ឪពុកសម្លឹងកូនប្រុសមួយឆ្វាច់ក៏ដឹងថា គេមិនកេះកៃងាយដែរ។ ស្នេហាយូស៊ូនិងប្អូនស្រីប៉ូលិសហួសពេលនឹងធ្វើជាសេណារីយ៉ូឱ្យកោះH ឬប៉ូលិស ឬក្រុមណាមួយទៀតហើយ នាងឈានដល់បន្ទាត់ក្រហមដែលមកឮអាថ៌កំបាំងដ៏ធំរបស់កោះH នាងអាចឮបាន តែម៉ឺនយូមិនឱ្យនាងមានឱកាសចេញទៅនិយាយនោះឡើយ។
បុរសចំណាស់កញ្ឆក់អាវុធពីដៃកូនប្រុស ធ្វើឱ្យយូស៊ូមានប្រតិកម្មការពារខ្លួនស្វ័យប្រវត្តិជាហេតុឱ្យគ្រាប់កាំភ្លើងរាលឡើងលើបញ្ឆិតស្លឹកត្រចៀកនាយ។
ប្រុសពៅដៀងមកមើលលោហិតស្រក់បានត្រឹមមួយក្រឡេក រាងកាយធំមាំរបស់គេ រលំគ្រេង។ ភ្នែកគេសម្លឹងឪពុក ដៃគេនៅឆ្ងាយពីកាំភ្លើង មាត់គេកម្រើក គេចង់សុំអ្វីមួយតែនិយាយមិនទាន់ ព្រោះ ភ្នែកគេចាប់ផ្តើមបិទ។
«យូស៊ូ!»
ឪពុកស្រែកសន្ធាប់ផ្អើលអស់បណ្តាសត្វបក្សីសមុទ្រ។
«យូស៊ូ! អត់ស្លាប់ចោលប៉ាទេ! យូស៊ូ!»
គាត់ស្រែកទ្រហោយំដូចឆ្កួត និងឱបរង្គើរាងកាយបុរសព្រាននិងជាអ្នកលេងសើចស្នេហ៍ដ៏ល្បីនៃដែនកោះ។ នីយ៉ាខ្ទប់ត្រចៀកសម្លឹងរាងការស្តូកស្តឹងរបស់គេ។
នាងដឹងថា ម៉ឺនយូនឹងផ្តាច់សង្ខារនាងនៅពេលបន្តិចទៀតនេះ ទៅតាមលំនាំកូនប្រុសពៅរបស់គាត់។ មួយនាទីថ្មីបំផុតនេះ បុរសចំណាស់ដ៏ឆ្កួតវង្វេងក្នុងទុក្ខសោក បានភ្លេចគ្រប់យ៉ាង ហើយផ្តោតមកដង្ហោយហៅបុត្រាពៅព្រោះមិនចង់ឱ្យកូនបង្កើតទាំងពីរ ត្រូវពីលាគាត់យ៉ាងទាន់ហន់និងក្មេងសេចក្តីរបៀបនេះ នៅកន្លែងតែមួយដូច្នេះឡើយ។
«ជួយផង! មនុស្សទឹកកកមកឥឡូវនេះ មកជួយខ្ញុំ!»
នីយ៉ារអ៊ូអណ្តឺតអណ្តកស្ទើរមិនចេញសំឡេង ស្ទះណែនទៅដោយភាពរន្ធត់។ នាងបិទភ្នែកហើយប្រាថ្នាថាបើកឡើងមកវិញ នឹងឃើញគេ។ ចំណងនេះគឺមានលក្ខណៈអរូបី នាងក៏មិនយល់ថាហេតុអ្វី នាងសង្ឃឹមតែលើគេ នៅពេលដែលរងការប៉ះទង្គិចឬគ្រោះថ្នាក់អស់សង្ឃឹម។
ហេតុផលពិតនិងតក្កវិជ្ជាបានបរាជ័យក្នុងពេលនេះ ព្រោះបើកភ្នែកមកវិញនាងឃើញគេ!
សម្លឹងពីលើនេះទៅនាងឃើញគេបង្ហាញខ្លួនពីក្រោយខ្នងម៉ឺនយូ មនុស្សមួយចំនួនរត់មកតាមប្រហែលជាតាមរយៈស្នូរកាំភ្លើង។
អព្ភូតហេតុមែនទេ? វាហួសពីការយល់របស់នាង តែប្អូនស្រីប៉ូលិសជេនដឹងថា នាងអាចនឹងនៅរស់ទោះបីសុទ្ធសឹងជាមនុស្សកោះH តែមនុស្សកោះHក្នុងចំណោមពួកគេ នឹងការពារនាង។
«ឥន្ត្រា! ឥន្ត្រាមកណេះ! ជួយផងឥន្ត្រា!»
