រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី៦៤

ដៃម៉ឺនយូលូកដល់មុនដោយដណ្តើមកាន់យកឧបករណ៍របស់នាយ។

បុរសចំណាស់កំពុងផ្តោត​សម្លឹងមើលរូបស្រីតូចប្អូនប៉ូលិស​ដែលត្រូវជាប់ចំណង ស្របពេលឥន្ត្រាបរិយាយប្រាប់៖

«សាម៉ោះថ្លោះការណ៍ មាន​គេពង្រត់នីយ៉ាទៅហើយ គោលដៅអាចជាពួកប៉ូលិសបងប្រុសគេ!»

ម៉ឺនយូដៀងមកសម្លឹងកូនច្បង​។ ភ្នែកគាត់មានសញ្ញាបដិសេធគំនិតនេះ។ ប្រសិន​គោលដៅពួកនោះជាគ្រួសារប៉ូលិស គេផ្ញើរូបចន្ទនីយ៉ាមកឥន្ត្រាធ្វើអី?

ដូចគាត់ស្មាន​ មិនបានប៉ុន្មាន​វិនាទីសោះ សារសំឡេងលោតមក Private គ្មានលេខឬ​អាសយដ្ឋាន​។ ម៉ឺនយូងាកឆ្វេងស្តាំ ឃើញគ្មាននរណាក៏ថយទៅចុចស្តាប់ ឥន្ត្រាទៅតាមដោយងឿងឆ្ងល់…..

«នាងល្អិតនេះក្នុងដៃពួកអញ! ឯងត្រូវឡើងមកកំពង់សោមឱ្យទាន់មុនម៉ោងបីភ្លឺ! បើយឺតជាងហ្នឹងចាំអញថតរូបសពឱ្យ!»

ឥន្ត្រាក្តាប់មាត់សម្លក់ទូរសព្ទ។ ឪពុកចាប់កដៃគេជាប់ ខណៈភ្នែកគេ​សឹងស្រក់ឈាម។

អ្នកនិយាយជាសំឡេងមិនធ្លាប់ស្គាល់ ប្រើភាសាខ្មែរ ទោះពេទ្យ​ដើរកាត់ចុះឡើងក៏មិនយល់ថាជាអ្វីដែរ។

«សម្លាប់ចោលទៅ!»

ម៉ឺនយូសរសេរសារតបវិញជាអក្សរ មិនប្រើសំឡេងទេ ព្រោះមិនចង់ឱ្យក្រុមម្ខាងទៀតដឹងថាជាគាត់អ្នកឆ្លើយជំនួសកូនប្រុស។

«អត់ទេប៉ា!»

ឥន្ត្រាប្រញាប់ទាមទារទូរសព្ទធ្វើឱ្យគាត់គេចថយក្រោយ ហើយសម្លឹងគេដោយចម្លែក។ ភ្ញាក់ផ្អើលណាស់សម្រាប់ម៉ឺនយូដែល​ឥន្ត្រាអាចមើលអក្សរដាច់។

ក្រែង….ឆ្លងកាត់ការវះកាត់ជាច្រើនលើកនោះ ម្នាក់នេះលែងអាចអានអក្សរបានហើយ? ហេតុអ្វីបានជាគេសម្លឹងម្រាមដៃយើង ក៏អាចមើលយល់និងដឹងថា យើង​ឱ្យជនពាលសម្លាប់ប្អូនស្រីប៉ូលិសជេន​បំបិទមាត់រាល់អាថ៌កំបាំងដែលនាង​ដឹង។

គិតច្រើនក្តី សង្ស័យក្តី គាត់នៅតែធ្វើមុខខែងរ៉ែងប្រើអំណាចជាឪពុក​សម្លុតមកកូនប្រុស៖

«មើលប្អូនឯងនៅឯណេះទៅ! រឿងផ្សេង ទុកប៉ាចាត់ការ! ប៉ាជាអ្នកសម្រេចចិត្ត​!»

គេបដិសេធភ្លាមទាំងមុខមាំ៖

«យូស៊ូលែងគ្រោះថ្នាក់ដល់ជីវិតហើយ! ខ្ញុំទៅជួយនីយ៉ា!»

