«បានហើយ យើងចូលវិមានតូច!»
វិមានតូចនៅខាងឆ្វេងដៃ គ្មានចារអ្វីក្រៅពីចម្លាក់គ្រុឌឬហៅថា បក្សីពាក់កណ្តាល ចតុប្បាទពាក់កណ្តាល ភ្នែកកាចៗ និងសត្វផុតពូជឯទៀតដូចជានាគនិងរាជសី។
«ប្រទេសមានច្បាប់ គួ្រសារមានវិន័យ អ្វីៗមានម្ចាស់!»
ជាសំលេងវីណាអាននិងបកប្រែមកឱ្យពួកយើងដឹង។ ខ្ញុំឃើញស្លាកនោះហើយ ឆ្លាក់លើលោហៈធាតុខ្មៅ មិនដឹងជាអ្វីឱ្យពិតទេ ខ្ញុំមិនភ្ញាក់ផ្អើលដូចគេឯងឡើយ ខ្ញុំតាមពិតបានឃើញអក្សរនេះតាំងពីក្នុងសុបិន ប៉ុន្តែមិនដឹងប្រាប់គេថាម៉េច។
ជីងកំពុងផ្អៀងផ្អងមើលថូផ្កាធំមួយចំកណ្តាលផ្ទះ។ ជុំវិញថូមានដីជ្រុំប្រហែលជា៤ម៉ែត្របួនជ្រុង មិនសមណាគេមានជីកដីធ្វើសួនអីនៅហ្នឹងបើខាងលើដំបូលបិទជិតមិនមានពន្លឺចូលផង ដាំអីដុះ?
«អក្សរជីងយ៉ាង»
ជីងនិយាយខ្សឹបដាក់ អេហ្គូដែលមកពីសិង្ហបុរី។
អេហ្គូពិនិត្យអក្សរលើផើងដែរ គឺពិនិត្យដោយយកចិត្តទុកដាក់តែម្តង។ ខ្ញុំមិនដឹងថា ជីងនេះចេះអានអក្សរចិន កម្រិតណាទេ តែពួកគេត្រៀមតែនឹងពិគ្រោះហើយ។ ដោយខ្ញុំធ្វើជាឈរបែរខ្នងមិនឮ មិនយូរទេប្រុសស្អាតសិង្ហបុរីនិយាយខ្សឹបខ្សៀវ៖
«ជឺងយ៉ាងឬមិនមែន»
ជីងប្រហែលជាងក់ក្បាលឬស៊ីញ៉ូអេហ្គូថា«យេស»បានជាឮកម្លោះសិង្ហបុរីខ្សឹបទៀត៖
«នៅឆ្នាំ១៩៤៩ មានអ្នកជាតិនិយមចិនម្នាក់ឈ្មោះ ជីងយ៉ាង បានរត់ចេញពីចង្កូមកុម្មុយនិស្ត ភៀសទៅតៃវ៉ាន់ ឮថា ភរិយាចុងម្នាក់ឈ្មោះអ្នកស្រីជីងទីពីរ បានចងកសម្លាប់ខ្លួនលើធ្នឹមនៃវិមានបុរាណមួយ ប្រាថ្នាសុំឱ្យប្តីមានអំណាចអាចគ្រប់គ្រងរដ្ឋបាន»
ខ្ញុំគិត«មានក្បួនចម្លែកបែបនេះដែរ?»។
«ទាំងអស់គ្នា! ទីនេះជាវិមានគ្រួសារលោកម្ចាស់ពីវ! ឮថាក្រោយអន្លើមក សម័យផ្សេងៗ មានអ្នកភូគពសាស្ត្រប៉ាន់ថា ទីនេះជាដង្ហើមអមតៈរបស់នាគដី ចំកន្លែងនេះ!»
នេះជាការពណ៌នាដោយសំឡេងលោកលី។ អ្វីដែលគាត់កំពុងតែនិយាយ វាជាចំណុចគួរឱ្យចាប់អារម្មណ៍ណាស់។ គ្រប់គ្នាNoteយ៉ាងញាប់ក្នុងទូរសព្ទ ខណៈដែលអ្នកតំណាលម្នាក់នេះ បានចង្អុលទៅកាន់បរិវេណដីបួនជ្រុង។
ឬគាត់គិតថា ទីនេះជាដង្ហើមនាគ ដែលពួកភូគពបានមកកកាយមើល?
