រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី៥៨

ឥន្រ្តាដែលកាលពីមុនត្រឹម​តែប្រែប្រួលកាយសម្បទា សាច់ដុំមានកម្លាំងខ្លាំង ស្បែកស្វិត ស្ពឹក មិនចម្លងការឈឺចាប់ទៅកាន់ប្រព័ន្ធសរសៃប្រសាទ ពេលនេះថែមមួយជាន់ទៀត គឺសភាពខួរក្បាលដែលបែ្រប្រួល IQ ។ ប្រតិកម្មអត់ដង្ហើម គ្មានជីពចររបស់គេ​បានកើតឡើង ហើយគេស្ទុះក្រោក​ដឹងខ្លួនមកវិញ ពេលឮសម្រែកយំសោកដែលភ្ញោចបេះដូងគេ។

សំណោករបស់នារីម្នាក់ដែលមានឥទ្ធិពលបំផុត​លើបេះដូងឯកាមួយនេះ ហើយគេមិនដឹងរឿងនេះឡើយ រហូតដល់ពេលនេះ វិនាទីនេះ គេឱបនាង​ជាប់ដើមទ្រូង ថែមទាំងឃាត់មិនឱ្យនាងយំ។

រហូតដល់ងាកមកសម្លឹងជុំវិញខ្លួន ប្រទះឃើញប្អូនប្រុសដែលផ្តោតភ្នែកមកសម្លឹង​នីយ៉ាក្នុងល្វែងទ្រូងនាយ ទើបឥន្ត្រាជ្រួញចិញ្ចើមដឹងខ្លួនឯងថាកំពុង​ធ្វើអ្វី។

សាជាថ្មី គេកម្រើករង្វង់ហត្ថាលែងប្រាណនាង។

«យើងនៅឯណាប្អូនប៉ូលិស?»

ពាក្យ​សួរមួយនេះ ធ្វើឱ្យយូស៊ូនឹកឃើញដល់មនុស្ស​កោះបេះដូងដែលកំពុងជាប់ខ្នោះ។

ដូចគ្នា! នីយ៉ាងើបខ្លួនដោយមុខក្រញូវ​រួចដៀងមកសម្លក់យូស៊ូ។ មាត់នាង​ពោល៖

«មនុស្ស​ទឹកកក! ឆាប់ឡើង! ទៅប្រាប់ប៉ូលិសថាខ្លួនមិនស្លាប់ទេ! នឹងអាលពួកគេដោះលែងបងៗខ្ញុំ។»យូស៊ូទម្លាក់ភ្នែកពីស្រីល្អ។

ការខឹងសម្បានឹងគ្នា​លើកនេះ ​គេដឹងថា មេឃរលំក៏ពិបាកនឹងតាម​អង្វរសង្សារឱ្យមកល្អនឹងគ្នា​វិញដែរ តែគេនៅតែមិនធ្លាប់ស្តាយក្រោយដដែល ដែលបានវាយខ្នោះបងៗនាង​។

«ទោះបងឥន្ត្រាមិនអី!​ តែក៏មិនបញ្ជាក់ថា ពួកកោះបេះដូងបាន​មិនធ្វើអីគាត់ដែរ! ប្លន់គ្រែពេទ្យមួយទាំងមូល!»​

ឥន្ត្រាមិនយល់ គេរេភ្នែកមើលជុំវិញខ្លួន​ ខណៈទ្វារកំពុងត្រូវបានចុចបើកសន្សឹមៗ។

«ប្លន់គ្រែពេទ្យអី?»

«គីម៉ាល់នៅកោះបេះដូង!» យូស៊ូឆ្លើយមកភ្លាម​។

នីយ៉ាខាំមាត់លើកដៃជូតទឹកភ្នែកជាមួយកំហឹង​ដិតដាម​។ ឥន្ត្រាមិនបានរវល់ជាមួយអ្នកណាទេ គេជ្រួញចិញ្ចើមឈឺក្បាលពេលឮប្អូនប្រុសរំឭកឈ្មោះនេះ«គីម៉ាល់!»។

សំឡេងមួយគេនៅចងចាំចុះឡើងជាប់ក្នុងក្បាល «មុនពេលបងចេញទៅឌូបៃ ឯងប្រាប់បងថា ឯងមានការងារធំត្រូវធ្វើ ហើយពេលចប់ឯងនឹងទៅរកបង! តែឯងមិនបានមកទេ! ឯងបានបោះបង់ចោលបងប្រុសរបស់ឯងឱ្យឯកោ!»។

គេឈឺក្បាលណាស់។

ក្រៅពីសំឡេងនេះ គេឃើញ​បង្គោលសឺរ៉ូមយោល។

ពិតជាមានអ្នកណាម្នាក់កំពុងរុញគ្រែគេចេញ ហើយនិយាយពាក្យជាច្រើន​មករកគេ។ ចាំបានថា បេះដូងវិលវល់ លោតញាប់។ គេតឹងថប់ចំកណ្តាលចំណោទនៃការចងចាំខ្លះ មិនយល់ខ្លះ រំញោចនិងរងសម្ពាធ។

«នីដា!»

