រឿង៖ អ្នកដទៃក្នុងបេះដូងបង

 «បោះចោលទៅ ទូរស័ព្ទចាស់គំរឹល…»

គេថារួចស្រាប់តែបោះទូរស័ព្ទខ្ញុំចោលមែនទៅក្នុងអាងទឹក។ ខ្ញុំបានត្រឹមតែបើកភ្នែកធំសម្លឹងមើលអាសំណព្វធ្លាក់ប្រូងហែលទឹកយ៉ាងកំសត់ ឯគេឈញញឹមយ៉ាងព្រងើយ?

«លោកអើយ! ធនាគារមិនទាន់សងគេអស់ផង មកខូចទូរសព្ទទៀត? ច្បាស់ជាម៉ែជេរមិនខានទេ!»

ខ្ញុំងាកសម្លក់នាយរោគចិត្តនោះ អត់ការងារធ្វើណាស់? រពិសដៃហី? ឬអាងខ្លួនឯងសល់លុយច្រើនចាយលែងអស់?

គេឱបដៃញាក់ភ្នែកឌឺសាហាវ មិនខ្វល់ថ្លើមប្រម៉ាត់ខ្ញុំរលេះរលួយ តែម៉េចក៏ខ្ញុំអត់មានខឹងគេបន្តិចសោះអ៊ីចឹង គ្រាន់តែក្នាញ់? អត់ចង់លោតទឹកទៅរើសទូស័ព្ទកំសត់មកវិញ បែរជាលួចញញឹមក្នុងចិត្តសម្លឹងមុខគេមិនដាក់ភ្នែក?

លើកទីមួយហើយដែលខ្ញុំមានឱកាសមើលគេចំៗ ថតយកស្នាមញញឹមរបស់គេ ពេញៗភ្នែកជាងប្រាំឆ្នាំហើយដែលខ្ញុំឆ្កួតវង្វេងនិងក្តីស្រលាញ់ដែលមិនសមហេតុផល ជាងប្រាំឆ្នាំហើយដែលខ្ញុំមិនធ្លាប់ស្រលាញ់អ្នកណាសោះ ក្រៅពីមនុស្សប្រុសចម្លែកម្នាក់ដែលគេមិនធ្លាប់ចាប់អារម្មណ៍ខ្ញុំ។

នាយ៣៣…គេជាអ្នកណា? មានតួនាទីអ្វីក្នុងបេះដូងខ្ញុំ?

រវាងខ្ញុំនិងគេគ្មានអនុស្សាវរីយ៍អ្វីគួរឱ្យចងចាំទេ ក៏មិនធ្លាប់មានស្នេហាខកចិត្ត ឬគំនុំស្អប់គ្នាអ្វីដែរ គេគ្រាន់តែជាមិត្តរួមថ្នាក់ម្នាក់ដែលមិនធ្លាប់និយាយរកខ្ញុំសោះសូម្បីមួយម៉ាត់ ឬញញឹមដាក់បន្តិចកាលពីរៀនជាមួយគ្នាជាងពីរឆ្នាំ តែខ្ញុំបែរជាលួចចាប់អារម្មណ៍គេ ហើយពិបាកបំភ្លេចមកដល់ពេលនេះ។

ស្តាប់ទៅខ្ញុំល្ងង់ណាស់? មិនត្រឹមតែល្ងង់ទេ គឺឆ្កួត…ព្រោះពេញកំណត់ហេតុសុទ្ធតែជាឈ្មោះគេ ឯនាមនាយ៣៣នេះ ក៏ជាឈ្មោះដែលខ្ញុំលួចដាក់ឱ្យទាំងដែលម្ចាស់គេមិនទាំងបានដឹងខ្លួនផង។

តែមកដល់ពេលនេះ វិនាទីនេះ ខ្ញុំនៅមិនទាន់ច្បាស់ក្នុងចិត្តនៅឡើយថាវត្តមានគេនៅចំពោះមុខគឺជាការពិត? គេបង្ហាញខ្លួនស្របពេលដែលខ្ញុំប្រាប់ខ្លួនឯងថាគ្រប់គ្រាន់ហើយ ល្មមលុបរូបគេចេញហើយ ក៏មិនត្រូវនឹកទៀតដែរ ព្រោះគេរៀបការហើយ។

តែគេបានលោតចូលទៅក្នុងអាងទាំងមិនខ្វល់ថា មនុស្សជុំវិញខ្លួនកំពុងសម្លឹងមកគេ? គេជាម្ចាស់ក្រុមហ៊ុនណា អាចដែរអ្ហែសដោយសារទូរស័ព្ទចាស់របស់ខ្ញុំមួយគ្រឿងនោះ អាវធំ ក្រវ៉ាត់កគេទទឹកក៏មិនខ្វល់?

«ប្រហែលខូចហើយ! ចាំទិញថ្មីឱ្យ!»

ខ្ញុំកញ្ឆក់ទូរសព្ទពីដៃគេធ្វើជាខឹង ទាំងអារម្មណ៍នៅវិលវល់មិនច្បាស់លាស់៖

«មិនបាច់ទេ!»

គេស្រាប់តែសម្លក់ខ្ញុំធ្វើដូចខកចិត្តណាស់ មនុស្សស្រីម្នាក់នេះចេះធ្វើឱ្យលោកបារម្ភពេលណាមកនាយ៣៣? កាន់តែចម្លែកហើយដែលខ្ញុំគិតថា គេដូចមនុស្សចាប់ជាតិថ្មី គឺគេហ៊ានចាប់ដៃខ្ញុំ ឯដៃម្ខាងទាញទូរសព្ទពីខ្ញុំវិញ៖

«មិនចង់បានថ្មីហីទៅ! អ្នកណារឹងដូចយើង? តែខ្ញុំអ្នកធ្វើឱ្យខូច ចាំធ្វើឱ្យវិញ!»

គេធ្វើឱ្យខ្ញុំរឹងអណ្តាតមិនដឹងថាត្រូវតបទៅវិញបែបណា។ អារម្មណ៍ពេលនេះ ថារំភើបក៏មិនត្រូវ វាបែរជាវិលវល់ដូចកង់រទេះសេះ កាន់តែស្រឡាំងកាំង គេស្រាប់តែក្លាហានចាប់អូសដៃខ្ញុំដើរកាត់ចំណោមមនុស្ស ខ្ញុំមិនអស់ចិត្តខំទះខ្លួនឯងដើម្បីបញ្ជាក់ថាយល់សប្តិមែន?

«អួយ…!»

គេងាកមកជ្រួញចិញ្ចើមស្តីឱ្យខ្ញុំទាំងហួសចិត្ត៖

«ឡប់សតិទេអ្ហែស? នៅសុខៗទះកំផ្លៀងខ្លួនឯង?»

«ស្មានថាយល់សប្តិតើ អ្នកណាទៅគិតដល់? ទោះបីជាតិថ្មីក៏មិនហ៊ានស្រមៃផងថានាយសាម…ថាលោកនឹង មករាក់ទាក់ខ្ញុំ?»

គេញញឹមស្រស់ណាស់ ហើយនៅបន្តកាន់ដៃខ្ញុំមិនខ្វល់ពីអ្នកជុំវិញខ្លួនទាំងដែលខ្លួនគេទទឹកជោក។ អ្វីដែលខ្ញុំគិតនៅពេលនេះ គឺសុំឱ្យផែនដីឈប់វិល បញ្ចប់ទៅ ឈប់ត្រឹមនឹងទៅ បើទោះជាការយល់សប្តិក៏កុំឱ្យខ្ញុំភ្ញាក់អី។

ថ្ងៃនោះបានបញ្ចប់ទៅ គឺបន្សល់នូវស្នាមញញឹមខ្លួនឯងពេញមួយយប់ញញឹមរហូតទាល់តែភ្លេចដេក ហើយក៏មិនដឹងថាសន្លឹកសៀវភៅប៉ុន្មានទំព័រដែលខ្ញុំត្រូវសរសេរអំពីគេ? បើយូឆ្នាំមកនេះ ពួកយើងមិនធ្លាប់និយាយគ្នាមួយម៉ាត់ផងខ្ញុំរៀបរាប់ពីគេច្រើនដល់ម្លឹង?

តើនេះជាជីវិតស្នេហាខ្ញុំ? គ្រាន់តែប៉ុណ្ណឹង ខ្ញុំនឹងបន្តនឹកគេដល់ប៉ុន្មានឆ្នាំទៀត? ឈប់ទៅអ្នកនាង ស៊ិន សុបិន អើយ គ្រប់គ្រាន់ហើយ!

ព្រោះតែវិលវល់នឹងរឿងម្សិលមិញពេកខ្ញុំក៏ទៅអានសៀវភៅនៅបណ្ណាល័យ…

ខ្ញុំធ្លាក់សៀវភៅពីដៃធ្វើឱ្យផ្អើលគេផ្អើលឯង តែគេបានបង្ហាញខ្លួនជាលើកទីពីរ ធ្វើជាវីរបុរសមករើសសៀវភៅហុចឱ្យខ្ញុំទាំងញញឹមឌឺ៖

«Please Silence! នៅលើតុគេដាក់ច្បាស់ណាស់ មិនអានទេអ្ហែស?»

អារម្មណ៍ខ្ញុំពេលនេះគឺចង់យំ…ពេលវេលាដែលខ្ញុំត្រូវការគេបំផុត តែក៏បានជួបគេ? នាយ៣៣មិនមើលមុខខ្ញុំ ធ្វើដូចខ្លួនឯងមកជួបខ្ញុំជាធម្មតា ហើយបន្តរើសៀវភៅក្នុងទូនៅក្បែរខ្ញុំបង្កើយ ក្បែររហូតដល់ខ្ញុំខ្លាចថាគេអាចនឹងស្តាប់ស្នូរសំឡេងបេះដូងខ្ញុំ វាលោតញាប់ណាស់ វារំភើបណាស់ បើវាអាចចេញក្រៅទ្រូងបានដោយមិនស្លាប់ ខ្ញុំនឹងយកឱ្យគេមើលភ្លាម។

«អានសៀវភៅរួចទៅណា?»

