រឿង៖ ចិត្តត្រួតត្រា ភាគទី៣៩

«JackនិងFloraកំពុងឈាន​ដល់ជំហានសម្លាប់លីនកុលាប!» អេលីឮហើយញ័រដៃ។ 

ខ្សឹបហើយ​ចាស្មីនក៏ចាក់ភស្តុតាង​សំឡេងដែលកូនចៅហ្វាយក្រុងសន្យានឹងJackថា បើលីនកុលាបចប់ នឹងឱ្យដីសម្បទាន។

ចាស្មីនខ្សឹបទៀត៖

«អេលី យើងចាំពីរនាក់នោះធ្វើការលើនាង​លីនកុលាប​ហើយភ្លាម ឯងត្រូវយកវីដេអូនេះទៅប្រាប់គូខាន់! ទាំងលីនកុលាប ទាំងJack និងនាងចៅហ្វាយក្រុងគឺចប់!»

នាង​គិតចុះឡើងទាំងភ័យនិងខំខាំមាត់ពង្រឹងសេចក្តីកា្លហានត្រិះរិះ។

ពេលនេះអេលីដឹងខ្លួនថា ស្ថិតក្នុងសង្គ្រាមធំមួយ អ្នកខ្លាំងរស់ អ្នកខ្សោយស្លាប់។

«ខ្ញុំមិនយល់មួយមីង? ហេតុអ្វីត្រូវទៅប្រាប់គូខាន់? យើងអាចពន្លយហ្វីលលើInternetបានទេតើ?»

«គឺឱ្យឯងបានគុណសម្បត្តិក្មេងល្ងង់ ចង់សាងពិន្ទុរបស់ឯងក្នុងចិត្តគេវិញ!»

អេលីសម្លឹងមុខចាស្មីនព្រោះពិបាកទុកចិត្ត​។

ទោះណាជាល្បិចនេះល្អ តែអេលីយល់ថា តឹកនេះធំណាស់ បើលេងមិនខ្លាំងអាចនឹង​ក្លាយជាតួអង្គចាញ់ ដេកស្លាប់លើរេញ។

«ពេលនោះ លីនកុលាបក៏ស្លាប់ Jackនិង​នាង​កូនចៅហ្វាយក្រុងក៏ត្រូវ​វែកមុខ ហើយឯងមាន​គុណសម្បត្តិ គេសល់តែងឯងទេនៅក្បែរទ្រូង!!»

ចាស្មីនបន្ទោរ ខណៈពេលដែលអេលីនៅភ័យស្ងៀមស្ងាត់។ តាមពិត​ ចាស្មីនចង់សម្អាតទាំងមនុស្ស​របស់ស៊ីណារ៉ា និងទាំងកូនចៅហ្វាយក្រុងដែលមានមានភស្តុតាងរឿងខ្លួនបានជួលមនុស្ស​បញ្ចប់ហាសិកា​។ ដរាបណានៅតែមាន​វត្តមាន​Flora កូនចៅហ្វាយក្រុង កត្តាគំរាមធំនៅផ្ទះDoloce នៅតែមាន។ ចាស្មីនមិន​អាចឱ្យមហាសេដ្ឋីជាប្តី បានដឹងភាពអសិរ្ពិស របស់ខ្លួនក្នុងការ​កម្ចាត់គ្រួសារលីនកុលាប​តតាំងនឹងប្រពន្ធដើមនោះទេ។

អេលី​ចេញពី​ចួប​ចាស្មីនវិញក៏ឱបជាប់ក្តីសង្ស័យ​ដែរថា ចាស្មីនមិនមែន​ចង់ត្រឹមកម្ចាត់មនុស្ស​ស៊ីណារ៉ាដែរ។ អាចបំណងចាស្មីនធំជាងនេះ។

អេលីគិតថា ក្រោយគ្រប់យ៉ាងចប់ ចាស្មីនអាចសម្អាតទាំងនាង​ម្នាក់ដែរ ព្រោះនាងលែងមាន​​​សារៈ​​ប្រយោជន៍។

ចាស្មីនអាចនឹងរកមនុស្ស​ថ្មីមកដាក់ឱ្យគូខាន់ ឬបញ្ចប់គូខាន់យកអាណាចក្រ Doloce។ ដូច្នេះគិតចុះគិតឡើង ចេញពីចាស្មីន អេលី​ស្កាត់មករកជួបជំទាវស៊ីណារ៉ា។

វគ្គ

ក្តារអុកចុងក្រោយនៃអភិជន​

លីនទើបនឹងជូតខ្លួនស្អាតបាត រៀបចំប្រះគេងកុំឱ្យប្រុសបងចេញមកឃើញនាងរឹងទទឹង គេអាក់អន់ស្រពន់ចិត្ត ស្រាប់តែទូរសព្ទនាងរោទ៍។

«ខ្ញុំនៅចាំក្នុងឡាន! ឆាប់ចុះមក»

នាង​លើកដៃកាន់បបូរមាត់ភ័យ ពេលនេះទើបនឹង​ដោះស្រាយជាមួយគូខាន់បាន​ បើចាកចេញប្រញាប់ប្រញាល់ហើយគេចេញពីបន្ទប់ទឹកមកឃើញមែន មិនត្រឹមលីនខ្លួនឯងមានរឿង ​អាចរាលដាលដល់ Jack ដែលខលហៅ។

«ខ្ញុំទៅមិនបានទេ! មិនបានពិតមែន!» លីនឆ្លើយសារតបដោយសម្លឹងក្រោយរអើលៗខ្នងជានិច្ច។

«ខ្ញុំរកបានឱ្យនាង​ហើយលីនកុលាប! ភស្តុតាងថា អ្នកណាជាសង្សារបស់ហាសិកា ហើយជាមនុស្ស​របស់អ្នកណា!»