កាលណោះគេ​វាចារវើរវាយ ហើយអ្នករុញបានឱនមុខមក។ នឹកឃើញហើយ! គីម៉ាល់ ម្ចាស់ប្រុសកោះបេះដូង គេនោះនៅកៀកប​ង្កើយហើយគេ​ស្រក់ទឹកភ្នែក។ គេឮឥន្ត្រាហៅឈ្មោះនីដា បានជាគេឈប់រុញគ្រែ រហូតដល់មនុស្ស​ជាច្រើនមកទាន់។

«គេប្រាប់ថា យកខ្ញុំទៅព្យាបាលនៅប្រទេសចិន!»

ឥន្ត្រាវាចាតិចៗ មិនដឹងថានិយាយរកអ្នកណាឱ្យប្រាកដ ​គេឈឺក្បាលណាស់​ គេញីក្បាល។

នីយ៉ាងាកមកយ៉ាងបន្ទាន់។ គេសម្លឹងមុខ​ភាំងៗរបស់នាង ហើយលាន់សំណួរខ្លី៖

«ម៉េច?»

ពេលត្រូវគេសួរស្រីស្រាលៗ នាងមិនតបបែរជាឈានក្បែរនិងសួរបកវិញខ្សឹបខ្សៀវ៖

«អ្នកណាថាដឹកខ្លួនទៅចិន? បងខ្ញុំ…..បងថ្លៃខ្ញុំ​ គីម៉ាល់មែនទេ?»

នាង​ខំសួរបញ្ជាក់ ព្រោះថាព័ត៌មាននេះមានឥទ្ធិពល​ដល់ការដោះលែងបងៗនាង​។ ប្រុសស្អាតគ្មានចម្លើយទេ។ គេនៅរេភ្នែកសម្លឹងនាង​ចុះឡើងទាំងដែលនាង​ទទូចចង់ឱ្យរៀមហាស្តី។

ឃើញនីយ៉ានិងយូស៊ូតាមសម្លឹងភ្លឹកដោយសេចក្ដីងឿងឆ្ងល់ ឥន្ត្រាធ្មេចភ្នែកបន្តិច។

គ្មានអ្នកណាម្នាក់អាចយល់បានទេ​ អំពីភាពប្រឆាំងគ្នាដ៏ស្រួចស្រាល់នៅក្នុងប្រាណនិងអារម្មណ៍របស់គេពេលនេះ។

រាងកាយទើបតែប្រតិកម្មប្រឆាំងគ្នារួចហើយ ពេលនេះសតិបញ្ញា ចិត្តគំនិត រឹតប្រឈមទៅនឹងសម្ពាធនៃការប្រឆាំងរវាងអ្វីមួយក្នុងប្រព័ន្ធចងចាំស្រពេចស្រពិលនិងការពិតចំពោះមុខ ដែលសុខៗក្រោកមកឃើញខ្លួនឯងនៅទីនេះ។

នីយ៉ាឈានសន្សឹមៗចុះពីលើរថយន្តផ្ទៃចង្អៀត។

មុននេះនាងស្ទុះឡើងមកមិនខ្វល់ថាចង្អៀត មិនខ្វល់ថាមានសាកសពមួយនៅជាមួយ ពីព្រោះនាងបារម្ភអំពីបងៗ ពេលនេះអស់បារម្ភអំពីបងៗ នាង​សល់តែខឹងស្អប់ចំពោះយូស៊ូដែលធ្វើឱ្យទឹកភ្នែកនាងហូរ។ កូនពៅម៉ឺនយូប្រកាន់ឫកពាដាច់ធម៌មេត្តាចំពោះនាង គេគិតតែអារម្មណ៍គេ មិនយល់ដល់អារម្មណ៍មនុស្ស​ស្រីម្នាក់ដែលប៉ុនប៉ងថានឹងផ្ញើជីវិតទៅមុខជាមួយគេ។

ចំណែកភាពកក់ក្តៅស្រាប់តែកើនភាគរយឡើងឥតឈប់ឈរនៅពេលដែលក្រឡេកទៅកាលណា ឃើញឥន្ត្រាដៀងមុខសម្លឹងនាង។

មិនថាបុរសទឹកកកម្នាក់នេះកំពុងតែរងគ្រោះដោយភាពច្របូកច្របល់ខាងរាងកាយ សរសៃឈាម បេះដូង ភាពច្របូកច្របល់ខាងផ្នត់គំនិត​ ការសញ្ជឹងគិតស្មុគស្មាញ ព័ត៌មានច្រើន​ហួស​ក្នុងសំណុំសរសៃប្រសាទ តែគេមិនដកភ្នែកទៅណាចោលនារីតូច។

គេដូចជាចង់បង្ហាញតាមក្រសែភ្នែកថា មិនថាគេមានរឿងអ្វី កំពុងធ្វើអ្វី ឬកំពុងចួបប្រទះបញ្ហាអ្វី  នាង​នឹង​ជាអ្នកដែលត្រូវនិយាយប្រាប់គេទាំងអស់ ហើយ​គេកំពុងចង់បានចម្លើយ ព្រោះគេចង់ស្ដាប់នាងតែម្នាក់និងជឿលើនាង​​ មិនមែនយូស៊ូប្អូនប្រុសពៅរបស់គេដែលកំពុងសម្លឹងមកនោះទេ។

«បងឥន្ត្រា!»

