ក៏មិនដឹងដែរថា តើក្រុមមនុស្សដែលមកប្លន់មនុស្ស បង្កនូវចលាចលរហែកមេឃនេះ មានពាក់ព័ន្ធអ្វីទៅនឹងកាលដែលមើលឃើញឥន្ត្រាមិនស្លាប់ បែរជានៅរស់រានមានជីវិត?
នេះជាអ្វីដែលយូស៊ូកំពុងគិតក្នុងចិត្តខណៈពេលដែលឥន្ត្រាពោរពេញទៅដោយកំហឹង ជាន់ហ្គា បត់ឡាន ប្រដេញទៅតាមរថយន្តខាងមុខយ៉ាងលឿនស្លេវ។
«មានកាំភ្លើងទេ?» បងប្រុសសួរ គេឆ្លើយភ្លាម៖
«មានពីរដើម!»
ដោយបេះដូងហោះហើរបន្ទាប់ពីចួបប្រទះនូវរឿងរ៉ាវច្រើនហួស ដៃឆ្វេងរបស់យូស៊ូចុចបើកប្រអប់ខាងមុខរាវបានអាវុធខ្លីមួយ មកសៀតចង្កេះខ្លួនឯងមួយទៀតហុចទៅឥន្ត្រា។
ដោយសារបងប្រុសរបស់គេ បើកបរក្នុងល្បឿនហួសហេតុកាត់ពីលើស្ពានជ្រោយចង្វារ សំដៅទៅទិសខាងកើត យូស៊ូចាប់ផ្តើមប្រើដៃស្តាំតោងធ្នាក់ខាងលើយ៉ាងជាប់ម៉ឺង។
ទូរសព្ទយូស៊ូរោទ៍ មើលស្គាល់ថា ជាលេខឪពុក។
«ប៉ាខល!»
យូស៊ូប្រាប់តែឥន្ត្រានៅមិនខ្វល់ងាក គិតពីផ្ចង់លើរថយន្តពង្រត់មនុស្សខាងមុខ ដូច្នេះទើបយូស៊ូប្រើដៃឆ្វេងចុចទទួល។
«ប៉ា!»
គេហៅខ្លីព្រោះរថយន្តសែនប្រផិតប្រផើយ បែរជាសំឡេងមនុស្សស្រីម្នាក់ឆ្លើយមកត្រជាក់ស្រិប៖
«ប៉ារបស់ឯងជាប់នៅណេះហើយ!»
យូស៊ូភ្ញាក់ងើបអង្គុយត្រង់ខ្លួន ដៀងមករកបងប្រុស។ ជាទូទៅសំឡេងនេះ គេមិនដែលស្គាល់ទេ។ ស្រីម្នាក់នេះនិយាយខ្លី ត្រជាក់ ហើយប្រើទូរសព្ទរបស់ឪពុកខ្លួនខលមក មិនមែនជារឿងល្អសម្រាប់បងប្អូនប្រុសទាំងពីរឡើយ។
«ប៉ាខ្ញុំនៅឯណា?» គេពង្រឹងចិត្តសួរវិញខ្លីនិងរហ័សបំផុត។
ទោះយ៉ាងណា ឥន្ត្រាឮ ហើយចាប់អារម្មណ៍ងាកមក។
«មានរឿងអី? អ្នកណាខល?»
ទំនងជាមនុស្សស្រីឮសំណួរមនុស្សទឹកកក បានជានាងសើចតិចៗហើយនិយាយបង្គាប់យូស៊ូដែលធ្មឹងភាំង៖
«ឃាត់បងប្រុសឯង ឈប់ឱ្យតាម!»
យូស៊ូងើយមុខសម្លឹងរថយន្តដែលឥន្ត្រានៅដេញយ៉ាងប្រកិត។
«បើរឹងទទឹង ប៉ាឯងស្លាប់! យើងរាប់ដល់១៥!»
ឥន្ត្រាតាមសម្លឹងកែវភ្នែកនិងឫកពាកឡោហលរបស់យូស៊ូ។ ទោះកូនប្រុសពៅម្ចាស់កោះH ខំលាក់មិនឡូឡា តែគេមិនអាចលាក់ពីឥន្ត្រាជិតទេ។
សូម្បីតែយូស៊ូក៏ចង់តាមរំដោះសង្គ្រោះសង្សារសំណព្វរបស់គេដែរ ប៉ុន្តែពេលនេះលក្ខខណ្ឌជីវិតរបស់ឪពុកនៅចំពោះមុខ។ ទូរសព្ទនៅជាប់ត្រចៀក ហើយស្រីចម្លែកចាប់ផ្តើមរាប់….មួយ ពីរ! យូស៊ូចុចបិទ ទម្លាក់ដៃហើយងាកមកបងប្រុស។
សភាពឥន្ត្រាគ្មានអ្នកណាអាចបញ្ឈប់ឡានដែលកំពុងប្រដេញបានទេ តែគេនៅនិយាយ៖
«ឈប់ឡាន!»