ខ្ញុំពិបាកជឿណាស់ ក្នុងយល់សប្តិខ្ញុំឃើញអធិរាជឈីង កប់មនុស្សត្រកូលពីវទាំងរស់អាចថា កន្លែងនេះ។
ព្រឺសម្បុរហើយ! ខ្ញុំ្ញញីស្បែកខ្លួនឯងភ្លាមៗដែរ កុំឱ្យគេឃើញរោមដែលបះ។ អេហ្គូបន្តខ្សឹបទៅជីង៖
«កាសែត New York Times បានសរសេររាយការណ៍អំពីរឿងនេះកាលពីឆ្នាំ២០០៧ ដោយយល់ថា អ្នកស្រីនោះរើសយកវិមានពីវធ្វើការបួងសួងលើកឫទ្ធានុភាពប្តីហើយចងកលើធ្នឹមក្នុងវិមាននេះដែលគេជឿថាមានដង្ហើមនាគដី»
ខ្ញុំ…ដោយមិនដឹងខ្លួនងើយរកមើលពិតាន។
របៀបដែលលោកលីបានលើកឡើងនៅខាងក្រៅ គឺទីនេះមិនងាយចូលមកបានទេ…តែអាចដែរតាំងពី១៩៤៩ម្ល៉េះគ្មានអ្នកណាធានាបានទេ។ លោកលីមិនទាន់កើតផង។
ខ្ញុំធ្លាប់មើលកុនខ្មោចចិន ដែលមានខ្មោចលងគួរឱ្យចង់សើច តែពេលនេះ ចាប់អារម្មណ៍ពីធ្នឹមជាច្រើនរបស់វិមានតូច ពេញដោយអក្សរ អាចជាកំណាព្យឬអ្វី មិនដឹងដែរ តែមិនគួរឱ្យអស់សំណើចទេ។
«លើធ្នឹមនោះអក្សរអី?»
សំឡេងជូរីសួរកាត់ភាពស្ងប់ស្ងាត់។
ខ្ញុំទម្លាក់ភ្នែកចុះមកវិញ វាក់នឹងអ្នកនាងវឺនជំនួយការលោកលីកំពុងសម្លឹងខ្ញុំយ៉ាងចម្លែក។ ទោះពេលឃើញថាខ្ញុំដឹងខ្លួនក៏នារីចិននោះនៅតែបន្តសម្លឹងខ្ញុំ ពេលខ្ញុំទម្លាក់ម្រាមដៃចេញពីច្រមុះ ទើបភ្នែកនាងទម្លាក់ដែរ។
ខ្ញុំយកម្រាមមួយទៀតខ្ទាស់ចិញ្ចៀន។
«មើលចិញ្ចៀនខ្ញុំ?»
ខ្ញុំរាវស្ទាបចិញ្ចៀនប្រាក់។ ចិញ្ចៀននេះទិញពីផ្សារទួលទំពូង ប្រុងជូនជាកាដូដល់គ្រូបរទេសស្រីម្នាក់កាលពីឆ្នាំ២០១៣ តែគាត់លោមិនត្រូវខ្ញុំរករបស់ផ្សេងជូនគាត់ ហើយទុកពាក់ខ្លួនឯង។
ទោះពេលនេះ ធ្វើមិនដឹងខ្លួននិងមិនលើកចិញ្ចៀនមកពិនិត្យតែខ្ញុំចាប់ផ្តើមវិភាគពីរូបរាងចិញ្ចៀន។ វាជាប្រភេទថ្នាំឫស្សីស្តើងមានត្បូងឡាំបៀសស្រអាប់ដូចគជ់។
មិនដឹងយ៉ាងម៉េច ខ្ញុំចូលចិត្តពាក់វា ព្រោះទៅណាមកណាសម្បូរគេមកសុំមើល ហើយសរសើរថា«បុរាណ»ពិតៗ។
«អក្សរចិនសម័យបុរាណ ខ្ញុំអានមិនបានទេ មើលមិនច្បាស់!»
