«ចង់ឱ្យគ្រួសារមេប៉ូលិសខូចឈ្មោះ ចង់ឱ្យគ្រប់គ្នាដឹងពីសាវតាពិតរបស់ពូជអម្បូរលោក!»
ជេនញាក់ស្មា៖
«ការពិតកែមិនបានទេ! មើលសតិឡើងវិញ! ខ្លួនកំពុងធ្វើអី? ចាប់ប្អូនខ្ញុំជម្រិត? ការណ៍នេះជាស្នាដៃមនុស្សល្អ?»
«មិនត្រឹមជម្រិតទេ!….បើចាំបាច់…..នឹងធ្វើអ្វីលើសនេះទៀត ឧត្តមសេនីយ៍!»
នារីនេះនិយាយដោយទឹកមុខម៉ឺងម៉ាត់លាយចងអាឃាតធ្វើឱ្យជេនហួសចិត្តខ្លាំង។
«ឱ! ក្រែងមុននេះ ថាជាកូនម្តាយខ្លួនដែលត្រូវម្តាយខ្ញុំយកចិញ្ចឹម? ម្តេចសូម្បីឈាមខ្លួនឯងក៏មិនចេះស្រណោះ?»
ម៉ូណាញញឹមដោយឈឺចាប់៖
«ឪពុកម្តាយខ្ញុំមានកូនស្រីម្នាក់គត់! កូនផ្សេងជាកូនបង្ខំចិត្ត ជាឈាមប៉ូលិសពាល! ម៉ាក់ខ្ញុំជាអ្នករងគ្រោះ ហើយក្មេងស្រីនោះគ្មានពាក់ព័ន្ធអ្វីនឹងគ្រួសារខ្ញុំទេ!»
«មិនពាក់ព័ន្ធស្រាប់ហើយ! ទឹកដោយទឹក ប្រេងដោយប្រេង!»
ប្រុសស្អាតនិយាយទាំងខែងរ៉ែង ធ្វើឱ្យនាងរឹតផ្ទុះចិត្តច្រណែន ដែលនីយ៉ាបានការទទួលស្គាល់ជាប្អូន ហើយគ្រួសារនេះរមែងតែងទុកខ្លួនឯងជាមនុស្សល្អ ធ្វើឱ្យអំពើលាមកទាំងអស់របស់ឪពុកជេនកាលពីអតីតកាល ត្រូវបានបិទបាំង។
«ពួកឯង!»
នាងវាចាទាំងទះដៃ តែស្ងាត់ច្រៀប។
មនុស្សដែលដកថយបាត់ទៅណាអស់? ម៉ូណាឆ្ងល់ ជេនក្រោកឡើងសន្សឹមៗ នាងឈោងយកកាំភ្លើងស្របពេលជាមួយគេដែរ។ កាណុងទាំងទ្វេភ្ជង់តម្រង់គ្នាទៅវិញទៅមក។
«ពួកឯង!»
នាងស្រែកបន្ថែមទៀត គ្មានចម្លើយ ធ្វើឱ្យម៉ូណាមិចភ្នែកគិត។ សភាពខាងក្រៅដូចជាស្ងាត់ហួសហេតុ ឬមួយមានការឆ្មក់ចូលណាមួយ?
នាងដៀងភ្នែកសម្លឹងជេនដោយមិនទុកចិត្ត រួចរេភ្នែកសម្លឹងទៅក្រោយទ្វារ។
«បាត់ទៅណាអស់?»
ជេនសើចខឹក ចំអកហើយស្រដីកាត់បរិយាកាសដ៏ចម្លែក៖
«អំពើអាក្រក់នឹងទទួលផលអាក្រក់!»
នាងងាកមកខ្វាច់កេះកៃតម្រង់ទ្រូងគេដែលកំពុងបញ្ជោះ តែគ្រាប់សំណរផ្សេងមកដល់លឿនជាង ហើយបំបុកដៃស្រីរបូតកាំភ្លើងផ្លាតគ្រាប់សំណរខុសគោលដៅ។
ខ្មាន់លាក់មុខ មានបំណងត្រឹមតែបង្អាក់អំពើខុសច្បាប់របស់នាង ឯនាងវិញ គឺប្រាថ្នាយកជីវិតជេនតែម្តង។ នារីនេះដួលថយលើកៅអីទាំងឱបដៃរបួស ខណៈឥន្ត្រាបង្ហាញខ្លួន។ ម៉ូណាខាំធ្មេញ។ មនុស្សពីរនាក់នៅជាមួយគ្នាដូចស្រមោលអន្ទោលតាមប្រាណ។ ស្តាយដែរ ដែលនាងខ្សោយ ពេលនេះមិនអាចចាប់មនុស្សទឹកកកទាំងរស់ទៅបំពេញមហិច្ឆតាខ្លួនបាន បានជានាងសម្លក់គេទាំងពីរដោយភ្នែកក្រឡោតៗ។
«ប៉ាខ្ញុំនៅឯណា?!»