សឹងរបូតទូរសព្ទពីដៃ។ មកទល់ពេលនេះ ប្រធានបទនេះ ទេវតាក៏ឃាត់លីនមិនជាប់ដែរ។ នាង​រញីរញ័រឆ្លើយ

«ok ចាំបន្តិច ខ្ញុំចុះទៅភ្លាម!»

លីនមិនដឹងពីចេតនាJackទេ។

Jackពេលនេះត្រូវFloraគំរាមបានហើយ គ្រប់យ៉ាងក្នុងអតីតកាលដែលJackធ្វើ កូនចៅហ្វាយក្រុងមាន​ក្នុងដៃទាំងអស់ បើថ្ងៃនេះJackមិនបញ្ចប់លីន កុំថាដីសម្បទាន សូម្បីតែ​អនាគតខ្លួនឯងក៏ចប់ក្នុងគុកដូចគ្នា។

លីនរួសរាន់ផ្លាស់ខោអាវ ទាញកាបូបនិងទូរសព្ទ ឈានចេញមកក្រៅវាក់អើប្រុសស្អាតឈរនិយាយទូរសព្ទ។ គូខាន់ងាកមកសម្លឹងនាងពីលើដល់ក្រោម។ លីនពិបាកធ្វើមុខណាស់ នាងត្រូវគេបញ្ជាឱ្យគេង ប៉ុន្តែពេលនេះ នាង​កំពុងគេចចុះពីខុនដូ។

ជំនួសសំណួរ ភ្នែកប្រុស​ឈ្ងោក​សម្លឹងទូរសព្ទ នាង​ប្រញាប់លាក់វាទៅក្រោយខ្នងដោយស្វ័យប្រវត្តិ។

គូខាន់ធ្វើមុខស្មើដើរចូលជិត៖

«ទៅណា?»

នាង​ទម្លាក់ភ្នែកមិនហ៊ាន​សម្លឹងគេវិញទេ។

«អ្នកណាខលមក!»

លីនល្ងង់ណាស់ដែលមិនដឹងថា មនុស្ស​របស់គេបានឃើញឡានJack និងម្តាយគេដែលត្រូវអេលីប្រាប់គ្រប់យ៉ាង បានផ្ញើសារមកហៅគេបានជាប្រុសបងក្រោកយ៉ាងរហ័សចេញពីអាងទឹកមករកលីន ស្របពេលdarkប្រាប់ គេក៏ដើរទៅក្បែរកញ្ចក់សម្លឹងរកមើលឡានរបស់Jack។

«បងថ្លៃខ្ញុំ បងអមរា!»

លីនកុហកធ្វើឱ្យចិត្ត​រៀមផ្ទុះការតូចចិត្ត​។ លីនអាចឃើញ​ទឹកមុខគេដែលស្មើៗ មិនសប្បាយនឹងពាក្យ​បង្វែង។ សំខាន់គេ​ប្រចណ្ឌJack ហើយនាង​មកឈរកុហកគេបានទៀត។ ដៃប្រុសលូកមកទារយកទូរសព្ទ។ មុខគេមាំពេលនាងមិនព្រមឱ្យ។

ពេលនេះលើសពីមាំ គេធ្វើមុខផ្តាច់ការ។ លីនធុញណាស់ ធុញខ្លួនឯងដែលហេតុអ្វីត្រូវមកកុហក ហេតុអ្វីមិនប្រាប់គេការពិត ហេតុអ្វីខ្លាចគេម្ល៉េះ។

«Jack! »

នាង​ឆ្លើយខ្លីកំបុត ដោយ​ខំធ្វើមុខ​រឹងមាំ ងើបកែវភ្នែកទាំងសង​មកប្រឈម​នឹងឫកពាខឹងៗរបស់ប្រុសស្អាត។ គូខាន់ញញឹមជូរចត់ ភ្នែករេមករកទូរសព្ទក្នុងដៃនាងសារជាថ្មី ញ៉ាំងឱ្យលីននិយាយបន្ថែមភ្លាម៖

«គេយកដំណឹង​ហាសិកា​មកប្រាប់! ខ្ញុំសុំចុះទៅសិន!»

​      គ្មានអ្នកណាអាចឃាត់លីនបានទេ។ តរុណី​បែរខ្លួនទៅ តែគេចាប់ដៃ….នាង​ពិបាកចិត្ត​ពេលគេលូកម្រាមមកយកទូរសព្ទទៅអាន។

លីនបែរកាយមកឈរស្កុបសម្លឹងទឹកមុខប្រុសស្នេហ៍ដែលអានសាររបស់Jack។ គេញញឹមជូរចត់….ហើយងើបមុខស្រែកហៅ៖

«Dark!»

គេលែងដៃពីនាង ក៏លែងមើលមុខនាងដូចគ្នា។ ពេលនេះ​ហើយដែលលីនក៏ដឹងដែរថា ចុះទៅតាមJackមិនបានទេ ព័ត៌មាន​ប្អូនស្រីនាងក៏យកមិនបាន។

ស្រីខំដើរតាមគេពីក្រោយ​ដែលបោះជំហានទៅទ្វារ​ហើយរត់ទៅពីមុខគេ ពន្យល់ម្ចាស់បេះដូង៖

«ខាន់! ព័ត៌មាន​ដែលគេមានក្នុងដៃនេះ​សំខាន់ណាស់ គ្មានអ្នកណារកមកបានទេ! ពេលនេះ ខ្ញុំត្រូវការវាណ៎ា ឱ្យខ្ញុំចុះទៅ! បើឱ្យDarkទៅតាម​ គេពិតជារត់បាត់មិនខាន!»