លោកលីតបនឹងក្រមុំឡាវ។
សំឡេងម៉ាយ៉ាគ្រហែម។
គ្រប់គ្នាងាកទៅនាង។ នាងហាក់កំពុងជាប់អានអ្វីមួយក្នុងទូរសព្ទ រួចចាប់អារម្មណ៍ថា មានអ្នកសម្លឹងនាង ម៉ាយ៉ាក៏ត្រូវចាលើមកេះ។
នាងងើបមុខ សម្លឹងមកលោកលី រួចអ្នកនាងវឺន។ មិនយូរទេ ម៉ាយ៉ាបានទម្លាយចេញនូវសំណួររបស់នាងដែលមុននេះហាក់ដូចជាទីទើរ៖
«ឃុនសាខន ជនជាតិថៃដែលសរសេរអំពីទីនេះ បានអះអាងថា នៅជំនាន់ម៉ាន់ជូ មានរាជបិតុលាមួយអង្គ ត្រូវបានរាជាជាក្មួយអនុញ្ញាតឱ្យចូលមកស្រាវជ្រាវកន្លែងនេះ និងស្វែងរកព័ត៌មាននានាអំពីការធ្វើកំផែងយ៉ាងសម្លាប់រង្គាលរបស់ឈីង តែយប់មួយ មិនទាន់បានផ្ញើឯកសារដែលរកឃើញទៅកាន់រាជវាំងផង មេចុងភៅម្នាក់បានបំពុលព្រះបិតុលានិងភរិយាពីររូប កូនៗ៥នាក់ អ្នកបម្រើ៩នាក់ ហើយបានចាក់សម្លាប់ខ្លួនឯងនៅពេលទាបភ្លឺ»
«មិនដែលឮទេ!»
អ្នកនាងវឺនជាជំនួយការឆ្លើយភ្លាម ដោយមុខក្រញូវ។ គាត់បដិសេធលឿនណាស់ ហើយទឹកមុខគាត់ដូចផ្ទុយពីសម្តី។ ឫកពាដូចជាគាត់ធ្លាប់ដឹងរឿងនេះ ហើយលាក់ពីពួកយើង។
«ឃុនសាខនរបស់ពួកយើង មុនពេលស្លាប់ គាត់ជាជនជាតិថៃដែលមានគេគោរពច្រើន! គាត់មិនដែលមានប្រវត្តិចងក្រងឯកសារខ្ជីខ្ជា ឬបោកប្រាស់ទេ!» ចាលើមលូកមាត់។
ឃើញចាលើមមានប្រតិកម្មមកជំនួសម៉ាយ៉ា លោកលីគ្រហែមកែហេតុការណ៍កុំឱ្យតឹងតែង ដូចទុកពេលឱ្យជំនួយការស្រីម្នាក់នោះ ចេះដឹងខ្លួនកែឫកពាឡើងវិញ។ ពិតមែន អ្នកនាងវឺនបានសម្រួលទឹកមុខមកកាន់ចាលើមនិងម៉ាយ៉ាហើយនិយាយគេចៗ៖
«សូមទោស ខ្ញុំប្រើសំឡេងធ្ងន់បន្តិច តែខ្ញុំ….មិនដែលប្រមាថឃុន….សា….ខនទេ!»
ម៉ាយ៉ាសម្រួលទឹកមុខធម្មតាវិញ។
ឆឹបៗ គ្រប់គ្នាសម្លឹងទៅអូម៉ា។
«ទីនេះមិនឱ្យថតទេ!» វឺនជំនួយការរបស់លោកលីបញ្ជាក់។
«បើនៅក្រៅៗថតបាន!» ជំនួយការសក់ខ្លីនិយាយបន្ថែម។ ពេលអូម៉ាដាក់ដៃចុះ សម្លឹងមកពួកយើងអ្នកនាងវឺនដើរទៅមុខធ្វើដូចកំពុងមិនពេញចិត្តអ្វីមួយ។
ជីងនិងអេហ្គូដើរទៅត្រសងសងខាងអូម៉ាកុំឱ្យនិស្សិតប្រុយណេខ្មាសគេពេក ខ្ញុំក៏ឆ្លៀតងក់ក្បាលលើកទឹកចិត្តគេដែរ ដោយខ្សឹបខ្សៀវថា៖
«មិនឱ្យថត មិនប្រាប់ពីដំបូងទេ?»
