រឿង៖ ស្រលាញ់បងជ្រៅជាងសមុទ្រ ភាគទី៨៦

វគ្គ

បង្ខំចិត្ត​

​«ខ្ញុំស្រលាញ់គេ មិនចំពោះអ្វីដែលគេមាន គេជានរណា ​រូបរាងគេ សម្តី​កាយវិការ អ្វីទាំងអស់ដែលគេធ្វើមកនោះទេ! ប៉ុន្តែ….ស្រលាញ់សម្រាប់បេះដូងមួយ ដែលខ្ញុំពិតជាទទួលដឹងយ៉ាងច្បាស់ រាល់ពេលនៅជិតគេ កក់ក្តៅ ទុកចិត្ត ហើយសោកស្តាយ ឯកោ​ ច្របូកច្របល់ជាខ្លាំងពេលគេមិននៅកន្លែងនេះ! គេមិនមកចួបយើងទេ….»

នីយ៉ា​ទន្ទេញ​ពាក្យនេះម្នាក់ឯង ហើយ​ដាល់បាវសាក់ព្យួរសំយ៉ាកបញ្ចេញ​ចោលកំហឹង​និងភាពខកចិត្ត​។ ស្រីតូចនេះ ពិតជាមនុស្ស​រពឹស មិនចេះអង្គុយស្ងៀម​សូម្បីតែពេលខូច​ចិត្ត​។

គេឈរពីមាត់ផ្លូវសម្លឹងទៅរាងកាយតូច​ស្តើង ស្គមឡើងៗ ដែលកំពុងតស៊ូនឹង​បាវសាក់។ នាង​ស្រែកកាចៗរាល់ពេលធ្វើ Boxing ដាក់ឧបករណ៍ តែសំឡេងនាង​នៅតែតូចឆ្មា​ និងគួរឱ្យចង់ឱបក្រសោបការពារ។

ប្រុសដើរយឺតៗទាំងស្រងូត​ចូលទៅពីមុខនាង។

ប្អូនប៉ូលិស​ដ៏រឡាក់រឡើកម្នាក់នេះ មិនឮអ្វីទាំងអស់ ព្រោះនាងកំពុងដាល់បាវផងនិយាយម្នាក់ឯងផង

«​គេស្រលាញ់ខ្ញុំៗៗ! គេមិនមែនត្រឹមធ្វើល្អដាក់ខ្ញុំទេ ប៉ុន្តែគេក៏មានអារម្មណ៍ល្អខ្លាំងរាល់ពេល​យើងនៅជាមួយគ្នា ហេតុអ្វីបានជាមិនទទួលស្គាល់ខ្លួនឯង? ហេតុអ្វីមិនមើលខ្ញុំ? ម៉េចបានមិនញញឹម​ដាក់ខ្ញុំ? គេចខ្ញុំមែនទេ? បិសាចទឹកកកអើយ!»

ប្រុសឮហើយទម្លាក់ភ្នែក​។ គេឈរឆ្កុបពីមុខ​ស្រីល្អ រហូតដល់បាវវេចេញពីកន្លែងព្យួរបន្តិចទើបនាង​ឃើញគេ។

នារីនេះឈប់ដាល់ បណ្តោយឱ្យពួកគេទាំងសងខាង សម្លឹងគ្នា​ពីក្រៅរបាំងបាវសាក់ដែលយោគយោល។ ស្នេហា​មួយនេះ ​ជា្រលជ្រៅរហូតដល់គ្មានសំឡេងនោះឡើយ។ ម្នាក់ៗក្នុងលោកនេះនេះ គេផ្តើម​ដោយក្តី«ចូលចិត្ត»ទើបបានវិវត្តទៅជា«ស្នេហា» តែសម្រាប់ឥន្ត្រាគេមិនចូលចិត្ត​នារីនេះទាល់តែសោះ តែក៏ផ្តើមលង់ស្រលាញ់នាងលើចំណុចមិនចូលចិត្ត​ទាំងអស់នោះតែម្តង។

