រឿង៖ ចិត្តត្រួតត្រា ភាគទី៣៦

វគ្គ

ល្បិចពាលស៊ីពាល

នៅក្នុងបន្ទប់វីអាយភីរបស់ភោជនីយដ្ឋានមួយ Jack និងចាស្មីនកំពុងតែអង្គុយរីករាយជាមួយនឹងលទ្ធផល​នៃផែនការរបស់គេ ដែលបានឈានទៅដល់វគ្គសំខាន់គឺ លីនខឹងគូខាន់។

ចាស្មីនដែលជាប្រពន្ធចុងរបស់មហាសេដ្ឋីរុស្ស៊ី ក៏ត្រូវជាម្តាយចុងរបស់គូខាន់ ពិតជាមានបង្កប់ភ្នែកច្រមុះគ្រប់ទីកន្លែង ហើយដឹងគ្រប់ជំហានដែលកើតឡើងចំពោះម្ចាស់អាណាចក្រសម្បត្តិនៃត្រកូល LoDolce។ សូម្បីតែ Jack ដែលបានចូលមករៀបការជាមួយកូនស្រីច្បងត្រកូលនេះ ក៏ជាការរៀបចំរបស់ចាស្មីនដែរ។ អ្នកស្រីម្នាក់នេះ​និយាយតិចៗជាមួយដៃគូទុច្ចរិត៖

«ពេលវេលាជិតអស់ហើយ! ពីរនាក់នោះមិនអាចបណ្តោយឱ្យចុះអេតាស៊ីវិល ឬសូម្បីតែសែនព្រេន​រៀបការជាមួយគ្នាដែរ!»

Jackចាំស្តាប់ លុះមកដល់ត្រង់នេះគេរាយការណ៍៖

«ព្រឹកមិញខាងស្រីលេខាដូចជារឹងមាំណាស់ មិនមានខ្លាចគូខាន់អីបន្តិចទេ!»

ស្តាប់គេនិយាយហើយ ចាស្មីន​លើកកែវភេសជ្ជៈមកក្រេប Jack បន្តសើចរលាក់ស្មា ព្រោះឃើញផែនការរបស់គេបានសម្រេច នៅក្នុងការលួងលោមលីនកុលាបឱ្យស្ដាប់តាមបញ្ជារបស់ខ្លួន។

«និយាយអ៊ីចឹង យើងត្រូវឈានមកដល់វគ្គសំខាន់ហើយ!» Jackគេបញ្ជាក់ចាស្មីន។

«ត្រូវហើយ! មានតែមនុស្សស្រីដែលមនុស្សប្រុសងប់ស្រឡាញ់ប៉ុណ្ណោះ ដែលអាចធ្វើឱ្យវាអន់អានុភាព​បាន!»

Jack ដែលកំពុង​តាមដាន់ដោយយកចិត្តទុកដាក់ ឃើញ​ចាស្មីនទម្លាក់សំឡេងនិយាយបន្ត៖

«អាក្មេងប្រុសនោះ វាដល់ថ្ងៃអង្សាដោយខ្លួនវា!»

«មីងចង់ឱ្យលីនកុលាបសម្លាប់គូខាន់?»

«មានអ្នកណាខ្វល់ទេ? បើវាស្លាប់ដោយដៃលេខាហារយរបស់វា មានអីមិនល្អ?»

