ឯករ៉េណាមិនដឹងថានាយនោះជាប្អូនប្រុសខ្លួន ក៏មិនដឹងថានាងបានសន្យានឹងឪពុកនាយឱ្យការពារគេ ក៏មិនដឹងធ្វើអ្វីលើសពីប្រចណ្ឌច្រណែននិងគំនុំ។
ខ្លួនជាមនុស្សហិង្សា ជាមនុស្សនិយមកម្លាំង និយមអំណាច កាលបើឮនាងសរសើរអ្នកផ្សេងថាសុភាពថាល្អ តើមិនឱ្យនាយតូចចិត្តកើតជាកំហឹងម៉េចនឹងបាន?
«គង់តែដឹងទេ!»
គេនិយាយដោយខាំមាត់ហើយចាកចេញទៅ ទាត់ទ្វារបិទមកវិញគ្រាំង។
នាងនៅឈរក្បែរទ្វារហើយផ្ទៀងស្ដាប់សូរសំឡេងពីខាងក្រៅ។ សំឡេងគេលាន់មកកណ្តាលរាត្រី៖
«ពួកអ្ហែងទៅមើលមើល៍ ព្រឹកនេះអាចង្រៃនោះ វាទៅកន្លែងណា៎? គឺអាសិទ្ធី!»
ស្រីស្អាតចងចិញ្ចើមគិត។
នាងយល់ថាឯករ៉េណាមិនត្រឹមតែមិននិយាយទេ គេនឹងធ្វើអ្វីម្យ៉ាងដែលនាងស្មានមិនដល់។
នាងរិះគិតដោយស្មុគស្មាញ ថាតើខ្លួននាងតាមពិតកំពុងភ័យខ្លាចគេធ្វើខុស ឬភ័យខ្លាចថានាយសិទ្ធីត្រូវរងរបួស។
តែយ៉ាងណាក៏ដោយបងប្អូនគេពីរនាក់សមនឹងប្រទូសរ៉ាយគា្នដែរ?
ស្រីស្អាតចាកចេញពីបន្ទប់ឆ្ពោះទៅរកទិសដៅដដែល ជាកន្លែងដែលមុននេះគេនៅកៀកកើយនឹងស្រីកំណាន់។
នីភាមិនបានខ្វល់ថាគេនឹងស្រាតនៅនឹងមុខនាង គេនឹងបោចសក់នាង ឬគេបម្រុងធ្វើអ្វីទេនាងបែរជាចង់ចួបគេយ៉ាងខ្លាំង។
នៅតាមផ្លូវនាងឃើញនារីទំាងពីរនោះស្លៀកពាក់ស្រួលបួលហើយចុះទៅក្រោមវិញតាមជណ្តើរ។ ពួកគេសម្លឹងមកនីភាហាក់មិនពេញចិត្តប្រហែលខឹងថា នាងជាមូលហេតុដែលធ្វើឱ្យឯករ៉េណាឈប់លេងសើចជាមួយពួកគេឬមួយមកពីនាងជេរពាក្យអត់កេរខ្មាសអម្បាញ់មិញ។
នាងមិនរវល់ច្រើន គឺតម្រង់ឆ្ពោះទៅកាន់បន្ទប់ដែលរាំងដោយផ្ទាំងកញ្ចក់។ នៅលើសាឡុងដែលរាត់រាយទក់ទីនោះ គ្មានឯករ៉េណាទេ។ នាងដើរចូលទៅ….
…..នៅពីក្រោយសាឡុងគឺទ្វារបន្ទប់ធំមួយ…..វាប្រហែលជាបន្ទប់របស់គេ ព្រោះវានៅបើកទ្វារចំហខ្លះនៅឡើយ។
នាងស្រែកហៅ៖
«ឯករ៉េណា?»
គ្មានសំឡេងតបជំនួសមកវិញដោយឮស្នូរបង្ហូរទឹករ៉ូប៊ីណេ។
គេប្រាកដជានៅទីនេះ គ្មានអ្នកផ្ទះគេឯណាមានបន្ទប់នៅជាន់លើនេះទេ នាងដឹង។
នាងដើរចូលទៅទីនោះជាមួយនឹងការស្រែកហៅបន្ត៖
«ឯករ៉េណា?»
គេមិនឆ្លើយ តែនាងមើលហួសពីគ្រែដេករបស់គេហើយឃើញខ្នងគេឈរក្បែរកញ្ចក់លុបមុខនៅឯបន្ទប់ទឹក។
ទីនោះបើកទ្វារចំហ ហើយសំឡេងទឹកហូរបានបន្លឺឡើងពាសពេញបន្ទប់។ ទោះយ៉ាងណានាងជឿថាគេឮសំឡេងនាងហៅ គ្រាន់តែគេមិនចង់ឆ្លើយ។
«រ៉េណា!»