ឥន្ត្រាចងចិញ្ចើម ខណៈយូស៊ូផ្តើមស្លេកមាត់៖
«ប៉ាក្នុងដៃពួកវា!»
សភាពគេ ដកដង្ហើមមិនចង់រួចទេ។ ឥន្ត្រានៅតែមិនបន្ថយល្បឿន ដូច្នេះយូស៊ូត្រូវលូករកកាំភ្លើងហើយស្រែកសន្ធាប់៖
«បើបងឯងតាមទៀតវាសម្លាប់ប៉ាហើយ!»
បានដូចចិត្ត កាយវិការតក់ក្រហល់របស់យូស៊ូនិងភាពស្លន់ស្លោរបស់គេ បង្ខំឱ្យឥន្ត្រាបន្ថយល្បឿនរួចអែបឡានសន្សឹមៗ ស៊ីញ៉ូឈប់។
បានដូចចិត្តកាលណា យូស៊ូដកយកសោចង្កូត ហើយរុញទ្វាររបើកដើរចុះមកក្រោម។ ឥន្ត្រាធ្វើមុខស្មើ ខណៈពេលដែលឡានខាងមុខបាត់ដាន។
«ឯងជាអ្នកចាប់គេ?»
ប្រុសច្បងងាកមកសួរប្អូនដោយមុខស្មើរង់ចាំចម្លើយ។
យូស៊ូវិញឱនចុចទូរសព្ទត្រលប់ទៅលេខនោះវិញដោយមុខខ្មៅ ព្រោះចុចឱ្យដោះលែងប៉ា គេចុចមិនចូលសោះ។
«មិនដឹងពួកចង្រៃណាទេ យកលេខប៉ាខលមក! ឥឡូវខលទៅវិញអត់ចូល! វាថាបើបងឯងមិនឈប់តាម វាសម្លាប់ប៉ា!»
ឥន្ត្រាមិចភ្នែកគិតទាំងសៅហ្មងចិត្ត។ តើនេះបានន័យថា ទាំងឪពុកនិងស្រីស្អាតត្រូវស្ថិតក្នុងដៃពួកនោះ?
បើពួកចាប់ពង្រត់នីយ៉ាជាក្រុមសត្រូវដែលមានទំនោរប្រឆាំងទៅនឹងគ្រួសារប៉ូលិស ចុះហេតុអ្វីអះអាងថាមានប៉ាគេក្នុងដៃ ហើយប្រើលេខគាត់ខលមកទៀត?
គេលូកដៃទាញយកទូរសព្ទពីប្អូនប្រុសមកឆែកលេខមើល។
សាជាថ្មីគេចាប់ផ្ដើមចូលទៅក្នុង Appstore ហើយដោនឡូតនូវ App ម្យ៉ាងដែលធ្វើឱ្យយូស៊ូតាមមើលចំហមាត់។
ម្រាមមេដៃទាំងសងខាងរបស់ឥន្ត្រាបញ្ជាយ៉ាងរហ័សនៅលើប្រព័ន្ធទូរសព្ទដៃរបស់ប្អូនប្រុស ធ្វើឱ្យគេរឹតតែភ្ញាក់ផ្អើល ព្រោះក្រោកពីឈឺមក ឥន្ត្រាមិនចេះអក្សរទេ….ហេតុអ្វីពេលនេះ….
ម្ដងសម្លឹងម្រាមដៃបងប្រុស ម្តងងើយមកសម្លឹងមុខ….សំណួរសម្ងាត់លាន់ឡើងមកបុកទ្រូងយូស៊ូ….កាលពីក្រោកពីដេកអស់ពីរឆ្នាំ គេក្លាយជារឹងដូចដែក មិនចេះក្តៅ មិនចេះឈឺ ថ្ងៃនេះក្រោកពីស្លាប់វិញ គេក្លាយជាមនុស្សចេះសរសេរកូដមួយមុខទៀត?
«នេះ!»
ឥន្ត្រាលាន់មាត់ ព្រោះអេក្រង់បានបង្ហាញផែនទី ថែមទាំងលោតសញ្ញា ចំណុចក្រហមទៀត ជាការចង្អុលបង្ហាញថា នេះជាកន្លែងដែលពួកគេអាចតាមរកម្ចាស់ទូរសព្ទបាន។
ដោយមិនចាំយោបល់ប្អូនទេ ឥន្ត្រាស្ទុះវិលទៅកន្លែងបើកដដែល ធ្វើយូស៊ូឈានឡើងតាមទាំងស្ទក់ៗគិត។ តរៀងមក មិនដែលឮថាបងប្រុសខ្លួនធ្លាប់រៀនសរសេរកូដ ឬមួយក៏ធ្វើជាអ្នកហែកលើបណ្តាញ ចុះម្តេច ថ្ងៃនេះ ម៉ោងនេះ ក្នុងពេលវេលាដ៏លំបាកនេះ ឥន្ត្រាក្លាយជា…..អាចរុករកទីតាំងលើទូរសព្ទត្រឹមប៉ុន្មានដង្ហើមយ៉ាងស្ទាត់ជំនាញ?