យូស៊ូហៅឃាត់ ព្រោះមនុស្សទឹកកកកំពុងឈានជើងមួយចំហៀងប្រុងចុះមកតាមនីយ៉ាដោយមិនដឹងខ្លួន។ នៅលើដី ស្រីស្អាតតាម​សម្លឹងគេដោយទឹកមុខរីករាយផង និងឆ្ងល់ផង។

យូស៊ូនិយាយបន្ត៖

«បើបងលែងអីហើយយើងទៅកោះHវិញ មិនបាច់ចុះទេ!»

«អត់ទេឥន្ត្រា!»

នាងនិយាយប្រកែកនឹងយូស៊ូ ដោយមិនសម្លឹងមុខ។ ប្អូនស្រីពៅគ្រួសារប៉ូលិសប្រកាន់ទឹកមុខមាំ។ នាងក្តាប់មាត់និយាយខ្លីៗបន្ថែម​ទៀតមកកាន់កែវភ្នែកស្រទន់របស់ប្រុសស្អាត៖

«ខ្លួនត្រូវនៅទីនេះ នៅភ្នំពេញ ព្រោះបងៗខ្ញុំត្រូវការយុត្តិធម៌!»

ឥន្ត្រានៅសំកាំងស្តាប់ គេភ្លឹកនឹង​ទឹកមុខកាចៗរបស់នាង ខណៈនីយ៉ាពន្យល់ទៀត៖

«ប្អូនចង្រៃរបស់ខ្លួន ឱ្យប៉ូលិសមកវាយខ្នោះចាប់បងៗខ្ញុំដាក់គុក!»

ឥន្ត្រាដៀងកន្ទុយ​ភ្នែកមករកប្អូន ព្រោះយូស៊ូត្រូវនាងជេរនៅនឹងមុខគេ។

បងៗរបស់នាង?

ក្បាលគេគិតជុំវិញសម្តីនាង។

មួយប៉ប្រិចភ្នែកនេះ គេនឹកឃើញសាជាថ្មីគឺហាន់ដានិងគីម៉ាល់ រួចបន្ទាប់មក ប៉ូលិសជេន។

ប្រុសវាចាខ្សោយៗមករកកល្យាណ៖

«បងរបស់យើង….ប៉ូលិសម្នាក់នោះ​ទៅដល់កោះHទាំងយប់! ព្រោះរកយើងមិនឃើញ គេខឹងតូងតាង រករឿងសម្លុតចង់កាត់ជើងយូស៊ូ!»

ស្រីស្អាតស្តាប់វាចាស្រាលៗខ្សោយៗមួយឃ្លាយ៉ាងវែងនេះហើយស្រាប់តែលេបទឹកមាត់ភ័យ សម្លឹងទៅមុខប្រាកដប្រជារបស់ប្រុសច្បងដែលឈានចុះមកសន្សឹមៗនាំកាយដ៏ខ្ពស់ស្រាវលលៃរបស់គេ មកឈរតទល់ពីមុខនាងក្បែរគូថឡាន។

នាង​កប់យោបល់អំពីរឿងរ៉ាវរវាងគេនិងបងប្រុសនាងនៅលើកោះH។ កាលណោះចាំបាន​ត្រឹមថា មនុស្សនេះដឹកនាង​​មកឱ្យប្អូនប្រុសគេហើយ ក៏បាត់ទៅសូន្យ។ ពេលនាងនិងយូស៊ូ​កំពុងតែយល់ចិត្តគ្នាទៅលើផ្ទៃទឹក ស្រាប់តែមានអ្នកនាំពាក្យមកថា គេនេះរងរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យហើយ។

ពេលនេះ​ឮដំណឹងនៃទំនាស់បងជេននាង​ជាមួយកោះH វិវត្តទៅជាធ្ងន់កម្រិតនេះ នីយ៉ា​បានត្រឹម​លើកដៃម្ខាងទប់ថ្ងាសឈ្លី​ព្រោះតឹងតែង….

«កុំគិតច្រើន!»

ស្រីបើកភ្នែកខ្វាច់មកវិញ នៅពេលដែលគេនិយាយហាមនាងសូម្បីតែរឿងគិតច្រើន។

ពន្លឺភ្នែកដោយក្ដីអាណិតស្រឡាញ់ ការយល់ចិត្ត ប្រៀបដូចជាមិត្ត​ជិតស្និទ្ធម្នាក់កំពុងឱ្យមក។ ហេតុអីឥន្ត្រាឱ្យមកនាងបានគ្រប់ពេលវេលា ចុះហេតុអីមនុស្សចង្រៃម្នាក់ដែលទើបតែឈានជើងចុះពីឡាន​មកតាមពីក្រោយបងប្រុសនោះ មិនព្រមឱ្យនាងនូវសមានចិត្តយល់គ្នា​នេះផង?

