ពេទ្យរបស់ប៉ូលិសបានសង្គ្រោះនាងញាប់ដៃ ហើយជូនព័ត៌មានឪពុកនាងថា ហ្សេននឹងស្លាប់ក្នុងរវាងពេល៣ម៉ោង។
ប៉ារបស់នាងឈឺចាប់ណាស់។
«យើងមិនព្រមឱ្យកូនយើងមកស្លាប់ដោយគ្មានន័យទេ!»
«និយាយរូបមន្តសំណរមក យើងនឹងចេញទៅសងសឹកឱ្យឯង!»
«បើឯងធ្វើបាន ឯងកម្ចាត់Bonnanoជាយូរហើយ!» មេសំណរពិឃាត និយាយទាំងកំហឹងនិងបង្ហាញស្មារតីមិនសហការជាមួយដុករ៉េមុន។
មនុស្សនេះ ឈរមើលកូនស្រីស្លាប់ មិនមែនជារឿងល្អទេ ប្រសិនហ្សេនណៃដាបាត់ទៅ ជនជាតិជប៉ុននេះមិនដែលខ្លាចអីនឹងស្លាប់ទៅតាមនាង?
«អូខេ! យើងទុកឱកាសមួយឱ្យឯងចរចាជាមួយពួកBonnano លោកNakamura! តែ…..បើកូនស្រីឯងរស់ ឯងត្រូវឱ្យរបស់នោះមកយើង! យើងតែម្នាក់!»
ដុករ៉េម៉ុននិយាយដោយច្បាមកអាវមេសំណរពិឃាត។ ទីបំផុត ពួកគេបានទាក់ទងជាមួយក្រុមBonnano គឺ Tony។ ដូចគម្រោងដែលមេធំ Pankrazដាក់ឱ្យ គឺ ប៉ូលិសត្រូវអនុញ្ញាត្តិឱ្យហ្សេនណៃដានាំឪពុកចេញមកទើបនាងមានថ្នាំបន្សាប។
«ដៃមួយហុចមនុស្ស ដៃមួយទទួលរបស់!» ឧត្តមសេនីយ៍ ដុករ៉េម៉ុនព្រមាន ពេល
ឪពុកកំពុងរុញរទេះកូនស្រីចាកចេញ។ ហ្សេននៅបិទភ្នែកទាំងអង្គុយ។
នៅក្នុងឡាន ខាងក្រៅច្រកទ្វារលិច Pankrazកាន់ចង្កូតឡានរង់ចាំ។ គេមានតូនីនៅក្រោយខ្នងនិងខ្មាន់ពីរឡានហ្ស៊ីបទៀត រង់ចាំបិទផ្លូវក្រោយឱ្យ។
«គ្នាវាប្រហែលជា១៤នាក់!»
សំឡេងរាយការណ៍តាមអាយកូមមក។ ដុករ៉េម៉ុនមើលកាមេរ៉ាហើយងាកមកសម្លឹងNakamura…។
មុនពេលព្រមបើកទ្វារធំនិងធ្ងន់ឱ្យដល់ឪកូនទាំងទ្វេ ឧត្តមសេនីយ៍ឆ្លៀតខ្សឹបសង្កត់ពាក្យ៖
«នៅមាត់ទ្វារ ឯងឱ្យPassword Fileសំណររពិឃាតមកយើង! ពេលនោះយើងពន្លែងឪកូនឯងទៅឱ្យវា! បើអត់ទេ យើងសុខចិត្តមិនយកអ្វីហើយបញ្ចប់ពួកឯង!»
ដោយសម្លឹងកូនស្រីនិងគ្មានជម្រើស Nakamuraងក់ក្បាលយល់ស្រប។ ទ្វារជាច្រើនត្រូវបានបើកតាមរយៈឈីបនៅលើបាតដៃបស់ដុករ៉េម៉ុន ហើយមិនយូរទេ ទ្វារចុងក្រោយបានមកដល់។
«ឯណារបស់!» ឧត្តមសេនីយ៍សម្លុត។ Nakamura ក្តាប់រទេះកូនស្រីយ៉ាងណែន ហើយនិយាយ៖
«នៅក្រៅទ្វារ! មិនមែនប្រគល់ឱ្យក្នុងទ្វារនេះទេ!»
