«នុះ! ដូចជាគេកំពុងរកពួកយើង!»
អូម៉ាដែលមកពីប៊្រុយណេ គេនេះចាស់ទុំ ស្ងាត់ និងមិនសូវមានប្រតិកម្ម ពេលនេះគេចង្អុលហើយស្ទុះចុះពីឡានផង។ គិតអ៊ីចេះចុះណា បើអ្នកផ្សេងដូចអូម៉ា ចេញមុខនិយាយថាខាងក្នុងកន្លែងហាមឃាត់ មានមនុស្ស ប្រហែលជាមានគេជឿច្រើនជាងពេលខ្ញុំនិយាយ។
តែ…ខ្ញុំឃើញលោកលីស្ទុះមកឃាត់អូម៉ាដែរ ព្យាយាមមិនឱ្យគេចូលទៅវិមានពីវវិញទេ។
តាម្នាក់នេះ មុខមាត់ក៏តឹងតែង ចរិតដោះស្រាយការវិញ រឹតតែមើលទៅតឹងតែងខ្លាំង។ គាត់និងជំនួយការសក់ខ្លីបានឃាត់អូម៉ា ធ្វើឱ្យពួកយើងដែលនៅខាងលើឡានតាមពិនិត្យកាយវិការពួកគេដោយយកចិត្តទុកដាក់គ្មានអ្នកណាមាត់កទេ។
កងសន្តិសុខចិនបួននាក់បង្ហាញខ្លួននិងដើរជាក្រុមពីចំហៀងខាងឆ្វេងវិមាន តែមិនមាននាំអេហ្គូត្រលប់មកវិញជាដដែល។ វីណាអន្ទះសាចុចទូរសព្ទហើយចុចទៀត កាយវិការបង្ហាញថាទាក់ទងអេហ្គូមិនបានដដែល។
ក្នុងចំណោមពួកយើង មានតែជនជាតិសិង្ហបុរីពីរនាក់នេះនិងចាលើម ដែលបានទិញស៊ីមលេខ Holafly របស់ចិនតាំងពីនៅមាត់ច្រកព្រលានយន្តហោះ។
«គេអាចវង្វេងនៅក្នុងវិមានព្រោះថាខាងក្នុងអត់សេវាទេ!»
កំលោះថៃនិយាយធ្វើឱ្យខ្ញុំងាកចំហៀងទៅផ្ទៀងស្តាប់។ គេក៏ប្រើកន្ទុយភ្នែកមើលមកខ្ញុំវិញដូចមនុស្សយល់ចិត្តគ្នាដែរ។ ឯដៃគេចុចទូរសព្ទដូចគ្នា។
មានអារម្មណ៍ថា ជូរីមើលមុខខ្ញុំ?
ខ្ញុំងាកត្រលប់ទៅវិញ ឃើញជូរីនៅសម្លឹងខ្ញុំត្លែរមកពិតមែន។
«Jury are you ok?»
ខ្ញុំសួរ ចង់ស្ទង់មើល តិចនាងដឹងថា ខ្ញុំលួចសម្គាល់ចាលើមដែរ?
«វីរីយ៉ា មុននេះខ្ញុំឃើញមនុស្សនៅកន្លែងហាមឃាត់ដែរ!»
ខ្ញុំចាប់អារម្មណ៍ខ្លាំងសម្លឹងនាងចង់និយាយគ្នា តែចាលើមក្រោកនិងសុំជូរីចេញទៅក្រៅឡាន។
«ខ្ញុំទៅក្រោមបន្តិច!»
ដឹងហើយថាគេចង់ទៅនិយាយជាមួយអូម៉ានិងលោកលី។
«ហេតុអ្វីបានជាមិនមានអ្នកណាឃើញគេយូរហើយ!» ខ្ញុំរអ៊ូដាក់ម៉ាយ៉ានិងជូរី ។
«ឬមួយពួកយើង អត់មានអ្នកណាម្នាក់ទៅបន្ទប់ទឹកទេ? មានតែអេហ្គូ?» ម៉ាយ៉ាសួរតិចៗតាមកិរិយាដ៏សុភាពរបស់នាង។
ជីងឆ្លើយតបវិញភ្លាម៖
«អត់មានទេ! គ្នាយើងនៅលើឡានទាំងអស់!….អឺ សង្ឃឹមថា ប៉ិនោះអត់នៅរញ៉េរញ៉ៃនឹងរបស់បុរាណផ្ទះមន្ត្រីពីវទៅចុះ!»
