ផ្គរស្រែកចំទាលញាប់សូរ! ពពកខ្មៅកៀរគរពពាក់ពពូនគ្នាដូចភ្នំ។ ព្រះពាយស្ទុះវឹងចូលខ្លួនទៅពុះជ្រែកបំបែកទ័ពពពកទាំងនោះឱ្យបាចសាចងងឹតស្លុបពាសពេញមេឃ។ នារីម្នាក់ក្នុងទឹកមុខស្លក់ស្លេកស្លាំង រង្វង់ភ្នែកហ៊ុមព័ទ្ធដោយស្នាមខ្មៅ កំពុងឈរជាប់មាត់បង្អួចខាងលើផ្ទះ សម្លឹងទៅខាងក្រៅ។
ដើមកន្ទួតជូរនៅចំហៀងផ្ទះកំពុងយោលយោគស្ទើររាបដល់ដីដោយអំណាចខ្យល់សន្ធប់។ មួយប៉ប្រិចភ្នែកសោះ ខ្យល់កន្ត្រាក់បានបក់ផ្តាច់សង្ខារដើមកន្ទួតឱ្យដួលស្លាប់ទាំងស្រស់ប៉ប្រិម។ ផ្លេកបន្ទោរញាក់ចិញ្ចើមព្រាកៗ នារីមើលឃើញផ្លែវាមានតូចមានធំជ្រុះរោយពាសពេញដី។
សំឡេងងូងៗបន្តលាន់ឮឥតស្រកស្រុតបញ្ជាក់ថាខ្យល់កំពុងបង្កើនអំណាចទ្វេរឡើង។ ដើមក្ទម្ពទេសទម្លាក់ស្លឹករញមហាក់ត្រៀមខ្លួនរួចរាល់នឹងសេចក្តីស្លាប់ដែលនឹងខិតចូលមកដល់បន្តិចទៀតនេះ។
ក្នុងឈុតកូនក្រមុំបុរាណ នារីឈរស្ងៀមទ្រឹងសម្លឹងត្រង់ទៅដើមក្ទម្ពទេសដែលត្រូវដាច់ខ្លួនដេកស្លាប់ក្បែរសពដើមកន្ទួតជូរ។ ភ្នែកនាងស្រាប់តែប៉ប្រិចញាប់ហាក់ចង់ទម្លាក់ទឹកភ្នែកព្រោះអាណិតសាកសពទាំងពីរនោះ។
សម្រឹបជើងទឹបៗលើរនាបក្តារលាន់ឮមកពីខាងក្រោយខ្នងនាង តែក៏ស្ងាត់ទៅវិញមួយរំពេចជំនួសដោយស្នូរដកដង្ហើមវែងៗ។ កូនផ្នួងវ័យក្មេងឈរដោយទឹកមុខព្រួយបារម្ភ និយាយមកកាន់នាង៖
«បងនិរតី ឆាប់បិទបង្អួចទៅបង។ ខ្យល់ខ្លាំងណាស់។»
នារីនៅតែរក្សាសភាពស្ងៀមស្ងាត់មិនសូម្បីកម្រើកខ្លួន ហាក់ដូចមិនឮសំឡេងអ្នកណានិយាយរកនាងសោះ។ មិនអស់ចិត្ត កូនផ្នួងនិយាយម្តងទៀត៖
«បើបងត្រូវទឹកភ្លៀងសាចទទឹក ប្រយ័ត្នទៅជាឈឺ។ ថ្ងៃនេះជាថ្ងៃពិសេសរបស់បងផងណា។»
នាងនៅតែឈរស្ងៀមគ្មានប្រតិកម្មអ្វីឡើយ។ ផ្គរលាន់ក្តុងក្តាំងមិនដាច់សូរ ឯខ្យល់នៅតែបក់បោកនាំយកទឹកភ្លៀងសាចពេញមាត់បង្អួច។ បែបនេះក៏ដោយ កូនក្រមុំនៅតែមិនអើពើចាកចេញពីមាត់បង្អួចទៀត។ កូនផ្នួងចាប់ផ្តើមមិនស្រួលក្នុងចិត្ត ដ្បិតនាងបារម្ភពីសុខភាពកូនក្រមុំផង និងបារម្ភខ្លាចខូចឈុតដែលកូនក្រមុំគ្រងផង។
នាងតូចដាច់ចិត្តឈានជើងដើរទាំងញញីញញ័រមកកៀកខ្លួន ព្រមទាំងបោះដៃស្តាំរបស់នាងទៅមុខសន្សឹមៗប៉ះស្មាកូនក្រមុំ…
«បងនិរតី! បងនិរតី!»
និរតីមិនត្រឹមតែមិនតបវិញទេ តែសូម្បីកម្រើកខ្លួនបន្តិចក៏គ្មានដែរ។ នាងប្រឹងតែឈរទ្រឹង ឯភ្នែកទាំងគូដែលប៉ប្រិចញាប់មុននេះក៏ប្រែជាបើកក្រឡោត។ កូនផ្នួងបោះដៃម្ខាងទៀតទៅចាប់ស្មានាង រួចចាប់ផ្តើមសង្កត់ម្រាមរង្គើខ្លួននាងស្រាលៗ។
«បងនិរតី! បងនិរតីកើតអីហ្នឹង?»
នៅខាងក្រៅ សត្វខ្លែកស្រាកមួយក្បាលហើរមកទំចុងដើមចម្ប៉ា រួចក៏តាំងស្រែកខ្វាកៗឆ្លងឆ្លើយទៅនឹងគ្នាវាដែលនៅទីណាមិនដឹង តែឮសំឡេងយំមកល្វើយៗ។ រោមដៃនាងតូចបះច្រូង ខណៈដែលនិរតីនៅតែស្ងៀមមិនមាត់មិនកមួយម៉ាត់សោះ។ កូនផ្នួងចាប់ផ្តើមដកដៃទាំងសងពីស្មាកូនក្រមុំ។ ឯជើងនាងបោះយឺតៗឈានមកចំហៀងខ្លួននិរតីវិញ។ នាងតូចឈ្ងោកឱនមុខបំណងមើលមុខកូនក្រមុំឱ្យជាក់ថាមានរឿងអី តែខ្យល់កន្ត្រាក់ស្រាប់តែប្រជ្រៀតខ្លួនចូលតាមបង្អួចមកផាត់សក់ដ៏វែងអន្លាយរបស់និរតីឱ្យគ្របមុខនាងជិតឈឹង។
កូនផ្នួងបង្ខំចិត្តលូកដៃយឺតៗបំណងទៅវែកសក់ដែលបាំងមុខនោះចេញ ស្រាប់តែដៃនាងចាប់ត្រជាក់ស្រេប។ នាងប្រញាប់ដកដៃចេញភ្លាម រួចបង្វែរខ្លួនយ៉ាងរហ័ស ឈានជើងដើរចេញទាំងភ័យខ្លាច។ ដើរមិនទាំងបានប្រាំជំហានផង ស្រាប់តែ…
«ឈប់សិន!»