មន្ត្រីបញ្ចកោណមិនដឹងធ្វើម៉េចមានតែព្រមបើកទ្វារ។ ដោយមានកម្លាំងប្រដាប់អាវុធតាមមក៦នាក់ ប្រដាប់កាំភ្លើងច្រូងច្រាង ពួកគេតាមដានសកម្មភាពជនជាតិជប៉ុននៃអម្បូរ Nakamura ជាប់មិនដាក់ភ្នែកទេ។ Pankrazសើច ហើយបង្វិលចង្កូតទៅរកគោលដៅ។
តូនីបុកពោះតែខំតាំងចិត្តនិងធ្វើមាត់បញ្ជា៖
«ឡានចូលទៅតែមួយទេ អ្នកនៅសល់ត្រៀមបិទគូទ!»
ឡានរបស់Pankraz បើកគូទសន្សឹមៗឡើងលើ និងទម្លាក់ធ្នាប់ឱ្យគេរុញនាងចូល។ ជាលើកដំបូងដែលមេក្លោងនៃBonnano បានឃើញ រូបពិតនៃសំណរពិឃាត Nakamura។
«ឡើង!» គេគំហកហៅជនជាតិជប៉ុន ខណៈអាវុធតម្រង់មកច្រូងច្រាង។
«ឱ្យរបស់មក!» ដុករ៉េម៉ុនសម្លុត។
គូទឡានបិទវិញគ្រឹប តូនីក៏នៅជាមួយហ្សេនណៃដា Nakamuraស្រវាមកក្បែរទ្វារឡានម្ខាង ដោយមានកាណុងរុញមកព្រាត។
«ឱ្យទូរសព្ទមក!» Nakamura ប្រាប់ពួកប៉ូលិស។ ដោយមិនទីទើរ ដុករ៉េមុនបោះទូរសព្ទមកឱ្យជនជាតិជប៉ុន ហើយNakamuraក៏ឈ្ងោកដាក់Password។
ដោយPankrazជាកំពូលអ្នកបើកឡានររត់គេច ពួកគេបានឡើងមកជំនិះថ្មីនិងចាកចេញពីភ្នែកពួកបញ្ចកោណដល់ជ្រលងភ្នំមួយដោយសុវត្តិភាព។
ចំណែកឡានទ្រុងនោះ ពួកប៉ូលិសត្រូវបានល្បួងដូរទិសទៅជាមួយតូនីដែលជាអ្នកបើកក្នុងឈុតតែងតួបន្លំធ្វើជាPankraz។
មកដល់ឆ្ងាយហើយគេក៏ឈប់ឡានប៉ប្រះច្រកសមុទ្រ។
បុរសម៉ាហ្វៀបិទទ្វារគ្រាំងដើរមកបើកទ្វារខាងNakamura។ ម្ចាស់សំណរពិឃាត មិនព្រមចុះទេ គាត់មិចភ្នែកឈ្លេចសួរ៖
«តាមពិត ឯងជាមេធំរបស់ Bonnano?»
«ហើយ លោកឯង…..ជាFBI?» គេសួរទាំងលើកដៃប្រតោងដំបូលឡានសម្លឹងគាត់។ នៅក្បែរគាត់ ហ្សេនណៃដានៅសន្លប់។
«ឱ្យថ្នាំមកហើយដោះ លែងកូនស្រីខ្ញុំ! នាងនៅក្មេងនិងបរិសុទ្ធណាស់ ទុកឱ្យនាងរស់ផង!»
Pankraz ដៀងទៅមើលមុខហ្សេន។ គេមិនអាចក្បត់ Cold Cotes ហើយសម្លាប់នាងទេ គេលបគិត។ មាត់មេម៉ាហ្វៀឆ្លើយ៖
«នាងជា Bonnano នាងមិនស្លាប់ទេ!»