សម្តីចុងក្រោយនេះមិនពីរោះសោះ ធ្វើឱ្យវីណាងាកមកសម្លឹងជីងដោយមុខស្មើ។ វីណាមិនចង់ឮអ្នកណាមកវាយតម្លៃអេហ្គូថាជាចោរវត្ថុបុរាណទេ។
«ដល់ពេលខ្ញុំចង់ទៅបន្ទប់ទឹកម្តងហើយ!»
ជីងនិយាយបន្លប់ពេលដឹងថាសម្តីមុននេះប៉ះពាល់ទឹកចិត្តវីណា។
ជីងមិនទាន់ក្រោកបានស្រួលផង ស្រាប់តែលោកលីបង្ហាញខ្លួន។ គាត់សម្លឹងពួកយើងហើយប្រាប់ឮៗ៖
«និស្សិតសិង្ហបុរី នៅបាត់! គេអាចវង្វេង! មេឃជិតងងឹតហើយ យើងត្រូវការបន្ថែមមនុស្សជួយរក! យោបល់និស្សិតប៊្រុយណាគឺឱ្យអ្នកដែលហត់នឿយទៅសម្រាកមុន អ្នកស្ម័គ្រចិត្តអាចនៅជាមួយសន្តិសុខជួយរក!»
«ខ្ញុំនៅទីនេះ!»
វីណានិយាយភ្លាមទាំងលើកដៃឡើង។ ខ្ញុំមិនចង់នៅទេ និយាយពិតទៅ ខ្ញុំហត់នឿយណាស់ ចុះពីយន្តហោះមកភ្លាម តម្រង់មកកន្លែងនេះត្រូវជិះឆ្ងាយគួរសមជាង៤០គីឡូម៉ែត្រឯណោះពីទីប្រជុំជន តែ….គ្នាយើងមានតែប៉ុណ្ណឹង ផ្លូវឆ្ងាយបែបនេះ ក៏ចង់បង្អង់ចាំគ្នាបន្តិចសិនដែរ។
ខ្ញុំមិនមាត់ទេ ជីងសុំផ្លូវជូរីចុះហើយ ចំណែកវីណាប្រុងចុះតែត្រូវអ្នកឧទ្ទេសនាមមុខមាំពោលឃាត់។
«នារីៗគួរទៅសម្រាក!»
វីណានៅពាក់កណ្តាលអង្គុយពាក់កណ្តាលឈរ។
ម៉ាយ៉ាលូកដៃទាញនាងចុះ ចំណែកជូរីវិញចាប់ផ្តើមសួរ៖
«Mr. Ly ហេតុអ្វីយើងរកមនុស្សមិនឃើញផ្ទះប៉ុណ្ណឹងសោះ?»
លោកលីងាកមកសម្លឹងជូរី តែគាត់មិនឆ្លើយទេ។ ទឹកមុខឆ្មើងរបស់គាត់ ខ្ញុំក៏ទើសចិត្តដែរ។
«បើមានរឿងអីលាក់ពួកយើង ពួកយើងអាចនឹងវិលទៅប្រទេសវិញភ្លាមដើម្បីរាយការណ៍ដល់វិទ្យាធិការ!»
វីណាព្រមានបែបនេះធ្វើឱ្យខ្ញុំភ្ញាក់។ ហេតុអ្វីនាងគិតវែងឆ្ងាយនិងរឹងត្អឹងម្ល៉េះ? ខ្ញុំនៅឱបកាបូបដៃស្ងៀម ខណៈពេលដែលវីណានិយាយទៀត៖
«បើគេត្រូវពួកលោកគ្រូរកឃើញ ហើយគេមានរឿងអី គួរឱ្យពួកខ្ញុំដឹង! មុននេះ សន្តិសុខមកធ្វើអី? អេហ្គូប៉ះពាល់អីមែនទេ? យកគេទៅសួរនាំមែនទេ? សូមប្រាប់ការពិតមក!»
