បូព៌ាអង្គុយក្នុងឡានយ៉ាងស្ងៀមស្ងាត់សម្លឹងទៅនារីដែលខ្លួនស្រលាញ់ ដើរទៅចួបបុរសម្នាក់ទៀត។ គេដឹងយ៉ាងច្បាស់ថា ឧត្តរាសម្លាញ់គេកំពុងត្រៀមចាំសុំនាងរៀបការយ៉ាងរ៉ូមែនទិចនៅលើឆ្នេរ។ គេដឹងទៀតថា សម្លាញ់គេម្នាក់នេះបានរកឃើញនារីដែលគេស្រលាញ់បំផុត ទើបអាចបោះបង់ចរិតជាព្រាននារីបាន។ គេក៏ដឹងទៀតថា បើគេមិនប្រើពាក្យទ្រគោះបោះបោកដាក់និរតីទេ នាងច្បាស់មិនព្រមទទួលមិត្តសម្លាញ់គេឡើយ។ គេដឹងរឿងច្រើនណាស់ តែគេបែរជាមិនដឹងថា នារីម្នាក់កំពុងដើរទៅរកឧត្តរានោះ កំពុងឈឺចាប់នឹងការលះបង់ស្នេហារបស់គេកម្រិតណាទេ។ ………………
វគ្គ៣ កូនក្រមុំខ្មោចចូល
សំឡេងភ្លេងការលាន់ឮគ្រហឹមបង្ហើរពីមេក្រូនៅចុងអម្ពិលបារាំងរបងផ្ទះនិរតី។ ពេលាជ័យដែលលោកតាអាចារ្យបានគន់គូរចូលមកដល់។ គ្រួសារទាំងសងខាងញញឹមស្រស់ពព្រាយពោរពេញដោយក្ដីរំភើបរីករាយ។ និរតីក្លាយជានារីទីមួយដែលអ្នកភូមិស្ងើចសរសើរគ្រប់ៗគ្នាថាមានសំណាងបានប្ដីអ្នកមាន។
មិនត្រឹមតែបានថ្លៃបណ្ណាការខ្ពស់លើសស្រីៗក្នុងភូមិ ថែមទាំងត្រូវបានភាគីកូនកំលោះធានារ៉ាប់រងរាល់ការចំណាយនានាក្នុងពិធីមង្គលការនេះទៀតផង។
នៅលើគ្រែធំខាងមុខផ្ទះ ចាស់ៗជាច្រើននាក់ជុំគ្នាពិសាស្លាម្លូ ជជែកពីនេះពីនោះតាមទម្លាប់អ្នកនៅស្រុកស្រែ។ យាយៗដែលចេះរៀបចំបាយសីកំពុងមមាញឹកនឹងការកាច់ធាងចេកឱ្យត្រូវក្បួន រួចក៏តាំងដោតធូប ទៀន ផ្កាភ្ញី ម្លូស្លាទៅតាមទំនៀមបុរាណ។
មីងៗនៅកាច់ជ្រុងផ្ទះកំពុងជុំគ្នាមើលភ្លើងនំដែលពួកគាត់ឡើងវេចតាំងពីទៀបភ្លឺ។ ថ្មើរនេះនំអន្សមចេក អន្សមផ្អែម នំបត់ នំគម និងនំទៀនឆ្អិនសព្វអស់ហើយ។ មីងៗពីរនាក់ដែលមានមាឌធំមិនចាញ់បុរស ម្នាក់ៗកាន់កន្សែងទ្រាប់ដៃ ចាប់ដៃឆ្នាំងធំដាក់ចុះពីចង្ក្រាន ទុកតែឆ្នាំងនំអន្សមជ្រូកដែលត្រូវស្ងោរបន្តទាល់មេឃងងឹត។
នៅខាងក្រោយផ្ទះគឺរោងចុងភៅ។ គេឃើញគ្រឿងទេសនិងសម្ភារផ្ទះបាយស្កេកស្កះនៅលើគ្រែទ្រវែងមួយព័ទ្ធជុំវិញដោយពូៗចុងភៅ។ អ្នកខ្លះពាក់អាវជិតខ្លួន អ្នកខ្លះលែងខ្លួនទទេមួយកំណាត់លើតែមានក្រមាបង់កសម្រាប់ជូតញើស។ មានអ្នកកាប់សាច់ មានអ្នកបេះបន្លែ មានអ្នកកំពុងចម្អិនម្ហូបទៅតាមការចង់បានរបស់ម្ចាស់ដើមការ។
នៅក្រោមម្លប់ស្វាយឆ្ងាយបន្តិចពីផ្ទះកូនក្រមុំគឺរោងផ្កាស្លា។ គ្រួសារឧត្តរាដ្បិតតែជាអ្នកទីក្រុងមានជីវភាពធូរធារ តែពួកគេមិនប្រកាន់នឹងរោងផ្កាស្លាប្រក់តង់បែបអ្នកស្រុកស្រែឡើយ។
អ៊ំធាម្ដាយកូនក្រមុំឧស្សាហ៍លើកនេះលើកនោះមកឥតដាច់ដោយបារម្ភខ្លាចអ្នកដន្លងមិនសូវពេញចិត្ត។ ម្តងគាត់លើកចេកណាំវ៉ាមកទាំងស្ទង ម្តងគាត់លើកផ្លែដូងមកទាំងធ្លាយ ម្តងនេះគាត់លើកនំខ្មែរដែលទើបស្រង់ពីឆ្នាំងទាំងកញ្ជើមកទៀត។ អ៊ំចម៉្បាម្តាយឧត្ដរាក្រែងចិត្តអ្នកដន្លងណាស់។ គាត់បន្ទោសកូនប្រុសមិនលែងរឿងបណ្ដោយឱ្យម្ដាយក្មេកលើករបស់ធ្ងន់ៗមកជូន ចំជាមិនគម្បីមែន។ អ៊ំធាសើចស្រស់ មិនប្រកាន់អីបន្តិច។ គាត់ជាស្ត្រីមេម៉ាយ ការងារលើកដាក់អស់នេះគាត់ថ្នឹកអស់ទៅហើយ។
នៅខាងលើផ្ទះផ្កាស្រស់ក្នុងថូមុខបន្ទប់រួមគ្នាចោលសម្រស់ផូរផង់ហាក់ចង់ប្រណាំងប្រជែងនឹងសម្ភស្សកូនក្រមុំ។ នារីផ្នួងពីររូបកំពុងសម្អិតសម្អាងតែងកាយឱ្យនិរតីដែលកំពុងអង្គុយកៅអីក្បែរមាត់ទ្វារបន្ទប់នាង។
ទឹកមុខនាងស្រងូត បបូរមាត់ស្លេកស្លាំងមើលទៅដូចមនុស្សកំពុងធ្លាក់ខ្លួនឈឺ។ ក្រែមក្រហមឆេះដែលអ្នកផ្នួងលាបបន្ថែមញឹកញាប់នៅតែមិនអាចជួយឱ្យទម្រង់មុខនាងស្រស់វិញបាន។
សំឡេងជើងទឹបៗរបស់ម្តាយនាងដើរចូលមកក្នុងបន្ទប់។ ក្នុងដៃគាត់មានកាន់កែវដាក់អ្វីមួយមកជាមួយ។ ឈរមើលកូនស្រីតែងកាយបានបន្តិច គាត់ហុចកែវនោះឱ្យនាង ព្រមទាំងនិយាយទាំងមុខស្ងួត៖
«លាបរមៀតខ្លះទៅកូនកុំឱ្យឃើញស្លេកពេក។»
«មិនអីទេម៉ែ នាំប្រឡាក់ពិបាកជូតសម្អាត។ ផ្នួងគេមានគ្រឿងម្សៅគេហើយ។»
«មិនអីយ៉ាងម៉េច មើលទឹកមុខកូនពេលនេះទៅ ស្លក់ណាស់។ ឱ្យម៉ែហៅពេទ្យនៅចុងភូមិមកពិនិត្យទេ?»
