ភ្នែកមមីនិងភាពស្ងប់ស្ងាត់របស់ឯករ៉េណា ឱ្យនីភាដឹងដោយខ្លួនឯងថាការតវ៉ានិងហេតុផលរបស់នាងមិនមានប្រសិទ្ធភាពនោះឡើយ។ គេឱនមករកក្បាលនាង ហើយគោលដៅគឺបបូរមាត់នាង។
នាងមិចភ្នែកភ័យហើយងាកគេច គេលែងដៃនាងតែចាប់ស្មានាងវិញ។
«សាកមើលទៅ! មិនដែលមានស្នេហាទេមែនអត់!»
គេនិយាយមកលាន់ខ្យល់ប៉ះថ្ពាល់នាង ព្រោះមាត់គេនៅបង្កើយពីមុខនាង។
នារីតូចខំគ្រវីក្បាលបដិសេធច្បាស់ជាងមុន៖
«អត់ទេ!»
ទឹកភ្នែកនាងរលីងរលោង តែគេមើលមិនឃើញទេព្រោះដៃរបស់គេទាំងពីរចាប់ស្មានាងជាប់ហើយមាត់គេថើបយ៉ាងស្រទន់ទៅលើបបូរមាត់ដែលម្ចាស់វាខំគេចតែគេចចេញមិនបានឆ្ងាយ។
វាជាលើកដំបូងសម្រាប់តរុណីកម្សត់ដែលមកប៉ះព្រានដៃដល់។
ចិត្តនាងស្លុត ព្រោះបបូរមាត់គេថ្ពក់ជាប់ដើមអណ្ដាតនាង វាប្រៀបបីនឹងការកាន់កាន់គ្រប់គ្រងរាងកាយនាងទាំងស្រុងដូច្នោះដែរ។
ធម្មតានាងមិនហ៊ានលើកដៃប្រឆាំងឬប៉ះពាល់ខ្លួនគេទេ តែពេលនេះនាងខំប្រើកម្លាំងមួយទំហឹងរុញគេថយ តែគេមិនកម្រើកបានប៉ុន្មានឡើយព្រោះគេត្រៀមទប់នឹងកម្លាំងរើរបស់នាងបានយ៉ាងល្អទៅហើយ។
មាត់រឹងរូសសោះកក្រោះរបស់គេហែករបើកបបូរមាត់ញ័រចំប្រប់និងខំបិទការពារនោះបានសម្រេច ធ្វើឱ្យការថើបដំបូងរបស់គេប្រព្រឹត្តទៅដោយគ្មានឧបសគ្គ ។
គេមិនលែងនាងទោះបីនាងញ័រខ្លួន ដោយសារប្រព័ន្ធសរសៃប្រសាទទទួលឥទ្ធិពលកាមារម្មណ៍ប្តូរពីការរុញច្រានទៅជាក្រសោបស្មារបស់គេ។
នាងពិតជាគ្មានលទ្ធភាពច្រានគេចេញ រឹតតែគ្មានសមត្ថភាពប្រឆាំងនឹងតម្រូវការធម្មជាតិដែលរុញច្រានឱ្យនាងតបស្នងភាពរំជើបរំជួលទៅកាន់ចង្វាក់ដង្ហើមគេវិញ។
តែយ៉ាងណាក៏ដោយនៅ ខណៈពេលដែលគេរំកិលដៃពីស្មានាង ព្រោះនាងលែងរើហើយសសៀរមកប៉ះចង្កេះនឹងត្រគាកនាង នីភាដឹងថានាងត្រូវធ្វើអ្វីម្យ៉ាង មុនពេលដែលក្លាយជាជនរងគ្រោះដូច ស្រីដទៃទៀតដែលត្រូវបានសង្សារឆក់យកព្រហ្មចារិនី។
«គេធ្វើបែបនេះប្រាកដណាស់ គេជាមនុស្សមិនល្អ ល្មោភកាមតណ្ហា គេបានខ្លួនប្រាណយើងហើយមុខតែបោះបង់យើងចោល! គេជាព្រាននារីច្បាស់ណាស់!»