ខ្ញុំចងចិញ្ចើម។ ចិត្តនេះមិនធ្លាប់សង្ស័យអេហ្គូសោះ សូម្បីតែបែបនេះក៏នាងនឹកឃើញសួរដែរវីណា។ ខ្ញុំរឹតតែសំងំមិនហ៊ានបញ្ចេញយោបល់អ្វីទេ។
លោកលីរឹតតែមិននិយាយស្តី។ គាត់ទាញឡានបិទទ្វារគ្រាំងហើយពីក្រៅកញ្ចក់ គាត់ធ្វើដៃឱ្យសញ្ញាឱ្យតៃកុងជូនពួកយើងចាកចេញ។
ម៉ាយ៉ាស្រែក No ជាបន្ទាន់ ធ្វើឱ្យតៃកុងឈប់ចង្កូតងាកមកក្រោយ។
«ខ្ញុំចាំគ្នាខ្ញុំ! ពួកគេឡើងមកគ្រប់សិនបានចេញទៅ!»
វីណាងក់ក្បាលគាំទ្រ។ ខ្ញុំអេះអុញ តែពន្យារមិនបានយូរទេ ខ្ញុំតោងបញ្ចេញយោបល់ ខ្ញុំងក់ក្បាលតាមហើយឃើញជូរីនៅក្រោយម្នាក់ឯងនោះលើកដៃដែរ។
តៃកុងចុះពីឡានភ្លាមទៅរាយការណ៍។
ខ្ញុំឃើញលោកលីសម្លឹងមកពួកយើងខណៈដែលជីង ចាលើមនិងអូម៉ា ដើរឆ្ពោះទៅក្នុងវិមានពីវវិញ ជាមួយជំនួយការឈ្មោះវឺន។
លោកលីវិលមកវិញដោយមុខក្រហម។ គាត់ទា្វរបើកសម្លឹងពួកយើងម្តងម្នាក់ៗ។ ចរិតឫកពាផ្តាច់ការនេះ ទឹកមុខនេះ លែងជាអ្នកឧទ្ទេសនាមទុកពួកយើងជាភ្ញៀវទៀតហើយ តែមើលទៅដូចជា ទុកពួកយើងដូចក្មេងបៀមដៃ។
«បើទាំងអស់គ្នាចង់នៅ ត្រូវប្រកាន់បទបញ្ជា! ហាមចុះពីឡាន!….អ្នកណាក៏ដោយ!»
យើងមើលមុខគ្នា។
តាមពិតខ្ញុំឈឺបត់ជើងតាំងពីនៅក្នុងដែរ តែគិតថា នៅទ្រាំបាន មិនចង់ទៅរកបន្ទប់ទឹកស្ងាត់ៗក្នុងវិមានបុរាណដ៏ធំមួយនេះទេ។
«អូខេ!» ម៉ាយ៉ាឆ្លើយព្រោះអត់មានអ្នកណាចង់តបជាមួយលោកលី។ ខ្ញុំងាកទៅក្រៅ។ មេឃពិតជាស្រអាប់ទៅៗពិតមែន។ វីណានៅបន្តព្យាយាមចុចទូរសព្ទ ចំណែកអ្នកបើកបរឡើងមកអង្គុយនិងហូបទឹករបស់គាត់។
ទើបតែហូបបានពាក់កណ្តាល វីណាវិញនាងឈានទៅមុខ និយាយពីក្រោយកៅអីគាត់ ខាងគាត់នៅពីមុខនាង ហើយសន្ទនាជាភាសាចិន។ ទឹកមុខពួកគេ និងការនិយាយគ្នាស្ងាត់ៗ ខ្សឹបៗ យូរៗទៅចាប់ផ្តើមឱ្យខ្ញុំស្ងាប។
តាមពិតមានរឿងជាច្រើនខ្ញុំចង់សួរទៅម៉ាយ៉ា តែមិនទាន់សួរ។ ឆ្ងល់ដែរថា អេហ្គូបានទាក់ទងមកវីណាមែនទេដឹង បានជាវីណាគិតថា ពួកសន្តិសុខទាំងក្រុមនោះចូលទៅនាំខ្លួនអេហ្គូ?