បងប្រុសក្តាប់មាត់ តែមិនបញ្ជាឡានចេញលឿនស្លេវដូចដែលយូស៊ូទស្សន៍ទាយសោះ ម្ល៉ោះហើយគេងាកសម្លឹងបងទាំងសួរនាំ៖
«ពួកវាអាចគប់ចេញពីឡានហើយក៏ថាបាន យើងមិនអាចតាមបានដដែល!»
ឥន្ត្រាងើបមុខទាំងកែវភ្នែកជ្រាលជ្រៅបង្ហាញពីការគិតដ៏ស្មុគស្មាញ។
«ហេតុអ្វីខលចេញពីកោះH»
ប្រុសច្បងវាចាខ្សោយៗសោះ តែបេះដូងយូស៊ូលោតញាប់។ បើទីតាំងនៅកោះH បានន័យថា ពួកនោះយកទូរសព្ទឪពុកគេទាក់ទងចេញពីកោះH មកកាក់ផ្លូវគេនៅភ្នំពេញដែលកំពុងតែប្រដេញតាមរថយន្តចាប់ប្អូនប៉ូលិស? ពួកគេនោះមិនត្រឹមតែមានឪពុកខ្លួនក្នុងដៃ ថែមទាំងមានកោះHក្នុងដៃទៀត?
«អ្នកណា?»
យូស៊ូងាកមកទាំងមុខក្រហមសួរបងប្រុសខ្លីៗ។ គេចង់ដឹងថា អ្នកណាហ៊ានឡើងកោះHចាប់ប៉ាគេ ហើយទូរសព្ទពីទីនោះមកគំរាមគេបានទៀត?
ឥន្ត្រារឺយ៉ែរឡានថយក្រោយបោះបង់ចោលការប្រដេញតាមរថយន្តជម្រិតមនុស្ស។
មាត់គេបញ្ជាប្អូនដោយបោះទូរសព្ទទៅឱ្យផង៖
«រៀបចំហេលីកុបទ័រ!»
យូស៊ូទទួលទូរសព្ទមកចុចទាំងអន្ទះសា ខណៈឥន្ត្រាបញ្ជាឡានបកស្លេវចូលក្រុង ហើយមាត់ពោលប្រាប់បន្ថែម៖
«មួយទៀត! ខលកូនចៅឯងដកពាក្យបណ្តឹងមនុស្សកោះបេះដូង រួចរកម្នាក់ឈ្មោះជេនឱ្យតាមរំដោះប្អូនស្រីគេ!»
យូស៊ូសម្លឹងមុខបងប្រុសស្ទក់ៗ យឺតៗ ពិចារណា។ ដោយសារឥន្ត្រាមិនអាចតាមជួយនីយ៉ាបាន ការប្រាប់ដំណឹងទៅជេនឱ្យតាមរកប្អូនស្រីគេជារឿងគួរណាស់ ចំណែកឧត្តមសេនីយ៍ម្នាក់នោះ ចង់តាមបេសកកម្មថ្មីក្នុងរំដោះប្អូនស្រី ទាល់តែគេបានឃើញគីម៉ាល់និងហាន់ដាមានសេរីភាពសិន។
យូស៊ូដកដង្ហើមធំ ងក់ក្បាលហើយផ្តើមបញ្ជាស្រាលៗតាមទូរសព្ទ៖
«បងឥន្ត្រាដឹងខ្លួនវិញហើយ លែងពីរនាក់ប្តីប្រពន្ធនោះទៅ! ហើយរកប៉ូលិសជេន ប្រាប់គេឱ្យឆែកកាមេរ៉ាមន្ទីរពេទ្យ តាមរកឡានមួយដែលពង្រត់ប្អូនពៅគេ ចន្ទនីយ៉ា! មួយទៀត ឯងរៀបចំហេលីកុបទ័រទៅកោះH! ឥឡូវ!!! រកគ្នាយើងពូកែៗទៅពីរបីនាក់ដែរ!»