សំឡេងបែកគ្រលរបង្អូសវែងអន្លាយបន្លឺចេញលើកដំបូងពីបបូរមាត់ដ៏ស្លេករបស់និរតី។ ចំហាយត្រជាក់ក៏សាយភាយមកតាមក្រោយធ្វើឱ្យរាងកាយកូនផ្នួងញាក់ញ័រមួយរំពេច។ នាងតូចហាក់មានអារម្មណ៍ថមថយកម្លាំងយ៉ាងគំហុក សឹងតែត្រូវកកមួយកន្លែង។ ដូចជាមានអំណាចអ្វីមួយមកបង្វិលខ្លួនប្រាណនាងឱ្យបែរក្រោយសម្លឹងទៅនិរតីជាថ្មី។ នាងតូចក៏បង្វែរខ្លួនយឺតៗទាំងបេះដូងបុកញាប់ស្ទើរគាំងតាមអំណាចអរូបនោះ។
«ជួយ….!»
កូនផ្នួងប្រឹងស្រែកឱ្យគេជួយ តែសំឡេងខ្សាវៗរបស់នាងមិនបានយកឈ្នះសំឡេងភ្លៀងផ្គរគ្រាំងៗនិងខ្យល់កន្ត្រាក់វូៗដ៏មហិមាទេ។ នាងបានត្រឹមតែសម្លឹងទាំងតក់ស្លុតមើលទៅរាងកាយនិរតីដែលកំពុងបែរខ្លួនសន្សឹមៗមករកនាង។ ផ្ទៃមុខសស្លាំងគ្មានឈាមមួយតំណក់ បបូរមាត់ស្លេកគ្មានព្រលឹងអីបន្តិច សក់កន្ទ្រីងកន្ទ្រើងយោលយោគតាមកម្លាំងខ្យល់ ឯភ្នែកសម្លក់ថ្មែដូចចង់ស៊ីសាច់ហុតឈាមអ្នកណា។ នេះជាសភាពនិរតីនាពេលនេះ។
«ជួ…យ…»
គ្មានសំឡេងបន្លឺចេញពីបបូរមាត់កំពុងញ័ររន្ថាន់របស់កូនផ្នួងឡើយ។ នាងតូចបានត្រឹមសម្លឹងមើលជំហានជើងរបស់និរតីដែលកំពុងបោះមកខាងមុខ តម្រង់ចូលកៀកខ្លួននាង។ ច្រមុះនាងក៏ចាប់ផ្តើមតឹងង៉ាង ដោយហេតុមានក្លិនស្អុយចម្លែកចាប់ភាយឡើងងុំ។
និរតីបន្តបើកភ្នែកក្រឡោតប៉ុនពងមាន់ ដាសដោយពណ៌សស្គុសគួរឱ្យខ្លាច។ ដៃដ៏រឹងក្រញាងឡើងសរសៃខៀវច្បាស់ៗរបស់នាងធ្វើចលនាមួយៗបោះឆ្ពោះមកក្បែរភ័ក្ត្រកូនផ្នួង។ ក្រចកដៃដែលលាបថ្នាំពណ៌ក្រហមឆេះរបស់នាងចូលទៅកៀក តែក៏ត្រូវដៃរបស់នរណាម្នាក់ស្ទុះមកចាប់ទាញខ្លួនកូនផ្នួងឱ្យខ្ទាតឆ្ងាយទៅម្ខាង។ ម្នាក់នោះក៏តាំងស្រែកឆោឡោឡើង៖
«ជួយផងៗ កូនក្រមុំខ្មោចចូល។»
———–
វគ្គ១ បេះដូងវង្វេងស្នេហ៍
មណ្ឌលកុមារកំព្រាពន្លឺថ្មី!
ខ្យល់បក់ត្រសៀកៗកំដរជំហានជើងមួយៗរបស់បូព៌ាដែលកំពុងដើរសំដៅទៅបន្ទប់ដាក់សម្ភារៈ។ កំលោះលីឡាំងកាតុងមួយនៅស្មាខាងស្តាំ ដើរបង់បោយដៃឆ្វេងយ៉ាងប្រុងប្រយ័ត្ន។ នៅបន្ទប់ចុងផុតនៃអគាររាងទ្រវែង មានសួនផ្កាដកខាំរីកពណ៌ក្រហមឆ្អៅលម្អផ្លាកបន្ទប់ដែលសរសេរជាអក្សរដៃឆ្លាក់ «ឃ្លាំង» ពណ៌ទឹកប៊ិកចាស់។
បូព៌ាបញ្ឈប់ជំហានជើងនៅមុខបន្ទប់បំណងលូកដៃឆ្វេងរុញទ្វារឈើរដែលមានក្បាច់ផ្កាភ្ញីល្អិតឆ្មារ។ ស្រាប់តែខ្យល់កន្ត្រាក់បក់មកពីណាមិនដឹង ប្រឹងបោលមួយទំហឹងរុញទ្វារឱ្យរបើកធំមិនលំបាកដល់កំលោះ។ នាយប្រញាប់លីឡាំងកាតុងដើរចូលក្នុងបន្ទប់ព្រោះមុននេះខ្យល់ក៏បាននាំធូលីហុយមកជាមួយប្រឡាក់ជាប់ខ្លួនដែរ ម្ល៉ោះហើយគេត្រូវប្រញាប់ដាក់ឡាំងចុះ ន្អាលនឹងបោលសម្អាតធូលីចេញពីរាងកាយ កុំឱ្យប៉ះពាល់ដល់ភាពសង្ហារបស់ខ្លួន។
ក្នុងបន្ទប់ទំហំប្រហែល៦ម៉ែត្របួនជ្រុង មានរបស់របរណែនណាន់តែត្រូវបានរៀបយ៉ាងមានសណ្តាប់ធ្នាប់។ បូព៌ាដាក់ឡាំងចុះពីស្មាផ្អឹបលើការ៉ូទន្ទឹមនឹងឡាំងជាច្រើនទៀតនៅកាច់ជ្រុងបន្ទប់។ កាយវិការស្វាហាប់របស់គេបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់។
កំលោះប្រញាប់យកដៃបោសស្រាលៗលើសាច់អាវក្រណាត់លាតពណ៌សជម្រុះល្អងធូលីចេញ។ មិនប្រយ័ត្នដៃគេរលាស់ចំប៊ិកដែលដោតនៅជាប់ហោប៉ៅអាវខាងមុខជ្រុះខ្ពាកទៅលើការ៉ូ។ បូព៌ាឱនចុះបម្រុងរើសប៊ិកដែលជ្រុះនោះ តែគេក៏ចាប់អារម្មណ៍សៀវភៅសរសេរដៃមួយក្បាលដែលនៅក្បែរប៊ិករបស់គេ។ គេប្រើដៃស្តាំរើសទាំងប៊ិកទាំងសៀវភៅឡើង។
«និរតី»
បបូរមាត់គេឧទានពាក្យនេះឡើងក្រោយពេលបើកទំព័រដំបូងនៃសៀវភៅសរសេរដៃនោះ។
«និរតីប្រាកដជាឈ្មោះរបស់ម្ចាស់សៀវភៅនេះ។»
គេឈរនិយាយម្នាក់ឯងដោយកែវភ្នែកទាំងគូតាមសម្លឹងមើលទំព័រសៀវភៅដែលដៃគេកំពុងបើកពីមួយទំព័រទៅមួយទំព័រយ៉ាងផ្ចិតផ្ចង់។ ស្នាមញញឹមលេចចេញឡើងលើផ្ទៃមុខគេញឹកបញ្ជាក់ពីការពេញចិត្តពេញថ្លើមទៅនឹងសំណេរក្នុងសៀវភៅ។ បើកទៅដល់ទំព័រមួយ ទើបគេផ្លាស់ប្រែទឹកមុខមកជាអស់សំណើចវិញ។
«តួប្រុសជាអ្នកចម្រៀងល្បីចេះទាំងច្រៀង ចេះទាំងលេងតន្ត្រី ចេះទាំងសរសេរទំនុក។ គេបានចួបតួស្រីពេលទៅលេងវត្តក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មី។ គ្រាន់ឃើញតួស្រីភ្លាម គេមានបំណងច្រៀងផ្តោះផ្តងផ្លែផ្កាដាក់នាង។ តែសាច់រឿងក៏គាំងត្រឹមហ្នឹង ហាក់ដូចជាអ្នកនិពន្ធគាំងត្រង់ចម្រៀងដែលតួប្រុសត្រូវច្រៀងលេបខាយដាក់តួស្រីនោះ។»
មិនអស់ចិត្តបូព៌ាបើកទំព័របន្ទាប់ទៀតក្រែងលោម្ចាស់សៀវភៅសរសេររំលង។ តែគ្មានទេ ទំព័របន្ទាប់សុទ្ធតែសន្លឹកសទទេស្អាត។
«ឬមួយក៏អ្នកនិពន្ធរូបស្រស់មិនចេះសរសេរចម្រៀងឱ្យតួប្រុសទេដឹង?»