អេហ្គូធ្វើអីនៅតំបន់ហាមឃាត់? ស្រមោលរវិចៗពីចម្ងាយដែលខ្ញុំក្រឡេកមុននេះ តើពិតជាអេហ្គូមែនឬមិនមែន?
សួរខ្លួនឯងក្នុងទ្រូងច្រើនពេកហត់ហើយ! ចង់ធ្មេចបន្តិចតែខ្លាចគេថាអត់ចិត្ត។ ខ្ញុំងាកធ្វើជាសម្លឹងចុះឡើង។
ពីផ្លូវលំនេះចូលទៅវិមានពីវ មានទ្វារធំមួយ តែបាំងពីមុខប៉ុណ្ណោះ សងខាងទ្វារមានកន្ទុយបឹងលាតពីតូចទៅធំជាប់ប្របនឹងព្រៃ។
គិតថា ទីនេះមិនបានផ្លាស់ប្តូរប៉ុន្មានទេក្នុងរយៈពេល២២០០ឆ្នាំ ព្រោះមិនមានអ្វីជាទំនើបក្រៅតែពីឡានមួយនេះនិងថ្នល់ថ្មីទទឹង៨ម៉ែត្រ ដែលឡានកំពុងឈប់។
ដំបូលស្រួចកណ្តាលនៃវិមានពីវ បានប្រាប់យើងអំពីស្ថេរភាពដ៏អស្ចារ្យរបស់វាដែលរឹងមាំ ឆ្លងសហសវត្សរ៍។
នៅខាងក្នុងមានទីហាមឃាត់ច្រើន ពិបាកចំណាំរកច្រកចេញចូលដោយសារគេកាត់ខ្សែហាមព័ទ្ធពែនកោងចុះឡើង ដូចជាប្រស្នាផែនទី។
អាចថា ផ្ទះនេះនៅរក្សាបានគំនូរ ចម្លាក់ ឬបណ្តាសួយសារវត្ថុបុរាណនៃសម័យឈីងដ៏មានអត្ថន័យបានជាត្រូវបានថែទាំយ៉ាងល្អ បានរួចផុតពីការបំផ្លាញដោយធូលីដី។
ប៉ុន្តែក្នុងករណីនេះ….វាកើតឡើងដោយកម្រណាស់។
២ពាន់ឆ្នាំជាងហើយ តាមថាប្រសាទថ្មគង់តែត្រូវបាក់ហិនហោចក្លាយជាគំនរ ទម្រាំឈើ? ឬមួយជំនាន់អធិរាជឈីងពិតជាប្រើបារតហួសហេតុ ឬជាតិគីមីដទៃទៀតក្នុងការស្វែងរកជីវិតអមតៈ មកថែទាំសំអិតសំអាងសូម្បីតែនៅតាមប្រាសាទរបស់ពួកមន្ត្រី?