ឥន្ត្រាពោលសួរយឺតៗ ខណៈស្រីអ្នកលេងសើចក្អាកក្អាយ។ មិនដឹងនាងសើច ដែលឮគេហៅម៉ឺនយូថា«ប៉ា» ឬសើចរឿងអ្វីផ្សេងទេ ជេនតាមសម្គាល់មើលមុខម៉ូណាមិនប្រហែសឡើយ។
ឧត្តមសេនីយ៍កំពុងគិតដល់សាច់រឿងរឿងប្រទាក់ក្រឡាជាច្រើន។ ល្ខោនអតីតដែលនាងទើបនឹងបាននិយាយឡើងមុននេះ មិនដឹងឡើយថា ឥន្ត្រាមកទាន់ស្តាប់ឮដែរឬយ៉ាងណា តែជេននៅបន្តសង្ស័យលើចំណុចជាច្រើន។
គេប្រញាប់ពោលសួរ៖
«រូបថតប៉ាម៉ាក់នាងថតជាមួយម៉ឺនយូ តើត្រូវជាអ្វីនឹងគ្នា?!»
ម៉ូណាខាំមាត់ នាងចង់និយាយខ្លះមិនចង់និយាយខ្លះ។
ជេនសួរទៀត៖
«មុននេះខ្លួនថា ម្តាយបានបញ្ជូនតាមទូកមករកម៉ឺនយូពេលអាយុ៥ឆ្នាំ ហេតុអ្វី? ហេតុអ្វីបានផ្ញើខ្លួនជាមួយម៉ឺនយូ ហើយពេលនេះក្លាយជាពួកហង្សស? ខ្លួនចុះចូលជាមួយទាយាទត្រីកោណមាស?»
ម៉ូណាសម្លក់គេជាមួយគំនុំជ្រាលជ្រៅ។ សម្រាប់ជេនវិញ គេយល់ថា ស្រីម្នាក់នេះ មិនងាយនឹងប្រាប់អ្វីពិតទេ ប្រសិនមិនឆ្លងកាត់វិធីសួរចម្លើយនៅកន្លែងប៉ូលិស។ គេមិនទាន់ដឹងថា នឹងចាត់ការនាំខ្លួននាងទៅរបៀបណាផង ឥន្ត្រាស្ទុះចូលទៅមុន ហើយភ្ជង់ចំថ្ងាស។
«កុំ!»
ជេនស្រែកភ្លាត់មាត់ឃាត់ ធ្វើឱ្យគ្រប់គ្នាងាកមក។
មនោសញ្ចេតនាមិនដាច់អាល័យរបស់នាយប៉ូលិសមិនអាចលាក់កំបាំងបានទេ។ ទាំងម៉ូណា ទាំងឥន្ត្រាមើលឃើញថា ឫកពាជេនគឺលើសពីចង់បាននាងទៅជាចំណាប់ខ្មាំងឬជាសាក្សីប៉ូលិស ប៉ុន្តែដូចជាបារម្ភពីសុវត្ថិភាពនាង។
ឥន្ត្រាដកភ្នែកមិនរវល់នឹងអ្វីដែលគេទើបនឹងបានឃើញទេ។ មនុស្សទឹកកកខ្វល់តែពីរឿងរបស់ខ្លួនគេនិងគ្រួសារគេប៉ុណ្ណោះ។
ប្រុសច្បងសម្លុតនាងដោយសព្ទសំឡេងស្រាលៗ ៖
«ហេតុអីមានមូលដ្ឋានសម្ងាត់នៅលើកោះH? កន្លែងនេះពួកខ្លួនលបចូលមកតាំងពីពេលណា ហើយកសាងជំរុំក្រោមដីនេះដើម្បីអី?»
ម៉ូណាសើចក្អាកក្អាយ តែនៅមិនមាត់តបទេ។ គ្មានចម្លើយមួយណាដែលនាងខ្ជាក់ប្រាប់ឥន្ត្រាទាំងអស់។ ប្រុសច្បងខាំធ្មេញបំបុកកាំភ្លើងបន្ថែម ធ្វើឱ្យជេនភ្ញោចស្ទុះចូល។
«នាំនាងទៅសិនល្អជាង!»
គេវាចាខ្សឹបៗស្រាប់តែស្រីអ្នកលេងគំហក៖
«កុំសង្ឃឹម!»
