ទោះបីជាឯករ៉េណាជាមនុស្សល្បី មានទ្រព្យសម្បត្តិ ប៉ុន្តែគេល្បីខាងអាក្រក់ច្រើនជាងល្អ។ គេប្រាកដជាក្អែក ឯនាងជាពងមាន់។
ទោះនាងមិនរើចេញពីរង្វង់ដៃគេ តែទឹកមុខនាងគឺអៀនខ្មាសនឹងខ្ញុំ។
ឯករ៉េណាមិនអាណិតនាង តែខ្ញុំនឹកអាណិតនាងណាស់….ពិសេសខ្ញុំដឹងប្រវត្តិនាងនិងភាពឃោរឃៅផ្ដាច់ការរបស់គ្រួសារនេះ។ មិនដឹងថាមុនពេលនាងនៅស្ងៀមទទួលយកអ្វីៗគ្រប់យ៉ាងនៅទីនេះ តើឯករ៉េណាប្រើវិធីស្មោកគ្រោកបែបណាខ្លះទៅ ដើម្បីបង្ខំចិត្តនាង?
ខ្ញុំមិនអាចជួយនាងបាន មានតែគេចមុខដោយខ្លួនឯងវិញ។ ខ្ញុំចាប់ផ្ដើមបញ្ចេញលេស៖
«បងឯកទុកឱ្យខ្ញុំចាត់ការនីណាខ្លួនឯងទៅ!»
ឯករ៉េណាចោលភ្នែកមកមើលខ្ញុំ តែនីភាភិតភ័យ។
អ្នកគ្រូក្មេងហាក់តក់ក្រហល់ច្រាសច្រាលនឹងចរិតខ្ញុំ រីឯ ឯករ៉េណានៅតែនឹងនរសួរ៖
«ឯងគិតចាត់ការរបៀបណា?»
ខ្ញុំញញឹមតបខែងរ៉ែង៖
«គោមិនស្រេកទឹក ជ្រមុជក្បាលមិនបានទេ! ខ្ញុំត្រូវធ្វើឱ្យគេយល់ចិត្តសិន!»
ឯករ៉េណាងក់ក្បាលផ្ងក់ៗ ហាក់មិនបដិសេធប៉ុន្តែពេលខ្ញុំហៀបនឹងឡើងទៅ នីភាស្រែកកាត់៖
«ឈប់!»
ខ្ញុំបែរក្រោយមកមើលនាងដែលពេញដោយភាពភ័យព្រួយលើផ្ទៃមុខ។
នាងឃើញខ្ញុំដែលមានវ័យប្រដំត្រសងល្មមអាចគ្រប់គ្រងនាងបាន ទោះហៅនាងថាអ្នកបង តែនាងនៅតែហាក់មិនតាំងខ្លួនជាចាស់ទុំរបស់ខ្ញុំបន្តិចណាទេ។
នាងនៅអាក់និយាយមិនចេញ ខ្ញុំក៏ពន្យល់បញ្ចប់ការបារម្ភរបស់នាង៖
«អ្នកបង! ខ្ញុំអត់ធ្វើអីគេទេ ខ្ញុំស្រលាញ់គេ ទុកគេជាប្រពន្ធខ្ញុំ ហើយខ្ញុំអត់ធ្មត់បានរហូតដល់គេទទួលខ្ញុំ!»
ងាកទៅមើលបងប្រុសនាង ក៏ឃើញគេងក់ក្បាលពេញចិត្តចរិតរបស់ខ្ញុំ ព្រោះគេជាអ្នកហក់លោតគេពេញចិត្តចរិតក្លាហានរបៀបនេះ? ឬមួយក៏គេនៅគោរពសន្យាចាស់?
ខ្ញុំបានលេសក៏បន្ថែមភ្លាម៖
«គឺដូចកាលដែលបងឯក បានបេះដូងអ្នកបងអញ្ចឹងដែរ!»
គឺខ្ញុំមានចេតនាចង់តាមដានមើលប្រតិកម្មនារីវ័យក្មេងនេះ ថានាងពិតជាទទួលស្គាល់សេចក្ដីស្នេហារវាងខ្លួននាងនិងបុរសមានអំណាចនេះ ឬមួយនាងគ្រាន់តែបង្ខំចិត្ត?
នាងដូចជាទឹកនឹងមែន….ទឹកមុខប្តូរបន្តិចក៏គ្មាន នៅពេលដែលឮនិយាយពីរឿងស្នេហា គ្មានចំណុចណាចាប់សម្គាល់បានសោះ។
ឯករ៉េណាតឿនខ្ញុំ៖
«ឯងឡើងទៅចុះ!»
