រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី៦៣

«នៅភ្នំពេញ ចៅហ្វាយបានលង់ចិត្ត​វាយស្និទ្ធជាមួយចន្ទនីយ៉ារួចទៅហើយ! នៅកោះបេះដូង ថៅកែ​ឌូបៃ​និងប៉ូលិសជេនបានចាក់ថ្នាំសណ្តំប​ងឥន្ត្រា! ស្រីម្នាក់នេះ​ហេតុតែជួយការពារចៅហ្វាយ បានធ្វើឱ្យគាត់មានឱកាស​រត់មកវិញបាន! ពីរនាក់នេះ មានចិត្ត​លើគ្នា! គាប់ចួនឃើញមានឱកាសល្អ ខ្ញុំក៏យកមកទុកក្នុងដៃយើង​តែម្តង!»

បៀលគិតទាំងភ្នែកក្រឡេកក្រឡាប់។ មាត់គាត់សួរខ្សឹប៖

«មិញឯងថា យូស៊ូទៅបាងកកព្យាបាល? អ្នកណាធ្វើអីយូស៊ូ?»

«អត់ដឹងទេប៉ា!​ តែរបួសធ្ងន់ណាស់! មិនសង្ឃឹមច្រើនទេ!»

បៀលចងចិញ្ចើមរិះគិត កូនប្រុសខ្សឹបទៀត៖

«ឆ្លៀតពេលម៉ឺនយូនៅបាងកក យើងអាចប្រើនុយស្រីម្នាក់នេះ ហៅបងឥន្ត្រាមកចូលអន្ទាក់បាន!»

សាជាថ្មី ពីរនាក់ឪពុកកូនសម្លឹងមកមើលចំណាប់ខ្មាំងល្ងង់ៗម្នាក់នេះ។ បើសិនឱ្យជឿជាក់ថា ឥន្ត្រានឹងខ្ជាក់Passwordមកដោយសារនាង អាចថាមិនស្តែងទេ តែបើថាអាចមានឱកាស​ចាប់ខ្លួនឥន្ត្រាមកក្នុងដៃដោយសារនាង ​ប្រហែលជាសង្ឃឹមច្រើន។

ជាយូរមកហើយ ពីរនាក់នេះចិញ្ចឹមចិត្ត​ចង់បានឥន្ត្រា….ទាំងរស់ តែមិនដែលមាន​ឱកាសទេ។ ជាយូរហើយដែលBill បានដាក់កូនប្រុសខ្លួនឱ្យនៅក្បែរឥន្ត្រា តែក៏មិនសង្ឃឹម១០០%ថាអាចបង្កើត​ឱកាស​នេះដែរ។

ថ្ងៃនេះមិនមែនជាការប្លន់មនុស្ស​ធម្មតាទេ គឺជាឆាកបញ្ចប់នៃគម្រោងការ៦ឆ្នាំ។

បៀលញញឹមរអ៊ូ ៖

«កូនខ្ញុំឆ្លាត! ខ្ញុំទើបតែដឹង! បត់បែនបានលឿនណាស់អាកូនប្រុស!»

សាម៉ោះបត់ក្បាលមើលមកនីយ៉ាពីចម្ងាយ។ នារីនេះ ជាប្អូនពៅសំណព្វចិត្ត​របស់ឧត្តមសេនីយ៍ ជាប្អូនរបស់ម្ចាស់កោះបេះដូង និងជាម្ចាស់​បេះដូងរបស់បិសាចទឹកកកដែលត្រូវបានក្លូនមកឱ្យមិនចេះស្រលាញ់ ហើយនាងជាភ្លើងដែលធ្វើឱ្យទឹកកករលាយបាន។

សាម៉ោះមាន​មោទនភាព​ចំពោះ​អ្វី​ដែលបានសម្រេចចិត្ត​​​ធ្វើមួយក្តារចុងក្រោយនេះ។

«ម៉ឺនយូស្មាន​យ៉ាងណាក៏មិនដឹងថា អ្នកឈ្នះចុងក្រោយជាអ្នកណាដែរ!» សាម៉ោះនិយាយទៅកាន់ឪពុក​។ បៀលក្តោបចង្កាគិតវែងឆ្ងាយ។

​      សម្រាប់​ទីលានផ្តួលគ្នា​យកកំណប់មហាសាលពីអម្បូរត្រីកោណមាស មនុស្ស​ណាម្នាក់ដែលបានដឹងពីសាវតានេះ តែងតែប្តូរជីវិត​ដើម្បីប្រថុយយកវាមកឱ្យខ្លួនឯង ចំណែកសាម៉ោះនិងបៀល​ដែលចុះស្នាម​លើការបង្ហូរឈាមច្រើន​ឆ្នាំហើយ រឿងអីមិនមាន​មហិច្ឆតា?

​«លុយនោះច្រើនណាស់! ច្រើនដល់ថ្នាក់ពិភពលោកនេះភ្លេចថាយើងមកពីណា ហើយជាអ្នកណា!»

