ម្រាមដៃជូរីក៏ដាមឈាមលើក្រចក។ នាងទម្លាក់ដៃស្លាប់នឹងថ្កល់។ រំឭកដល់ការបំពុលគ្នានៅក្នុងវាំង ជំនាន់ឈីង ខ្ញុំធ្លាប់អានសៀវភៅមួយ បោះពុម្ពផ្សាយជាយូរយារណាស់មកហើយ វាមានចំណងជើងថា «ឈាមនិងជាតិពុល» ហាក់ដូចជាឃាតកម្មពេញនិយមក្នុងរជ្ជកាលនៃអធិរាជចិនជំនាន់ទីពីរដល់អធិរាជចុងក្រោយបង្អស់របស់ប្រទេសចិន Guangxu ក៏គេចមិនរួចផុតពីការស្លាប់របៀបនេះ។
អធិរាជ Guangxu ដែលជាអ្នកកែទម្រង់រដ្ឋក្នុងខែវិច្ឆិកា ឆ្នាំ១៩០៨ បានស្លាប់មួយថ្ងៃមុនម្តាយមីងកំណាចម្នាក់ឈ្មោះ មហាក្សត្រី Cixi ដែលជាអ្នកលើកគាត់ឡើងសោយរាជ្យព្រោះគ្មានកូនប្រុស។ ទោះណាជាក្រុមអ្នកចារប្រវត្តិសាស្រ្តនៃរាជវង្ស Qing របស់ប្រទេសចិនពីឆ្នាំ១៦៤៤-១៩១១ បានបិទចោលបណ្តាកំណត់ត្រាវេជ្ជសាស្រ្តរបស់ស្តេចអង្គនេះ ឮហើយបានសន្និដ្ឋានថា រាជាដែលមានព្រះជន្ម៣៧ឆ្នាំ អង្គនេះបានស្លាប់ដោយសារមូលហេតុធម្មជាតិក្តី ក៏ក្រោយមកកោសល្យវិច័យរបស់សហរដ្ឋអាមេរិក CSI លើអដ្ឋិធាតុអធិរាជ Guangxu បានរកឃើញថាទ្រង់ ត្រូវបានសម្លាប់ដោយការពុលអាសេនិច។
ហេតុអ្វីលោកលី បំពុលជូរី ហើយចាលើមញាក់ដោយភ័យរន្ធត់?
ខ្ញុំងាកទៅអូម៉ាដែលកំពុងសរសេរNote ឃើញគេដួលសន្លប់ទន់ខ្លួន។ ខ្ញុំក៏ចង់សន្លប់ដែរតែនៅស្វាងយ៉ាងខ្លាំង ទើបខំប្រមូលកម្លាំងក្រោករត់បានមួយជំហាន ដៃខ្ញុំនៅតោងកៅអី ព្រោះទាក់ទើរ។ ខ្ញុំចង់ជួយម៉ាយ៉ា តែពេលងាករកនាង ខ្ញុំឃើញម៉ាយ៉ាអង្គុយសន្លប់បិទភ្នែកផ្អែកខ្លួនទន់ ឯលោកលីកំពុងសម្លឹងម៉ាស៊ីនថតរបស់ស្រីថៃ ដោយយករបស់នាងមកកាន់ សភាពកំពុងលុបរូបចេញចោលទាំងអស់។
«ឯងជាអ្នកណា?»
ខ្ញុំស្រែកសួរទាំងយំតែលោកលីធ្វើដូចមិនដឹងមិនឮ។
ឆ្វាច….ចាលើមរត់ទៅក្រៅ ទើបលោកលីសម្លក់យ៉ាងសាហាវហើយងើបមុខមើលគេ និងរត់ប្រដេញទៅតាមពីក្រោយចាលើម។
ខ្ញុំប្រតោងខ្លួនឯងកណ្តាលមនុស្សមិនដឹងខ្លួនដែលរួមមានជូរីបើកភ្នែកស្លាប់ ម៉ៃយ៉ានិងអូម៉ាសន្លប់។
«នែ៎ អូម៉ា? ម៉ាយ៉ា!»
