រឿង៖ ចិត្តត្រួតត្រា ភាគទី៤០

ពិតណាស់ ផ្លូវជណ្តើរម៉ាបនាំចេញទៅនេះជាច្រកវាង មិនសូវជាធំ តែមានផ្កាជាជួរៗច្រើនពិតមែន មិនដឹងត្រូវការៗថែទាំកម្រិតណាទេ ។

ខ្យល់កាន់តែបក់មកស្តើងៗ ប៉ះគ្នាជាមួយ​អាវសូត្រមានសេរីភាពពីដៃព្រាន។ លីនបានរត់ឆ្ពោះទៅមុខ​ចាកចេញពីប្រុស​ ហើយ​​រក​ឃើញ​ទ្វារក្បាច់មួយ ​​ដែល​នាំ​ទៅ​កាន់​សួន​ច្បារមួយទៀតពិតមែន។

ពេល​រុញ​វា​ចំហចេញ លីន​​ទទួលបានសន្ធឹក​​ខ្យល់​បក់ក្រអូបប្រហើរ​​ពេល​គន្ធាជាច្រើនចម្រុះក្លិនហើរ​កាត់ពី​មុខនាង​។ ​ថ្វីបើនេះជារដូវក្តៅក៏ដោយ ក៏ខ្យល់ធម្មជាតិស្រស់ស្រាយ​លាយជាមួយចំហាយទឹក​បាញ់ស្វ័យប្រវត្តិ បាន​ធ្វើឱ្យចិត្ត​លីនត្រជាក់។ អារម្មណ៍នាង​​ស្រៀវ​ស្រើប​រំជើបរំជួល​ជាមួយ​គ្រប់​ជំហាន​ដែលឆ្ពោះទៅក្នុងសួគ៌អច្ឆរិយ។

«គេចបានប៉ុន្មាន​អ្ហះ?» សំឡេង​របស់គូខាន់ដ្បិតតែស្រាល​តែបានបញ្ជូន​សញ្ញា​ព្រមាន​ដល់​ឆ្អឹងខ្នង​របស់​នាង​។ គេនេះឆេវទៀតហើយ គេប្រើវិធីអីបានជាប៉ានិងម៉ាក់ចុងគេទប់ឃាត់គេមិនជាប់?

ប្រុស​បាន​ទាញ​លីនបំបែរ​ទៅ​រកទ្រូង​គេ  ដៃ​ម្ខាង​រុំ​ចង្កេះឃុំឃាំងនាងប្រុងតែនឹងធ្វើបាបតាមសន្ទុះចិត្តមានៈដែលនាង​ដើរចោលគេ។

លេខារើ ប៉ុន្តែគេខ្លាំងជាង៖

«ខាន់» នាង​ឈ្លោះប្រកែក​ជាមួយគេ ប៉ុន្តែមិនបានសម្រេច។

គេ​បាន​ដោះ​លែង​ចង្កេះនាង​ ប៉ុន្តែ​ចាប់​ដៃនាង​ទាញបណ្តើរទៅ មិនខ្វល់នាងពាក់ស្បែកជើងកែងពិបាកសម្របតាមនោះសោះ​។

ក្រៅ​ពី​ផ្កា​កុលាប និង​ផ្កា​ផ្សេងជាច្រើនប្រភេទ​ទៀតបានធ្វើជា​គុម្ពោត​ខ្ពស់​ ឬធ្វើ​ជា​ខែល បិទបាំងភាពងង៉ក់នៃប្រុសស្រីទាំងទ្វេ។​ កែងជើង​របស់​នាង​ឈានចេញពីសួន មក​ប៉ះ​នឹង​ផ្លូវ​ថ្មភ្នំតម្រៀប  ខណៈ​ដែល​គេទាញ​នាង​ចេញពី​ក្រោយ​ព្រៃ​បៃតងមករកសាឡុងកណ្តាលវាលមួយឈុត មាន​​កៅអីវែង​មួយ និងកៅអីឯកជនពីរ។ ​ប្រភពទឹកបាញ់​មួយ​នៅចំ​កណ្តាល។