ម៉ឺនយូសម្លឹងបាតដៃធំមួយដែលលូកមកទារយកទូរសព្ទ។ គាត់មិនមាន​ឱកាស​ក្នុងការ​ចុចបញ្ជូនសារ«សម្លាប់»នៅឡើយ ព្រោះទឹកមុខឥន្ត្រាប្រាកដប្រជាណាស់។

សម្រាប់មហាសេដ្ឋីកោះH បានសត្រូវមិនស្គាល់មុខសម្លាប់នីយ៉ាចោល ដូចជួយដោះបន្លាចេញទ្រូងខ្លួន ដូចព្រួញមួយបាញ់បានសត្វពីរ គឺធ្វើបាបទាំងជេន សម្លាប់ទាំងអ្នកដឹងអាថ៌កំបាំងខ្លួន ដោយរលាស់ដៃមិនបាច់ប្រឡាក់ឈាមផង តែក្រឡេកមកទឹកមុខប្រុសច្បង ប្រសិនគាត់ទទឹងទទែងហើយ​គេនេះមានប្រតិកម្មចរន្តឈាម ​គាត់នឹងខាត។

ជនមានល្បិចចាំបាច់ត្រូវហុចហ្វូនសងទៅឱ្យកូនប្រុស។

ឥន្ត្រាមិនបានសរសេរតបទេ គេVoiceសំឡេងតែម្តង៖

«អ្ហែងចាំជួបអញអាកំសាក!»

ងើបមុខ​មកវិញគេឃើញឪពុករាដៃឃាត់៖

«គ្មានទាក់ទងនឹងយើងទេ គេមាន​បងៗគេ ឱ្យពួកហ្នឹងដោះស្រាយខ្លួនគេទៅ!»

ឥន្ត្រារេភ្នែកសម្លឹងឪពុក។ គេវាចាតិចៗ៖

«ម្នាក់នេះមិនសរសេរមក តែសុខចិត្ត​ផ្ញើសារជាសំឡេង គេអាចជាមនុស្ស​កោះH! ពួកហង្សសបង្កប់ក្នុងជំរំយើង!»

ម៉ឺនយូរិះគិត។ តាមពិតក្រៅពីមនុស្សកោះH គ្មានអ្នកណាដឹងថាប្រុសច្បងឈឺធ្ងន់អានអក្សរមិនដាច់នោះទេ ហើយបើគេចាប់ប្អូនប៉ូលិសមិនគំរាមប៉ូលិស គេមកគំរាមឥន្ត្រាឱ្យបង្ហាញខ្លួនមានន័យថាម៉េច?

គាត់វាចាមួយៗដោយចម្ងល់៖

«វាជាអ្នកណា ហៅកូនទៅ វាចង់បានអី?»

«ម្តងជាពីរដង ពួកហង្សសចង់បានខ្ញុំទៅទាំងរស់! ខ្ញុំក៏ចង់ជួបមេក្លោងវាដែរប៉ា!»

«អត់ទេ! កុំប្រថុយ! ប៉ាមិនព្រម!»

គាត់តបទាំងប្រញិបប្រញាប់ហើយ​រេភ្នែកគិត​រកល្បិច។ ម៉ឺន​យូដឹងប្រាកដថា អ្នកដែលមាន​នីយ៉ាក្នុងដៃ ហ៊ាន​ផ្ញើសារសំឡេងមកហៅឥន្ត្រា ច្បាស់ណាស់ពួកគេដឹងរឿងសម្ងាត់ពីរ គឺទីមួយ ឥន្ត្រាមានPasswordដែលគ្រប់គ្នា​ចង់បាន ទីពីរ ឥន្ត្រាមិនឱ្យចន្ទនីយ៉ាស្លាប់។

តើជននោះជាម៉ូណាដដែល ឬអ្នកណាផ្សេងទៀត? ស្រីនោះមាន​ដៃជើងប៉ុន្មានលើកោះH?

ដោយសារពេទ្យចាប់ផ្តើមបើកវាំងននពីខាងក្នុង ពួកគេអាចទៅក្បែរកញ្ចក់និង​មើលទៅសភាពយូស៊ូដែលដោះអាវ ដេកស្ងៀមស្ងាត់បញ្ចូលឈាមនិងជំនួយដង្ហើម។

«ពេទ្យថា ឆ្លងផុតគ្រោះថ្នាក់ហើយ!» គេបន្ទរប្រាប់ឪពុកទាំងមុខស្ងួតសម្លឹងប្អូនប្រុស។ 

ម៉ឺនយូសម្លឹងកូនពៅដោយអាណោចអាធម៌ ខណៈឥន្ត្រាបែរក្រោយបក់ដៃហៅគ្នីគ្នា។

«យកកាំភ្លើងមក ហើយរៀបចំ​ឡើងទៅកំពង់សោម!»