វគ្គ
សត្រូវពិតប្រាកដ
ម៉ូណា បានទម្លាក់ក្រដាសជូតដៃ ដែលមុននេះពណ៌ស ពេលនេះគ្របដណ្តប់ដោយឈាមក្រហមៗ។ វិនាទីដែលស្នូរជើងធ្ងន់ៗបុកមកលើកម្រាលឈើ នាងអាចផ្ទៀងឮការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ បង្ហាញថាអ្នកដែលមកដល់ ពេញដោយកំហឹងនិងមានៈ។
បបូរមាត់នាងសើចស្ងួតច្រឺងដូចទម្លាប់រាល់ដង។
ឈោងយកកៅអីដែកពីជញ្ជាំង នាងលាតវាដក់បញ្ឈរពីមុខខ្លួនទទួលភ្ញៀវដែលទើបមកដល់ ពីព្រោះសូម្បីតែក្លិនគេនេះជាអ្នកណាក៏នាងស្មានដឹងដែរ។
«អញ្ជើញអង្គុយឧត្តមសេនីយ៍!»
ពីជ្រុងងងឹត កាណុងកាំភ្លើងខ្លីបង្ហាញខ្លួន។ នាងញញឹម មិនសម្លឹងទៅចុងកាណុងទេ តែនាងស្គាល់វា។
ក្នុងចំណោមមនុស្សទាំងអស់ដែលនាងធ្លាប់ប្រឈមលើសង្វៀនអាវុធ បុរសនេះជាដៃគូគួរឱ្យពេញចិត្តជាទីបំផុត។ ល្ខោនកន្លងមក រមែងមានថ្ងៃបញ្ចប់ តែនាងមិនស្មានថា វាឆាប់ចប់ថ្នាក់នេះ និងនៅតែមិនដាច់ចិត្តចង់ឱ្យចប់ ទោះជាពេលវេលាបានអស់ហើយក៏ដោយ។
«ដឹងតាំងពីពេលណា?»
នាងសួរហើយងើបមុខយឺតៗពីការជូតសម្អាតឈាមលើដៃ។ ជេនបង្ហាញខ្លួនដោយទឹកមុខស្មើ ដៃគេត្រង់និងភ្ជង់មកមាំ។ ភ្នែកគេដៀងសម្លឹងសាកសពនៅក្រោមជើង ស្រីអ្នកប្រយុទ្ធដែលគេមិនធ្លាប់នឹកស្មានដល់ថា នាងអាចសម្លាប់មនុស្សដោយគ្មានភាពញាប់ញ័របែបនេះសោះ។
ដកដង្ហើមធូរ ព្រោះសពមិនមែនមនុស្សស្រី ក៏មិនមែនជាម៉ឺនយូ។
«ប្អូនពៅខ្ញុំ!»
គេនិយាយខ្លី នាងងើបមុខសម្លឹងមកដោយរុះរោយស្នាមញញឹម។ អ្វីម្យ៉ាង ច្រណែននិងឫស្យា លេចឡើងតាមរបៀបដែលនាងសម្លឹងគេ តែមិនមែនខឹងគេទេ នាងខឹងអ្នកដែលគេកំពុងសួររក។
«លែងប្អូនស្រីខ្ញុំ! រឿងផ្សេងយើងអាចនិយាយគ្នាបាន!»
«ចុះបើខ្ញុំមិនព្រម?» ម៉ូណានិយាយដោយលើកចិញ្ចើមសម្លឹងប្រតិកម្មរបស់នាយប៉ូលិស។
ក្រោយខ្នងគេគ្មានអ្នកណាទេ បានន័យថាគេចូលមកទីនេះម្នាក់ឯង។ នាងងក់ក្បាលញញឹមបែបឈឺចាប់….ក្នុងចិត្តរបស់ម៉ូណា ឧត្តមសេនីយ៍ក្មេងនេះមានចិត្តក្លាហាននិងចិត្តសឿងទន្ទឹមគ្នា ណាមួយគេឆ្លាតណាស់ ដែលមករកទូទាត់លាត់សើយសាច់រឿងស្ងាត់ៗ ព្រោះគេប្រហែលជាដឹងការពិតអស់ហើយពីអំពើលាមកកាលឪពុកគេមានអំណាច។
«អត់នាំមនុស្សមកហែហម ប្រហែលជាខ្លាចរឿងចាស់បែកធ្លាយ?»
នាងនិយាយទាំងសើចស្ងួតនិងញាក់ស្មាផង តែជេនមិនសើចជាមួយទេ គេរក្សាភាពនឹងនរ និងតបមួយរឿងដោយមួយរឿង។
«អត់យល់ហើយអត់ខ្វល់ទេ! ប្អូនខ្ញុំមិនដឹងរឿងចាស់រឿងថ្មីអីទាំងអស់ វាគ្រាន់តែជាក្មេងស្រីម្នាក់ លែងវាទៅ! បើយើងជាជនពាល មកដោះស្រាយជាមួយខ្ញុំ ព្រោះខ្ញុំទើបជាប៉ូលិស!»