នាងដង្ហោយហៅ គេក៏ងើបមកមុខភ្លាម។ បេះដូងគេលោតរំភើបនិងឈឺលាយគ្នាព្រោះរកនាងឃើញ តែឃើញនាងកំពុងសោយសោក។ កល្យាណីដឹងពីអារម្មណ៍ប្រុសប្រាណតាមរយៈពន្លឺភ្នែករបស់គេ និងជើងគេដែលឈានមក។
ប្រហែលជាគេមិនបានដឹងថាពីមុខម៉ឺនយូគឺជាប្អូនប្រុសគេ បានជាគេបន្តឡើងមករ៉ុយមករកនាង។ នាងអង្គុយចុះសន្សឹមៗព្រោះទន់ជង្គង់ ខណៈគេមកដល់ ប្រាណនាងស្ថិតលើរង្វង់ដៃគេ។
ប្រុសញាប់ញ័រពេលសម្លឹងឃើញស្នាមចំណងនិងគ្រប់យ៉ាងដែលសេសសល់លើប្រាណស្រី។ ដោយគ្មានវាចា គេខាំមាត់សម្លឹងកែវភ្នែកនាង ខណៈនាងបណ្តោយឱ្យខ្សែភ្នែកទាំងបួនប៉ះគ្នាយ៉ាងពេញទំហឹង។
សំឡេងទ្រហោរបស់ម៉ឺនយូលាន់មកពីលើដី៖
«យូស៊ូ កូនខ្ញុំមិនស្លាប់ទេ!»
ឥន្ត្រាជ្រួញចិញ្ចើម នីយ៉ាក៏ភ្ញាក់ខ្លួនមកវិញ នាងពោលតិចៗទៅកាន់គេទាំងយំយែក៖
«យូស៊ូ!»
ឥន្ត្រានៅងឿងឆ្ងល់ គេងាកមកក្រោយហើយក្រោកឡើងបណ្តើរនាងចុះ។ មកដល់ក្បែរប្អូនប្រុស គេប្រគល់នាងឱ្យសាម៉ោះ នាងប្រឹងឈរនឹងវិញខ្លួនឯង។
«អ្នកណាធ្វើអីយូស៊ូ?!»
គេស្ទុះមកទាញរាងកាយប្អូនពិនិត្យមើលខណៈកូនចៅកំពុងប្រើវិទ្យុទាក់ទង។
«អ្នកណាធ្វើ?»
គេគំហក ធ្វើឱ្យម៉ឺនយូងាកភ្នែកសម្លឹងវត្តមានកូនច្បង។ គាត់អាចថាស្វាងចេញពីវិប្បយោគបន្តិចពេលឃើញឥន្ត្រា។
ជាបណ្តើរៗ ដូចនីយ៉ាគិត ជនចំណាស់ក្រឡេកមករកកាំភ្លើងយូស៊ូដែលនៅដេកស្ងៀមមិនឆ្ងាយពីម្ចាស់។ យ៉ាងរហ័សគាត់លូកយកមក នាងស្រែកវ៉ាសដោយការភ័យខ្លាចជាការដាស់ឥន្ត្រាឱ្យងាកមក។
«នាងឯងនឹងស្លាប់!»
ម៉ឺនយូវាចាទាំងខាំមាត់ ធ្វើឱ្យអ្វីមួយបញ្ជាឥន្ត្រាឱ្យមានប្រតិកម្ម។ គេក្រឡាស់មកពាំងពីមុខដែលម៉ឺនយូបែរកាណុងតម្រង់មក។ នីយ៉ាថយទៅក្រោយសាម៉ោះ។
«ធ្វើអីហ្នឹងប៉ា?» ប្រុសច្បងសួរដោយតក់ស្លុត ជាសញ្ញាប្រាប់ម៉ឺនយូថា ការសម្លាប់ស្រីតូចដែលឈរញាប់ញ័រនៅពីក្រោយខ្នងសាម៉ោះពេលនេះ អាចមានឧបសគ្គហើយ។
សភាពឥន្ត្រាមិនដែលការពារមនុស្សស្រីណាម្នាក់ ដល់ថ្នាក់ដកចោលអារម្មណ៍ពីប្អូនប្រុសដែលកំពុងស្តូកស្តឹងនោះឡើយ។ ឫកពាគេដែលស្លើតស្លក់មកពាំងគ្រាប់ឱ្យនីយ៉ា ក៏បង្ហាញដែរថា អ្វីម្យ៉ាងកំពុងមានអានុភាពធ្វើឱ្យគេព្រមលោតផ្លោះចោលកាតព្វកិច្ចជាកូនកតញ្ញូដែលធ្លាប់តែឱនក្បាលធ្វើតាមឪពុក។
«ថយឥន្ត្រា!»