«ឃោរឃៅពេកហើយដឹង?» Jackងាករអ៊ូតិចៗម្នាក់ឯង។

គំនិត​របស់ចាស្មីន ឱ្យម្នាក់ជាប់គុក ម្នាក់ទៀតបាត់បង់ជីវិត ជាគំនិតព្រួញមួយបាញ់បានសត្វពីរ។ ទោះបីJackសាហាវខាងពាណិជ្ជកម្ម លេងល្បិចប្រជែងជាមួយកូនប្រុសមហាសេដ្ឋី LoDolce ជានិច្ច តែគេមិនដែលគិតថា ម្តាយចុងម្នាក់នេះ ចិត្តខ្លាំងដៃដល់កម្រិតនេះឡើយ។

ស្នូរទះដៃលាន់ឡើងនៅឯមាត់ទ្វារ។

ពួកគេទម្លាក់កែវចុះយ៉ាងប្រញិបប្រញាប់ និងរៀបរយឫកពាអង្គុយ​ឡើងវិញឱ្យសមជាអភិជនថ្លៃថ្នូរដូចដែលគេតែងតែឃើញនៅលើទស្សនាវដ្ដី។

ពេលនេះដែល​ត្រូវតែបើកភ្នែកធំៗគឺដោយសារអ្នកដែលបើកទ្វារចូលមកគឺជាកូនស្រីចៅហ្វាយក្រុងដ៏មាន​ឥទ្ធិពល ឈ្មោះនាង​ ផ្លូរ៉ា។

ដោយមានអង្គរក្សពីរនាក់មាឌធំៗមកតាមផង កូនចៅហ្វាយក្រុងដែលតែងតែតាមចែចង់គូខាន់ អ្នកណាក៏ដឹង ពេលនេះចេញចូលយ៉ាងសេរីនៅទីនេះ​បង្ហាញ​ថាអំណាចគ្រួសារគេ ម្ចាស់ភោជ្ជនីដ្ឋានមិនហ៊ាន​ឃាត់ឡើយ។

Jack និងចាស្មីនគួរតែយល់ហើយ ថាវាគ្មាន​អ្វី​ចម្លែកនោះទេ ប្រសិនគេមានលុយនិងមានអំណាចក្នុងការ​ទៅដល់គ្រប់កន្លែងដែលគេចង់។

នារីម្នាក់នេះ ជាមេម៉ាយមានអំណាចជាខ្លាំង នាង​ទើបជួយឱ្យគូខាន់ទទួលបានដីសម្បទាន​មួយកន្លែងដ៏ពិសេស​ដែលអ្នកអចលនទ្រព្យ​គ្រប់គ្នាស្រក់ទឹកមាត់ចង់បាន។

«តាមមើលខ្ញុំដល់ពេលទៅវិញហើយ!» ចាស្មីននិយាយទាំងស្ទុះក្រោកប្រុងចាកចេញចោលការ​អាម៉ាស់នៃសន្ទនា​លួចលាក់នេះ ព្រោះភ័យរឿងប្តីខ្លួនមានទំនាក់ទំនងល្អជាមួយចៅហ្វាយក្រុង ខ្លាចនាង​ផ្លូរ៉ាផ្សាយចេញនូវបទឃុបឃិតនានារបស់ខ្លួនជាមួយអ្នកក្រៅប្រឆាំងនឹងកូនដើម ឮដល់ត្រចៀកប្តី។

«ប្រញាប់ម្ល៉េះ? ខ្លាចប្ដីដឹងពុតបាត់បង់តំណែងជាប្រពន្ធចុងល្អឬក៏យ៉ាងម៉េច?»

ថាហើយ ហ្លរ៉ា​អង្គុយ​លើកៅអីដែលអង្គរក្ស​ទាញឱ្យ។

ចាស្មីនសឹងថប់ដង្ហើមតែទប់ចិត្ត​គិតមកវិញថា បើនឹង​សិនចាកចេញទៅទាំងអ៊ីចឹង ក៏មិនអាចដោះស្រាយស្ថានការណ៍អីបានដែរ បើសិនជាផ្លូរ៉ាចង់មករករឿងទៅហើយ។

«អូខេ! នៅទៀតក៏បាន! មិនដឹងថា ដែលនាងធំប្រាថ្នាចង់ឱ្យមីងនៅស្តាប់ មានកិច្ច​សហការអីសំខាន់ធ្វើជាមួយគ្នាបានទេ ឬមួយក៏ចង់ឱ្យមីងជួយជំរុញ​អាពាហ៍ពិពាហ៍នៅផ្ទះ LoDolce ឱ្យបានសម្រេចឆាប់?