គូខាន់បានលេបស្នាមញញឹមនេះមកវិញយ៉ាងលំបាក ប្រឆាំងនឹងការដកដង្ហើមផុតៗខឹងៗ​នៅក្នុងបំពង់ករបស់គេ។ លីនមិនដឹងទេថា កាល​ចុះទៅលើកនេះ ​អាចនឹងមកវិញមិនបានជារៀងរហូត។ ចំណែកខាងគូខាន់ទៀតសោត លីនបែរជាគិតថា ច្បាស់ជាប្រុសស្នេហ៍ប្រចណ្ឌមិនខ្វល់ថា ឯកសារនោះសំខាន់នឹងនាងកម្រិតណាទេ។

ម្រាមដៃតូចតោងដៃបង។ ទ្វាររបើកមក មានអ្វីមួយ​មិនល្អទេនឹង​កើតឡើង​លើJack លីនមានអារម្មណ៍បែបនេះ បើយោងតាមទឹកមុខគូខាន់ដែលមិនសម្លឹងនាង។

«ចាត់ការអាចង្រៃនៅខាងក្រោមនោះ!»

ទោះប្រុស​និយាយស្រាលៗទៅកាន់Dark តែ…លីនរបូតដៃពីប្រាណ​គេព្រោះភ័យ។ នាង​ងាកទៅ ឃើញDarkឱនរកនិយាយកាសប្ល៊ូធូដែលដាក់ជាប់នឹងកអាវគេ។ គ្រប់គ្នានៅខាងក្រោមនឹងចាត់ការJack។ ឬមួយគូខាន់ជាអ្នកធ្វើ បានជាគេខ្វល់រឿងភស្តុតាងនោះ?

«កុំណ៎ា! ឈប់»

នាង​ប្រាប់ទៅDarkបែបនេះ ស្មានថានាយDarkដែលលីនស្អប់ម្នាក់ហ្នឹង​ធ្វើតាមនាង? គេសម្លឹងនាងក៏មិនធ្វើផង រួចថយទៅបំពេញការងារថែមទាំងបិទទ្វារវិញស្រឺត។

«ចប់ប៉ុណ្ណឹងអូខេ!» គូខាន់ថាហើយញញឹមចត់ៗដាក់នាង។

រាងកាយរបស់លីនញ័រ។ ប៉ុន្តែសូម្បីតែនៅក្រោមស្រទាប់នៃការភ័យខ្លាច នាង​ខំសម្លឹង​មើល​គេ ថាតើគេពិតជាមាន​កំហឹងដែរអត់ ឯគេធ្វើជាមើលលីនមិនឃើញ ហើយដើរចូលក្នុង។

គេមិនខ្វល់ទេថា រាងកាយរបស់លីនកំពុងឆ្លើយតបនឹងគ្រប់ទឹកមុខរបស់គេ។

សំឡេង​គ្រោតគ្រាត​របស់​គេ​បានបន្ថែមពេលនាងតត្រុកដើរតាម៖

«រៀបចំ បន្តិចទៀតទៅជប់លៀងនៅផ្ទះប៉ាខ្ញុំ!»

ញើសនិងអារម្មណ៍ភ័យព្រួយ​បញ្ចេញ​​ពេញ​ខ្លួន​របស់​លីនពីលើដល់ក្រោម នាង​ខំបដិសេធ​មិន​ទទួល​ស្គាល់​ពី​អារម្មណ៍​ទន់ខ្សោយនេះ ហើយដើរ​តាមពីក្រោយគេឆ្ពោះទៅបន្ទប់វិញពន្យល់គេ៖

«ជប់លៀងអីទៅ ខ្ញុំត្រូវការ….»

​      គេបើកស៊ីមលីនទាញយកមកកាច់កម្ទេច ហើយបោះទូរសព្ទលីនព្រូសលើសាឡុង បណ្តាលឱ្យស្រីធ្មឹង គាំងជើងលែងដើរតាមរួច។ គេចូលទៅបន្ទប់ដាក់ខោអាវហើយ។ លីន​ជូទទឹកភ្នែក​រត់ទៅតាម​។

«កុំធ្វើតាមចិត្តពេក!»

សំឡេង​លីនខ្សឹកខ្សួលដាក់គេដែលឈរបែរខ្នងទាញរកខោអាវ ធ្វើឱ្យប្រុសស្អាតញាក់ស្មា​សើចចំអក។

«ព្រោះ….រឿងមិនបានកើតលើខ្លួន គ្រួសារខ្លួន មិនមែន​ប្អូនស្រីខ្លួន បានជាខ្លួនធ្វើមិនដឹងមិនឮ ឬមួយ​…មាន​ពាក់ព័ន្ធដែរ បានជា….មិនចង់ឱ្យខ្ញុំឃើញឯកសារJack?»