គេនិយាយសរសើរនិរតីថារូបស្រស់ទាំងមិនដែលបានឃើញរូបនាងសោះ។ ខ្ជិលគិតច្រើនទៀត នាយចាប់បើកគម្របប៊ិកបញ្ចេញទឹកដៃសរសេរចម្រៀងរបស់ខ្លួនមួយបទដាក់ក្នុងសៀវភៅនោះ។ សរសេរចប់រួចរាល់ គេញញឹមស្រស់ដូចត្រេកអរណាស់អ៊ីចឹង។ សម្រឹបជើងធ្ងន់ៗរបស់នរណាម្នាក់ដើរចូលមកក្បែរគេ។ ក្លិនទឹកអប់ក្រអូបមុតហើរមកប៉ះច្រមុះកំលោះ គេដឹងច្បាស់ថា ឧត្តរា មិត្តសម្លាញ់របស់គេកំពុងដើរមក។
បូព៌ាប្រញាប់បិទទំព័រសៀវភៅ រួចទុកនៅកន្លែងដើមវិញ ទើបបែរខ្នងញញឹមបន្តិចដាក់អ្នកដើរមកខាងក្រោយ។
«យី! ហើយឯងរវល់ធ្វើអី? យកអីវ៉ាន់មកទុកតាំងពីយូរ មិនទាន់រួច? គ្នាមិនឃើញឯងត្រលប់ទៅលើកអីវ៉ាន់ទៀត ខំតែភ័យ។»
ឧត្តរារអ៊ូដាក់មិត្តសម្លាញ់ដោយសំនៀងបង្កប់ដោយក្តីបារម្ភ។ កំលោះទាំងពីរឈរទល់មុខគ្នា។ បូព៌ាធ្វើឫកស្ទាក់ស្ទើរមិនដឹងគួរឆ្លើយយ៉ាងណា គេក៏រេភ្នែកក្រឡេកប៉ះរូបថតនារីរូបស្រស់មួយនៅលើតុក្បែរជញ្ជាំងបន្ទប់ ទើបរកនឹកចម្លើយតប៖
«គ្មានអីទេ! គ្នារវល់ភ្លឹកភ្លាំងវង្វេងវង្វាន់នឹងសម្រស់ដ៏ស្រស់ស្អាតរបស់នារីក្នុងរូបថតនោះ។»
ឧត្ដរាបញ្ជាភ្នែកក្រឡេកទៅតាមការចង្អុលរបស់បូព៌ា។ គេស្រាប់តែលាន់មាត់សើចអស់សំណើចនឹងចម្លើយដោះសាររបស់មិត្តសម្លាញ់។
«អ៊ីចឹងគ្នាចេញទៅយកអីវ៉ាន់ទៀតហើយណា!»
បូព៌ារហ័សសុំខ្លួនចាកចេញពីបន្ទប់ព្រោះមិនមានទំនុកចិត្តថានឹងអាចកុហកឱ្យសម្លាញ់ជឿទាំងស្រុងបាន។ គេបោះជំហានជើងលឿនសំដៅទៅមាត់ទ្វារតែក៏មិនភ្លេចក្រឡេកក្រោយមួយឆ្វាច់មើលទៅសៀវភៅសរសេរដៃនៅក្បែរឡាំងអីវ៉ាន់ដែរ។ សម្រឹបជើងចាកចេញរបស់គេល្វើយដាច់សូរ បញ្ជាក់ថាគេចេញទៅឆ្ងាយពីបន្ទប់ណាស់ហើយ។
ឧត្តរាបោះជើងទៅមុខយឺតៗ។ កែវភ្នែកគេសម្លឹងឥតប៉ប្រិចឆ្ពោះទៅរូបថតនារីម្នាក់នៅលើតុ។ បញ្ឈប់ជើងសឹងមិនទាន់ គេលូកដៃស្តាំទៅអង្អែលរូបថតនោះ។ នារីសក់វែងពណ៌ខ្មៅក្រឹប រង្វង់មុខពងក្រពើ ច្រមុះស្រួច នេត្រាថ្លាច្បាស់ ធ្មេញសល្អល្អះសើចស្រស់បញ្ចេញមកក្រៅឆក់យកបេះដូងកំលោះឱ្យទោរទន់ទោះត្រឹមគន់រូបថត។
«អ៊ីចឹងតើបានបូព៌ាឈរភ្លឹកទីនេះយូរណាស់!»
បន្ទាប់ពីស្ទាបអង្អែលរូបថតអស់ចិត្ត គេចាប់ក្រឡេកមើលជុំវិញ។ លុះតែគ្មានឃើញអ្នកណា នាយចាប់ផ្តើមដោះគន្លឹះស៊ុមយករូបថតចេញក្រៅ។ គេនេះមិនចោលចរិតព្រាននារីមែន មិនលើកលែងសូម្បីតែរូបថត។ កំលោះកាន់រូបថតមកផ្តិតនឹងបបូរមាត់ព្រានរបស់ខ្លួន រួចញញឹមស្រស់មួយដូចពេញចិត្តណាស់អ៊ីចឹង។
«និរតី! រូបស្អាតហើយឈ្មោះពីរោះទៀត! សង្សារអ្នកណាទៅណ៎?»
