លីនសម្លឹងប្រុសល្អដែលសើចសប្បាយ បបូរមាត់ស្ងួតរបស់នាងមិនហើប មិនសើច ប៉ុន្តែគូខាន់នៅតែមើលទៅ ឃើញសភាពច្របូកច្របល់ង៉ិកង៉ក់ក្នុងកែវភ្នែកលីន។ នាងកំពុងកើតទុក្ខ កំពុងហួងហែង កំពុងសង្ស័យ និងមិនយល់ទាំងស្រុងពីអ្វីដែលកំពុងកើតឡើងក្នុងជីវិតស្នេហារបស់នាងនិងគូខាន់នោះទេ។
នាងពិតជាល្ងង់ ដូចយប់មួយដែលនាងជេរប្រទេចគេ ហើយក្រោយមកត្រូវយកខ្លួនប្រាណមកឱ្យគេដដែលដល់លើគ្រែ។ គូខាន់ដកដង្ហើមធំ ហើយលូកដៃឱបចង្កេះលីន ដៃមួយរៀមទាញម្រាមកែវល្អមកដាក់លើបបូរមាត់ខ្លួន។
ប្រុសនិយាយង៉ុលៗដាក់កែវភ្នែកស្រទន់របស់ស្រី៖
«ចង់ថើបហ្មែន? អង្វរមួយមក!»
គូខាន់លើកយកដៃនាងមកថ្ពក់តោងកគេសងខាង ទ្រូងស្រីទ្រោបទៅមុខ។ នាងពេបមាត់«អ៊ែក!»នាងធ្វើដូចខ្ពើមគេ ព្រោះបានឃើញអេលីថើបគេមុននេះនៅOffice។
ប្រុសស៊ិចស៊ីសង្គ្រឺតចង្កា ហើយទាញប្រាណលេខាមកឱបជាប់ទ្រូងគេម្ដង។ លីនញញឹម ព្រមដាក់ក្បាលផ្តេកមកលើស្មារបស់គេដោយដកដង្ហើមធំ។ នាងបានរើរុះចុះឡើងលើទ្រូងគេ នៅក្រោមខ្សែទឹកជាមួយគ្នា ហើយមិនយូរទេ ភ្នែករបស់នាងចាប់ផ្តើមបិទដោយសន្តិភាព ការងោកងុយនិងហត់នឿយ។
គូខាន់ពេញចិត្តនឹងធ្វើជាភួយ ជាគ្រែដេក ជាអ្វីក៏ដោយនៅទីនេះដើម្បីលីន។ ពីដំបូង គេមិនបានដឹងអ្វីទាំងអស់អំពីលីន អត្តសញ្ញាណរបស់នាង ការពិតរបស់នាង អតីតកាលរបស់នាង គ្មានអ្វីគេខ្វល់ទេ ថ្ងៃដែលនាងជេរប្រមាថគេ គេគ្រាន់តែចង់ជាន់ឈ្លីនាងហើយបោះបង់ចោល។
មុននេះ នៅក្រៅ ប៉ាគេហៅគេទៅជាបន្ទាន់ គេថាអូខេ តែគេមិនបានទៅណាទាំងអស់ ព្រោះបេះដូងគេនៅទីនេះ។ ឥឡូវនេះនាងសម្រាកហើយ គេចង់ធ្វើភារកិច្ចបន្តគឺជាអ្នកកំដរនាងសម្រាក។
«ស្រីឆ្នាស់របស់បងគេងហើយ!»
គេរអ៊ូតិចៗធ្វើឱ្យនាងឮ រួចទើបបើកភ្នែកឡើង។
គេហៅនាងថាស្រីឆ្នាស់ ចុះមនុស្សរឹងរូសដូចគេជាស្អីវិញ? គេជាហើយមែនទេ បានជាថ្ងៃនេះគេមានសភាពចិត្តធ្ងន់ហាក់ដូចជាមនុស្សពូកែអត់ធន់ខ្លួនឯង ដកថយបានពីរឿងតណ្ហាល្អម៉្លេះ?
