រឿង៖​ អតីតផ្ទះមន្ត្រី ភាគទី៨ (បញ្ចប់)

ក្លិន!

អារម្មណ៍ដំបូងរបស់ខ្ញុំដែលត្រូវអ្វីមួយប្រាប់មកបញ្ឆិតបញ្ឆៀង ថាជាក្លិនស្អុយនៃសពឬក្លិនមនុស្ស​ស្លាប់។ បន្ទាប់មកញាណទីប្រាំមួយរបស់ខ្ញុំក៏ជ្រៀតចូល ដោយខ្សឹបប្រាប់ញាប់ៗអំពីការព្រមាននិងភាពបន្ទាន់ថា ខ្ញុំស្ថិតក្នុងគ្រោះថ្នាក់ព្រោះមុននេះខ្ញុំឃើញខ្មោចនៅខាងក្នុង?

«វីរីយ៉ា!»

នៅក្រោមដើមឈើងងឹតស្លុបមួយ ខ្ញុំមើលពីចម្ងាយនេះទៅ ស្គាល់មនុស្សពីរនាក់ច្បាស់ គឺជីងហើយនិងអ្នកស្រីវឺន។ ពួកគេប្រឡាក់ខ្លួនស្រមកទទឹកជោក ធ្វើឱ្យខ្ញុំសន្សឹមៗឈ្ងោកមកសម្លឹងខ្លួនឯង​។

ទីបំផុតខោអាវខ្ញុំដែលឃើញនៅខាងក្នុងមុននេះស្ងួតច្រឺងសោះ បានរលាយបាត់ទៅ នៅសល់​សម្លៀក​បំពាក់ផ្សឹងគឺឈុតដែលស្លៀកនៅវិមាន​ពីវ។

ដៃជើងទទឹក ខ្ញុំញាក់ព្រោះត្រជាក់ឬព្រោះលោះព្រលឹងខ្លាចខ្ញុំមិនដឹងទេ បែងចែកមិនបានឡើយ​។  ខ្ញុំឃើញខ្លួនឯងអណ្ដែតមកឆ្ងាយ មិនមែននៅក្បែរឡានពេទ្យទៀត។

ព្រះអើយតើនេះជាអារម្មណ៍ដែលនៅរស់? មិនអាចទេ ខ្ញុំស្លាប់បាត់ហើយមែនទេ? ខ្ញុំព្យាយាមម្ដងហើយម្តងទៀតដែលថ្គាមរួយហត់ ​ហើយខ្ញុំយំផងនិយាយផងទៅកាន់ជីង។

«ពួកយើងស្លាប់បាត់ហើយ!»

ជីងគ្រវីគ្រវីក្បាល។

«អត់ទេ! ពួកយើងមិនទាន់ទេ!»

«ប៉ុន្តែ….យើងអាចនឹងស្លាប់បើសិនយើងទៅមិនទាន់ពេលចូលរូបរាងកាយរបស់យើងវិញ!» ចម្លើយរបស់អ្នកស្រីវឺនធ្វើឱ្យខ្ញុំភ្ញាក់។

ហេតុអី? ពួកយើងគឺជាវិញ្ញាណមែនទេ? យើងត្រូវរករាងកាយខ្លួនឯង?

ខ្ញុំគិតជាមួយសំណួរច្រើន ប៉ុន្តែនិយាយមិនចេញសោះ។ មាត់ខ្ញុំម្ហបៗ សំឡេងខ្ញុំដូចជាទើរនៅត្រឹមបំពងក ដោយសារភ័យស្លុតពេកមិនដឹង។

ហើយបន្ទាប់មកអ្នកស្រីវឺនបានបន្លឺសំឡេងប្រាប់មកពួកខ្ញុំ៖

«វីរីយ៉ា! ពួកយើងចាំនាំនាងទៅជាមួយគ្នា!»