អូម៉ាមិចភ្នែកដាក់ខ្ញុំឱ្យអត់ធ្មត់ គេចង់ប្រាប់ថាគេមិនអីទេ ត្រូវស្តីឱ្យប៉ុណ្ណឹង។ រួចហើយលោកលីដើរហួសទៅធ្វើមិនដឹងរឿង គាត់ធ្វើជានិយាយឡើងថា៖
«គេសឹងមិនជឿថា ជនជាតិចិនមានវិធីរក្សាផ្ទះឈើ ទុកបានដល់ពាន់ឆ្នាំទេ តែតាមពិតជំនាន់ឈីងរឹតតែពិសេសព្រោះថា អធិរាជតែងតែស្វែងរកវិទ្យាសាស្ត្រប្លែកៗមករក្សាជីវិតឱ្យបានអតមៈ និងរក្សាមរតកទុកជំនាន់ក្រោយ! យើងមានភស្តុតាងជាច្រើនអំពីរបៀបដែលមនុស្សបុរាណរស់នៅ! មិនត្រឹមតែផ្ទះ វិមានអាចថែទាំបានយូរប៉ុណ្ណោះទេ ប៉ុន្តែក៏មានគ្រឿងសង្ហារិម ចម្លាក់ សេសសល់គួរជាទីមោទនភាព!»
«កុហកណាស់!» អូម៉ាខ្សឹបប្រាប់ជីង។ ជីងងក់ក្បាល។ អេហ្គូដើរហួសទៅក្បែរវីណា ខ្ញុំតាមពីក្រោយជីង ឮគេនិយាយនឹងអូម៉ាបន្ថែមពេលគ្មានលោកលីនៅក្បែរៗ។
«មើលចុះ ឈើជើងទម្រនេះ គ្មានអ្នកណាជឿមកពីជំនាន់ឈីងទេ! អាចត្រូវបានកែកាលពីជាង១០០ឆ្នាំមុនអីហ្នឹងបានថាសម!»
«គេធ្វើអ៊ីចឹងធ្វើអី?»
ខ្ញុំខ្សឹបហើយដើរឱ្យទាន់ជីង។
អូម៉ាតែងតែញញឹមជាសុភាពបុរសមករកខ្ញុំ។ ជីងវិញងាកមកពន្យល់ខ្ញុំ៖
«ដើម្បីទេសចរណ៍គេ! វីរីយ៉ាឯងគិតមើល លោតែយើងសរសេរថាទីនេះ វិមានពីវ មានអាយុពាន់ឆ្នាំ សង់ពីឈើនៅរស់រានក្រោមជាតិបារត តើអ្នកណាខ្លះនឹងឡើងយន្តហោះមកមើល?»
«មែន! មិនគួរទេ!» ខ្ញុំបន្ទោរ។
«តែ….លោកលីអួតថា មិនងាយឱ្យអ្នកណាចូល?» អូម៉ាសួរវិញ។
ខ្ញុំក្រឡេកទៅកាមេរ៉ាលើដៃគេ។ គេclose upសសរនិងក្បាច់ចម្លាក់ពិតមែន។ គួរឆ្ងល់ដែរ បើលោកលីចង់ឱ្យពួកយើងសរសេរពីទីនេះឱ្យ ម្តេចឱ្យថតផងមិនឱ្យថតផង?
ជីងដែលនៅកណ្តាលពួកយើង ក៏ពន្យល់៖
«នែ៎ អាចថាអ៊ីចេះ គេគិតថាយើងនៅក្មេងៗហើយល្ងង់ៗសរសេរឱ្យគេ ចំណែកអ្នកដទៃដែលចេះមើលទ្រង់ទ្រាយសំណង់ ដឹងពីការពិត គេម៉េចឱ្យមកមើល? Make in China គ្មានអ្វីពិតទេ!»
ខ្ញុំលែងមាត់តែងាកទៅសម្លឹងលោកលី។
ម្តងនេះខ្ញុំចំហមាត់ព្រោះមិនឃើញលោកលី បែរជាឃើញអ្នកនាងវឺនលបមើលមកខ្ញុំ។
ភ្នែកនាងសម្លឹងម្រាមដៃខ្ញុំបានជាមិនឃើញខ្ញុំសម្លឹងទៅ។
ចង់ដឹង ខ្ញុំក៏ដកដៃឡើងមកក្រពាត់ជុំវិញទ្រូងវិញ។ អ្នកនាងវឺនភ្ញាក់ខ្លួន ងើបមុខឡើងដែរ តែខ្ញុំធ្វើពើជាកំពុងងើយសម្លឹងធ្នឹមដូចមិនចាប់អារម្មណ៍អ្វី។ ពេលនេះលោកលីបាននាំយើងចេញមកក្បែរទ្វារក្រោយនៃវិមានតូច ប្រឈមនឹងទ្វារចាស់មួយទៀតមានពណ៌ក្រហមងាំង ចម្ងាយប្រហែល៥ទៅ៦ម៉ែត្រពីក្រោយវិមាននេះ។
«ថ្នាំនេះលាបថ្មី ឥឡូវៗមែនទេ?»