គេងាកមកភ្លឹប។ ភ្នែក​ឆ្ងល់ទាំងគូផ្តោត​មើលមកលេខា។ ស្រីម្នាក់នេះ​អស្ចារ្យកែលែងកើតហើយ​។ ទើបនឹងនិយាយគ្នា​ហើយក្នុងបន្ទប់ទឹក ចេញចរិតសង្ស័យមនុស្ស​ដែលឱបគ្នា​ គួរតែយល់គ្នា! ចេញគំនិត​ធ្វើឱ្យខឹងមកទៀតទាល់តែបានមែន​។ ឬមួយ​នាង​ចង់ឱ្យប្រាប់នាងថា ​កូនស្រីចៅហ្វាយក្រុង​និង Jackកំពុងរៀបគំរោងធ្វើស៊ីនាង​?

«CEO» នាង​ហៅគេ ខំដើរមកតោងដៃគេ នាងមិនចង់ឱ្យJackមានរឿងទេ។ ស្រីល្ងង់នេះ!

គេក្តាប់មាត់ក្រញូវៗ ផ្ចង់​​សម្លឹងភ្នែកនាងដែលល្ងង់ៗ និងខំមើលមកដូចជាកំពុងអង្វរករគេ។
នាង​ហៅគេបែបនេះ គឺផ្តាច់ឆ្ងាយពីរបៀបមនុស្សស្រលាញ់គ្នា។

«ម៉េច?»

គេសួរខ្លី។ ​អនុស្សាវរីយ៍​ចាស់ៗនិងពាក្យរបស់គេដែលខឹងៗ«ពាក្យ​ប្រមាថបង ស្អិតជាប់ក្នុងខួរក្បាលបង! បងឈឺចាប់!» ស្រី​ដើរទៅរើសខោអាវមកឱ្យគេសម្រាប់ជប់លៀងព្រោះដឹងថា គេអន់ចិត្ត គេទើបនឹងជាបានខ្លះទេ នេះជាអ្វីលេខាគិត។

មាន​អារម្មណ៍​ថា គេនៅរង់ចាំការនិយាយ​បកស្រាយរបស់នាង​ លីនកុលាប វាចាទាំងដៃកាន់ឈុតរបស់គេ។

«ខ្ញុំ….និយាយមិនគិត! អន្ទះសាពេក ខ្ញុំជឿហើយថាលោកមិនធ្វើអី​ប្អូនខ្ញុំ!»

ប្រុសប្រើកន្ទុយភ្នែកមកខាងនាង​។

ដៃគេ​ទទួលខោអាវមកពិនិត្យ​។ លីនច្បាស់ក្នុងចិត្ត​ថា មិនបាននិយាយអ្វីឱ្យគេឈឺចាប់ទេ ប៉ុន្តែ…..មានរឿងមួយ លីនត្រូវតែបកស្រាយ៖

«CEO…..»

នាង​អាក់ព្រោះមុខគេកាច ហើយសម្លក់ទូរសព្ទដែលស្រែករោទ៍។ លីនឈប់មាត់ ទុកឱកាសឱ្យប្រុស​ទៅលើកមកស្តាប់។ គេចុចសំឡេងឮៗចេញមកក្រៅ៖

«និយាយទៅ!»

សំឡេងDarkតបត៖

«អាJackរត់បាត់ហើយពេលគ្នាយើងចុះទៅ!»

ធូរទ្រូងដែលJackមិនអី។ ឃើញលីនឈ្ងោកមុខស្ទាបទ្រូងធូរចិត្ត ប្រុសបង​ញាក់ស្មាប្រចណ្ឌទាំង​ក្រញូវ៖

«រកពួកសាឡន​ឡើងមក រៀបចំ​ឱ្យលីនកុលាបទៅជប់លៀងផ្ទះប៉ា!»

គេបែរមកវិញ នាង​ធ្វើមុខក្រញូវម្តង៖

«ខ្ញុំមិនទៅទេ! ចង់គេង! មុននេះលោកឱ្យខ្ញុំគេងនោះអី!»

ប្រុសមិនមាត់ គេដើរចេញ តែបន្ទាប់មកពួកសាឡនពីរបីនាក់ត្រូវបាន​Darkនាំមកដល់។ លីនមិនអាចគេចបានទេ មានតែអង្គុយធ្មឹងឱ្យគេធ្វើសក់និងលាបមុខទាំងក្រញូវៗ។ ព្រោះមិនដឹងរឿង ថាគេនឹងម្តាយគេបាន File ពីអេលី បានជារៀបចំអាហារល្ងាចហៅកូនចៅហ្វាយក្រុង​មកបំបាក់កណ្តាលមុខម្តង។ ខាងលីនមិនដឹងរឿងអីទាំងអស់ ក៏ស្រាប់តែត្រូវគេហៅទៅទទឹងទទែងមិនឱ្យលីនខឹង? ស្មានថាលីនចង់ ទៅកាន់ផ្ទះនោះ ទីកន្លែង​ដែលធ្លាប់ធ្វើឱ្យនាងឈឺចាប់ ព្រោះការប្រមាថមាក់ងាយ?

ទើបនឹងបានធូរចិត្ត​ខ្លះដែលមកនៅជិត​បិសាចគេលែង​ក្រញូវ អុកស៊ីសែន​មានដកវិញ​ពេលស្ថានភាពជំងឺត្រួតត្រារបស់គេបានធូរស្រាលខ្លះទៅ ស្រាប់ឥឡូវ….