«លោកមានញ៉ាំថ្នាំទេ?»
គេមិនមាត់ តែឈ្ងោកមកក្រោមសម្លឹងមនុស្សស្រីក្បែរទ្រូង។
នាងធ្វើភ្នែកម៉ក់ៗរង់ចាំចម្លើយ តែមិនបានមើលមុខគេវិញទេ។ សម្ពាធជាច្រើនកំពុងតែឡោមព័ទ្ធជីវិតលីន។ ប្រសិនបើអាច គេចង់នាំលីនចាកចេញឆ្ងាយទៅចោលសម្ពាធអស់ទាំងនេះ។
«បងនឹងបោកកម្ទេចចោលថ្នាំនោះ បើអូនធ្វើមិនទុកចិត្តបងម្តងទៀត!»
គេនិយាយខ្លីៗហើយសម្លឹងមើលខ្ទង់ច្រមុះនាង។ លីនទើបនឹងយល់ថា គេអន់ចិត្តដែលគេសុខចិត្តលេបថ្នាំព្រោះទុកចិត្តនាង ចំណែកនាងវិញនាងមិនដែលទុកចិត្តគេ ឱ្យតែមានអ្នកណាមកនិយាយអ្វីមួយអំពីគេនាងក៏ជឿបានភ្លាម។ ពីមុនសូរកាន ក្រោយមកនាយJack។
«ខ្ញុំសុំទោស!» ស្រីនិយាយខ្សាវៗ តែជាវាចាចេញពីបេះដូង។
គូខាន់ដង្ហើមធំ។
ពីបុរសអ្នកមានដ៏បាបនិងសង្ហា តែងមានស្នេហាលើគ្រែដ៏គ្រោះថ្នាក់ ពេលនេះក្លាយមកជាមនុស្សដកដង្ហើមធំបានដោយបែបណា លីនគ្មានយោបល់ទេ តែដៃលីនមាន! ហត្ថាស្រីប៉ះទ្រូងនាងហើយវាចាខ្លីៗ៖
«ព្រមទេ! យើង…ចេញពីសង្គមនេះ….ទៅកន្លែងណាមួយ…ដែល….»
«ដែលអីទៅ?»
«គ្មានអ្នកណាម្នាក់ស្គាល់យើង!»
«បាន! ប៉ុន្តែ….ហេតុអី?»
នាងគ្រវីក្បាល។ លេខាដឹងហើយថា ខ្លួននេះកំពុងសំណូមពរបែបជាមនុស្សរវើរវាយជ្រុលពេកហើយ។
តើគេជានរណា? តើគេមកពីវណ្ណៈណា? អនាគតគេខ្ពង់ខ្ពស់កម្រិតណា តើអ្វីទៅជាគោលដៅរបស់គេ ហេតុអ្វីគេត្រូវបោះបង់ចោលគ្រប់យ៉ាងទៅតាមនាង។
«អត់មានហេតុផលទេ!» នាងតបទាំងតូចចិត្ត «និយាយតាមចិត្តដ្រាម៉ា កុំយកចិត្តទុកដាក់អី!»
នាងខ្សឹបដូច្នេះ គេស្ងាត់បន្តិចទើបវាចាទាំងអង្អែលខ្នងលីនកុលាប។
«គ្រប់យ៉ាងលីននិយាយ បងយកចិត្តទុកដាក់!»
ឮហើយនាងស្រែកតវ៉ាស្រួយៗភ្លាមទាំងអួលបំពង់សំឡេងៗ៖
«កុំមកនិយាយផ្អែមៗធ្វើឱ្យខ្ញុំកាន់តែលង់ចិត្ត ហើយពិបាកចិត្ត!»
