ដោយមិនសម្លឹងមើលនាងទៀតគេក៏ងាកចេញទៅវិញ ប៉ុន្តែមុននឹងអាចដើរចេញពីបន្ទប់នេះ សំឡេងរបស់នាងបានបញ្ឈប់គេ។
«CEO ខឹងខ្ញុំមែនទេ? ខ្ញុំមានទុក្ខបានជា…..និយាយពាក្យអស់នោះ!»
ជំហានរបស់ប្រុសត្រូវរអាក់រអួល តាមរយៈសម្ដីទន់ភ្លន់របស់លីន នាងអាចញាំងឱ្យបេះដូងគូខាន់កាន់តែអួលតូចចិត្តដែលត្រូវនាងយកគេមកបញ្ចេញកំហឹង។ តែទោះយ៉ាងណាប្រុសប្រឹងញញឹមបែរមកសម្លឹងនាងចំអក៖
«ធ្វើការឱ្យតែល្អទៅ!»
«ខ្ញុំនឹងខិតខំ!» គេចងចិញ្ចើមទាំងបោះជំហានទៅមុខឆ្ងាយពីទ្វារនេះ ចិត្តមួយសួរខ្លួនឯង មានអារម្មណ៍ថា លីនកុលាបដូចជាឌឺៗ? អ្នកណានៅពីក្រោយរឿងនេះ? អាJackម្នាក់នោះ?
គេចេញទៅហើយ លីនក៏សម្រាកពីការសម្តែង ដោយសម្លឹងមើលសួនខាងក្រៅ។ នៅទីនេះ លីនឮសំឡេងអង្វររបស់ខ្លួនឯងកាលពីអតីត នៅក្រោមដៃគេ។ គេទុកនាងជារបស់លេងហើយយប់មិញនេះយើងនៅកើតទុក្ខ គេមានស្រីផ្សេងមកឱប ទាំងដែលយើងនឹងជិតរៀបការជាមួយគ្នា។
នាងស្រក់ទឹកភ្នែកលើកដៃជូត ធ្វើខ្លួនឯងឱ្យរឹងមាំហើយប្រាប់បេះដូងនេះថា«ឯងកុំយំ! បើរកឃើញការពិតជួរជាតិទាំងអស់របស់គេ ឯងអាចនឹងត្រូវការទឹកភ្នែកច្រើនជាងនេះ!»។
ស្រីយកដៃដាក់លើទ្រូង ហើយសង្កត់ខ្លាំងៗព្រោះពិបាកដកដង្ហើម។ លីនបិទភ្នែកចង់ឱ្យគ្រប់យ៉ាងមានថេរវេលាដោយសន្តិភាព ស្ងប់សិននឹងអាលមានប្រាជ្ញាមកកែបញ្ហា។ ព្រលឹងនាងឈឺចាប់ បេះដូងនាងដាច់ធ្លាយធ្លុះ។ ចិត្តកាយលីនឈឺ។
គ្រាំង!
មើលតាមបង្អួច គេបោលឡានដោយខ្លួនគេហើយចាកចេញ។ អ្នកបើកទ្វាររបងឱ្យគេគឺពូសូហ្វ័រ ដូច្នេះលីនត្រូវទៅតាមពីក្រោយដោយខ្លួនឯង។
សូម្បីតែឱ្យនាងជិះជាមួយក៏គេមិនឱ្យដែរ គេដឹងខ្លួនថាលីននឹងសងសឹកគេ ឬគេខឹងពាក្យទាំងនោះដែលលីនបាននិយាយ?
អ្វីក៏ដោយជ្រុលជាធ្លាក់ចេញពីមាត់ហើយ លីនដឹងថាមិនអាចបញ្ឈប់កំហឹងគេបានដោយងាយពិតមែន តែដោយហេតុផលខ្លះ លីនមិនខ្វល់ពេកទេ។
នាងឡើងឡាន មកកាន់ក្រុមហ៊ុនតាមពីក្រោយគូខាន់។
នៅពាក់កណ្តាលផ្លូវ តៃកុងទទួលទូរសព្ទហើយងាកមកហុចឱ្យនាង។
គឺគេ! នាងដឹង!
ស្រីលេខាបើកភ្នែកមូលៗហើយនិយាយ៖
«CEO!»