សំឡេងតន្ត្រីបុរាណ លេងលើឧបករណ៍ខ្សែដូចជាសាដៀវឬពិណ្យ បានហើរមកតាមខ្យល់។ វាជាពេលល្ងាចដ៏មានភាពស្រណុកសុខស្រួលសម្រាប់អ្នកដំណើរហត់នឿយដូចខ្ញុំ ឯខ្ញុំក៏មិនអាចខ្វល់ពីអ្វីបានទៀតទេព្រោះថាដង្ហើមខ្ញុំបង្អូសវែងៗ ភ្នែកខ្ញុំធ្មេច។
…..វឹប….សៀងតន្ត្រីដំអូញ លាយសំឡេងពីចម្ងាយ ល្វើយៗនៃស្ត្រីម្នាក់ដែលហាក់កំពុងសូត្រកំណាព្យចិន ឬច្រៀងហ៊ី….ដាស់ខ្ញុំក្រោកឈរទាំងបះដៃជើងឡើង។
ឡាននេះត្រជាក់ដូចទូក្លាសសេ។ ត្រឹមតែប៉ុន្មានដង្ហើមលង់មួយស្រលេត ម្តេចនៅខាងក្នុងរថយន្ត នេះស្រអាប់ដូចឈានដល់សីតុណ្ហភាពត្រជាក់ដ៏អាក្រក់មួយ មើលមិនឃើញខាងក្នុងច្បាស់ផង កុំថាឡើយ មើលទៅក្រៅ។
គ្រប់យ៉ាងដូចជាខ្ញុំកំពុងស្ថិតក្នុងបន្ទប់ស្ទីម។
ខ្ញុំទាញតោងកៅអីរបស់តៃកុង ហើយងាកមករកម៉ាយ៉ា។ គ្មានអ្នកណាទាំងអស់ វីណាក៏បាត់
ងាកមកក្រោយ ជូរីក៏គ្មាន…..ពិតណាស់ សភាវៈគតិមួយប្រាប់ខ្លួនខ្ញុំថា សុបិនអាក្រក់។
ខ្ញុំរាវរកទូរសព្ទ កាបូបខ្ញុំបាត់ហើយ កុំថាសម្ភារៈផ្សេងៗ។
ក្រោកឡើងៗ ខ្ញុំប្រាប់ខ្លួនឯងព្រោះមិនចង់ដេកពេលនេះ និងបន្តនៅក្នុងសុបិនអាក្រក់ទេ ប៉ុន្តែដដែលជាដដែល គ្រប់យ៉ាងភ្នែកស្រស់។
ប៉ុកៗៗៗ
ខ្យល់ត្រជាក់បក់បោកចេញពីគ្រប់ទិស ប៉ះមុខខ្ញុំ បក់សឹងកកអាវយឺតក្រាស់មានមួករបស់ខ្ញុំ ប៉ះនឹងស្បែករបស់ខ្ញុំ វាដូចជាសញ្ញានៃតំបន់រហោដ្ឋានគួរឱ្យបារម្ភព្រួយភ័យ។
អ្នកណាម្នាក់គោះទ្វារឡាន?
បេះដូងខ្ញុំលោតភឹប! នេះមិនសមជាសុបិនទេ។ ញាណខ្ញុំឮស្នូរគោះនិងសំឡេងកណ្ដឹងបោកប៉ះខ្យល់ ជាកណ្តឹងនាំលាភនិងបង្កាវិញ្ញាណអាក្រក់ដែលជនជាតិចិនភាគខាងជើង និយមតាំងព្យួរនៅមាត់ទ្វារឬបង្អួច។
ពីនេះទៅដល់អាគារក្នុងនៃផ្ទះមន្ត្រីពីវ ឆ្ងាយគួរដែរ ម្តេចខ្យល់នាំសំឡេងនេះមកដល់បាន? ចុះបើមិនឮចេញពីវិមាន តើឮចេញពីទីណាវិញ បើទីនេះគ្មានផ្ទះផ្សេងផង។
«វីរីយ៉ា!»
អ្នកណាម្នាក់ហៅខ្ញុំ!
អូយ! ឮឈ្មោះខ្ញុំខ្លួនឯងនៅក្នុងត្រចៀកទោះណានោះគ្រាន់តែជាសូរខ្សឹបក្នុងខ្យល់។
ខ្ញុំមិនឆ្លើយព្រោះខ្មែរយើងហាមថា មិនឱ្យឆ្លើយនឹងអ្នកណាដែលហៅឈ្មោះយើងកណ្តាលយប់។ ពេលនេះខ្ញុំចំណាំមិនដឹងថា អ្វីពិត អ្វីមិនពិតនោះទេ។
ប្រហែលជាខ្ញុំនេះគេងលក់ក្បែរពួកគេ ហើយហត់ពេកគេងយល់សប្តិ តែមានអារម្មណ៍ថា ការថប់ដង្ហើមនេះជាការពិត។
អ្នកណាម្នាក់បង្ហាញខ្លួននៅនឹងមាត់ទ្វារឡាន ទីដែលមុននេះបន្តិច លោកលីបានបិទទ្វារគ្រាំគ្រេងខឹងពួកយើង មិនព្រមទៅសណ្ឋាគារសម្រាកមុន។
«វីរីយ៉ាបើកទ្វារ!»
