«កូនឯង…ចង់មានន័យថាម៉េចគូខាន់?» មហាសេដ្ឋីជាប៉ាគេ ពោលសួរដោយដកដង្ហើមធំរំខានចិត្ត ខណៈចៅហ្វាយក្រុងបង្ហាញភាពស្លេកស្លាំងខឹងផង មិនដឹងធ្វើយ៉ាងណាផង។
«គ្រួសារជំទាវធ្វើបានល្អ!»
ចៅហ្វាយក្រុងនិយាយខ្សឹបៗទៅកាន់កែវភ្នែកក្រឡង់ៗផ្គើនរបស់ជំទាវស៊ីណារ៉ា។ ជំទាវដឹងជាមួយកូនប្រុសហើយថា គូខាន់ចង់ធ្វើអ្វី។ ងាកមករកចាស្មីន គូសត្រូវប្រចាំជីវិតបែរជាមិនឃើញ?
រលាស់ខ្លួនបានលឿនណាស់ ធ្វើពុតជាទៅរៀបចំចាត់ចែងបញ្ជាគ្រឿងសាយភោជន៍ហើយគេចទៅមើលសភាពការណ៍ពីខាងក្រៅវិញ។
«ថ្ងៃនេះ ទាំងអស់គ្នានឹងធ្វើជាសាក្សី ការស្នើសុំរៀបការរបស់ខ្ញុំ!»
គូខាន់និយាយឡើងខណៈកាមេរ៉ាថតឆ្វេកឆ្វាកយ៉ាងស្រេកឃ្លាន។
គេដកចិញ្ចៀនចេញមក រួចក្រោកយ៉ាងសុភាពដើរសំដៅមករកលីនកុលាប។ រាជនីនិងស៊ីណារ៉ាតាមដានទឹកមុខFloraដែលក្រញូវ។
យប់នេះលីនកុលាបបានសម្រេចហើយ តែគ្រួសារនិងបណ្តាអាជីវកម្មដីធ្លីទាំងអស់ មិនដឹងនឹងត្រូវរកឥទ្ធិពលបែបណាក្រោមកំហឹងអ្នកមេម៉ាយfloraនោះទេ។
ស៊ីណារ៉ា សម្លឹងចៅហ្វាយក្រុងដែលត្រេកអរញញឹមតិចៗ ព្រោះកាលឃើញគូខាន់ធ្វើឆ្កួតៗនៅសួនផ្កា គាត់មិនចង់ឱ្យកូនស្រីខ្លួនស្រលាញ់គេឡើយ។
«បងសុំរៀបការជាមួយអូន ដោយមានសាក្សីពីលោកប៉ា អ្នកម៉ាក់និងភ្ញៀវកិត្តិយស!»
នាងនៅភ្លឹកមិនបានក្រោកទេ រួចទើបបែរកៅអីមក ហើយក្រោកសន្សឹមៗ។ គេយកដៃនាងទៅពាក់ចិញ្ចៀន គ្រប់គ្នាថតដូចទឹកបាក់ទំនប់តែលីនមិនខ្វល់ទេ។ នាងខ្វល់តែអ្វីមួយក្នុងកែវភ្នែកភ្នែកគេ គឺចំណង់ សេចក្តីងប់ងល់ និងបំភ្លេចពិភពលោកនេះដើម្បីនាង។
«ខ្ញុំមិនចែកស្រីដែលខ្ញុំដេកជាមួយនឹងអ្នកណាទេ!» សម្តីគេដែលនាងឮហើយស្លុត កាលពីដាក់ពាក្យចូលធ្វើការ។ ពេលនេះនាងនឹកឃើញ។
ភ្នែកលីននៅនឹងមួយកន្លែងសម្លឹងគេព្រោះនឹកឃើញទៀត សម្តីគេគ្រោតគ្រាត «You heard me លីនកុលាប»។
«You heard me Kukhan LoDolce»
ស្រីស្រដីតិចៗ តែស្រដីពេលនេះមិនមែនក្នុងអតីតកាលទេ។ ប្រុសភាំងហើយរួចក៏ញញឹម។ ចិញ្ចៀនគេក្នុងដៃនាងហើយ។ ចុះនាងនិយាយអីមុននេះ?
«Heared អី?»គេខ្សឹបសួរដាក់ភ្នែកនាង។
លីនខាំបបូរមាត់តិចៗព្រោះអៀនដែលស្លុងរឿងអតីតហើយភ្លេចខ្លួន។
«អ្ហះ?»
