រឿង៖ ចិត្តត្រួតត្រា ភាគទី៣៧

«បាត់ខឹងឬនៅ?»

នោះជាសំណួរមួយកំដរទេ តាមពិត​រាងកាយរបស់គេមិនមែនចង់បានចម្លើយប៉ុន្មាន តែកំពុងផ្តោតលើការគ្របដណ្តប់ចិត្ត​ កាយ និងបេះដូងលីន។

លីនសម្លឹងគេភ្លឹះៗ។

«អ្ហះ ឮសួរ?»

«អត់ខឹងទេ តែចង់បាន….ការពិត!»

«ការពិតអី? មករុករើពេញផ្ទះ មានន័យថាម៉េច?»

ពាក្យថា«ផ្ទះ»ញាំងចិត្ត​លីនឱ្យស្រងេះស្រងោច។ មិនដឹងពីពេលណាទេ គេចេះចាត់ទុកថាកន្លែងនេះជាផ្ទះ ហើយពាក្យខ្លីៗរបស់គេ ដូចជាទុកថា ផ្ទះសម្រាប់គេនិងនាង។

«បាន!» គេថាខ្លីពេលលីននៅទីទើ រួច​ថយចេញឆ្ងាយពីនាង បន្សល់ឱ្យលីននូវអារម្មណ៍សោកស្តាយ។ លីនហៀបនឹងនិយាយអ្វីមួយឃាត់គេ​ ប៉ុន្តែទូរសព្ទរបស់គូខាន់រោទ៍។

ថ្ងាស​របស់​គេតឹងតែង​​ដោយ​ការនឿយហត់ ហើយឈរបង់ជំទែង ​ទាញ​ទូរសព្ទ​​ពី​ហោប៉ៅ​ខោ ​យ៉ាង​លឿន។ ដោយភ្នែករបស់គេនៅតែផ្តោតសម្លឹងមកនាង​ គេបានឆ្លើយតបនឹង​ការហៅ៖

«បាទប៉ា?» គេនៅស្ងៀមពីរបីវិនាទី។

នាង​ក៏ស្ងៀមព្រោះជាប៉ាគេខលមក នាងមិនចង់សូម្បីឱ្យឮសំឡេងមួយអឹះណា។ នឹកឃើញផ្ទះនោះ លីននឹកដល់វេលា​ដ៏ឈឺចាប់ដែលបងស្រីធំគេ​និងប៉ាគេ​និយាយយករឿងទ្រព្យមកដាក់ពីមុខនិងបញ្ឈឺចិត្តនាង។

គេតែម្នាក់គត់បីនាង​ឡើងបន្ទប់ ស្អំ​ទឹកក្តៅឱ្យនាង និងបែរខ្នង​ទៅកាន់ពិភពអាណាចក្រ​ទាំងមូលរបស់គេ មកឱបក្រសោបតែនាង​ម្នាក់។

នាង​ស្រលាញ់គេខ្លាំង តែមិនដឹងហេតុអ្វី​ក៏ឈឺខ្លាំង​ក្រោយពេលបងប្រុសនាងនិងប្អូននាងបាត់ខ្លួនពីលោកនេះទៅ។

«OKប៉ា!» គូខាន់​​និយាយ​ទាំង​ទឹក​មុខ​ត្រជាក់​គ្មានមនោសញ្ចេតនា។

គេចុចបិទ ហើយដាក់ទូរសព្ទទៅលើទូតាំង បង្ហាញថាគេនឹងមិនចេញទៅណា​ងាយទេ។ ពេលនេះ លីន​សម្លឹងគេ​ដែលដើរឆ្ពោះមករកដោយទឹកមុខហត់នឿយ។

«ខ្ញុំទៅរៀបទឹកក្តៅក្នុងបន្ទប់ទឹក!» លីននិយាយតិចៗ។

គេមិនមាត់ ភ្នែកគេស្រពោន។ ស្រីលេខា បែរខ្នង​​បោះ​ជំហាន​ចេញ​ល្វត់ល្វន់​យ៉ាង​រហ័ស ​ដើម្បី​ឱ្យ​គេបានសម្រាកក្នុងអាងទឹកក្តៅដែលគ្មានទុក្ខព្រួយ។

