រឿង៖ ភ្នំពេញអើយបងនឹកអូន ភាគទី៤

គេ​មើល​ហើយ ក៏​​បែរ​ខ្លួន​ចាកចេញ​ទៅ​ទាំង​មិន​និយាយ​ពាក្យ​គួរសម​ឬ​លា​ទៅ សូម្បី​តែ​មួយ​ម៉ាត់​ណា​ ធ្វើឱ្យ​ស្រី​តូច​តាម​សម្លឹង​ដំណើរ​គេ​ហាក់​ហួសចិត្ត​ជា​ខ្លាំង​។

គ្មាន​រូបភាព​អ្នកគ្រូ​តូច​នីភា​ទេ​នៅ​ក្នុង​បេះ​ដូង​បុរស​ហក់​លោត​។​​ ការងារ​បន្ទាន់​នឹង​មមាញឹក​ជា​ច្រើន​កំពុង​រង់ចាំ​គេ​។

«បង! អាវ​បង​ប្រឡាក់​ឈាម​ហ្ន៎!»

នាង​តូច​នេះ​ហួស​ហេតុ​ពេក​ហើយ​សម្រាប់​ឯក​រ៉េណា។ គេ​បង្អង់​ឈប់​ហើយ​ជ្រួញចិញ្ចើម​ទើស​ចិត្ត។​

គេ​មិនទាន់​ងាក​ទៅ​រក​នាង​ផង សំឡេង​មនុស្ស​ប្រុស​ពីរបី នាក់​លាន់​ល្វើយ​ៗ​មក​តាម​ខ្យល់៖

«វា​ចូល​ទៅ​ក្នុង​មិន​ទាន់​ចេញ​មក​ទេ! គ្នា​យើង​រាយការណ៍​ថា​វា​ចូល​តែ​ម្នាក់​ឯង​ទេ​»

រ៉េណា​ដឹង​ថា មាន​គេ​តាម​រក​ខ្លួន​ពិតណាស់។

គេ​ក្រឡាស់​ភ្នែក​សម្លឹង​ជុំវិញ​ទីនេះ មិនរវល់​ជាមួយស្រីតូច​ដែល​សម្លឹង​មកគេ​ដោយ​ភិតភ័យនោះ​ឡើយ​។

គេយល់ថា​ស្ថានភាព​គឺ​មិនអាច​តតាំង​ជាមួយ​សត្រូវ​បាន ហើយ​ការ​គេច​ខ្លួន​នៅ​មាន​ពេលវេលា​គ្រប់គ្រាន់​នៅឡើយ​។

គេបែរក្រោយចាកចេញពីទីនោះ ទុកឱ្យនីភា​នៅ​ឈរ​ងឿងឆ្ងល់​ម្នាក់ឯង។

ស្នូរ​ជើងមនុស្ស​​មួយក្រុម​ចូល​មកដល់។

ដៃ​ពួកគេកាន់កាំបិត​ខ្វែវនិងអាវុធគួរឱ្យ​តក់ស្លុត​ផ្សេងៗទៀត​។ ​នីភា​យល់ភ្លាម​ដល់រឿង​ហេតុ​ដែល​កំពុង​តែ​កើតឡើង។​ នាង​ភ័យ​តក់ស្លុត ហើយ​ឈរប្រឈម​នឹងពួក​កាប់ចាក់​។

«ឃើញ​អាបងធំ​ម្នាក់ដើរកាត់នេះ​ដែរ?!»

ម្នាក់ដែលដើរមុខគេ​សួរមកកាន់នាង​ នីភាគ្រវីក្បាល៖

«មានឃើញ​តែ​អ៊ំប្រុស​ម្នាក់ នឹងចៅស្រី​គាត់ទៅតាមនុះ​!​»

នាង​និយាយ​បង្វែរ​ពួក​នោះ​ហើយ​និយាយ​បាន​លឿន​ដូច​បាន​ត្រៀម​ទុក​។

ចិត្ត​នាង​មិន​ដែល​ស្គាល់​បុរស​ដែល​ដូរ​តុឱ្យពួកនាង​ក្នុង​ហាងកាហ្វេ​នោះទេ ​តែនាង​ហាក់​នៅ​ខាងគេ​ព្រោះ​ឃើញ​គេ​គ្មាន​អាវុធ​ហើយ​មាន​ត្រូវ​របួសផង។

​      ដូច្នេះ​នាងបារម្ភ​ណាស់​ថា​ តើ​គេ​អាច​គេច​ពីក្រុម​ដែល​ទើបតែ​មក​ដល់​នេះ​​ដែរឬយ៉ាង​ណា​?

ពួកគេ​បោះបង់​ចោលការ​ខ្វល់​នឹង​នាង​ហើយ​រត់​ចូល​ទៅ​ក្នុង​ច្រក​តូច​នោះ​ស្វែង​រក​ឯករ៉េណា​។

នារី​​តូច​ដើរ​ចេញ​មក​វិញ​បណ្តើរ​​ភ័យ​បារម្ភ​សុវត្ថិភាព​ខ្លួន​ឯង​ផង ​បារម្ភ​ពីប្រុសស្អាត​ដែល​នាង​ទើប​តែ​បាន​និយាយ​ជាមួយ​នោះ​ផង​។

«នីភា? មានច្រកចេញផ្សេងពីដឿងហែម​នេះ​ទេ​?!​»

នាង​ភ្ញាក់​សឹង​របូត​កាបូប​ពីដៃ​ព្រោះ….គេស្គាល់ឈ្មោះ​នាង​? នៅសុខៗ​លេចមុខមកវិញ​ហើយ​ដៃ​គេ​ក៏​ទាញ​នាង​ទៅពួនជាមួយគ្នា​យ៉ាងរហ័សក្រោម​ច្រក​ជណ្តើរ​ថ្ម​ងងឹតស្លុប​។

