វគ្គ
លាហើយក្តីទុក្ខព្រួយ
ពេលនេះម៉ោងនេះ បន្ទប់អាផាតមិនដ៏ទំនើបរបស់វណ្ណ ពោរពេញទៅដោយទុក្ខព្រួយ។ បុរសនឹកចង់ចាប់ផ្តើមជីវិតសាជាថ្មីតែតម្លៃសេរីភាពនេះថ្លៃណាស់ គេជំពាក់ពុទ្ធិដាច្រើនពេកហើយ គេមិនចង់ទេ។ គិតរួចហើយ វណ្ណត្រូវទៅរកឥន្ទវង្សដើម្បីជម្រះគ្នា តែគេនៅដំអក់ឈរនៅក្នុងបន្ទប់នេះសិន…មិនមែនស្តាយកម្មសិទ្ធិទីលំនៅដ្ឋានប្រណីតផ្តល់មកឱ្យដោយឥន្ទវង្សទេ តែគេស្តាយអនុស្សាវរីយ៍ទាំងអស់ជាមួយអង្គ។
សម្រាប់វណ្ណម្នាក់នេះ សេចក្តីស្រលាញ់មិនមែនជាកម្មសិទ្ធិទេ តែជាវត្តមាន។ អង្គមិនមែនជាអ្វីមួយដែលប្រុសយកមកបាន ហើយមានះគ្រប់គ្រង ឬទាមទារជាសិទ្ធិលើនាងនោះទេ តែជាអ្វីដែលយើងសប្បាយចិត្តពេលឃើញនាងរីកចម្រើន បានល្អ ហើយមានសេរីភាពចាប់យកអ្វីដែលនាងចង់បានក្នុងជីវិត។
ដៃអ្នកចម្រៀងទាញបត់អាវមួយចុងក្រោយ ក៏មិនរួច ហាក់បីដូចជាកំពុងតែអស់ដៃជើង ដូច្នេះគេក៏ផ្អាកដោយសម្លឹងមើលវ៉ាលិសខ្លួនឯង។ គ្រប់យ៉ាងនៅវេលានេះ ត្រឹមតែជាសំណល់ ជាបំណែកនៃជីវិតរបស់ខ្លួន ដែលធ្លាប់តែគិតថា នឹងបានភ្លឺថ្លាដោយក្តីសុបិនលើឆាក ឥឡូវនេះមិនត្រឹមមិនដូចប៉ង តែត្រូវបានខូចខាតសូម្បីតែរបស់ដែលធ្លាប់មានស្រាប់មក គឺអង្គ។
ល្បិចនិងការគ្រប់គ្រងរបស់ ឥន្ទវង្សជាគំនាបមួយ ដែលគ្មានអ្នកអាចដកដង្ហើមធំរួចឡើយ។ នៅក្រោមម្រាមដៃមនុស្សដូចគេ ចូលឯកនគរគឺចូលទៅរកឌីប្រេសសិនឬអ្វីៗដែលអាក្រក់ជានេះទៅទៀតផង។
ទោះណាជាការសម្រេចចិត្តមួយនេះ ជាមួយទម្ងន់ពន់រែកមួយសែនធ្ងន់លើស្មា តែបេះដូងរបស់វណ្ណស្រាល និង…..ទទួលអារម្មណ៍ហៀបនឹងមានសេរីភាពម្យ៉ាងប្រៀបបាននឹងមនុស្សលង់ទឹក ប្រទះឃើញពោងមួយក្បែរៗដៃ។
វណ្ណមិនដែលយឺតពេលសម្រាប់បង្កើតសន្តិភាពចិត្តទេ! ពុទ្ធិដាប្រាប់ដូច្នេះហើយនាងបានបញ្ជាក់ទៀតថា សិល្បៈដែលសេរីគ្មានការដាក់កំហិតទើបហៅបានថា សិល្បៈ រីឯស្នេហាដែលមិនមានលក្ខខណ្ឌទើបជាស្នេហាពិត។
វណ្ណមិនរវល់ទេ ថាហេតុអ្វីបានជាពុទ្ធិដាគិតយល់នៅពេលនេះព្រោះគេមានពិភាល់អំពីខ្យល់ដង្ហើមអ្នកណាម្នាក់ទន់ភ្លន់ពីក្រោយខ្នង។
គេប្រែខ្លួនមកភ្លាមដោយមិងមាំង។
វណ្ណមិនរំពឹងថា គឺជាអង្គនោះទេ។ តែជាការពិត….អង្គនៅទីនោះមែន។ អង្គញញឹមតិចៗ សក់រប៉ាត់រប៉ាយបន្តិច គ្មានការតុបតែងមុខ គ្មានភាពរៀបរយអ្វី…តែជានាង១០០ភាគរយដែលបេះដូងវណ្ណត្រូវការ។
នាងស្ថិតនៅក្នុងឈុតសម្លៀកបំពាក់ការិយាល័យសាមញ្ញដដែល។ នាងផ្អាកញញឹមពេលឃើញទឹកមុខស្ងួត ភ្នែកស្លក់ខ្មៅរបស់គេ តែមិនយូរទេនាងញញឹមជាថ្មី រួចក៏ដើរចូលទៅរកវណ្ណ។
«ចេញពីឯកនគរ?» នាងនិយាយយ៉ាងស្រទន់ហើយសម្លឹងមើលជុំវិញបន្ទប់សន្សឹមៗអស់ចិត្តក៏ងាកមកវិញភ្លាម។
«ខ្ញុំសំណាងហើយ….មកទាន់វណ្ណ!»