គឺគេបើកផ្លូវឱ្យខ្ញុំក្រោមការព្រួយបារម្ភរបស់អ្នកគ្រូក្មេង។
ខ្ញុំរត់ឡើងជណ្តើរធ្វើដូចនឹកនីណាណាស់ តក់ក្រហល់ណាស់ តែពីក្រោយខ្នងខ្ញុំខ្ញុំលបស្តាប់សម្តីពួកគេ។
ឯករ៉េណាពន្យល់នីភា៖
«គេជាប្អូនពៅបងរ៉េន! បងរ៉េនជាអ្នកមានគុណក្នុងជីវិតបង! បងភ្ជាប់ពាក្យប្អូនបងរ៉េននិងនីណា តំាងពីយូរមកហើយ ១៨ឆ្នំាហើយ! តាំងពីក្មេងនោះអាយុ៧ឬ៨ឆ្នាំ!»
ខ្ញុំទន្ទឹងស្តាប់សំឡេងអ្នកគ្រូស្រគត់ស្រគំ តែអត់ឮនាងឆ្លើយថាម៉េចទេ….នាងស្ងប់ស្ងាត់ពេកហើយអ្នកគ្រូនីភា….មនុស្សដូចនាងហ្នឹងអ្ហីដែលរើសយកអាអ្នកលេងដូចឯករ៉េណានេះជាគូជីវិតបោះបង់ចោលគ្រួសារ?….អត់ទេ នាងប្រាកដជាមានការលំបាកអ្វីម្យ៉ាងហាមិនចេញ?…..បើមែន ខ្ញុំនឹងបញ្ចប់វា។
របស់មួយហើរមកវឺ តម្រង់ក្បាលខ្ញុំ…បើកុំតែខ្ញុំលើកដៃចាប់ទាន់ ខ្ញុំប្រហែលមិនត្រឹមតែជាំមុខទេគឺដួលផ្ងារក្រោយធ្លាក់ជណ្តើរ…..
«ទៅស្លាប់ឯណាឱ្យបាត់ទៅ! ឡើងមកធ្វើអី? ឮឬនៅ?!»
នីណាស្រែកជេរខ្ញុំច្រែតៗ ឯខ្ញុំបុកពោះសម្លឹងដបទឹកសុទ្ធដែលនាងទើបតែចោលខ្ញុំមួយទំហឹងដៃ។ នាងមិនត្រឹមចង់បណ្តេញខ្ញុំទេ គឺចង់សម្លាប់ខ្ញុំ។
បងប្រុសនាងស្រែកគំហកពីក្រោមមក៖
«នីណា! ខ្មោចចូលស្អីឯង?!»
នីណាបង្ហាញទឹកមុខក្រញូវនៅឯមាត់ជណ្ដើរជាន់ទីមួយ….ខ្ញុំងើបមុខសម្លឹងនាងហាក់ស្រលាំងកាំងដែលនាងស្អាតយ៉ាងនេះ តែកំណាចយ៉ាងនេះ។
នាងតមាត់ឡូឡា៖
«អ្នកណាប្រើបងឯងឱ្យអាគាត់នេះឡើងមក!»
បងនាងមិនឆ្លើយបែរជា ដើរមកទះស្មាខ្ញុំ….
«ឯងទៅសម្រាកទៅ! ចាំបងប្រដៅវា!»
…ឯករ៉េណាដើរហួសទៅ….ខ្ញុំតាមមើលគេ….ប្អូនគេស្អាតយ៉ាងនេះ គេហៅនាងថា«វា»នៅនឹងមុខខ្ញុំ?
ទាវនីណា ឃើញបងនាងឡើងទៅ នាងក៏បែរក្រោយរត់ប្រូច….
ឯករ៉េណាមិនបង្អង់យូរ ក៏បង្កើនល្បឿនជើងរត់តាមពីក្រោយនាងដែរ….
ខ្ញុំភាន់ភាំង….ផ្ទះនេះ សមាជិកម្នាក់ៗចម្លែកពេកហើយ.,…
ខ្ញុំបែរក្រោយមករកអ្នកគ្រូដែលស្រងូត ហើយសួរនាងភ្លាម៖
«តិចបងឯកវាយនីណាទៅ?!»