«បញ្ជាអ្នកណា? ស្មានថាលោកជាមេខ្ញុំ ឧត្តមសេនីយ៍?» នាងសួរដោយហាមាត់ឌឺដង។
ជេនសម្លឹងនារីនេះដោយទឹកមុខស្ងួត។ នាងត្រូវបានគេស្គាល់ថាជាអ្នកស៊ើបឯកជន ហើយគ្មាននរណាម្នាក់ធ្លាប់គិតថា នាងជាមនុស្សនៅពីក្រោយឧក្រិដ្ឋកម្មទាំងអស់ទេ។
«នៅបន្ទប់ចុងឆ្នេរ ហេតុអីនាងចង់តែយកជីវិតខ្ញុំទៅ?»
គេសួរទាំងឈឺចាប់ តែទឹកមុខស្មើ មិនក្រហមមិនក្រហល់ក្រហាយ។ សាជាថ្មីម៉ូណាចង្អុលមកកៅអី មាត់នាងនិយាយទាំងញញឹម៖
«រឿងវែងឆ្ងាយ លោកចង់ឈរនិយាយហើយឱ្យខ្ញុំងើយជាមួយ?»
ជេនក្រឡេកជុំវិញខ្លួន។
គ្មានមនុស្សទេ ក្រៅពីសាកសពមួយនៅលើឥដ្ឋ។ គេដកដង្ហើមធំ គ្រវាសជើងថយក្រោយបិទទ្វារគ្រាំង។
នាងសើចកាច់កកាច់ស្រង់ដូចមនុស្សវិកលចិត្ត។ នាងមិនមែនជាម៉ូណាដែលជេនធ្លាប់ទាក់ចិត្ត និងធ្លាប់ស្គាល់ឡើយ។ នារីនេះគ្មានត្រង់ណាគួរឱ្យសោកស្តាយ ឬគួរនិយាយរកខុសត្រូវជាមួយ ក្រៅតែពីចាប់យកទៅទទួលខុសត្រូវនៅចំពោះមុខច្បាប់ទេ តែពេលនេះ នីយ៉ានៅក្នុងដៃនាង បានជាជេនចាំបាច់ត្រូវសង្កត់ចិត្ត ដាក់កាណុងចុះ រួចទាញកៅអីដែកបង្វែរមកក្បែរទទឹងទទែង។
ម៉ូណាទម្លាក់មុខស្ងួត សម្លឹងរាងកាយសង្ហា ដែលអង្គុយកន្ធែកច្រងាងពីមុខនាង។ ជាមួយកែវភ្នែកស្រងូត ទឹកមុខស្មើ នាងពោលសួរខ្សឹបៗ៖
«ពេលបានប្អូនដល់ដៃហើយ លោកនាយក៏លើកកាំភ្លើងមួយដើមនេះ មកបំបែកក្បាលម៉ូណា?»
ជេនមិនដោះដូរទឹកមុខទេ គេនិយាយតបវិញ ៖
«គ្រួសារប៉ូលិសមិនដែលសម្លាប់មនុស្សទេ!»
ម៉ូណាផ្ទុះកំហឹង។ នាងរេភ្នែកសម្លឹងមកសាកសពដែលនៅក្បែរៗ។ សម្តីនាយប៉ូលិសកំពុងបែងចែករវាងនាងនិងពូជអម្បូររបស់គេពិតណាស់។
«ខ្ពើម!»
នារីនេះស្រែកសន្ធាប់ដោយភាពអស្មិមានៈនិងខឹងសម្បា។ ជេននៅស្ងៀមទុកឱ្យនាងមានប្រតិកម្មដែលជាខ្លួននាងពិតៗទៅចុះ ព្រោះយូរណាស់មកហើយ នាងសម្តែង!!!
ម៉ូណាពិតជារឹតតែឆ្កួតឡើងនឹងចរិតធ្វើមិនដឹងរបស់បុរសនេះ នាងស្រែកស្រួយស្រេះ ៖
«អញស្អប់បំផុត ពួកអាងតាំងខ្លួនត្រឹមត្រូវ!…..តែដណ្តើមប្រពន្ធគេ!»
ជេនមិចភ្នែក។
ឃ្លាដំបូង គេបានស្តាប់មកច្រើនហើយ ព្រោះពួកជនពាលណាក៏មិនចូលចិត្តឃើញប៉ូលិសអនុវត្តច្បាប់ត្រឹមត្រូវដែរ តែឃ្លាទីពីរ…..ពាក្យថា ដណ្តើមប្រពន្ធគេនាងចង់សំដៅលើអី?