ស្រីស្អាតដៀងភ្នែកសម្លឹងទៅយូស៊ូទាំងខឹងសម្បា។

«ចួបបងខ្ញុំលើកក្រោយ ​បើគាត់ចង់កាត់ជើងអ្នកណាឱ្យគាត់កាត់ទៅ បងខ្ញុំធ្វើត្រូវហើយ!»

ស្រីថាបញ្ជោះព្រោះខឹង ធ្វើឱ្យយូស៊ូញាក់ស្មាឌឺយ៉ាងអំនួតព្រោះបានចងបងៗនាង​ទៅហើយ មានរឿងអីមកកាត់ជើងខ្លួនបាន។

ទោះបីថាទេវបុត្រកោះHបាន​នាំមកនូវរាងកាយខ្ពស់សង្ហាឈរពីក្រោយបងប្រុស ហើយគេជាមនុស្សប្រុសដែលនាងសែនស្រលាញ់សឹងលែងគិតពីជីវិត​ខ្លួន ប៉ុន្តែពេលនេះ នាងពិតជាមិនចង់សូម្បីតែឃើញមុខគេ កុំថាឡើយឮសំឡេងគេ។

ស្រីស្អាតងាកមកសម្លឹងប្រុសច្បងហើយនិយាយមួយៗ៖

«ឥន្ត្រា! បងខ្ញុំធ្វើអីខ្លួន មានទំនាស់អីជាមួយខ្លួន ខ្ញុំអត់ដឹងទេ ទើបតែឮខ្លួននិយាយ ប៉ុន្តែខ្លួនដឹងអត់ គាត់ជាប៉ូលិសល្បីម្នាក់ ប្អូនប្រុសរបស់ខ្លួនបានប្ដឹងប៉ូលិសឱ្យមកចាប់នាំបងថ្លៃខ្ញុំនិងបងស្រីខ្ញុំ ចេញ ទៅកណ្តាលជំនុំចំណោម ចោទថា ពួកគាត់ជាអ្នកសម្លាប់ខ្លួន!»

ឥន្ត្រាស្ងប់ចិត្ត​ស្តាប់ពាក្យនាងមិនរបូតមួយម៉ាត់ គេ​ធ្វើមុខងឿងឆ្ងល់។ រីឯយូស៊ូវិញពោលទូលពិត៖

«គេជម្រិតគ្រែអ្នកជំងឺយកចេញ!»

យូស៊ូនិយាយដោយទឹកមុខស្មើពីក្រោយខ្នងបងប្រុស ធ្វើឱ្យឥន្ត្រាងាកទៅតែបន្តិចប៉ុណ្ណោះដើម្បីផ្ទៀងស្ដាប់។

ដូចរាល់ដង មនុស្សទឹកកកម្នាក់នេះមានឃានវិញ្ញាណនិងសោតវិញ្ញាណខ្លាំង សុទ្ធតែប្រើការបានត្រឹមនិយាយម្តង គេស្ដាប់បាននិងយល់ការណ៍ទាំងអស់ មិនបាច់និយាយពីរដងទេ។

«ជម្រិត​គ្រែស្អីទៅ?»

នីយ៉ាឈ្ងោកមុខនិយាយតិចៗ៖

«ពេលខ្លួន​មកពីកោះHក៏ធ្លាក់ក្នុងសភាពជាមនុស្សសន្លប់ ព្រោះមាន​ប្រតិកម្មរាងកាយ ហើយត្រូវការ​សង្គ្រោះ​!​»

«សង្គ្រោះបន្ទាន់?» ឥន្ត្រាលាន់មាត់ភ្ញាក់ផ្អើលខ្សឹបៗ។

នាង​មិនទាន់បានបកស្រាយតបនឹងប្រុសស្អាតវិញនៅឡើយ ស្រាប់តែយូស៊ូឆ្លើយមុនក្នុងសព្ទសំឡេងខ្សោយៗ៖

«មនុស្សចង្រៃនៅកោះបេះដូង លើកគ្នាមករោមព័ទ្ធជុំវិញបន្ទប់សង្គ្រោះបន្ទាន់! ក្រោយមក ឆ្លៀតពេលដែលខ្ញុំរវល់ចួបប្រជុំជាមួយដុកទ័រ ក៏ហ៊ាន​មកលបរុញគ្រែយកបងឯងចេញ!»