ហ្សេនរង្គើស្មា។ នាងបើកភ្នែកតិចៗព្រឹមៗ ធ្វើឱ្យNakamuraឆ្ងល់។
«នាងមិនបានលេបថ្នាំពុលអីទាំងអស់ នាងសុខសប្បាយ!»
Nakamura បើកភ្នែកចិញ្ចាចដោយអំណរថ្មី។ យ៉ាងហោចណាស់ ព័ត៌មានថ្មីនេះបញ្ជាក់ថា នាងកំពុងមានពេលលើសពីបីម៉ោង។
«លោកមិនបានឱ្យPassword រូបមន្តទៅដុករ៉េម៉ុនទេមែនទេ?» Pankraz សួរដោយមុខស្មើ។
«ឱ្យ គ្រាន់តែមិនគ្រប់!» បុរសនេះនិយាយទាំងឱបកូនស្រី ខណៈនាងកំពុងសម្លឹងពិនិត្យជុំវិញខ្លួនប្រយ័ត្នប្រយែង។
Nakamura បន្តនិយាយ៖
«ពួកបញ្ចកោណដាក់អ្វីមួយក្នុងពោះហ្សេន! ខ្ញុំមុននឹងក្រោយត្រូវឱ្យPasswordនិងFileហ្នឹងដដែលជាដដែល!»
កាណុងកាំភ្លើងត្រជាក់ភ្ជង់មកកណ្តាលថ្ងាសNakamura។
«កុំ» ហ្សេនស្រែកទាំងស្លន់ចង់ជួយប៉ា។
ជាមួយទឹកមុខត្រជាក់ Pankrazព្រមានក្នុងសព្ទសំឡេងត្រជាក់ជាងទឹកមុខរបស់គេទៅទៀត៖
«នៅឱ្យស្ងៀម!មាត់ឱ្យស្ងាត់! ហើយឱ្យFileនិងកូដមក!»
Pankrazមិនខ្វល់ពីជីវិតនាងទេ Nakamuraគិតបែបនេះ។ គេចង់បានរូបមន្តហើយមិនរវល់ថាបញ្ចកោណដាក់អ្វីក្នុងក្រពះនាងឡើយ។
«បាញ់ទៅ!» Nakamuraនិយាយតប។
Pnakrazញញឹមយ៉ាងកំណាច។ មាត់គេរាប់៖
«មួយ!»
អ្នកណាក៏ល្បីដែរថាមេក្លោងBonnanoសម្លាប់មនុស្សត្រឹមរាប់ដល់ពីរ។ ទោះហ្សេនមិនដែលដឹងថា មេធំរបស់Bonnanoតាមពិតជាគេម្នាក់នេះ តែពេលនេះនាងយល់ថាប៉ានាងនឹងស្លាប់។
ផូង!
មិនមែនNakamuraដួលទេ គឺPankrazកំពុងរបូតជំហរព្រោះត្រូវColdបាញ់ចំពីក្រោយ។ ហ្សេនខ្ទប់មាត់។ Coldពិតជាមកមែន ហើយនៅមិនឆ្ងាយលើសពីបីម៉ែត្រក្រោយខ្នងPankraz ទេ។
«ម៉ារីអូនិយាយថា ប្រូជាមេធំរបស់Bonnano! ដែលគ្មានបេះដូងនិងមិនព្រមចុះចាញ់! តែ….ប្រូមិនអាចសម្លាប់ហ្សេនបានទេ! នាងជាជីវិតខ្ញុំ!»
