វគ្គ
ស្នេហាមួយនេះពិតឬក្លែងក្លាយ
ពេញមួយយប់ គេមិនត្រឹមតែគេងមិនលក់នោះទេ គឺសោយសោកខុសពីសភាពជាមួយលេខាមុនៗ។ លីនក៏ដឹងដែរថា បងរស់នៅដ៏លំបាកបែបម៉េចនៅពេលដែលគ្មានអូននៅក្បែរ ប៉ុន្តែសម្តីដែលនិយាយថា បងទុកអូនត្រឹមតែជាឧបករណ៍ស៊ិច ពិតជាពាក្យកំណាចណាស់ បងឈឺចាប់ណាស់ឱ្យតែគិតដល់ពាក្យនេះ។
«បងមិនជឿថាអូនស្រលាញ់បងទេលីន!»
គូខាន់គិតផង គេក្រេបស្រានឹងដប អកយកៗម្នាក់ឯង។
ជាទូទៅ ចិត្តមែនទែនរបស់គេ រមែងតែងចង់បានវត្តមាននាងមកនៅទីនេះភ្លាមៗ ដើម្បីបានសួរនាំដល់បេះដូងពិតរបស់លីន ប៉ុន្តែឃើញនាងកំពុងតែកាន់ទុក្ខ ចិត្តលីនកំពុងតែឈឺចាប់ផ្ទួនៗ លីនគ្មានអ្នកណាទៀតទេ ពេលនេះបើលីនខឹងគេក៏មិនបានយូរដែរ។
គេមិនមានកាមេរ៉ាតាមមើលលីននៅផ្ទះ តែក៏មានដាក់កម្លាំង ឃ្លាំមើលគ្រប់ពេលវេលា គ្រប់សកម្មភាពអ្នកផ្ទះលីនកុលាប ម្ភៃបួនម៉ោង។
«ចៅហ្វាយ! Jack មកដល់ហើយ! ឃាត់វាឬមួយក៏យ៉ាងម៉េច?» អុកដែលជាកូនចៅរបស់គេ ទទួលបន្ទុកដឹកនាំមនុស្សឃ្លាំផ្ទះលីនបានឈែតមក។
«ឱ្យវាឡើងទៅ!» គេឆ្លើយដោយទឹកមុខខូចចិត្ត។
នៅក្បែរតុគេកំពុងផឹក Darkត្រុនៗយកកែវមកជូនចៅហ្វាយនិងចានសាច់ពីរបីផង។ គូខាន់រអ៊ូរង៉ូវៗតែម្នាក់ឯង៖
«បើថាស្រីចម្កួតហ្នឹង ចោលអញទៅស្រលាញ់អាព្រានJack ក៏ឱ្យវាដឹងសខ្មៅតែម្តងទៅ!»
គេនិយាយទាំងឈឺចិត្តព្រោះខលមិនលើក សារនាងមិនតប។
ពាក្យថាគេទុកនាងជាឧបករណ៍ស៊ិច បញ្ជាក់មកថា ស្នេហាកន្លងមកជាមួយគ្នានាងមិនដែលសប្បាយទេ?
ហួសចិត្តនឹងលីនពន់ពេក បានជាគេនៅអង្គុយកើតទុក្ខឱ្យកូនចៅសំណព្វលបមើល។
ឃើញទំនងពិបាកភ្នែកខ្លាំង Darkក៏លូកមាត់៖
«មិនអាចទេចៅហ្វាយ! លីនកុលាបស្រលាញ់ចៅហ្វាយ!»
គេញាក់ស្មាចំអកសម្តីនេះ ដូចជាមិនជឿជាក់ ប៉ុន្តែDarkបញ្ចេញអំណះអំណាង
«នឹកឃើញកាលសូរកានបញ្ជោះបង្ខំលីនកុលាបឱ្យបោកចៅហ្វាយ លីនកុលាបមិនធ្វើទេ សុខចិត្តខូចចិត្តដែលត្រូវសូរកានសើរើរឿងអាម៉ាស់ប្រាប់បងប្រុស!»