នាងដំឡើងសំឡេងឱ្យមុតឱ្យរឹងជាងមុនដើម្បីហៅគេ ទោះដឹងថាសំឡេងនាងនៅតែទន់នៅតែស៊ិចស៊ីមិនកាចដូចដែលនាងចង់បានទេ។
គេបិទទឹកហើយបែរមកវិញជាមួយរាងកាយដែលមានតែកន្សែងពោះគោត្រឹមចង្កេះចុះក្រោម។ ទឹកមុខគេនៅក្រអើតក្រទមគ្រាន់តែហាក់ស្រស់ស្រាយជាងមុនព្រោះត្រូវដំណក់ទឹកស្រោចស្រពដោយអន្លើ។
ស្រីតូចនៅទីទើរនៅពីមុខដើមទ្រូងសង្ហានៃបុរសដែលនាងស្រលាញ់។
ស្នេហារបស់នាងចំពោះឯករ៉េណាជាស្នេហ៍ដំបូងក្នុងជីវិតស្រីក្រមុំ មានតែទេវតាទេដែលដឹងថា ទាល់តែនាងដាច់ដង្ហើមស្លាប់ទើបនាងអាចបំភ្លេចចិត្តស្រលាញ់ចំពោះគេបាន។
ដូច្នេះហើយនាងនៅតែមានជំនឿចិត្តថា គេកាចយ៉ាងនេះក៏គង់មិនធ្វើបាបនាងព្រោះនាងអាងលើបំណងល្អដែលនាងមានចំពោះគេនិងគ្រួសារគេ ទោះបីជានាងមិនអាចអធិប្បាយប្រាប់គេ។
«មានការអី?!» គេសួរនាងចុងមាត់ចុងក។
«ប្រាប់កូនចៅលោកទៅ ថាកុំទៅរវីរវល់ក្បែរៗបងសិទ្ធី!»
គេជូតដៃនឹងកន្សែងហើយសើចកក្អៀកដែលនាងមកនិយាយធ្វើខែងរ៉ែងនៅទីនេះ គឺក្នុងបន្ទប់គេងរបស់គេ។ ប្រហែលគេឱ្យនាងរួចខ្លួនច្រើនដងពេកបានជានាងភ្លើតភ្លើត តម្កើងខ្លួនចូលមកបង្គាប់បញ្ជាគេដល់ក្នុងបន្ទប់?
គេងើបមុខមកវិញជាមួយផ្ទៃមុខស្រស់សង្ហាដែលសម្លឹងមើលភាពក្លាហានច្បាស់លាស់ក្នុងឫកពានាង។
ឯករ៉េណានិយាយធ្វើហី៖
«គ្មានអាណាគេទៅរវល់ជាមួយវាទេ គេត្រូវការតែឡានវាទេតើ!»
ពេលដែលគេញញឹមហើយដើរទើមៗចេញមករកនាង នាងស្រមៃឃើញនូវរឿងជាច្រើន។ នាងនឹកដល់ការកាត់ផ្ដាច់ហ្វ្រាំងឡាន ការដាក់ជាតិផ្ទុះ និងរឿងគួរឱ្យខ្លាចជាច្រើនទៀត។
នាងងើបមុខនិយាយសន្សឹមៗទៅកាន់គេ៖
«ហើយអ្នកផងនឹងដឹងថាលោកជាអ្នកធ្វើ! ព្រោះលោកនឹងគេទើបតែមានរឿង!»
ឯករ៉េណាសម្លឹងប្រស្រីភ្នែកនាងទំាងសងខាង ព្រោះបេះដូងគេនៅតែមានសញ្ញាម្តងម្កាលថាសម្តីនាងដូចបារម្ភពីគេច្រើនជាងបារម្ភពីម្នាក់នោះ។
មាត់គេនិយាយគំរោះ តែកែវភ្នែកនៅតែផ្តោតមករកស្រីតូច៖
«ភ័យម៉េះ?!»