នាងមើល​គេមិនឃើញទេ តែនាង​ដឹងថាគឺគេ​ ដែលបានពួនពីពួក​ជនពាលទំាង​នោះ។

«អត់មាន​ទេ​​!​»

នាង​ឆ្លើយបណ្តើរឱនសម្លឹងដៃ គេដែលឱបនាង​ជាប់ដើមទ្រូង​គ្នា ព្រោះច្រកនេះចង្អៀតតូច​ពេក​។ ស្នូរដង្ហើម​គេ​លាន់មកគឃូស​ក្បែរត្រចៀកនាង​។

ទីនេះពិតជា​គ្មានច្រកចេញមែន​ គេចេញទៅណាមិនរួច​ទេ មិន​យូរ​ប៉ុន្មាន​ ពួកនោះ​នឹងវិលមកវិញ​ហើយ​រក​គេ​ឃើញ​។

នាង​គិត​យ៉ាង​រហ័ស​ហើយ​ទុក​ថា​គេ​ជា​ជន​រងគ្រោះ​។

«មក​តាម​ខ្ញុំ​មក!​»

នាង​រើ​ដៃ​ដ៏​ធ្ងន់​នឹង​មាំ​របស់​គេ​ចេញ​ពីក គេ​ព្រម​លែង​នាង​ហើយ​នាង​ទាញ​ដៃ​គេ​ឡើ​ងជណ្តើរ​។

«ងងឹត​ណាស់! ដើរ​លឿន​ម៉េះ​?!»

«ខ្ញុំ​ធ្លាប់​ជើង​ហើយ​​!​»

នាង​ឆ្លើយ​មុន​ពេល​ចុច​បើក​ទូរសព្ទ​របស់​នាង​។

«យើង​ទៅ​ណា​!​»គេ​សួរ​តិចៗ​ខ្សឹបៗ។

«រក​ច្រក​ចេញ​!​»

«​ស្គាល់​ច្បាស់​អត់​​?​»

«តាម​ខ្ញុំ​សិន​មក​!​»

នាង​ទាញ​ដៃ​គេ​ឡើង​តាម​​ច្រក​ជណ្ដើរ​តូច​ចង្អៀត​មួយ​ជាន់​ហើយ​មួយ​ជាន់​ទៀត​ហាក់​គ្មាន​ស្គាល់​ហត់​ដង្ហក់​អ្វី​សោះ។

«ជាន់​ទីបួន​ហើយ​!​» ឯករ៉េណា​រំឭក​នាង​។

«ត្រូវហើយ!!» នាង​តប​ដោយ​បិទ​​ភ្លើង​ពិល​ចោល​ផង​។

គេ​ឆ្លាត​ស្រាប់ គេ​យល់​ពី​បំណង​នាង​ដែល​នាំ​គេ​មក​ជាន់​ផុត​ដំបូល​គ្មាន​មនុស្សម្នាក់។

នាង​ប្រាកដ​ជា​ស្គាល់​កន្លែង​ចេញ​ពី​ច្រក​ដឿងហែម​។

មែន​! នីភា​អូស​ដៃ​គេ​រត់​ត្របាញ់​ទៅ​ដំបូល​ខាង​ជើង។ នាង​ឈប់​ង៉ក់​នៅ​ខាងមុខ​បង្កាន់​ដៃ​ថ្ម។

ឯក​រ៉េណា​សម្លឹង​ទៅ​ក្រោយ​បង្កាន់​ដៃ​នោះ គឺ​ចន្លោះ​ឃ្លាត​ប្រមាណ​ជិត​មួយ​ម៉ែត្រ​ ប៉ុន្តែ​ខាងក្រោម​ជ្រៅ​សន្លឹម​ឃើញ​តែ​ពន្លឺ​ភ្លើង​ជះ​ចេញ​ខ្លះ​ៗ​ពី​ប្រលោះ​ស្លាបព្រិល​នៃ​ផ្ទះ​ល្វែង​គ្រប់​ជាន់​។

«បង​ឯង​ឆ្លង​ទៅ​ខាង​ណោះ​រួច​អត់​!​»

ជំនួស​ចម្លើយ គេ​លែង​ដៃ​ពី​នាង ហើយ​តោង​ឡើង​បង្កាន់​ដៃ​ហក់​ភ្លែត​ទៅ​ម្ខាង​ណោះ​បាន​ភ្លាម​យ៉ាង​រហ័ស។

ស្រីស្ងួន​ចំហ​មាត់​ហួស​ចិត្ត​ដែល​គេ​រហ័ស​យ៉ាង​នេះ​។

នាង​សម្លឹង​ទៅ​រាងកាយ​ឯក​រ៉េណា​ដែល​ខ្ពស់​ស្រឡះ​ស្វាហាប់​ហើយ​ផ្ទៃមុខ​ស្មើ​គ្មាន​ស្នាម​ញញឹម​។ គេ​ស្រស់​សង្ហា​ណាស់​​ ពិត​ជា​បុរស​នៃ​ក្តី​ស្រមៃ​របស់​នារី​ទាំងឡាយ​ពិតមែន ​រឿង​អី​ថា​បេះដូង​អ្នកគ្រូ​អង់គ្លេស​មិន​កម្រើក​ពេល​ដែល​បាន​ឃើញ​គេ​សម្លឹង​មក​នាង​។