នីយ៉ាពិបាកចិត្ត លបដៀងសម្លឹងប្រុសច្បង។ ជាមួយទឹកមុខត្រជាក់គ្មានមនោសញ្ចេតនារបស់គេ នាង​បារម្ភណាស់។ គេមិនដែលទុកចិត្ត​បងៗនាង តែងតែប្រជែងជាមួយជេនរបស់នាង​។

ពីរនាក់គេ ចួបគ្នាម្តងណាក៏មានរឿងគួរឱ្យចងចាំដែរ។

«បងថ្លៃខ្ញុំ ធ្វើអីមានហេតុផលរបស់គាត់!»

នាង​និយាយទីទើរទាំងដឹងដែរថា គីម៉ាល់ពិតជាធ្វើខុសមែនដែលមកឆ្មក់ពង្រត់គ្រែអ្នកជំងឺ។

«ម្នាក់គីម៉ាល់នោះ!» ឥន្ត្រា​វាចាតិចៗ ហាក់ដូចជាកំពុងនឹកឃើញនិងព្យាយាមស្វែងរកការចងចាំមកវិញ​លើរឿងអ្វីមួយសំខាន់។

ការលាន់មាត់តិចៗរបស់គេ​នេះ បានធ្វើឱ្យទាំងយូស៊ូទាំងនីយ៉ា​សម្លឹងមកស្ងាត់ស្ងៀមនិងចួនកាលភាំងៗ ព្រោះមិនដឹងហេតុអ្វីគេនិយាយពីឈ្មោះបងថ្លៃនាងច្បាស់។

មិនយូរប៉ុន្មាន​ឥន្ត្រានិយាយបន្ត៖

«បងថ្លៃយើងនៅឯណាចន្ទនីយ៉ា ខ្ញុំមាន​រឿងខ្លះចង់សួរគេ?!»

នាង​លេបទឹកមាត់បារម្ភ។

មនុស្ស​ទឹកកកអាចរោមព័ទ្ធដោយកំហឹង​ ហើយ​បន្ថែម​ស្ថានទម្ងន់ទោស​ដល់បងប្រុសនិងស្រីរបស់នាង​ឬអត់ គ្មានអ្នកណាធានាទេ។ ប្រុសៗអស់នេះ ឱ្យតែមានរឿង​ការងារចូលមក ពួកគេ​កាចណាស់ និយាយគ្នាមិនដឹងរឿង​ឡើយ។

នាង​កំពុងរកមធ្យោបាយពន្យារនិងពន្យល់ ស្រាប់តែឮគេវាចាមកបន្ថែមស្រាលៗ៖

«ពេលបងដេក ​ចាំបានថា ម្នាក់ឈ្មោះគីម៉ាល់នោះមកដល់មែន! គេនិយាយនឹងបងច្រើនណាស់​ មិនដឹងរឿងអីខ្លះទេ! ចម្លែក!»

យូស៊ូសម្លឹងបងប្រុស មិនយល់ថាគីម៉ាល់មានរឿងអ្វីនិយាយនឹងឥន្ត្រាក្នុងICUទេ ចំណែកនីយ៉ា​វិញនាង​ប្រញាប់ពោលពន្យល់៖

«បងថ្លៃខ្ញុំនិងបងហាន់ដាត្រូវបញ្ជូនទៅកន្លែងប៉ូលិស ពីបទចោទថា….សម្លាប់មនុស្ស​! គិតមើលចុះ បងខ្ញុំសម្លាប់អ្នកណា?​ ខ្លួនឥឡូវនេះនៅរស់ជ្រងោរទេ? មក! ឆាប់ឡើងឥន្ត្រា​! ឆាប់ទៅប្រាប់ឱ្យពួកគេ​ដោះលែងបងៗខ្ញុំទៅ! ទៅដកពាក្យបណ្ដឹងចេញវិញឮអត់!»

ឥន្ត្រាសម្លឹងភាពអង្វរករនិងអន្ទះសាក្នុងអាកប្បកិរិយារបស់នាង​។ គេមិនទាន់អាចចែកដាច់ថាអ្វីពិត អ្វីមិនពិត រូបភាពគីម៉ាល់នៅលើគ្រែរបស់គេ ហើយយំជូតទឹកភ្នែក? ការនេះគ្រាន់ជាក្តីស្រមៃ? សេដ្ឋី​មានកប់ក្តោងម្នាក់នោះត្រូវជា​អ្វីនឹងគេ ហេតុអ្វីមកជូតទឹកភ្នែក?

មិនទាន់វាចាថាយ៉ាងណាតបនឹងសំណូមពរកែវល្អ គេឃើញយូស៊ូដើរមួយៗមកពីមុខ​នាង ​ហើយនិយាយស្រាលៗឌឺនាង​​៖

«កុំធ្វើតាមគេនេះប្រាប់! មនុស្សកោះបេះដូងមានល្បិចច្រើនណាស់! យើង​ត្រូវឱ្យប៉ូលិស​សួរចម្លើយពួកគេថា មកមន្ទីរពេទ្យនេះធ្វើអី? ហេតុអ្វីគេចូលទៅកន្លែងបងកំពុងឈឺធ្ងន់?​ ហេតុអ្វី​បានជាគេពង្រត់រុញគ្រែយកបងឯងចេញ?»