ស្នូរជើងគេមកដល់ពីក្រោយ ពេលនាងនៅស្ទាបលាយទឹក។ ដោយមិនព្រមមើលគេ លីនធ្វើមិនឮសំឡេង​ទ្វារ​បើក ប៉ុន្តែ​គ្មាន​សំឡេង​បិទទេ។​ ចិត្តលីនសែន​​ ច្របូកច្របល់នឹកដល់បណ្តាអនុស្សាវរីយ៍ទឹកឃ្មុំដែលមាន​មកជាមួយគ្នា។

ព្រឹកមិញ គេហៀបនឹងឱបនាង តែអ្វីម្យ៉ាងបានខណ្ឌចែក​មនោសញ្ចេតនាពួកគេ។ គេចាកចេញហើយនិយាយថា«គ្មានអារម្មណ៍»។  តែនៅ Office គេបែរជា…មាន​អេលី​….អតីតលេខាដ៏ហាយសូ នៅក្នុងទ្រូងគេ។

ប្រចណ្ឌ!!!

លីន….ងាកមកវិញ ខណៈចាប់អារម្មណ៍ថា មានដង្ហើមក្តៅនៅខាងក្រោយក។ រាងកាយលីន​​កក​ក្នុង​ភាព​ភ័យ​ខ្លាច។

លីនមិនភ័យនឹង​គូខាន់ តែលីនភ័យ​ថាខ្លួនឯងសាជាថ្មី នឹងលង់គេភ្លេចអស់រឿងទាំងឡាយដែលនៅសង្ស័យ។

គេអង្គុយពីក្រោយនាង តែសំឡេងគេបញ្ឈឺនាង​៖

«បាច់ភ័យទេ! បងនឹងមិនប៉ះអូនទេ!!»

លីននៅទ្រឹងសម្លឹងគេតាមកន្ទុយភ្នែកស្តាំ។ ចង់ក្រោកក្រោកមិនបាន អង្គុយ​ក៏មិនសុខ។ មកនៅក្បែរគ្នាយ៉ាងនេះហើយ កោតតែគេអះអាងថាមិនប៉ះលីន តាមចិត្ត​។

នាង​នៅស្ងៀមមិនមាត់ បង្ហាញថា លីនក៏មិនទន់ដែរ។

«ទាល់តែអូនអង្វរបង លីនកុលាប!»

ពាក្យខ្សឹបរបស់គេធ្វើឱ្យបេះដូងលីន​ទទូចចង់បានគេ មនសិកា​តានតឹង ព្រោះកំពុងប្រឈមនឹងការប្រយុទ្ធនៃបេះដូង​មួយ ​ដែល​លោត​ញាប់ញ័រទៅដោយ​តម្រូវការស្នេហ៍។

ជាមួយ​នោះនាង​​បានឮស្នូរជើងគេ​​ដើរចាក​ចេញ​ម្ដង​ទៀត ហើយ​ទ្វារបន្ទប់ទឹក​គ្រឹប​ពី​ក្រោយខ្នងនាង​។ ស្រីស្ទុះស្ទាក្រោក ដោយ​យកដៃមកទប់ទ្រូង​ដែលញាប់ញ័រជាមួយខ្សែដង្ហើមយ៉ាងជ្រៅនិងវែង។

អង្វរ?

លីនគ្រញែងស្មា សម្លឹងស្នាមសើចឈឺចាប់នេះក្នុងកញ្ចក់។ គូខាន់ដឹងហើយថាគ្មានផ្លូវទេ លីនអង្វរគេសុំរួមភេទមែនអត់? សុំគេប៉ះ? សុំគេមកសង្កត់ចិត្តនាងសាជាថ្មី? លីនចង់សើច​ចំអក​នឹង​ការប្តេជ្ញារបស់គេ ថាឱ្យគេនៅរង់ចាំដល់សក់សចុះ​ តែបេះដូងលីនមិនព្រមសើចចំអកសោះ វាដូចជាមានចិត្ត​អាណិតរៀម។

​ពីនេះទៅក្រៅ លីនឃើញ​ខ្នងគេកំពុងឈរក្បែរតុឆុងកាហ្វេ។

សន្មត់ថា​សូម្បីកាហ្វេក៏មិនចង់ប្រើលេខាដែរ។ គេកំពុងធ្វើបដិវត្តជាមួយនឹង​បេះដូងគេដូចគ្នា។ ចង់ដឹងណាស់ គេមាន​កម្លាំងយកឈ្នះបេះដូងគេទេ?