គេអានឈ្មោះនាងនៅជាយខាងក្រោមរូបថត រួចក៏ហូតប៊ិកពីក្នុងហោប៉ៅអាវមកចារអក្ខរាពីរបីឃ្លានៅខ្នងរូប។ គេនេះព្រហើនណាស់ ប្រហែលជាគិតថាក្រោយដាក់រូបថតក្នុងស៊ុបវិញគ្មានអ្នកណាមើលឃើញអក្សរជាប់ខ្នងរូបថតនេះទេ។
សម្រឹបជើងស្រាលៗរបស់នរណាម្នាក់លាន់ឮពីខាងក្រៅបន្ទប់។ ឧត្តរាមិនខ្វល់នឹងយករូបថតដាក់ក្នុងស៊ុមវិញឡើយព្រោះគេគិតថាសម្រឹបជើងនោះជារបស់បូព៌ា។ ស្នូរជើងទឹបៗ ដើរមកឈប់នៅខាងក្រោយខ្នងគេ ឧត្តរានៅតែឈរបែខ្នងធ្វើវាហី។
«ឯងយកអីវ៉ាន់មកអស់ហើយ?»
កំលោះសួរសំណួរនេះឡើងទៅអ្នកកំពុងឈរខាងក្រោយខ្នង។ ស្ងាត់បន្តិចទើបអ្នកនៅខាងក្រោយតបវិញ៖
«លោកជាអ្នកឧបត្ថម្ភសម្ភារៈសិក្សាដល់ក្មេងៗនៅទីនេះមែនទេ?»
ភ្ញាក់ព្រើត! ឧត្តរាភ្ញាក់ខ្លួនព្រើត! អ្នកកំពុងឈរក្រោយខ្នងគេនាពេលនេះមិនមែនជាបូព៌ាទេ តែជាមនុស្សស្រី។ គេឆ្លើយតបទៅនាងវិញទាំងមិនបែរខ្នង។
«បាទ! ខ្ញុំឈ្មោះឧត្តរា! ចុះអ្នកនាងវិញ?»
«ខ្ញុំឈ្មោះ និរតី ជាគ្រូបង្រៀនស្ម័គ្រចិត្តនៅទីនេះ។»
និរតី? វីវរហើយ នាងជានារីក្នុងរូបថតទេតើ។ ឧត្តរារហ័សដាក់រូបថតក្នុងស៊ុមវិញ។ សំណាងណាស់ដែលគេមានខ្លួនធំជួយបិទបាំងមិនឱ្យនិរតីឃើញសកម្មភាពនេះបាន។ គេប្រញាប់រកនឹកឆ្លើយបង្វែងដានផ្តេសផ្តាសកុំឱ្យនារីចាប់ថ្នាក់បាន៖
«រូតខោខ្ញុំមានបញ្ហា សុំអ្នកគ្រូជួយបែរទៅក្រោយសិនបានទេ? ខ្ញុំអៀន!»
ឧត្ដរាមិនបានឮសម្តីនារីតបវិញទេ តែឮសំឡេងឈានជើងទំនងជានាងបែរក្រោយតាមការស្នើសុំរបស់ខ្លួន។ ដាក់គន្លឹះស៊ុមរួច កំលោះទុករូបថតបញ្ឈរនៅកន្លែងដើមវិញ រៀបឫកស្រួលបួលទើបបែរខ្នងមកនិយាយជាមួយនារី៖
«អ្នកគ្រូអាចបែរខ្នងវិញបានហើយ! សុំទោសផងណា!»
គេត្រូវភ្លឹកម្តងទៀត! ម្តងនេះមិនមែនភ្លឹកនឹងរូបថតទេ តែរូបរាងពិតប្រាកដរបស់ស្រស់ស្រី។ បេះដូងកំលោះលោតញាប់ខុសចង្វាក់ ខណៈដែលកែវភ្នែកទាំងគូពើបប្រទះនឹងសម្រស់ឥតផ្ទឹមរបស់នួននាង។ និរតីឈរបង្ហើរស្នាមញញឹមផ្កាត្រកួនស្រស់បណ្តុះអារម្មណ៍រំភើបរបស់ឧត្តរាឱ្យពុះកញ្ជ្រោលឡើង។
«មុននេះខ្ញុំភ្លេចរបស់ខ្លះនៅទីនេះ។ មិនរំខានលោកទេ ខ្ញុំគ្រាន់មកយករបស់ខ្ញុំវិញប៉ុណ្ណោះ។»
នារីបង្ហើរប្រយោគមួយឃ្លាដោយសំនៀងទន់ភ្លន់ស្តាប់ទៅធ្វើឱ្យលង់ផុងចិត្តរឹតតែជ្រៅ។ កំលោះឈរធ្មឹងហាក់ចាញ់ច្រាបនឹងសម្រស់ល្អឯករបស់នាងកញ្ញា។ គេរសេះរសោះ អស់កម្លាំង កប់បាត់ជិតឈឹងរាល់ពាក្យសម្តីព្រាននារីដែលធ្លាប់តែនិយាយហូរដូចទឹក។ គេបានត្រឹមឈរសម្លឹងស្រស់ចរណៃកាន់សៀវភៅសរសេរដៃនិងរូបថតនាងដើរចាកចេញទៅ។
មេអំបៅពណ៌ស្វាយមួយគូហិចហើរត្រសងចេញពីគុម្ពផ្កាដកខាំដែលកំពុងរីកបញ្ចេញពណ៌ក្រហមតែត ហើររេរង់រេរាំដេញតាមក្រសោបក្លិនផ្កាចម្ប៉ាដែលសៀតជាប់កេសានិរតី។
នារីយកដៃវាសមេអំបៅចេញកុំឱ្យរំខានត្រចៀកនាង ទើបបង្អង់ជើងទុចដំណើរង៉ក់នៅក្រោមជាយសំយ៉ាបអគារ។នួនល្អងក្រឡេកនេត្រាសម្លឹងវេហាឯនាយ។ មេឃបើកថ្ងៃក្តៅហែង តែសំណាងចេះមានកូនដុំពពកពណ៌ខ្មៅតូចៗរសាត់ចូលមក។ នាងចាំតែក្រុមកូនពពកពណ៌ខ្មៅបក់កាត់បាំងកម្តៅថ្ងៃ ទើបប្រញាប់យកសៀវភៅដាក់បាំងនៅចំហៀងមុខបង្កើតជាម្លប់ដល់វង់ភ័ក្រ្ត រួចដើរញាប់រន្ថាន់ឆ្លងទៅអគារម្ខាងទៀត។ តែ… សំឡេងអ្វីម្យ៉ាងរត់មកបង្អាក់ដំណើរនាង។
«ព្រូស…»
ស្រស់ស្រីរហ័សក្រឡេកទៅរកទីតាំងសំឡេង។ នាងឃើញបុរសម្នាក់កាន់ឡាំងកាតុងជាប់ដៃ កំពុងឱនខ្នងបម្រុងរើសសៀវភៅដែលជ្រុះធ្លាក់នៅដី។
«ចាំខ្ញុំជួយ!»
នាងនិយាយឡើង ខណៈជើងទាំងគូកំពុងបោះជំហានទៅរកគេ។ បូព៌ារាងភាំងបន្តិចដែរព្រោះរវល់នឹងការជញ្ជូនអីវ៉ាន់មិនបានចាប់អារម្មណ៍ពីអ្នកនៅជុំវិញខ្លួន។ លុះតែសំឡេងនារីហើរមកប៉ះសោតា គេភ្ញាក់ខ្លួនព្រើត។
កំលោះឈររេរង់ ឆ្លើយតបយ៉ាងសុភាពរាបសារទៅនាងកញ្ញាវិញ៖
«មិនរំខានអ្នកគ្រូទេ!»