ប្រុសលេបទឹកមាត់ រំជួលចិត្តនៅពីក្រោយភ្នែកដ៏ស្ងប់ស្ងាត់របស់គេដែលទីរទើរគ្មានពាក្យដែលយល់ថាសមនឹងតបឆ្លើយ។ ទីបំផុតកែវភ្នែកស្រទន់រង់ចាំស្តាប់របស់នាងបានបង្ខំឱ្យគេឆ្លើយ៖
«ត្រូវការគម្លាតបន្តិច….ចង់ទំនេរបន្តិច….ពី…ស្អីៗ….គ្រប់យ៉ាង!»
«ដឹង» នារីឆ្លើយស្រាលដោយងក់ក្បាល «ហើយខ្ញុំ….ក៏មិនបានមកឃាត់វណ្ណដែរ ដឹងអត់? ខ្ញុំ….មកព្រោះតែចង់…..ទៅជាមួយវណ្ណ!»
ប្រុសមមីភ្នែកសម្លឹងនាង។ ស្រីវាចាដោយអង្គុយចុះមកទល់មុខគ្នា។
«គឺ….ឥឡូវនេះ….ពិតមែន….ទៅណាក៏បាន! ឆ្ងាយពីភាពឯកោ ចេញឱ្យឆ្ងាយពីរឿងភ័យខ្លាចអស់នេះ គ្មានការគ្រប់គ្រង គ្មានអ្នកណា មានតែយើង…..ពីរនាក់!»
បបូរមាត់គេញញឹមបន្តិចតែភ្នែកគេញញឹមជំនួស ពេលសម្លឹងមើលនាង។ ប្រុសឱ្យពន្លឺភ្នែកមួយដែលមានអត្ថន័យជាងជលនេត្រហើយរឹងប៉ឹងជាងប្រអប់ដៃដែលគេធ្លាប់កាន់នាង។ ស្ត្រីម្នាក់នេះ ធ្លាប់ឈរស្ងៀមហើយកើតទុក្ខពេលវណ្ណថយពីនាងទៅនៅក្បែរពន្លឺឆាកតន្ត្រីចិញ្ចាចចិញ្ចែង តែឥឡូវនេះបេះដូងនាងបញ្ចេញពន្លឺមកឱ្យវណ្ណជំនួសឱ្យអ្វីៗសព្វបែបយ៉ាង។
«ខ្ញុំខ្លាច» មាណវីខ្សឹបញ័រៗ «កន្លងមក ខ្ញុំខ្លាចថា ស្នេហាមួយនេះ នឹងចូលទៅបំផ្លាញក្តីសុបិនសិល្បៈរបស់វណ្ណ…ប៉ុន្តែបន្ទាប់មក…ឆ្លងកាត់រឿងជាច្រើនមកនេះ ខ្ញុំបានដឹងវិញថា ខ្ញុំជាផ្នែកមួយនៃសុបិនរបស់វណ្ណ ហើយសុបិនវណ្ណគឺជាអ្វីខ្ញុំចង់នៅក្នុងនោះ!»
វណ្ណមិនចេះនិយាយដូចកវីទេ តែភ្នែកគេកំពុងនិយាយជំនួស។
ស្នេហាពួកគេបានធ្វើឱ្យម្នាក់ៗខ្លាចម្នាក់ទៀតបាត់បង់ឱកាស តែដោយសារហេតុផលយ៉ាងនេះ បានជាមនុស្សពីរនាក់ស្រលាញ់គ្នាស្មោះសឹងនឹងបែកគ្នាបានដោយសារការយល់ច្រឡំ។
គេលូកដៃត្រកងនាង។ សាជាថ្មី អង្គមកនៅក្បែរទ្រូងគេវិញហើយ។ ការឈ្លោះគ្នា បានក្លាយជាអតីត។ មិនថាអ្នកណាក្តី មិនអាចមកនៅចន្លោះពួកគេបានទៀតនោះទេព្រោះវណ្ណនិងអង្គដឹងថា អ្វីទៅជាជីវិតពិតរបស់ពួកគេ។
«អង្គ» ប្រុសស្អាតហៅនាងតិចៗ។ អង្គជាឈ្មោះមួយម៉ាត់គត់ ដែលបេះដូងគេចង់ឮសំឡេងខ្លួនឯងហៅនាងក្នុងរបៀបនេះ សភាពដូចពេលនេះគឺមាននាងក្បែរទ្រូងនិងក្នុងប្រអប់បេះដូង។
«បងមិនដឹងច្រៀងយ៉ាងម៉េចទេ ច្រៀងដើម្បីអ្វី ពេលគ្មានអូន!»
ស្រីលូកដៃអង្អែលថ្គាមសង្ហារបស់គេ។
«អ៊ីចឹង តស់! ច្រៀងជាមួយគ្នាទេ?» នាងនិយាយទាំងសព្ទសំឡេងសែនញាប់ញ័រដោយការពិតនៃក្តីរំភើប។ សំឡេងវណ្ណលាន់មកបន្ថែម៖
«សូមទោសដែលបងគិតផ្តេសផ្តាសលើCEOរបស់អូន!»
«តស់វណ្ណ យើងនិយាយតែរឿងពួកយើងពីរនាក់! យើងសាងជីវិតមួយថ្មី ដែលយើងជំពាក់នរណាម្នាក់ក្រៅពី…..បេះដូងពួកយើង! យើងនឹងសរសេរបទភ្លេងរបស់យើង អ្នកយល់ក៏បាន មិនយល់ក៏មិនអី!»
