បង្អួចកញ្ចក់ខាងឆ្វេងដៃនៃខ្ញុំ ស្រាប់តែកក្រើករំញ័រ។ ស្រមោលផ្លេកបន្ទោរ បំភ្លឺពាសពេញផ្ទៃមេឃ ផ្គរលាន់គ្រហឹមឮមកដល់ក្នុងឡាន។
នៅក្នុងពេលដ៏ប្រថុចញ៉ុចនោះ បុរសសាំងហ្គាពួរដែលទើបមកដល់ កំពុងតែមើលមកខ្ញុំនិងបន្តមើលគួរឱ្យទើសចិត្ត។ ហេតុអ្វីអ្នកដែលចូលទៅរកអេហ្គូ គ្រប់គ្នាមិនឃើញចេញមកវិញសោះ។
ខ្ញុំចង់ចុះទៅឈរក្បែរអ្នកស្រីជំនួយការវឺនវិញ ស្រួលចិត្តជាង តែខ្ញុំមិនហ៊ានងាកមកមើលអេហ្គូផង កុំថាឡើងរំលងខ្លួនគេចុះទៅក្រោម។ បេះដូងខ្ញុំនៅតែលោតញាប់ហើយញ័រទ្រូង ដង្ហើមរបស់ខ្ញុំប្រែជារាក់ៗ ដៃខ្ញុំឡើងស្អិត មិនថារំងាប់ចិត្តប៉ុន្មានដងទេ បរិយាកាសនេះ តែងតែទាញប្រតិកម្មដដែលចេញពីខ្ញុំដោយការភ័យខ្លាច។
មានអ្វីមួយខុសប្រក្រតីកំពុងនៅជាមួយខ្ញុំ ឬអាចថាក្បែរៗខ្ញុំ ឱ្យខ្ញុំប្រឈម។
«ពួកគេចូលទៅក្នុងជាមួយលោកលី មិនឃើញមកវិញអ៊ីចឹង?»
ខ្ញុំថាហើយងាកសម្លឹងទៅអតីតផ្ទះមន្ត្រី។ មេឃរឹតតែងងឹតស្លុប ក្នុងនោះងងឹតគ្មានភ្លើងឬពន្លឺទេ ពួកគេទៅសំងំដល់ណា? ហើយ….សូររន្ទះបាញ់លាន់ឡើងមកពីតំបន់ផ្សេងៗក្បែរៗ។
លើកដៃមកជូតញើស…..អស្ចារ្យហើយ! បែកញើសទាំងឡាននេះកំពុងត្រជាក់ដូចទូក្លាសេ។ រំពេចនោះខ្ញុំឃើញខ្សែមួយលើ កដៃ។
«ខ្សែស្អាត!» ជីងសរសើរកាលខ្ញុំកាន់សំបុត្រយន្តហោះរង់ចាំគេឆែកកន្លែង។
«យាយខ្ញុំឱ្យ!» កាលហ្នឹងខ្ញុំឆ្លើយទៅជនជាតិវៀតណាម។
ពិតមែន! នេះជាសីមាអំបោះខ្មៅ ដែលលោកយាយខ្ញុំប្រាប់ថា ជាគ្រឿងការពារថាមពលអវិជ្ជមានអរូប។
ម្រាមដៃផ្សេងខ្ញុំលូកមកអង្អែលខ្សែ ចិត្តខ្ញុំបែរបន់ស្ងាត់ៗថា៖
«លោកអើយលោក ឱ្យពួកគេវិលមកវិញមកលោក យប់ហើយ! ខ្ញុំខ្លាច!»
ពេលនេះ ទាំងជីង ឃុនចាលើម នាយប្រុយណេអូម៉ា កញ្ញាថៃម៉ាយ៉ា ពួកម៉ាកសាំងហ្គាពួរនាងវីណា អូម៉ា និងឡាវស៊ីវិល័យនាងជូរី បាត់ទាំងអស់។
ក្រឡេកទៅក្រោម អ្នកបើកបរនិងជំនួយការវឺន បាត់ទៀត។
«អេហ្គូ! មនុស្សទាំងអស់បំបាំងកាយអស់ហើយមែនទេ?!»
ខ្ញុំព្យាយាមនិយាយលេងនឹងអាលស្បើយពីការភ័យខ្លាចខ្លះស្រាប់តែ…..
«ពួកវាជាអ្នកទោស!»