«មិនអីទេ! លោកឈរកាន់ឡាំងឱ្យតែស្រួលទៅ។»
បូព៌ាហាក់មានឫកពារង៉េមង៉ាម។ ក្នុងចិត្តគេមិនចង់រំខាននិរតីឡើយ តែពាក្យឃាត់របស់គេរត់ទៅមិនទាន់នឹងជង្គង់របស់នាងដែលកំពុងបន្ទន់ចុះ។ នារីដាក់រូបថត និងសៀវភៅរបស់នាងមួយកន្លែង រួចយកដៃរើសសៀវភៅជាងដប់ក្បាលរបស់កំលោះដែលធ្លាក់នៅដី។ នាងឆ្លៀតយកដៃបោសធូលីចេញពីក្របសៀវភៅទាំងនោះសិន មុននឹងក្រោកឡើងឈរញញឹមចំពោះមុខបូព៌ា។
«អរគុណណាស់! សូមរំខានអ្នកគ្រូជួយដាក់សៀវភៅមកលើឡាំង។»
និរតីធ្វើតាមសំណូរពរដោយកិរិយារួសរាយ៖
«គុណស្រ័យអី! ខ្ញុំទេគួរអរគុណលោកដែលបានជួយឧបត្ថម្ភសម្ភារៈសិក្សាជូនក្មេងៗនៅទីនេះ។»
«អ្នកគ្រូយល់ច្រឡំហើយ ម្ចាស់ជំនួយគឺជាមិត្តសម្លាញ់ខ្ញុំទៅវិញទេ។ ថ្ងៃនេះខ្ញុំទំនេរ ទើបមកជួយជញ្ជូនអីវ៉ាន់គេតែប៉ុណ្ណោះ។»
កំលោះតបដោយសម្តីរាងទាក់ៗ ទឹកមុខវិញឡើងក្រហម ដ្បិតគេអៀនច្រើន មិនសូវបានវោហារ ពិសេសពេលនិយាយជាមួយមនុស្សស្រីប្លែកមុខ។
«នេះរឹតតែត្រូវអរគុណទៅទៀត!»
បូព៌ានៅឈរញញឹមរឹងខ្លួនស្តូក។ មិនឮកំលោះតប និរតីបន្ត៖
«ខ្ញុំលាហើយណា ព្រោះរបស់ក្នុងដៃលោកមិនជាស្រាលណាស់ណាទេ។ បើខ្ញុំនៅនិយាយរាក់ទាក់យូរជាងនេះ លោតែបាក់ដៃកូនប្រុសគេ ខ្ញុំគ្មានដៃសាច់ដុំធំៗបែបនេះសងវិញទេ។»
នាងក្រមុំលេងសម្តីបន្តិចព្រោះដឹងថាកំលោះមិនសូវបានមាត់។ បូព៌ារវល់តែអឹមអៀន ងាកមុខនាយអាយដោយព្យាយាមគេចមិនឱ្យស្រស់ស្រីឃើញមុខក្រហមរបស់ខ្លួន និរតីក៏ឱនរើសរូបថត និងសៀវភៅនាងរួចដើរចាកចេញទៅ។
បូព៌ាងាកមកវិញ បានត្រឹមសម្លឹងដំណើរពីក្រោយរបស់នាង។ តែភ្នែកនាយហាក់ចាប់អារម្មណ៍ប្លែកលើសៀវភៅដែលនាងកាន់ក្នុងដៃ។ គេមានអារម្មណ៍ថា ក្របសៀវភៅដូចជាប្រហែលៗ។ លុះតែនឹកគិតបន្តិច គេប្រញាប់ដើរញាប់ទៅបន្ទប់ដាក់សម្ភារៈ។
ចូលដល់ឃ្លាំងសឹងមិនទាន់ បូព៌ារូតរះដាក់សៀវភៅនិងឡាំងចុះ រួចរកមើលសៀវភៅសរសេរដៃដែលខ្លួនបានមើលមុននោះ ដោយកាយវិការរហ័សរហួន។ ឧត្តរាដែលកំពុងនៅឈរភ្លឹកសញ្ជប់សញ្ជឹងនឹងសម្រស់និរតី ស្រាប់តែភ្ញាក់ក្រញាងនឹងសភាពប្រញាប់ប្រញាល់របស់មិត្តសម្លាញ់។ មិននៅស្ងៀម គេសួរទាំងឆ្ងល់ ៖
«ឯងរកមើលអី?»
«មានឃើញសៀវភៅសរសេរដៃមួយក្បាលនៅទីនេះទេ? កាលពីគ្នាយកឡាំងមកទុកមុនហ្នឹង គ្នាឃើញនៅទីនេះ។»
«នាងយកទៅបាត់ហើយ។»
«នាងណា? ហើយយកទៅណា?»
បូព៌ាសួរផ្ទាន់ពាក្យរបៀបអន្ទះអន្ទែងចង់ដឹងចម្លើយបន្ទាន់។ ឧត្តរាយកដៃច្របាច់ចូលគ្នា នេត្រាសម្លឹងនាយអាយ បបូរមាត់ញញឹមពព្រាយ ហាក់កំពុងវល់ក្នុងពិភពស្រមៃ ទើបតបវិញ៖
«គឺទេពអក្សររបស់គ្នាមកយកទៅបាត់ហើយ។»
«ទេពអក្សរណា ឯងនិយាយឱ្យច្បាស់មកមើល៍។»
បូព៌ានៅតែសង្ខុញសួរចង់ដឹង។ ទឹកមុខភាំងៗរបស់គេបញ្ជាក់គ្រប់យ៉ាងថាគេខ្វល់នឹងសៀវភៅសរសេរដៃនោះប៉ុណ្ណា។ ឧត្តរាពន្លែងបាតដៃចេញពីគ្នា យកដៃម្ខាងដាក់ក្នុងហោប៉ៅបង្កើនភាពសង្ហារបស់ខ្លួន ទើបសួរបកទៅសម្លាញ់វិញ៖
«វាថីឯង? ដូចជាចង់ដឹងម្ល៉េះ? ធម្មតាឯងមិនដែលខ្វល់រឿងស្រីទេ។»
«គ្នាមិនបានខ្វល់រឿងស្រីទេ គឺគ្នាខ្វល់នឹងសៀវភៅនោះទេតើ។»
«តែអ្នកដែលយកសៀវភៅនោះទៅគឺជាស្រី ហើយក៏ជាម្ចាស់សៀវភៅនោះផងដែរ។ បែបនេះឯងនៅបដិសេធថាមិនខ្វល់ពីស្រីទៀត?»
«និរតី?»