ញញឹម​តិចៗពេលឃើញ​លីនគ្រងរ៉ូបអាហារពេលល្ងាចពណ៌ទឹកសណ្តែក មានដៃម្ខាង បញ្ចេញស្មាម្ខាងយ៉ាងប្រណីតទន់ភ្លន់។

ស្រីមិនសម្លឹងគេ​តបទេ។ ដោយមិនដឹងខ្លួន លីនចង់ធ្វើខឹងគេ​។ ព្រោះលីនមិនដឹងទេថា គ្រោះថ្នាក់កំពុងត្រៀមចូលមកដល់។ ឆាកចុងក្រោយនេះ Jackច​ង់ធ្វើតាម​Floraមកបញ្ចប់នាង ចំណែកនាងមិនចុះទៅធ្វើឱ្យការងារគេខូចការ។

នៅក្នុងឡាន គេ​អង្គុយ​រង់ចាំលីនដោយម្រាម​​ដៃកំពុង​គោះភ្លៅខ្លួនឯង…..ភ្នែកលីនបើក​ចំហសម្លឹងទៅទិសផ្សេង ដាក់គម្លាតចម្ងាយ​មិនរវល់ជាមួយគេ ហើយមិនខ្វល់​មើល​ទៅជើងទាំងពីរជំទែងរបស់គេដែរ។

ដៃប្រុស​ទាញ​ចង្កេះស្រីមកក្បែរព្រោះខ្ជិលរង់ចាំនាងសម្រេចចិត្ត។ កម្ដៅកំហឹង​ប្រចណ្ឌគេ ​បាន​រុំ​រាងកាយ​លីន។ ពេលនេះហើយ​ លីន​មិន​មាន​អារម្មណ៍​ភ័យ​ដូចស្គាល់គេដំបូង​ៗក៏ពិតមែន ​តែបេះដូង​នាងនៅបារម្ភនឹងការប្រមាថមើលលើក្រោមអ្នកផ្ទះសេដ្ឋី បានជាលីនស្រពោនមិនមាត់មិនកអ្វី។

សូម្បីគេ​នេះ ចង់ទៅណាមកណាមិនសួរចិត្តនាងទេ។ គេនៅតែដាក់ខ្លួនឯងគេជាមនុស្ស​ដែលអាចត្រួតត្រាជីវិតលីនបាន។

​«កម្មវិធីអ្វី?» នាង​ខ្សឹបសួរ បានបង្អាក់អារម្មណ៍ស្នេហា​ក្តីគគុកពេលគេដាក់ចង្កាមកលើមុខនាង ហើយ​ភ្នែកសម្លឹងទ្រូងនាងតាមចន្លោះអាវវាល។

គូខាន់មិនឆ្លើយ។

គេមិនអាចប្រាប់នាង​ រឿងទាំងអស់ដែលគេនិងម្តាយកំពុងរៀបមកប្រឆាំងបកអាក្រាតកូនស្រី​ចៅហ្វាយក្រុងនិងចាស្មីនទេ។ ការមិនមាត់មិនកនេះ នាំលីនសៅហ្មងឡើង ណាមួយនាងខ្មាសអ្នកបើកឡានទៀត។

ឡានលូនដល់ច្រកវិមានសេដ្ឋីខាងក្រៅ សូហ្វ័រលាន់មាត់ឡើង៖

«ឡានចៅហ្វាយក្រុងមកហើយ!»

មិនត្រឹម​ Flora សូម្បីប៉ានាង​ក៏ត្រូវបាន​ជំទាវស៊ីណារ៉ាល្បួងហៅមកដែរ។ គ្មានអ្នកណាដឹងថា គូខាន់និងម្តាយ​ប្រុងធ្វើអ្វីទេ ចំណែក​ខាងលោកចៅហ្វាយក្រុងមកជាមួយកូនស្រីដោយបន្ទាន់ ព្រោះជំទាវស៊ីណារ៉ាកុហកថា និយាយរឿងសុំដណ្តឹងកូនស្រីមេម៉ាយចាយសម្រស់នោះឱ្យគូខាន់។

ពេលនេះ គូខាន់បណ្តើរអនាគតភរិយាមក មិនអាចឱ្យពួកគេឃើញ​ហើយ​ថ្នាក់ចិត្ត ​ឬ​ដឹងរឿងពីក្បាលដំបូងទេ។

គេងើបមុខអង្គុយ​រៀបរយវិញ ហើយលាន់មាត់បញ្ជា៖

«យើងទៅតាម​ទ្វារក្រោយ!»

លីនងាកមកសម្លឹងគេ ចង់សួរគេថា តើមាន​អ្វីនៅខាងក្នុង តែឃើញភ្នែកគេមើលមកនាង​ក្រហម​ៗ…..តណ្ហាគេមកកម្រើកកណ្តាលវាល? នាង​ដៀងមកមើលកអាវខ្លួនឯង។

ម្តាយគេធ្លាប់ប្រាប់ថា ជំងឺផ្លូវចិត្ត​នេះ ពេលគេខឹងឬប្រចណ្ឌ ផ្ទុះគំនិតរឿងកាមគុណខ្លាំងជាងពេលសប្បាយចិត្ត​ ឬរំភើបចិត្ត​។ លីនមិនដឹងទេថា កាលពីនៅក្នុងបន្ទប់ទឹក ប្រុសបានព្យាយាមរំងាប់ចិត្ត​លើអូនព្រោះចង់បង្ហាញលីនថា គេជាហើយ គេមិនដូចមុនទេ។ គេស្រលាញ់នាង ជានាង​ពិតៗ មិនមែន​ជាទាសករតណ្ហា​ដូចនាង​ធ្លាប់គិតឡើង។

រថយន្តបត់វ៉េវទៅក្នុងមហាភូមិគ្រឹះរបស់មហាសេដ្ឋី ដែលមុននេះលីននៅចាំបានថា ​ធ្លាប់ត្រូវ​កូនអ្នកមាន​ព្រួតគ្នាវាយប្រហារ ដោយសារសាវតាក្រីក្ររបស់នាង ចំណែកប៉ាគេក៏ដូចគ្នា។ ទោះណាជា​គូខាន់ នៅឈរពីក្រោយខ្នងនាង ​តែលីន​នៅចៀសពីឈឺចិត្ត​មិនរួច។

«ហេតុអ្វីខ្ញុំមិនអាចដឹង សូម្បីតែថា យើង​មកនេះដើម្បីអ្វី?»