ឮហើយបែកញើសប៉ុនៗគ្រាប់ពោត….ខ្ញុំងាកមកវិញយឺតៗ…ស្ទក់ៗ…
អេហ្គូស្ងាត់សឹងគ្មានឮដង្ហើមទេ តែកន្ទុយភ្នែកខ្ញុំឃើញថា គេនៅក្បែរបង្កើយ។ ពិតណាស់! គេមើលមកខ្ញុំដូចគ្មានរឿងអ្វីកើតឡើង ដូចមិនដែលបានមើលគ្នា។
មួយគ្រលៀសទៅ ខ្ញុំចង់ព្រឺ កកក្លាយជាទឹកកក ពីព្រោះនៅពីក្រោយខ្នងគេ ខ្ញុំឃើញរូបរាងជីង ចាលើមនិងអូម៉ា ប្រុសៗទាំងបីកំពុងស្រែកយំយ៉ាងឈឺចាប់។
ខ្ញុំមិនជឿភ្នែកខ្លួនឯងទេ។ ដោយក្តីតក់ស្លុត ខ្ញុំងាកក្រោយសម្លឹងពួកគេ។ ប្រុសៗបីនាក់នេះ កំពុងមានវត្តមាននៅពីក្រោយខ្នងពួកយើង តែដៃពួកគេជាប់ខ្នោះម្យ៉ាងដែលលើកឃុំដាក់ដៃទាំងពីរមកលើ នៅក្នុងប្រអប់ឈើជារបៀបខ្នោះឃ្នាងច្រវាក់ចិនសម័យបុរាណ សម្រាប់ប្រើលើមន្ត្រីក្បត់ជាតិ។
ពួកគេយំស្រែកថ្ងូរហាក់ឈឺចាប់ខ្លាំង។
ខ្ញុំទន់ជង្គង់ អង្គុយចុះវិញដោយបង្ខំ។
គ្មានអ្វីអាចឃាត់ចិត្តទៀតបាន ខ្ញុំស្អប់សុបិនអន្លាយធុននេះណាស់។ ដោយប្រតិកម្មភ័យខ្លាចហួស ខ្ញុំងាកមកបង្អួច អន្ទះសាបើកគន្លឹះទ្វារកញ្ចក់ ទាញផង ស្រែកផង យំផង។
«ជួយ! ជួយខ្ញុំផង! ជួយខ្ញុំផង!»
ភ្នែកខ្ញុំវាក់នឹងវិមានពីវ ដែលជះពន្លឺក្រហមរងាលដោយចង្កៀងគោមជុំផ្ទះ។ មុននេះ ទីនោះងងឹតណាស់ គ្មានពន្លឺមួយសរសៃទេ ឥឡូវបែរជាព្យួរចង្កៀងគោមរាប់រយដូចជាពិធីបុណ្យចូលឆ្នាំចិនបុរាណ?
ភ្លាមនោះ ចង្កៀងមួយជ្រុះ ហើយចង្កៀងផ្សេងធ្លាក់មកជាបន្តបន្ទាប់ទៀត រហូតដល់ភាពខ្មៅអន្ធការមានអំណាចមកគ្របដណ្តប់វិញ ក្រោមដៃជើងញ័រទទ្រើករបស់ខ្ញុំ។ វិមានខាងក្នុង ក្លាយជាប្រាង្គសន្លឹម ខ្មៅ និងរហោដ្ឋានដូចមុន ខ្ញុំឯណេះក៏ទម្លាក់ដៃដែរ ព្រោះដៃក៏ទន់ដូចជើង។
ចិត្តនេះខ្ញុំប្រាប់ខ្លួនឯងថា ត្រឹមជាសុបិនអាក្រក់ ដែលនឹងមានទីបញ្ចប់ ប៉ុន្តែ….រហូតដល់ពេលណា?
ខ្ញុំខ្ទប់ត្រចៀក ខណៈសំឡេងសំណោកខ្សឹកខ្សួលដោយការឈឺចាប់ក្នុងទារុណកម្មរបស់ជីងនិងចាលើម អូម៉ាលាន់មកច្បាស់ឡើងៗ ជិតឡើងៗ។ ខ្ញុំដឹងថាវាជារូបភាពបំភាន់ ចុះម្តេចមានក្លិនឈាមឆ្អាបនិងសំណើចត្រជាក់ៗរបស់អេហ្គូលាន់មកមិនរលត់សោះ។
អស់អ្វីនឹងត្រូវពិចារណាច្រើន ខ្ញុំស្ទុះបោលទម្លាក់ខ្លួនទៅលើកៅអីខាងមុខ ដែលមុននេះឃើញវីណានិងម៉ាយ៉ាអង្គុយ។
ខ្ញុំរមៀលខ្លួន មិនខ្វល់ឈឺ មិនខ្វល់របួស ព្រោះវាជាយល់សប្តិ។ មិនដឹងប៉ុន្មានជុំទេ ទម្រាំដល់មាត់ទ្វារឡាន ហើយរត់ចេញមកដល់ដី ក៏ដួលផ្កាប់មុខម្ដងទៀត ប៉ុន្តែដូចលើកនេះប៉ះទៅលើអ្វីមួយទន់ៗ…សាកសព!!!!