ខ្ញុំធ្វើដូចជាស្រលាញ់យកចិត្តទុកដាក់នឹងស្រីឆ្នាសនោះពិតៗ តែតាមការពិតចិត្តខ្ញុំរកលេសនឹងបាននិយាយជាមួយអ្នកគ្រូនីភាទេ។
នីភាញញឹមគួរសមទេមិនស្រស់បស់ឡើយ នាងឆ្លើយខ្សោយៗ៖
«មិនអីទេ! គាត់ស្រលាញ់នីណាណាស់!»
ថាហើយនាងញញឹមដើរហួសពីមុខខ្ញុំឡើងទៅលើដែរ។
ខ្ញុំនៅស្ងៀមមួយកន្លែង គឺតាមមើលដំណើរដ៏ស្រស់សោភារបស់នាងពីក្រោយ។
«ស្រីស្អាតដ៏ទន់ភ្លន់អើយ នាងពិតជាបានក្លាយជារបស់អាអ្នកលេងនេះទៅហើយមែនទេ?!»
នីភាឃើញខ្ញុំនៅស្ងៀមក៏បែរក្រោយហៅខ្ញុំតិចៗ៖
«រាជ!»
ខ្ញុំភ្ញាក់មកវិញ។
ទោះវាជាឈ្មោះក្លែងក្លាយសម្រាប់ឱ្យខ្ញុំបន្លំចូលមកគ្រួសារនេះ តែនាងហៅកាលណាខ្ញុំភ្ញាក់កាលណោះ។
«ខ្ញុំនំារាជទៅបន្ទប់សម្រាក!»
«បាទ!»
ខ្ញុំឡើងតាមនាង។
ឱកាសសម្រាប់តាមដានស្រីស្អាតនេះបន្តមានទៀតហើយ។ មុនពេលទៅដល់កន្លែងដែលនាងរៀបចំ ខ្ញុំសម្គាល់ឃើញថា ទូទំាងគេហដ្ឋាននេះ សុទ្ធតែមានអ្នកបម្រើប្រុសៗម្នាក់ពីរនាក់នៅរេរាឃ្លាំមើល។
ខ្ញុំមិនហ៊ានសួរនាំអ្វីទេ រង់ចាំទាល់តែនាងបើកទ្វារបន្ទប់មួយឱ្យខ្ញុំ ហើយចូលទៅពីក្រោយនាង។
«រាជ សម្រាកបន្ទប់នេះហើយ! បាយទឹកនៅខាងក្រោម! ត្រូវការអ្វីក៏អាចប្រាប់ចុងភៅបានគ្រប់ពេលណ៎ា!»
ពេលនេះប្រហែលជាពាក់កណ្តាលអធ្រាត្រហើយ បើសម្លឹងទិដ្ឋភាពទៅក្រៅបង្អួចកញ្ចក់។ ផ្ទះវីឡារបស់ឯករ៉េណាចម្ងាយមិនដល់ពីគីឡូម៉ែត្រទេពីតំបន់ Kowloon Tong ដែលខ្ញុំធ្វើការ។ ផ្ទះនេះសង់លើចង្កេះភ្នំចោមព័ទ្ធដោយសួនច្បារដែលទំនងសម្រាប់ការពារជាជាងកម្សាន្តធម្មជាតិ។
បរិយាកាសស្ងប់ស្ងាត់ណាស់ជុំវិញនេះ…
ខ្ញុំសាកល្បងនិយាយ…គឺខ្សឹបៗមិនចង់ឱ្យពួកអ្នកការពារនៅខាងក្រៅស្តាប់ឮ…
«អ្នកគ្រូនីភា!»
នាងនៅស្ងៀមរបូតដៃពីកន្សែងពោះគោដែលបម្រុងហុចមកឱ្យខ្ញុំ។ នាងប្រហែលមិននឹកស្មានទេថានាងមកឆ្ងាយយ៉ាងនេះ មានអ្នកស្គាល់ឈ្មោះនាងច្បាស់និងមុខងាររបស់នាងនៅស្រុកខ្មែរទៀត។
សំខាន់បំផុត នាងប្រហែលភ្ញាក់ផ្អើលដែលខ្ញុំប្ដូរពីហៅនាងថា«អ្នកបង»មកជា«អ្នកគ្រូ»។
នាងសម្លឹងមកខ្ញុំដោយងឿងឆ្ងល់លាយក្រៀមក្រំ។
ខ្ញុំនិយាយបន្ត៖
«សិទ្ធីឱ្យខ្ញុំមករកអ្នកគ្រូ! ខ្ញុំមកពីភ្នំពេញជាងពីរខែហើយ»
កុលនារីថ្លោះទឹកមុខហើយកែវភ្នែកនាងទាំងសងហាក់ឆ្លេឆ្លា។
នាងសម្លឹងហួសពីស្មាខ្ញុំទៅខាងក្រោយទ្វារ ហាក់ខ្លាចក្រែងអ្នកណាមកទាន់។
ខ្ញុំបុកពោះ ពេលនាងដូរទឹកមុខហើយនិយាយ កែបរិយាកាស៖
«រាជត្រូវការអីអាចប្រាប់អ្នកយាមក្បែរៗនេះក៏បាន!»
