រឿង៖ អរគុណសង្សារគេ

ថ្ងៃនេះជាថ្ងៃចូលរៀនដំបូងនាឆ្នាំដែលជាអនុស្សាវរីយចុងក្រោយនៃជីវិតជាសិស្សវិទ្យាល័យរបស់ពួកយើង។ ក្នុងថ្នាក់រាងអ៊ូអរបន្ដិចហើយព្រោះគ្រប់គ្នាកំពុងដណ្ដើមតុ ខ្ញុំឈានជើងយ៉ាងរហ័សចូលតុខាងមុខគេ ស្រាប់តែគេម្នាក់នោះមិនដឹងចេញមកពីណាទេ យកក្រណាត់ជូតលើតុខ្ញុំ

«ខ្ញុំចាប់បានមុន»

ខ្ញុំស្ដីរ៉ាវហើយសម្លឹងមុខគេចំទើបដឹងថា ការពិតជាប្រុសម្នាក់ដែលគេល្បីកាលពី២ឆ្នាំមុននោះសោះ

គេអត់ឆ្លើយទេតែសួរវិញ

“ម៉េចច្បាស់ម្ល៉េះ?”

“និយាយក៏និយាយទៅចាំបាច់លើកចិញ្ចើម?”

“ច្រណែនមែន លើកដែរទៅ?”

បើមិនសម្លក់ថ្មែមិនមែនលម្អងទេចាស។ ខ្ញុំទាញក្រណាត់ពីដៃគេ ជូតហើយអង្គុយធ្វើព្រងើយដឹងអីគេចូលមកអង្គុយក្បែរខ្ញុំ នៅកន្លែងម្ខាងទៀត។

“អ្នកណាគេឱ្យអង្គុយ?”ខ្ញុំសួរ

“ខ្ញុំចាប់បានមុនតើ ដោយសារខ្ញុំចេញទៅយកក្រណាត់បើមិនជឿសួរគេសួរឯងទៅ”

គេធ្វើមុខច្បាស់ៗ ខ្ញុំងើយមើលមុខមិត្តរួមថ្នាក់ទឹកមុខពួកគេដូចប្រុងថាខ្ញុំជាអ្នកខុស។ ខណៈពេលនេះត្រូវគិតឱ្យលឿនបន្ដិចទើបល្អ មើលទៅម្នាក់នេះមិនស៊ីក្ដៅ ដូចនេះសាកត្រជាក់សិន

“កន្លែងនេះខ្ញុំទុកឱ្យសម្ភស្សមិត្តខ្ញុំ យើងទៅអង្គុយតុក្រោយទៅក្នុងថា្នក់ដូចតែគ្នាតើត្រូវអត់? ណាមួយយើងខ្ពស់ជាងខ្ញុំផង”

គឺថាបើគេមិនប្ដូរឱ្យក៏អត់ទៅតែបើគេព្រមវាមិនល្អទៅហើយទេ? មានអីត្រូវខាតមិនថាអ៊ីចឹង? គេអត់ឆ្លើយទេតែគេដូចចង់ដូរចិត្ត បានឱកាសខ្ញុំធ្វើមុខកម្សត់ៗ

“ណាៗ…ខុសគ្នាបីតុហ្នឹងទោះគ្រូបន្ទុកថ្នាក់មកក៏គាត់មិនឱ្យយើងអង្គុយមុខខ្ញុំដែរ”

ខ្ញុំព្រិចៗភ្នែកញាប់ៗអង្វរ។ គេអត់មាត់ទេ គ្រាន់តែញញឹមលើកចិញ្ចើមខ្ពស់ហួសវែនតា

“អ៊ីចឹងក៏បាន”

យេ! ឃើញអត់ៗនិយាយតែពីរបីមាត់គេព្រមបាត់។

ឆ្នាំនេះខ្ញុំមានដៃគូរប្រកួតប្រជែងថែមហើយ គឺគេម្នាក់ហ្នឹងខ្ញុំមិនធ្លាប់រៀនថ្នាក់ជាមួយទេ។ គេនេះដូរមកពីសាលាផ្សេងនៅដើមឆ្នាំថ្នាក់ទី១០ដែលកាលនោះម្នាក់ហ្នឹងមិនទាន់ទាំងឈានជើងដល់សាលាយើងផង នាំគ្នាល្បីថា “សិស្សពូកែសាលាភូមិចាស់ប្ដូរមកៗ” ខ្ញុំចាំមើលថាឆ្នើមដូចគេថាមែនឬអត់តែមានអីដូចគេថាមែន។

“ ផាត ណាផៃ”

“ ផាត ណាផៃ”

“បាទ! លោកគ្រូ!”