Nakamuraបើកភ្នែកធំៗ សម្លឹងសភាពដែលPankrazទន់ជើងដួលចុះ។ Coldបានមកដល់ហើយ ចង្អុលបាញ់សន្ធាប់ជាច្រើនទៅលើមេរបស់គេដែលដេកដួលលើធរណី។
ហ្សេនបិទភ្នែកនិងផ្ទប់ត្រចៀកស្រែកស្លុតអស់មួយទំហឹង រហូតដល់Coldឡើងកន្លែងជិះនិងបិទទ្វារឡានគ្រឹប ទើបនាងបើកភ្នែកមកវិញព្រិលៗ។ ឡានរ៉ឺយែរចកចេញ។ មិនឃើញមានកូនចៅ Pankrazមកតាមទេ ហ្សេនយល់ថា គ្មានអ្នកណាអាចដឹងពីរឿងCold Cortesសម្លាប់មេដឹកនាំBonnanoឡើយ។
ជំពូក២៣
ការពិតដ៏ស្លាប់រស់
តៃកុងឡានបាននឹងកំពុងចាក់សោទ្វារខាងមុខឱ្យឧត្តមសេនីយ៍យ៉ាងប្រញាប់។
សោកន្ត្រាក់ គេហាក់ភ័យស្លន់ស្លោភ្លាមៗ។ រកនឹកមិនឃើញ….មិនអាចចាំទេថា បានឮសំឡេងទ្វារ សោរបើក ឬបានឮស្នូរគា្រប់កាំភ្លើងផ្ទប់?
«ថម?»
ដុករ៉េម៉ុនបើកកញ្ចក់ហៅពីលើឡានមក។
គ្មានចម្លើយ!
ដោយស្ទាក់ស្ទើរគាត់ចង់ចុះបន្តិចទៅកាន់ចង្កូតខ្លួនឯង តែបានឈ្ងោកទៅមើលនាឡិកាសិន។ ពីនេះទៅកាន់ជើងហោះហើរ មិនសល់ពេលច្រើនទេ។
បុរសឧត្តមសេនីយ៍ងាកមកទទួលទូរសព្ទ។
«ខ្ញុំស្តាប់!» គាត់និយាយទាំងងើបមុខរកមើលតៃកុងឡាន ហើយនោះក៏ជាពេលដែលដុករ៉េម៉ុនឃើញថម ដេកដួលច្រងាងនៅលើគែមមាត់ទ្វារខាងក្រៅផ្ទះ។ ដៃថមម្ខាងនៅកាន់កូនសោចង្កោម ឈាមហូរពេញថ្ពាល់និងបំពង់កគេ។
បេះដូងដុករ៉េមុនលោតញាប់ព្រោះឮពាក្យរាយការណ៍៖
«ម៉ារីអូស្លាប់ហើយ! កាមេរ៉ាបង្ហាញថាCold Cortesធ្វើ! មុនស្លាប់ ម៉ារីអូបានសារភាពរឿងយើងគ្រប់យ៉ាង!»
«ចប់ហើយអាកូនចង្រៃ!» ដុករ៉េម៉ុនគ្រវែងទូរសព្ទចោលប្រុងថាទាញទ្វារចុះទៅអង្គុយនៅខាងមុខបើកឡានចាកចេញ តែមនុស្សម្នាក់បានបង្ហាញខ្លួននៅពីមុខឡានគាត់។
«Pankraz Mayer? ក្រែងវាស្លាប់នៅជ្រលងភ្នំហើយ?» ដុករ៉េម៉ុនសួរខ្លួនឯងទាំងស្ពឹក។ ដៃរាវកាំភ្លើង ខណៈPankrazនៅពីចម្ងាយលើដៃគោរពលា។
ផូង!
ឡានដ៏ថ្លៃនិងរឹងមាំបំផុតនេះ ផ្ទុះប៉ើងបញ្ចប់រាល់កាយវិការបស់ដុករ៉េម៉ុន។
«អធ្យាស្រ័យ ដែលខ្ញុំមិនបានទុកសពគេនោះឱ្យមូល!»
Pankrazនិយាយក្នុងឡានជាមួយមនុស្សម្នាក់ មិនមែនតូនី ក៏មិនមែនCold Cortes តែជាបុរសវ័យចំណាស់សម្បុរស ពាក់ឯកសណ្ឋានប៉ូលិស។
«ខ្ញុំអូខេ! មនុស្សគ្រោះថ្នាក់! ការកម្ទេចសាកសពជារឿងល្អ»
គាត់និយាយក្នុងទឹកដមសំឡេងដ៏គ្រោតគ្រាត ខណៈដែលPankrazញញឹមនិងបំបោលឡានចាកចេញពីទីកើតហេតុ។
នៅម្ខាងទៀតនៃផែនដី ហ្សេនកំពុងឈ្ងោកជូតមុខ។ Cold លើកដៃមកឱបចង្កេះនាង។
«ទីនេះមានអាម្មណ៍ល្អណាស់!»