ខ្ញុំសួរធ្វើជាមិនដឹងមិនឮពីការតាមមើលរបស់អ្នកនាងវឺន។
«ទ្វារនេះ ត្រូវបានសាងសង់ថ្មីក្នុងឆ្នាំ១៨០៧ ព្រោះទ្វារចាស់ខូចហើយ ថ្នាំលាបក្នុងសម័យបារាំង!»
លោកលីនិយាយទាំងច្បូតចង្កាសម្លឹង។
អូម៉ាស្ទុះទៅមុន ដៃវែងៗរបស់គេ បម្រុងរកលូកទៅស្ទាបមើលថ្នាំ ថាធ្វើឡើងពីអ្វី ម្តេចទុកបានយូរម្ល៉េះ? ចិត្តអូម៉ាគិតដូចខ្ញុំណាស់ តែត្រូវលោកលីរាដៃឃាត់៖
«មិនអាចប៉ះពាល់ទេ មានអក្សរបម្រាម!»
អូម៉ាងាកទៅជីង ជីងងក់ក្បាលចង្អុលអក្សរចិននៅលើសសរសងខាងមាត់ទ្វារ។ លោកលីងើយមើលអក្សរធំៗពីរតួនៅខាងលើ ហើយតំណាល៖
«កាលពីដើម វាជាផ្ទះគេសាងក្រោយវិមានតូច ជាផ្ទះចុងភៅ តែក្រោយមកទៀត ឮថារាជវង្សផ្សេងបានយកទីនេះសម្រាប់កំលោះក្រីក្រជាច្រើនដែលត្រូវបានកេណ្ឌមកស្នាក់នៅត្រៀមចេញទៅធ្វើទាហាន នេះបើតាមការកត់ត្រា! ទីនេះជាតំបន់ព្រំដែន អកុសលហាក់ដូចជា មិនមានស្បៀងគ្រប់គ្រាន់ ហើយមនុស្សជាច្រើនបានដាច់ពោះស្លាប់នៅរដូវរងា!»
«ច្រើន? រាប់រយពាន់?» វីណានៅខាងស្តាំងាកមកដែរពេលឮជីងសួរបែបនេះ។ ខ្ញុំអត់ឃើញអេហ្គូនៅក្បែរនាងទៀតទេ។
«អាចដល់ពាន់បើគិតពីខ្មោចស្លាប់រាប់ឆ្នាំ….ជាងម្ភៃឆ្នាំ យើងបានធ្វើសង្គ្រាម!» លោកលីងើយសម្លឹងផ្ទាំងនោះហើយ មានសភាពដូចជាសោកសៅខ្លាំង។
ខ្ញុំឈានមករកម៉ាយ៉ា។ បេះដូងខ្ញុំប្រាប់ថា គ្មានអ្នកណាចង់ឈានជើងទៅមុខទៀតទេ។ មិនបាច់ចូលមើលក៏បាន។ ខ្មោចតៃហោងច្រើនយ៉ាងនេះ។
សំឡេងលោកលីនៅតែបន្តមកតម្អូញៗ៖
«ពួកគេស្រែក ពួកគេថ្ងូរ ខ្លះយំ! ខ្លះបានរត់ចេញ តែជុំវិញនេះក្រាលដោយទឹកកកគ្មានអ្នកណារត់រួចទេ! ពេលត្រូវត្រលប់មកវិញ ឬត្រូវចាប់បាន មានទោសស្លាប់ដែលរត់ចោលជួរ!!! មេទ័ពខ្លះ…បានស្ងោរស៊ុបកូនទាហានដើម្បីហូប!»