ស្នូរដង្ហើមអ្នកទីបីលាន់មកពីក្រោយទ្វារ។
គឺឯករ៉េណាវិលមកវិញ។
គេប្រហែលរត់មិនទាន់ប្អូនគេ ឬអាចថាគេមិនទុកចិត្តដែលឱ្យស្រីតូចសោភានេះនៅតែពីរនាក់ខ្ញុំ។
ស្នូរជើងគេលាន់មកទឹបៗ ឯខ្ញុំធ្វើមិនដឹងខ្លួនហើយងើយមើលផ្ទៃបន្ទប់។
«Wow!»
នាងញញឹមទៅឯករ៉េណា គឺស្នាមញញឹមយកចិត្តយកថ្លើមគេ ព្រមទាំងដើរទៅរកគេ។
«នីណានៅឯណា?!» នាងសួរបុរសមានអំណាច។
ឯករ៉េណាឆ្លើយអត្ថន័យគម្រោះគម្រើយតែគេប្រើសំឡេងខ្សឹបៗ៖
«វាចាក់សោខ្លួនឯងក្នុងបន្ទប់ហើយ! ចាំមើលវានៅបានដល់អង្កាល់?!»
នីភាមិនមាត់ហើយរ៉េណាត្រកងចង្កេះនាំនាងចេញទៅ។ គេងាកមកស៊ីញ៉ូភ្នែកដាក់ខ្ញុំឱ្យសម្រាក។
….ខ្ញុំធ្វើជាបិទទ្វារហើយបិទភ្លើង…តែចិត្តខ្ញុំសម្រាកឯណាកើត….?
តួនាទីខ្ញុំមកទីនេះគឺមករកនាង….
អ្នកគ្រូនីភា! សង្សារកម្សត់នាងនៅចាំនាងខាងក្រៅ គេមិនដឹងទេថានាងកំពុងកើតទុក្ខឬសុខសប្បាយក្នុងរូងខ្លា។
គេសង្ឃឹមថាខ្ញុំនាំនាងចេញទៅវិញបាន ប៉ុន្តែនាងដឹងសមាសភាពខ្ញុំហើយមួយម៉ាត់ក៏មិននិយាយតើនាងមានទុក្ខលំបាកអ្វី?
ខ្ញុំដេកសំងំបន្តិចមិនដល់១៥នាទីផងក៏ក្រោកចេញពីគ្រែមកក្បែរបង្អួចលបសម្លឹងទិដ្ឋភាពជុំវិញខ្លួន។
ការងារសំខាន់ គឺសម្គាល់ទ្រង់ទ្រាយ ទីតាំង កន្លុកកន្លៀតផ្ទះនេះ ដូច្នេះខ្ញុំពិនិត្យអ្វីៗដោយប្រយ័ត្នប្រយែង។
ចម្ងាយពីមុខប្រមាណជា៦ទៅ៧ម៉ែត្រខ្ញុំឃើញខ្នងរ៉េណា។
គេដូចជាកំពុងឈរនិយាយជាមួយអ្នកណាម្នាក់ដែលបាំងនឹងជញ្ជាំងកាត់ពីមុខខ្ញុំ ដូច្នេះខ្ញុំខំអើតមើលអ្នកដែលកំពុងតែនិយាយជាមួយគេនោះមិនឃើញទេ។
បន្តិចមក សរសៃសក់វែងអន្លាយប៉ើងតាមខ្យល់។
គេប្រាកដជាកំពុងឈរជាមួយនីភា។ ខ្ញុំគិតហើយភ័យ។ នាងនិយាយអ្វីនឹងគេ? នាងអាចរាយការណ៍ប្រាប់គេឱ្យសង្ស័យលើខ្ញុំដែរទេ? តែកាយវិការនៅឯបន្ទប់ដូចជានាងចេះប្រុងប្រយ័ត្នហើយការពារខ្ញុំជាងខ្ញុំខ្លួនឯងទៅទៀត?
