អ្នកណាធ្វើបែបនេះមកលើនាង យូស៊ូគ្មានចម្លើយនោះទេ ប៉ុន្តែគ្រាន់បើដែរ ដែលជននេះមិនបានចងមាត់នាង ពុំនោះទេគេក៏មិនដឹងថា នៅក្នុងបន្ទប់ឆេះខ្មៅអតីត កន្លែងព្យាបាលបងប្រុសរបស់គេ បែរជាមានសំណព្វចិត្តកំពុងត្រូវបានឃុំដែរ។
«អ្នកណាធ្វើ?»
គេសួរនាងតិចៗនៅពេលដែលកំពុងព្យាយាមស្រាយចំណងដ៏ជាប់ម៉ឺងចេញ។ នាងកំពុងយំនិងគ្រវីក្បាល បញ្ជាក់ថានៅពេលដែលដឹងខ្លួនឡើងមកវិញ គឺឃើញខ្លួនឯងបែបនេះ។
«ឃើញមុខវាទេ វាជាអ្នកណា? វាធ្វើដើម្បីអី? វាមាននិយាយទេ!»
ដល់ពេលគេសួរសំណួរច្រើនពេកពីព្រោះចំណងសែនពិបាកនឹងស្រាយ នាងទៅជាតឹងថប់ចិត្តយំរហាមដូចភ្លៀង។ យូស៊ូងក់ក្បាល៖
«អូខេៗ! អត់ធ្មត់បន្តិច!»
ទោះសុំនាងឱ្យអូខេ តែចិត្តគេខ្លួនឯងមិនអូខេទេ។ យូស៊ូសរសើរសំណាងថា ទេសកាលអីបណ្តាលគេឱ្យមកដល់កន្លែងនេះ ទីនេះកខ្វក់និងមិនមានអ្វីគួរឱ្យចង់មកផង បើគេរកនាងមិនឃើញ នាងមិនអត់ឃ្លានស្លាប់ម្នាក់ឯងទៅហើយ?
«អ្នកណាជាអ្នកធ្វើ ខ្ញុំមិនដឹងទេ! ពួកវាបិទមុខខ្ញុំហើយដឹកមក!»
នាងវាចាតិចៗទាំងយំអណ្តឺតអណ្តក ហាក់ល្វើយកម្លាំងជាខ្លាំង ធ្វើឱ្យចិត្តប្រុសខ្ទេចខ្ទាំ។ កូនស្រីគ្រួសារប៉ូលិសម្នាក់នេះកម្មពេកហើយ។ អ្នកដៃដល់អាចថាជាសត្រូវរបស់គ្រួសារនាង ហើយយកនាងមកទុកលើមូលដ្ឋានកោះH ព្រោះចង់ទម្លាក់កំហុសលើកោះនេះ?
គេគិតផងខាំមាត់ស្រាយចំណងរបូតអស់ រួចទម្លាក់ដៃនៅស្ងៀម ក្រោយពេលហត់នឿយ។ ចិត្តយូស៊ូមិនស្រណុកទេ។ ជំហានដំបូងត្រូវនាំនាងចេញ ពុំនោះសោតជនពាលអាចនឹងនៅក្បែរៗនេះ។
«យើងចេញពីកន្លែងនេះ!»
គេប្រាប់ស្រីតូចដែលកំពុងបិទភ្នែកយ៉ាងឈឺចាប់ អង្អែលដៃស្ពឹកស្រពន់ទាំងសងខាងរបស់នាងខ្លួនឯង។ នីយ៉ាខាំមាត់ប្រុងក្រោកឡើងដែរតែជើងដូចមិនទាន់ស្គាល់ជើង នៅធ្ងន់និងស្ពឹក។
«យូស៊ូ គ្រួសារលោកធ្វើដាក់ខ្ញុំមែនទេ?»
គេដៀងមកសម្លឹងនាងដែលចាក់សំណួរមកទាំងមិនបើកភ្នែក។
«មនុស្សកោះHចាប់ខ្ញុំមកធ្វើអ្វី? ហេតុអ្វី ធ្វើអ៊ីចឹងដាក់ខ្ញុំម្តងហើយម្តងទៀត?»