«គេជាមនុស្សល្អ! តែមនុស្សល្អធ្វើល្អ មិនមែនមានន័យថាស្រលាញ់យើងដែរDark! គេធ្វើល្អតាមបែបជាសភាវៈល្អរបស់គេ ចិត្តគេស្អប់យើងព្រោះយើងមិនល្អ?»
«អ្នកណាថាចៅហ្វាយមិនល្អ?»
គេបក់ដៃបណ្តេញDarkឱ្យចេញ ព្រោះចង់នៅស្ងាត់ព្រោះតូចចិត្ត។ គេមិនចង់ទន់ខ្សោយឱ្យកូនគូលីមើលឃើញទេ តែចិត្តពេលនេះពិតជាទន់ជ្រាយហួសហើយ។ ចង់ជួបលីនខ្លាំង ចង់និយាយឱ្យបានយល់ចិត្តគ្នា តែមិនអាច។
បើមកដល់មានតែខឹងគ្នានិងសង្កត់សង្កិន បានការអីទៅ?
«តែ….នែ៎តាមដានឱ្យជាប់ថា អាJackវាឡើងទៅជួបលីនលេងល្ខោនអីទៀត?»
«បាទ!»
Dark ចាកចេញទាំងយល់ចិត្តអាណិតចៅហ្វាយ។ កាលដែលគូខាន់យល់ព្រមឱ្យប្រុសផ្សេង ឡើងមកជួបជាមួយមនុស្សស្រីជាទីស្រលាញ់របស់ខ្លួន គេពិតចង់ពិសោធថា តើលីនគិតបែបណាចំពោះចំណងទាក់ទងមួយនេះ។
គូខាន់ជាមនុស្សត្រួតត្រា ប៉ុន្តែគេមានទំនុកចិត្តខ្ពស់ គេមិនដែលស្គាល់ពាក្យបដិសេធទេ។ ស្នេហាមួយនេះ គេប៉ះមនុស្សល្អ គេក៏គិតថានាងស្រលាញ់គេ បានជាយល់ព្រមរៀបការជាមួយគេ ដឹងអីពេលបងប្រុសនិងប្អូនស្លាប់ លីនទុកគេជាសត្រូវ។
ក្រឡេកមកដល់ចាននិងកែវដែលនៅលើតុ ភ្នែកដៀងឃើញប្រអប់ថ្នាំនាងទុកចោលនៅលើនេះ។ ចិត្តរៀមនឹកភ្នកដល់បណ្តាពាក្យពេចន៍ទាំងឡាយរបស់នាង។ លីនពិតជាចង់ឱ្យគេព្យាបាលជំងឺនេះ គេលើកវាមកបើក និងដាក់ក្នុងបាតដៃមួយគ្រាប់។
ប្រុសប្រើដៃម្ខាងទៀត ចាប់ផ្តើមថតផុសនេះ ផ្ញើទៅកាន់អូនជាមួយពាក្យពេចន៍ផ្អែមល្ហែម។
«បងញ៉ាំថ្នាំហើយ ប៉ុន្តែអត់ឃើញបានការអីទេ! គ្មានឃើញមានសញ្ញាសប្បាយចិត្ត ធូរចិត្តសោះ! គ្មាន!»
នាងមិនមើល ពីព្រោះលីនកំពុងតែអង្គុយសំកុកនៅឆ្ងាយពីទូរសព្ទ។ បងស្រីលើកបាយថ្ងៃត្រង់មកឱ្យ ក៏ឃើញបាយព្រឹកនៅទាំងអស់។
«អត់ញ៉ាំខ្លះទេ? គិតខ្លួនឯងផង!» អ្នកស្រីអមរាដ៏មានល្បិចកលនិយាយឡើងទាំងលបតាមដានអាការៈលីន។
«បងឯងគិតថាខ្ញុំនៅស្រលាញ់ជីវិតមួយនេះទៀត! ដើម្បីអ្វីទៅ?»
«ដើម្បីសងសឹក» សំឡេងនេះឆ្លើយនៅមាត់ទ្វារ។ លីនងើបមុខសម្លឹងJack។ គេនៅឆ្ងាយនៅឡើយ លីនក៏ខ្សឹប៖
«បងអមរា ខ្ញុំមិនចង់ជួបអ្នកណាទេ ហេតុអីបានជាបងឱ្យមានភ្ញៀវ?»