«ទូរសព្ទនៅឯណា?»
លីនមើលមកកាបូប ហើយនិយាយដោយសោកស្តាយ៖
«ខ្ញុំភ្លេចបើក!»
គេចេញបញ្ជា៖
«ទៅរកទិញផ្កាកុលាបមួយបាច់ធំមក! រៀបចំឱ្យស្អាត មានភ្ញៀវនៅក្រុមហ៊ុន»
«ចាស៎!»
គេចុចបិទសឹងមុននឹងឮការឆ្លើយនេះទៅទៀត។ ទឹកមុខរបស់នាងស្ងប់ស្ងាត់ ហើយនាងបានវង្វេងក្នុងសភាព«បែកគ្នា»ដ៏ឈឺចាប់មួយ។
«យើងបកក្រោយទៅហាងផ្កាណា៎ពូ!»
គេមើលទៅមិនសប្បាយចិត្ត តែមានភាពអត់ធ្មត់ខ្ពស់មិនកម្រោល នាងគួរតែសប្បាយរីករាយដែលគេមិនបំពាននាងពេលខឹង ចុះហេតុអ្វីបានជាមានអារម្មណ៍ថាចម្លែក?
«ខ្វល់អី! តើយើងមកសងសឹកឬមកខ្វល់ពីផ្លូវចិត្តគេ?»
គិតដូច្នេះ ការឈឺចាប់ក្នុងចិត្តរបស់នាងចាប់ផ្តើមថយចុះ។ ពិតណាស់ ការឈឺនៅតែនៅទីនោះ ដដែល ប៉ុន្តែស្រីលេខាអាចដកដង្ហើមបានពេលដឹងគោលដៅថានាងមិនមែនវិលមកនេះព្រោះចង់បានគេម្តងទៀតទេ នាងចង់សម្លាប់គេ ឃើញគេពាក់ខ្នោះនិងដើរចូលគុក។
ជិតមួយម៉ោងក្រោយ នាងឡើងមកដល់ការិយាល័យ ដោយដាក់បាច់ផ្កាក្នុងដៃម្ខាង ដៃមួយទៀតយួរកាបូបតម្រង់ទៅបន្ទប់គូខាន់។
«លឿន មេកំពុងរង់ចាំ!»
HRប្រាប់ពីក្រោមទៅធ្វើឱ្យលីនបង្កើនល្បឿន។ តាមថា លីនលែងខ្ចីមកជាន់ទីនេះហើយ។ មិនដឹងយ៉ាងម៉េចបានជាអត់ឃើញនាយDarkដែលលីនមិនចូលចិត្តនោះ នៅយាមទីនេះទៀត?
ពេលលេខាដើរទៅក្បែរទ្វារ នាងឃើញទ្វារបិទមិនជិត។ នាងលេបទឹកមាត់ខ្លាំងៗ ទល់នឹងដុំភ័យក្នុងបំពង់ក រួចលើកដៃគោះ។ គេមិនបំពាននាងនៅផ្ទះ មិនប្រាកដថា ពេលនេះគេមិនធ្វើខ្លាំងដាក់នាង ដើម្បីសងសឹកនៅOfficeទេ។
គ្មានចម្លើយ!
ដោយគេប្រាប់មកថា គូខាន់ប្រញាប់ លីនត្រូវបង្ខំចិត្តដើរចូលទាំងជើងនៅញ័របន្តិច ទោះធ្លាប់ប៉ះគ្នាចុះស្នាមជាមួយគេ តែនាងនៅតែចាញ់ច្រាបទឹកមុខកាចរបស់គេ។
នៅខាងក្នុងការិយាល័យនិងផ្ទាំងកញ្ចក់ដែលគេធ្លាប់ចាប់ញឹងសក់នាងព្រោះខឹង គូខាន់កំពុងអង្គុយនៅពីក្រោយតុ។ កៅអីរបស់គេ ត្រូវបានរុញថយក្រោយ គេមើលទៅបែរមុខមកទ្វារ តែលីនមិនអាចមើលឃើញមុខគេព្រោះមានសក់ក្បាលពណ៌មាសមួយបាំងវែងអន្លាយ ស្រីម្នាក់នៅអង្គុយលើភ្លៅរបស់គេ។
អូ! ព្រះជួយ!