គេសួរមើលតែពួកយើងណាត់គ្នា? មិនទៅមើលប្រពន្ធទេ? មានពេលមកកំដរខ្ញុំមានន័យថាម៉េច?

«ទៅណា? ក្រែងលោក…»

«ដល់ម៉ោងបាយហើយមិនឃ្លានទេអ្ហែស? មីឆាមុខបណ្ណាល័យនឹងហ្មងទៅ ក្រែងយើងចូលចិត្តណាស់?»

គេមិនដែលសម្លឹងមុខខ្ញុំទេ ពេលខ្លះដែលខ្ញុំខំប្រឹងញញឹមដើម្បីរាក់ទាក់គេ ក៏គេមិនធ្លាប់ខ្វល់ផង មានម្តងដែលគេមកនិយាយសន្ទនាគឺមានមិត្តខ្ញុំនៅកណ្តាល ថាទៅគេនិយាយរកតែពួកម៉ាកខ្ញុំ តែខ្ញុំគេមិនធ្លាប់ សូម្បីដើរប៉ះគ្នាក៏មិនខ្ចីមើលមុខ ម៉េចក៏ពេលនេះដឹងបានថាខ្ញុំចូលចិត្តធ្វើអី ចូលចិត្តហូបអ្វី? ចំណូលចិត្តខ្ញុំគេដឹងបានដោយរបៀបណា? ឬមុនពេលដែលគេរៀបការក៏មានខ្ញុំក្នុងចិត្តដែរ?

តែពួកយើងបានបែកគ្នាប្រាំឆ្នាំទៅហើយ…

ពួកយើងអង្គុយទល់មុខគ្នានៅតូបមីឆាចិញ្ចើមផ្លូវក្រោមដើមឈើ តែវាមានន័យ ហើយរ៉ូមែនទិចណាស់ក្នុងជីវិតខ្ញុំ ហើយសូម្បីតែសាច់ប៉ាត់តេដែលខ្ញុំចូលចិត្តហូបបំផុតក៏គេដឹង? គេចាប់ចំណែកគេឱ្យខ្ញុំទាំងអស់៖

«ឆ្ងាញ់ឱ្យគិតផង ជិតក្លាយជាជ្រូកហើយ!»

ធម្មតាអត់មានអ្នកណានិយាយលេងជាមួយខ្ញុំបែបនឹងទេ ព្រោះមិត្តភក្តិស្រីៗក៏គ្មានអ្នកណាចូលចិត្តចំអន់គ្នាបែបនឹងដែរ វាជាលើកទីមួយហើយក្នុងជីវិត មនុស្សប្រុសដែលខ្ញុំស្រលាញ់ មកឌឺដងគួរអោយក្នាញ់ថ្នាក់នេះ។

«ស្អែកទៅណា?»

«ស្អែក? ពួកយើងនៅមានពេលដើរលេងជាមួយគ្នាទៀតអ្ហែស?»

គេសម្លក់ខ្ញុំ មិនដឹងថាសំណួរនោះប៉ះពាល់អីដល់ចិត្តគេ ខ្ញុំមិនយល់…

«ឬក៏ចង់បែកគ្នាថ្ងៃនឹង?»

ខ្ញុំមិនយល់ពីអ្វីដែលគេនិយាយទេបានត្រឹមតែជ្រួញចិញ្ចើមសម្លឹងគេ។ បែកគ្នា? និយាយមើលតែពួកយើងជាសង្សានឹងគ្នា គេចង់មកសាងអនុស្សាវរីយ៍អ្វីជាមួយខ្ញុំនៅពេលនេះ? ចុះប្រពន្ធគេ? វាជាអារម្មណ៍ដែលខ្ញុំពិបាកយល់បំផុត។

«ប្រពន្ធលោក…?»

គេក្រោកចេញពីកៅអីរហ័សមិនតបសំណួរខ្ញុំទាំងដែលមីនៅសល់ពេញចាននៅឡើយ មើលទៅគេដូចជាខឹងណាស់រាល់ពេលដែលខ្ញុំសួរនាំគេពីប្រពន្ធរបស់គេ។ ហេតុអី?

ពេលនោះខ្ញុំចង់រត់ទៅចាប់ដៃគេដើម្បីនិយាយគ្នាឱ្យបានច្បាស់តែគេលឿនណាស់មួយភ្លែតក៏បាត់ស្រមោល។ ឬការពិតគេមិនទាន់រៀបការទេ?

តាំងពីខ្ញុំដឹងថាខ្លួនឯងចូលចិត្តគេ តែខ្ញុំមិនដែលហ៊ាន   Add friend facebook​  ទៅគេទេមានម្តងគត់ដែលខ្ញុំហ៊ានលួចមើល Profile គេ ពេលនោះហើយដែលខ្ញុំដឹងថា គេមានសង្សា ហើយជិតក្លាយជាគូរដណ្តឹង ក៏នឹងរៀបការជាមួយគ្នាឆាប់ យ៉ាងនេះហើយទើបខ្ញុំដាច់ចិត្ត សុំត្រឹមនឹកគេជាមនុស្សម្នាក់ក្នុងសុបិន។

ខ្ញុំធ្វើឱ្យគេខឹង គេនឹងលែងមកលងបន្លាចខ្ញុំទៀតហើយមែនទេ? ពួកយើងនឹងបែកគ្នាមែន ទាំងមិនទាន់បានចាប់ផ្តើមអ៊ីចឹងអ្ហែស?

យប់នេះខ្ញុំគេងមិនលក់…ឬចាប់ពីស្អែកទៅ ខ្ញុំលែងបានឃើញមុខគេទៀតហើយក៏ថាបាន។ តើនេះជាពេលវេលាចុងក្រោយឬយ៉ាងម៉េច? ម៉េចក៏ទេវតាលេងសើចនឹងខ្ញុំម្លេះ? ហេតុអីឱ្យខ្ញុំជួបគេម្តងទៀតនៅពេលនេះ?

ព្រោះតែខ្លាចជួបគេ ទាំងដឹងច្បាស់ហើយថា ចិត្តខ្ញុំត្រូវការគេខ្លាំងកម្រិតណា តែមនសិកាជាស្រីដែលយល់ចិត្តប្រពន្ធគេជាស្រីដូចខ្ញុំដែរ ខ្ញុំមិនហ៊ានទៅកន្លែងដែលខ្លួនឯងចូលចិត្តទៀត។

ខ្ញុំបានគេចទៅមើលកុនស្ងាត់ៗ ទាំងសំឡេងសើចកក្អឹកក្នុងរោងលាន់ទ្រហឹង ខ្ញុំបែរជាអង្គុយក្រៀមក្រំមិនយល់ថាសាច់រឿងមានអ្វីគួរឱ្យចង់សើចទៅវិញ។ ចេញពីនោះខ្ញុំចង់ទៅអង្គុយលេងនៅមាត់ទន្លេដើម្បីឆក់យកខ្យល់បរិសុទ្ធពីទឹកមកដុះលាងអារម្មណ៍សោកសៅរបស់ខ្លួន តែភ្លេចទៅថាវាជាកន្លែងដែលខ្ញុំចូលចិត្តទៅ ហើយក៏បានឃើញគេឈសម្លឹងខ្ញុំមិនដាក់ភ្នែកនៅទីនោះមែន។

នាយ៣៣នេះចេះមកធ្វើជាស្រមោលអន្ទោលប្រាណខ្ញុំតាំងពីពេលណា?

ខ្ញុំខំដើរគេចមិននិយាយរកគេ តែប្រុសចម្លែកម្នាក់នោះស្រាប់តែរត់មកកៀកស្មាខ្ញុំពីក្រោយ បណ្តើរខ្ញុំដើរទាំងញញឹមដូចគ្មានរឿងអ្វីកើតឡើង?

«នែ៎! ដូចជាស្និទ្ធិពេកទេដឹង?»

«ក្រែងមនុស្សស្រីចូលចិត្តបែបនេះអ្ហែស?»

ខ្ញុំបញ្ឈប់ជំហានជើងរបស់ខ្លួនហើយគ្រវាសដៃគេចេញ។ គេនៅតែបន្តស្នាមញញឹមដ៏គួរឱ្យគយគន់មួយនោះបង្អួតកែវភ្នែកខ្ញុំ។ ដ្បិតថាពួកយើងស្គាល់គ្នាយូឆ្នាំតែដូចមិនស្គាល់ ស្គាល់គ្នាប៉ុន្មានថ្ងៃសោះ តែដូចយូឆ្នាំ តែខ្ញុំពិបាកយល់ថាពេលនេះគេចង់បានអ្វីណាស់ បើសូម្បីខ្ញុំប្រឹងគេចម្លឹងហើយគេនៅតែតាមរកឃើញ។

«ហើយខ្ញុំជាមនុស្សស្រីរបស់លោកតាំងពីពេលណា នាយសាម…!»

គេបើកភ្នែកធំសម្លឹងមុខខ្ញុំចង់ឱ្យខ្ញុំបញ្ចប់ពាក្យមួយឃ្លានោះ ព្រោះពីរបីដងហើយដែលខ្ញុំច្រលំហៅតែក៏មិនហ៊ានឱ្យគេដឹងថាខ្ញុំដាក់ឈ្មោះឱ្យគេទេ។

«នាយសាមអី? ខ្ញុំឮនាងហៅខ្ញុំបែបនេះពីរបីដងហើយ ដាក់ឈ្មោះថ្មីឱ្យខ្ញុំអ្ហែស?»

ខ្ញុំព្យាយាមគេចពីពន្លឺភ្នែកប្រុសចម្លែកម្នាក់នោះ សូម្បីតែខ្ញុំមិនធ្លាប់និយាយអ្វីផងគេនៅដឹងពីខ្ញុំច្រើនយ៉ាងនេះ ចុះបើគេដឹងថាខ្ញុំលួចដាក់ឈ្មោះសម្ងាត់ឱ្យគេ វាមិនបញ្ជាក់ពីអារម្មណ៍មនោសញ្ចេតនាជ្រាលជ្រៅរបស់ខ្ញុំទៅហើយទេ?