បាតដៃរបស់គេរេរាំថ្នមចង្កេះរបស់នាង ថ្ងាសរបស់នាងសម្រាកទល់នឹងច្រមុះវណ្ណ។ រឿងរ៉ាវនៃបេះដូងពីរនេះ មិនត្រូវការឱ្យមានការពន្យល់អ្វីច្រើនទៀតនោះទេ។
មិនបាច់ត្រូវការពាក្យពេចន៍អ្វីមកបញ្ជាក់ទាំងអស់ គ្រាន់តែស្នាមថើបមួយ វែងនិងជ្រៅ ពោរពេញដោយអ្វីៗគ្រប់យ៉ាងដែលពួកគេបានប្រព្រឹត្តឱ្យគ្នាដោយស្មោះ…..និងស្ងៀមស្ងាត់។
មិនថា ពិភពលោកនេះឃោរឃៅយ៉ាងណា ក៏ទាំងពីរប្រាណអាចទម្លាក់ចោលមហិច្ឆតាគ្រប់យ៉ាង ហើយបណ្តេញរឿងអស់ទាំងនោះចេញពីជីវិតពួកគេ ប្រសិនពួកគេច្បាស់នឹងបេះដូងខ្លួនឯង។
អតីតនិងឧបសគ្គបានរសាត់ទៅឆ្ងាយហើយ នៅទីនេះសល់តែស្នាមថើបដែលផ្តល់ដល់គ្នា ដូចជាម្នាក់ៗទើបនឹងរស់រានមានជីវិតឡើងពីក្រោយព្យុះសង្ឃរាធំ ហើយនៅទីនេះដើម្បីគ្នាទុកខ្លួនឯងជាទីជំរកសម្រាប់គ្នាទៅវិញទៅមក។
ហើយ….ជាមួយនឹងការប៉ះពាល់ដ៏ស្និទ្ធស្នាល សប្បុរសចែករំលែកខ្យល់ដង្ហើមគ្នា អនាគតថ្មីនៃអង្គនិងវណ្ណបានចាប់ផ្ដើមឡើងយ៉ាងកក់ក្តៅនិងដោយស្ងប់ស្ងាត់។
ស្នេហាពិត មិនកើតចេញក្នុងកាលៈទេសៈល្អឥតខ្ចោះ ឬរវាងមនុស្សពីរនាក់ដែលគ្មានកំហុសទេ តែលេចចេញពិតប្រាកដក្រោយស្គាល់គ្នាថាយ៉ាងណា ហើយនៅតែទទួលយល់ព្រមនិងជ្រើសរើសគ្នាទៅវិញទៅមក។
អង្គខ្សឹបតិចៗក្នុងបេះដូងនាង៖
«វណ្ណ ជាអ្វីមួយរំឭកខ្ញុំថា ខ្ញុំជានរណានៅពេលហៀបនឹងភ្លេចខ្លួនឯង។ វណ្ណរំឭកខ្ញុំអំពីពន្លឺ សូម្បីតែនៅក្នុងទីងងឹតបំផុតក៏ដោយ។ ស្នេហាពិត នឹងចូលមករំឭកយើងថា នរណាម្នាក់ នៅកន្លែងណាមួយកំពុងស្តាប់បទចម្រៀងដ៏ស្ងប់ស្ងាត់នៃព្រលឹងពួកយើង ហើយច្រៀងបន្ទរដោយកក់ក្តៅ! សេចក្តីស្រលាញ់មិនមែនមកបំពេញចន្លោះទទេក្នុងបេះដូងឬជីវិតដែលឯកោទេ ប៉ុន្តែត្រូវទទួលមនុស្សម្នាក់មកក្នុងចិត្តយើង ដោយស្ងាត់ស្ងៀម កក់ក្តៅសូម្បីតែពេលដែលពិភពលោកប្រែជាត្រជាក់មិនរវល់នឹងយើង ឬទាត់យើងចោល យើងមានគេជាមួយយើងគ្រប់ពេលវេលាគ្រប់ទីកន្លែង!»
ហើយនេះ….នឹងក្លាយជាបទចម្រៀងថ្មីរបស់នាងនៅថ្ងៃស្អែក។
——————–
ពេលល្ងាចនេះដែរ ទីក្រុងភ្នំពេញទាំងមូលកំពុងធ្លាក់ក្នុងភាពស្រអាប់ដោយផ្ទាំងពពកពណ៌ស្វាយងងឹតអណ្តែតត្រសែត។
ពុទ្ធិដាឈរនៅខាងក្រៅស្ទូឌីយោតន្ត្រី ដោយកាន់ទូរសព្ទក្នុងប្រអប់ដៃញាប់ញ័រ។ នារីអភិជនដែលបានស្ទាក់ស្ទើរយូរមកហើយ ក៏ផ្តើមសម្រេចចិត្ត។ នាងរអ៊ូម្នាក់ឯង៖
«ពុទ្ធិដា ដល់ពេលហើយ!»
និយាយចប់ នាងតាំងចិត្តខលរកសាមកែវ។ ជាមួយសំឡេងស្មើ ពុទ្ធិដាបានផ្តើមស្រដីពេលឮការទទួលទូរសព្ទ៖
«សួស្តី! សុខសប្បាយទេ?!»