នេះតំបន់ស្ងាត់ឈឹងសឹងថាក្លាយជាកន្លែងដ៏ល្អឥតខ្ចោះដើម្បីលាក់ខ្លួនពីទុក្ខព្រួយជីវិត។

«នៅមិននៅ ចឹងទៀតហើយ?» ស្រីថាទាំងរលាស់ដៃគេចេញហើយថយមកអង្គុយលើកៅអីមួយ។

«មានភ្ញៀវពិសេសនៅចាំទេតើមែនអត់?» លីនថាទៀតដោយងង៉ក់ចង់ប្រាប់គេថានាងចេញមកព្រោះស្អប់ពួកអ្នកមានដែលចោមរោមជុំវិញគេ។

«គ្មានស្រីណា​​ដើរ​ចេញ​ពី​បង ដោយបងមិនអនុញ្ញាត ហើយធ្វើរឹងនៅនឹងមុខប៉ាបងទេ!»

គេពោល​ហើយឈរច្រង៉ាងពីមុខនាង​មើល​មក​លីនតូចច្រម៉ក់ ​ដូច​ជា​គេ​កំពុង​ព្យាយាមប្រដៅ​​ក្មេង​ដែលខូច។ លីនឈ្ងោកមុខមិនប្រឈមភ្នែកគេ។

គេម្តងខឹងម្តងជា។

លីនមិនដឹងថា​គេនិងម្តាយគេ ជំទាវស៊ីណារ៉ាមានល្បិចអ្វីជាមួយគ្រួសារចៅហ្វាយក្រុងទេ ដឹងទេថា​គូខាន់នៅសុខៗរករឿងនាង។

«ដោះអាវ!»

សំឡេងគេបញ្ជាខ្សោយតែអាចធ្វើឱ្យលីនភាំង។

ស្រីងើបមុខចង់ដឹងថា គេនិយាយលេងឬព្រមាន​មែន? ដៃគេលូកមកទាញកាបូបនាងបោះទៅលើកៅអីផ្សេងមួយទៀតដែលនៅក្បែរនោះ ហើយចង្កេះគេ លោមកមុខ សឹងប៉ះច្រមុះលីន។

ពន្លឺ​ពណ៌​មាសនៃក្បាលខ្សែក្រវាត់របស់គេ​​ចាំងជះ ប៉ះពន្លឺចុងក្រោយនៃព្រះអាទិត្យពព្រិច​ជុំវិញ​សួនច្បារ​បញ្ចេញ​ស្រមោល​ពេញ​ផ្ទៃ​មុខ​របស់​គេដែលឈរបញ្ច្រាស់ថ្ងៃ ខ្មៅ និងស្មើៗ មានអំណាច​ដាច់អហង្ការ​។ ដែល​លក្ខណៈ​របស់​គាត់​ត្រូវ​បាន​លាក់។

«ក្រោកឡើងមកហើយដោះអាវចេញ!»

គេនិយាយទាំងខាំមាត់ និងឈ្ងោកមកដោះ​ខ្សែ​ក្រវាត់​របស់​គេ។  ក្រពះ​របស់លីនហួតហែងស្ងួតព្រោះភ័យ ។

«អីគេ?» ស្រីព្រិចភ្នែក បន្ទាប់មកមើលរបៀបដែលគេ​រុំ​ដៃ​ជុំវិញ​ក្បាល​ដែកខ្សែក្រវាត់ ហើយ​ទាញ​ខ្សែ​ស្បែក​ចេញពីចង្កេះចោលឈុតដ៏ថ្លៃមួយនេះ ឱ្យបាត់បង់មួយចំណែកដែលតុបតែងគេឱ្យសែនសង្ហា​។ គេដូចជាប្រុងវាយវាត់នាង​ឬ…

«ខាន់!»

លេខាតូច​ហៅគេខ្សឹបៗដោយ​ញ័រមាត់ភ័យ ខណៈពេលគេនេះរូតខោបញ្ចេញ​ភាពសង្ហា​ដូចមាស។

«ក្រែងចង់អ៊ីចឹងអ្ហី? ជាជម្រើសរបស់អូនខ្លួនឯងអូនសម្លាញ់!»