ដៃនាងចុចក្រោមជើងតុ ទឹកបាញ់មកខ្ចាយពីក្រោយខ្នង បុរសទាំងពីរខ្ទាតថយក្រោយមិនអាចទប់ជំហរបាន ចំណែកពេលទឹករលត់អស់កម្លាំងកម្ចាយ ពួកគេរកមិនឃើញម៉ូណាទេ។
បន្ទប់នេះក្រៅតែពីទីក្រោមដីដ៏ស្មុគស្មាញ ថែមទាំងមានគន្លឹះយន្តអាចវាយឆ្មក់ ពន្យារស្ថានការណ៍ និងរុញម៉ូណាចាកចេញដោយសម្ងាត់ទៀត។
មិនថានាងទៅតាមជញ្ជាំង ឬក្រោមតុ ពួកគេមិនអាចរុករកឃើញសញ្ញាដើម្បីបើកទ្វារប្រដេញតាមឡើយ។
ជេននិងឥន្ត្រាសម្លឹងគ្នា។
តាំងពីភ្នំពេញមក ពេលដែលគីម៉ាល់និងហាន់ដាត្រូវបានដោះលែង ជេនត្រូវបានគេជូនដំណឹងពីរឿងចាប់ជម្រត់នីយ៉ា។ គេឡើងមកតាមផែនទីដែលឥន្ត្រាបោះឱ្យ។
ពួកគេបានមកដល់មូលដ្ឋានមួយ ដែលគ្មានអ្នកណាធ្លាប់ឃើញ តែស្ថិតលើដែនសីមាកោះH។
«កន្លែងនេះមិនមែនទើបនឹងសាងឡើងទេ ម៉េចក៏ស្រីម្នាក់នេះស្គាល់និងស្នាក់នៅទីនេះបាន?»
ជេនសួរទៅឥន្ត្រាធ្វើឱ្យគេញាក់ស្មាជាសញ្ញា«មិនដឹង»។ សភាពឥន្ត្រាក៏មិនដែលឃើញទីនេះដែរ តែឪពុកគេវិញ…..មិនប្រាកដទេ។
ជេនគិតហើយស្ទុះទៅក្បែរតុ រាវប្រមូលកញ្ចប់ឯកសារនិងលាតរូបទាំងអស់មើលសាជាថ្មី។ រូបថតជាច្រើនសន្លឹករបស់បុរសឈ្មោះម៉ឺនយូកាលពីក្មេង ថតលើអូប័រនិងទូកទំនើបជាមួយបុរសម្នាក់ទៀត ដែលម៉ូណាអះអាងថា ជាប៉ានាង។
ជេនដៀងទៅលបមើលឥន្ត្រា។ គេនោះកំពុងលើកសពផ្ងារមើលមុខ ហើយស្ទាបដង្ហើម រួចញីថ្ងាសខ្លួនឯង។
«មនុស្សកោះH?» ជេនឈ្លេចសួរ។
«កងការពារប៉ាខ្ញុំ» គេឆ្លើយខ្លី រួចលុកលុយរកមើលគន្លឹះទ្វារយន្តនិងតម្រុយនៃផ្លូវសម្ងាត់ដែលម៉ូណាទើបនឹងគេចខ្លួនចេញ។ សភាពគេ គេមិនដែលស្គាល់កន្លែងនេះពិតមែន។
ជេនលបគិតយ៉ាងរហ័ស។ ដ្បិតតែពួកចិនធ្វើDNA និងប្រាប់គីម៉ាល់ថា ម្នាក់នេះជាពិសិដ្ឋ អតីតយុទ្ធមិត្តរបស់គេក្នុងសមរភូមិប្រឆាំងពួកត្រីកោណមាស ប៉ុន្តែបើគេនៅលើកោះHយូរក្នុងនាមជាកូនច្បងម្ចាស់កោះ មិនលែងអីគេស្គាល់ភូមិសាស្ត្រឬស្គាល់កន្លែងទាំងអស់របស់ប៉ាគេ?