នាងរុញគេចេញសាជាថ្មីតែគេឱបបន្តឹងបន្ថែមទៀត នាងរឹតតែប្រឹងរុញគេចេញ ព្រោះនិយាយមិនបានហើយទឹកភ្នែកចាប់ផ្ដើមស្រក់ខ្ជោលៗព្រោះនាងធ្វើមិនបានសម្រេច។
គេហាក់ចាប់អារម្មណ៍ដែលនាងស្រែកយំ ទោះបីជាវាមិនចេញមកក្រៅឮៗក៏ដោយ។ បបូរមាត់ល្បងធំពន្លែងចេញពីអណ្ដាតស្រីក្រមុំកាលណា នាងនិយាយអណ្ដឺតអណ្ដកភ្លាម៖
«ឈប់ទៅ! ខ្ញុំភ័យ!»
គេហាក់មានចលនាដង្ហើមធម្មតាមិនដូចថាកំពុងមានតណ្ហាទេ ចុះម៉េចក៏ភ្នែកគេហើយនិងទឹកមុខគេអណ្ដែតអណ្ដូងម៉្លេះ?
នីភាដកភ្នែកចេញវិញហើយព្យាយាមបង្វែរក្បាលនាងគេចចេញពីមុខគេ តែឯករ៉េណាប្រើកម្លាំង ទាញបង្វែរមុខនាងត្រលប់មកវិញ ធ្វើឱ្យស្រីតូចលំបាកជាខ្លាំងក្នុងការប្រឆាំងនឹងស្មារបស់គេ។ នាងវិលមកប្រឈមនឹងគេវិញ ហើយសម្លឹងទៅស្មាគេដែលធំទូលាយ ដែលកាន់តែបង្កើនភាពភ័យខ្លាចឱ្យនាង។ បើគេពិតជាមនុស្សអាក្រក់នាងគ្មានផ្លូវគេចផុតឡើយ។
នាងលើកដៃជូតទឹកភ្នែកក្រោមភាពស្រទន់នៃកែវភ្នែកភាគីខាងប្រុស។ គេប្រហែលអាណិតនាងណាស់ទើបរបូតចេញមកនូវវាចាតិចៗ៖
«គ្មានអ្នកណាគេធ្វើបាបមនុស្សដែលគេស្រលាញ់នោះទេ ក្មេងល្ងង់!»
នាងខាំមាត់តិចៗរក្សាការនៅស្ងៀមស្ងាត់ ក៏នៅតែមិនងើយមុខសម្លឹងគេផង។ ទោះយ៉ាងណាខាងប្រុសចាប់អារម្មណ៍ថាដៃនាងដែលខ្ញាំស្មាគេដើម្បីច្រានចេញនោះហាក់ខ្សោយជាងមុន….នាងហាក់ទោរទន់ចិត្តនឹងពាក្យសម្ដីរបស់គេ។
«បងស្រលាញ់យើង ហើយបងនិងគ្មានថ្ងៃធ្វើបាបយើងទេ នីភា!»
បបូរមាត់របស់នាងញ័រឡើងវិញ នាងនិយាយតប៖
«អ៊ីចឹងបងរ៉េណាលែងខ្ញុំសិនទៅ!»
គេលែងស្មានាង តែភ្នែករបស់គេទំាងពីរបានចួបប្រសព្វគ្នានៅក្នុងអត្ថន័យអ្វីមួយ លន្លង់លន្លោចតែមានតម្លៃដ៏ពិសិដ្ឋ។
នាងព្រិចភ្នែកញាប់ជាងមុន មុនពេលដាច់ចិត្តស្នើសុំ៖
«ថ្ងៃក្រោយបងរ៉េណាឈប់លេងដៃដល់ទៅ!»
«យើងធំហើយ មិនមែនក្មេងទេ! សម័យអីហើយ? ថើបគ្នាតិចតួចរលាត់អីខ្លះអ្ហ៎ា?»
គេនិយាយរៀបបន្ទោស តែបន្ទោសថ្នមសម្លេងហាក់ដូចជាគេស្រលាញ់នាងពេញបេះដូងទៅហើយ ។នាងអៀនឡើងងងឹតមុខគ្រាន់តែឮពាក្យថាថើប កុំថាឡើយនឹកឃើញដល់រឿងអម្បាញ់មិញទៀត។ នាងនិយាយទំាងឈ្ងោកមុខ៖
«បងមិនយល់ពីអារម្មណ៍មនុស្សស្រីទេ!»
«មនុស្សស្រីមនុស្សប្រុសអីទៅ? មនុស្សដូចតែគ្នា! ចាំបាច់អីកុហកចិត្តខ្លួនឯង?»