លីនសម្លឹងទៅវត្ថុដែលទូងចេញមកដោយមានៈ។ សំឡេងគេនៅតែសម្លុតពីលើភាពរន្ធត់របស់នាង៖

«ដំបូងគិតថា! រង់ចាំបាន! ចាំយប់សិន ចាំនាំគ្នាទៅដកពិសោធន៍នៅបន្ទប់ខាងលើឱ្យត្រឹមត្រូវ ប៉ុន្តែ ស្អប់មនុស្សស្រីរឹង! ឥឡូវម៉េច? លេងរបៀបរឹងជាមួយគ្នា! ក្រែងចូលចិត្ត​កន្លែងនេះ? ចូលចិត្តផ្កា?!»

​ដៃស្រីទាំងពីរច្រត់លើកៅអីសងខាងខ្លួននាង។ នាងភ័យនឹងអារម្មណ៍មិនធម្មតារបស់គេ ពេលនេះ មិនដឹងគេកើតស្អីគេទេ គូខាន់មិនដែលនិយាយវែងបែបនេះឡើយតាំងពីបានស្អិតជិតប្រាណ។ ភ្នែកនាង​រលោង ទៅដោយការតូចចិត្តនិងការបារម្ភ។

នឹកដល់ថ្ងៃចូលធ្វើការដំបូង គេក៏ធ្វើបែបនេះ កាលណោះនាងអង្វរគេទើបគេឈប់វង្វេង ពេលនេះម៉ោងនេះឆ្អែតចិត្តពេកមិនដឹងនិយាយអ្វី បានពាក្យអ្វីមកកែស្ថានការណ៍ឡើយ។

លីនលេបទឹកមាត់និយាយ៖

«ខាន់! នរណាម្នាក់អាចឃើញយើង ឬឮយើង»

«អ៊ីចឹង​ឆាប់ឡើងលីន! ប្រាកដ​ណាស់ !នឹង​​មាន​នរណា​ម្នាក់​ ​ត្រូវ​បញ្ជូន​មករកយើង ហៅ​យើងទៅជប់លៀង!» គេ​ទម្លាក់​ខ្សែ​ក្រវាត់​ទៅ​នឹងក​ជើង​​យ៉ាង​ស្ងៀម​ស្ងាត់​ជា​ចង្វាក់។

«កុំធ្វើបែបនេះណ៎ា!  មិនមែន​នៅ​ទីនេះទេ!» នាង​រើខ្លួន តែរាងកាយគេមកពាំងស្អិតនៅពីមុខ រើទៅណា​ក៏នៅតែឃើញ​ផ្នែកតណ្ហារបស់គេកញ្ជ្រោលបង្ហាញមក។ ​លីន កំពុងរកវិធី​អង្វរ​ឱ្យ​គូខាន់​ប្ដូរ​ចិត្តឬ ម្យ៉ាងនាងអាចនឹងច្រានគេហើយរត់ទៅ​ខាង​មុខផ្ទះ ។ ក្រពះរបស់នាង​ ត្រៀមខ្លួនជាស្រេចដើម្បីបះបោរពី ភាពភ័យរន្ធត់ និងភាពឆ្គាំឆ្គងនៃស្ថានភាពទាំងមូលដែលគេនេះម្តេចកម្រើក​ចរិតដើមចេញមក ទាំងគ្មានមូលហេតុ។

«ខ្ញុំធ្វើអីខុសទៅ?» លីនយំ។

ប្រុសខាំមាត់តិចៗ ម្រាមស្តាំគេវែកសក់លីន។

«លោកចង់ឱ្យខ្ញុំខុស ឱ្យខ្ញុំសុំទោសគ្រាន់តែខ្ញុំដើរចោលប៉ុណ្ណឹងហ្អី?»

នាង​សួរទៀត ភ្នែកគេ​ល្ហល្ហេវគ្មានចម្លើយ។ បើគេពិតជានឹកឃើញ​មករួមភេទលើកៅអីឈើនេះពិតមែន គេលែងជាមនុស្សព្យាបាលបានហើយ។

«ហើយ…ធ្វើចប់កាលណា លោកនឹងលែងបានឃើញមុខខ្ញុំជារៀងរហូតគូខាន់!»