«មិនដែលមកដល់កន្លែងនេះទេ?!» គេសួរតិចៗស្ទង់ចិត្តឥន្ត្រា ធ្វើឱ្យមនុស្សទឹកកកបោះបង់ចោលការពិនិត្យជើង ហើយក្រោកឡើងមកត្រង់ខ្លួនវិញ។
«ពួកហង្សសមានមូលដ្ឋានលើកោះH បានន័យមានមនុស្សកោះHធ្វើរនុកឱ្យ!» ឥន្រា្តឆ្លើយខ្លីព្រោះគេនឹកឃើញសម្តីស្រីតូច «មីងឥស្លាមម្នាក់ ក្លែងធ្វើជាមនុស្សរបស់បងប្រុសខ្ញុំ ចូលមកហៅខ្ញុំឱ្យរត់!»។
កាលណោះពួកហង្សសព្រហើនបើកអូប័រមកចាប់ពង្រត់ប្អូនស្រីប៉ូលិសចេញពីជំរុំកោះH ខណៈដែលនាងកំពុងស្ថិតនៅក្នុងផ្ទះធំរបស់ម៉ឺនយូ នេះបានន័យថា គេអាងមូលដ្ឋានគេនៅក្បែរៗ ឬមានកម្លាំងគេច្រើនក្បែរៗ តែក៏មិននឹកស្មានថា គេមានកន្លែងលាក់ខ្លួនបែបនេះនៅលើកោះHដែរ។
ម៉ូណាបានខលទៅយូស៊ូ គំរាមមិនឱ្យឥន្ត្រាប្រដេញឡាន តាមមើលមិននឹកស្មានថា ឥន្ត្រាអាចHackឃើញទីតាំងរបស់នាងឡើយ។
ជេនហុចរូបមួយសន្លឹកមកឱ្យ។
«ម្នាក់ដែលថតជាមួយសេដ្ឋីម៉ឺនយូនេះជាអ្នកណា?!»
ឥន្ត្រាដៀងមកមើល រួចទើបលូកដៃមកទទួលក្រោយ។
«ខាងក្រោយមានអក្សរ!» ជេនភ្លាត់ប្រាប់។
ឥន្ត្រាបំបែរមើល «បងប្អូនល្អ! ស្លាប់រស់ដើម្បីគ្នា!»។ មិនដឹងនិងមិនចាប់អារម្មណ៍ឡើយថាហេតុអ្វីខ្លួនអានអក្សរដាច់។ គេមិនមាត់រួចបត់វាទុកក្នុងហោប៉ៅ។ ទឹកមុខនិងកាយវិការគេប្រាប់ជាស្រេចថា គេដឹងរឿងមនុស្សទាំងពីរក្នុងរូប។
«មនុស្សនេះត្រូវជាម៉េចនឹងម៉ឺនយូ?»
មិនប្តូរទឹកមុខ ឥន្ត្រាងាកសម្លឹងទ្វារហើយដើរទៅ មាត់គេឆ្លើយខ្លី៖
«ពូខេង! ខ្លះហៅគាត់ថា រីឆាត»
«មនុស្សកោះH?» ជេនសង្ខើញសួរដោយរត់ទៅតាមពីក្រោយ។
«ជាបងប្អូនធម៌របស់ប៉ាកាលចេញរកស៊ីដំបូង! ឮតែប៉ានិយាយ មិនដែលស្គាល់គាត់ទេ!»
«ម៉ូណាប្រាប់ថា ជាប៉ារបស់នាង ដែលស្លាប់ក្នុងដៃប៉ូលិស!»
ឥន្ត្រាបន្ថយជំហាន បានន័យថាពាក្យនេះភ្ញោចចិត្តគេ តែគេមិនមានប្រតិកម្មជាពាក្យសម្តីទេ។ ជេននិយាយទៀត៖
«នាងនិយាយទៀតថា កាលអាយុ៥ឆ្នាំ ម្តាយនាងផ្ញើនាងតាមទូកមកកោះH»
ឥន្ត្រាដូចជាមិនចង់ធ្វើជាចាប់អារម្មណ៍នឹងប្រធានបទនេះទេ ពិសេសនារីម្នាក់នេះ គេទើបនឹងចួបហើយនាងមានសភាពជាជនដៃដល់ ចិត្តឆៅ សម្លាប់មនុស្សមិនញញើតដៃ។
«ខ្ញុំគិតថា គ្រួសារនេះមានទំនាក់ទំនងជិតដិតជាមួយកោះH បានជា…..»
ឥន្ត្រានិយាយកាត់៖
«ខ្ញុំទៅរកប៉ាខ្ញុំនិងនីយ៉ា!»
គេបន្ថែមល្បឿនចាកចេញពីបន្ទប់ក្រោមដីឡើងតាមជណ្តើរទៅជាន់ខាងលើ។ នេះជាតំបន់ព្រៃស៊ប់ទ្រុបដែលមានផ្ទះតូចមួយ ធ្វើពីឈើនៅខាងលើ បន្លំថាជាផ្ទះអ្នកនេសាទ បិទបាំងមូលដ្ឋានប្រដាប់អាវុធនៅខាងក្រោម។
មើលពីផ្ទៃខាងលើ មិនមាននរណាអាចសង្ស័យបានថាខាងក្រោមមានផ្ទះបង្កប់ថែមទាំងមានច្រកគេចខ្លួនដោយគន្លឹះផង។ មិនដឹងថា លោកខេងឬរីឆាតដែលឥន្ត្រាទើបប្រាប់មុននេះ ដឹងអំពីតំបន់នេះតែម្នាក់ឯង ឬមួយម៉ឺនយូក៏ដឹងដូចគ្នាដែរ?