នៅពេលពួកគេ​ឈរសម្លឹងគ្នា ឥន្ត្រាឃើញកែវភ្នែកមួយគូស្រពោនស្ងួត ក៏ជាកែវភ្នែកដែលយប់មួយនោះ បង្កប់នូវក្តីភិតភ័យណាស់ នាងត្រូវគេចាប់ទៅកោះH នាង​មាត់រឹង តែភ្នែកនាង​ពិតជាចង់សុំក្ដីមេត្តា។ គេស្អប់ភាពក្បត់ចិត្ត​និងចរិតកាចកោងប្រដេញជះទឹកថូដាក់គេ ស្អប់សមាសភាពមកពីគ្រួសារប៉ូលិសរបស់នាង ក៏ធ្វើដូចជាបិសាចទឹកកកដែលគ្មានទេ….បេះដូង។ សំឡេងរបស់ខ្លួនគេលាន់មកវិញក្នុងការចងចាំ «ឱកាសចុងក្រោយ សម្រាប់​ប្អូនប៉ូលិស! ​ឈ្លើយសឹក​នឹង​ត្រូវ​ទម្លាក់ចូលទៅក្នុងសមុទ្រ!»។ នារីឈ្ងោកដោះហ្គង់ចេញហើយធ្វើជាសើចបន្លប់បរិយាកាស៖

«មើលខោអាវគេ! មើលអត់ចង់ស្គាល់!»

ឥន្ត្រាញញឹមតាមនាង​ រួចឈ្ងោកមកសម្លឹងសម្លៀកបំពាក់លើខ្លួនគេ។ ជាទូទៅ គេស្រងូតពេលនីយ៉ាស្រងូត គេញញឹម​ធូរចិត្ត​បានវិញភ្លាម​ដោយគ្រាន់តែឃើញនាង​ញញឹម។

«ខោអាវម្ចាស់បន្ទប់! គេឈ្មោះពិសិដ្ឋ!»

ស្រីឈប់ដៃស្ងៀមលើហ្គង់ម្ខាងទៀត។ ឈ្មោះនេះធ្វើឱ្យនីយ៉ានឹកឃើញសម្តីម៉ូណាកាលនៅលើកោះខ្មោច «កូនប្រុសពិតរបស់លោកស្លាប់ហើយ កុំឱ្យកូនក្លែងក្លាយស្លាប់តាមម្នាក់ទៀត!»។

ប្រុសលូកដៃមកជួយដោះហ្គង់ឱ្យ ខណៈដែលស្រីទន់ដៃជើងដូចចាហួយផុយ។ ភ្នែកនាង​ក្រឡេកក្រឡាប់ ទាំងដឹងថាឥន្ត្រាកំពុងផ្តោតមកមើលឫកពានាងយ៉ាងយកចិត្ត​ទុកដាក់។

«ស្គាល់គេ? ពិសិដ្ឋ!?»

ប្រុសសួរមកសព្ទសំឡេងស្រាលៗសោះ តែនីយ៉ា​មានប្រតិកម្មខ្លាំង ដង្ហើមនាងញាប់ ដៃជើងញ័រ​។ សំឡេងម៉ឺនយូកាលនៅបន្ទប់កាហ្វេ Private នៅតែគំរាម​កំហែងពេញបេះដូងកម្សត់របស់ប្អូនពៅប៉ូលិស «កូដមួយចំនួន ខ្ញុំគ្រាន់តែបញ្ជាចេញពីទីនេះទៅ គេនៅកន្លែងណាក៏ដោយ ក៏ដកដង្ហើមមិនដល់គ្នាបាន! ឥន្ត្រាត្រូវការខ្ញុំ ដើម្បីរស់ឡើងវិញម្ដងទៀត!»។

បុរសបែរខ្នង​យកហ្គង់ទាំងពីរទៅទុកលើទូ ខណៈនាង​តាមសម្លឹងគេពីក្រោយដោយអនិច្ចា។ ប្រាណដ៏ខ្ពស់សង្ហា​នេះ កន្លែងណាមួយទៅ ​ដែលមាន​បន្ទះឈីបដ៏យង់ឃ្នងនោះលាក់នៅ?

នីយ៉ាសួរខ្លួននាង ទាំងឈឺដូចត្រូវ​កាំបិតច្រៀក។

ឈឺណាស់!

គេបែរមកវិញប្រទះភ្នែករលីងរលោងរបស់នាង ប្រុសប្រាណម្នាក់នេះកំពុង​ញញឹម ស្រាប់តែរុះរោយសន្សឹមៗ។  គេឆ្ងល់នឹងអ្វីម្យ៉ាង​ភ័យៗលើផ្ទៃមុខនាង។ នីយ៉ាជាមនុស្សស្រស់ស្រាយនិងរស់រវើក  នាងមិនធ្លាប់ស្ងប់ស្ងាត់ថ្នាក់នេះទេ។ ឃើញថាខាងស្រីប្រញាប់សម្រួលទឹកមុខ ទម្លាក់ភ្នែកនាងចេញពីភ្នែកគេដែលតាមជជីក ប្រុសលាន់មាត់បន្ថែមខ្សឹបៗ៖

«បងថ្លៃរបស់យើង សេដ្ឋីម្នាក់នោះ តាមមក​ទាមទារថា ខ្ញុំនេះ…..ប្អូនប្រុសគេ….ឈ្មោះពិសិដ្ឋ!»