បូព៌ាឧទានឡើង។ គេចងចាំច្បាស់ណាស់បើទោះជាមុននោះគេបានត្រឹមតែឃើញឈ្មោះនេះក្នុងសៀវភៅមួយភ្លែតក៏ដោយ។ វាហាក់ដូចជាគេបានលួចឆ្លាក់ឈ្មោះ «និរតី» ទុកក្នុងបេះដូងគេរួចស្រេចទៅហើយ។
«ឯងស្គាល់ឈ្មោះនាងដែរ? នាងជានារីក្នុងរូបថតដែលឯងប្រាប់គ្នានោះ។ គ្នាប្រាប់ទៅចុះ មុននេះនាងមកទីនេះ។ ចួបនាងផ្ទាល់ គ្នាស្ទើរគាំង ព្រលឹងហោះដល់ឋានសួគ៌ទៅហើយ។ សម្រស់នាងស្អាតជាងក្នុងរូបថតមួយរយដង។»
«នារីពាក់អាវពណ៌ផ្កាឈូក ចងផ្កាចម្ប៉ានៅសក់ដើរចេញមុននេះមែនទេ?»
«ហ្នឹង! ឯងបានឃើញនាងដែរ? ឃើញអត់ នាងស្អាតជាងអ្វីដែលគ្នារៀបរាប់ឆ្ងាយណាស់។ ចាប់ពីថ្ងៃនេះទៅ គ្នានឹងយកអីវ៉ាន់មកជូនទីនេះរាល់អាទិត្យ។ បេសកកម្មថ្មីរបស់គ្នាគឺតាមយកបេះដូងនាងឱ្យបាន។»
បូព៌ាស្រាប់តែស្ងាត់មាត់ឈប់សួរដេញដោលទៀត។ ខណៈនេះខួរក្បាលគេបានបញ្ចេញបទបញ្ជាឱ្យកែវភ្នែកទាំងគូបកទៅមើលពីកាយវិការល្វតល្វន់របស់នារីម្នាក់ដែលជួយរើសសៀវភៅឱ្យគេមុននេះ។
ត្រចៀកទាំងគូរបស់គេក៏ងាកទៅស្តាប់សូរសំនៀងស្រួយស្រេះរបស់នាងដែលស្តីឌឺដងដាក់កំលោះ។ ក្នុងដួងចិត្តគេហាក់ចាប់ផ្តើមស្តាយក្រោយដែលមិនបានបង្កើតពាក្យសន្ទនាជាមួយនាងឱ្យបានស្គាល់គ្នាសោះ។ គេបែរជាទោម្នេញចំពោះខ្លួនឯងដែលអនុញ្ញាតឱ្យភាពអៀនខ្មាសដឹកមុខ មិនហ៊ានចរចាសម្តីនឹងនារី។
ឧត្តរាមិនឮសម្លាញ់ខ្លួនតបវិញ គេចាប់និយាយបន្ត ៖
«ឯងដឹងអ្ហេស? មុននេះពេលនាងដើរចូលមក គ្នាកំពុងអង្អែលថ្ពាល់ដ៏ក្រពុំលើរូបថតនាង។ សំណាងដែរដែលគ្នារហ័សដៃទាន់ កុំអីមិនដឹងជាត្រូវខ្មាសនាងប៉ុណ្ណាទេ។»
«ឯងស្រឡាញ់នាងមែនទែន?»
បូព៌ាសួរឡើងដោយសង្កត់សំឡេងហាក់ចង់បង្ហាញពីកង្វល់អ្វីមួយ។ ដោយគេស្គាល់ច្បាស់ថាមិត្តសម្លាញ់របស់គេប្រកាន់ចរិតព្រាននារីកន្លងមក។ គេដើរចាប់ចិត្តប្រតិព័ទ្ធលើនារីគ្រប់ទិសទីឱ្យតែជាស្រីស្អាត។ ដល់តែឮថាសម្លាញ់ជាព្រាននារីម្នាក់នេះមកចាប់ចិត្តលើនិរតីទៀត គេខ្វល់ក្នុងចិត្តជាខ្លាំង។
«នាងស្អាតបែបនេះ បើគ្នាមិនស្រឡាញ់មានតែភ្លើ។ គ្នាមិនមែនចិត្តព្រះដូចឯងទេវើយ។ តស់! បើយកអីវ៉ាន់មកទុកទីនេះអស់ហើយ យើងគួរចេញទៅក្រៅវិញ។ គ្នាប្រញាប់ទៅឆ្វែលរកអ្នកគ្រូក្រមុំរូបស្រស់នោះផង។»
បញ្ចប់ប្រយោគរបស់ខ្លួនសឹងមិនទាន់ គេដើររ៉ុយទៅមាត់ទ្វារ។ ដើរបណ្តើរ គេយកដៃវែកភ្លីសក់បណ្តើរ មានទាំងទាញអាវឱ្យត្រង់បំបាត់ផ្នត់ផង។ ឧត្ដរាហាក់ចង់រក្សាភាពសង្ហារបស់ខ្លួនឱ្យជាប់លាប់ដើម្បីទាក់ទាញកែវភ្នែកកញ្ញា។
«ឱ! អ្នកគ្រូក្រមុំៗៗ ខ្ញុំសូមជម្រាបសួរ! អ្នកគ្រូល្អម្ល៉េះ…»
គេបង្ហើរសំនៀងទាំងញញឹមពព្រាយ។ ឯបូព៌ាវិញ ឈរភ្លឹកភាំងអារម្មណ៍។ មិនមែនគេភ្លឹកនឹងសំនៀងដ៏ពិបាកស្តាប់របស់សម្លាញ់គេទេ តែកំពុងខ្វល់ពីរឿងម្យ៉ាង។ មែនទែនទៅ គេក៏មិនសូវយល់ពីខ្លួនឯងដែរ ដឹងត្រឹមថាខ្លួនគេមិនសប្បាយចិត្តសោះ។
រឿងដែលឧត្តរាដើរញ៉ែស្រីគឺជារឿងធម្មតាទៅហើយ គេក៏មិនដែលទៅខ្វាយខ្វល់ឈឺឆ្អាលអីដែរ។ តែពេលនេះ បេះដូងគេបែរជានៅមិនស្រណុក។ វាស្រែកប្រាប់ថា មានអ្វីមួយកំពុងរំខានខ្លាំងណាស់។
នៅកាច់ជ្រុងនៃបរិវេណមណ្ឌល មានកូនរោងប្រក់ស្បូវមួយមានទោងយោលសម្រាប់អង្គុយលេង។ នៅព័ទ្ធជុំវិញរោង មានផ្កាឈូករ័ត្នរាប់សិបដើមដែលមានផ្ការីកផូរផង់បែរភ័ក្រ្តចំទៅរកដុំព្រះអគ្គីដូចមិនញញើតនឹងកម្តៅសោះ។
សំឡេងខ្សែទោងកកិតនឹងសសររោងឮសូរង៉ឺតង៉តឥតដាច់។ និរតីអង្គុយលើទោង សណ្តូកជើងចុះក្រោមផ្អឹបនឹងដីដើម្បីពឹងកម្លាំងយោល ឯដៃបើកទំព័រសៀវភៅថ្នមៗបំណងសរសេរសាច់រឿងបន្ត។ បើកបានបួនប្រាំទំព័រ នាងគ្រលៀសភ្នែកបន្តិចមើលទៅក្រុមសត្វស្រមោចក្រហមដែលកំពុងវារឡើងសសររោងយ៉ាងប្រុងប្រយ័ត្ន។ ពួកវាបើហ៊ានតែរបូតជើងបន្តិច ហើយធ្លាក់ចុះផុតពីម្លប់ ប្រាកដជាត្រូវស្លាប់ខ្លួននឹងកម្តៅថ្ងៃដ៏ក្តៅមិនខាន។
«ចុះអ្នកណាមកសរសេរអីនៅទីនេះ?»