«ខ្ញុំព្រម!»
ប្រុសកម្រើកតែមួយចំហៀងមាត់ញញឹម។ គេសែនសង្ហាសម្រាប់លីន។ បបូរមាត់ដែលពេលណាក៏ហាមកយ៉ាងអំណាចដូចឥន្ទ្រីយ៍ឆាបកូនម្រឹគ បានធ្វើឱ្យលីនភ្លេចអស់អារម្មណ៍ខឹងសម្បាកាលពីនៅសួនច្បារ។
គេឱបចង្កេះបង្វែរលីនមករកក្រុមអ្នកកាសែត។ មាត់គេនិយាយ៖
«ស្រីម្នាក់នេះ នឹងក្លាយមកជាម្ចាស់ស្រីនៃអាណាចក្រ Kukhan LoDolce! អាពាហ៍ពិពាហ៍នឹងកើតឡើងឆាប់បំផុត មិនយូរជាងអាទិត្យក្រោយនេះទេ!»
ប្រឹប! Flora ក្រោកឡើងក្រោមភាពរន្ធត់របស់ឪពុកម្តាយនាង។ នៅទីនេះ គ្មានអ្នកណាមិនដឹងថា Flora ចង់បានគូខាន់ឡើងឆ្កួតវង្វេងនោះទេ។
«ស្អីគេនេះ?»
អ្នកមេម៉ាយដ៏មានអំណាចសួរទាំងកំហឹង។
ដៃលូកយកកាបូប ខាំមាត់ប្រុងថាចាកចេញ ស្រាប់តែគូខាន់ឃាត់៖
«អ្នកបងFloraនៅមានរឿងល្អមើលផ្សេងទៀត កុំទាន់ទៅណា៎!»
គេស៊ីញូឱ្យDark។
បណ្តាកម្រងនិងសំណុំនៃអំពូលភ្លើងចរណៃចាប់ផ្តើមរលត់។ ភាពងងឹតកើតឡើងទន្ទឹមគ្នានឹងផ្ទាំងសំពត់ស្លាយត្រូវបានសម្រូតចុះមកពីលើពិតាន។
វីដេអូត្រូវបានបញ្ចាំង។
គ្រប់គ្នាចំហមាត់ព្រោះវាជាឈុតឆាកក្នុងបន្ទប់VIPនៃភោជនីដ្ឋានអភិជនមួយកន្លែងដែលមានមនុស្សបីនាក់កំពុងអង្គុយរាយអន្ទាក់ឧក្រិដ្ឋកម្ម។ សំឡេងរបស់Floraលាន់ចេញមកឮៗ
«អ៊ីចឹងយើងនិយាយគ្នាចំៗ លក្ខខណ្ឌខ្ញុំចង់បានគូខាន់ដោយលីនកុលាបនឹងរលាយទៅ! អ្នកទាំងពីរជាអ្នកធ្វើ ហើយដីនោះបានមកលើលោកJack!»។
មហាសេដ្ឋី Doloce បើកភ្នែកធំៗ។ នាយJackនិងភរិយានាងរាជនីភាំងស្លេកស្លាំង។ ប្រពន្ធចៅហ្វាយក្រុងនិងស្វាមីរបូតដៃពីលើតុ។
គ្រប់គ្នាផ្តោតកាមេរ៉ាមកលើស្លាយ ខណៈកូនស្រីចៅហ្វាយក្រុងកំពុងឆ្មឹង មិនដឹងថានេះត្រឹមជាសុបិនអាក្រក់ឬរឿងពិតទេ។
វគ្គ
ឆាកចុងក្រោយ
ដោយមានកាយវិការវាយប្រហារផ្លូវចិត្តភ័យស្លន់ស្លោ ចាស្មីននៅឈរក្នុងបន្ទប់ចង្រ្កានបាយទំនើបសម្លឹងមកទូរសព្ទដៃដែលបញ្ចាំងគ្រប់យ៉ាងនៅបន្ទប់ភោជនាហារ។
ពេលនេះ Flora មិនចប់ម្នាក់ឯងទេ ខ្លួនម្តាយចុងនេះក៏ចប់ដែរ ព្រោះក្នុងវីដេអូនោះមានទាំងរូបខ្លួននិងនាយJackទៀត។
«ចេញពីកន្លែងនេះ!»