គេសើចតិចៗ តែខ្លួនគេរង្គើ។
លីនចង់ឃើញមុខគេណាស់។ បិសាចដែលពេលនេះកំពុងប្រែកាយ។ គេជាទេវបុត្របានប៉ុន្មាន គ្មាននរណាដឹងឬទាយត្រូវទេ សូម្បីលីនដែលនៅក្បែរទ្រូងគេ។
«អ្នកណាទៅខ្វល់? លង់ចិត្តលង់ទៅ! តែចាំអីពិបាកចិត្ត?» គេឌឺនាងដោយកែវភ្នែកស្រឹមៗ។
«លោកដែលខ្វល់ពីអង្កាល់!»
នាងឌឺវិញដោយកែវភ្នែកសម្លឹងសែនស្រលាញ់។ ទឹកមុខលីនធ្វើឱ្យប្រុសនឹកឃើញដល់រាត្រីទីមួយដ៏ហែកហួរ។ លីនមកដល់ទាំងជេរប្រទេចនិងស្អប់គេ។ គេមានភាពឃោរឃៅនិងគំរាមកំហែង តែបេះដូងគេតាំងពីយប់នោះមិនព្រមដោះលែងលីនទេ។ គេខ្លាចនាងរងាពេលនៅឆ្ងាយ ហើយខ្លាចនាងឈឺចាប់ពេលនៅជិត។
គេបានដាក់គម្លាតខ្លួនឯងអស់មួយសប្តាហ៍ ទម្រាំមកប៉ះពាល់លីនម្តងទៀត ក្រែងឆាប់ណាយចិត្តនិងបានដោះលែងឱ្យនាងចាកចេញទៅ តែ….គូខាន់នោតែមិនដែលអាចភ្លេចលីនបានឡើយ។
បបូរមាត់គេកម្រើកពេលនេះ ព្រោះគេចង់ប៉ះគ្នាជាមួយបបូរមាត់នាង តែទឹកមុខស្រពោនរបស់លេខា ធ្វើឱ្យគេខ្លាច។ គេខ្លាចថា គេជាអ្នកចាប់បង្ខំនាង ហើយខ្លាចថាគេកំពុងយកប្រៀបមកលើបេះដូងឯកោរបស់លីន។
«បងមិនដឹងទេលីន បងមិនចង់ចាប់អូន ហើយបងក៏មិនចង់លែងអូន! ពេលនេះទៀត បងចង់ដឹងថា អូនចង់បានអ្វី? អូនចង់ចាកចេញ ឬអូនចង់នៅ?»
នាងស្តាប់ដោយយកចិត្តទុកដាក់។
ភ្នែកលីនសម្លឹងមើលគ្រាប់ភ្នែកថ្លៃទាំងសងខាង។ នាងនឹកឃើញជានិច្ច ដល់ថ្ងៃមួយ ទៅធ្វើការថ្ងៃដំបូង ទង្វើគេឆ្កួតលីលាដោយកាមារម្មណ៍ នៅ Office គេចង់តែជាន់ឈ្លីនាង សង្កត់នាង តាមពិតគេចង់ហែកមើលចិត្តនាង«រឹងម្ល៉េះ?» ក្លាយជារបស់គេហើយក៏មិនងប់ងុលជាមួយគេទៀត?
លីនកាលណោះ ចង់តែមានស្លាបហោះ នឹងបានហើរចេញគេចទៅឱ្យបាត់ពីប្រុសម្នាក់នេះ។ តែដល់ឥឡូវ ពេលគេសួរ លីនក៏មិនដឹងដែរថា នាងចង់បានអ្វីឱ្យប្រាកដ។
«ចុះបើបងអាក្រក់ដូចគេនិយាយ លីននឹងសម្លាប់បងមែនទេ?»
នាងរលីងរលោងសម្លឹងភ្នែកគេរេចុះឡើងទៀត។
មើលឃើញច្បាស់ថាគេតូចចិត្ត គេមិនបានអាក្រក់ដូចនាងគិតឬបានឮមកពីមុនទេ។ នេះជាអារម្មណ៍លីនពេលនេះ។
«ខ្ញុំនឹងសម្លាប់លោកគូខាន់! ហើយ….ក៏សម្លាប់ខ្លួនខ្ញុំទៅតាមលោក!»
