រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគទី១

ទាវ ​នីណា

សូរ​សំណើច ​​ស្រវឹង​ ​ភ្លើតភ្លើន​ក្រោម​ភ្លើងពណ៌​ច្របូកច្របល់ចូលគ្នា…..វា​ជា​កន្លែង​ខ្ញុំ​កំពុង​បម្រើការ​ក្នុង​នាម​ជា​អ្នក​លាយ​ស្រា​​។​ វា​ជា​ការងារ​បាំង​មុខ​មួយ មិន​អាច​ឱ្យ​​អ្នកណា​ដឹង​បាន​ទេ ថា​ខ្ញុំ​ជា​អ្នកណា ​មាន​ប្រភព​មក​ពីណា ​ហើយ​កំពុង​តែ​ត្រូវការ​អ្វី។

ទីនេះ​ជា​ក្រុង​ហុងកុង ការ​ដើរ​លេង​យប់​ដល់​រំលង​អធ្រាត្រ​ជិត​ភ្លឺ​គឺ​ជា​រឿង​ធម្មតា​….វា​គ្មាន​អី​​អស្ចារ្យ​​ទេ​សម្រាប់​មនុស្ស​គ្រប់គ្នា​។

ខ្ញុំ​និយាយចិន​កន្តាំង​បាន​ល្អ អង់គ្លេស​តិចតួច គ្មាន​អ្នកណា​គិត​ថា​ខ្ញុំ​ជាជន​ជាតិខ្មែរ​ទេ ថៃមួយចំនួន​ដែល​ចូលលេង​ទីនេះ​ខំ​និយាយ​ភាសា​ថៃរកខ្ញុំ​ព្រោះ​ច្រឡំ។​

ទាវ នីណា ជា​កូនស្រី​អ្នកមាន​។

គ្រួសារ​នាង​រកស៊ី​ធំ​នៅទីនេះ នាង​មកផ្លាស់​នៅទីនេះ​យូរហើយ ប៉ុន្តែ​នៅតែប្រើ​ឈ្មោះ​ខ្មែរ ​គ្មាន​ឈ្មោះ​ចិនឬអង់គ្លេស​នឹង​គេ​ឡើយ​។ ប្រហែលមកពីនាង​​ល្បីរួចទៅហើយ​មិនដឹងបានជាមិនចង់​ប្តូរ​ឈ្មោះ​?​

ឱ្យ​តែ​នាង​មកដល់ ប្រុសៗ​ស្ទើរ​បាក់-ក​តាម​មើល​នាង​​ភ្លេច​ដកដង្ហើម ប៉ុន្តែមើល​គឺ​បាន​ត្រឹម​តែ​មើល គ្មាន​អ្នកណាហ៊ាន​បញ្ចេញ​ការ​ស្រមៃ​នោះ​មក​ក្រៅ​ទេ ព្រោះ​បងប្រុស​របស់​នីណា,​ឯករ៉េណា ជា​អ្នកមាន​ធំ ដែល​សមត្ថកិច្ច​មួយ​ចំនួន​សឹង​ថា​​មិន​ហ៊ាន​ក្អក​ជាមួយ​គេ។

នីណា​ស្លៀកពាក់​រ៉ូប​ពណ៌ធ្វើ​ពី​សារូលាយ​សូត្រ​រលាស់​ស្ដើង។​ ដ្បិត​តែ​មិនអាច​មើលធ្លុះ​ដល់​គ្រឿងក្នុងក៏​ប៉ុណ្ណឹង​សោះ ប្រុសៗ​រួម​ជាមួយ​ពួក​តារាស្រីៗ​ដែល​ចេញ​មក​រកស៊ី​នៅបារ​សេដ្ឋី​មួយនេះ​ គេចមុខ​លែង​ហ៊ាន​ស៊ូ​នឹង​នាង​ទៅ​ហើយ​។

«ហេ៎ ចូណា!»

នាង​ហៅមិត្តស្រីជនជាតិ​ហ្វីលីពីន​របស់នាង​ដោយ​សើចស្រស់​​​បង្ហាញ​ធ្មេញ​ទ្រវែង​ណែន​ត្រង់​ជា​ជួរ ដូច​ពួក​បវរកញ្ញា​។

ពួក​នាង​​ទំាងពីរ​ដើរ​តម្រង់​រក​គ្នាបាន​ពាក់កណ្តាល​ផ្លូវ នីណា​ក៏​ឈប់​បង្អង់….ហើយ​សន្សឹម​ៗ​នាង​​បែរ​មករកខ្ញុំ។

ខ្ញុំដឹងហើយថា នាង​មើល​តាមកញ្ចក់​ឃើញខ្ញុំ​ញញឹម​ដាក់នាង​។

….នាង​បែរមកមករកខ្ញុំ ខ្ញុំក៏មិនគេច​ហើយបន្តញញឹម​ដាក់នាង រួចបង្អូសភ្នែក​ទៅរក​ដើមទ្រូង​នាង​។ ​ខ្ញុំ​ប្រើ​ខ្សែ​ភ្នែក​បញ្ជាក់ថា ខ្ញុំមិនខ្វល់ទេ ខ្ញុំមិនខ្លាចអ្វី​ទំាងអស់ ដែល​មើលប្អូនស្រី​មនុស្ស​មានអំណាច​និង​ល្បី​ថា​កាច ស៊ីសងភ្លាមៗនោះ។

ទោះ​បី​ភ្ញៀវ​ដែល​អង្គុយនៅពីមុខ​កន្លែង​លាយ​ស្រា​គេច​ភ្នែក​ចុះ​វិញ​អស់​លែង​ហ៊ាន​មើល​នាង ក៏​ខ្ញុំ​នៅតែ​មិន​ចង់​គេច​ភ្នែក​ចេញ​ពី​​អា​វក​វាល​របស់​នាង​ដែរ គឺ​ខ្ញុំ​មើល​​ស្ទើរ​ភ្លេច​ដក​ដង្ហើម​ទៅ​ហើយ​?

នាង​ដៀង​ភ្នែក​ឈ្ងោក​មើល​ដើមទ្រូង​ខ្លួន​ឯង តែ​មិនបាន​ប្រញាប់​បាំង​បិទ​ឬ​អឹម​អៀន​អ្វី​ ដូច​នារី​ផ្សេង​ៗ​​ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ឡើយ ផ្ទុយ​ទៅវិញ​នាង​ដើរ​តម្រង់​​មក​ខ្ញុំ​ទាំង​សើច​តែ​មួយ​ចំហៀង​បបូរ​មាត់​។

«ឯង​មើល​ខ្ញុំ?!»