ហ៊ឺ ម្នាយ!
ខ្ញុំមិនចង់គិតពីវាទេ ចង់ក្រោកឡើងហើយចាកចេញ ឱ្យសុបិននេះអន្តរធានបាត់ទៅ ប៉ុន្តែការពិតមិនអាចធ្វើមិនឃើញមែន សាកសពគឺសាកសព ខ្ញុំចុចពិលទូរសព្ទយ៉ាងប្រញាប់ឃើញ ច្បាស់ថា ជានាងជំនួយការលោកលីឈ្មោះវឺន គាត់ហូរឈាមពីមាត់ ប្រឡាក់តាមចង្អូរចង្កា ដាច់ដង្ហើមហាមាត់ជង្គ្រង់។
ដោយបាត់ការគ្រប់គ្រង ម្រាមស្តាំខ្ញុំច្រត់ដៃលើទ្រូងនាង ពិតជាសាច់ឈាមមនុស្សពិតៗ តើយល់សប្តិអីក៏ច្បាស់ម៉្លេះ?
ខ្ញុំក្រោករត់មិនដឹងទិសណាជាទិសណា រត់ចេញទៅរកភូមិករ ប៉ុន្តែហេតុអ្វីបានជាឃើញខ្លួនឯងរត់ចូលមកក្នុងវិមានពីវផ្ទុយពីការតាំងចិត្តទៅវិញ?
ខ្ញុំរត់ តែដូចកំពុងឈរមើល ឃើញខ្លួនឯងរត់? ឮស្នូរមនុស្សប្រដេញតាមពីក្រោយខ្ញុំ ហើយសំឡេងមួយបក់បោកដង្ហោយមកតាមខ្យល់៖
«ពីវកានៗៗ! ត្រលប់មកវិញ!»
ពីវកានជាអ្នកណា ម្តេចបានជាឈ្មោះនេះមានឥទ្ធិពលឱ្យខ្ញុំឈប់ជើងបាន?
ខ្ញុំអត់ដឹងអ្វីៗដែលកំពុងកើតមាននេះ ថែមទាំងមិនអាចកំណត់និយមន័យដដែល តែចាំបានឈ្មោះ ពីវកាន ជាមនុស្សស្រីម្នាក់ ដែលបានដក់ក្នុងអារម្មណ៍សម្រាប់អ្នកសិក្សាគ្រប់គ្នាអំពីគេហដ្ឋានមន្ត្រីពីវ គឺមកពីនាងជាកូនស្រីទីពីរដែលកាលពីនៅអាយុដប់ពីរឆ្នាំ មាននិស្ស័យបានជួបគ្នាជាមួយស្តេចឈីង។
ល្ងាចមួយ ស្តេចឈីងដ៏មានៈ ដែលមិនសប្បាយចិត្តជាខ្លាំងនឹងការគ្រប់គ្រងរាជ្យពីក្រោយខ្នងដោយមាតារបស់ទ្រង់ ក៏ជិះសេះម្នាក់ឯងវង្វេងមកលេងដល់ភូមិគ្រឹះត្រកូលពីវ។ ដោយមកទាន់ចំព្រឹត្ដិការណ៍អ្នកនាងទីពីរពីវកាន កំពុងដេញភ្លេងម្នាក់ឯងឯកោ ស្តេចឈីងដែលមានវ័យត្រឹម១៤ឆ្នាំ ក៏បានចែចង់ជាមួយនាង។
….ដូចឮសំឡេងពិណ្យ?