«ពួកយើងទៅណា? ខ្ញុំ….អត់ទៅទេ! ខ្ញុំមកដល់ស្រុកខ្មែរវិញហើយ…..ខ្ញុំចង់ទៅផ្ទះវិញខ្ញុំ! ខ្ញុំចង់ចួបឪពុកម្តាយខ្ញុំវិញ!»

ជីងឱនមកតឿន៖

«រាងកាយរបស់ឯងនៅហ្វីលីពីន!»

«ហេតុអីទៅ?»

ជីងបញ្ជាក់៖

«ពេលទៅដល់ឯងគង់តែដឹងទេ!»

ប៉ុន្តែតើយើងទៅហ្វីលីពីនរបៀបម៉េចទៅ? ខ្ញុំមិនសួរដោយសំឡេង តែទឹកមុខខ្ញុំប្រហែលជា​បញ្ចេញ​ចម្ងល់នេះទៅហើយ បានជាអ្នកស្រីវឺន​តបមកវិញ៖

«ពួកយើងបីនាក់បានជិះយន្តហោះ ហើយយន្តហោះនោះបានធ្លាក់…..ប៉ុន្តែវាមិនខ្ពស់ពេកនោះទេ​​វីរីយ៉ា​​! សាកសពរបស់ពួកយើងកំពុងតែសង្គ្រោះបន្ទាន់!»

ខ្ញុំចង់តែអង្គុយ​ចុះទេ។

ទន់ជើងណាស់។

«ចុះហេតុអីបានជាវិញ្ញាណយើងមកដល់ទីនេះ?» ខ្ញុំសួរទាំងញ័រថ្គាមទប់មិននឹង។ ទ្រូងខ្ញុំសែនកញ្ជ្រោល​។

ឮសំណួរនេះ អ្នកស្រីវឺនទម្លាក់ភ្នែកសម្លឹងម្រាមដៃខ្ញុំ។

«ចិញ្ចៀននោះ!»

ខ្ញុំលើម្រាមដៃមកពិនិត្យ។ វាគឺជាចិញ្ចៀនបុរាណ​ដែលខ្ញុំបានទិញពីផ្សារទួលទំពូង។ ធម្មតាខ្ញុំដឹងថាវាបុរាណតែមិនដឹងប្រវត្តិវា ព្រោះទិញទាំងមាននិស្ស័យ។

គិតថា នៅវិមាន​ពីវខ្ញុំបានបែរបន់សុំឱ្យខ្លួនឯងបានមកដល់ស្រុកខ្មែរវិញ តែមិនមែន​មកជាវិញាណ​បែបនេះទេ។

«លោកអើយ ឱ្យខ្ញុំបានចូលរូបវិញមក! ខ្ញុំមិនចង់ស្លាប់ទេ!»

និយាយអូចៗក្នុងពោះ ស្រាប់តែសាជាថ្មីមន្ទីរពេទ្យឡានពេទ្យអ្វីៗគ្រប់យ៉ាងនៅទីនេះ ដើមឈើ ដី និងទេសភាព បានរលត់រលាយស្រុតទៅក្នុងព្រះធរណី។

ខ្យល់បោកមួយវឹបខ្លាំង ងងឹតស្លុបសន្ធប់ពួកយើងលែងឃើញគ្នា ហាស្រែកមិនរួច។ ខ្ញុំអរណាស់​។ មុនពេលដែលខ្ញុំលែងដឹងខ្លួន អារម្មណ៍ខ្ញុំគិតថា ចិញ្ចៀនបុរាណ​ពិតជាបានទទួលយកការបែរបន់នេះ នឹងជួយពួកខ្ញុំទៀតហើយ។

ពិតមែន​!

ទីបំផុតយើងបានដឹងខ្លួនមកវិញ  ឃើញខ្លួនឯងទាំងបីនាក់ ឈរនៅក្នុងរបៀងនៃមន្ទីរពេទ្យចាស់មួយ។ យើងប្រញាប់ប្រញាល់រត់ទៅរកមើលស្លាកនៅលើទ្វារនីមួយៗ។

ពិតណាស់ជាអក្សរហ្វីលីពីន ទីនេះមិនមែនស្រុកខ្មែរទេ។

«រាងកាយ​របស់យើង នៅឯណាទៅ?»