Coldនិយាយទាំងញញឹមសម្លឹងនាងក្នុងផ្ទាំងកញ្ចក់ធំដែលស្រអាប់ដោយចំហាយទឹកក្តៅ។
«ប្រទេសជប៉ុន ស្ងាត់និងល្អរស់នៅ!» ប្រុសនិយាយបន្ថែម។
ហ្សេនឈប់ជូតមុខហើយសម្លឹងសង្សារភ្លឹះៗ៖
«Cold មានរឿងជាច្រើនខ្ញុំមិនយល់ទេ!» ស្រីស្អាតខ្សឹបធ្វើភ្នែកព្រិចៗដាក់សំណព្វចិត្តបស់នាង។
«រឿងណាមួយ?» Cold ផ្អែមល្ហែម។ ដៃគេក្រសោបចង្កេះតូចស្តើង ភ្នែកគេស្រទន់។
«យើងគេចមកជប៉ុនព្រោះខ្លាចBonnano?»
«ទេ! យើងយកជីវិតឯកជននិងសេរីភាពយើងមកវិញ!»
«ចុះដែលបងសម្លាប់ Pankraz?»
«គេមិនបានស្លាប់ទេ គេជានុយបញ្ឆោតដុករ៉េម៉ុនឱ្យស្លន់!»
«អត់យល់ទេ!»
«យើងរួមដៃគ្នាធ្វើពុតជាគេស្លាប់ ទើបពួករុស្សីបញ្ចេញសកម្មភាព!»
«អត់យល់ដដែល! ពួករុស្សីណាទៀតហើយ?»
«ដុករ៉េម៉ុនជាចារកិច្ចរុស្សីដាក់មកបង្កប់ក្នុងមន្ទីរបញ្ចកោណ!»
ទទួលស្គាល់ថា នាងជាអ្នកសារព័ត៌មានដែលល្ងង់ជាងគេក្នុងលោក។ ដោយដឹងខ្លួនថា សម្លឹងមើលប្រុសស្អាតខាតពេលនឹងរឿងលើលោកនេះពេកហើយ ស្រីជប៉ុនងក់ក្បាល៖
«ខ្ញុំមិនចង់គិតឈឺក្បាលទេ ឱ្យតែបានColdមកនៅជិតបែបនេះ!»
«គិតយឺតទៅៗរឿងអតីតទាំងអស់ត្រូវតែបកស្រាយ!» ប្រុសខ្សឹបខ្សៀវ ឯដៃគេលូកររាវចុះឡើង បង្កើនជាកម្ដៅឱ្យរាងកាយហ្សេន។
«យើងពិតជាត្រូវពួនរស់នៅទីនេះ?» នាងខ្សឹប។
«នៅទីណាក៏ដោយ ឱ្យតែអូនចង់បាន!»
«ខ្ញុំចង់បានCold!»