ម្តងស្រងេះស្រងោច ម្តងងឺងង៉ោង។
ឥឡូវនេះ ខ្ញុំត្រូវទាក់ភ្នែក ទៅនឹងរង្វង់ពន្លឺដ៏សែនធំមួយ។ ជាពន្លឺពណ៌ខៀវនៃព្រះចន្ទហាក់សែនស្រងេះស្រងោច ចោលរស្មីខៀវស្រងាត់ជារង្វង់គ្របបញ្ចាំងរូបរាងមនុស្សស្រីម្នាក់អង្គុយបែរខ្នងនាកញ្ចុះថ្មម៉ាបយ៉ាងមានតម្លៃ ចំកណ្តាលបឹងឈូក។
វាដូចជាទិដ្ឋភាពមួយដែលគេថតកុនចិន ឬមួយក៏អ្វីមួយដែលត្រូវបានមនុស្សរៀបចំឡើង គ្រប់យ៉ាងងងឹត លើកលែងតែទីនោះ។
ខ្ញុំញីភ្នែក ពិតជាឃើញខ្នងនាងគ្រងសម្លៀកបំពាក់សូត្រពណ៌សទន់ល្មៃ កំពុងតែអង្គុយតាមរបៀបអ្នកដេញពិណ្យបុរាណ ដែលធ្លាប់ឃើញម្តងៗក្នុងកុនភាគចិនបុរាណ។
សក់នាងងរវែង គ្របក្រាលបាំងស្មានិងចង្កេះ បង្ហាញថា នេះជារាត្រីកាលដែលមិនមានការជំនុំឬចួបជាមួយមន្ត្រី ជនចម្លែកមានយសសក្តិណាទេ បានជាកុលនារីចិនអាចទម្លាក់សក់បាន។ តាមធម្មតាពួកគេត្រូវលើកបួង។
ភ្លាមនោះខ្ញុំបានឃើញនារីដេញពិណ្យ ស្ទុះក្រោកចោលឧបករណ៍ ហើយអណ្តែតយ៉ាងលឿនក្នុងទិសដៅត្របាញ់ចូលក្នុងវិមានពីវ។ ខ្ញុំក៏ចាប់អារម្មណ៍ ឃើញខ្លួនឯងប្រដេញទៅតាមនាងដូចគ្នា ទាំងដែលខ្ញុំមិនបានកម្រើក។
មកដល់ចំណុចកណ្តាលនៃវិមាន ជាសាលមួយដែលពោរពេញទៅដោយទាហាន អាមាត្យវាំង និងអ្នកកាន់រាជសារមុខមាំ មាឌធំៗ។
ពួកមន្ត្រី ទាហានមុខកាចៗ ចាប់ផ្ដើមចាប់ចងឪពុកម្ដាយរបស់ពីវកាន ប្អូនស្រី បងស្រីរបស់នាង
អ្នកបម្រើចាស់ក្មេង សន្តិសុខត្រកូវពីវទាំងអស់ ហើយពួកគេជីករណ្ដៅធំមួយកណ្តាលវិមាន ទម្លាក់អ្នកទាំងនោះម្ដងម្នាក់ៗទៅក្នុងរណ្ដៅ បណ្តោយឱ្យពីវកាន ស្រែកយំស្ទើររីងរៃ។
គ្មានអ្នកណាចាប់នាងទេ។
ចុងក្រោយ ទាហានបានលុបដីលើរណ្ដៅនោះចោល ធ្វើឱ្យពីវកានដើរទ្រេតទ្រោតអស់សង្ឃឹមក្នុងជីវិត។ នាងចាប់ផ្ដើមដើរតម្រង់ទៅរកប៉ាន់តែក្តៅគគុកមួយ ហើយក្តាប់ទម្លាក់ថ្នាំមួយគ្រាប់ចូល។
ភ្ញៀវម្នាក់បានដើរចូលមក អមដោយមនុស្សមានយសសក្តិគគ្រឹកគគ្រេង។ សំឡេងគេលាន់ឃាត់នាងដែលកំពុងបែរខ្នងក្រេបថ្នាំពុល។
«យើងមិនឱ្យស្លាប់ មិនអាចស្លាប់បានទេ!»