ទាល់តែលោកគ្រូគណិតហៅជាលើកទីពីរឱ្យគ្រប់គ្នាងាកមើលក្រោយសិនទើបឆ្លើយបានណ៎។

ផាតណាផៃពេលចេញលេង គេកម្រចេញក្រៅថ្នាក់ណាស់គិតតែអានមេរៀន និងធ្វើលំហាត់តែខ្ញុំអត់ខ្វល់។ និយាយៗទៅសង្រ្គាមដណ្ដើមតុរបស់ពួកយើងមិនមែនបញ្ចប់ងាយៗទេព្រោះល្ងាចនេះរៀនគួរបីថ្នាក់ចូលគ្នាមនុស្សចង្អៀតបន្តិចហើយ

គ្រប់គ្នាចូលថ្នាក់អស់ គេទើបចូលមកដល់ហើយពេញតុអស់រលីង

“ផៃ ចូលអង្គុយជាមួយពួកខ្ញុំក៏បានដែរ” មិនមែនសំឡេងខ្ញុំទេ គឺសម្ភស្សនិយាយ

តុថ្នាក់នេះវែងធម្មតាអង្គុយ៤នាក់តែពេលរៀនគួរប្រជ្រៀតគ្នាអង្គុយប្រាំ ប្រាំមួយនាក់បាន។ ពួកខ្ញុំមានគ្នាទើបបួននាក់ហើយខ្ញុំអង្គុយចុងគេ ម្នាក់ឈ្មោះដូចស្រីហ្នឹងនៅឈរដូចចង់ឱ្យខ្ញុំខិតទៅខាងលីនបន្ដិចដើម្បីឱ្យគេអាចចូលបាន។ គ្រាន់តែគេអង្គុយចុះក្បែរខ្ញុំភ្លាម ស្រាប់តែបេះដូងនេះកម្រើកខ្លាំងលោតកញ្រ្ជោលស្ទើរចេញពីប្រអប់ទ្រូងយ៉ាងម៉េចមិនដឹង កម្ដៅភាយៗចេញពីក្នុងខ្លួនហើយមានអារម្មណ៍ថាមួយម៉ោងនេះកន្លងផុតទៅលឿនម្ល៉េះ ឬក៏ខ្ញុំកំពុងអនុវត្តទ្រឹស្ដីរបស់អាញស្ដាញដែលគាត់បាននិយាយថា “អង្គុយជិតឡកម្ដៅមួយនាទីប្រៀបដូចមួយម៉ោង អង្គុយជិតស្រីស្អាតមួយម៉ោងប្រៀបដូចមួយនាទី” តែម្នាក់នេះមិនសូវសង្ហាផង កុំតែបានវ៉ែនតាយោង។

ព្រះអាទិត្យរះពីទិសខាងកើត បញ្ចេញរស្មីស្រទន់ៗមកទាំងព្រលឹម។ ថ្ងៃនេះគេតាំងពិពណ៌សៀវភៅនៅសាលាមនុស្សច្រើនកុះករ។ តែ…អេ!ម្នាក់នោះទេតើ ខ្ញុំឃើញគេពីចម្ងាយ អាចថាមើលតែស្រមោលក៏ដឹងថាផាតណាផៃដែរ។ ខ្ញុំរហ័សងាកចេញកុំឱ្យគេដឹងថាខ្ញុំកំពុងមើលគេ

“ជួយណែនាំសៀវភៅមួយក្បាលមើល៍ អានមួយណាល្អ”

ហើយមកតាំងពីអង្កាល់ សំឡេងនៅឡើងជិតខ្ញុំ។ ខ្ញុំឆ្លើយធ្វើមិនចាប់អារម្មណ៍នឹងវត្តមានគេ ផ្ទុយពីចិត្តដែលមាន

“ចូលចិត្តអានសៀវភៅបែបណា បើខ្ញុំសៀវភៅលើកទឹកចិត្ត”

អ្ហាៈ! រំភើបពេកច្រឡំឆ្លើយលើស

“ដូចខ្ញុំដែរ!”