មានគម្លាតស្ងាត់ស្ងៀមរវាងពួកគេ ជាគម្លាតមួយណែន ក្រាស់ជាមួយអតីតកាលជាច្រើនដែលនៅជំពាក់មិនទាន់បាននិយាយ។
«ខ្ញុំគ្រាន់តែចង់និយាយ…» សំឡេងរបស់ពុទ្ធិដាបន្លឺឡើងស្ទាក់ស្ទើរ…. «ខ្ញុំមិនក្លាហានគ្រប់គ្រាន់ទេកាលពីមុន មិនក្លាហានគ្រប់គ្រាន់ដើម្បីតស៊ូនឹងស្នេហាមួយ តស៊ូដើម្បីអ្នក…ដែល….ខ្ញុំពិតជាស្រលាញ់រហូតមក! ឬ….សម្រាប់ពួកយើង! ខ្ញុំគិតថា ការរឹងមាំមានន័យថា ត្រូវនៅស្ងៀមជម្នះអារម្មណ៍ពិត ជម្នះបេះដូងទៅធ្វើការងារជំនួញវិញ….ប៉ុន្តែ តាមពិត ខ្ញុំយល់ហើយ សាមកែវ ភាពរឹងមាំ ពេលនេះ មានន័យថា ខ្ញុំចង់ជ្រើសរើសអ្នកដែលខ្ញុំស្រលាញ់ ទោះបីជាឈឺចាប់ឬលះបង់បែបណាក៏ដោយ»
សាមកែវដកដង្ហើមធំ ខណៈពុទ្ធិដាបន្តដោយភ្នែកភ្លឺៗ៖
«ខ្ញុំចោលស្នេហាយើង ព្រោះខ្ញុំចាញ់ ខ្ញុំខ្លាចសម្លុតបងខ្ញុំ ខ្លាចគាត់សម្លាប់លោក តែ…..ពេលនេះ….»នាងឈរឱបកាបូបរបស់នាងហើយលេបទឹកមាត់និយាយបន្ត៖
«ខ្ញុំមានសំបុត្រយន្តហោះពីរទៅរ៉ូម ហើយ….ខ្ញុំចង់ឱ្យលោកមកសាមកែវ ប៉ុន្តែខ្ញុំគិតថា…ប្រហែលជានេះគ្រាន់តែជាសុបិនរបស់ខ្ញុំ….មែនទេ?»
«ខ្ញុំទៅ!»
គេឆ្លើយមកយ៉ាងខ្លី បានន័យថា មនុស្សដែលស្រលាញ់នាង បានត្រឹមដកខ្លួន តែមិនបានឈប់ស្រលាញ់នាងឡើយ។ ពុទ្ធិដាញញឹម….ប៉ុន្តែមុននឹងនាងអាចហានិយាយបន្ថែមទៀត បងប្រុសរបស់នាងដែលមានទឹកមុខកាចដូចយក្សា ដើរទើមៗមកពីមុខទៅហើយ។
«បងឥន្ទវង្ស? គាត់…..គាត់មកហើយសាមកែវ!»
នាងខ្សឹបខណៈបងប្រុស បានស្ទុះចូលមកធ្វើឱ្យពុទ្ធិដាត្រូវស្រែកវ៉ាសឡើង។ ទូរសព្ទនាងរបូតធ្លាក់ បន្សល់នៅតែសំឡេងសង្សារចាស់ដង្ហោយដោយបារម្ភពីចុងម្ខាង…..«ពុទ្ធិដា? ពុទ្ធិដា?»។
ឥន្ទវង្សលូកដៃមកទាញប្អូនស្រី ថែមប្រើកម្លាំងច្របាច់ស្មានាង។ មាត់ជននេះខំាចូលគ្នាជាមួយកំហឹងចិត្ត ហើយសង្គៀតធ្មេញនិយាយ៖
«ឯងចង់ទៅណា? ទៅរកអាអ្នកចម្រៀងអស់ខោម្នាក់ហ្នឹង? ខ្វះប្រុសណាស់បានជាឯង ចង់ក្បត់ឯកនគរ?»
ពុទ្ធិដាប្រឹងថយក្រោយដោយទឹកមុខឈឺចាប់ តែមាត់នាងតវ៉ា៖
«ជីវិតខ្ញុំ មិនមែនជាកម្មសិទ្ធិរបស់បងឯងទេ! កុំយកខ្ញុំមកធ្វើជាល្បែងរបស់ពួកបងឯង ខ្ញុំធុញណាស់! ដំបូងឱ្យខ្ញុំទាក់ទាញសាមកែវ រួចដល់សក្តាវណ្ណ ដល់ពេលអស់ការងារជាមួយពួកគេ ឱ្យខ្ញុំដកខ្លួន ខ្ញុំមិនមែនរបស់បងឯងញាក់ទៅណាទៅហ្នឹងទេ ខ្ញុំជាមនុស្ស ភ្ញាក់ខ្លួនឡើងបង ដើរធ្វើបាបគេឯងតើបានអីមកវិញ?»
បងប្រុសចាប់ដៃនាងម្ខាងទៀតដោយអាការៈគំរាមកំហែង មាត់មិនទាន់បានហាព្រមានប្អូនស្រី ប៉ុន្តែឥន្ទវង្សឮសំឡេងមួយត្រជាក់ពីក្រោយខ្នង៖
«លែងពុទ្ធិដា!»
«បងរាជនី!» ពុទ្ធិដាស្រែកយំ។
ចំណែកឥន្ទវង្សខ្លួនឯងវិញ កំពុងត្រូវភាំងបន្តិច។
រាជនីឈរពីចម្ងាយ គឺនៅត្រង់មាត់ទ្វារជាមួយវត្តមានដ៏ស្ងប់ស្ងាត់ តែមានអត្ថន័យស្មើកាំបិតនៅក្នុងព្យុះ។
ពុទ្ធិដារត់ទៅព្រោះឥន្ទវង្សភ្លេចចាប់នាងទៅហើយ។ ភ្នែកគេក្រហមសម្លឹងមកអតីតសង្សារ។
«មកធ្វើអី?!»
«មកបញ្ចប់អំពើឆ្កួតរបស់អ្នកខ្លះ!»