នាងគិតតែឃ្លាចុងក្រោយនេះមិនបាននិយាយទេ ព្រោះឆ្អែតចិត្តពេក ។ លីនក្រោក​ឡើងត្រូវគេច្រានចុះទៅវិញ។ លីនបិទភ្នែកមិនចង់ឃើញស្រមោលរបស់គេ ឬមានអារម្មណ៍ថា មាន​វត្តមានរបស់គេទេ។

ម្រាមគេ រេរហ័សមកដល់ថ្ពាល់រួចដៃអាវដែលមានតែម្ខាង គេទាញប្រុងទម្លាក់វា ស្របពេលសូរគ្រហែមមួយលាន់ពីគម្ពោតព្រៃ។

«កូនខាន់!»

លីនគិតថា រស់វិញហើយ គឺប៉ាគេមកដល់។ គេថយ​ចេញហើយប្រញាប់បិទរូតខោ។ ១០០ភាគរយប៉ាគេ ពិតជាបានឃើញចរិតអានាចារ្យរបស់គេ។ ទោះយ៉ាងណាប៉ាគេមិនដើរមកទៀតទេ គាត់ដូចទុកពេលឱ្យកូនប្រុសរោគចិត្ត​ម្នាក់នេះ បាន​​ដាក់ខ្សែក្រវាត់និងទីនុយស្រួលបួលវិញ ខណៈដែលលីនពិតជានៅបិទភ្នែកបែរបន់ចង់ឱ្យធរណីស្រូប​នាង​នឹងស្ដោះ​​ចេញទៅ​កន្លែង​ផ្សេង​ទៀត​ក្នុងលោក នឹងបាន​គេចពីភ្នែកមនុស្សប្រុសទាំងពីរនេះ។

ដោយ​គ្មាន​ពាក្យ​សម្ដី គូខាន់ចង្អុលនាង​ឱ្យសញ្ញាថា នៅឱ្យស្ងៀមរង់ចាំគេ ចំណែកខាងគេបានដើរទៅរកប្រភពសំឡេងឪពុក។

«ភ្ញៀវមកពេញផ្ទះហើយ! ឯណាលីនកុលាប?»

មហាសេដ្ឋីធ្វើពើ កូនប្រុសគាត់ក៏ឆ្លើយធ្វើពើវិញ៖

«គេជក់នឹងក្លិនផ្កា!»

«យប់នេះចាំឱ្យនៅស្រង់ផ្កាអស់ចិត្ត​ទៅ! តោះ!»

ប៉ាគេបកក្រោយសំដៅលើវិមាន ។ គូខាន់ងាកមក ចំពេលដែលតូចតន់កំពុងឈ្ងោកដោយក្តីអៀនខ្មាស។ ​សន្សឹមៗ លីនបែរមករកគេ ហើយ​សម្លឹងគេទាំងភ្នែក​ស្លក់ព្រោះខ្លាច…។

ប្រុសលើកចុងមាត់ខាងឆ្វេងឡើងបន្តិចដូចចង់ញញិម រួចទើបគេ​មិចភ្នែកហៅនាង ដោយលូកដៃមកទទួលស្រីផង។

លីនកុលាបក្រោកទាំងមុខក្រហមៗដើរមួយៗមកក្បែរ ។ គេទទួលយកម្រាមឆ្វេងទាំងប្រាំរបស់លេខាហើយដឹកដៃនាង​ឡើងជណ្តើរ។ ម្រាមនាងពិតជាបែកញើសជោកក្នុងប្រអប់ដៃគេ។

«បងធ្វើពុតដាក់ប៉ាទេ!»

គេខ្សឹបតិចៗ តែនាង​មិនយល់ទេ។

ធ្វើពុតចំណុចណាទៅ រឿងមួយប្រាវមុននេះគេធ្វើពុតព្រោះដឹងថា​ប៉ាគេមក? គេចង់ប្រាប់ប៉ាគេថាគេនៅឈឺ? ធ្វើដើម្បីអី?