«នៅទីនេះហើយតើ!» គេធ្វើភ្នែករលាមសម្លឹងនាងតាមកញ្ចក់ទាំងអាណិតនិងស្រេកឃ្លានរសជាតិផ្អែមល្ហែមរបស់នាង។ គេនឹកដល់គ្រាដំបូងនៅញូជេស៊ី ដែលនាងរត់គេចពីម៉ារីអូចូលមកដល់វីឡាគេចំពេលគេគ្មានខោអាវនិងហែលទឹក។
គេជាមនុស្សភ្លើង មានកាយវិការជាទឹកកក បែរមានចិត្តជាអគ្គី។ នឹកឃើញកាលដែលគេបានសម្រាតនិងធ្វើបាបនាងនៅមុខកូនចៅ ព្រោះស្អប់ដែលហ្សេនទុកគេក្នុងគុកអស់៥ឆ្នាំ។
«យកទៅ!» គេតឿននាងហើយបែរប្រាណស្រីមកប្រឈមនឹងគ្នា។
ហ្សេននៅតែស្អាតដូចយប់មួយដែលនាងត្រូវPankrazចាប់លីដាក់លើស្មា ហើយក៏ជាពេលដែលColdទទួលស្គាល់ខ្លួនឯងថា សុខចិត្តស្លាប់គ្រាន់បើជាររស់នៅឃើញនាងនៅឱបប្រុសផ្សេង។
«យកអត់?» គេសួរទន់ភ្លន់ ហើយនាងក៏ញញឹម។
ដូចជាស្នាមញញឹមរបស់ហ្សេននៅវិទ្យាល័យកាលពីអតីតកាលដែលពួកគេមិនដឹងអ្វីហៅថា ម៉ាហ្វៀឬជីវិតនោះទេ។
«យើងលែងពាក់ព័ន្ធនឹងកាកាប់សម្លាប់គ្នា បាញ់បោះ គឺល្អខ្លាំងណាស់!» ហ្សេនណៃដាសម្លឹងមើលកំភួនដៃដ៏ធំនិងវែង រឹងមាំ ដាក់មកលើស្មានិងក្រៀកកនាង។
យូរមកហើយ ហ្សេនសុខចិត្តស្លាប់ក្នុងដៃCold ព្រោះគិតថានាងបានធ្វើខុសធ្ងន់លើគេ។
«បងសម្លាប់អាម៉ារីអូ អ្នករងគ្រោះចុងក្រោយក្នុងជីវិតជាឃាតកររបស់បង!»
គេនិយាយក្បែរថ្ងាសនាងហើយឱនមកថើបនាង។ នេះបញ្ជាក់ថា Coldចង់ចេញពីBonnano ហើយថែមទាំងលែងចង់សម្លាប់មនុស្ស លែងចង់ធ្វើម៉ាហ្វៀ។ ឮហើយសប្បាយចិត្តណាស់ ប៉ុន្តែ នាងមិនជឿថា ងាយស្រួលយ៉ាងនេះទេ។
«ម៉ារីអូស្លាប់ហើយ?» នាងសួរថ្នមៗ។
ដោយគ្មានការសង្ស័យរារែកអ្វីច្រើន Coldព្រិចភ្នែកok ហើយទើបនិយាយតបនឹងម្ចាស់សំណួរ៖
«បងមិនដែលគិតថា ចង់បញ្ចប់វាទេ! តែ….នៅ៥ឆ្នាំមុន វាជាអ្នកអូសបងចូលគុក!»
ហ្សេនណៃដាកំពុងតែចង់ដឹងជាខ្លាំងថា តើល្បិចកលអ្វីទៅ ដែលបានកើតមានកាលពី៥ឆ្នាំមុន រហូតដល់ហ្សេននិងColdត្រូវយល់ខុសចំពោះគ្នា។
«ប្រាប់ច្បាស់លាស់មកបានទេ? ខ្ញុំ…..មិនអាចចាំទៀតបានទេ! ម៉ារីអូនិងគីកាណា ចង់បានអ្វីឱ្យប្រាកដ?»
Cold សម្លឹងរង្វង់មុខដ៏ក្មេងនិងស្រស់ស្អាតរបស់ហ្សេន។ នាងតាមពិតជាអ្នករងគ្រោះ ដែលជាចំណុចគោលដៅធំក្នុងរឿងនេះ។ សូម្បីតែនៅពេលគេចែចង់ជាមួយនាង ដោយបើកចំហក៏មានមនុស្សជាច្រើនតាមឃ្លាំមើល ហើយសាវតាប៉ានាងបានធ្វើឱ្យជីវិតនាងត្រូវគំរាម។
«កាគីណូនិងដុករ៉េមុន ធ្វើការឱ្យពួករុស្ស៊ី! អ្នកទាំងពីរមានកូនមួយគឺ ម៉ារីអូនេះ!»
នាងចំហមាត់ស្តាប់ស្លុង។ យល់ហើយ! ពួកគេជាចារកិច្ចឆ្មាក្រហមដែលម្នាក់ចូលបង្កប់ខ្លួនក្នុងជួរបញ្ចកោណ ម្នាក់ទៀតចូលBonnano….។
«មានរឿងមួយ ខ្ញុំមិនយល់ដល់ឥឡូវ!»