«ខ្ញុំអត់មានបំណងអាក្រក់ទេលីន»
ថាហើយជននោះឈានចូលមក ធ្វើឱ្យលីនរៀបចំអង្គុយត្រឹមត្រូវមកវិញ។ អមរាដកខ្លួនព្រោះទទួលសំណូកពេញថ្លៃពីអ្នកមានរូបនេះ។
«ខ្ញុំត្រូវឈឺចាប់ជាមួយគូខាន់បានជាខ្ញុំយល់ចិត្ត!»
Jackសូត្រមករូៗដូចជាពិបាកក្នុងការបង្អាក់គេណាស់។
«អញ្ជើញអង្គុយ» លីនថយពីលើសាឡុងបន្តិចទុកឱ្យគេអង្គុយ ហើយបងថ្លៃក៏ឆ្លៀតលើកទឹកសុទ្ធមកទទួលJack។
«អរគុណបាទ!»
លីនមិនឆ្ងល់ទេថា ហេតុអ្វីពីរនាក់នេះគួរសមដាក់គ្នាដូចជាធ្លាប់បានស្គាល់គ្នាពីមុនមក?
អមរាក៏ដាក់ទឹករួចថយមកអង្គុយឆ្ងាយពីពួកគេ ដើម្បីទុកឱកាសឱ្យJackបានលួងលោមនាង ហើយនាងក៏មិនសូវទើសទាល់ ហោចណាស់មានគ្នាបីនាក់ដែរនៅទីនេះ។
តាមពិតខ្លួននាងបានទទួលលុយទឹកតែយ៉ាងច្រើនពីJackតាមរយៈអេលី មានតែលីនកុលាបប៉ុណ្ណោះដែលមិនបានដឹងរឿង។
«ខ្ញុំធ្លាប់ត្រូវគូខាន់សង្កត់ធ្វើបាបការរកស៊ី កៀបយកប្រយោជន៍ បង្អាក់មុខរបរយ៉ាងឈឺចាប់ ដូច្នេះហើយខ្ញុំយល់ថា ពួកយើងគួររួមដៃគ្នា!» Jackលើកឡើង។
លីននិយាយខ្សាវៗ៖
«រួមដៃអីទៅ? ខ្ញុំមានកម្លាំងអីទៅរួមដៃជាមួយលោកទៀតនោះ? សូម្បីតែកម្លាំងលើកស្លាបព្រាហូបបាយក៏ខ្ញុំលើកអត់រួចផង!»
«កុំមើលស្រាលខ្លួនឯង! ត្រូវយកបងប្រុសនិងប្អូនស្រីជាកម្លាំងចិត្ត! ប្រហែលជាកិច្ចការរបស់លីន និងលីនតែម្នាក់គត់ ដែលអាចនៅក្បែរគូខាន់ស៊ើបរកការពិតគ្រប់ប្រភេទហើយនាំខ្លួនគេទៅកាន់តុលាការ ឈប់ឱ្យគេដើរធ្វើបែបនេះបានទៀត!»
សម្ដីរបស់Jack ធ្វើឱ្យនាងងាកសម្លឹងបងថ្លៃ។
បេះដូងនេះ រាល់ពេលអ្នកណារំឭកទៅដល់គេ នាងមានអារម្មណ៍លាយឡំគ្នាទាំងឈឺ ទាំងកក់ក្តៅ។ ស្នេហាមួយដែលកើតមានដោយបង្ខំ ក្រោយមកជារឿងតណ្ហា លីនមិនយល់ថា ហេតុអីបានជាចូលដល់បេះដូងបាន រហូតដល់នាងតែងមានអារម្មណ៍ស្តាយគូខាន់ជាខ្លាំងរាល់ពេលរំឭកដល់ទង្វើឃោរឃៅនានារបស់គេ។
មនុស្សក្រអឺតក្រទមនិងមានមហាសាលដូចគេទៅកាន់តុលាការ? តើគ្រួសារដ៏មានកិត្តិយសរបស់គេដែលធ្វើអ្វីៗបានស្រេចតែនឹងចិត្ត ធ្លាប់មើលងាយលីន ពេលនោះនឹងមានទឹកមុខបែបណាវិញ?
