នាងសម្លឹងគេលែងនិយាយស្ដីព្រោះគេនេះគឺ…….។
ដឹងថានាងនិយាយមិនចេញ នរៈលូកដៃមកទាញស្រីតូចបណ្ដើរទៅកាន់ខ្ចុះដែលមានសាឡុងផ្តៅនៅពីលើអម្បាញ់មិញ។
នាងនៅស្ងៀម ទោះគេរុញឱ្យអង្គុយក៏មិនខ្ចីតវ៉ាក្រោកមកវិញអីទៀតដែរ ព្រោះរាល់បទពិសោធន៍តវ៉ាសុទ្ធតែបរាជ័យ។ វិធីល្អដែលនាងមិនបរាជ័យ គឺមានតែធ្វើមុខក្រញូវជាសញ្ញថាមិនពេញចិត្ត។
«ចង់រកអីញ៉ាំអត់?!»
នាងមិនឆ្លើយហើយឱនចុចទូរសព្ទព្រោះចង់បង្ហាញថាចិត្តនៅខឹង។ ពេលគេចេញទៅវិញបាត់ទើបនាងងើបមុខសម្លឹងទិដ្ឋភាពជុំវិញខ្លួន។
ចម្ការនេះពណ៌បៃតងដោយដំណាំហូបផ្លែ ហើយបរិវេណធំទូលាយជម្រៅដីជ្រៅណាស់។ ទោះយ៉ាងណាមួយព្រឹកហើយនៅមិនឃើញមានមនុស្សឆ្លងកាត់សោះ។ ទីនេះស្ងាត់ណាស់ ដូចនេះហើយនាងយល់ថាហេតុអ្វីបានជាទុកចិត្តឯករ៉េណា? ហេតុអ្វីហ៊ានមកតាមគេដល់ទីនេះហើយនៅតែពីរនាក់តទល់? ចុះបើគេមានបំណងចង់ធ្វើបាបនាងឬយ៉ាងណា នាងធ្វើដូចម្ដេចជួយខ្លួនឯងបាន?។
នាងក្រោកយឺតៗស្វែងរកចំណាំផ្លូវដែលបានចូលមកអម្បាញ់មិញហើយដើរសសៀរតាមជួរផ្កាសំដៅទៅទិសខាងលិចតាមស្រមោលព្រះអាទិត្យ។
សំឡេងឯករ៉េកណាលាន់មកស្រាលៗ ល្វើយៗតាមកម្លាំងខ្យល់ នាងងាកទៅរកមើលក៏ឃើញគេពីចម្ងាយ។
គេនៅឆ្ងាយគួរសម តែមើលទៅគេខ្ពស់ហើយសង្ហាណាស់។ គេឈរក្បែរមនុស្សពីរបីនាក់សុទ្ធតែជាប្រុសៗមានចាស់មានក្មេង។
គេដៃម្ខាងកាន់ដបទឹកសុទ្ធក្រេបបណ្ដើរផង ស្ដាប់មនុស្សទាំងនោះរាយការណ៍ពីអ្វីមួយដោយយកចិត្តទុកដាក់មិននិយាយស្តី ប៉ុន្តែម្ដងម្កាលគេងាកសម្លឹងទៅទិសដៅនានាតាមដែលប្រុសៗទំាងនោះចង្អុលប្រាប់។
…អាកប្បកិរិយា ពួកគេទំាងអស់នោះដូចជាគោរពឯករ៉េណាទុកដូចចៅហ្វាយនាយ?។
នីភារិះគិតមិនយល់ថាតើចម្ការនេះជាកម្មសិទ្ធិគ្រួសារគេឬយ៉ាងណា បានជាបគេអាចចេញចូលបាន? គេមានចរិតបន្លាចនាង ចូលចិត្តធ្វើឱ្យនាងភ័យ ហើយគេស្រលាញ់នាងពិតដែរ? គេមិនចេះលួងលោមស្រី មិនចេះរ៉ូមេនទិក ដូចពួកតារាប្រុសៗក្នុងវីដេអូទេឬអ្វី?
នាងនឹកដល់សម្តីគេដែលមុននេះសរសើរថានាងស្អាតហើយក៏នឹកដល់កាយវិការរត់គេចរបស់គេនៅពេលត្រូវពួកអ្នកលេងតាមរុករក។
«គេជាអ្នកណាឱ្យប្រាកដទៅ?!»
នាងរេភ្នែកគិត ឯត្រចៀកក៏ស្រាប់តែឮស្នូរបិទទ្វារឡានគ្រឹប។ នាងងើបមុខសម្លឹងទៅទីនោះ។ គឺគេទើបតែយកអ្វីសំពីងសំពោងចេញពីឡានមួយដែលមុននេះនាងមិនចាប់អារម្មណ៍ថាចតនៅទីនោះសោះ។
«គេមានឡាន តែគេយកម៉ូតូមកដឹកខ្ញុំ?»