«អូនមិនយល់ច្រើនរឿងណាស់!» Coldសើចតិចៗចំអកឱ្យនាង។ គេលែងដៃពីនាង ហើយដើរទៅក្រៅ ហ្សេនក៏ដើរតាម។ នាងបើកភ្នែកធំៗដោយរំភើបភ្ញាក់ផ្អើលពេលឃើញកាមេរ៉ារបស់នាងនៅលើពូក។ គេបានយករបស់នេះ មកសងនាងវិញពិតមែន។
នាងស្ទុះទៅលើកវត្ថុសំណព្វមកពិនិត្យទាំងញញឹមក្រោមក្រសែភ្នែកពេញដោយសុភមង្គលរបស់ហ្សេន។
«អូនឆ្ងល់ថា ហេតុអ្វីបានជា ពួកនោះបង្ខំអូនឱ្យប្តឹងបងចូលគុក?»
«ប្រាប់ឱ្យអស់ឆ្ងល់មកអ៊ីចឹង!»
ដៃនាងក្តោបកាមេរ៉ាព្រោះស្រលាញ់ តែហ្សេនងាកមកសន្សឹមៗសម្លឹងCold។ ប្រុសស្អាតឈរស្រងូតក្បែរនាង ដៃម្ខាងនាងតោងឱបចង្កេះគេ។
«សុំទោសដែលធ្វើតាមគេ ធ្វើបាបCold!»
«ស្តាប់! ម៉ារីអូនិងគីកាណូ បានទុកអូនឱ្យនៅឯកោ៥ឆ្នាំ ដើម្បីឱ្យប៉ាអូនព្រមប្រគល់រូបមន្តនោះចេញមក! មនុស្សស្រលាញ់អូនទាំងអស់ គេត្រូវបោសសម្អាត!»
«សំណរពិឃាត? រូបមន្តនោះមែនទេ?» នាងស្រងូតខ្លាំងពេលរំឭកការពិតទាំងនេះ។
Cold ផ្តេកខ្លួនមកលើពូក យកកំភួនដៃទាំងទ្វេមកកើយ។
«តែប៉ាអូន មានវិធីជានិច្ចមិនព្រមឱ្យពួកវានោះបានសម្រេចទេ! ចុងក្រោយវាបានយកគាត់ទៅឱ្យជនសាក់១០០០០ សាកាមុកា!»
នាងដាក់កាមេរ៉ាចុះហើយផ្តេកខ្លួនជិតCold…
«យល់ហើយ! ពួកនោះចប់ហើយ! សូមស្ងាត់ពីរឿងពួកគេសិនទៅ ខ្ញុំមិនចង់ឮនិងមានអារម្មណ៍មិនល្អច្រើនជាងនេះទេ! ដឹងតែថាប៉ាខ្ញុំលែងអី ខ្ញុំអស់ចិត្តហើយ!»
«ប៉ាអូនជា FBI ជាយូរមកហើយ គាត់ជាមួយសម្ព័ន្ធBonnano ធ្វើការប្រឆាំងរុស្ស៊ី!»
នាងបិទភ្នែកគ្រវីក្បាលស្មុគស្មាញ៖
«យល់ហើយ! នេះបានន័យថា រដ្ឋាភិបាលអាមេរិកនិងBonnanoមិនមែនជាគូបដិបក្ខទេ! ខ្ញុំល្ងង់ណាស់!»