បើគាត់ដឹង ម្តេចបានជាម៉ូណាអាចមកតាំងគ្នីគ្នានៅកន្លែងមួយនេះបាន?
ឥន្ត្រាចុចទូរសព្ទចុះឡើងដោយទឹកមុខអន្ទះសា។ ខណៈជេនកំពុងស្វះស្វែងរកមើលក្រែងមានច្រកផ្សេង ដែលម៉ូណាមុននេះបានគេចេញមក។
«ប៉ាខ្ញុំអាចនឹងនៅក្បែរៗនេះ!»
ឥន្ត្រាភ្លាត់មាត់ឡើងដោយភ្នែកនៅផ្តោតលើទូរសព្ទ ស្រាប់តែកន្ទុយភ្នែកងាកមកឃើញជេនវាយអាយកូម។ គេស្ទុះមកក្បែរហើយគំហក៖
«ធ្វើអី?»
ជេនងើបមុខសម្លឹងឫកពាតក់ក្រហល់របស់ឥន្ត្រា។ មិនយូរមិនឆាប់ មេប៉ូលិស ឆ្លើយតបតាមធម្មតា៖
«ហៅប៉ូលិសមកឆែកឆេរ!»
«អ្នកណាថាឱ្យធ្វើ?» ឥន្ត្រាមួម៉ៅ។
ជេនញាក់ស្មាតបទាំងហួសចិត្ត៖
«មានមនុស្សស្លាប់នៅនឹងកន្លែង ហើយឃាតកៈគេចខ្លួនរកមិនឃើញ បើមិនហៅកម្លាំងមកសម្អាត រុករក ចាំអង្កាល់? ចាំអ្នកណាអនុញ្ញាត?»
«នេះជាកោះH ធ្វើអ្វីត្រូវមានការសម្រេចពីម្ចាស់កោះ!»
ជេនអស់សំណើច ដើរមកប្រឈមតទល់នឹងឥន្ត្រា។ គេសម្លឹងមនុស្សនេះពីលើដល់ក្រោម រួចទើបនិយាយតប៖
«ប្រហែលមានអំណាចពេក ច្រឡំថាកោះនេះឯករាជ្យហើយដឹង?»
ឥន្ត្រាប្រុងតបត ជេនខាំមាត់និយាយទៀត៖
«ប្អូនស្រីពៅខ្ញុំបាត់ទាំងមូល សញ្ញាអ្នកទូរសព្ទគំរាម ក៏បង្ហាញទីតាំងមួយនេះ! ទោះគាស់រំលើងឬកម្ទេចកន្លែងនេះក៏ត្រូវធ្វើដែរ! កុំថាឡើយត្រឹមឆែកឆេរ!»
ឥន្ត្រាមិនដែលចុះចាញ់អាកប្បកិរិយាអនុវត្តច្បាប់របស់នាយប៉ូលិសទេ ប៉ុន្តែពេលគេរំឭកដល់ស្រីតូចនោះ ចិត្តគេទោរទន់។
គេនឹកដល់ក្លិនស្រីប្រហើរក្បែរទ្រូង នឹកដល់សំណោកនិងទឹកភ្នែកនាង។
តរុណីប្អូនប៉ូលិសកំពុងស្ថិតក្នុងគ្រោះថ្នាក់ជាការពិត។ ចាំបានថា ម្តងជាពីរដងឥន្ត្រាបានឃើញពួកហង្សស ចង់សម្លាប់ទាំងជេននិងទាំងនីយ៉ាពេលបញ្ជូននាងចេញតាមអូប័រ ឬមួយថា ពាក្យប៉ារបស់ស្រីម្នាក់ខាងក្នុងត្រូវស្លាប់ក្នុងគុកប៉ូលិសគឺជាសាច់រឿងពិត? បើមែន នីយ៉ាមិនស្ថិតនៅក្នុងZoneគ្រោះថ្នាក់ទៅហើយ។
គេរវៀសរវៃគិតហើយងក់ក្បាល៖
«ធ្វើអីធ្វើទៅ! ខ្ញុំទៅខាងណេះ! ឃើញប៉ាខ្ញុំត្រូវរក្សាសុវត្ថិភាពគាត់ ចំណែកខ្ញុំ បើឃើញនីយ៉ា ខ្ញុំនឹងថែទាំនាងឱ្យ!»