«ខ្ញុំអាចធ្វើដូច្នេះមែន?» នាងនិយាយទាំងសើចស្ងួតចំអកខ្លួនឯង។
«អាច!»
លីនសម្លឹងJack។ គេបានឱកាសមាសនេះ ក៏ឱនមកពន្យល់ស្រីស្អាតភ្លាមៗ៖
«បើសិនជាលេខាព្រមយកការពិតរបស់ប្អូនស្រីដែលធ្លាប់ត្រូវគេគំរាមកំហែង ទៅប្រាប់អង្គជំនុំ!»
«គំរាមកំហែង?»
«ត្រូវហើយ! ខ្ញុំមានភស្តុតាងថា ហាសិកាត្រូវទៅគេងជាមួយគូខាន់ ពីព្រោះគេគំរាមថា បើក្មេងស្រីមិនធ្វើដូច្នោះទេ គេនឹងបង្ហាញរូបភាពរបស់លីនកុលាបដែលជាបងស្រីរបស់នាងគេងជាមួយគេ ចេញទៅសាធារណៈ!»
លីនតក់ស្លុតញ័រដៃ។
បងស្រីធ្វើជាក្រោកដើរចេញស្រែកឡូឡា៖
«ខ្ញុំទ្រាំស្តាប់អំពើជួរជាតិរបស់អាកូនកាត់រុស្ស៊ីទៀតមិនបានទេ! សូម្បីប្តីខ្ញុំក៏ខ្ញុំគិតថាវាប្រើល្បិចសម្លាប់គាត់ដែរ!»
លីនងើយសម្លឹងអមរាស្រែកសួរឃាត់៖
«មានន័យថាម៉េច?»
អមរាងាកមកវិញហើយធ្វើមុខដូចហួសចិត្តខ្លាំង ទើបនិយាយចាក់ដោត៖
«ពិតណាស់! នៅស្រុកថៃ បងប្រុសឯងធ្លាប់ខ្សឹបនឹងបងថាគាត់បានជួបហាសិកាមុនពេលប្អូនស្លាប់ គាត់សង្ស័យថា ហាសិកាមានស្នេហាជាមួយគូខាន់!»
ការពិតដ៏ឃោរឃៅនេះ ពិតជាធ្វើឱ្យលីនថប់ដង្ហើម។
នាងលែងមានពាក្យត្រូវនិយាយចេញ។ ហើយបើឱ្យនាងជឿឬការពារគូខាន់ ក៏មិនអាចទេ។ គូខាន់ជាមនុស្សបែបណា នាងមិនស្គាល់គេច្បាស់ឡើយ។ មនុស្សគេ ជាមនុស្សឈឺ។ គ្រួសារគេមានចិត្តកំណាច រើសអើងវណ្ណៈ ក្រអឺតក្រទម ឯខ្លួនគេ ក៏ជាមនុស្សពូកែស៊ិចនិងអាចបង្ខំស្រីគ្រប់គ្នាដែលគេបានជួប ចំណុចទាំងនេះមិនឱ្យលីនសង្ស័យគេយ៉ាងម៉េចបាន?
បើគេពិតជាកំណាច ជួរជាតិ ដល់ថ្នាក់គំរាមបងយកប្អូន និងគំរាមប្អូនយកបង នាងមិនដឹងត្រូវដោះស្រាយកំហឹងចិត្តនេះរបៀបណាទេ។
«ខ្ញុំមានភស្តុតាង!» Jackបន្ថែមទៅនឹងទឹកមុខតក់ស្លុតរបស់លីន។
នាងខាំមាត់៖
«លោកមិនបាច់និយាយទេ! ខ្ញុំស្គាល់ចរិតគេច្បាស់!»