ប្រុសពៅឮហើយមិនមាត់ទេ គេរេភ្នែកជុំវិញខ្លួន ពិនិត្យពិច័យ។ ពិតណាស់ក្រៅពីផ្ទាំងគំនូរ គេបានឃើញពានរង្វាន់ប្រណាំងម៉ូតូទឹក ដែលតាំងនៅក្បែរៗលើកូនតុ។ មានឈ្មោះម៉ឺន ឥន្ត្រា នៅពីលើនោះ។ ក៏មានរូបថតបងប្រុសគេឈរបែរខ្នងសម្លឹងសមុទ្រជាមួយសញ្ញាក្អែកនៅលើកញ្ចឹងក….
មួយត្រួសនៅកន្លែងនេះ នីយ៉ាអាចយល់ខុសបាន។
«យើងចេញសិនចាំបងបកស្រាយ!»
«ប៉ាខ្លួន ឬអ្នកណា? ឬមនុស្សទឹកកកម្នាក់នោះ ជាអ្នកធ្វើបែបនេះ? អត់ទេ!! បើជាគេ គេម៉េចនឹងចងខ្ញុំឈឺចាប់បែបនេះយូស៊ូ!»
នាងយំបិទភ្នែកនិយាយទាំងឈឺចិត្ត តែនៅគ្រានេះហើយ នាងនៅតែជឿថា ឥន្ត្រានឹងមិនធ្វើមកលើនាងដូចសត្វធាតុបែបនេះទេ ទោះកាលពីមិនទាន់ស្គាល់គ្នាគេធ្លាប់ធ្វើបែបនេះក្តី។
«គ្មានមនុស្សកោះHណាធ្វើអ៊ីចឹងទេ កុំស្មាន! យើងចេញពីកន្លែងនេះសិន វាជាអ្នកណា យើងមិនទាន់ដឹងទេនីយ៉ា! តោះ!»
«ខ្ញុំក្រោកមិនរួចទេ ជើងខ្ញុំស្ពឹកអស់ហើយ!»
ប្រុសសម្លឹងរាងកាយស្លេកស្លាំង។ គេសន្យា៖
«បងនាំអូនទៅ!»
ក្នុងការរកវិធីនាំស្រីស្អាតចាកចេញពីកន្លែងនេះ ប្រុសរេភ្នែកសម្លឹងទៅទ្វារ ដែលគេដឹងថាត្រូវបានចាក់សោជាប់ម៉ឺងពីក្រៅ។ តាមមើល មានតែយកនាងទៅដល់ជាន់ខាងលើដើម្បីស្រូបយកខ្យល់អាកាសធូរស្រាលចរន្តឈាមសិន សឹមគិតរកវិធីចាកចេញ។
គេពោលប្រាប់៖
«ទ្វារនេះក៏បើកមិនបាន យើងត្រូវឡើងតាមផ្លូវលើ!»
នាងមិនបានហាមឃាត់ ប៉ុន្ដែនិយាយអ្វីមិនចេញ បានត្រឹមកម្រើកមាត់ព្រោះការនឿយប្រាណនិងឈឺចាប់។ យូស៊ូយល់ថា អាការៈល្ហិតល្ហៃនេះ អាចដោយសារឥទ្ធិពលថ្នាំសណ្តំ ដែលនាងទើបបានភ្ញាក់ដឹងខ្លួនឡើងវិញផងក៏ថាបាន។
ប្រុសទើបតែបានយោងគ្រាហ៍ស្រីស្រស់ឡើងបន្តិច ប្រុងជើងនាំនាងឡើងមកជាន់លើ ពីចម្ងាយគេផ្ទៀងហាក់ឮស្នូរថ្មី។
គេនៅប្រុងត្រចៀកស្តាប់មិនបន្តដំណើរទេ។
«ស្ដាប់! មានមនុស្សមក!»
គេខ្សឹបដាក់ត្រចៀកសង្សារ។ ទោះបីយ៉ាងណា ក៏នៅទីនេះគឺជាបរិវេណដែនកោះរបស់គេ នៅក្នុងឥទ្ធិពលរបស់ប៉ាគេ គេមិនសូវភ័យបារម្ភធ្ងន់អំពីរឿងមិនល្អទេ ណាមួយកូនចៅក៏នៅក្បែរៗ។ អ្នកដែលមកដល់អាចថាជាបងប្រុសគេផងក៏មិនដឹង។ ដោយដៃគេរាវរកទូរសព្ទរួចស្ទាបរកកាំភ្លើងខ្លីនៅក្នុងចង្កេះខោ យូស៊ូខំពង្រឹងចិត្ត
ផូង!