«ទប់ចិត្តសិនប៉ា!» គេទទូច។
សូម្បីមិនដឹងថា ហេតុអ្វីបានជាប៉ាគេខឹងដល់ថ្នាក់ប៉ងយកជីវិតនាង មិនថាប្អូនគេកំពុងដួលដេកដោយសារនាងឬគ្រួសារបងៗនាង ក៏គេនៅតែមិនព្រមឱ្យនាងរងគ្រាប់កាំភ្លើងដដែល….
«ស្រីមានពិសនេះទុកមិនបានទេឥន្ត្រា!»
ប៉ាគេព្រមាន ធ្វើឱ្យប្រុសច្បងរឹតតែជ្រួលចិត្ត មិនមែនជ្រួលមកគិតថានាងខុសអ្វីទៀតទេ គឺជ្រួលរកគ្រប់វិធីការពារនាង។
«មនុស្សកោះHមិនធ្វើឃាតកៈទេ!»
គេនិយាយពន្យារស្ថានការណ៍ធ្វើឱ្យម៉ឺនយូរឹតតែស្លន់។ ទោះបីភាពរន្ធត់ បានធ្វើឱ្យនីយ៉ាស្ងាត់មាត់ដូចគ តែនាងនឹងមិនស្ងាត់បែបនេះរហូតទេ។
រឿងសំខាន់ ហេតុអ្វីឥន្ត្រាដាច់ខាតការពារជីវិតនាង?
តើមានអ្វីកើតឡើងរវាងពួកគេ? ទោះបីជាមិនបានយល់ពេញលេញអំពីរឿងស្នេហាត្រីកោណមួយទាក់ទងនឹងកំលោះក្រមុំទាំងបីប្រាណ តែម៉ឺនយូម្នាក់នេះក៏មានបទពិសោធន៍ក្រាស់ល្មមនឹងយល់ពីភាពងងឹតងងល់ការពារនីយ៉ាក្នុងកែវភ្នែកប្រុសច្បង។
ការខកចិត្តរបស់គាត់ពេលនេះ នៅមានកម្រិតទាបជាងការបារម្ភដែលថា ឥន្ត្រានឹងដឹងការពិតនៃសាវតារបស់គេ។ ងាកទៅកូនប្រុសដែលដេកស្តូក គ្នីគ្នាគាត់យកឧបករណ៍សែងមនុស្សពីក្នុងផ្ទះព្យាបាលមកដល់ ធ្វើឱ្យម៉ឺនយូដៃកាន់កាំភ្លើងតែភ្នែកដៀងរកកូនពៅ។
«បងយូស៊ូនៅមានដង្ហើម!»
អង្គរក្សម្នាក់ស្រែកឡើង ធ្វើឱ្យម៉ឺនយូភ្ញាក់ប្រាណងាកមកដោយអំណរ។
ឥន្ត្រានៅមិនហ៊ានចោលការសម្លឹងឪពុកទេ ព្រោះនាយនៅតែទុកការគំរាមកំហែងលើជីវិតនារីតូចថាជារឿងត្រូវដោះស្រាយដំបូងគេ។ បំណាច់តែឥន្ត្រាបានដាក់សុខុមាលភាពរបស់ប្អូនពៅគ្រួសារប៉ូលិសនៅចំពោះមុខ លះបង់ចរិតកន្លងមក ដែលជាប្រុសច្បងរឹងចចេសក្នុងការប្រកាន់ខ្ជាប់នូវភាពត្រឹមត្រូវទៅហើយ ម៉ឺនយូក៏ដឹងដែរថា បើគាត់ប្រដេញនាងឬជម្នះតាមបាញ់ប្រហារនាង ក៏មិនប្រាកដថាឆ្លងរួចពីកំផែងការពារពីកូនប្រុសឆ្លាតនិងសែនពូកែម្នាក់នេះដែរ។
ថាមិនបាន នាងតូចអាចនឹងភ្លាត់រឿងសម្ងាត់ប្រាប់ដល់គេគ្រប់គ្នាទៀត។ ជនចំណាស់ ដឹងថា គាត់ចាំបាច់ត្រូវការសេណារីយ៉ូថ្មី ឬពន្យារពេលវេលាសិន។ គាត់ធ្វើជាបោះកាំភ្លើងចោល ហើយស្រែកឡើង៖
«កុំរំជួលចិត្តពេកកូន! បើឯងច្របូកច្របល់អារម្មណ៍ ឯងនឹងចូលICUវិញ ឬអាចទៅICUមិនទាន់! ប្រយ័ត្នរបួសចាស់ខ្លួនឯង!»