គេបញ្ចេញធ្មេញមកទាំងលើទាំងក្រោមជាមួយស្នាមសើចដែលមិនមានសំឡេង។ ស្រីលេខាសម្លឹងមុខគេដោយទោមនស្សណាស់ សូម្បីតែនិយាយអំពីឆាកចុងក្រោយដ៏សោកនាដកម្មបែបនោះ។ នាងនិយាយបន្ថែម៖
«ខ្ញុំអាចសម្លាប់គ្រប់គ្នា ដែលធ្វើបាបបងប្អូនខ្ញុំ រួមទាំង….លោកដែរគូខាន់!»
«យកអីមកសម្លាប់បង?»
«មិនដឹងទេ! មិនទាន់ដឹង តែនឹងធ្វើ!»
«យកបេះដូងនេះមក មកសម្លាប់បង! ធានានថាបានជោគជ័យ!»
ម្រាមថ្លៃទាំងប្រាំដាក់មកលើទ្រូងឆ្វេងតរុណី ធ្វើឱ្យនាងនឹកឃើញ «ធ្លាប់មានសង្សារមែនទេ? កន្លែងនេះវាធ្លាប់ប៉ះទេ?»។
ម្នាក់នេះមានទាំងធាតុបិសាចនិងធាតុតួសង់ទីម៉ង់ ក៏ដូចជាតួ១៨+ ក្នុងរាងកាយតែមួយ។ ស្រីណាអាចនឹងដាច់ចិត្តផ្តាច់យកជីវិតគេ?
«ហេតុអ្វីបានជាលោករៀបការជាមួយខ្ញុំ?»
គេហួសចិត្តសើចក្អឹកៗ៖
«ព្រោះយកមកជាប្រពន្ធ!»
«លោកចង់សងតម្លៃមែនទេ?!»
«សងស្អី? បើមិនស្រលាញ់ អត់មានហេតុផលផ្សេងមករៀបការនឹងគ្នាទេ!»
«ខ្ញុំគ្មានអ្វីល្អ….!»
«មានទាំងអស់! គ្រប់យ៉ាង លីនល្អ»
នាងសម្លឹងភ្នែកគេ ដៃគេនៅទីនេះ លើបេះដូងនាង កំពុងថ្នមប្រាណនិងវិញ្ញាណនាង តែដៃស្តាំគេដដែលនេះដែលបានច្របាច់កនាងពេលគេខឹង។
មនុស្សយើងពេលសង្ស័យគ្នា គឺឈឺចាប់និងបិសាច។ ចាំថាកាលណោះខ្លួនឯងមានការតក់ស្លុតកម្រិតណា ប៉ុន្តែសម្រាប់គូខាន់មិនចេះតក់ស្លុតចំពោះអ្នកណាទេ បើនាងសង្ស័យគេ គេឈឺចាប់តែមិនខ្លាចនាងឡើយ។
ដោយមិនបានសុំការអនុញ្ញាត លីនដាក់ស្តាំរបស់នាងលើថ្ពាល់ឆ្វេងគេ។
គូខាន់ មិនច្បាស់ថានាងប៉ះព្រោះស្តាយឬប៉ះព្រោះស្រលាញ់ តែជាការប៉ះដែលបណ្ដាលឱ្យមានកម្ដៅហូរចូលពេញចរន្តឈាម។
ថ្ពាល់របស់គេបានឆេះ បញ្ជូនទៅគ្រប់កន្លែង គេបានរុញដៃនាងចេញ នាងមិនព្រម គេរុញទៀតរហូតដល់នាងឱបកគេហើយថើបមាត់គេតែម្តង។
ប្រុសញញឹម តែគេមិនដកថយបបូរមាត់ទេ។
នាងថើបមួយប៉ុណ្ណោះ ងើបមុខមកវិញនិយាយទៀត៖
«លោកថា គ្រប់យ៉ាងខ្ញុំល្អ!»