តើនាងពិតជាកុហកខ្លួនឯងមែនអត់? នីភាសាកសួរចិត្តខ្លួនឯង? ហេតុអ្វីរាងកាយរបស់នាងញាប់ញ័រខ្លាំង ម្ល៉េះពេលត្រូវគេចាប់ប៉ះកាន់?
នាងនិយាយតិច៖
«បងរ៉េណាកាចហើយមានៈ ស្រីណាហ៊ានស្រលាញ់ទៅ?!»
«ពិតមែន?!»
គេសួរផ្ទាន់ នាងក៏ងាកមុខចេញ។
គេនិយាយមកបន្ថែម៖
«ឱ្យតែមាននីភាស្រលាញ់មួយ ចង់បានអីទៀត?»
«ខ្ញុំក៏មិនស្រលាញ់បងឯងដែរ!»
រ៉េណាសើចកក្អាក នាងសួរដោយក្នាញ់គេ៖
«បងឯងសើចធ្វើអី?!»
«នៅយប់ដែលអ្នកគ្រូព្រមហុចដៃមកឱ្យអាម្នាក់នេះ អ្នកគ្រូចិនព្រមឆ្លងច្រកគ្រោះថ្នាក់មកតាមអាម្នាក់នេះ វាដឹងរួចទៅហើយថា អ្នកគ្រូជាស្រីចិត្តងាយ! ឃើញប្រុសស្អាតភ្លាមលួចស្រលាញ់វាភ្លែត!»
នាងអៀនក្រហមមុខង៉ូវ។
«បងឯងគិតតែខ្លួនឯងតាមពិត….!»
«តាមពិតអីទៅ? អ្ហះ? បើមិនស្រលាញ់កូនប្រុសគេ ម៉េចប្រថុយជីវិតមកតាមគេ? ម៉េចហ៊ានចេញមកដើរលេងជាមួយគេ? មិនដឹងគេច្របាច់កស្លាប់ទេ?!»
នាងហួសចិត្តងើបមុខសម្លឹងគេដែលនិយាយត្រង់ៗ កំប្លុកកំប្លែងតែ គិតអ្វីជ្រៅៗសូម្បីតែនាងក៏មិនដឹងដែរថាចាប់ពីរាត្រីដែលចួបគ្នាដំបូងនៅដំបូលផ្ទះនោះគេដឹងថានាងមានចិត្តលើគេទៅហើយ?
ស្នេហ៍ប្រែជាស្អប់
ខ្ញុំសម្លឹងទៅផ្ទៃមុខល្បងធំឯករ៉េណាដែលមិនសមថាមកជាតួឯកមនោសញ្ចេតនាក្នុងរឿងនិទានស្នេហ៍នេះទាល់តែសោះ។
ប៉ុន្តែរហូតដល់ពេលនេះកែវភ្នែករបស់គេនៅតែលន្លង់លន្លោចពេលរំលឹកពីប្រវត្តិស្នេហ៍ជាមួយអ្នកគ្រូតូច។
ខ្ញុំមិនដឹងថាតើក្នុងការនិទានរបស់គេមានចំណុចណាខ្លះពិត ចំណុចណាខ្លះកុហកនោះទេ? ព្រោះអ្វីដែលសិទ្ធីប្រាប់ខ្ញុំ គឺកាលដែលអ្នកគ្រូនីភាព្រមមកនៅជាមួយជននេះគឺដោយការបង្ខំចិត្តតែប៉ុណ្ណោះ។
…..ប៉ុន្តែប្រសិនបើអ្វីៗដែលឯករ៉េណាទើបតែនិយាយនេះជារឿងប្រតិដ្ឋគេពិតជាប៉ិនប្រសប់និពន្ធរឿងពេកហើយ។
ខ្ញុំឃើញគេលើកស្រាអក ខ្ញុំក៏ធ្វើតាមដើម្បីកាត់បន្ថយភាពអន្ទះសារនៃការស្វះស្វែងរកការពិតក៏ដូចជាអាកាសធាតុដ៏ត្រជាក់។ ប្រសិនឯករ៉េណាបញ្ឈប់ការរំឭកត្រឹមតែប៉ុណ្ណេះ តើខ្ញុំទៅរកតម្រុយនៅឯណាបានទៅ?