នីយ៉ាដែលកំពុងតាមដានយូស៊ូ ងាកមកវិញសម្លឹងម៉ឺនយូភ្លាមពេលឮឃ្លានេះ។ គាប់ចួនណាស់ ខ្សែភ្នែកព្រមានចម្លែកមួយរបស់បុរសនេះពិតជានៅនឹងថ្កល់ប្រទាក់ជាមួយភ្នែកនាង ដូចគាត់ចង់ប្រាប់នាងថា ប្រសិនបើឥន្ត្រាត្រូវរំជួលចិត្ត ហ្សែនផ្តេសផ្តាសក្នុងខ្លួនគេ នឹង….សម្លាប់គេ។
នីយ៉ាលេបទឹកមាត់ក្រឡេកសន្សឹមៗ មកនៅពីក្រោយខ្នងបុរសដែលតែងតែជាយុថ្ការបស់នាងរាល់ពេលសំពៅនាងឃ្លេងឃ្លោង បុរសដែលនាងទុកចិត្តដោយសភាវគតិ។
សម្តីរបស់ម៉ូណាមុនពេលរត់គេចចេញ នីយ៉ានៅចាំ «នៅភ្នំពេញ កូនប្រុសត្បាញអាយរបស់តាឯងប្រតិកម្មសង្គ្រោះជីវិតសឹងមិនទាន់រួចទៅហើយ ប្រហែលជាដោយសារតែបងប្រុសបង្កើតរបស់គេ ចូលទៅនិយាយប្រាប់គេ!»
ឥន្ត្រាពិតជាអស់ដង្ហើមមួយខណៈមែន ពេលគីម៉ាល់និងហាន់ដាពង្រត់គ្រែគេចេញពីICU? ពេលនេះបើឱ្យគេដឹងរឿងពិតឡើងវិញ តើ…..?
នារីនេះឈ្ងោកមុខក្តាប់ដៃទាំងសងខាង….បង្ហាញមកអស់ហើយ នាងទុកជីវិតនិងសុវត្ថិភាពគេសំខាន់យ៉ាងណា ម៉ឺនយូបោះកាំភ្លើងចោលស្ទុះមករកកូនប្រុស។
ឃើញឪពុកលែងមានអាវុធ ទើបឥន្ត្រាចូលមកដណ្តើមរកកាំភ្លើងហុចឱ្យសាម៉ោះ ហើយស្ទុះមករកប្អូនប្រុសដែរ។
ស្នូរឧទ្ធម្ភាគចក្រលាន់មកលើអាកាសវេហា ម៉ឺនយូងាកមកប្រាប់កូនប្រុស៖
«យកប្អូនឯងទៅបាងកក!»
នីយ៉ាផ្អែមមាត់ ដ្បិតតែយូស៊ូដឹងខ្លួន តែសភាពគេរស់និងស្លាប់ទន្ទឹមគ្នា បែរជានាងគ្មានអារម្មណ៍អ្វីក្រៅតែពី….ដឹងថា អ្វីដែលនាងត្រូវការបំផុតពេលនេះ គឺបងៗរបស់នាង។
«មនុស្សទឹកកក! ខ្ញុំ! ខ្ញុំ! ខ្ញុំទៅភ្នំពេញវិញ!»
គេកំពុងតែលើកគ្រាហ៍យូស៊ូមិនអាចងាកមកទេ គេមិនបានឆ្លើយ ព្រោះគេរវល់ស្មុគចិត្តនិងត្រេកអរទន្ទឹមគ្នា។ គេកំពុងវក់នឹងសភាពរបួសរបស់យូស៊ូ មានតែម៉ឺនយូឆ្លើយកាត់មុន៖
«ឱ្យមានចិត្តផងកូនស្រី! ព្រោះតែអ្នកណាបានជាយូស៊ូរបួស? គេមិនទាន់ដឹងស្លាប់រស់ផង ឱ្យគេបើកភ្នែកឡើងមកឃើញមនុស្សដែលគេស្រលាញ់បានទេ?»
នាងព្រិចភ្នែក។ មនុស្សត្រូវបានសែងចេញ គ្រប់គ្នារត់តាម ទុកឱ្យនារីតូចនៅម្នាក់ឯងក្រោយគេឈរធ្មឹង ខណៈម៉ឺនយូមិនអស់ចិត្ត គាត់ដើរមកជិត៖
«ចង់ការពារឥន្ត្រាឬយូស៊ូ?»