នាងលាន់មាត់ក្រោយដកភ្នែកពីហ្វូងស្រមោចក្រឡេកមកមើលសៀវភៅវិញ។ នារីចងចិញ្ចើមតឹងផ្អឹស បញ្ចេញទឹកមុខឆ្ងល់។
#ជោះជង្គង់ម្តេចជាំបេះដូង
(ចង្វាក់រាំវង់)
១. (ប) ចួបកញ្ញារូបល្អ អើយ ទាស់តែចិត្តអាក្រក់
(ស) នែ! កុំស្តីកុហក បងកុំស្តីកុហក ខ្ញុំចិត្តអាក្រក់ត្រង់ណា?
(ប) ត្រង់ធ្វើបាបបេះដូង អើយ បងឱ្យរបួសឈឺផ្សា
(ស) របួសពីពេលណា អូនធ្វើបាបកាលណា មេត្តាឆ្លើយឱ្យចំ។
២. (ប) ម្តេចអូននៅធ្វើពើ អើយ ឬគិតថាបងបន្លំ?
រឿងដែលកែវមាសម៉ុម ធ្វើបាបបេះដូងខ្ញុំ ពីម្សិលនោះឆោមស្រស់
(ស) ម្សិលយើងលេងអង្គញ់ អើយ អូនបោះឈ្នះកំលោះ
តែអូនជោះជង្គង់សោះ អូនជោះជង្គង់សោះ ម្តេចជាំដល់បេះដូង?
៣. (ប) បើអូនមិនជឿបង អើយ បងឱ្យអូនស្ទាបទ្រូង
អាចវាស់កម្តៅបេះដូង ស្ទង់កម្តៅបេះដូង ថាជាំមែនឬអត់?
(ស) ប្រុសពូកែសម្តី អើយ លេបខាយមិនចេះហត់
ប្រយ័ត្ននាំទៅស្បថ តិចអូននាំទៅស្បថ ឱ្យបងខ្មាសគេម្តង។
៤. (ប) បងស្បថជូនក៏បាន អើយ តែស្បថឱ្យអូនស័្មគ្របង
(ស) និយាយខុសទំនង បងស្តីខុសទំនង គិតថាសមឬថ្លៃ?
(ប) មកពីបងស្រលាញ់ អើយ ស្រលាញ់ស្រស់ចរណៃ
(ស) ចាំបោះអង្គញ់ឈ្នះស្រី បើបងបោះឈ្នះស្រី ក្រែងស្រីទន់ចិត្តខ្លះ។
#ពោល: (ប) បានៗ ចាំមើលតែបងបោះឈ្នះហើយ អូននៅតែប្រកែក ដឹងគ្នាមិនខាន
(ស) បោះឱ្យឈ្នះគេសិនទៅ
«ចម្រៀងល្អ ពិតជាចម្រៀងល្អណាស់។ ដ្បិតតែខ្ញុំល្ងង់ មិនចេះសរសេរចម្រៀង តែក៏នៅរំភើបខ្លាំងក្រោយពេលអាន។ បទចម្រៀងចង្វាក់ប្រជាប្រិយខ្មែរស័ក្តិសមឥតខ្ចោះនឹងបរិយាកាសនៃសាច់រឿង។ ទឹកដៃរំលេចចេញនូវការផ្ដោះផ្ដងលេបខាយឌឺដងរវាងតួប្រុសតួស្រី ស្ដាប់ទៅក្និកក្នក់គួរឱ្យក្នាញ់។ ទឹកដៃបែបនេះទើបសមទៅនឹងទេពកោសល្យតួប្រុសជាអ្នកចម្រៀងល្បី។
អ្នកណា? អ្នកណាមកសរសេរចម្រៀងនេះក្នុងសៀវភៅខ្ញុំទាំងខ្ញុំមិនដឹងខ្លួនសោះ?»
នាងក្រឡេកភ្នែកមើលជុំវិញហាក់ចង់ស្វែងរកម្ចាស់សំណេរ។ គ្មានឃើញនរណាទេ ឃើញតែពូសន្តិសុខកំពុងកាន់ទុយោទឹកស្រោចសួនច្បារនៅខាងមុខឃ្លាំង។
«ឬមួយក៏ម្នាក់ឈ្មោះ ឧត្តរា ដែលខ្ញុំទើបចួបនៅឃ្លាំងអម្បាញ់មិញ? អាចដែរ ព្រោះខ្ញុំភ្លេចសៀវភៅនៅទីនោះ ហើយក៏មានតែគេម្នាក់នៅទីនោះដែរ។»
ស្នាមញញឹមរត់ត្របាញ់ពេញវង់ភ័ក្រ្តនារីដោយមិនដឹងខ្លួន។ នាងចាប់អានទំនុកច្រៀងម្តងហើយម្តងទៀតដោយកិរិយារំភើបត្រេកអរ។ បេះដូងស្រីក៏ផ្តើមលោតញាប់ខុសប្រក្រតី។ នាងដឹងខ្លួនថា ពីដើមឡើយមក នាងតែងមានទំនោរចិត្តទៅរកកវី ដោយហេតុផល នាងស្ងើចសរសើរទឹកដៃតែងចម្រៀងរបស់ពួកគេ។ ម្យ៉ាងនាងខ្លួនឯងមិនមានទេពកោសល្យសោះខាងហ្នឹង ទើបធ្វើឱ្យទឹកចិត្តគោរពកោតសរសើរអ្នកកវីមានខ្លាំងក្លាឡើង។
កំពុងលង់នឹងការគិត សំឡេងបញ្ឆេះឡាននៅកែងអគារលាន់ឮមករំខានអារម្មណ៍នាង។ នាងក្រឡេកទៅរកទិសដៅសំឡេងទាំងមុខមិនស្រស់។
«គេចាកចេញ? ខ្ញុំនេះគួរបញ្ជក់គេឱ្យច្បាស់សិនទេ?»