បេះដូងលីនត្រូវស្រឡាំងកាំង ពេលឃើញក្បាលនារីសក់ពណ៌មាសនោះរំកិលចុះក្រោមជុំវិញកគេ ងាកមកឱ្យគូខាន់ឃើញវត្តមាននាង។ ដៃរបស់គូខាន់ដែលសង្កត់និងដាក់កណ្ដាប់លើខ្នងនាងសក់មាសម្នាក់នោះ កំពុងធ្វើឱ្យវិញ្ញាណលីនរបូត។
ស្រីម្នាក់នេះជាអ្នកណា ពួកគេមកធ្វើអីនៅកន្លែងធ្វើការគួរឱ្យខ្ពើមម្ល៉េះ?
សកម្មភាពពួកគេ គ្រប់គ្រងចលនារបស់នាង ខណៈពេលដែលទឹកមុខគូខាន់ពេញដោយកំសួលតណ្ហា។ ទើបនឹងចាប់អារម្មណ៍ឃើញថា លីនបានឮដង្ហើមត្រូវការគ្នារបស់ពួកគេ។ ស្រីលេខាចង់ចាកចេញ តែនាងគាំង កកដូចដុំទឹកកក ខណៈប្រុសចៅហ្វាយក្រឡេកមកប៉ះផ្ទាល់ជាមួយទឹកមុខស្រឡាំងកាំងរបស់លីន។
គេភ្ញាក់ផ្អើល ប៉ុន្តែមិនបានរើទេ។ លីនក្រញូវព្រោះឃើញបបូរមាត់គូខាន់កម្រើកឡើងនូវស្នាមញញឹមតិចៗ។ នាងសែនស្អប់សភាពទឹកមុខគេពេលនេះបំផុត។
មនុស្សមិនចេះខ្មាសអៀន គ្មានសីលធម៌ លីនខឹងណាស់សឹងស្រក់ឈាម ផ្ទុយទៅវិញ គេបានបន្តសម្លឹងមើលនាងរហូតដល់ស្រីម្នាក់នោះដឹងខ្លួន ឈប់ថើបននៀលគេហើយងាកមក។
ស្រីម្នាក់នេះលីនមិនដែលស្គាល់គេទេ គេស្អាតពេកហើយ ស្អាតរហូតដល់លីនត្រូវនិយាយមិនចេញទាំងស្រុង ហើយមានអារម្មណ៍បាច់ផ្កាញាប់ញ័រក្នុងដៃខ្លួន ទើបលីនដឹងថា រាងកាយទាំងមូលរបស់នាងក៏កំពុងតែញ័រដែរ។
«Happy Birthday អេលី!»
គេនិយាយតិចៗធ្វើឱ្យលីនដឹងថា ម្នាក់នេះដូចធ្លាប់ឮឈ្មោះ អាចជាលេខាចាស់របស់គេ?
សំឡេងស្រទន់របស់គេធ្វើឱ្យលីនលោតក្តីប្រចណ្ឌពេញក្នុងចិត្ត ខណៈគូខាន់ដោះដៃពីខ្នងមកត្រងចង្កេះនារីសក់មាសដើម្បីជួយរុញនាងឱ្យក្រោកឡើង។
«ផ្កានេះសម្រាប់អេលី!»
គេបញ្ជាមកលីនទាំងដែលលីននៅភាំង អេលីងាកមកញញឹមដាក់ផ្កា ហើយធ្វើមុខមានប្រៀបលើលេខាថ្មី។
«យកទៅ! ហើយទៅសិនចុះ!» ខាងប្រុសបានចេញបញ្ជា ធ្វើឱ្យអេលីថ្លោះទឹកមុខ ដើរមកកញ្ឆក់យកផ្កា និងចោលភ្នែកខឹងក្នាញ់លីន។
«ថ្ងៃក្រោយជួបគ្នាខាន់!»