ស្នូរគ្រាប់កាំភ្លើងបាញ់មួយផូងទម្លាក់ដៃយូស៊ូ ដែលមុននេះលើកម្រាមមកចង្អុលត្រង់ច្រមុះជាសញ្ញាទៅកាន់ស្រីស្រស់ ប្រាប់នាងឱ្យស្ងាត់នឹងអាល គេបានផ្ទៀងស្តាប់។
ស្រាលខ្លួនព្រោះជាស្នូរបាញ់បោះ!
នីយ៉ាព្រោះតែអស់កម្លាំងកំហែងរលីង រាងកាយនាងប្តូរមកជាញាប់ញ័រ ភ្នែកនាងមូលក្រឡង់ឡង់រលើបរលោងដោយការភ័យខ្លាចនិងជលនេត្រលិចសើម។ កូនប្រុសពៅម្ចាស់កោះក្រឡេកក្រឡាប់ដោយការគិតវិលខ្ញាល់។
ដៃគេក៏ដកកាំភ្លើងចេញមកខ្វាក។
នីយ៉ាសម្លឹងអាវុធខ្លី ដែលធ្លាប់ភ្ជង់នាងនៅលើឧទ្ធម្ភាគចក្រកាលនៅលើកោះបេះដូង។ សំឡេងនាយលាន់មកបង្គាប់៖
«នៅហ្នឹងហើយ! បងឡើងទៅមើលមុន!»
គេខ្សឹបប្រាប់នាងខ្សោយសែនខ្សោយ ហើយដកដៃទម្លាក់នាងមួយទៀតចេញពីចង្កេះខ្លួន ងាកមកពង្រឹងភាពក្លាហានបោះជំហានឡើង។
គេមិនភ្លេចងាកមក និងងក់ក្បាលដាក់នាងជាសញ្ញាថា គេនឹងត្រលប់មកវិញ។
កូនប្រុសពៅរបស់ម៉ឺនយូ សរសៀរខ្លួនឡើងជណ្ដើរស្រាលស្ញើកខណៈពេលដែលមនុស្សស្រីឈរខ្ទប់មាត់តាមសម្លឹងគេដោយការភ័យខ្លាច។
យូស៊ូសឹងតែមិនហ៊ានដកដង្ហើមផង កុំថាឡើយបញ្ចេញឱ្យឮសូរសម្រិបជើង។
មកដល់ជាន់ខាងលើដែលគេបានចូលមកមុននេះ ប្រុសពួនលាក់កាយក្រោយជញ្ជាំងរោលខ្មៅ។ ពីទីនេះទៅគេអាចសម្លឹងឃើញមនុស្សស្រីម្នាក់ ប្រកបដោយទឹកមុខកាច ស្លៀកពាក់ ដូចជាអ្នកលេង កាំបិតកាំភ្លើង កំពុងតែភ្ជង់នាំខ្លួនមនុស្សម្នាក់ បង្ខំឱ្យដើរសំដៅមក។
ការណ៍នេះធ្វើឱ្យប្រុសពៅភ្ញាក់ក្រញាង ព្រោះប៉ារបស់គេកំពុងឋិតនៅក្នុងកណ្ដាប់ដៃនារីម្នាក់នោះ។
ភ្លាមៗយូស៊ូយល់ថា ស្នូរកាំភ្លើងអម្បាញ់មិញប្រហែលជាប៉ាគេព្យាយាមរត់គេចមកដល់ទីនេះ ប៉ុន្តែត្រូវបាននាងដកកាំភ្លើងបាញ់ទើបគាត់ឈប់ហើយត្រូវភ្ជង់នាំមក។
នារីនេះជាអ្នកណាគេមិនដឹងទេ ប៉ាគេបាត់ខ្លួន តាមពិតនៅកោះH ពេលដែលបងគេកំពុងឈឺធ្ងន់កោះនេះរងការលុកលុយដំណាលគ្នា តើមានន័យថាម៉េច?
ទោះយ៉ាងណាយូស៊ូត្រៀមលក្ខណៈរួចរាល់នៅក្នុងការបាញ់សម្លាប់នារីចម្លែកពីលើនេះទៅ ឱ្យបានមុនពេលដែលគ្រាប់កាំភ្លើងរបស់នាងអាចបំផ្លាញប៉ាគេ។
តែ….សំឡេងរបស់ប៉ាគេលាន់មក៖
«ឯងមិនសម្លាប់ខ្ញុំទេ!»
សំឡេងប៉ាគេ។ យូស៊ូរេភ្នែកគិត ហើយបន្ធូរដង្ហើមដែលសែនតឹងតែង។ គេក៏មិនចង់ក្លាយជាឃាតកៈដែរ ឱ្យតែប្រាកដថានារីនេះមិនធ្វើអីប៉ាគេ តែ….នាងភ្ជង់ប៉ាគេធ្វើអី?