នារីបិទភ្នែកសន្សឹមៗ។ ព័ត៌មាន សំណួរ និងការពិតគ្រប់យ៉ាងលើលោកនេះកំពុងហែកហួរបេះដូងនាង​។ សម្រាប់ឥន្ត្រា នីយ៉ាជាស្រីក្រមុំដែលនិយាយត្រង់ គិតត្រង់ ចិត្ត​ត្រង់។ នីយ៉ាមិនចង់សម្លាប់រូបភាពមួយនេះ​ពីបេះដូងរៀមទេ តែស្រី…..មិនអាចនិយាយអ្វីពិតមែន។

«ឥឡូវ….គេឱ្យខ្ញុំដេកបន្ទប់ Private របស់ប្អូនប្រុសគេ ស្អីក៏ពិសេសដែរនៅក្នុងនោះ!»

ដល់ពេលនាងបែរខ្នង​ម្តង។ នីយ៉ា​​ដើរចេញពីបាវសាក់ គេចមកលម្ហកណ្តាលបន្ទប់បាល់ទះ។ តែនាង​ដឹងច្បាស់ថាពេលនេះ គ្មានកម្លាំងឯណាដណ្តើមបាល់ជាមួយគេដូចលើកមុនទៀតទេ។ ចិត្តនេះអស់កម្លាំងរលីងធេង….ទាំងមិនអាចចែករំលែកទុក្ខព្រួយជាមួយគេបាន។

គេដើរមកតាមពិតណាស់ ដូច្នេះស្រីចាំបាច់ត្រូវនិយាយអ្វីម្យ៉ាងរក្សាអាកប្បកិរិយាធ្វើពើជាធម្មតា៖

«គេឱ្យនៅឯណានៅហ្នឹងទៅ! អូតែលនេះស្អាតណាស់ មានអីមិនល្អ?»

«ខ្ញុំស្រាប់តែអានអក្សរវិញបាន ហើយអានដាច់ប្រាំភាសា!»

ស្រីលេបទឹកមាត់ខណៈគេនៅកៀកកិតពីក្រោយខ្នង។ មនុស្សនេះគ្មានអ្នកណាទៀតទេ គេអត់មានអ្នកណាពិតមែន។ គេមាន​តែនាង​ សម្រាប់មកនិយាយពាក្យស្មោះសរនិងចម្ងល់អស់ទាំងនេះ មិនសមណា….សូម្បីនាងក៏….លាក់គេ។

ស្រីបែរមកវិញសន្សឹមៗជាមួយ​ទឹកមុខដូចមានទោសទណ្ឌ។ នីយ៉ា​សម្លឹងផ្តោតចំៗភ្នែកបុរសម្នាក់ ដែលបេះដូងនាង​សែនត្រូវការ តែដឹងថាមិនអាច….នាង​សម្លឹងគេ​មិនដកភ្នែកទេ…គេមានរឿងច្រើនកំពុងឆ្ងល់និង…..ចង់ចែករំលែកជាមួយនាង…..ឯនាង​វិញ មានរឿងជាច្រើន​ត្រូវនិយាយឱ្យគេបានដឹង​តែ….មិនអាចនិយាយ។

«អបអរសាទរ ខ្លួនជាហើយ បានជាអាន​អក្សរ​ដាច់វិញហ្នឹង!»

នីយ៉ានិយាយទាំងខំញញឹម តែមិនមែន​សម្រាប់មកបោកចិត្ត​មនុស្សទឹកកកបាននោះទេ។ ស្គាល់គ្នាមិនបានប៉ុន្មាន តែស្រីម្នាក់នេះ ដកដង្ហើមមួយ គេដឹងមួយ។ កល្យាណសប្បាយឬព្រួយ បងទទួលអារម្មណ៍​ដឹងបានទាំងអស់អូន កុំមកបន្លំភ្នែក។

ប្រុសបញ្ចេញ​ការសម្លឹងស្រងូតមួយ…..សំឡេងគេអមមកជាមួយកែវភ្នែកអង្វរករ៖

«ដឹងអីខ្លះ…..ដែល….មិនទាន់និយាយប្រាប់!»