Jackឃើញសភាពការណ៍វិវត្តទៅជាបែបនេះ ក៏ប្រញាប់ប្រញាល់សម្រួលខ្លួនក្រោក​ទៅងើបទាញកៅអីទទួលFloraដែរយ៉ាងគួរសម។

«ប្រសិនជាអ្នកនាងចង់ជជែកកម្សាន្ដជជែកពីបញ្ហាសំខាន់គួរតែមានគ្នាបីនាក់បានហើយ!»

ផ្លូរ៉ាដៀងភ្នែកឱ្យសញ្ញាកងអង្គរក្សដឹងខ្លួនចាកចេញទាំងពីរហើយរុញបិទទ្វារឱ្យមកវិញផង។

តាមមើលប្រហែលជាចាស្មីនមានលក្ខខណ្ឌល្អដែលនិយាយរឿងរៀបការ​មកចងចិត្ត​ Floraដ៏ឆ្លាតវៃ។ នាងស្រីចោល​កែវភ្នែករិះគិត​ សម្លឹងមកទាំងJackសម្លឹងទាំងចាស្មីន នារីវ័យកណ្តាល​ស្រស់ស៊ិចស៊ីម្នាក់ពោរពេញទៅដោយពុតត្បុតនៅក្នុងស្រោមជាអភិជននិងជាសំណព្វនៃឪពុកគូខាន់។

«ខ្ញុំព្រមស្តាប់សិនថា មីងចាស្មីនមាន​គំនិត​ជួយជំរុញអាពាហ៍ពិពាហ៍បែបណា?»

នារីកូនចៅហ្វាយក្រុង​និយាយស្តីចំៗណាស់ និងមិនខ្លាចអ្នកណារិះគន់ថាខ្លួនឯងចង់បានគូខាន់ពេញបន្ទុកទេ។ ដែលនាងនិយាយយ៉ាងចង់បាន ថែមទាំង​វាយភ្នែកទៅកាន់Jackផងបានន័យថា ផ្លូរ៉ាមិនខ្វល់ខ្មាស មិនរវល់ថា ពីរនាក់នេះត្រូវការគ្នាយ៉ាងណាទេ នាងមកនេះ ពិតជាមានសេណារីយ៉ូធំមួយ ចំណែក​រឿងគូខាន់ជាចំណុចបណ្តូលនៃសេណារីយ៉ូនោះ។

«មីងចាំស្តាប់ក្មួយផ្លូរ៉ាមុន!» ចាស្មីនដាក់កាយធ្វើតាមចាស្មីនបញ្ជា។

«ត្រូវហើយ! សូម​ប្រាប់មកចង់ឱ្យពួកយើងធ្វើអ្វីបាទ! គឺសហការរីករាយ!»

«បបួលខ្ញុំឱ្យសប្បាយចិត្តពិតមែននៀក!» ផ្លូរ៉ា​សើចក្អឹកៗយ៉ាងមាន​មោទនភាពនឹងអំណាចរបស់ខ្លួន។ ឃើញពួកគេ​នៅរង់ចាំស្តាប់ កូនស្រីស៊ីវិល័យ​របស់ចៅហ្វាយក្រុង​លែងសើច ប្តូរទឹកមុខ​មកជាម៉ឺងម៉ាត់៖

«ដែលអ្នកទាំងពីរកំពុងធ្វើអ្វី និងជំហានបន្ទាប់ចាត់ការលីនកុលាបយ៉ាងណាទៀតខ្ញុំមិនខ្វល់ទេ! មិនថាស្រីម្នាក់ហ្នឹង នៅក្នុងគុកឬមួយក៏យ៉ាងម៉េច ធ្លាក់ស្លាប់ ខ្ញុំសប្បាយចិត្តទាំងអស់! ហើយ…ប្រហែលជាអាចអាចអរគុណអ្នកទាំងពីរជាប្រាក់រង្វាន់ខ្លះ!»