នាង​ជាគ្រឿងសម្រាប់គេយកមកលេងសើចលោះព្រលឹងបែបនេះ?

«ឮអត់? កុំខឹង! ហើយឈប់ភ័យទៅ!»

លីនភាំងៗសម្លឹងគេ ព្រោះគេឈប់កណ្តាលជណ្តើរ។ កែវភ្នែកនាងរលីងរលោង តូចចិត្ត​ និងមិនយល់ តែមិនចង់សួរ។

ជាមួយគូខាន់ នាង​ឆ្អែតចិត្ត​ឡើងសុសសាច់ទៅហើយ។ លើកនេះទៀត គេធ្វើបែបនេះ​ចុះបើមានអ្នកណាមកឃើញ គេថត ឬចុះបើនា​ងគាំងបេះដូងស្លាប់បាត់ គេសប្បាយចិត្ត​ណាស់មែនទេ។

នាង​ប្រលេះដៃគេចេញនិងនិយាយខ្សាវៗ៖

«សុំចូលបន្ទប់ទឹកសិន!»

ខាងប្រុសដកដង្ហើមធំ វែកសក់និងរៀបរយថ្ពាល់នាង ។ គេវាចាស្រាលៗ៖

«មិនអីទេ! មុខមាត់ធម្មតា មិនខូចខាតអីទាំងអស់!»

នាង​នៅស្ងៀមសម្លឹងភ្នែកគេទាំងសងខាង។ ធូរចិត្តបន្តិចហើយ ។ ទោះយ៉ាងណគេដូចជាឆ្លាតមិនបាច់ថ្លែងទេ ដឹងថា លីនបារម្ភរឿងអ្វីទៀត។

«តោះ!»

គេដឹកដៃនាង​ឡើងជណ្តើរ រួចបន្តដំណើរឆ្ពោះទៅសាលទទួលភ្ញៀវ។ កាត់តាមកូនច្រកពង្វាងមួយទៀត គេឮសំឡេងចម្លែកតាមខ្យល់៖

«ខ្ញុំយល់ថា លោកព្យាបាលកូនលោកឱ្យជាសិនទៅ ខ្ញុំមិនអាចទទួលយកការស្តីដណ្តឹងនេះទេ!»

លីនឈប់ជើងតាមពីក្រោយការទុចង៉ក់នៃប្រុសស្នេហ៍។

គូខាន់ញញិម ព្រោះនៅពីមុខពួកគេបាំងដោយ​ដើមឆត្រធំៗប្រហែលជាជិត១០មពីកន្លែងនេះ ខ្នងប៉ាគេជជែកនឹងអ្នកណាម្នាក់។

«សំឡេងចៅហ្វាយក្រុង!»

គេខ្សឹបដាក់ស្រីល្អ ធ្វើឱ្យលីនដឹងនិងយល់ភ្លាមពីហេតុផល​ដែល​មុននេះគេធ្វើជាដាក់ទោសនាងកណ្តាលវាល។ ម្តេចបានជាគេជាហើយនៅចង់ធ្វើជាមនុស្សឈឺ?

«ស្តាប់ខ្ញុំសិន! កូនគូខាន់ជាពិតមែន ម្តាយគេអះអាង យើងក៏មាន​របាយការណ៍ពេទ្យសឹង្ហបុរីដែរ!»

គូខាន់ញញិម ប៉ុន្តែ លីនមិនសប្បាយជាមួយទេ។ លីន កំពុងតែញ័រខ្លួនភ័យ និងអាម៉ាស់ថា នៅក្នុងសួនដែលឃើញគូខាន់សម្តែង មិនត្រឹមតែប៉ាគេមកឃើញឡើយ ចៅហ្វាយក្រុងក៏មកដែរ។

«តោះ! ដើរផ្លូវផ្សេង!»