នាង​និយាយ​ចិន​កន្តាំង​ហើយ​និយាយ​តិចៗ។

​      ដៃ​នាង​ប្រឡេះ​​បោះបង់​ចោល​ដៃ​ដែល​​មិត្ត​របស់​នាង​ខំ​ទាញ​ឃាត់។ តើ​មាន​រឿង​អ្វី​កើតឡើង ដែល​ស្រី​តូច​រស់​លើ​គំនរ​មាស​ពេជ្រ​បែរ​ជា​​ដើរ​តម្រង់​មក​រក​បុគ្គលិក​កំប៉ិកកំប៉ុក​ដូច​ជា​ខ្ញុំ។

ភ្នែក​នាង​ថ្លា​យង់​ដូច​ត្បូង​ពេជ្រ​ធម្មជាតិ​រតនគិរី​ដែល​ប៉ាខ្ញុំ​ទុកតម្រៀបគ្នា​ក្នុង​ទូ ចំណែកបបូរមាត់​នាង រលើប​ដូច​ជា​បាន​ប្រេង​ខ្លឹមចន្ទន៍​មក​លាប​លម្អ​​។

បើ​បាន​ថើប​ជញ្ជក់ ឋានសួគ៌​ប្រហែល​មិនមែន​នៅ​ឆ្ងាយ​ដូច​ដែល​ចាស់ៗ​ប្រូ​នោះ​ទេ​មើល​ទៅ?។

ខ្ញុំ​ដកភ្នែក​ចេញ​ម៉េច​នឹង​បាន ​ហើយ​គេច​ពី​សំណួរ​អ្នកនាង​ធំ​នៃ​គ្រួសារ​ដ៏​មាន​អំណាច​នេះ​ក៏​មិនកើត មាន​តែ​ហា​មាត់​ត​មួយៗ​ដោយ​សម្លឹង​ឱ្យ​ចំ​កែវភ្នែក​ឆ្មើងកន្ទ្រើង​របស់​នាង​។

«នីណា​ស្អាត​ពេក​ហើយ! មិន​ឱ្យ​អ្នកផង​មើល ចិត្ត​អាក្រក់​ពេក​ហើយ!»

ខ្ញុំ​និយាយ​មួយៗ​ តែ​បបូរមាត់​ខ្ញុំ​ឌឺ​នាងក្នុង​ភាព​ជា​កូន​ប្រុស ដែល​បញ្ជាក់​ថា ខ្ញុំ​អាច​គ្រប់​គ្រង​នាង​បាន  ទោះ​កាលីប​ខ្ញុំ​​ត្រឹមតែ​ជា​អ្នក​ក្រឡុក​ស្រា​ដូច​ដែល​នាង​ឃើញ​ក៏ដោយ​​។

នាង​ព្រិច​ភ្នែក​ហើយ​សើច​ស្ងួត​ព្រោះ​ខ្ញុំ​ចេះ​និយាយ​ខ្មែរ​។​

នាង​ប្រហែល​មិន​ដែល​ចាប់អារម្មណ៍​​ទេ​ថា​មាន​ខ្មែរម្នាក់កំពុង​នៅក្រឡុកសា្រ​ទីនេះ​ ហើយវាតែងតែ​លបលួច​មើលនាង​រៀងរាល់​ពេលដែល​នាង​បង្ហាញ​ខ្លួនហ៊ឹកហ៊ាក់​។

ប៉ុន្តែ​យប់នេះ​ ខុស​ពីរាល់ដង ព្រោះ​​ខ្ញុំយល់ថា​វាសមល្មម​ពេលហើយ​សម្រាប់​ចាប់ផ្តើម​ឱ្យ​នាង​ស្គាល់​ខ្ញុំ។

ទាវនីណា​ដើរមកកាន់​តែ​កៀក…ទឹកមុខ​នាង​គឺ​ព្រហើន​ស្មើ​នឹង​ដើមទ្រូង​ងើយ​ខ្ពស់​របស់​នាង​ដែរ…

អា​ពួក​ដំរី​ទឹក​អ្នកការពារ​ស្រីស្អាត​ស្ទុះ​មក​ជុំជិត ធ្វើឱ្យ​ភ្ញៀវ​ដែលអង្គុយចាំផឹក​ស្រារបស់ខ្ញុំ​ស្ទុះ​ក្រោក​ឱន​មុខ​គេច​ចេញ​ទៅម្ខាង​…..

….ឈាម​នឹង​ហូរ​មក….នេះជាអ្វី​ដែលពួកគេ​គិត​ហើយលួច​សម្លឹង​មក​​រង់ចាំ​មើល​វាសនា​អ្នក​​ក្រឡុក​​ស្រា​ឯកោ​ដូច​ខ្ញុំ​ដែល​ហ៊ាន​ហា​ស្តី​រាយ​មេត្រី​ដូងចន្ទ្រា….ដែល​ជា​ព្រះចន្ទ​ក្រហម​ទៀត….

ពី​ក្រោយ​ស្មា​នាង….ចូណា​​មិត្ត​របស់​នាង…បង្ហាញ​ទឹកមុខ​ព្រួយបារម្ភ​ហើយ​មើល​មកខ្ញុំ….

«ប្រាក់​ខែ​បង​ឯង​ប៉ុន្មាន បើ​បង​ឯង​ត្រូវគេវាយ​យប់​នេះ លុយ​ហ្នឹង​មើល​ខ្លួន​គ្រប់​អត់?!»

ទាវ​នីណា​ដូរមកហៅខ្ញុំថាបង ហើយ​និយាយជាភាសា​ខ្មែរ។ នាង​និយាយហើយ​ខាំមាត់​តិចៗ​ផង​។​

«នីណា​មិនត្រឹមតែ​ស្អាត​តែ​ក៏ចិត្តល្អ ចេះ​គិតពី​សុខទុក្ខ​អ្នក​ដទៃ​ទៀត?!»

ខ្ញុំ​តប​ទំាង​ដែលដៃនៅ​បន្តជូតតុ តែភ្នែក​សម្លឹងនាង​ស្រទន់។

«អា​ក្មេង​បៀម​ដៃ! បិទ​មាត់អ្ហែង!»