ខ្ញុំខ្ទប់មាត់ ខណៈជូរីក្អួតស្ងួតឮវ៉កៗ។
លោកលីផ្តាច់អារម្មណ៍ចេញពីការស្លុងនិទាន ហើយងាកមកញញឹមៗសម្លឹងជូរី។
និស្សិតនារីមកពីប្រទេសឡាវ ពិតជាទទួលយកមិនបានទេ ទិដ្ឋភាពក្នុងការតំណាលរបស់ម្ចាស់ផ្ទះ។ នាងមកតោងដៃខ្ញុំ ដៃនាងត្រជាក់។
ខ្ញុំកាន់នាងវិញ បង្កើនភាពកក់ក្តៅឱ្យនាង។
«យើងមិនចូលទៅមើលខាងក្នុងឯណាហ្អី?» ជូរីសួរទៅលោកលី។
«មិនបាច់ទេ!» វីណានិយាយតប ខ្ញុំដឹងចិត្តពួកនាងថា គិតដូចខ្ញុំដែរ។ គ្រាន់តែឮ ខ្ញុំស្អុយសពទៅហើយ ទោះបីជាកន្លងទៅរាប់រយឆ្នាំតែនៅមានអារម្មណ៍អពមង្គលណាស់។ ទាហានទាំងនោះក្មេងៗប៉ុនណាទៅ ត្រូវគេពង្រាត់មកពីឪពុកម្តាយ ហើយមកដាច់ពោះស្លាប់។
ពេលត្រជាក់និងអត់ឃ្លានខ្លាំង ពិតជាមនុស្សហ៊ានឆីសាច់មនុស្សដូចគ្នាបន្តជីវិត?
លោកលីងាកមកសម្លឹងជូរីស្ពឹកៗ ហើយសម្លឹងមកខ្ញុំ។
ខ្ញុំក្តាប់មាត់។ ដោយចិត្តមួយចង់ឃាត់ ក៏មានចិត្តមួយទៀតមិនចង់ឃាត់ ខ្ញុំនិយាយឡើងតែម្តងទៅ៖
«អ៊ីចេះទៅ ដើម្បីយុត្តិធម៌ អ្នកណាចង់ចូលឱ្យគេចូលចុះ! អ្នកមិនចង់ចូលនៅចាំខាងក្រៅ!»
លោកលីរេភ្នែកមើលពួកយើងមួយជុំ។
«វីរីយ៉ាចូលទេ?» អូម៉ាសួរខ្ញុំ ។
ងើបមុខទៅគេ ខ្ញុំឃើញប្រុសស្អាតថៃឃុនចាលើមសម្លឹងមកខ្ញុំដែរព្រោះគេឈរក្រោយអូម៉ា។
«ខ្លាចអី?»
ខ្ញុំឆ្លើយធ្វើខែងរ៉ែងព្រោះCrushកំពុងសម្លឹងមកដោយទឹកមុខស្រទន់មានមន្តស្នេហ៍។
«ត្រូវហើយស្រីៗ ចាំខ្ញុំការពារឱ្យ!»
ជីងទះទ្រូងកំប្លែងសម្រួលបរិយាកាសឡើងវិញ។ ជូរីគ្រវីក្បាលតិចៗ៖
«ខ្ញុំចាំនៅក្រៅ!»
មិនទាន់មានអ្នកណានិយាយអីទៀតផង ស្រាប់តែម៉ាយ៉ាសួរឡើងតិចៗ៖
«លោកលី មើលរូបនេះសិនមើល៍!»
ជនចំណាស់ឱនសម្លឹងទូរសព្ទនាង ហើយងើបមុខមកមើលក្លោងទ្វារក្រហម។ គាត់ថ្លោះទឹកមុខ។ ម៉ាយ៉ាក៏ស្លេក ម្តងងាកមកចាលើមម្តងងាកមកលោកលី។
ខ្ញុំបានជូរីលែងដៃក៏ឱនទៅក្បែរម៉ាយ៉ាសុំមើល។ រូបក្នុងសារព័ត៌មានអង់គ្លេស គឺផ្ទះនេះក្លោងទ្វារក្រហមនេះ បេះបិទគ្នាគ្រាន់តែមិនមានលាបក្រហម មើលទៅដូចជាចាស់។ លោះព្រលឹង ត្រង់ទម្លាក់ភ្នែកមកដល់ត្រង់តួអក្សរសរសេរធំៗឃើញសរសេរថា«ផ្ទះចិនបុរាណ ត្រូវបានសាងសង់ចំពីលើអតីតកន្លែងបញ្ចុះសពសម័យឈីង ខ្មោចតែងតែចេញមកយាយីទោះបីជាជំនាន់ក្រោយៗមក កែជារោងល្ខោនហ្លួង និងសារមន្ទីរ ហើយក៏នៅតែមានមនុស្សត្រូវលងបន្លាច។»
ខ្ញុំថយពីម៉ាយ៉ា ម៉ាយ៉ាដាក់ដៃចុចបិទ។
«អីគេ?»