Jackបង្ហាញអាការៈសប្បាយចិត្ត ជាការអង្គុយត្រង់ខ្លួនទាញអាវធ្វើដូចជាសុភាពបុរសហើយដៀងភ្នែកសម្លឹងមុខកូនស្រីចៅហ្វាយក្រុងនារីម្នាក់នេះ ដោយពេញចិត្ត​ដែលនាងមានអំណាច និងចង់ឱ្យនាងមកជួយរុញច្រានអាជីវកម្មគេខ្លាំងណាស់។

ករណីពិត គឺបើសិនជាផ្លូរ៉ាហានិយាយតែមួយម៉ាត់ គម្រោងសម្បទាន​ដែលហៀបនឹងបានដល់គូខាន់ នឹងអាចក្លាយមកជាសម្រាប់Jackវិញផងក៏ថាបាន។

អ្វីៗដែលមិនទាន់សម្រេច សុទ្ធតែអាចផ្លាស់ប្តូរបាន។

«ចំណែកគូខាន់ គេជាអនាគតប្តីរបស់ខ្ញុំ អ្នកណាចង់សម្លាប់គេ​អ្នកនោះរឿងជាមួយខ្ញុំ!»

ពេលនាងវាត់ត្រលប់មកកាន់គេភ្លាមៗ ដូច្នេះចាស្មីននិងJack ទុកថាផ្លូរ៉ា​បាន​លបទាន់ និងថែមស្តាប់ឮពីល្បិចរបស់អ្នកទាំងពីរនៅមាត់ទ្វារនេះរួចទៅហើយ។ ប្រសិន​គម្រោងការនេះត្រូវផ្លូរ៉ាខឹងនិងធ្វើឱ្យខ្ចាយ​ដល់ត្រចៀកគូខាន់ឬឪពុកគេ ចាស្មីននិងJackអាចមានរឿងធំ។

 ទោះយ៉ាងណា Jackគេនៅធ្វើពើនិយាយបន្ត៖

«ខ្ញុំមានថាសម្លាប់ឯណា ខ្ញុំស្តាប់សេណារីយ៉ូអ្នកនាងធំ!»

ផ្លូរ៉ា​ញាក់ស្មាអំនួត៖

«អ្នកទាំងពីរដឹងហើយថា គេនឹងក្លាយជាអនាគតស្វាមីរបស់ខ្ញុំ!»

Jack ងាកមុខចេញតិចៗរកល្បិចមកដោះសារកំហុស ណាមួយរៀបឫកមិនហ៊ានធ្វើប្រតិកម្មណាមួយ ឱ្យផ្លូរ៉ាអន់ចិត្តទេ ប៉ុន្តែក្នុងចិត្តលបនឹក​ពេបជ្រាយសន្តានកូនស្រីអភិជនដែលពិតជាឃ្លានចង់ស្រលាញ់មនុស្សប្រុសស៊ិចស៊ីរោគចិត្ត​ម្នាក់ដល់ថ្នាក់នេះ។

នាងមានអាយុច្រើនជាងគូខាន់ មានទម្រង់រស់នៅដូចមនុស្សប្រុស ហ៊ានស៊ីហ៊ានសង ហើយជាស្រីមេម៉ាយទៀត គូបដិបក្ខម្នាក់នេះ ខ្លាំងរហូត​ដល់Jackត្រូវស្រងល់និងថយគិតហ្មត់ចត់។

«ខ្ញុំក៏ជឿថា លោកមិនមែនចង់សម្លាប់គូខាន់ដែរ លោកគ្រាន់តែចង់បានដីសម្បទាននោះ!»