«មិនបាច់ទេម៉ែ កូនលាបរមៀតនេះក៏បាន។»
និយាយតែប៉ុណ្ណេះ និរតីលូកដៃទទួលកែវរមៀតពីម្តាយទាំងរញីរញ័រ។ ស្រាប់តែ…
ប្រាវ…កែវរបូតពីដៃនាងធ្លាក់បែកខ្ចាត់ខ្ចាយលើរនាបក្តារ។ ម្សៅរមៀតកំពប់ពេញពាសជះពណ៌លឿងឆ្អៅឆ្អិន។ និរតីប្រញាប់ឱនលូកដៃបម្រុងរើសបំណែកកែវ តែត្រូវម្ដាយឃាត់។ ភ្លាមៗឧត្តរានិងម៉ាក់គេឡើងមកដល់ទាំងស្លន់។
«កើតអីនឹងអ្នក?»
អ៊ំចម៉្បាសួរទាំងព្រួយ។ អ៊ំធាមានអាការអឹមអៀនមិនទាន់ឆ្លើយទៅអ្នកដន្លងភ្លាមវិញទេ ដោយហាក់ទើសទាល់នឹងកូនប្រសាប្រុសនៅទីនេះដែរ។ គាត់លូកដៃកេះអ្នកដន្លងខិតមកកៀនជញ្ជាំងឆ្ងាយបន្តិច ទើបខ្សឹបប្រាប់តិចៗ៖
«កូនស្រីខ្ញុំមកថ្ងៃខែ ទើបនាងមិនសូវស្រួលខ្លួន។»
អ្នកដន្លងបង្ហាញទឹកមុខធូរស្បើយបន្តិចក្រោយពេលដឹងរឿង ទើបខ្សឹបប្រាប់វិញ៖
«ចាំខ្ញុំលួចខ្សឹបប្រាប់កូនប្រុសខ្ញុំ ក្រែងមីអូនអៀនមិនហ៊ានប្រាប់។ អ្នកកុំបារម្ភអី!»
«ចាស! អរគុណអ្នកហើយដែលយល់រឿងនេះ!»
«មនុស្សស្រីត្រូវតែយល់រឿងមនុស្សស្រីដូចគ្នា។ អ៊ីចឹងពួកយើងគិតចុះក្រោមវិញ ខ្ញុំឮអ្នកនៅខាងក្រោមានការរកអ្នកផង។ ឈប់ព្រួយទៀត ទីនេះទុកឱ្យកូនប្រុសខ្ញុំរ៉ាប់រង។»
«ចាស!»
អ្នកដន្លងទាំងសងបណ្ដើរគ្នាចុះដី ទុកឱកាសឱ្យប្ដីប្រពន្ធថ្មោងថ្មីមើលថែគ្នា។ និរតីផ្លាស់ទៅអង្គុយក្បែរបង្អួចវិញ ទុកទីតាំងនេះឱ្យស្វាមីសម្អាត។
ឧត្ដរាយកអំបោសជក់ត្នោតបោសប្រមូលអំបែងកែវទុកម្ដុំ រួចយកក្រណាត់កន្ទបជូតម្សៅរមៀតពីរនាប។ នារីកូនផ្នួងទាំងពីរញញឹមញាប់ញ័រនឹងទង្វើយកចិត្តទុកដាក់របស់កូនកំលោះម្នាក់នេះ។ ពួកនាងកំពុងលួចច្រណែនកូនក្រមុំដែលបានស្វាមីទាំងមានរូបរាងស្រស់សង្ហាទាំងចិត្តល្អ។
«មុតដៃអត់?»