ពេលសម្លឹងលីន អេលីនិយាយពាក្យនេះ រួចទើបនាងចាប់កាបូបលើសាឡុងនិងឱបបាច់ផ្កាដើរកាត់នារីកម្សត់របស់យើងក្នុងជំហានប្រកបដោយទំនុកចិត្ត។
ហួសចិត្តបំផុត! ទាំងអេលី ទាំងគូខាន់ ធ្វើហាក់ដូចជាមិនខ្វល់ថា មានអ្នកផ្សេងទីបីបានឃើញសភាពរោលរាលរបស់ពួកគេ?
បេះដូងលីនលោតញាប់ក្នុងទ្រូង តែមានអារម្មណ៍ស្រាលក្បាលខណៈគេសម្លឹងមកនាងដោយទឹកមុខស្ងប់ស្ងាត់តែមិនដឹងខ្លួនគេខុសទេ។ ភ្នែករបស់គូខាន់បានគ្របមកលើរាងកាយខ្មៅពីលើដល់ក្រោមនេះ ខណៈពេលដែលលីនចង់ឈានជើងចេញ តែមិនទាន់ទៅណាបាន។
«មកណេះ!»
គេហៅជាមួយសំឡេងនៅដិតដាមដោយតណ្ហា។ លីនខ្ពើមគេណាស់ ខ្លួនគេ ប្រុសសំផឹង។ លីនគិតហើយចង់ជេរពាក្យនេះណាស់ មុខនាងក្រហម ជាលើកដំបូងដែលលីនចេះខឹងដល់រាងកាយញ័រ។
«មក!»
ដោយសំឡេងតណ្ហាមិនទាន់រលត់របស់គេ លីនរឹតតែក្តៅចិត្តឡើង នាងខាំមាត់ សម្លក់គេបញ្ចេញការខឹងពេញមុខ។
«ដេញគេចេញហើយ មកបំពេញតួនាទីម្តងលីន!»
និយាយហើយគេលិឍបបូរមាត់ និងហារង់ចាំនាងដោយកែវភ្នែកស្រឹមដូចសត្វសាហាវកំពុងប្រុងតែសង្គ្រប់។
«មក…..ប្រពន្ធបង!»
ពេលដែលគេហៅលីនបែបនេះ ពិតជាធ្វើឱ្យបេះដូងនាងចុកចាប់។ លីនស្អប់គេ និងស្អប់ខ្លួនឯងដែលឈរឆ្ងក់នៅទីនេះ។ លីនគួរតែចាកចេញ ហើយលែងមកជាន់កន្លែងគេ លែងឱ្យគេឃើញមុខ តែនាងមានរឿងជាច្រើនដែលត្រូវនៅ។ ពិតជាយ៉ាប់ណាស់ បេះដូងរបស់លីនក្បត់លីន លីនចង់រត់ចេញ តែបេះដូងចង់នៅសួរនាំ។
«មនុស្សក្បត់ចិត្ត!»
លីនរបូតមាត់ទាំងមិនចង់និយាយ តែពិតជានិយាយចេញរួចទៅហើយធ្វើឱ្យខាងប្រុសចំហមាត់បន្តិច រួចសើចសម្លឹងនាងដែលក្រហមមុខ។ នាងខឹងគេមួយនាទី ប៉ុន្តែស្តាយគេច្រើនជាងនេះនិងខូចចិត្តយូរណាស់ មិនទាន់បាត់ខូចចិត្តទេទោះជាគូខាន់មើលទៅទន់ភ្លន់ជាបន្តបន្ទាប់។
សញ្ញាចម្រុះគ្នាជាច្រើនកំពុងតែទាញបេះដូងដែលខ្ទេចខ្ទាំនេះឱ្យមានៈកុំយំនៅនឹងមុខគេ។
«អ្នកណាក្បត់? មកណេះ និយាយគ្នាឱ្យកៀកៗមើល៍!» គូខាន់បញ្ជាដោយគ្រវីម្រាមដៃ តែលីនមិនបានផ្លាស់ទីទេ។ ប្រុសដកដង្ហើមធំហើយគ្រវីក្បាល ញញឹមតិចៗលេងអណ្តាតចុះឡើងពេញបបូរមាត់របស់គេរួចក្រោកឈរយឺតៗ។
គេដើរមកហើយ ជំហានរបស់គេវែង ធ្ងន់ មានកម្លាំង និងមានទំនុកចិត្តហើយមកឈប់នៅពីមុខលីន។ ស្រីម្នាក់ដែលកកស្ទះដោយការប្រចណ្ឌ សម្លឹងគេត្លែរៗ សម្លក់ៗ…..