ចាស្មីនគំហកឱ្យពួកបាវបម្រើ។ ពួកមេផ្ទះនិងចុងភៅម្នីម្នាចាកចេញទៅ។
គាត់ស្ទុះទៅទាំងរញីរញ័របិទទ្វារផ្ទះបាយនិងសម្លឹងទូរសព្ទ។ មាត់គាត់រអ៊ូរទាំ៖
«យើងឱ្យនាងអេលី រកតែសំឡេងរបស់Floraទេ ចុះម្តេចបានជាវាមានវីដេអូនេះដោយទាំងរូបយើងទៀត?»
គាត់ល្ងង់ណាស់ ប្រសិនអេលីយករបស់នោះទៅឱ្យម្តាយគូខាន់ ស៊ីណារ៉ានឹងដឹងថា អាចរកវីដេអូដើមទាំងស្រុងពីទីណាមកមិនខាន។ ជំទាវនោះមានលុយធំ បាតដៃក៏ធំ។
សារលោតមកដល់ ជារបស់Jack។
«អេលីក្បត់យើង! វាឡើងយន្តហោះទៅស្រុកគេបាត់ហើយ ជាមួយលុយ៣លាន គ្រួសារនោះឱ្យ! យើងចប់ហើយ! មីងរកកន្លែងចាកចេញមកសិន! ខ្ញុំកំពុងឡើងមកម៉ាឡេស៊ីហើយ!»
ចាស្មីនទម្លាក់ហ្វូនចុះលែងអាន។
ត្រចៀកនេះស្រមៃឃើញតែប្តីមកគោះទ្វារ ហើយបើមកក៏ឃើញប៉ូលិស។
គាត់ខាំមាត់ ស្រក់ទឹកភ្នែក។
«ស៊ីណារ៉ា…..យើងចាញ់ តែកុំអរស្រីកញ្ចាស់ចង្រៃ! អ្នកឈ្នះចុងក្រោយមិនមែនឯងទេ!»
ចាស្មីនសើចដូចឆ្កួតវង្វេង។ នៅក្នុងកាមេរ៉ា ឃើញចៅហ្វាយក្រុងក្រោកប្រុងនាំកូនស្រីចេញ ចាស្មីនស្រែកសន្ធាប់ម្នាក់ឯង….
«យើងមានអំណោយចុងក្រោយដល់ពួកឯង! កុំសង្ឃឹមមានអ្នកណាចេញទៅបាន!»
ចាស្មីនបានបង្កប់គ្រប់យ៉ាងត្រៀមជាឆាកចុងក្រោយ។ គ្រាប់បែកក្នុងបណ្តាថូនិងផើងផ្កា គ្មានអ្នកណាស្មានថា ចុងក្រោយ ប្រពន្ធចុងនឹងអាចបំផ្លាញគ្រប់យ៉ាងរួមទាំងប្តីខ្លួនឯងទេ។
«មនុស្សដូចយើងមិនអាចជាប់គុកឡើយ! ហើយអស់ពីយើងទៅ អាណាចក្រ Doloce គឺជារបស់ធីតា!»
ដូច្នេះបានជាចាស្មីនរកលេសឱ្យកូនស្រីពៅរបស់គាត់ Thyda Doloce ទៅធ្វើទេសចរណ៍នៅបរទេសមួយសប្តាហ៍។
«ហើយបន្ទាប់មក…..ពួក Doloce អត់ប្រយោជន៍នឹងដេកអស់! កូនស្រីពៅយើងនឹងឡើងលើបល្ល័ង្កម្នាក់ឯងវា!»
គាត់សើចដោយរំពឹងលើក្តារអុកចុងក្រោយមួយសែនឃោរឃៅនេះហើយយកដៃអង្អែលថ្ងាស ព្យាយាមបន្ធូរបន្ថយការឈឺក្បាលដ៏សាហាវព្រោះចិត្តជួរជាតិ។
«ហៅចាស្មីនមក!»