ច្បាស់ណាស់ មានមនុស្សចង់ចូលក្នុងរថយន្តដែលមានតែខ្ញុំឯកោ។ ទោះណាទើបស្គាល់គ្នាប៉ុន្មាន
ម៉ោងតែសំឡេងហៅជននេះ ក្នុងពេលនេះពិតជាធ្វើឱ្យខ្ញុំភ្ញាក់ផ្អើល។
ខ្ញុំភ្លាត់មាត់និយាយ៖
«អេហ្គូ?»
ចាំបានថា គេនេះបាត់ខ្លួនទៅ ទើបពួកយើងត្រូវមកនៅរង់ចាំហត់នឿយ ហើយពេលនេះម៉េចគេមានមុខមកវិញ ចំណែកអ្នកឯទៀតនៅឯណាអស់?
«បើកទ្វារលឿនទៅវីរីយ៉ា!»
គេតឿនខ្ញុំ ខ្ញុំញីភ្នែកក្រោកឡើងឈានឱនសំដៅទ្វារឡាន។
«កុំបើកឱ្យសោះ!»
សំឡេងមួយឃាត់ខ្ញុំ ពីខាងក្រៅឡានក្បែរបង្អួចកន្លែងតៃកុង។ ខ្ញុំងាកទៅ ហើយស្រែកគ្រហឹមភ្លែត ណែនទ្រូង រួចណែនបំពង់កគាំងអស់សំឡេង។
នោះគឺលោកលីដែលមានឈាមប្រឡាក់ពេញមុខនិងសក់។
គាត់ឈរទទូចក្បែរកញ្ចក់របស់តៃកុងខាងមុខ ខណៈខ្ញុំឃើញគាត់ហើយក៏ដួលបះជើងមកលើកន្លែងអង្គុយវិញភ្លាមៗ។
«មានរឿងអីទៅ?»
ខ្ញុំញ័រញាក់ពេញមុខនិងបបូរមាត់ ឯទ្វារខាងអេហ្គូបានត្រូវទាញរបើក។ ខ្ញុំខ្ទប់មុខ សង្ឃឹមថា ខ្ញុំមិនឃើញគេនោះមកវិញដោយប្រឡាក់ឈាមទេ។ ពិតមែន! អេហ្គូនៅល្អទាំងអស់ ខ្ញុំនៅភាំងព្រោះគេស្ទុះឡើងមកទាញទ្វារបិទ ហើយអង្គុយក្បែរខ្ញុំ។
ពិបាកថ្លែងណាស់អារម្មណ៍ពេលនេះ អារម្មណ៍ឃើញលោកលីគួរឱ្យខ្លាច និងឃើញអេហ្គូនៅល្អជា ថែមគេមកជាគ្នាបានម្នាក់ក៏គ្រាន់ដែរ កុំឱ្យខ្ញុំនៅគាំងបេះដូងម្នាក់ឯង។
«ពួកយើងរកអ្នក អ្នកបាត់ទៅណា?»
ខ្ញុំសួរញ័រៗជាភាសាអង់គ្លេសទាំងលបសម្លឹងគេសព្វកំភួនដៃជើង។ គេមកវិញជាមនុស្សពិតៗ តែមានរឿងអីបានជាលោកលី….
«គាត់កើតអី?»