ឥន្ត្រានៅស្ងៀមខណៈគូស្នេហ៍ទាំងទ្វេសម្លក់គ្នា​ដោយកែវភ្នែកតូចចិត្ត​និងឈឺចាប់។ មនុស្សទឹកកកទើបតែមានក្តីសុខដែលបានធ្វើឱ្យពួកគេត្រូវរ៉ូវគ្នាវិញ ស្រាប់តែពេលនេះ យូស៊ូនិងនីយ៉ាត្រូវបែកបាក់ដោយសាររឿងរបស់គេ?

ហេតុអ្វីគេសន្លប់ហើយត្រូវចូលICU?

ហេតុអ្វីគីម៉ាល់ចង់យកគេចេញ?

សំឡេងមួយប្រាប់គេថា ត្រូវការយកគេ​ទៅព្យាបាលនៅប្រទេសចិន តើជាសំឡេងអ្នកណា? ហេតុអ្វីគេចងចាំរឿងនេះ ​តែមិនស្គាល់ម្ចាស់សំឡេង?

ជាមួយចំណោទជាច្រើន ឥន្ត្រា​នៅឈរស្កុបគិត ប៉ុន្តែពត៌មានជាច្រើនដែលកំពុង​បញ្ចូលច្របល់ទៅក្នុងសំណុំសរសៃប្រសាទរបស់គេ គេចាំមិនបាន​ទេ គ្រប់យ៉ា​ងតែងទាញមកច្រើនឡើងៗនិងព្រាលឡើង​ៗ​។

ពេលនេះ​គេ​ចាំបានថា មានពាក្យ​មួយចំនួនទៀតដែលជាព័ត៌មាន​ធ្ងន់ៗក្បែរត្រចៀកគេ៖

«នៅទីនេះអាចនឹងស្លាប់»«បងត្រូវនាំឯងចេញឱ្យឆាប់បំផុតតាមដែលអាចធ្វើទៅបាន!»«បងពឹងជេនហើយ ប៉ុន្តែមនុស្ស​គេធ្វើការសម្របតាមច្បាប់ គេយឺតណាស់ គេមិនមែនជាបងប្រុសឯង​គេមិនយល់នោះទេ»។

ឥន្ត្រាឈឺក្បាល តែគេមិនឈ្លីវាទេ គេបានត្រឹមធ្វើមុខ​មមី ជ្រួញថ្ងាសរួចដៀងសម្លឹងឡើងទៅលើអាគារខ្ពស់នៃមន្ទីរពេទ្យ។

«ខ្ញុំត្រូវការចួបពួកគេ!»

គេបញ្ជាក់ជាលើកទីពីរ។

«មកតាមខ្ញុំ!» នីយ៉ា​និយាយដោយអំណរ ប្រុងថានឹងនាំផ្លូវគេចាកចេញ ស្រាប់តែយូស៊ូឈានមកពាំងពីមុខបងប្រុសខ្សឹបខ្សៀវឃាត់៖

«អត់ទេបង! ទុកពួកហ្នឹងនៅក្នុងកន្លែងប៉ូលិសសិនហើយ!»

នីយ៉ា​ងាកមកវិញភ្លាមមួយរំពេច ហើយសម្លក់សង្សារ។ មាត់នាងក្តាប់ ដៃនាង​មួយចំហៀងទាញយករាងកាយប្រុសទឹកកក ធ្វើឱ្យឥន្ត្រាស្ថិតនៅចន្លោះកណ្តាលរវាងពួកគេ។

ស្រីវាចាតិចៗតែម៉ឺងម៉ាត់មករកនាយ​ ដោយមិនខ្ចីមើលទឹកមុខយូស៊ូ៖

«បងខ្ញុំត្រូវជាប់ខ្នោះ! មួយនាទីក៏មិនឱ្យគាត់រង់ចាំទៀតដែរ! ឥឡូវនេះ ខ្លួន​ឈរជ្រងោរ មិនបានស្លាប់! ត្រូវតែដោះលែងពួកគាត់!»

យូសស៊ូញាក់ស្មា៖

«បងខ្ញុំជឿតែខ្ញុំប៉ុណ្ណោះ! បងឥន្ត្រា យើងមានរឿងត្រូវនិយាយគ្នាសិន! ទៅកោះHសិន! គិតមើល ហេតុអីពួកគេមកប្លន់គ្រែយកបងដែលកំពុង​សន្លប់ឈឺធ្ងន់ចេញទៅ!»

«បងឈឺធ្ងន់រឿងអី?»

ឥន្ត្រាហាសួរមួយៗហាក់គ្មានព្រលឹង គ្មានតម្រុយអ្វី ង៉េមង៉ាម ហេងហាង ពិបាកនិងធ្វើសុភវិនិច្ឆ័យ ថាគួរជ្រើសរើស​យក​ខាងណា​រវាងនីយ៉ានិងយូស៊ូ?