គេឆ្លើយខ្លី ហើយគេទៅរើសសៀវភៅមួយមកបង្ហាញខ្ញុំ

“នេះ! មើលសៀវភៅបទពិសោធសិស្សនិទ្ទេសAវិញ” គេនិយាយបន្ដជាពាក្យដែលលម្អងមិននឹកស្មានដល់គឺថា “យកអត់ ទិញឱ្យមួយ”

បេះដូងខ្ញុំលោតខ្លាំងៗ ញាប់ៗ សរសៃសរសូងក្នុងខ្លួនដូចចេះកម្រើក។ ពិភពលោកនេះដូចលែងមានអ្នកណាទាំងអស់មានតែខ្ញុំនិងគេរីឯសំឡេងមនុស្សម្នាអ៊ូអរក៏លែងឮ​ៗតែសំឡេងក្នុងទ្រូងខ្លួនឯងកំពុងតែលោតខុសចង្វាក់។

“ឱ្យតែទិញឱ្យ អានទាំងអស់ហ្នឹង”

អ្ហាៈ! ច្រឡំឆ្លើយមែនទែន

ខ្ញុំស្រមៃខ្លួនឯង ឬពិតៗហ្នឹង?

គឺការពិតព្រោះបានកាន់សៀវភៅមួយក្បាលមកផ្ទះមែន។ ពេលមកផ្ទះវិញខ្ញុំញញឹមតាមផ្លូវមិនឈប់ អ្នកខ្លះស្មានខ្ញុំញញឹមដាក់ក៏ញញឹមតបវិញ ខ្លះទៀតសួរថាកើតអីថ្ងៃហ្នឹងអារម្មណ៍ល្អម៉្លេះ? ឆ្លើយថាម៉េច? មនុស្សអារម្មណ៍ល្អធ្វើអីក៏ល្អ។

គេនោះជាប្រធានថ្នាក់ ខ្ញុំនិងសម្ភស្សអនុប្រធានណាមួយយើងរៀនគួរអង្គុយតុជាមួយគ្នាទៀតទើបពួកយើងជិតស្និទ្ធគ្នាទៅណាមកណាជាមួយគ្នា។

“ទីតៗៗៗ”

“ហើយម៉ូតូអាចង្រៃណា ​ផ្លូវមានមិនជិះមកស៊ីផ្លេនៅក្រោយខ្នងហ្នឹង”

ខ្ញុំគិតក្នុងចិត្តយ៉ាងហ្មងសៅមិនខ្ចីងាកក្រោយដើរបន្ដធ្វើព្រងើយ។សំឡេងម៉ូតូនោះនៅតែបង្អន់ៗក្បែរៗខ្ញុំ

“ជិះអត់?”

គឺសំឡេងគេ ប្រុសឈ្មោះស្រី។ ខ្ញុំឈប់ដើរមើលមុខអ្នកហៅ

“ប្រុងយកខ្ញុំទៅចោលនៅណា?”

“ទៅសាលា ចង់ដើរមែន?”

“ឱ្យជិះដែរមែន?”

គេអត់ឆ្លើយទេតែញញិម ញាក់ចិញ្ចើមដែលខ្ញុំឃើញកាលណាចង់តែដាល់ចិញ្ចើមហ្នឹងតើ។ រាល់ពេលនៅក្បែរគេក្លិនខ្លួនរបស់គេជ្រួតជ្រាបពេញខួរក្បាលខ្ញុំ ដល់ថ្នាក់មិននៅជិតគេផងក៏ធុំក្លិនទឹកអប់គេនៅជាប់ច្រមុះដែរ។

“អ៊ីយ៉ា! គេជិះម៉ូតូជាមួយគ្នាទៀត”

គ្រប់គ្នាបង្អាប់ពេលខ្ញុំនិងផៃដើរចូលក្នុងថ្នាក់។ ថ្ពាល់ខ្ញុំក្រហមៗពណ៌ផ្លែប៉ោងដូចតួស្រីក្នុងរឿងនិទានហើយក៏មិនដឹង តែគេញញឹមៗធ្វើធម្មតា។ ចង់សួរថាអត់ Special អីបន្ដិចហ្មង?ទោះយ៉ាងណាក្នុងនោះខ្ញុំក៏បានឃើញកែវភ្នែកសោកសៅតិចតួចរបស់សម្ផស្សដែរ។

“លម្អងដឹងអត់ផៃមានសង្សារហើយ” នេះជាអ្វីដែលមិត្តល្អខ្ញុំប្រាប់ខ្ញុំ

“ដឹងមកពីណា”