គេញញឹមសម្លឹងនាងដែលមើលទៅដកដង្ហើមញាប់ញ័រ ហើយព្យាយាមនិយាយ។
«ពិត!» គេតបខ្លី។
លីនព្យាយាមក្រោកឈរឡើង។
«ចាំសិន» គូខាន់ទាញចុះមកវិញជាមួយការខ្សឹបលាយឡំនឹងដង្ហើមក្តៅ។
គេសួរលីន៖
«ទៅណា?»
លីនត្រដុសកែងដៃនាង មាត់នាងក៏ញ័រ៖
«ខ្ញុំទៅធ្វើការងារឯកជន!»
«រឿងហាសិកា? ធ្វើប៉ូលិសម្ងាត់?»
«អឹម…» នាងខាំបបូរមាត់។
«ល្អហើយដែលចង់ដឹងការពិត តែមិនមករករឿងគ្នាទាំងមិនច្បាស់លាស់!»
បុរសម្នាក់នេះមិនបានកើតមកជាអ្នកកាចសាហាវទេ គេពិតជាឆ្លងកាត់រឿងច្រើនណាស់ទម្រាំក្លាយជាមនុស្សមើលងាយគេ ដាច់មេត្តា និងមានឫកពាមានៈចង់បំពាន។
ដៃរៀមស្ទាបភ្នែកលីនដែលធ្លាប់តែបានយំសោកសៅក្រោមដៃគេ។ លីនដកដង្ហើមធំហើយនាងខ្សឹប៖
«ខ្ញុំមិនចោទមនុស្សផ្តាសទេ!»
តែក្បាលរបស់នាងចាប់ផ្ដើមឈឺខ្ទោកៗពេលគិត។ គេងក់ក្បាល៖
«ទៅបាន! តែទៅសម្រាកលីន! ទៅគេង! ហាមទៅណា!»
គេលើកចង្កេះនាងយោងចេញពីអាង។
ខ្លួនលីនទទឹក នាងឈរមើលគេដែលកំពុងតែបិទភ្នែករំងាប់ចិត្តពីភ្លើងតណ្ហា។ គេធ្វើបែបនេះយកឈ្នះចិត្តនាង ឬគេចង់បង្ហាញថា គេជាពីជំងឺពិតមែន?
ចេញមកក្រៅនាងខលរកម្តាយគេរាយការណ៍ពីរឿងនេះ គឺការអន់ថយចរិតចង់ឈ្នះរបស់គេ ភាពត្រួតត្រារបស់គេ។
វគ្គ
ស្នេហាកណ្តាលព្យុះកលល្បិច
ជំទាវស៊ីណារ៉ាដាក់ទូរសព្ទចុះ។ គាត់ងាកមកប្រាប់អតីតស្វាមីថា៖
«កូនខាន់ពិតជាជាមែន! គេស្ងប់និងមានចរិតល្អ!»
សេដ្ឋីងក់ក្បាល។ ឃើញសភាពការណ៍បានដល់ដៃ លោកជំទាវពោលបញ្ចុះបញ្ចូលឱ្យប៉ាគូខាន់ព្រមទទួលយកលីន៖
«រឿងនេះសំខាន់ណាស់! កូនខាន់គួរមានប្រពន្ធល្អម្នាក់ឆាប់ៗ ដើម្បីបន្តឱ្យគេលេបថ្នាំនោះរហូតជាដាច់!»