ខាងប្អូនប្រុសនឹកឃើញឡើងវិញពីគ្រា​ដ៏គ្រោះថ្នាក់ប្រថុចញ៉ុច «ប្រតិកម្មចរន្តឈាម​ដ៏កម្រលេចឡើង​!  អ្នកជំងឺត្រូវប្រទះឃើញមានជាតិពុលជាក់លាក់ក្នុងឈាម! យើងខ្ញុំបានប្រឹងអស់ពីលទ្ធភាពហើយ!»

គេក្តាប់ដៃ។

ប្រសិន​បណ្តោយឱ្យឥន្ត្រាទៅតាមនីយ៉ាពេលនេះ គ្រោះថ្នាក់នៅមិនទាន់ចប់ទេ។

គេតាំងចិត្តថា ទោះជាមានអ្វីកើតឡើង គេ​ត្រូវតែការពារបងប្រុស​ពីមនុស្សកោះបេះដូង។

«មនុស្សគីម៉ាល់និងបក្សពួកគេ គ្រោះថ្នាក់បំផុត!» យូស៊ូពោលបន្ថែម ខណៈភ្នែកនីយ៉ាក្រហមសឹងស្រក់ឈាម។

«តែ…បងយល់ថា…ពួកគេគ្មានបំណងអាក្រក់នោះទេ!»

ឥន្ត្រានិយាយមួយឃ្លាស្រទន់នេះ ​តាមសភាវគតិដែលប្រាប់គេ។ ភ្នែកគេស្រងូត ​ដៃគេញីថ្ងាស ព្រោះគេនឹកឃើញទឹកមុខហាន់ដា​ដែលសម្លឹងមកដោយព្រួយបារម្ភ គីម៉ាល់ដែលជូតទឹកភ្នែក ហើយចុងក្រោយ របៀបដែលជេននិយាយតាមអាយកូមនៅលើឧទ្ធម្ភាគចក្រ។

ទោះយ៉ាងណាពាក្យពេចន៍មនុស្ស​ទឹកកកបានបុកចំបេះដូងរបស់នីយ៉ា។ ដៃម្រា​មដៃស្តាំទាំងប្រាំ របស់នាងស្ថិតនៅកលើកដៃរបស់គេ ស្រីទម្លាក់សន្សឹមៗវិញធ្វើឱ្យគេងាកមកសម្លឹងស្រី ដូចជាឆ្ងល់ថា ហេតុអីបានជាលែងដៃពីគេ ទាំងដែលបេះដូងគេកំពុង​ចង់ប៉ះនាង​ខ្លាំងណាស់។

យូស៊ូក៏ដកដៃចេញពីការប្រទាញប្រាណ​បងប្រុស​ដូចគ្នា ប៉ុន្តែឥន្ត្រាមិនបានចាប់អារម្មណ៍។ ភ្នែកប្រុសច្បងពេលនេះ គេចាប់អារម្មណ៍តែភាពរលីងរលោង អំណរនិងសេចក្ដីអរគុណនៅក្នុងកែវភ្នែកនាង​។

«ឥន្ត្រា!» នាង​និយាយអួលៗខ្សឹបៗ «ខ្លួនចាំបានអត់? បងៗខ្ញុំ ម្ដងជាពីរដងជួយជីវិតរបស់ខ្លួន ​ក្នុងឈាមខ្លួនមាន​ជាតិពុល ចាំបានខ្ញុំប្រាប់អត់?»

«មនុស្សពួកប៉ូលិស ពូកែសម្តែងណាស់!» យូស៊ូឆ្លៀតស៊ក។

ឥន្ត្រាសម្លឹងនាងស្រងូត។ ត្រចៀកគេឮសំឡេងប្អូន ហើយ​ខ្លួនគេមានបញ្ញាវាងវៃ ភ្លឺស្វាង រាល់ការសម្រេចចិត្ត ច្បាស់ណាស់ធ្វើតាម​ប្រាជ្ញា មិនធ្វើតាមមនោសញ្ចេតនា​ឡើយ។

«ខ្លួនមិនគិតរបៀបមនុស្សចិត្ត​ចង្អៀត ឆេវឆាវ ចរិតស្រីនោះទេ មែនអត់? ល្អអាក្រក់ចេះបែងចែកមែនអត់ឥន្ត្រា?» នាងនិយាយស្រួយៗធ្វើឱ្យគេ​ដែលកំពុងសម្លឹងមុខនាង ទៅជាអស់សំណើចថា ឬមួយនារីនេះខឹងសង្សារពេកបានជាឈរ​គេដៀមដាមឱ្យយូស៊ូជាមួយពាក្យពេចន៍កំប្លែង​ទាំងអស់នេះ?

«ទៅមុនទៅ! ខ្ញុំទៅតាមក្រោយ!»