នីយ៉ា​ធ្វើពុតជាឡិងឡង់….និយាយតបវិញភ្លាមព្រោះមុខគេស្មើ គេរង់ចាំ។

«ដឹង?…..អីគេ?….ពិ…ពិសិដ្ឋមែនអត់? ពិសិដ្ឋប្អូនប្រុសគាត់ ប្អូនបងគីម៉ាល់ដែលបាត់ខ្លួន! គ្រប់….គ្រប់គ្នា….គិតថា គេស្លាប់ហើយ!»

ឥន្ត្រាសម្លឹងភ្នែកនាង​ទាំងឆ្វេងនិងស្តាំ។ នារីដ៏នៅកៀកកាយាម្នាក់នេះ មើលទៅ នៅ​មានរឿងច្រើនទៀត មិនទាន់និយាយចេញមកទេ ម្ល៉ោះហើយគេសម្គាល់ឃើញថា នាងគេចៗពីការសម្លឹងរបស់គេ។

«បងគីម៉ាល់ នឹក…..នឹកប្អូនប្រុសពេក….ទេដឹង?» នីយ៉ាបន្ថែមបែបនេះរួច​ប្រុងបែរដើរចេញ តែម្រាមឆ្វេងគេចាប់ម្រាមស្តាំនាង។

បុរសនេះប្រើដៃឆ្វេង ជាដៃដែលកាលពីចាប់នាង​ទៅកោះH លើកដំបូងគេចាប់កាន់ចង្កានាង ភ្ងើយមុខឱ្យសម្លឹងគេដោយបង្ខំ។ គេមាន​កាយវិការរឹងប៉ឹង ឥតមនោសញ្ចេតនា ជាមនុស្សចិត្តទឹកកក ភ្នែកស្រឹមត្រជាក់គួរឱ្យព្រឺ តែថ្ងៃនេះ គេជាមនុស្សម្នាក់ដែលគ្រប់គ្នាលើលោកនេះ កុហកគេ។

ស្រីឱនមកភ្លាម​សម្លឹងម្រាមដៃដែលពាក់ព័ន្ធគ្នា។ នៅពេលនិយាយអំពីស្នេហា មានវិធីជាច្រើនដែលមិនបាច់បង្រៀន មិនបាច់ប្រាប់ ប៉ុន្តែយើង​អាចដឹងបានថា យើងកំពុងមានស្នេហា ហើយស្នេហាតែម្ខាងឬជាស្នេហាពិតទាំងសងខាង។ គ្រប់គ្នា​សប្បាយចិត្ត ​ក្នុងការបង្ហាញអារម្មណ៍របស់ខ្លួនឯងប្រាប់គេថា យើងក៏ស្រលាញ់ ហើយនិងគិតពីគេ តែមានរឿងអ្វីរវាងអ្នកទាំងពីរទៅ បានជាកាលពីនៅខាងក្រោមសណ្ឋាគារមុននេះ គេចង់តែគេចចេញពីនាង ឯពេលនេះ គេមកដល់ហើយ ​នៅកៀកគ្នាយ៉ាងនេះ បែរជានារីយើងចង់គេចពីគេ?

«ដំបូងខ្ញុំគិតបែបនេះដែរ តែក្រោយពីស្គាល់គេ ខ្ញុំយល់ថា​ មិនមែន​គេនឹកប្អូនដល់មានបញ្ហា​ស្មារតីទេ! មានអីមួយ….ខ្ញុំមានអារម្មណ៍ថា ខុសៗចំពោះគេ! ខ្ញុំមាន​អារម្មណ៍ថា…..គេនឹងខ្ញុំ…..» បុរសឆ្លើយ។

«ព្រោះខ្លួននៅឈឺ!» នាងតបវិញខ្លី។

«មុននេះ អ្នកណាថាខ្ញុំជា?» គេឌឺមកទៀត។

នីយ៉ា​គេចៗមុខ ខណៈច្រមុះគេកាន់តែរុលចូលមក រាងកាយគេទាមទារស្និទ្ធនឹងនាង ចំណែកនាង​ចង់តែដកម្រាមនេះចេញ ក៏មិនដាច់ចិត្ត​ធ្វើ។

«គឺ….របួសភ្លៅ មានទាន់ជាឯណា? មិនឃើញទេ? ឈឺអត់? របួសនៅលើកោះជាមែន បានជាអានអក្សរដាច់​ចំណែករបួសនេះវិញ…..វាអាចជាតិថ្នាំផ្សះ ធ្វើឱ្យកើតអារម្មណ៍សង្ស័យច្រើន!»