នាងនឹកឆ្ងល់ហើយថយខ្លួនពួនទៅវិញព្រោះថាគេកំពុងតែដើរតម្រង់មក។
គេមកជាមួយខ្នើយពីរក្នុងដៃនិងភេសជ្ជព្រមទំាងអាហារក្រៀមមួយកន្ត្រក។ នាងឈរសម្លឹងគេរៀបចំអ្វីទំាងនោះទុកទៅលើតុ ហើយក៏នឹកឃើញនិយាយឌឺដងគេតិចៗ រសាត់សំឡេងខ្សឹបៗតាមខ្យល់៖
«ចង់ជិះឡានដើរលេងដល់ហើយ!»
គេមិនងើបមុខមកវិញទេ តែគេញញឹមទំាងកំពុងឱនរៀបចំភេសជ្ជៈ។
នាងកើតចិត្តងង៉ក់ព្រោះគេហាក់មិនរវល់សម្តីនាង ដូច្នេះអ្នកគ្រូនីភាចាប់ផ្តើមរំអុក៖
«ក្រែងអ្នកខ្លះអួតថាស្រលាញ់ខ្ញុំ!»
ការនិយាយស្រាលៗនិងងរង៉ក់ផងធ្វើឱ្យសំឡេងនាងកាន់តែពីរោះទាក់ចិត្តគេ។ ប្រុសស្អាតងើបមកវិញ ហើយឈរច្រត់ចង្កេះសំឡឹងនាងពីលើដល់ក្រោម។ គេនិយាយតិចៗ៖
«ដើរតួមិនសមទេអូន!»
គេហៅអូននាងព្រឺខ្លួន តែកើតក្តីអៀនប្រៀនក្រហមពេញស្បែកដៃជើងមុខមាត់។ អ្នកគ្រូនិយាយបន្លប់អាការៈរបស់នាង៖
«ដើរតូអី? បើនិយាយមែនណា៎!»
«កុំចង់មកបោក!»
«បោកអីទៅ?!»
«ចង់បោកឱ្យគេជូនទៅក្រៅ ចង់ឡើងផ្លូវជាតិនិងអាលរករឿងរត់ទៅផ្ទះ?!»
នាងក្រហមមុខសម្លក់គេ ហើយបូញមាត់មិនសុខចិត្ត។ តាមពិតគេដឹងថានាងមានល្បិចចង់ឱ្យគេជូនចេញពីទីនេះតែនាងបដិសេធ៖
«គ្មានទេ! ស្រីណាមិនចង់ជិះឡានទំនើប ហើយទៅចង់ជិះម៉ូតូនាំតែចុករោយពេញខ្លួននោះ?!»
គេកាច់ទឹកក្រូចចាក់ឱ្យនាង ហើយនិយាយតបមុនពេលហុចកែវមក៖
«ចង់ជិះអីក៏បាន ជិះទំាងម្ចាស់វាក៏អត់មានអ្នកណាឃាត់ដែរ តែឥឡូវនៅឱ្យស្ងៀមសិន! ឮ? ព្រោះហត់ ត្រូវការសម្រាក!»
គេដាក់កែវលើដៃនាងហើយផ្ងារទៅគេងចង្ក្រាងលើសាឡុងវែងពីមុខនាង។
ស្រីតូចសួរគេ៖
«នេះហ្អីមកដើរលេង?!»
គេមិនតបហើយធ្មេចដេកលក់ភ្លឹង។
នាងសម្លឹងគេពីលើដល់ក្រោម ដោយចិត្តសង្ស័យ។
«យប់មិញគេធ្វើអីហេតុអ្វីខ្នងដល់កន្ទេល លក់ភ្លឹងបានភ្លាម?»
នាងមិនដឹងទេថាសេចក្ដីសុខបំផុតរបស់គេពេលនេះ គឺបានស្រីដែលគេពេញចិត្តមកក្បែរហើយការងារដែលនៅសល់គឺគេង សងឱ្យជីវិតរាត្រីចររបស់គេ។
នាងថយទៅអង្គុយវិញហើយសម្លឹងគេម្តងបន្តិចៗរាងគេចៗរាងភ័យខ្លាចគេដឹងតែទីបំផុតនាងនៅតែលួចសម្លឹងគេ ពិសេសរាងកាយស្រស់សង្ហារបស់គេ។
«នីភា? នេះឬស្នេហាដំបូងរបស់ឯង! គេនេះឬជាសង្សារឯង! ហើយសង្សារគេដើរលេងរបៀបនេះ?!»
នាងសរសេរវាទៅក្នុងNoteហើយម្តងម្កាលរេភ្នែកសម្លឹងគេ។….