«ពេលណា​ទើប​ខ្ញុំ​បាន​ចួប​គេ​ទៀត​ទៅ​!​»

ពន្លឺ​ភ្នែក​នាង​ដែល​សម្លឹង​ទៅ​គេ គឺ​មាន​ន័យ​យ៉ាង​នេះ​ស្រេច​ទៅ​ហើយ។​ មិន​ដឹង​ថា ឯក​រ៉េណា​ដឹង​ឬ​មិន​ដឹង​ទេ​ពី​ចិត្ត​ស្រី​តូច ​តែ​គេ​ក៏​សម្លឹង​មក​រក​នាង​ទោះ​នៅ​ម្ខាង​ម្នាក់។

នាង​ញញឹម​អឹមអៀម​ចំពោះ​កែវភ្នែក​ភ្លឺ​ស្រទន់​របស់​នាយ​​។

នីភា​​និយាយ​ស្រាល​ៗ​ព្រោះ​ចុះចាញ់​អំណាច​កែវភ្នែក​៖

«បង​ដើរ​ទៅ​មុខ​រហូត​ដល់​បង្កាន់​ដៃ​ទ័ល​!​ បត់​ស្តំា ឃើញមាន​ជណ្តើរមួយចុះទៅក្រោម​​បងចុះ​ទៅ​រហូត​ទៅ! នៅខាងក្រោម​​គឺច្រកផ្សេង​មិនមែនក្នុង​ដឿងហែម​ទៀតទេ​! ជណ្តើរនេះ​គេមិនដែល​បិទទ្វារទេ​!បង​ឆាប់ចេញទៅ​ ហើយ​នៅហ្នឹងមាន​ម៉ូតូឌុប​ច្រើនស្រាប់​បងជិះគេចចេញទៅ!»

នាង​ប្រហែល​មិនដឹងទេ​ថា​គេ​ទុកឡាន​នៅមាត់ច្រក​ដូច្នេះ​ហើយបានជា​ពួកអ្នកតាមមកនោះ​រក​គេ​ឃើញ​។

គេបោះដៃ​មករកនាង។

ស្រីស្អាត​សម្លឹងទៅប្រអប់ដៃធំៗរបស់​គេ​​ហើយក៏នឹកឃើញ​ដល់​កាយវិការ​គេដែល​ទាញ​នាងទៅឱប​ក្រោម​ជណ្តើរ​ងងឹត​។

នាង​ងើបមុខ​មើល​ឯករ៉េណា​។

«បង​ឈ្មោះ​អី?!»

នាង​ញញឹម​តិចៗ​ជា​មួយ​សំណួរ​ធ្វើឱ្យ​កែវភ្នែក​បុរស​ទៅ​ជា​ស្រទន់។ ​គេ​យល់​ពី​សំឡេង​បេះដូង​នាង​តូច ហើយ​ចាប់ផ្ដើម​ពិនិត្យ​សម្រស់​របស់​នាង​។

គេ​មាន​នារី​កំណាន់​ច្រើន​ណាស់ ​ស​ខ្មៅ ​ទាបខ្ពស់ ចិន​ខ្មែរ ​តែ​សម្រស់​សុទ្ធ​តែ​កំពូល​មិនថា​តារា​ៗ​អ្នកបង្ហាញ​ម៉ូដ​ឬ​បុគ្គលិក​ក្រុមហ៊ុន​ឡើយ​ បើ​មិន​ស៊ិច​ស៊ី​មិន​ឡូយ​ឆាយ ​មិន​ដែល​បាន​ឯក​រ៉េណា​យក​ភ្នែក​មើល​ឡើយ​។ នេះ​ជា​លើក​ទីមួយដែល​គេ​ដាក់ចិត្ត​ពិនិត្យ​មើល​នារី​រម្យទម​ម្នាក់ ស្លៀក​សំពត់​បត់​​។ សក់​នាង​វែង​តែ​លើក​ចង​ហើយ ផ្ទៃ​មុខ​ម៉ដ្ឋ​រលោង​តែ​គ្មាន​តុបតែង​។

ផ្ទៃ​មុខ​សុភាព​រាបសា តែ​អ្នក​គ្រូ​តូចរហ័សរហួន​ហើយ​ឆ្លាតវាង​វៃ​ព្រមទំាង​ក្លាហាន​ហួសពី​ការស្មាន​។

នាយ​ដឹងថា ​នាង​ចង់​បែក​គ្នាត្រឹម​​នេះ​​តែ​នាយ​មិនដាច់ចិត្តទៅ​។

«ម៉ោះ​!​»

ឯករ៉េណា​និយាយ​តឿន​​​​ខ្លី​ៗ​តែ​ចុង​បបូរ​មាត់​គេ​ចាប់ផ្តើម​ញញឹម​។

ស្រមោល​ស្នេហា​យុវវ័យ​បញ្ចេញ​​រូបរាង​ក្រោយពេល​ដែល​មនុស្ស​ពីរនាក់​ទើបតែ​ស្គាល់​គ្នា​មិនទាន់​បាន​កន្លះម៉ោង​ស្រួលបួល​ផង​។

នារី​សម្លឹង​មុខ​គេ​ហើយឱន​សម្លឹង​​ទៅ​ប្រលោះ​ពី​ក្រោយ​បង្កាន់​ដៃ​ថ្ម។​

នាង​ស្លៀក​សំពត់​បត់​វែង​យ៉ាង​នេះ វា​មិនមែន​ងាយ​ស្រួល​ប៉ុន្មាន​​​ទេ​ក្នុង​ការ​ឆ្លង​ទៅបង្កាន់ដៃ​ម្ខាង​ទៀត​​ដូច​ដែល​គេ​ហក់​ទៅ​មុន​នោះ​​​។