សំឡេងផ្ដល់មកពីក្រោយខ្នងពួកយើង។
នាងពីវកាននៅតែមិនងាក ហើយបន្តលេបតែក្អឹកៗ។ ខ្ញុំញាប់ញ័រងាកទៅសម្លឹងម្ចាស់សំឡេង ដែលជាមនុស្សប្រុសមានគេហែហមគគ្រឹកគគ្រេង។ ខ្ញុំបានឃើញអេហ្គូ និស្សិតសិង្ហបុរី នៅក្នុងឈុតជាអធិរាជចិន។
ខ្ញុំអង្គុយផ្ទាល់ដីនិងធាក់ថយក្រោយគេចពីភ្នែកពួកគេ ឯអេហ្គូនិងបរិវារគេដូចជាមិនឃើញខ្ញុំ ឬចាប់អារម្មណ៍អ្វីពីវត្តមានខ្ញុំទាំងអស់។
ខណៈពេលដែលអធិរាជឱបត្រកងនាង ពីវកានបានបង្ហូរឈាមតាមមាត់ដូចដែលឃើញនៅលើសាកសពជំនួយការវឺន។
ដោយគាំងចលនា ខ្ញុំឮសំឡេងព្រះចៅយំសោកសង្រេងរួចបញ្ជាឱ្យគេទម្លាក់នារីជាទីស្រឡាញ់ចូលទៅក្នុងផើងធំមួយមានគំនូរខាងក្រៅជារូបក្ងោកចោមព័ទ្ធពេន។
ពួកគេបានចាក់បារតឱ្យសាកសពនាងនៅរក្សាដូចដើម តាមបញ្ជារបស់ស្តេច ដែលមិនអនុញ្ញាតឱ្យនាងសូន្យទៅពីលោកនេះទេ ប៉ុន្តែវាហាក់ដូចជាពេលនេះ ខ្ញុំបានទៅឈរអើតក្បែរ និងអាចមើលឃើញក្នុងផើងទាំងដែលខ្ញុំមិនបានធ្វើកាយវិការ។
ខ្ញុំឃើញរាងកាយរបស់ពីវកាន ដូចជាមានៈប្រឆាំងនឹងបញ្ជាស្តេចឈីង និងរលាយខ្សុលក្លាយជាវត្ថុរាវទាំងស្រុង នៅក្នុងសំណុំជាតិបារត អណ្តែតឡើងមកវិញតែកងដៃគជ់ទឹកឃ្មុំពីរ។
ខ្ញុំស្គាល់ថា នោះជាវត្ថុអនុស្សាវរីយ៍ ដែលមានសរសេរទុកថា ស្ដេចឈីងហេតុតែនឹកនាងពេក បានផ្ញើពីព្រះរាជវាំងមកឱ្យជាគ្រឿងបញ្ចាំចិត្ត ថែមទាំងមានពាក្យកំណាព្យឆ្លាក់ទុកថា កាន់ដៃគ្នារហូតដល់ចាស់ ។
ខ្ញុំដកថយទាំងតក់ស្លុតនឹងឆាកសាច់រឿងដែលស្រស់ៗនឹងមុខនេះ ខណៈឮសព្ទយំសោករបស់អេហ្គូនៅក្នុងរូបរាងជាអធិរាជ។
មិនយូរទេ គេក្រោកទៅលូកដៃចូលក្នុងជាតិបារតដោយមិនខ្លាចរអែងអ្វីទាំងអស់ រាវយកកងទាំងពីរចេញមកកាន់។
នៅពេលដែលខ្ញុំកំពុងតែតាមមើលភ្លឹកស្មារតីនិយាយអ្វីមិនចេញ ស្រាប់តែឃើញគេងាកមកខ្ញុំខ្វាច់។
ខ្ញុំព្រឺណាស់ ព្រោះអធិរាជបានប្តូរមកជាញញឹមហើយដើរតម្រង់មកជាមួយកងគជ់ទាំងពីរ។
សូម្បីសម្លឹង ក៏ខ្ញុំមិនហ៊ានផង។ ខ្ញុំធាក់ខ្លួនឯងថយក្រោយនិងស្រែករហូត ទាល់តែទល់ខ្នងនឹងបង្អែកថយលែងបាន។
អធិរាជអេហ្គូបានមកដល់ ហើយទាញយកកដៃរបស់ខ្ញុំទៅពាក់កង។
វាជាកងលោហិតនិងមរណៈ។
ខ្ញុំរលាស់ដៃប្រកែកចេញ ខ្ពៀក!
បើកភ្នែកខ្វាក់មកវិញ មិនមែនជាកងដៃទេ ដែលធ្លាក់ទៅលើដីគឺប៉ាស្ព័រ និង Boarding Pass របស់ម៉ាយ៉ា។
នាងប្រហែលឃើញខ្ញុំគេងបានជាមកហៅ ហើយត្រូវគ្រវាសរុញសំបុត្រនាងឱ្យធ្លាក់ទៅលើឥដ្ឋ។ នាងអស់ពីភាំងសម្លឹងខ្ញុំ បែរជាព្យាយាមនិយាយសើចៗ៖
«ហើយគេងលក់មែន?»
វីណាដែលនៅពីក្រោយម៉ាយ៉ា បានឱនជួយប្រមូលរើសប៉ាស្ព័រឱ្យនាង។ ខ្ញុំប្រញាប់និយាយដោយព្យាយាមមើលថាតើខ្លួនឯងដេកហៀរទឹកមាត់ដែរឬទេ។
«សុំទោសៗៗៗ»
ក្រឡេកជុំវិញខ្លួន ទីនេះជាព្រលានយន្តហោះក្រុងហាណូយ។
ជាកន្លែងដែលពួកយើងជុំគ្នាមកពីគ្រប់ប្រទេសរង់ចាំឡើងទៅប្រទេសចិន។
ជូរីដេលជានារីឡាវអង្គុយក្បែរខ្ញុំ ហើយជួយរៀបរយប្រមូលអីវ៉ែអីវ៉ាន់របស់ខ្ញុំ យកអាវក្រៅហុចឱ្យខ្ញុំនិងទាញកាបូបឱ្យខ្ញុំដែរ។
«គេហៅយើងឡើងហើយ! ត្រៀមcheck-in»
នាងប្រាប់ខ្ញុំ ខ្ញុំងក់ក្បាលស៊ើងមមើង។
«សូមអ្នកជាវ Business class និងស្ត្រីមានផ្ទៃពោះនិងមនុស្សចាស់ឡើងមកcheck-inមុន!»