ចំចំណុចចិត្ត​ពេក គេងក់ក្បាលយ៉ាងញាប់៖

«អ្នកនាងផ្លូរ៉ាពិតជាឈ្លាសវៃខ្លាំងណាស់! គូខាន់នេះសំណាងហើយដែលមានអ្នកនាង!»

ចាស្មីនក្រពាត់ដៃធ្វើមុខស្មើ។

ផ្លូរ៉ាដឹងចិត្ត​យាយប្រពន្ធចុងថា សេណារីយ៉ូឱ្យ​គូខាន់នៅរស់ មិនបានធ្វើឱ្យយាយចាស្មីនសប្បាយចិត្ត​​ទេ។ បើខ្លួនមិនមាន​លក្ខខណ្ឌល្អដល់គាត់ ក៏មិនកើត។ នាងងាកមកលួងលោមចំៗ៖

«អ៊ីចឹងយើងនិយាយគ្នាចំៗ លក្ខខណ្ឌខ្ញុំចង់បានគូខាន់ដោយលីនកុលាបនឹងរលាយទៅ! អ្នកទាំងពីរជាអ្នកធ្វើ ហើយដីនោះបានមកលើលោកJack!»

ផ្លូរ៉ាបង្អន់ ចំណែក​Jackអរបិទមាត់មិនជិត កន្ទុយភ្នែកយឺតៗបង្វែរសម្លឹងទៅម្តាយចុងរបស់គូខាន់ ខ្លាចតែស្រ្តីនោះមិនព្រម ដែលគាត់មិនបានដូចបំណង។

ផ្លូរ៉ានិយាយកាត់ការសង្ស័យរបស់Jack៖

«ឱ្យតែខ្ញុំចូលដល់ផ្ទះនោះ ខ្ញុំជាគ្នារបស់មីង!»

 ចាស្មីនដៀងភ្នែកគិត លក្ខខណ្ឌនេះពិតជាល្អប្រសើរណាស់ ដ្បិតតែខ្លួនមិនចូលចិត្តគូខាន់និងម្តាយគេ ដែលទទួលបានអ្វីអ្វីគ្រប់យ៉ាងនៅក្នុងអាណាចក្ររបស់មហាសេដ្ឋី Doloce ប៉ុន្តែពេលនេះពិតជាមានជម្រើសល្អដាក់មកលើតុឱ្យជ្រើស។

គាត់និយាយតិចៗ៖

«អ្នកនាងពូកែកំប្លែងណាស់! បើលោ​នឹងរៀបការជាប្រពន្ធគេ មកធ្វើគ្នារបស់ខ្ញុំយ៉ាងម៉េចទៅ? ធម្មតាប្រពន្ធតែងតែចង់ឱ្យប្ដីបានអ្វីៗគ្រប់បែបយ៉ាង! បើសហការគ្នាមែន​គួរនិយាយគ្នាឱ្យរួចរាល់ ថា​ពេលនោះខ្ញុំបានអ្វីខ្លះ? គួរតែមានលក្ខណៈច្បាស់លាស់ជាងនេះបន្តិចទៅ!»

«អ៊ីចឹង មីងចង់បានអ្វី?»

ចាស្មីនមិនមាត់មិនក។ អ្នកណាមិនចង់បានអាណាចក្រ​ Doloce?

ផ្លូរ៉ាសើច ហើយនិយាយបន្តព្រោះម្ចាស់នៃសំណួរមិនឃើញមានអ្នកហើបមាត់ឆ្លើយ៖

«មីងស្មានថា កូនស្រីមីងវ័យប៉ុណ្ណឹង អាចមកកាន់កាប់ Doloce ដូចគូខាន់បាន? ណាមួយ មីងស្មានថា ប្រើលីនកូលាបទៅសម្លាប់គូខាន់របស់ខ្ញុំបានងាយណាស់? ប្រុសម្នាក់នោះ គេមិនល្ងង់ខ្លៅដល់ថ្នាក់នេះនោះទេមីងចាស្មីន! ថាមិនបាន ពេលនេះគេកំពុងតែសម្លាប់ ឬមួយក៏ច្របាច់កនាងតូចល្អិតនោះហើយក៏មិនដឹង? មីងគួរស្គាល់កូនដើមមីងឱ្យច្បាស់!»