ប្រុសសើចតិចៗក្ងួរៗ​ខុលៗព្រោះពួកគេនៅក្បែរកៀកគ្នា។ ឥន្ត្រាលាន់មាត់តិចៗ៖

«ធ្វើដូចពេទ្យ?»

នីយ៉ាសម្លឹងមុខគេ។ បុរសនេះញញឹម​ហើយ។​ គេកំពុងភ្លេចអស់បណ្តារឿងរ៉ាវឈឺចាប់លើលោកនេះ ដរាបណាគេនៅក្បែរនាង។ នីយ៉ា​ក៏ដូចគ្នា។ ស្រីចង់បំភ្លេចអ្វីៗទាំងអស់លើលោកនេះចោល ចំណាយពេលវេលាជាមួយគេ។

«នៅក្រោម អ្នកណាទេស៎! ធ្វើដូចមើលខ្ញុំមិនឃើញ! បន្ទប់ខ្ញុំនៅឯណា? ខ្ញុំហត់ណាស់​ចង់សម្រាក!» នារីបូញមាត់និយាយត្រាប់គេ ធ្វើឱ្យបុរសញញឹម។

ឥន្ត្រាសម្លឹងថ្ពាល់ក្រហមព្រឿងៗនិងស្នាមញញឹម​តិចៗដែលស្រីកំពុងថាឱ្យ ឌឺៗ រំឭកពាក្យគេនៅជាន់ខាងក្រោម។ គេនឹកក្នាញ់ណាស់ ខាំបបូរមាត់វិញដូចគ្នា តែក៏នឹកឃើញឡើងវិញ​ផ្ទួនពេល នូវសម្តីយូស៊ូមួយរំពេច «ខ្ញុំមិនមែនច្រណែនថាគេស្រលាញ់បងឯងឬស្អីទេ! វាគ្មានរឿងហ្នឹងកើតឡើងដាច់ខាត!​ គ្រាន់ចង់ឱ្យបងឯងទទួលស្គាល់អំពើក្បត់! ក្បត់ប្អូនប្រុសខ្លួនឯង!  ភ្លេចច្បាប់របស់កោះH»។

ដៃប្រុសរបូតពីម្រាមស្រី។ នាង​សម្លឹងគេ ខណៈខាងប្រុសចាប់ផ្តើមធ្វើមុខស្មើ។

«ខ្ញុំឡើងមកនេះ មកប្រាប់យើងថា មិនបានមើលងាយ! មិនបានចិត្តដាច់អ្វីទាំងអស់!»

«ចុះ….ហេតុអីបានជា….ធ្វើព្រងើយ ធ្វើដូចមិនស្គាល់គ្នា?»

ឥន្ត្រាលែងហ៊ានមើលភ្នែកនាង គេងាកសម្លឹងទៅរបាំងកញ្ចក់ ទិសដៅនៃខុនដូដែលគេធ្លាប់ស្នាក់នៅ ហើយមានកាលមួយ​នារីនេះស្រវឹងដេកដួល។

សំឡេងគេលាន់មកទាំងបង្ខំព្រោះនាង​រង់ចាំ គេនិយាយខ្លី៖

«យូស៊ូ!»

នីយ៉ា​ជ្រប់មុខ។ ចម្លើយនេះគ្រប់គ្រាន់សម្រាប់កាត់យល់បានថា គេគ្មានថ្ងៃជ្រើសយកនាង ចោលប្អូនប្រុសរបស់គេឡើយ។

នាង​លូកដៃទៅរកម្រាមប្រាំដដែល តែមនុស្ស​ទឹកកកឈាន​ទៅមុខចោលនាង។ ពីក្រោយស្មាគេ នាង​មើលឃើញនូវទុក្ខសោកមួយដែលមនុស្សដូចគេ លំបាកខ្លួនឯងប៉ុនណា​ក៏មិនចង់តតាំងយកឈ្នះដែរ។

គេកាចយ៉ាងនេះ ខ្លាំងយ៉ាងនេះ ហេតុអ្វីរនាំងមួយនេះ គេមិនឆ្លង? ព្រោះ….គេជាបងប្រុសម្នាក់ ដែលអាចកាត់បេះដូងឱ្យប្អូនខ្លួនឯងបាន។

«នៅខុនដូ យើងស្រវឹងប្អូនប៉ូលិស! យើងបាននិយាយពាក្យពិតថា ស្រលាញ់យូស៊ូ….ខ្លាំង!»