គេនាំនាង​វាងចេញ ទាំងដែលលីនសែន​មានអារម្មណ៍ធុញថប់ ក្បាលតឹងតែងឈឺ ដង្ហើមហត់។ ពួកគេមកដល់ពីមុខទ្វារធំប្រណីតមួយ។

អាហារពេលល្ងាចថ្ងៃនេះមិនមែន​នៅក្រៅវាលដូចថ្ងៃមុនទេ លីនក្រឡេកមើលទៅផ្កាលម្អមាត់ទ្វារយ៉ាងវិចិត្រ។ ការភ័យស្លន់ស្លោកញ្ជ្រោលមកពេញទ្រូងរបស់ស្រីស្អាត។

មនុស្សប្រុសវ័យកណ្តាលម្នាក់ស្លៀកពាក់អង្គរក្សនៅឈរក្បែរនោះនិងស្រូតរូតឱនលំទោនបើកទ្វារពេលឃើញ​គូខាន់នាំលីនមកដល់។

រឿងចុងក្រោយដែលលីនត្រូវធ្វើគឺ ដើរទាំងផុងៗជើងចូលទៅកាន់តុវែងពណ៌ទឹកមាសបែបអ៊ីតាលី។

តុនេះវែងណាស់ មនុស្ស​គ្រប់គ្នាមកអស់ហើយ ។ ម្នាក់ៗគ្រងឈុតសែនអភិជន ចិញ្ចាចចិញ្ចែងដូចដួងតារាប្រជែងគ្នា។

សក់ អល្លង្ការ ពណ៌ខោអាវ ម៉ូត​សក់ ការតុបតែង​របស់គ្រប់គ្នាសមនឹងទិដ្ឋភាពរចនាបទដ៏កំពូលនៃ​វិមានមួយនេះបំផុត ចំណែកឯរឿងដែលមិនសូវសមគឺ មកជុំតែប៉ុណ្ណឹងនាក់សោះ ពួកគេ​ចំណាយការតុបតែងខ្លួន ដូចចូលព្រះបរមថរាជវាំង ឬដូចជាទៅដើរលើព្រំក្រហមនៃកំពូលឆាកបង្ហាញម៉ូតរបស់ប្រទេសអឺរ៉ុប។

ដោយលីនហាក់ល្វើយនិង នឿយហត់ដៃគេច្បាមថែមមកលើចង្កេះតូច ខណៈដែលម្រាមនិងម្រាមនៅថ្ពក់គ្នា។

ការគិតពីគូខាន់បានគ្របលើរាងកាយ និងគំនិតរបស់លីន។ ពីមុន គេទុកនាងជាវត្ថុទិព្វ ការពារនាង និងនៅខាងនាង ប៉ុន្តែ​ថ្ងៃនេះ មានវត្តមាន​ចៅហ្វាក្រុងផង កូនស្រីគេបើកភ្នែកក្រឡោតមើលមកផង ខណៈលីនចាំងសឹងខ្វាក់ភ្នែកនឹងពេជ្ររបស់ពួកគេ។

កនិងត្រចៀក​របស់លីន​​នៅ​ទទេ។ ការមកកាន់ទីនេះ ប្រថុចញ៉ុចណាស់ គូខាន់មិនបាន​ឱ្យខ្សែករឬអ្វីមកដូចកាលពីមុនទេ។

នឹកឃើញត្រង់ណេះ ក៏នឹកដល់ពេលនោះ កាលល្ងាចលីនមកទីនេះដំបូង លីនបាន​ខឹងបងៗ និងប៉ាសេដ្ឋី​របស់គេ ដែល​ចំអកនាងថាក្រីក្រ លីនបានមានៈដោះខ្សែពេជ្រ​ទម្លាក់ចោលលើតុហើយចាកចេញ។ ហ៊ឹម….តើមាន​អ្វីកើតឡើងទៀតនៅយប់នេះ?

«មកណេះមកកូន!»

ម្តាយគូខាន់ងាកមកហៅ ហើយបង្ហាញកៅអីពីរក្បែរគាត់។ លីនលើកដៃប្រណមជម្រាបសួរគ្រប់គ្នាតែមិនអាចផ្តោតថា អ្នកណាខ្លះសម្លឹងមកនាងទេ។ ប្រុសស្អាតលែងដៃពីលីនដោយទាញកៅអីឱ្យនាង។

«អរគុណ!»