ពុទ្ធិដាតោងដៃរាជនី។ មនុស្សបីនាក់នេះមានអតីតកាលធំមួយដែលឥន្ទវង្សនៅចងគំនុំ តែពីរនាក់ទៀតចង់បំភ្លេច។ ទោះយ៉ាងណា រាជនីបានសម្រេចចិត្តបង្ហាញខ្លួនមកវិញលើកនេះព្រោះតែនាងមិនអាចសំងំមើលទៀតបាន។
ឃើញនាងកាន់ដៃអតីតសង្សារ ឥន្ទវង្សវាចាដោយងក់ក្បាល៖
«យល់ហើយ! អ៊ីចឹងសោះ បានជាប្អូនស្រីដែលខ្ញុំស្រលាញ់ ទៅបែកឆ្វេង មកពីមានគេមកបំពាក់បំប៉ន! មកណេះ ធីតា! បងជាបងឯង បងស្រលាញ់ឯង!»
«អ្នកខ្លះក៏ធ្លាប់ស្រលាញ់ខ្ញុំ!» រាជនីនិយាយឡើងដោយស្ងប់ស្ងាត់ ខណៈឃ្លានេះធ្វើឱ្យឥន្ទវង្សគាំងសាជាថ្មី។ នាងបន្តតិចៗយឺតៗ «ហើយ ពាក្យស្រលាញ់ដដែលនេះ លោកបានប្រើយកទៅសម្លាប់អតីតកាលរបស់ពួកយើង!»
ឥន្ទវង្សគ្រវីក្បាល៖
«អូនក្បត់បងមុន!»
រាជនីញញឹម…..តែជាមួយទឹកមុខជូរចត់ណាស់។ សេចក្ដីស្រលាញ់នោះ ឥន្ទវង្សបានប្រើដើម្បីបំផ្លាញគ្រប់គ្នា មនុស្សបីនាក់នៅទីនេះសុទ្ធតែដឹង។
ពុទ្ធិដាឈ្ងោកមុខសម្លឹងដីដោយអាម៉ាស់ហើយនាងគ្រវីក្បាលយឺតៗ។ នាងនឹកឃើញទាំងអស់ កាលដែលរាជនីនិងឥន្ទវង្សស្រលាញ់គ្នាប៉ុនណា តែដោយហេតុពិស្តារក៏ស្រលាញ់នាង ហើយឥន្ទវង្សចង់ឈ្នះពិស្តារ បានប្រើរាជនីឱ្យទៅនៅក្បែរគេដើម្បីបំផ្លាញគេ ក្រោយមកការបំផ្លាញមិនអាចកើតមានតាមគម្រោងទេ ព្រោះពិស្តារជាមនុស្សពេញដោយបេះដូងមាស និងមានសមត្ថភាព ដែលរនុកក្នុងមិនត្រឹមចុះចាញ់ចិត្តគេ ថែមទាំងលង់ស្រលាញ់។
នៅពេលរាជនីនិងពិស្តារក្លាយជាគូស្នេហ៍ ឥន្ទវង្សរឹតតែឆ្កួតវង្វេង។
«ខ្ញុំគិតថា ដល់ពេលខ្ញុំត្រូវដោះចោលច្រវាក់ស្រលាញ់របស់បងប្រុសខ្លួនឯងហើយ! ខ្ញុំចង់ចេញពីរឿងខ្មៅកខ្វក់អស់ទាំងនេះ!»
ថាហើយ ស្រីតូចពុទ្ធិដាងាកចេញ ដើរចោលបងប្រុសទាំងមិនងាកក្រោយ។
«ឥឡូវ…ប្តីខ្ញុំស្លាប់ហើយ ខ្ញុំនឹងប្រើពេលវេលា ឬអ្វីក៏ដោយដែលនៅសេសសល់របស់ខ្ញុំ…ដើម្បីសង្គ្រោះនរណាម្នាក់ អ្នកណាក៏ដោយ ចេញពីភាពជាបិសាចរបស់លោក!»
សំឡេងនេះ បណ្តាលឱ្យពុទ្ធិដាដែលកំពុងឈានដើរនោះលើកដៃជូតទឹកភ្នែកដែលស្រក់ រួចក៏បន្ថែមល្បឿនរហូតដល់ត្រូវរត់យកៗតែម្តង នាងរត់ទៅមុខហាក់បីបារម្ភថា សេរីភាពនាងដែលហៀបនឹងទទួលបាននេះអាចនឹងបាត់បង់វិញ។
ទីនេះវិញក៏នៅសល់តែរាជនីនិងឥន្ទវង្ស។ បុរសនេះច្រត់ដៃសើចយ៉ាងជូរចត់ ទើបដើរចូលទៅក្នុងបន្ទប់ក្បែរនោះ។ រាជនីដើរតាមយឺតៗព្រោះដឹងថា ឥន្ទវង្សទំនងខ្លាចនៅវាលមានគេស្តាប់បានកិច្ចសន្ទនាគ្នារវាងនាងនិងគេ។
ទោះយ៉ាងណាប្រពន្ធផលិតករពិស្តារនៅដំអក់ឈរក្បែរទ្វារ ហើយសម្លឹងមើលសភាពហាក់មិនចេះភ្ញាក់ខ្លួនរបស់ជនដែលនាងធ្លាប់ជឿ និងធ្លាប់ស្រលាញ់គេកាលពីយុវវ័យ។
«នេះជាពេលចុងក្រោយដែលយើងជួបគ្នា ឈប់ធ្វើបាបអង្គនិងវណ្ណ! ឈប់ធ្វើបាបពុទ្ធិដា!»