ខ្ញុំមិនយល់ពីអាថ៌កំបាំងនៅពីក្រោយភាពស្ងប់ស្ងាត់របស់នាងទេ។
ខ្ញុំទុកចិត្តភាពស្លូតបូតលើផ្ទៃមុខនាង និងពត៌មាននានាទាក់ទងពីនាង ដែលសិទ្ធីអ្នកជួលខ្ញុំឱ្យធ្វើការនេះបានធ្លាប់និយាយប្រាប់ខ្ញុំ ខ្ញុំយល់ថានាងមិនសម្លាប់ខ្ញុំទេ តែខ្ញុំយ៉ាងណានៅតែត្រូវការពារប្រសើរជាងព្យាបាល។
ខ្ញុំរកវិធីចេញបន្ទាន់ទៅកាន់ទីនោះ។
វាគ្មានអ្វីរារាំងខ្ញុំបានទេ ព្រោះខ្ញុំបានត្រៀមគ្រប់ស្នៀតហើយមុនពេលសម្រចចិត្តចូលមកក្នុងរូងខ្លា។
ខ្ញុំលួចឡើងមកដល់រានហាលខាងក្រៅបន្ទប់របស់មេគ្រួសារនេះ ដោយពួកដំរីទឹកដ៏បំបង់បាយមិនអាចចាប់ថ្នាក់អ្វីបានឡើយ។
គេនៅជាមួយអ្នកគ្រូកម្សត់បានន័យថានាងក្លាយជារបស់គេពិតមែន។
ខ្ញុំមិនចង់មកលបមើលឆាកស្នេហារបស់ពួកគេកណ្តាលរាត្រីទេ ប៉ុន្តែការងារខ្ញុំ ខ្ញុំត្រូវតែតាមដានគ្រប់សកម្មភាពឯករ៉េណាធ្វើទៅលើនាង។
«រ៉េណា!»
នីភានិយាយតិចៗ តែតាមពិតគឺនាងហៅដើម្បីឃាត់គេដែលចេះតែត្បុលមកថើបនាង។
នាងច្រានគេតិចៗមិនច្រានខ្លាំង តែបានរំារាំងឱ្យគេងើបមុខមកវិញហាក់ឆ្ងល់នឹងសកម្មភាពរបស់នាង។
នីភាឆ្លៀតពន្យារពេល ខ្ញុំដឹង។
ខ្ញុំមានអារម្មណ៍ថានាងមិនពេញចិត្តស្នេហារបស់បុរសនេះឡើយ ទោះខ្ញុំឃើញហើយថាជននេះមានអំណាចងប់ស្រលាញ់នាងស្ទើរងើបមុខមកវិញមិនរួចទៅហើយក្តី។
ខ្ញុំឈរពីចំហៀងក៏នឹងនរចិត្តបន្តិច ព្រោះថាខ្ញុំឃើញពីរនាក់គេច្បាស់ជាងដែលគេអាចងាកមកឃើញខ្ញុំ។
«រ៉េណា! លោកគិតយ៉ាងណាចំពោះរឿងគូដណ្តឹងនីណា?!»
មនុស្សឱបគ្នាស្ទើរស្អិតជាដងខ្លួនតែមួយទៅហើយ មកហៅគ្នាថា«លោក?»
ខ្ញុំស្ដាប់ហើយរឹតតែគិតវែងឆ្ងាយ។
រ៉េណាឆ្លើយមកឡុលៗ៖
«គិតស្អី!? វាជាគូដណ្តឹង! ឥឡូវវាមកដល់ហើយ មានតែរៀបការឱ្យវាទៅ!»
«លឿនពេកហើយណា៎!»
នាងនិយាយតិចៗ ស្រទន់ហើយពីរោះ។
ខ្ញុំដឹងហើយថា ហេតុអ្វីអ្នកលេងមុខស្រស់ លង់នាង។
គេហាក់សម្លឹងមុខនាងរង់ចាំស្តាប់ដោយឱ្យតម្លៃពាក្យសម្តីនាងណាស់។
នាងនិយាយបន្ត៖
«ខាងយើងជាស្រី! នីណាក៏ដូចជាមិនស្រលាញ់គេនោះផង!»
«ម៉េចដឹង?!»