ខ្ញុំចង្អុលទៅលោកលី ស្រាប់តែដៃខ្ញុំគាំង។
អេហ្គូម្នាក់ទៀតនៅខាងក្រោមកំពុងតែក្រៀកកលោកលីយ៉ាងខ្លោចផ្សា ហើយអេហ្គូម្នាក់នោះ គ្មានភ្នែកមួយចំហៀង ថែមទាំងមានសភាពប្រផេះតាំងពីថ្ងាសដល់ម្រាមដៃគេ។ ឆ្អឹងមុតស្រួចលៀនចេញមក នៅបំពង់ករបស់គេ ដានដោយឈាមនិងរបួសកក។
ខ្ញុំគិតថា នេះជាសុបិនអាក្រក់ តែមិនដឹងថាអាក្រក់កម្រិតនេះទេ។
បើនៅក្រោមជាអេហ្គូ ចុះអ្នកដែលកំពុងអង្គុយកៀកនឹងខ្ញុំនេះជាអ្នកណា។
ខ្ញុំបិទភ្នែក ខ្ទប់ត្រចៀកស្រែកព្រោះចង់ក្រោកចេញពីសុបិនអពមង្គល តែស្រែកយ៉ាងណាក៏ឮតែសំឡេងខ្លួនឯងយ៉ាងអស់សង្ឃឹម។
«ជួយផងៗៗៗ»
ខ្ញុំបិទភ្នែកបិទត្រចៀកស្រែកឡើងប្រាថ្នាឱ្យសន្លប់បាត់ចុះ តែនៅមានអារម្មណ៍ថា អេហ្គូមើលមកខ្ញុំពីជ្រុងក្បែរដៃ ហើយសើច។
«ចេញទៅ!»
ខ្ញុំស្រែកឡើង ខណៈរបស់មួយត្រូវបានដាក់ថ្នមៗមកលើភ្លៅខ្ញុំ។ យឺតៗ ខ្ញុំចំណាំវាបាន។ ជាកាបូបរបស់ខ្ញុំ?
ខ្ញុំបើកភ្នែក…..ទីនេះលែងមានផ្សែងដូចបន្ទប់ស្ទីមទៀតហើយ។
ពិតជាអេហ្គូ កំពុងញញឹមនិងដាក់កាបូបខ្ញុំដែលខ្ញុំបាត់មកឱ្យខ្ញុំពិតមែន។
ខាងក្រៅមេឃនៅភ្លឺព្រាលៗដូចល្ងាចធម្មតា ខ្ញុំចេញពីសុបិនហើយ អេហ្គូមកវិញ មកដាស់ខ្ញុំចំពេលល្អ តែនិយាយជាសម្ងាត់ ខ្ញុំស្អប់ការដាស់របស់គេពេលនេះ។
ខ្ញុំទាញកាបូបមកភ្លាម បើករូតរកទូរសព្ទ។
មិនទាន់អីផង ខ្ញុំងើបសម្លឹងទៅក្បែរកញ្ចក់តៃកុង គ្មានអ្នកណាទេ គ្មានមនុស្សប្រឡាក់ឈាមឡើយ។
អ្ហឺយ! ធូរទ្រូង ព្រោះឃើញខ្នងជំនួយការវឺនកំពុងនិយាយជាមួយពូបើកឡានបែរខ្នងមក។ ខ្ញុំជីកកាបូបយកទូរសព្ទមកមើល អត់សេវារលីង….ព្រោះ…..ខ្ញុំមិនបានទិញស៊ីមទេកាលមកដល់ព្រលាន។
រាវរកដបទឹក ហើយប្រុងមួលគម្របមកក្រេបក្អឹក តែមាត់រវល់សួរអេហ្គូ៖
«ហើយបាត់ទៅណា? ម្នាក់ៗគេបារម្ភតាមរក!»
គ្មានចម្លើយ!
មានអារម្មណ៍ថាបេះដូងរបស់ខ្ញុំលោតញាប់និងថេរ ដុំអ្វីមួយធ្ងន់នៅក្នុងទ្រូងរបស់ខ្ញុំ ជាការថប់បារម្ភដែលហូរចេញពីគំនិតខ្ញុំមកប្រាប់ថា ដូចជាប្លែកៗ…..ភាពស្ងប់ស្ងាត់កើតឡើងយ៉ាងឆាប់រហ័សរវាងយើង ហើយនាំមកនូវភាពចម្លែកនៃពន្លឺនិងសំឡេងតិចតួចលាន់តាមខ្យល់ ដូចមនុស្សនិយាយគ្នា មនុស្សរត់ឬ មនុស្សស្រីយំអមជាមួយការកេះចាប៉ីចិន។
ខ្ញុំឱបកាបូបជាប់ទ្រូង ចិត្តមួយប្រុងស្ទុះក្រោកថា នឹងរំលងជើងអេហ្គូហើយចុះពីឡានរត់រកអ្នកផ្សេងទៀត…..



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