បៀលនិយាយទាំងញញឹម។

ប្អូនស្រីពៅរបស់ជេនត្រូវបាននាំខ្លួនមកដល់ផ្ទះមួយ លាក់ខ្លួនកណ្តាលព្រៃកោងកាង។ សភាពឆ្នេរទឹកប្រៃរខេករខាក កន្លែងនេះសមជាព្រៃកោងកាងដាច់ឆ្ងាយ​ដែលគ្មានអ្នកណាងាយនឹកឃើញនឹងមក។

កោះនេះតូច​ដល់ថ្នាក់ចង់សង់ផ្ទះ១០ល្វែងក៏នឹងចង្អៀតផង។ ឪពុកកូនមាន​កូនផ្ទះដែលសង់ពីថ្មប្រក់ស័ង្កសី មិនមែនធន់មាំនឹងខ្យល់កន្ត្រាក់ឬព្យុះព្យោមារប៉ុន្មានទេ តែចង់ស្រែកឱ្យឮដល់មនុស្ស​ម្នាក៏គ្មានសង្ឃឹម​ ព្រោះតាំងពីឡើងមកនេះ ធីតាមិនបានឃើញ​អ្នកដទៃណាក្រៅតែពី​នាយសាម៉ោះ តា​បៀល ​និងកូនចៅជាអ្នកបើកអូប័រនោះឡើយ។

នៅមាត់ទ្វារមាន​មនុស្សប្រុសវ័យកណ្តាលពីរនាក់ទៀត។ នីយ៉ា​ស្រក់ទឹកភ្នែកស្អប់វាសនាខ្លួនដែលចេញពីកោះខ្មោច បែរជាមកក្លាយជាខ្មោចនៅលើកោះគ្មានឈ្មោះនេះ។

ជុំវិញសុទ្ធតែជាមនុស្សប្រុស។

ទោះយ៉ាងណា ឆ្លងកាត់បន្ទប់ដំបូង នាងឃើញ​ស្រោមជើងមនុស្សស្រី។ ហោចណាស់អរ​ភើត​បន្តិច​តែក៏អស់សង្ឃឹមទៅវិញ។

«ប្រាប់គេ ឥន្ត្រាឬសេដ្ឋីម៉ឺនយូ​ ឱ្យមកចួបតទល់នឹងខ្ញុំសិនបើថាក្លាហាន!»

នាង​និយាយទៅកាន់តាបៀលដែលយកស្កុតធំមកព័ទ្ធដៃនាងចងស្លាបសេក ហើយ​រុញនីយ៉ា​​បង្ខំ​ចូលបន្ទប់មួយនៅចុងប៉ូច អាចឃើញរលកសមុទ្រតាមប្រលោះស្លាបព្រិលទាបបាន។ ដោយមិនមាត់មិនក ជនចំណាស់ទាញទ្វារបិទគ្រឹបហើយចាក់សោមាំពីក្រៅ។

នីយ៉ានៅតែស្រែកឡើង៖

«មិនទាន់ហួសពេលទេ លែងខ្ញុំទៅ កុំធ្វើតាមបញ្ជាតាកំណាចម៉ឺនយូ! បងខ្ញុំគង់តែរកឃើញទេ! អ្នកទាំងអស់គ្នាក៏មិនចង់មានទោសដែរ?»

បៀលស្រែកពីក្រៅសម្លុត៖

«បើឮសំឡេងទៀត នឹងត្រូវស្កុតបិទមាត់!»

នីយ៉ាទប់សម្តីបើកភ្នែកគ្រលួង លែងហ៊ាននិយាយស្តី។ សភាពការណ៍ជុំវិញ បានក្លាយទៅជាស្ងប់ស្ងាត់។ ពីរនាក់ឪពុកកូននិងកងកម្លាំងពីរបីនាក់នោះ មិនដឹងជាសំងំនាំគ្នាចេញទៅប្រជុំនៅឯណាទេ បានជាសម្រិបជើងបន្តិចមិនឮផង កុំឡើយសំឡេងនិយាយគ្នា។

នាង​សម្លឹងបន្ទប់នេះ វាមិនកខ្វក់ដូចជាទីដែលត្រូវបានបោះបង់ចោលនោះទេ តែក៏មិនមានអ្វីសង្ឃឹមជួយខ្លួនឯងបានដែរ។ មានកូនគ្រែតូចមួយ ពូកខ្នើយរបៀបមានមនុស្សគេងទីនេះប្រចាំ មានថ្នាំបន្ទះ និងបណ្តាសម្បកដបទឹក។

ស្រេកទឹកណាស់…ទើបនឹងនឹកឃើញថា នាង​ត្រូវឃុំមួយដំណាក់ហើយមួយដំណាក់ទៀត ទោះគេមិនសម្លាប់ ក៏មុនក្រោយដាច់ពោះស្លាប់ដូចគ្នា​។

«ជេន! នីដា មករកប្អូនឃើញដែរ? ប្អូនជិតស្លាប់ហើយ!»

នាង​គិតទាំងយំយែកអាសូរជីវិតកំព្រាឪពុកម្តាយ ហើយចុងក្រោយត្រូវមករងគ្រោះផ្ទួនៗ។ មិនយូរមិនឆាប់នាង​នឹកដល់….ឥន្ត្រា បុរសនេះម៉ឺងម៉ាត់ នឹងនរ កាចតែមាន​ទឹកចិត្តល្អណាស់ ដឹងខុសចេះសុំទោស គេមិនសមណាកំសាក​ធ្វើពុតជាល្អនៅនឹងមុខ​ ហើយបែរខ្នង​ឱ្យមនុស្ស​របស់គេ​ធ្វើអំពើបែបនេះឡើយ។

«បានសួរហេតុផល​តែបន្តិច ក៏អស់ចិត្ត​ដែរមនុស្ស​ទឹកកក! ខ្ញុំមិនអស់ចិត្ត​ទេ!»