«យកអីមកដាក់លក្ខខណ្ឌ?!»ឥន្ទវង្សសួរធ្វើហី។
រាជនីឆ្លើយវិញតាមសម្រួល៖
«កាលខ្ញុំមកភ្នំពេញដំបូង ខ្ញុំចាំបានអ្នកណាធ្លាប់ជួយខ្ញុំ ឱ្យបាយ ឱ្យការងារ ឱ្យបទពិសោធ តែ….បទពិសោធនោះ ខ្ញុំពិបាកភ្លេចណាស់! ខ្ញុំជំពាក់មួយ ខ្ញុំសងមួយ ដូច្នេះហើយ ប្តីខ្ញុំស្លាប់ ខ្ញុំបានឱ្យគ្រប់យ៉ាងចប់តែមិនមែនបានន័យថា ខ្ញុំមិនដឹងរឿងអីទេ ខ្ញុំមិនសងសឹក ព្រោះខ្ញុំចង់សងគុណ យើងអស់ជំពាក់គ្នាហើយ ឥន្ទវង្ស!»
«ជំពាក់ច្រើនណាស់ អ្នកស្រី! ប្តីអ្នកស្រីក្បត់មិត្តភក្តិស្រលាញ់សង្សាររបស់ខ្ញុំ ហើយចុងក្រោយគេស្លាប់ព្រោះកម្មពៀរវិញដដែលហ្នឹង!»
នាងងាកមកជននេះ ជាកែវភ្នែកទោសៈ តែនឹងនរ។ រាជនីសម្លឹងមើលឥន្ទវង្សដោយមិនចង់ព្រិចភ្នែកព្រោះនាងមិនជឿថា ច្រើនឆ្នាំមកនេះ គេនៅតែ«ដដែល» ឆ្កួតនឹងខ្លួនឯង មិនស្គាល់ខុសនិងត្រូវ ធ្វើបានគ្រប់យ៉ាងឱ្យតែជាអំពើអាក្រក់ ហើយចង្អុលអ្នកដទៃបានទៀត។
នាងដឹងថា គ្មានអ្វីអាចបញ្ចប់មនុស្សនេះ ឱ្យងាកមកធ្វើល្អវិញបានទេ មានតែដើរចេញ….ឈានបានមួយជំហានប៉ុណ្ណោះ សំឡេងគេលាន់មកឃាត់ជើងនាង៖
«បងដឹងថា អូននៅស្រលាញ់បង!»
រាជនីមិចភ្នែក ទាំងបែរខ្នង។ គេគិតឆ្កួតអីគេ ? នេះពិតជា Narcissists!!!
«អូនខ្លាចបងធ្វើខុស បានជានៅជុំវិញ ក្បែរៗបងមែនទេ? អូនcare សារភាពមក!»
រាជនីលេបទឹកភ្នែករលីងរលោងតែមិនមែនមកពីនាងស្រលាញ់បុរសនេះទេ។ មកពីនាងមានអតីតកាលមួយ ចូលរួមជាមួយគម្រោងការឆ្កួតលេលារបស់គេ។ នាងយល់ពី ពុទ្ធិដានិងអ្នកដទៃ ដែលចូលមកក្នុងជីវិតឥន្ទវង្ស ត្រឹមន័យជាកូនអុកដែលជននេះបោះទុនដោយពាក្យ«ស្រលាញ់»។
«ចុះលោក…..លោកស្រលាញ់ខ្ញុំទេ?!»
នាងងាកមកសួរទាំងទឹកមុខខឹងស្លេក។
ឥន្ទវង្សស្ទុះមកក្បែរភ្លាមធ្វើឱ្យខាងស្រីដកថយយឺតៗ តែនាងមិនទៅណាឆ្ងាយព្រោះនាងហួសចិត្តនិងចង់ស្តាប់គេនេះបញ្ចេញរោគចិត្តរបស់គេ។
ឥន្ទវង្សនិយាយបន្ថែម៖
«ស្រលាញ់គ្មានថ្ងៃឈប់ទេ! អូនទៅចោលបង ដែលឃើញបងមានអ្នកណាទៀតដែរ?»
រាជនីទម្លាក់ត្របកភ្នែក។ នាងស្គាល់ឥន្ទវង្សច្បាស់។ គេមានជំងឺ ហើយគិតថា ពិភពលោកនេះក្បត់គេ ព្រោះក្នុងបេះដូងគេ មានតែអំពើក្បត់ ធ្វើម្តេចគេជឿលើផ្នែកវិជ្ជមាន?
នាងងក់ក្បាលនិយាយអណ្តឺតអណ្តក៖
«លោកស្រលាញ់មិត្តលោកដែរ? ពិស្តារ!»
ឥន្ទវង្សខ្ទប់មុខ ស្រែកឡូឡា៖
«វាប្រើប្រាស់ការស្រលាញ់របស់បង មកធ្វើបាបបង! វាស្រលាញ់សង្សារបង វាក្បត់បង!»
នាងញញឹមយ៉ាងឈឺចិត្តព្រោះនាងដឹងថា«មិនពិត»។ អ្វីទាំងនេះគឺជារូបភាពដែលឥន្ទវង្សប្រាប់ខ្លួនគេ ធាតុពិត គេជាប្រភេទមនុស្សដែលឱ្យតម្លៃតែខ្លួនឯង ប្រើពាក្យថាស្រលាញ់ តែមិនស្គាល់អ្វីទៅជាការស្រលាញ់។
នាងងាកចេញហើយដើរចោលគេ ក្នុងចិត្តរាជនី នាងខ្សឹបប្រាប់ខ្លួនឯង «ព្រះអើយ! ជួយគេផង!»។
នៅពីក្រោយខ្នងនាង ឥន្ទវង្សបោកកម្ទេចអ្វីៗគ្រប់យ៉ាង ក្ដុងក្តាំង តែនាងហាក់ធ្លាប់នឹងរឿងអស់ទាំងនេះហើយ។ នាងបោះសម្តីដោយមិនងាកក្រោយ៖
«….ដូចខ្ញុំនិយាយអ៊ីចឹង កុំធ្វើបាបគេ! ពុំនោះ…កុំថាខ្ញុំដាច់ចិត្ត! រឿងរបស់លោកទាំងអស់ នឹងត្រូវពិភពលោកនេះដឹង!»