នារីវៀតណាមដ៏ស្រស់ស្អាត់កំពុងតែប្រកាសនិងចាប់បើករបាំងទទួលភ្ញៀវឡើងយន្តហោះ។ ភ្លាមនោះខ្ញុំឃើញមុខនាង។
ដូចធ្លាប់ស្គាល់?
ឱ! នាងងាកមកញញឹមដាក់ខ្ញុំ។ ខ្ញុំសឹងគាំងបេះដូង ព្រោះជាផ្ទៃមុខរបស់អ្នកនាងទីពីរ ពីវកាន។ ដៃនាងដែលហែកសំបុត្រ ពិតជាមានពាក់កងគជ់ទឹកឃ្មុំរបស់ស្តេចឈីងទាំងសងខាង។
ខ្ញុំស្ទុះក្រោកឈរ!
គ្រប់គ្នាដែលត្រៀមដើរទៅ ងាកមកសម្លឹងខ្ញុំ។ ទឹកមុខខ្ញុំប្រហែលជាចម្លែកដល់ថ្នាក់បំភ័យពួកគេហើយ។ ខ្ញុំជិតឆ្កួតមែនហើយ!
ពេលជូរីអូសដៃខ្ញុំទៅ ខ្ញុំសម្លឹងនារីអូតេសនោះទៀត នាងមិនមែនមុខដូចអ្នកនាងពីវ ឬមានពាក់កងគជ់អ្វីក៏អត់ទាំងអស់។
ស្រវាំង វិលវល់បន្លាចខ្លួនឯងទាំងថ្ងៃហើយខ្ញុំ។
ម៉ាយ៉ាដែលមកស្និទ្ធព្រោះមុនគេងនាងបានជជែកជាមួយខ្ញុំនៅហាងកាហ្វេស្តាបាក់ក្នុងព្រលាននេះ ពេលនេះញញឹមសម្រួលបរិយាកាសដោយធ្វើជានិយាយ៖
«វីរីយ៉ានៅសើងមើង? គេងបានស្រួលទេមិញនេះ?»
ខ្ញុំអត់ហាអ្វី បានត្រឹមឈ្លីថ្ងាស រួចបន្តបន្តដើរទើមៗរហូតដល់វេនខ្លួនឯងcheck-inធ្វើដូចសឿងបឿងប៉ុន្តែតាមពិតចិត្តខ្ញុំកំពុងតែចម្លែកនិងសុបិនអាក្រក់។
ហេតុអ្វីខ្ញុំសុបិនទៅកាន់ទីកន្លែងមួយ ដែលខ្ញុំមិនទាន់ទាំងបានទៅដល់ផង? ខ្ញុំគិតពីវិមាននោះពេក ឬមួយក៏….ដក់ចិត្តនឹងរឿងស្តេចឈីងជាមួយអ្នកនាងពីវទីពីរពេកទេ?
កន្ទុយភ្នែក….ខ្ញុំឃើញគេហើយ! គឺអេហ្គូ! គេនេះមើលមកខ្ញុំ!
គ្រាន់តែខ្ញុំងាកបន្តិចទៅរកសម្លឹងគេ គេក៏ធ្វើមុខវាហីរួចងាកចេញសម្លឹងទៅកន្លែងផ្សេង ធ្វើចរិតប្រុសស្អាត។ គេគ្មានថ្ងៃដឹងទេ ថាខ្លួនគេនេះជាតួឯកចិត្តអាក្រក់ក្នុងយល់សប្តិទាំងថ្ងៃរបស់ខ្ញុំ។
«យល់សប្តិឃើញអ្វីខ្លះ?!» ម៉ាយ៉ាខ្សឹបៗសួរខ្ញុំ។
មិនទាំងទាន់បានឆ្លើយផង ជីងសសៀរមកដែរ។ គេជ្រែកស្រីៗចេញហើយខ្សឹបខ្សៀវសួរ៖
«Miss Cambodia យល់សប្តិឃើញអីខ្លះ?»
«ខ្ញុំមិនមែនបវរកញ្ញាទេ!»