«អត់យល់?» ម៉ូណាសួរដោយសើចខឹកៗ។
នាងមិនក្រោកទេ តែឈោងទៅទាញថតតុពីក្រោយខ្នង ហើយបោះឯកសារមួយកញ្ចប់មកឱ្យមើល។
ជេនដៀងភ្នែកសម្លឹងតែមិនទទួល។ នាងសើចជូរចត់ រួចរើរកសន្លឹករូបថតចាស់មួយមកបង្ហាញ។
ប្រុសពីរនាក់ថតជាមួយនារីក្មេងម្នាក់ដែលមានសម្រស់សែនប្រផូរ។
«ស្គាល់ម្នាក់នេះទេ?» នាងចង្អុលបុរសម្នាក់វ័យក្មេង ទឹកមុខអង់អាចក្នុងឈុតខោខូវប៊យ និងអាវក្នុងក្រៅយ៉ាងសង្ហាមើលដូចជាប្រហែល តែមិនច្បាស់។
«ម៉ឺនយូ?»
ពីរនាក់ទៀត ជេនពិតជាមិនប្រហាក់ប្រហែលសោះ។
ម៉ូណាមានកែវភ្នែកក្រហមពេលឮឈ្មោះពីរម៉ាត់ដែលឧត្តមសេនីយ៍ទើបនឹងរំឭកឡើង។ នាងមិនមាត់ គេសម្លឹងនាង នាងបោះសន្លឹករូបថតទៅលើតុ។
«ពីរនាក់ទៀតជាឪពុកម្តាយខ្ញុំ!»
វាចានាងខ្លី ខ្សោយ តែច្បាស់លាស់។ ជេនគ្មានយោបល់ទេ។ គេមិនដែលដឹងរឿងថា ហេតុអ្វីបានជាមនុស្សហង្សសនិងកោះHមានទំនាក់ទំនងគ្នាចងជាប្រវត្តិវែងឆ្ងាយបែបនេះ បែរជាពេលនេះ មកជាសត្រូវនឹងគ្នា? រឹតតែមិនយល់ផងថា ខ្លួននិងគ្រួសារខ្លួន មានពាក់ព័ន្ធអ្វីជាមួយពួកគេ?
«ហេតុអ្វីហង្សសនិងសេដ្ឋីម៉ឺនយូ មានទំនាក់ទំនងតាំងពីក្មេងបែរក្លាយជាសត្រូវគ្នា? ខ្លួនជាមនុស្សស្រី ធ្វើរឿងប្រឡាក់ឈាមច្រើនអស់នេះដើម្បីអ្វី?»
តាមថាគេមិនចង់សួរទេ តែអ្វីម្យ៉ាងក្នុងបេះដូងបង្ខំឱ្យគេសួរទៅតាមការមិនអស់ចិត្តរបស់ខ្លួន។ ម៉ូណាសើចរលាក់។ ជាមួយនឹងម្រាមដៃដែលនៅប្រឡាក់ឈាមអន្លើ នាងឈោងទៅយកដបទឹកសុទ្ធមកក្រេប។ សំឡេងជេនលាន់មកបន្ត៖
«នាងកុហកថានៅZone-Aរបស់ខ្ញុំមានមនុស្សបង្កប់ តាមពិតអ្នកបង្កប់គឺនាង ដែលខ្ញុំជាអ្នកនាំខ្លាចូលផ្ទះ? នៅបន្ទប់ចុងឆ្នេរ នាងមិនត្រឹមប៉ុនប៉ងយកជីវិតខ្ញុំ ថែមទាំងតាមសម្លាប់ប្អូនស្រីខ្ញុំហាន់ដា នៅលើទន្លេទៀត? ហេតុអី? នាងនិងពួកម៉ឺនយូមានបំណងស្អី ម្ង៉ៃធ្វើពុតជាសត្រូវ ម្ង៉ៃធ្វើជាមិត្តចាស់នឹងគ្នា?»
«មកពីលោកនាយខ្ជិលពេក ខ្ញុំឱ្យឯកសារមើលហើយមិនព្រមមើល!»
ជេនដៀងភ្នែកសម្លឹងសំណុំកញ្ចប់ឯកសារ។
ដៃគេលូកទៅដករូបមកពិនិត្យ។
បេះដូងគេលោតញាប់ ខណៈងើបមកសន្សឹមៗឃើញកែវភ្នែកមុតថ្លារបស់នាង សម្លឹងមកប្រតិកម្មគេ។
«ហេតុអ្វីប៉ាខ្ញុំមានរូបនៅណេះដែរ?»
ម៉ូណាបង្ហាញភាពជូរចត់។
ជេនវែករូបមើលម្តងហើយម្តងទៀត ញាប់ឡើងៗ ព្រោះភាពភ្ញាក់ផ្អើល។ ចលាចលរបស់គេ បណ្តាលឱ្យនាងបានចិត្ត ហើយសើចកក្អឹក។
«ប៉ាខ្ញុំ…..និងប៉ានាង…..មានអីជាមួយគ្នា?»