ស្រីញញឹម​ស្ងួត ​រួច​​ដើរតម្រង់ទៅ។

នាងនៅពីក្រោយ ហើយនិយាយប្រាប់គេ៖

«ញ៉ាំកាហ្វេប្រយ័ត្នគេងមិនលក់!»

គេនៅស្ងៀមពេលឮពាក្យដូច្នេះ គឺគូខាន់មិនបែរក្រោយទេ ដៃគេនៅទើរបន្តិច​រួចបន្តដួសកាហ្វេ។ ដួសរួចគេចុចទឹកក្តៅដាំ។ ស្រីដកឌុយភ្លើងចេញ គេងាកមកមើលនាង​។

លីនដើរទៅពីមុខគេហើយ​ដកពែងកាហ្វេចេញពីម្រាម​ដៃបង។

គេដំបូងប្រកែកមិនព្រម តែក្រោយមកក៏បណ្តាយ។

គូខាន់សម្លឹងស្រទន់មកលើខ្ទង់ច្រមុះស្រួចរលេមដោយធម្មជាតិនៃភាពស្រស់ស្អាតរបស់លីន។ កាលចួបដំបូងកំពូលយាយ ហើយ​មិនហាយសោះ ឱបរឹតយូរទៅ ក៏ស្រលាញ់ទៅៗ ព្រោះគ្រប់យ៉ាង​តែងតែស្អាតទ្វេរាល់ពេលចួ​បគ្នាជាថ្មី។

ដៃស្រី​ប្រលេះឡេវផង ប្រាប់គេផង។

«CEO ត្រាំទឹកក្តៅសិន ចាំខ្ញុំធ្វើទឹកផ្លែឈើ!»

គេធ្វើគ ជាទម្លាប់រាល់ពេលគេ«ចង់»លីន។ ប្រុសរង្គើធ្មេញធ្វើមុខមាំ  ទ្រាំមិនឱនទៅថើបថ្ងាសនិងបបូរមាត់ដែលនៅក្បែរទ្រូង។

ម្រាម​ដៃលីនដោះអាវឱ្យគេ តែលីនមិនបានធ្វើនូវអ្វីដែលគេចង់ឮ គឺអង្វរគេ​ឱ្យ«ស្រលាញ់នាង»។ គេចង់ឱបលីនភ្លាម ដាក់ទៅ​លើ​គ្រែទន់​ៗ ហើយប្រលែង​​ដេកសង្កត់​លើ​រាងកាយមនុស្សស្រីឫកធំ តែពាក្យ​និយាយហើយ គូខាន់មិនចង់លេប គេដឹងថា បើពាក្យ«អង្វរ»មិនកើតឡើងទេ បានន័យថា​លីនមិនចង់ គេក៏មិនប៉ះនាង​ដូចគ្នា។

សល់ឡេវចុងក្រោយក្បែរផ្នត់៦ដែលជាសំណព្វរបស់លីន គេរុញដៃនាង​ចេញហើយដោះឡេវបង្ហើយដោយខ្លួនឯង។ លីនថយបន្តិច សម្លឹង​មើល​ប្រុសស្នេហ៍​លើកអាវលាត់ចេញ បញ្ចេញ​រាងកាយ​ក្រហម ណែន និងក្តៅ។ គេ​​បោះអាវចូលកន្ត្រកដែលត្បាញពីកំប្លោក ហើយបែរខ្នង​ដើរចោលលីនទៅកាន់បន្ទប់ទឹក។

សង្គ្រាម​ត្រជាក់មួយនេះ ត្រូវយកបេះដូងទាំងសងខាងមកដាក់ភ្នាល់ ម្នាក់ៗគ្មានអ្នកណាព្រមទោរទន់ទេ ព្រោះចង់ដឹងថា​អ្នកណា​ស្រលាញ់​អ្នកណាឱ្យប្រាកដ។

ការ​អង្វរប្រុសម្នាក់នេះ តាមថា​​​មិន​បាន​ធ្វើ​ឱ្យ​លីន​ខូច​ចិត្ត​ទេ ផ្ទុយ​ទៅ​វិញ​បាន​ធ្វើ​ឱ្យ​លេខា​​មាន​អារម្មណ៍​ថា ​មាន​កម្លាំងស្នេហ៍សន្ធប់និង​កក់ក្តៅ តែជ្រុលជា​ប្រកាសសង្គ្រាម​ហើយ មិនអាចចុះចាញ់រហន់ពេកឡើយ។ ជីវិតរបស់លីន គឺស្ម័គ្រនៅក្នុងដៃរបស់គេ តែជីវិតហាសិកា​និងបងប្រុសលីន មិនអាចស្លាប់បិទភ្នែកមិនជិតឡើយ។