ជីងសួរប្រហែលមកពីមុខខ្ញុំស្លេក។
ពេលខ្ញុំសម្លឹងទ្វារនេះម្តងទៀត ចិត្តខ្ញុំដឹងថា ម៉ាយ៉ាមិនចេះខ្លាចទេ តែនាងឆ្ងល់ ចំណែកលោកលីគឺមានសញ្ញាបដិសេធទាំងស្រុង។ យើងឮសំឡេងគាត់ដំឡើងធ្ងន់ជាងមុន ដូចមនុស្សស្រែកខឹងពេលកាត់កំពុងដើរចាកចេញទៅខាងលិចវិមានតូច គាត់តវ៉ាថា៖
«អាមេរិកនិងសម្ព័ន្ធមិត្តវាមិនដែលនិយាយអ្វីល្អពីប្រទេសចិនយើងទេ!»
ខ្ញុំមិនទទួលយកការបដិសេធនិងហេតុផលរាក់កំផែលនេះដាច់ខាត។ សារព័ត៌មាននីមួយៗនៅលោកខាងលិច មានក្រេឌីតរបស់គេ។ គេមិនអាចចេះតែនិយាយទេ។ ខ្ញុំគិតថា បន្តិចទៀតពេលបានឱកាសនឹងសួររកអត្ថបទនេះពីម៉ាយ៉ា។
«មកៗ ថតខ្ញុំមួយ បើថាមិននាំគ្នាចូលទៅទេ! តិចស្តាយ! ងាយឯណាបានមក!»
«មានអ្នកណាឃើញអេហ្គូដែរ?!» សំឡេងវីណាទាញពួកយើងចេញពីរឿងចម្លែកដែលកាសែតសរសេរ។
ចាលើមញាក់ស្មាតបនឹងវីណា ជាសញ្ញាថាមិនដឹង។ ជូរីងើយសម្លឹងប៉មចាស់ខាងលើ ខ្ញុំក៏ធ្វើតាមដោយសារ មុននេះឮកំលោះសិង្ហបុរីនិយាយថាចង់ឡើងទៅលើនោះ។
ស្ងាត់សូន្យ…..គ្មានស្រមោលអ្នកណាម្នាក់ទេ មានតែស្រមោលព្រះអាទិត្យចាប់ផ្តើមខ្សោយឡើងៗហើយ។
«រកអេហ្គូមកវិញហើយយើងទៅបន្ត ជិតអស់ម៉ោងហើយ!»
លោកលីបញ្ជាទៅអ្នកនាងវឺន។ ជំនួយការគាត់លើកអាយកូមមកនិយាយ។ ខ្ញុំនៅចាំបានរឿងអេហ្គូបាត់ខ្លួនក្នុងសុបិនអាក្រក់ តែពេលនេះមិនសូវខ្វល់ព្រោះមេឃភ្លឺចែស គ្នាយើងច្រើន ចំណែកចិត្តវិញកំពុងផ្ចង់រឿងទាហានឆីសាច់គ្នា និងរឿងកាសែតអង់គ្លេសនិយាយពីរោងល្ខោន។
លោកលីចង្អុលទៅរបៀងវែងមួយ មានប្រក់ក្បឿងចាស់និងចាក់ស៊ីម៉ង់ មិនមែនមកពីសម័យឈីងទេខ្ញុំទាយ។ គាត់និយាយក្នុងសំឡេងគ្រលរៗ៖
«ចុងប៉ូចពីនេះទៅ យើងនឹងទៅដល់បន្ទប់ហូបតែ! យើងទៅរង់ចាំអេហ្គូនៅកន្លែងនោះទៅ!»