អង្គរក្ស​នាង​ស្រែក​គ្រហឹម​ផង​សំឡុត​ខ្ញុំ​ផង តែ​វាមិនអាច​បាន​សម្រេច​ក្នុងការ​ធ្វើឱ្យ​ខ្ញុំ​ភិតភ័យ​ទេ​ សូម្បីតែ​ដកភ្នែក​ចេញពី​រង្វង់​មុខ​ឌឺ១០០របស់ម្ចាស់ស្រីវាក៏ខ្ញុំមិនដកផង។ បើ​ពួក​អាអង្គរក្សនោះ​មិន​ស្រែក​ជេរ​ភាសា​ជាខ្មែរ ​ខ្ញុំស្មានថាវា​ជា​អាហ្វ្រិក​បាត់​ហើយ​ព្រោះវាម្នាក់ៗ​ខ្មៅ​ហើយ​ធំ​ខ្ពស់។

….ទាវនីណា​ញញឹមចំអកខ្ញុំ ខ្ញុំក៏​ញញឹម​តបនាង​វិញហើយ​រេភ្នែក​មើលដងខ្លួន​នាង​គ្រប់ទីកន្លែង​។ នាង​ខំ​ធ្វើ​ឫកជា​អ្នក​នាង​ធំ​នៃ​គ្រួសារ​លោក​បងធំ ដែល​មិន​អឹម​អៀន តែ​នាង​ចៀស​ពី​​ក្តៅ​ចិត្ត​មិន​បាន​នឹង​ភ្នែក​អារាត់អារាយ​របស់ខ្ញុំ បានក៏​​ប្តូរទឹកមុខហើយ​​លើកដៃ​យារ​មក​ទះ​កំផ្លៀង​ខ្ញុំ​អម​ជាមួយ​ផ្កា​វោហា​បីម៉ាត់៖

«មនុស្ស​ព្រហើន!» នាង​ស្តី​ឱ្យ​ខ្ញុំ​ត្រជាក់ស្រេប​។

ចិត្ត​ខ្ញុំ​ចង់​ឱ្យ​ដៃ​ទន់ល្វក់​របស់​នាង​ប៉ះពាល់​ថ្ពាល់​ខ្ញុំ​ដែរ​ តែ​ចិត្ត​ជា​កូនប្រុស មក​ឱ្យ​ស្រី​ទះ​កណ្ដាល​ចំណោម ដូច​ទៅ​មិន​រួច បាន​ជា​ខ្ញុំ​លូក​ដៃ​តម្រង់​ទៅ​រក​ចាប់​ក​ដៃ​នាង​។

ចាប់​បាន​កាលណា​ ខ្ញុំបន្ថែម​កម្លាំង​ទាញ​ខ្លួន​នីណា ​មក​ឱប​ជាប់​ទ្រូង​ទាំង​ស្រុង ក្នុង​ពេល​មិនដល់​មួយ​ដង្ហើម​។

ពួក​អ្នក​ការពារ​លូក​ដៃ​ដក​កាំភ្លើង​ខ្លី ឯ​ដៃ​ខ្ញុំ​ដែល​នៅ​សល់​ម្ខាង​ទៀត​ស្រវា​បាន​ដប ស្រា​មក​វាយ​បំបែក​ប្រាវ ទុក​តែ​ក្បាល​ដប​ដែល​មាន​អំបែង​ច្រូងច្រាង ភ្ជង់​មក​រក​គល់​ក​ស្រី​ស្អាត។

«ថយក្រោយ!»

ខ្ញុំ​បញ្ជា​មួយ​ៗ។

ពួក​នោះ​ស្រឡាំងកាំង​ដែល​នាង​តូច​របស់​វា​កំពុង​ធ្លាក់​ក្នុង​ដៃ​ខ្ញុំ។​

បើ​វា​ហ៊ាន​តែ​ប្រហែស​បន្តិច​ ​ហើយ​ខ្ញុំ​ហ៊ាន​តែ​ឆេវឆាវ​បន្តិច  អំបែង​ដ៏​ស្រួច​នោះ នឹង​ចាក់ធ្លុះ​ស្បែក​សម៉ដ្ឋ​ស្ដើង​របស់​នាង​​មិនខាន​។

….ហើយ​ទីនេះ​ក៏​នឹង​លែង​មាន​ដំណើរ​ហ៊ឹកហ៊ាក់​របស់​ទាវនីណា​ទៀត​ដែរ។

ប៉ុន្តែ​ពួក​កង​ការពារ​បារម្ភ​នីណា​មិនបាន​ភ័យ​ព្រឺ​​ទេ ​នាង​ប្រឹង​រើ ហាក់​មិន​ខា្លច​សូម្បី​អំបែង​ដប។ ជើង​នាង​​ក៏​បម្រុង​លើកឡើង​ហើយ​ប្រើ​កែង​ស្បែកជើង​ដែល​តូច​ស្រួច​របស់​នាង​មក​ធ្វើជា​អាវុធ​បំបាក់​ជំហរ​ខ្ញុំ​ទៀត។

បើ​ខ្ញុំ​ដំឡូងមូល​ឱ្យ​នាងជាន់​បាន ខ្ញុំ​ក៏​អត់​ចាំបាច់ ហ៊ាន​មក​ចែចង់​នាង​កណ្ដាល​ចំណោម​ដែរ​។

ខ្ញុំ​ខាំមាត់​ក្រៀក​នាង​ស្អិត​សឹង​ថា​រលាយ​សាច់​ចូលគ្នា​បាន​….សំឡេងខ្ញុំ​ទុក​ល្មម​​ឮ​តែ​ពីរ​នាក់…

«បើ​មិន​ស្ដាយ​ជីវិត គួរ​ចេះ​​ស្ដាយ​សម្រស់! អំបែង​ដបនេះ​តែ​មួយ​ឆ្នូត​ទេ ​ធ្វើ​ឱ្យ​ទេពធីតា​ក្លាយ​ជា​មេធ្មប់​បាន​ណ៎ា នៅ​ឱ្យ​ស្ងៀម!»