ម៉ឺនយូងាកមកវិញភ្លាម ហើយបញ្ជាកាត់៖

«អត់ទេ! មិនឱ្យអ្នកណាចេញពីកន្លែងនេះទាំងអស់!»

គាត់ធ្វើមុខខែងរ៉ែងមកកាន់កូនប្រុសច្បងដែលសម្លឹងមកស្មើៗ ដៃមួយគាត់ចង្អុលដើមទ្រូងគេ ហើយបញ្ជាម៉ឺងម៉ាត់៖

«ឯងជាកូនប្រុសរបស់ប៉ា! ប៉ាមិនឱ្យឯងទៅ ឯងកុំទៅ! ចាំប៉ាឱ្យមនុស្ស​ទៅចរចាយកស្រីនោះមកវិញ!»

គេទម្លាក់ភ្នែក តែមាត់គេនិយាយ៖

«ខ្ញុំមិនអាចដកដង្ហើមបានទេ ពេលដឹងថា គេកំពុងមានគ្រោះថ្នាក់!»

ម៉ឺនយូភាំង។ កោតតែឥន្ត្រាវិលមកវិញលើកនេះចេញចរិតប្លែកៗ និយាយស្តីកាចៗ ហើយរឹងរូសសូម្បីតែជាមួយឪពុកខ្លួន។ មិនដឹងថាមុនពេល​យូស៊ូចាប់វាយខ្នោះមនុស្សកោះបេះដូង ពួកនេះបានពង្វក់ឥន្ត្រារបៀបណាខ្លះឡើយ ហេតុអ្វីពាក្យសារភាពបែបនេះក៏គេហាមកចំពោះមុខឪពុកបាន?

គេបែរខ្នងចាកចេញ ទាំងប្រាប់ខ្លួនឯងថា «ពីមុនខ្ញុំជាមនុស្សម្នាក់ដែលគ្មានអតីត! ជីវិតនេះ ធ្វើតាមតែប៉ាប្រាប់ ហើយ​មិនដឹងគួរប្រយុទ្ធនឹងការឈឺចាប់ដ៏ឯកោនេះដើម្បីអ្នកណាទេ!​ តែពេលនេះ ខ្ញុំស្គាល់អ្នកដែលខ្ញុំចង់ប្រយុទ្ធតតាំងដើម្បីគេហើយ!»។

ម៉ឺនយូស្តីឱ្យគេពីក្រោយខ្នង៖

«មិនដឹងឯងឮសម្តីខ្លួនឯងមិញនេះអត់ទេឥន្ត្រា? កុំភ្លេចថា ស្រីម្នាក់នោះជារបស់ប្អូនប្រុសឯង! មនុស្ស​កោះH មិនប៉ះពាល់ស្រីបងប្អូនឯងទេ! ឯងសមឱ្យគ្រប់គ្នាមើលងាយដោយសារតែស្រីម្នាក់មកពីគ្រួសារប៉ូលិសដែរ?»

ឥន្ត្រាមិនមាត់ គេនៅតែបន្តដំណើរ។ គ្មានអ្នកណាបញ្ឈប់គេបានស្រាប់ហើយ បើគេឈប់ជើង​គេនឹងឃើញសាកសពនាង។ សំឡេងមួយតវ៉ាខ្លាំងៗក្នុងបេះដូងគេ «ព្រោះគេ​ជាបេះដូងរបស់ខ្ញុំប៉ា! សុំតែមួយថ្ងៃប៉ុណ្ណោះ កូនសុំធ្វើជាខ្លួនឯង ជាប្រុសម្នាក់…ដែលស្រលាញ់គេ!»។

មកដល់ខាងក្រៅ គេបន្តឡើងលើរថយន្តស្លាកលេខថៃ ដែលមាន​កូនចៅពីរនាក់ត្រៀមចាំ។ មិនយូរប៉ុន្មានពួកគេមកដល់វាលមួយ មាន​បក្សីយន្តជំទើរ ជំទើតចតរង់ចាំជាស្រេចជាមួយអ្នកជូនដំណើរមួយក្រុម។

ឥន្ត្រានាំកូនចៅពីរនាក់ឡើង អ្នកនៅសល់បានឈរសម្លឹងគេពីក្រោម។ ឡើងដល់កៅអីសឹងមិនទាន់ គេនិយាយតិចៗ៖

«ទៅកោះH»

អ្នកបើកបរភ្ញាក់ផ្អើល៖

«មុននេះ គេនិយាយមកថា ចៅហ្វាយចង់ទៅកំពង់សោម?»