សំឡេងប្តីគាត់លាន់ពីក្នុងហ្វូនតាមកាមេរ៉ាដូចសំឡេងមច្ចុរាជ។ មហាសេដ្ឋីនឹងកាត់ទោសចាស្មីនរបៀបណាទៅ ពេលឃើញចាស្មីននិងJackបែបនេះ។
ពេលគាត់បិទភ្នែក ដៃចាស្មីនចុចប៊ូតុងបញ្ជាគ្រាប់បែក។ វាមិនត្រឹមជាសុបិនអាក្រក់ឬការពិតដ៏អាក្រក់ តែវិមាន Doloce ទាំងមូលនឹងរលំចុះ។
ភាពច្របូកច្របល់លែងឮ ចាស្មីនលែងឮសូម្បីតែសំឡេងយំរបស់ខ្លួនឯង។
ភាពស្រអាប់នឹងផ្សែងបានបញ្ចប់អាណាចក្រ Doloce ដែលពេញដោយអំនួតនិងចម្បាំងគ្រួសារច្រើនឆ្នាំមកហើយ។
គូខាន់ភ្នែកបើកចំហសន្សឹមៗ ហើយសម្លឹងទៅនារីនៅពីមុខគេទាំងតក់ស្លុត រន្ធត់។ បន្ទុះក្នុងសុបិនបានបណ្តាលឱ្យគេក្រោយដឹងខ្លួនមកវិញ ប្រហែលជាគេស្រែកផងបានជាឃើញនាងមកនៅក្បែរទាំងបារម្ភ។
ប្រុសស្អាតងើបចិញ្ចើមឡើងដោយភាពងឿងឆ្ងល់។
«លីន!»
នាងអស់ពីភ័យបារម្ភ ស្រាប់តែលេចចេញស្នាមញញឹមយឺតៗ។
គេចាំបានហើយ។
«ខាន់!»
នាងលើកដៃមកស្តាំមកកាន់ថ្ពាល់ឆ្វេងរបស់គេ។ លីនមិនបានដកភ្នែកចេញពីការសម្លឹងមើលកែវភ្នែកភ្លឺថ្លាដ៏ឈ្លាសវៃរបស់គូខាន់នោះទេ។
បំពង់ករបស់ប្រុសស្អាតស្ងួត ដោយទទួលអារម្មណ៍ថារាងកាយរបស់គេត្រជាក់និងរឹងពីលើដល់ក្រោម។
ភាពស្ងប់ស្ងាត់ពេញបន្ទប់គេសម្លឹងនាង នាងសម្លឹងគេ ការសម្លឹងរបស់យើងទាំងពីរនាក់ មិនបានផ្លាស់ប្តូរទេ។
«នៅឯណានេះ?»
«ពេទ្យ!»
«ពេទ្យ?»
«ប្រទេសបារាំង!»
«បារាំង?»
«ព្រោះ….លោកប៉ះពាល់ក្បាល! ប្អូនស្រីលោកឱ្យលោកមកព្យាបាល!»
គូខាន់ទើបនឹងសុបិនពីបន្ទុះក្រោមដៃកំណាចរបស់ចាស្មីន។ គេបិទភ្នែកព្រោះបន្ទាប់ពីពីរបីនាទីនៃការដឹងមកវិញ ហើយឮសំឡេងនាង ក្បាលគេពោរពេញដោយភាពតានតឹង។ លីនលិឍបបូរមាត់របស់នាងដោយភ័យ ហើយចាប់ផ្តើមរំកិលទៅទប់គេ ព្រោះគូខាន់ចង់ក្រោកអង្គុយ។
គេមិននិយាយអ្វីទេ តែផ្តើមងើយក្បាលនិងបើកភ្នែក។
«នាំបងទៅផ្ទះ! បងមានរឿងនិយាយជាមួយប៉ាម៉ាក់!»
នាងតានតឹងហើយម្រាមដៃលីនកកគាំងលើទ្រូងគេ។ គ្រប់គ្នាស្លាប់អស់ហើយ គ្មានអ្នកណាទេ គេមិនបានដឹងនិងមិនទាន់អាចទទួលយកការពិតនេះនៅឡើយ។
Doloce រលំទៅនៅសល់តែគេនិងនាង ព្រោះពេលនោះនាងរត់ចេញខឹងនឹងវីដេអូពួកអ្នកមានដែលបង្ហាញថា ចង់តាមយាយីឱ្យនាងសូន្យពីលោកនេះ។ តាមថា គូខាន់ចេញមកជាមួយលីនហើយ តែគូខាន់ត្រូវដោះស្រាយជាមួយនាងFloraឱ្យចប់បានជាគេបកចូល ហើយ…..គេគ្រោះថ្នាក់បែបនេះ។
នាងនៅគាំងមិននិយាយ គេជ្រួញចិញ្ចើម៖
«អីគេ? មិននិយាយអីមានន័យថាម៉េច?»