«អូនមិននិយាយទេ» គេស្រែកមកពីក្រោយខ្លាំងៗ ទាំងដែលនាងទៅបាត់ស្រមោលហើយ ក៏ឥន្ទវង្សនៅតែនិយាយម្នាក់ឯង «បើអូនប្រាប់ អូនប្រាប់យូរហើយមែនទេ? អូននៅស្រលាញ់បង!» គេសំងំនិយាយដដែលជាដដែល «អូនត្រូវវាបង្ខំ បានជារៀបការចោលបងមែនទេ? អូនមិនដែលស្រលាញ់អាអ្នកសរសេរចម្រៀងម្នាក់ហ្នឹងទេមែនទេ? មនុស្សអន់ដូចវា!» «អូនមិននិយាយទេៗ»
«តែ…..របស់នេះ …..អាចនឹងនិយាយ!»
រតនៈ បង្ហាញខ្លួនពីជ្រុងមួយស្ងាត់ឈឹង ធ្វើឱ្យឥន្ទវង្សស្ងាត់មាត់ងាកមកយឺតៗ។
ឈរនៅជ្រុងម្ខាង ជនកន្ធាត់ កាន់ទូរសព្ទឡើងបង្ហាញ។ ម្ចាស់ឯកនគរដឹងថា គ្រប់យ៉ាងត្រូវបាន«ថត» ហើយមិនយូរទេ នៅលើបណ្តាញសង្គម នឹងបោកកញ្ជ្រោល។
«២លាន!!!» រតនៈបាននិយាយឡើងបន្ថែម ក្នុងស្នាមញញឹមយ៉ាងស្រទន់មួយ «បើធៀបនឹងលុយដែលអាឡូយទើបតែទារបានពីសក្តាវណ្ណ មេនៅសល់ចំណេញច្រើនទៀត!»
ឯគេវិញញញឹម ហៀបនឹងប្រាប់បន្ថែមថា «នេះ គ្រាន់តែជាClipម្ចាស់ដើម ឯFile Covert ត្រូវបានបញ្ជូនចេញ ទុកនៅទីសុវត្ថិភាពរួចហើយ!» តែជននេះមិនមានឱកាសហើបមាត់ទេ….ឥន្ទវង្សស្ទុះមកវែងៗជាមួយសន្ធឹក ដង្ហើមក្រហល់ក្រហាយ។
រតនៈគាំង ចំហមាត់ ជាមួយទូរសព្ទញ័រក្នុងដៃ។
គេដកថយដែរ តែហាក់ស្ពឹកៗ ព្រោះបុកពោះភ័យនឹងទឹកមុខខ្មៅខ្លាំងដូចបិសាចគ្មានឈាមរបស់ម្ចាស់ឯកនគរ។ ជនទុច្ចរិតធ្លោយបានពាក្យព្រមានពីរបីម៉ាត់ថា «កុំ…..ចូល…..ខ្ញុំ….ថត!»
ឥន្ទវង្សមិននិយាយមួយម៉ាត់ណាទេ គេស្ទុះទៅ ទះទូរសព្ទពីដៃរតនៈបំប៉ើង។ ខណៈរតនៈគ្មានឱកាសសូម្បីបែរ កុំថាឡើយរត់ ឥន្ទវង្សបន្តមកទៀតជាមួយកែវភ្នែកសម្លក់ឆ្កួតវង្វេងសម្រែកចុងក្រោយដាក់រតនៈថា៖
«ចង់បានប៉ុន្មាន?»
រាងកាយរតនៈរមួលខ្លួនថយក្រោយរកមើលសឹងមិនទាន់ ហើយមិនយូរប៉ុន្មានគ្រប់យ៉ាងក៏ត្រូវជន់លេចក្រោមសព្ទសូរចលាចលពីក្រោមបរិវេណអាគារ ឯកនគរ។
ឥន្ទវង្សឈរខាំមាត់ញ័រទ្រូងក្បែរគែមវេរ៉ង់ដាដែលរតនៈធ្លាក់ចុះទៅក្រោម។ គេញញឹមហើយនិយាយតិចៗ៖
«លើនេះគ្មានកាមេរ៉ាទេ អាល្អិត! ឯងសម្លាប់ខ្លួន!»
គេដៀងមកមើលទូរសព្ទដែលដួលខ្ទេចខ្ទាំលើឥដ្ឋ។ មិនទាន់បានឈោងដៃដល់ផង សំឡេងស៊ីរ៉ែនបន្លឺឡើងពីផ្លូវខាងក្រោម។
ប៉ូលិស?
ឥន្ទវង្សមិនជឿទេថា រាជនីហៅសមត្ថកិច្ចមកតែ យឺតពេលហើយ គេគ្មានពេលពិចារណាទេ។
ឥន្ទវង្សដកដង្ហើមធំ។
ជាលើកដំបូងក្នុងរយៈពេលប៉ុន្មានឆ្នាំ…ដែលច្បាំងយ៉ាងដាច់ធម៌មេត្តា ហើយទីបំផុតពេលនេះម៉ោងនេះ….គេសល់តែម្នាក់ឯង។
——————–
មួយឆ្នាំក្រោយមក….. តើមានអ្វីកើតឡើង…?