«កុំប្រាប់ថាស្រលាញ់គេដល់ថ្នាក់…!»

គេញញឹមបញ្ឆោតធ្វើឱ្យខ្ញុំអៀន សូម្បីតែថ្គាមក៏រឹងប្រកែកគេសឹងមិនកើត៖

«អេ…! ស្រលាញ់អី? អ្នកណាស្រលាញ់អ្នកណា?»

ប្រុសដៃដល់ម្នាក់នោះមិនតបបែរជាចាប់ស្មាខ្ញុំទាំងសងហើយបង្វែរខ្ញុំដើរសម្តៅទៅឡានរបស់គេដែលចតនៅក្បែរនោះ៖

«មិនសារភាពហីទៅ តែគេបានដឹងរឿងនេះអស់ទៅហើយ បើមិនអ៊ីចឹងមិនមែនមកធ្វើជាស្រមោលអន្ទោលតាមប្រាណយើងនោះទេ!»

ពាក្យសម្តីគេអត់ចម្លែកដូចដែលគេប្រុងរុញខ្ញុំចូលទៅក្នុងឡានទាំងខ្ញុំមិនទាន់បាននិយាយយល់ព្រមអ្វីបន្តិចផង៖

«ចង់នាំខ្ញុំទៅណា? ខ្ញុំមានបានថាទៅជាមួយលោកពេលណា?»

«ទៅដល់គង់តែដឹងទេ!»

គេធ្វើទឹកមុខមានប្រៀបមកកាន់ខ្ញុំ ហើយខិតកាន់តែកៀករហូតខ្លួនខ្ញុំក៏ដួលទៅលើពូកឡានភ្លាមទាំងមិនទាន់ច្បាស់ថាគេមានបំណងអ្វីមកលើខ្ញុំ។ គេញញឹមហើយក៏បិទទ្វាឡាន ខ្ញុំមានតែអង្គុយជ្រួញចិញ្ចើមតាមមើលទឹកមុខគេហាក់រីករាយណាស់សម្រាប់ពេលវេលាមួយនេះ។

ប៉ុន្មានម៉ោងដែលខ្ញុំធ្វើជាខឹងមិននិយាយស្តីរកគេនៅតាមផ្លូវ ទោះជាងងុយគេងសឹងធ្លាក់ភ្នែកក៏មិនហ៊ានខ្លាចគេនាំទៅកន្លែងដែលខ្ញុំមិនចំណាំផ្លូវ ហើយទីបំផុតពួកយើងបានមកដល់សមុទ្រ។

ខ្ញុំអង្គុយភ្លឹកនឹងទេសភាពដែលធ្លាប់តែមានក្នុងសុបិន ថាបានមកកំសាន្តជាមួយគេរត់ប្រដេញគ្នាតាមឆ្នេរសមុទ្រ តែពេលនេះវាបានកើតឡើងមែនទែន វាធ្វើឱ្យបេះដូងមួយនេះរំភើបស្ទើរតែស្រក់ទឹកភ្នែក។

គេដែលចុះពីឡានទៅបាត់មួយសន្ទុះធំហើយមិនឃើញខ្ញុំចេញពីឡាន ក៏ដើរមកជ្រែងចង្កេះទាំងមុខហូវ ហើយពេលដែលកញ្ចក់រវៃចុះក្រោម ក៏ឮសំឡេងខ្លាំងៗរបស់គេដែលប្រណាំងនិងទឹករលកនិយាយគម្រាមខ្ញុំ៖

«ម៉េច? ចង់ឱ្យបីទើបព្រមចុះ?»

ខ្ញុំនៅអង្គុយរំភើបមិនទាន់និងឃាត់អំណាចទឹកភ្នែកដែលប្រុងស្រក់នៅឡើយ តែព្រោះគេចិត្តឆេវឆាវពេកស្រវាគន្លឹះទ្វាប្រុងនិងធ្វើដូចអ្វីដែលគេនិយាយ ខ្ញុំក៏ប្តូរទៅជាខឹងមួរម៉ៅដាក់គេដើម្បីបន្លប់កុំឱ្យគេដឹងបានថាខ្ញុំកំពុងយំ ហើយចុះទៅស្តីឱ្យគេភ្លាមកុំឱ្យគេប៉ះពាល់ទាន់៖

«អ្នកណាឱ្យលោកនាំខ្ញុំមកទីនេះ? ហ៊ានម៉េស?»

គេស្រាប់តែឆ្លើយភ្លាម ឌឺសាហាវ៖

«ខ្ញុំ! ឬក៏ចង់ឡើងភ្នំដើរព្រៃ? ក្រែងពីមុនធ្លាប់និយាយថាចង់មកលេងសមុទ្រ?»

ខ្ញុំប្តូរពីអារម្មណ៍ដែលខឹងទៅជាចង់ដឹងច្រើនទៀតថា គេស្គាល់ខ្ញុំកម្រិតណា ឬគេលួចលាក់ជួលអ្នកស៊ើបការតាមដានខ្ញុំ?

«ចុះខ្ញុំធ្លាប់ថាចង់មកសមុទ្រជាមួយអ្នកណា? បើឆ្លើយមិនត្រូវ លោកត្រូវជូនខ្ញុំត្រលប់ទៅវិញ!»

គេសើចកក្អឹកបង្ហាញច្បាស់ហើយថាយ៉ាងណាខ្ញុំមុខតែត្រូវនៅជាមួយគេទីនេះ តែចម្លើយនៅខាងខ្ញុំ យ៉ាងណាខ្ញុំជាអ្នកមានប្រៀប។ តែមើលទៅគេគ្មានឃើញថាចាញ់ខ្ញុំត្រង់ណាទេ បែរជានិយាយហីដាក់ខ្ញុំទៅវិញ៖

«ចម្លើយនៅខាងនាង តែសោឡាននៅនឹងខ្ញុំ! គ្រាន់បើលួងឱ្យខ្ញុំទន់ចិត្តទៅ!»

លួងអ្ហែស? គេចង់ឱ្យខ្ញុំអង្វរលន់តួ? តាំងពីដើមខ្ញុំមិនចេះលួងគេទេ ចេះតែខឹង តែបើខឹងគេពេលនេះក៏មិនប្រាកដថាគេនឹងជូនខ្ញុំត្រលប់ទៅវិញដែរ។

គេដើរចេញមិនខ្វល់ពីខ្ញុំទាំងអត់ដឹងសោះហ្មងថាចិត្តខ្ញុំច្របូកច្របល់ប៉ុណ្ណា។ មកដល់ពេលនេះខ្ញុំនៅបារម្ភពីខាងគ្រួសារគេនៅឡើយ ដ្បិតថារាល់ពេលដែលខ្ញុំសួរពីប្រពន្ធគេ គេខឹង តែចិត្តខ្ញុំមិនដែលជ្រះស្រឡះនិងការមកដើរលេងជាមួយគេតែពីរនាក់នោះទេ វាគឺជាទង្វើរក្បត់ដែលមិនអាចប្រកែកបាន។

«ចុះប្រពន្ធលោក?»

ទោះគេនឹងប្រែពីស្នាមញញឹមទៅជាខឹងយ៉ាងណាក៏ខ្ញុំត្រូវតែសួរគេឱ្យបានច្បាស់។ តែពេលនេះប្លែកណាស់ គេមិនមែនមុខក្រម៉ូវសម្លក់ខ្ញុំ បែរជាមុខស្រពោន ហើយអង្គុយលើថ្មសម្លឹងមើលទៅសមុទ្រហើយដកដង្ហើមធំទៅវិញ។

«ខ្ញុំត្រូវតែឆ្លើយនូវសំណួរមួយនេះអ្ហែស?»

គេនិយាយខ្សាវៗតែធ្វើឱ្យខ្ញុំយល់ថា គេកំពុងមានបញ្ហាជាមួយគ្រួសារ? ទំនាក់ទំនងប្តីប្រពន្ធគេមានរឿងអីទេដឹង? ឬក៏ព្រោះតែប៉ុន្មានថ្ងៃដែលគេមករកខ្ញុំនេះ ក៏ធ្វើឱ្យប្តីប្រពន្ធគេឈ្លោះទាស់ទែងគ្នា?

ខ្ញុំជាមេបញ្ហា? ខ្ញុំក៏ស្ទុះទៅក្បែរគេដើម្បីនិយាយបកស្រាយក្នុងចេតនានិយាយលួងលោមគេដើម្បីឱ្យត្រលប់ទៅរកប្រពន្ធគេវិញ។ មែនហើយខ្ញុំត្រូវការគេវាយ៉ាងម៉េច? តែខ្ញុំមិនអាចអាត្មានិយមដណ្តើមមនុស្សប្រុសដែលជាកម្មសិទ្ធិពេញច្បាប់របស់អ្នកដទៃនោះទេ។

«តើរឿងនេះមានពាក់ព័ន្ធជាមួយខ្ញុំទេ? ហេតុអីលោកគេចចេញមកបែបនេះ? អ្នកទាំងពីរមានរឿងអីយល់ច្រលំនឹងគ្នាទេដឹង?»