«ត្រូវហើយខ្ញុំមិនសម្លាប់ពូទេ មុនពេលខ្ញុំបានPasswordនោះ!»
«ខ្ញុំគ្មានទេ!»
ប៉ាយូស៊ូតបឆ្លើយភ្លាមៗ។ យូស៊ូភាំងនឹងពាក្យPassword។
ម៉ឺនយូនៅតែបកស្រាយ៖
«បើសិនជាខ្ញុំមានPassword ខ្ញុំបើកយកលុយមកពង្រីកកោះHយូរហើយ!»
«មកពីតាឯងដកយកលុយមិនបាន! UNODCតាមជាប់! មនុស្សកោះHជាមនុស្សកំសាក!»
នាងនិយាយធ្វើឱ្យយូស៊ូខាំមាត់ដោយកំហឹង។ គេប្រុងកាំភ្លើង និងដាក់ម្រាមលើកៃ។ កំលោះនេះរេភ្នែកគិតចុះឡើងមិនយល់ថា នាងជាអ្នកណាដែលមកហាស្តីថាមនុស្សកោះHកំសាក?
ដៃរបស់នាងនៅតែភ្ជង់ក្បាលប៉ារបស់គេ មាត់នាងនិយាយស្រួយស្រោក៖
«ឱ្យPasswordមកមុនបែកសន្ទះក្បាល!»
«Password»និងពាក្យថា«លុយពង្រីកកោះH» ពីរនេះជាអី្វទៅ? កុំថាឡើយគិត សូម្បីតែធ្លាប់ឮបន្តិច ក៏នឹកមិនឃើញដែរ។
«បាន! ពេលពូងាប់បាត់ ឥន្ត្រារបស់ពូ នឹងនិយាយប្រាប់ខ្ញុំ!»
ឥន្ត្រា? បងឥន្ត្រាដឹងរឿងអ្វីដែលយើងមិនដឹង? យូស៊ូបើកភ្នែកក្រឡោតៗភ្ញាក់ផ្អើលចំពេលជនដៃដល់និយាយបន្ថែមបញ្ឈឺម៉ឺនយូ៖
«កូនប្រុសក្លែងក្លាយរបស់ពូ!»
កាណុងកាំភ្លើងរបស់យូស៊ូទន់ទម្លាក់។ ក្បាលគេងាក ផ្តល់ឱកាសឱ្យត្រចៀកផ្ទៀងទៅនឹងប្រភពកាន់តែកៀកជាងមុន ព្រោះស្តាប់សឹងមិនជឿត្រចៀកខ្លួន។
«កុំនិយាយផ្តាសម៉ូណា!»
ឪពុកកំញើញទៅកាន់នារីខ្មាន់កាំភ្លើង ប៉ុន្តែពាក្យថា កូនប្រុសក្លែងក្លាយនេះ ចាក់ដោតពេកណាស់។ អ្នកណាទៅ? ទាំងពីរនាក់យើងនេះឬ ដែលស្រីម្នាក់នេះកំពុងសំដៅដល់? អ្នកណាម្នាក់ក្នុងចំណោមយើងទាំងពីរគឺជាកូនប្រុសក្លែងក្លាយរបស់ប៉ា? យើងគ្មានកូនប្រុសPassword ឆ្កួតយកអីហ្នឹងទេ តើជាអ្នកណា? បងប្រុសយើង?
ម៉ូណាកម្រើកសា្មនិយាយដោយជឿជាក់៖
«ចាំមើល ពេលដែលមនុស្សស្រលាញ់ពូ ជឿទុកចិត្តពូ ដឹងពីការពិត ដឹងថាខ្លួនឯងត្រូវបានគេក្លូនយ៉ាងឃោរឃៅ តើកញ្ចាស់ពុតត្បុតឯងឆ្លើយនឹងគេថាម៉េច?»