អ្នកចាំចម្ការលើកស្វាយនិងក្រូចដែលចិតរួចមកដល់។ ពួកគេញញឹមនាងក៏ញញឹមតប តែពួកគេសុទ្ធតែប្រុសៗគ្មានឡើយស្រីណាម្នាក់។
«បង! ជុំវិញនេះមានពស់ច្រើនទេ? ខ្ញុំដើរលេងបានទេ?!»
អ្នកចាំចម្ការនិយាយតបវិញភា្លម៖
«ដើរបានទាន! គ្មានទេពស់ ខែនេះមិនងាយមានទេ ទាល់តែលិចទឹកក្រែងថាមានឡើងមកពីបឹងតែកម្រណាស់!»
នាងងាកមកសម្លឹងគេដែលគេងលក់ ចិត្តនាងគ្នាន់ក្នាញ់…ព្រោះមុននេះគេបានបន្លាចហើយកុហកនាង។
ទូរសព្ទនាង ចាប់រោទ៍ នាងលើកមកទទួល។
លេខបង្ហាញមកថាជាលេខមិត្តស្រីៗរបស់នាង។ នាងដឹងថាពួកគេកំពុង ទទូចចង់ដឹងអំពីដំណើរ កម្សាន្តនិងការបង្កើតអនុស្សាវរីយដំបូងរបស់នាង។
អ្នកចាំចម្ការក៏ចាកចេញទៅ ទើបនាងចុចទទួលហើយក្រោកដើរចេញមកឆ្ងាយពីទីដែលបុរសមានធំកំពុងសម្រាកស្កប់ស្កល់។
ហើយមុនពេលនិយាយទទួល នាងឆ្លៀតងាកទៅមើលគេម្តងទៀត ឃើញគេនៅគេងស្ងៀមឈឹងទើបនាងទុកចិត្តក្នុងងាកមកជជែកជាមួយមិត្ត។
«ហេ៎នាង ម៉េចហើយ? ផ្អែមល្ហែមឡើងដូចទឹកឃ្មុំខែចែត្រហើយមែនអត់?!»
ចន្ធូរសួររ៉ាវមកធ្វើឱ្យនីភាទីទើរ។
នាងក៏មិនដឹងដែរថាតើខ្លួនឯងល្ងង់ពេកឬមួយមកពីមានមិត្តភក្តិខូចៗពេក?
នាងមិនដឹងថាតើនាងនិងឯករ៉េណាពិតជាកំពុងស្ថិតក្នុងតំណាក់កាលសាកល្បងធ្វើសង្សារឬបន្ទាប់ពីពេលនេះទៅគេធុញនាងហើយនាងក៏ធុញគេ រួចក៏ចប់ទៅនោះទេ?។
ឃើញនាងនៅទីទើរសំណួរជះមកបន្ថែម តែគឺលីកាដណ្តើមនិយាយមិនមែនចន្ធូទេ បានន័យថាមិត្តស្រីទំាងពីរនៅក្បែរគ្នា៖
«នែ៎និយាយអីខ្លះមក អាល័យតែញញឹមខ្ជឹបនៅហ្នឹងហើយ!» លីកាបង្អាប់។
«ពីណាញញឹម?!» នីភាតវ៉ាតែថ្ពាល់នាងក្រហម។
«អឺបើមិនរវល់ញញឹមប្រាប់ខ្លះមកបានអត់ ដំណើរការយ៉ាងណាទៅហើយ!»
«ដំណើរការអីទៅ!»
«គឺរវាងឯងនឹងគេ?!»
«មានយ៉ាងម៉េចគឺធម្មតា!»
«អុះអូ! គឺធម្មតាៗរបៀបចុះសម្រុង របៀបគូរស្នេហ៍ផ្សេងៗគេត្រូវរ៉ូវគ្នា ដល់ថ្នាក់ក្រាញមិនចង់ស្តីមិនចង់និយាយជាមួយមិត្តភក្តិ ឬនិយាយឱ្យខ្លី គេហៅថាយល់ចិត្តគ្នាហើយមែនអត់? លោកនេះមានតែយើងពីរនាក់ហើយមែនអត់នាង?!»
នីភាហួសចិត្តនាងខ្សឹបទៅវិញខ្សោយៗ៖
«គឺស្អីឯង នាងនេះ? វែងឆ្ងាយណាស់យើងហ្នឹង!! និយាយអីទៅ មានអីត្រូវនិយាយ គេគេងបាត់ហើយគឺគេងលក់តែម្តង គ្នាខ្ជិលនិយាយច្រើនខ្លាចគេភ្ញាក់!»