ល្ខោនដែលJackបាននឹងកំពុងតាក់តែង ធ្វើឱ្យលីននឹកឃើញឡើងវិញ ដល់គ្រាដំបូងដ៏ឈឺចាប់។ គេពិតជាដាច់ធម៌មេត្តានិងគ្រោតគ្រាត បំពាននាង ធ្វើអ្វីៗលើនាងតាមចិត្តមានៈរបស់គេ។
ការឈឺចាប់មួយនេះ ពិតជាពិបាកនិយាយខ្លាំងណាស់ តែនាងបានលុបចោល ព្រោះបេះដូងនេះ ចាញ់ស្នេហ៍គេ។
«លោកជួយខ្ញុំទេ បើខ្ញុំចង់សងសឹក?»
Jackនឹងអមរាអរពន់ពេកណាស់ពេលឃើញតួស្រីឈានហួសព្រំដែនកំហឹងដល់គំនុំ។ ដ្បិតតែនាងសួរបែបនេះ លីនពិតជាទទួលស្គាល់ថា គ្មាននរណាជួយនាងបានទេ ព្រោះអំណាចគេពេញលោកនេះ។
«មានតែលីនខ្លួនឯងប៉ុណ្ណោះ ដែលអាចជួយខ្លួនឯងបាន!»
លីនងើបមុខសម្លឹងJack ធ្វើឱ្យជនឆ្លៀតឱកាសម្នាក់នេះនិយាយបន្តទៀត៖
«ត្រលប់ទៅធ្វើការវិញស្អែកនេះ! ទាល់តែនៅក្បែរគេ ហើយធ្វើឱ្យចិត្តត្រួតត្រានិងជំងឺសរសៃប្រសាទរបស់គេរើឡើងវិញទើបមានឱកាស!»
នាងគិតទាំងសម្លឹងJackដោយភ្នែកក្រហមៗ។
ពេលនេះអារម្មណ៍នាងនឹកដល់អ្នកម្តាយរបស់គេគឺជំទាវស៊ីណារ៉ា គាត់បានឱ្យថ្នាំមកពីរដប ថ្នាំនេះ គឺមានគោលដៅបញ្ឈប់ចរិតឆ្កួតលេលារបស់គេ។
Jackហុចថ្នាំប្រអប់ថ្មីដូចបេះបិទនឹងប្រអប់ចាស់។
លីនសម្លឹងទៅប្រអប់ថ្នាំដែលមានលក្ខណៈដូចគ្នានឹងគ្រាប់ថ្នាំដែលម្តាយគេប្រគល់មក Jackវាចា៖
«ថ្នាំនេះមិនត្រឹមឱ្យគេមិនអាចជា ថែមទាំងមានបញ្ហាលើសដើម!»
ឃើញលីននៅស្ងៀម បងថ្លៃស្ទុះមកទទួលយកឱ្យលីនដោយខ្លួនគាត់។
វគ្គ
ស្រលាញ់និងគំនុំ
ពិភពលោកនៅព្រឹកនេះស្ងប់ស្ងាត់និងកណ្ដោចកណ្ដែងជាខ្លាំង បន្ទាប់ពីរាត្រីកាលមួយដែលគ្មានសំឡេងអូន គ្មានក្លិនអូន គ្មានដងខ្លួនដ៏ទន់ភ្លន់របស់អូននៅក្បែរទ្រូងបង។
គូខាន់ចង់ជួបនាងថែមទាំងមិនចង់ជួប ព្រោះចិត្តមួយចង់ដឹងថាតើនាងចេះនឹកមកគេខ្លះទេ។ ធម្មតាមនុស្សស្រលាញ់គ្នាតែងតែនឹកគ្នាពេលឃ្លាតកាយ។
គេក្រោកពីគ្រែយ៉ាងលឿន ឈានទៅទាញដែកយោងខ្លួនហាត់ប្រាណ ដោយស្ងៀមស្ងាត់។ អារម្មណ៍មិនមូលទេ ហើយមិនបានដប់ប្រាំនាទីផង អស់កម្លាំងផ្ចង់ហាត់។
ប្រុសក្រឡេកមើលឆ្វេងស្ដាំពិតជាមានអារម្មណ៍កណ្ដោចកណ្ដែងជាខ្លាំង។
នាងធ្លាប់មកកាន់ទីនេះ រៀបចំអាហារពេលព្រឹកឱ្យគេ នាងធ្លាប់ស្ថិតនៅក្នុងឈុតខោអាវស្រគត់ស្រគំនៅពេលដែលគេវិញ បង្ហាញខ្លួនក្នុងឈុតសម្លៀកបំពាក់កីឡាបែកញើសគឃៀរបែបនេះ ទៅនៅក្បែរនាង។ ម្តងៗឱ្យតែនាងដឹងវត្តមានគេ ក៏ភ័យហើយងាកមកដោយទឹកមុខស្លេក ស្របពេលដែលគេខ្លួនឯង ចូលចិត្តសម្លុតនាងធ្វើស្មើៗ ហើយក៏ឱនទៅថើបនាងយ៉ាងស្រទន់។
នឹកឃើញរាល់ពេលក្រឡេកឃើញកែវភ្នែកពោរពេញទៅដោយសេចក្ដីត្រូវការ ប៉ុន្តែមិនមានការជឿជាក់របស់នាង ក្រោយមកនាងពិតជាស្រលាញ់គេ រាងកាយនាងឆ្លើយតបនឹងទទួលយកគេ ហេតុអ្វីអនាគតក្លាយជាខឹងគ្នា?