ខ្ញុំភ័យណាស់ ចុះបើវាជាការពិតដែលខ្លួនឯងគឺជាជនទីបីក្នុងរឿងស្នេហារបស់អ្នកដទៃ ខ្ញុំច្បាស់មិនអត់ឱនឱ្យខ្លួនឯងទេ។

តែភ្លាមៗបបូរមាត់គេក៏ប្រែទៅជាញញឹម គេងាកមកសម្លឹងខ្ញុំ ពន្លឺភ្នែកគេភ្លឺចិញ្ចាច ដូចមិនមែនជាមនុស្សកំពុងតែជួបទុក្ខវិបត្តិសោះ។ តែអ្វីដែលធ្វើឱ្យខ្ញុំកាន់តែស្រឡាំងកាំងរឹងខ្លួន គឺដៃទាំងគូររបស់គេស្រាប់តែចាប់ក្រសោបរាងកាយខ្ញុំណែនផ្អឹស រកតែដកដង្ហើមមិនរួច។

ខ្ញុំខឹងផង ភ័យផង ទោះបេះដូងកំពុងពុះកញ្ជ្រោលយ៉ាងណា ក្នុងអារម្មណ៍ដំបូងដែលខ្ញុំទទួលបានពីមនុស្សដែលខ្លួនស្រលាញ់បែបស្និទ្ធិស្នាល ក៏មិនអាចបណ្តោយឱ្យគេចេះតែធ្វើអ្វីបានតាមចិត្ត។

ខ្ញុំប្រឹងរើណាស់ ជេគេណាស់ តែប្រឹងយ៉ាងណាក៏គេចពីរង្វង់ដៃគេមិនរួច។ ខ្យល់ដង្ហើមគេក្តៅភាយនៅគល់កខ្ញុំ ហើយបើតាមស្តាប់មែនទែនទៅ គេគឺកំពុងសើចរដឹក។

ខ្ញុំងាកសម្លក់កាយវិការសើចដូចគ្មានកង្វល់របស់គេទាំងមួរម៉ៅ៖

«លោកឡប់សតិ ឬកើតរោគចិត្តទៅ? មានរឿងបែបនេះហើយ នៅមកលេងសើចចេញទៀត?»

«អ្នកណាប្រាប់នាងថាខ្ញុំមានប្រពន្ធ?»

អ្ហាស? គេញញឹមក្រវីក្បាលហួសចិត្ត ហើយនៅមកឈ្លីសក់ក្បាលខ្ញុំលេងដូចកូនក្មេងមិនទាន់គ្រប់អាយុ? ពិតអ្ហែស? គេមិនទាន់រៀបការ? មិនមែនកុហកដើម្បីបានដើរលេងជាមួយខ្ញុំទេដឹង?

គេដើរបែបកំសាន្តតាមរលកទឹកសមុទ្រដែលបោកបក់ ទុកឱ្យខ្ញុំនៅជ្រួញចិញ្ចើមមិនយល់ម្នាក់ឯង។ ខ្ញុំប្រឹងរត់តាមគេសួរហើយសួរទៀត ក្នុងចិត្តលួចអ តែកូនចិត្តមួយនៅបារម្ភច្រើនជាងដែលថាអ្វីដែលគេនិយាយគឺកាពិត ព្រោះមនុស្សប្រុសដូចគេ ពេលនេះហេតុអីមិនទាន់រៀបការ ចុះម្នាក់ស្រីនោះ?

«នែ៎! លោកកុហកខ្ញុំមែនទេ? ចុះម្នាក់ស្រីនោះ?»

គេស្រាប់តែងាកមកភ្លាមធ្វើឱ្យខ្ញុំវីសតែនឹងជ្រុលខ្លួនទៅប៉ះគេ។ តាមរយៈបបូមាត់រីកញញឹមនឹងពន្លឺភ្នែកគេដែលសម្លឹងខ្ញុំពេលនោះ ចិត្តខ្ញុំទទួលដឹងថា គេកំពុងរំភើប? ឬកាលដែលខ្ញុំសួរគេបែបនេះ គេគិតថាខ្ញុំនឹងចាប់អារម្មណ៍ហើយតែងតែតាមដានគេរហូតមក?

«កុំប្រាប់ថាតាមដានខ្ញុំ?»

មិនខុសទេ មនុស្សខ្ញុំចេះស្រលាញ់ ចេះនឹកគេបានយូ តែបើឱ្យនៅក្រាញននៀល តស៊ូនិងមនោសញ្ចេតនាដែលបង្កើតឡើងម្នាក់ឯង ខ្ញុំមិនចេះទេ នឹកគេបែបខ្ញុំគឺបង្កើតសាច់រឿងខ្លួនឯង។ ពេលខ្លះ ខ្ញុំគ្រាន់តែនឹកគេលេងៗកំដរបរិយាកាសអផ្សុកប៉ុណ្ណោះ តែខ្ញុំរឹទ្ធិតែសប្បាយចិត្តបើដឹងថាគេកំពុងមានក្តីសុខនិងមនុស្សដែលគេស្រលាញ់ ហើយបើឱ្យស្រីដូចខ្ញុំទៅតាមដានគេព្រឹកល្ងាច ខ្ញុំមិនចេះទេ។

«ខ្ញុំធ្វើការហត់ណាស់ បើទំនេរ ខ្ញុំសុខចិត្តដេក មិនចាប់អារម្មណ៍នឹងឆែកប្រវត្តិរូបលោកទេ!»

គេនៅតែញញឹមបែបគិតថាខ្ញុំខ្លាំងបានតែមាត់។ គ្រាន់តែបានដឹងថាខ្ញុំចំណាយពេលជាងប្រាំឆ្នាំដើម្បីនឹកគេ ចង់គេគិតយ៉ាងម៉េចគឺបានតាមចិត្តហើយ? បើសិនខ្ញុំមានអ្នកផ្សេងណាម្នាក់ដើម្បីស្រឡាញ់ ខ្ញុំនិងលះបង់លោកយូណាស់ទៅហើយនាយ៣៣អើយ។ តែថាទៅ ជ្រុលនិងលោកធ្វើជាតួអង្គក្នុងកំណត់ហេតុខ្ញុំទៅហើយ នៅឆ្លៀតមកពន្យល់សប្តិខ្ញុំពេលខ្លះទៀតធ្វើឱ្យខ្ញុំបំភ្លេចភាពនឿយណាយបានខ្លះ តាមថា នឹកលោកក៏មិនខាតអីឯណា?

ខ្ញុំមិនខ្វល់ពីគេក៏ដើរទៅរកអន្រឹងអង្គុយនៅក្រោមដើមដូងដែលដុះត្រឈៃលម្អខ្សាច់សមុទ្រ ម្តងៗដែលខ្យល់ត្រជាក់បក់មកផាត់ចំផ្ទៃមុខ ធ្វើឱ្យព្រឺរងារ ខ្ញុំនៅគិតនៅឡើយថាពេលនេះខ្លួនឯងត្រូវបាននាយ៣៣នាំចូលមកក្នុងសុបិនល្អមួយ។

គេហុចទឹកដូងឱ្យខ្ញុំ។ ក្លិនឈ្ងុយនៃដូងធម្មជាតិដែលខ្ញុំចូលចិត្តផឹក ក៏ធ្វើឱ្យដៃរហ័សទៅទទួលពីគេហើយផឹកភ្លាម សឹងតែថាអស់មួយផ្លែដូងក្នុងមួយខ្យល់ដង្ហើម។

គេជ្រួញចិញ្ចើមស្តីឱ្យខ្ញុំ៖

«មើលចុះ ដូចមនុស្សអត់ឃ្លានមកពីណាអ៊ីចឹង?»

«នែ៎! លោកនាំខ្ញុំមកយូហើយ សូម្បីទឹកមួយម៉ាត់ នំមួយកញ្ចប់ខ្ញុំមិនទាំងបានញ៉ាំផង ខ្ញុំក្រពះមនុស្ស មិនមែនទេវតាទេ!»

«ម៉ោងមិនទាន់ពីរស្រួលបួលផង ស្រែកឃ្លានញ៉ាំទៅហើយ មិនខ្លាចធាត់ គ្មានអ្នកស្រលាញ់ទេអ្ហែស?»

មនុស្សកំហូចគេនេះ មាត់ធ្វើជាប្រកែកនឹងខ្ញុំតែបែជាបន្លំអង្គុយអន្រឹងមួយពីនាក់ជាប់សាច់ខ្ញុំបង្កើយ។ ខ្ញុំក៏រហ័សប្រកែកច្រានគេចេញ៖

«អេហេ! អ្នកណាអនុញ្ញាតឱ្យលោកអង្គុយ?»

គេផ្ងារជើងទៅក្រោយដួលអុកគូទទៅនឹងគ្រាប់ខ្សាច់ធ្វើឱ្យប្រឡាក់ខោអាវស្រម៉ក។ ខ្ញុំអស់ពីភ័យដែលមុននេះត្រូវគេបន្លំកៀកកើយ ទៅជាសើច នឹងកាយវិការបះជើងប្រភីសប្រភូសរបស់គេ៖

«សមមុខហើយ!»

ប្រុសចម្លែកនោះក្តាប់មាត់ខឹងខ្ញុំ តែកម្លាំងគេជាមនុស្សប្រុសដើមទ្រូងប្រាំហត្ថ រាងគេដែលខ្ពស់ស្រឡៈ សាច់ដុំណែនហាប់ដូចអ្នកហាត់កីឡា បានប្រមូលផ្តុំគ្នាចាប់បីខ្ញុំចេញពីអន្រឹងទាល់តែបាន អ្វីដែលធ្វើឱ្យដង្ហើមខ្ញុំខ្លី ដកសឹងមិនដល់គ្នា ហើយហល់ដោយសារទឹកដូងមួយផ្លែទៀតនោះ រើទៅណាមិនរួច ពេលត្រូវគេដាក់ឱ្យអង្គុយលើភ្លៅគេ ខ្ញុំក៏ត្រូវរួញដូចកូនសត្វ។

«លែងខ្ញុំទៅលោកសត្វចម្លែក! អត់មានខ្មាស់អ្នកជិតខាងបន្តិចទេអី?»

«គូរសង្សាគេស្និទ្ធិស្នាលនិងគ្នា អ្នកញញឹមគឺអបអរ អ្នកដែលពែបមាត់គឺច្រណែន យើងមានទៅធ្វើអីខុសឯណា គ្រាន់តែចង់គេងមើលទឹករលកក្នុងអន្រឹងមួយពីរនាក់ខុសដែរអ្ហែស?»

នឹកដល់ពាក្យគូរសង្សាបេះដូងខ្ញុំស្រាប់តែលោតកាន់តែញាប់រកគិតអ្វីមិនត្រូវ។ ដំបូងប្រុងថាស៊ូដល់ទីបំផុតត្រូវតែបម្រះចេញពីដៃគេ តែដឹងអីពាក្យផ្អែមគេមួយឃ្លានោះដូចថាមពលពិសេសមកចាប់សង្កត់ខ្ញុំប្រុងថាក្រោកក៏ក្រោកមិនរួច។

ដៃគេកាន់តែឱបខ្ញុំណែនពេលដែលខួរក្បាលខ្ញុំកំពុងស្ទះមិនដឹងបានអ្វីទៅស្តីឱ្យគេ។ យូណាស់ទើបខ្ញុំនឹកឃើញប្រកែកទៅគេវិញ៖

«អ្នកណាជាគូរសង្សារបស់លោក?»