ឧត្តរាសួរកូនក្រមុំដោយសំនៀងព្រួយបារម្ភ។ កូនផ្នួងទាំងពីរធ្វើឫកពាដូចកំពុងលើសជាតិស្ករ។ និរតីបង្ហាញបាតដៃទាំងសងឱ្យស្វាមីពិនិត្យ ព្រមទាំងនិយាយទាំងជឿជាក់៖
«អត់មានកើតអីទេ។»
នាងបម្រុងដកដៃវិញ តែត្រូវនាយក្តាប់ដៃជាប់រួចក៏តាំងអង្អែលថ្នមៗដោយកិរិយាយកចិត្តទុកដាក់។ និរតីឱនមុខជ្រប់ដោយនាងអៀនប្រៀននឹងកូនផ្នួង។ កូនកំលោះយល់ការណ៍ គេប៉ប្រិចនេត្រាជាសញ្ញាទៅពួកនាងភ្លាម។ នារីទាំងពីរយល់រឿងក៏ប្រញាប់បណ្ដើរគ្នាយកអំបែងកែវដែលឧត្តរាប្រមូលរួចទៅចោលនៅដី។
«ទៅក្រោមវិញទៅ អូនត្រូវឱ្យអ្នកផ្នួងតែងខ្លួនបន្ត។»
និរតីបណ្ដើរ នាងប្រឹងដកដៃចេញពីដៃស្វាមីបណ្ដើរ។ តែគ្មានទៅដកបានទេ ឧត្ដរារឹតតែក្រសោបដៃនាងណែនក្ដន់។ គេឱនថើបដៃនាង រួចបញ្ចេញសម្ដីទឹកឃ្មុំ៖
«ថ្ងៃនេះជាថ្ងៃមង្គលរបស់យើង ក៏ជាថ្ងៃដែលបងរំភើបបំផុតក្នុងជីវិតនេះដែរ។ បងត្រូវតែនៅមើលថែអូនគ្រប់ពេល។ បងមិនអនុញ្ញាតឱ្យមានរឿងអ្វីកើតឡើងចំពោះអូនជាដាច់ខាត។»
ទឹបៗ… សម្រិបជើងនរណាម្នាក់ឡើងជណ្ដើរមកទាំងប្រញាប់ប្រញាល់។ ឧត្ដរាព្រមបន្ធូរដៃពន្លែងបាតដៃតូចច្រឡឹងទាំងពីររបស់ភរិយាចេញពីដៃខ្លួន។ នារីរហ័សដកដៃចេញ រួចងាកទៅរកអ្នកដែលកំពុងដើរចូលមក។
«អ៊ំនៅលើនេះអត់បង?»
ប្អូនប្រុសជីដូនមួយនាងនិយាយមក។
«ម៉ែចុះក្រោមយូរដែរហើយ! អូនឯងរកគាត់ធ្វើអី?»
«ខ្ញុំមកហៅគាត់ទៅឱ្យលុយថ្លៃក្បាលជ្រូកគេ។»
«មិនបាច់ទៅរកម៉ែទៀតទេ។ ចាំបងចុះទៅទូទាត់។ ក្រោយៗចំណាយអីក៏ដោយ មកប្រាប់បង ហាមទៅប្រាប់ម៉ែទៀត។»
«បាទបងថ្លៃ!»
………………
ពេលាធ្វើកិច្ចសូត្រមន្តឈានមកដល់។ លោកអាចារ្យរៀបចំឱ្យកូនកំលោះកូនក្រមុំអង្គុយផ្ទឹមគ្នា ដោយមានរណ្តាប់រៀបចំនៅខាងមុខស្កេកស្កះ។ គ្រប់គ្នាហាក់ភ្ញាក់ផ្អើលនឹងរូបសម្ភស្សកូនក្រមុំដែលមានសភាពស្លេកស្លាំងស្លក់ហាក់ដូចមនុស្សបាត់វិញ្ញាណ។
ក្រែមពណ៌ក្រហមឆេះលើបបូរមាត់នាងនៅមិនអាចលើកសម្រស់ឱ្យស្រស់បស់បាន។ បងប្អូនញាតិមិត្តដែលមកចូលរួមពិធីចេះតែខ្សឹបខ្សៀវសួរគ្នាថា កូនក្រមុំឈឺអី? ឯម្តាយនិងម្តាយក្មេករបស់កូនក្រមុំក៏ចេះតែខ្សឹបតបវិញស្ងាត់ៗព្រោះមិនចង់ឱ្យញាតិមិត្តជាបុរសដឹងឮ។
នៅរោងផ្កាស្លា ស្ដ្រីមានផ្ទៃពោះម្នាក់កំពុងបកចេកទុំពមយកៗ។ នាងត្រូវជាមីងរបស់កូនកំលោះ។ ដោយសារនាងមានផ្ទៃពោះ មិនស្រណុកដើរចុះដើរឡើងផង ទើបគេក៏ប្រគល់ភារៈចាំរោងផ្កាស្លាឱ្យបំពេញ។ ទឹកមុខស្អុយប៉ែប្រែជារីកភ្លាមក្រោយពេលនាងឃើញបូព៌ាឈប់ម៉ូតូខាងមុខរោង។ រកតែគ្នាចុះពីម៉ូតូមិនទាន់ នាងចាប់សួរនាំ៖
«ថ្មើរនេះហើយទើបមកដល់?»
បូព៌ាយួរកាតាបដើរចូលរោងបណ្ដើរ ឆ្លើយតបបណ្ដើរ៖
«បន្ទោសខ្ញុំមិនបានទេអ៊ី បើក្មួយប្រុសអ៊ីផ្ដាំផ្ញើការងារមួយលានជំពូកឱ្យខ្ញុំធ្វើ។»
«ការងារស្អីខ្លះក៏ច្រើនម៉្លេះ?»
«មិនអាចប្រាប់អ៊ីបានទេ ទុកឱ្យភ្ញាក់ផ្អើល។»
«មិនប្រាប់ក៏ហីទៅ បានឯងមក អ៊ីធូរទ្រូង។»
បូព៌ាទុកដាក់កាតាបស្រួលបួល ទើបតបវិញ៖
«មានអីឱ្យខ្ញុំជួយ?»