សំឡេងគេ គ្មានអ្វីផ្សេងទៀត​ក្រៅតែពីភាពស្មោះត្រង់ ឈឺចាប់ និងលះបង់ ដែលស្ងួតស្ងប់ ​សុខចិត្ត​សុខកាយ ក្នុងការចាកចេញពីនាង​។

«ខ្ញុំស្រលាញ់ខ្លួន មនុស្ស​ទឹកកក! ឥន្ត្រា! ខ្ញុំស្រលាញ់Youខ្លាំងណាស់!»

នីយ៉ា​តបឆ្លើយដោយ​រអាក់រអួល និងប្រញាប់ប្រញាល់ពីក្រោយស្មានធំមាំរបស់គេ ដូចជាខ្លាចថា បើគេដើរទៅ នាងនឹងលែងបាននិយាយវាទៀតហើយ។ ចំណែក​អ្នកដែលទទួល គេនៅស្ងៀម​មិនមាន​ប្រតិកម្មទេ។ ​គេបែបនេះហើយដែលនាងរឹតឈឺចាប់។ ការស្រលាញ់ស្ងាត់ស្ងៀមមួយ គេមិនហាមកទេ គ្មានថ្ងៃគេ​សារភាពឡើយ ដោយសារតែគេខ្លាចការបដិសេធ ខ្លាចនាង​នៅស្រលាញ់យូស៊ូ ​ខ្លាចពិភពលោកនេះ​ចោទគេថាក្បត់ចិត្ត​ប្អូនប្រុសខ្លួនឯង?

ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលនាង​នៅក្បែរបេះដូងគេ ឮដង្ហើមគេ ក៏ជួយឱ្យគេអាចសន្និដ្ឋានបានថា គេស្រលាញ់នាង​ឬអត់ ហើយគេកំពុងមានៈកាត់ចិត្ត​កម្រិតណា។

សំឡេងប្រុសលាន់មកតិចៗ ស្អកៗ៖

«គ្មានរឿងបែបហ្នឹងទេ! យើងមានតួនាទីត្រូវទៅនៅក្បែរយូស៊ូ ហើយកុំចួបជាមួយខ្ញុំទៀត! ពីថ្ងៃនេះទៅ យើងកុំចួបគ្នា!»

គេមិនបានចាកចេញ តែគេងាកមកវិញ។ ទឹកភ្នែកនាងហូរឆ្វាចៗនៅពេលនាង​គ្មានពាក្យនិយាយតប។ ព្រោះចិត្តគេ បាន​ទុកនាង​ជាសង្សារយូស៊ូ ហើយបទបញ្ជាគេគឺ«ឈប់ចួបគ្នា»។

ពាក្យដែលស្រីបាន​សារភាពមុននេះ គេឮអស់ហើយ នាង​ក៏គួរអស់ចិត្ត​ដែរ តែខាងគេមិនទាន់ទទួលស្គាល់បេះដូងខ្លួនឯងទេ សម្រាប់នាង គេមិនទាន់ប្រាប់នាងនៅឡើយថា គេមាននាង​ក្នុងជម្រៅណានៃបេះដូងឯកោមួយនេះ។ ប្រុសសម្លឹងទឹកភ្នែកដែលម្រាមដៃគេចង់តែលើកមកជូតផ្តិត។ នាង​យំ  អ្នកសម្លឹងទេដែលកំពុងឈឺ។

«យូស៊ូស្រលាញ់យើងណាស់ប្អូនប៉ូលិស យើងកុំធ្វើបាបចិត្ត​វា!»

«ចុះចិត្តខ្លួន?»