«កញ្ញាសុបិន និងនាយ៣៣!»

ខ្ញុំស្រាប់តែស្រឡាំងកាំងបើកភ្នែកធំ អារម្មណ៍ពេលនោះគឺជំនួសឱ្យភាពភ្ញាក់ផ្អើលទៅជាក្តុកក្តួលសឹងតែទប់ទឹកភ្នែកមិនបាន ការពិតសូម្បីតែរឿងសម្ងាត់តែមួយដែលខ្ញុំលាក់ពីមនុស្សគ្រប់គ្នា ហើយមានតែសៀវភៅប៊ិកប៉ុណ្ណោះដែលដឹង ក៏គេនៅតែអាចដឹងបាន? គេមិនមែនមិនដឹងថាក្នុងចិត្តខ្ញុំគិតអ្វីទេមែនទេ? តែហេតុអីគេទៅបាត់ចោលខ្ញុំយូយ៉ាងនេះ?

គេក៏បានបន្តសំឡេងខ្សាវៗពេលដែលដំណក់ទឹកភ្នែកមួយដំណក់របស់ខ្ញុំកំពុងស្រក់ចុះប្រណាំងនឹងសំឡេងបេះដូងខ្ញុំដែលឈឺចាប់៖

«នាងដាក់ឈ្មោះនេះឱ្យខ្ញុំ ព្រោះតែបញ្ចីក្នុងសាលាឈ្មោះខ្ញុំនៅលេខរៀងទី៣៣មែនទេ?»

ខ្ញុំនៅអន់ចិត្ត ហើយក្នាញ់គេតិចៗនៅឡើយ ទើបឆ្លើយវិញទាំងសោះកក្រោះ៖

«បើដឹងហើយសួរធ្វើអីទៀត?»

«ស្រីឆ្កួត! ចុះបើក្នុងថ្នាក់មានអ្នកប្តូរវេន ហើយលេខ៣៣លែងជាខ្ញុំ?»

«ហេតុអីខ្ញុំត្រូវខ្វល់?»

គេមិនមាត់តបនឹងខ្ញុំទេ ហើយក៏បានផ្តេកខ្លួនខ្ញុំទៅក្នុងអន្រឹងជាមួយគេ ទាំងដែលខ្ញុំត្រូវគេឱបណែន នឹងបានកើយដៃគេធ្វើជាខ្នើយ ដែលវេលាបែបនេះខ្ញុំធ្លាប់តែស្រមៃយូឆ្នាំមកហើយ មិនដែលនឹកស្មានថាវាអាចកើតឡើងទៅបានដូចពេលនេះ។

ខ្យល់ដង្ហើមពួកយើងប៉ះគ្នា លាន់សូដល់សំឡេងបេះដូងដែលលោតដង្ហក់។ គេបិទភ្នែកតែញញឹមទុកឱកាសឱ្យខ្ញុំបានគយគន់គេយ៉ាងអស់ចិត្ត។

ប្រុសចម្លែកម្នាក់នេះនៅតែចម្លែកដដែល។ សុខៗក៏បង្ហាញខ្លួន ឱ្យខ្ញុំបានជួបគេទាំងដែលមិនត្រូវរឿង រួចក៏ទៅបាត់ជាងប្រាំឆ្នាំទើបត្រលប់មកវិញថា គេដឹងរឿងគ្រប់យ៉ាងក្នុងចិត្តខ្ញុំ ចុះថ្ងៃបន្ទាប់?

ថ្ងៃនេះបេះដូងខ្ញុំពេញដោយភាពកក់ក្តៅ ព្រោះមានគេនៅក្បែរ ចុះបើស្អែកគេស្រាប់តែទៅបាត់ចោលខ្ញុំទៀត? តើខ្ញុំត្រូវមានកម្មនឹកគេរហូតពេញមួយជីវិត? ត្រឹមគេមិនបានធ្វើអ្វីសោះ ខ្ញុំមិនដែលចង់ភ្លេចគេ ចុះទម្រាំមានអនុស្សាវរីយ៍បែបនេះជាមួយគ្នាទៀត?

វាគឺជាក្តីសុខទីមួយក្នុងជីវិតជាគូ ខ្ញុំកំពុងឈ្លក់វង្វេងក្នុងសមុទ្រស្នេហាដ៏ធំល្វឹងល្វើយដែលរកកោះត្រើយមិនឃើញ ហើយក៏បានលង់លក់ក្នុងប្រអប់ទ្រូងគេយ៉ាងមានក្តីសុខ។

អស់ពេលជាច្រើនម៉ោងដែលយើងគេងហាលខ្យល់នៅមាត់សមុទ្រ ដ្បិតថាខ្យល់បោកបក់ត្រជាក់ព្រឺឆ្អឹងខ្នង តែកម្តៅបេះដូងដែលផ្តល់ឱ្យគ្នានៅនាទីនោះ មិនអាចធ្វើឱ្យកាយយើងទាំងពីរចុះចាញ់និងទឹកសន្សើមព្រោះជំនោរនៃខ្យល់សមុទ្រឡើយ។

ខ្ញុំភ្ញាក់ពេលដែលគេកាន់តែស្រវាឱបខ្ញុំណែនដូចខ្លាចឃ្លាតពីទ្រូង ភ្នែកគេនៅបិទតែក៏ឮសំឡេងសួរខ្ញុំខ្សាវៗ៖

«ស្អែកជាថ្ងៃអ្វី?»

«ថ្ងៃអាទិត្យ!»

គេញញឹម ហើយក៏បានផ្តល់ស្នាមថើបមួយនៅលើថ្ងាសខ្ញុំ មិនមែនថើបដោយការស្រលាញ់ទេ តែវាដូចជាឈឺតិចៗ គេដូចបន្លំអុកក្បាលខ្ញុំម៉េចមិនដឹងមកពីគេគិតថាខ្ញុំត្រង់ពេកគួរឱ្យក្នាញ់?

«សូម្បីស្អែកថ្ងៃអ្វីក៏មិនដឹងផង សមតែឱ្យនៅព្រៅសៅកែអ៊ីចឹងរហូតតើ!»

ពាក្យចំអន់របស់គេស្រាប់តែធ្វើឱ្យខ្ញុំញញឹមឡើងទាំងមិនដឹងខ្លួន ខ្ញុំក៏សួរទៅគេវិញហាក់ឌឺ៖

«បើមែន! ស្អែកគឺជាថ្ងៃអាទិត្យ ហើយវាពាក់ព័ន្ធអីនឹងរឿងក្រមុំឬសៅកែ?»

«ស្អែកជាថ្ងៃ១៤កុម្ភះ ទិវាបុណ្យនៃក្តីស្រលាញ់ ពួកយើងណាត់ជួបគ្នាកន្លែងណាល្អទៅ?»

«បើលោកដឹងគ្រប់រឿងថាខ្ញុំគិតអីទៅហើយ ហេតុអីមិនប្រើចិត្តមើលទៀតទៅថា ខ្ញុំចង់ទៅកន្លែងណា?»

«សាលារៀន!»

«អ្ហាស? បែបនេះក៏លោកអាចដឹងបានដែរ?»

«គ្រប់យ៉ាងដែលអូនគិត គឺជាអារម្មណ៍បង!»

ឮសម្តីគេមួយម៉ាត់នោះ ខ្ញុំរីកថ្លើមសឹងនឹងធ្លាយចេញពីទ្រូង រំភើបសឹងតែហោះចោលគេបាត់។ គេតាមថាមិនសូវចេះនិយាយផ្អែមទេ តែមួយម៉ាត់ៗបែបសោះកក្រោះរបស់គេហាក់រញ្ជួយអ្វីដល់បេះដូងនិងខួរក្បាលខ្ញុំយ៉ាងនេះ។

ព្រោះតែមេឃចាប់ងងឹតហើយដែរ ខ្ញុំក៏ក្រោកវឹងពេលដែលគេភ្លេចខ្លួនអស់កម្លាំងដៃដែលក្រសោប។ ខ្ញុំក៏ចាប់ទាញគេចេញពីអន្រឹងដែលនាយ៣៣ពេលនេះនៅដេកក្រាញននៀលញញឹមដូចមនុស្សរោគចិត្ត គ្រាន់តែបានគេងឱបខ្ញុំ? បានជាមិនចង់ក្រោកសោះ ខ្ញុំក៏ប្រឹងអស់ទំហឹងហើយទាញដៃគេដូចគោអូសរទេះទម្ងន់រាប់តោនអ៊ីចឹង៖

«ឆាប់ឡើងមក មេឃងងឹតហើយណា ជូនខ្ញុំទៅវិញ!»

គេនៅដំអក់ទោះក្រោកអង្គុយហើយក្តីតែភ្នែកមិនចង់បើក ហើយធ្វើមុខជូររអ៊ូមិនហើបគូទ ឯខ្ញុំទាញគេវីសតែនឹងផ្ងារជើងទៅក្រោយ៖

«ឆាប់មក លោកមិនអាចនៅអ៊ីចឹងបានទេ ត្រូវតែត្រលប់ទៅវិញ!»

«ហេតុអី?»

«គឺថា…អ្នកផ្ទះកំពុងរង់ចាំយើងនោះអី!»