ភរិយាចុងរបស់សេដ្ឋីតាមសម្លឹងពួកគេតាមកាមេរ៉ាទូរសព្ទ ព្រោះនេះជាផ្ទះគាត់ គាត់ត្រូវការឱ្យមានព័ត៌មានទាំងអស់ក្នុងដៃ។ ឪពុកម្តាយគូខាន់ពេលនេះចួបគ្នានិយាយអ្វីសម្ងាត់ ក៏មិនអាចរំលងពីត្រចៀកម្តាយចុងសេដ្ឋីរុស្សីទេ។ គាត់ពិតណាស់ ដឹងថាត្រូវធ្វើអ្វីម្យ៉ាងដើម្បីបំបែកគូខាន់ពីមនុស្សរបស់ជំទាវស៊ីណារ៉ា….ទោះជាដោយវិធីណាក្តី។
ដូច្នោះមែន គេឃើញចាស្មីនចេញឡានទំនើប Rolls Royce របស់គាត់ទៅចួបនឹងនាងលេខាអេលីនៅទីអភិជនជាន់ខ្ពស់មួយកន្លែង។
ពេលនេះចាស្មីនមានតែអេលី ព្រោះគាត់មិនចង់ឱ្យគូខាន់បានលីន រឹតមិនហ៊ានឱ្យគូខាន់បានដល់ដៃរបស់កូនចៅហ្វាយក្រុងអ្នកមេម៉ាយ Flora ទៅទៀត។
អេលីដែលថ្ងៃនេះបានប្រជែងលីនចេញមុខនៅការិយាល័យគូខាន់ សែនសប្បាយចិត្ត។ នាងបានតែងខ្លួនឡើងមកជួបអ្នកស្រីចាស្មីនដោយឫកពាមានទំនុកចិត្តខ្ពស់បំផុត។
«ខ្យល់អីបក់លោកសេដ្ឋីនីដ៏ស្រស់ស្អាតមកហៅក្មេងស្រីតូចតាចហូបកាហ្វេទាំងមេឃថ្ងៃរៀបលិចនៀក?»
ចាស្មីនញាក់ស្មាចង្អុលបង្ហាញកន្លែងអង្គុយឱ្យនាង ហើយនិយាយឌឺផ្លែផ្កាវិញ៖
«ប្រសិនបើឯងស្តាប់យើង ឯងនឹងលែងជាក្មេងស្រីតូចតាចទៀតហើយ!»
អេលីអង្គុយចុះយឺតៗ។
ជាការចាប់ផ្តើម ប្រពន្ធក្រោយរបស់សេដ្ឋីរុស្សីបានលើកឡើងពីគម្រោងថ្មីដែលត្រូវការឱ្យនាងអេលីចូលដៃជាមួយ។ ក្នុងនោះគាត់បានបន្ថែមថា
«ល្បែងនេះ ធ្ងន់ទៅហើយ ព្រោះមានកូនស្រីចៅហ្វាយក្រុងចូលមកម្នាក់ទៀត! »
អេលីថ្លោះទឹកមុខ។ ម្នាក់ស្រីមេម៉ាយនោះ ពេញដោយឧបាយកលនិងមានចិត្តសាហាវ។ មួយទីក្រុងនេះអ្នកណាមិនញញើត។ យូរមកហើយគេតែងចង់បានគូខាន់ ទាំងគូខាន់មិនអើពើ និងមានអាយុច្រើនជាងខាងប្រុសក៏មិនចេះខ្មាសដែរ។
ឃើញនុយកំពុងផ្ចង់ ចាស្មីនឆ្លៀតឱកាស៖
«ឯងដឹងហើយថា នាងនោះចិត្តខ្លាំងនិងមានគំនិតពិសកម្រិតណា ទោះឯងអាងមាននាយ Jack ជាខ្នង ក៏លែងទៅរួចដែរ គេទើបតែនិយាយត្រូវគ្នា!»