ខ្ញុំរេភ្នែកដែកពេញទៅដោយកលល្បិច រេទៅស្តាំនឹកឃើញស្តាំ រេទៅឆ្វេងនឹកឃើញឆ្វេង ហើយបបូរមាត់ខ្ញុំពិតជារអិលលឿនទាន់នឹងចិត្ត។
ខ្ញុំឈ្លេចសួរយ៉ាងពូកែ ស្មើអ្នកយកព័ត៌មានដែលខូចៗ៖
«ចាប់ពីពេលនោះមក អ្នកបងក៏ព្រមប្រគល់ជីវិតមកឱ្យបងឯក? ហ៊ឹម….ខ្ញុំវិញបើនីណាចេះគិតបានល្អៗដូចអ្នកបង ខ្ញុំសប្បាយចិត្តធ្វើអីក៏ធ្វើដែរបង!»
ឯករ៉េណាដៀងភ្នែកសម្លឹងខ្ញុំ។
គេជាមនុស្យពោរពេញដោយជំនឿចិត្ត ហើយឫកពាមនុស្សដែលមានអំណាចចូលចិត្តឱ្យគេធ្វើតាមខ្លួនជាជាងឱ្យខ្លួនទៅធ្វើតាមគេ។
តាមមើលចំណុចខ្សោយរបស់គេ គឺចូលចិត្តឱ្យគេបញ្ចោរលើកជើង ឬមួយអ្នកគ្រូនីភាពិតជាមនុស្សស្រីដែលគេស្រលាញ់បំផុតហើយជាចំណុចខ្សោយតែមួយគត់របស់គេ?
ខ្ញុំឈ្លេចបន្ថែមភ្លែត៖
«អ្វីៗវាមិនមែនងាយស្រួលដូចឯងគិតទេ!»
គេនិយាយខ្លីហើយទឹកមុខប្រែប្រួល។ គេលេបកែវទីពីរអស់រលីងទៀត។ ខ្ញុំចង់ដឹងណាស់សាច់រឿងបន្តរបស់គេ តែខ្ញុំធ្វើពើជានិយាយផ្ទុយនឹងចិត្តខ្លួនឯង៖
«មេឃត្រជាក់ណាស់ តោះ! ខ្ញុំជូនបងឯកទៅសម្រាក!»
គេសើចក្អាកក្អាយហើយសម្លឹងមុខខ្ញុំយ៉ាងមុត។
ខ្ញុំមិនដឹងថាតើគេពេញចិត្តដែលមានខ្ញុំជាប្អូនថ្លៃ ឬគេចាប់ផ្តើមសង្ស័យបុគ្គលភាពរបស់ខ្ញុំហើយទេ ? ខ្ញុំបុកពោះរាល់ពេលដែលត្រូវគេមើលមកខ្ញុំចំៗ។
«បើឯងចង់បានប្អូនអញ! កុំមកយកចិត្តអញ! ឯងគួរតែទៅយកចិត្តវាវិញទៅ!»
ខ្ញុំញញឹមធ្វើដូចមានចិត្តលើនីណាណាស់អ៊ីចឹង។ គេនេះនិយាយបន្ត៖
«យើងស្គាល់គេបាន៣ខែ ឱបរឹតគេ ថើបគេ តែមិនដែលធ្វើអីលើសពីហ្នឹងទេ! ទោះបីសង្សារមុនៗមិនដែលរំលងបានមួយយប់ក៏ដោយ! យើងដឹងថាគេជាទេពធីតាដែលព្រះទម្លាក់មកឱ្យផ្ចាញ់យើង!»
«បងឯកជឿលើព្រះលើអីដែរ?»
គេសើចក្អាកក្អាយលើកដៃទះស្មាខ្ញុំផាច់ៗ ប្រហែលពេញចិត្តនឹងសំណួរនេះ។ គេគ្មានចម្លើយទេ តែគេនិយាយប្រាប់បន្តនូវសាច់រឿងរបស់គេទៀត។
«ប៉ុន្តែមិនយូរប៉ុន្មាន ទេពធីតានោះបានធ្វើឱ្យយើងស្អប់គេដល់ឆ្អឹង!»
ខ្ញុំជ្រួញចិញ្ចើមឆ្ងល់។ គេនិយាយដោយទឹកមុខស្មើមិនដូចជាមានកំហឹងខ្លាំងតែក៏មិនដូចជាសប្បាយចិត្តឡើយ៖
«យើងស្អប់គេ ស្អប់ចង់បំផ្លាញគេ តែមិនចង់ឱ្យគេស្លាប់ ក៏មិនចង់ឱ្យគេរស់!»
«អ្នកបងធ្វើអីខុស!?»