បើ​ភ្លាត់​តែ​បន្តិច ​ឆ្លង​​មិន​ផុត​ធ្លាក់​ចុះទៅ​ក្រោម ​នាង​មុខតែ​ខ្ទេច​ឆ្អឹង​។

នាង​ស្ញើប​ជើង​ពេល​សម្លឹង​ចុះក្រោម​ ដូច្នេះ​ស្រី​តូច​​ងើប​មុខ​មក​រក​គេ​វិញ​។

គេ​ចេះ​ញញឹម​ហើយ គេ​ញញឹម​​យ៉ាង​សង្ហា​​​ហើយ​ភ្នែក​គេ​​ដែល​សម្លឹង​មក​ភ្នែក​នាង​បង្កប់​នូវ​សំណួរ​ជា​ស្រេច​ថា​ តើ​នាង​ទុកចិត្ត​គេ​ដែរ​ឬ​អត់?

នីភា​បោះដៃ​ទៅ​រក​នាយ ​ធ្វើឱ្យ​នរៈ​ញញឹម​បានចិត្ត​ដូច​បាន​គ្រង​បេះដូង​នាង​ពិតៗ​។

មុន​ពេល​គេ​ប្រើ​កម្លាំងទំាង​ស្រុង​ទាញ​យោង​នាងឱ្យ​ឆ្លង​​មក​ទាំង​មាត់​និយាយ​ខ្សឹបៗថ្នម​សំឡេង​​ជាង​​មុន​៖

«ប្រយ័ត្ន នីភា​!​»

​      នាង​លោត​មក​ដល់​ដី ​តែ​ដៃ​នៅ​តែ​មិន​លែង​ពី​នាយ​។

រ៉េ​ណា​ខ្ពស់​ជាង​នាង​ គេ​រេ​ភ្នែក​សម្លឹង​នាង​ឃើញ​តែ​សក់​ខ្មៅ​រលោង ដែល​ចង​នឹង​កៅស៊ូ​បន្ទាប់មក​គឺ​ក្ដោង​ច្រមុះ​ដែល​តូចស្រួច​ ចុង​ក្រោយ​បបូរមាត់​ប្រិមប្រិយ​របស់​នាង​។

«មិន​យូរ​ទេ​ ពួកវា​នឹង​ដឹង​ថា យើង​និយាយ​កុហក​!​»

គេ​ប្រាប់​នាង​ នាង​ងើប​មុខ​មក​ដោយ​ភ័យ ​ហើយ​ទាញ​ដៃ​គេ​ដើរ​ទៅ​រក​ជណ្ដើរ​បន្ទាប់​មក​ក៏​ចុះ​​ជណ្តើរ​​​។

ដៃ​នាង​ត្រជាក់​ក្នុង​ប្រអប់​ដៃ​គេ ​ដូច្នេះ​គេ​ក៏​លួង៖

«ភ័យ​ធ្វើ​អី​?​»

«ពួកគេ​នោះ​ជា​អ្នកណា?!»

«ឃើញ​ហើយ​អ្ហី​ ​វា​កាន់​កាំបិត ដាវ​!​»

«ដឹង​ហើយ​ តែ​បង​បាន​ធ្វើ​អី​​ពួកគេ​នោះ?!»

រ៉េណា​សម្លឹង​ភ្នែក​នាង​ដែល​ទៀងត្រង់​ហើយ​ងឿងឆ្ងល់។ ក៏​​មាន​តែ​ភាព​ទៀង​ត្រង់​របស់​នាង​ប៉ុណ្ណោះ​ដែល​ធ្វើ ឱ្យ​បេះដូង​គេ​កម្រើក​។

​      គេ​មិនទាន់​ឆ្លើយ​ផង​ សំឡេង​ស្អក​ៗ​​​មួយ​លាន់​មក​ពី​ជ្រុង​ម្ខាង។

«អ្នកគ្រូ​មិនទាន់​ទៅ​វិញ​ទេ​?​»

ស្រី​ចំណាស់​ម្នាក់​សួរ​ក្នុង​ភាសា​ចិនកន្តាំង​។

ដឿង​ហែម​នេះ​សំបូរទៅដោយ​ជនជាតិចិន​រស់នៅ​។ ពួកគេ​​​ស្គាល់​​នីភា​ច្បាស់​នេះ​បើតាមការ​សម្គាល់​របស់​ឯក​រ៉េណា​។​

អ្នកគ្រូ​តូច​តបវិញរ៉ាវជា​ភាសាចិនកន្តាំង​ដែរ៖

«ខ្ញុំ​កំពុងទៅផ្ទះ​វិញ​!​»

«ហើយ​អ្នកណា​​នៅជា​មួយ​អ្នកគ្រូ?! សង្សារ​មែនទេ​?​»

នាង​ងើបមុខសម្លឹងឯករ៉េណា​ គេក៏​មើលមកនាង​វិញ​ដោយភ្នែកស្រទន់។ នាង​ដកដៃ​យឺតៗចេញ​ពី​ប្រអប់​ដៃ​បុរស​សង្ហា​។

​      តាមថា​នាង​ត្រូវខឹង​ដែលត្រូវ​គេច្រឡំ​ តែ​នេះ​​នាង​ប្រហែល​ជា​សប្បាយចិត្ត​ច្រើន​ជាងខឹង​ រាល់​ពេល​ងាក​ទៅឃើញភ្នែក​គេ។

នាង​តបទៅស្ត្រី​ចិន​​​នោះវិញ​៖

«មានឯណា​! ខ្ញុំទើប​តែ​ស្គាល់​គាត់ទេ​!​»