“យើងស្គាល់មិត្តភក្ដិនៅសាលាចាស់ផៃ” នាងឆ្លើយបែបនេះតែខ្ញុំឃើញភាពល្ហល្ហេវក្នុងកែវភ្នែកនាង

អារម្មណ៍នេះចេះតែប្រាប់ថានាងក៏ស្រឡាញ់ផៃដែរ

“បើឯងចូលចិត្តគេ ក៏ចូលចិត្តទៅមិនចាំបាច់អីមកនិយាយបែបនេះទេ”

“អត់ជឿក៏អត់ទៅ” នាងឆ្លើយធ្វើហី

“មែនមិនមែនវាយ៉ាងម៉េច? បើផៃមានសង្សារម្នាក់នោះជាឯងហើយត្រូវអត់សម្ភស្ស”

នាងអត់តបទេ នាងដើរចញពីក្រោមដើមជ្រៃក្រឹមរណេងរណោងនេះបាត់។ ពីនេះទៅខ្ញុំអាចមើលឃើញមនុស្សប្រុសដែលជាដើមហេតុនាំឱ្យយើងប្រកែកគ្នាអម្បាញ់មិញកំពុងយួរទឹកនិងចំណីតម្រង់មក

“ចាំយូរអត់?”

ចួបគេកាលណាខ្ញុំមានអារម្មណ៍ធូរស្រាលនិងញញឹមបាន និយាយមែនទោះគេមានឬគ្មានទោះគេមិនដែលសារភាពថាស្រឡាញ់ខ្ញុំក៏ខ្ញុំគិតថាសុំត្រឹមបែបនេះរហូតទៅក៏បានដែរ។ ជាធម្មតាទៅហើយដែលគេឌុបខ្ញុំមករៀននិងទៅផ្ទះវិញព្រោះផ្ទះពួកយើងនៅផ្លូវតែមួយគ្រាន់ខ្ញុំនៅជិតសាលាជាងគេ។ រាល់យប់ចេញពីរៀនគួរម៉ោងប្រាំពីរយប់ជាពេលដែលខ្ញុំអាចអង្គុយពីក្រោយគេងើយមើលដួងចន្ទព្យួរនៅលើលម្ហមេឃងងឹត បើផ្ទះខ្ញុំនៅឆ្ងាយជាងនេះបន្តិចអាចជិះម៉ូតូជាមួយគេយូរៗជាងនេះល្អយ៉ាងណាទេណ៎។

“វេលាមួយដែលខ្ញុំអាចរួមដំណើរជាមួយគេក្រោមពន្លឺចន្ទខៀវស្រអាប់ ខ្ញុំសួរខ្លួនឯងថាតើយើងជាអ្វីនឹងគ្នា? តើពួកយើងអាចមានឱកាសដើរលើវិថីដ៏វែងអន្លាយជាងពេលនេះដែរឬទេ?ខ្ញុំមិនដឹងទេ ខ្ញុំដឹងត្រឹមថាទោះយើងជាអ្វីនឹងគ្នា អ្នកទុកខ្ញុំត្រឹមជាមិត្តរួមថ្នាក់ឬជាអ្វីក៏ដោយ តែចំពោះខ្ញុំអ្នកនៅតែជាចំណែកក្នុងបេះដូងនេះរហូតទៅ។”

ទូរសព្ទខ្ញុំលាន់សូរឥតអាក់ ក្រោយបង្ហោះអត្ថបទនេះរួច

“ណាគេសំណាងម្ល៉េះបានចូលធ្វើតួក្នុង status លម្អង?”

ហើយcomment អ៊ីចឹង? ទាល់តែគេmentionឈ្មោះ ផាតណាផៃតែម្ដងបានដឹងហ្អីឆ្ងល់ដែរ។

“ស្អែកកុំភ្លេចយកសៀវភៅសិស្សពូកែទៅសាលាផង” អានអក្សរទេតែដូចឮសំឡេងគេផ្ទាល់ៗត្រចៀក ក្លិនគេនៅជាប់ៗច្រមុះ។

“ធ្វើម៉េចទើបដឹងថាគេស្រឡាញ់យើងវិញ?” ខ្ញុំសួរសម្ភស្ស

“មនុស្សស្រឡាញ់គ្នាគេដឹងដោយអារម្មណ៍”

“មើលអត់ឃើញទេអ៊ីចឹង?”