របៀបដែលនាងហៅឪពុកខ្លួនថាកញ្ចាស់ និងការភ្ជង់កាំភ្លើងជាប់លើគាត់ ទាំងពីរយ៉ាងនេះ នៅតែមិនធ្វើឱ្យយូស៊ូភ្ញាក់ផ្អើលស្មើទៅនឹងពាក្យ«កូនប្រុសក្លែងក្លាយ»និងឃ្លា«ក្លូនមនុស្ស»ដែលនាងទើបតែបាននិយាយ។
គេចាប់ផ្ដើមដាក់កាំភ្លើងចុះយឺតៗ ព្រោះថាចង់បាញ់នាងតែបាញ់មិនកើត ប្រអប់ដៃនេះញ័រហើយទន់។
ទេវបុត្រកោះH ផ្អែកកាយមកពឹងនឹងជញ្ជាំងកខ្វក់ខ្មៅ ព្រោះថាខណៈនេះ គ្មានកម្លាំងឈរបានរឹងមាំ១០០ភាគរយទេ ហើយបើបណ្ដោយតែបន្តិចអ្នកខាងក្រោមនឹងឮពីវត្តមានរបស់គេនៅទីនេះ។ កូនប្រុសពៅរបស់សេដ្ឋីម៉ឺនយូ មិនហ៊ានពន្លែងសូម្បីខ្យល់ដង្ហើមឱ្យឮ។
«កូនប្រុសរបស់យើង ជឿតែសម្តីយើងតែម្នាក់ប៉ុណ្ណោះ!» ម៉ឺនយូអះអាង។
ម៉ូណាសើចក្អាកក្អាយ ដូចមនុស្សខូចចិត្ត។
«ឥឡូវនេះអាច….តែ….ចុះនៅពេលដែលគេដឹងថា តាឯងគឺជាឃាតកៈ មិនមែនជាឪពុក គេនឹងខឹងខ្លាំង!»
«កុំឱ្យសោះ!» ម៉ឺនយូពោលកម្លា។ នៅខាងលើនេះ យូស៊ូក្ដាប់ដៃខណៈញើសក៏សម្រុកហូរជោកផ្ទៃមុខ។ សំណួរបឋមមានតែមួយគត់ហើយដដែលជាដដែលក្នុងមនោគតិ «បងប្រុសរបស់យើងក្លែងក្លាយ?»
ទោះចុងក្រោយនេះឥន្ត្រាមិនមានមុខមាត់ដូចពីមុន ដោយសារតែការវះកាត់កែសម្រស់ក្រោយរងគ្រោះថ្នាក់ធ្ងន់ធ្ងរ តែគ្មានអ្នកណាធ្លាប់សង្ស័យអំពីរឿងនេះទេ។
រេភ្នែកមួយត្រួសសម្លឹងជុំវិញទីកន្លែងនេះ បងប្រុសខ្លួនពិតជាបានមកដេកនៅទីនេះព្យាបាលអស់រយៈពេលពីរឆ្នាំ ឪពុកហាមឃាត់មិនឱ្យនរណាមកក្បែរៗ បង្ការឆ្លងរោគ ប៉ុន្តែគេក្រោកឡើងមកវិញហើយ រឿងអីថាក្លែងក្លាយ?
ទោះបីជាប្រុសច្បងមានអត្តចរិតផ្សេង មានកាយសម្បទារឹងមាំ ចរិតនឹងនរ និយាយស្តីតិចតួចជាងមុន ថែមទាំងភ្លេចភ្លាំងលែងចេះអានអក្សរទៀត ក៏គ្រប់គ្នាគិតថា សមហេតុផលព្រោះនេះគឺជាផលប៉ះពាល់ពីរបួសដែលប៉ះទង្គិចរាងកាយនិងសតិអារម្មណ៍ធ្ងន់ធ្ងរ។ ក្រៅពីនោះ គេមិនហ៊ានគិតផ្លូវផ្សេងផ្គូផ្គងអ្វីបន្តនោះទេ។ បន់ឱ្យសម្តីនារីជើងឆើតនៅខាងក្រោម ជាក្តីមុសាទាំងអស់ទៅចុះ។
«ឃាត់មិនឱ្យប្រាប់ខ្លាចគេប្រតិកម្ម? មែន! ម្សិលមិញនៅភ្នំពេញ កូនប្រុសត្បាញអាយរបស់តាឯងប្រតិកម្មសង្គ្រោះជីវិតសឹងមិនទាន់រួចទៅហើយ ប្រហែលជាដោយសារតែបងប្រុសបង្កើតរបស់គេ ដឹងសមាសភាពគេបានចូលទៅនិយាយប្រាប់គេ! ឥន្ត្រាពេលនេះ ដឹងរឿងពិតឡើងវិញអស់ហើយផងក៏មិនដឹង!»