«វាមានប្រុសថ្មី!» គេឆ្លើយភា្លមទំាងខាំធ្មេញ។
ខ្ញុំច្របូកច្របល់ចិត្ត រឹតតែចង់ដឹងដំណើររឿងពិត ប៉ុន្តែបងធំនៅស្ងៀមស្ងាត់។
ទោះបីជាឯករ៉េណាតឹងតែង ខ្ញុំខំសម្រួលបរិយាកាសឱ្យល្អមកវិញ ហើយធ្វើជានិយាយ៖
«រឿងរំលងទៅហើយ បើនិយាយមកវិញ នាំតែបងឯកមិនសប្បាយចិត្តទេ!»
គេសើចចុងមាត់ហើយបន្តរៀបរាប់ទៀតដោយមិនខ្វល់នឹងសម្តីខ្ញុំ៖
«ទីបំផុតយើងដឹងថា នីភាទៅមានអាសិទ្ធី អាគ្រូបង្រៀនចោលម្សៀតម្នាក់!»
បេះដូងលោតឡើងញាប់ ហើយខ្ញុំនឹកដល់សិទ្ធីនិងមុខរបរជាសាស្ត្រាចារ្យរបស់គេ។ តើបងធំឯករ៉េណាសំអាងអីបានជាដៀលគេថាចោលម្សៀត? ឬមួយមកពីខ្លួននេះហើយដែលចោលម្សៀត លុះស្រីដឹងមាយាទពិត ក៏លែងស្រលាញ់ហើយងាកទៅរកមនុស្សល្អស្រគត់ស្រគំដូចគ្នាព្រោះសមគ្នា ធ្វើឱ្យបងធំឈឺចាប់?
ខ្ញុំធ្វើពុតជាក្តៅក្រហាយមួម៉ៅ៖
«អាម្នាក់ហ្នឹងជាអ្នកណា ហើយមិនចេះខ្លាចងាប់ទេ?!»
ឯករ៉េណាញញឹមកាចសាហាវ ….ខ្ញុំក៏បន្ថែមម្រេចខ្ទឹមទៀត៖
«ចុះបងឯកទុកវាធ្វើអ្វី? មិនធ្វើឱ្យវារាងម្តង!»
មិនដឹងយ៉ាងម៉េចគេនិយាយមកវិញស្លូតបូតមួយៗ៖
«ពេលយើងសួរនីភា គេថាគេរើសយកវា!…..អញ្ចឹងបងទុកថា វានាំគ្នាទៅងាប់បាត់ចុះហើយក៏ដោះលែងពួកវាឱ្យចួបគ្នា!»
ខ្ញុំទទួលអារម្មណ៍ង៉េមង៉ាមនឹងរឿងដ៏ចម្លែកនេះ។
«ហើយបងឯងចិត្តធម៌ម៉េះ?!»
ខ្ញុំធ្វើជាសួរហាក់ខឹងសម្បាជំនួសឯករ៉េណា។
គេវិញឆ្លើយដោយមមីភ្នែក៖
«យើងយល់ថាស្រីនោះមិនត្រូវការយើង ហើយបើគេនៅជាមួយអាម្នាក់នោះសប្បាយចិត្តយើងក៏ដោះលែងគេ!»
«អត់ទេវាប្រាកដជាមកបោកនាង វាប្រូ ហើយវាលេងបងឯង!»
ខ្ញុំខំសម្តែងធ្វើអាកប្បកិរិយាច្រងេងច្រងាងរបៀបអ្នកលេងកុំឱ្យគេនេះចាប់ថ្នាក់បានថាខ្ញុំនៅខាងសុភាពបុរសសិទ្ធី។
ខ្ញុំមិនជឿដាច់ខាតថាឯករ៉េណាព្រមឱ្យស្រីដែលខ្លួនស្រលាញ់បំផុតទៅឱ្យប្រុសផ្សេងដោយសន្តិវិធីបែបនេះជាដាច់ខាត។ ខ្ញុំនិយាយច្រងេងច្រងាងបន្ត៖
«ហើយវាធ្វើឱ្យអ្នកបងឈឺចាប់ បានជាអ្នកបងវិលមករកបងឯកវិញ?!»