នាង​ឮសូរស្នូរជើងគេចូលត្រាំក្នុងទឹក។ ស្រីទាញបើកទូទឹកកក រកផ្លែឈើមកកៀប។ លីនបានគ្រប់គ្រងអ្វីៗជុំវិញខ្លួនគេ នាង​ដឹង និងមាន​អារម្មណ៍​ថា ស្នេហា​របស់ខ្លួនមាន​អំណាចឆ្លងកាត់រាងកាយរបស់នាង​ចូលទៅ​រាងកាយគេយ៉ាងមានប្រសិទ្ធិភាព។ តែព្រឹកមិញ គេឱបអេលីធ្វើអី?

នៅពេលដែលនាង​សម្លឹងមើលភ្នែកស្រពោន​របស់គូខាន់ គេមិនមែនជាបិសាចដែលនាងជេរកាលចួបដំបូងទៀតនោះទេ គេជាបុរសម្នាក់ពេញដោយស្នេហា និងដែលកំពុងតស៊ូប្រឆាំងនឹងច្រវាក់ស្នេហាដែលនាង​កំពុង​រឹតរាងកាយគេ។

«ចង់បានច្រើនគូខាន់!» នាង​នឹកដល់សម្តីខ្លួនឯងក្នុងបន្ទប់នេះ ពេលដែលនាង​តស៊ូនឹងតម្រូវការភេទបែបអ្នកជំងឺរបស់គេ។

ហើយវាសាមញ្ញណាស់ មនុស្សស្រីអាចទ្រាំបានគ្រប់យ៉ាងឱ្យតែនាង​ស្រលាញ់​បុរសនោះ ចំណែកគូខាន់សម្រាប់លីនគឺ គេយកបានបេះដូងនាង​ទៅហើយ។

លីនក្រឡេកមកប្រអប់ថ្នាំហើយក្រឡុកមើល។ វាចុះសល់តែបន្តិចគ្រាប់ប៉ុណ្ណោះ។ គេប្រហែលធូរពីបញ្ហា​ផ្លូវចិត្តហើយបានជាគេមិនរញាំរញូវ បែរជាធ្វើសង្គ្រាមត្រជាក់។

«CEOយកការ៉ុតឬក្រូច?»

លីនធ្វើជាសួរ ព្រោះ​ស្ងាត់ហួស នាង​ចង់ឮគេ ចង់បាន​ការឆ្លើយតបពីគេ។ តែគ្មានចម្លើយ….ស្ងាត់។

លីនកិនផ្លែការ៉ុតលាយប៉ោម រួច​ដើរសំដៅទៅជាមួយថាសតូច។ ដោយ​ឆ្ពោះយឺតៗទៅរកគេ លីនឃើញគេធ្មេចភ្នែកលង់លក់ក្នុងអាងទឹក។

​ដង្ហើមគេកំពុងតែមានក្តីសុខ លីនញញឹម​ដោយមិនដឹងខ្លួន។ លេខាដាក់ថាសចុះលើម៉ាបថ្នមៗ​ហើយចង់នៅស្ងប់ស្ងាត់​សម្លឹងគេមានក្តីសុខបែបនេះ។

គេហត់នឿយណាស់មើលទៅ មកដល់ត្រូវនាង​ធ្វើឡូយឆាយដាក់​ទៀត​។ គេផ្លាស់ពីមនុស្សកាច កម្រោល និងផ្តាច់ការមកជាស្ងប់ស្ងាត់ ហើយអត់ធ្មត់ខ្ពស់ ព្រោះថ្នាំម្តាយគេ ឬព្រោះអ្វី?