«នៅជាមួយបងត្រូវមាន​អារម្មណ៍សុវត្ថិភាព ទោះប្រឈមនឹងស្អីក៏ដោយ!» គេនិយាយហើយលូកដៃមកថ្ពក់ចង្កេះវិញជាថ្មី។

ច្រមុះថ្លៃស្រូបស្រង់កញ្ចឹងកនាង​ដូចស្រេកឃ្លាន មិនតែប៉ុណ្ណោះ បបូរមាត់គេមាន​ចលនា​ទន់ភ្លន់នៅទីនោះ មិនព្រម​ដកចេញវិញសោះ។

ចាំយូរពេក លីនខ្មាសអ្នកបើកឡាន។ ស្រីរេខ្លួនចេញបន្តិច គេស្រាប់តែផ្ទុះមានៈ ទាញនាង​បន្តឹងដៃ៖

«នេះ? អារម្មណ៍មានសុវត្ថិភាព?»​ លីននិយាយអួលៗខឹងៗដែលរើពីកណ្តាប់ដៃថ្លៃមិនរួច។

«ជាស្អីវិញ?» គូខាន់សួរដោយបន្តថើបស្មានាងរលោងរលើប។

«កន្លែងសាធារណៈCEO»

គេដកខ្លួនហើយងើបមុខ បន្សល់ខ្យល់ដង្ហើមក្តីគគុក។ គេផ្ទុះតណ្ហា ​តើគេកំពុងរើជំងឺខឹង? លីនលបគិតហើយថយមកជិតកញ្ចក់។ សូហ្វ័រមិនហ៊ានសូម្បីតែងាកផង កុំថាឡើយមើលមកក្រោយ។

​      លីនម្តងម្កាលប្រើកន្ទុយភ្នែកសម្លឹងប្រុសស្អាតដែលទៅអង្គុយ​ធ្វើក្រញូវ។ នាងមិនដឹងថា គេ​ខឹង​នឹងនាង​ព្រោះរឿងJack ឬខឹង​​ដោយ​សារនាង​គ្មានអារម្មណ៍ជាមួយគេទេ។ គេចង់​ធ្វើអ្វីៗជាមួយនាងដោយមិនខ្វល់ជាមួយ​​នឹង​ពិភពលោក ធ្វើដូចលោកនេះមាន​តែនាងហើយនិងគេ?

​      ស្អប់បំផុតពេលដែលលីនមិនអាចអានចិត្ត​គេបាន។ ឡានឈប់ ហើយគេឈានចុះខាងគេ​ដោយគ្មាននាងនិងដោយមិនចាំសូហ្វ័របើកទ្វារ។ លីនចុះដែរ ខណៈគេដើរមក។ ម្រាមគេបោះមក នាង​​ញញឹម​តិចតួច​ទទួលយកប្រអប់ដៃគេ។ ប្រុស​នាំស្រីលេខាពីសួនខាងក្រៅឆ្ពោះទៅទ្វារចូលមួយ ដែលចំហរង់ចាំ។

ទីនោះជាបន្ទប់ធំមួយ ដែលលីនមកផ្ទះនេះលើកមុនមិនបានឆ្លងកាត់ទីនេះទេ។

«ស្អាតណាស់» លីនលាន់មាត់ចំពោះការតុបតែងយ៉ាងវិចិត្របែបបារាំង។ ក្លិនផ្កាស្រស់បោះពួយមកស្វាគមន៍គ្រប់គ្នា មិនដឹងថាជះមកពីសួនឬពីបណ្តាថូធំតូចត្រៀបត្រានោះទេ។

មកដល់កណ្តាលបន្ទប់ ជាន់លើព្រំមូលក្រាស់ ក្រោមបណ្តុំនៃអំពូលចរណៃសែនប្រណីត គេទាញលីនឱ្យបែរមក ហើយ​លើកដៃឆ្វេងស្ទាបស្ពាល់នាង​។

«អស់សាធារណៈឬនៅ?»

ថ្ពាល់របស់លីនឡើងកម្ដៅភ្លាមៗ បញ្ជាក់ថាស្បែកស្រីស្គាល់សញ្ញាម្រាមដៃបុរសនេះ។ រាងកាយនេះ បាក់ស្រុតចាញ់ដៃគេយូរហើយ បេះដូងនេះក៏អ៊ីចឹងដែរ។

គ្រាន់តែលីនពេលខ្លះអន់ចិត្ត ដែលគូខាន់តែងតែចូលចិត្តធ្វើបែបនេះដាក់នាង​ ដូចផ្គើនផង មានៈផង ធ្វើដូចខ្វះពេល។

«CEO» ភ្នែកនាងសម្លឹងទៅទ្វារ។ ដ្បិតណាតែពួកគេ​នៅ​តែពីរនាក់​ក្នុងសាល​​ធំ ប៉ុន្តែ​នោះ​ក៏មិន​មាន​ន័យ​ថា កន្លែងនេះអត់មាន​កាមេរ៉ា ឬនឹង​​មាន​នរណា​ម្នាក់ ​​ដើរកាត់ចេញចូលធ្វើការផ្ទះ?