អេលីមិនមែនសង្ស័យទេថា Jack ស្របតាម Floraចោលខ្លួន។ ចាស្មីនហុចរូបដែលថតបាន មកឱ្យអេលីមើលដែរ ដើម្បីបញ្ជាក់ថា Jack និង Flora ពិតជាទើបនឹងចួបគ្នា។
អេលីក្រពាត់ដៃធ្វើមុខមាំ។
ទោះណាJackសន្យាថានឹងរួមដៃជាមួយខ្លួន តែបើពេលនេះFloraលេចមុខ Jackពិតណាស់ គេខ្លាចកូនចៅហ្វាយក្រុងដែលជាមនុស្សសាហាវ ស្របតាមគ្មានពាក្យតវ៉ាទេ។
ហើយមួយទៀត បើនាងFloraនោះចាប់ដៃJack ពួកគេចែកភាគលាភគ្នា ម្នាក់យកគូខាន់ ម្នាក់យកដីសម្បទាន នាងជាកូនអុកដែលJackនឹងផ្ទាត់ចេញ។ គាប់ចួនព្រឹកមិញនាងនៅការិយាល័យគូខាន់ទៀត បើដឹងដល់ Flora វិញ អេលីនឹងអាចមានវាសនាមិនល្អទេ។
សារនាងលោតទឺត អតីតលេខាភ្ញាក់ដូចកន្ត្រាក់។ ចាស្មីនមើលក៏ដឹងថា អេលីភ័យខ្លាចមានវាសនាជាតួស្រុកខ្មោចដូចសូរកាន។
នាងឈ្ងោកមកអានពិនិត្យសារឃើញJackសរសេរ «នៅឯណា? មកចួបគ្នាបន្តិចបានទេ?»។
ចាស្មីនសម្លឹងទៅទូរសព្ទអេលីហើយសើចតិចៗសួរ
«Jackមែនទេ?!»។
អេលីលេបទឹកមាត់ មុខស្លេក មិនឆ្លើយបានន័យថា yes។
«បើគេហៅ កុំទៅ! គេអាចបញ្ចប់ឯងក្មេងល្ងង់!»
«គេមិនអាចធ្វើអ៊ីចឹងមកខ្ញុំទេ!»
អេលីភ្លាត់តវ៉ាដោយមុខស្លេក។
«ឯងគួរតែបែរក្បាលមកនៅខាងយើងវិញ!» ចាស្មីនផ្ទញ់ពាក្យ។
ជិះលើខ្នងខ្លាហើយ អេលីមិនដឹងថាត្រូវតតាំងនឹងកូនចៅហ្វាយក្រុងរបៀបណាទេ។
នាងផ្អែកខ្នងអស់សង្ឃឹម។ លីនជាក្មេងស្រីក្បាលមួយ អេលីមិនខ្លាចលេងទេ តែពេលនេះ…..
«ធ្វើតាមមីងប្រាប់អេលី ឯងនឹងបានរង្វាន់ធំដែលឯងស្មានមិនដល់!»
រង្វាន់អីក៏មិនធំជាងភ័យព្រួយពីសុវត្ថិភាព អាយុជីវិតដែរ។ អេលីឡេះឡះស្រដីទាំងសម្លឹងកម្រាលឥដ្ឋហាក់អស់សង្ឃឹម៖
«មិនដឹងខ្ញុំរស់ដល់ស្អែកអត់ទេ! រង្វាន់អីទៅ? មានជីវិតនៅទទួលឬអត់?»
«បើមីងត្រូវការឯង ឯងរស់ហើយ! ហើយក៏រស់បានល្អទៀត!»
អេលីគិត។
ចាស្មីនខិតទៅជិតហើយខ្សឹប៖
«ចង់បានរបស់ល្អខ្លាំង ត្រូវក្លាហានជាងមុន១០០ដង ត្រូវពង្រីកថ្លើមឯងឱ្យធំហើយធ្វើតាមមីងប្រាប់!»