គេឮសំណួរបីម៉ាត់នេះ អាក់លែងប្រាប់អ្វីកើតទៀត។ មានតែការសម្លឹងគ្នាជាចម្លើយ។ ទូរសព្ទនាង​រោទ៍នៅលើកម្រាល​កាំម្ញី ប្រុសដៀងភ្នែកទៅ គេឃើញឈ្មោះ«យូស៊ូ»នៅលើScreen។ ប្រុសញញឹមជូរចត់។ គេល្មមចាកចេញពីការសន្ទនា​ដ៏ឈឺចាប់ទាំងនេះហើយ​។ មុនពេលគេចាកចេញ ស្រីចាប់កំភួនដៃគេ ដែលស្នាមធ្មេញនៅក្រឡៅ។ មនុស្ស​នេះមិនរេខ្លួនគេច ព្រោះគេជាប់ស្អិតធ្មាំងនឹងតំណក់ទឹកភ្នែកនាង។

នីយ៉ា​ខ្សឹបអួលៗមកគ្របពីលើស្នូរទូរសព្ទរោទ៍៖

«ខ្ញុំអត់ស្រលាញ់គេទេ!​ ខ្លួនដឹកខ្ញុំទៅឱ្យគេនៅផ្ទះកោងកាង តែចិត្ត​ខ្ញុំនៅបន្ទប់ចុងឈ្នេរ! ខ្ញុំខំប្រាប់ខ្លួនខ្ញុំឱ្យសង្គ្រោះស្នេហានៅបាងកក ជាមួយប្រុសអ្នកមាន​ម្នាក់ដ៏ឡូយឆាយនោះ តែខ្ញុំតាមពិត ខ្ញុំអត់មាន​ចិត្ត​ដូចមុនទេ! ខ្ញុំគ្រាន់តែចង់ទុកពេលម្តងទៀតឱ្យស្នេហាមួយ ដែលស្លាប់បាត់ទៅហើយ! ម្តងជាពីរដង យូស៊ូបានសម្លាប់វា! គេភ្ជង់ខ្ញុំ ប្រមាថដាក់ខ្នោះបងៗខ្ញុំ គេដៀលមើលងាយខ្ញុំ រឿងខ្ញុំនិងគេចប់ហើយ! ឮអត់មនុស្ស​ទឹកកក? ទោះខ្លួន​រត់គេចពីស្នេហាមួយនេះដល់ចុងបង្អស់នៃផែនដី ក៏ខ្ញុំអត់អាចវិលទៅស្រលាញ់គេវិញដែរ! ឮអត់? បើខ្ញុំធ្វើអ្វីមួយខុសពីសម្តីនេះ មកតែពីខ្ញុំមាន​ហេតុផល​របស់ខ្ញុំមនុស្សទឹកកក! ខ្លួនត្រូវចាំទុក! ត្រូវចាំថា ខ្ញុំមិនស្រលាញ់គេទេ!»

នារី​ទម្លាក់ដៃចេញពីកំភួនដៃរៀម។ ភាសាកាយវិការរបស់គេ ទោះមិនបាននិយាយ នាង​ដឹងពីទំហំនៃការឈឺចាប់របស់គេ។ មនុស្សក្លូនម្នាក់នេះ មិនអាច​ឈឺជាងនេះទៀតនោះទេ។ ម៉ឺនយូប្រាប់ថា គេអាចនឹងមានប្រតិកម្មគ្រប់ពេលវេលា ខណៈបេះដូងគេប៉ះទង្គិច រំភើបឬរំជួល។ យូស៊ូលែងខលហើយ​។ ក៏គ្មានអ្នកណារវល់ថា គេខលមកមានការអ្វីដែរ ប្អូនពៅប៉ូលិស​ដឹងត្រឹមថា សារៈសំខាន់នៃការនិយាយគ្នា​ស្មោះទៅស្មោះមកឱ្យសមជាមនុស្ស​ស្រលាញ់គ្នា នាង​ត្រូវការប្រាប់ឥន្ត្រាគ្រប់យ៉ាងក្នុងចិត្តឱ្យខាងតែបាន លើកលែងតែ«ស្រមោលពិសិដ្ឋ»នៅក្នុងរាងកាយគេ។

ស្រីជូតទឹកភ្នែកហើយនិយាយបន្ត៖

«មិនថាខ្លួនជាអ្នកណា ជាបងប្រុសធំរបស់គេ ជាមនុស្សដែលធ្វើអ្វីគ្រប់យ៉ាង​តាមសម្តីអ៊ំម៉ឺនយូ ឬជាប៉ូលិសម្ងាត់ដែលបងគីម៉ាល់និយាយ មិនថាខ្លួនជាបិសាចទឹកកកដែលខ្ញុំធ្លាប់ដាក់ឈ្មោះឱ្យ ទោះខ្លួនផ្លាស់ប្តូរទៅជាអ្វី ក៏ខ្ញុំមិនឈប់ស្រលាញ់ខ្លួនដែរឥន្ត្រា! ព្រោះខ្ញុំស្រលាញ់បេះដូងរបស់ខ្លួន មិនមែន​របស់ខាងក្រៅអស់ទាំងនេះទេ! គ្រប់គ្នា​អាចផ្លាស់រាងកាយ​ឬមុខមាត់របស់ខ្លួន តែខ្ញុំនឹងនៅចាំស្នូរដង្ហើមមួយនេះ នៅពេលដែលខ្ញុំលែងបានក្បែរខ្លួន ត្រូវជឿថា គ្រប់ពេលវេលា ខ្ញុំនឹកខ្លួន! នឹកខ្លាំង!»។