ពេលដែលគេក្រោកពីអន្រឹងហើយដើរមករកខ្ញុំទាំងស្នាមញញឹមពន្លឺផ្កាយស្រាប់តែផុសឡើងក្នុងមេឃកំពុងស្រអាប់ងងឹតគ្មានពន្លឺធ្វើឱ្យខ្នងខ្ញុំព្រឺខ្ញាក ខ្យល់សមុទ្រក៏ចាប់បោកបក់ខ្លាំងស្ទើរតែពិបាកនឹងទប់លំនឹង ធាងដូងក៏ចាប់លាន់ប្រោកប្រាករឹទ្ធិតែខ្លាំង ទង្គិចគ្នាឆ្វេងស្តាំ តែអ្វីដែលធ្វើឱ្យខ្ញុំស្រឡាំងកាំងនឹងចម្លែក ម៉េចក៏គេបែរជាធម្មតាហាក់ក្បែរខ្លួនគ្មានអ្វីកើតឡើងដូចដែលខ្ញុំឃើញ?

នាយ៣៣ឱបខ្ញុំណែន ហើយយើងបណ្តើគ្នាចេញពីឆ្នេរសមុទ្រសម្តៅទៅឡាន តែប្រហែលមកពីខ្ញុំគិតច្រើនខ្លួនឯង   មេឃគ្រាន់តែប្រែប្រួលធម្មតាទៅតាមធម្មជាតិដែលមិនទៀងទាត់តែប៉ុណ្ណោះ។

ពេលល្ងាចដែលខ្ញុំប្រញាប់ប្រញាល់ទៅជួបគេនៅសាលារៀន ប្រអប់ទូរស័ព្ទក៏បានមកដល់ដៃ ខ្ញុំសប្បាយចិត្តដែលគេពិតជាព្យាយាមជួសជុលវា ហើយមិនទិញថ្មីឱ្យខ្ញុំ ព្រោះនេះជាវត្ថុមានតម្លៃបំផុតសម្រាប់ខ្ញុំ និងជាញើសឈាមដំបូងដែលខ្ញុំចេញរកលុយបន្ទាប់ពីរៀនចប់។

ខ្ញុំឱបវាហើយក៏ថើប តែមិនទាន់បើកមើលសារក្រោយពីឃ្លាតវាអស់មួយអាទិត្យនោះទេ ឃើញថាមានច្រើនគួរសម តែខ្ញុំរំជួលចិត្តនឹងបានជួបគេនៅថ្ងៃពិសេសជាង។

ទៅដល់សាលាដែលមានតែវត្តមានខ្ញុំម្នាក់ឯង ខួរក្បាលក៏លោតចម្លើយពីរមកជាស្រេច។ មួយ គេអាចនឹងមើលកុនស្នេហាច្រើនពេក ហើយក៏មកធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលរួចក៏ទៅបាត់។ ទីពីរ គេពិតជាបាត់ខ្លួនដូចដែលខ្ញុំខ្លាចមែន?

ខ្ញុំអង្គុយចាំគេទាំងរសាប់រសល់ក្នុងចិត្ត តែហោចណាស់វាទើបនឹងជាងកន្លះម៉ោងប៉ុណ្ណោះ។ បរិវេណសាលាដែលស្ងាត់ជ្រងំ គ្មានសូម្បីអ្នកយាម តែពេលនោះវត្តមានស្រីម្នាក់ក្នុងឈុតខ្មៅបង្ហាញខ្លួនធ្វើឱ្យខ្ញុំវីសតែនឹងរត់ចោលព្រលឹងបាត់។

គេគ្រាន់តែញញឹមដាក់ខ្ញុំហើយអង្គុយនៅបង់ម្ខាងមិននិយាយអ្វីនោះទេ តែខ្ញុំមានអារម្មណ៍ថាខ្សែភ្នែកគេដែលសម្លឹងមកខ្ញុំចម្លែកណាស់។

ព្រោះតែអផ្សុកពេក ខ្ញុំក៏ដាច់ចិត្តបើកប្រអប់ឆាត។ ចិញ្ចើមខ្ញុំចាប់ជ្រួញជាមួយនឹងអក្សរប៉ុន្មានឃ្លាដែលលោតឡើងអមនឹងរូបភាពអ្នកជំងឺម្នាក់ដែលកំពុងសង្រ្គោះជាមួយខ្យល់អុកស៊ីសែន។ បេះដូងខ្ញុំស្រាប់តែលោតញាប់ជាមួយនឹងខ្យល់ដង្ហើមដែលតឹងថប់ដកមិនដល់គ្នា ពេលដឹងច្បាស់ថា អ្នកជំងឺម្នាក់នោះគឺនាយ៣៣?

ខ្ញុំជ្រុះទូរសព្ទពីដៃ ស្ទុះចេញពីកៅអីទាំងដែលចង់យំក៏យំមិនចេញ ហេតុអី? គេកើតអី? ក្រែងម្សិលមិញគេនៅជាមួយខ្ញុំ ម៉េចក៏ពេលនេះ?

បេះដូងខ្ញុំស្ទើរតែលែងដើរ ខ្ញុំប្រឹងឈានជើងដែលញ័ររត់ទៅមុខ គឺចង់ទៅរកគេ តែស្រីម្នាក់ដែលខ្ញុំមិនស្គាល់ថាជាអ្នកណាក៏បានមកចាប់ដៃខ្ញុំជាប់។ ខ្ញុំខឹងនាងណាស់ តែគេដែលមិនដឹងមានគោលបំណងអ្វី កំពុងសម្លក់ខ្ញុំ ហើយក៏ស្តីឱ្យខ្ញុំផាំងៗ៖

«ចង់ទៅណា? នាងលេងអស់ចិត្តនៅ? កុំគិតថាចង់ធ្វើអ្វីបានតាមចិត្តពេក»

ក្នុងស្ថានភាពដែលខ្ញុំកំពុងវង្វេងនិងរឿងនាយ៣៣ជួបគ្រោះថ្នាក់ ស្រីម្នាក់នេះក៏បានបន្ថែមសម្ពាធផ្លូវចិត្តមកខ្ញុំ គេជាអ្នកណា? ម៉េចក៏និយាយបែបនេះជាមួយខ្ញុំ?

«នាងជាអ្នកណា? លែងដៃខ្ញុំទៅ ខ្ញុំទៅជួបគេ!»

គេគ្រលាស់ដៃខ្ញុំមួយទំហឹង តែខ្ញុំពិតជាមិនខ្វល់ពីស្រីចម្លែកម្នាក់នោះស្មើនឹងបេះដូងខ្ញុំដែលរញ្ជួយភ័យនឹងសុខទុក្ខនាយ៣៣ពេលនេះទេ។

ព្រះពុទ្ធជាម្ចាស់អើយ ម៉េចក៏រឿងនេះកើតឡើងចំពោះគេ?

ក្រៅពីស្រីចម្លែកឈុតខ្មៅដែលខ្ញុំបានជួប កាន់តែធ្វើឱ្យខ្ញុំមិនយល់ថាគេចង់បានអ្វីពីខ្ញុំ ម៉េចក៏លេចវត្តមានប្រុសធាត់ម្នាក់ ស្លៀកក្បិនពណ៌ក្រហមដូចមនុស្សបុរាណមកពាំងខ្ញុំមិនឱ្យចូលបន្ទប់ពេទ្យ?

ខ្ញុំញ័រទទ្រើកនៅមិនច្បាស់ថាខ្លួនឯងបានឃើញអ្វី កើតអី? ម៉េចក៏មានមនុស្សចម្លែកបែបនេះមករញ៉េរញ៉ៃដាក់ខ្ញុំ? គេពាំងដៃជាប់ទាំងដែលខ្ញុំមិនទាន់និយាយអ្វីមួយម៉ាត់ ស្រាប់តែខ្ញុំងាកក្រោយក៏ពើបប្រទះនឹងស្រីឈុតខ្មៅដែលចាប់ដៃខ្ញុំនៅសាលា អម្បាញ់មិញ។

ខ្ញុំមិនខ្វល់ពីពួកគេក៏ស្ទុះសម្រុកទៅមុខ តែទៅមិនរួច ប្រុសធាត់ដូចតួសម្តែងកុនម្នាក់នោះបានពាំងខ្ញុំ ធ្វើឱ្យខ្ញុំខ្ទាតទៅម្ខាងពេលប្រឹងបំបុកខ្លួនគេដើម្បីបានចូលទៅក្នុង។ ភ្លាម ភ្នែកគេស្រាប់តែឡើងក្រហម ហើយសម្លុតខ្ញុំ៖

«នាងទៅមិនបានទេ?»

ខ្ញុំស្ទុះងើបឡើយទាំងមួរម៉ៅ ដែលមិនយល់សោះថាមានរឿងអ្វីឱ្យប្រាកដ៖

«ថយចេញទៅ ខ្ញុំគ្មានពេលលេងសើចជាមួយលោកទេ!»

ខ្ញុំកាន់តែជម្នះចង់ចូលទៅក្នុង តែខ្លួនខ្ញុំស្រាប់តែស្រាលឡើងៗ ខ្ញុំមានអារម្មណ៍ថាម៉េចក៏មានតែខ្ញុំដែលឃើញគេទាំងពីរ? ម៉េចក៏អ្នកនៅជុំវិញដូចធម្មតា មិនឃើញសកម្មភាពពួកយើងកំពុងតែប្រកែកគ្នា?

ខ្ញុំស្រន់ពីអារម្មណ៍ដែលបារម្ភនាយ៣៣ ក៏មកចាប់ភ្លឹកនឹងខ្លួនឯង។ ខ្ញុំសម្លឹងមើលទៅជុំវិញខ្លួនដែលខ្ញុំយល់ថាពួកគេហាក់មើលមិនឃើញខ្ញុំ ស្រាប់តែគ្រូពេទ្យម្នាក់បានដើរមកប៉ះខ្ញុំ។

ខ្ញុំខំគេចខ្លាចដួលតែគេចមិនផុត។ អត់ទេ… ម៉េចក៏ខ្ញុំអាចឈស្ងៀមបាន? ម៉េចក៏គេដើរបុកខ្ញុំហើយតែខ្ញុំនៅធម្មតា?

«ខ្ញុំកើតអី? ម៉េចក៏ខ្ញុំ…?»

អ្នកទាំងពីរមិននិយាយ ម្នាក់ៗហាក់គេចពីសំណួរខ្ញុំ ពេលនោះដែរខ្យល់ស្រាប់តែចុះត្រជាក់កាន់តែខ្លាំង ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាខ្លួនឯងកាន់តែស្រាលឡើងៗ ហើយព្រឺរងារដូចគ្មានរាងកាយនៅគ្របដណ្តប់ ខ្ញុំជាវិញ្ញាណ?