ទោះគូខាន់មិនព្រមបែកពីលីន តែពេលនេះនាងមិនមកទេ គេប្រាកដជាធ្វើចិត្តរក្សាគម្លាតមួយសិន។
ជាមួយភាពស្រងូត ប្រុសដើរសំដៅទៅទូទឹកកក បម្រុងថាចាក់ទឹកផឹក ប៉ុន្តែក៏ឈប់ជំហានថយល្បឿនពេលឃើញភ្លើងបើក។
នៅក្បែរទ្វារបន្ទប់បាយ គេក៏សម្លឹងមើលទៅខាងក្នុង ព្រោះឃើញខ្នងរបស់នាង។ បេះដូងគូខាន់ស្រឡាំងកាំង។ ស្រីស្អាតកំពុងតែរៀបចំអ្វីមួយនៅលើថាសបែរមុខទៅបង្អូចខាងក្រៅ។ សក់នាងទម្លាក់ឱ្យរសាត់ប៉ើងតិចៗ។
នាងគ្រងឈុតពណ៌ខ្មៅទាំងស្បែកជើងខ្មៅ ធ្វើឱ្យកំភួនជើងនាងខ្ចីល្វក់។
ស្រីលេខាឈប់ដៃដែលកំពុងរៀបស្លាព្រាសម នេះប្រហែលជាមានអារម្មណ៍ស្ដាប់ឮជំហានរបស់គេ។
ប្រុសដើរចូលមួយៗ ខណៈលីនក៏បែរមុខយឺតយឺត ទាំងដៃម្ខាងកាន់កែវទឹកក្រូចស្រស់។
លីនកុលាបមានទឹកមុខស្រពោន ដូចជាថ្ងៃដំបូងដែលគេបានជួបនាងនៅទីនេះ ជាថ្ងៃដែលនាងបានបែកពីគេប្រាំយប់ ហើយត្រលប់មកទទួលយកការថ្នាក់ថ្នមរបស់គេ រហូតដល់ភ្លេចខ្លួនឯង។
នោះជាអនុស្សាវរីយ៍ដំបូងបង្អស់របស់លីនជាមួយគេនៅវីឡាមួយនេះ។
ខាងប្រុសមិនដឹងថាខ្លួនមានកែវភ្នែកក្រៀមក្រំប៉ុនណាទេ ប៉ុន្តែគេដឹងថា បេះដូងរបស់គេធ្ងន់និងលោតញាប់នៅក្នុងទ្រូង វាដូចជាចង់ចាប់ផ្តើមរើចេញពីការអត់ធ្មត់ស្ងៀមស្ងាត់។
គេរកនិយាយមិនចេញ ប៉ុន្តែសំឡេងរបស់នាងបាននិយាយមកមុន៖
«CEO! ទូទឹកកកអស់ឈីសហើយ!»