ខ្ញុំ​ចុច​ត្រូវ​ចំណុច ស្រីៗ​ពិត​ជា​គិត​ពី​រូបស្អាត​ជា​សម្រស់ នាង​បាក់​អំនួត​ហើយ​ទម្លាក់​ដៃ​ដែល​ខ្ញាំ​ខ្ញុំ​នោះ​ចោល​សន្សឹម​ៗ។

មុន​ពេល​ដែល​គ្រាប់​កាំភ្លើង​ពួក​អា​ដំរីទឹក ​បាញ់​មក​ប្រសាច​បំបែក​ដបស្រា​ដែល​តាំង​ជា​ជួរ​ក្នុង​ទូ​បញ្ឈរ​ក្រោយ​ខ្នង​ខ្ញុំ ខ្ញុំ​ឱប​នាង​ក្រឡាស់​ខ្លួន​ច្រើន​ជុំ​គេច​ចេញ ​ពី​ក្នុង​ទី​លាយ​ស្រា​មក​ពី​មុខ​ពួកនោះ​កៀក​គ្នា​​មិនដល់​មួយម៉ែត្រ​ផង​។

….រាងកាយ​នាង​នៅ​ចំ​ពី​មុខ​ខ្ញុំ​ដែល​ធ្វើឱ្យ​ពួកវា​រេរា​​បើកភ្នែក​ក្រឡោត​…

ខ្ញុំ​ខ្សឹប​ដាក់​ស្រី​ស្អាត​ដែល​កំពុង​បាន​ឱប​ពេញ​ក្នុង​ដៃ…

«ឃើញ​អត់! មាន​លុយ​ពេក​​ ទៅ​ជួល​អា​ពួក​បំបង់បាយ​ចេះ​តែ​ប្រើ​កម្លាំង​មិន​ចេះ​ប្រើ​ខួរ​?!!»

អា​ដំរីទឹកមួយ​​ដែល​នៅពីមុខគេបង្អស់ ចង់​ហក់ចូលមកសាជាថ្មី ព្រោះ​អាណិតអ្នកនាង​វា​ដែលខំរើ​តែរើ​មិន​រួច​ពី​កំភួន​ដៃ​ខ្ញុំ….ស្រាប់តែ…

«អញ​ត្រូវការ​វា​ទាំង​រស់​!​»

សំឡេង​នេះ​លាន់​ចេញមកពីច្រកចូល ហើយពួក​កងការពារ​នាំគ្នា​ភិតភ័យ ងាកទៅឱនលំទោន​ព្រមទំាង​រអ៊ូ​ហៅបន្ត​គ្នា…

«បងៗ»

ឯករ៉េណា ជា​បងប្រុស​របស់​នាង​។

គេជាអ្នកលេង​កាប់ចាក់ ​ល្បី​ខាង​សម្លុត​អ្នកផង​តាំងពី​ជាង១០ឆ្នំាមុនមកម៉្លេះ គឺ​​តំាំងពី​ខ្ញុំ​មិនទាន់​ចេញ​ដើរ​ក្នុង​ពិភពគុន​។

ក្មេង​ឈាមរាវ​អត់​ផ្ទះ​សម្បែង ​អត់​ចំណេះវិជ្ជា​ប្រើ​តែ​កម្លាំង​ជា​ទុន​សុទ្ធ​តែចង់​បាន​គេមកធ្វើជាមេ​។

ទីណា​មាន​គេ គ្មាន​អ្នកណា​ហ៊ាន​ក្អក​ទេ។​

គេ​មិនត្រឹមជើង​ខ្លាំង​ខាង​កាប់​ចាក់​ តែ​ក្រោយ​មក​ក៏​បាន​កាន់​កាប់​ជំនួញច្រើននៅភ្នំពេញជំនួស​ឪពុក​គេ​រហូត​ដល់​មានដៃជើង​នៅចាំ​ស៊ី​ពែ​គ្រប់​ទី​កន្លែង។ សមត្ថកិច្ច​ធំៗ​ជាច្រើន​ ផឹកស៊ី​ឡើងចុះ​ផ្ទះ​គេនោះ​រាប់គ្នា​ជាក្លើ​។ មុននេះប៉ុន្មាន​ឆ្នាំ​អ្នកនៅភ្នំពេញអរណាស់ព្រោះ​ឮថា​គេប្តូរទៅ​នៅហុងកុងវិញ។

គ្រប់គ្នា​យល់ថា​អា​អ្នក​ចាក់ស្រា​ប្រហែលខ្ញុំ មិនទាន់​ឃើញ​មឈូស​មិនទាន់​ស្រក់​ទឹកភ្នែក….ក៏ ប្រហែលជា មកពីឯករ៉េណាទៅដល់ណាល្បីដល់នោះ….គឺគេ​ល្បីខាងកាប់ចាក់…

…..ដោយមាន​ប្អូនស្រី​ដ៏ក្រអូបប្រហើររបស់គេក្នុងដៃផង….ខ្ញុំ​ក្រអឺត​សម្លឹងដំណើរ​មកដល់របស់​ឯក​រ៉េណា។ ​ជននោះ​ដើរ​ឆ្ពោះ​មក​ស្មើរៗ….ជ្រែកកណ្តាល​កងការពារហើយ​តម្រង់​មកខ្ញុំ….

ឯករ៉េណា​ស្លៀកខោខូវប៊យ​ និង​អាវ​យឺតស ដៃវែង។

រាង​គេ​ឡូយ​ណាស់….ហើយ​ស្បែកជើង​ឃ្លុប​របស់​គេ បើ​ឱ្យ​គេ​ទាត់​ខ្ញុំ​ត្រូវ​ពោះ មុខតែ​ក្រោក​លែង​រួច​បណ្ដោយ​។

កណ្ដាប់​ដៃ​គេ​ក្ដាប់​មាំ​បញ្ចេញ​សរសៃ​សសូង​ស្អេក​ស្កះ​បង្ហាញ​ថា​ច្រើន​ឆ្នាំ​មកនេះ​​គេ​មិន​បាន​បោះបង់​ចោល​ការ​ហ្វឹកហាត់​បន្ថែម​ពី​លើ​ខ្សែក្រវាត់​ខ្មៅ​ ការ៉ាតេដូ​របស់​គេ​ឡើយ​។

….​ហើយ​គេ​ធ្វើមុខ​ស្មើ​ពេល​ចូល​មក​នៅ​ពី​មុខ​ខ្ញុំ​។

គេ​ខឹង​ណាស់​ហើយ​មើល​ទៅ តែ​គេ​មិន​ឆេវឆាវ។

ទឹក​មុខ​គេ​ស្អាតបាត​សម​តែជាមនុស្សប្រុសវ័យ៣២ឆ្នាំ មិនសម​និង​ប្រវត្តិពិត​របស់គេដែល​ខ្ញុំបានដឹង​ថា​​៤០ឆ្នាំហើយនោះទេ។