ទឹកភ្នែកមួយដំណក់បានស្រក់មកទាំងគ្មានដំណឹង ខ្ញុំលែងដឹងទៅហើយថាវាធ្លាក់មកពេលណា វាក្តៅឬត្រជាក់? ខ្ញុំស្លុតចិត្តពេលដឹងថាការពិតខ្ញុំស្លាប់ទៅហើយ…

ព្រលឹងខ្ញុំបានដួលទ្រុបទៅលើដីសាជាថ្មី។ ខ្ញុំវិលវល់អស់សង្ឃឹម ស្របពេលដែលរឿងកើតឡើងកាលពីមួយអាទិត្យមុនក៏ត្រលប់មកវិញក្នុងការចងចាំរបស់ខ្ញុំ…

ខ្ញុំនៅមិនទាន់អស់ចិត្ត ដែលមិនដឹងសោះថាខ្លួនឯងនឹងចាកចេញពីពិភពលោកមួយនេះទាំងបែបនេះ ខ្ញុំទ្រហោយំ តែមិនមែនស្តាយស្រណោះស្នេហារវាងខ្ញុំនឹងនាយ៣៣ គឺអ្នកណានឹងមើលថែប៉ាម៉ាក់ខ្ញុំ?

ពេលខ្ញុំយំខ្លាំងអស់មួយអំណាច ស្រីឈុតខ្មៅបាននិយាយមកក្បែរត្រចៀក៖

«ឯងមិនទាន់អស់ឱកាសទេ បើឯងចង់រស់ ឆាប់ទៅចូលរាងកាយវិញទៅ!»

ខ្ញុំអសឹងតែហោះហើយ ក៏ប្រញាប់ក្រោកឡើងជូតទឹកភ្នែករត់សម្រុកទៅក្នុងមន្ទីពេទ្យ ហើយម្តងនេះ ប្រុសក្បិនពណ៌ក្រហមមិនឃាត់ទៀតនោះទេ។

ខ្ញុំប្រញាប់ប្រញាល់តាមរករាងកាយខ្លួនឯង ហើយមានស្រីឈុតខ្មៅតាមពីក្រោយជាប់ តែអ្វីដែលខ្ញុំបានឃើញ គឺបងស្រីខ្ញុំដែលកំពុងដេកស្តូកស្តឹងដូចមនុស្សគ្មានវិញ្ញាណ…

ខ្ញុំទន់ដៃទន់ជើងទាំងក្នុងសភាពមិនមែនជារាងកាយ ខ្ញុំឃើញប៉ាម៉ាក់យំទន់ខ្លួនអស់សង្ឃឹម ហើយនៅអង្គុយកាន់ដៃកូនជាប់មិនលែង ខ្ញុំកាន់តែចង់ចូលទៅរាងកាយដើម្បីត្រលប់ទៅជួបគាត់វិញ …

តែកម្លាំងអ្វីមួយស្រាប់តែទាញខ្ញុំឱ្យនៅនឹងថ្កល់ ស្រីឈុតខ្មៅបានដើរមកក្បែរ និយាយឡើងស្របពេលដែលខ្ញុំនៅយំសស្រាក់៖

«ឆាប់ចូលទៅ បើបងឯងចូលរាងកាយបានមុន ឯងនឹងមិនអាចត្រលប់ទៅវិញទេ ឯងនឹងស្លាប់… »

«ចុះបើខ្ញុំរស់ តើបងខ្ញុំនឹងស្លាប់?»

ខ្ញុំសម្លុតសួរទៅស្រីម្នាក់នោះ ដែលច្បាស់ក្នុងចិត្តស្រាប់ទៅហើយថា ខ្ញុំបានបន់ស្រន់អ្វីមុនពេលធ្វើការវះកាត់ប្តូរបេះដូងឱ្យទៅបងស្រី គឺបើវាសនាត្រូវតែតម្រូវឱ្យមានម្នាក់ស្លាប់ សុំឱ្យម្នាក់នោះជាខ្ញុំ…ទោះកន្លងមក បងខ្ញុំមិនដែលធ្វើឱ្យប៉ាម៉ាក់សប្បាយចិត្ត ទោះកន្លេង គាត់ជាមនុស្សស្រីដែលបំផ្លាញគ្រួសារ រំលងប្រពៃណី តែអ្វីដែលខ្ញុំចង់បានពេលនេះ ខ្ញុំចង់ឱ្យគាត់ឆ្លងកាត់ភពងងឹតនៃជីវិត ហើយក៏ត្រលប់ទៅធ្វើជាមនុស្សត្រឹមត្រូវវិញ។

«ខ្ញុំចង់ឱ្យបងស្រីបានកែខ្លួនជាមនុស្សល្អវិញ!»

«តែឯងដាច់ចិត្តពីក្មេងប្រុសនោះដែរអ្ហែស? បើខំទៅពន្យល់សប្តិ ខំទៅហៅព្រលឹងគេត្រលប់ចូលរាងកាយវិញដើម្បីឱ្យគេដឹងរឿងរបស់ឯង?»

ទឹកភ្នែកមួយដំណក់ស្រាប់តែស្រក់មកផ្តាច់ភាពរឹងមាំរបស់ខ្ញុំ។ ខ្ញុំស្ទុះចេញពីបន្ទប់នោះ ហើយដើររកគេពេញមន្ទីពេទ្យ ស្រីឈុតខ្មៅក៏នៅតែតាមខ្ញុំ ដូចខ្មោចដែលទារព្រលឹងមិនឈប់។

ខ្ញុំបានឃើញគេនៅក្រោមសភាពគ្រោះថ្នាក់នៅឡើយ គ្រូពេទ្យកំពុងព្យាយាមសង្រ្គោះ ព្រោះព្រលឹងរបស់គេនៅវង្វេងមិនទាន់រករាងកាយឃើញ ទោះបីខ្ញុំប្តូរទាញគេចេញពីសមុទ្រនោះហើយក្តី។ ខ្ញុំបានឃើញបងប្អូនគេម្នាក់ៗក្រៀមក្រំ ដូចជាយំច្រើនថ្ងៃអស់កម្លាំងហើយចឹង ជាពិសេសប៉ានិងម៉ាក់គេ ហើយស្រីម្នាក់ ដែលខ្ញុំគិតថា ប្រហែលជាប្រពន្ធគេ…

ខ្ញុំស្រាប់តែក្រឡេកឃើញគេដែលនៅឈក្បែរនោះ…បេះដូងខ្ញុំគាំងស្លុត ម៉េចក៏គេនៅព្រងើយកន្តើយមិនព្រមចូលរាងកាយវិញ?

ខ្ញុំស្ទុះទៅចាប់ដៃគេ ហើយប្រឹងទាញគេឱ្យទៅចូលរូប៖

«ឆាប់ទៅ! ម៉េចក៏បងនៅឈឱបដៃមិនខ្វល់បែបនេះ? បងមិនខ្លាចពួកខ្មោចអនាថាទាំងនោះ ឆ្លៀតឱកាសយករាងកាយបងទេអ្ហែស?»

គេស្រាប់តែគ្រវាសដៃហើយស្រែកសម្លុតឱ្យខ្ញុំមួយទំហឹង៖

«ឈប់គិតថាខ្លួនឯងអស្ចារ្យទៅសុបិន! ចុះអូន? ម៉េចក៏មិនចូលរាងកាយបងស្រីអូនទៅ? អូនចង់ឃើញប៉ាម៉ាក់អូនក្នុងសភាពបែបនេះ អូនមិនបារម្ភថា បងស្រីអូននឹងធ្វើបាបពួកគាត់ម្តងទៀតទេ?»

ខ្ញុំចាប់ទ្រហោយំដោយដឹងច្បាស់ថា កាលដែលគេទ្រាំឈសម្លឹងឃើញគ្រួសារខ្លួនឯងក្នុងសភាពបែបនេះ ព្រោះគេខ្លាចថាខ្ញុំនឹងគ្មានឱកាសបានត្រលប់ទៅវិញ? គេអង្គុយចុះផ្អែកជញ្ជាំងហើយសំងំយំ នេះជាលើកទីមួយហើយដែលខ្ញុំឃើញដំណក់ទឹកភ្នែកគេ នេះជាលើកទីមួយហើយដែលខ្ញុំបានដឹងថា ប្រុសម្នាក់ដែលមិនខ្វល់ពីខ្ញុំសោះ ប្រុសម្នាក់ដែលគ្រាន់តែជាអ្នកដទៃការពិតស្រលាញ់ខ្ញុំខ្លាំងប៉ុណ្ណា?

ខ្ញុំកាន់ដៃ ហើយនិយាយលួងលោមគេ៖

«បងត្រលប់ទៅវិញទៅ! យ៉ាងណា ម៉ាក់ប៉ាខ្ញុំនៅមានបងស្រីមើលថែគាត់ តែគ្រួសារបង…ប្រពន្ធបង ប៉ាម៉ាក់បង អត់មានអ្នកមើលថែទេ…»

គេងាកសម្លក់ខ្ញុំ។ ទឹកមុខមាំរួមនឹងដំណក់ទឹកភ្នែករបស់គេកំពុងពុះហែកបេះដូងខ្ញុំ

«បើបងទៅវិញ បងនឹងមិនអាចចងចាំសុបិនមួយនោះទេ បងនឹងមិនចាំថា អូនស្រលាញ់បង ហើយរង់ចាំបងច្រើនឆ្នាំយ៉ាងនេះ…!»

«មានតែអូនម្នាក់ដែលចាំបងគឺគ្រប់គ្រាន់ហើយ…នាយ៣៣ បងនឹងអូនគ្រាន់តែជាអ្នកដទៃប៉ុណ្ណោះ ពួកយើងគ្រាន់តែមានសុបិនមួយរួមគ្នា តែវាគ្មានថ្ងៃដែលអាចក្លាយជាការពិតនោះទេ បងដឹងទេ? »

«ចុះហេតុអីក៏អូនមិនធ្វើឱ្យវាក្លាយជាការពិតទៅ? ម៉េចក៏មិនត្រលប់ទៅចូលរាងកាយដើម្បីមកជួបបង?»