ជាមួយភាពទុក្ខព្រួយ អស់សង្ឃឹម សែនហត់នឿយ នាង​សម្រេចចិត្តមកអង្គុយលើគ្រែ ហើយក្រោយមកក៏ផ្តេកត្របោមជង្គង់​លង់លក់។

សំឡេងថ្ងូរយ៉ាងឈឺចាប់មួយវ៉ាស បានដាស់នីយ៉ាភ្ញាក់ស៊ើងមើងឡើងមកវិញពីការលង់ក្នុងភាពហត់នឿយនិងអស់សង្ឃឹម។

នារីតូចជ្រួញភ្នែក ទទួលយកមិនបាន នូវសភាពរាងកាយដែលស្ទះឈាមដោយអន្លើក្នុងចំណង។ មិនយូរប៉ុន្មាន ខួរក្បាលបានប្រាប់នាងឡើងវិញសន្សឹមៗ អំពីអ្វីទៅដែលខ្លួនកំពុងប្រឈមមុខ។

ប្អូនស្រីពៅរបស់ប៉ូលិសដ៏កម្សត់បានបើកភ្នែកមកសន្សឹមៗ ខណៈពេលដែលផ្សាឈឺព្រោះភ្នែកទាំងគូហើមពោរទៅដោយការយំយែក។

មាត់នាងកន្ត្រាក់ញ័រសម្លឹងឆ្ពោះទៅមាត់ទ្វារនៅចំពីមុខ ដែលនៅបិទជាប់ម៉ឺងមិនបានរង្គើកម្រើកអ្វីបន្តិចពីទ្រង់ទ្រាយដើម។

មេឃខាងក្រៅងងឹតហើយ ខ្យល់បក់វូៗប៉ះដំបូលស័ង្កសីបង្កជាសំឡេងលាន់លាយឡំមកជាមួយស្នូររលកទឹកម្ដងកញ្ជ្រោលម្ដងស្ងប់។

សម្រែកអ្នកណាស្រែកអម្បាញ់មិញ? ចំណាប់ខ្មាំងមិនមែន​មានតែយើងម្នាក់ទេ?

គឺជាសំឡេងមនុស្សស្រី ទោះយ៉ាងណាក្តី នីយ៉ាចាំបាន។

ស្រីបិទភ្នែកត្រលប់មកវិញដើម្បីផ្ទៀងផ្ទាត់គិត នូវអ្វីៗដែលខ្លួនបាន​ទទួលដឹងមកតាមរយៈញាណនានាសឹមវិភាគបន្តទៀត។

មិនយូរប៉ុន្មានសំឡេងមនុស្សខ្សឹបខ្សៀវលាន់មកតាមខ្យល់។

«សំណាងហើយ! របួសមិនទាន់ក្លាយ! កុំឱ្យត្រូវទឹកប្រៃទៀត! ហើយថ្នាំអស់នេះត្រូវលេបទៀងទាត់! មួយទៀត មិនឱ្យប៉ះពាល់គ្រឿងសមុទ្រមួយរយៈ!»

នេះជាសំឡេងមនុស្សប្រុសវ័យកណ្តាល។ នីយ៉ាមិនដែលស្គាល់ទេ អាចជាពេទ្យ? អ្នកស្រែកអម្បាញ់មិញនេះ​តាមពិតមកព្យាបាលរបួស? ទីនេះជាកន្លែងអ្វី? ពួកគេជាបក្សពួកតែមួយ​ហើយមើលទៅ ព្រោះយើងមិនត្រូវចងមាត់ បើយើងស្រែក ក៏ពួកនេះមិនខ្វល់ដែរមាន​តែមកយកស្កុតបិទមាត់យើងវេទនាថែម។

«ខ្ញុំអាចដើរបានពេលណា? ខ្ញុំអាចប្រើដៃនេះ ឡើងវិញបានពេលណា?»

សំឡេងមនុស្សស្រីម្នាក់នេះ….ធ្វើឱ្យប្អូនប៉ូលិសបើកភ្នែកខ្វាកធំៗសឹងប៉ុនពងមាន់។ ដូចស្គាល់? ទោះបីថាលាន់មកពីឆ្ងាយ ព្រោះពួកអ្នកដែលកំពុងចរចាហានិយាយថ្នមៗបែប​ប្រយ័ត្នប្រយែងខ្លាំង ប៉ុន្តែគេមិនស្មានដល់ឡើយថា ខ្យល់សមុទ្របានបោក​នាំសំឡេងរបស់គេមកដល់ត្រចៀកនាងតាមទិសលំហូរខ្យល់។

ចាំបានហើយ! ម្នាក់ស្រីនេះ ដូចជាមនុស្សស្រីដែលនីយ៉ាបានឮឈ្លោះជាមួយម៉ឺនយូនៅខាងក្រៅបន្ទប់ព្យាបាលលើកោះខ្មោច។

ក៏ជាមនុស្សស្រីដែលបាននិយាយថា ឥន្ត្រាជាកូនក្លែងក្លាយ។ នីយ៉ា​ខំសំងំ​រង់ចាំក្រែងឮពួកគេនិយាយអ្វីទៀត តែស្ងាត់សូន្យ។

នារីខំទាញប្រាណឱ្យក្រោកអង្គុយទាំងកម្លាំងត្រដាបត្រដួស ទម្រាំតែក្រោកបានបន្តិច ​ក៏ដួលទៅវិញពីរបីដងទៅលើពូកដដែល។