គេរកកលនឹងហើបមាត់ដែលបើកឆ្ពោះមករកនាង តែគាំង បានត្រឹមសម្លឹងស្រីស្អាត។ តើគួរនិយាយថាម៉េចតប? គួរឱបនាង? គួរញញឹមស្វាគមន៍ ឬក៏គួរធ្វើជាខឹងនាង។
ចិត្តនិងចិត្ត ការសង្ស័យគ្នា មនោសញ្ចេតនាកាន់តែជ្រៅហើយមិននិយាយគ្នាច្បាស់ រមែងបង្កប់មកនូវការអាក់អន់ស្រពន់ចិត្ត ឥតឈប់ឈរទេ។
គេជាមហាសេដ្ឋី ជីវិតនេះមិនចេះទ្រនរណាស្រាប់ហើយ គេក៏ចង់កែប្រែ តែនៅនៅទីបញ្ចប់ គូខាន់លែងសម្លឹងមុខនាង រួចធ្វើជាដើរហួសទៅហើយបើកទូទឹកកក។
គេចាក់ទឹក ធ្វើឆ្មើងកន្ទ្រើង មិនមាត់មិនក។ ពីកន្ទុយភ្នែក គេឃើញលីនហាក់ដូចជាភ័យលាយស្រពោននឹងអាការៈរបស់គេ។ បន្ទាប់ពីស្ងប់ស្ងាត់ពីរបីនាទី គេហាមាត់តិច៖
«ខ្ញុំគិតថា អ្នកខ្លះ លែងមកធ្វើការហើយ!»
គេខំធ្វើសំឡេងគ្រោតគ្រាត ប៉ុន្តែលីនវិញប្រើសំឡេងស្រទន់៖
«អត់ទេ! ខ្ញុំត្រូវការការងារ!»
ប្រុសដកកែវចេញហើយញញឹមមួយចំហៀងមាត់។ ភ្នែកស្រឹមរបស់គេ វាត់ខ្វាច់សម្លឹងនាងយ៉ាងលឿន។ នាងមានទឹកមុខស្មើៗសម្លឹងគេ។ លីនមិនភ័យ តែនាងមានគំនួច។
ប្រុសដៀងភ្នែកទៅមើលថាសអាហារដែលមានរៀបចំឡើង។ វាពិតជាស្រស់ស្អាតនិងធ្វើឱ្យអារម្មណ៍របស់គេស្ងប់។
ស្មារបស់នាងធ្លាក់ លែងមើលគេ ទោះណាជាគេងាកមកសម្លឹងនាងវិញក្តី។
«មានថ្នាំពុលអត់នៀក?»
ប្រុសនិយាយឌឺ ហើយទាញយកកែវក្រូច។
ស្រីលេខាគេចភ្នែកចេញ ព្រោះគូខាន់ម្តងណេះធ្វើកាយវិការអ្វីក៏មិនដកភ្នែកពីមុខលីនដាច់ខាត។ គូខាន់ ចង់មើលភ្នែករបស់លីន ចង់ឱ្យការសម្លឹងគ្នាទៅវិញទៅមករបស់ពួកយើងបង្ហាញពីជម្រៅចិត្តរៀងៗប៉ុន្តែនាងមិនព្រមសម្លឹងមកគេវិញនោះទេ។
ភ្នែកប្រុសស្អាតរំកិលមើលមកដើមទ្រូង ហើយហួសឈប់ដល់ដៃនាងទាំងពីរដែលកាន់គ្នាក្បែរចង្កេះ។ រៀមសឹងតែកើតជំងឺចាស់ មិនអាចទប់ចិត្តខ្លួនឯងបាន ប៉ុន្តែសម្តីរបស់នាង«ខ្ញុំមិនមែនជាមនុស្សសម្រាប់លោកលេងសើច ធ្វើជាឧបករណ៍ស៊ិចទេ!» ធ្វើឱ្យចំណងស្នេហ៍ព្រឹកព្រហាមទាំងឡាយដែលធ្លាប់កម្រើកត្រូវអស់អារម្មណ៍ ធ្លាក់ទឹកចិត្ត។
«បើមិនចង់មកទេ មកធ្វើអី?»