«ឯងយកលុយក្នុងកាបូបខ្មៅនេះទុកជាប់ខ្លួន ចាំទូទាត់ចំណាយ។ អ៊ីមិនសូវយល់ពីអារ៉ាទេ ស្រលាញ់ប្រពន្ធផ្កាប់មុខ។ កូនក្រមុំជនបទដាច់ស្រយាលសោះហ៊ានឱ្យបណ្ណាការដល់ទៅមួយម៉ឺនដុល្លារ ហើយនៅរ៉ាប់រងចំណាយនានាសព្វមុខទៀត។ អ៊ីប្រាប់ទៅចុះ ស្រុកនេះឃើញដាច់ស្រយាលចឹងទេ តែចាយលុយដូចក្រដាស។ អាងតែខាងប្រុសធានាចេញលុយ ខាងស្រីពឺតតែពីចាយ។ ពិធីរៀបការតូចតាចមួយសោះ ទិញក្បាលជ្រូកដប់។ អ៊ីឃើញហើយរកតែពុទ្ធោទេ។»
«តាមទំនៀមស្រុកគេទេអ៊ី! ស្រុកនេះបុរាណណាស់។ ក្បាលជ្រូកដប់ហ្នឹងសែនអ្នកតាមិនសប់កន្លែងផង។ ភូមិនេះ តែដំបូកកណ្ដៀរពូនជាប់គល់ឈើក៏គេនាំគ្នាគោរពសែនព្រេនដែរ។ គេជឿផ្លូវងងឹតណាស់។ កាលភ្ជាប់ពាក្យសែនខ្មោចមិនចេះតិចកន្លែង ទម្រាំការធំអ៊ីចេះទៀត។ អ៊ីមានផ្ទៃពោះផង កុំមាត់ច្រើន។ យើងគួរចូលស្ទឹងតាមបទ។ គេគោរពអី យើងគោរពហ្នឹងដែរទៅ។»
ឮតែប៉ុណ្ណេះ នាងរហ័សយកដៃខ្ទប់មាត់លែងនិយាយ។ បូព៌ាលួចសើចស្ងាត់ៗ។ មនុស្សមាត់ច្រើនបែបនេះ ទាល់តែគំរាមខ្លះទើបស្ងាត់។ កំលោះដោះអាវក្រៅចេញពីខ្លួន រួចរូតកាតាបលូកយកកូនក្លងមួយកាន់ក្នុងដៃ។ ប្រុងនឹងដើរចេញទៅចូលរួមពិធី សម្លាញ់របស់គេរត់ត្រហេបត្រហបមក៖
«ឯងយកឡានគ្នាជូនកូនផ្នួងទៅផ្សារបន្តិច។»
«មានរឿងអី?»
«គ្មានពេលប្រាប់ទេ ប្រញាប់ទៅឱ្យលឿនឡើង។ អូ! ហីមានយកដន្លាប់មន្តគ្នាមកទេ?»
បូព៌ាហុចកូនក្លងក្នុងដៃឱ្យមិត្តសម្លាញ់ រួមជាមួយសម្ដីត្អូញត្អែរ៖
«ដោយសាររវល់រកដន្លាប់ស្នេហ៍របស់ឯងនេះ បានជាគ្នាមកយឺត។ មិនដឹងជាយកមកធ្វើអី? អំពល់ឥតប្រយោជន៍។»
«យកមកលាបមុខកុំឱ្យចាញ់ច្រាបគេ។ ឈប់រអ៊ូទៀត ឆាប់ទៅផ្សារឱ្យលឿន។»
ឧត្ដរាប្រញាប់យកដន្លាប់មន្តរបស់គេពីដៃបូព៌ា ដោយទុកជំនួសវិញនូវកូនសោឡាន។ គេបកទៅចូលរួមពិធីវិញ ទុកឱ្យមិត្តសម្លាញ់ដែលទើបធ្វើដំណើរមកដល់ត្រូវចេញដំណើរទៅទីផ្សេងទៀត។ ពីទីនេះទៅផ្សារចម្ងាយជាងដប់គីឡូម៉ែត្រ។ សមនឹងផ្លូវលំជង្ហុកធំៗទៀត ដំណើរទៅផ្សារនេះមិនជាលឿនប៉ុន្មានទេ។ បូព៌ាបើករថយន្តយឺតៗព្រោះមិនចង់ឱ្យកូនផ្នួងទាំងពីររូបដែលជិះនៅខាងក្រោយរលាក់ខ្លាំង។
«បន្ទោសៗ គិតតែបន្ទោសផ្នួង។ បើកូនក្រមុំធ្វើចរិតចឹង ផ្នួងណាតែងឱ្យស្អាតបាន។»
«មែនហ្នឹង! ដល់តែជ្រុលពេកចង់តែបោកគ្រាប់បែកទេ។»
នារីទាំងពីរនិយាយគ្នាយ៉ាងក្លាហានមិនខ្លាចបូព៌ារាយការណ៍ប្រាប់កូនក្រមុំ។ បូព៌ាគ្មានទម្លាប់នាំរឿងទេ តែគេនឹកឆ្ងល់នឹងឃ្លាដែលកូនផ្នួងនិយាយថា កូនក្រមុំធ្វើចរិតអ៊ីចឹង។ គេសួររបៀបបង្វែងដាន៖
«ប្អូនៗទៅផ្សារមានកិច្ចអីបន្ទាន់?»
កូនផ្នួងម្នាក់ឆ្លើយតប៖
«ចាសបង ពួកខ្ញុំត្រូវទៅទិញគ្រឿងសម្អាងថ្មីតាមការចង់បានរបស់កូនកំលោះ។ ដើរមួយរោងនេះយ៉ាប់ណាស់បង ត្រូវមាត់គេមិនឈប់។ គេចោមរោមថាពួកខ្ញុំតែងកូនក្រមុំពីស្អាតទៅជាអាក្រក់។ បងជួយគិតមើល មុនពេលតែងខ្លួន កូនក្រមុំយំមិនឈប់។ មុខគាត់វិញស្រពោនមិនរីកសោះ។ សម្បុរវិញឡើងប្រផេះ ដូចកំពុងឈឺធ្ងន់។ ពួកខ្ញុំខំប្រឹងកែឆ្នៃណាស់ ទើបតែងខ្លួនបានគ្រាន់បើ តែកូនកំលោះនិងម៉ាក់គាត់បែរជាបន្ទោសពួកខ្ញុំឥតស្រាក។»
រថយន្តចាប់បន្ថយល្បឿនយឺតបំផុតបើទោះជាតៃកុងបើកផុតជង្ហុកក៏ដោយ។ កូនផ្នួងគិតថាតៃកុងប្រហែលចាប់អារម្មណ៍រឿងដែលពួកនាងកំពុងនិយាយទើបបន្ថយល្បឿនដើម្បីបានស្រួលស្តាប់។ ពួកនាងចាប់បន្ថែមល្បោយ៖
«ខ្ញុំសង្ស័យតែកូនក្រមុំមានសង្សារ តែត្រូវម្ដាយចាប់បង្ខំឱ្យរៀបការជាមួយអ្នកមាន។ មើលទៅគាត់ដូចគ្មានចិត្តស្រលាញ់កូនកំលោះសោះ។ គាត់សំងំយំក្នុងបន្ទប់ច្រើនដង គឺយំនឹកដល់សង្សារ។ អាណិតណាស់។ គាត់ខូចចិត្តរហូតសុខភាពធ្លាក់ចុះបែបនេះ ខ្លាចតែរស់មិនបានយូរទេ។»
រថយន្តឈប់ង៉ក់! តៃកុងបញ្ជាឡានប្ដូរទិសដៅទៅក្រោយវិញភ្លាម។
«សូមទោស! គឺខ្ញុំមិនគប្បីនឹងនាង។»
គេនិយាយតែប៉ុណ្ណេះក៏បញ្ជារថយន្តលឿនស្លេវត្រលប់ទៅផ្ទះការវិញ ទុកឱ្យកូនផ្នួងមើលមុខគ្នាឡិងឡង់ៗដោយក្ដីងឿងឆ្ងល់។
…………
ចប់ពិធីភ្លាម អ៊ំធាប្រញាប់ឱ្យខាងចុងភៅរៀបចំបាយទឹកជូនកូនកំលោះកូនក្រមុំភ្លាម។ គាត់ព្រួយខ្លាំងដោយឃើញទឹកមុខនិរតីប្រែជាបែកខ្មៅពិបាកមើល។ កូនក្រមុំដែលគ្រប់គ្នារំពឹងទុកថានឹងស្រស់ស្អាតដូចទេពអប្សរ បែរជាផ្ទុយស្រឡះទៅវិញ។
«ខ្ញុំអត់ឃ្លានទេម៉ែ!»