ដោយសារ​តែមនុស្សស្រីនិងមនុស្សប្រុសនោះលែងឮមាត់ទៀត នាងក៏សំងំគិត រំឭកពីអត្ថន័យចរចារវាងពួកគេ។ តាមរយៈកិច្ច​សន្ទនាអម្បាញ់មិញ មនុស្សស្រីនោះសមថាត្រូវរបួស។ នីយ៉ាចាំបានថាយូស៊ូបានបាញ់នាងនោះរត់បាសជើងសព្រាតព្រោះខាងប្រុសនៅទីតាំងល្អជាង អាចបំពួនឆ្មក់ ឯអ្នកខាងក្រោមពូកែយ៉ាងណាក៏ពិបាក ដោយសារតែរបួសតាំងពីចាប់ផ្តើមផ្ទុះអាវុធទៅហើយ។

រឿងដែលនាង​កំពុងសួរខ្លួនឯងគឺ ពីកោះខ្មោច នៅក្រៅផ្ទះព្យាបាលចាស់របស់កូនប្រុសម៉ឺនយូ នាង​អាចរត់មកដល់ទីនេះ ប្រាកដណាស់ នាងរង់ចាំទទួលការព្យាបាលនៅក្រៅប្រព័ន្ធមន្ទីរពេទ្យរដ្ឋ អាចថា​មិនចង់ឱ្យប៉ូលិស​ឬអ្នកណារកឃើញ?

ចាំបានហើយ ម៉ឺនយូបាន​ប្រាប់ថា នាងជាចោរប្លន់ផង?

ខ្លាំងណាស់ មិនត្រឹមតែមិនត្រេកអរដែលគេនិយាយថាដំបៅមិនក្លាយ បែរជាចង់ប្រើដៃទៀត? តើនារីដៃដល់ ខ្មាន់កាំភ្លើងម្នាក់នេះចិញ្ចឹម​ចិត្ត​តតាំងជាមួយម៉ឺនយូ ឬមួយក៏ធ្វើអ្វីផ្សេងទៀត?

ប៉ុន្តែមកដល់ត្រង់ណេះ នីយ៉ា​រឹតតែមិនយល់រឿងមួយថែមគឺ បើជននោះជាសត្រូវរបស់ម៉ឺនយូនិងយូស៊ូ ចុះហេតុអីបានជាមកសំងំ​នៅក្នុងសម្បុកនេះ វាមានន័យថា តាបៀលនិងកូនប្រុសបានក្បត់ពីម៉ឺនយូនាំចោរចូលផ្ទះ ហើយពេលនេះទទួលព្យាបាលចោរទៅវិញ។

ប្អូនប៉ូលិស បើកភ្នែកចិញ្ចាចដោយសេចក្ដីសង្ឃឹមមួយតូច។ ហោចណាស់ ឥន្ត្រាមិនបានក្បត់នាង ​ឱ្យសាម៉ោះឃុំនាងយ៉ាង​ឃោរឃៅបែបនេះឡើយ។

ឬមួយក៏សាម៉ោះតាមប៉ាគេ ហើយ​បានក្បត់ឥន្ត្រា?

ឱ! មនុស្ស​ទឹកកក គេមិនដឹងទេថា យើងនៅទីនេះ ជាប់ក្នុងចំណងនេះទេដឹង?

គេរវល់រឿងអាយុជីវិតប្អូនប្រុសគេ មានពេលអីមកគិតពីយើង​ យើងមានត្រូវជាស្អីនឹងគេ?

នាង​ខាំមាត់ក្រោកអង្គុយបានសម្រេច។ កម្លាំងមកពីណាទេ ពេលនឹកឃើញ​ដល់បុរសនេះ។ នឹកឃើញអនុស្សាវរីយ៍ចុងក្រោយ គេនៅពីក្រោយនាងលើយានទឹក។ នាងនិងគេសប្បាយកក្អឹក ខណៈគេនាំនាងមកឱ្យប្អូនប្រុសគេ។ ទាំងក្រៀមក្រំ នីយ៉ានឹកឃើញ​ដៃគេ​ជ្រែងហោប៉ៅយ៉ាងសង្ហា មុខស្ងួត ខណៈបាតដៃម្ខាងទៀតលាមកទាមទារយកសោអូប័រ។ «រៀនមិនទុកចិត្តគ្នាទៀតនៀក!» ចាំបានថា ប្រុសនិយាយមកនេះទាំងភ្នែកស្រពោន «អ្នកណាថាទុកចិត្តពីពេលណា?​» ស្រីតបបានចិត្ត​ដែល​ឃើញគេស្រពោន តែនាងមិនដឹងទេថា ស្រពាប់ស្រពោននេះដោយសារកំពុងធ្វើកំហុសធំមួយចំពោះនាង​។

នីយ៉ាបិទភ្នែក​បង្ខំខ្លួនឯងឱ្យឈប់ស្រមៃរឿងកន្លងហួស ព្រោះបច្ចុប្បន្នវាសនាខ្លួនចេញពីកន្លែងនេះបានឬមិនបាន គ្មានចម្លើយសម្រាប់ខ្លួនឯងផង។ ពេលបំភ្លេចបុរសនេះមិនបានសម្រេច​ នាងឆ្ងល់ខ្លួនឯង។

ហេតុអី….ក្នុងរយៈពេលនេះ យើងមិនបានគិតសូម្បីបន្តិចណាដល់ជីវិតយូស៊ូដែលយើងធ្លាប់ទុកថាជាទេវបុត្រ?