នាងយល់ថាគេខឹងចិត្តនឹងសិទ្ធីព្រោះតែនាង នាងជឿថាគេប្រចណ្ឌដែលនាងទៅរើសយកម្នាក់នោះ គេច្រណែនដែលម្នាក់នោះសុភាពជាងគេ ហើយម្តងជាពីរដងគេយល់ថានាងបានឱ្យខ្លួនប្រាណទៅម្នាក់នោះ។
នីភាស្រាយទឹកមុខសន្សឹមៗ ព្រោះយល់ថាដែកកំពុងក្តៅងាយនឹងប្រែទ្រង់ទ្រាយ ចំណែកមនុស្សប្រុសបើធ្វើឱ្យខឹងប្រចណ្ឌពេក គេមិនយកសតិបញ្ញាមកប្រើទេគឺ យកកំហឹងទល់កំហល់។
នាងសម្រួលដង្ហើមងាកភ្នែកចេញពីការសម្លឹងរបស់គេហើយប្រាប់តិចៗ៖
«ខ្ញុំនិងគេ គ្មានអីនឹងគ្នាទេ!»
គេហាក់សប្បាយចិត្តតែគេមិនជឿនាងឡើង ក៏ស៊កមកបញ្ឈឺ៖
«ក្រែងរើសយកវាជាសង្សារ! ក្រែងជិតរៀបការនឹងគ្នានៅថាគា្មនស្អីទៀត!»
«អ៊ីចឹងមែន តែលោកកុំដើរទៅគិតថាអ្នកផងគេធ្វើរឿងរំលងប្រពៃណីដូចលោកគិត! កុំគិតរឿងស្មោកគ្រោកពេក! ហើយកុំមានៈទៅគុំគួនគេ»
នាងថាហើយងើបមុខសន្លឹងទៅអ្នកដែលកំពុងរងវាចាច្រែតៗរបស់នាង។
ទោះចង់មិនចង់ គេមើលទៅឈ្លក់វង្វេងនឹងនាងជានិច្ច។ ទោះគេមិននិយាយតែការលង់ចិត្តរបស់គេនាងនៅតែមើលដឹង ទើបនាងប្ដូរសូរសំឡេងទៅជាស្លូតបូតជាងមុន៖
«លោកសន្យារួចហើយថាលោកនឹងលើកលែងឱ្យគេ ឯករ៉េណា!»
«មិនបាននិយាយទេ!»
«លោកនិយាយក្នុងន័យរបៀបនេះ លោករកនឹកមើលទៅ!»
«ទាល់តែសង្សារវាព្រមកំដរពួកអាដំរីទឹក ពេលនេះយើងមិនទាន់ធ្វើនៅឡើយ»
«តែពេលនេះ សង្សាគេមកកំដរមេពួកដំរីទឹក! គឺវាលើសលុបលើកិច្ចសន្យាទៅហើយ!»
គេហាក់ធា្លក់កំហឹងចិត្តពេលឮសម្តីស៊កសៀតរបស់នាង។
គេចេះតែមានអារម្មណ៍នាងកំពុងឌឺដងគេ គឺក្នុងន័យស្រលាញ់គេដដែល។
ម្តងម្កាលឯករ៉េណាចង់បំភ្លេចចោលអ្វីៗដែលនាងបានធ្វើលើគេនៅតុលាការ និងនៅថ្ងៃដែលសុំបែកពីគ្នាទៅយកសុភាពបុរសនោះ។
ម្ដងម្កាលគេសឹងតែច្រឡំថាគេនិងនាងកំពុងស្ថិតក្នុងវេលានៃស្នេហាដំបូងរបស់ពួកគេដដែល។
«យើងនេះគួឱ្យជ្រេញខ្លំាងណាស់សៅនីភា! ស្រីរោគចិត្ត!!»
គេថាហើយដើរមកកៀកសឹងតែមិនដល់មួយចំអាមពីគ្នា។ នាងមិនបានញ៉ាំអាហារ គា្មនទឹកលេបមួយថ្ងៃមកហើយ តែនាងនៅតែចំសម្លឹងមុខគេជាមួយភាពស្រទន់ក្នុងភ្នែកដែលចង់ឱ្យគេយល់ចិត្ត។
«មនុស្សស្រីលាក់ពុត! ល្បិចច្រើន! មាយា! មើលមិនធ្លុះសោះ!»
នាងសម្លឹងគេដោយក្រសែភ្នែកស្លូតបូតឱ្យគេចាប់ចិត្តសម្លឹងភ្នែកនាងវិញគ្មានព្រិច។
«ពូកែជេរម៉េះ?!» នាងសួរតិចៗ ទំាងមុខស្រពោន។
«អត់ពូកែទេជេរនោះ លត់ស្រីៗពូកែជាងហ្នឹងទៀត!»
នាងនៅស្ងៀមពេលដៃគេលូកមកឱបចង្កេះ តែភ្នែកគេសម្លក់នាង។ នាងនិយាយទំាងពិបាកចិត្ត៖
«លោកសន្យាបានទេ! តទៅ គេដោយគេលោកដោយលោក!»