គ្មានអ្នកណាកម្រើកទេ….មានតែរូបគំនូរដែលកម្រើក…ងាកទៅវឹប….ម្រាមដៃប្រាំលូកចេញមកពីក្នុងនោះ…..នាងវារមកហើយ ស្រីម្នាក់នោះ…..។ ខ្ញុំស្រែកហាមាត់ តែអត់ចេញសំឡេងទេ….ខ្ញុំរត់សំដៅទ្វារទាំងមាត់ជេរប្រទេច។
មកក្រៅខ្ញុំឃើញចាលើមនៅឆ្ងាយបន្តិចដែរ តែមានលោកលីតាមជាប់ពីក្រោយ។ ពួកគេរត់ចូលផ្ទះទ្វារក្រហមនោះ។
ខ្ញុំទាក់ជើងដួលភីង។
ទាំងឈឺនិងអស់សង្ឃឹម ខ្ញុំក្រឡេកក្រោយ ក្រែងមនុស្សស្រីក្នុងគំនូរតាមមកអន្ទោល តែមិនឃើញមានអ្វីទាំងអស់។ ខ្ញុំវារទៅមុខ រហូតដល់គាំងខ្យល់ទាំងអស់ក្នុងរាងកាយ ក៏ផ្តើមស្រវាំងភ្នែក សាបមាត់ ស្ទះបំពង់ក និងហ៊ឹងត្រចៀកឈឹង។
នេះបញ្ជាក់ថា បេះដូងខ្ញុំឈប់ដើរហើយ ខ្ញុំសន្លប់ក៏ល្អ….គ្រប់យ៉ាងប្រែជាងងឹត…មានអារម្មណ៍ថា រាងកាយខ្ញុំគាំងនិងរឹង តែវិញ្ញាណខ្ញុំ…..រាងកាយមួយទៀតក្រោកឈរបាន។
ខ្ញុំដើរមិនមែនរត់ទេ។
វាដូចជាសុបិនបន្តិចអីបន្តិច។ ខ្ញុំដើរស្វែងរកគ្រប់គ្នាតាមសម្រួល ដូចមិនបានកើតអីនិងមិនបានរបួសត្រង់ណា។
ទីបំផុតខ្ញុំអណ្តែតមកដល់ផ្ទះទ្វារក្រហម ហើយឈានដើរចូលទាំងស្លុង ដូចមិនមានគំនិតខ្លួនឯងគឺអណ្តែតត្រសែតតាមខ្យល់។
មកដល់បរិវេណខាងក្នុង ផ្ទះនេះមានបែងចែកជាប្រលោះៗ ដូចជាគុកតូចៗជាច្រើន នៅជាប់ៗគ្នា ប្រលោះៗដោយចម្រឹងឈើ សូម្បីខាងលើក៏ជាចម្រឹងឈើ គ្មានដំបូលទេ។
នៅពាសពេញ ឃើញមានសល់លំពែងច្រែះចាប់ របាំងទ័ព និងកែបសេះ។ មានឆ្អឹងសត្វពាហនៈសេសសល់ ដួលលើដី ឪទិន និងដាវបាក់ពាសលើដី។
ចាលើម?
ខ្ញុំហៅគេស្រាលៗ សំឡេងខ្ញុំខ្សោះហើយគ្មានថាមពល។
ជនជាតិថៃអង្គុយបែរខ្នងញ័រញាក់ក្នុងទ្រុងមួយម្នាក់ឯង។ គេហាក់ភ័យរន្ធត់មិនឮខ្ញុំហៅសោះ ទោះណាជាខ្ញុំខំហៅហើយហៅទៀត។
ខ្ញុំស្ទុះរកកាន់កាំបិតកំបុតចុងមួយ រួចចូលទៅក្បែរ ប្រុងថាបើកទ្វារនាំចាលើមចេញជាមួយគ្នា ស្រាប់តែចាប់អារម្មណ៍ឃើញថា មានមនុស្សមកដល់ពីក្រោយខ្នង។
ខ្ញុំគាំង….