គូខាន់បានសួរឡើង ដោយធ្វើជាសើចស្រាលៗក្រោមដង្ហើមចម្ងល់។ មានអារម្មណ៍មិនល្អទេ នេះជាអារម្មណ៍សម្ងាត់របស់គូខាន់។
ទោះយ៉ាងណាល្អហើយក្រោកមកឃើញនាង។
ដៃស្តាំគេលូកមកស្មានិងទ្រូងឆ្វេងរបស់លីន។
លីនរលីងរលោង។
ជាច្រើនរាត្រីមកហើយ នាងនឹកដល់រឿងអាក្រក់និងល្អមកជាមួយគ្នា។ តាំងពីគេជាបិសាច រហូតក្រោយមកជារាជបុត្ររុក្ខជាតិដេកឈឹងមិនក្រោក។
ប៉ុន្មានថ្ងៃនេះគេឱ្យសញ្ញាកម្រើកដៃជើង។ ហើយយប់នេះ គេពិតជាក្រោកឡើងមែន។ ប្រហែលជាគេស្មានថា រឿងនៅវិមានDoloceទើបតែកើតឡើងម្សិលម្ង៉ៃហើយយ៉ាង?
«លីន»
គេបញ្ជានាងឱ្យឆ្លើយដោយសំឡេងរឹងនិងត្រជាក់។ គ្រប់យ៉ាងពីអតីតវិលមកវិញ លីនទប់ទឹកភ្នែកមិនជាប់ទេ។ នាងយំដោយត្រូវតែងាកមកហើយបង្ហើបមាត់តប៖
«ខាន់!»
គេប្រឹងក្រោកដោយទឹកមុខជូរ។ គ្រែបានអង្រួនព្រោះទម្ងន់រាងកាយគេ។ ពីជ្រុងនៃភ្នែកគេ ជាលើកដំបូងដែលគេសង្កេតឃើញថា លីនស្លៀកពាក់ខុសពីធម្មតា។ នាងស្គម សក់វែង និងពាក់ខោអាវពណ៌ប្រផេះ ប្រភេទរងាក្រាស់។
«ក្រោកអត់? ខ្ញុំហៅពេទ្យណា!»
«កុំ!»
គេឃាត់។
«បងចង់និយាយតែពីរនាក់អូន!»
ពីរបីថ្ងៃនេះ គេមានសញ្ញាវិជ្ជមានហើយ កម្រើកបាន តែគេមិនបាននឹកឃើញអ្វីទេ បានត្រឹមបើកភ្នែក និងអង្គុយសំកុកស្ងប់ស្ងាត់។
ការប៉ះពាល់ក្បាលរបស់គេធ្ងន់ធ្ងរ និងពិបាកតាមដាន។
ពេលនេះ គេបានសម្លឹងមកនាង ទាញឃាត់នាង និងសម្លឹងមករកនាងដោយគ្រប់យ៉ាងមិនខុសពីកាលមិនទាន់មានរបួសសោះ។
អកប្បកិរិយាបញ្ជា និងមានអំណាចរបស់គូខាន់ បញ្ចាំងមកវិញដោយមានភាពរលូន និងទំនុកចិត្ត។
«បងមិនចង់ឱ្យអ្នកណាចូលមកទេ!»
គេបញ្ជាក់។
នៅពេលដែលនាងថយមកវិញ ច្រមុះនិងភ្នែកគេឈប់នៅពីមុខលីន បេះដូងរបស់លីនបានត្រូវរអាក់រអួលដោយការថប់បារម្ភ ហើយក្រពះរបស់ស្រីរមួលដោយភាពតានតឹងព្រោះលីនដឹងថា គូខាន់នឹងសួរអំពីអ្វី ហើយលីនមិនមានចម្លើយចំពោះសំណួរទាំងនេះក៏មិនបាន។
មិនមែនជាចម្លើយដែលគូខាន់ចង់បានទេ…..គេទើបក្រោកមកពីឈឺ…..
គេចាប់ចង្កាស្តួចរបស់លីននៅចន្លោះម្រាមដៃ ដោយផ្អៀងក្បាលស្រីឡើងមកដើម្បីបង្ខំឱ្យនាងសម្លឹងមើលគេជាក់លាក់ហាមគេចទៅណា។
ដូចពេទ្យបារាំងប្រាប់នាងពីម្សិល គេដឹងខ្លួនវិញហើយ ជាករណី១ក្នុង១០០០របស់អ្នកជំងឺដែលដេកក្នុង coma។
«មានរឿងអី?»