«អ៊ីចឹងអ្នកនាងឱ្យខ្ញុំធ្វើម៉េច?»

«ធ្វើតាមគ្រប់អ្វីខ្ញុំបញ្ជា!»

«ខ្ញុំនៅតែសួរ​!​ ចុងក្រោយនៃល្បែងនេះ ខ្ញុំនឹងបានអ្វី?»

«ខ្ញុំការពារមីងពីម្តាយរបស់គេ! ទោះជាខ្ញុំក្លាយជាប្រពន្ធរបស់គេ តែខ្ញុំនឹងឈរខាងវិញ បានទេប៉ុណ្ណឹង!»

 ចាស្មីននៅស្ងៀម Jackវិញដែលសប្បាយចិត្ត​ជាខ្លាំងរឿងដីសម្បទាន​អភិវឌ្ឍមកដល់លើថាសនោះ ពេលនេះ​ហាក់ចង់ដោះដៃចោល​ចាស្មីន​ឱ្យនៅហេងហាងកណ្តាលមហាសាគរ។

«ចុះបើសិនជានាង​ដូរសម្ដី ហើយ​មិនការពារខ្ញុំពីម៉ែកូនគូខាន់នៅក្រោយពេលនាងរៀបការរួច?»ចាស្មីនសួរដោយមុខស្មើ។

«មីងគ្មានជម្រើសទេ! មីងត្រូវការខ្ញុំ ហើយ​ត្រូវតែជឿលើខ្ញុំ!»

ចាស្មីនទម្លាក់ភ្នែកទោមនស្ស។

ផ្លូរ៉ានិយាយបន្ត៖

«ខ្ញុំដឹងថា មីងជាអ្នកធ្វើឱ្យហាសិកាលោតស​ម្លាប់ខ្លួន!»

ចាស្មីនបើក​ត្របកភ្នែកឡើងមកវិញព្រោះមិននឹកស្មានថា ល្បិចគ្រប់យ៉ាងរបស់គាត់​ត្រូវ Record បាន​នៅក្នុងដៃនារីម្នាក់នេះទាល់តែសោះ។

ដោយញ័រមាត់ គាត់ពោល៖

«ខ្ញុំមិនយល់អ្វីដែលនាងនិយាយនោះទេ!»

ផ្លូរ៉ាញញឹម ហើយវាចាមួយៗ៖

«នឹកស្មានថារឿងដែលកូនអុកអ្នកមានៗរបស់មីង យកលុយលួងហាសិកា​រហូត​បានខ្លួនប្រាណក្មេងស្រីនិងបញ្ឈឺ ព្រមាន blackmail រហូតដល់ក្មេងស្រីលោកសម្លាប់ខ្លួន ស្មាន​ថាលាក់ជិត? មីងចង់ទម្លាក់លើគូខាន់? មី គិតថា ធ្វើបានសម្រេចដោយលាងស្អាតមែនទេ? នៅមាន​លោកទៀតJack សូម្បីតែខ្លួនឯងវេរលុយទៅជួបជាមួយបងស្រីគេដោយខ្ចីដៃអតីតលេខាសំអុយឈ្មោះនាងអេលីនោះនៅប្រទេសថៃ ស្មាន​ថា​ខ្ញុំគ្មានភស្តុតាង? នេះ Jack!»