លោកលីមានកាំបិតមួយសស្ងាច ធំប៉ុនបាតដៃនិងវែងដូចកាំបិតកាត់ឪឡឹក។ គាត់មិនឃើញខ្ញុំសោះ បែរជាដើរហួសទៅ។
ខ្ញុំឮសំឡេងចាលើមស្រែកឱ្យជួយ។
ពេលងាកទៅ លោកលីកំពុងចៀរសាច់គេម្តងមួយបន្ទះៗ ឈាមស្រោចបាញ់។
ខ្ញុំធ្លាក់ចោលកាំបិតហើយខ្ទប់មុខស្រែកយកៗ ប៉ុន្តែអ្នកណាម្នាក់ បានមកអូសដៃទាញខ្ញុំឡើង។ ខ្ញុំអរណាស់ ទាញទៀតទៅ យកខ្ញុំចេញពីសុបិនអាក្រក់នេះ។
«ពួកគេស្លាប់អស់ហើយ!»
សំឡេងនេះលាន់មក។
ស្គាល់! ជាសំឡេងជីង បុរសវៀតណាមដែលមុននេះមិនបាននៅជាមួយពួកយើង។
ខ្ញុំយល់ទេ។
គេទាញខ្ញុំរត់ ខ្ញុំបណ្តែតខ្លួនរត់យ៉ាងស្រួល។
«គ្រប់យ៉ាងគឺជាល្បិច!»
ជីងនិយាយបន្ថែម ខ្ញុំក៏សួរបកទៅរកគេវិញដោយល្វើយ៖
«រឿងរ៉ាវយ៉ាងម៉េច? យើងកំពុងយល់សប្តិ?!»
«ទេ! គ្រប់យ៉ាង គឺជាការពិត!»
ខ្ញុំគ្រវីក្បាល តែជីងមិនឈប់និយាយទេ គេស្រែកលូងៗ៖
«មនុស្សទាំងនេះគឺជាខ្មោច! ពួកវាជាខ្មោច!»
«ទេ!» ខ្ញុំស្រែកគ្រវីក្បាល។
«វាជានរក!»
«ចាលើមត្រូវគេចៀរសាច់!»
«វាជារូបបំភាន់ ជាវិញ្ញាណទេ ចាលើមស្លាប់យូរហើយ!»
ខ្ញុំលែងទៅមុខ។ ខ្ញុំនៅឈរស្កុបសម្លឹងជីង។ ទីបំផុតខ្ញុំរលាស់ដៃជីងចេញពីស្មាខ្ញុំ។
«ឯង….ក៏ជាវិញ្ញាណដែរមែនទេជីង?»
«អត់ទេ! ម៉ោះ! ខ្ញុំស្គាល់ផ្លូវចេញទៅក្រៅ!»
ខ្ញុំសម្លឹងជីងពីលើដល់ក្រោម។ គេមានរបួសខ្លះ ញើស និងជ្រីវជ្រួញព្រោះតានតឹង តែគេជាជីងពិតៗ។ ខ្ញុំវិញ….ខ្ញុំឈ្ងោកសម្លឹងខ្លួនឯង…
វ៉ាស!
ខ្ញុំស្រែកហើយលោតថយព្រោះឃើញខ្លួនខ្ញុំពាក់អាវសវែង នៅលើដៃស្តាំមានកាន់ចង្កៀងគោមដូចរូបមនុស្សស្រីពីវកាន ក្នុងគំនូរ។ ខ្ញុំរលាស់បោះចោលវា ចង្កៀងរលាយទៅក្នុងខ្យល់។
វិលហើយ! ខ្ញុំកំពុងយល់សប្តិឬខ្ញុំស្លាប់បាត់ហើយទេ?
«វាជារូបបំភាន់!»
ជីងនិយាយមកបន្ថែមទៀតហើយលូកដៃមកទាញខ្ញុំរត់។ ខ្ញុំហុចដៃទៅ ក៏ឃើញខ្លួនឯងស្លៀកពាក់ធម្មតាវិញ។ ខ្ញុំយំហ៊ូសប្បាយចិត្ត ហើយអង្វរករ៖
«យកខ្ញុំចេញពីកន្លែងនេះ!»
ជីងងក់ក្បាល៖
«តាមនោះ!»