ពួកគេមិនដឹងថា ក្រោកពីស្លាប់មកវិញ ឥន្ត្រាបានក្លាយជាអ្នករាវកូដ។ គេអាចប្រើពេលមិនដល់១០នាទីទេ សម្រាប់ចាប់បានទីតាំងដែលផ្ញើរូបនាង​មក។ រឿងដែលសុខៗឥន្ត្រាក្លាយជាHackerបាន​ទាំងគ្មានមូលហេតុ គ្មាន​អ្នកណាដឹងនៅឡើយ​ ក្រៅតែពីយូស៊ូដែលបាននៅក្បែរគេម្សិលមិញនៅ​ភ្នំពេញ​។

«ដូរទិសដៅ!»

គេនិយាយខ្លីព្រោះមិនចង់ឱ្យមាន​មនុស្ស​ច្រើនគ្នា​ និងក្រុមជូនដំណើរនៅក្រោមទៅរាយការណ៍ប្រាប់ប៉ាគេថាគេកំពុងទៅកន្លែងណា។

ឥន្ត្រាមិនដឹងថាមានរឿងអ្វីរវាងឪពុកខ្លួននិងនីយ៉ាទេ តែគេបានមកទាន់ពេលដែលប៉ាគេផ្ទុះកំហឹង​ចង់សម្លាប់នាង​។

គ្រាប់កាំភ្លើងបៀមក្នុងក្បាលយូស៊ូ មិនដឹងអ្នកណាបាញ់ឱ្យប្រាកដ តែគេជឿថាបើនីយ៉ាធ្វើ វាទាល់តែនាងអចេតនា​ឬទាល់ច្រក។ មិនថាមានរឿងអ្វីកើតឡើងរវាងនាងនិងប៉ាគេ នាងនិងយូស៊ូ ឬជាមួយអ្នកណាគេក្តី ឥន្ត្រាមិនព្រមដាក់ទោសនីយ៉ាឱ្យស្លាប់នោះឡើយ។

បេសកកម្មចំពោះមុខ​គឺសង្គ្រោះនាង ទោះបង់តម្លៃធំប៉ុនណាក៏ដោយ។ គេសម្លឹងផែនទីផង សម្លឹងផ្ទៃមេឃផង។ បក្សីយន្តហើរសំកាំងលើវេហា​យ៉ាងសង្ហាអង់អាច។ រស់ឬស្លាប់ មិនមែនជាអ្វីដែលនៅជារឿងសំខាន់ក្នុងគំនិតមនុស្សទឹកកកនោះទេ។ ដាច់ខាតពេលនេះម៉ោងនេះ គេត្រូវការយកនាងចេញពីចំណង។ បេះដូងគេជ្រួលច្របល់ សរសៃឈាមគេ​រត់ទាមទាររសិបៗពេលដឹងថានាងអត់បាយក្រហាយទឹក។ ឥន្ត្រាត្រូវការឱ្យបានទៅដល់កន្លែងនាង​ឱ្យខាងតែបាន ដោយគ្មានអ្នកណាអាចរារាំង។

គេចុចទូរសព្ទខ្លួន កែទីតាំងដែលកំពុងឆ្ពោះទៀត ហើយមិនយូរប៉ុន្មាន​ ពេលគេផ្សាយ Locationចេញ គូភាគីផ្សេងនឹងច្រឡំថាគេកំពុងហោះទៅកំពង់សោម។

«បង! មើលនៀក!»

អ្នកបើកហៅគេដោយភ្ញាក់ផ្អើល។ នៅក្នុងផែនទីដែលគេបោះឱ្យ ចំណុចក្រហម​រេចេញពីដែនសីមាទឹករបស់កោះH។ ឥន្ត្រាចងចិញ្ចើម។ តំបន់ក្បែរខាងនេះ គេមិនស្គាល់ច្បាស់ទេ ប៉ុន្តែតាមស្មាន​មិនដល់៥នាទីពីកោះHឡើយ បើជិះអូប័រផ្លូវត្រង់។

«ស្គាល់ព្រៃនេះអត់?» គេសួរអ្នកបើកបរ

ម្នាក់នៅក្បែរដៃពោលខ្សឹបៗដូចជាស្មានៗនិងត្រិរិះបណ្តើរ៖

«ដូចជាកោះត្រីកែ!»