ពន្លឺក្នុងភ្នែករបស់គេប្រែពីសប្បាយមកជាត្រជាក់ៗ ប្រហែលជាគេរកឃើញភាពព្រួយបារម្ភជ្រាលជ្រៅនិងក្តីលាក់លៀមក្នុងបេះដូងលីន។ មនុស្សប្រុសម្នាក់នេះ មិនត្រឹមស្គាល់ចិត្តលីន រាងកាយលីន អាចស្គាល់សូម្បីអ្វីដែលលីនកំពុងប្រាប់ដោយមិនបាច់ស្រដី។
«ប៉ាម៉ាក់លោក ស្លាប់អស់កាលពីល្ងាចនោះហើយ!»
នាងនិយាយម្ហបៗ ខណៈបានឃើញកំហឹងកើនឡើងស្រឺតៗនៅក្នុងកែវភ្នែកគេ។ លីនមិនខ្លាចគេគ្រញិច ឬប្រតិកម្មអ្វីដាក់នាងទេ តែនាងខ្លាចគេដេកទៅវិញទៀត។
គេដេកជាងមួយពាន់ថ្ងៃហើយ!
ភាពញ័របានឆ្លងកាត់រាងកាយលីនចំពោះទឹកមុខកំណាចរបស់គេ។ លីនធ្លាប់មានរបួសបេះដូងដោយការបាត់បង់ញាតិ លីនដឹងទំហំនៃការឈឺចាប់នៃព័ត៌មាននេះ ហើយបានរឹតបន្តឹងដៃរបស់ខ្លួនចូលទៅឱបរាងកាយគេ។ មុខលីននៅដដែលក្នុងកណ្តាប់ដៃ ក្រចករបស់នាងខាំចូលទៅក្នុងសាច់អាវអ្នកជំងឺក្រាស់ៗក្រោយខ្នងគេ។ ការឈឺចាប់ពីក្នុងសន្ធឹកបេះដូងគេ លីនស្តាប់ឮ។
«និយាយម្តងទៀត» គូខាន់ទាមទារខណៈភ្នែករបស់លីនប្រែទៅជាសើមនិងផ្សា។
«ខាន់! អូនស្រលាញ់បង!»
នាងនិយាយទាំងយំ ព្រោះមិនមានអ្វីត្រូវ…ពន្យល់ទៅទៀតទេ។
«ពួកគេស្លាប់ហើយ នៅល្ងាចមួយនោះ!» នាងនិយាយយ៉ាងរអាក់រអួល។ គេរុញនាងចេញព្រោះរាងកាយគេរន្ធត់ញ័រ តែលីនកុលាបខំជម្នះឱប ខ្លាចគេញ័រជាងនេះ។ គូខាន់ដេកបីឆ្នាំហើយ ក្រោកមកបែរជាមានកម្លាំងដូចដំរី ម្រាមដៃរបស់គេបានសង្កត់លើចង្ការបស់នាងដែលត្រូវគេបង្ខំឱ្យសម្លឹងមុខគេ ភាពរលីងរលោងហូរកាត់កែវភ្នែករបស់គេ។
«ខាន់ ស្រលាញ់លីនម្នាក់នេះទេ?» នាងសួរម្ហបៗដាក់គេដែលកំពុងក្រហមភ្នែករលីងរលោង។
គេហាមាត់ អណ្តាតគេរំកិលចុះឡើង គេទទួលយកការឈឺមួយនេះមិនបានឡើយ។ គេមិនឮពាក្យនាងសួរ ឬពាក្យស្រលាញ់ ដែលគេចង់ស្តាប់ជាយូរមកហើយនេះក៏ទេ។ បេះដូងគេប្រេះបែកព្រោះគេនឹកឃើញជំទាវស៊ីណារ៉ា «កូនម៉ាក់! អេលីមានសំឡេងនាង Flora ម៉ាក់គិតថា ពេលនេះជាពេលត្រូវបំបែកអម្រែកដែលពួកហ្នឹងដែលតែងតែដាក់មកចងលើប៉ាឯងនិងគ្រួសារDoloce! ម៉ាក់នឹងឱ្យគេទៅរកដល់ហាងនោះ យកវីដេអូមកឱ្យបាន! យើងនឹងឱ្យអ្នកកាសែតមក ហើយមនុស្សគ្រប់គ្នានឹងដឹងថា….គ្រួសារចៅហ្វាយក្រុងនេះធាតុពិតរបៀបណា!»។
«លីន បងដឹងថា អូនកំពុងនិយាយកុហក! ហើយបងស្អប់បំផុត! នៅពេលដែលអ្នកណាម្នាក់កុហកបង!»