«ខ្ញុំ….ខ្ញុំចង់ទៅផ្ទះ!» នាងតបដោយភ័យទោះបីបុរសនេះគ្មានអាវុធ។
«យករឿងទាំងអស់ប្រាប់ប៉ូលិស? ប្រាប់បងប្រុស?»
នីយ៉ាភាំងសម្លឹងជនចំណាស់ភ្លឹះៗ។ ម៉ឺនយូនិយាយខ្សឹបៗ៖
«ក្មេងឆ្លាតគួរដឹងថាត្រូវធ្វើម៉េចហើយ! គេមានប្រតិកម្មហ្សែន! គេសន្លប់ញឹកញាប់ហើយសន្លប់រហូតក៏បានដែរ ឱ្យតែប្រហែស! រឿងដែលមិនគួរនិយាយ កុំនិយាយ!»
នីយ៉ាមិនដឹងទេ ថានាងត្រូវធ្វើបែបណាល្អ។ ស្រីសម្លឹងទៅមុខ ក៏ឃើញឥន្ត្រាងាកមក។ ដៃគេត្រកងប្អូនឡើងលើយាន មាត់គេស្រែកបញ្ជា៖
«សាម៉ោះជូននីយ៉ាទៅបងប្រុសគេ!»
នាងរេភ្នែកមករកជនចំណាស់។ ដ្បិតតែនីយ៉ាមិននៅក្នុងសំណុំរឿងស៊ើបអង្កេតរវាងហាន់ដា ពិសិដ្ឋនិងគីម៉ាល់ នាងមិនយល់ស៊ីជម្រៅថាឥន្ត្រាជាអ្នកណា ហេតុអ្វីបងស្រីនាងនិងប្តីប្លន់គ្រែចេញ តែនាងដឹងត្រឹមពេលនេះថា ឥន្ត្រាមិនមែនកូនប្រុសច្បងជននេះទេ។
ទំនាស់ចុងក្រោយរវាងម៉ឺនយូនិងនារីអនាមិក ថែមទាំងប្រតិកម្មរហូតយូស៊ូរបួសក្បាល គឺផ្តើមចេញពីអាថ៌កំបាំងមួយនេះ។
«លោកអ៊ំ! ឥន្ត្រា…..ឥន្ត្រាមានរឿងអី?»
ក្មេងនេះមិនយល់អ្វីទេបើតាមសំណួរនាង។ ឆ្លៀតគ្រប់គ្នានៅថ្លង់ក្បែរសំឡេងង៉ោងនៃកង្ហាកន្ទុយយានបក្សី ម៉ឺនយូឱនមកខ្សឹបនាង៖
«គេរបួសធ្ងន់! ខ្លួនគេមានសំយោគច្រើនផ្នែក! គេអាចប្រតិកម្មសរសៃឈាមនិងបេះដូងភ្លាមៗប្រសិនបើ…ស្អប់….ខឹង….ឬស្រលាញ់!»
នាងមិចភ្នែកឆ្ងល់។ បុរសបន្ត៖
«កាលណោះ ព្រោះដើម្បីបានជីវិតគេមកវិញ ខ្ញុំគ្មានជម្រើសទេ! បញ្ហានេះជារឿងខុសច្បាប់វេជ្ជសាស្ត្រ! បើប៉ូលិសដឹង គេនឹងចាប់ខ្ញុំ!»
«អត់យល់ទេ!»
«ដូចក្មួយបានឮហើយ! គេឆ្លងកាត់ការសំយោគហ្សែន!»
លើលោកនេះមានរឿងបែបនេះដែរ? នីយ៉ានៅបាត់មាត់….
«គេឆ្លងកាត់រឿងច្រើន ហើយមិនអាចឱ្យសូម្បីតែខ្លួនគេដឹង!»
«អ៊ីចឹង…..បានលោកអ៊ំចង់សម្លាប់ខ្ញុំ!»
«ខ្ញុំទាល់….ហើយស្លន់! ខ្ញុំខ្លាចមនុស្សដឹងច្រើន ប្រាប់ឥន្ត្រា គេនឹងគ្រោះថ្នាក់ដោយសារប្រតិកម្មខួរក្បាល!»
