែមដោយទឹកមុខ​មាំ៖

«មើលកន្លែងនេះឱ្យច្បាស់!»

ម្រាម​ដៃសេដ្ឋីឌូបៃចង្អុលលើរូបភាពនៃសន្លឹក​វិភាគឈាមជាអក្សរចិន​។ គេបានបកប្រែវា​ស្វ័យ​ប្រវត្តិ​ហើយពន្យល់ជេន៖

«មិនមែន​ជាតិពុលក្នុងគ្រាប់កាំភ្លើងរបស់ខ្មាន់បិទមុខទេ! របាយការណ៍ត្រង់ណេះ កាលគេត្រូវគ្រាប់និងរបាយការណ៍ឥឡូវខុសគ្នា! នេះបញ្ជាក់ថា គេអាចត្រូវបំពុលបន្ថែម​រវាងកំណាត់ផ្លូវទៅកន្លែងយើង  ឬត្រូវបានបំពុលនៅលើកោះបេះដូងរបស់យើង!»

ជេនគ្រវីក្បាលជ្រួញចិញ្ចើម ពិនិត្យហើយពិនិត្យទៀតមិនអស់ចម្ងល់។ របាយការណ៍ដំបូងបញ្ជាក់ថាខ្មាន់កាំភ្លើងបិទមុខគ្រាន់តែចង់ឱ្យឥន្ត្រាសន្លប់នឹងអាលបានចាប់យកទៅទាំងរស់​ ចុះឥឡូវម្តេចមានការបំពុលថ្មីដែលចង់ផ្តាច់យកជីវិតគេ?

«នៅកោះបេះដូង យើងការពារតឹងតែងណាស់ អ្នកណាអាចធ្វើបាន?» ជេនរអ៊ូរទាំតិចៗម្នាក់ឯងនៅនឹងមុខគីម៉ាល់។ របកគំហើញចុងក្រោយបានបង្ហាញថា ទោះជាពួកបិទមុខបាន​បាញ់បង្អាក់រាងកាយគេ​តែមិនមានចេតនា​សម្លាប់គេទេ ក្រុមផ្សេងមួយទៀតឆ្លៀតពេលដែលគេដេកដួល ប្រើថ្នាំពុលចុងក្រោយនេះ ប្រាថ្នាយកជីវិតគេ។

«ជនជាតិចិនទាំងអស់នេះ ប្រើថ្លៃសេវាខ្ពស់ខ្លាំងណាស់! ហើយខ្ញុំជឿលើការងាររបស់គេ! អាចយក​របាយការណ៍នេះ ទៅពិភាក្សាជាមួយក្រុមកោសល្យវិច័យខាងប៉ូលិសក៏បាន!»

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*