«បងមានបានឱ្យគេស្ទាបត្រង់ណេះអត់?» គេខ្សឹបស្ទើរមិនឮ ហើយចង្អុលក្បាលពោះរបស់គេ។ នាងព្រិចភ្នែក បែរក្រោយប្រុងឈានជំហានយ៉ាងវែងនិងលឿន ប៉ុន្តែគេចាប់ដៃបានដូចដឹងគ្រប់ជំហានបន្ទាប់របស់លីន។
«ឈប់ងរមើល គួរឱ្យធុញណាស់កូនឆ្មា!»
លីនរលីងរលោង នាងគ្រវីក្បាលមិនព្រមសម្រុះសម្រួលជាមួយគេ។ មិនដឹងថា ខ្លួនកំពុងធ្វើពើលេងល្ខោនតាមJackប្រាប់ឬមួយក៏ប្រចណ្ឌមែនទេ លីនក្តិចដៃគេដែលចាប់នាង គេញញឹមពេលនាងក្តិចបន្ថែម គេរឹតតែញញឹមបណ្តោយឱ្យនាងធ្វើ។
«ឈឺ ដឹងអត់?»
គេនិយាយដាក់ភ្នែកយំទទឹករបស់លីន នាងបន្ថយដៃ សម្លឹងភ្នែកគេ ហើយក៏ឮគេនិយាយបន្ត៖
«ប៉ុន្តែបងក៏ចូលចិត្តការប្រចណ្ឌនេះ!»
គូខាន់និយាយឡុលៗ សំឡេងស៊ិចស៊ីរបស់គេធ្វើឱ្យលីនភាំងក្រោមសណ្តំស្នេហ៍។ លេខាងក់ក្បាលតិចៗ៖
«ល្បិច! ឱ្យខ្ញុំកម្ម៉ង់ផ្កា ហើយមកធ្វើរឿងមិនចេះខ្មាស់អត់បិទទ្វារទៀត!»
«បងចង់ដឹង ថាអ្នកខ្លះប្រចណ្ឌឬអត់?!»
«គ្មានទេ!»
គេញញឹមលើកម្រាមផ្តិតទឹកភ្នែកនាង។
លីនចចេសកែសម្តី៖
«ខ្ញុំស្អប់!»
«ស្អប់អ្នកណា?»
នាងខាំមាត់ពេលគេចាំចម្លើយ លីននិយាយ៖
«ខ្លួនខ្ញុំ!»
គូខាន់ក្តុកចិត្តអាណិតទឹកភ្នែកនួនល្អងដែលលីនវាសយ៉ាងញាប់។ ប្រុសស្រវាឱបលីន នាងច្រាននិងគេចចេញគេតាមឱបទៀត នាងរើ តែគេប្រើកម្លាំងឱបជាប់។
«ស្អប់ខ្លួនឯងធ្វើអី បងស្រលាញ់សឹងអី!»
«ស្អប់ខ្លួនឯងដែលជឿពាក្យអស់នេះ!»