តែលីនប្រាប់ថា បើគេស្រឡាញ់យើងគេនឹងធ្វើសកម្មភាពតបដូចដែរយើងធ្វើដាក់គេ។ ថ្ងៃនោះខ្ញុំចូល profileគេ បន្ទាប់មកចុចប្រតិកម្មលើគ្រប់shareនិងការបង្ហោះរបស់គេ តែគេអត់ធ្វើអ៊ីចឹងបកវិញសោះបែរជាពេលមកដល់សាលាផៃប្រាប់ខ្ញុំថាកុំគ្រាន់តែreact ចូលទៅshareផង។

“WOW គេsweet”

មិត្តក្នុងថ្នាក់ថាព្រមៗគ្នា។ ទាំងខ្ញុំទាំងផៃរៀបទឹកមុខមិនទាន់គ្រប់គ្នាសើចហ៊ោអឺងកងពេញថ្នាក់។ ដូចគេនិយាយាថា “ស្នេហាប្រៀបដូចជាថ្នាំប៉ូវលេបត្រូវមុខរីកដូចគ្រាប់ជី”​ សំខាន់ខ្ញុំមិនដែលមានអារម្មណ៍ថាហត់នឿយឡើយក្នុងការរៀនធ្វើលំហាត់ដល់ម៉ោង១ម៉ោង២យប់ព្រោះដើម្បីប្រណាំងប្រជែងជាមួយគេ ទោះគ្មានពាក្យgood night good morning តែយើងឈែតសួរមេរៀនគ្នានិងលំហាត់ណាមិនទាន់យល់ រហូតដល់ខ្ញុំនិងគេបានប្រឡងជាប់សិស្សពូកែគណិតវិទ្យាទូទាំងស្រុក។ ព្រឹកនេះយើងត្រូវធ្វើដំណើរជាមួយសាលាដទៃដើម្បីទៅប្រឡងថ្នាក់ខេត្តនៅក្រុងសួង។ រថយន្ដរត់តាមផ្លូវ71Cដែលទើបពីស្ថាបនា ជាផ្លូវធំខ្ពស់កាត់តាមបណ្ដោយវាលស្រែល្វឹងល្វើយរបស់អ្នកស្រុកក្រូចឆ្មារ នៅខាងឆ្វេងដៃយើងឃើញដំបូងក្បឿងផ្ទះរត់ជួររមេញ ខាងស្ដាំដៃក្រៅពីឃើញរលកស្លឹកស្រូវបៃតងនិងដើមរាំងយើងឃើញព្រៃខាងណេះម្ដុំខាងណោះម្ដុំនៅឆ្ងាយសន្លឹម។

“អ្នកគ្រូ! ខ្ញុំសូមទៅខាងក្រោយរកទិញទឹកបន្តិច”

ក្រោយពីបានមើលលេខតុលេខបន្ទប់ហើយ នេះជាពាក្យដែលខ្ញុំរកនឹកឃើញយកលេស ពេលផៃបបួលខ្ញុំទៅចួបមិត្តរបស់គេនៅតូបលក់អីវ៉ាន់ខាងក្រោយសាលា។ យើងដើរទន្ទឹមគ្នាសំដៅទៅតូបលក់ទឹកអំពៅដែលមានមនុស្សស្រីម្នាក់អង្គុយបែរខ្នងរងចាំ។ បើខ្ញុំស្មានមិនខុសគឺគេហ្នឹងហើយ។ មើលពីក្រោយទៅសក់នាងលើកចងឡើង នាងខ្ពស់និងទម្ងន់ធ្ងន់ជាងខ្ញុំ។

“ហ្នឹងមែនលម្អង សិស្សពូកែគណិតវិទ្យា”

នាងនិយាយលឿននិងរួសរាយ ផ្ទៃមុខនាងគ្មានមុនមួយគ្រាប់ទេតែទម្រង់មុខខ្លីថ្ពាល់ហៀរដូចនាងម៉េចប្រៀបបានជាមួយខ្ញុំ។

“សួស្ដី” ខ្ញុំញញឹមតបនាង។ ខ្ញុំចាប់ផ្ដើមមិនស្រួលចិត្តពេលនាងលើកកែវទឹកអំពៅផឹកគឺ នៅលើដៃនាង កងដៃប្រាក់លើដៃនាងដូចនឹងកងដៃរបស់ផៃ។