គេនិយាយខ្លីហើយខាំបបូរមាត់តិចៗសម្លឹងនាងដោយគ្នាន់ក្នាញ់។ ភ្នែកទំាងគូរបស់ឯករ៉េណាដែលមើលនីភា គឺហាក់បីដូចជានិយាយប្រាប់នាងថា បើគ្មានអ្វីរំខានទេគេចង់លេបនាងភ្លាមៗតែម្តង តែគេអត់ធ្មត់នោះអត់ធ្មត់ពេកហើយ ដោយសារនាងចេះតែឃាត់។
«អារម្មណ៍មនុស្សស្រី!» នាងឆ្លើយដោយទឹកមុខទទូច។
ឯករ៉េណាផាត់សក់នាងចេញពីថ្ងាស។
គេបន្តវាសម្រាមដៃថ្នាក់ថ្នមបន្លែងលើផែនថ្ពាល់ស្រីតូចហើយនិយាយតវ៉ាវិញ៖
«អារម្មណ៍ស្អីទៅអ្ហះ? មនុស្សស្រីពូកែលាក់អារម្មណ៍ណាស់! ដូចកាលយើងអញ្ចឹង! ស្រលាញ់គេតែធ្វើដូចឯង…..!!»
ឱ! នីភា តើនាងពិតជាស្រលាញ់មនុស្សហក់លោតនេះ?
ខ្ញុំខំតាមដានទឹកមុខនីភា ក៏ឃើញនាងញញឹមទទួលយកការវាយតម្លៃរបស់ឯករ៉េណា។
ឬមួយនាងចាញ់ភាពស្រស់សង្ហានិងខ្សែភ្នែកទន់ភ្លន់របស់វា ដល់ថ្នាក់ភ្លេចចោលសង្សារកម្សត់ដែលរង់ចាំរងាកំព្រានៅខាងក្រៅ?
ឯករ៉េណាមិនព្រមឈរយូរទេ គេច្រាននាងទៅលើពូក ហើយឈានទៅអង្គុយចំខែងគ្រប់គ្រងលើរាងកាយនាង។ ចរិតអ្នកលេងរបស់គេ គឺគ្មានអីខុសបន្តិចទេ ដែលគេធ្វើបាបបង្ខំចិត្តនាង។
គេនិយាយខ្សឹបៗតែខ្ញុំស្តាប់ឮ៖
«ក្មេងនោះឡូយដែរតើ! វាអាចយកឈ្នះចិត្តប្អូនឆ្នាសរបស់យើងហ្នឹងបាន!»
«តែ….!»
«ឈប់និយាយរឿងគេទៅ និយាយរឿងយើងវិញមើល៍!»
ឯករ៉េណានិយាយខ្សឹបៗដោយមុខក្រហមង៉ូវ ហើយលើកដៃដោះអាវខ្លួនគេគ្រវាត់ចេញ ហើយរាវរកចុចតេឡេបញ្ជាបិទវាំងននខ្សាក កាត់ផ្តាច់ការតាមដានរបស់ខ្ញុំ។ ខ្ញុំនៅសំងំចាំស្តាប់ ក៏ឮតែសំឡេងបដិសេធតិចៗរបស់នីភា តែទីបំផុតនាងនៅតែគ្មានផ្លូវគេចចេញពីចង្កូមខ្លាដ៏មាំនេះដដែល….
…ខ្ញុំវិលមកបន្ទប់វិញទំាងនឹកអាណិតទងបុប្ផាពេញក្នុងទ្រូង…
«ខ្ញុំបានជួបអ្នកគ្រូនីភាហើយ!»
ខ្ញុំសរសេរឈែតទៅកាន់សិទ្ធី សង្សារកម្សត់ជាសុភាពបុរសដែលមិនអាចជួយអ្វីដល់នាងបានតាំងពីនាងបាត់ខ្លួនទៅ។
ម៉ោង១រំលងអធ្រាត្រហើយ គេប្រហែលនឹកនាងមិនដេកមិនពួនទេបានជាគេតបមកវិញរ៉ាវ៖
«អាភាសុខសប្បាយទេ? គេដឹងសមាសភាពឯងឬនៅ? ហើយនាងនិយាយថាម៉េចខ្លះ?!!»
ម្រាមដៃខ្ញុំរកសរសេរតបតែខ្ញុំហាក់ឈឺចាប់ជំនួស។
តើខ្ញុំគួរប្រាប់គេថាសង្សារគេកំពុងស្ថិតលើគ្រែបងធំឯករ៉េណាដែរទេ?