ជននេះតបតមិនបាត់មួយពាក្យនិងមិនផ្លាស់ទឹកមុខទេ។ នាងនៅតែបរិសុទ្ធ មិនស្គាល់ល្បិចបុរសនេះដដែលព្រោះអាល័យក្រឡេកសម្លឹងទៅគេ….មនុស្សទឹកកកម្នាក់នេះពិតជាបានស្លាប់ហើយរស់ឡើងមកវិញពិតមែន មិនឱ្យនីយ៉ាព្រមជឿម្ចាស់កោះនេះម្តេចបាន។
«ចុះ…តទៅ…អ៊ំគិតយ៉ាងម៉េច?»
«លាក់ការណ៍មិនឱ្យអ្នកណាដឹងពីសាវតាវេជ្ជសាស្ត្រលើខ្លួនគេ បើមិនអ៊ីចឹង ប៉ូលិសនិងយកគេទៅពិសោធន៍ គេនឹងឈឺចាប់ ហើយគេនឹង…..ប្រតិកម្ម!»
នាងជ្រួញចិញ្ចើម។
គាត់ហៀបនឹងចេញទៅ សំឡេងនីយ៉ាលាន់សួរមកបន្ថែមយ៉ាងខ្សោយ៖
«ចុះ….password!?»
សំណួរក្តៅធ្វើឱ្យបុរសចំណាស់ឈានចេញមិនរួច។ គាត់ងាកមកវិញដោយទឹកមុខស្លេកនិងស្ពឹកៗ។ នាងឮអស់ហើយ …..ដោះស្រាយយ៉ាងណា?
នីយ៉ាមានក្រសែភ្នែករង់ចាំចម្លើយ….នាងមានចម្ងល់ដែលត្រូវការបកស្រាយ ពុំនោះទេនាងនឹងនៅតែបន្តគិតពីវា។
«Password អី? អូ រឿងដែលស្រីចោរប្លន់ម្នាក់នោះនិយាយមែនទេ? នាងនោះសំដៅលើ ទ្រព្យសម្បត្តិ! ជាទ្រព្យរបស់កោះH ដែលខ្ញុំបានទុកនឹងកូនខ្ញុំ កូនដែលខ្ញុំទុកចិត្ត! មិនមែនខ្ញុំមិនទុកចិត្តយូស៊ូទេ ប៉ុន្តែ…..ខ្ញុំមិនទុកចិត្តស្រីៗជុំវិញខ្លួនគេ!»
នីយ៉ានៅភាំង។ នាងវិលវល់សួរមួយៗល្វើយៗ៖
«ចោរប្លន់?»
សាម៉ោះរត់មកដល់បញ្ចប់ការជជែករបស់ពួកគេ…
វគ្គ
បាតដៃទីបី
«ម្តេចក៏ដាច់ចិត្ត មិនទៅមើលបងយូស៊ូខ្លះ?»
នីយ៉ាស្តាប់ឮសំណួររបស់សោម៉ោះជាលើកដំបូងបន្ទាប់ពីជិះលើទឹកជាងកន្លះម៉ោង។ នាងមានអារម្មណ៍ថាដំណើរលើកនេះមានបញ្ហា តែមិនដឹងថាបញ្ហាអ្វី។
ធម្មតាប្រសិនជាវិលទៅកាន់រាជធានីភ្នំពេញមែន ឥន្ត្រានឹងប្រើឧទ្ធម្ភាគចក្រ ឬមួយពួកគេមានយានតែមួយហើយរវល់ដឹកយូស៊ូទៅបាងកកបន្ទាន់?
នាងសង្កត់ចិត្តសម្លឹងផ្ទៃទឹក បន់ឱ្យរឿងរ៉ាវចប់ ព្រោះចិត្តមួយនៅទុកចិត្តសាម៉ោះដែលជាជំនិតតែងតែនៅក្បែរខ្លួនប្រុសច្បង។
ពេលនេះអូប័រអែបច្រាំង សំឡេងគេដូចជាព្រហើនៗ សោះអង្គើយ ឌឺៗ ហៅនាងដោយគ្មានឈ្មោះឬមួយ…..?