«បង​ឯក»

ខ្ញុំ​ហៅគេតិចៗពេល​ភ្នែកប៉ះគ្នា។​

បបូរមាត់​គេ​ស្ងួតបង្ហាញ​ថា​ផឹកស្រា​ច្រើនជាង​ផឹកទឹក ហាក់ដូច​លួច​​ញញឹម​តិចតួច​​ពេល​ឮ​ខ្ញុំ​និយាយ​ខ្មែរ ​ឃើញ​ខ្ញុំ​ហៅ​ឈ្មោះ​គេ តែដូច​មិនមែន​ញញឹម​សប្បាយប៉ុន្មាន​​ឡើយ​។

​ភ្នែក​បងធំ​នេះ ក្រឡេក​ទៅរក​ប្អូនស្រីដែល​ស្ថិត​​ក្នុងដៃខ្ញុំនៅឡើយ​។ នៅមិននៅ​ដួងចន្ទ្រា​​មកធ្លាក់ក្នុង​ដៃ​រាហ៊ូ​កណ្តាលជំនុំចំណោម មិនឱ្យ​ចិត្ត​គេឆេះ​ទ្រោល​ក៏​មិន​កើត។

គេ​ពន្លែង​ភ្នែក​ចោល​ទឹកមុខ​រលីងរលោងរបស់ប្អូន​ហើយ​សម្លក់សម្លឹងខ្ញុំ ពីលើដល់ក្រោម។

«អាណា​ជា​មេ​របស់​អ្ហែង?!»

គេសួរខ្ញុំ​ដោយ​ផ្តោត​ភ្នែក​លើ​ដៃ​ខ្ញុំ​ដែល​កៀប​ប្អូនស្រី​គេ​ គឺមានន័យ​ថា គេមិនចង់សូម្បី​​តែ​មើលមុខខ្ញុំ។

ខ្ញុំឆ្លើយតិចៗ៖

«បងរ៉េន​ឱ្យ​ខ្ញុំ​មករក​បងឯង​!​»

ផ្ទៃមុខ​នឹងនរ​របស់​បងធំ​ល្បីឈ្មោះ​ងើយ​មកវិញយ៉ាងរហ័ស។ ត្រចៀក​គេ​វៃណាស់ គឺ​មិនចាំ​បាច់ដល់​ខ្ញុំ​និយាយ​ពាក្យ​នេះ​ត្រួត​គ្នាម្តងទៀត​ឡើយ។

ភ្នែកគេមុត​ណាស់ ទោះបីគេមានរង្វង់មុខស្អាត​ប៉ុន្តែ​ភាពកាចសាហាវ នៅលាក់បាំង​ក្នុងកែវភ្នែកគេ​។

គេ​សម្លឹងខ្ញុំមុតដល់ប្រស្រីភ្នែក ហើយសម្លឹងខ្ញុំពីលើ​ដល់ក្រោមសារជាថ្មី​និង​រហ័សរហួន​។

ខ្ញុំ​បន្ធូរ​ដៃសន្សឹមៗ ហើយ​រុញនីណាថ្នមៗឱ្យ​ទៅបងប្រុសនាង​​។

…..​ឯករ៉េណា​លូកដៃ​ឆ្វេង​ទទួល​ប្ងូនស្រីទៅឱបជាប់ទ្រូង….ឯពួកអាដំរីទឹកស្ទុះមកប្រាវ….គ្មាន​អ្នកណា​ហ៊ានទាយថា​ខ្ញុំត្រូវ​គេសែង​ចេញទៅវិញ​ឬលូនចេ​ញទៅនោះទេ​….

«ថយ​សិន​ទៅ​!​»

ឯករ៉េណា​លើដៃស្តាំរា​ឃាត់កូនចៅ ​ហើយ​រុញស្រីស្អាត​នីណា​ឱ្យទៅនៅក្រោយខ្នង។

នាង​ល្អិតនោះ​ប្រើនេត្រា​ខ្មៅយង់សម្លក់​ខ្ញុំសឹងរបូត​គ្រាប់​ភ្នែក។

ខ្ញុំញញឹម​លោម​នាងយ៉ាង​​ស្រទន់វិញ​ធ្វើឱ្យនាង​ក្តៅចិត្ត​ផ្ទួន​ងាកភ្នែក​ចេញ​។ តែខ្ញុំមិនខ្វល់នឹងនាង​….រឿងដែល​ត្រូវខ្វល់​គឺបងប្រុស​នាង​កំពុង​ឈានមករកខ្ញុំ​….

ក្នុង​ដំណើរមួយៗ ឯករ៉េណា​សម្លក់ខ្ញុំពីលើដល់ក្រោម….

ខ្ញុំស្តី​បន្ថែម​ល្មមតែ​គេឮ ព្រោះ​គេនៅក្បែរខ្ញុំសឹងថា ដកដង្ហើមប៉ះគ្នា….

«ខ្ញុំ​ចាំបងឯងពីរខែ! ខ្ញុំធ្វើការនៅទីនេះពីខែទម្រាំ តែបាន​ជួប​បងឯង​យប់នេះ….!!»

«នេះអ្ហេស ជំនូន​ដែលអ្ហែង​ជូនអញ?!»

«ខ្ញុំនឹក​នីណា​ពេក​!​»

ខ្ញុំឆ្លើយមិនទាន់ផុត​ផង ឯករ៉េណា​ឡើងជង្គង់មក​។

ល្បឿននិង​កម្លាំង​ដែល​គេ​ប្រើ ​គឺចង់បំបាក់​ឱ្យខ្ញុំចុកដួល​ដេកលើដី សង​កំហឹង​ចិត្ត ប្អូន​ស្រី​សំណព្វ តែ​ខ្ញុំក៏មិនចង់បាក់​ពេកនៅមុខ​នាងដែរ។​

ខ្ញុំសងបង​ប្រុស​វិញ​មួយជង្គង់ ទាន់ពេល​វេលា ទង្គិច​គ្នាស្ទើរបែក​ប្រេះឆ្អឹង  ហើយ​ក្លេដៃគេ​​ដែល​លូកមក​ ក៏ខ្ញុំ​ខ្ទាស់​រង​ផូង​ទាន់ពេល។

យើង​ទំាងពីរ​នៅជាប់គ្នា​ក្នុង​ល្បែងហិង្សា​កណ្តាល​ក្រុមអ្នកតាមដាន​ចំហមាត់​។

ខ្ញុំមិន​អាច​ឱ្យ​ឯករ៉េណា​បាក់មុខ….និយាយ​ឱ្យត្រង់​មិនដឹងថា​អាច​យកឈ្នះ​កម្លាំង​កំភួន​ដៃរឹង​ម៉ឺង​​នោះ​បាន​ដែរអត់ផង​ទេ….តែ​ក្នុងចិត្ត​ខ្ញុំ…ម្នាក់នេះ​ពិតជាដៃគូកម្ររក…..