«អឺស!​ ដើរឱ្យ​ស្រួល ជណ្តើរ​​ងងឹតណាស់ ​ប្រយ័ត្ន​ដួល​!​»

ពួកគេ​បន្ត​ដើរហួសទៅមុខទៀត។

​      រ៉េណា​ឆ្លៀត​និយាយបង្អាប់នាង​៖

«ចេះចិន​ទៀតកូនគេ​!​»

គេធ្វើដូចជា​ខ្លួនមិនចេះ​កន្តាំង​ហើយ​ស្តាប់​អ្វី​មិនបាន ​គឺគេមិនចង់ឱ្យនាង​អៀនជាងនេះ​​។ ដឹងអីនាងជឿ​ភា្លមថាគេមិនចេះកន្តាំងទេ។

នាង​និយាយ​ទំាងមុខក្រហម៖

«ហើយ​ដឹង​ថាអ៊ី​នោះ​ថាម៉េចអត់​អញ្ចឹង?!»

«អាណា​ដឹង​បើនិយាយ​ស្តី​ឆីងឆុង​​អញ្ចឹង​នោះ! នៅស្រុកខ្មែរមិន​នំាគ្នា​និយាយខ្មែរទៅ​!»

«សម្តី​អាក្រក់​ម៉េះ​​!​» នាង​ស្តីឱ្យនាយ​តិចៗ ធ្វើឱ្យនាង​អស់សំណើច​ឈ្ងោក​មើល​មុខនាង​។

«សម្តី​អញ្ចឹង​​មិនដឹង​រក​សង្សារ​ធ្វើ​អ្នក​គ្រូ​បាន​អត់​ទេ​នៀក!​»

នាង​កាន់តែ​ឈ្ងោក​មុខ​ទើរ​នឹងទ្រូង​ព្រោះ​ដឹង​ថា​គេនិយាយឌឺ​ហើយមើលមកនាង​មុតៗ​ទៀត​។

«ហើយអ៊ី​ហ្នឹងថាម៉េចខ្លះ?! គាត់ថា​​យើងរកបានប្រុសស្អាត​មកដឹកដៃ?​»

«អួតខ្លួន​ពេកហើយ មោទនភាពម៉េះ?!»

គេញញឹម​មិនចេញស្តី​ធ្វើឱ្យ​ស្រី​ងើបមុខមកមើល​។

ពួកគេ​ឈប់​នៅ​ពាក់កណ្តាល​ជណ្ដើរ​ដែល​ងងឹតស្លុប ស្ងាត់​ជ្រងំ ស្តាប់​​ឮតែ​ខ្យល់​ដង្ហើម​គ្នា​ទៅវិញ​ទៅមក​។

«បង្រៀន​ចិន​មួយ​ខែ​ប៉ុន្មាន? រក​ជួល​ទៅ​បង្រៀន​ដល់​ផ្ទះ!»

«អត់​ទៅ​ទេ!​»

«ម៉េច​ចឹង?!»

«អត់​ទទួល​សិស្ស​អញ្ចឹងទេ​!​»

«ទទួល​អាប៉ុណ្ណា​វិញ​អញ្ចឹង​?!»

«មនុស្ស​សម្តី​អាក្រក់​ ខ្ជិលយក!»

«ឱ្យតែ​រាងឡូងសង្ហា​ប៉ុណ្ណឹង ទៅ​យក​សម្តី​មក​ស្ងោរ​ស៊ី?​»

«ហួសចិត្ត!​»

នាង​ថា​ដូច្នេះ​ហើយ​​សើច​ដើរ​បន្ត​ទៅមុខ​ទៀត​ ​ហួសចិត្ត​ដែល​គេ​និយាយ​ស្តី​គ្មាន​ទុក​មាត់​ទុក​មុខ​ខ្លួនឯង​។ ឃើញច្រកទ្វារ​ចេញ​លឹមៗ​នាង​និយាយ​បង្វែង៖

«ដល់ហើយ បង​ហៅ​ម៉ូតូ​ជិះ​ចេញ​ទៅ​កុំឱ្យ​គេ​ឃើញ​ ហើយ​ឈប់​ទៅ​មាន​រឿង​នឹង​ពួក​នោះ​ណ៎ា!​»

នាង​ចាក​ចេញ​ពី​ជណ្ដើរ​មុន​គេ​ តែ​ត្រូវ​គេ​ទាញ​ចូល​ទៅវិញ​។ គេ​នេះ​ដៃ​រហ័ស​ចិត្តក៏​ហ៊ាន​ ខុស​ពី​ការ​ឆ្មើងកន្ទ្រើង​ពី​ដំបូងៗ​របស់​គេ​។

អ្នកគ្រូ​ក្មេង​ច្រាន​គេ​ចេញ​វិញ​មិនឱ្យ​គេ​ប៉ះ​ពាល់​នាង​ទៀត​ឡើយ​ក្រោយ​ពេល​ដែល​ដឹង​ថា​គេ​មិនមែន​សុភាព​បុរស​។

នាង​កាន់​តែ​រើ​ គេ​កាន់​តែ​​ចាប់បង្ខំឱប​ រហូត​ទាល់​តែ​នាង​រើ​ហត់គឃូស​ក៏​ឈប់​រើ។

​      គេនិយាយ​ឌឺភ្លាម​៖

«អស់ត្រឹម​ប៉ុណ្ណឹង​ទេ ​កម្លាំង?!»