ដង្ហើមយើងពេលណាបែរជាគិតឃើញអំពីបងប្រុសគេទៅវិញ? ប្រហែលជាមកពីពាក្យទាំងនេះ «មនុស្សកោះបេះដូង មានល្បិចច្រើនណាស់! យើង​ត្រូវឱ្យប៉ូលិស​សួរចម្លើយពួកគេថា មកមន្ទីរពេទ្យនេះធ្វើអី? ហេតុអ្វីគេចូលទៅប្លន់គ្រែពេលបងឯកំពុងឈឺធ្ងន់?​?» សម្តីយូស៊ូចាក់រុកឥន្ត្រាពេលស្លាប់ហើយរស់ឡើងមកវិញ។

មិនថាយូស៊ូបានចូលជួយនាង​ដោយចៃដន់ឬពុះពារនៅលើកោះខ្មោច គេគ្មានគុណសម្បត្តិអ្វីលើសពីអ្នកជួយសង្គ្រោះនោះទេ ឯអារម្មណ៍ជាសង្សារស្លាប់ទៅយូរណាស់ហើយ តាំងពីពេលដែលគេចាប់វាយខ្នោះបងនាង ធ្វើឃោរឃៅដាក់នាង ប្រមាថកោះបេះដូងនិងគ្រួសារនាង។

មិនដឹងតាំងពីពេលណាទេ​ នីយ៉ាឆ្អែត!

គេដេកស្តូកមុននេះ ព្រោះប្រតាយកាំភ្លើងការពារជីវិតនាង នាង​បានឃើញផ្ទាល់ភ្នែក ចុះម្តេចនាងនៅតែគ្មានអារម្មណ៍លើកទោសឱ្យគេ? ព្រោះថាអារម្មណ៍ពីស្រលាញ់ខ្លាំង មកខកចិត្ត​វិញ គឺខកចិត្ត​ខ្លាំង ខ្លាំងដល់ថ្នាក់ គុណស្រ័យ អំពើល្អណាក្តីក៏មិនអាចលុបលាងពីលើបានទៀតដែរ។

មនោសញ្ចេតនា​នាង​និងយូស៊ូ បានស្លាប់សូន្យទៅនូវបណ្តាចិត្តធ្លាប់​ស្រលាញ់ គឺចប់ទៅយូរយារតាំងពីពេលដែលនាងភ្ញាក់ខ្លួនដឹងសមាសភាពគេ គេកុហកនាង យកនាង​លេងសើច រហូតនាង​លោតទៅក្នុងគន្លងទឹក បន្ទាប់មកគេប្រើកាំភ្លើងភ្ជង់នាងចំពោះមុខ​អ្នកផ្ទះរបស់នាង​លើកោះបេះដូង។

នៅពេលបងប្រុសគេដឹកនាងយកទៅផ្សះផ្សាជាមួយគេ នីយ៉ាព្រមបំភ្លេច​ចោលដំបៅដែលនៅស្នាម ហើយសាងស្នេហ៍ឡើងវិញ ជាការទុកឱកាស​មួយឱ្យគេ និងទុកឱកាសមួយឱ្យខ្លួនឯង ចំណែកអនុស្សាវរីយ៍ចុងក្រោយដែលនីយ៉ា​ទទួលបាន គឺសម្តីចេញពីមាត់គេផ្ទាល់​ «….មនុស្ស​ចង្រៃពីរនាក់នោះ​ នៅក្នុងគុកអស់មួយជីវិតសមមុខហើយ!»«ចាប់ទាំងខ្ញុំម្នាក់ទៀតហ្មែន?»«ឱ្យតែពាក់ព័ន្ធ! ចូលគុកទាំងអស់!»។

នីយ៉ាស្រក់ទឹកភ្នែក។

គេនៅមានជីវិតឬក៏អត់ នាងមិនអរ ក៏មិនក្រៀមក្រំ។ សាបឈឹងហើយរូបរាងគេក្នុងជីវិតនាង។ ប្អូនពៅប៉ូលិសក៏ដឹងដែរថា ជំនួសឱ្យយូស៊ូ នាង​បែរជានឹកឃើញអំពីមនុស្សទឹកកកជាបងប្រុសគេជានិច្ចជាកាលព្រោះថា រាល់ពេលដែលស្រីមានបញ្ហា ឱ្យតែមានគេនៅ គ្រប់យ៉ាងអាចដោះស្រាយបាន​។

ពេលនេះ តើគេដឹងទេថាកូនចៅជាទីទុកចិត្តរបស់គេ មិនបាននាំនាង​ទៅភ្នំពេញ?