នាងយកបាតដៃទាំងពីរច្របាច់ចូលគ្នា ភ្នែកបន្តសម្លឹងទៅកែងអគារមិនដាច់។
«មិនដឹងថាគេមកទីនេះវិញទៀតដែរទេ? បើគេមក ខ្ញុំអាចសួរបញ្ជាក់ពេលក្រោយក៏បាន។ តែបើគេមិនមក ខ្ញុំប្រាកដជាគ្មានថ្ងៃដឹងថា គេជាម្ចាស់ចម្រៀងក្នុងសៀវភៅខ្ញុំនេះឬមិនមែន។»
ហ៊ឹម…នារីដកដង្ហើមធំបន្ធូរភាពតានតឹងក្នុងចិត្ត។ ដ្បិតតែបេះដូងនាងកំពុងរារែកថាគួរទៅចួបគេឬយ៉ាងណា តែជំហានជើងនាងហាក់មានចម្លើយច្បាស់។ វាកំពុងបញ្ជាខ្លួននាងឱ្យក្រោកពីទោងហើយដើរទៅរកគេ។
«គេជាអ្នកសរសេរ គេមិនទាំងរំភើបអីបន្តិចផង។ មើលចុះ គេធ្វើដូចគ្មានរឿងអី។ មិនសូម្បីបង្ហាញខ្លួនទទួលខុសត្រូវទង្វើខ្លូនឯង។ ហើយខ្ញុំនេះ គេមកសរសេរអីផ្តេសផ្តាសដាក់សៀវភៅហើយ នៅធ្វើខ្លួនឥតអៀនខ្មាសដើរទៅរកគេមុនទៀត។»
នាងក្រមុំបន្ទោសខ្លួនឯងមិនដាច់ តែការបន្ទោសនេះនៅមិនអាចឃាត់ជំហាននាងឱ្យឈប់បានទេ។ កំពុងដើរភ្លេចខ្លួន ស្រាប់តែនាងត្រូវមកចួបវាក់អឺនឹងឧត្តរាដែលកំពុងឈរយកដៃវែកភ្លីសក់នៅកាច់ជ្រុងអគារ រង់ចាំឡានសម្លាញ់គេមកទទួល។
«អ្នកគ្រូ!»
«លោក!»
កំលោះក្រមុំឧទានឡើងដំណាលគ្នា។ ឈរញញឹមអឹមអៀនដាក់គ្នាមួយភ្លែត ទើបឧត្តរាចាប់ផ្តើមកិច្ចសន្ទនាមុន៖
«មុននេះខ្ញុំខំរកអ្នកគ្រូពេញមណ្ឌលតែរកមិនឃើញ។ បើកុំតែអ្នកគ្រូមករកខ្ញុំវិញ កុំអីខ្ញុំមិនបាននិយាយពាក្យលាដាក់អ្នកគ្រូទេ។»
ពណ៌ក្រហមប្រឿងៗចាប់ផ្តើមលេចចេញលើថ្ពាល់ស្រស់ស្រីកាលបើត្រូវសម្តីរបស់កំលោះនាយអាយថានាងមករកគេមុន។
«អ្នកណាថាខ្ញុំមករកលោក? ខ្ញុំដើរកាត់ទីនេះដោយចៃដន្យទេតើ។»
ឧត្តរាមិនបានតបវិញភ្លាមៗទេ តែគេបង្ហើរសំណើចតិចៗធ្វើឱ្យពណ៌ក្រហមលើថ្ពាល់កញ្ញាកាន់តែឃើញច្បាស់។
«ចួបចៃដន្យក៏បាន។ តាមពិតទៅ ខ្ញុំមានពាក្យពេចន៍រយពាន់ចង់សារសព្ទប្រាប់អ្នកគ្រូ។ តែពេលវេលាមិនអំណោយផល ព្រោះសម្លាញ់ខ្ញុំគេមានធុរៈបន្ទាន់។»
ពួកគេទាំងពីរក៏ក្រឡេកមើលទៅរថយន្តដែលបរមកដល់ល្មម ព្រមទាំងមានចុចស៊ីផ្លេតេតៗជាសញ្ញាតឿនឧត្តរាឱ្យប្រញាប់ឡើងឡាន។ កំលោះក៏ចាប់បន្តសម្តី៖
«ស្តាយណាស់ដែលខ្ញុំមិនមានពេលរៀបរាប់ពាក្យក្នុងចិត្ត បានត្រឹមតែសារសព្ទប្រាប់បេះដូងខ្លួនឯង។»
បូព៌ាចុចស៊ីផ្លេម្តងទៀតជាការតឿនលើកទីពីរ។ គេអង្គុយមិនស្រណុកដូចមានដង្កូវរុកខ្លួន ភ្នែកគេតាមដានឧត្តរានិងនិរតីជាប់។ ទឹកមុខគេក្រញូវគ្មានជាតិគ្មានជៅអីបន្តិច។ នេះបើមានអ្នកណាមើលឃើញពីទឹកមុខនេះវិញ ប្រាកដជាគិតថា បូព៌ាកំពុងប្រចណ្ឌនឹងនិរតី។ ប្លែកណាស់ គេចេះប្រចណ្ឌនឹងអ្នកដទៃដែលមិនត្រូវជាអ្វីនឹងខ្លួនឯងកើតដែរ។
«លោកជាអ្នកសរសេរចម្រៀងមែនទេ?»
និរតីសួរទាំងកំបុតខ្លីដ្បិតអីនារីនៅអៀនប្រៀនច្រើន។
«បាទ! គឺខ្ញុំជាអ្នកសរសេរ។ ខុសត្រូវអីកុំប្រកាន់ណា។ ខ្ញុំខំប្រិតប្រៀងអស់ពីបេះដូងបេះត្នោតហើយ។ ធ្វើម្ដេចសរសេរបានតែប៉ុណ្ណឹង។»
ឧត្តរារហ័សទទួលស្គាល់ភ្លាមៗ ដោយគេយល់ច្រឡំថា និរតីសម្តៅទៅលើឃ្លាចម្រៀងដែលគេបានសរសេរនៅលើខ្នងរូបថតនាង។
«មិនអីទេ! អ៊ីចឹងខ្ញុំទៅហើយណា មិនរំខានលោកទៀតទេ។»
សំឡេងស៊ីផ្លេឡានរបស់បូព៌ាបន្លឺមកជាលើកទីបី។ និរតីប្រញាប់ដើរចេញដោយបន្សល់នៅស្នាមញញឹមចុងមាត់ដ៏ទាក់ទាញ។ ស្នាមញញឹមនេះមានអំណាចពិសេសមកបង្កកបេះដូងឧត្តរាឱ្យនៅស្ងៀមទ្រឹងមួយគ្រា។
«ហើយឯងក៏ស៊ីផ្លេអីស៊ីផ្លេម្ល៉េះ រកតែគ្នានិយាយពាក្យក្នុងចិត្តមិនទាន់?»
គេរអ៊ូទៅសម្លាញ់គេ ក្រោយពីឈរភ្លឹកនឹងស្នាមញញឹមនិរតីមួយស្របក់។ បូព៌ាមិនតបឡើយ។ គេនៅរក្សាមុខធ្មួងដដែល។ ឧត្តរាបើកទ្វារឡានចូលអង្គុយទាំងអារម្មណ៍ហាក់នៅរវើររាយនឹងកិច្ចសន្ទនារវាងគេនិងអ្នកគ្រូក្រមុំមុននេះ។
រថយន្តចាប់ផ្តើមវិលកង់ បរចេញទៅក្រៅកាត់ខ្លោងទ្វារមណ្ឌលដែលមានទង់ជាតិកម្ពុជាបក់រវិចៗតាមបញ្ជារបស់ព្រះពាយ។ ទឹកមុខរបស់អ្នកបើកបរនៅតែក្រញូវមិនបាត់។
មានភាគបន្ត…
យល់យ៉ាងណាដែរចំពោះសាច់រឿងខាងលើ