ផ្ទាំងបដាភ្លឺរន្ទាល ព្យួរនៅសាលសន្និសីទរបស់G-Brother សរសេរថា «ការសម្ពោធអាល់ប៊ុម៖ សំឡេងពិស្តារ» និពន្ធដោយ អង្គលក្ខិណា គ្រប់គ្រងផលិតដោយ អ្នកស្រីរាជនី។
សូរកាមេរ៉ាបានចុចឡើងបន្ទរបន្តគ្នា នៅពេលអ្នកយកព័ត៌មានសិល្បៈបង្ហាញចំណាប់អារម្មណ៍និងក្តីភ្ញាក់ផ្អើល ជាមួយយុគសម័យថ្មីនៃតន្ត្រីឌីជីថល ដឹកនាំដោយស្ត្រីខ្លាំងពីរនាក់។
រាជនីនិងអង្គលក្ខិណា បានផ្តុំពិសោធជីវិតអំពីព្យុះភ្លៀងដែលជាតំណែលពីនាយពិស្តារ ប្រែក្លាយមកជាកម្រងបទភ្លេងសម័យកាលមួយពីរោះរណ្តំនិងជំរុញទឹកចិត្ត។
រាជនីស្លៀកពាក់ឈុតខ្មៅ ពាក់ក្រវិលមាស ឈរក្បែរអង្គក្នុងឈុតឈូកខ្ចី។ សន្និសីទកាសែតបានប្រព្រឹត្តទៅយ៉ាងរលូននិងភ្ញាក់ផ្អើល រំភើបពេញទំហឹង។
អ្នកយកព័ត៌មានបានសួរថា «ហេតុអ្វីបានជាលោកសក្តាវណ្ណ មិនចូលរួមក្នុងកម្មវិធីសម្ពោធនេះ?» រាជនីញញឹមថ្នមៗសម្លឹងអង្គ ដោយឆ្លើយជំនួស៖
«ទុកវណ្ណ ឱ្យនៅទីណាដែលញគាត់ចង់នៅទៅ! ភ្លេចប្រាប់ គាត់ជាគ្រូបង្រៀនតន្ត្រីឥឡូវនេះ គាត់ចូលចិត្តសន្តិភាពចិត្តក្នុងការជួយអ្នកដទៃ!»
រាជនីនិយាយ តែអង្គលក្ខិណាទេដែលគោលដៅនៃការឆ្មក់ថត។ ភ្នែករបស់នាងស្រទន់។ ពេលរាជនីបញ្ចប់សន្ទនាហើយ ទើបកវីយើងបានបន្ថែមឡើងទាំងសើចស្រស់ស្រាយថា៖
«ហើយគាត់….ក៏នៅតែម្តងម្កាល មកជួយបង្វឹកអ្នកចម្រៀងថ្មីៗរបស់យើងដែរ!»។
ភាពតានតឹងបានបាត់ទៅហើយ ជំនួសដោយអ្វីៗដែលកក់ក្តៅ ពិតប្រាកដ មិនមែនជាឆាកល្ខោនឬល្បិចកិច្ចទៀតទេ។
បន្ទាប់ពីក្រុមអ្នកសារព័ត៌មានប្រមូលគ្នាដើរចេញទៅរកអាហារនិងភេសជ្ជៈ រាជនីក៏ងាកទៅក្បែរអង្គដោយពោលប្រាប់៖
«ជួយបន្តិចអង្គ! នៅក្រោយមានតំណាងក្រុមយុវវ័យ ពួកគេបានទាក់ទងមកG-Brotherយើងសុំ Propose Project សហការជា Sub-Partner»
«អូ នៅឯណា! ខ្ញុំទៅបាន!»
«នៅខាងលើ! បន្ទប់ប្រជុំ V11»
«ចាស៎ ខ្ញុំទៅភ្លាម!»
ការជួយបន្តគ្នា ដោយការទម្លាក់ការងារ ដល់ក្រុមតូចៗធ្វើចិញ្ចឹមជីវិត គឺជាអ្វីមួយដែលអង្គចូលចិត្តធ្វើបំផុត…..ប៉ុន្តែ….ពេលដែលនាងគោះទ្វារទាំងញញឹមហើយឈានចូលទៅក្នុងបន្ទប់ប្រជុំដ៏ត្រជាក់ នាងឃើញបុរសម្នាក់ដែលក្រោកឈរមកនោះ អង្គឈប់ជើងរង្វើលជាងមុន…..
គេ…..គឺ លោកវិធួន……មេក្រុមYY9….បុរសសក់ពណ៌ផ្កាឈូកដែលកាលពីយូរមកហើយបានបោះ flash drive នៃតន្ត្រីរបស់នាងចោលមិនខ្ចីចំណាយពេលស្តាប់។
ឥឡូវនេះ…..វិធួនហាក់មើលទៅចាស់ជាងមុន ហាក់លែងក្រអឺត ទឹកមុខ បន្ទាបខ្លួន ភ័យៗ ហើយថ្លោះស្នាមញញឹមពេលឃើញអង្គ។
«អង្គ!»
ជននេះចាប់ផ្តើមដោយអាក់ៗ មិនលះ។ គេទំនងនៅចាំអ្វីដែលគេបានធ្វើដាក់អង្គ។
ខ្ញុំមិនសរសេរបន្តទៀតទេ…..ដោយទុកទីនេះឱ្យមិត្តអ្នកអានបានដើរតួជំនួសអង្គ។ តើអង្គនឹងធ្វើយ៉ាងណាចំពោះវិធួន?
សូមអរគុណដែលបានចំណាយពេលចងចាំនិងរង់ចាំប្រលោមលោកមួយនេះដោយអត់ធ្មត់។ ជួបគ្នាជាមួយប្រលោមលោកលើកក្រោយទៀតណា៎។


យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