ពីរនាក់យើងរត់កាត់បណ្តោយមាត់បឹង ដែលពីទីនេះទៅ បានឃើញអូម៉ាដើរទើមៗម្នាក់ឯងក្រោមជួរដើមស្រល់។
«ហេ៎ អូម៉ា!»
ជីងស្រែកហៅជនជាតិប្រ៊ុយណេ គេក៏ហាក់បានឮនិងរត់តម្រង់មក ខ្ញុំសប្បាយចិត្ត ប៉ុន្តែសើចលែងចេញព្រោះឃើញជូរីរត់មកតាមពីក្រោយដែរ។
ជីងមិនដឹងរឿងអ្វីដែលខ្ញុំបានឃើញនៅបន្ទប់ផឹកតែទេ គេគិតពីទាញអូសនាំខ្ញុំទៅចួបពីរនាក់នោះ។ សម្រាប់ខ្ញុំ អូម៉ាអត់បញ្ហា ប៉ុន្តែជូរីបានហូរឈាមតាមភ្នែកស្លាប់ហើយ ម្តេចក្រោកមកវិញបាន?
ខ្ញុំចាប់ផ្ដើមអន្ទះសាចិត្តរួចដំអក់រាងកាយមិនព្រមបន្តដំណើរ។
«អត់ទៅទេ! ពួកគេនោះ…..!»
«ជីង! វីរីយ៉ា!» ជូរីស្រែកហៅពួកយើងខ្លាំងៗឮៗ។
«មកខាងណេះ ជូរី អូម៉ា!»
ជីងកំពុងស្រែកតបរកពួកគេស្រាប់តែខ្ញុំភាំងស្លុត ដោយសារជូរីមកដល់ពីក្រោយអូម៉ាជាមួយចបមួយហើយលើកសំពងមួយទំហឹង។
ខ្ញុំគាំង ព្រោះអូម៉ាដួលដេកក្នុងថ្លុកឈាម។
ជីងវិញ គេពិតជាមានចិត្តល្អខ្លាំង មិនព្រមបន្តរត់ទេ បែរជាស្ទុះចូលទៅរកជួយអូម៉ា។
«ជីងមកវិញ ពួកគេជាគ្រឿងបំភាន់ទេ!»
ជីងមិនស្តាប់ខ្ញុំ ខ្ញុំខឹងណាស់ ក៏បំបែរទិសរត់ចោលពួកគេទាំងអស់នោះព្រោះច្របូកច្របល់ក្នុងចិត្តពេក។
បានពីរបីជំហាន ក៏នឹកមិនអស់ចិត្ត។ ខ្ញុំមិនអាចចាកចេញដល់ក្រៅវិមាននេះតែម្នាក់ឯងទេ។ ខ្ញុំបកក្រោយវិញ រត់ទៅក្បែរផ្ទះហូបតែ ក៏ឃើញអូម៉ាដេកក្នុងថ្លុកឈាម ជូរីទម្លាក់ចបក្បែរនោះនិងកំពុងតែច្របាច់កជីង។
ខ្ញុំរើសចបឡើង…..មិនដែលគិតថា នឹងវាយជូរីទេ សូម្បីមួយចបណា តែពេលនាងបែរមកខ្ញុំ មានមានទឹកមុខជាខ្មោចស្លាប់យូរហើយ គ្មានទេឈាម។
ខ្ញុំសំពងជូរីញាប់ៗមិនបានរាប់ទេ គឺស្រែកផងសំពងផងរហូតទាល់តែជីងមកចាប់ទើបខ្ញុំព្រមឈប់ទាំងហត់គឃូសនិងញ័រកន្ត្រាក់។
«តោះ!»
ជីងពញ្ញាក់ ទើបខ្ញុំបោះចបចោលដោយហត់គឃូស។ ប្រុងចាកចេញទៅ តែជីងវិញបែរជាខំទៅរកអូម៉ា ស្រាប់តែអូម៉ាគ្មានឈាមដូចបានឃើញពីមុនទេ គេមានសណ្ឋានដូចជាខ្មោចដែលស្លាប់ច្រើនថ្ងៃមកហើយ ហើម ហៀរទឹករងៃ បាត់បង់សាច់និងរលួយវ៉ល់អន្លើៗ។
ខ្ញុំក្អួតបែកប្រមាត់ថ្លាន់!