ការរំឭករបស់ម៉ូណា ដូចជាកំពុងទាញពញ្ញាក់គេឡើងវិញ។ នៅមន្ទីរពេទ្យ បងប្រុសគេចូលICU គេខ្លួនឯង ដែលជាអ្នកបានតាមដានហេតុការណ៍ទាំងអស់ មនុស្សកោះបេះដូង ពិតជាយកចិត្តទុកដាក់យ៉ាងចម្លែកចំពោះបងប្រុសគេ។ ហេតុអ្វីទៅ? គេសឹងតែឈានចេញទៅសួរ បង្ហាញខ្លួនពីមុខប៉ាគេនិងនារីចម្លែក ប៉ុន្តែនៅឈានជើងចេញទៅមិនទាន់រួច។ អ្វីៗគ្រប់យ៉ាងក្រោយពេលដែលឥន្ត្រាបានចេញពីការព្យាបាលដ៏ស្ងប់ស្ងាត់នៅលើកោះH ត្រូវបានបញ្ចាំងឡើងវិញសាជាថ្មីក្នុងគំនិតនិងការវិភាគរបស់យូស៊ូ។ ក្រៅពីពូបៀល គ្មានអ្នកណាចេញចូលកោះខ្មោចបានទេ។
ប៉ារបស់គេបានធ្វើរឿងអ្វីខ្លះ?
«ទាន់អ្វីៗមិនទាន់ហួសពេល ពូគួរសហការជាមួយខ្ញុំយកលុយនោះចេញ!» សំឡេងមនុស្សស្រីបង្កើនការគិតស្មុគស្មាញឱ្យយូស៊ូ។ គេមិនយល់ត្រង់ថា លុយដែលនាងនិយាយហើយនិយាយទៀតជាលុយគ្រឿងញៀនឬអ្វី បានជានារីនៅខាងក្រោមរំឭកដល់ពួកប្រឆាំងគ្រឿងញៀនUNODC? ហេតុអ្វីពួកគេចង់បានលុយនោះ លុយនោះច្រើនកម្រិតណាទៅ បានជាប៉ាគេនិយាយពីការពង្រីកកោះH?
ម៉ឺនយូនៅស្ងៀម ម៉ូណាតឿន៖
«ប៉ូលិសជេនមកដល់កោះHហើយ គីម៉ាល់ក៏ប្រហែលជាកំពុងនាំមនុស្សមកដល់ដែរ! ក្នុងដៃគេមានពួកចិនដែលពូកែគ្រប់ផ្នែក! ពូដល់ឆាកចុងក្រោយហើយម៉ឺនយូ!»
ឮពីឈ្មោះគីម៉ាល់ ក៏នាំឱ្យយូស៊ូនឹកឃើញទៅដល់រូបរាងរបស់គីម៉ាល់នៅពីមុខICU ។ សេដ្ឋីឌូបៃពិតជាមានកាយវិការឈឺចាប់ប្លែកៗចំពោះភាពស្តូកស្តឹងគ្មានតម្រុយរបស់ឥន្ត្រា….រហូតដល់ពេលមួយគេនិងប្រពន្ធគេ ហាន់ដា ព្រហើនហ៊ានពង្រត់មនុស្សចេញពីបន្ទប់សង្គ្រោះ។
យើងច្រឡំថាគេចង់ធ្វើបាបបងប្រុសយើង? ចាំបានថាថ្ងៃមួយ ម៉ឺនយូបានកោះហៅគេនិងបងប្រុសគេមកប្រាប់ពីវត្តមានលួចលាក់របស់គីម៉ាល់លើកោះH «គ្នាយើងរកឃើញថា ម្នាក់នេះ បានមកដល់កោះHស្ងាត់ៗ គ្មានការអញ្ជើញមុនប៉ុន្មានម៉ោងដែលកោះត្រូវឆេះ»។
យូស៊ូចងចិញ្ចើម ខណៈសម្តីពេទ្យបានលេចឡើងក្នុងការចងចាំរបស់គេ «ឧត្តសេមនីយ៍ដែលឮពី T4 DNA Ligase ទេ?» បន្ទាប់ពីនោះគឺការបកស្រាយរបស់ជេន៖ «គឺជាការអង់ស៊ីមភ្ជាប់រវាង DNAពីរ ជាមួយហ្សែនដើមនិងហ្សែនថ្មី ដើម្បីឱ្យទៅជាការបង្កើតនូវcoenzymeថ្មីបន្ទាប់បន្សំ ធ្លាប់ឮថាវេជ្ជសាស្ត្រមានសិទ្ធិធ្វើបែបនេះលើអ្នកជំងឺធ្ងន់ដែលពិបាកសង្គ្រោះ…..!»