ជាសំឡេងដែលស្រីវឺនដ៏អន្ទះអន្ទែងសួរនាំពីក្រោយខ្នងខ្ញុំ។ សំណួរនេះ​ដាស់ខ្ញុំឱ្យភ្ញាក់ពីការ​រវើរវាយងាកទៅពួកគេភ្លាម។ ខ្ញុំអរណាស់ក៏សួរវិញភ្លែត៖

«ដែលនេះជាពេទ្យហ្វីលីពីនមែនទេ?!»

«ត្រូវហើយ!» ជីងឆ្លើយ។

អ្នកស្រីតឿន៖

«យើងឆាប់ដើររករាងកាយយើងទៅ!»

«នៅសល់ពេលប៉ុន្មានទៀត?» ជីងសួរ។

អ្នកស្រីវឺនសម្លឹងនាឡិកាមាត់តប៖

«ម៉ោងពីរភ្លឺហើយ យើងនៅសល់ពេលមួយម៉ោងទៀត!»

«មួយម៉ោងទៀត?» ខ្ញុំគិតក្នុងចិត្ត។ ដូច្នេះបានសេចក្តីថា ម៉ោងបីភ្លឺថ្ងៃរះ ពួកខ្ញុំលែងអាចចូលទៅក្នុងរាងកាយ​ខ្លួនឯងវិញបានមែនទេ?

ចុះអ្នកដទៃ?

ខ្ញុំងាកសួរកំបុតកំបុយបែបនេះ តែពួកគេពីរនាក់មិនឆ្លើយទេ។ អ្នកស្រីរលះរលាំងឆ្ពោះទៅមុខ ជីង​​អូសដៃខ្ញុំទៅដែរ។

ពីក្រោយជំហាន​អ្នកស្រី ខ្ញុំសម្គាល់ឃើញតំណក់ទឹកជាច្រើនបន្សល់ពីស្នាមជើងរបស់គាត់។ នេះបានន័យថាពួកយើងពិតជាបានលោតទឹកនៅឯប្រទេសចិនក្នុងវិមានបុរាណ តែខ្ញុំមិនយល់ពីរឿងនេះឥតខ្ចោះទេ គ្មានពេលសម្រាប់ពិចារណាឡើយ។

យើងឆ្លងសួនស្តុកមួយដែលស៊ុបទ្រុប។

«នេះ….ទៅបន្ទប់នៅខាងនោះ!~

អ្នកស្រីវឺនចេញបញ្ជាដូចជាគាត់មានដំណឹង​ពីគោលដៅដែលយើងស្វែងរក។ ពិតណាស់ មានត្រីវិស័យចិនមួយ​ដូចជាវត្ថុភូគម្ពបុរាណចិន ដែលនៅលើដៃស្តាំរបស់គាត់។

មិនយល់ទេ! មិនដឹងថាគាត់មានអ្វីខ្លះទៀតដែលខ្ញុំមិនដឹងនិងមិនយល់។ ពួកយើងរត់ទៅតាមពីក្រោយ​គាត់កាត់គ្រាប់ភ្លៀងរលឹមស្រិចៗ។

មន្ទីរពេទ្យម៉ោង២ភ្លឺនេះស្ងាត់ជ្រងំតែម្តង។ យូរៗម្តងយើងឮសូរក្មេងយំមកល្វើយៗ និងឮសំឡេងមនុស្សក្អក។

យើងឡើងដល់អគារមួយទទឹងរបង។ បន្ទប់មួយដែលគាត់នាំយើងតម្រង់ទៅ មានស្លាកពីទ្វារជាភាសាហ្វីលីពីន ប៉ុន្តែដែលក្រោមនោះមានសរសេរថា សាលដាក់សព។