“ P L M” មានន័យថាម៉េចហ្នឹង?” ពាក្យនេះខ្ញុំធ្លាប់សួរផៃតែពេលនោះគេគ្រាន់តែញញឹមហើយបន្លប់និយាយរឿងផ្សេង

“pai love mart…ដូចមិនសូវទំនង”​

ពេលនោះគេនៅតែមិនតបហើយសើចយកតែម្ដង រហូតដល់ថ្ងៃនេះខ្ញុំមើលឃើញហើយកងដៃនេះដូចគ្នាបេះបិទ

“ឈ្ងុយអន្សមអាំងណាស់ ពួកបងធុំអត់”

ពាក្យមួយឃ្លារបស់នាងធ្វើឱ្យផៃទម្លាក់ទូរសព្ទកំពុងកាន់ហើយនិយាយឡើង

“ម៉ាចង់ញ៉ាំមែន ចុះលម្អងវិញចាំបងទៅទិញ”

ខ្ញុំអត់មាត់ទេព្រោះដូចឈឺៗក្នុងទ្រូង ក្រសែភ្នែកដែលគេសម្លឹងទៅនាងម៉េចខ្ញុំមិនដែរឃើញ? ម៉េចក៏ហៅឈ្មោះផ្អែមល្អែមថ្នាក់នេះ។

ផៃចេញទៅទិញអន្សម នៅទីនេះមានតែខ្ញុំនិងមិត្តរបស់គេ

“ស្រីឈ្មោះម៉ានេះមិនមែនត្រឹមជាមិត្តនៅសាលាចាស់របស់គេទេតែពួកគេជាសង្សារគ្នា”

ខួរក្បាលខ្ញុំប្រាប់ខ្ញុំដូច្នេះ។ បេះដូងខ្ញុំលោតកន្ត្រាក់ ដៃខ្ញុំញ័រ ខ្ញុំនៅស្ងៀមមួយស្របក់ទើបក្លែងធ្វើជាញញឹមហើយសាកល្បងសួរនាង

“លីម៉ាស្គាល់ផៃយូរហើយមែនអត់?”

“ចា៎ រៀនជាមួយគ្នាតាំងពីនៅបឋម” នាងឆ្លើយធ្វើធម្មតាមិនទាំងងើបមុខមើលខ្ញុំផង

“អ៊ីយ៉ា! កងដៃនេះដូចកងដៃផៃដែរ សង្សារគ្នាមែន” ខ្ញុំប្រឹងញញឹមទាំងមិនសូវសម

នាងបញ្ឈប់ម្រាមដៃលើអេក្រង់ទូរសព្ទហើយមើលលើដៃខ្លួនឯង។ នាងអត់ឆ្លើយទេតែនាងញញិមពព្រាយ

មានអារម្មណ៍ថាថប់ៗក្នុងទ្រូង

“ស្រឡាញ់គ្នាយូរហើយមែន” ខ្ញុំសួរទៀត

“យូរហើយតាំងថ្នាក់ទី៨ កាលនោះខ្ញុំដូចលម្អងឯងអ៊ីចឹងគឺផ្ដើមស្រឡាញ់ពីការធ្វើលំហាត់ជុំគ្នា។

ស្អីគេ? សកម្មភាពខ្ញុំក៏ត្រូវបានគេប្រាប់នាងអស់?ខ្ញុំនេះក្លាយជាប្រធានបទឱ្យគេនិយាយគ្នារាល់យប់ហើយដឹង។

“ដឹងហើយ អត់ប្រចណ្ឌទេ?” ខ្ញុំចង់សួរណាស់តែខ្ញុំហាមាត់អត់រួច ដង្ហើមខ្ញុំដកកាន់តែញាប់ព្រោះខឹង

“លម្អងដឹងអត់ ផៃមានសង្សារហើយ” សម្ដីសម្ភស្សឮជាប់ត្រចៀកខ្ញុំឡើងវិញ។

“ខ្ញុំត្រូវទៅមុនហើយ!”