យូស៊ូរឹតតែចង់បញ្ឈប់ការរិះគិតទាំងនេះ។ នាយបិទភ្នែកទាំងសងខាងរំងាប់ចិត្តដែលហោះហើរមមៃ ចង់តែបញ្ឈប់រាល់ដំណឹងនានាដែលការចងចាំកំពុងផ្តល់មក តែគ្រប់យ៉ាងជាសម្តីប៉ាគេនៅតែរំឭកមក «ប៉ុន្មានឆ្នាំមុននេះ ប្អូនប្រុសរបស់វា ពិសិដ្ឋដែលជាHackerរបស់ប៉ូលិសជេន បានរសាត់អណ្តែតមកទើរដល់កោះយើង! ស្តាយត្រង់នៅពេលនោះគេរបួសធ្ងន់ពេក បានភ្លេចភ្លាំងស្មារតី ក្លាយជាមនុស្សរុក្ខជាតិ សល់តែដង្ហើមថែមទាំងឆេះខូចមុខមាត់អស់ផង! ប៉ាទុកគេនៅលើកោះខ្មោចព្រោះមនុស្សជាច្រើនបានតាមរកគេ! ម្នាក់ៗចង់បានPasswordយកលុយរាប់ពាន់លានដែលត្រូវបានបង្កកទុកនោះ!»។
ប៉ាគេប្រាប់ថា ឥន្ត្រាជាបងប្រុសគេដែលជាសះពីរបួស ឯអ្នកដេកបន្តនៅទីនេះជាប្អូនរបស់សេដ្ឋីឌូបៃ។ តែពេលនេះ….ក៏នឹកឃើញពេលពិសិដ្ឋត្រូវបូជាក្រោយពីទីកន្លែងសម្រាកព្យាបាលមួយនេះត្រូវដុត គេបានឃើញឪពុកស្រក់ទឹកភ្នែក។ បើត្រឹមស្តាយPasswordលុយវាល់លាន គាត់ស្រក់ទឹកភ្នែកដែរទេ យូស៊ូកំពុងថ្លឹងថ្លែង។
ពីរនាក់នៅខាងក្រោមមិនបានបញ្ចប់ទេ សម្ដីរបស់នារីចម្លែកលាន់ឡើងមកទៀត៖
«កូនប្រុសពិតរបស់លោកស្លាប់ហើយ កុំឱ្យកូនក្លែងក្លាយស្លាប់តាមម្នាក់ទៀត!»
យូស៊ូបើកភ្នែកឡើងមកវិញភ្លាម ចំពេលម៉ឺនយូខាំមាត់និយាយទាំងឈឺចាប់៖
«នាងឯងសម្លាប់កូនច្បងអញ នាងឯងដុតកន្លែងនេះចោល!»
យូស៊ូក្តុកបេះដូង។ ភាពក្រឡាប់ចាក់ក្នុងអារម្មណ៍កំពុងតែវាយសន្ធប់គេ។ ប៉ាគេសារភាពហើយ! គាត់ថាអ្នកស្លាប់ជាកូនប្រុសគាត់ ចុះអ្នកដែលមកដើរតួជំនួសជាបងប្រុសរបស់គេរាល់ថ្ងៃនេះ ជាអ្នកណាឱ្យពិតប្រាកដ?
ផូង!
យូស៊ូលើដៃបាញ់ពីលើទៅ។
ម៉ូណាត្រូវចំស្មាស្តាំព្រោះដៃយូស៊ូមិនថ្នឹកទេ។ មួយគ្រាប់នេះ ធ្វើឱ្យស្រីឆ្នាសភ្លាត់ប្រាណងាកមកក្តោបស្មា ហើយវាយបកបាញ់សន្ធាប់សំដៅមកបរិវេណខាងលើ ជាឱកាសឱ្យម៉ឺនយូថយរកច្រកបំពួន។
យូស៊ូនៅទីនេះ ជាទីតាំងល្អជាង ជាមួយនឹងជញ្ជាំងបាំង គេខាំមាត់ សងទៅម៉ូណាបីគ្រាប់ផ្ទួនៗទៀត ធ្វើឱ្យនាងស្រែកភ្លាត់ដោយឈឺចាប់។
តំបន់យុទ្ធសាស្ត្រមិនសមប្រកប ម៉ូណាផ្តើមបោះបង់ចោលការរកម៉ឺនយូ ឬវាយប្រហារយូស៊ូ។ នាងចាប់យកការរក្សាជីវិតសិន។ នៅគ្រាដ៏ផុយស្រួយ យូស៊ូលែងចាប់អារម្មណ៍នឹងអ្វីទៀតហើយ គេនៅខ្ពស់ជាងអាចឃើញស្រមោលម៉ូណារត់គេចទៅឆ្ងាយ។ គេគួរតែចុចទូរសព្ទទៅហៅគ្នីគ្នាឱ្យព័ទ្ធចាប់នាង តែគ្មានកម្លាំងទេ….គេកំពុងតែផ្តោតអារម្មណ៍ទាំងមូលលើ…..ឥន្ត្រា។
«ប៉ា! ចេញមក!»