បេះដូងខ្ញុំហាក់ឈឺឆៀបពេលស្រមៃដល់សុភាពបុរសសិទ្ធីដែលប្រកបដោយឫកពាស្រគត់ស្រគំ។ គេទើបសមជាមួយស្រីតូចនីភា ដឹងអីពេលនេះពុំងាបែរជាត្រូវព្រានទន្ទ្រានរូបឆោមបាត់ទៅហើយ។
«អត់ទេ! បានត្រឹមឃើញ តែមិនបាននិយាយអីទាំងអស់! នាងមើលទៅមិនសប្បាយចិត្តទេ នាងប្រហែលនឹកសិទ្ធីឯង!….បានហើយ ចាំបានដំណឹងបន្ថែម ខ្ញុំនឹងប្រាប់ទៀត! ខ្ញុំខ្លាចគេតាមដាន! ប៉ុណ្ណឹងសិនទៅ!»
ទងបុប្ផាស្រគត់ស្រគំនៅតែជាប្រធានបទក្ដៅក្នុងទ្រូងខ្ញុំ ព្រោះតាមពិតខ្ញុំចូលមកកាន់ទីនេះដើម្បីតែនាងមិនមែនដើម្បីស្រីឆ្នាស់នីណាទេ….
វិធីបង្ក្រាបក្រមុំឆ្នាស
ម៉ោងជិត១០ព្រឹកទើបខ្ញុំក្រោកពីគេង…..
ខ្ញុំក្រោកមមិងមមំាងលុបមុខមាត់ដូរខោអាវហើយចេញមកក្រៅ…..
ខ្ញុំសម្លឹងទៅជាន់ខាងក្រោម មិនឃើញមានអ្នកណាក្រៅពីមនុស្សឈរយាម ខ្ញុំក៏ដើរសំដៅទៅរកសួនច្បារ…
«បងកំពុងរកឯង!»
ឯករ៉េណាទឹកមុខដូចមានសេចក្ដីសុខណាស់។ គេរត់មកត្រឹកៗជាមួយសម្លៀកបំពាក់កីឡា។
«អាចង្រៃនេះដេកឱបសង្សារគេហើយ ព្រលឹមឡើងមកធ្វើទឹកមុខស្រស់ញញឹម ស្រលាញ់ជីវិតណាស់!» ខ្ញុំញញឹមតែលួចជេរបងធំក្នុងចិត្ត។
បើមួយទល់នឹងមួយ ខ្ញុំមិនខ្លាចឯករ៉េណាប៉ុនសរសៃសក់ទេ តែខ្ញុំចូលមកនេះមិនមែនមកសាកកម្លាំងដៃជាមួយគេឡើយគឺ មកជួយរកវិធីនាំអ្នកគ្រូនីភាទៅផ្ទះវិញ។
«បងឯក!»
ខ្ញុំហៅគេ ហើយគេចង្អុលតុកណ្ដាលសួនឱ្យខ្ញុំអង្គុយ។
អ្នកគ្រូនីភាមកដល់ពីចំហៀងជាមួយភេសជ្ជៈពីរកែវ។ លើថាសមាននំសេនវិចខ្លះមកផង។ នាងមិននិយាយមិនស្តីទេតែនាងញញឹមតិចៗពេលដាក់វត្ថុទំាងនោះទៅលើតុ។
ឯករ៉េណាតាមសម្លឹងនាងស្ទើរមិនឱ្យរបូតផុតមួយប៉ប្រិចភ្នែក។
ខ្ញុំវិញតាមដានសូម្បីតែនាងកម្រើកមួយជំហាន ប៉ុន្តែមិនហ៊ានសម្លឹងនាងទេ ខ្លាចឯករ៉េណាចាប់ថ្នាក់បាន។
«នីណានៅឯណា?»
ទឹកមុខស្រលាញ់គេស្ទើរលេបបាន តែសម្តីបងធំនៅតែទ្រគោះ។
ស្រីតូចរាបសាងើបមុខសម្លឹងទៅជាន់ខាងលើជំនួសចម្លើយ។ នាងក៏ប្រហែលស្មានថាស្រីឆ្នាសនោះនៅគេងក្នុងបន្ទប់នៅឡើយ។
«បងរ៉េណា? បងបិទVisaកាតខ្ញុំ?!»
សំឡេងស្រែកឆ្វេកឆ្វាចរបស់នីណាលាន់មកពីច្រកចូលសួនស្មៅ។
នាងបង្ហាញខ្លួនជាមួយសម្លៀកបំពាក់ស៊ិចស៊ីរឹបរាងស្ទើរប្រេះហើយទឹកមុខខឹងសម្បា។
ឯករ៉េណាធ្វើហី មិនខ្ចីរវល់ ហើយលើកកែវទឹកក្រូចច្របាច់លឿងទុំមកប៉ះបបូរមាត់។
នីណាសម្លក់ខ្ញុំតែនាងនៅតែដើរមករកបងប្រុសនាង។
«បងឯងធ្វើឱ្យខ្ញុំខា្មសគេកណ្តាលចំណោមទៅកើតបងរ៉េណា?!»