ខ្ញុំក្រោកឡើងដើរចាកចេញមិនដឹងទិសតំបន់​។ ទេសកាលអីមកត្រូវចួបគេខាងចំហៀងអគារសិក្សា។ ទឹកមុខគេងឿងឆ្ងល់ប្រហែលមកពីឃើញខ្ញុំចេញមកតែឯង ឃើញគេកាលណាភ្នែកខ្ញុំចាប់ផ្ដើមក្រហាយ ស្មាខ្ញុំញ័ររង្គើរប្រឹងទប់ទឹកភ្នែកដែលកំពុងពេញព្រៀប

“បោកខ្ញុំអស់ចិត្តនៅ? លីម៉ាហ្នឹងណាគេ?” ខ្ញុំបានត្រឹមគិតខ្ញុំហាមាត់និយាយមិនរួចទេ អណ្ដាតនេះរឹង បំពង់កខ្ញុំល្ហល្ហេវ។ ខ្ញុំដឹងថាហ៊ានតែហាទឹកភ្នែកនោះសម្រុកគ្នាចេញមិនខានឡើយ

“កើតអីមែន លម្អង?”

“ផាត…ណា…ផៃ មានសង្សារម៉េចមិនប្រាប់ខ្ញុំ ដឹងថាកន្លងមកខ្ញុំស្រឡាញ់បងយ៉ាងណាដែរទេ? ម៉េចក៏ស្និទ្ធនឹងខ្ញុំ ដឹងថាខ្ញុំច្រឡំថាបងស្រឡាញ់ខ្ញុំដែរទេ?”

ខ្ញុំបានត្រឹមគិតក្នុងចិត្ត។ សំឡេងខ្ញុំមិនបន្លឺមែនតែភ្នែកខ្ញុំកំពុងឆួលក្ដៅខ្ញុំប្រឹងទប់ណាស់កុំឱ្យវាហូរមក ជើងខ្ញុំកាន់តែឈានលឿនឡើងៗចេញពីគេ។

មកដល់បន្ទប់វិញខ្ញុំចង់តែស្រែកឱ្យផ្អើលគេផ្អើលឯងទេ កុំតែមានគ្រូដឹកនាំមកជាមួយហើយខ្ញុំមកក្នុងនាមជាសិស្សពូកែមុខមាត់សាលាទើបខ្ញុំស្ងាត់វិញ។ ខ្ញុំចង់ឈែតទៅឱ្យសម្ផស្សលួងលោមណាស់តែ នៅថ្ងៃដែលខ្ញុំមិនជឿនាងថែមទាំងថានាងជាសង្សាររបស់ផៃនោះមក យើងមិនដែរនិយាយរកគ្នាទៀតឡើយ។

“សម្ភស្សខ្ញុំត្រូវការឯង” ខ្ញុំសរសេរហើយលុបវិញព្រោះមិនដាច់ចិត្តឈែតទៅនាងមុន។

“ចន្ទរះភ្លឺថ្លា ក្បែរកាយរៀមរ៉ា លើផ្លូវវែងឆ្ងាយ ក្ដីស្នេហ៍ក្នុងទ្រូង មិនអាចបរិយាយ សុំពឹងដួងផ្កាយ ប្រាប់ឆោមឆាយផង។”

Notification លាន់ពេញទូរសព្ទ។ ខ្ញុំចង់ស្រែក ខ្ញុំម៉េចក៏ស្រឡាញ់គេអ៊ីចឹងខ្ញុំខកចិត្តណាស់ខ្ញុំស្អប់ខ្លួនឯងដែលស្រឡាញ់គេ ផាត ណាផៃ។ ពួកយើងបានបញ្ចប់ការប្រឡង គឺឯកទេសវិញ្ញាសាទី១ ទី២ និងវប្បធម៌ទូទៅ។ ពេលបកមកផ្ទះវិញ ផ្លូវដដែល ទេសភាពដដែលតែចិត្តមនុស្សប្រែប្រួល ខ្ញុំមើលលែងឃើញស្អាតលែងឃើញល្អទៀតហើយ។ ខ្ញុំឈឺចិត្តមិនមែនខឹងគេដែលស្និទ្ធនឹងខ្ញុំទេ តែខ្ញុំខឹងខ្លួនឯងដែលមិនត្រឹមតែលង់ស្រឡាញ់គេថែមទាំងគិតថាគេស្រឡាញ់ខ្លួនវិញទៀត។

“គ្រាន់តែស្និទ្ធនឹងគ្នា ធ្វើមិត្តភកិ្តមិនបានទាល់តែសង្សារឬ?”