លីនគ្មានចម្លើយទេ។

បបូរមាត់គេក្រាស់និងផ្អែម លីនចាំបាន។ ស្រីចង់ថើបបងណាស់ អូនក៏ហត់ដែរ តែអូនដឹងថា បើបានបងថ្នម​ក្នុងទ្រូង ចែកដង្ហើមជាមួយគ្នា លីនអាចភ្លេចចោលទុក្ខលោកា​មួយគ្រាបានពិតមែន។

ទោះយ៉ាងណា មិនចង់រំខានគេទេ នាង​នៅស្ងៀមបន្តិចប្រុងបែរខ្លួនចេញតែមិនដាច់ចិត្ត​សោះ។ នាងងាកមកវិញ ហើយសួរខ្លួនឯងទៀត «គេមាន​ក្បត់ខ្ញុំ ទៅធ្វើបាបប្អូនខ្ញុំទេ?»។

គិតដល់ត្រង់ណេះ នឹកឃើញរាត្រីផ្អែមល្ហែមនិងឈឺចាប់ដែលលីនត្រូវប៉ះគ្នាជាមួយគេ​ «ឱ្យប្អូនខ្ញុំចេញមក ហើយទៅហៅរក​លេខាល្អៗផ្សេងៗឱ្យមកធ្វើការ​ទៅ! មើលមើល៍ មនុស្សដូចខ្ញុំ មានស្អី?»

«មានច្រើនណាស់!»

លីនងាកមកគេដែលគេបិទភ្នែក តែភ្នែកមមីដូចមនុស្ស​ត្រូវសណ្តំស្នេហ៍ពេលគេសម្លឹងលីន ពេលគេចង់លេបត្របាក់លីន ជាកែវភ្នែក​ដែល​លីនផ្តិតចងចាំជាប់បេះដូង។ ពេលប្រុសលែងញញឹម ធ្វើខឹងៗ ចេញចរិត​មានៈចង់គ្រប់គ្រងរាងកាយលីន លីនពិតជាភ័យ ខ្លាច​តែ​លីន​ក៏លង់គេ។ ដំបូងលីនស្មានថាខ្លួននាង​លង់ប្រុសពាក់កណ្តាលអឺរ៉ុបព្រោះទម្ងន់ កម្លាំង និងសិល្បៈលើគ្រែរបស់គេ ធាតុពិតមិនមែនទេ គឺគេ​ល្អនឹងលីន លើសពីអ្វីនាងលេខាម្នាក់នេះស្មាន​។

គូខាន់ចងជីវិត​លីនយ៉ាងមាំ យ៉ាងជាប់ណែន តែមិនមែនព្រោះភាពកោងកាច តែគឺព្រោះបេះដូងទន់ភ្លន់របស់គេ។ លីន​ខាំមាត់សន្សំចិត្ត​រឹងរូស ប្រឹងក្រោកចោលមនោសញ្ចេតនា​រាយមាយ ក៏តូចនៅតែហត់នឹង​ទឹកភ្នែករឹមៗដែលហូរមកដើម្បីគេ។

ដៃឆ្វេងរបស់នាង​ត្រូវគេចាប់ឃាត់។

គេមិនមាត់ គេគេង ​តែគេឆាប់ភ្ញាក់ឡើង ជាមួយក្លិននិងសូរង្ហើមនាង​។ គូខាន់មានស្មារតីរឹងមាំណាស់លីនដឹងច្បាស់។ លេខាលើកដៃជូតទឹកភ្នែក ឱ្យបានស្អាត មុនពេលគេបើកភ្នែកមកឃើញភាពទន់ជ្រាយនេះ។

«លីន!»

គេហៅនាងតិចៗ។ ស្រីឈ្ងោកមុខ។

«មើលមកបង!» គេបញ្ជាស្អកៗ ហើយលេខាក៏​ធ្វើ​តាម។ ពេល​ដែល​ភ្នែក​គូស្នេហ៍​ចួប​គ្នា ខាងប្រុសបានក្រឡេកមកនាង​ដោយស្រពោន ក្រហម ទើបនឹងស្វាងពីគេងមួយស្រម៉ុក។

ចិញ្ចើមនិងភ្នែក​របស់លីន ​​មាន​ភាព​ច្របូកច្របល់។ លីនសម្លឹងបបូរមាត់គេដែលស្មើ មិនញញឹម​តែស្អាត និងមាន​សម្រស់ខ្លាំង។

ហើយ…តូច​​ងាក​មក​មើល​ដៃ​របស់​នាង​រំកិល​ដៃ​ឡើង​ចុះ​តាម​ប្រវែងម្រាម​ដៃថ្ពក់របស់គេ។ លីនវង្វេងនៅក្នុងចិត្ត​គំនិត មនុស្ស​បែបនេះ ម៉េចនឹងឃោរឃៅ​សម្លាប់បងប្រុសនាង​ដូចបងថ្លៃនាងប្រាប់?