មនុស្សនេះ ទើបនឹងស្គាល់គ្នាមិនដល់មួយម៉ោង មកនិយាយដូចស្និទ្ធស្នាលយូរមកហើយអ៊ីចឹង។
«ហៅអ៊ីចឹងហើយ! គ្នាយើងច្រើន! ហៅអ៊ីចឹងយើងស្រួលចំណាំ!»
«ខ្ញុំមានឈ្មោះ! ហៅវីរីយ៉ា!»
និយាយដោយទឹកមុខធម្មតា តែចិត្តខ្ញុំនៅតែមិនស្រួល។
ងាកទៅទៀត តែឃើញអេហ្គូពេបមាត់ចូលទៅហែកសំបុត្រមុន មិនដឹងទ្រលាន់ខ្ញុំ ឬធុញចរិតជីងទេ។ មនុស្សអេហ្គូម្នាក់នេះ សឿងបឿងពេកណាស់សមតែមិនស្តីរក មិនមែនរួសរាយដូចវីណាសោះ។
នៅលើយន្តហោះ នាងងាកតាមដានអេហ្គូ ឃើញគេធ្វើឫកប្រុសស្អាត។
ដោយនៅខាងមុខក្តន់ពេក ខ្ញុំឆ្លៀតពេលធ្វើជាសួរជីង៖
«វៀតណាមពួកអ្នក ជឿលើយល់សប្តិទេ?»
ជីងញីថ្ងាស៖
«អូយ ម្តាយខ្ញុំទើបខលមកមុននេះ ថាយល់សប្តិមិនល្អ ឱ្យខ្ញុំបាចអំបិល! នៅណេះមានអំបិលឯណា?»
ចាលើមនៅក្បែរនោះ មិនដឹងតាមស្តាប់ការសន្ទនារបស់យើងពីថ្មើរណាមកទេ គេលូកមកនិយាយឌឺ៖
«នៅស្រុកថៃ គេមិនបាច់អំបិលទេ គេចោលអង្ករ! តែនៅណេះ ចោលសំរាមប្រយ័ត្នគេផាក មានលុយដុងអត់?»
ខ្ញុំមិនមាត់រកចាលើមទេ ទោះបីគេនេះជាប្រុសស្អាតម្នាក់ដែលខ្ញុំបាន Note ក្នុងចំណោមនិស្សិតអាស៊ានក៏ប៉ុន្តែខ្ញុំមិនមានអារម្មណ៍កំប្លែងឬចង់សាសងអ្វីឡើយពេលនេះ។
នៅលើយន្តហោះ ខ្ញុំបានកៅអីជិតជូរី។ នាងនៅកណ្តាល ម៉ាយ៉ាខាងស្តាំ ខ្ញុំនៅខាងឆ្វេង។
«មិញនេះខ្ញុំក៏គេងដែរ!» ជូរីនិយាយ។
ខ្ញុំភ្ញាក់បន្តិចហើយសួរវិញ៖
«មានយល់សប្តិ?»
ជូរីគ្រវីក្បាលតិចៗ។
«អត់ទេ! ចុះវីរីយ៉ាយល់សប្តិឃើញអី?»
ខ្ញុំដកដង្ហើមធំ លបងាកទៅរកអេហ្គូ។ គេនោះនៅជួរខាងមុខខ្ញុំតែចំហៀងស្តាំ។ គេឈ្ងោកលេងទូរសព្ទ។
«ខ្ញុំគិតថា មិនមែនយល់សប្តិល្អទេ! ខ្ញុំឃើញវិមានពីវ!»
ម៉ាយ៉ាធ្វើភ្នែកឡិងឡង់ងាកមកផ្ទៀងស្តាប់។ ខ្ញុំឃើញជូរីក៏ធ្វើក្រឡង់ៗដូចគ្នា ខ្ញុំដកដង្ហើមវែងៗ៖
«យើងជិតចេញដំណើរហើយ! និយាយរឿងល្អៗវិញ!»
«បានន័យថា ឃើញវិមានពីវ តែមិនសូវល្អ? ឃើញអីនៅទីនោះ?» ម៉ាយ៉ាសួរខ្សឹបមិនចង់ឮ។
«ឃើញខ្មោច?» ជូរីនិយាយលេងបន្លំមែន។
ខ្ញុំមិនមាត់នៅឡើយទេ តែប្រហែលពួកគេអាចទាយដឹងតាមរយៈទឹកមុខហើយ។ ខ្ញុំរេភ្នែកសម្លឹងចុះក្រោម។ ក្នុងចិត្តពិតជាច្របូច្របល់ខ្លាំង។ ប្រសិនលោកលីដែលជាអ្នកទទួលពួកយើង និងជំនួយការវឺន ដែលបានទាក់ទងគ្នាទិញសំបុត្រឱ្យពួកយើងហ្នឹង បានត្រឹមឃើញក្នុងតេឡេក្រាមជារូបថត ចុះម្តេចខ្ញុំយល់សប្តិឃើញពួកគេដូចជាការពិតម្ល៉េះ?