លីននិយាយសឹងមិនចង់ឮ ហើយអង្គុយចុះសន្សឹមៗទាំងក្រហមមុខជាមួយសំណួរសម្ងាត់សម្រាប់ខ្លួនឯងថា លីនកុលាប តើឯងមកទីនេះវិញដោយរបៀបណា? ឯងនឹងជួបសម្តីវោហាសព្ទពួកសេដ្ឋីរបៀបណាទៀត?

ប្រុសស្អាតអង្គុយរួចភ្លាមក៏លូកមកចាប់ម្រាមដៃនាងវិញភ្លែត។

«ស្វាគមន៍មកកាន់វិមាន​ Doloce មនុស្ស​ជាទីស្រលាញ់!»

លីនស្ទើរមិនជឿថា មនុស្សខែងរ៉ែងដូងគេ មកនិយាយផ្អែមល្ហែមបែបនេះដាក់នាង​កណ្តាលជំនុំ។ លីនគ្រាន់តែធ្លាប់គិតថា ប្រុសៗអ្នកមាន​ដូចគេ នឹងល្អជាមួយនាងតែលើគ្រែឬក្នុងបន្ទប់ដេក ពេលចូលសង្គមពួកគេ ពួកគេនឹងផាត់ស្រីៗទុកដូចល្បែងលេង។

នាង​ងើបចិញ្ចើមលបមើលទឹកមុខគូខាន់ដោយភ្ញាក់ផ្អើល។ ក្បែរនោះ ជំទាវស៊ីណារ៉ាជាអ្នកម្តាយបង្កើតរបស់គេក៏មានភាពភ្ញាក់មិនលេងធេងដែរ គ្រាន់តែគាត់ចេះលេងទឹកមុខញញិមបន្លប់។ មើលតាមទឹកមុខគាត់ គាត់មើលកូនប្រុសបន្តិច ក៏ងាកទៅរកកូនស្រីចៅហ្វាយក្រុង ធ្វើឱ្យលីនកុលាប​ភ្លាត់ក្រសែភ្នែកទៅតាមដែរ។

អ្នកនាងហ្លរ៉ា ថ្ងៃនេះពិតជាទេពធីតាក្នុងឈុតពណ៌មានសែនមានតម្លៃ និងអល្លង្ការកំពូលៗ ខ្វះតែស្នាមញញិម ព្រោះតែកែវភ្នែកកំពុងសម្លឹងមកគូខាន់និងលេខាដោយទោសៈស្លេកមុខ។

លីនដកភ្នែកមកវិញ ដៃក៏ដក ធ្វើឱ្យប្រុសដឹងខ្លួនអំពីទឹកចិត្ត​ភ័យព្រួយរបស់នាង​។ លីនមិនយល់ទេ គូខាន់មិនចង់ឱ្យនាង​ខ្លាចអ្នកណាទាំងអស់។

«អនាគតភរិយាខ្ញុំ លីនកុលាប!»

គេបន្ថែម ធ្វើឱ្យចៅហ្វាយក្រុងនិងភរិយា​មើលមុខគ្នាឆេះដុំ។

សំឡេងស្រួយស្រឹបរបស់ភរិយាចៅហ្វាយក្រុង ដែលអង្គុយនៅជិតfloraលាន់ឡើង៖

«នេះជាអីគេ? ថាជាកម្មវិធីស្តីដណ្តឹងកូនស្រីខ្ញុំ ម្តេចក្លាយជា…..ត្រកូល Doloce ចង់លេងសើចជាមួយពួកខ្ញុំ?»

លីនស្លុតណាស់ នាងសម្លឹងសមនិងស្លាបព្រាមាស ដោយមិនងាកទៅណាទាំងអស់។ នាងមកនេះ​មកមើលសង្សារឬហៅថាប្រុសដែលដេកឱបគ្នា គេដណ្តឹងប្រពន្ធ?

ម្តាយឳពុកគេកំពុងដណ្តឹងកូនចៅហ្វាយក្រុងឱ្យគេ ហើយនាង​ត្រូវគេយកមកលេងនៅនឹងមុខប៉ាម៉ាក់គេ?