នាងទុកឱ្យគេសួរដោយមិនព្រមចរចាអ្វីរហូតអស់អត់ធ្មត់ គេបោះរូបទាំងនេះទៅលើតុវិញ។
ម៉ូណាដកដង្ហើមធំហើយនិយាយ៖
«មានប៉ូលិសម្នាក់ បានសន្យាថា នឹងការពារម្តាយឪពុកខ្ញុំឱ្យចាកចេញពីកណ្តាប់ដៃម៉ឺនយូបាន! ប៉ាខ្ញុំហេតុតែចង់បានឱ្យម្តាយខ្ញុំបកមកភ្នំពេញវិញ ក៏ព្រមធ្វើជនបង្កប់ យកការណ៍គ្រប់យ៉ាងឱ្យ! តែក្រោយមក….ពេលប៉ាខ្ញុំព្រមក្បត់កោះH ប៉ូលិសចង្រៃនោះប្រមូលគុណសម្បត្តិ កើបយកបុណ្យសក្តិម្នាក់ឯង ក៏ពន្លែងប៉ាខ្ញុំឱ្យគេចាប់ដាក់គុក!»
ជេនញ័រដៃ។
ជាលើកដំបូងដែលគេមិនអាចទប់ស្កាត់ប្រតិកម្មផ្លូវចិត្តដែលមានឥទ្ធិពលលើរាងកាយបាន។ ដោយកែវភ្នែកមុតថ្លា គេសម្លឹងមុខនារីនេះ ហើយប្រទះឃើញទឹកភ្នែករលោងក្នុងចរិតដែកថែបរបស់នាង។
«ចុងក្រោយ មុនពេលព្រមសម្លាប់ខ្លួនក្នុងគុកដើម្បីបញ្ចប់ដាន ប៉ាខ្ញុំបានចាញ់បោកប៉ាលោកម្តងទៀត! »
ជេនបន្ថយស្មាដកដង្ហើមតឹង។
គេដឹងហើយហេតុអ្វីម្តងជាពីរដងនារីនេះចង់យកជីវិតគេ។ សំឡេងនាងលាន់មកខ្សោយៗតឹងៗ នាងកំពុងតែឈឺចាប់ខ្លាំងពេលរំឭករឿងចាស់៖
«ប៉ាខ្ញុំសុខចិត្តបញ្ចប់គ្រប់យ៉ាង ដោយឱ្យប៉ូលិសចង្រៃនោះស្បថថាការពារប្រពន្ធនិងកូនស្រីរបស់គាត់តែ….ប៉ូលិសចង្រៃនោះ….មិនការពារថែមទាំងរំលោភនាង!»
«មិនមែនជាការពិត!»
ជេនក្រោកវឹង គ្រវែងកៅអីចោល ស្របពេលម៉ូណាសើចក្អាកក្អាយសម្លឹងប្រតិកម្មនាយឧត្តមសេនីយ៍។
ជាលើកដំបូងដែលអាចធ្វើឱ្យគេអាម៉ាស់បាន នាងសប្បាយចិត្តណាស់។ នាងញញឹមសម្លឹងគេ ហើយនិយាយបន្ត៖
«ប្អូនពៅលោកឯង ជាឈាមរបស់ម្តាយខ្ញុំនិងអាប៉ូលិសចង្រៃ ទុច្ចរិត រំលោភប្រពន្ធគេម្នាក់ហ្នឹង! លោកឯងហ៊ានធ្វើ DNAទេ បើគិតថាវាមិនពិត!»
ជេនក្តាប់មាត់លើកកាំភ្លើងភ្ជង់។ មុខគេប្រែជាក្រហម។ នៅចំពោះមុខ គេស្រមៃឃើញតែនីយ៉ា។ តាំងពីតូចមក ម្តាយគេមិនដែលស្រលាញ់កូនពៅម្នាក់នេះ គាត់តែតែស្តីឱ្យថានាងមានចរិតរលាម ដើរហើរ រឹងរូស ចូលចិត្តស្នេហា រហូតថ្ងៃដែលម្តាយគេស្លាប់ ក៏នៅតែមិនស្រលាញ់នាង។
ម៉ូណាសើចហើយក្រោកឡើងសន្សឹមៗ។ ជេនកំពុងរំជួលចិត្ត គេសម្លុតឡើងដោយកំហឹង៖
«អង្គុយ!!!»