និរតីប្រឹងប្រកែក តែម្ដាយនាងឃាត់ភ្លាម៖
«អត់ឃ្លានយ៉ាងម៉េច ទឹកមុខកូនអាក្រក់មើលណាស់។ ហូបបាយតិចទៅ ចាំម៉ែកោសខ្យល់ឱ្យ។ កូនឯងទុកខ្យល់ឱ្យទុំទើបទៅជាបែបនេះ។»
«ខ្ញុំចង់ឡើងទៅសម្រាកខាងលើសិន។ ពេលឃ្លានចាំខ្ញុំចុះមកហូប។»
អ៊ំធាប្រុងតែឃាត់កូនស្រីទៀត តែត្រូវកូនប្រសារកាត់មុន៖
«អង្គុយស្ដាប់លោកតាយូរចុចជើងចុកចង្កេះណាស់។ ឱ្យនិរតីទៅសម្រាកសិនក៏ល្អដែរម៉ែ។»
និយាយចប់ គេដើរទន្ទឹមនាងបំណងឡើងជណ្តើរទៅខាងលើជាមួយនាងដែរ តែនាងប្រកែក៖
«បងត្រូវនៅកំដរម៉ាក់បងប្អូនខាងបងញ៉ាំបាយ កុំឱ្យពួកគាត់ទើសទាល់។ អូនមិនអីទេ!»
ឧត្តរាឈរស្ងៀមទុកឱ្យភរិយាឡើងជណ្ដើរទៅសម្រាកខាងលើផ្ទះម្នាក់ឯង។ គេយល់ច្បាស់ថាខណៈនេះ នាងចង់នៅម្នាក់ឯងច្រើនជាង។ នៅក្រោមផ្ទះ ក្រុមចង់ភៅចាប់រៀបចំអាហារសម្រាប់ភ្ញៀវគ្រប់គ្នា។ អ៊ំធាខ្នះខ្នែងលើកម្ហូបមកទទួលសាច់ញាតិខាងកូនប្រុស ទាល់តែកូនប្រសារអូសដៃឱ្យទៅអង្គុយនៅតុទន្ទឹមនឹងម៉ាក់គេ ហើយសុំខ្លួនជាអ្នកលើកម្ហូបជំនួស។
សន្ធឹកផ្គរក្តុងក្តាំងលាន់ឮបន្តកន្ទុយគ្នា។ ផ្លេកបន្ទោរព្រាកៗ ខ្យល់កន្ត្រាក់វាយបំបាក់មែកឈើលាន់ប្រាវៗ។ ភ្លៀងក៏ចាប់ទម្លាក់ខ្លួនមកតាមក្រោយ។ ដើមក្ទម្ពទេសបះជើងច្រាងដួលស្លាប់ក្បែរសមដើមកន្ទួតជូរដែលទើបរលំមុននេះ។ ស្នូរខ្យល់ក៏តាំងបំប៉ោងអំណាចមួយវឹងទៀតបក់នាំគម្របចានឆ្នាំងដែលដាក់ហាលសម្ងួតនៅលើគ្រែចុងភៅក្រោយផ្ទះឱ្យហើរធ្លាក់ដីរំលងបួនដប់ម៉ែត្រ។
ឧត្តរាស្ទុះវឹងឡើងជណ្តើរទៅរកនិរតី។ អ៊ំធាប្រញាប់នាំអ្នកដន្លងនិងសាច់ញាតិខាងកូនប្រសារចេញពីរោងផ្កាស្លាទៅស្នាក់ផ្ទះអ្នកជិតខាង។ នៅខាងក្រៅ មែកឈើបន្តបាក់ធ្លាក់ជាហូរហែរតាមអំណាចខ្យល់។ អ៊ំចម្ប៉ានិងសាច់ញាតិហាក់បាត់ព្រលឹងពីក្នុងខ្លួន។ ពួកគេជាអ្នកទីក្រុងមិនធ្លាប់បានឆ្លងកាត់ស្ថានភាពនេះពីមុនមក។ ម្ល៉ោះហើយ ម្នាក់ៗមានការភិតភ័យជាងអ៊ំធាឆ្ងាយណាស់។
ស្រមោលនរណាម្នាក់កំពុងរត់កាត់ភ្លៀងពីខាងក្រៅមក។ គ្រាន់តែរត់មកដល់ភ្លាម គេនិយាយទាំងស្លន់៖
«និរតី…»
បូព៌ាផ្អាកសម្តីបន្តិចព្រោះត្រូវសម្រួលដង្ហើមដែលសឹងរត់មិនដល់គ្នាព្រោះតែប្រឹងរត់មកនេះ។ អ៊ំធាសួរបញ្ជាក់វិញទាំងភ័យ៖
«មានរឿងអីក្មួយ? និរតីកើតអី?»