សម្ភស្សសួរខ្ញុំពេលខ្ញុំក្រោបនឹងតុម៉ោងចេញលេង មានតែនាងទេដែលស្គាល់ខ្ញុំច្បាស់ដូចពេលនេះអ៊ីចឹងទោះខ្ញុំអត់ប្រាប់នាងក៏នាងដឹងពីស្ថានភាពខ្ញុំ។​

គេមិនបានហាមនៅពេលខ្ញុំលង់ស្រឡាញ់គេ ហើយគេមិនបានឃាត់ពេលដែលខ្ញុំចាកចេញ។ ខ្ញុំឃើញគេកាលណាខ្ញុំទើសចិត្តណាស់ ខ្ញុំខឹងខ្លួនឯង។

ខ្ញុំអត់មានអារម្មណ៍ចេញលេងទេ ក្រៅពីក្រាបនឹងតុ។ មាននរណាគេម្នាក់កំពុងអង្គុយចុះក្បែរខ្ញុំ ខ្ញុំមិនងាកទេតែក្លិននេះខ្ញុំស្គាល់ច្បាស់ជាក្លិនដែលនៅជាប់ក្នុងការចងចាំនេះមិនទាន់រលុបឡើយ។

“លម្អង! ជាមិត្តនឹងគ្នាល្អបំផុតហើយ។ ខ្ញុំចង់ប្រាប់លម្អងដែរតែថាចេះតែគ្មានឱកាស ឱ្យខ្ញុំសុំទោស” ទំនងជាគេដឹងតាមសម្ភស្សទើបគេមកលួងលោមខ្ញុំ

“ខ្ញុំទេជាអ្នកខុស ខុសព្រោះច្រឡំថាគេស្រឡាញ់ខ្លួន”

“បានហើយលម្អង ឈប់គិតទៅ” គេក្ដោបដៃរបស់ខ្ញុំ តែខ្ញុំលែងរំភើបដូចមុខហើយ។ គេញញឹមទាំងស្រងូត។ ខ្ញុំប្រលេះដៃចេញពីដៃធំមាំរបស់គេ។

“អត់ចង់ឃើញលម្អងទៅជាបែបនេះទេ!”

ខ្ញុំនៅស្ងៀម គេបន្ដ

“ដឹងទេ? កាលខ្ញុំផ្លាស់មកដំបូងខ្ញុំឃើញលម្អងជាមនុស្សរីករាយណាស់ ជាក្មេងដែលឈ្លក់វង្វេងនឹងការរៀនសូត្រចូលចិត្តធ្វើលំហាត់ប្រជែងជាមួយមិត្តភក្ដិ កាលនោះទោះមិនដែលនិយាយគ្នាតែលំហាត់ដែលរ៉ាយុទ្ធប្រណាំងជាមួយលម្អងនោះគឺខ្ញុំជាអ្នកធ្វើទេ!”

“ហាស?” ខ្ញុំបើកភ្នែកធំៗភ្ញាក់ផ្អើល នេះគេជាដៃគូប្រជែងនឹងខ្ញុំតាំងពីពេលនោះឬក៏អី

“មើលអីលើក្ដារខៀននោះទៅ”

ខ្ញុំមើលតាមដៃគេ តែក្ដារខៀនកញ្ចក់ត្រូវបានលុបស្អាត

“អត់ឃើញអីផង” ខ្ញុំឆ្លើយ

“មើលថ្ងៃខែ”

“កើតអីមែន”

“ជិតឆមាសលើកទីមួយ ហើយក៏ជិត…”

“បាក់ឌុប” ពួកយើងទាំងពីរថាព្រមគ្នា

“ខ្ញុំមិនបានថាខ្ញុំអត់រៀនឯណា”

ពេលនេះទោះយើងទៅណាមកណាជាមួយគ្នា តែក្នុងចិត្តយើងទាំងពីរសុទ្ធតែដឹងថានៅចំណុចណា មិនអាចឡើយលើសពីមិត្តភក្តិ។ ក្រោយពីខកចិត្ត ខ្ញុំពិតជាអរគុណទ្វីបលោកដែលរុញច្រានគេឱ្យចួបខ្ញុំ។ ខ្ញុំស្រមៃមិនចេញទេបើសិនគេជាសង្សារខ្ញុំបន្ទាប់មកយើងបែកគ្នា តើខ្ញុំឈឺចាប់កម្រិតណា។ អរគុណដែលចូលមកក្នុងជីវិតខ្ញុំធ្វើឱ្យខ្ញុំរៀនសូត្របានច្រើនណាស់៕

ចប់

យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ

Email របស់អ្នកមិនត្រូវបានបង្ហាញជាសារធារណៈទេ*