ខ្ញុំក្តាប់ដៃដែលស្ពឹក។ ខួរក្បាលខ្ញុំព្យាយាមគិតអតីតកាលថ្មីៗ ការឈឺចាប់ការចងចាំពីអ្វីដែលបានកើតឡើងចំពោះខ្ញុំនិងចាលើម ជូរី មិត្តផ្សេងទៀតនៅវិមានពីវ​លែងច្បាស់លាស់ទៀតហើយ។ មិនដឹងថាមួយណាពិត មួយណាមិនពិតទេ។

ភាពបន្ទាន់ដែលខ្ញុំមានអារម្មណ៍ពេលនេះគឺ ពីមុនស្មាន​ថាខ្លួនឯងនៅសង្គ្រោះបន្ទាន់ ឥឡូវមកនៅសាលផ្ទុកសព។

ចង្កៀងនៅពីមុខ​លោតភ្លឹបភ្លែតពេលពួកយើងមកដល់។

ខ្ញុំងាកមើលជីង ហើយ​ឃើញជីង​ក៏ខំទប់សេចក្តីភិត​ភ័យស្លន់ស្លោ។

«ភ្លើងប៉ះវិញាណ មានប្រតិកម្មពន្លឺអ៊ីចឹងហើយ!»

អ្នកស្រីវឺនពន្យល់រួចគាត់រុញទ្វារចូល។…..បន្ទាប់មកគ្មានអ្វីសោះ ទីនេះទទេ….ហើយឥឡូវនេះខ្ញុំនៅទីនេះ….មិនថានៅទីណានោះទេ ប៉ុន្តែ​មិន​មានអារម្មណ៍ថា ​​មាន​សុវត្ថិភាព​ឡើយ។

«ម៉េចចឹង? ក្រែងថា….សាលសព!»

ជីងសួរ អ្នកស្រីវ៉ឺន​ភ័យ​របូត​ត្រីវិស័យពីបាតដៃ។ ទីនេះភ្លឺណាស់ សក្បុសគ្មានត្រើយឬដំបូលបាត​។ វាជាកន្លែងណានៃនរកទៅ? តើមានអ្វីកើតឡើងចំពោះពួកយើង?

«វរហើយ! វាមកដល់ហើយ!»

អ្នកស្រីវឺនតម្អូញ។ លទ្ធភាព​នោះ​បាន​បញ្ជូន​រលក​នៃ​ការ​ភ័យ​ស្លន់ស្លោ​មួយថ្នាក់​ទៀត​ធ្លាក់​មក​លើ​ខ្ញុំ។ សេណារីយ៉ូរករាងកាយនិងរស់ឡើងវិញ ​បានរសាត់ឆ្ងាយរហូតដល់ខ្ញុំមានការថប់បារម្ភនិងអស់សង្ឃឹម។

ទោះពេលនេះ អាចថាយើងជាវិញ្ញាណមិនឈឺចាប់ ឬមានបញ្ហាធ្ងន់ធ្ងរខាងរាងកាយ តែយើងនឹង​មិនបានរស់ឡើងវិញ បន្តបេសកកម្មជីវិតយើង​ទេ។ គួរឱ្យស្តាយបំផុត។ ខ្ញុំគិតហើយ​យំ។

«ខ្ញុំចង់ទៅផ្ទះ! ស្លាប់ឬរស់មិនចង់នៅស្រុកគេទេ!»

ជីងឱបខ្ញុំ។ ខ្ញុំស្រលាំងកាំង។

«ខ្ញុំស្រលាញ់វីរីយ៉ា!»