«និរតី…និរតីខ្មោចចូល។»
គ្រប់គ្នាស្រឡាំងកាំង។ អ៊ំធាស្ទុះវឹងសំដៅទៅផ្ទះវិញភ្លាម។ អ្នកផ្សេងទៀតក៏ស្រវេស្រវារកស្បោងកៅស៊ូទទូរក្បាលទៅតាមក្រោយដែរ។ អ៊ំចម្ប៉ាហាក់មានស្មារតីនឹងធឹងជាងគេ។ គាត់សួរបូព៌ាបញ្ជាក់៖
«និយាយឱ្យច្បាស់មកក្មួយ និរតីខ្មោចចូលយ៉ាងម៉េច?»
«ខ្ញុំក៏មិនច្បាស់ដែរអ៊ំ! ខ្ញុំឮអ្នកផ្នួងពីរនាក់នៅខាងលើផ្ទះស្រែកចេកចាច ហើយនិយាយបែបនេះ ក៏ប្រញាប់មកប្រាប់ទាំងអស់គ្នា។»
គ្រប់គ្នាដើរមកដល់មាត់ជណ្តើរទាំងទទឹកភ្លៀងជោក។ គេឮសំឡេងព្រូសៗពីលើផ្ទះមកហាក់ដូចជាសំឡេងបោកប្រាស់របស់របរ។ នារីផ្នួងពីរនាក់រត់ចុះជណ្តើរមកទាំងភ័យញ័រប្រាណ។
«កូនក្រមុំ…កូនក្រមុំខ្មោចចូល។»
នារីទាំងពីរទន្ទេញឃ្លានេះទាំងញ័រមាត់ ហាក់ព្រលឹងចេញពីខ្លួនអស់។ គ្រប់គ្នាក៏ប្រញាប់ឡើងទៅខាងលើផ្ទះ។ ក្នុងសភាពសក់វែងកន្ទ្រីងកន្ទ្រើង មុខសស្លេកដូចសាកសព និរតីកំពុងអង្គុយយោលជើងនៅលើធ្នឹមផ្ទះ។ ភ្នែកនាងសស្កុងបើកធំក្រឡេបក្រឡាប់ សើចផងយំផង លក្ខណៈដូចខ្មោចព្រាយនៅក្នុងភាពយន្ត។
«ចុះមកកូន! កូនម្ដាយ! ចុះភ្លាមមក!»
អ៊ំធាយំហ៊ូៗលើកដៃសំពះកូនស្រី។ ខណៈនេះ គ្មានអ្នកណាមិនតក់ស្លុតនឹងស្ថានភាពរបស់និរតីនោះទេ។ នាងកំពុងវវ្វេងវង្វាន់លែងស្គាល់គេឯង លែងស្គាល់ទាំងម្ដាយនិងស្វាមីផង។
ឧត្ដរារំកិលខ្លួនសន្លឹមៗនៅលើធ្នឹមសំដៅទៅរកនាង។ និរតីក៏តាំងលើកដៃចង្អុលនិងស្រែកគំរាម៖
«កុំចូលមកជិតយើង អាមនុស្សអាក្រក់!»
ឧត្តរាផ្អាករំកិលខ្លួន ដោយព្យាយាមនិយាយលួងលោមភរិយា៖
«និរតីគឺបងណា! បងគឺឧត្តរា ជាប្តីរបស់អូន។»
«ឯងជាបិសាច ឆាប់ចេញពីមុខយើងភ្លាម។»
នៅខាងក្រៅ មេឃបង្អុរភ្លៀងឥតឈប់។ អ៊ំធានិងអ្នកភូមិផងរៀបចំអុជធូបទានបែរបន់ដូនតានិងជំនាងផ្ទះ។ ផ្សែងធូបហុយទ្រលោមពេញផ្ទះ។ នរណាម្នាក់ដែលឈរក្បែរបង្អួច លូកដៃដកគន្លឹះបង្ហើបបង្អួចបន្តិចឱ្យខ្យល់ចេញចូល កុំឱ្យឈ្លក់ផ្សែងធូប។ អ៊ំធានិងអ្នកភូមិនិយាយបែរបន់ដល់គ្រប់ឈ្មោះអ្នកតាក្នុងភូមិ។
និរតីហាក់មានសភាពរឹតតែធ្ងន់ធ្ងរ។ នាងកាន់កូនកាំបិតមុខសស្ញាញក្នុងដៃ សម្លឹងចុះឡើងហាក់មិនច្បាស់ថាចង់ធ្វើអ្វី។ អ៊ំធាគ្រាន់តែឃើញបែបនេះ ខ្លួនគាត់ប្រែទន់រងៀក និយាយលែងចេញ។ អ្នកភូមិផងប្រញាប់ជួយរឺតច្របាច់ មានទាំងយកប្រេងកូឡាមកលាបឱ្យផង។
ឧត្ដរាចាប់រំកិលខ្លួនសន្សឹមៗទៅរកនាង។ ម្ដងនេះគេហាក់ក្លាហានជាងមុន បើទោះបីជានាងស្រែកគំរាមមិនឱ្យគេចូលក្បែរក៏ដោយ។ អ្នកភូមិប្រុសៗពីរបីនាក់ទៀត ឡើងតាមគ្រប់សសរ ជាហេតុធ្វើឱ្យអាការនិរតីកាន់តែជ្រួលច្របល់។ នាងលើកកាំបិតប្រុងនឹងអារកដៃខ្លួនឯង ស្រាប់តែ…
«និរតី!»