គេធ្វើមុខមិនដែលឮ ម៉្លោះហើយអ្នកឆ្លើយនិយាយពន្យល់មកទៀត៖

«កោះនេះតូចប៉ុនបាតដៃ ឮថាមានគេចូលទៅនេសាទតែគ្មានអ្នកនៅទេ វាតូចពេក!»

ឥន្ត្រាមិនយល់ដូចគ្នា​ថា បើជននេះនៅលើកូនកោះនៅឡើយ គេហៅខ្លួន​ឱ្យទៅកំពង់សោមធ្វើអី? បើមករកមនុស្ស មិនមកដល់សម្បុក តើមានន័យអ្វី?

មុននេះជេននិងគេ បានឆ្មក់ដល់តំបន់បន្ទប់យន្តចាស់មួយដែលម៉ូណាលាក់ខ្លួន ក៏នៅក្នុងដែនកោះH បើនេះជាស្នាដៃក្រុមហង្សស ក៏មិនមានអីគួរឆ្ងល់ដែរ ពួកគេមានទំនាក់ទំនងជាមួយមនុស្សកោះH និងសំងំប្រើប្រាស់មូលដ្ឋានរបស់ឪពុកខ្លួនធ្វើការប្រឆាំងបកមកលើម្ចាស់កោះ។

សាជាថ្មី គេឈ្ងោកមករកទូរសព្ទហើយបាញ់រូបនីយ៉ាក្នុងចំណងព្រមទាំងស៊ែរLocationជាមួយជេន​។ គេសរសេរសារភ្ជាប់ខ្លី«នីយ៉ាកំពុងមានគ្រោះថ្នាក់!»។

វគ្គ

Password និងប្រាក់វាល់លាន

មេឃខ្មៅងងឹតស្លុប។

រំលងអធ្រាត្របានកន្លងផុតទៅ។ ស្បៃរាត្រីរនោច គ្របដណ្ដប់លើដែនកោះអាថ៌កំបាំងដ៏តូចឆ្មារមួយដែលគ្មានអ្នកណាគិតថា អាច​នឹងមានជំរំរបស់មនុស្សល្បិចកលដូចជាបៀលនិងកូនប្រុសរបស់គេ។

ក្នុងបន្ទប់ដែលមានឧបករណ៍ទំនើបៗ តែខ្វាត់ខ្វែងទៅដោយចរន្តខ្សែកាប និងប្រព័ន្ធគ្រប់គ្រង Storage ក៏ដូចជា ​Server Racks ។ល។ ម៉ូណាអង្គុយលើកៅអី បែរមុខទៅមេតុធំមួយ មានទាំងLaptop គ្រឿងទំនើបៗជាច្រើនមុខ​ ដើម្បីដំណើរការ​លើអនឡាញ។

នាង​ដាក់ទូរសព្ទដៃចុះ ហើយងាកមកនិយាយជាមួយបៀល៖

«ពួកសេដ្ឋីឌូបៃនិងប្រពន្ធ បានចេញហើយ!»

Bill ដែលជូតកាំភ្លើងវែងមួយដើម ងើបមុខ។ ម៉ូណា​សម្លឹង​ពពួកកាំភ្លើង Marlin 336 Classic នៅក្នុងដៃបៀល។ ទោះបីនេះជាអម្បូរកាំភ្លើងមិនមែនថ្លៃផុតគេលើកំពូលតារាងអាវុធវែង តែសម្រាប់កន្លះទសវត្សរ៍ចុងក្រោយនេះ វាពេញនិយមខ្លាំងសម្រាប់អ្នកល្បាត អ្នកដើរព្រៃ ចុះវាល ដោយសារសមត្ថភាពនៃរយៈចម្ងាយឆ្ងាយរបស់វា។ បៀលមាន​ការឆ្លៀវឆ្លាតក្នុងការ​ទិញយករបស់នេះមកទុក ហើយផ្តើម​លើកមកប្រើក្នុងសភាពការណ៍មួយដែលកាចគួរសម។

ម៉ូណាមើលអាវុធហើយបន្តជូនដំណឹង៖

«គីម៉ាល់និងហាន់ដា ត្រូវបានសមត្ថកិច្ចដោះលែងហើយ ប្រហែលជា…..ឥន្ត្រាអ្នកដកពាក្យបណ្ដឹង!»

បៀលឈ្ងោកវិញហើយ​ញញឹម ដៃក៏បន្តជូតកាំភ្លើង។ មាត់គាត់ឆ្លើយ៖

«ពូមិនចាប់អារម្មណ៍ជាមួយពីរនាក់នោះទេ ក្នុងដៃយើងមានប្រាក់រាប់ពាន់លានទៅហើយ!»