ទោះយ៉ាងណា ឆាកប្រយុទ្ធ​នេះ​មិនអាច​បន្តទៅទៀតយូរ​ទេ ​ព្រោះ​រវាង​យើងទំាងពីរ​មិនអាចមាន​អ្នកណា​ម្នាក់ដួល​ហើយ​ខ្មាសគេ​។

ខ្ញុំ​ខ្សឹប​តិចៗ៖

«បងឯក! ខ្ញុំក៏ចេះខឹងដែរ!​ បងឯកមិនរក្សាសន្យា បណ្តោយឱ្យនីណា​ចេញ​ដើរលេងរញ៉េរញ៉ៃ ពាក់អាវ​វាល​មុខក្រោយ! បើខ្ញុំមិនប្រដៅនាង​ខ្លះ សមដែរទេ!»

ឯករ៉េណា​សម្លឹងខ្ញុំមុត។​

ពន្លឺកំណាច​ក្នុងភ្នែកគេ​អាច​សម្លុតអ្នកដទៃបាន ​តែ​មិនមែន​ខ្ញុំឡើយ​។

ខ្ញុំដឹងតាំងពី​ដំបូងថា​ គេមិនហ៊ាន​ធ្វើអីខ្ញុំទេ ពុំ​នោះ គេមិនទុកឱ្យពួកអាដំរី​ទឹក​ឈរលេងឡើយ។

«ប្អូន​អញ អញ​ជា​អ្នក​ប្រដៅ​!​»

គេ​និយាយ​ក្នុង​សញ្ញា​បន្ធូរដៃ​ដែល​ខ្ទាស់ខ្ញុំ ប៉ុន្តែ​មិន​ទាន់​លែង​ទំាង​ស្រុង​ទេ​។ ​ឱ្យ​តែ​ខ្ញុំ​ហ៊ាន​ប្រហែស​ ថា​មិន​បាន គេ​ប្ដូរ​ចិត្ត ​វាត់​មក​មួយ​ក្បាច់​ថ្មី ខ្ញុំ​អាច​ដួលត្មោល​សន្លប់​ឈឹង​មិនខាន​។

ខ្ញុំ​ការពារ​ខ្លួន​ម៉ឺង​តែ​មាត់​នៅ​និយាយ​៖

«កូនស្រី​មាន​ប្ដី​ត្រូវ​ទៅ​តាម​ប្តី​! បងប្រុស​លែង​មាន​សិទ្ធិ​អី​ទៀត​ហើយ​​!​»

គេ​លែង​ដៃ​បន្ថែម​ខ្សាក ហើយ​ភ្នែក​​ទាំង​គូរ​មមី​មើល​ស្រាល​ខ្ញុំ។ ខ្វាក​! ​គេហែកអាវខ្ញុំត្រង់ដើមទ្រូង​ហើយ​ផ្តោតភ្នែក​សម្លឹង​រូបសាក់ជាគ្រប់ផ្កាយចំនួន​បី​លើដើមទ្រូងខ្ញុំ។

គេ​ហាក់រំភើបចិត្ត​ដែលឃើញ​សញ្ញា​អស់នេះ​ហើយ​​និយាយ​ខ្លីៗ៖

«ចាំ​មើល អ្ហែង​មាន​សមត្ថភាព​​ធ្វើប្តីវា​​អត់​!​»

មិនទាន់​ពន្លែង​ខ្ញុំ​ឱ្យ​របូត​សាច់​ពី​គ្នា​បាន​ដកដង្ហើម​​ស្រួលបួល​ផង​​ ឯករ៉េណា​បួងដៃ​ណែន​ក្តន់​ បុកបក​ក្រោយផំាង​តម្រង់​មក​ស្មាស្ដាំ​ខ្ញុំ​។ ​ក្នុងគ្រា​ស្រឡាំងកំាង​​ខ្ញុំគេច​ឯណា​ទាន់ ក៏​​ត្រូវ​មួយ​កណ្តាប់​ដៃនោះ ឈឺ​​ស្រពន់​ពីស្មា​ដល់កដៃ​សឹង​កម្រើក​លែង​ចង់​រួច។

បើសិន​ខ្ញុំ​មិនព្រម​ចាត់ការ​គគ្រាំគគ្រេង ​មាន​តែ​ទ្រាំ​ឱ្យគេ​ដាក់ទ្រោម​ព្រោះ​ដៃម្ខាង​លើកលែង​រួចទៅ​ហើយ​។

ជើងខ្ញុំក្រឡាស់​ទាត់ទូស្រាផាំងអស់​មួយកម្លាំងកូនប្រុស​ធ្វើឱ្យ​ទូ​កម្ពស់ពីរម៉ែត្រ​ទទឹង​ជាង​មួយ​ម៉ែត្រ​រង្គើ​ទៅ​មុខ​ហើយ​ដួល​ទ្រេល លាន់​ខ្ចាយ​កក្រើក​កំដរ​សូរ​សម្រែក​របស់​ពួក​​អ្នក​រត់តុ។

ឯក​រ៉េណា ដែល​នៅ​ពីមុខទូ​ត្រូវ​រកច្រកគេចចេញ ចោលប្អូនស្រី​ដែល​នៅឈរ​ស្រឡាំងកាំង រង់ចាំ​ទូគ្រប​មកសង្កត់។