«កុំយកអាចង្រៃនោះមកនិយាយគ្នាពេលហ្នឹង!»
នាងជ្រួញចិញ្ចើម៖
«បើលោកមិនសន្យាលែងដៃទៅ!»
«អូ! យកខ្លួនមកដូរវា!?!»
«ចុះលោកយកទេ?»
នាងសួរវិញទំាងចិត្តក៏ចង់ញ៉ោះគេព្រោះស្នេហាចំពោះគេនៅមានពេញក្នុងបេះដូង។ គេសម្លក់នាងទាំងចិត្តមិនចង់ផ្សះផ្សាជាដាច់ខាត ប៉ុន្តែបេះដូងទោរទន់។
ឯករ៉េណាដោយគ្រឺតស្រីតូចដែលនៅទ្រាំក្នុងរង្វង់ដៃ៖
«ម៉េច? ប្រចណ្ឌជាមួយស្រីស្អាតពីរនាក់មិញ?!»
«អត់តែ! ព្រោះនីភាដឹងថាលោកមិនស្រលាញ់គេទេ!»
បបូរមាត់គេសើចគ្នាន់ក្នាញ់ ហើយបង្ហួសភ្នែកមកមើលដើមទ្រូងនាង។
«យើងលេបថ្នាំអីខុសសៅនីភា!»
«អត់មានទេ! តែទឹកមួយក្អឹកក៏លោកបង្អត់ខ្ញុំដែរឯករ៉េណា!»
នាងនិយាយដោយមិនចោលភ្នែកចេញពីគេ តែគេយល់ថានាងហាក់ខុសស្រឡះពីនារីស្រគត់ស្រគំដែលគេស្គាល់កាលនៅច្រកដឿងហែមនោះ។
គេលូកដៃវែកសក់នាងចេញពីថ្ងាសសម៉ដ្ឋហើយរៀបរយសក់នាងដែលមុននេះគេបានបួងពេញដៃព្រោះខឹង។
«ហើយពេលនាងដាច់ពោះស្លាប់ ក៏ទៅឋានខ្មោចទាក់ប្រុសៗទៀតមែនអត់ សៅនីភា?»
គេនិយាយសួរទំាងកំពុងលង់សាជាថ្មីទៅក្នុងមន្តស្នេហ៍របស់ស្រីតូច។
តាមពិតគេចង់ចាកចេញពីនាង នៅឆ្ងាយៗពីនាង ព្រោះមិនដឹងថានាងកំពុងតែលេងល្បិចអីដែលភ្លាមៗមកដូរអារម្មណ៍ទន់ភ្លន់ប្លែកៗ។ ប៉ុន្តែផែនថ្ពាល់នាងក្រហមពេលក្លែបក្លិននៅក្បែរគេដូច្នេះ ដៃនាងក៏មិនបានច្រានគេចេញ បែរជានៅស្ងៀមឈឹងធ្ងើឱ្យគេមិនចង់ចេញឆ្ងាយពីនាងទៅណាឡើយ។
ទោះគេគិតថានាងអាចយកលេសនេះមិនបាច់ទៅនៅកំដរពួកអង្គរក្ស នាងយកលេសនេះជួយសង្សារនាងឬនាងមានល្បិចអ្វីក៏ដោយ គេពិតជាមិនចង់ឱ្យពេលវេលានេះបាត់បង់ទៅទេ។
គេនិយាយខ្សឹបៗពេលដៃបាតដៃចាប់ផ្ដើមរាវប្រលែងតាមចិត្តចង់ នៅជុំវិញត្រគាកនិងគល់ភ្លៅរបស់ស្រីតូច។
«មានតែស្រា! ផឹកទេ!»
នាងឆ្លើយមកវិញខ្សាវៗហើយញញឹមដាក់កែវភ្នែកស្រវឹងស្នេហ៍របស់គេ៖
«អត់ទេ! អត់ចង់ស្រវឹងពេលកំពុងនៅជាមួយលោក!»
គេគ្រឺតទាក់ភ្នែករបស់នាងណាស់។ នាងគឺមានចេតនាឱ្យគេលង់ទំាងសម្តីទំាងកាយវិការ។ គេសម្លុតតិចៗ៖
«អាសដល់ហើយ! ស្មានថាមិនហ៊ានហើយហ្នឹង? ស្មានថាបានរួចខ្លួនទៀតហ្នឹង?!»