នីភា​ហាក់​ខឹង​ដែល​គេ​ចេញ​ចរិត​មានៈ នាង​ងរងក់៖

«មើល​មនុស្ស​ខុស​!​ ស្មាន​ថា​មនុស្ស​ល្អ​!​»

«យក​មនុស្ស​ល្អ​មក​ធ្វើអី?!»

«អ្ហា៎​ចេះនិយាយា​អញ្ចឹងកើត! មនុស្ស​ល្អ​មិនឱ្យ​យក ទៅយកមនុស្សអាក្រក់?!» នាង​សួរវិញ​ដោយ​ហួសចិត្ត​។

គេ​នៅស្ងៀម​សម្លឹង​មុខ​នាង​ទោះ​ងងឹត​ស្លុប​មើល​មិន​ចង់​ឃើញ​។ នាង​និយាយ​បន្ត៖

«ដើរសួរគេមើល៍ ​មានអ្នកណា​គេស្រលាញ់មនុស្ស​អាក្រក់​ទេ?!»

គេលែងដៃនាង ហើយ​បែរខ្នង​។​

នាង​ដឹងថាគេខឹង​ សម្តីនាង​ តែនាង​ក៏មិនទាន់បាត់ខឹង​ដែរ​។

នាង​បែរខ្នងដាក់គេដូចគ្នា​។

សំឡេងគេលាន់​មក៖

«គ្រប់​មនុស្ស​តែង​មាន​ហេតុ​មាន​ផលរ​បស់​គេ​! ប្រយ័ត្នផង​​ជាមួយ​ពួ​ក​ដែល​អួត​ខ្លួនឯង​មនុស្សល្អ!»

គេ​ឈាន​ជើង​ចេញ​ទៅ ទុកឱ្យ​ស្រីតូចនៅដកដង្ហើម​ញាប់​​ពាក់កណ្តាល​ខឹង ពាក់កណ្តាលនឹកគេ ហើយ​ពាក់កណ្តាល​ គឺ​នឹក​ឆ្ងល់​មិនយល់ចិត្តខ្លួនឯង។

នាង​អង្គុយ​ចុះដៃរាវរកកាបូបដែល​ជ្រុះអម្បាញ់មិញ ពេលដែល​គេចាប់ឱ​បនាង​ហើយនាង​ខំ​បម្រះ​។​

សំឡេង​គេ​លាន់​មក​បន្ថែម​៖

«ស្អែក ម៉ោង​៩យប់ ចួប​គ្នា​នៅ​ការ៉ាសាំង​កាល់​តិច ស្តុប​បូកគោ​​!​»

គេ​យល់​យ៉ាង​ណា​ដែល​ណាត់​នាង​ចេញ​ក្រៅ​យប់យ៉ាង​នេះ​។

​គេ​យល់​ថា នាង​ត្រូវ​ជា​ស្អី​នឹងគេ ​ហើយ​គេ​គិត​យ៉ាងម៉េច​បាន​ជាយល់​ថានាង​យល់ព្រមទៅ។

ស្រីតូច​ងើបមុខ​មកវិញ​។

គេ​បាត់​ស្រមោល​ទៅ​ហើយ​។

……

ពីរថ្ងៃក្រោយ​មក​ទៀត​….

នីភា​និង​មិត្ត​ស្រីៗ​របស់​នាង ចួបជុំគ្នា​ក្នុងតៀម​អាហារ​ក្បែរ​សាលា​ឯកជន​ដែល​ពួក​នាង​ធ្វើការ​។

«មុខ​មិន​រីក​នីភា?!» ​ចន្ធូសួរព្រោះ​នីភាកូរ​ស្ករ​កាហ្វេ​មិន​ឈប់​។

«មានសង្សារនឹងណា៎​!​» លីកា​ចំអកឱ្យ​នាង​ជាការបន្លែងលេងសើច។

នីភា​ធ្វើមិនដឹង​ តែ​ចិត្តនាង​នៅតែនឹង​ដល់​ស្នូរដង្ហើម​ដែល​ស្តាប់​ជាមួយគ្នា​នៅឯច្រក​ងងឹតស្លុប​។ ពីរថ្ងៃ​ហើយ ​គេជា​អ្នកណា​​នៅឯណា​? ឈ្មោះ​អ្វី?​ គេចួបពួក​ជនពាល ត្រូវគេ​កាប់ចាក់ហើយក៏មិនដឹង​។​ នេះ​ជាអ្វី​ដែល​នាង​​ស្រមៃ​គិត​ចុះ​ឡើង​តែ​ម្នាក់ឯង។

«ចង់​មាន​សង្សារ​ឈប់​ពាក់​សំពត់​អាវ​អស់​នេះ​ទៅ​ ឮ​អត់​នីភា​!​»

លីកា​បន្ត​ចំអក​តែ​នីភា​នៅតែ​ធ្វើ​មិន​ឮ។

នាង​ត្រូវ​គេ​ចំអក​ឡើង​ធ្លាប់​ទៅ​ហើយ​។​ លីកា​ជា​ស្រី​ស្អាត​និង​ឡូយឆាយ ទោះបី​ជា​គ្រូ​ដែរ ​តែ​លីកា​ខុសពីនីភា​ដាច់។ នាង​មាន​សង្សារ​ច្រើន​​ហើយ​មានការ​តុបតែង​ខ្លួន​ដ៏​ទាន់​សម័យ​។

ពួក​គេ​ស្រាប់​តែ​នៅសុខៗ​ ស្ងាត់​មាត់​លែង​ប៉ប៉ាច់​ប៉ប៉ោច​ទៀត​​​ ធ្វើឱ្យ​​នីភា​ងើបមុខ​មក​វិញ​រកមើល​មូលហេតុ​នៃ​ភាព​ស្ងប់ស្ងាត់​របស់​ពួកម៉ាក​។