គេបែរមកទាញ​នាងដែរ ​តែផុតដៃបន្តិច​ ព្រោះ​ពេលចូលមកវាយ​ខ្ញុំ​គេ​ចេញ​ឆ្ងាយពី​នាង​។

អ្នកដែលនៅក្បែរនាង​ជាងគេ ​គឺ​មាន​តែខ្ញុំប៉ុណ្ណោះ ដូច្នេះ​​បើខ្ញុំឱ្យ​ទាវនីណា​ដេកពេទ្យ​​នាង​ប្រាកដ​ជាគ្មានវិធី​ជ្រើសរើសទេ​….ដែលសំខាន់គឺនាង​ជាគូដណ្តឹងរបស់ខ្ញុំ​….ដូច្នេះ​កូនក្រមុំ​របស់ខ្ញុំ​សូម្បីជ្រុះសក់​មួយសរសៃក៏មិនគួរដែរ…ខ្ញុំលូកដៃដែល​នៅសល់មួយ​ចំហៀង រុញប្រឆាំងកម្លាំង​ដួល​របស់​ទូស្រា ហើយ​ច្រាន​វា​បកទៅក្រោយវិញ​ទោះបីជា​ដបខ្លះ​បាន​ធ្លាក់ដល់ដី។ ដប​ខ្លះក៏បែកខ្ចាយ….ខ្លះទៀត​មិនចុះចាញ់នឹង​ការទង្គិច​ គឺរក្សា​ភាពម៉ឺង សំបក​ក្រៅ​​ដែល​រចនា​ពី​កញ្ចក់​មាន​តម្លៃ​លោត​ចុះឡើងនៅលើកម្រាលព្រំ….

មានអ្វី​ខ្លះនៅផ្ទះ​ឯករ៉េណា

«នីណា​ លើកទឹកមក!​»

ឯករ៉េណា​ស្រែក​បញ្ជា​ប្អូន​គេ​ដែល​ជា​ព្រះ​នាង​តូច​នៃគេហដ្ឋាន​នេះ។

«អត់ទេ​!​» នាង​ស្រែក​បដិសេធមកវិញស្រួយស្រេះ។

នាង​គុំកួនខ្ញុំ ហើយនាង​ខឹង​ណាស់ដែលបងនាង​ទទួលខ្ញុំ​មកជាភ្ញៀវ​។

ប៉ុន្តែ​នាង​គ្មាន​ជម្រើសទេ….

«បងឱ្យ​យកមក ឆាប់យកមកភ្លាម​នីណា​!​»

គេ​អង្គុយ​បង់ចំខែងលើសាឡុង​ដាក់​បញ្ជា​ខ្លាំង​ប្រឆាំង​នឹង​ភាព​​មានៈ​រឹង​ត្អឹង​នៃ​អ្នកនាង​តូច​​ ធ្វើឱ្យ​ខ្ញុំ​ហួស​ចិត្ត​ពីភាព​រញ៉េរញ៉ៃ​នៃគេហដ្ឋាន​នេះ ​​ទោះបី​បំពាក់ដោយ​សង្ហារឹម​លំដាប់​កំពូល​ក្តី។

…..សម្រិប​ជើងលាន់មកស្រាលៗពីក្រោយ​ខ្នង​ខ្ញុំ….

ខ្ញុំញញឹម​ខែងរ៉ែងក្នុងចិត្ត​ ស្មាន​ដឹងថា​ស្រីឆ្នាសអ្នកនាង​ធំ ​នាង​មិនអាច​គេចពីខ្ញុំរួចទេ។ ពេល​ម្រាម​ដៃ​ទន់ល្មើយដាក់កែវទឹកមកពីមុខខ្ញុំ ខ្ញុំញញឹមឌឺដងងើបមុខមើលនាង​ភ្លាម….

មិនទាន់​និយាយ​ចេញនូវពាក្យពីរម៉ាត់ថា«អរគុណ»ផងខ្ញុំ​ភាន់ភាំង​…..

….​អ្នកលើកតែ​មកមិនមែន​នីណា​ ស្រីឆ្នាស់​ឫកខ្ពស់កប់មេឃទេ​ ប៉ុន្តែ​បែរជានារីស្រគត់ស្រគំ ទឹកមុខ​សមរម្យ​ម្នាក់។

ឃើញនាង​ខ្ញុំភ្លឹក​ទំាង​ដៃនៅប៉ះកែវ​ទឹក ប៉ុន្តែ​ភ្នែក​ដកចេញមិនរួចពីនាង ​ទោះនាង​ឈ្ងោកមុខសម្លឹង​កម្រាលព្រំ​មិនមើលមកខ្ញុំក៏ដោយ​….

«អូន​ឯង​លើកទឹកមកធ្វើអី?!»

ឯករ៉េណា​សួរ​ដូចទាញ​អារម្មណ៍​ខ្ញុំ។

ខ្ញុំងាក​ទៅរក​បុរសដែលមានអំណាច ​ឃើញគេ​ព្យាយាម​រក្សាទឹកមុខ​ម៉ឺងម៉ាត់​ដាក់សំណួរទៅនារីសុភាព​នោះ ​តែភ្នែក​គេ​ទាំង​គូរ​បញ្ចេញនូវភាសាសម្ងាត់ថា​«ស្រលាញ់នាង​»។

ខ្ញុំ​លែងហ៊ាន​សម្លឹងនាង​ទៀត​ព្រោះខ្លាច​ធ្វើឱ្យបងធំ​ទើសចិត្ត តែ​​គ្រប់យ៉ាង​មិនអាច​ហាមការ​គិត​របស់ខ្ញុំ​នោះទេ។

ខ្ញុំនឹកដល់សន្លឹករូបថត​ដែល​គេផ្ញើមកឱ្យខ្ញុំមើល​។

«អ្នកគ្រូ​ នីភា ​អាយុ​២៣ឆ្នាំ ចេញពីផ្ទះ​ឪពុកម្តាយនាង មកនៅជាមួយឯករ៉េណាជាងមួយឆ្នាំ​ហើយ​! នាង​ប្រាកដជាត្រូវវាបង្ខំ ប៉ុន្តែ​មិនដឹងវាប្រើវិធីអ្វីទេ ​បានចានាង​មិនដែលហ៊ាន​ត្រលប់ផ្ទះ​វិញឡើយ!»

ព័ត៌មាន​នេះតំាងពីដំបូង​ធ្វើឱ្យខ្ញុំនឹកអាណិត​នារីខ្មែរ​ស្លូតបូត​ក្នុងរូបថតនោះ ទម្រាំ​ពេលនេះមក​ឃើញ​នាង​ផ្ទាល់រស់នៅកណ្តាល​ហ្វូងចចក​តើ មិនឱ្យចិត្ត​ខ្ញុំរំជួលម៉េចនឹងបាន​?