សំឡេងស្រាលស្រទន់ផ្អែមត្រជាក់របស់នរណាម្នាក់ហៅឈ្មោះនាងរត់ទៅបង្កកដៃនាងឱ្យនៅស្ងៀមទ្រឹង។ ទឹកមុខនាងក៏ចាប់ប្រែប្លែក។ នាងសម្លឹងមុខម្ចាស់សំឡេងឥតប៉ប្រិចហាក់ដូចចំណាំម្នាក់នោះបាន។ ម្រាមដៃនាងរលាយឺតៗអនុញ្ញាតឱ្យកូនកាំបិតជ្រុះខ្ពាកទៅលើរនាបក្ដារ។ កែវភ្នែកនាងផ្លាស់ប្រែពីសភាពសស្កុងមកជារលីងរលោង។ ទឹកភ្នែកក៏រមៀលចុះរឹមៗ។
ម្ចាស់សំឡេងរំកិលខ្លួនយឺតៗពីចុងធ្នឹមម្ខាងសំដៅទៅរកនាង។ ស្នាមញញឹមលើផ្ទៃមុខគេហាក់ជាមន្តសណ្ដំបន្ទន់និរតីឱ្យលង់លក់។ កែវភ្នែកនាងចាប់ផ្តើមបិទបន្តិចម្តងៗ ឯរាងកាយទន់ល្វើយ។ នាងផ្ដួលខ្លួនចុះស្របពេលបុរសម្នាក់នោះលូកដៃត្រកងខ្លួននាងជាប់។
អ្នកភូមិផងត្រលប់ទៅផ្ទះវិញរៀងខ្លួន ក្រោយសភាពនិរតីបានស្ងប់។ បរិយាកាសក្នុងផ្ទះប្រែជាស្ងប់ស្ងាត់។ អ៊ំធាមិនទាន់រលឹកដឹងខ្លួននៅឡើយ។ អ៊ំចម្ប៉ាគេងក្បែរអ្នកដន្លងដើម្បីងាយស្រួលមើលថែ។ ឯឧត្តរាអង្គុយក្បែរកូនក្រមុំជាប់មិនទៅណា។ គេបារម្ភខ្លាចនាងមិនស្រួលទៀត។ ម៉្យាងគេចង់ក៏ឱ្យអ្នកដែលនាងបើកភ្នែកឃើញមុនគេ គឺរូបគេ។
រំលងអធ្រាត្រ បូព៌ាសុំខ្លួនមកជំនួស៖
«គេងទៅ ទីនេះទុកឱ្យគ្នាម្តង។»
ប្រយោគរបស់បូព៌ាមិនបានធ្វើឱ្យឧត្តរាស្ងប់ចិត្តឡើយ។ គេនៅតែនឹកឃើញរូបភាពមុននេះ។ កូនក្រមុំរបស់គេស្រែកគំរាមដេញគេចេញពីខ្លួននាង តែបែរជាបន្ទន់ខ្លួនគេងកើយលើទ្រូងបូព៌ាទៅវិញ។ បូព៌ាប្រាប់ថាគេមានខ្សែកមន្តអាគមពិសេសដែលអាចបោសកំរោលបានមួយគ្រា ទើបគេអាចជួយនិរតីមុននេះបាន។ បែបហ្នឹងក៏ដោយ ក៏គេនៅមិនអាចស្ងប់ចិត្តបាន។ គេតបវិញទាំងមួហ្មង៖
«មិនអីទេ មិនទាន់ងុយផង។»
«តែឯងហត់ពេញមួយថ្ងៃហើយណា។»
«ខ្ញុំជាប្តីនាង។ ប្តីមានតួនាទីមើលថែប្រពន្ធ។»
បូព៌ាស្ងាត់មាត់ដូចគេចុក។ មុននេះប្រហែលជាគេរំភើបពេកដែលបានជួយនិរតីឱ្យឈប់វង្វេងទៀត ទើបគេភ្លេចខ្លួនថា នាងនិងសម្លាញ់គេគឺជាកូនកំលោះកូនក្រមុំកំពុងរៀបការ។ ពាក្យសម្លាញ់គេមួយឃ្លានេះហាក់ដូចទឹកជះចំកណ្ដាលមុខឱ្យស្វាងថា អ្នកណាទើបត្រូវជាអ្នកមើលថែនាង។ គេឱនមុខជ្រប់ ដើរចេញទៅឈរម្នាក់ឯងនៅរានហាល។ ថ្វីបើគេមិនមានមាត់កអ្វីមួយម៉ាត់ តែច្បាស់ណាស់បេះដូងគេកំពុងទួញថ្ងូរជំនួស។
…………………
ព្រឹកឡើង អ៊ំធារៀបចំបង្អែមចំអាបរាប់សិបថាសឱ្យអ្នកភូមិផងយកទៅសែនអ្នកតាគ្រប់កន្លែងក្នុងភូមិ។ អ៊ំចម្ប៉ាតាមឈរក្បែរគាត់ជាប់ ដោយបារម្ភខ្លាចអ្នកដន្លងកើតខ្យល់ដួលសន្លប់ទៀត។ នៅខាងលើផ្ទះ ឧត្តរាបំពេញតួនាទីជាអ្នកមើលថែប្រពន្ធបានយ៉ាងល្អ។ មួយយប់ទល់ភ្លឺមកនេះ គេគ្មានឃ្លាតពីនាងសូម្បីមួយពេល។
«ចេញ! ចេញឱ្យឆ្ងាយ!»
សំឡេងនិរតីស្រែកចេញពីបន្ទប់គេងរបស់នាង។ អ៊ំៗទាំងពីរប្រញាប់ឡើងទៅខាងលើផ្ទះភ្លាម។ និរតីអង្គុយញ័រខ្លួនទទ្រើកនៅចុងគ្រែ។ នាងឃ្លុំភួយជុំខ្លួន រាងកាយញាក់ញ័រទទ្រើក។ ឧត្តរាឈរឆ្កុងក្បែរគ្រែហាក់មិនយល់អ្វីគ្រប់យ៉ាង។ គេខំតែសង្ឃឹមថាក្រោយប្រពន្ធដឹងខ្លួន មុខតែនាងលែងមានអាការចម្លែកទៀត។ តែនេះនាងនៅតែភ័យខ្លាច នៅតែចាត់ទុកគេជាបិសាចដដែល។
«អាណិតម៉ែ កូនចុះក្រោមសិនទៅ។»
ឧត្ដរាប្រែទឹកមុខរឹតតែស្រងូតក្រោយត្រូវម្ដាយក្មេកអង្វរ។ គេឱនមុខជ្រប់ ចុះកាំជណ្តើរទាំងល្វើយ។ ក្រឡេកមើលជុំវិញខ្លួន គេស្រាប់តែភ្ញាក់ព្រើត។ រោងការកំពុងត្រូវបានរុះវិញ ឯចានឆ្នាំង និងរបស់របរផ្សេងទៀតក៏ត្រូវបានរាប់ប្រគល់ឱ្យអ្នករោងវិញដែរ។ ស្មានមិនដល់ ពិតជាស្មានមិនដល់។ ពិធីរៀបការដែលនឹងត្រូវប្រារព្ធឡើងយ៉ាងអ៊ឹកអធឹក ប្រែជារលាយសូន្យ។ គេលែងជាកូនកំលោះទៀតហើយ។
«ប្រាប់ក្មួយបូព៌ាឱ្យជូនពួកយើងទៅរកផ្ទះគ្រូ។»
អ៊ំធាស្រែកប្រាប់ពីលើផ្ទះមក។ ឧត្ដរារឹតតែអន់ចិត្តដែលគ្រប់គ្នាមើលឃើញបូព៌ាសំខាន់ជាងខ្លួន។ តែគ្មានជម្រើសទេ ព្រោះគេក៏មិនដឹងថាត្រូវធ្វើអីបន្ត។ អំឡុងពេលនេះ រកវិធីព្យាបាលនិរតីឱ្យជាសះស្បើយជារឿងចម្បងបំផុត។ រឿងអក់អន់ស្រពន់ចិត្តទាំងឡាយគួរទុកមួយឡែកសិន។
…………………
វគ្គ៤ អានុភាពលោហិត
ឆ្កែពពាលខ្នងពីរក្បាលរត់ស្រ ហាចង្កូមដ៏ស្រួចរលែមមកទទួលរថយន្ត។ គ្រប់គ្នាមិនទាន់ហ៊ានបើកទ្វារឡានចុះទេ រង់ចាំម្ចាស់ផ្ទះចេញមកបង្អើលឆ្កែសិន។ ដោយចាំយូរពេក ឧត្ដរាក៏សម្រេចចិត្តចុចស៊ីផ្លេជាសញ្ញាសុំជំនួយ។
«ចូលផ្ទះភ្លាម!»