នាងរើទៀតហើយយំផង យំម្យ៉ាងខឹងចិត្ត មិនដឹងថាមកនេះមកសងសឹករកការពិតពីគេឬមកលង់ស្រលាញ់គេជ្រៅជាងមុន ទោះយ៉ាងណាគូខាន់បានរុំដៃជុំវិញចង្កេះ ទាញប្រាណនាងឡើងមក ឱ្យមាត់ដែលញាប់ញ័រខឹងៗរបស់លីនមកទើរក្បែរៗមាត់ក្រាស់ឌឺៗរបស់គេ។
លីនគាំងពេលស្នាមថើបបានចាប់ផ្តើម។ ការថើបដ៏គ្រោតគ្រាត មិនបានតាំងចិត្តនិងជូនដំណឹងរបស់គូខាន់ បង្ហាញពីការចង់ឈ្នះ តែក៏បញ្ជូនអារម្មណ៍ស្រលាញ់ខ្លាំងទប់លែងជាប់របស់គេចូលមកក្នុងបេះដូងលីនឱ្យគិតចែកមិនដាច់ហើយភាពវឹកវរ។
គេមើលទៅដូចជាស្រលាញ់នាងខ្លាំង នាងក៏ហួងហែងគេយ៉ាងហួសហេតុដូចគ្នា។ ចិត្តលីនស្ពឹកដោយទុក្ខសោក ដៃលីននៅលើទ្រូងនិងស្មាគេ ដោយមិនបានឱប ក៏មិនបានច្រានចេញ។ បបូរមាត់ខាងស្រីនៅស្ទាក់ស្ទើរ ខណៈពេលដែលខាងប្រុសបន្តលេបត្របាក់នាង។ លីនមានអារម្មណ៍កក់ក្តៅ វឹកវរ រួចរាងកាយពីលើដល់ក្រោមហាក់កំពុងសន្ធំឆេះ។
មិនយូរទេ មានអារម្មណ៍ថាដៃរបស់គេលូកមកនៅលើភ្លៅរបស់លីននឹងទាញញែកសំពត់។ ពេលម្រាមស្នេហ៍របស់គូខាន់អង្អែលលើភ្លៅទទេរបស់នាង ស្រីក៏ដកបបូរមាត់ចេញពីគេ។
«កន្លែងធ្វើការ!»
លីនរំឭកគេឱ្យនឹកឃើញដល់សន្យាចាស់ៗជាមួយគ្នា។ ការដកដង្ហើមធំរបស់ទាំងពីរភាគីលាន់បន្ទរពេញបន្ទប់នេះ។ ទ្រូងលេខាហត់ៗដោយសារតែដង្ហើមនីមួយៗបង្អូសវែងៗ។ នាងសម្លឹងមើលភ្នែកស្រឹមស្រពោនរបស់គេ គេកំពុងត្រូវការ ឯលីនកំពុងញាប់ញ័រការដាក់បញ្ញត្តិលើខ្លួនឯងថា«កុំលីន!កុំធ្វើជាមួយគេទៀត!»។
ស្រីចាប់ដៃម្ខាងរបស់គូខាន់ដែលនៅតែវាសថើៗលើភ្លៅរបស់នាងចេញ ហើយរុញចេញ។ ប្រុសបើកភ្នែកឡើងបន្តិចបង្ហាញការភ្ញាក់ផ្អើលចំពោះទង្វើបដិសេធរបស់លេខា។
«កុំប៉ះខ្ញុំ! ខ្ញុំមិនដូច…មនុស្សស្រីទាំងនោះទេ!»
នាងនិយាយ ដោយដកដង្ហើមធ្ងន់ៗ។
«ដូចអ្នកណា?» គេសួរដោយសំឡេងរីករាយ ដឹងច្បាស់ពីអ្វីដែលលីនចង់និយាយសំដៅ ប៉ុន្តែគេនៅតែផ្គើនធ្វើទារុណកម្មជជីកយកចម្លើយ។
«លេខាស្អាតៗ មុនៗ!»
គេរឹតរួតប្រាណលីនជាថ្មី នាងរុញចេញហើយនិយាយគ្រឺត៖
«ខ្ញុំមិនដូចពួកគេទេ! កុំធ្វើបាបចិត្តខ្ញុំ…ដូចកាលធ្វើបាបចិត្តពួកគេ!»
នាងថាទាំងខឹងនិងរុញទ្រូងរបស់គេម្តងទៀត ប៉ុន្តែមិនកម្រើកមួយចង្អុលដៃឡើយ។ គូខាន់ដឹងថា នាងគិតគេគ្មានមេត្តាចំពោះលេខាមុនៗ នាងចង់មានន័យថា នាងមិនមែនជាស្រីសម្រាប់គេលេងសើចហើយបំភ្លេច?
«បង្ហាញមក ថាយើងខុសពីពួកហ្នឹង! លីន!» គេបញ្ជា។
នាងងក់ក្បាលនឹងពាក្យនោះ ហើយបិទភ្នែកយ៉ាងតឹង ខណៈដែលការចងចាំដ៏ឈឺចាប់បានវាយប្រហារចិត្ត។ នាងជាលេខាហើយក៏គេងជាមួយគេ ទាំងមិនទាន់បានចូលធ្វើការ នាងបាត់បង់ព្រហ្មចារីជាមួយគេ ទាំងមិនមានការធានាអ្វី មានអ្វីខុសពីលេខាអស់នោះទៅ?