ដៃពីរដែលជាប់ចំណងតឹងណែនទៅហើយ ស្រីនៅស្រវារាវរកម្រាមដៃដែលកំពុងពាក់ចិញ្ចៀនរបស់គេ។ ចិញ្ចៀនគាស់គន្លឹះសោដែលគេយក​​មកជាអំណោយនាថ្ងៃបុណ្យកំណើត។ ស្រីនិយាយក្នុងចិត្ត​តែម្នាក់ឯងយ៉ាងកម្សត់៖

«ខ្ញុំជាប់គាំងនៅកន្លែងចង្រៃនេះ! សោចាក់ច្រវាក់ពីក្រៅទៅហើយ! អំណោយរបស់ខ្លួនមិនអាចជួយខ្ញុំបានទេថាឥន្ត្រា! ពេលនេះ ប្អូនប្រុសលោកកំពុងព្យាយាមសង្គ្រោះជីវិត តែបែរជាអារម្មណ៍ខ្ញុំសាបឈឹងគ្មានន័យអ្វី​ទាក់ទងនឹងគេ? ម្តេចក៏ពេលចុងក្រោយនេះ ខ្ញុំបែរមានរឿងជាច្រើនចង់និយាយតែជាមួយលោក? មិនដឹងថាជារឿងអីខ្លះទេ ប៉ុន្តែខ្ញុំពិតជាមានសេចក្ដីសង្ឃឹមតូចមួយ មុនពេលដែលខ្ញុំស្លាប់ តើខ្ញុំបានឃើញខ្លួនម្ដងទៀតដែរទេមនុស្សទឹកកក? ខ្ញុំចង់ស្គាល់អារម្មណ៍ដ៏សុខសាន្ត មានសុវត្ថិភាពនិងកក់ក្តៅនៅពេលដែលមានខ្លួននៅក្បែរៗ! ខ្ញុំស្តាយពេលវេលាទាំងអស់ ដែលរាងកាយខ្ញុំស្ថិតក្នុងរង្វង់ដៃខ្លួន នៅពេលដែលដៃខ្លួនប៉ះខ្ញុំ! ហើយនៅពេលដែលខ្លួនខ្ញុំស្រវឹងក្បែរៗខ្លួន ខ្ញុំតែងតែត្រូវបានការពារ?»

នាង​យំស្តាយគ្រប់យ៉ាង​ដែលបានកើតឡើងទាំងផ្អែមល្ហែមនិងជូរចត់។ មិនយូរប៉ុន្មានស្រី​រេភ្នែកសម្លឹងជុំវិញ ហើយសំណួរមួយលេចឡើង «ម្តេចយើងទន់ម្ល៉េះ? ព្រមឱ្យខ្លួនយើងដេកចាំស្លាប់? បើស្លាប់ទៅមិនបានចួបគេជាថ្មី យើងមានពេលអីនឹងសួរគេអំពីអត្ថន័យពិតនៃកែវភ្នែកស្រពោនៗរបស់គេ? តើហេតុអ្វីគេល្អនឹងយើង ហើយចុងក្រោយបែរជាបញ្ជូនយើងទៅឱ្យប្អូនប្រុសគេ? គេមិនស្តាយយើងទេ? គេមិនចេះប្រចណ្ឌខ្លះទេ? គេបានថើបយើងក្រោមទឹកនិងបានឃើញរាងកាយយើង ហេតុអ្វី…..គេ»

អត់ទេ! យើងនៅមានសំណួរច្រើនណាស់មិនទាន់បានចម្លើយទេ នីយ៉ា​! ឯងត្រូវចាប់ផ្ដើមរកវិធីចាកចេញពីទីនេះ។

នាង​ប្រាប់ខ្លួនឯង រួចសម្លឹងទៅកាន់ប្រហោងស្លាបព្រិលជាច្រើន។ ដោយសារកន្លែងនេះមិនបើកភ្លើង បានជាមានពន្លឺពីសមុទ្រឆ្លុះចូលមក ដូចជាចាំងភ្លើងពីបន្ទប់ផ្សេង។ ទីនេះដូចជាមិនមែនសាងសង់មកដើម្បីឃុំមនុស្សនោះទេ ប៉ុន្តែដៃស្រីជាប់ចំណងរឹងមាំ ប្រសិនបើនាងចង់ស្រែករកជំនួយ វាទាល់តែប្រាកដថា មានអ្នកនេសាទក៏អ្នកភូមិផ្សេងចូលមកនៅក្បែរៗនេះ។

ក៏មិនប្រាកដថា គេនឹងព្រមប្រថុយយកគ្រោះដាក់ខ្លួន​ ដើម្បីនឹងជួយជីវិត​នាងនោះដែរ។ តើធ្វើយ៉ាងណាអាចឱ្យដំណឹងនេះទៅឥន្ត្រាបាន។

ទ្វាររបើក។

ស្រីភ្ញាក់ក្រញាងដែលសាម៉ោះបង្ហាញខ្លួនជាមួយមនុស្សប្រុសម្នាក់មានចង្កៀងម៉ាងសុងមួយនៅដៃ។

ជនដៃដល់ លើកទូរសព្ទដៃហើយចាប់ផ្តើមចុចថតនាង។

វគ្គ

អន្ទាក់របស់សាម៉ោះ

ម៉ោង១២អធ្រាត្រហើយ នៅអាគារសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ Saint Louis Hospital ប្រទេសថៃ ម៉ឺនយូនៅអង្គុយក្បែរកូនប្រុសធំ…..