ដៃនាង​ញ័រ។

«គូខាន់! ឈប់លេងទៅ!» រាជនីជាបងស្រីបន្ទោសប្អូនតិចៗ។ ម្នាក់ៗខ្លាចបុណ្យពួកគ្រួសារចៅហ្វាយក្រុងយ៉ាងនេះព្រោះគម្រោងដីសម្បទាន លីនដឹង។

នាង​លេខាក្រីក្រ ងើបមុខមកសម្លឹងរាជនីដ៏ឆ្មើងឆ្មៃដែល គ្មានថ្ងៃព្រមទទួលយកលីនម្នាក់នេះជាប្អូនថ្លៃឡើយ ព្រោះលីនមាន​ត្រង់ណាអាចប្រដូចទៅនឹងអ្នកនាងហ្លរ៉ាដ៏មហស្ចារ្ស ក្នុងកែវភ្នែកពួកគេ​ទៅ?

«សង្ឃឹមថាខ្ញុំស្តាប់ខុស!»

ចាស្មីនម្តាយចុងបន្ថែមភ្លើងពីលើកំសួលសាំង។
ស៊ីណារ៉ាងើយមុខធ្វើវាហី។ ប្រសិនចាស្មីនចាប់ខាងហ្លរ៉ា ពិតណាស់ ស៊ីណារ៉ានឹងឈរខាងលីន។ ជំទាវម្តាយបង្កើតរបស់គូខាន់សើចស្រស់ហើយកាត់ឆាកភ្លាម៖

«ស្តីដណ្តឹង? ខ្ញុំត្រូវបាន​គេហៅមកញាំបាយល្ងាច ទាំងមិនដឹងប្រធានបទ តែខ្ញុំធានាថា យប់នេះ យើងនឹងមាន​អាល់ប៊ុមស្អាតជាងកម្មវិធីលំដាប់ប្រទេស!»

«ត្រូវការអ្នកសារព័ត៌មានទេម៉ាក់!» រាជនីរំអួយព្រោះខឹងម្តាយខ្លួនកាត់សេចក្តី។

មិនទាន់មាន​អ្នកណាឆ្លើយផង គូខាន់ឆ្លើយឡើង៖

«ខ្ញុំមានហើយ! មានអ្នកថតរូបអាជីព!»

គេទះដៃផូងៗ ទ្វាររបើក។

Dark រុញទ្វារចូលមកដោយនាំមកនូវកាម៉េរ៉ាកាណុងវែងៗជាច្រើនភ្ជង់តម្រង់តុ ដោយនាំមកនូវអ្នកសារព័ត៌មានមួយក្រុមធំ។

ឳពុកគូខាន់ចំហរមាត់……វែងនិងចាស្មីនដៀងមើលមុខគ្នា ទាំងគ្មានយោបល់ថា តើ​អ្វីទៅកំពុងកើតឡើង។ មានតែជំទាវស៊ីណារ៉ាទេដែលនៅរក្សាភាពធម្មតា។

គូខាន់រឹតតែជាគូខាន់ គេធ្វើមុខស្មើ ចុងបបូរមាត់លើកម្រើកឡើងតែបន្តិចប៉ុណ្ណោះពេលដៀងមកប៉ះនឹង​កែវភ្នែកលីន។

«អ្នកកាសែតមកធ្វើអី?»

សេដ្ឋីសួរឡិងឡង់ ខណៈដែលគ្រួសារចៅហ្វាយក្រុង​បញ្ចេញភាពមិនស្រណុកចិត្ត​សោះ។ Floraដែលពេលមុននេះសម្លក់លីន បែរជាទម្លាក់មុខស្លេក។ គូខាន់ដឹងថា គ្រួសារអ្នកមាន​អំណាចខ្លាចណាស់ប្រព័ន្ធផ្សព្វផ្សាយ។

គេនិយាយមួយឆ្លើយនឹងឳពុក៖

«អ្នកសារព័ត៌មាន​មកធ្វើជាសាក្សីណ៎ាប៉ា!»

មានភាគបន្ត…

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*