ស្រីបែរខ្លួនចោលគេ ហើយឈ្ងោក​រើសទូរសព្ទ។ នីយ៉ា​តាំងចិត្ត​​ចាកចេញទៅ ក្រោយពេលដែលពិតជាបាននិយាយចប់ នូវអ្វីគ្រប់យ៉ាង​ដែលគួរនិយាយអស់ហើយ។ បើសិនជានៅបន្តទៀត គេម្នាក់នេះ អាចនឹង​ទៅនៅក្នុង ICU ឬស្លាប់ភ្លាមៗជាមួយ​អាការៈសរសៃឈាមច្របូកច្របល់ ហើយនាងមិនចង់ក្លាយជាអ្នកសម្លាប់គេដើម្បីបំពេញមនោសញ្ចេតនាខ្លួនឯងឡើយ។

នៅគ្រប់ជំហាន​ដែលចាកចេញមក នាងសួរខ្លួនឯងទាំងយំរហាម «តើ​ពិត​ទេ​ដែលគេនិយាយថា ​ស្នេហា​ពិតមិនសាបសូន្យ?»។ ស្រីតូចម្នាក់ដែលរក្សាជំនឿលើទំនាក់ទំនងស្នេហាមួយនេះ លុះដល់ដង្ហើមចុងក្រោយ នាង​អាចស៊ូឈ្នះមនុស្ស​ម្នាក់ដែលកំពុងចាំនាងនៅខុនដូទល់មុខគ្នានេះដែរទេ?

សារគេលោតមក។

នៅក្នុងជណ្តើរនារីចុចអានទាំងសៅហ្មង។

«តោងដៃជើងគ្នាបានល្អ!»

ភ្ញាក់ព្រើត។ បន្ទាប់មក នាងឃើញគេផ្ញើរូបថតភ្លាម រូបនាង​និងឥន្ត្រានៅបន្ទប់បាល់បោះ។ ធុញ!!! ពេញធុញហើយ។ ស្រីចុចទូសព្ទទៅទាំងខាំមាត់។ មិនយូរទេ ប្រុសពៅរបស់យូស៊ូទទួលភ្លាម ។

«ចង់យ៉ាងម៉េច?» នាង​សួរទាំងស្ងួតច្រឺងក្នុងសព្ទសំឡេង។

យូស៊ូសើចក្អឹក៖

«ហ្អូ! មិញឃើញ​ដូចផ្អែមៗណាស់ ឡើងដ្រាម៉ា ម៉េចឥឡូវនេះ គំរោះម្ល៉េះអូន?»

«សួរថាចង់យ៉ាងម៉េច?»

«គង់តែដឹងទេ!» យូស៊ូប្តូរសំឡេងមកកាច។

នាង​មានអារម្មណ៍ថា មិនទុកចិត្ត​សំឡេងគេនេះសោះ ស្រីពិបាកចិត្ត ហើយនឹកឃើញមុនគេគឺឥន្ត្រា។

«ចង់យ៉ាងម៉ច?»

នាងសួរទៀតព្រោះភ័យ។ ដឹងចំណុចខ្សោយក្នុងចិត្តស្រីដែលស្រលាញ់និងទុកឥន្ត្រាដូចជាជីវិត យូស៊ូខាំមាត់និយាយផ្ចាញ់នាង​៖

«ប្រាប់ហើយ ថាបើចង់សុខកុំចួបគ្នា!»

នីយ៉ាព្រិចភ្នែក។ យូស៊ូខឹងកំបុតកំបុយណាស់ នាងមិនអាចចាក់សាំងប្រលែងភ្លើងទេ។ ប្អូនពៅប៉ូលិស​ទម្លាក់សំឡេង និយាយលួងលោមគេ៖

«ខ្ញុំ….ចួបនិយាយពាក្យបែកជាមួយគេ…..ក៏មិនបាន?»

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*