«លីន» គូខាន់បានហៅទៀត ក៏នាង​មិន​បាន​ងើប​មុខ​ទេ ប៉ុន្តែ​​ឈប់ស្ងៀមក្បែរគេ។

«បងប៉ះអូនហើយ!»

នាង​លេបទឹកមាត់ដកដង្ហើមដែលតឹង។

«បងមិនអាចមិនប៉ះលីនបានទេ បងចាញ់!»

នាងញញឹម​តែឈ្ងោកដដែល។

«ចង់ឈ្នះណាស់!»

គេនិយាយខ្សឹបសឹងមិនឮ។

«មានណា៎!»

លីននិយាយហើយងើបមុខ​ ​ដើម្បី​ឱ្យ​គេបាន​សម្លឹង​មើលភាពស្មោះត្រង់និងស្នេហាក្នុងកែវភ្នែក​ពណ៌ក្រមៅ​របស់​នាង។ ប្រុស​ដកដៃមួយនោះមកប៉ះថ្ងាសលីនរួចតំអក់រង់ចាំពីរបីវិនាទីស្ទង់កម្ដៅនាង។

នៅពេលដែលនាងមិនញញើត ឬរើចេញ ប្រុស​ដកដៃនោះមករុំនៅពីក្រោយស្មានិងខ្នងរបស់នាង។

«ចូលមក!»

លីនសម្លឹងកែវភ្នែកអង្វររបស់គេ រួចក្រឡេកមករាងកាយរបស់គេ ក្នុងខ្សែទឹកក្តៅ។ ស្រី​ក្រោក​ឡើង​យ៉ាង​រហ័ស​ដោយ​ដោះអាវរបស់នាង​។ នាង​សម្លឹងគេបន្តិចសិន ឃើញគេញញឹម។ លីនញញឹម​តបរួចបែរខ្នង​ទៅចោមពុម្ពកន្សែងពោះគោ។

ជើងនាងលូកមកភ្លូកក្នុងទឹក ខណៈគេចំហមាត់រំភើបនឹងវត្តមាន​ស្រីលេខា។ ​ទ្រូងប្រុសម្នាក់នេះ កក់ក្តៅជាងទឹក​ដែលកំពុងត្រាំ។

​ដៃវែងៗរបស់គេ លូកមកកានទប់ភ្លៅនិងចង្កេះ ទទួលលីនឱ្យមកអង្គុយប្រលោះជង្គង់។ ភ្នែកគេ​លង់ជ្រៅទៅក្នុងកាមា។

ប្រុសទាញលីនអង្គុយ​ចុះចំកណ្តាលជើងគេទាំងសងខាង ហើយខ្សឹបដាក់សក់នាង​៖ 

«បងទ្រាំជិតដាច់ខ្យល់ហើយ!»

លីនញញឹម សម្លឹងគេ ថ្ពាល់នាង​ក្រហម។

គេនិយាយបន្ត៖

«បងចាំអូនអង្វរ!»

នាងសើចខឹកៗ រួចលើកដៃឡើងយឺតៗមកដាក់លើទ្រូងណែនៗរបស់គេ។

«លោកមានលេខាមុនៗ»

ថាហើយនាងក្តិចគេចុងម្រាម។

សាច់ប្រុសក្រហម តែចាញ់ភ្នែកប្រុសដែលសម្លឹងមកប្រឆាំងនឹងការគ្រឺតរបស់នាង​។ ហត្ថាថ្លៃបានរឹតបន្តឹងចង្កេះលីនភ្ជាប់ប្រាណស្រីមកកៀកគេ។

ពាក់កណ្តាលនៃផ្ទៃមុខរបស់នាង ត្រូវបានគ្របដោយសក់ខ្មៅ វែង និងទន់។ ដៃរបស់គេម្ខាងទាញ​គ្រវែងកន្សែងលីន។ ប្រុស​សង្កេតឃើញម្រាមដៃរបស់នាងម្ខាងកំពុងកោសលើស្បែកស្មាគេ  នាងអៀន តែនាងក៏មាន​អារម្មណ៍ បានជាលីនធ្វើវាដោយមិនដឹងខ្លួន។

ប្រុសផ្អៀង​ទៅ​មុខដាក់បបូរមាត់ក្បែរៗមាត់នាង តែមិនថើបលីនទេ។

គេនិយាយខ្សឹបៗ៖

«ប្រចណ្ឌ?»