«បើជាសត្រូវគ្នា Bonnanoមិនអាចពង្រីកបានធំយ៉ាងនេះទេ នៅទូទាំងអាមេរិក» Coldឆ្លើយធ្វើព្រងើយ ការណ៍នេះធ្វើឱ្យហ្សេននៅស្ងៀមសញ្ជឹងគិត។ ក្រុមម៉ាហ្វីយ៉ាច្រើនប្រភេទ បច្ចុប្បន្ននេះ កំពុងតែមានសកម្មភាពខ្លាំងបំផុតនៅភាគឦសាននៃសហរដ្ឋអាមេរិកជាមួយនឹងសកម្មភាពធំៗនៅទីក្រុងញូវយ៉ក ហ្វីឡាដែលហ្វៀ ញូវជេស៊ី ភីតស៍ប៊ឺក ប៊ូហ្វាឡូ បូស្តុន ប្រូឌីន និងហាតហ្វដ។ល។
ហ្សេនណៃដាធ្លាប់តាមដានសំណុំរឿងជាច្រើនរបស់ពួកម៉ាហ្វៀ ហើយក្នុងចំណោមនោះ នាងទទួលបានព័ត៌មានមកថា អំឡុងពេលដំបូងៗនៃសង្គ្រាមលោកលើកទី២ ការិយាល័យចារកម្មកងទ័ពជើងទឹកសហរដ្ឋអាមេរិកបានសង្ស័យថាភ្នាក់ងារអ៊ីតាលីនិងអាឡឺម៉ង់ បានជ្រៀតបន្លំចូលបង្កប់ខ្លួនក្នុងរដ្ឋការនៅទីក្រុងញូវយ៉ក។
អង្គភាពស៊ើបការណ៍សម្ងាត់របស់កងទ័ពជើងទឹក B3 បានចាត់តាំងភ្នាក់ងារជាងមួយរយនាក់ឱ្យស៊ើបអង្កេតរកតម្រុយពីក្នុងក្រុមអ្នកនេសាទជនជាតិអាមេរិកដើមកំណើតអ៊ីតាលីនិងកម្មករមាត់សមុទ្រដែលស្អប់រដ្ឋដោយសារភាពក្រីក្ររបស់ពួកគេ។
កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេគ្មានផ្លែផ្កាទេ ដោយសារកម្មករចតនិងអ្នកនេសាទនៅមាត់ទឹកដែលស្មោះជាមួយក្រុម ដោយម៉ាហ្វីយ៉ាអ៊ីតាលី ត្រូវបានគ្រប់គ្រងតឹងតែងនិងរក្សាគម្លាតនៅឆ្ងាយពីមនុស្សចម្លែកៗ។
ក្រោយមកកងទ័ពជើងទឹក បានរកមធ្យោបាយ ទាក់ទងឈ្មោះ Meyer Lansky ដែលជាសហការីម្នាក់ ក្នុងចំណោមសហការីកំពូលរបស់ក្រុមម៉ាហ្វីយ៉ានោះ មិនមែនជាជនជាតិដើមអ៊ីតាលី ម្ល៉ោះហើយជនននោះនិងរដ្ឋការអាមេរិកបានឈានដល់សម្រេចកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយរវាងកងទ័ពនិងចៅហ្វាយធំម៉ាហ្វីយ៉ា គឺលោក Luciano។
Luciano ដែលត្រូវបានគេស្គាល់ឈ្មោះពេញថា Lucky Luciano គឺជាមេម៉ាហ្វីយ៉ាលំដាប់ខ្ពស់បំផុតមួយទាំងនៅក្នុងប្រទេសអ៊ីតាលីនិងរាតត្បាតពេញពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលធ្លាប់បានជាប់ពន្ធនាគារពីបទពេស្យាកម្ម ជួញដូរមនុស្ស ក្នុងពន្ធនាគារClinton បានត្រូវនិរទេសដោះលែងដោយសារគុណសម្បត្តិជួយកងទ័ពអាមេរិកជាមួយសេវាកម្មសម្ងាត់មួយប្រឆាំងនឹងពួកសត្រូវរដ្ឋាភិបាលនានា។
«Pankraz Mayer ចូលដៃជាមួយបញ្ចកោណ?»
នាងខ្សឹបសួរCold តិចៗដោយដាក់បបូរមាត់ក្បែរថ្ពាល់គេ។
«នៅលើគ្រែ បងមិនចូលចិត្តនិយាយស៊ីជម្រៅរឿងការងារទេ!» ប្រុសកៀកចង្កេះនាងហើយឆ្លើយ។
ហ្សេនញញឹម៖
«មិននិយាយក៏ខ្ញុំដឹងដែរ!»



យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