អេលីនឹកដល់ស្នាមថើបជាមួយគូខាន់។
Jackឬអភិជនណាក៏ដោយ នៅតែមិនអាចជំនួសគេក្នុងបេះដូងនាងបានទេ។
នាងរអ៊ូ៖
«តាមថាគេស្រលាញ់ខ្ញុំ! ពីដំបូងគ្រប់យ៉ាងល្អ វាសនាដល់ដៃហើយ! ទាស់តែម្យ៉ាង ពេលគូខាន់គេដឹងថា ខ្ញុំជាមនុស្សរបស់មីងដាក់ទៅនៅក្បែរគេ គ្រប់យ៉ាងរលាយដូចអំបិលត្រូវទឹក!»
«ពេលនេះ មីងនឹងប្រមូលអំបិលថ្មីមកឱ្យឯង!»
«បានន័យថា?»
«បើឯងធ្វើតាមមីង បកអាក្រាតរឿងមួយប្រាប់ទៅគូខាន់ មីងសន្យារកគ្រប់វិធីឱ្យឯងនឹងបានរៀបការនឹងគ្នា ហើយនាងល្អនោះចូលគុក!»
«នាងល្អណា?» អេលីធ្វើភ្នែកភ្លឹះៗ។
«មេម៉ាយល្មោភប្រុសនោះ!»
អេលីបើកភ្នែកធំៗ ភ័យស្លេក។
នាងអាងអីទៅបកអាក្រាតកូនចៅហ្វាយក្រុង?
«មីងឱ្យខ្ញុំយកជីវិតទៅជល់គេ ដូចពងមាន់ជល់ថ្ម?»
ចាស្មីនក្តិចនាង៖
«ឯងចង់បានប្រុសល្អខ្ពស់ដូចភ្នំ ឧបសគ្គមិនហ៊ានប្រថុយ ឬឯងស្មានថាធ្វើសុភាពយករួចខ្លួន នាងនោះព្រមឱ្យឯងសុខ?»
អេលីគិតអន្ទះសាភ័យបារម្ភ។
«ចុះមីងបានអីមកចងគេឱ្យរៀបការនឹងខ្ញុំ?»
«ល្ខោន!»
អេលីសម្លឹងគាត់។ មិនដឹងថា គាត់មានល្បិចអីទៀតទេ តែស្ត្រីវ័យកណ្តាលម្នាក់នេះធ្លាប់ប្រទាញយកបានមហាសេដ្ឋីរុស្សី Doloce មកឱប ក៏ពឹងលើល្បិចដែរ។ ពេលនេះទៀត គាត់ចង់ឱ្យកូនចៅហ្វាយក្រុងចាញ់ អេលីជឿ៥០ភាគរយថា ចាស្មីនមិនខ្វះល្បិចទេល្បិចល្អ។
«តែមីង….គូខាន់….គេ….!» នាងទាក់ទើរ។
ចាស្មីនគំហក៖
«ក្រែងមិញឯងអួតថា គេធ្លាប់ស្រលាញ់ឯង? បើមែន ឯងខ្លាចនាងលីនកុលាបខ្លាំងជាងឯង? នែ៎ ខាងប៉ាគូខាន់មិនពេញចិត្តនាងហ្នឹងទេ យើងរៀបឱកាសឱ្យឯងបានសម្តែងជាមនុស្សល្អ យកចិត្តប៉ាគេ!»
អេលីមានអារម្មណ៍ស្លុងសង្ឃឹមឡើងវិញ។
ចាស្មីននៅក្បែរប៉ាគូខាន់ គាត់អាចខ្សឹបពង្វក់ប៉ាគេបាន រឿងនេះជាអំណោយធំពិតមែន។
«ចុះ…មីងជួយខ្ញុំ មីងបានអី?»
«យើងចង់ធ្វើឱ្យលីនកុលាបអែបខាង! វាជាមនុស្សគ្រោះថ្នាក់ ជាមនុស្សដែលស៊ីណារ៉ាដាក់មកក្បែរគូខាន់ បើវាបានរៀបការ មីងជាអ្នកចាញ់ ដូច្នេះឯងនឹងមិនធ្វើឱ្យមីងខកចិត្តទេអេលី?»



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