«យើងទៅណា?» នាងសួរទាំងសម្លឹងតំបន់ដីកោះដែលកំពុងសំដៅចូលចត ទាំងមិនគិតធ្លាប់ស្គាល់ទីនេះទាល់តែសោះ។
ប្រសិនបើសាម៉ោះប្រុងថានឹងនាំនាងឡើងយានយន្តបន្តនៅវាលមួយនេះ ក៏ដូចក្រឡេកជុំវិញមិនឃើញមានស្រមោលយានណាមួយសោះ។
ពពុះនៃសំណើចមួយបានកើតឡើងលើបបូរមាត់អ្នកបើកខាងមុខ។
នាងចងចិញ្ចើមសម្លឹងមកសាម៉ោះដែលនៅក្បែរខ្លួន។
«មានរឿងអ្វី?» នីយ៉ាព្យាយាមបញ្ចេញសំណួរជាពាក្យបីម៉ាត់នេះ ប៉ុន្តែពេលមិនសូវលះទេ ពេលវាចេញផុតបំពង់ក នាងមានអារម្មណ៍អស់សង្ឃឹមទៅហើយ។
សាម៉ោះឱនចុះដកកាំភ្លើងខ្លីនៅលើចង្កេះ មកស្ទាបលេង ធ្វើដូចជាដល់វេនខ្លួនឯងធ្វើមេម្តង។ ជាមួយស្នាមសំណើចខុសពីសភាពត្រុនៗរាល់ដងរបស់គេទាំងស្រុង គេចាប់ផ្តើមនិយាយមួយៗ៖
«ប្អូនប៉ូលិសគិតថារឿងអ្វី?»
នីយ៉ាសឹងស្រក់ទឹកភ្នែក តែនាងស្ងួតព្រោះគ្មានកម្លាំង។ ដោយឮសំឡេងរំជើបរំជួលនៅលើទ្រូងខ្លួន នាងព្យាយាមទាញគំនិតឱ្យមូលមកវិញនិងរកវិធីស្រាយស្ថានការណ៍។ នាងយល់ថា ម៉ឺនយូមិនទុកឱ្យនាងរស់ទេ ហើយសាម៉ោះបានក្បត់នឹងឥន្ត្រាព្រោះបញ្ជាតាចាស់នោះ។
….តែគិតម្យ៉ាង….ឪកូនគេ! ឥន្ត្រាជានរណា ហេតុអ្វីគេមកខ្វល់ពីនាង? គេតាមប្អូនគេទៅស្រុកសៀមហើយ ចុះពេលនេះប៉ាគេធ្វើអ្វីនាង គេខ្វល់?
គិតបែបនេះស្រាប់តែទឹកភ្នែកឆ្អែតចិត្តដែលស្ងួត បែរជាស្រក់ចុះមកបាន។
គេមានត្រូវជាអ្វីនឹងយើង ហេតុអ្វីពេលដឹងថា គេឱ្យមនុស្សរបស់គេសម្លាប់យើង យើងឈឺចិត្តម្ល៉េះ មិនស្តាយជីវិត បែរជាស្តាយកាយវិការល្អៗរបស់គេទៅវិញ។
ដោយអណ្តឺតអណ្តកនាងនិយាយមួយៗ៖
«សាម៉ោះ! មុនសម្លាប់ខ្ញុំ ខ្ញុំសុំនិយាយជាមួយគេបន្តិច!»
សាម៉ោះមិចភ្នែកម្ខាង គេឆ្ងល់នឹងពាក្យ«សម្លាប់»ព្រោះគេមកមិនទាន់ពេលដែលម៉ឺនយូប្រុងបាញ់នាងទេ ចំណែកពាក្យ«សុំនិយាយជាមួយគេ» បែរជាបណ្តាលឱ្យនាយអង្គរក្សគិតដល់យូស៊ូ។
«បងយូស៊ូមិនទាន់ដឹងស្លាប់ឬរស់ទេ!»
នាងលេបទឹកមាត់ គ្រវីក្បាល ហើយឆ្លើយ៖
«ឥន្ត្រា!»
សាម៉ោះភ្ញាក់និងដូរទឹកមុខ។ ចង់មិនចង់ អំណាចនិងឥទ្ធិពលប្រុសច្បងម្នាក់នេះនៅមានយ៉ាងសម្បើមបំភ័យនាយសាម៉ោះ ដោយគ្រាន់តែអ្នកណាម្នាក់រំឭកពីឈ្មោះនាយ។
សាម៉ោះតាមបម្រើឥន្ត្រាយូរមកហើយ គ្រានេះ មិនឱ្យឮឈ្មោះញាក់សាច់?
គេសម្លុតនាងបង្ការអារម្មណ៍ខ្លួនឯង៖
«ឡើងគោក!»
នីយ៉ានៅក្រាញចចេសមិនព្រមក្រោក បណ្តាលឱ្យខ្មាន់កាំភ្លើងភ្ជង់មកបង្ខំនាង។
«កុំស្មានថាមិនហ៊ានបាញ់វ៉ី! លើកដៃឡើង ដាក់ទៅក្រោយ!»