ភាពក្រអើតក្រអោងលេចឡើងក្នុងកែវភ្នែកមុតថ្លាវាងវៃរបស់គេ។ គេញញឹមតិចៗហើយនិយាយបន្ត៖
«រឿងវាមិនមែនងាយស្រួលយ៉ាងនេះទេ! យើងបានព្យាយាមបំភ្លេចស្រីស៊ើកៗនោះ បងទៅរកស្រីជាច្រើនទៀត តែគ្មានអ្នកណាម្នាក់ដូចគេទេក្នុងលោកនេះ! រាល់យប់ដេកជាមួយស្រីផ្សេងបងនៅតែនឹកដល់គេ!»
ខ្ញុំក្តុកក្តួលចិត្ត….ដរាបណាឮពាក្យអស់ទំាងនេះ…ជាមនុស្សប្រុសដូចគ្នា ខ្ញុំយល់ច្បាស់នូវអារម្មណ៍មួយនេះ។ តើដោយសារអ៊ីចឹងបានគេទៅរកនាងយកមកវិញ?
តើគេប្រើវិធីអ្វីខ្លះ ទើបបាននាងមកនៅក្បែរទ្រូងគេមិនរបេះបែបនេះ?
…មិនយូរប៉ុន្មាន ឯករ៉េណាចាប់ផ្ដើមនិយាយបន្តពីប្រវត្តិស្នេហារបស់គេនិងអ្នកគ្រូតូច…
«បងសុំឪពុកចេញពីភ្នំពេញមកនៅហុងកុងជំនួសឱ្យចិត្តនឹកគេ តែអ្វីៗដែលកើតឡើងចំពោះគេនៅភ្នំពេញបងនៅតែចង់ដឹងចង់ឮ»
………………………..
….តុៗ….
«ចូលមក» ឯករ៉េណា ថាដោយសោះកក្រោះ។ ទ្វាររបើកលេចចេញ ក្រុមអង្គរក្សដំរីទឹក។
រាល់ដងគេតែងមកជាមួយព័ត៌មានរបស់នីភានៅភ្នំពេញ តែពេលនេះទឹកមុខពួកដំរីទឹកអាក្រក់មើលខ្លាំងណាស់។
ឯករ៉េណាមើលមុខពួកគេហើយក៏លែងតេឡេទូរទស្សន៍ចោលដោយស្រែកសួរ៖
«មានរឿងស្អី ពួកឯងធ្វើមុខយ៉ាប់ម៉េះ?!»
អង្គរក្សដែលនៅខាងមុខគេឱនក្បាលគោរពព្រោះដឹងចៅហ្វាយដែលគេចស្នេហ៍មកដល់ទីនេះមិនដែលមានថ្ងៃសប្បាយចិត្តទេ ម្ង៉ៃៗគេនឹកតែភ្នំពេញ គ្រាន់តែគេមិនអាចឈានជើងទៅ។
«អ្នកនៅភ្នំពេញតេមកថា អាទ្រា ស្លាប់ហើយល្បង!»
ឯករ៉េណា ត្រូវរន្ទះបាញ់ភឹបចំបេះដូងស្ទើរសន្លប់គាំង។
ទីបំផុតគេដឹងថាឪពុកខ្លួនបានស្លាប់ដោយទាន់ហន់ និងដោយមិនសមហតុផលហើយអ្នកដែលពាក់ព័ន្ធនឹងមរណភាពនោះគឺសុភាពបុរសឈ្មោះសិទ្ធី។
គេវិលមកភ្នំពេញវិញក្រោយពីបញ្ចុះសព គឺមកអង្គុយស្ដាប់ក្តី រកយុត្តិធម៌ឱ្យឪពុក។
«តាងនាមឱ្យមេធាវីដើមបណ្តឹង ខ្ញុំសូមឱ្យតុលាការកោះហៅសាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក ឡើងមកបំភ្លឺ! នោះគឺអ្នកគ្រូភាសាចិន សៅ នីភា!»
ឯករ៉េណាបន្តឈ្ងោកមុខដោយទោមនស្ស ទោះបីឈ្មោះស្រីម្នាក់នេះគេបានដៅជាប់ក្នុងក្រអៅបេះដូងក៏ដោយ។
សំឡេងចៅក្រមបន្លឺខ្ទរសាលា៖
«តុលាការអនុញ្ញាត!»