«លោកធ្វើអីប្អូនខ្ញុំ?»
នាងយំ ព្រោះមិនចង់ប្រឈមច្រើន។
គេនៅស្ងៀមខណៈប្រធានបទដូរដល់ចំណុចនេះ។
«លោកធ្វើអី្វបងប្អូនខ្ញុំគូខាន់! លោកធ្វើអីខ្លះ?»
ពេលសួរពាក្យអស់នេះ លីនមានអារម្មណ៍ថា មានដៃធំមួយមកនៅលើថ្ពាល់របស់នាង។ ចិត្តលេខាចាប់ផ្តើមវិលវល់ទៅក្នុងវិបត្តិ។
«អត់យល់សំណួរទេ ហាសិកា?»
«លោកធ្វើអ្វីវា បានជាវាសម្លាប់ខ្លួន?»
គេស្ងាត់ ទម្លាក់ដៃចេញពីស្ពាល់សោយសោករបស់នាង។ ទាំងយំសស្រាក់ ថ្ងៃនេះជាពេលដែលលីនតាំងចិត្តត្រូវនិយាយគ្នាឱ្យដឹងរឿង។
«លោកបានធ្វើលើស្រីគ្រប់គ្នាក្នុងរបៀបនេះមែនទេ? ហាសិកាដែរមែនទេ?»
«គិតឡប់ស្អី?»
គេសួរមកភ្នែកនាងដោយខ្លីៗ សំឡេងរបស់គេប្តូរជាអន់ចិត្តហើយដើរចោលនាងបកទៅតុគេវិញ។
«ឆ្លើយគូខាន់!»
នាងយំទន់ភ្លន់ តែសំណួរនាងគួរឱ្យភ្ញាក់ផ្អើលពន់ពេក។ នាងមិនស្រលាញ់គេរឿងមួយ តែបើនាងសង្ស័យថាគេធ្វើបែបនេះលើប្អូនស្រីនាងទៀត នាងពិតជាមិនស្គាល់គេសោះ។
គូខាន់មិនអាចមិនខឹងទេ។
«បើថាឈឺហើយ ទៅដេកទៅ កុំរករឿងឆ្កួតៗមកនិយាយលីន!»
លីនភ្ញាក់ផ្អើលនឹងការតបតបែបខឹងនេះ។ ស្រីងាកមកសម្លឹងមើលគេដោយសង្ស័យ។
«Dark រៀបចំប្រជុំ!»
គេបញ្ជាដោយចុចទូរសព្ទ។
លីនងក់ក្បាល រួចក៏លេបទឹកមាត់ខ្លាំងៗ មុនពេលនិយាយអួលៗ៖
«មុននិងក្រោយខ្ញុំនឹងដឹងការពិត!»
នាងឈានចាកចេញពេលគេរៀបចំកំព្យូទ័ររបស់គេ។
មិនដឹងឡើយថា គេនៅតាមសម្លឹងនាងដោយទឹកមុខខូចចិត្ត។
នាងគិតបែបម៉េចចំពោះគេ គូខាន់ចាប់ផ្តើមវិលវល់នឹងចរិតលីន។ ចេញមកដល់ទ្វារគេឃើញDarkស្ទុះមករាយការណ៍៖
«ចៅហ្វាយ! លីនប្រចណ្ឌមែនហើយ! ប្រាប់ខ្ញុំថាមិនស្រួលខ្លួន បកទៅផ្ទះហើយ!»
គូខាន់មិនបានសើចតាមដែលDarkស្មានទេ។ ដំបូងគេចង់ឱ្យនាងប្រចណ្ឌ ពេលនេះទៅលេចចេញរឿងរបស់ហាសិកា គូខាន់តឹងចិត្តបំផុត។
គេខ្សឹបតិចៗដាក់Dark៖
«មិនដឹងអ្នកណាទេផ្លុំត្រចៀកលីនកុលាប តាមឱ្យកៀក!»
Dark ធ្វើមុខគិត ហើយឱនទទួលបទបញ្ជានេះ។



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