«អ្ហាក ដល់ថ្នាក់គេង? គេងនៅឯណា អ្ហះ នាងឡប់អើយឯងទៅណាជាមួយគេអ្ហះ?» លីកាសួរហាក់ភិតភ័យ។
នីភាខ្ទប់មាត់ដឹងថានាងនិយាយមិនបានពន្យល់ ធ្វើឱ្យមិត្តភក្តិតក់ស្លុត។ នាងសើចខឹកៗ ហើយក៏ពន្យល់ជាភាសាចិនកន្តាំង ព្រោះនឹកថាទោះរ៉េណាឮក៏គេស្តាប់មិនបាន។
«ស្តាប់! គេនាំយើងមកនៅចំការជាមួយគេ! គេគេងលក់នៅលើខ្ចុះមួយក្នុងចម្ការ! គឺគេងលក់ចោលយើង! គេដឹកយើងឱ្យមកមើលគេគេងហ្នឹងណា៎! អស់ចិត្តឬនៅយាយៗ! គិតដល់ណាហើយ? វែងឆ្ងាយណាស់!»
«ខំតែភ័យវ៉ី!» កញ្ញាលីការអ៊ូ។
ចន្ធូទាញទូរសព្ទនិយាយម្ដងហើយតបមកវិញភ្លាម៖
«ឯងប្រយ័ត្នផងទៅ! នៅកន្លែងស្ងាត់ៗកុំចេះតែហ៊ានណា៎!»
នីភាឮហើយរេភ្នែករិះគិតបារម្ភម្នាក់ឯង។ ម្ដងម្កាលនាងបែរក្រោយសម្លឹងគេដែលនៅគេងស្ងៀមស្ងាត់។ នាងនិយាយចិនសាជាថ្មី៖
«ដូចគេហ្នឹងហ៊ានធ្វើ អីយើងទៅ? មនុស្សដូចយើងមិនចេះល្ងង់ខ្លាចអ្នកណាផ្តាសទេ ពីរនាក់ឯងឈប់ អង្គុយស្រមៃវែងឆ្ងាយបាយមិនបានទៀតទៅ!»
«អឺឱ្យឡូយដូចមាត់ផង! ហើយចុះ! នែ សួរបន្តិច….មុននេះគេមានបន្លំឱបថើបឯងដែរទេ? កុំព្រមឱ្យសោះ! គ្មានអ្នកណាគេឱ្យលូកដៃលូកជើងប៉ះដៃប៉ះជើងទេបើត្រឹមតែស្គាល់ គ្នាជាសង្សារនោះ!»
នីភាអៀនណាស់នាងនឹកឃើញដល់ចរិតគេ ដែលមិនត្រឹមដៃរហ័សប៉ះនាងប៉ុណ្ណឹងទេគឺគេលើកនាងបីតែម្តង។ អ្នកគ្រូតូចជ្រួញចិញ្ចើមម្នាក់ឯង។
«ឮយើងនិយាយអត់នីភា!»
នីភាប្រញាប់បញ្ចប់ការសង្ស័យ នាងឆ្លើយវិញ៖
«អឺៗ បានហើយ! គេនោះអ្ហីដែលហ៊ានមកប៉ះសាច់យើងកុំចេះតែស្រមៃ! ដូចគេនេះហ្អី ហ៊ានមកកាន់ដៃជើងយើង គ្មានផ្លូវទេពួកឯងឈប់ស្រមៃរឿងភាគថៃទាំងអស់ហ្នឹងទៀតទៅឮអត់! ឈប់និយាយហើយ! ហត់ណាស់ត្រូវការសម្រាក!»
នាងបិទទូរសព្ទហើយលួចញញឹម។
នាងជាអ្នកដឹងថាតើគេដៃដល់កម្រិតណាហើយនាងតវ៉ាការពារខ្លួននៅនឹងមុខមិត្តភ័ក្ដិដូច្នេះក៏អស់សំណើចខ្លួនឯង។
ស្រីតូចបែរក្រោយមកវិញវាក់អើនិងស្នាមញញឹមស្រស់សង្ហា…..
គេក្រោកមកតំាងពីកាលណាមិនដឹងទេនៀក គឺអង្គុយសំកាំងលើសាឡុងផ្តៅសម្លឹងមកនាងធ្វើឱ្យអ្នកគ្រូនីភា បើកភ្នែកគ្រលួងព្រោះតែបុកពោះ។
…..សង្ឃឹមថា គេស្តាប់មិនឮ….អូ តែមិនអីទេ សំណាងដេលយើងចេះនិយាយភាសាចិន គេឯណាចេះស្ដាប់? កុំអី….ចប់។
នាងនៅឈរទីទើរ ឯគេក្រោកសំដៅមកហើយ….ធ្វើឱ្យនាងកាន់តែច្រាស់ច្រាល់ចិត្ត….
«មិញនិយាយអីខ្លះនិយាយជាមួយអ្នកណា សប្បាយចិត្តម៉េះ?!»
គេសួរមកធ្វើឱ្យនាងរៀបទឹកមុខមិនសូវសមទេ។
«មិត្តភក្តិ!»