​តាមពិត​គឺ​ពីរនាក់​ស្រីៗ​ចន្ធូ​និង​លីកា​កំពុង​​ភាំង​ព្រោះ​តែ​ឃើញ​បុរស​សង្ហា​អង្គុយ​ចំខែង​នៅ​សាឡុង​មួយ​ចំ​ពី​ក្រោយ​នីភា​ហើយ​សម្លឹង​មក​ដោយ​ញញឹម​។

​គេ​នៅមិនដល់​៣ម៉ែត្រ​ផង​ពី​កៅអី​របស់​នីភា។

អ្នកគ្រូ​តូច​បែរ​ក្រោយ​ដោយ​សង្ស័យ។

ឯករ៉េណា​ដែលនាង​កំពុង​តែ​នឹក ​ពិតជានៅទីនេះ​មែន ហើយ​គេញញឹម​សម្លឹងមកនាងជាមួយ​អត្ថន័យ​ម្យ៉ាង​ក្នុង​កែវភ្នែក​។

បេះដូង​នីភា​លោតច្របល់​​។

ដ្បិតតែ​ចួបគ្នាពេល​ខ្លី​ តែភាព​ស្និទ្ធស្នាល​គ្នា​បណ្តាលឱ្យនាង​នៅចង​ចាំគេទុកក្នុងបេះដូង​។

«គេនេះ​ហ្អី? ថ្ងៃមុនភ្លេចសោ​ពេលដូរតុឱ្យយើង?!» ចន្ធូរខ្សឹបសួរទំាងញញឹម​ក្រោម​ការ​សម្លឹង​នៃបុរស​សង្ហា។

នីភា​បែរមក​រកមិត្ត​វិញ ​ថ្ពាល់នាង​ក្រហម​ហើយ​ នាង​ដឹងថា​​គេមក​ទីនេះគឺមាន​ចេតនា​មករកនាង​។

លីកា​ឃើញ​ហេតុការណ៍​យល់ជាស្រេច​ពីអ្វី​កំពុងកើតឡើងក្នុងចិត្ត​ប្រុសស្រីទំាងពីរ​ នាង​ដៀង​កន្ទុ​យ​​ភ្នែក​ឌឺដង​ដាក់​នីភា៖

«ម៉េច​ដែរ! ​ពេលនេះ​ឯងយកសោទៅឱ្យគេ​ឬ គេយកមកចាក់បេះដូងឯង!​»

នីភានៅស្ងៀម ​តែចិត្ត​នាង​​ច្រាសច្រាល់​។ ស្នេហា​ជាធម្មជាតិ​ តែអ្នកដែលមិនធ្លាប់មាន​ដូចនាង​គឺ​មិនដឹង​ធ្វើយ៉ាងណា​ ទៅខាងណាឡើយ​។

លីកា​ដំឡើង​សំឡេង​ហៅឈ្មោះ​នាង​ឮៗ៖

«នីភា?!»

«អ្ហះ?!»

ស្រី​តូច​ងើបមុខរបៀបភ្ញាក់។ លីកា​សួរបន្ថែម​ទំាំង​រេភ្នេកមើលប្រុសស្រី​ទំាងពីរម្តងម្នាក់៖

«ឯង​យកសោឱ្យគេហើយឬនៅ! ឬ​ក៏​ចង់ឱ្យគេមក​តាមទារដល់កន្លែងនេះ​​!»

នីភា​ទីទើ​រនិយាយទាក់ៗ៖

«មិនមែន​របស់គេផង! គេថាអញ្ចឹង​!»

ចន្ធូឱនមកខ្សឹបៗសួរជា​ភាសាចិន៖

«ចួបគ្នា​នៅឯណានាង​បានជា​គេតាមឯងដល់ទីនេះ​!​»

នីភាច្រាសច្រាល់៖

«គេមកតែគេទេ! ​កុំម៉ៃតែពីសតែពាស!​»

លីកា​សម្លឹង​ចង់​ផ្ទាន់​ហើយក្រោក​មកអូស​ដៃ​នីភា៖

«បាន!​ ចាំមើលមើល៍​ គេមកតែគេ ​ឬ​គេមករកអ្នកណា​គង់តែដឹងទេ ម៉ោះ!​»

នាង​អូសដៃនីភាក្រោកឡើង​ធ្វើឱ្យស្រី​តូចកាន់តែ​ឆ្លេឆ្លា​។ ណាអៀននឹង​មនុស្សប្រុសម្នាក់​នោះ​ណាមួយ​មិនបានទៅរកគេតាមការណាត់​។

«គេពិតជា​មករកខ្ញុំមែនក៏អី?!» ស្រី​ស្អាត​សួរខ្លួនឯងទំាង​ស្ទើរផុតដង្ហើមពេលត្រូវមិត្ត​បង្ខំឱ្យក្រោកឈរ​ឡើង ​ហើយ​បង្វែរឱ្យបែរទៅចម្ងាយ​។

«បង! បងឯងមករកអាភាហ្មែនហ្នឹង​?!»

លីកា​សួរចច្រែត ធ្វើឱ្យ​ឯករ៉េណា​ញញឹម​ញញែម​ហើយ​ផ្តោត​លើផ្ទៃមុខ​អៀនអន់​ក្រហមង៉ូវ​របស់​អ្នក​គ្រូ​ក្មេង​។

គេ​លើកប្រអប់ដៃដាក់ទន្ទឹមនឹងមាត់ ហើយ​ឆ្លើយ​ចាក់បណ្ដោយ​៖

«មិន​អញ្ចឹងមកអង្គុយ​មើលខាតពេលអី?!»