នេះគឺជាអ្វី?
«ពួកគេតាមពិតស្លាប់អស់យូរហើយ ពួកគេជាខ្មោច!» ជីងខ្សឹបដោយក្តាប់ដៃខ្ញុំ។
ខ្ញុំតបតញ័រៗ៖
«យើង…..យើង….ក៏ស្លាប់ដែរមែនទេ?»
«នៅទេ! អ្នកទាំងពីរគឺជាមនុស្សរស់!» នេះជាសំឡេងរបស់អ្នកស្រីវឺនស្រែកមកពីក្បែរគល់ស្រល់ចម្ងាយប្រហែលជាបីឬបួនម៉ែត្រពីពួកខ្ញុំ។
«មក! មកតាមខ្ញុំ!»
អ្នកស្រីជំនួយការនោះបក់ដៃហៅពួកយើង ខ្ញុំនិងជីងមើលមុខគ្នា។ ទីបំផុតជីងងក់ក្បាលព្រមទៅរកគាត់។
«ពួកគេស្លាប់ហើយ?»
ជីងសួរ។
អ្នកស្រីវឺនដើរលឿនណាស់ មិនមាត់តបតទេ។
«យើងទៅណា? នាំពួកខ្ញុំទៅណា!»
«ផ្លូវកាត់!» គាត់ឆ្លើយមកខ្ញុំ ខ្ញុំរលាស់ដៃចេញពីជីងនិងបដិសេធភ្លាម
«ខ្ញុំមិនទៅទេ!»
«ជិតហួសម៉ោងហើយ! ពួកឯងនឹងចេញពីវិមាននេះមិនរួចទេ! បើមែន គ្មានអ្នកណារំដោះព្រលឹងពួកឯងបានទេ!»
ជីងមើលមុខខ្ញុំ ខ្ញុំយំគ្រវីក្បាលមិនយល់អ្វីទាំងអស់។
ជីងងាកទៅសួរអ្នកស្រីវឺន៖
«ទៅណា? ផ្លូវកាត់នេះនាំយើងទៅណា?»
«ចេញពីវិមានពីវ!» គាត់ឆ្លើយផងរត់ផង។ ដោយសារជីងរត់តាមគាត់បានជាខ្ញុំត្រូវគេអូសទៅដែរ។
«តែផ្លូវចេញក្រែងតាមនោះ?»
គេចង្អុលទៅច្រករបងធំ ស្រាប់តែពេលខ្ញុំងាកមើលទៅទីនោះដែរ គ្រប់យ៉ាងបែរជារំជួយនិងបាត់រូបរាងទៅជាបណ្តើរៗ។
«ទេ!»
ទ្វាររលំចូលក្នុងបឹង ដើមស្រល់ទាំងជួរនិងរបៀងសម្រាប់ដើរឆ្ពោះទៅរកក្លោងរបងក៏រលាយក្នុងខ្យល់។
«មកតាមខ្ញុំ បើហួសពេលយើងចេញលែងបានហើយ!»
អ្នកស្រីវឺននេះគ្មានអ្នកណាចូលចិត្តទេតាំងពីដើមមក តែមិនដឹងយ៉ាងម៉េចបានជាពេលនេះជីងងក់ក្បាលអូសខ្ញុំទៅតាមគាត់។
រត់បានមួយវឹប ខ្ញុំមិនស្គាល់ទីណាជាទីណាទាំងអស់ ព្រោះធម្មជាតិផ្តើមផ្លាស់ប្តូរ ទៅជាធ្លាក់ព្រិលសក្បុសនិងសឡើងៗ រហូតដល់លែងសម្គាល់អ្វីឃើញ។
បន្តិចទៀតខ្ញុំនឹងលែងឃើញសូម្បីតែមុខរបស់ជីង។ នេះជាអ្វីដែលខ្ញុំគិត។
«អស់ម៉ោងហើយ! យើងលោតទៅ!»
ឮតែសំឡេងគាត់ ខ្ញុំមើលអ្នកស្រីជំនួយការលែងឃើញហើយ។
«លោតអី?»
«លោតចូលបឹង!»