គេហៅគាត់តិចៗក្នុងសព្ទសំឡេងស្អកៗ និងដោយខូចចិត្ត។
ម៉ឺនយូឈានបណ្តើរៗចេញពីគុម្ពោតព្រៃ។ ស្រមោលជលនេត្រសេសសល់របស់យូស៊ូ និងសំឡេងគ្មានកម្លាំងកំហែងរបស់គេ គាត់ដឹងជាស្រេចថា កូនពៅម្នាក់នេះ បានស្តាប់ឮអស់ហើយរឿងអាថ៌កំបាំងអស់ទាំងនោះ។
«តោះទៅវិញសិន!»
គាត់ទាញដៃគេ តែគេនៅប្រទាញធ្មឹងមិនតាម។ មាត់គេពោលស្រាលៗដូចខ្សឹប ឬអាចហៅថា ភាពរន្ធត់កំពុងមានឥទ្ធិពលខ្លាំងលើយូស៊ូនៅឡើយ៖
«ឥន្ត្រារាល់ថ្ងៃនេះ ជាអ្នកណា? ប៉ាធ្វើអីលើរាងកាយគាត់?»
យូស៊ូក្រឡេកឆ្វេងស្តាំ ហើយខ្សឹបខ្សៀវ៖
«កុំនិយាយនៅណេះ!»
យូស៊ូខាំមាត់ស្រក់ទឹកភ្នែកច្រោក នៅពេលដែលគេខំដាក់សំណួរបន្ថែមម៉ាត់ៗ៖
«T4 DNA Ligase ជាស្អី? ហ្សែនដើម ហ្សែនថ្មី ក្លូនcoenzymeស្អី? ហេតុអី? ប៉ាបានធ្វើរឿងអស់ហ្នឹងមែនដែរអត់?»
ការដឹងដល់វិធីក្លូននេះ ជារឿងភ្ញាក់ផ្អើលសម្រាប់ម៉ឺនយូ។ មុននេះម៉ូណាបាននិយាយពីការពិតរបស់ឥន្ត្រា តែបច្ចេកទេសអង់ស៊ីមភ្ជាប់នេះ តើម្តេចត្រូវយូស៊ូដឹងបាន។
គាត់រាដៃឃាត់កូនឱ្យឈប់សួរហើយតឿនខ្សឹប៖
«តោះទៅសិន! ពួកហង្សសអាចនៅម្តុំនេះ ស្រីចង្រៃម៉ូណា ប្រហែលនៅសំងំក្បែរៗ»
គាត់ថាផង ងាកសម្លឹងជុំវិញលើក្រោមដោយប្រុងប្រយ័ត្នផង ទីបំផុតបានឈប់ភ្នែកភាំងលើជណ្តើរខាងលើ។
ភ្នែកម៉ឺនយូដែលឈប់ទីនោះ បណ្តាលចិត្តឱ្យយូស៊ូនឹកឃើញរឿងសំខាន់មួយទៀត…..
«នីយ៉ា?»
ទើបតែនឹកឃើញថា ប្អូនស្រីប៉ូលិសនៅខាងក្នុង។
អាថ៌កំបាំងដ៏ឃោរឃៅនៃការប្តូរសាវតាមនុស្សនៅលើកោះខ្មោចពេលនេះ មិនត្រឹមតែដឹងដោយមនុស្សបីនាក់ទេ គឺឡើងចំនួនរួចទៅហើយ។
នីយ៉ាឱបជញ្ជាំងយំសស្រាក់សម្លឹងមក។
គ្រាន់តែឃើញសភាពនាង ក៏ដឹងទៅហើយថា នាង….បានស្តាប់ឮគ្រប់យ៉ាង។
«សម្លាប់!»
ម៉ឺនយូខ្សឹបបញ្ជាកូនប្រុស ខណៈយូស៊ូកំពុងតែសម្លឹងទៅសង្សារ។



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