ដៃរបស់ស្រីលើកមកបត់ពីក្រោយក្បាល នៅពេលក្នុងពោះទទេស្អាតនូវក្តីសង្ឃឹម។ ជាមួយការដែលមានកាណុងកាំភ្លើងតម្រង់មកសឹងពេញមួយថ្ងៃនេះ ជំនឿថានឹងបានទៅភ្នំពេញវិញនៅពេលខ្លួនបានដឹងការសម្ងាត់ជាច្រើនរបស់កោះH ជាជំនឿឆ្កួតប៉ុនណា? ឆ្កួតមែនទែនដែលឯងជឿថា គេគិតដល់ឯង ហើយព្រមឱ្យឯងទៅរកបងៗឯងវិញចន្ទនីយ៉ា។
នាងយំសស្រាក់។ រូបរាងឫកពាគួរឱ្យទុកចិត្តនៃមនុស្សទឹកកកម្នាក់ដែលនាងគិតថាគេមានភាពស្មោះត្រង់ លេចឡើងពេញកែវភ្នែក។ នាងដើរទៅមុខទាំងព្រិល និងមិនដឹងថាទៅណាមកណាឡើយ។
កាំភ្លើងរបស់សាម៉ោះបុកមកក្រោយចង្កេះនាង ហើយជននោះបានសើចក្អាកក្អាយពេលឮសូរចំណាប់ខ្មាំងយំ។
«យំធ្វើអី? អ្នកណាប្រើឱ្យយើងមានប្រជាប្រិយ? គ្រប់គ្នាទុកយើងជាមនុស្សសំខាន់ប្អូនពៅប៉ូលិស! អ៊ីចឹង យើងធ្លាក់ក្នុងស្ថានភាពជានុយល្អ!»
អត់យល់អីបន្តិចទេ។ នុយល្អស្អី? ឬមួយ…..នាងឈប់ជើងបើកភ្នែកធំៗ។
«ឯង ពួកឯងចង់ធ្វើអីបងៗយើងមែនទេ? ពិសពុលណាស់!»
នាងឡូឡាហើយមិនខ្លាចជនទាំងនេះទេ រឿងដែលនាងខ្លាចគឺគេយកនាងជានុយនាំជេនឬហាន់ដាឱ្យមករងទុក្ខ។ នឹកដល់បងៗ នីយ៉ារឹតតែស្តាយក្រោយ។ បងៗនាងប្រាប់ហើយថា ដោយសារចរិតដើរហើរនិងភ្លើតភ្លើន ថ្ងៃណាមួយនីយ៉ានឹងនាំទុក្ខមកដាក់ខ្លួន។
ពិសេស ការជឿជាក់លើមនុស្សកោះH។ ឡានមួយរោទ៍ម៉ាស៊ីនមកពីចម្ងាយ។ នាងងាកទៅមើលដីហុយទ្រលោមសព្រូស។ បុរសម្នាក់ជាជំនួយការម៉ឺនយូនិងជាឪពុករបស់សាម៉ោះ នីយ៉ាមើលស្គាល់។
«ស្អីគេ?»
Bill សម្លឹងមើលកូនប្រុសដែលបណ្តើរចំណាប់ខ្មាំងតូចមក។ ឃើញគាត់ពីឆ្ងាយ សាម៉ោះរត់ទៅភ្លាម។ Bill ទាញកូនប្រុសទៅក្បែរហើយខ្សឹប៖
«អញឱ្យតាមរកនាងម៉ូណាម៉េចចេញប្អូនប៉ូលិសមកទៅវិញ?»
ជំនួយការម៉ឺនយូទំនងជាខ្លាចរអាមិនចង់ប៉ះគ្រួសារប៉ូលិសផ្ទាល់ទេ តែសាម៉ោះដែលឃើញស្ថានការណ៍តឹងតែងនិងមានឱកាសថ្មី នៅក្បែរនីយ៉ាដោយមិនមានវត្តមានឥន្ត្រាការពារ គេក៏បង្វែងនាំនាងមកឱ្យឪពុកខ្លួនតែម្តង។
ត្រូវបានឪពុកសួរដោយឆ្ងល់ គេខ្សឹបប្រាប់៖
«សភាពការណ៍ប្តូរហើយ! យូស៊ូរបួសធ្ងន់បញ្ជូនទៅថៃ! លោកម្ចាស់និងបងឥន្ត្រាទៅតាមទាន់ហន់ បញ្ជាឱ្យខ្ញុំនាំប្អូនប៉ូលិសទៅភ្នំពេញ តែខ្ញុំយល់ថា….ស្រីម្នាក់នេះនឹងជួយឱ្យប៉ាបាន Password!»
Bill ចងចិញ្ចើម គាត់ដៀងទៅរកនីយ៉ាដែលនៅចម្ងាយប្រមាណ១០ម៉ែត្រពីគ្នា។



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