គាត់ប្រាប់ពីចម្ងាយល្វើយៗដូចជាគាត់បានបាត់ទៅ។
«តោះ!»
ជីងបបួលខ្ញុំហក់ ខ្ញុំបិទភ្នែកបណ្តោយខ្លួនទៅតាមនោះ។
ប្រូង!!! ពួកយើងធ្លាក់ទឹកបឹងដែលមានកកជាផ្ទាំងៗផ្នែកខាងលើ រីឯខាងក្រោមជាទឹកត្រជាក់ស្រិបសឹងរឹងកកសួត។ មុនក្រោយគង់តែស្លាប់ទេ ព្រោះមើលអ្វីមិនឃើញ មានតែសក្បុស ហើយឈ្លក់ទឹក និងថប់ដង្ហើមជាការពិត។
វ៉ាស!
ខ្ញុំស្រែកបែបនេះជំនួសការឈ្លក់ទឹក រួចបើកភ្នែកឃ្វាំង។ សន្សឹមៗខ្ញុំដកដង្ហើមបានស្មើវិញ រួចងាកពិនិត្យជុំវិញជាមួយអារម្មណ៍ថ្មី ខុសគ្នាទាំងស្រុងពីកាលស្ថិតក្នុងវិមានពីវមុនលោតទឹក។
បន្ទប់នេះទាន់សម័យមើលមួយត្រួស អាចជាមន្ទីរពេទ្យឬអាចជាកន្លែងពិសោធន៍….អ្វីក៏ដោយ ជាសម័យកាលបច្ចុប្បន្នមិនមែនបុរាណទៀតទេ ដូច្នេះក៏មានមានអារម្មណ៍ថា ទម្ងន់ភ័យព្រួយដ៏ធំត្រូវបានលើកយកចេញយ៉ាងស្រាលស្ញើកពីស្មា។
ឃូរ!
ខ្ញុំប្រឹងដកដង្ហើមបានដោយសេរីឡើងវិញហើយ។ វិលមកការពិតហើយមែនទេ? គ្រប់យ៉ាងនៅវិមានពីវត្រឹមតែជាសុបិន សុបិនតភាគជាន់ៗគ្នា? ហ៊ឹម ស្អីក៏ដោយ សូមត្រឹមជាសុបិនទៅចុះ!
ទ្វាររបើក ជើងមនុស្សពីរនាក់ដើរចូលមក។
ខ្ញុំខំទាញខ្លួនឯងស្ទុះក្រោក។
បុរសដែលទើបនឹងចូលមកទាំងពីរនាក់នោះ មានឯកសណ្ឋានជាពេទ្យម្នាក់ ម្នាក់ទៀតមានកាន់កាម៉េរ៉ាធំមួយ មានវ័យប្រហែលជាហាប្លាយ។ ពួកគាត់មានព្យួរស្លាកលើ ក។
«ខ្ញុំសុំថាដាក់ម៉ាស៊ីនថតនៅក្រៅ ទីនេះមិនឱ្យថតទេ!»
«បាទខ្ញុំមិនថតទេ!»
បុរសទាំងពីរជជែកគ្នាឮខ្ទរៗបញ្ជាក់ថាទីនេះបិទជិត។
ម្នាក់ដែលថ្ពក់រុំខ្សែម៉ាស៊ីនថតជុំវិញដៃ បាននិយាយឡើង៖
«ឱ! នៅណេះទាំង១០នាក់?»
ខ្ញុំខំមើលទៅបុរសទាំងនោះដើម្បីស្មានៗថា តើជាជនជាតិអ្វី ហើយទីនេះកន្លែងណា? ពួកគេមានទម្រង់មុខដូចជាហ្វីលីពីន។
លុះពេលដើរកាត់ខ្ញុំ ខ្ញុំពិនិត្យឃើញស្លាកដែលព្យួរលើទ្រូងនោះបង្ហាញថា Jakarta Post បានន័យថាអ្នកកាសែតឥណ្ឌូនេស៊ី។
«ទីនេះកន្លែងអ្វី?»