នាង​សម្លឹង​មើល​គេ រង់ចាំស្នាមថើបនោះ តែគេពន្យារទាំងដែលលីនសា្តប់មិនឮពាក្យគេសួរឡើយ។ ដៃម្ខាងរបស់ប្រុស អង្អែលលើភ្លៅស្រីដែលអង្គុយកកក្រោមកម្លាំងតណ្ហា មើលមកភ្នែកគេអង្វរទាមទារស្នាម​ថើបពីគេ។

ប្រុសញញឹម មើលគ្រប់ចលនារបស់លីនដោយស្ងៀមស្ងាត់ ប៉ុន្តែដោយយកចិត្តទុកដាក់។ ភ្នែកលីនអង្វរ​ តែលីនគហើយ។

ពេលគេញញឹមស្រស់ណាស់ ញញឹម​ដែលដឹងថា នាងលង់គេ។

«បងនៅហ្នឹងហើយ បើមិនថើប ទុកឱ្យស្រីផ្សេង?»

ម្រាមនាងនៅលើស្មា មិនត្រឹមកោសស្បែកគេ តែបានក្តិចញិចសាច់គេ។ ប្រុសសើចខឹកៗ នាង​រឹតតែចងស្រេកឃ្លានចង់ភ្ជាប់ដង្ហើមជាមួយគេ។

លីនមិនបាន​លុតជង្គង់ទេគឺអង្គុយបត់ជើង ពាក់កណ្តាលនៅលើជើងឆ្វេងគូខាន់ ហើយពាក់កណ្តាលទៀតនៅលើអាងថ្មម៉ាប។

នាង​យកដៃស្តាំរបស់នាងមកកានថ្ពាល់ឆ្វេងគេ។ ភ្នែកស្រី​ក្រឡេកមើលទៅភ្នែករបស់ប្រុសស្នេហ៍ម្តងខាងឆ្វេងម្តងខាងស្តាំ។ បេះដូង​លីន​កំពុងជំពប់​ដួល​ចំពោះ​ទុក្ខ​លំបាក​ដែលមិនដឹងធ្វើយ៉ាងណាចំពោះស្នេហាងប់ងល់មួយនេះ។

​«លោកជាប្រុសក្បត់ចិត្ត​!»

នាងមិនយំទេ គ្រាន់តែនិយាយស្រពោនៗ។ គូខាន់លែងញញឹម ព្រោះកំពុង​ជឿជាក់ថា គេប្រទះនៅក្នុងជម្រៅភ្នែករបស់នាងនូវអារម្មណ៍ឈឺចាប់ប្រចណ្ឌពិតៗ។ សម្លឹងមើលនាង គេរំកិលដៃរាវរកកូនកន្សែងជូតមុខ មកពូតទឹកនិងជូតស្អំ​លើដៃនាង មុខនាង​ថ្នមៗ។

នេះជាបំណង​សម្រាលការឈឺចាប់ក្នុងចិត្ត​នាង។ ស្មា​ដ៏​តានតឹង​របស់នាង​ចាប់​ផ្តើម​សម្រាក នាងទ្រោបមកលើទ្រូងប្រុស ទុកឱ្យគេមាន​ឱកាស​ជូតថ្នមខ្នងនាង។ ប៉ុន្មាន​ថ្ងៃនេះលីន ហត់នឿយណាស់ ហើយរឹតតែអស់សង្ឃឹម គឺពេលដែលលីនផ្តើមសង្ស័យលើមនុស្ស​ដែលនាងមានម្នាក់ចុងក្រោយក្នុងលោកនេះ។

នាង​យំសសិត។

«គូខាន់! ក្រៅពីលោក ខ្ញុំគ្មានអ្នកណាទៀតទេ!»