«នាងឆ្លើយខ្លីហើយរកដើរគេចចេញពីគេ តែគេវាងមកលឿនស្លេវ គឺលឿនជាងនាងរំពឹងទុក…..ហើយ សាជាថ្មីគេ ចាប់ដៃនាង។
នាងប្រឹងរលាស់ចេញហើយសម្លឹងមុខគេ នាងបង្ហាញការមិនពេញចិត្តដែលគេតែងតែប៉ះពាល់នាង ប៉ុន្តែគេញញឹមជាប់ជានិច្ច ហើយសម្លឹងទៅជ្រៅក្នុងប្រស្រីភ្នែកនាងសឹងធ្លុះដល់បេះដូង ជាហេតុធ្វើឱ្យនាងចុះចាញ់ស្នាមញញឹមនិងកែវភ្នែកគេ។
ស្រីតូចជ្រួញចិញ្ចើម៖
«ពូកែចាប់ដៃចាប់ជើងម៉េះ?!»
«ចាប់ផងមិនបាន? កំណាញ់ម៉េះ? កូនពីណាគេនេះ?»
«មិនដឹងទេ លែងដៃសិនទៅ!»
គេមិនលែងបែរឈ្ងោកមកកៀកនាងហើយខ្សឹប៖
«ទៅមើលទឹកអត់?!»
«ទឹកអី? ធ្វើដូចគេមិនដែលឃើញទឹក!» នាងនិយាយតបរ៉េវៗតែមិន ហ៊ានមើលភ្នែកគេដែលដាក់មកយ៉ាងកៀកនោះទេ។
តែគេនៅតែចចេសពន្យល់៖
«ទឹកស្អាតណាស់ណា៎! មិនដែលនាំអ្នកណាមកមើលទេ យើងជាមនុស្សដំបូង!»
នាងងើបមុខសម្លឹងគេ ប្រទះខ្សែភ្នែកដែលផ្អែមស្រទន់នៅកៀកគ្នាសឹងតែប៉ះដល់រោមភ្នែកទៅ ហើយ។
មាត់នាងដែលចង់មានៈថា«អត់ចង់»មិនអាចដាច់ចិត្តនិយាយចេញរួចឡើយ ដូច្នេះពេលធីតាតូចនៅភ្លឹកភ្លាំងក្នុងរង្វង់ស្នេហ៍ ប្រុសស្អាតបានឱកាសគេទាញដៃនាងបណ្ដើរទៅ។
……នោះគឺជាកូនព្រែកតូចដែលអមសងខាងដោយវាលស្មៅបៃតងនិងសួនច្បារតូចចម្រុះពណ៌។ដោយសារវាលស្មៅមានល្ខោនជាជម្រាលរលូនទៅប្របនិងមាត់ទឹក អ្វីៗនៅចំពោះស្រីតូចហាក់ បីដូចជាទិដ្ឋភាពធម្មជាតិល្អបរិសុទ្ធនៅ ក្នុងរឿងនិទាន។
«ស្អាតណាស់បង!»
នាងលាន់មាត់តិច ប៉ុន្តែសំឡេងនាងនិងស្នាមញញឹមធ្វើឱ្យឯករ៉េណាដកភ្នែកចេញពីនាងមិនរួចឡើយ។
សុភមង្គលនាង ភាពពេញចិត្តពេញថ្លើមរបស់នាង ជាឱសថទិព្វមកលើកតម្កើងមោទនភាពក្នុងការរស់នៅរបស់បុរសអ្នកលេង។
គេនៅស្ងៀមតាមមើលនាងឱ្យនាងគយគន់អ្វីៗអស់ចិត្តអស់ចង់ នាងដើរចុះឡើងថតរូបទេសភាពឆ្វាត់ឆ្វែង អស់ចិត្តទើបងាកមករកគេហើយធ្វើមុខខ្លាចចិត្ត។
«បងឯងថតឱ្យខ្ញុំមួយប៉ុស្តិ៍បានអត់?!»
ប្រុសស្អាតញញឹមដើរមួយៗទៅរកនាង នាងនៅញញឹមដូចជាសប្បាយចិត្តណាស់ហើយរង់ចាំជំនួយពីគេ។ ស្រីៗពិតជាមានមនោសញ្ចេតនាខ្ពស់ហើយផ្លាស់ប្ដូរអារម្មណ៍រហ័សមែន។
សូម្បីត្រឹមតែឃើញទិដ្ឋភាពស្អាតឬនៅជាមួយធម្មជាតិដែលនាងចូលចិត្ត។
នាងដឹងថាទឹកមុខគេ គឺគេមិនបដិសេធនាងឡើយ តែមាត់គេផ្សឹង៖
«ថតធ្វើអី? ថតទៅ ខូចទេសភាពគេ អស់ហើយ!»
នាងជ្រួញចិញ្ចើម៖«
«មានន័យថាម៉េច?»