នាងនៅស្ងៀមបណ្តោយគេ ហើយក៏ដកភ្នែកចេញពីខ្សែភ្នែកក្រហមដូចងងើកភ្លើងរបស់គេ។ នីភានាងនិយាយទំាងខាំមាត់ពិបាកចិត្ត៖
«មានគេធ្លាប់ប្រាប់ខ្ញុំថា គេគ្មានថ្ងៃធ្វើបាបមនុស្សស្រីដែលគេស្រលាញ់ទេ!»
ឯករ៉េណាស្រពោនមកវិញហើយនឹកឃើញដល់សម្តីខ្លួនឯងដែលសន្យានឹងនាងកាលពីនៅចម្ការ។
គេរអ៊ូតិចៗដោយតូចចិត្ត៖
«អាប្រុសនោះងាប់បាត់ហើយ! កុំនឹកវាទៀត!»
«អ៊ីចឹង! ទុកឱ្យខ្ញុំស្លាប់ទៅតាមគេចុះ!»
ឯករ៉េណាព្រលែងដៃពីចង្កេះនាង ហើយងាកមុខចេញបែរខ្នងព្រមទាំងនិយាយឮៗ៖
«បើអ៊ីចឹង ទៅយកអាសិទ្ធីធ្វើស្អី?
«មិញនេះអ្នកណាថា កុំឱ្យយកឈ្មោះគេមកជជែកក្នុងពេលនេះ!»
នាងញញឹមពេលដែលគេបែរមកវិញ។
គេនៅធ្វើមុខសោះកក្រោះតែមិនឃោរឃៅឡើយ។ មើលទៅគេនៅស្នេហានាង ហើយចិត្តគេនៅតែទន់។
នាងដើរតម្រង់ គេត្រកងបាតដៃធំៗក្រៀមក្រោះសរសៃសសូងរបស់គេ។
នាងនិយាយទាំងសម្លឹងបាតដៃនោះ៖
«ប្រាប់កូនចៅលោកទៅ ថាលោកមិនចងកម្មពៀរនឹងនរណាទៀតទេ គឺលោកនឹងរស់ឡើងវិញ! ប្រុសម្នាក់នោះដែលនៅមាត់ព្រែកប្រាប់ថាស្រលាញ់សៅនីភា គេនឹងរស់ឡើងមកវិញ ហើយគេនៅជាមួយនាង!»
ឯករ៉េណាដៀងភ្នែកមើលថ្ពាល់ស្រីតូច។
មុខគេស្មើមិនបានបង្ហាញថាគេរំភើបចិត្ត ឬគិតយ៉ាងណាទេ តែសាជាថ្មីគេឱបនាង។
«អ៊ីចឹងមិនបាច់និយាយច្រើនទេ!»
គេរអ៊ូតិចៗមុនពេលឈ្ងោកថើបបបូរមាត់នាង។
នាងពិតជាក្រៀមក្រោះគ្មានកម្លាំងកំហែង តែក៏មិនបានប្រកែកនឹងស្នេហារបស់គេ។
ឯករ៉េណាកើតចិត្តនឹកឆ្ងល់ថាតើនាងពិតជានៅមានចិត្តនឹកគិតដល់ស្នេហាចាស់ឬនាងធ្វើគ្រប់យ៉ាងនេះដើម្បីតែមនុស្សទីបី?
ប៉ុន្តែទោះគិតយ៉ាងណា គេមិនចង់បាត់បង់ពេលវេលានេះឡើយ។
នាងនៅឆ្លើយតបការថើបរំជើបរំជួលរបស់គេ រហូតដល់រាងកាយទំាងពីររមួលចូលគ្នា ហើយផ្តេកផ្តួលគ្នាទៅលើគ្រែស្នេហាដែលមុននេះអ្នកណាស្មានត្រូវ។
នាងហាក់ចង់និយាយអ្វីនៅពេលដែលគេលូកដៃប្រុងសម្រាតនាង។
គេដកបបូរមាត់ចេញហើយទុកឱ្យភ្នែកទំាងបួនបញ្ចេញសេចក្ដីស្នេហាដាក់គ្នាទៅវិញទៅមក។នាងនិយាយស្រាលៗឆ្លើយតបទៅនឹងកែវភ្នែកគេ៖
«តើប្រុសនោះនៅតែស្រលាញ់ស្រីនោះ ហើយអត់ទោសឱ្យនាងដែរទេ?!»
«អត់ទេ! តែឈប់ស្រលាញ់គឺឈប់ហើយ!»
នាងញញឹមតិចៗហើយនិយាយដោយដកភ្នែកចេញពីគេមកក្រឡេកមើលដើមទ្រូងគ្មានអាវរបស់គេដែលពោបពីលើនាង។
ស្រីតូចសួរបន្ថែម៖
«អ៊ីចឹងហើយបានជាពេលនេះគេដាច់ចិត្តធ្វើបាបនាង?!»