គេនិយាយតិចៗ ធ្វើឱ្យខ្ញុំភ្លេចអស់ពីអារម្មណ៍អស់សង្ឃឹមមុននេះ។ ខ្ញុំងើបមុខសម្លឹងជីង។ គេ​សង្ហា​​និងមាន​ភាពប្រាកដប្រជា​លើមុខ។

«ខ្ញុំមិនឱ្យវីរីយ៉ានៅតែឯងទេ! មានខ្ញុំនៅជាមួយ!» ជីងវាចាបន្ត។

ការដកដង្ហើមរបស់ខ្ញុំកាន់តែកើនចង្វាក់ឡើងៗ ហើយបេះដូងរបស់ខ្ញុំក៏លោតញាប់ខ្លាំងនៅពេល​ដៃគេ​ក្តោបស្មាខ្ញុំជាប់ ទៅប៉ះនឹងទ្រូងរបស់គេ។ ជីងបាន​បញ្ជូនកម្លាំងចិត្ត​ដ៏កក់ក្តៅមក ពីតិចតួចដល់ច្រើនឡើងៗ រហូត​ខ្ញុំពិតជាលែងខ្លាចឬបារម្ភអ្វីព្រមនៅស្ងៀម។

«ស្រីផិតក្បត់ឯងនេះ!»

សំឡេងគ្រលរ តែខ្ញុំស្គាល់។

«អេហ្គូ?» ខ្ញុំពិចារណា​ស្ងាត់ៗម្នាក់ឯង។ ដោយ​ស្រពេចស្រពិលក្នុងផ្ទៃសស្រអាប់  ខ្ញុំហាក់បាន​សម្គាល់ឃើញ​រាជបល្ល័ង្កផុសឡើងពីព្រាល រហូតឃើញពេញលេញ។ នៅខាងក្រោមលេចក្រុមស្រី ស្នំ មន្ត្រីដេរដាស ចំណែកអេហ្គូគ្រងឈុតអធិរាជនៅពីលើកំពូលកៅអីផុតគេ​។

«យើងនឹង​សម្លាប់ពីវកានយកផេះវាសូនជាផើងផ្កា និងបញ្ជូនទៅឱ្យផ្ទះត្រកូលពីវ!»

អេហ្គូនិយាយរួចងាកមកសម្លក់ជីង។

ពីចំហៀងខ្ញុំឃើញជីងដកដាវចេញមក។ គេស្លៀកជាមេទ័ព។

«កុំចាញ់បោកភ្នែក វាបំភាន់យើងទេ!» អ្នកស្រីវឺន​បន្លឺឡើងដោយសំឡេងនៅក្នុងត្រចៀករបស់ខ្ញុំ ប៉ុន្តែគ្រប់យ៉ាង​កាន់តែកៀកចូលមកជាលំដាប់។ ពេជ្ឈឃាដតម្រង់មក  ខ្ញុំធុញត្រចៀកដែល​ឮតែសំឡេងបេះដូងរបស់ខ្ញុំ ជើងដៃប្រើមិនបានរត់មិនកើត។

«ខ្ញុំជាពីវកាន?»

ខ្ញុំសួរទៅគ្រប់គ្នា​មិនប្រាកដថាសួរអ្នកណាម្នាក់ទេ។ ការចងចាំពិសេសមួយលេចឡើងមក គឺរាងកាយ​ជីងដែលហក់មកពាំងការពារខ្ញុំធ្វើឱ្យខ្ញុំនឹកដល់គ្រាមួយយូរមកហើយ ពួកយើង​បានរត់ជាមួយគ្នាក្រោមព្រិលទឹកកក ចាកចេញពីពួកអធិរាជ។

ខ្ញុំត្រូវបានគេចាប់ពង្រត់តែមិនមែន​ជីងពង្រត់ខ្ញុំទេ   ជាក់ស្តែងពួកវាំងចង់យកខ្ញុំទៅឱ្យអធិរាជ តែបុរសដែលខ្ញុំស្រលាញ់គឺជាជីង។

ចុងបញ្ចប់ពួកយើងទាំងពីរត្រូវទាហានចាប់បាន។

យើងស្លាប់យ៉ាងខ្លោចផ្សា តែខ្ញុំបានស្បថថា ដរាបណាផើងនេះនៅមាំ សម័យណាក្តី កូនចៅគ្រួសារស្តេចឈីង នឹងស្លាប់យ៉ាងខ្លោចផ្សា។

—–

ម្រាមដៃខ្ញុំរាវរកចិញ្ចៀន។

«យកខ្ញុំនិងមិត្តខ្ញុំចេញពីកន្លែងនេះ! ទៅរករាងកាយពិតរបស់ខ្ញុំ!»