គេមិនមាត់តែគេចូលមកកៀកហើយឱនមករកស្ទើរតែចុងច្រមុះប៉ះគ្នាបាន។
គេបន្តសូរសំឡេងដូចនិយាយខ្សឹបៗ៖
«យើងស្អាតពេក ថតទៅ អ្វីៗជុំវិញនេះអាចចាញ់សម្រស់អស់ទៅមិនអញ្ចឹង?!»
នាងអស់សំណើចផងសប្បាយចិត្តនឹងពាក្យលួងលោមរបស់គេផង។ ស្រីស្អាតក្រហមថ្ពាល់ង៉ូវងាកមុខចេញហើយបន្ទោសគេទំាងសប្បាយចិត្ត៖
«ស្មានថាចេះតែនិយាយអាក្រក់ៗ ដឹងអីចេះលើកជើងទៀត?!»
«លើកតែជើងស្រីៗទេ ហើយស្រីស្អាតទៀតបានលើក!»
នាងដឹងថាគេចូលចិត្តនិយាយអាសអាភាស ហើយនិយាយមិនគិតពីការអៀនខ្មាសរបស់នាងជាភាគីខាងស្រី។ និយាយមិនដែលឈ្នះគេនាងរអ៊ូងរង៉ក់៖
«ឈប់និយាយក៏បាន!! និយាយមិនដឹងក្បាលកន្ទុយទេ!»
នាងបន្តសប្បាយនឹងទេសភាព ទុកឱ្យបុរសដែលពេញចិត្តនាងតាមសម្លឹងគ្រប់កាយវិការដោយស្ងាត់ៗ។
ហើយទីបំផុតថ្ងៃត្រង់ជ្រេទៅហើយទើបបាននឹកឃើញកូរពោះឃ្លានអាហារ។ នាងងាកមករកគេដែលនៅឆ្ងាយប្រមាណ១០ម៉ែត្រ ហើយស្ទាបពោះជាសញ្ញាថាហេវហត់។
គេញញឹមញាក់ចិញ្ចើមស៊ីញ៉ូនាងហើយចង្អុលទៅកន្ទេលមួយក្រាលរួចជាស្រេចក្បែរមាត់ទឹក មានអាហារ និងភេសជ្ជៈ។
«អ្ហូមាន់ដុត? អ្នកណាធ្វើ? គួរឱ្យឆ្ងាញ់ណាស់!»
នាងនិយាយហើយចុះទៅអង្គុយបត់ជើងផ្ទាល់ក្បែរចានកែវ។
គេមកតាមហើយពែនភ្នែនពីមុខនាង។
«កូនស្រីពីណាគេអត់របបខ្លាំងម៉េះ!»
នាងដឹងថាគេគ្នាន់ក្នាញ់នាង ហើយសម្តីនីមួយៗបង្ហាញនូវក្ដីស្នេហាមុតដល់ឆ្អឹង ដូច្នេះនាងយល់ថានាងកំពុងរស់ក្នុងសេចក្ដីស្នេហាផ្អែមល្ហែមដែលគ្រប់គ្នាកំពុងចង់បាន។
ដៃគេលូកដួសបាយមកដាក់ឱ្យនាង។
នាងតូចតាមសម្លឹងកំភួនដៃគេ ទាំងបេះដូងពេញដោយភាពកក់ក្ដៅ។ នាងលួចគិតក្នុងចិត្តតែម្នាក់ឯង។
«នីភានេះហើយស្នេហាដំបូងរបស់ឯង គេល្អយ៉ាងនេះ ទោះសម្ដីយ៉ាប់បន្តិចតើឯងទៅខ្វល់ធ្វើអី?សំខាន់នៅក្បែរគេ ឯងសប្បាយចិត្ត ហើយតើថ្ងៃស្អែកទៅ ស្នេហានេះនឹងទៅជាយ៉ាងណា? ឯងកុំខ្វល់ច្រើនពេក ពេលនេះមានសុភមង្គលក៏ទទួលសិនទៅ ហើយចាំគិតតទៅទៀត!»
នាងរិះគិតមិនមាត់មិនក តែភ្នែកនាងសម្លឹងទៅដៃគេ កាយវិការគេ ចិត្តប្រែជាអណិតគេចិត្តរលេះរលួយអស់ហើយ។
គេហុចបាយមកដល់ ជូតទាំងស្លាបព្រាឱ្យនាងជាស្រេចផង។
នាងនិយាយតិចៗមុនពេលលូកដៃទទួល៖
«ចិត្តល្អជាមួយខ្ញុំម្ល៉េះ?!»
គេនិយាយមកវិញទ្រគោះ៖
«បើប្រាប់ថាស្រលាញ់ហ្នឹងហើយ!»