«យល់ព្រមទំាងសងខាង!» គេនិយាយកំបុតៗ។
«អ្នកណាថា?!» នាងសួរ។
«ចាំបាច់អ្នកណាថា ដឹងខ្លួនឯងច្បាស់ហើយ!»
«គ្មានស្រីណាសុខចិត្តងាយៗអ៊ីចឹងទេឯករ៉េណា!»
«អ៊ីចឹងត្រូវការអី ក៏និយាយមកសៅនីភា កុំអូសក្រឡាយូរពេក!»
«សៅនីភាត្រូវការឱ្យប្រុសម្នាក់នោះឈប់កាប់ចាក់គ្នា ឈប់រត់លូន ឈប់ពួនលិបលោក្នុងច្រកឌឿងហែម ហើយឈប់រស់ក្នុងការស្អប់គុំគួនទៀត!»
«ខ្លួនប៉ុណ្ណឹងចង់ដូរយករបស់ច្រើនម៉េះ?!»
«មិនព្រមក៏បាន! ទុកថាគ្មានអីកើតឡើងចុះ!!»
នាងច្រានគេចេញហើយប្រុងប្រៀបក្រោក តែគេលូកមកទាញនាងទៅឱបមកជាប់ពីក្រោយ ដោយនិយាយបន្ត៖
«ប៉ុណ្ណឹងហើយ គិតថាបកក្រោយបានស្រីមានល្បិច?!»
នាងនៅស្ងៀមហើយបិទភ្នែកជាមួយសំណួរជាច្រើន។
ហេតុអ្វីបានជានាងសប្បាយចិត្តដែលនៅក្នុងរង្វង់ដៃគេ។
តើស្នេហានេះនៅតែមានជីវិត ហើយនាងអាចកែប្រែគេបាន?
ពិតណាស់ហើយកុំថាឡើយគេសូម្បីនាងខ្លួនឯងក៏មិនចង់ឱ្យអ្វីៗបញ្ចប់ទៅរបៀបនេះដែរ នាងពិតជាចង់ផ្សងព្រេងជាមួយគេតែម្នាក់គត់ គឺចង់ចាប់ផ្តើមស្នេហាដ៏ស៊ីជម្រៅនេះជាមួយគេពិតមែនហើយតើថ្ងៃស្អែកអ្វីៗនឹងទៅជាយ៉ាងណា។
«សៅនីភាឯងបានធ្វើអ្វីច្រើនហើយសម្រាប់អ្នកដទៃ ពេលនេះគួរធ្វើអ្វីខ្លួនឯងចង់ធ្វើនិងដើម្បីអ្នកដែលឯងស្រលាញ់!»
នាងគិតហើយបែរក្រោយសម្លឹងទៅគេក្នុងរង្វង់ដៃធូររលុងមិនរឹតបន្តឹងរបស់គេ។
«ខ្ញុំស្រលាញ់បងណាស់ឯករ៉េណា!»
នាងចង់និយាយពាក្យនេះនៅនឹងមុខដង្ហើមតណ្ហារបស់គេ តែនាងនិយាយមិនចេញ។
គេញញឹមមករកនាងហើយក្រឡាស់មកគ្រប់គ្រងពីលើរាងកាយនាង។
គេមិននិយាយអ្វីប៉ុន្តែបានព្យាយាមធ្វើយ៉ាងណាឱ្យអាថ៌កំបាំងទំាងអស់នៅលើរាងកាយនាងក្លាយជាកម្មសិទ្ធិរបស់គេ។
សៅនីភានៅធ្មេចភ្នែកទទួលយកស្នេហាក្រោមដៃរបស់បុរសដែលនាងស្រលាញ់។
វាជាឈុតឆាករួមភេទមួយដែលមិនសមថាជាការថ្នូរនឹងអ្វីម្យ៉ាងក្រៅពីសេចក្តីស្នេហាឱ្យគ្នាទៅវិញទៅមកនោះឡើយ។
អ្វីៗដែលនាងប្រគល់ឱ្យ ធ្វើឱ្យភាគីខាងប្រុសយល់ថានាងបានទុកគេជាវីរបុរសដែលនាងប្រគល់ជោគវាសនាឱ្យកាន់កាប់ ដូច្នេះរាងកាយនិងសង្វាក់បេះដូងនាងនៅផ្តិតជាប់យ៉ាងជ្រៅក្នុងរង្វាស់បេះដូងគេដូចគ្នា។
«រ៉េណា! ឈប់ទៅ!»