«នីណា​គ្រុន​​ឡើងទៅ​គេងហើយ​!​ លោក​កុំថាឱ្យនាងអី រ៉េណា​!​»

ខ្ញុំធ្វើ​មុខស្មើ ប៉ុន្តែ​ចិត្តខ្ញុំកំពុងតាមដាន​នារី​ថ្មីនេះ​ភ្លេចខ្វល់​ពីនីណា។

ឯក​រ៉េណា​ហៅនាង​ថាអូន ចុះហេតុអីនាង​មិនហៅគេថា​បងវិញ?

នាង​តាមពិត​ត្រូវនៅទីនេះ​ដោយការបង្ខំពិតមែន?

ឯក​រ៉េណា​ទំនង​ជា​ចង់​បង្ហាញអំណាច​នៅចំពោះ​មុខខ្ញុំ ​គេក្តាប់មាត់ ស្ទុះក្រោក ធ្វើឱ្យខ្ញុំ​ភាន់ភាំង​ងើប​មុខ​សម្លឹង​គេ​។

គេស្រែកហៅ​ឡូឡា​ឮៗ៖

«នីណា?!»

ជើង​គេ​បោះ​តម្រង់​ទៅ​ជណ្តើរ​ ឯ​អ្នកគ្រូ​ក្មេង​ខំ​រេ​ខ្លួន​ទៅពីមុខ​គេ។​ ទឹកមុខ​នាង​ដែល​សម្លឹងគេ​ហាក់​ដូចជា​អង្វរករ​គ្រាន់​តែ​នាង​មិននិយាយ ​ឯទឹកមុខគេ​ដែល​សម្លឹងនាង​វិញ​ហាក់​ប្រាប់​ថាឱ្យឈប់រាំងផ្លូវ​។

មនុស្សប្រុសម្នាក់ស្រីម្នាក់​ដែល​ម្ខាង​សង្ហាម្ខាងស្រស់​ស្អាត ​សម​ល្មម​នឹងកសាង​សម្ព័ន្ធស្នេហ៍​បាន តែ​មក​លេង​ទឹកមុខ​ដាក់គ្នា ​ប្រើ​ភាសា​កែវភ្នែក​ទៀត ឯ​អ្នក​បម្រើ​ម្នាក់ៗរួមទាំង​កងអង្គរក្ស​គ្មាន​អ្នកណា​ហ៊ាន​ងើបមុខ​មើលទៀតនោះ ខ្ញុំចាប់ផ្តើមលង់​​កាន់តែជ្រៅ​ទៅក្នុង​ចំណោទ​ថ្មីនេះ។

«បើ​នាង​ជា​ឈ្លើយ​សឹក ​ចុះហេតុអីបានជាឯករ៉េណា​មិនច្រលោតតោតតូងដាក់នាង? ពេលនេះ​គេកំពុង​ខឹង​សម្បា​ គួរណាស់តែ​នាង​មិនហ៊ាន​ទេក្នុងការរាំងផ្លូវគេ? ហេតុអ្វី​នាង​ដឹង​សកម្មភាព​គេ​ហើយ​រត់ទៅពាំង​ផ្លូវបានមុន? ហេតុអ្វីពីរនាក់គេ​មើលទៅយល់ចិត្តគ្មានម្ល៉េះ​?!»

«រ៉េណា​!​»

អ្នកគ្រូ​សម្បុរស​ជ្រះហៅតិចៗ ធ្វើឱ្យ​ល្បងធំនៃគ្រួសារមានអំណាចទម្លាក់សំឡេង​និយាយ​ដាក់នាង​តាមសម្រួល ៖

«នីភា​កុំកាន់ជើង​វា ឱ្យវាខូចអស់! រាជជាគូដណ្តឹង​របស់វា វាត្រូវតែមករាក់ទាក់គួរសមគេ​!»

នីភាបែរមករកខ្ញុំសន្សឹមៗ។

កែវភ្នែក​នឹងនរ​ហើយស្រទន់របស់អ្នកគ្រូ ដែលចោម​ព័ទ្ធ​​ដោយ​រោមភ្នែក​កោង​ងរ ហាក់ទំនង​ជា​ចង់ដឹងថា​ខ្ញុំនេះ​ឬ ជា​«រាជ»ដែលឯករ៉េណា​ទើបតែនិយាយ​។

មិនដឹង​យ៉ាងម៉េច នារី​វ័យក្មេងនេះ​​ស្ងប់ស្ងាត់ ហើយ​ស្អាតបាត​គួរឱ្យ​កោតគោរព។ ទោះខ្ញុំ​កំពុង​​សម្តែងភាពប្រហើន​និង​ដៃឆៅ​យ៉ាងណា​ខ្ញុំហាក់មិនដាច់ចិត្ត ថាខ្វះការ​គួរសមចំពោះ​នាង​ឡើយ​។

ខ្ញុំក្រោកឈរ​ហើយ​ហៅនាង​ដោយ​គោរព​៖

«អ្នកបង​!​»

នាង​រក្សា​ភាព​​ស្លូតបូត​លើផ្ទៃ​មុខ​ តែ​ឯក​រ៉េណា​លូក​ដៃ​មក​ឱប​ចង្កេះ​នាង​ទំនង​ជា​ចង់​បញ្ជាក់​ភាព​ជា​កម្មសិទ្ធិ​លើ​បេះដូង​នាង​។

ខ្ញុំ​អាល័យ​តែ​ភាន់​ភាំង​នឹង​ដៃ​គេ​ដែល​ប៉ះ​ពាល់​នាងនៅ​ចំពោះមុខម​នុស្សម្នា​ មិនបាន​តាមដានទេ​ថា​ទឹកមុខ​នាង​ពេញចិត្ត​ឬ​សៅហ្មង​ កាលបើ​ត្រូវ​ប្រុស​ម្នាក់​មកស្និទ្ធស្នាល​ឱ្យគេ​ឃើញ​បើកចំហបែប​នេះ​។

នាង​មិនបាន​គេច​ចេញ​ពី​ដៃ​បុរស​មានអំ​ណាចទេ តែ​ខ្ញុំក៏​មិន​ដឹងថា​នាង​ពេញចិត្ត​ឬ​មិនពេញចិត្ត​ឡើយ​ ខ្ញុំ​គ្រាន់តែ​យល់ថា​អ្នកគ្រូ​នីភា​មិន​សម​នឹង​ឯករ៉េណា​ដាច់ខាត។

ពីរនាក់​គេ​ដូចជាគីង្គក់​និង​ក្ងាន​សួគ៌ ឬក្អែកនិង​ពងមាន់….

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*