ពួកគេ​នៅស្ងៀមសម្លឹង flash File ដែល floraដាក់មកលើតុនៅនឹង​មុខចាស្មីន។ ដោយយល់ថាកូនស្រីចៅហ្វាយក្រុងមានអ្វីៗគ្រប់យ៉ាងក្នុងដៃហើយ ទាំងJack​ និងស្ត្រីម្តាយចុងក៏បិទមាត់ដូចគេចុក។

នៅខាងណេះវិញ លីនដ៏ស្រងូតកំពុងឆែកឆេអាផាតមិនរបស់គូខាន់។ ទីនេះជាទីស្នាមស្នេហ៍របស់នាង នាងគួរនឹកគេ ប្រចណ្ឌគេ ​តែចិត្ត​ខឹងរឿងហាសិកាខ្លាំងបានជាលីនងងឹតមុខ។

ប្រសិនគេពិតជាមានអតីតកាលជាមួយប្អូនស្រីនាងមែន សូម្បីម្តងក៏លីនកុលាបមិនអធ្យាស្រ័យឱ្យដែរ។

ទោះយ៉ាងណា ​ឆែកអីក៏មិនឃើញ ស្រីអង្គុយ​សំកុកលើពូក​របស់គេ។

លីនមិនដឹងថា ផ្ទះនេះមាន​បង្កប់កាមេរ៉ាក្នុងទូរសព្ទដៃគេ​ទេ។ ស្រីលេខា​ អង្គុយ​គិតចុះឡើងនឹកក្នុងចិត្ត​ថា ប្រសិនបើរកមិនឃើញពេលនៅឆ្ងាយពីគេគួរ​តែនៅក្បែរគេវិញ​ក្រែងមានតម្រុយ។

ស្រីទីរទើរ​រួចក្រោកដើរចេញមកក្រៅនិងលើកទូរសព្ទខលទៅរកគេ។

សំឡេងរោទ៍….លាន់នៅក្រៅ…គឺនៅមាត់ទ្វារចូលមក។

គេមកដល់ពីពេលណា គេនៅឈររង់ចាំមើលនាងដែលរុករើបន្ទប់គេងគេ? ស្រីទម្លាក់ទឹកមុខទៅជាស្លេកសម្លឹងគូខាន់។ ដៃលីនក្តោបហ្វូន ខណៈសំណើចតូចមួយបានផ្ទុះចេញពីទ្រូងរបស់គេ ហើយគេចុចហ្វូនគេបិទ។

នាង​ឈរធ្មឹង…

គូខាន់ ​បានដើរទើមៗសំដៅមក។

​នាង​កំពុងគិតថា បើនាង​ចង់ឱ្យគេមកក្បែរដើម្បីស៊ើប ពេលនេះគេមកដល់ហើយ មករហ័សជាងការគិត គឺរហ័ស​ដល់ថ្នាក់ថា នាងមិនដឹងត្រូវដោះសារ ឬប្រើឫកពារអ្វីរំងាប់គេមិនឱ្យសង្ស័យនាង​។

គេមកដល់ទល់​នឹងខ្លួនលីន ​ជា​ពេល​ដែល​​រាងកាយ​របស់មនុស្ស​ពីរនាក់ឃ្លាតគ្នាយូរថ្ងៃ ឥឡូវនេះនៅជាប់​​នឹង​គ្នា។

លេខាបានក្រឡេកមើលទៅមុខគេ ខណៈប្រុសស្អាតសម្លឹងមកនាង​ដោយសើចៗ។

ស្រីខំ​រុញ​គេចេញ​​ម្ដង នៅមិនរបើក រុញ​ទៀត​លើក​នេះ​គូខាន់​ក៏ព្រម​ថយ​ចេញ​បន្តិច ប៉ុន្តែ​​នៅ​តែ​ចោមរោម​កន្លែងដែលលីនឈរ។

​ដៃគេ​ច្បាម​​ចាប់​នាង​មក​ទល់​នឹង​ទ្វារបន្ទប់ ឱ្យប្រឈម​ជាមួយ​នឹងរាងកាយ​ធំខ្ពស់​​របស់គេ។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*