នាងបានព្យាយាមរារាំងគេដោយការឈឺចាប់ចំពោះបទពិសោធន៍ដំបូងក្នុងជីវិតមនុស្សស្រី គេយល់ពីសភាពរបស់នាងទើបបានបញ្ចេញការលួងលោមនាងដោយពាក្យសម្តី៖
«សៅនីភា! ឯករ៉េណាស្រលាញ់សៅនីភាជានិច្ចទោះបីយើងជាស្រីមានល្បិច ជាស្រីកុហក តែឯករ៉េណានៅតែចង់ចួបយើង!»
នាងស្រក់ទឹកភ្នែកទំាងការឈឺចាប់ដោយសភាវគតិ ទំាងការរំភើបនឹងពិសោធន៍ស្នេហាដែលនាងកំពុងនៅភ្ជាប់ជារាងកាយតែមួយនឹងបុរសម្នាក់នេះ។
នាងឱបគេយ៉ាងណែនហើយធ្មេចភ្នែកទទួលយកគ្រប់ការឈឺចាប់និងក្តីសុខផ្លូវកាយដែលកំពុងមានជាមួយគេ។
«មិនយុត្តិធម៌ទេ! អូនមិនមែនជាស្រីមានល្បិចឡើយ»
គេមិនបានរំខានចិត្តមកខ្វល់ខ្វាយអ្វី ឬឆ្លើយតបអ្វីជាមួយនាងទាំងអស់ ព្រោះគេកំពុងជឿថាខ្លួនបានព្យាយាមផ្តល់ឱ្យនាងនូវយុត្តិធម៌មួយទៅហើយគឺកាយវិការថ្នាក់ថ្នម ចាត់ទុកនាងជាវត្ថុល្អបំផុត ជាវត្ថុដែលគេចង់បានបំផុត ហើយចង់ថែរក្សាជាទីបំផុត។
ដង្ហើមស្នេហ៍ស៊ិចស៊ីរបស់នាងបានលាន់ឡើងជាសង្វាក់កំដររាត្រីដំបូងនៃស្នេហារបស់ពួកគេ គ្របដណ្តប់ចោលពីលើដោយការភ័យខ្លាចនិងការប្រទូសរ៉ាយទាំងអស់រវាងគេនិងនាងកាលពីមុននេះ ធ្វើឱ្យបរិយាកាសក្លាយទៅជាស្ថានសួគ៌ាពេញទំហឹង។
តាមស្នេហ៍ចោលក្រុងភ្នំពេញ
…..ព្រះអាទិត្យរះខ្ពស់ណាស់ហើយ….បងធំចួបស្នេហ៍ពិតទើបតែក្រោកចេញពីគ្រែ។ ចិត្តគេខ្វល់ខ្វាយណាស់ដែលស្រវារកទេពធីតាក្នុងសួគ៌សុបិន្តមិនឃើញ តែគេដឹងថាក្លិនប្រហើរក្រអូបដែលនាងបន្សល់ទុកបញ្ជាក់ថាអ្វីៗកាលពីយប់មិញជាការពិត។
គេក្រោកលុបមុខមាត់ ហើយរត់តាមជណ្តើរចុះមកក្រោម។
«នាងចេញទៅបាត់តំាងពីព្រឹកហើយ!»
នេះជាអ្វីដែលពួកកងអង្គរក្សប្រាប់គេ។
គេមិនមាត់មិនក គ្រាន់តែសម្លក់ពួកនោះដោយកន្ទុយភ្នែកដើម្បីផ្ទៀងផ្ទាត់ថាតើពួកនោះដឹងពីភ្លើងស្នេហ៍របស់ចៅហ្វាយដែលបង្កាត់បានដល់១០០អង្សារកាលពីយប់ដែរមែនទេ បានជាហ៊ានអនុញ្ញាតឱ្យនាងចេញ។
គេបោះជំហានតម្រង់ទៅរកឡានហើយ បើកចេញខ្លួនឯងដើម្បីទៅរកនាង។ តាំងពីរឿងយប់មិញ គេប្រាប់ខ្លួនឯងថា អ្នកលេងដូចគេមិនអាចឆ្លងកាត់យប់នេះដែលគ្មាននាងនោះឡើយ គឺគេទទួលយកមិនបានដាច់ខាត។
«បងដឹងថាអូនមិនទៅចោលបងទេស្រីមានល្បិច!»