ម៉ូណាបែរត្រលប់ទៅវិញ ហើយ​នៅបង្អង់ស្ងៀមសម្លឹងអេក្រង់ទូរសព្ទដែលផ្ញើមកនាងនូវរូបថតហាន់ដានិងគីម៉ាល់ឈានឡើងឡានទំនើបនៅនឹងមុខកន្លែងប៉ូលិស ភាពមានបានរបស់ពួកគេពិតជាទាក់ភ្នែកនាង​ខ្លាំង។

បៀល​ដៀងមកពិនិត្យ​អាការៈស្រីអ្នកលេង ភ្នែកនាងចិញ្ចាចទៅដោយសេចក្ដីរីករាយ ធ្វើដូចជាចាប់អារម្មណ៍ខ្លាំង៖

«ស្អីគេធ្វើឱ្យក្មួយពូសប្បាយចិត្តម្ល៉េះ?»

«ពីរនាក់នេះមិនគួររួចខ្លួនទៅទទេនោះទេ!»

បៀលដាក់អាវុធចូលឃ្លុបក្រោមសាឡុងនិងដើរមកក្បែរ ហើយឱនសម្លឹងរូបថតហាន់ដានិង​គីម៉ាល់​​នៅក្នុងអេក្រង់។

«លុយ​ត្រីកោណមាសជារបស់យើងស្រាប់ហើយ លុយមនុស្សកោះបេះដូងក៏យើងចង់បាន ហើយកោះHក៏យើងយក!»

បៀលមិច​ភ្នែកស្តាប់ដោយយកចិត្ត​ទុកដាក់ រង់ចាំឱ្យនាងនិយាយបន្ថែម។ ម៉ូណាពន្យល់មួយៗស្ងប់​ៗ​៖

«ប្តីប្រពន្ធពីរនាក់នេះ មានលុយវាល់លាន! ដុល្លារ! ដុល្លារអាមេរិក! ប្អូនស្រីពៅខាងប្រពន្ធធ្លាក់នៅក្នុងដៃយើង បន្តិចទៀតប្អូនពៅខាងប្តីក៏នឹងមកម្នាក់ទៀត!»

បៀលលើកដៃមកអង្អែលចង្កា។

«មុនពេលពួកនោះស្លាប់ បងប្រុសបងស្រីពួកវា​គួរតែផ្ញើលុយមកយើងមុនខ្លះ!»

បៀលទម្លាក់ភ្នែកមកគិត ហើយនិយាយមួយៗ៖

«កម្លាំងយើងតិច! យើងហ៊ាន​លូកពុកមាត់ខ្លាពេលនេះឆ្លៀតម៉ឺនយូរវល់ ព្រោះយូស៊ូរបួសធ្ងន់! ចំពោះប្រតិបត្តិការប្លន់ប្អូនពៅប៉ូលិស តាមថាមិនមាន​ក្នុងគម្រោងទេ វាជាគំនិតទាន់ហន់របស់សាម៉ោះ! ឥឡូវនេះ ពូមិនចង់លោភលន់ បែរច្រើនមុខព្រួញពេកទេម៉ូណា! សភាពការណ៍ឥឡូវទឹកដល់ច្រមុះ សាម៉ោះបានជ្រុលជាចាត់ការនាំចំណាប់ខ្មាំងមកទៅហើយ ការនេះមិនទាន់ដឹងថាបានជោគជ័យឬអត់ផង! ពូចង់ផ្តោតលើPasswordនោះសិន!»

«Passwordក៏យក លុយក៏ទារ!» ស្រីដៃឆៅនិយាយកាត់ «ដោយសារទឹកដល់ច្រមុះហ្នឹងហើយដែលត្រូវប្រថុយ! ធ្វើតាមខ្ញុំទៅ ឱ្យកូនប្រុសពូថតរូបចំណាប់ខ្មាំងមក! ​យើងត្រូវមាន​ប្រាក់សុទ្ធក្នុងដៃបង្ការដែរ! ករណីថ្លោះការណ៍ យើងឆ្លងទៅថៃ មានលុយ​សម្រាប់រត់!»