នាងនៅតែមិនទាន់ទទួលចានបាយហើយដកភ្នែកពីអាហារ មកសម្លឹងមុខគេដោយកែវភ្នែកល្ហល្ហេវ។ គេដៀងភ្នែកសម្លឹងនាងតបវិញ។ ខ្សែភ្នែកទំាងពីរមិនដកចេញពីគ្នាឡើយ។ ស្រីតូចនិយាយបន្ថែមព្រោះនាងអន្ទះសាចង់ដឹងចម្លើយពិត៖
«ស្រលាញ់អីលឿនម៉េះ? បងឯងមិនដែលស្គាល់ខ្ញុំផង?»
«ចុះយើងស្គាល់បងច្រើនប៉ុនណា!»
«ខ្ញុំមានទាន់ស្រលាញ់បងឯងហ្ន៎ា?!»
«ស្បថអត់?!»
«ខ្ញុំនិយាយមែន!»
«ក្មេងកុហក!»
គេដាក់បាយទៅលើដៃនាងហើយចាប់សាច់ឱ្យ។ នាងនៅសម្លឹងគ្រប់កាយវិការគេ។
គេតឿន៖
«ញុំាបាយទៅ!»
នាងញ៉ាំបាយទាំងអរផងភ័យផង ហើយលែងមានចិត្តប្រកាន់នឹងចរិតគំរោះគំរើយរបស់គេទៀតហើយ ទោះគេថាអ្វីក៏ដោយនាងនៅតែស្ងៀមហើយមើលមុខគេ។
សំខាន់នាងតែងចង់ដឹងថា តើទង្វើល្អៗរបស់គេមកលើនាង ពិតឬមិនពិត? ហើយចង់ដឹងណាស់ថា តើគេពិតជាស្រលាញ់នាងមែនឬអ្វី? ហើយស្រលាញ់កម្រិតណា?
«បងរ៉េណាមានសង្សារឬនៅ?!»
នាងសួរតិចៗឯគេងើបមុខមកវិញឃ្វាងទំាងបាយពេញមាត់។ គេប្រហែលភ្ញាក់ផ្អើល ដែលនាងសុភាពៗស្រាប់តែនឹកឃើញសួរក៏សួរសំនួរបះសក់។
គេសម្លឹងនាងបើកភ្នែកមូលក្លុំ នាងញញើតភ្នែកគេដែរក៏និយាយតម្អូញវិញ៖
«សួរលេងផងមិនបាន?»
សំឡេងនាងនៅតែឆ្មារៗគួរឱ្យស្រលាញ់ ចំណែកគេលេបបាយរួចក៏ញញឹមឆ្លើយ៖
«ហើយអ្នកដែលនៅនឹងមុខនេះ?!»
គេចង្អុលមកនាង នាងពេបមាត់និយាយតបវិញយឺតៗ៖
«ខ្ញុំមិនមែនសង្សារបងឯងទេ! កុំនិយាយលេងច្រើនពេក!»
ស្រីស្អាតក្រេបទឹករួចងើបចេញទៅឈរនៅមាត់ព្រែកទំាំងចិត្តនៅលោតដុកដាក់ ព្រោះនៅមិននៅទៅជ្រុលមាត់សួររឿងផ្ទាល់ខ្លួនរបស់គេធ្វើ ឱ្យគេចាប់អារម្មណ៍ថានាងប្រាកដជាមានចិត្តលើគេ។
គេប្រហែលជានៅបន្តបាយទឹកដូច្នេះនាងឆ្លៀតពេលគ្មានការរំខានក៏ភ្នកគិតទៅដល់ជីវិតអាពាហ៍ពិពាហ៍និងការកសាងគ្រួសារ។
«ឯងនេះទើបតែបណ្ដើរគ្នាមួយថ្ងៃ ក៏ហ៊ានគិតថាគេនឹងស្មោះស្ម័គ្ររៀបការជាមួយឯង? គេជាអ្នកណាមកពីណា? គេស្រលាញ់ឯងដោយសារអ្វី? ទាំងអស់នេះទេដែលត្រូវគិត? គេមើលទៅរៀនមិនសូវបានច្រើនទេ និយាយស្ដីមិនសូវយល់មុខអ្នកដទៃទៀត ប៉ាម៉ាក់ឯងពេញចិត្តគេដែរទេ?»
តំណក់ទឹកត្រជាក់ធ្លាក់មកមួយៗ ….គឺមេឃធ្លាក់ភ្លៀង?