ចិត្តរៀមសឹងប្រេះជាពីរ។ គេមិនចង់ឃើញកែវភ្នែកដែលគ្មានជីវិតរបស់នាងក្នុងសភាពអស់សង្ឃឹមទេ គេឱបនាង​ហើយទម្លាក់កន្សែងចោល។

នេត្រា​និងរាងកាយ​ស្រីក្រមុំដែលពីមុនមាន​តែភាពភិតភ័យចំពោះគេ ឥឡូវនេះ ត្រូវការគេការពារនាង​។

បបូរ​មាត់នាយ​ដាក់មកលើសក់នាង គេចង់ស្រូបយកអស់នូវការឈឺចាប់ ឯកោនិងហត់នឿយទាំងប៉ុន្មានេះចេញ ប៉ុន្តែ​គ្មាន​ពាក្យ​អ្វី​ចេញ​មក​។

ខាងស្រីនៅតែបន្តសំឡេងទាំងអណ្តឺតអណ្តក៖

«ប្អូនខ្ញុំត្រូវស្លាប់យ៉ាងឈឺចាប់!»

«បងមិនមិនពាក់ព័ន្ធទេ!!»

គេវាចាខ្លី តែលីនគាំងព្រោះនាងត្រូវទាញ​អារម្មណ៍នឹងពាក្យមួយឃ្លានេះ។

ដៃប្រុសដាក់មកលើចង្កេះលីនហើយនិយាយទៀត។

«បងមិនដែលចួបហាសិកាទេ​តាំងពីយើងបានគ្នា!»

«ចុះមុននោះ!»

«គេទាក់ទងជាមួយDark តែបងមិនចាប់អារម្មណ៍កូនក្មេងទេ!»

លីននៅស្ងៀម តែនាង​ខំ​គិតរំឭករឿងទាំងអស់ពីមុនឡើងវិញ។ សម្តីគូខាន់ គួរជឿ ព្រោះគេនេះហ៊ានធ្វើហ៊ានទទួល។

«អ្នកណាមកពង្វក់ឱ្យអូនស្អប់បង?»

គេសួរបែបនេះ​ ធ្វើឱ្យនាងងើបមុខសម្លឹងប្រុសថ្លៃ។  បន្ទាប់ពីសម្អាតសំណោកចេញពីបំពង់កជាច្រើនដង លីនចង់ហានិយាយនៅតែស្តីមិនបាន។

នាងមិនអាចនិយាយរឿងបងអមរារបស់នាង ក៏មិនចង់និយាយពី Jack។

«អ្ហះ? មនុស្សដេកជាមួយគ្នា មិនទុកចិត្តគ្នា!»

ដឹងថា គេអន់ចិត្ត ហើយក៏ដឹងដែរថា នាងមានកំហុសខ្លាំង។ កាលលើកមុន គេច្របាច់កនាង​ព្រោះសង្ស័យលីនថា បាន​លួចឯកសារ។  កាលនោះលីនចាំបានថា ឈឺចាប់ណាស់ ពេលនេះ នាងក៏​យល់ពីការឈឺចាប់របស់គេ។

ស្រីចង់សុំទោសគេ មានតែឱនទៅថើប តែប្រុសគេចចេញ។

លេខាថើបបងមិនបាន ក៏​ងើបមុខមកវិញសម្លឹងគេ។

«ជិតរៀបការជាប្តីប្រពន្ធហើយ ហេតុអ្វី​ស្តាប់អ្នកដទៃម្តងហើយម្តងទៀត?»

នាង​ព្រិច​ភ្នែកញាប់ បណ្តាលឱ្យ​ទឹកភ្នែក​ដែល​ស្រក់​មកដក់​ក្នុង​ភ្នែក​រលើបរួច​ស្រក់​ចុះ​មកកំដរ​លើ​ថ្ពាល់​ពណ៌​ផ្កាឈូក។

 «បងដឹងថាអូនឈឺចាប់ តែអូនគួរឆ្លាតបន្តិច គួរចេះពិភាក្សា!»

ប្រុស​យកមេដៃមកប៉ះលើថ្ពាល់ទន់ៗរបស់នាង ជូតទឹកភ្នែករបស់នាងចេញដោយថ្នមៗ។

ស្រីលេខាបន្តសម្លឹង​មើល​មកគេ គូខាន់ដឹងថា នាងពិបាករកពាក្យ ដូច្នេះនាងគ្រាន់តែសម្លឹងមកដោយមិនអាចហើបមាត់។

ដៃរបស់គេនៅតែគោះថ្ពាល់របស់នាង រំកិលវាឡើងលើបន្តិចវែក​សក់របស់នាងចេញ។

«បងខឹងបានជាឱ្យអេលីមកOffice»

សារជាថ្មីលីនក្តិចស្មាគេទៀត ធ្វើឱ្យគូខាន់សើចក្អឹកៗ។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*