ខ្ញុំសួរតិចៗទៅកាន់បុរសទាំងពីរ។
គ្មានអ្នកណាងាកមកទេ។ គេធ្វើមើលតែគ្មានវត្តមានខ្ញុំ មើលមិនឃើញខ្ញុំ។ សម្លឹងជុំវិញ នេះមិនមែនបន្ទប់តម្កល់សពដែលឃើញក្នុងរឿងទេ វាគ្រាន់តែត្រជាក់និងមានគ្រែច្រើន តែគ្រែទទេទាំងអស់។ ដ្បិតណាតែភ្ញាក់ភ័យខ្លួនឯង តែក៏ចាំបានថា ខ្មែរយើងឱ្យរាប់ម្រាមដៃ បើឃើញមានតែ៧ បានន័យថា ខ្លួនឯងស្លាប់បាត់ហើយបានជាចរចាទាក់ទងអ្នកដទៃមិនបាន។
ខ្ញុំរាប់ទៅឃើញម្រាមមាន១០។ ចុះហេតុអ្វីពីរនាក់នេះដើរកាត់មកធ្វើមើលតែខ្ញុំនេះជាខ្មោច? ខ្ញុំក្រោកដើរចេញពីទីនេះល្អជាង។
បើលោតមកបីនាក់ម្តេចមិនឃើញអ្នកស្រីវឺន និងជីង? ឈានមួយៗចេញមក ខ្ញុំឆ្ងល់ព្រោះខាងក្រៅនេះ ស្ងាត់គ្មានសំឡេងសូម្បីមូសថ្ងូរ។
អំពូលធំមួយព្យួរកណ្តាលផ្លូវ បង្ហាញបរិវេណនៃវីឡាចាស់ធំមួយងងឹតក្រោមស្បៃរាត្រី។
សភាពដូចស្រុកខ្មែរ ម្តេចខាងក្នុងត្រជាក់ម្ល៉េះ។ ខ្ញុំក្តាប់ដៃចុះឡើង សម្គាល់ឃើញចិញ្ចៀននៅលើម្រាម។ កាលនៅខាងក្នុងភ័យពេករាប់ដៃមិនបានចាប់ភ្លឹកទេ។
ភ្លើងជះមកព្រាកៗ ដូចជាភ្លើងឡានប៉ូលិស។ ខ្ញុំងាកទៅ វានៅចម្ងាយប្រហែលជា២០ម៉ែត្រពីនេះ មនុស្សនៅចោមរោមឡានពេទ្យមួយមិនមែនឡានប៉ូលិសដូចស្មានពីដំបូងទេ។
ខ្ញុំយល់ហើយថា ហេតុអ្វីបានជាទីនេះស្ងាត់។ គេនាំគ្នាពពាក់ពពូនទៅនុះ។ ខ្ញុំដើរមួយៗទៅដែរ។ ទាល់តែឈឺបាតជើងនឹងដីគ្រួសក្រហម ទើបដឹងបានថា កំពុងដើរជើងទទេ។
ខ្ញុំមិនខ្វល់ទេព្រោះចង់ដឹងថាហេតុអ្វីមនុស្សរោមឡាននោះ។ អ្នកខ្លះខ្ទប់មុខ ខ្លះងាកចេញមកវិញដោយភ័យខ្លាច។
ប្រាកដជាគ្រោះថ្នាក់អាណោចអាធម៌ហើយ។ គិតអ៊ីចឹងក៏នៅតែញែកគេឯងចូលមើលសិនដែរ។ ក្ឌុក!
ព្រលឹងខ្ញុំហោះស្ទុយ។
អ្នកស្លាប់ពីរនាក់ ឈាមស្រោចពាសពេញខ្លួន កំពុងត្រូវបានផ្ទេរចុះមក។ ស្លាកលើកគាត់ និងម៉ាស៊ីនកាមេរ៉ាបែកកញ្ចក់។ សពទាំងពីរគឺពេទ្យនិងបុរសឥណ្ឌូនេស៊ីដែលខ្ញុំឃើញនៅខាងក្នុង។
ខ្ញុំខ្ទប់មាត់ខ្លួនឯងពេលឃើញក្រណាត់សកំពុងគ្របលើពួកគាត់។ ចុះពីរនាក់ដើរចូលក្នុងបន្ទប់មុននេះ ជាអ្នកណា?



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