ប្រុសវាចាតិចៗ។

ស្រីនៅក្រឡង់ហាក់មិនអស់ចិត្តនៅឡើយទេ នីយ៉ា​ចង់សួរបញ្ជាក់គេទៀត ប៉ុន្តែភ្នែករេមករកបបូរមាត់គេឃើញភាពប្រាកដប្រជាដែលមនុស្សប្រុសម្នាក់នេះ តែងមាន​មកនូវវិញ្ញាណនិងអារម្មណ៍ដែលផ្តល់ឱ្យនាងទុកចិត្តបាន មិនបាច់បញ្ជាក់ជាលើកទីពីរឡើយ។

មនុស្ស​ឥន្ត្រានេះ បើថាបែបណា គឺបែបនោះហើយ។

ខាងស្រីនាងងក់ក្បាលទាំងនៅទាក់ទើរ៖

«ខ្ញុំចាំខ្លួននៅកន្លែងប៉ូលិសឮនៅ? ខ្ញុំនៅចាំខ្លួននៅហ្នឹងឥន្ត្រា!»

យូស៊ូឃើញនាង​និយាយតែនឹងបងប្រុសគេ ដោយ​មិនខ្ចីសម្លឹងគេ​ជាសង្សារ រួចស្រីតូច​បែរខ្នង​ចាកចេញទៅដោយមុខមាំ បញ្ជាក់ថានាង​ខឹង និងសាជាថ្មី ទុកគេនេះជាទេសភាពគ្មានរូប។ មិនខ្វល់ទេ យូស៊ូងាកមករកបងប្រុស៖

«យើងត្រូវទៅកោះHសិន!»

ឥន្ត្រាដកភ្នែកពីរាងកាយប្អូនប៉ូលិសមកវិញ ​ហើយនិយាយតបប្អូនប្រុសខ្សោយៗ៖

«បងសន្យាថាទៅកន្លែងប៉ូលិស!»

«មិនបាច់គោរពសន្យាជាមួយពួកហ្នឹងទេ មនុស្ស​នៅភ្នំពេញ​នេះ មានល្បិចច្រើនណាស់! ស្មាន​ពួកហ្នឹងមានបំណងល្អ? ​ថ្នាំពុលកញ្ចប់ត្រូវបានរកឃើញលើឡានរបស់ហាន់ដា មានរឿងខ្លះ យើងមិនគិតម៉ិតប្រាយមិនបានទេ បងឯងសឹងគ្រោះថ្នាក់ដល់ជីវិតណា៎!»

តើមាននរណាឃាត់ឥន្ត្រាបានជាប់ បើបេះដូងគេថ្ពក់ដក់ជាប់ទៅនឹង​ទុក្ខព្រួយរបស់ប្អូនស្រីពៅប៉ូលិស​ទៅហើយ?

យូស៊ូមិនខ្វល់ពីការពុនរែក​ផ្លូវចិត្ត​របស់នាង​ចន្លោះរវាងគ្រួសារទាំងពីរទេ តែឥន្ត្រាខ្វល់។ ប្រុសច្បងមិនទាន់តបយ៉ាងណា ស្រាប់តែស្នូរសន្ធឹកឡានជាន់ហ្វ្រាំងយ៉ាងទទឹងទទែង ផ្អើលអស់ទិសទាំងប្រាំបី ធ្វើឱ្យពីរនាក់បងប្អូនងាកទៅរកប្រភពសំឡេង​ដោយចំហមាត់ភ្ញាក់ផ្អើល។

សម្រែកមនុស្សស្រីតូចដែលទើបតែចាកចេញពីពួកគេមុននេះលាន់មកច្រេក ស្របពេលនីយ៉ា​ត្រូវបានលីបោះឡើងលើរថយន្តទ្រុងមួយ ហើយជនដៃដល់មាឌធំ ស្ទុះឡើងតាមពីក្រោយ ខណៈរថយន្តបើកចេញង៉ោងពីបរិវេណមន្ទីរពេទ្យ។

សភាពខ្ទរខ្ទារមិនទាន់រលត់បាត់១០០ភាគរយនៅឡើយ​ ឥន្ត្រាស្ទុះបកក្រោយ​មករកក្បាលរថយន្ត រួចទាញ​អ្នកបើកបរចុះ ធ្វើឱ្យយូស៊ូស្ទុះតាមមួយចំហៀងទៀតនិងបើកទ្វារឡើងអង្គុយ។

បងប្រុសងាកក្រោយដោយទឹកមុខ​សៅហ្មង ជើងនាយ​ជាន់រឺយែរឡាន​ឆ្ពោះទៅរក​ទ្វារធំ និងចាកចេញពីទីនេះប្រផាប់ពភីង។

មនុស្ស​ម្នារត់ច្រវាត់រកទីសុវត្ថិភាព តែឥន្ត្រាមិនរវល់ទេ គេមានតែសំណួរធំមួយចំនួននេះ តើអ្នកណាមកចាប់ជំរិតប្អូនស្រីប៉ូលិសកណ្តាលទីក្រុងភ្នំពេញ​? គេយកនាង​ទៅណា? គេចង់ធ្វើអ្វីនាង? ប្រាកដណាស់ ពួកចាប់មនុស្ស គ្មានទេបំណងល្អ!

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*