សំឡេងញ័រៗបន្លឺពីក្នុងផ្ទះមក អាពពាលខ្នងទាំងពីរក្បាលក៏បែរត្រលប់រត់ចូលទៅដេកក្រោមគ្រែវិញ។ លោកយាយចំណាស់ម្នាក់និយាយបណ្តើរ ក្អកខះៗបណ្តើរមកទទួលភ្ញៀវ៖
«ស្រូតចូលមកចៅ ទុកយូរទៀតមិនបានទេ ស្រូតឆាប់។»
អ៊ំធានិងអ៊ំចម្ប៉ាដែលអង្គុយនៅកៅអីក្រោយបើកភ្នែកធំ សម្លឹងមុខគ្នារបៀបភ្ញាក់ផ្អើល។ ឧត្តរា និងបូព៌ាហាក់មិនមានចម្លែកចិត្តអ្វីទេ។ អ្នកទាំងពីរឧស្សាហ៍ងាកក្រោយមើលនិរតីដែលកំពុងគេងលក់កើយស្មាម្ដាយនាង។ អ៊ំចម្ប៉ាយកដៃកេះស្មាអ្នកដន្លង ព្រមទាំងនិយាយតិចៗ៖
«គ្រូគេនេះពូកែណាស់ មិនទាន់ទាំងបានចួបផង គាត់ដឹងមុនថាយើងប្រញាប់។ មើលទៅ យើងមកត្រូវកន្លែងហើយ។»
«អាចថាមកពីកូនស្រីខ្ញុំមាននិស្ស័យនឹងទីនេះក៏ថាបាន។ តាំងពីកំណើតមកនាងស្រលាញ់ផ្កាអង្គារបុស្បណាស់។ ទីណាដែលមានផ្កាអង្គារបុស្ប នាងតែងតែទោរទន់ទៅរក ហើយទីនេះក៏មានផ្កាអង្គារបុស្បដែរ។»
អ៊ំធាចង្អុលតាមកញ្ចក់ឡានឆ្ពោះទៅដើមអង្គារបុស្បមួយដើមធំខ្ពស់ មានផ្ការីកស្គុសស្គាយបញ្ចេញពណ៌សក្បុសនៅខាងមុខផ្ទះគ្រូ។ អ៊ំចម្ប៉ាសម្លឹងឥតដាក់តាមការចង្អុលររបស់ដន្លង។ ស្នាមញញឹមក៏លេចឡើងលើផ្ទៃមុខគាត់ទៅតាមសម្រស់ផ្កាអង្គារបុស្ប។
«ពុទ្ធោម៉ាក់! អ្នកមកទីនេះអ្នកណាមិនមានការប្រញាប់។ រឿងប៉ុណ្ណេះសោះ ខ្ញុំក៏និយាយបានដែរ។ គ្មានអីពិសេសផង។»
ប្រយោគរបស់ឧត្ដរាធ្វើឱ្យម៉ាក់និងម្ដាយក្មេកគេមើលមុខគ្នាដោយមិនសូវសប្បាយចិត្ត។ អ៊ំចម្ប៉ាបម្រុងស្ដីបន្ទោសកូនប្រុស តែអ៊ំធាលើកដៃរាឃាត់។ គាត់ដឹងថាក្មេងជំនាន់ក្រោយមិនសូវជឿលើរឿងអស់ហ្នឹងដូចចាស់ជំនាន់មុនឡើយ។ ម្ល៉ោះហើយ មិនចង់ឱ្យមានការជជែកគ្នាឥតប្រយោជន៍។
បូព៌ាដោះខ្សែក្រវាត់ចេញពីខ្លួន រួចនិយាយទៅអ្នកខាងក្រោយ៖
«ដាស់និរតីឱ្យភ្ញាក់ រួចប្រញាប់ចុះទៅ។ កុំបារម្ភអី គ្រូទីនេះពូកែណាស់។ ខ្សែកដែលអាចជួយបោសកំរោលឱ្យនិរតីកាលពីយប់មិញ គឺគាត់ជាអ្នកប្រសិទ្ធីឱ្យខ្ញុំ។» សម្ដីនេះធ្វើឱ្យអ៊ំធាប្រញាប់ដាស់និរតីឱ្យភ្ញាក់ រួចក៏ញាប់ដៃញាប់ជើងរៀបចំគ្រឿងរណ្ដាប់ចុះពីឡាន។ ឧត្ដរានៅអង្គុយធ្មឹង។ គេប្លែក…ប្លែកនឹងសម្តីមិត្តសម្លាញ់។ ធម្មតា បូព៌ាមិនដែលជឿរឿងគ្រូរឿងសិល្ប៍អ្វីទេ។ ចុះគេលួចមកប្រសិទ្ធីខ្សែកនេះពីអង្កាល់? សម្ដីដែលគេនិយាយមកហាក់ដូចជាគេជាមនុស្សមានជំនឿមុតមាំលើផ្លូវងងឹតនេះណាស់។
មានភាគបន្ត…
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