គេរអ៊ូតិចៗទំាងមិនដឹងទេថា នាងនៅឯណា ទៅណា ហើយមានការងារអ្វីប្រញាប់យ៉ាងនេះ។
ភ្នែកទំាងគូររេពាសពេញឡានសម្លឹងរកមើលទូរសព្ទ ប៉ុន្តែមុនពេលរកឃើញគេរកឃើញនាងមុន គឺនៅហាងកាហ្វេបារាំងមួយ ជាន់លើ នៅក្បែរផ្ទះគេ។
ឃើញនារីដែលគេឱបពេញមួយយប់កំពុងនៅអង្គុយជជែកជាមួយប្រុសម្នាក់ដែលគេឃើញមុខកាលណាចង់តែដាល់។
បេះដូងលេចឡើងនូវភ្លើងប្រចណ្ឌ គេប្រើដៃម្ខាងបត់ចង្កូតបញ្ជាយានដោយស្ទាត់ជំនាញ ហើយម្ខាងទៀតលើកទូរសព្ទចុចរកនាង។
នៅខាងលើ….
«យប់មិញនីភាទៅនៅផ្ទះពួកអ្នកលេងនោះ? នៅពេញមួយយប់ដល់ពេលនេះ! ហើយឥឡូវអូនឯងមកសុំបែកគ្នាទំាងព្រឹក!?»
សិទ្ធីនិយាយទំាងសៅហ្មង ចំណែកនីភានៅរក្សាភាពស្ងប់ស្ងាត់។
គេជជីកសួរនាងបន្ថែម៖
«យប់មិញត្រូវរ៉ូវគ្នាហើយ? វាប្រើយុទ្ធសិល្ប៍ បោកប្រាស់អាម៉េចទៀតហើយបានជា….!»
នាងនៅតែមិនមាត់ ធ្វើឱ្យសុភាពបុរសកាន់តែច្រាលច្រាស់។ ផែនការមេគេនៅត្រូវការដើរលើផ្លូវវែងឆ្ងាយទៀត។ អ្វីៗមិនទាន់ដល់ដៃ កូនអុកសំខាន់បែរជាចុះចូលសត្រូវកណ្តាលទីទៅហើយមិនឱ្យគេឆ្លេឆ្លា។
សិទ្ធីទប់ចិត្តដ្បិតដើរតួជាសុភាពបុរសក៏ត្រូវតែសុភាពឱ្យដល់ទីបំផុត។
គេខំលេបទឹកមាត់រកពាក្យពន្យល់ស្រីតូច៖
«នីភា! អូនឯងស្រលាញ់ឯករ៉េណាមែនទេ? អ្ហះ? អូនឯងនិងគេនោះសមគ្នាដែរ? មា្នក់ច្រលោងខាមម្នាក់ ត្រឹមត្រូវស្លូតបូត?!»
នាងនៅតែធ្មឹងសម្លឹងដបទឹក ចិត្តនាងមានពាក្យតបជាច្រើនប៉ុន្តែនាងមិននិយាយ។ សិទ្ធីនិយាយមកបន្ថែមរ៉ាវៗព្រោះគេមិនចង់បាត់បង់នាងក្នុងកាលៈទេសៈនេះឡើយ។
វាជាកាលៈទេសៈដែលនាងជានុយសំខាន់ជាងគេសម្រាប់ធ្វើបាបឯករ៉េណា។
«អូនបានសន្យានឹងបង សន្យានឹងប៉ាបងហើយថាអ្នកដែលអូនរៀបការជាមួយគឺបង! ដែលអូនព្រមទៅនៅផ្ទះវាពេញមួយយប់ អូនមានគិតដល់ចិត្តបងទេ!!»
នាងរេភ្នែកមកមើលគេនៅពេលគេរលីងរលោងហើយលើកកន្សែងជូតទឹកភ្នែក។
គេលេងស្ទីលនេះជាស្ទីលដែលនាងដឹងទៅហើយ ថាវាជាការបោកប្រាស់។
សំឡេងគេលាន់បន្ថែមទៀត ទោះជាពេលនេះជាពេលដែលនាងមិនចង់ស្ដាប់៖
«តាំងពីតូចមក បងនិងម៉ាក់រស់លំបាកនៅខាងក្រៅ! ឯករ៉េណានិងម្តាយគេរស់នៅសោយសុខផ្ទះធំទ្រនំខ្ពស់ ក៏នៅមិនស្កប់ចិត្ត ប្រឹងប្រែងជួយអ្វីលោកប៉ា មានតែដើរវាយដំបង្កររឿង! ពេលនេះស្រីដែលបងស្រលាញ់ក៏វាមិនលើកលែង!? អូនឯងនៅមើលឃើញវាល្អទៀត?!»


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