នាងងើបមុខមើលទៅគេ​ដែល​​ឮគេឆ្លើយរបៀបនេះ​មកកាន់មិត្តនា​ង​។ នាងតែង​ហួសចិត្តពេលឮសម្តីគេម្តងៗ​ដែល​ច្រងេងច្រងាង ​​មិនសមនឹងរូបរាង​កម្ពស់កំព​របស់គេ​សោះ។ ឃើញ​នាង​មើលមក ​គេលេងខ្សែភ្នែកស្រទន់មករក​ស្រីឆ្នាស់​តែម្តង​។

លីកា​ក្តាប់មាត់​សើច​ហើយ​រុញ​នីភា​ទៅមុខ៖

«មើលឱ្យ​ឆ្អែត​ទៅ​អញ្ចឹង​! យក​ទៅ​អង្គុយ​ទល់​មុខ​គ្នា​មើល​មួយ​ល្ងាច​ វាស់យប់តែ​ហ្មង​ទៅ!»

នីភា​ខំក្រាញព្រោះ​មិត្តនាង​លេងជ្រុល​ពេក ​តែ​នាងក្រាញមិនឈ្នះ​ ​នៅតែត្រូវមិត្តទំាង​ពីររុញ​ខ្ទាត​ពីកន្លែងដើម​ទៅកាន់​កៀកនឹងប្រុសស្អាត។

រិឯនរៈយើង​ទាញ​សាឡុង​ទទួលនាង​តែម្តង។

មុនពេលចាកចេញ​ទៅ​ទុកឱ្យគេទំាងពីរបានជជែកគ្នា ចន្ធូលួចមើល​មុខ​ឯករ៉េណា​ហើយ​វាចាជា​ភាសា​កន្តាំង​៖

«នីភា! គេសង្ហាអស់ទាស់វ៉ើយ!»

នីភា​បុកពោះ​ហើយ​ដៀងភ្នែកមើលមុខ​នរៈសង្ហា​ដែល​មិនរវល់នឹងអ្នកផង​គិតពីផ្តោត​ភ្នែក​មើល​មុខ​នាង​។

​      បបូរមាត់គេញញឹម​ដូចគេចេះស្តាប់ភាសា​មិត្តនាង​ដែល​លួចនិយាយ តែ​នាង​ច្បាស់ណាស់​ថា​គេ​មិន​ចេះ​ចិន​ទេ​។

លីកា​អង្អែលស្មា​នីភា​ហើយបន្ថែម​ពីក្រោយចន្ធូ៖

«កុំស្រែពេក! ទេវបុត្រ​ធ្លាក់ចុះពីលើមេឃហើយ​! រៀន​ធ្វើអីដើម្បីខ្លួនឯងខ្លះផង​ទៅ! ទទួល​គេ​ជា​សង្សារ​ទៅ!»

នារីច្រលើមទំាងពីរចាកចេញទៅ ស្រីតូច​អ្នកគ្រូ​ងើបមុខសម្លក់​ឯករ៉េណា ​តែនាងមិននិយាយ​អ្វី​ទំាង​អស់​។

សម្លឹង​នាង​អស់ចិត្ត​គេ​វាចា​មួយៗ៖

«មិញ ពួកម៉ាកថាម៉េចខ្លះ​?​»

នាង​គ្រឺតភ្នែកនាយ​ពេក​ក៏ងាកមុខចេញ​និយាយវិញ​ខ្សឹបៗ៖

«គេថា​បងឯង​មុខក្រាស់​!​»

រ៉េណាសើចខឹកៗ តែនាងនៅតែ​មានទំនុកចិត្ត ​ព្រោះ​យល់ថានាយ​មិនចេះ​ចិនដាច់ខាត។

«សើចធ្វើអី?!»

«ចូលចិត្ត​មើលក្មេង​និយាយបោកៗ កំប្លែង! បោកគេមិនសម​!» គេ​ឆ្លើយ។

«ហើយ​ចង់ដឹងម្នាក់​ទៀតនិយាយ​ថាម៉េចអត់អញ្ចឹង?!»

«បកប្រែមកមើលអ្នកគ្រូ ​ក្រែងត្រូវចិត្ត​ជួលយកទៅផ្ទះ​!​»

«គេថា មិនត្រឹមមុខក្រាស់ទេ​ រលៀម​ណាស់!​»

គេ​លូក​ដៃ​មកចាប់ដៃនាង​ តែ​នាង​ដកចេញបានមុន​។

ឯករ៉េណា​បើកភ្នែកភ្លឺ​ចិញ្ចាច​ មាត់​កាន់​តែញញឹម​។

ទើប​តែ​ស្គាល់គ្នា​​ នាង​ម៉េច​ក៏ឆាប់យល់ចិត្តនាយ ​ហើយ​ដឹង​ថានាយ​បម្រុង​ធ្វើ​អ្វី​ទៀត? គេពេញចិត្ត​ស្រីតូច​នេះ​ជាខ្លាំង​​ យល់ថាមក​ពីនាង​មាន​ប្រាជ្ញា​ បានជា​នាង​ឆាប់​មើលដឹង​និង​ចេះ​ការពារ​ខ្លួន​ទាន់ពេល​។

…..​នាង​គ្មាន​ថ្ងៃជឿទេថា ឯករ៉េណា​ដែលនៅពីមុខនាង​នេះ ចង់បាន​អ្វី តែង​យកឱ្យ​បាន​ជានិច្ច…ពិសេស​គឺ​ស្រីៗ។

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*