អញ្ចឹងហើយបានពេញមួយព្រឹកដល់ថ្ងៃត្រង់នេះមេឃស្រទុំល្អមិនមានស្រមោលព្រះអាទិត្យទាល់តែសោះ។
មុនពេលនាងប្រមូលអារម្មណ៍ដែលបាចសាចនោះមកវិញ ម្រាមដៃគេបានស្រាក់ជុំវិញចង្កេះនាង។
នាងបានបម្រះពីគេ ភ្ញាក់ភ័យនឹងគេពេញមួយព្រឹកហើយ នាងដូចគ្មានចិត្តចង់បម្រះទៀតទេប្រហែលមកពីយល់ថាគ្មានបានការឬមួយអាចថា នាងក៏ចង់សាកល្បងនៅក្នុងរង្វង់ដៃគេ។
«លែងខ្ញុំទៅរ៉េណា! បើបងល្អ បងមិនត្រូវដៃដល់ម្ល៉ឹងៗទេ!»
នាងនិយាយតិចៗ តែមិនបានរើបម្រះទេ។ សំឡេងឯករ៉េណាលាន់មកខ្សាវៗក្បែរត្រចៀកនាងព្រោះគេឱនមកខ្សឹប៖
«ខ្លាចអីទៅ?!»
«មិត្តខ្ញុំប្រាប់ថា បើបងពិតជាល្អ ពេលដើរលេងជាមួយគ្នា បងមិនធ្វើរឿងអញ្ចឹងទេ!»
«រឿងអញ្ចឹងហ្នឹងរឿងអី?!» គេនៅតែសួរធ្វើពើ។
នាងទាញម្រាមដៃគេចេញ តែគេនៅចចេសហើយបន្ទន់ សំឡេងអង្វរករ៖
«សុំឱបបន្តិចទៀត!»
«ថ្ងៃក្រោយខ្ញុំមិនហ៊ានមកជាមួយបងទៀតទេ!»
«ហ៊ានតែអត់មើល៍!»
«បងកុំទម្លាប់ផ្ដាច់ការ កុំទម្លាប់និយាយអ្វីធ្វើអ្វីដែលគួរឱ្យខ្លាចៗ!»
«អូនជារបស់បង!» គេបន្តយ៉ាងខ្លី ហើយរឹតតែឱបបន្តឹង
នាងនៅស្ងៀមលែងតវ៉ា ព្រោះនិយាយយ៉ាងណាក៏គេមិនធ្វើតាមមានតែបណ្ដោយមួយដង្ហើមសិន។ បានបន្តិចឯករ៉េណាពោលមកបន្ថែម៖
«ទៅជ្រកភ្លៀង!»
នាងមានអារម្មណ៍ជាថ្មីម្ដងទៀតនូវភាពកក់ក្ដៅដែលគេបានដកដៃចេញពីចង្កេះនាង ហើយដឹកដៃនាងរត់កាត់ភ្លៀងចោលស្ពកបាយតម្រង់ទៅរកខ្ទុះ។
ភ្លៀងធ្លាក់កញ្ជ្រោលភ្លាម….ពេលពួកគេ ទើបតែបានកន្លែងជ្រក….
«បងពូកែស្មានម៉េ្លះ? ពូកែមើលមេឃដល់ហើយ!»
នាងនិយាយឱ្យតែបាននិយាយ ព្រោះចង់បន្លប់កុំឱ្យគេនោះចេះតែសម្លឹងសម្រស់នាងហើយចង់តែឱបនាងនោះ។
ប្រុសអ្នកហក់លោត មិននិយាយមិនស្តី គេឈរនៅពីមុខនាងហើយចេះតែសម្លឹងមុខនាង។ កែវភ្នែកគេស្រទន់ ហើយបបូរមាត់ស្ទើរញញឹមស្ទើរស្មើ។
នាងឃើញគេនៅស្ងាត់ឈឹង ត្រចៀករំខានតែនឹងស្នូរគ្រាប់ភ្លៀង ហើយអ្វីៗនៅជុំវិញខ្លួនស្រអាប់ដូចព្រលប់ធំ។ នាងបែរខ្លួនដើរចេញមកឆ្ងាយពីគេបន្តិចព្រោះបរិយាកាសស្ងាត់ពេកហើយ។ សាជាថ្មី គេចាប់ដៃនាងហើយទាញមកវិញឱ្យមកឈរទល់មុខគ្នា….
«សុំថើបបន្តិចមក!»
គេនិយាយមកខ្លីៗតែនាងភ័យងើបមុខយ៉ាងរហ័ស។
«អត់ទេ!» នាងប្រកែកលឿនជាងការគិតទុករបស់គេទៅទៀត។
ដៃនាងម្ខាងខំលើកមកបាំងរារាំងការពាររាងកាយ ព្រោះគេកាន់តែចូលមកកៀក។ ក្លិនស្នេហ៍ និងក្លិនខ្លួនមនុស្សភេទផ្ទុយហើរចូលក្នុងអារម្មណ៍នាងធ្វើឱ្យអាកាសធាតុរងាលែងមានប្រសិទ្ធភាពព្រោះនាងកំពុងភ័យផង មានអារម្មណស្នេហាផង។
«បងកុំបង្ខំខ្ញុំ បើបងជាកូនប្រុស!»



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