គាត់នាំពួកយើងចាកចេញចោលអ្នកនាងវឺន។ ខ្ញុំមិនដាច់ចិត្តក៏និយាយសួរ៖
«អ្នកនាងវឺននៅម្នាក់ឯង? បើថានេះ ខ្ញុំនៅជាមួយសិនក៏បាន!»
ម៉ាយ៉ាធ្វើមុខក្រញូវព្រោះមិនពេញចិត្តទេជំនួយការសក់ខ្លីមុននេះបានទ្រគោះដាក់នាងពីរឿងឃុនសាខន។ ពេលក្រមុំថៃរូបនេះដើរកាត់ពីមុខខ្ញុំ ឆ្លៀតមិចភ្នែកហៅខ្ញុំឱ្យដើរមក កុំនៅជាមួយអ្នកនាងវឺនអី។
វីណានិយាយឡើង៖
«ខ្ញុំនៅចាំអេហ្គូចុះ!»
បានវីណានិយាយបែបនេះ ខ្ញុំក៏សុខចិត្តព្រោះមិនដាច់ចិត្តឱ្យនារីចិននៅចាំម្នាក់ឯងពិតមែន។
ជីងឃើញកំប្លែងៗនិងឌឺៗតែមានចិត្តណាស់ ជីងនៅក្បែរវីណា បញ្ជាក់ថា នៅកំដរពួកនារីទាំងពីរដែរ។
អូម៉ាងក់ក្បាលហើយនិយាយ៖
«អ៊ីចឹងខ្ញុំទៅមុន!»
អូម៉ានិងចាលើមមកជាមួយពួកយើង។
លោកលីនិយាយបន្តធ្វើដូចមិនខ្វល់ពីជំនួយការគាត់ទេ៖
«ស្ពានជាទម្លាប់សម្រាប់ផ្ទះអភិជននៅទូទាំងប្រទេសចិន! នៅសម័យមុននិងបុរាណកាល ផ្ទះតូចគ្មានស្ពាន ឆ្លងពីវិមានមួយឬហៅថាដំណាក់មួយទៅមួយ មិនមែនជាផ្ទះអ្នកមានឬមន្ត្រីត្រកូលធំទេ។ របៀបរៀបចំផ្ទះឱ្យមានចម្រើនសួស្តី គឺស្រដៀងគ្នាក្នុងចំណោមអ្នកមានបុរាណនិងសម័យក្រោយៗមក មានកំណាព្យបុរាណលើកឡើងថា ធ្វើផ្ទះមានស្ពាន វិមានមានបឹង!»
«តែទីនេះអត់បឹងឬសូម្បីស្រះ!»
ខ្ញុំនិយាយតវ៉ាឡើងព្រោះចិត្តស្រាប់តែនឹកឃើញដល់យល់សប្តិអំពីស្តេចឈីងនិងនាងពីវកានដែលដេញតន្ត្រីចែចង់គ្នាក្បែរស្រះ។ អាចថា ច្រើនឆ្នាំមកនេះស្រះរីងហួតអស់ តែចង់ឮលោកលីននិយាយ។
នឹកដល់សុបិននោះ វាច្បាស់ពេក។ ក្រោមរង្វង់ពន្លឺពណ៌ខៀវស្រងាត់នៃព្រះចន្ទហាក់សែនស្រងេះស្រងោច មនុស្សស្រីម្នាក់អង្គុយបែរខ្នង ចំកណ្តាលបឹងឈូកប្រើឈុតសូត្រពណ៌សហើរត្រសែតតាមខ្យល់។ នាងដេញពិណបទបុរាណព្រឺព្រួច។
«នៅខាងមុខមានទឹកសងខាងក្លោងទ្វារធំ!» ចាលើមលាន់មាត់រំឭកពួកយើង។
លោកលីក្រពាត់ដៃក្រោយខ្នងគាត់ នាំពួកយើងដើរហើយនិយាយប្រាប់៖
«យ៉ាងណាក៏ដោយ ផ្ទះនីមួយៗមិនដូចគ្នាទេពីតំបន់មួយទៅតំបន់មួយនៃប្រទេសចិន! ពួកយើងខ្លះជីកស្រះអមក្លោងទ្វារ ខ្លះជីកកណ្តាលវិមាន ខ្លះជីកពីមុខផ្នូរដូនតា!»



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