មុនពេលឡើងមកវិមានពីវ ពួកយើងបានសិក្សានិងបញ្ជូនអត្ថបទស្រាវជ្រាវមួយចំនួនអំពីទំនាក់ទំនងស្តេចឈីងនិងមន្ត្រីព្រំដែនម្នាក់នេះ ដូច្នេះហើយ ចិត្តពួកយើងថតជាប់រឿងរ៉ាវទាំងអស់នេះឬអ្វី?
ម៉ាយ៉ាលូកយកសៀវភៅមកសរសេរ។ ជាកូនកំណត់ហេតុតូចមួយ។ តាមថានាងជាអ្នកនិពន្ធនៅថៃ គ្រាន់តែមិនទាន់ល្បី គិតថាមកលើកនេះជាផ្នែកមួយនៃបទនិពន្ធថ្មីរបស់នាង?
ភ្លាមនោះ នាងបើកសៀវភៅ និងហុចរូបចាស់មួយសន្លឹកមក។ ពួកយើងពិនិត្យមើល។ ជារូបបុរសថៃវ័យកណ្តាលម្នាក់ មានឈុតជាមន្ត្រី។
«លោកសាខននេះ ធ្លាប់ទៅដល់វិមានពីវ!»
ម៉ាយ៉ាហុចកាសែតចាស់មួយសន្លឹកកាត់តម្រឹមត្រឹមមួយអត្ថបទ និងបត់ទុកយូរណាស់មកហើយ។
«ក្រោយមកគាត់ស្លាប់ពេលវិលដល់ស្រុកថៃវិញ!»
ដំបូងខ្ញុំមិនសូវចាប់អារម្មណ៍ទេនឹងបុរសនេះ តែព័ត៌មានអកុសលចុងក្រោយពិតជាបានទាញខ្ញុំឱ្យស្លុង។
ជូរីឱនចុច Google អំពីបុរសឈ្មោះសាខន សុងតាប៉ាន នេះភ្លាម។ ព្រោះនាងចេះថៃ នាងអានយ៉ាងញាប់ហើយបកប្រែជាភាសាអង់គ្លេសសម្រាប់ខ្ញុំទៀត។
«សាស្ត្រាចារ្យ សាខន សុងតាប៉ាន អាយុ៤៣ឆ្នាំ បានស្លាប់ត្រឹមបីថ្ងៃក្រោយវិលមកពីសិក្សាចងក្រងសៀវភៅមួយនៅស្រុកចិនឱ្យឈ្មោះថា មន្ត្រីកំផែងទី៥។ លោកស្រី ម៉ាក្លឿរ៉ៃ សុងតាប៉ាន ត្រូវជាបងស្រីបានលើកឡើងថា ត្រលប់មកពីបេសកកម្មនោះវិញ ប្អូនប្រុសរបស់គាត់មានអារម្មណ៍ស្រងូតស្រងាត់ហើយពេលមួយបានផ្តាំគាត់ឱ្យជួយមើលម្តាយចាស់នៅស្រុកកំណើតជំនួសគាត់! សាកសពស្លាប់ក្នុងរបៀបគាំងបេះដូង ប៉ុន្តែអ្នកជិតដិតទាំងអស់យល់ថាសាស្ត្រាចារ្យកំលោះចាស់ មានសម្ពាធផ្លូវចិត្ត!»
ជូរីអានចប់ នាងនៅភ្លឹកមើលរូបថតមួយចំនួនក្នុងសន្លឹកសារព័ត៌មានព័ត៌លឿងស្រគាំ។ ខ្ញុំវិញ ងាកចេញសម្លឹងពពកនៅក្រៅបង្អួច។
ទទួលស្គាល់ថា ខ្ញុំនៅពាក់កណ្តាលស្វាងនិងពាក់កណ្តាលងងុយ តែអារម្មណ៍ខ្ញុំពិតជាលង់ជ្រៅទៅក្នុងរឿងរ៉ាវនានារបស់វិមានពីវ។
«ខ្ញុំឮគេថា សៀវភៅនោះគាត់សរសេរបានខ្លះហើយ តែគ្មានអ្នកណាម្នាក់ធ្លាប់គ្រួសារសពអនុញ្ញាតឱ្យអានទេ!»



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