គេនិយាយទាំងខាំមាត់និងលែងដៃពីមុខនាង ហើយគេក្រោក។ លីនតោងគេ តែគេគ្រវែងដៃនាង។ នាងហៅគេតែគេធ្វើមិនឮ។
«ពួកគេស្លាប់អស់ហើយ!»
នាងខំប្រាប់ ឯគេវិញរេរកទូរសព្ទ រកអ្វីមិនឃើញ ក្បាលគេឈឺ គេដើរទៅបើកទ្វារគ្រាំហើយចាកចេញ។
«Dark! Dark!»
នាងឮគេស្រែកហៅមនុស្សជំនិត។ លីនយំទ្រហោសោកស្តាយអតីតកាលរបស់គេ។ គេមិនដឹងទេ ថាគេមកនៅបារាំង៣ឆ្នាំជាងនេះ គ្រប់គ្នាក្នុងជីវិតរបស់គេបានចាកចេញ…..
Darkក៏ស្លាប់ដែរ….ក្នុងបន្ទុះកំណាចមួយនោះ។
វគ្គ
រឿងស្នេហ៍យើង
ហាង Doux ជាកន្លែងលក់អាហារសែនមហារវល់ ជាពិសេសនៅម៉ោងលីនធ្វើការ។ មានបុគ្គលិកបីនាក់ផ្សេងទៀតដែលកំពុងជួយធ្វើការជាមួយលីននៅវេននេះថ្ងៃនេះដែរ តែអតិថិជនច្រើនពេកកំពុងតម្រង់ជួររង់ចាំបញ្ជាទិញស្ទើរតែគ្រប់ស្តង់ បានជាលីនគ្មានពេលសូម្បីពិបាកចិត្តពីអវត្តមានរបស់គេជិត៤៨ម៉ោងមកនេះ។
លីនរាវរកទូរសព្ទក្នុងអាវអៀមជានិច្ច។
ធីតាប្អូនពៅរបស់គេសន្យាថា បើមានដំណឹងអ្វីនឹងឱ្យដឹងមិនខាន តែលីននៅតែអន្ទះសា។ គូខាន់ មានការវាយប្រហារផ្លូវចិត្តយ៉ាងស្លន់ស្លោហើយចាកចោលនាងទៅ។
យប់មិញនាងដេកយំព្រោះបាត់បង់គេ។ បីឆ្នាំមកនេះ លីនមិនដែលគិតថានាងបាត់បង់គេទាំងស្រុងដូចជាប៉ុន្មានថ្ងៃនេះ នោះទេ។
គេទៅស្រុកខ្មែរឬនៅបារាំង បាតដៃនាងតូចណាស់ នាងរកគេមិនឃើញ ទទួលដំណឹងពីគេមិន បានទេ។ វាជាសុបិនអាក្រក់ដែលគេទៅទាំងបែបនេះ។
«ពេលខ្ញុំចេញស្រលាញ់ហើយ លោកក៏ចាកចេញ!»
លីនសរសេរពាក្យនីមួយៗដោយកំហឹងនិងយំយែកលើបណ្តាញសង្គម មុនពេលមកធ្វើការចិញ្ចឹមជីវិត។
«មនុស្សទើបក្រោកមកពីComa អាចសន្លប់វិញ នៅកន្លែងណាមួយដែលគ្មានអ្នកណាស្គាល់ឬដឹង!»
ពាក្យនេះប៉ូលិសនិងពេទ្យប្រាប់នាង។
«ទេ» នាងនិយាយពាក្យនេះដោយងក់ក្បាលម្នាក់ឯងដូចមានវិកលធ្វើឱ្យគ្រប់គ្នាសម្លឹងមក។



2 Comments
ហេតុអ្វីបានជាមិនអាចមើលភាគទី ៤០ បានអញ្ចឹងបង?
មើលបានធម្មតាតើអូន
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