បងធំចាញ់ស្នេហ៍ មិនងើបមុខសម្លឹងនាងដែលដើរសន្សឹមៗកាត់ហ្វូងមនុស្សចូលមកក្នុងសាលាក្តីនោះទេ។
គេមិនចង់ឃើញភ្នែកស្រទន់និងទម្រង់មុខទ្រវែង ស្លូតបូតរបស់នាង ព្រោះគេមិនចង់សើរើអារម្មណ៍ស្នេហ៍ចាស់ ដែលនៅមិនទាន់អាចធ្វើចិត្តបាននៅឡើយ។
មេធាវីរបស់គេបោះសំនួរឡើងមិនបង្អង់៖
«អ្នកនាងនីភា! ដោយសារអ្នកនាងនៅកន្លែងកើតហេតុដែលជនរងគ្រោះត្រូវគេច្រានសម្លាប់ ចូរនាងប្រាប់ភ្លាមមក ថាអ្នកដៃដល់ មានវត្តមាននៅទីនេះដែរឬទេ!»
សុភាពនារីរេភ្នែក សម្លឹងជំវិញវិញអង្គជំនុំ នាងឃើញសិទ្ធីគូរស្នេហ៍ថ្មីរបស់ខ្លួនដែលកំពុងជាប់ជាជនសង្ស័យក្រោមបណ្តឹងរបស់គ្រួសារឯករ៉េណា….នាងចោលភ្នែកហួសពីគេទៅរកសង្សារចាស់។
«ឯករ៉េណាមិនងាកមកទេ គេប្រហែលជាស្អប់ខ្ពើមនឹងឃើញមុខយើង ឬគេប្រហែលជាកំពុងខឹងយើងដែលសង្សារយើងធ្វើឱ្យប៉ាគេស្លាប់?»
គិតហើយនាងដកភ្នែកចេញពីគេដោយក្តុកក្តួលចិត្ត។
«អត់មានទេ!»
នាងរបូតមាត់ជាមួយសូរសំឡេងធម្មជាតិឆ្មារៗសោះ តែឯករ៉េណាបើកភ្នែកគ្រលួងងើបមុខសម្លឹងមករកនាងយ៉ាងរហ័សដូចផ្លេកបន្ទោរ។
គេងើបមកមុខវិញទំាងមិនចង់ជឿត្រចៀកខ្លួនឯងនិងទំាងហួសចិត្ត។ គេហួសចិត្តត្រង់ថាគ្រប់គ្នាដឹងថាពេលប៉ាគេត្រូវច្រានស្លាប់ នាងក៏នៅទីនោះដែរ នាងជាសាក្សីតែម្នាក់គត់ដែលឃើញហេតុការណ៍សម្លាប់ចោលដោយចេតនានេះ។
ទីបំផុតនៅនឹងទីជំនុំទោស នាងឆ្លើយបំភាន់ថាជនដៃដល់មិននៅទីនេះទំាងនាយសិទ្ធីកំពុងតែមានវត្តមានក្នុងដៃប៉ូលិសក្នុងភាពជាប់សង្ស័យ?។
ស្រីតូចរេភ្នែកមកយឺតៗសម្លឹងអតីតសង្សារ។
នាងឃើញភាពមិនអស់ចិត្តក្នុងភ្នែកឯករ៉េណាដែលសម្លឹងក្រឡោតមក នាងប្រញាប់ដកភ្នែកចេញពីគេវិញភា្លម ពុំនោះទេ គេមុខជាចាប់ថ្នាក់ដឹងថា នាងកំពុងខំកុហក គឺនិយាយមិនពិត បិទបាំងឱ្យនាយសិទ្ធី។
«អ្នកនាងនីភា!» មេធាវីរបស់ឯករ៉េណាហៅ ដោយសង្កត់សំឡេង។
«ចាស៎?!»
«សាក្សីបានឃើញនាងនៅទីកើតហេតុជាមួយជនសង្ស័យ មានរឿងអីថានាងមិនបានឃើញគេច្រានសម្លាប់ជនរងគ្រោះ?!»
«ខ្ញុំពិតជានៅទីនោះមែន! ជារៀងរាល់ល្ងាចខ្ញុំទៅទីនោះបង្រៀនតាមផ្ទះទាល់តែម៉ោង៨យប់ទើបចេញមកវិញ! បងសិទ្ធីតែងតែមកទទួលខ្ញុំ ប៉ុន្តែលោកថៅកែហេងមិនមែនបងសិទ្ធីច្រានទេ! គាត់ណាត់ចួបបងសិទ្ធី ហើយចួបគ្នានៅហាងបាយនោះ ពេលចេញពីជណ្តើរ គាត់បានរអិលជើងធ្លាក់ពីជណ្តើរដោយខ្លួនឯង!»