គេនិយាយតែកំបុត ធ្វើឱ្យលីនត្រូវបើកភ្នែកមូលៗ សម្លឹងមុខគេសន្សឹមៗ។ មិនដែលរំពឹងផងថា គេនឹងសួរសំណួរបែបនេះ លុះដល់មកប៉ះម្តង បេះដូងក៏ចេះលោតញាប់ និងចេះតូចចិត្តដូចគ្នា។
នាងលេខាលេបទឹកមាត់ បញ្ចេញដុំពកក្នុងបំពង់កព្រោះអួលណែន។
«ខ្ញុំ….ខ្ញុំ….នឹកលោក!»
ស្ងាត់….គេញញឹមសម្លឹងកែវទឹកក្រូចក្នុងដៃ គេមិនមើលនាងព្រោះមានអារម្មណ៍ថាឈឺៗក្នុងទ្រូង។
សម្តីនាងម្តងណាក៏មិនពិតដែរ ប្រសិនគិតពីគំនិតនាងដែលចោទគេថាទុកជាឧបករណ៍ស៊ិច។
ក្រោយពេលដែលរួមភិសម័យរាប់ភ្លេចជាមួយគ្នា នាងម្នាក់នេះឱបថើបគេជានិច្ច ហើយក៏ធ្លាប់ទាំងនិយាយផងដែរ ថាគេជាកំពូលមនុស្ស ជាមនុស្សដែលគ្មានកន្លែងអាក្រក់ទេនៅលើរាងកាយ គ្មានអ្វីក៏គគ្រិចទាំងអស់ ប៉ុន្តែមិនដឹងដោយសារអ្វី ឱ្យតែនាងមិនមានការបាត់បង់សាច់ញាតិ នាងចាប់ផ្ដើមចេញចរិតរករឿងគេ។
ដង្ហើមនាងតឹងៗ គេនឹកអាណិតពេកក៏លូកដៃទៅកាន់ចង្កេះលីន។
រាងកាយនាងឆ្កឹង លីនមិនមានប្រតិកម្មនឹងការប៉ះពាល់គ្នាទេ បញ្ជាក់ថាសម្តីមុននេះ ខុសពីចិត្តរបស់នាង មិនត្រឹមប៉ុណ្ណឹងនាងពិតជាថយក្រោយថែមទៀត លុះទើរនឹងតុបាយ។
ខាងប្រុសអន់ចិត្តជាខ្លាំង។ កែវភ្នែករបស់គេក្រៀមស្រពោនសម្លឹងកាយវិការរបស់នាង។
យល់ចិត្តគេ លីនយល់ណាស់ថាម្នាក់នេះកំពុងត្រួត្រា នាងពន្យល់ខ្សាវៗ៖
«ខ្ញុំ….ខ្ញុំកាន់ទុក្ខ!….កុំ…..ប្រកាន់ខ្ញុំអីណា៎!»
គូខាន់សើចស្ងួតមិនហើយមាត់តែញាក់ខ្លួន។ លីនសម្លឹងភ្នែកគេប្រទះភាពអាក់អន់ស្រពន់ចិត្តជាខ្លាំងក្នុងជម្រៅភ្នែកនាយ ដៃគេទម្លាក់ចេញព្រឹបធ្វើដូចខ្ជិលនិងនឿយណាយ។
ប្រុសវាចាមួយៗមកកាន់ភ្នែកស្រពោនរបស់នាង៖
«គិតអី? ស្មានថាមានកម្លាំងកំដរ? ពេញមួយយប់នេះសប្បាយឆ្អែតហើយ ស្មានថាលើលោកនេះ ស្រីៗងាប់អស់ហ្មែនលីន?»
ភ្នែកនាងរលោងសម្លឹងគេ ខណៈគេញញឹមជូរចត់សម្លឹងលីនរួចថយក្រោយយឺតៗ។ គូខាន់ ត្រូវការពេលវេលាសម្រាប់រឿងមួយនេះ គេចង់Clearឱ្យច្បាស់ពីមនោសញ្ចេតនាខ្លួនឯងនិងលេខាម្នាក់នេះ ហើយចង់ដឹងច្បាស់ថា នាងនិងគេអ្នកណាស្រលាញ់អ្នកណា អ្នកណាបោកអ្នកណា?



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