គេចង្អុលទិសផ្សេង ជាកន្លែងដែលគេត្រូវទៅ ក៏ជាការបង្ហាញថា គេចង់បែកផ្លូវពីនាយប៉ូលិស។
វគ្គ
ការពិតដែលពិបាកបកអាក្រាត
កោះខ្មោចស្ងាត់ តែស្រស់បៃតង និងស្អាតបំផុតប្រៀបជាមួយកោះដទៃជុំវិញកោះH។ នៅទីនេះ យូស៊ូបានបែកពីឥន្ត្រាមកស្វែងរកនីយ៉ា ចំណែកឥន្ត្រាទៅតាមសញ្ញាមួយផ្សេង ព្រោះពេលមកដល់កោះH រលកសញ្ញាទីតាំងដែលពួកគេតាមរក បានបែកជាខ្នែងមកដណ្តប់លើតំបន់ព្រៃជ្រៅលើកោះH ខ្នែងមួយទៀត នៅលើកោះខ្មោច។
ដោយអាងថានេះជាទីតាំងរបស់ខ្លួនស្និទ្ធស្នាលតាំងពីកំណើត ពួកគេមានកម្លាំងមកតាមតែមួយអូប័រ និងមិនគិតថាគ្រោះថ្នាក់អាចកើតឡើងបានគ្រប់ពេលនោះទេ។
ដោយសារនៅមន្ទីរពេទ្យ យូស៊ូបានទទួលខលរបស់ប៉ាខ្លួន ថាគាត់មានភារៈសំខាន់បានជាមិនបង្ហាញខ្លួន ពេលនេះទៀតសោតគេនៅតែសង្ស័យថា អ្នកចាប់នីយ៉ាទៅអាចជាប៉ារបស់គេខ្លួនឯង បានជាឥន្ត្រាអាចHackឃើញទីតាំងនៅផ្ទះខ្លួនឯង នេះជាមូលហេតុមួយដែលគេមិនចង់ឱ្យមានមនុស្សមកច្រើន ដឹងឮច្រើន ក្រែងបែកការណ៍របស់ឪពុក។
«ផ្ទះនោះកន្លែងអី?»
គេងាកសួរកូនចៅ ដោយចង្អុលទៅកាន់ផ្ទះឈើនិងស្លឹកតូចៗរប៉េះរប៉ោះឯនាយកណ្តាលព្រៃ បិទបាំងដោយបណ្តាវាលស្មៅសមុទ្រស៊ប់ទ្រុបវែងៗ។
«ភូមិអ្នកនេសាទបង! ពួកគេភាគច្រើនជាមនុស្សគ លោកម្ចាស់អាណិតក៏អនុញ្ញាតឱ្យរស់នៅ ថែទាំកោះខ្មោចផង!»
យូស៊ូមិនដែលមកទីនេះទេ តែគេដឹងឮរឿងពួកមនុស្សគ ដែលជាជម្ងឺបន្តសន្តាន។ ពួកគេមានអណ្តាតខ្លីនិងរួញ មិនអាចនិយាយតាំងពីកំណើត និងកសាងគ្រួសារដែលមានសភាពជំងឺដូចគ្នា។
គេងើបមុខសម្លឹងទិសផ្សេងឯតំបន់ឆ្នេរដែលមានកូនវីឡាថ្ម សម្គាល់ថាកន្លែងបងប្រុសច្បងធ្លាប់គេងសម្រាកព្យាបាលជាង៦ឆ្នាំ។
តាំងពីទីនេះត្រូវភ្លើងឆេះ គ្មានការកែប្រែជួសជុលអ្វីឡើងវិញទេ គ្រប់យ៉ាងខ្មៅកខ្វក់និងរហោដ្ឋាន។
អាចទេ ចំណាប់ខ្មាំងត្រូវបាននាំមកទុកកន្លែងនេះ?
«ឱ្យគ្នាយើងយាមនិងចាំបងនៅណេះ!»
គេបញ្ជាហើយតម្រង់ទៅរកវីឡាសំណល់ពីអគ្គីភ័យ។
«ខ្ញុំទៅតាមជួយបង!»
កូនចៅទាមទារតែយូស៊ូមានពិភាល់ថា អាចនឹងមានរឿងអាថ៌កំបាំងច្រើនពាក់ព័ន្ធនឹងប៉ាគេ បានជា គេចាំបាច់ត្រូវប្រុងប្រយ័ត្ន។
«នៅត្រង់ណេះហើយ ចាំសញ្ញាពីបង! មានការអីបងនឹងហៅឯង!»
មិនហ៊ានប្រកែក ពួកនោះដកថយ ទុកឱ្យកូនពៅម៉ឺនយូបន្តដំណើរទៅតែម្នាក់ឯង។ តាំងពីឡើងមកដល់កោះនេះម៉្លេះ គេមិនអាចទាក់ទងបងប្រុសបានទៀតទេ តើហេតុអ្វីមុននេះទូរសព្ទពួកចាប់នីយ៉ាឱ្យសញ្ញាចេញពីតំបន់នេះបាន?