«លីន!» គេហៅនាងក្នុងសំណើចចំអកតិចៗ ដែលនាង​ក្រហមមុខ​ និងភ័យផងខ្មាសគេផង។ សំឡេងគេហៅឈ្មោះនាង​ដូចល្បួងលីនឱ្យចូលរួមល្បែងស្នេហា​កណ្តាលវាលជាមួយគេ?

លេខា​ដកដង្ហើមធំ៖

«ខ្ញុំមិនដែលធ្វើអីឱ្យលោកអន់ចិត្ត​ទេ!»

«ច្បាស់អត់?»

«រឿងJackខ្ញុំអត់មាន​ចេតនាទេ ខ្ញុំស្រលាញ់ប្អូន!»

គូខាន់​បក​ចង្កា​ឡើងលើ​ជា​សញ្ញាមិនព្រមទទួលយក គេនិយាយខាំមាត់តិចៗញញឹម​ស្មើៗ៖

«ពេលកំពុង​ស្រួលចិត្ត​ កុំយកឈ្មោះចង្រៃៗមកឃាំង!»

«លោកស្រួលចិត្ត​ពិតមែន?!»

ចុងៗបបូរមាត់សងខាងរបស់គេកម្រើកឡើងចុះ ម្តងញញឹម​ម្តងធ្វើស្មើ។​

«ម៉េចវិញ?» គេសួរបក។

«លោកដូចជា….ខឹងអ្នកណាម្នាក់! ខឹងខ្ញុំហ្មែន?» នាងរំអួយដោយភ្នែកម៉ក់ៗសម្លឹងគេ។

«មែន! ខឹងខ្លាំង» សំឡេងគេដង្ហក់មុនពេលនិយាយបន្ថែម«ចង់វាយខ្លាំងៗ ឱ្យរាង!»

ដៃគេរាវពេញត្រគាកនារីពីលើឈុតសូត្រ​សែនទន់ភ្លន់ត្រជាក់ស្អំបេះដូង។ លីនខ្មាសណាស់ តែមិនហ៊ានប្រកែក ខ្លាចកំហឹងគេផ្ទុះគ្រប់យ៉ាងទៅជាកខ្វក់ នាំល្អកក់កករដល់ពួកគេ។

«ខ្លាចគេឃើញ!» នាង​ខ្សឹបដាក់ភ្នែកគេ ខំញញឹម​ផង​ស្លេកផង។ ពិសេសលីនខ្លាចអ្នកម្តាយរបស់គេចុះមកឃើញ ហើយវាយតម្លៃនាង។

«និយាយដូចជាបងខ្វល់?»

ប្រុស​វាចាទាំងវារម្រាមស្តាំឡើងមកលើប៉ះក្បាលនាងពីក្រោយ។ មិនយូរទេ ក្រែមនាង​នឹង​ត្រូវគេលេបបាត់ហើយ Make upនឹងខ្ទេចអសារអស់ លីនដឹង។ ​តើនាងទៅចួបអ្នកផងក្នុងពិធីផ្ទះគេនេះដោយរបៀបណា?

ដៃស្រីលើកមកដាក់លើស្មាគេ ដូចជាលីនក៏ចង់ថើបគេ តែនាង​នៅរារែក។

«ខាន់! ពេលទៅផ្ទះវិញ ខ្ញុំទទួលកំហុសនិងទណ្ឌកម្មគ្រប់យ៉ាង!»

ម្រាមមេដៃគេរេពីក្រោយក្បាលនាង មកប៉ះគែមបបូរមាត់លីន។ លីនខំ​សម្លឹងប្រតិកម្មលើផ្ទៃមុខគេ គេមានតណ្ហាឡើងៗ ទប់មិនជាប់ទេ តែគេកំពុងខំទប់។

«បងមិនធ្វើឱ្យខូចMake upនេះទេ ក្មេងល្អ!» ប្រុសវាចាឡុលៗខ្សឹបៗដាក់ភ្នែកនាង។

គេអានចិត្តនាងធ្លុះ។ ស្រីនៅឡិងឡង់ ខណៈសំឡេងមួយហើរមកតាមខ្យល់៖

«កូនខាន់!»

បុរសចំណាស់ដែលលីនខ្លាច លេចឡើងហាក់ដូចជាគាត់កំពុងរង់ចាំជាស្រេច ក្នុងទ្វារក្រោយផ្ទះនេះ។

គាត់មិនរំកិលមកទេ រង់ចាំកូនប្រុស​ចូលទៅជិត។

ប្រុស​រអ៊ូរទាំអ្វីមួយនៅក្រោមដង្ហើមក្តៅរបស់គេ​ក្នុងចរិតអ្នកដែលកំពុងមានៈក្នុងកាមា ស្រាប់តែមាន​គេមករំខាន។

«ប៉ា» គេទាញលីនឱ្យទៅជាមួយ ហាក់ដូចជាចង់ការពារនាង​ដាច់ឱ្យស្រឡះពីអ្វីក្តី គឺនៅក្បែរៗគេជានិច្ច។

«មកដល់ពេលណា?» បុរសសួរកូនគាត់ហើយបែរមកញញឹមដាក់នាង​ដែរ ធ្វើដូចជាថ្ងៃមុនមិនមាន​អ្វីកើតឡើង។

បំពង់ករបស់នាង​ក្តាប់ណែន​ដោយការភ័យនិងសម្ពាធ ប៉ុន្តែលីនអាចលើកដៃទៅជម្រាបសួរគាត់​។

«សូមមានសំណាងល្អ!»