គ្រប់យ៉ាង​រលាយទៀត។ ខ្ញុំមាន​ទំនុកចិត្តពិតមែន។ គ្រប់យ៉ាងរលត់ទៅ ខ្ញុំញញឹម​រង់ចាំការមកដល់នៃឱកាស។

——

រឺងៗ…..

«វីរីយ៉ាលែងអីហើយ! មកដល់ខ្មែរហើយ!»

ខ្ញុំញញឹមព្រោះអ្នកឆ្លើយទូរសព្ទជាម៉ាក់ខ្ញុំ តែភ្នែកនៅបើកមិន​បាន ក្បាលនៅមិន​ឈប់​គិតទេ។ ទោះយ៉ាងណា វាសង្ខេបបែបនេះល្អណាស់ សម្រាប់ខ្ញុំ អាចថាមានលាភពីរ ជុំគ្រួសារ​ផង​រកបានប្រុសស្អាតឱ្យម្តាយខ្ញុំជាកូនប្រសាផង។

វ៉ាស!

ស្រែកដឹងខ្លួនឡើងមកដោយដង្ហក់។

គ្រប់គ្នា​ងាកមកនិងស្ទុះព័ទ្ធខ្ញុំ។ ពេលខ្ញុំជូតភ្នែក ចិញ្ចៀនចាស់នេះនៅលើម្រាមដៃខ្ញុំ វាមិនត្រឹមតែអាចជួយសង្រ្គោះខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែ ……

«ឯណាមិត្តខ្ញុំ?!»

«ឯងរស់ម្នាក់ឯងទេកូន!» ម្តាយខ្ញុំពន្យល់។

ខ្ញុំ​បិទ​ភ្នែក ​ពេលសព្ទនៃការ​យំសោក​​លូន​ឡើង​មកស្ទះបំពង់ក។ ទឹកភ្នែកហូរកាត់រោមភ្នែករបស់ខ្ញុំ ហើយទ្រូងរបស់ខ្ញុំញ័រដោយការប្រឹងប្រែង ព្យាយាមមិនឱ្យរំជួលពេក។

ខ្ញុំមិនដឹងថា​ ហេតុអ្វីបានជាខ្ញុំត្រូវឆ្លងកាត់ក្នុងរឿងដ៏អាស្រូវនៃវិមាន​ពីវនិងស្តេចឈីងនេះទេ ប៉ុន្តែ គ្រួសារខ្ញុំបានគ្រប់វិធី​យកខ្ញុំចេញពីហ្វីលីពីន ហើយ​ហៅវិញ្ញាណខ្ញុំដោយគ្រូខ្មែរ។

៣ខែក្រោយមក ខ្ញុំបានទាក់ទងចួបអ្នកស្រីវឺនពិតៗ។

គាត់ប្រាប់ខ្ញុំថា បណ្តាសាររបស់ខ្ញុំបានសម្លាប់មនុស្សជំនាន់ក្រោយរបស់​ឈីង។ អ្នកស្រីវឺនជាចៅស្រីជំនាន់ទី១៤របស់មេចុងភៅ​ដែលសម្លាប់ខ្លួនក្នុងវិមានពីវ។