ខ្ញុំយល់ថាកុំថាតែស៊យរៀបការជាមួយនាងឆ្នាសនេះ សូម្បីតែឃើញឫកពានាងក៏មិនចង់មើលដែរ។
ខ្ញុំលបសម្លឹងឫកពាបុរសជាបង។ យប់មិញកណ្តាលអធ្រាត្រទៅហើយគេនៅអាចខលទៅបិទគណនេយ្យដកលុយរបស់ប្អូនបាន គេពិតជាមានអំណាចមិនធម្មតាទេ។
គេលួចញញឹមក្នុងពេលដែលប្អូនស្រីខឹង។
ទើបតែចាប់អារម្មណ៍ថា ឯករ៉េណាមិនត្រឹមសង្ហាធម្មតាទេគឺសង្ហារពេកហើយ ពិសេសពេលដែលគេសើចធ្វើវាហីបែបនេះ។
ខ្ញុំនឹកឃើញក៏ងាកមករកអ្នកគ្រូតួឯករបស់ខ្ញុំ។
នាងពិតជានៅជិតគេ លង់សម្រស់គេមែនទេអ្នកគ្រូនីភា?
អ្នកគ្រូសម្លឹងមកខ្ញុំដែរតែដោយខ្សែភ្នែកស្ងួតស្ងប់។ លុះឃើញខ្ញុំមើលទៅនាង នាងងាកមុខគេចចេញភ្លាម។
ខ្ញុំរិះគិតដោយសង្ស័យ។ នីភាតាមដានខ្ញុំថាស្រលាញ់នីណាពិតឬក្លែងក្លាយ ឬមួយនាងតាមដានចង់ដឹងព័ត៌មានសិទ្ធីពីខ្ញុំ។
«ឯងក្រោកទៅផ្សារពីថ្មើរម៉ាន?អត់ការធ្វើដើរលេង! គូដណ្ដឹងនៅផ្ទះជ្រងោ ឯងទុកគេចោល!»
ឯករ៉េណានិយាយធ្វើហី ទេនាងតូចនីណាកាន់តែឆេះឆួល។ នាងងាកមកសម្លឹងខ្ញុំហើយឃើញខ្ញុំមើលនាង នាងងាកមុខចេញស្រែកឡាំប៉ាដាក់បងនាង៖
«គូរដណ្ដឹងអី? អ្នកណាសន្យាឆ្កួតយករបៀបនេះ អ្នកហ្នឹងរៀបការខ្លួនឯងទៅ!»
ថាហើយនាងងរង៉ក់ ងាកខ្លួនប្រុងដើរចេញតែឯករ៉េណាស្រែកឃាត់៖
«ឯងត្រលប់មកវិញនីណា!»
ខ្ញុំលបមើលមុខគេព្រោះគេហាក់ចាប់ផ្តើមខឹង។ នាងតូចនោះពិតជាមិនហ៊ានដើរទៅមុខទៀតមែន តែនៅឈរបែរខ្នង។
«ឯងនិយាយពាក្យអម្បាញ់មិញម្តងទៀតមកមើល៍នីណា!»
ឯករ៉េណានិយាយដោយទឹកមុខស្មើ ឯនីភារកហាមាត់ឃាត់ ស្រាប់តែគេរាដៃមកបង្អាក់នាងមិនឱ្យនិយាយ។
គេយល់ចិត្តនាងដឹងថានាងប្រុងជួយនីណាឯនាងក៏មិនហ៊ាន ពេលគេគ្រាន់តែរាដៃឃាត់។ អ្វីៗនៅទីនេះ គ្រប់យ៉ាងចម្លែកគួរឱ្យល្អមើលម្យ៉ាងដែរ។
ខ្ញុំនៅរង់ចាំមើលហើយមិនមាត់មួយម៉ាត់។
«ឯងចង់ក៏ដោយមិនចង់ក៏ដោយ! ឯងត្រូវរៀបការជាមួយរាជ!»
ឯករ៉េណានិយាយ។
ទង្វើផ្តាច់ការ ចរិតឫកពារបស់គេធ្វើទៅលើប្អូនគេសោះ តែខ្ញុំនឹកអាណិតអ្នកគ្រូតូចដែលឈរនៅពីចំហៀងខាងឆ្វេងដៃនេះខ្លោចចិត្តទៅវិញ។



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