នេះឬការឆ្លើយតបរបស់ជនជាតិរុស្សីមកកាន់អ្នកដែលគោរពវន្ទាគេ។ លីនគិតទាំងទឹកមុខសុភាព ខណៈដៃប្រុសបងដាក់មកលើចង្កេះលីន ពង្រឹងភាពក្លាហានឱ្យនាង។ ស្ត្រីរាងស្តើងម្នាក់បង្ហាញខ្លួនពីក្រោយមហាសេដ្ឋីក្នុងឈុតរោមសត្វ ទាំងក្នុងប្រទេសកម្ពុជា គាត់ពិតជាសេដ្ឋីនីចាស្មីនដ៏មានបានដែលបង្អួតពីឈុតកប់ពពក។

គាត់ឈានមកដល់ហើយកាន់ដៃប្តីម្ញិកម្ញក់។

«តោះទៅអង្គុយ​បន្ទប់លើវិញ មានអីញ៉ាំច្រើន!»

លីនធ្វើភ្នែកម៉ក់ៗ៖

«សូមជម្រាបសួរលោកជំទាវ!»

«រីករាយដែលបានចួបស្រីស្អាតម្តងទៀត! ស្អាតណាស់!» ពេលនិយាយនេះ គាត់ក្រឡេកមើលគូខាន់ជានិច្ច ។

«ពិតប្រាកដ​ណាស់!» ដៃរបស់គូខាន់សង្កត់លើត្រគាករបស់លីន។

«ចៅហ្វាយក្រុងនិងកូនស្រីនៅចាំនៅលើ!» ចាស្មីនបន្ត។

លីនមិនស្រួលចិត្តអំពីFloraទេ។ ស្ត្រីនោះឆ្មើង និងនៅចំពោះមុខលីនតែងធ្វើឱ្យមាន​អារម្មណ៍មិនស្រួល។

«តោះយើង!» ប៉ាគេតឿន តែគូខាន់បដិសេធ «ខ្ញុំនាំលីន​ដើរមើលផ្ទះសិន!»

បបូរមាត់របស់ចាស្មីនញ័រភ័យ។ លីនដឹងថា ​ទំនងជាគូខាន់ជាមនុស្ស​សំខាន់សម្រាប់តុវែងខាងលើ ហើយចៅហ្វាយក្រុង​ចង់ឃើញគេ គេជាម្ចាស់បន្តវេននៃអាណាចក្រ ​Doloce តែគេធ្វើព្រងើយ មិនខ្វល់ដូចសម្តីគេមុននេះដែរ។ ចាស្មីននិយាយអង្វរ​៖

«គ្រួសារDoloceយើង មិនឱ្យភ្ញៀវរង់ចាំទទេទេ!»

លីនបន្ធូរបរិយាកាស៖

«តាម​ពិត​ទៅ ខ្ញុំ​ចង់​ចេញទៅ​ក្រៅមើលសួន​មួយ​ភ្លែត! CEOនឹងមិនបារម្ភពីខ្ញុំទេ ខ្ញុំទៅមើលផ្កាសោះហ្នឹង! CEOទទួលភ្ញៀវទៅណ៎ា!»

មិនចាំគេឆ្លើយ នាងបោះជំហានចាកចោលបាតដៃគេ ឆ្ពោះទៅកាន់ចាស្មីនដោយយល់ថា សេដ្ឋីនីអាចជួយរំដោះនាងមួយរយៈពីដង្ហើមក្តៅៗរបស់គូខាន់។

ចាស្មីនសែនរីករាយ ​ពេលឃើញគូខាន់ធ្វើភ្នែកស្មើៗដៀងមកស្រីស្នេហ៍៖

«អូបាន! លេខា​ចុះតាមជណ្តើរម៉ាបតូចខាងស្តាំ ស្ងាត់ល្អ ផ្កាច្រើន! ច្រកនេះ គ្មានអ្នកណា​ដើរកាត់ទេ ជាឯកជនរបស់​មេគ្រួសារ! ដើរត្រង់ៗទៅ ទីនោះមានទីធ្លាសួនធំមួយទៀតនៅខាងក្រោយទ្វារក្បាច់! ផ្ការឹតតែច្រើន! មាន​កូនបណ្ណាល័យសួនច្បារមួយ មានទឹកញ៉ាំ និងសាឡុងអង្គុយ​!»

អ្វីក៏ដោយ លីនចង់ចាកចេញ។ នេះឯងជារឿងធ្វើឱ្យប្រុសបងក្នាញ់លេខា។

«អូចាស៎ ស្តាប់ទៅល្អណាស់។ ខ្ញុំទៅ! សូមអរគុណ»

រួចលីនធ្វើចលនាភ្លាម មិនខ្វល់នឹងធ្មេញ​ខាំតិចៗរបស់គូខាន់ទេ។

គេហៅនាង​៖

«លីន! ចាំសិន!»

ស្រីឮ ប៉ុន្តែខំ​បន្តជំរុញដំណើរទៅមុខនឹងអាលឱ្យគេនៅរវល់ជាប់ជាមួយឪពុករបស់គេនិងភ្ញៀវរបស់គេ ភ្លេចនាង​សិនទៅចុះ។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*