ខ្ញុំខឹងដែលគេចចេសរឹងរុសយ៉ាងនេះ បើខ្ញុំដឹងថាគេប្រែទៅជាបែបនឹង ខ្ញុំនឹងមិនចូលទៅក្នុងសុបិនដើម្បីប្រាប់គេថាខ្ញុំស្រឡាញ់គេនោះទេ៖

«បើពួកយើងត្រលប់ទៅជួបគ្នាចុះប្រពន្ធបង? ម៉េចក៏មិនគិតពីគាត់សោះ?»

«ចុះអូន? ចង់ឱ្យបងជំពាក់អូនដល់ពេលណាទៀត? ហេតុអីពេលនៅរស់មិនព្រមប្រាប់ថាអូនស្រលាញ់បង?»

ខ្ញុំកាន់តែស្រែកយំព្រោះមិនស្មានថាសូម្បីតែពាក្យបែបនេះក៏គេអាចនិយាយស្តីបន្ទោសខ្ញុំទៅរួច៖

«ខ្ញុំជាស្រីណា…»

«ស្រីប្រុសអី? គ្រាន់តែស្រលាញ់មួយម៉ាត់ពិបាកប្រាប់ណាស់អ្ហែស? ឃើញពេលដែលស្លាប់ទៅស្តាយទេ?»

«ចុះបើបងស្រលាញ់ខ្ញុំដែរម៉េចក៏មិនប្រាប់ខ្ញុំទៅ ដល់តែដឹងថាខ្ញុំស្រលាញ់ទើបធ្វើជាស្រលាញ់?»

គេទាញខ្ញុំទៅឱបជាប់ទ្រូង ធ្វើឱ្យខ្ញុំកាន់តែពិបាកឃាត់ទឹកភ្នែកដែលស្រក់ដូចភ្លៀងមួយមេធំកំពុងបង្អុរចុះ។ រឿងនេះគឺមកពីខ្ញុំដែលគ្មានភាពក្លាហាននឹងប្រាប់គេ គឺមកពីខ្ញុំដែលសុខចិត្តលួចនឹកគេ យល់សប្តិឃើញគេ ហើយសរសេររៀបរាប់ពីគេតែក្នុងសៀវភៅ នាយ៣៣មិនដែលមានសង្សាទេ គេទើបនឹងរៀបការតាមដែលម្តាយឪពុកផ្សុំផ្គុំប៉ុន្មានខែនេះទេ។

«ខ្ញុំមិនចង់ឱ្យបងជំពាក់ខ្ញុំទេ ហើយក៏មិនចង់ឱ្យបងចាំសុបិនស្នេហ៍រវាងយើងទាំងពីរដែរ!»

គេសម្លក់ខ្ញុំសួរទាំងមិនសុខចិត្ត៖

«ហេតុអី? ហេតុអីមិនឱ្យបងចងចាំអូន?»

«ព្រោះខ្ញុំមិនចង់ឱ្យបងឈឺចាប់…បងត្រូវតែរស់នៅជាមួយគ្រួសារបងដោយសុភមង្គល ហើយគ្រាន់តែដឹងថា មិត្តម្នាក់ដែលធ្លាប់រៀនជាមួយបងនៅសាកលវិទ្យាល័យ ហើយមានរូបថតតែមួយសន្លឹកគត់ជាមួយបង នាងស្លាប់ហើយ…បើអាចបងគ្រាន់តែនិយាយពាក្យរំលែកទុក្ខទៅកាន់គ្រួសារនាង ក្រៅពីនេះ ពួកយើងគឺជាអ្នកដទៃ… បើបងមិនចង់ឱ្យខ្ញុំស្លាប់ទៅបិទភ្នែកមិនជិត បងចូលរាងកាយវិញទៅ…»

ខ្ញុំនិយាយបានតែប៉ុណ្ណេះក៏រត់ត្រលប់មកបន្ទប់បងស្រីវិញ ព្រោះបេះដូងរបស់ខ្ញុំហាក់រលាយទៅមុនដួងវិញ្ញាណទៅហើយ បើខ្ញុំនៅបន្តយំមុខគេ ខ្ញុំខ្លាចថាគេអាចនឹងចិត្តដាច់ ចាកចោលគ្រួសារមកធ្វើជាព្រលឹងខ្មោច នៅឋានយមរាជជាមួយខ្ញុំ។ ខ្ញុំមានតែបង្ខំចិត្តចាកចេញពីគេ ហើយមកសំងំយំលើជង្គង់ម៉ាក់ខ្ញុំ ដែលគាត់មិនអាចមើលឃើញខ្ញុំសោះ…

«ម៉ាក់…ខ្ញុំធ្វើត្រូវហើយមែនទេ ដែលផ្តល់ឱកាសឱ្យបងស្រីត្រលប់ទៅធ្វើជាកូនល្អរបស់ម៉ាក់វិញ? គាត់សាងកំហុសចំពោះម៉ាក់ ខ្ញុំខ្លាចតែគាត់គេចមិនផុត ហើយត្រូវយមរាជដាក់ទោស ទោះខ្ញុំមិនដឹងថាខ្លួនឯងអាចនឹងមានបុណ្យគ្រប់គ្រាន់ដើម្បីឡើងទៅឋានលើឬអត់ តែកំហុសគ្រប់យ៉ាងខ្ញុំសុំទទួល ឱ្យតែប៉ា ម៉ាក់និងបងស្រីរស់នៅបានក្តីសុខ…ម៉ាក់ ប៉ា អ្នកទាំងពីរកុំឈឺចិត្តពេកអី បើជាតិក្រោយមានពិត ខ្ញុំសុំធ្វើជាកូនស្រីអ្នកទាំងពីរទៀត…ខ្ញុំស្រឡាញ់អ្នកទាំងពីរណាស់…»

ម៉ាក់ស្រាប់តែស្ទុះក្រោកវឹងសម្តៅទៅគ្រែពេទ្យ ខ្ញុំឃើញលោកប៉ាស្រវេស្រវាបើកទ្វាស្រែកហៅពេទ្យខ្លាំងៗ ក្រឡេកមើលទៅបងស្រី គាត់ក៏បានបើកភ្នែកសម្លឹងមកខ្ញុំ…

«បើបងធ្វើបាបម៉ាក់ដូចពីមុនទៀត ខ្ញុំនឹងយកបងទៅមែនទែនហើយ!»

ខ្ញុំនិយាយគម្រាមទាំងមិនច្បាស់ថាគាត់ឮខ្ញុំឬអត់? បងស្រីខ្ញុំត្រូវគ្រូពេទ្យចោមរោមសង្រ្គោះ តែខ្ញុំក៏បានឃើញដំណក់ទឹកភ្នែករបស់គាត់ដែលស្រក់ចុះមុនពេលស្រីឈុតខ្មៅបានមកហៅខ្ញុំទៅ៖

«ដល់ពេលដែលឯងត្រូវទៅហើយ…!»

«តស៊ូឡើងបងស្រី…!»

ខ្ញុំបានចាកចេញពីបន្ទប់នោះជាមួយស្រីឈុតខ្មៅ។ ពេលគេនាំខ្ញុំដើរទៅ ខ្ញុំក៏ឆ្លៀតក្រឡេកមើលទៅឃើញគ្រួសារនាយ៣៣កំពុងនាំគ្នារីករាយទាំងទឹកភ្នែក។ ខ្ញុំឃើញប្រពន្ធគេឱបម្តាយក្មេកយំសស្រាក់ ខ្ញុំហាក់សប្បាយចិត្ត ដែលការពិតគេមានមនុស្សស្រីម្នាក់ដែលស្រឡាញ់គេយ៉ាងនេះមិនចាញ់ខ្ញុំ បើខ្ញុំអាត្មានិយមបំបែកគេពីនាង ខ្ញុំមិនសមនឹងប្រើត្រកូលជាកូនប៉ាខ្ញុំទេ។

ខ្ញុំស្ទុះរត់ទៅរកគេ តែបានត្រឹមសម្លឹងមើលពីក្រៅបន្ទប់ ខ្ញុំបានឃើញនាយ៣៣បើកភ្នែកឡើងជាមួយនឹងដង្ហើមនៃជីវិតថ្មីដែលគេបានភ្លេចខ្ញុំ ភ្លេចសុបិនស្នេហាប្រាំពីរថ្ងៃនោះ។ ដំណក់ទឹកភ្នែកខ្ញុំកាន់តែមិនដាច់អាល័យពីថ្ពាល់ វាស្រក់មកសន្សឹមៗដូចទៅនឹងដួងវិញ្ញាណខ្ញុំដែលហាក់រលាយចេញពីលោកនេះម្តងបន្តិចៗ…

«នាយ៣៣…បងសម្រាប់ខ្ញុំគ្រាន់តែជាអ្នកដទៃ តែបងនៅក្នុងបេះដូងខ្ញុំជានិច្ច… មិនថាបងភ្លេចឬចងចាំ មិនថាជាតិក្រោយយើងនៅតែគ្មានវាសនាបានជួបគ្នា តែខ្ញុំមិនស្តាយទេ ជាតិនេះដែលខ្ញុំចំណាយពេលនឹកបងដល់ទៅជាងប្រាំឆ្នាំ…អរគុណដែលយ៉ាងហោចណាស់ បងនៅមានរូបថតជាមួយខ្ញុំមួយសន្លឹក ទោះមិនមែនជារូបដែលមានតែយើងពីរនាក់ តែជារូបថតអនុស្សាវរីយ៍ដែលបន្ថែមរសជាតិជីវិតខ្ញុំឱ្យមានន័យរហូតមក ទោះវាត្រឹមជាសុបិន តែបានដឹងថា បងក៏ស្រឡាញ់ខ្ញុំ ខ្ញុំអស់ចិត្តហើយ…!»

លាហើយនាយ៣៣…៕