ស្នូរគោះទ្វារយ៉ាងញាប់រន្ថើនដូចជាប្រញាប់ប្រញាល់ ធ្វើឱ្យម៉ូណាងាកសម្លឹងទៅយ៉ាងប្រយ័ត្នប្រយែង។

«ប៉ា!» សាម៉ោះហៅតិចៗពីខាងក្រៅ។

សូរសំឡេងកូនប្រុសដូចជាមានរឿងបន្ទាន់ ញ៉ាំងឱ្យបៀលឈានទៅបើកគន្លឹះ។

ដោយត្រហេបត្រហបសាម៉ោះស្លន់ស្លោរាយការណ៍៖

«ប៉ា! គ្នាយើងយកការណ៍មកថា ចៅហ្វាយ….បង…ឥន្ត្រាមិនបានទៅកំពង់សោមទេ! គាត់កំពុងតម្រង់មកកន្លែងនេះ!»

បៀលដូរទឹកមុខ ខណៈម៉ូណាងើយមុខសើចយ៉ាងវែង។ សាម៉ោះងាកមកសម្លឹងស្រីជើងឆើត….ឃើញនាង​និយាយឡើងដោយញញឹម៖

«ស្មានអីខុស ឥន្ត្រារបស់ពូ ពិតជាអាចឆែកឃើញទីតាំងយើងដោយប្រើពេលខ្លីបំផុត!»

តាមរយៈសារសំឡេងប៉ុន្មានម៉ាត់ផ្ញើសារទៅបាងកកសោះ ឥឡូវនេះប្រុសច្បងបត់ក្បាលបក្សីយន្តតម្រង់មកកោះនេះបាន មិនឱ្យបៀលស្លេកមុខ?

«យើងរៀបអន្ទាក់ទទួលគេទៅ!» នាងស្រីនិយាយបន្តបែបនេះទៅកាន់សាម៉ោះដែលកំពុងចំហមាត់។ សាម៉ោះមិនអាចដឹងរឿងជ្រៅៗដល់ម្ល៉ឹងទេគេ ដឹងត្រឹមថា ឪពុកខ្លួនបានបញ្ជាឱ្យបញ្ឆោតឥន្ត្រាទៅកំពង់សោម ខណៈពេលដែលអ្នកជាប់ចំណងពិតប្រាកដ នៅទីនេះនៅឡើយ។

ឥឡូវនេះ ចៅហ្វាយជាមនុស្សទឹកកករបស់គេ អាចស្មានដឹងពីទីតាំង ត្រឹមប្រើទូរសព្ទមួយគ្រឿង ហើយនិងសារសំឡេងមួយ ពិតណាស់ ចៅហ្វាយរបស់គេមានស្រមោលអន្ទោលគួរឱ្យភ័យខ្លាច។

«ឯងមិនបាច់ធ្វើមុខស្លេកទេសាម៉ោះ»

ម៉ូណាបង្អាប់ ធ្វើឱ្យនាយ​ក្តោបមុខបិទបាំងភាពបារម្ភខ្វល់ខ្វាយ ខណៈនោះ​ស្រីជើងខ្លាំងនិយាយបន្តដោយអំនួត៖

«យើងមានរបស់ល្អច្រើនក្នុងដៃ ឆាប់ទាក់ទងទៅបងស្រីរបស់ចន្ទនីយ៉ា ផ្ញើរូបប្អូនស្រីវាទៅ!»

សាម៉ោះភ្លាត់មាត់ខ្សាវៗ៖

«អ៊ីចឹងហាន់ដាម្នាក់ទៀត?»

ម៉ូណានៅស្ងៀមលែងតប ធ្វើមុខព្រងើយចុចបិទទូរសព្ទទម្លាក់គ្រឹបទៅលើតុ ធ្វើឱ្យសាម៉ោះថយក្រោយមួយជំហាន។

បៀលងាកទៅងក់ក្បាលដាក់កូនប្រុសឱ្យប្រញាប់ទៅធ្វើការងារនេះភ្លាម ដោយទាញទ្វារបិទវិញឱ្យថែមទៀត។

ពេលនៅសល់តែពីរនាក់ បៀលងាកមកហើយខ្សឹបខ្សៀវសួរ៖

«ចុះបើរឿងនេះបែកការណ៍ ហាន់ដាប្រាប់បងប្រុសវា?»