ឯករ៉េណាខាំមាត់។
បេះដូងគេលោតកញ្ជ្រោល…..ស្រីនេះស្រលាញ់នាយនោះដល់ងងឹតមុខ សូម្បីតុលាការក៏ហ៊ានកុហកដើម្បីការពារគេ?
គេងើបមុខរេភ្នែកក្តៅគគុកទៅប៉ះនឹងពន្លឺភ្នែកនាយសិទ្ធីដែលកំពុងបានចិត្តនិងមើលមកហាក់ឌឺដងដៀមដាម។
គេមិនត្រឹមយកបានស្រីតូចដែលឯករ៉េណាស្រលាញ់បំផុតទេ ថែមទាំងយកបានយុត្តិធម៌ទៅធាក់ជាន់នឹងបាតជើងទៀត?
ឯករ៉េណាដកភ្នែកមកវិញ។
ស្រីតូចនីភាគេចចេញពីគេ ហើយដើរអមសាស្ត្រាចារ្យវ័យក្មេងដែលបានរួចខ្លួនពីការចោទប្រកាន់។
នៅអាគារខាងក្រៅនាងគេចណាស់ មិនចង់ចួបឯករ៉េណាទេ ប៉ុន្តែគេនៅឈររង់ចាំនាងជាស្រេចនៅក្លោងទ្វារ។
នាងឈប់ដើរ ហើយងើបមុខសម្លឹងអតីតសង្សារទាំងពិបាកចិត្ត។
គេមានតែកែវភ្នែកល្ហល្ហេវនិងសោះកក្រោះដែលសម្លឹងមកនាង។ គេស្រកសាច់ព្រោះស្តាយឪពុកហើយគេក៏ខូចចិត្តដ្បិតនាងជួរជាតិ។
នាងដកខ្សែភ្នែកចេញហើយដើរហួសទៅ តែត្រូវគេឈោងមកចាប់ដៃនាងទាញកន្ត្រាក់មកវិញ។
កម្លាំងដៃគេធ្វើតាមកំហឹងចិត្តដែលគេបានទប់មិនបញ្ចេញតាមរយៈទឹកមុខប៉ុន្តែនាងស្រែកឈឺចាប់។នាយសិទ្ធីប្រឹងស្ទុះមកអន្តរាគម តែឯករ៉េណាលើកដៃម្ខាងចង្អុលមុខ។
គេនិយាយសង្គ្រឺតធ្មេញ៖
«អញឱ្យអ្ហែងសុខបណ្តោះអាសន្នប៉ុណ្ណោះអាជ្រូកព្រៃ!»
សិទ្ធីលេបទឹកមាត់ព្រោះផ្អែមមាត់ភ័យនឹងក្រសែភ្នែកកាចសាហាវរបស់ឯករ៉េណា។
គេលែងហ៊ានបន្តកាយវិការអ្វីមានតែបណ្តោយឱ្យអ្នកហក់លោតងាកមករកស្រីតូចក្នុងដៃម្តង។ នាងដឹងហើយថានាងរើយ៉ាងណាក៏មិនរួចពីប្រអប់ដៃគេដែរព្រោះគេមិនទាន់ចង់ឱ្យនាងទៅ។
ម្រាមដៃនាងតូចៗប្រឹងច្បុតទម្លាក់ដៃគេតែគេមិនព្រម។
សំឡេងគេលាន់មកហាក់ខាំមាត់និយាយសង្កត់ភ្លើងកំហឹង៖
«ធ្វើបានល្អណាស់ សៅ នីភា!»
បេះដូងនាងប្រេះស្រាំស្មើនឹងទំហំនៃការឈឺចាប់ដែលគេបញ្ចេញមក។ កែវភ្នែកក្រៀមក្រំរបស់ នាងខំសម្លឹងទៅគេសុំការយល់ចិត្តតែនាងបានទទួលមកវិញត្រឹមតែកែវភ្នែកសម្លក់មួយខ្វាច់ប្រកបដោយកំហឹង មុនពេលម្ចាស់កែវភ្នែករលាស់លែងដៃនាងចេញហើយបែរខ្លួនដើរទៅ។
គេចាប់ដៃនាងកណ្ដាលហ្វូងមនុស្សម្នា គ្រាន់តែចង់និយាយពាក្យប៉ុន្មានម៉ាត់នេះ?



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