សំឡេងគេគ្រហឹមបញ្ជាក់ថា ប្រសិនបើម៉ូណាចចេសឈរ គេនឹងបាញ់នាងមែន ព្រោះថាចិត្តរបស់គេពេលនេះលែងជាឧត្តមសេនីយ៍គោរពច្បាប់នៅចំពោះមុខអ្នកដែលប្រមាថឪពុកគេទៀតហើយ។ ម៉ូណាមិនក្រោក តែក៏មិនបាត់មាត់។
«យប់នោះ ខ្ញុំអាយុទើបតែ៥ឆ្នាំ ម្តាយខ្ញុំបានសរសេរនិងឱ្យសំបុត្រមួយមកខ្ញុំ ផ្ញើមកម៉ឺនយូ ហើយឱ្យមនុស្សដឹកខ្ញុំតាមទូកមកកោះH សុំគាត់ឱ្យការពារជីវិតខ្ញុំ! គាត់ដូចជាដឹងថា ជីវិតគាត់នឹងមិនរស់បានយូរទេ! ប៉ុន្មានខែក្រោយមក ម្តាយខ្ញុំបានស្លាប់ ក្នុងរូបភាពថាសម្រាលកូនគ្រោះថ្នាក់ដល់ជីវិត ចំណែកឯទារិកាត្រូវបានប្រពន្ធដើមប៉ូលិសចង្រៃយកទៅចិញ្ចឹមហៅឈ្មោះថា កូនពៅៗ! ចន្ទនីយ៉ា!»
ជេនបាញ់ផូងទៅលើដំបូង។
គេចង់បង្អាក់នាងលែងឱ្យនិយាយ គេមិនចង់ជឿ ហើយគេ…..មិនអាចទទួលយកទៅទៀតបាន។ ម៉ូណាញញឹម។ ស្នូរជើងជាច្រើនរត់មកដល់។ កម្លាំងនិងអាវុធចោមព័ទ្ធគេ។
ឧត្តមសេនីយ៍គ្មានអ្វីអាចគិតឃើញទេ។ កាំភ្លើងខ្លីនេះមានគ្រាប់សល់ប៉ុន្មានទៀតទៅ?
«នាងយកជីវិតខ្ញុំទៅសងគំនុំរឿងល្ខោនដែលនាងតែងនិពន្ធឡើងមកខ្លួនឯងហ្នឹង? នាងឆ្កួតឬជា ម៉ូណា? ទោះខ្ញុំស្លាប់ច្រើនដងទៀត ក៏ឪពុកខ្ញុំមិនអាក្រក់ដូចនាងលាបពណ៌ដែរ!»
គេនិយាយខ្លីៗហើយថយមកអង្គុយទាំងល្វើយនៅលើកៅអីដែក។ នារីនេះនឹងមិនទុកជីវិតខ្លួន ឱ្យរស់សល់ដល់ស្អែកទេបើតាមកំហឹងក្នុងភ្នែកនាង ជេនដឹងច្បាស់។
ទោះជាយ៉ាងណាក៏ដោយ ម៉ូណាបែរជាបោយដៃបណ្តេញកងកម្លាំងនាងឱ្យដកថយ។ ជំងឺផ្លូវចិត្តរបស់នាងច្រើនឆ្នាំមកនេះ មិនបានធ្វើឱ្យនាងទន់ខ្សោយទេ តែបានធ្វើឱ្យស្រីក្រមុំកំព្រាម្នាក់នេះ មានភាពកាចសាហាវ និងរឹងមាំក្រាស់ជាងអាយុរបស់នាង។
«ប៉ាលោកប៉ូលិស ជាមនុស្សត្រឹមត្រូវ? ឥឡូវនេះសូមសួរមួយ! សូម្បីហាន់ដានិងខ្លួនក៏មានម្តាយទីទៃដែរ កុំថាឡើយអីផ្សេង? ក្រោយពេលម៉ាក់ខ្ញុំស្លាប់ ព្រោះចង់បំបិទរឿង ក៏ចាកចេញពីអង្គភាពប៉ូលិស ទៅធ្វើការខាងច្បាប់វិញ ស្មានថាលោកនេះអស់អ្នកដឹងឮពីចរិតព្រាននារីរបស់ខ្លួន?»
ទិដ្ឋភាពទាំងអស់នេះគួរតែបង្វែរហើយ ព្រោះជេនមិនចង់ទ្រាំស្តាប់ទេ។ មិនថាពិតឬមិនពិត គេមិនចង់ទទួលយកឡើយ។
ប៉ាម៉ាក់គេស្លាប់អស់ហើយ នីយ៉ានិងហាន់ដាជាប្អូនគេ មិនថាពួកគេមានអតីតកាលបែបណា ប្អូនស្រីទាំងពីរត្រូវតែមានសុវត្ថិភាព។
«ចង់យ៉ាងម៉េច?»
គេសួរនារីនោះ ធ្វើឱ្យម៉ូណាក្រោកឡើងមក។



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