យូស៊ូកាន់តែមានគំនិតសង្ស័យឡើងថាជាស្នាដៃរបស់ប៉ាគេដើម្បីប្រឆាំងទៅនឹងគ្រួសារប៉ូលិស។ ក្រៅពីគិតថា នៅខាងក្នុងអាចជាម៉ឺនយូឬនីយ៉ា គេថែមទាំងចង់ចំណាយពេលនេះមកពិនិត្យទីកន្លែងដែលឥន្ត្រាធ្លាប់បានគេងព្យាបាលអស់៦ឆ្នាំ។ មិនដឹងបងប្រុសខ្លួនបានឆ្លងកាត់បញ្ហាអ្វីខ្លះទេ បានគេក្លាយមកជាមនុស្សទឹកកក មិនមានពាក្យនិយាយច្រើន មិនចេះអាន មិនចេះឈឺឬដឹងក្តៅត្រជាក់ ចុងក្រោយបែរជាអាចសរសេរកូដស្ទាត់ជំនាញ?
ដោយមិនចង់សម្លឹងមើលស្នាមដានជើងជាន់ស្មៅស្រស់ៗនៅលើដី គេព្យាយាមទប់ដង្ហើមតឹង។ ដាននេះបញ្ជាក់ថា មានមនុស្សទើបនឹងមកមុនគេ ជាន់រាបស្មៅខ្លះ ហើយមិនទាន់ក្រៀមផង។ នៅពីមុខផ្ទះ គេឃើញមានសួនផ្កាស្រស់ទើបនឹងដាំ។ ផ្ទះនេះឆេះខ្មៅ មិនបានជួសជុលឡើងវិញ ចុះដាំផ្កាជាការគោរពវិញ្ញាណក្ខន្ធអ្នកដែលស្លាប់ក្នុងភ្លើង?
យូស៊ូមិនប្រាកដចិត្តសោះ។
ជើងឈានទៅមុខ ជំហាននីមួយៗគេប្រាប់ខ្លួនឯងថា គេត្រូវការរកនីយ៉ានិងឪពុកគេ ដូច្នេះចង់កាត់ចោលការពិចារណាបាចសាចទាំងពួង តែសំណួរចេះតែលេចឡើង។
មានអ្នកណាធ្លាប់មកព្យាយាមសម្អាតកន្លែងនេះធ្វើអ្វីទេ? លើកលែងតែប៉ាគេដែលជារឿយៗ គេលបឃើញគាត់សោកាសម្លឹងរូបថតបងប្រុសកាលមិនទាន់គ្រោះថ្នាក់។
ទោះយ៉ាងណា បងប្រុសខ្លួនបានជាមកវិញគ្រាន់តែមិនដូចដើមហើយទេតើ ឆ្ងល់ថា តើអ្នកដែលសមត្ថកិច្ចតាមរក និងត្រូវដុតស្លាប់នៅទីនេះ មានអ្វីពាក់ព័ន្ធបានជាឪពុកខ្លួនទុកគេសំខាន់ម្ល៉េះ?
តើមនុស្សគប៉ុន្មាននាក់ ត្រូវបានគេទុកចោលនៅកន្លែងដ៏ស្ងាត់នេះ ដើម្បីធ្វើការបម្រើអ្នកជំងឺរបស់ប៉ូលិស ហើយជននេះឆេះស្លាប់ទៅហើយ ហេតុអ្វីនៅដាំផ្កាលម្អទីនេះទៀត?
គេរុញទ្វារចូល តែជាប់ម៉ឺង។
ហេតុអ្វីចាក់សោ? អង្រួនច្រើនដងនៅតែមិនរបើក គេរេភ្នែកសម្លឹងតាមឡើងជណ្តើរថ្មយឺតៗ។ ជណ្តើរនេះអាចនាំទៅកាន់ជាន់ខាងលើ គេអាចរកផ្លូវវាងចូលផ្ទះ តែសំណង់នេះឆេះបង់ តើអាចផុយស្រួយ បង្កឱ្យមានគ្រោះថ្នាក់ដែរឬយ៉ាងណា?
«មានអ្នកណានៅក្នុងទេ?»
គេសួរតិចៗហើយគោះទ្វារ។
ស្ងាត់!
ដោយព្យាយាមដកដង្ហើមស្មើៗចូលនិងចេញ គេយល់ថា វាគ្មានប្រយោជន៍ទេក្នុងការលុកលុយសំណល់សំណង់ចាស់មួយនេះ។ Track ទីតាំងអាចចង្អុលខុស។ ម្នាក់ៗចាប់អារម្មណ៍អំពីកោះខ្មោចពេកបាន ជាបងប្រុសគេឱ្យគេមកកន្លែងនេះ ឯខ្លួនគាត់ទៅកន្លែងមួយទៀត។
គេបែរខ្លួនសម្រេចចិត្តចាកចេញ….