«អ្នកជំងឺនៅខ្វះឈាមច្រើនទៀត! សូមរកមនុស្សបរិច្ចាគ!» គិលានុបដ្ឋាយិកាជានារីវ័យកណ្តាល បានប្រាប់ដោយទឹកមុខបន្ទាន់ ធ្វើឱ្យឥន្ត្រាស្ទុះងើបពីកន្លែងអង្គុយ​ តែត្រូវ​ម៉ឺនយូទាញដៃមកវិញ។

សេដ្ឋីកោះH គ្មានផ្លូវឱ្យគេបញ្ចេញឈាមផ្តេសផ្តាសទេ។

សម្រួលទឹកមុខកុំ​ឱ្យអ្នកផងសង្ស័យ ជនចំណាស់នេះនិយាយជាភាសាថៃ៖

«កូនច្បងខ្ញុំទើបចេញពីICUម្សិលមិញ ទុកខ្ញុំជាអ្នកបូមឈាម!»

ព្រោះអង្គរក្សគ្រប់គ្នាបូមអស់ហើយ ពេលនេះដល់វេនម៉ឺនយូ។

ឥន្ត្រាសម្លឹងដំណើរឪពុកដែលដើរតត្រុកទៅតាម​ពេទ្យ។ គេងាកមកមើលប្អូនប្រុសពៅក្នុង​បន្ទប់​ICUទោល​ ដែលគេងស្តូកស្តឹង​ឱបម៉ាស៊ីនបញ្ចូលឈាម។

ម្សិលមិញគេ ថ្ងៃនេះប្អូន….លេងសើចណាស់!

ទូរសព្ទគេរោទ៍ ពញ្ញាក់គេពីអារម្មណ៍ឯកោខ្វល់ខ្វាយ។ គ្មានលេខទេ តែគេដឹងថាជាអ្នកណា។

«អាឡូ!»

«នីយ៉ាគ្មានដានទេ!» ជេននិយាយទាំងបារម្ភ។ ឥន្ត្រាតបវិញតាមធម្មតា៖

«កូនចៅខ្ញុំជូនគេទៅភ្នំពេញវិញតាំងពីរសៀល!»

ជេនប​ង្អង់គិត រួចទើបឮឆ្លើយ៖

«បើពិតមែន គួរតែមកដល់ហើយ នេះគ្មាន​ដំណឹងសោះ! ហើយមនុស្ស​កោះH ទៅណាអស់? ម៉េចស្ងាត់​ដូចរហោដ្ឋាន?»

រហោដ្ឋាន? គេមិនមានពេលឈ្លោះជាមួយជេនទេ។ ចិត្ត​ឥន្ត្រាសោកសៅមិនដឹងមកពីហេតុផលអ្វីឱ្យពិតឡើយ អាចការតានតឹងនៃជីវិតយូស៊ូ អាចគេនឹកស្រីស្អាត ម្តេចមិនទាន់ដល់ភ្នំពេញ។ គេរឹតតែមិនចង់និយាយទៀតថា ពេលនេះខ្លួននៅឯណា បានត្រឹមតបវិញខ្លី៖

«ខ្ញុំឆែករឿងនីយ៉ាជាមួយមនុស្សខាងខ្ញុំឱ្យ!»

«ផ្ញើប្អូនខ្ញុំជាមួយអ្នកណា?» ជេនហាក់មិនអស់ចិត្ត​។

«មនុស្ស​ខ្ញុំទុកចិត្ត​!» ឥន្ត្រាតបវាហី។

«ឈ្មោះអី នៅឯណា?»

ឥន្ត្រាតាមថាមិនដែលព្រមឱ្យជេនសម្លុតទេ តែ​អាចថាលើកនេះ គេធ្លោយមកនៅឆ្ងាយមិនអាចរក្សាសុវត្ថិភាពនាង​បាន គេសង្កត់ទ្រូងតបវិញ៖

«សាម៉ោះ!!! ចាំខ្ញុំហៅលេខគេឱ្យ!»

មិនទាន់បានហើបមាត់ទៀតផង គេភាំងព្រោះកូនចៅម្នាក់រត់មកត្រហេបត្រហប។

«បង! បងសាម៉ោះខលមក!» សំឡេងកងកម្លាំងដែលស្លើតស្លក់មករកឥន្ត្រា ធ្វើឱ្យទាំងជេន​ក៏ផ្អាកការសន្ទនារង់ចាំ។ ឥន្ត្រា​បើកភ្នែកមូលក្លុំសម្លឹងទូរសព្ទមួយទៀតដែលហុចមក។

«អាឡូ!»

សំឡេងសាម៉ោះយំ៖

«បង! យើងមានរឿងហើយ! ពួកវាប្លន់មនុស្ស! គ្នាយើងរបួស ខ្ញុំតស៊ូមិនបានសម្រេចបង!»

«ឯងរបួសធ្ងន់ទេ? ហើយ…..ឯណាប្អូនស្រីប៉ូលិស?»

«មនុស្ស​ត្រូវនាំយកទៅហើយបង! អត់ដឹងទៅដល់ណាទេ!»

«មើលខ្លួនឱ្យជាសិនទៅ!»

គេបិទទូរសព្ទបោះទៅឱ្យជនដដែល ហើយលើករបស់ជេនមកស្តាប់ទាំងដៃម្ខាងទៀតច្រត់ចង្កេះតានតឹងចិត្ត​៖

«ឮហើយ! នីយ៉ាបាត់ខ្លួន! ចន្លោះកើតហេតុរវាងកោះខ្មោចទៅកោះH! ប៉ូលិសកំពុង​នៅហ្នឹងស្រាប់ឆាប់ចាត់ការទៅ! ខ្ញុំហៅមនុស្ស​ខ្ញុំឱ្យជួយ!»