ម៉ូណាទម្លាក់ភ្នែកសម្លឹងតុ។ នាង​មិនមែន​ខ្លាចរអានឹងឈ្មោះឧត្តមសេនីយ៍ជេនដូចបៀលស្មានទេ តែឈ្មោះប៉ូលិសសង្ហា​បានធ្វើឱ្យនាងនឹកឃើញដល់អនុស្សាវរីយ៍ផងទាំងឡាយដែលធ្លាប់មានជាមួយគ្នាកាលនៅជាមនុស្សបង្កប់។

នាង​និយាយមួយៗជាមួយដង្ហើមវែង៖

«នៅពេលដែលឥន្ត្រាដឹងថាចន្ទនីយ៉ានៅក្នុងដៃយើង គេបានប្រាប់រឿងនេះទៅប៉ូលិសជេនរួចហើយ! ពួកនោះដឹងរួចហើយពូ!»

នាង​ស្តាប់ឮដង្ហើមតឹងតែងថប់បារម្ភពីទ្រូងបុរសនេះ។ តែនាង​នៅតែញាក់ស្មាពន្លយបន្ថែម៖

«​តាមថាគេគួរតែមកដល់កោះនេះ ពីជំរំគន្លឹះយន្តមកកោះនេះស្មានថាឆ្ងាយ?»

នាងស្រដីទាំងញញឹម កំដរភាពឆ្លេឆ្លាក្នុងចិត្ត​ពូបៀល។​ ជំនួយការលាក់ពុត​របស់ម៉ឺន​យូខ្សឹបសួរវិញដោយភ្នែកក្រឡាប់ចាក់៖

«ក្មួយស្រីមាន​អីទទួលពួកហ្នឹងហើយ?»

ម៉ូណា​រេភ្នែកសម្លឹងដើម​ដៃនូវរបួសរបស់ខ្លួន រួចងាកមកផ្ចាញ់ផ្ទៃមុខស្លេកងាំងរបស់បៀល ហើយវាចា៖

«ពូមិនបាច់ភ័យទេ ប៉ូលិសម្នាក់នេះមិនឆ្លាតដូចគេល្បីឡើយ!»​

ចិត្ត​បៀលលបស្រែកហ៊ោកញ្ជ្រៀវកម្លាខ្លួនឯងថា ម៉ូណា​ប្រាកដចិត្ត​យ៉ាងនេះ ទំនងជាបេសកកម្មនេះអាចសង្គ្រោះបាន ប៉ុន្តែគាត់នៅសួរបញ្ជាក់៖

«ពួកកោះបេះដូង យើងយកតែលុយ? ចុះមនុស្ស?»

ម៉ូណាធ្វើមុខមាំ នាង​គិតសិនមុនពេលឆ្លើយ។ ដៃនាង​ចុចលើ Laptop បង្ហាញរូបរាងហាន់ដានិងទំហំវិនិយោគនានាដែលមានក្នុងដៃនាង។ បបូរមាត់ចោរស្រីញញឹម។

«អ្ហះ? ទារប៉ុន្មាន? ហើយលែងមនុស្ស​ទៅវិញអត់?»

បៀលសួរទាំងសេចក្តីលោភលន់បញ្ចេញមកតាមភ្នែកសងខាង។ សំឡេងម៉ូណា​ឆ្លើយក្ងួរៗពេញដោយល្បិចកល៖

«មនុស្ស​ពួកនេះ អាចដកលុយពី Bank ភ្លាមៗហោចណាស់ក៏៥០ម៉ឺនដែរ!»

«តិចណាស់!» បៀលថ្ងូរ។

ម៉ូណាដៀងភ្នែកសម្លឹងបុរសចំណាស់ជាចោរ​មុខបៃតង ល្បិចច្រើន មិនសូវឆ្លាតតែនឹងនរ។ នាងពន្យល់​៖

«នោះហើយ ដែលយើងត្រូវរៀបបន្ទប់ទទួលហាន់ដាម្នាក់ទៀត!»

«ចាប់ទៀត?!»

ម៉ូណាខាំចុងប៊ិក។ នាង​ចុចលើរូបគីម៉ាល់។

«ប្រុសស្អាតម្នាក់នេះ នឹង​ផ្ញើ៥០ម៉ឺនមកជារៀងរាល់ថ្ងៃ!»

ដៃបៀល​ញ័រ​ រាងកាយទាំងមូលរបស់គាត់ញាប់ញ័រ ជីវិតនេះធ្លាប់ស្គាល់លុយច្រើនបែបនេះពីពេលណាមក។ គាត់នឹកដល់សម្តីខ្លួនឯង ហើយរលីងរលោងទឹកភ្នែក «ជាមួយលុយវាល់លានក្នុងដៃ  ពិភពលោកនេះ នឹងបំភ្លេចអតីតកាលកខ្វក់ៗរបស់យើង!»។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*