«ជួយ….ជួយផង!»
យូស៊ូមិនអាចចាប់ដង្ហើមរបស់គេឱ្យជាប់រៀបរយបានទេ។ តែត្រឹមឮម្តងប៉ុណ្ណោះ បេះដូងគេលោតខ្លាំងព្រោះស្គាល់សំឡេងនាង។
«នីយ៉ា!»
គេហៅឈ្មោះនាងទាំងមានអារម្មណ៍ថា សំឡេងហៅទាំងភ្ញាក់ផ្អើលនេះញ័ររងំក្នុងត្រចៀកមិនលាន់ចេញមកក្រៅឡើយ។
យូស៊ូស្លុតពេក!
ថាអីចេះខុស! សង្សារត្រូវចាប់មកកន្លែងនេះ ហើយបើតាមស្តាប់សភាពសំឡេងនាង នាងកំពុងរបួស។
ប្រុសពៅផ្អាកជើងនៅកណ្តាលមាត់ជណ្តើរហើយសម្គាល់ឃើញដានប្រឡាក់ដោយតំណក់ឈាមស្រគាំ។
«នីយ៉ា?» គេស្លុតនិងស្រែកហៅឮៗ ខណៈសំឡេងថ្ងូរឈឺចាប់លាន់ឡើងមកពីខាងស្ដាំ។
ពីក្នុងទ្វារដែលជាប់គន្លឹះ។ ប្រុសខាំមាត់លូកដៃដកកាំភ្លើង។
«ឮបងហៅទេ នីយ៉ា?»
«យូស៊ូ ជួយផង!»
ច្បាស់ណាស់ នាងជាប់នៅខាងក្នុង។ គេសម្លឹងមើលទៅជញ្ជាំងជុំវិញ ដោយព្យាយាមរកមើលថា តើមានអ្វីឆេះក្លាយជាចន្លោះនឹងអាលចូលឬសម្លឹងទៅក្នុងបាន។ មានកុងតាក់ភ្លើងរបូតមួយ ព្យួរយ៉ោកយ៉ាកខ្មៅរោលនៅខាងលើ។ ទីនោះមានប្រហោងធំមួយ ប្រសិនឡើងជណ្តើរបីបួនកាំទៀត គេអាចមើលទៅខាងក្នុងឃើញ។
មិនបង្អង់គេឈានឡើងហើយស្រែកហៅឈ្មោះនាង។ គ្មានការឆ្លើយតប គេអើតសម្លឹងតាមប្រលោះ….ភាពងងឹតនៅជុំវិញបន្ទប់ខាងក្នុង។ មិនចម្លែកទេទីនេះខ្មៅរោល….គេស្រែកហៅ…
«នីយ៉ា!»
នាងហាក់ចាប់បានសម្តីគេ នាងហាក់មានកម្លាំងជាងមុនហើយត្រេកអរ នាងតបមកវិញ៖
«យូស៊ូ ខ្ញុំនៅកន្លែងនេះ យកខ្ញុំចេញផង សូមអង្វរ!»
គេស្ទើរតែលោតចុះមកភ្លាម ហើយបាញ់បំបែកទ្វារ តែគេព្យាយាមប្រើស្មាបំបុកវិញ។ បុកទ្វារបីលើក ទើបខាងក្នុងត្រូវរបូតរនុកប៉ើងរាយប៉ាយ។
ផ្ទាំងរូបភាពចាស់មួយ ឆេះអស់ប្រមាណជា៨០ភាគរយ នៅចំពីមុខទ្វារចូល។ យូស៊ូមើលភ្លឹក ទោះបីជាវាឆេះសឹងអស់ តែបរិវេណនៅសល់បញ្ជាក់ថា វាជារូបបងប្រុសគេឈរយ៉ាងសង្ហានៅលើអូប័រ។
ម្នាងសិលានិងពិតានចំហធ្លាក់ខ្មៅរោលខ្លះ និងខ្លះទៀតត្រូវធ្លុះចំហធ្លុងតែម្តង។
ជើងគេជាន់លើថ្លុកទឹកភ្លៀងដែលដក់ ពេលព្យាយាមដើរចូលទៅ។
«ខ្ញុំនៅណេះ!»
គេក្រឡេកភ្លាមឃើញស្រីល្អជាប់ចំណងតឹងម៉ឺងលើសាឡុងរហែក។
លើស្មារបស់នីយ៉ា ឃើញប្រឡាក់ឈាមក្រមៅ។ គេសែនអាក់អន់ស្រពន់ចិត្ត ក្នុងការស្រែកយំស្ងាត់ៗព្រោះសភាពតោកយ៉ាករបស់នាង។ ប្រុសបើកភ្នែកធំៗស្ទុះចូល…



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