មេចុងភៅនោះបានប្រាប់តំណក្រោយគ្រប់គ្នា​នៃស្តេចឈីងពីបណ្តាសារមួយគឺ ពីវកានពេលត្រូវគេដុតយកផេះធ្វើផើង បានស្បថថា ដរាបណាផើងនេះនៅ គ្រប់ជំនាន់របស់ស្តេចឈីងនឹងស្លាប់យ៉ាងវេទនា​ទាន់ហន់ក្រោយបានឃើញផើងនេះ។

វ៉ឺនប្រាប់ថា មនុស្សជាច្រើនបានរត់ចោលស្រុកចិន ទៅនៅវៀតណាម អាមេរិក ឥណ្ឌូនេស៊ី ក៏ទីបំផុតនៅតែ​ត្រូវវិលមកវិមានពីវមកឃើញ​របស់នេះទាល់តែបាន។ មិនថាឃុន សាខន ឬជនជាតិថៃមុន​ៗ ពួកគេជាជំនាន់ក្រោយស្តេចកំណាចនោះ។

«វឺន! បើខ្ញុំពិតជាពីវកាន ខ្ញុំសូមឧទ្ទិសពីពេលនេះទៅ​សូមឱ្យផើងផ្កានោះ រលាយទៅរកសុគតិភព ហើយ​បណ្តសារ​ទាំងពួងចប់! អ្នកនិងអម្បូរស្តេចកំណាចនោះ ក៏មិនចាំបាច់រងកម្មអ្វីជាមួយអតីតកាលដែរ។!»

ថាហើយមាន​អារម្មណ៍​ដូចជាមាន​ដៃមកទះស្មា ឬខ្នងរបស់ខ្ញុំ។

នរណាម្នាក់ស្និទ្ធស្នាល ខ្ញុំងាកទៅ។

«ជីង?»

ជីងបានមករកខ្ញុំពិតមែន។

គ្រប់យ៉ាង​បានក្លាយជាសុបិន តែជីងនិងខ្ញុំវិញគឺជាការពិត។

«រឿងវិមានពីវ ក្លាយជាយ៉ាងណាហើយ?!»

ជីងអង្គុយចុះហើយនិយាយថា កុំខ្វល់នឹង​រឿងនោះ។

ខ្ញុំដឹងដោយញាណថា ពីរនាក់យើងទទួលបានអតីតកាលដ៏អាក្រក់មួយនៅទីនេះ។ គ្រាន់តែស្រមៃតែពាក់ព័ន្ធនឹងញាណ។ អតីតផ្ទះមន្ត្រីពីវគ្មានសេសសល់ដល់សម័យនេះកើត ប៉ុន្តែវិញ្ញាណយើងបានទៅដល់ទីនោះ ក្រោយពេលអ្នកស្រីវឺនបាន​ប្រើវិធី​ហៅយើងជិះយន្តហោះទៅចិន។

គាត់បានធ្វើរឿងនេះ ក្រោយពេលមនុស្សជាច្រើនដែលធ្លាប់ជាទាយាទឬអម្បូរពាក់ព័ន្ធនឹងស្តេចឈីងនៅតែរងសម្បថ ហើយទទួល​វេន​មកសងកម្មដោយមិនដឹងអីសោះ។

«វិមាននោះគ្មានទៀតទេ ​តែផើងនោះប្រហែលជាសល់ ហើយអណ្តែតត្រសែតទៅដល់ទីណាក៏មិនដឹងបានជាឈាមជ័រត្រកូលអធិរាជនៅតែបន្តស្លាប់!»

ជីងនិយាយ។

ខ្ញុំងក់ក្បាលពោលបន្តតាមការយល់ឃើញ៖

«ហើយវឺន ក៏ព្យាយាមឱ្យកម្មវិធី​ទស្សនកិច្ច​ក្លែងក្លាយមួយមក ដើម្បីហៅខ្ញុំទៅដោះបណ្តាសារ?»

«យើងទាំងពីរ! ព្រោះជាតិមុនយើងស្រលាញ់គ្នា​!» ជីងឆ្លើយ។

ចប់

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*