ជេនដឹងថា រឿងធំកំពុងកើតឡើង។ គេសង្កត់សំឡេង​ដាក់ទូរសព្ទ…

«អ្នកណាធ្វើ?»

ឥន្ត្រាចុច​បិទព្រោះគ្មានពេលឆ្លើយ។ មនុស្ស​ពីរបីនាក់រត់ញាប់ជើងមកក្នុងបន្ទប់របស់យូស៊ូ។ គេងាកមកផ្ចង់តាមមើលដោយផ្អែមមាត់បារម្ភ។ ចលនាសង្គ្រោះកំពុងរៀបចំឡើងយ៉ាងប្រញឹក។ បន្ទប់ICUនិងវាំងននត្រូវបានបិទ។ ប្រុសស្អាតទម្លាក់ទូរសព្ទចោលលើសាឡុង លើកដៃទាំងសងខាងទ្រោបក្បាល។ សំឡេងនាង​កាលពីម្សិល​គេនៅនឹកឃើញ គឺពេលដែលគេស្លាប់ហើយរស់ឡើងមកវិញ នាងបានអង្វរគេឱ្យដោះលែងដកពាក្យបណ្តឹងគីម៉ាលើនិងហាន់ដា «ខ្ញុំចាំខ្លួននៅកន្លែងប៉ូលិសឮនៅ? ខ្ញុំនៅចាំខ្លួននៅហ្នឹងឥន្ត្រា!»។

ប្រុសស្អាតច្បូតមុខចុះតិចៗក៏ប្រទះឃើញស្នាមខាំពីរជួរនៅក្រឡៅលើកំភួនដៃនេះ។ សំឡេងនាង​គេនៅទន្ទេញ​ចាំ «ឥន្ត្រា ខ្ញុំអត់ទៅកោះHទេ» នឹកឃើញទឹកភ្នែកនាងនៅពេលដែលត្រូវយូស៊ូបង្ខំចេញពីកោះបេះដូងមក ពេលនេះនាង​កំពុងខ្សោយប្រាណ ហើយត្រូវចាប់ជម្រត់ជាបន្តបន្ទាប់ តើគេធ្វើអីនាងខ្លះហើយ ប្អូនប៉ូលិស?

អ្នកចាប់នីយ៉ាទៅប្រាកដណាស់ ឥន្ត្រាយល់ថាជាសត្រូវគ្រួសារប៉ូលិស គេប្រាកដណាស់ចង់បានជេន ទោះពេលនេះគេមិនទាន់ឱ្យនាងស្លាប់ តែនាង​ឆ្លងកាត់ឈុតឆាកអស់នេះឯកោម្នាក់ឯងរបៀបណាទៅ?

បេះដូងនាយដាច់ដោចទៅដោយ​ក្តីបារម្ភ។ នៅបន្ទប់ចុងឆ្នេរ នាងបានគេចចេញពីយូស៊ូមក​រក​នាយ នាង​ជេរគេ «មិនសប្បាយចិត្តទេ! រហូត…ដល់ខ្ញុំចេញពីកោះនេះ! ខ្ញុំត្រូវការឈប់ឃើញមុខខ្លួនជារៀងរហូត កូនម្ចាស់កោះ!» នឹកដល់យូស៊ូ​ដែលច្រណែនជាខ្លាំងពេលឃើញ​នាង​មកស្និទ្ធនឹងបងប្រុស សម្តីយូស៊ូ​ ឥន្ត្រាក៏ចងចាំ «អ៊ីចឹង? ហើយចង់ឃើញអ្នកណាវិញ ឬមួយក៏ចង់ឃើញបងខ្ញុំ? គិតថា យកបងមកបញ្ឈឺប្អូនឬយ៉ាងម៉េច?»។

ប្រុសច្បងដកអារម្មណ៍មកវិញ ហើយងាកមករកបន្ទប់ប្អូនប្រុស។

ពេទ្យបើកទ្វារចេញមកក្រាក។ គាត់ជូតញើស ហើយសម្លឹងរកនាយជាមួយពន្លឺភ្នែករីករាយ​លាយហត់នឿយ។

«អបអរគ្រួសារអ្នកជំងឺ! គាត់ឆ្លងផុតពីគ្រោះថ្នាក់ហើយ!»

ឥន្ត្រាមិនរវល់ទេ ថាហេតុអ្វីក្រោយពីស្លាប់ហើយរស់ឡើងមកវិញ គេអាចស្តាប់បានសូម្បីភាសាអង់គ្លេសឬថៃ ឬអានអ្វីក៏ដាច់ គេលេចស្នាមញញឹម​អំណរ ស្ទុះទៅក្បែរទ្វារ តែត្រូវហាមឃាត់។

«សុំឱ្យអ្នកជំងឺបានសម្រាក គេត្រូវការឈាមច្រើនទៀត!»

ប្រុសច្បង​ថយមកវិញ​តាមពាក្យបង្គាប់។ គេដកចិត្ត​មកគិតអំពីស្រីស្អាតវិញក្រោយពីបន្ទុកមួយត្រូវបានសម្រាល។

ទូរសព្ទគេលោតសារ…..

ប្រុសមិចភ្នែកសម្លឹងទៅសាឡុង….វាជារូបភាព។ ហើយជារូបមនុស្ស​ស្រីដែលបេះដូងគេនឹក។

នីយ៉ា?

គេស្រវារកលើកឧបករណ៍ព្រោះឃើញប្រាកដថា ជារូបនាងក្នុងចំណង….

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*